km:tipitaka:sut:mn:sut.mn.010

សតិបដ្ឋានសូត្រ ទី១០

សង្ខេប

សូត្រ​នេះ​អធិប្បាយ​អំពី សតិ​ប្បដ្ធាន​ទាំង​៤ គឺពិចារណា​ឃើញ​រឿយៗ​នូវ​ កាយ ចិត្ត​ វេទនា និង​ធម៌ ​​ដើម្បី​បាន​នូវ​​អរិយ​មគ្គ​ប្រកប​ដោយ​អង្គ​៨​ប្រការ​ដើម្បី​ធ្វើ​អោយ​ជាក់​ច្បាស់​នូវ​ព្រះ​និព្វាន។ សូត្រ​នេះ​ដូច​គ្នា​បេះ​បិទ​ទៅ​នឹង សតិបដ្ឋានសូត្រ នៅក្នុង ទីឃនិកាយ

mn 010 បាលី cs-km: sut.mn.010 អដ្ឋកថា: sut.mn.010_att PTS: ?

(ទី១០) សតិបដ្ឋានសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អធិប្បាយ​អំពី​ព្រះសូត្រ៖ អដ្ឋកថា សតិបដ្ឋានសូត្រ

(១០. មហាសតិបដ្ឋានសុត្តំ)

[១៣១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ​ព្រះមានព្រះភាគ ទ្រង់​គង់​នៅ​កម្មាសធម្មនិគម1) របស់អ្នកកុរុ ក្នុងដែនកុរុ។ ក្នុង​សម័យ​នោះ​ឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ដូច្នេះ។

(ឧទ្ទេសោ)

[១៣២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ផ្លូវគឺ​សតិប្បដ្ឋាន​ទាំង៤ ជាផ្លូវមូលតែមួយ2) (ប្រព្រឹត្តទៅ) ដើម្បីសេចក្តី​បរិសុទ្ធ​នៃសត្វទាំងឡាយ ដើម្បីលះបង់ នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បី​រំលត់​នូវទុក្ខ និងទោមនស្ស ដើម្បីបាននូវអរិយមគ្គ ប្រកបដោយអង្គ៨ប្រការ ដើម្បីធ្វើ​ឲ្យ​ជាក់​ច្បាស់នូវព្រះនិព្វាន។ នេះហៅថា សតិបដ្ឋាន ៤។ សតិបដ្ឋាន៤ គឺអ្វីខ្លះ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយៗ​នូវកាយ ក្នុងកាយ​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹង​ខ្លួន ជាអ្នកមានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស​ក្នុង​លោក3) ចេញ។ ភិក្ខុពិចារណាឃើញរឿយៗ នូវវេទនា ក្នុងវេទនា​ទាំងឡាយ​ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នក​ដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស​ក្នុង​លោក​ចេញ។ ភិក្ខុពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ។ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់​ឥរិយាបថ​ទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ។

(ចប់ ឧទ្ទេស។)

(អានាបានបព្វៈ)

(កាយានុបស្សនា អានាបានបព្វំ)

[១៣៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយ​ក្នុង​កាយ​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ទៅនៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី អង្គុយពែនភ្នែន តាំង​កាយ​ឲ្យត្រង់ ដំកល់សតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មាន​សតិ​ដក​ដង្ហើម​ចេញ មានសតិដកដង្ហើមចូល។ កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង។ កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ​ដក​ដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ​ដក​ដង្ហើម​ចេញ​ខ្លី។ កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី។ ភិក្ខុសិក្សាថា អាត្មាអញ នឹងកំណត់ដឹងនូវកាយ គឺខ្យល់ទាំងពួង សិមដកដង្ហើមចេញ។ ភិក្ខុសិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ទាំងពួង សិមដកដង្ហើមចូល។ ភិក្ខុសិក្សាថា អាត្មាអញ នឹងរម្ងាប់នូវ​កាយ​សង្ខារ គឺដង្ហើមចេញ និងដង្ហើមចូល សិមដកដង្ហើមចេញ។ ភិក្ខុសិក្សាថា អាត្មាអញ​នឹង រម្ងាប់កាយសង្ខារ សិមដកដង្ហើមចូល។ ម្នាលភិក្ខុទាំងឡាយ ជាងក្រឡឹង ឬកូនជាងរបស់ជាងក្រឡឹង ដែលប៉ិនប្រសប់ កាលទាញខ្សែក្រឡឹងវែង ក៏ដឹង​ច្បាស់​ថា អាត្មាអញទាញខ្សែក្រឡឹងវែង។ កាលទាញខ្សែក្រឡឹងខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ​ទាញខ្សែក្រឡឹងខ្លី មានឧបមាដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង។ កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី។ កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលខ្លី មានឧបមេយ្យ ដូច្នោះឯង។ ភិក្ខុសិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់​ទាំងពួង សិមដកដង្ហើមចេញ។ ភិក្ខុសិក្សាថា អាត្មាអញ នឹងកំណត់ដឹង នូវកាយ គឺខ្យល់​ទាំងពួង សិមដកដង្ហើមចូល។ ភិក្ខុសិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ សិមដកដង្ហើមចេញ។ ភិក្ខុសិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ សិមដកដង្ហើមចូល។ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាខាងក្នុង គឺកាយរបស់ខ្លួន ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះផង ពិចារណាឃើញ​រឿយ​ៗ នូវកាយក្នុងកាយជាខាងក្រៅ គឺកាយរបស់បុគ្គលដទៃ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ ទាំងខាងក្នុង ខាងក្រៅ គឺកាយរបស់ខ្លួន និងកាយរបស់បុគ្គលដទៃ ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង​៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែលប្រជុំកើតឡើង4) ក្នុងកាយ គ្រប់​ឥរិយាបថ​ទាំង​៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែលសូន្យ5) ទៅក្នុងកាយ6) គ្រប់​ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែលប្រជុំកើតឡើង និងធម៌​ដែល​សូន្យទៅ ក្នុងកាយ គ្រប់ឥរិយាបថទាំង៤ក្តី មួយទៀត ស្មារតីជាគ្រឿង​កំណត់នូវកាយ របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះមាន (ប៉ុន្តែ​មិន​មែន​សត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុសជាដើម) ល្មមតែកំណត់ ដើម្បីឲ្យ​ចម្រើន​ប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ ភិក្ខុនោះ មានចិត្តមិនអាស្រ័យ (តណ្ហា​និស្ស័យ និងទិដ្ឋិនិស្ស័យ) គ្រប់ឥរិយាបថទាំង៤ មិនប្រកៀកប្រកាន់​អ្វីតិចតួច​ក្នុង​លោក​ផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា ឃើញរឿយៗ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះឯង។

ចប់ អានាបានបព្វៈ។

(ឥរិយាបថបព្វៈ)

(កាយានុបស្សនា ឥរិយាបថបព្វំ)

[១៣៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទោះដើរក្តី ក៏ដឹង​ច្បាស់​ថា អាត្មាអញ​ដើរ ទោះឈរក្តី ក៏ដឹងច្បាស់ថា អាត្មាអញឈរ ទោះអង្គុយក្តី ក៏​ដឹង​ច្បាស់​ថា អាត្មាអញអង្គុយ ទោះដេកក្តី ក៏ដឹងច្បាស់ថា អាត្មាអញដេក។ ម្យ៉ាងទៀត កាយរបស់​ភិក្ខុនោះ ដំកល់នៅ ដោយអាការៈយ៉ាងណាៗ ក៏ដឹងច្បាស់នូវកាយ ដោយ​អាការៈ​យ៉ាងនោះ ៗ។ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុង​កាយ​ខាង​ក្នុង (ដោយ​ការកំណត់​នូវឥរិយាបថទាំង៤របស់ខ្លួន) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ដូច្នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាប្រក្រតី គ្រប់​ឥរិយាបថ​ទាំង៤យ៉ាងនេះឯង។

ឥរិយាបថបព្វៈ។

(សម្បជញ្ញបព្វៈ)

(កាយានុបស្សនា សម្បជានបព្វំ)

[១៣៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុធ្វើនូវសម្បជញ្ញៈ7) គឺសេចក្តីដឹងខ្លួន ជាប្រក្រតី ក្នុងការដើរទៅមុខ និងថយក្រោយ ធ្វើ​សេចក្តី​ដឹង​ខ្លួន ជាប្រក្រតី ក្នុងការក្រឡេកមើលទៅមុខ និងក្រឡេកមើលទៅទិសផ្សេងៗ ធ្វើ​សេចក្តី​​ដឹងខ្លួន ជាប្រក្រតី ក្នុងការបត់ដៃជើង និងលាដៃជើង ធ្វើនូវសេចក្តីដឹងខ្លួន ជាប្រក្រតី ក្នុងការ​ទ្រទ្រង់​នូវសង្ឃាដី បាត្រ និងចីវរ ធ្វើនូវសេចក្តីដឹងខ្លួន ជាប្រក្រតី ក្នុងការបរិភោគភោជន និងផឹកទឹក ទំពាស៊ីខាទនីយវត្ថុ ទទួលរស ធ្វើនូវ​សេចក្តី​ដឹង​ខ្លួន ជាប្រក្រតី ក្នុងការបន្ទោបង់ នូវឧច្ចារៈ និងបស្សាវៈ ធ្វើនូវសេចក្តីដឹងខ្លួន ជាប្រក្រតី ក្នុងការដើរ ឈរ អង្គុយ ដេក ភ្ញាក់ឡើង និយាយ និងភាពស្ងៀម ជាប្រក្រតី។ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយ​ក្នុងកាយខាង​ក្នុង (ដោយ​ការកំណត់​នូវសម្បជញ្ញៈទាំង៤) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ ដូច្នេះ។បេ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង​៤​ យ៉ាង​នេះ​ឯង។

សម្បជញ្ញបព្វៈ។

(បដិក្កូលបព្វៈ)

(កាយានុបស្សនា បដិកូលមនសិការបព្វំ)

[១៣៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ (ក្នុងសាសនានេះ) ពិចារណាឃើញ នូវកាយនេះឯង ខាងលើ តាំងពីបាតជើងឡើងទៅ ខាងក្រោម តាំងពី​ចុង​សក់​ចុះ​មក ដែលបិទបាំងដោយស្បែក ពេញដោយវត្ថុមិនស្អាត មាន​ប្រការ​​ផ្សេងៗ ​ដូច្នេះ​ថា ក្នុងកាយនេះ មានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃទាំងឡាយ ឆ្អឹងទាំងឡាយ ខួរក្នុងឆ្អឹង ទាច បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ទឹកប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹក​រំអិល ទឹកមូត្រ។ ម្នាលភិក្ខុទាំងឡាយ (ធម្មតា) ទៃដែលមានមាត់ទាំងពីរខាង ពេញដោយធញ្ញជាតិ មានប្រការផ្សេងៗ ធញ្ញជាតិទាំងនោះ គឺ ស្រូវខ្សាយ ស ស្រូវខ្សាយក្រហម សណ្តែក​បាយ សណ្តែករាជមាស ល្ង អង្ករ។ បុរសមានចក្ខុ គប្បីស្រាយនូវមាត់ទៃនោះ ហើយ​ពិចារណាឃើញច្បាស់ ​ដូច្នេះ​ថា នេះស្រូវខ្សាយស នេះស្រូវខ្សាយក្រហម នេះ​សណ្តែក​បាយ នេះ​សណ្តែក​រាជ​មាស នេះល្ង នេះអង្ករ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា​ឃើញ នូវកាយនេះឯង ខាងលើ តាំងពីបាត​ជើង​ឡើងទៅ ខាងក្រោម តាំងពីចុង​សក់​ចុះ​មក ដែលបិទបាំងទៅដោយ​ស្បែក ពេញ​ទៅ​ដោយ​វត្ថុមិនស្អាត មានប្រការផ្សេងៗ ដូច្នេះ​ថា ក្នុងកាយនេះ មានសក់ រោម។បេ។ ទឹក​រំអិល ទឹកមូត្រ មានឧមេយ្យដូច្នោះឯង។ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយ​ក្នុងកាយជាខាងក្នុង (ដោយ​ការកំណត់ នូវ​អាការមានសក់ជាដើម) ជាប្រក្រតី គ្រប់​ឥរិយាបថទាំង៤ ដូច្នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវ​កាយ​ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ យ៉ាងនេះឯង។

បដិក្កូលបព្វៈ។

(ធាតុបព្វៈ)

(កាយានុបស្សនា ធាតុមនសិការបព្វំ)

[១៣៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុពិចារណា​ឃើញ​ នូវកាយ​នេះ​ឯង ដែលស្ថិតនៅហើយយ៉ាងណា ដែលដំកល់នៅហើយយ៉ាងណា ដោយកំណត់ថា ជាធាតុ ដូច្នេះថា ក្នុងកាយនេះ មានបឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម្មតា បុរសអ្នកសម្លាប់គោក្តី អន្តេវាសិក8) នៃ​បុរសអ្នកសម្លាប់គោក្តី ដែលប៉ិនប្រសប់ សម្លាប់គោហើយ រំលែកជាចំណែក អង្គុយ​នៅ​ទៀបធ្លាធំ មានមុម៤ មាន​ឧបមាដូចម្តេច​មិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា​ឃើញ​ នូវកាយនេះឯង ដែលស្ថិតនៅ​ហើយយ៉ាង​ណា ដែលតំកល់នៅហើយ​យ៉ាង​ណា ដោយកំណត់ថា ជាធាតុ ដូច្នេះថា ក្នុងកាយនេះ ​មានបឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ មានឧបមេយ្យដូច្នោះឯង។ ភិក្ខុពិចារណាឃើញរឿយៗ នូវ​កាយ​ក្នុងកាយជាខាងក្នុង ដោយ(ការកំណត់នូវធាតុទាំង៤) ជាប្រក្រតី គ្រប់ឥរិយាបថ​​ទាំង៤ ដូច្នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

ធាតុបព្វៈ។

(នវសីវថិកាបព្វៈ)

(កាយានុបស្សនា នវសិវថិកបព្វំ)

[១៣៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីឃើញសរីរៈស្លាប់ ដែល​គេ​ចោល ក្នុងព្រៃស្មសាន ទោះស្លាប់ហើយអស់១ថ្ងៃក្តី ស្លាប់ហើយអស់២ថ្ងៃក្តី ស្លាប់​ហើយ​អស់៣​ថ្ងៃ​ក្តី ដែលកំពុងហើម មានពណ៌ខៀវ (ដោយច្រើន) មានខ្ទុះហូរ​ចេញ (តាមទ្វារទាំង៩) ដូច​ម្តេច​មិញ។ ភិក្ខុនោះ ក៏បង្អោនសរីរៈស្លាប់នោះ មកប្រៀបផ្ទឹម​នឹងកាយ​នេះឯងថា សូម្បី​កាយនេះ​សោត ក៏គង់នឹងមានសភាពជារបស់​គួរខ្ពើម​ យ៉ាងនេះ គង់នឹងក្លាយទៅជាឧទ្ធុមាតកអសុភជាដើម យ៉ាងនេះ នឹងកន្លងចាក​ឧទ្ធុមាតកអសុភជាដើមនោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញរឿយៗ នូវ​កាយ​ក្នុង​កាយជាខាងក្នុង (ដោយការកំណត់នូវអសុភ មានអសុភកំពុងហើម ជាដើម) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ ដូច្នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា​ឃើញ​រឿយៗ នូវកាយក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីឃើញ នូវ​សរីរៈ​ស្លាប់ ដែលគេចោល ក្នុង​ព្រៃស្មសាន ដែលក្អែកកំពុងចឹកស៊ីក្តី ដែលពួកត្មាត កំពង់ជញ្ជែងស៊ីក្តី ដែលពួក​ត្រដក់ កំពុងចឹកស៊ីក្តី ដែលពួកស្វាន កំពុង​កកេរស៊ីក្តី ដែលពួកចចក កំពុងខាំស៊ីក្តី ដែលពួកបាណកជាតិផ្សេងៗ កំពុងស៊ីក្តី។ ភិក្ខុនោះ (ក៏បង្អោន​សរីរៈ​ស្លាប់​នោះ) មក​ប្រៀបធៀប​នឹងកាយនេះឯងថា សូម្បីកាយនេះឯងសោត ក៏គង់នឹង​មាន​សភាព ជារបស់គួរខ្ពើមយ៉ាងនោះ គង់នឹងក្លាយទៅជាយ៉ាងនោះ នឹងកន្លង​នូវភាពយ៉ាងនោះ ពុំបានឡើយ។ ភិក្ខុ​ពិចារណា​ឃើញរឿយៗ នូវកាយក្នុងកាយជាខាងក្នុង (ដោយការកំណត់នូវអសុភ មានអសុភ ដែល​​កំពុងហើមជាដើម) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ​រឿយៗ នូវកាយក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីឃើញ​សរីរៈ​ស្លាប់ ដែលគេចោល ក្នុង​ព្រៃ​ស្មសាន មានតែរាងឆ្អឹង ព្រមទាំងសាច់ និងឈាម មានសរសៃ ជាគ្រឿងចង យ៉ាងណាមិញ។បេ។ នៅតែរាងឆ្អឹង ឥតមានសាច់ តែនៅប្រឡាក់ដោយឈាម មានសរសៃ​ ជា​គ្រឿងចង។បេ។ នៅមានតែរាងឆ្អឹង ឥតមានសាច់ និងឈាម មាន​តែ​សរសៃ ​ជា​គ្រឿងចង។បេ។ នៅតែរាងឆ្អឹងទទេ មិនមានសរសៃចងរួបរឹត ខ្ចាត់ខ្ចាយ​រាត់រាយ​ទៅ ​ក្នុងទិសតូច និងទិសធំ គឺឆ្អឹងដៃ ទៅដោយឡែក ឆ្អឹងជើងទៅដោយឡែក ឆ្អឹងស្មង​ទៅ​ដោយ​ឡែក ឆ្អឹងភ្លៅទៅដោយឡែក ឆ្អឹងចង្កេះទៅដោយឡែក ឆ្អឹងខ្នងទៅ​ដោយ​ឡែក ឆ្អឹង​ជំនីរ ទៅដោយឡែក ឆ្អឹងទ្រូង ទៅដោយឡែក ឆ្អឹងដើមដៃទៅដោយឡែក ឆ្អឹងស្មាទៅដោយឡែក ឆ្អឹងក ទៅដោយឡែក ឆ្អឹង​ចង្កាទៅដោយឡែក ឆ្អឹងធ្មេញទៅដោយឡែក ឆ្អឹងក្បាលទៅដោយឡែក។ ភិក្ខុនោះ (ក៏បង្អោន​សរីរៈ​ស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹង​មាន​សភាព ជារបស់គួរខ្ពើម យ៉ាងនេះ គង់នឹងមានប្រភេទ (ក្លាយទៅ) ជាយ៉ាងនោះ នឹងកន្លងចាកសភាពយ៉ាងនោះ ពុំបានឡើយ។ ភិក្ខុ​ពិចារណា​ឃើញរឿយៗ នូវកាយ ក្នុងកាយជាខាងក្នុង (ដោយការកំណត់​នូវអសុភ មានឧទ្ធុមាតកាសុភជាដើម) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះក្តី។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវ​កាយ​ក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីឃើញ សរីរៈ​ស្លាប់ ដែលគេចោលក្នុងព្រៃស្មសាន នៅសល់តែរាងឆ្អឹងទទេ មានពណ៌ស ដូចជាពណ៌នៃ​ស័ង្ខ យ៉ាងណាមិញ…។ សល់តែរាងឆ្អឹង រោយរាយជាពំនូកៗ កន្លង​ទៅ​​មួយឆ្នាំ​ហើយ…។ នៅសល់តែរាងឆ្អឹងទទេ ពុកផុយខ្ទេចខ្ទី ជាលំអិត​តូច លំអិតធំ។ ភិក្ខុនោះ (បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បីកាយ​នេះ​សោត ក៏គង់នឹងមានសភាព ជារបស់គួរខ្ពើមយ៉ាងនោះ គង់នឹងមានប្រភេទ ក្លាយទៅជាយ៉ាងនោះ នឹងកន្លងចាកសភាពយ៉ាងនោះ ពុំបានឡើយ។ ភិក្ខុ​ពិចារណា​ឃើញរឿយៗ នូវកាយក្នុង​កាយ ជាខាងក្នុង (ដោយការកំណត់​នូវអសុភ ដែលសត្វ​កំពុងចឹកស៊ីជាដើម) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ ដូច្នេះក្តី ពិចារណាឃើញរឿយ​ៗ នូវ​កាយ​ក្នុង​កាយ ជាខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញ​រឿយៗ នូវ​កាយ​ក្នុង​កាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់​ឥរិយាបថ​ទាំង​៤ក្តី ពិចារណាឃើញ​រឿយៗ នូវសមុទយធម៌ ក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង​៤ក្តី ពិចារណាឃើញនូវវយធម៌ ក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗនូវសមុទយធម៌ និងវយធម៌ ក្នុងកាយជាប្រក្រតី គ្រប់​ឥរិយាបថទាំង៤ក្តី ពុំនោះសោត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះមានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែន​ប្រុសជាដើម) គ្រាន់តែជាទីកំណត់ ដើម្បី​ឲ្យកើតប្រាជ្ញា ដើម្បី​ឲ្យ​ចម្រើន​ស្មារតី​ប៉ុណ្ណោះ។ ភិក្ខុនោះ មានចិត្តមិនអាស្រ័យ (តណ្ហានិស្ស័យ និងទិដ្ឋិនិស្ស័យ)ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ​រឿយៗ នូវកាយក្នុងកាយ គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

នវសីវថិកាបព្វៈ។

ចប់ កាយានុបស្សនាសតិប្បដ្ឋាន។

(វេទនានុបស្សនាសតិបដ្ឋាន)

(វេទនានុបស្សនា)

[១៣៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវវេទនា ក្នុងវេទនា​ទាំង​ឡាយ​ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ កាលទទួលសុខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួល​សុខវេទនា កាល​ទទួលទុក្ខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា កាលទទួលអទុក្ខមសុខវេទនា​ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា ដូច្នេះ។ កាលទទួល​សុខវេទនា ប្រកបដោយអាមិសៈ9) គឺបញ្ចកាមគុណក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួល​សុខវេទនា ប្រកបដោយអាមិសៈ កាលទទួលសុខវេទនា មិនប្រកបដោយអាមិសៈ10) ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលសុខវេទនា មិនប្រកបដោយអាមិសៈ។ កាលទទួល​ទុក្ខវេទនា ប្រកបដោយអាមិសៈក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា ប្រកបដោយអាមិសៈ កាលទទួលទុក្ខវេទនា មិនប្រកបដោយអាមិសៈក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួល​ទុក្ខវេទនា មិនប្រកបដោយអាមិសៈ។ កាលទទួលអទុក្ខមសុខវេទនា ប្រកបដោយអាមិសៈក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួល​អទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ កាលទទួល​អទុក្ខមសុខវេទនា មិនប្រកបដោយអាមិសៈក្តី ក៏ដឹង​ច្បាស់​ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា មិនប្រកបដោយអាមិសៈ ដូច្នេះ។ ភិក្ខុពិចារណាឃើញរឿយៗ នូវ​វេទនា ក្នុងវេទនាទាំងឡាយ ខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវវេទនា មាន​សុខ​វេទនា​ជាដើម) គ្រប់ឥរិយាបថទាំង៤ ដូច្នេះក្តី ពិចារណាឃើញរឿយៗ នូវវេទនា ក្នុងវេទនា​ទាំង​ឡាយ ជាខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវវេទនា ក្នុង​វេទនា​ទាំងឡាយ ជាខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ក្តី ពិចារណា​ឃើញរឿយៗនូវធម៌ ដែលជាទីប្រជុំកើតឡើង11) ក្នុងវេទនាទាំងឡាយ គ្រប់​ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ ដែលសូន្យទៅ12) ក្នុងវេទនាទាំងឡាយ គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញ​រឿយៗ នូវធម៌ដែលប្រជុំកើតឡើង ទាំងធម៌ដែលសូន្យទៅ ក្នុងវេទនាទាំងឡាយ គ្រប់ឥរិយាបថ​ទាំង៤ក្តី ពុំនោះសោត ស្មារតី (ជាគ្រឿងកំណត់នូវវេទនា) របស់​ភិក្ខុ​នោះ ក៏ផ្ចង់ឡើងចំពោះថា វេទនាមានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុស ជាដើម) គ្រាន់តែជាទី​កំណត់​ ដើម្បី​ឲ្យ​ចម្រើន​ប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុនោះ មានចិត្តមិនអាស្រ័យ (ដោយ​តណ្ហា​និស្ស័យ និងទិដ្ឋិនិស្ស័យ) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង មិន​ប្រកៀកប្រកាន់​អ្វីតិចតួច ក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវវេទនា​ក្នុងវេទនាទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

វេទនានុបស្សនាសតិបដ្ឋាន។

(ចិត្តានុបស្សនាសតិបដ្ឋាន)

(ចិត្តានុបស្សនា)

[១៤០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវចិត្ត ក្នុងចិត្ត ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ទោះចិត្តប្រកបដោយរាគៈ (គឺលោភមូល៨ប្រការ) ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ទោះចិត្តប្រាសចាករាគៈ (គឺលោកិយកុសលចិត្ត និងអព្យាកតចិត្ត) ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ។ ទោះចិត្តប្រកបដោយទោសៈ (គឺ​ទោសមូល២ប្រការ) ក៏ដឹងច្បាស់ថា ចិត្ត​ប្រកប​ដោយទោសៈ ទោះចិត្តប្រាស​ចាក​ទោសៈ (គឺលោកិយកុសលចិត្ត និងអព្យាកតចិត្ត) ក៏ដឹងច្បាស់ថា ចិត្តប្រាសចាក​ទោសៈ។ ទោះចិត្តប្រកបដោយមោហៈ (គឺមោហមូល២ប្រការ) ក៏ដឹងច្បាស់ថា ចិត្ត​ប្រកបដោយមោហៈ ទោះចិត្តប្រាសចាកមោហៈ (គឺលោកិយកុសលចិត្ត និងអព្យាកតចិត្ត) ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ។ ទោះចិត្តរួញរា (គឺចិត្ត​ដែលថីនមិទ្ធៈគ្របសង្កត់) ក៏ដឹង​ច្បាស់​ថា ចិត្តរួញរា ទោះចិត្តរាយមាយ (គឺ​ឧទ្ធច្ច​សហគតចិត្ត) ក៏ដឹងច្បាស់ថា ចិត្តរាយមាយ។ ទោះចិត្តដល់នូវភាវៈប្រសើរ (គឺ​ជារូបាវចរចិត្ត និងអរូបាវចរចិត្ត) ក៏ដឹងច្បាស់ថា ចិត្តដល់នូវភាវៈប្រសើរ ទោះចិត្តមិនដល់នូវភាវៈប្រសើរ (គឺជាកាមាវចរចិត្ត) ក៏ដឹងច្បាស់ថា ចិត្តមិនដល់​នូវ​ភាវៈប្រសើរ។ ទោះចិត្តនៅមានចិត្តដទៃប្រសើរជាង (គឺកាមាវចរចិត្ត) ក៏ដឹងច្បាស់ថា ចិត្តនៅមាន​ចិត្ត​ដទៃ​ប្រសើរជាង ទោះចិត្តមិនមានចិត្តដទៃប្រសើរជាង (គឺរូបាវចរចិត្ត និងអរូបាវចរចិត្ត) ក៏​ដឹង​ច្បាស់​ថា ចិត្តមិនមានចិត្តដទៃប្រសើរជាង។ ទោះចិត្ត​ដំកល់​នៅ​មាំ (គឺអប្បនាសមាធិ និង​ឧបចារសមាធិ) ក៏ដឹងច្បាស់ថា ចិត្តដំកល់នៅមាំ ទោះចិត្ត​មិនដំកល់នៅមាំ (គឺប្រាសចាក​សមាធិ​ទាំង២) ក៏ដឹងច្បាស់ថា ចិត្តមិនដំកល់នៅមាំ។ ទោះចិត្តរួចស្រឡះ13) ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះ ទោះចិត្តមិនទាន់រួចស្រឡះ ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ។ ភិក្ខុពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្ត ជាខាងក្នុង (ដោយការកំណត់នូវ​ចិត្ត ប្រកបដោយរាគៈជាដើម) ​ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្ត ជាខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្ត ជាខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ ដែលជាទីប្រជុំ​កើត​ឡើង​14) ក្នុង​ចិត្ត ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ ដែលសូន្យទៅក្នុងចិត្ត ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ ដែលជាទី​ប្រជុំកើតឡើង[២] ទាំងធម៌ដែលសូន្យទៅក្នុងចិត្ត ជាប្រក្រតី គ្រប់​ឥរិយាបថទាំង៤ក្តី ពុំនោះសោត ស្មារតី (ជាគ្រឿងកំណត់នូវចិត្ត ដែលប្រកបដោយរាគៈជាដើម) របស់​ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ចិត្តមានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុស ជាដើម) គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បី​ឲ្យ​ចម្រើន​ស្មារតីប៉ុណ្ណោះ។ ភិក្ខុនោះ មានចិត្តមិនអាស្រ័យ (តណ្ហានិស្ស័យ និងទិដ្ឋិនិស្ស័យ) គ្រប់​ឥរិយាបថ​ទាំង​៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោក​ផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ពិចារណា​ឃើញរឿយៗនូវចិត្ត ក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

ចិត្តានុបស្សនាសតិបដ្ឋាន។

(នីវរណៈបព្វៈ)

(ធម្មានុបស្សនា នីវរណបព្វំ)

[១៤១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌​ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គឺនីវរណធម៌ទាំង៥​យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គឺនីវរណធម៌ទាំង៥ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះ​កាមច្ឆន្ទៈ​ មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា កាមច្ឆន្ទៈ មាននៅក្នុងសន្តានចិត្ត របស់អាត្មាអញ ទោះកាមច្ឆន្ទៈ មិនមាន​នៅក្នុង​សន្តាន​ចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា កាមច្ឆន្ទៈ មិនមាននៅក្នុង​សន្តានចិត្ត​ របស់​អាត្មាអញ។ ទោះកាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ហើយ​កើតឡើងបាន ដោយ​ហេតុ​ណា ក៏ដឹងច្បាស់នូវហេតុនោះ15) ផង ការលះបង់ នូវកាមច្ឆន្ទៈ ដែលកើត​ឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ16) ផង កាមច្ឆន្ទៈ ដែលលះបង់​បាន​ហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹង​ច្បាស់ ​នូវ​ហេតុ​នោះ17) ផង។ ទោះ​ព្យាបាទ​មាន​នៅក្នុង​​សន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ព្យាបាទ មាននៅក្នុងសន្តាន​ចិត្ត របស់​អាត្មា​អញ ទោះព្យាបាទ មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ព្យាបាទ​មិនមាន​នៅ​​ក្នុង​សន្តាន​ចិត្តរបស់អាត្មាអញ។ ទោះព្យាបាទ ដែលមិនទាន់កើតឡើងហើយ កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ18) ផង ការលះបង់នូវព្យាបាទ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះ19) ផង ព្យាបាទ ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះ20) ផង។ ថីនមិទ្ធៈ មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ថីនមិទ្ធៈមាននៅ​ក្នុង​សន្តាន​ចិត្តរបស់​អាត្មាអញ ថីនមិទ្ធៈ មិនមានក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ថីនមិទ្ធៈ មិន​មាន​នៅក្នុងសន្តានចិត្តរបស់អាត្មាអញ។ ទោះថីនមិទ្ធៈ ដែលមិនទាន់កើតឡើង ហើយកើត​ឡើង​ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ21) ផង កិរិយាលះបង់នូវថីនមិទ្ធៈ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់​នូវហេតុ​នោះ​22) ផង ថីនមិទ្ធៈ ដែលលះបង់បានហើយ មិនកើតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ។23) ទោះឧទ្ធច្ចកុក្កុច្ចៈ ដែល​មាន​នៅក្នុង​សន្តាន​ចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧទ្ធច្ចកុក្កុច្ចៈ មាននៅក្នុង​សន្តាន​ចិត្ត​របស់​អាត្មាអញ ទោះ​ឧទ្ធច្ចកុក្កុច្ចៈ ​មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧទ្ធច្ចកុក្កុច្ចៈ ​មិនមាននៅ​ក្នុង​សន្តាន​ចិត្តរបស់អាត្មាអញ។ ទោះឧទ្ធច្ចកុក្កុច្ចៈ ដែល​មិន​ទាន់​កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ24) ផង ការលះបង់នូវ​ឧទ្ធច្ចកុក្កុច្ចៈ​ដែលកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ25) ផង ឧទ្ធច្ចកុក្កុច្ចៈដែលលះបង់បានហើយ មិនកើតតទៅតទៀត ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះ26) ផង។ ទោះវិចិកិច្ឆា មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹង​ច្បាស់​ថា វិចិកិច្ឆា មាននៅក្នុងសន្តាន​ចិត្តរបស់អាត្មាអញ ទោះវិចិកិច្ឆា មិនមាននៅ​ក្នុង​សន្តាន​ចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា វិចិកិច្ឆា មិនមាននៅក្នុងសន្តានចិត្ត របស់អាត្មាអញ។ ទោះវិចិកិច្ឆា មិនទាន់​កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះ27) ផង កិរិយាលះបង់ នូវវិចិកិច្ឆា ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ28) ផង វិចិកិច្ឆា​ដែល​លះ​បង់បានហើយ មិនកើតតទៅតទៀត ដោយហេតុណា ក៏ដឹងច្បាស់​នូវហេតុ​នោះ29) ផង។ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌​ក្នុងធម៌ទាំងឡាយ ជាខាងក្នុង (ដោយការកំណត់នូវនីវរណធម៌៥យ៉ាង) ជាប្រក្រតី គ្រប់​ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាខាង​ក្រៅ​ ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌​ទាំងឡាយ ជាខាង​ក្នុង និង​ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែល​ជា​ទីប្រជុំ​កើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែល​សូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញ​រឿយៗ នូវ​ធម៌ ដែលជាទីប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់​ឥរិយាបថ​ទាំង៤ក្តី ពុំនោះសោត ស្មារតី (ជាគ្រឿងកំណត់នូវ​នីវរណធម៌៥យ៉ាង) របស់ភិក្ខុនោះ ក៏ផ្ចង់​ឡើង​ចំពោះ​ថា ធម៌មានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុស ជាដើម) គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បី​ឲ្យចំរើនស្មារតីប៉ុណ្ណោះ ភិក្ខុ មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់​ឥរិយាបថ​ទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ គឺនីវរណធម៌ទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ យ៉ាងនេះឯង។

នីវរណៈបព្វៈ។

(ខន្ធបព្វៈ)

(ធម្មានុបស្សនា ខន្ធបព្វំ)

[១៤២] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​ពិចារណា​ឃើញរឿយៗ​ ​នូវធម៌ ក្នុងធម៌ទាំងឡាយ គឺឧបាទានក្ខន្ធទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗនូវធម៌ ក្នុងធម៌ទាំងឡាយ គឺឧបាទានក្ខន្ធ​ទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ (ពិចារណាឃើញរឿយៗដូច្នេះថា) រូប មានប្រមាណ30) ប៉ុណ្ណេះ ធម៌ដែល​ជាដែន​កើត​ឡើងនៃរូប មានប្រមាណ31) ប៉ុណ្ណេះ ធម៌ដែលជាដែនរលត់ទៅនៃរូប មានប្រមាណ32) ប៉ុណ្ណេះ វេទនា មាន​ប្រមាណ33) ប៉ុណ្ណេះ ធម៌ដែលជាដែនកើតឡើងនៃវេទនា មាន​ប្រមាណ34) ប៉ុណ្ណេះ ធម៌ដែលជាដែនរលត់ទៅនៃវេទនា មាន​ប្រមាណ35) ប៉ុណ្ណេះ សញ្ញា មានប្រមាណ36) ប៉ុណ្ណេះ ធម៌ដែលជាដែនកើតឡើងនៃសញ្ញា មានប្រមាណ37) ប៉ុណ្ណេះ ធម៌ដែលជាដែនរលត់ទៅនៃសញ្ញា មានប្រមាណ38) ប៉ុណ្ណេះ សង្ខារទាំងឡាយ មានប្រមាណ39) ប៉ុណ្ណេះ ធម៌ដែល​ជាដែន​កើត​ឡើង​នៃសង្ខារទាំងឡាយ មានប្រមាណ40) ប៉ុណ្ណេះ ធម៌​ដែលជាដែនរលត់ទៅនៃសង្ខារ មានប្រមាណ41) ប៉ុណ្ណេះ វិញ្ញាណមានប្រមាណ42) ប៉ុណ្ណេះ ធម៌ដែលជាដែន​កើត​ឡើង​នៃ​វិញ្ញាណ មានប្រមាណ43) ប៉ុណ្ណេះ ធម៌ដែលជាដែន​រលត់ទៅ​នៃ​វិញ្ញាណ មានប្រមាណប៉ុណ្ណេះ។44) ភិក្ខុ​ពិចារណាឃើញរឿយៗ នូវធម៌ក្នុង​ធម៌​ទាំង​ឡាយ ជាខាងក្នុង (ដោយការ​កំណត់នូវឧបាទានក្ខន្ធទាំង៥) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញ​រឿយៗ ​នូវធម៌​ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ ​នូវ​ធម៌ក្នុងធម៌ទាំងឡាយ ជាខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែលជាទីប្រជុំកើតឡើង ទាំងធម៌ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពុំនោះ​សោត ស្មារតី (ជាគ្រឿងកំណត់នូវឧបាទានក្ខន្ធ) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌មានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុសជាដើម) គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ ភិក្ខុ មានចិត្ត​មិន​អាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់​អ្វីតិចតួច ក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ​រឿយៗ នូវធម៌​ក្នុង​ធម៌​ទាំង​ឡាយ គឺឧបាទានក្ខន្ធទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ យ៉ាងនេះឯង។

ខន្ធបព្វៈ។

(អាយតនបព្វៈ)

(ធម្មានុបស្សនា អាយតនបព្វំ)

[១៤៣] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុពិចារណាឃើញរឿយៗ នូវ​ធម៌​ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ទាំងខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់​ឥរិយាបថ​ទាំង៤។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ទាំងខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើ​ដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់នូវចក្ខុប្រសាទផង ដឹង​ច្បាស់​នូវ​រូបារម្មណ៍​ទាំងឡាយផង មួយវិញទៀត សញ្ញោជនធម៌ណា ដែលអាស្រ័យ​នូវភ្នែក និងរូប​ទាំង​ពីរ​នោះ ហើយកើតឡើង ក៏ដឹងច្បាស់នូវសញ្ញោជនធម៌45) នោះផង។ សំយោជនធម៌ ដែលមិនទាន់កើតឡើង ហើយកើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះផង ការលះបង់បាននូវសញ្ញោជនធម៌ ដែលកើតឡើង ដោយហេតុណា ក៏​ដឹង​ច្បាស់​នូវហេតុនោះផង សញ្ញោជនធម៌ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយ​ហេតុ​ណា ក៏ដឹងច្បាស់នូវហេតុនោះផង។ ភិក្ខុដឹងច្បាស់នូវសោតប្រសាទផង ដឹង​ច្បាស់​នូវសទ្ទារម្មណ៍​ទាំងឡាយផង…។ ដឹងច្បាស់នូវឃានប្រសាទផង ដឹងច្បាស់នូវគន្ធារម្មណ៍ទាំងឡាយផង…។ ដឹងច្បាស់នូវជិវ្ហាប្រសាទផង ដឹងច្បាស់នូវរសារម្មណ៍ទាំងឡាយផង…។ ដឹងច្បាស់នូវកាយប្រសាទផង ដឹងច្បាស់នូវផោដ្ឋព្វារម្មណ៍ទាំងឡាយផង…។ ដឹងច្បាស់នូវចិត្ត46) ផង ដឹងច្បាស់​នូវ​ធម្មារម្មណ៍47) ​ទាំង​ឡាយ​ផង មួយទៀត សំយោជនធម៌ណា ដែលអាស្រ័យនូវចិត្ត និងធម្មារម្មណ៍ទាំងពីរនោះ ហើយកើតឡើង ក៏​ដឹងច្បាស់នូវសំយោជនធម៌នោះផង។ សំយោជនធម៌ ដែលមិនទាន់កើតឡើង ក៏កើត​ឡើងបាន ​ដោយ​ហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ​ផង ការលះបង់នូវសំយោជនធម៌ ដែល​កើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវ​ហេតុនោះផង សញ្ញោជនធម៌ ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង។ ភិក្ខុពិចារណាឃើញរឿយៗ ​នូវធម៌ ក្នុងធម៌​ទាំងឡាយ ជា​ចំណែកខាងក្នុង (ដោយការកំណត់​នូវអាយតនៈខាងក្នុង) ​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ ជាចំណែកខាងក្រៅក្តី ពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ ជា​ចំណែកខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញ​រឿយៗ​ នូវសមុទយធម៌48) ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណា​ឃើញរឿយៗ ​នូវវយធម៌49) ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង​៤ក្តី ពិចារណា​ឃើញរឿយៗ នូវសមុទយធម៌ និងវយធម៌ ក្នុងធម៌​ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពុំនោះសោត ស្មារតី (ជាគ្រឿង​កំណត់នូវអាយតនៈ) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌ទាំងឡាយមានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុស ជាដើម) គ្រាន់តែជាទី​កំណត់​ ដើម្បីឲ្យ​ចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (​តណ្ហានិស្ស័យ និងទិដ្ឋិនិស្ស័យ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់​អ្វីតិច​តួច​ ក្នុង​លោក​ផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ​រឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ទាំងខាងក្នុង ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

អាយតនបព្វៈ។

(ពោជ្ឈង្គបព្វៈ)

(ធម្មានុបស្សនា ពោជ្ឈង្គបព្វំ)

[១៤៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុពិចារណា​ឃើញ​រឿយៗនូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គៈ (អង្គធម៌ ជាគ្រឿង​ត្រាស់ដឹង)៧ប្រការ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គ៧ប្រការ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ទោះសតិសម្ពោជ្ឈង្គ​ដែលមាននៅក្នុង​សន្តាន​ចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ មាននៅក្នុងសន្តាន​ចិត្តរបស់​អាត្មាអញ ទោះសតិសម្ពោជ្ឈង្គ ដែលមិនមាន​នៅ​ក្នុង​សន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ មិនមាន​ក្នុងសន្តាន​ចិត្ត​ របស់​អាត្មា​អញ។ ទោះសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង កើតឡើងបាន ដោយ​ហេតុ​ណា ក៏ដឹងច្បាស់ នូវហេតុនោះ50) ផង ការចម្រើនឡើង បរិបូណ៌ នៃ​សតិសម្ពោជ្ឈង្គ ដែល​កើត​ឡើង​ហើយ ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះ51) ផង។ ទោះធម្មវិចយសម្ពោជ្ឈង្គ មាននៅក្នុងសន្តាន​ចិត្ត​នៃខ្លួន…។ ទោះវិរិយសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន…។ ទោះ​បីតិសម្ពោជ្ឈង្គ ដែលមាននៅក្នុងសន្តានចិត្តនៃខ្លួន…។ ទោះបស្សទ្ធិសម្ពោជ្ឈង្គ ដែលមាននៅក្នុងសន្តានចិត្តនៃខ្លួន…។ ទោះសមាធិសម្ពោជ្ឈង្គ​ ដែលមាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន…។ ទោះ​ឧបេក្ខាសម្ពោជ្ឈង្គ ដែលមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គ មាននៅក្នុង​សន្តានចិត្តរបស់អាត្មាអញ ទោះឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនមាននៅក្នុងសន្តាន​ចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គ មិនមាននៅក្នុងសន្តានចិត្តរបស់​អាត្មាអញ។ ទោះឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះ​ផង ការចម្រើនពេញបរិបូណ៌ នៃឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ដោយ​ហេតុ​ណា ក៏ដឹងច្បាស់នូវហេតុនោះផង។ ភិក្ខុពិចារណា​ឃើញរឿយៗ នូវធម៌​ក្នុង​ធម៌​ទាំង​ឡាយ​ ជាចំណែកខាងក្នុង ជាប្រក្រតី (ដោយការ​កំណត់​នូវសម្ពោជ្ឈង្គទាំង៧) គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ ក្នុង​ធម៌ទាំងឡាយ ជាចំណែកខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ ជាចំណែកខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណា​ឃើញរឿយៗ នូវសមុទយធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង​៤ក្តី ពិចារណាឃើញរឿយៗ នូវវយធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់​ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវសមុទយធម៌ និងវយធម៌ ក្នុង​ធម៌​ទាំងឡាយ​ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពុំនោះសោត ស្មារតី (ជាគ្រឿងកំណត់ នូវសម្ពោជ្ឈង្គទាំង៧) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើង ចំពោះថា ធម៌​​មានមែន (តែមិនមែនសត្វ មិនមែន​បុគ្គល មិនមែនស្រី មិនមែនប្រុសជាដើម) គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បី​ឲ្យចម្រើន​ស្មារតី​ប៉ុណ្ណោះ ភិក្ខុមានចិត្តមិនអាស្រ័យ (តណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថ​ទាំង​៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ ​នូវ​ធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គទាំង៧ប្រការ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

ពោជ្ឈង្គបព្វៈ។

(សច្ចបព្វៈ)

(ធម្មានុបស្សនា សច្ចបព្វំ)

[១៤៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុពិចារណាឃើញ​រឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ គ្រប់ឥរិយាបថ​ទាំង៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹង​ច្បាស់តាមពិតថា នេះ​ជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាទុក្ខសមុទយ ដឹងច្បាស់តាមពិតថា នេះជាទុក្ខនិរោធ ដឹងច្បាស់តាមពិតថា នេះជាទុក្ខនិរោធ​គាមិនីបដិបទាន។ ភិក្ខុពិចារណា​ឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាចំណែកខាងក្នុង (ដោយការកំណត់ នូវអរិយសច្ចទាំង៤) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណា​ឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាចំណែកខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណា​ឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាចំណែកខាងក្នុង ខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង​៤ក្តី ពិចារណា​ឃើញរឿយៗ នូវសមុទយធម៌52) ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណា​ឃើញរឿយៗ នូវវយធម៌53) ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណា​ឃើញរឿយៗ នូវសមុទយធម៌ និងវយធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពុំនោះសោត ស្មារតី (ជាគ្រឿងកំណត់នូវ​អរិយសច្ចទាំង៤) របស់ភិក្ខុនោះ ក៏ផ្ចង់​ឡើងចំពោះថា ធម៌មានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុស ជាដើម) គ្រាន់តែជាគ្រឿង​កំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បីឲ្យចំរើនស្មារតីប៉ុណ្ណោះ ភិក្ខុមានចិត្តមិនអាស្រ័យ (តណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា​ឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

សច្ចបព្វៈ។

ចប់ ភាណវារៈ ជាបឋម។

(ទុក្ខអរិយសច្ច)

(ទុក្ខសច្ចនិទ្ទេសោ)

[១៤៦] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខអរិយសច្ច តើដូចម្តេច។ ជាតិ ក៏ជាទុក្ខ ជរា ក៏ជាទុក្ខ មរណៈ ក៏ជាទុក្ខ សោកៈ បរិទេវៈ គឺសេចក្តីខ្សឹកខ្សួល ទុក្ខៈ គឺសេចក្តី​លំបាក​កាយ ទោមនស្សៈ គឺសេចក្តីអាក់អន់តូចចិត្ត ឧបាយាសៈ គឺសេចក្តីចង្អៀតចង្អល់ចិត្ត ក៏​សុទ្ធ​តែ​ជាទុក្ខ អប្បិយេហិសម្បយោគៈ គឺដំណើរជួប ប្រសព្វ ដោយសត្វ និងសង្ខារ​ទាំងឡាយ ដែល​មិនជាទីស្រឡាញ់ ក៏ជាទុក្ខ បិយេហិវិប្បយោគៈ គឺសេចក្តី​ព្រាត់ប្រាស ចាក​សត្វ និង​សង្ខារ​ទាំងឡាយ ដែលជាទីស្រឡាញ់ ក៏ជាទុក្ខ យម្បិច្ឆំ ន លភតិ តម្បិ គឺបុគ្គល​​ចង់​បាន​នូវរបស់ណា ហើយមិនបាន នូវរបស់នោះ ក៏ជាទុក្ខ បើពោលដោយសេចក្តីបំព្រួញ ឧបាទានក្ខន្ធទាំង៥ មានរូបក្ខន្ធជាដើម ក៏ជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថាជាតិ។ កិរិយាកើតជាដំបូង កិរិយា​កើត​ព្រម ការចុះចាប់ផ្ទៃ ការវិលត្រឡប់មកកើត កិរិយាកើតប្រាកដនៃខន្ធទាំងឡាយ ការបាន​នូវ​អាយតនៈទាំងឡាយ​ណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគត​ហៅថា ជាតិ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច​ហៅថា ជរា។ ជរា គឺសេចក្តីគ្រាំគ្រា ឬ​ការប្រែប្រួល ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញ​ជ្រីវ យុរយារ កិរិយាថយទៅនៃអាយុ កិរិយា​ទ្រុឌ​ទ្រោមទៅ នៃ​ឥន្ទ្រិយទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគត​ហៅ​ថាជរា។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច​ហៅថា​មរណៈ។ ភាវៈនៃចិត្ត ដែល​ឃ្លាត​ចេញ អាការៈនៃចិត្តដែលឃ្លាតទៅ កិរិយាបែកធ្លាយទៅ កិរិយាបាត់បង់ទៅ សេចក្តីវិនាសនៃជីវិត សេចក្តីស្លាប់ កាលកិរិយា សេចក្តី​បែកធ្លាយ នៃ​ខន្ធ​ទាំងឡាយ កិរិយាដាក់ចុះនូវសាកសព កិរិយាផ្តាច់ផ្តិល នូវជីវិតិន្ទ្រិយណា របស់​សត្វទាំងឡាយ​នោះ​ៗ ចាកសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សោកៈ។ ម្នាលភិក្ខុទាំងឡាយ សោកៈ គឺ​សេចក្តី​ស្តាយ​ស្រណោះ សេចក្តីស្រងេះស្រងោច សេចក្តីសោយសោក សេចក្តី​រីង​ស្ងួត​ក្នុងចិត្ត សេចក្តី​ក្រៀមក្រំ ក្នុងចិត្តណា របស់សត្វ ដែលប្រកបដោយ​សេចក្តី​វិនាស​ណាមួយ ដែលសេចក្តីទុក្ខណាមួយពាល់ត្រូវ ម្នាលភិក្ខុទាំងឡាយ នេះ តថាគត​ហៅ​ថា សោកៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា បរិទេវៈ។ ម្នាលភិក្ខុទាំងឡាយ សភាវៈ ទួញរក (បិយជន មានកូនជាដើម) សភាវៈទួញរៀបរាប់ (សរសើរគុណ) កិរិយា​យំអណ្តឺត​អណ្តក កិរិយាយំបម្រះ ននៀល ភាវៈនៃកិរិយាយំអណ្តឺតអណ្តក ភាវៈនៃកិរិយា​យំបម្រះ​ននៀល​ណា របស់សត្វ ដែលប្រកបដោយ​សេចក្តី​វិនាស​ណា​មួយ ដែលសេចក្តី​ទុក្ខ​ណាមួយ ពាល់ត្រូវ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា បរិទេវៈ។ ម្នាល​ភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខៈ។ ម្នាលភិក្ខុទាំងឡាយ សេចក្តី​លំបាកកាយ សេចក្តី​មិនសប្បាយកាយ សេចក្តីលំបាក ដែលកើតអំពីកាយសម្ផ័ស្ស ការ​ទទួលរង​សេចក្តី​មិន​ស្រួលណា ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខៈ។ ម្នាលភិក្ខុទាំងឡាយ ចុះ​ដូច​ម្តេចហៅថា ទោមនស្សៈ។ ម្នាលភិក្ខុទាំងឡាយ សេចក្តី​លំបាកក្នុងចិត្ត សេចក្តី​មិន​សប្បាយ​ក្នុងចិត្ត សេចក្តីលំបាក ដែលកើត​អំពី​មនោសម្ផ័ស្ស ការសោយ​អារម្មណ៍​មិន​ស្រួល​ណា ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទោមនស្សៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ឧបាយាសៈ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីតានតឹងក្នុងចិត្ត សេចក្តី​ចង្អៀត​ចង្អល់ចិត្ត ភាវៈនៃ​សេចក្តី​តានតឹង​ក្នុងចិត្ត ភាវៈនៃសេចក្តីចង្អៀតចង្អល់ចិត្តណា របស់សត្វ ដែលប្រកបដោយ​សេចក្តីវិនាសណាមួយ ដែលសេចក្តី​ទុក្ខ​ណា​មួយ​ពាល់​ត្រូវ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ឧបាយាស។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះដូចម្តេចហៅថា អប្បិយេហិសម្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ទាំងឡាយណា ដែលមិនជាទីប្រាថ្នា មិនជាទី​ត្រេកអរ មិន​ជា​ទីគាប់ចិត្ត ក្នុងលោកនេះ មានដល់ជននោះ ពុំនោះសោត ពួកជន​ណា ដែល​ប្រាថ្នា​នូវសេចក្តីមិនចម្រើន ប្រាថ្នានូវអំពើឥតប្រយោជន៍ ប្រាថ្នា​នូវ​សេចក្តី​មិន​សប្បាយ ប្រាថ្នានូវសេចក្តីមិនក្សេមក្សាន្ត ចាកយោគៈ ដល់សត្វនោះ ការបានជួបគ្នា ការជួបជុំគ្នា ការប្រជុំគ្នា ការនៅច្រឡូកច្រឡំគ្នាណា ដោយអារម្មណ៍ នឹងជន​ទាំងឡាយ​នោះ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា អប្បិយេហិ សម្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា បិយេហិ វិប្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍​ទាំងឡាយណា ដែល​ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ក្នុងលោកនេះ មានដល់ជននោះ ពុំនោះ​សោត ពួកជនណា ទោះមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រីក្តី មិត្តក្តី អាមាត្យ​ក្តី ញាតិសាលោហិតក្តី ដែលជាអ្នក​ប្រាថ្នាសេចក្តីចំរើន ប្រាថ្នាប្រយោជន៍ ប្រាថ្នាសេចក្តីសប្បាយ ប្រាថ្នាសេចក្តីក្សេមក្សាន្ត ចាកយោគៈ មានដល់ជននោះ ការ​មិន​បានជួបគ្នា ការមិនជួបជុំគ្នា ការមិនបានប្រជុំគ្នា ការមិននៅច្រឡូកច្រឡំ ដោយ​អារម្មណ៍ នឹងជនទាំងឡាយនោះ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា បិយេហិ វិប្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច​ហៅថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមាន​ជាតិ​ជា​ធម្មតា តែងមានសេចក្តី​ប្រាថ្នា​កើត​ឡើង យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ឲ្យយើងទាំងឡាយ កុំគប្បីមានជាតិជាធម្មតា ពុំនោះសោត ធ្វើម្តេចហ្ន៎ ជាតិ កុំគប្បីមក​ដល់​យើង​ឡើយ សេចក្តីនេះ ពួកសត្វ ក៏មិនបាន​សម្រេច​តាម​ប្រាថ្នា​​ឡើយ នេះឯង តថាគតហៅថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែល​មានសេចក្តីគ្រាំគ្រា ឬប្រែប្រួលជាធម្មតា…។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែល​មាន​សេចក្តី​ឈឺថ្កាត់​ជា​ធម្មតា…។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលមានសេចក្តីស្លាប់ជាធម្មតា…។ ម្នាល​ភិក្ខុទាំងឡាយ ពួកសត្វដែលមានសេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តី​លំបាក​កាយ សេចក្តីអាក់អន់តូចចិត្ត សេចក្តីខ្លោចផ្សាចិត្ត ជាធម្មតា តែងមាន​សេចក្តីប្រាថ្នា​កើត​ឡើង យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ឲ្យយើងទាំងឡាយ កុំគប្បីមានសោក សេចក្តី​ខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់តូចចិត្ត សេចក្តីខ្លោចផ្សាចិត្តឡើយ មួយទៀត ធ្វើម្តេចហ្ន៎ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់តូចចិត្ត សេចក្តី​ខ្លោចផ្សា​ចិត្ត កុំគប្បីមកដល់យើងឡើយ សេចក្តីនេះ ពួកសត្វ ក៏មិនបាន​សម្រេច​តាម​ប្រាថ្នា​ នេះឯង តថាគតហៅថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះដូច​ម្តេចឧបាទានក្ខន្ធទាំង៥ ដោយបំប្រួញ ដែល​ថា​ជាទុក្ខ ឧបាទានក្ខន្ធ​ទាំង៥នោះ គឺអ្វីខ្លះ គឺរូប ជាឧបាទានក្ខន្ធ១ វេទនា ជាឧបាទានក្ខន្ធ១ សញ្ញា ជាឧបាទានក្ខន្ធ១ សង្ខារ ជាឧបាទានក្ខន្ធ១ វិញ្ញាណ ជាឧបាទានក្ខន្ធ១ ម្នាលភិក្ខុទាំងឡាយ ទាំងនេះ តថាគត​ហៅថា ឧបាទានក្ខន្ធ​ទាំង​ឡាយ​៥ ដោយសេចក្តីបំប្រួញ ដែលថាជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគត​ហៅថា ទុក្ខអរិយសច្ច។

(ទុក្ខសមុទយអរិយសច្ច)

(សមុទយសច្ចនិទ្ទេសោ)

[១៤៧] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខសមុទយអរិយសច្ច។ តណ្ហា​ណា ជាធម្មជាតិ នាំសត្វឲ្យកើតទៀត ប្រកបដោយតម្រេករីករាយ ជាធម្មជាតិ​នាំ​សត្វ​ឲ្យ​ត្រេកត្រអាល នៅក្នុងភពនោះៗ ឬក្នុងអារម្មណ៍នោះៗ តណ្ហានោះ តើគឺអ្វីខ្លះ គឺកាមតណ្ហា (សេចក្តី​ប្រាថ្នាក្នុងកាមគុណ54) )១ ភវតណ្ហា (សេចក្តីប្រាថ្នាក្នុងរូបភព និងអរូបភព55) )​១ វិភវតណ្ហា (សេចក្តីប្រាថ្នាក្នុងភពសូន្យ56) ) ១។ ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហានុ៎ះ កាលដែលកើតឡើង តើកើតឡើង​ក្នុង​ទី​ណា កាលដែលជាប់នៅ តើជាប់នៅ​ក្នុង​ទី​ណា។ អារម្មណ៍ណា ដែល​មាន​សភាវៈ​គួរស្រឡាញ់ មានសភាវៈគួរត្រេកអរ ក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើង​ក្នុង​អារម្មណ៍នុ៎ះ កាលដែល​ជាប់​នៅ ក៏ជាប់នៅក្នុងអារម្មណ៍នុ៎ះ។ អារម្មណ៍អ្វីមួយ ដែលមានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរ ក្នុងលោក។ ភ្នែក មាន​សភាវៈ​គួរស្រឡាញ់ មានសភាវៈ​គួរ​ត្រេកអរ ក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើង​ក្នុង​ភ្នែកនុ៎ះ កាលដែល​ជាប់នៅ ក៏ជាប់នៅក្នុងភ្នែកនុ៎ះ។ ត្រចៀក ច្រមុះ អណ្តាត កាយ​ ចិត្ត មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរ ក្នុងលោក តណ្ហានុ៎ះ កាលដែល​កើតឡើង ក៏កើតឡើងក្នុងត្រចៀកជាដើមនុ៎ះ កាល​ដែល​ជាប់នៅ ក៏ជាប់នៅ​ក្នុង​ត្រចៀកជាដើមនុ៎ះ។ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ដែលមានសភាវៈ​គួរ​ស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងរូបជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងរូបជាដើមនុ៎ះ។ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ មាន​សភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែល​កើត​ឡើង ក៏កើតឡើង​ក្នុងចក្ខុវិញ្ញាណជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅ​ក្នុងចក្ខុវិញ្ញាណជាដើមនុ៎ះ។ ចក្ខុសម្ផ័ស្ស សោតសម្ផ័ស្ស ឃានសម្ផ័ស្ស ជិវ្ហាសម្ផ័ស្ស កាយសម្ផ័ស្ស មនោសម្ផ័ស្ស មានសភាវៈ​គួរ​ស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុង​លោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើង​ក្នុង​ចក្ខុសម្ផ័ស្ស​ជាដើមនុ៎ះ កាលដែល​ជាប់នៅ ក៏ជាប់នៅក្នុងចក្ខុសម្ផ័ស្សជាដើមនុ៎ះ។ វេទនា​ ដែលកើត​អំពី​ចក្ខុសម្ផ័ស្ស វេទនា ដែលកើតអំពីសោតសម្ផ័ស្ស វេទនា ដែលកើតអំពីឃានសម្ផ័ស្ស វេទនា ដែលកើតអំពីជិវ្ហាសម្ផ័ស្ស វេទនា ដែលកើតអំពីកាយសម្ផ័ស្ស វេទនា ដែលកើតអំពីមនោសម្ផ័ស្ស មាន​សភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុង​លោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងវេទនា ដែល​កើត​អំពី​ចក្ខុសម្ផ័ស្សជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងវេទនា ដែល​កើត​អំពីចក្ខុ​សម្ផ័ស្ស​ជាដើមនុ៎ះ។ រូបសញ្ញា (សេចក្តីសម្គាល់ក្នុងរូប) សទ្ទសញ្ញា (សេចក្តីសម្គាល់​ក្នុងសំឡេង) គន្ធសញ្ញា (សេចក្តីសម្គាល់ក្នុងក្លិន) រសសញ្ញា (សេចក្តីសម្គាល់​ក្នុងរស) ផោដ្ឋព្វសញ្ញា (សេចក្តីសម្គាល់ក្នុងផោដ្ឋព្វៈ) ធម្មសញ្ញា (សេចក្តីសម្គាល់ក្នុង​ធម្មារម្មណ៍) មានសភាវៈគួរស្រឡាញ់ មានសភាវៈ​គួរ​ត្រេកអរ​ក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើង​តែក្នុង​រូបសញ្ញាជាដើមនុ៎ះ កាល​ដែលជាប់នៅ ក៏ជាប់នៅក្នុងរូបសញ្ញាជាដើមនុ៎ះ។ រូបសញ្ចេតនា (ការគិតសន្សំនូវរូបារម្មណ៍) សទ្ទសញ្ចេតនា គន្ធសញ្ចេតនា រសសញ្ចេតនា ផោដ្ឋព្វសញ្ចេតនា ធម្មសញ្ចេតនា មាន​សភាវៈគួរ​ស្រឡាញ់ មានសភាវៈគួរត្រេកអរ​ក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើត​ឡើង​ក្នុង​ការគិតសន្សំ​នូវ​រូបារម្មណ៍ជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងរូបារម្មណ៍ជាដើមនុ៎ះ។ រូបតណ្ហា (សេចក្តីស្រេកឃ្លាន ក្នុងរូបារម្មណ៍) សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងរូបបារម្មណ៍ជាដើមនុ៎ះ កាលដែល​ជាប់​នៅ ក៏ជាប់នៅក្នុង​រូបជាដើមនុ៎ះ។ រូបវិតក្កតៈ (សេចក្តីត្រិះរិះក្នុងរូបារម្មណ៍) សទ្ទវិតក្កតៈ គន្ធវិតក្កតៈ រសវិតក្កតៈ ផោដ្ឋព្វវិតក្កតៈ ធម្មវិតក្កតៈ មានសភាវៈ​គួរ​ស្រឡាញ់ មានសភាវៈ​គួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុង​សេចក្តីត្រិះរិះ ក្នុងរូបជាដើម​នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅ​ក្នុង​សេចក្តីត្រិះរិះក្នុងរូបជាដើមនុ៎ះ។ រូបវិចារៈ (សភាពពិចារណា​នូវរូបារម្មណ៍) សទ្ធវិចារៈ គន្ធវិចារៈ រសវិចារៈ ផោដ្ឋព្វវិចារៈ ធម្មវិចារៈ មានសភាវៈ​គួរស្រឡាញ់ មានសភាវៈគួរត្រេកអរ​ក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុង​សេចក្តីពិចារណា​នូវរូប​ជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងរូបជាដើមនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា ទុក្ខសមុទយអរិយសច្ច។

(ទុក្ខនិរោធអរិយសច្ច)

(និរោធសច្ចនិទ្ទេសោ)

[១៤៨] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខនិរោធអរិយសច្ច។ កិរិយាប្រាសចាកតម្រេក រំលត់មិនមានសេសសល់ ដោយអរិយមគ្គ កិរិយាលះបង់ កិរិយារលាស់ចេញ ការរួចស្រឡះ ការមិនអាល័យ នូវតណ្ហានោះ (ឈ្មោះថា ទុក្ខនិរោធ​អរិយសច្ច )។ ម្នាលភិក្ខុទាំងឡាយ តណ្ហានោះឯង ដែលបុគ្គលលះបង់ តើលះបង់​ក្នុងទីណា កាលដែលរលត់ទៅ តើរលត់ទៅក្នុងទីណា។ អារម្មណ៍ណា ដែលមានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែល​​បុគ្គល​លះបង់ ក៏លះបង់ក្នុងអារម្មណ៍នុ៎ះ កាលរលត់ ក៏រលត់​ក្នុង​អារម្មណ៍នុ៎ះ។ អារម្មណ៍ដូចម្តេច ដែលមានសភាវៈគួរស្រឡាញ់ មានសភាវៈ​គួរត្រេកអរក្នុងលោក។ ភ្នែក មានសភាវៈគួរស្រឡាញ់ មានសភាវៈ​គួរ​ត្រេកអរក្នុង​លោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងភ្នែកនោះ កាលរលត់ទៅ ក៏រលត់ទៅក្នុងភ្នែកនុ៎ះ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរ តណ្ហា​នុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ ក្នុងត្រចៀក​ជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់​ទៅក្នុងត្រចៀកជាដើមនុ៎ះ។ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ ធម្មារម្មណ៍ មាន​សភាវៈ​គួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងរូបារម្មណ៍ជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងរូបារម្មណ៍ជាដើម​នុ៎ះ។ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គល​លះបង់ ក៏លះបង់ក្នុងចក្ខុវិញ្ញាណជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅ​ក្នុងចក្ខុវិញ្ញាណជាដើមនុ៎ះ។ ចក្ខុសម្ផ័ស្ស សោតសម្ផ័ស្ស ឃានសម្ផ័ស្ស ជិវ្ហាសម្ផ័ស្ស កាយសម្ផ័ស្ស មនោសម្ផ័ស្ស មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងចក្ខុសម្ផ័ស្សជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងចក្ខុសម្ផ័ស្សជា​ដើម​នុ៎ះ។ វេទនា ដែលកើតអំពីចក្ខុសម្ផ័ស្ស វេទនា ដែលកើតអំពីសោតសម្ផ័ស្ស វេទនា ដែលកើតអំពីឃានសម្ផ័ស្ស វេទនា ដែលកើតអំពីជិវ្ហាសម្ផ័ស្ស វេទនា ដែលកើតអំពីកាយសម្ផ័ស្ស វេទនា ដែលកើតអំពីមនោសម្ផ័ស្ស មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរ​ត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងវេទនា ដែលកើតអំពីចក្ខុសម្ផ័ស្ស​ជាដើមនុ៎ះ កាល​រលត់ទៅ ក៏រលត់ទៅក្នុងវេទនា ដែលកើតអំពីចក្ខុសម្ផ័ស្សជាដើមនុ៎ះ។ រូបសញ្ញា សទ្ធសញ្ញា គន្ធសញ្ញា រសសញ្ញា ផោដ្ឋព្វសញ្ញា ធម្មសញ្ញា មានសភាវៈគួរស្រឡាញ់ មានសភាវៈ​គួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាល ដែលបុគ្គលលះបង់ ក៏លះបង់ក្នុងរូបសញ្ញាជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងរូបសញ្ញា​ជាដើមនុ៎ះ។ រូបសញ្ចេតនា សទ្ទសញ្ចេតនា គន្ធសញ្ចេតនា រសសញ្ចេតនា ផោដ្ឋព្វ​សញ្ចេតនា ធម្មសញ្ចេតនា មាន​សភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុង​លោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងរូបសញ្ចេតនាជាដើម​នុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងរូបសញ្ចេតនាជាដើមនុ៎ះ។ រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរ​ត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងរូបតណ្ហាជាដើម​នុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងរូបតណ្ហាជា​ដើមនុ៎ះ។ រូបវិតក្កៈ សទ្ទវិតក្កៈ គន្ធវិតក្កៈ រសវិតក្កៈ ផោដ្ឋព្វវិតក្កៈ ធម្មវិតក្កៈ មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែល​បុគ្គល​លះបង់ ក៏លះបង់ក្នុងរូបវិតក្កៈជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់​ទៅ​ក្នុងរូបវិតក្កៈជាដើមនុ៎ះ។ រូបវិចារៈ សទ្ទវិចារៈ គន្ធវិចារៈ រសវិចារៈ ផោដ្ឋព្វវិចារៈ ធម្មវិចារៈ មានសភាវៈគួរស្រឡាញ់ មានសភាវៈ​គួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងរូបវិចារៈជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងរូបវិចារៈជាដើមនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខនិរោធអរិយសច្ច។

(ទុក្ខនិរោធគាមិនីបដិបទា​អរិយសច្ច)

(មគ្គសច្ចនិទ្ទេសោ)

[១៤៩] ម្នាលភិក្ខុ​ទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខនិរោធគាមិនីបដិបទា​អរិយ​សច្ច។ អរិយមគ្គ ប្រកបដោយអង្គ៨ប្រការនេះ គឺសម្មាទិដ្ឋិ (ប្រាជ្ញា​យល់​ត្រូវ)១ សម្មាសង្កប្បៈ (ប្រាជ្ញាត្រិះរិះត្រូវ)១ សម្មាវាចា (សំដីត្រូវ)​១ សម្មាកម្មន្តៈ (ការងារត្រូវ)១ សម្មាអាជីវៈ (ចិញ្ចឹមជីវិតត្រូវ)១ សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)១ សម្មាសតិ (ការដំកល់ស្មារតីត្រូវ)១ សម្មាសមាធិ (ការតាំងចិត្ត​ត្រូវ)១។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ ប្រាជ្ញា​ ជាគ្រឿងដឹង ក្នុងកងទុក្ខ​ណា ប្រាជ្ញាជាគ្រឿងដឹងក្នុងតណ្ហា ជាដែនឲ្យកើតកងទុក្ខណា ប្រាជ្ញាជាគ្រឿង​ដឹង​ ក្នុងធម៌ជាទីរលត់នៃកងទុក្ខណា ប្រាជ្ញាជាគ្រឿងដឹង ក្នុងដំណើរ​ជាទីទៅកាន់ទីរលត់​​ទុក្ខ​ណា ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា សម្មាទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ ចុះដូច​ម្តេចហៅថា សម្មាសង្កប្បៈ។ សេចក្តីត្រិះរិះ ក្នុងកិរិយាចេញចាកកាម១ សេចក្តីត្រិះរិះ ក្នុងកិរិយា​មិន​ព្យាបាទ១ សេចក្តីត្រិះរិះ ក្នុងការ​មិនបៀតបៀន១ ម្នាលភិក្ខុទាំង​ឡាយ នេះ តថាគត​ហៅថា សម្មាសង្កប្បៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាវាចា។ ចេតនា​វៀរចាក​មុសាវាទ១ ចេតនាវៀរចាកបិសុណា​វាចា១ ចេតនាវៀរចាកផរុសវាចា១ ចេតនាវៀរចាកសម្ផប្បលាបៈ១ ម្នាលភិក្ខុ​ទាំងឡាយ នេះ តថាគតហៅថា សម្មាវាចា។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាកម្មន្តៈ។ ចេតនាវៀរចាកបាណាតិបាត១ ចេតនាវៀរចាកអទិន្នាទាន១ ចេតនា​វៀរចាកកាមេសុមិច្ឆាចារ១ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាកម្មន្តៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាអាជីវៈ។ ម្នាលភិក្ខុ​ទាំងឡាយ អរិយ​សាវ័ក ក្នុងសាសនានេះ លះបង់នូវមិច្ឆាអាជីវៈ គឺការចិញ្ចឹមជីវិតខុស ហើយប្រព្រឹត្ត​ចិញ្ចឹម​ជីវិត ដោយសម្មាអាជីវៈ គឺការចិញ្ចឹមជីវិតត្រូវ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាអាជីវៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាវាយាមៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ ញុំាងឆន្ទៈឲ្យកើត ធ្វើនូវ​ព្យាយាម ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីធ្វើអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ធ្វើឆន្ទៈឲ្យកើត ធ្វើព្យាយាម ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីលះបង់នូវអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើង​ហើយ (ឲ្យសាបសូន្យទៅ) ញុំាងឆន្ទៈឲ្យកើត ខំព្យាយាម ប្រារព្ធ​ព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីធ្វើកុសលធម៌ទាំងឡាយ ដែលមិនទាន់កើត​ឡើង​ ឲ្យកើតឡើងបាន ធ្វើឆន្ទៈឲ្យកើត ខំព្យាយាម ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បី​ធ្វើកុសលធម៌ទាំងឡាយ ដែលកើតឡើងហើយ ឲ្យឋិតនៅយូរអង្វែង មិនឲ្យសាបសូន្យ ឲ្យចំរើនឡើង ឲ្យធំទូលាយ ឲ្យចំរើនពេញបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាវាយាមៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាសតិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកម្តៅនូវកិលេស មានសេចក្តីដឹងខ្លួន និងមានសតិ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ។ ភិក្ខុពិចារណាឃើញរឿយៗ ​នូវវេទនាក្នុងវេទនា​ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកម្តៅនូវកិលេស មានសេចក្តីដឹងខ្លួន និងមានសតិ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ។ ពិចារណាឃើញរឿយៗ ​នូវចិត្តក្នុងចិត្ត ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿង​ដុតកម្តៅនូវកិលេស មានសេចក្តី​ដឹងខ្លួន និងមានសតិ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ។ ពិចារណាឃើញរឿយៗ ​នូវធម៌ក្នុងធម៌​ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជា​គ្រឿងដុតកម្តៅនូវកិលេស មានសេចក្តីដឹងខ្លួន មានសតិ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាសតិ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាសមាធិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយហើយ ក៏ចូលបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ជាអារម្មណ៍ លុះ​ភិក្ខុនោះ ចូល​ទៅ​ជិត​រម្ងាប់នូវវិតក្កៈ វិចារៈរួចហើយ ក៏បានចូលដល់ទុតិយជ្ឈាន ជាទីជ្រះថ្លា ប្រព្រឹត្តទៅខាងក្នុង ដ៏ញុំាងចិត្តជាសមាធិ ឲ្យចំរើនឡើង មិនមានវិតក្កៈ និងវិចារៈទេ មានតែបីតិ និងសុខៈ ដែលកើត​អំពីសមាធិប៉ុណ្ណោះ លុះលះបង់បីតិចេញហើយ ភិក្ខុនោះ ជាបុគ្គល​មានចិត្តព្រងើយ មានសតិ និងសម្បជញ្ញៈ សោយសេចក្តីសុខ ដោយនាមកាយផង ព្រះអរិយបុគ្គលទាំងឡាយ តែងហៅនូវភិក្ខុ​ ដែលបាន​តតិយជ្ឈាននោះថា ជាអ្នកមានចិត្តព្រងើយកន្តើយ ជាអ្នកមានសតិ ជាអ្នកនៅជា​សុខ ភិក្ខុនោះ ក៏បានដល់តតិយជ្ឈាន លុះលះបង់នូវសេចក្តីសុខ និងសេចក្តីទុក្ខ​រួចហើយ ក៏រំលត់នូវសោមនស្ស និងទោមនស្ស​អំពីមុន ចូលកាន់ចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសតិដ៏ស្អាត ចំពោះត្រង់ឧបេក្ខា ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាសមាធិ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខនិរោធគាមិនីបដិបទា​អរិយសច្ច។

(ចប់ សច្ចបព្វៈ។)

[១៥០] ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ​ ជាខាង​ក្នុង (ដោយការកំណត់នូវអរិយសច្ចទាំង៤) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌​ទាំងឡាយ ជាខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាខាងក្នុង ខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវសភាវៈ ដែល​កើតឡើងនៃសច្ចៈទាំង៤ គួរតាមពិត ក្នុងសច្ចធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ក្តី ពិចារណាឃើញរឿយៗ​ នូវសភាវៈសូន្យទៅ នៃសច្ចៈទាំង៤ គួរតាមពិត ក្នុងសច្ចធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវសភាវៈ ដែលកើតឡើង និងសូន្យទៅ នៃសច្ចៈទាំង៤ គួរ​តាមពិត ក្នុងសច្ចធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពុំនោះសោត ស្មារតី (ជាគ្រឿងកំណត់នូវសច្ចៈទាំង៤) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌​មានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុស ជាដើម) គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បីឲ្យចំរើន​ស្មារតីប៉ុណ្ណោះ ភិក្ខុនោះ មានចិត្តមិនអាស្រ័យ (តណ្ហា និងទិដ្ឋិ)ផង មិនប្រកៀកប្រកាន់ អ្វីតិចតួច ក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌​ទាំងឡាយ គឺអរិយសច្ចទាំង៤ យ៉ាងនេះឯង។

[១៥១] ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចំរើន សតិប្បដ្ឋាន ទាំង៤ អស់៧ឆ្នាំ តាមលំដាប់នៃវិធីចំរើន ដែលតថាគត បានពោលហើយ យ៉ាងនេះ បណ្តា​ផល​ទាំងឡាយពីរ ផលណាមួយ ក៏គង់នឹងបានសម្រច ដល់បុគ្គលនោះ តាមសេចក្តី​ប្រាថ្នា​ដោយពិត គឺថា នឹងបានសម្រេចនូវភាវៈ ជាព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់​នឹង​បាន​​សម្រេច​នូវ​ភាវៈ ជា​អនាគាមិ​បុគ្គល ពុំខានឡើយ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅអស់៧ឆ្នាំឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង៤នេះ អស់៦ឆ្នាំ ៥ឆ្នាំ ៤ឆ្នាំ ៣ឆ្នាំ ២ឆ្នាំ ១ឆ្នាំ តាមលំដាប់វិធី ដែលតថាគត បានពោលហើយយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅ អស់១ឆ្នាំឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង៤ នេះ អស់៧ខែ តាមលំដាប់វិធីចម្រើន ដែលតថាគត បានពោលហើយ យ៉ាងនេះ បណ្តាផលទាំងឡាយពីរ ផលណាមួយ ក៏គង់នឹង​បាន​សម្រេច ដល់បុគ្គលនោះ តាម​សេចក្តី​ប្រាថ្នាដោយពិត គឺថា នឹងបានសម្រេចនូវភាវៈ ជាព្រះអរហន្ត ក្នុងបច្ចុប្បន្ន​ទាន់​ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធ​សេសសល់​នៅ ក៏គង់នឹង​បាន​សម្រេច​នូវភាវៈ ជាអនាគាមិបុគ្គលពុំខានឡើយ ម្នាលភិក្ខុ​ទាំងឡាយ កុំថាដល់ទៅអស់៧ខែឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង៤ នេះអស់៦ខែ ៥ខែ ៤ខែ ៣ខែ ២ខែ ១ខែ កន្លះ​ខែ តាមលំដាប់វិធីចំរើន ដែលតថាគត បានពោលហើយយ៉ាងនេះ… ម្នាលភិក្ខុ​ទាំង​ឡាយ កុំថាដល់ទៅអស់កន្លះខែឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង៤នេះ អស់៧ថ្ងៃ តាមលំដាប់វិធីចម្រើន ដែលតថាគត បានពោលហើយ យ៉ាងនេះ បណ្តាផលទាំងឡាយពីរ ផលណាមួយ ក៏គង់នឹងបាន​សម្រេច ដល់បុគ្គលនោះ តាមសេចក្តីប្រាថ្នាដោយពិត គឺថា នឹងបានសម្រេចនូវភាវៈ ជា​អរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹងបានសម្រេចនូវភាវៈ ជាអនាគាមិបុគ្គលពុំខានឡើយ។

[១៥២] ម្នាលភិក្ខុទាំងឡាយ ផ្លូវ គឺសតិប្បដ្ឋានទាំងឡាយ៤នេះឯង ជាផ្លូវ​មូល​តែ​មួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តី​បរិសុទ្ធ​ដោយ​វិសេស​ នៃសត្វទាំងឡាយ ដើម្បីកន្លង​បង់ នូវសេចក្តីសោក និងសេចក្តី​ខ្សឹកខ្សួល ដើម្បីរំលត់នូវទុក្ខ និង​ទោមនស្ស​ ដើម្បី​បាននូវអរិយមគ្គ ប្រកបដោយអង្គ៨ប្រការ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន។ ពាក្យណា ដែល​តថាគត​បានពោលហើយថា (សាសនារបស់តថាគត ជាគុណសម្រាប់ស្រោចស្រង់សត្វ) ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យនូវផ្លូវដ៏ប្រសើរ គឺសតិប្បដ្ឋាន​ទាំង​៤នេះឯង។ លុះព្រះមានព្រះភាគ បានសម្តែងសតិប្បដ្ឋានសូត្រនេះចប់ហើយ ភិក្ខុ​ទាំង​ឡាយ​នោះ ក៏មានសេចក្តី​ពេញចិត្ត ត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

ចប់ សតិប្បដ្ឋានសូត្រ ទី១០។

ចប់ មូលបរិយាយវគ្គ ទី១។

បញ្ជីរឿងក្នុងមូលបរិយាយវគ្គនោះគឺ

អ្នកទាំងឡាយចូរស្តាប់ (នូវពាក្យដែលសំដែងអំពីព្រះនិព្វាន) ជាធម្មជាត​មិន​ចាស់ មិនស្លាប់ ជាទីលុះដល់អមតៈ ជាគ្រឿងសំដែងនូវមគ្គផល បន្ទោបង់​នូវសេចក្តី​ទុក្ខ ធ្វើនូវទីកំបាំងធំ ដែលមានប្រយោជន៍ និងសេចក្តីចំរើន នាំមកនូវបីតិជាច្រើន មានប្រការផ្សេងៗ ជាទីញុំាងភ្លើង និងជ័រទាំងបី57) ប្រការឲ្យរីងស្ងួត ដូចជាស្រះ​មានទឹក​ពេញប្រៀប (ដែលព្រះអាទិត្យឲ្យរីងស្ងួត) ក្នុងរដូវក្តៅ។ សូត្រដ៏ប្រសើរ ក្នុងមជ្ឈិមនិកាយទាំងឡាយ ជាគ្រឿងបន្ទោបង់ និងរម្ងាប់នូវព្យាធិ មានអត្ថ​រសដ៏​ឆ្ងាញ់ ទន់ភ្លន់ និងញុំាងសេចក្តីរីករាយសប្បាយ ឲ្យកើតឡើងដល់ពួកទេវតា ជាសូត្រ​ដែលព្រះគន្ថរចនាចារ្យ ដំកល់ទុកហើយផង ជាសូត្រដែលពួក​សក្យបុត្រ ដំកល់​ទុក​ ដើម្បីញុំាងពួកមនុស្ស ឲ្យត្រេកអរចំពោះសូត្រ និងព្យាករណ៍នោះផង អ្នកទាំងឡាយ ចូរមានចិត្តតែមួយ គឺ មានចិត្តនឹងនួន តាំងសោតប្រសាទ ស្តាប់នូវសូត្រដ៏ប្រសើរ​នោះ ដែល​មានវគ្គដ៏ប្រសើរ ៥៣ និង១៥០ ទាំងវេយ្យាករណ៍២ប្រការ និងពាក្យ​តិចតួច​ដទៃៗទៀត ក្នុងបឋមវគ្គទាំងអស់ ដែលមិនស្មើគ្នាតាមលំដាប់ដូច្នេះ គឺ​មូលបរិយាយសូត្រ១ សព្វាសវសំវរសូត្រ១ ធម្មទាយាទសូត្រ១ ភយភេរវសូត្រ១ អនង្គណសូត្រ១ អាកង្ខេយ្យសូត្រ១ វត្ថូបមសូត្រ១ សល្លេខសូត្រ១ សម្មាទិដ្ឋិសូត្រ១ សតិប្បដ្ឋានសូត្រ១ បាឋវគ្គដ៏ប្រសើរទាំងនោះ ចប់តែប៉ុណ្ណេះហើយ។

 

លេខយោង

1)
ហៅថា កម្មសទមនិគមខ្លះ។
2)
ដែលថា ផ្លូវមូលតែមួយ មានសេចក្តី​ពន្យល់​ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ទំព័រ១។
3)
លោក ក្នុងទីនេះ មានសេចក្តី​ពន្យល់ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ទំព័រ២រួចហើយ។
4)
១-២ ខ្យល់អស្សាសបស្សាសៈ អាស្រ័យនូវ​ករជកាយផង ក្តោងច្រមុះផង ចិត្តផង ទើប​ចេញចូលទៅមកបាន ព្រោះហេតុនោះ ធម៌ទាំងនេះ ឈ្មោះថាធម៌ប្រជុំ​កើតឡើង ដល់ធម៌ទាំងនេះរលត់ទៅវិញ ឈ្មោះថា ធម៌សូន្យទៅ។
5) , 10) , 49) , 51) , 53) , 55)
6)
ក្នុងទីនេះ មានសេចក្តីពន្យល់ដូចក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ត្រង់ទំព័រ៦។
7)
សម្បជញ្ញៈ ក្នុងទីនេះ មានសេចក្តីពន្យល់ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ទំព័រ​៩។
8)
ពួកអ្នកជំនួយការ។
9)
១-២ អាមិសក្នុងទីនេះ មានសេចក្តីពន្យល់ ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ទំព័រ​២៤ ២៥។
11)
ធម៌ដែល​ជាទីប្រជុំ​កើតឡើង ក្នុងវេទនាទាំងឡាយ និងមានសេចក្តី​ពន្យល់ក្នុងខន្ធបព្វៈខាងចុង។
12)
ធម៌ដែលសូន្យទៅ ក្នុងវេទនាទាំងឡាយ មានសេចក្តីពន្យល់​ក្នុងខន្ធ​បព្វៈខាងចុង។
13)
ចិត្តរួចស្រឡះក្នុងទីនេះ មានសេចក្តី​ពន្យល់ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ទំព័រ​២៨។
14)
១-២ ធម៌ដែលជាទីប្រជុំកើតឡើង និងធម៌ដែលសូន្យទៅ មានសេចក្តីពន្យល់ក្នុងធម្មានុបស្សនា ត្រង់ខន្ធបព្វៈខាងចុង។
15)
ហេតុដែលកាមច្ឆន្ទកើត គឺធ្វើទុកក្នុងចិត្ត​ក្នុងសុភនិមិត្ត ដោយគ្មានឧបាយនៃប្រាជ្ញា។
16)
លះបង់នូវកាមច្ឆន្ទ ដោយធ្វើទុកក្នុងចិត្ត ក្នុងអសុភនិមិត្ត ដោយឧបាយនៃប្រាជ្ញា។ ម្យ៉ាងទៀតថា លះបង់​ដោយដោយធម៌៦យ៉ាង គឺអសុភនិមិត្តឧគ្គហៈ រៀននូវអសុភនិមិត្ត១ អសុភភាវនានុយោគ ប្រកបព្យាយាមរឿយៗ ក្នុងអសុភភាវនា១ ឥន្ទ្រិយេសុ គុត្តទ្វារតា ភាពជាអ្នកមាន​ទ្វារគ្រប់គ្រង​ល្អ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ១ ភោជនេ មត្តញ្ញុតា ភាពជាអ្នកដឹងប្រមាណ ក្នុងភោជន១ កល្យាណមិត្តតា ភាព​ជាអ្នកសេពគប់តែ​កល្យាណមិត្ត១ សប្បាយកថា ពោល ឬស្តាប់នូវពាក្យដែលជាទីសប្បាយ១។
17)
កាមច្ឆន្ទៈកើតតទៅទៀតមិនបាន ដោយអរហត្តមគ្គ។
18)
ហេតុដែល​ព្យាបាទកើត គឺធ្វើទុកក្នុងចិត្ត ដោយគ្មានឧបាយនៃប្រាជ្ញា ក្នុងបដិឃនិមិត្ត។ អដ្ឋកថា។
19)
លះបង់នូវព្យាបាទ ដោយធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា ក្នុង​មេត្តាចេតោវិមុត្តិ។ ម្យ៉ាងទៀតថា លះបង់​ដោយ​ធម៌​៦យ៉ាងគឺ មេត្តានិមិត្តឧគ្គហៈ រៀននូវមេត្តានិមិត្ត១ មេត្តាភាវនានុយោគ ប្រកបព្យាយាមរឿយៗ ក្នុងមេត្តាភាវនា១ កម្មស្សកតាបច្ចវេក្ខណៈ ពិចារណានូវភាព ដែលសត្វមានកម្ម ជារបស់ខ្លួន១ បដិសង្ខានពហុលតា ភាពជាអ្នកច្រើន​ដោយ​ការ​ពិចារណា​១ កល្យាណមិត្តតា ភាពជាអ្នកសេពគប់តែកល្យាណមិត្ត១ សប្បាយកថា ពោល ឬស្តាប់នូវពាក្យដែលជាទីសប្បាយ១។
20)
ព្យាបាទកើតតទៅទៀតមិនបាន ដោយអនាគាមិមគ្គ។
21)
ហេតុដែល​កើតថីនមិទ្ធៈ មាន ៥យ៉ាង គឺ អរតិ សេចក្តីមិនត្រេកអរ១ តន្ទិ ចំអៀក ឬទម្រន់១ វិជម្ភិតា មិទ្ធពត់ ឬអែនអន១ ភត្តសម្មទៈ ស្រវឹងក្នុងភត្ត១ ចេតោលីនត្តៈ ច្រអូសចិត្ត។ អដ្ឋកថា។
22)
លះបង់ថីនមិទ្ធៈ ដោយព្យាយាម៣យ៉ាងគឺ អារព្ភធាតុ ព្យាយាមដែល​ប្រារព្ធ​ឡើង​ជាដំបូង១ និក្កមធាតុ ព្យាយាមយ៉ាងកណ្តាល ជាគ្រឿងចេញចាក កោសជ្ជៈ១ បរក្កមធាតុ ព្យាយាមយ៉ាងក្រៃលែង ដែលកន្លងរួចកោសជ្ជៈ១។ ម្យ៉ាងទៀត​ថា លះបង់​ដោយ​ធម៌៦យ៉ាងគឺ អតិភោជនេនិមិត្តគ្គាហ កាន់យកនូវនិមិត្ត ក្នុង​កិរិយាបរិភោគនូវភោជនកន្លងប្រមាណ១ ឥរិយាបថសម្បរិវត្តនតា ភាពនៃកិរិយា​ផ្លាស់​ប្តូរ​ឥរិយាបថ១ អាលោកសញ្ញាមនសិការ ធ្វើទុកក្នុងចិត្ត នូវភាពអលោកសញ្ញា១ អព្ភោកាសវាស នៅក្នុងឱកាសដែលស្រឡះ១ កល្យាណមិត្តតា ភាពជាអ្នកសេពគប់តែកល្យាណមិត្ត១ សប្បាយកថា ពោល ឬស្តាប់នូវពាក្យដែលជាទីសប្បាយ១។
23)
ថីនមិទ្ធៈមិនកើតតទៅទៀតបាន ដោយអរហត្តមគ្គ។
24)
ហេតុដែលឧទ្ធច្ចកុក្កុចៈកើត គឺធ្វើទុកក្នុងចិត្ត ដោយគ្មាន​ឧបាយនៃ​ប្រាជ្ញា ក្នុងធម៌ដែលមិនមែនជាគ្រឿងរម្ងាប់ចិត្ត។ អដ្ឋកថា។
25)
លះបង់​នូវឧទ្ធច្ចកុក្កុច្ចៈ ដោយធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា ក្នុងធម៌​ដែល​ជា​គ្រឿង​រម្ងាប់ចិត្ត។ ម្យ៉ាងទៀត លះបង់ដោយធម៌៦​យ៉ាងគឺ ពហុស្សុតតា ភាពជាអ្នកស្តាប់ច្រើន១ បរិបុច្ឆកតា ភាពជាអ្នកសាកសួរច្រើន១ វិនយេបកតញ្ញុតា ភាព​ជា​អ្នកដឹង​ ក្នុងវិន័យ១ វុឌ្ឍសេវិតា ភាពជាអ្នកសេពបុគ្គលដែលចម្រើន១ កល្យាណមិត្តតា ភាពជាអ្នកសេពគប់តែកល្យាណ​មិត្ត១ សប្បាយកថា ពោល ឬស្តាប់ពាក្យ​ជាទីសប្បាយ១។
26)
ឧទ្ធច្ចៈកើតតទៅទៀតមិនបាន ដោយអរហត្តមគ្គ ឯកុក្កុច្ចៈ​កើតត​ទៅ​ទៀតមិនបាន ដោយអនាគាមិមគ្គ។
27)
ហេតុដែលវិចិកិច្ឆាកើត គឺធ្វើទុកក្នុងចិត្ត មិនដោយឧបាយនៃប្រាជ្ញា ក្នុងធម៌ ដែលជាទីតាំង នៃ​សេចក្តី​សង្ស័យ។ អដ្ឋកថា។
28)
លះបង់​នូវវិចិកិច្ឆា ដោយធ្វើទុកក្នុងចិត្ត ដោយ​ឧបាយនៃ​ប្រាជ្ញា ក្នុងកុសលធម៌ជាដើម។ ម្យ៉ាងទៀត លះបង់​ដោយ​ធម៌៦ប្រការ គឺពហុស្សុតតា ភាពជាអ្នកស្តាប់ច្រើន១ បរិបុច្ឆកតា ភាពជាអ្នកសាកសួរច្រើន១ វិនយេបកតញ្ញុតា ភាព​ជា​អ្នកដឹង​ ក្នុងវិន័យ១ អធិមោក្ខពហុលតា ភាពជាអ្នកច្រើនដោយចិត្ត ដែលជឿស៊ប់១ កល្យាណមិត្តតា ភាពជាអ្នកសេពគប់តែកល្យាណ​មិត្ត១ សប្បាយកថា ពោល ឬស្តាប់ពាក្យ​ជាទីសប្បាយ១។
29)
វិចិកិច្ឆា កើតតទៅទៀតមិនបាន ដោយសោតាបត្តិមគ្គ។ អដ្ឋកថា
30)
រួបមាន២៨ គឺមហាភូតរូប៤ ឧបាទាយរូប២៤។ វិសុទ្ធិមគ្គ ខន្ធនិទ្ទេស។
31)
ធម៌ជាដែនកើតរូប មាន៥គឺ អវិជ្ជា១ តណ្ហា១ កម្ម១ អាហារ១ និព្វត្តិលក្ខណៈ១។
32)
ធម៌ដែលជាដែនរលត់នៃរូប មាន៥យ៉ាងគឺ រលត់អវិជ្ជា១ តណ្ហា១ កម្ម១ អាហារ១ បរិណាមលក្ខណៈ១។ មគ្គាមគ្គញ្ញាណទស្សវិសុទ្ធិនិទ្ទេស ត្រង់និយាយ​ពីឧទយព្វយញ្ញាណ ក្នុងគម្ពីរវិសុទ្ធិមគ្គ បញ្ញានិទ្ទេស។
33)
វេទនាមាន៨៩ ឬ១២១។
34)
ធម៌ជាដែនកើតវេទនា មាន៥គឺ អវិជ្ជា១ តណ្ហា១ កម្ម១ ផស្សៈ១ និព្វត្តិលក្ខណៈ១។
35)
ធម៌ជាដែនរលត់វេទនា មាន៥គឺ រលត់អវិជ្ជា១ តណ្ហា១ កម្ម១ ផស្សៈ១ បរិណាមលក្ខណៈ១។
36)
សញ្ញាមាន៨៩ ឬ១២១។
37)
ធម៌ជាដែនកើត​សញ្ញា មាន៥គឺ អវិជ្ជា១ តណ្ហា១ កម្ម១ ផស្សៈ១ និព្វត្តិលក្ខណៈ១។
38)
ធម៌ជាដែនរលត់សញ្ញា មាន៥គឺ រលត់អវិជ្ជា១ តណ្ហា១ កម្ម១ ផស្សៈ១ បរិណាមលក្ខណៈ១។
39)
សង្ខារ មាន៥០ សង្គ្រោះក្នុងចេតសិក​៥២ លើកតែវេទនាចេតសិក និងសញ្ញាចេតសិកចេញ។
40)
ធម៌ដែលជាដែនកើតឡើងនៃសង្ខារ មាន៥គឺ អវិជ្ជា១ តណ្ហា១ កម្ម១ ផស្សៈ១ និព្វត្តិលក្ខណៈ‌។
41)
ធម៌ជាដែនរលត់សង្ខារ មាន៥គឺ រលត់អវិជ្ជា១ តណ្ហា១ កម្ម១ ផស្សៈ១ បរិណាមលក្ខណៈ១។
42)
វិញ្ញាណ មាន៨៩ ឬ១២១។
43)
ធម៌ដែលជាដែនកើតឡើង នៃវិញ្ញា មាន៥យ៉ាងគឺ អវិជ្ជា១ តណ្ហា១ កម្ម១ នាមរូប១ និព្វត្តិលក្ខណៈ១។ គម្ពីរវិសុទ្ធិមគ្គ បញ្ញានិទ្ទេស ត្រង់និយាយពីមគ្គាមគ្គញ្ញាណទស្សនវិសុទ្ធិនិទ្ទេស ឧទយព្វយញ្ញាណ។
44)
ធម៌ជាដែន​រលត់នៃវិញ្ញាណ មាន៥យ៉ាង គឺអវិជ្ជា១ តណ្ហា១ កម្ម១ នាមរូប១ បរិណាមលក្ខណៈ១។ វិសុទ្ធិមគ្គបញ្ញានិទ្ទេស ឧទយព្វយញ្ញាណនិទ្ទេស។
45)
មានសេចក្តីពន្យល់ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ទំព័រ ៣៩-៤០។
46)
ចិត្ត ៨៩ ឬ១២១។
47)
ធម៌៦យ៉ាង គឺ បសាទរូប១ សុខុមរូប១ ចិត្ត១ ចេតសិក១ និព្វាន១ បញ្ញត្តិ១។ វិសុទ្ធិមគ្គ អាយតននិទ្ទេស។
48)
១-២សមុទយវយធម៌ ដែលជាទីប្រជុំកើតឡើង និងសូន្យទៅនៃអាយតនៈទាំង៥ មានចក្ខ្វាយតនៈជាដើម ដូចគ្នានឹងទីកើត ទីរលត់នៃ​រូប ឯមនាយតនៈ ដូចគ្នានឹងវិញ្ញាណ។ មានសេចក្តីពន្យល់រួចហើយ ក្នុងធម្មានុបស្សនា ខន្ធបព្វៈ។ អដ្ឋកថា។
50)
១-២ ហេតុនោះ ក្នុងទីនេះ មានសេចក្តីពន្យល់ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ។
52)
១-២ សមុទយធម៌ និងវយធម៌ ដែល​ជាដែនឲ្យកើតឡើង និងសូន្យទៅនៃសត្វទាំង៤នោះ បានដល់​សម្ពោជ្ឈង្គទាំង៧​ប្រការ មានសតិសម្ពោជ្ឈង្គ ជាដើម។ អដ្ឋកថា។
54)
១-២-៣ មើលនយលក្ខណៈ ក្នុងមហាសតិបដ្ឋានសូត្រ។
56)
57)
ភ្លើង ឬជ័រទាំង៣ប្រការនេះ សំដៅយក រាគៈ ទោសៈ មោហៈ។ អត្តនោមតិ។
km/tipitaka/sut/mn/sut.mn.010.txt · ពេលកែចុងក្រោយ: 2023/11/24 18:46 និពន្ឋដោយ Johann