User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.011

ចូឡសីហនាទសូត្រ ទី១

សង្ខេប

ព្រះ​ពុទ្ធ​បាន​ពន្យល់​អំពី​ ៖ សមណៈ​ទាំង​៤​ប្រភេទ​​ត្រាស់​ដឹង​ធម៌​មាន​តែ​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា មច្ឆា​ទិដ្ធិ​២​ប្រភេទ ឧបាទាន​៤​ប្រការ​ ហេតុ​ដែល​នាំ​អោយ​កើត​ឧបាទាន​និង​ហេតុ​នៃ​ការ​រលត់​ទៅ​នៃ​ឧបាទាន។

mn 011 បាលី cs-km: sut.mn.011 អដ្ឋកថា: sut.mn.011_att PTS: ?

(ទី១) ចូឡសីហនាទសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១. ចូឡសីហនាទសុត្តំ)

[១៥៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅ​ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ។ ភិក្ខុទាំងឡាយនោះ បានទទួល​ភាសិតរបស់ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[១៥៤] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សមណៈ (ទី១) (គឺសោតាបន្ន) មានតែក្នុងសាសនានេះ សមណៈទី២ (គឺសកិទាគាមី) ក៏មានតែក្នុងសាសនានេះ សមណៈទី៣ (គឺអនាគាមី) ក៏មានតែក្នុងសាសនានេះ សមណៈទី៤ (គឺអរហន្ត) ក៏មានតែក្នុងសាសនានេះ វាទៈ (គឺ ទិដ្ឋិ៦២) របស់សាសនា​ដទៃ សូន្យចាកសមណៈទាំងឡាយ (ដែលស្ថិតនៅក្នុងផលទាំង៤ពួក) និងសមណៈ​ទាំងឡាយដទៃ (ដែលស្ថិតនៅក្នុងមគ្គទាំង៤ពួកជាដើម) ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយចូរបន្លឺ នូវសីហនាទដោយប្រពៃ យ៉ាងនេះឯងចុះ។ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះរមែងមាន គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ1) ក្នុងលោកនេះ សមជានិយាយយ៉ាងនេះថា លោកមានអាយុទាំងឡាយ បានអ្វីជាគ្រឿង​អាង បានអ្វីជាកំឡាំង ដែលជាហេតុឲ្យលោកមានអាយុទាំងឡាយ ពិចារណាឃើញច្បាស់ ក្នុងខ្លួន ហើយពោលយ៉ាងនេះថា សមណៈ (ទី១) មានតែក្នុងសាសនានេះ សមណៈទី២ មានតែក្នុងសាសនានេះ សមណៈទី៣ មានតែក្នុងសាសនានេះ សមណៈទី៤ មានតែក្នុងសាសនានេះ វាទៈ របស់សាសនា​ដទៃ សូន្យចាកសមណៈទាំងឡាយ និងសមណៈ​ទាំងឡាយដទៃ ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរ្ថិយនិយាយយ៉ាងនេះ អ្នកទាំងឡាយ ត្រូវនិយាយ​យ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ មានធម៌៤យ៉ាង ដែល​ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់បាន​សំដែងហើយ ដល់យើងទាំងឡាយ ជាធម៌នាំឲ្យយើងទាំងឡាយ​ពិចារណាឃើញ​ច្បាស់​ក្នុងខ្លួន ហើយនិយាយយ៉ាងនេះថា សមណៈ (ទី១) មានតែក្នុងសាសនានេះ សមណៈទី២ ក៏មានតែក្នុងសាសនានេះ សមណៈទី៣ ក៏មានតែក្នុងសាសនានេះ សមណៈទី៤ ក៏មានតែក្នុងសាសនានេះ វាទៈ របស់សាសនា​ដទៃ សូន្យចាក​សមណៈ​ទាំងឡាយ និងសមណៈ​ទាំងឡាយដទៃ ធម៌ទាំង៤ប្រការ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ គឺយើងទាំងឡាយ មានសេចក្តីជ្រះថ្លាក្នុងព្រះសាស្តា១ មានសេចក្តីជ្រះថ្លាក្នុងព្រះធម៌១ មានភាវៈជាអ្នកធ្វើ​ឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយ១ ពួក​សហធម្មិក2) ដែលជាគ្រហស្ថក្តី ជាបព្វជិតក្តី ក៏ជាទីស្រឡាញ់ ជាទីពេញចិត្ត១ ម្នាលអាវុសោទាំងឡាយ ធម៌ទាំង៤ប្រការនេះឯង ដែលព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់​បានសំដែងហើយ ដល់យើងទាំងឡាយ ជាធម៌នាំឲ្យយើងទាំងឡាយ​ពិចារណា​ឃើញ​​ច្បាស់​ក្នុងខ្លួន ហើយនិយាយយ៉ាងនេះថា សមណៈ (ទី១) មានតែក្នុង​សាសនា​នេះ សមណៈទី២ ក៏មានតែក្នុងសាសនានេះ សមណៈទី៣ ក៏មានតែក្នុងសាសនា​នេះ សមណៈទី៤ ក៏មានតែក្នុងសាសនានេះ វាទៈ របស់សាសនា​ដទៃ សូន្យចាក​សមណៈ​ទាំងឡាយ និងសមណៈ​ទាំងឡាយដទៃ។ ម្នាលភិក្ខុទាំងឡាយ គង់មានហេតុជាទំនងយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីនិយាយ​យ៉ាងនេះថា យើងទាំងឡាយ មានសេចក្តីជ្រះថ្លា ក្នុងព្រះសាស្តា ដែលជា​សាស្តា​របស់​ពួកយើងដែរ យើងទាំងឡាយ មានសេចក្តីជ្រះថ្លាក្នុងព្រះធម៌ ដែលជា​ធម៌របស់​ពួកយើងដែរ យើងទាំងឡាយ បានធ្វើ​ឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយ ដែលជាសីល​របស់ពួកយើងដែរ ពួក​សហធម្មិក គឺគ្រហស្ថ និងបព្វជិត ក៏ជាទីស្រឡាញ់ ជាទីពេញ​ចិត្ត របស់យើងទាំងឡាយដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើយ៉ាងនេះ ពួកលោក និងពួកយើង មានសេចក្តីប្លែកគ្នាត្រង់ណា មានអធិប្បាយ​ដូចម្តេច មានការ​ធ្វើ​ឲ្យផ្សេងគ្នាដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ គង់និយាយ​យ៉ាងនេះ អ្នកទាំងឡាយ ត្រូវនិយាយ​យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃ​សេចក្តីជ្រះថ្លា3) មានតែ១ ឬមានច្រើន។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ កាលដែលព្យាករឲ្យត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ឯទី​បំផុត នៃសេចក្តីជ្រះថ្លា មានតែមួយ មិនមានច្រើនទេ។ អ្នកទាំងឡាយត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃ​សេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រកបដោយ​រាគៈ ឬជារបស់បុគ្គលប្រាសចាករាគៈ។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជា​អន្យតិរ្ថិយ កាលដែលព្យាករឲ្យត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ឯទី​បំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គល​ប្រាសចាករាគៈ ទីបំផុតនៃសេចក្តី​ជ្រះថ្លានោះ មិនមែនជារបស់​បុគ្គល ដែលប្រកបដោយរាគៈទេ។ អ្នកទាំងឡាយ​ត្រូវសួរថា ទីបំផុតនៃ​សេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រកបដោយទោសៈ ឬជារបស់បុគ្គលប្រាសចាកទោសៈ។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជា​អន្យតិរ្ថិយ កាលដែលព្យាករឲ្យត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ទី​បំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គល​ប្រាសចាកទោសៈ ទីបំផុតនៃសេចក្តី​ជ្រះថ្លានោះ មិនមែនជារបស់​បុគ្គល ដែលប្រកបដោយទោសៈទេ។ អ្នកទាំងឡាយ​ត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃ​សេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រកបដោយ​មោហៈ ឬជារបស់បុគ្គលប្រាសចាកមោហៈ។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជា​អន្យតិរ្ថិយ កាលព្យាករឲ្យត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ទី​បំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គល​ប្រាសចាកមោហៈ ទីបំផុតនៃសេចក្តី​ជ្រះថ្លានោះ មិនមែនជារបស់​បុគ្គល ដែលប្រកបដោយមោហៈទេ។ អ្នកទាំងឡាយ​ត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃ​សេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រកបដោយតណ្ហា ឬជារបស់បុគ្គលប្រាសចាកតណ្ហា។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជា​អន្យតិរ្ថិយ កាលព្យាករដោយត្រឹមត្រូវ គប្បី​ព្យាករ​យ៉ាងនេះថា ទី​បំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គល​ប្រាសចាកតណ្ហា ទីបំផុតនៃសេចក្តី​ជ្រះថ្លានោះ មិនមែនជារបស់​បុគ្គល ដែលប្រកបដោយតណ្ហាទេ។ អ្នកទាំងឡាយ​ត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃ​សេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រកបដោយឧបាទាន ឬជារបស់បុគ្គលមិនមានឧបាទាន។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជា​អន្យតិរ្ថិយ កាលព្យាករដោយត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ទី​បំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គល​មិនមានឧបាទាន ទីបំផុតនៃសេចក្តី​ជ្រះថ្លានោះ មិនមែនជារបស់​បុគ្គលប្រកបដោយឧបាទានទេ។ អ្នកទាំងឡាយ​ត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃ​សេចក្តីជ្រះថ្លានោះ ជារបស់បណ្ឌិត ឬជារបស់បុគ្គលមិនមែន​ជាបណ្ឌិត។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជា​អន្យតិរ្ថិយ កាលព្យាករដោយត្រឹមត្រូវ គប្បី​ព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ទី​បំផុត នៃសេចក្តីជ្រះថ្លានោះ ជា​របស់បណ្ឌិត ទីបំផុតនៃសេចក្តី​ជ្រះថ្លានោះ មិនមែនជារបស់​បុគ្គល ដែល​មិនមែនជាបណ្ឌិតទេ។ អ្នកទាំងឡាយ​ត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃ​សេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលដែលនៅមានត្រេកអរ នៅមានក្រោធ ឬជារបស់​បុគ្គល ដែលមិនមានត្រេកអរ និងមិនមានក្រោធ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជា​អន្យតិរ្ថិយ កាលដែលព្យាករដោយត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា ទី​បំផុត នៃសេចក្តី​ជ្រះថ្លានោះ ជារបស់បុគ្គល​មិនមានត្រេកអរ មិនមានក្រោធ ទីបំផុតនៃសេចក្តី​ជ្រះថ្លានោះ មិនមែនជារបស់​បុគ្គលនៅមានត្រេកអរ នៅមានក្រោធទេ។ អ្នកទាំងឡាយ​​ត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃ​សេចក្តីជ្រះថ្លានោះ ជារបស់បុគ្គល​មាន បបញ្ចធម៌4) ជាទីត្រេកអរ មានសេចក្តីត្រេកអរ ក្នុង បបញ្ចធម៌ ឬជារបស់បុគ្គលមិនមាន បបញ្ចធម៌ ជាទីត្រេកអរ មិនមាន​សេចក្តីត្រេកអរ ក្នុង បបញ្ចធម៌។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជា​អន្យតិរ្ថិយ កាលព្យាករដោយត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ទី​បំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គល​មិនមានបបញ្ចធម៌ ជាទីត្រេកអរ មិនមានសេចក្តី​ត្រេកអរ ក្នុងបបញ្ចធម៌ ទីបំផុតនៃសេចក្តី​ជ្រះថ្លានោះ មិនមែនជារបស់​បុគ្គលមាន បបញ្ចធម៌ ជាទីត្រេកអរ មានសេចក្តី​ត្រេកអរ ក្នុងបបញ្ចធម៌ទេ។

[១៥៥] ម្នាលភិក្ខុទាំងឡាយ ទិដ្ឋិនេះ មាន២ប្រការ គឺ ភវទិដ្ឋិ5) ១ វិភវទិដ្ឋិ6) ១។ ម្នាលភិក្ខុទាំងឡាយ ក៏ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ជាអ្នកតោងជាប់នឹង​ភវទិដ្ឋិ ចូលទៅកាន់ភវទិដ្ឋិ ចុះស៊ប់កាន់ភវទិដ្ឋិ ពួកសមណៈ ឬព្រាហ្មណ៍នោះ ក៏ស្អប់ខ្ពើម​វិភវទិដ្ឋិ។7) ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ជាអ្នកតោង​ជាប់​នឹង​វិភវទិដ្ឋិ ចូលទៅកាន់វិភវទិដ្ឋិ ចុះស៊ប់កាន់វិភវទិដ្ឋិ ពួកសមណៈ ឬព្រាហ្មណ៍​នោះ ក៏ស្អប់ខ្ពើម​ភវទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ មិនដឹងច្បាស់ នូវសេចក្តី​កើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោស​ផង នៃទិដ្ឋិទាំង២នេះ នូវសេចក្តី​រលាស់ចេញ នូវទិដ្ឋិទាំង២នោះផង តាម​សេចក្តីពិតទេ តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រកប​ដោយរាគៈ ជាអ្នកប្រកបដោយទោសៈ ជាអ្នកប្រកបដោយមោហៈ ជាអ្នកប្រកបដោយ​តណ្ហា ជាអ្នកប្រកបដោយ​ឧបាទាន ជាអ្នកល្ងង់ខ្លៅ អ្នកនៅមានត្រេកអរ នៅមាន​ក្រេវក្រោធ ជាអ្នកមានបបញ្ចធម៌ជាទីត្រេកអរ មានសេចក្តីត្រេកអរ ក្នុងបបញ្ចធម៌ ពួកសមណៈ ឬព្រាហ្មណ៍​ទាំងនោះ មិនរួចស្រឡះ​ ចាកជាតិ ជរា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តី​ចង្អៀតចង្អល់​ចិត្ត រមែងមិនរួចស្រឡះចាក​វដ្តទុក្ខឡើយ។ ម្នាលភិក្ខុទាំងឡាយ ក៏ពួក​សមណៈ ឬព្រាហ្មណ៍ណាមួយ ដឹងច្បាស់ នូវសេចក្តី​កើតឡើងផង នូវសេចក្តីវិនាស​ផង នូវអានិសង្សផង នូវទោសផង នៃទិដ្ឋិទាំង២នេះ នូវសេចក្តីរលាស់ចេញ (នូវ​ទិដ្ឋិ​ទាំង២នោះ)ផង តាមសេចក្តីពិតផង តថាគតពោលថា ពួក​សមណៈ ឬព្រាហ្មណ៍​ទាំងនោះ ជាអ្នកប្រាសចាករាគៈ ជាអ្នកប្រាសចាកទោសៈ ជាអ្នកប្រាសចាកមោហៈ ជាអ្នកប្រាសចាកតណ្ហា ជាអ្នកមិនមានឧបាទាន ជាអ្នកចេះដឹង ជាអ្នកមិនមាន​សេចក្តីត្រេកអរ និងសេចក្តីក្រោធ ជាអ្នកមិនមានបបញ្ចធម៌ជាទីត្រេកអរ មិនមាន​សេចក្តី​ត្រេកអរក្នុងបបញ្ចធម៌ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែង​រួចស្រឡះ ចាកជាតិ ជរា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តី​ចង្អៀតចង្អល់​ចិត្ត រមែងរួចស្រឡះចាកវដ្តទុក្ខ។

[១៥៦] ម្នាលភិក្ខុទាំងឡាយ ឧបាទាន (សេចក្តីប្រកាន់មាំ) នេះ មាន៤ប្រការ ឧបាទាន៤ តើដូចម្តេច គឺកាមុបាទាន (សេចក្តីប្រកាន់មាំ ក្នុងកាម)១ ទិដ្ឋុបាទាន (សេចក្តី​ប្រកាន់មាំក្នុងទិដ្ឋិ)១ សីលព្វតុបាទាន (សេចក្តីប្រកាន់មាំក្នុងសីល និងវត)១ អត្តវាទុបាទាន (សេចក្តីប្រកាន់មាំក្នុងពាក្យពោលថា ខ្លួនប្រាណ)១។ ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ប្តេជ្ញាថា ជាអ្នកពោលនូវការ​កំណត់ដឹង នូវឧបាទានទាំងអស់ តែសមណព្រាហ្មណ៍ទាំងនោះ មិនបញ្ញត្តនូវការ​កំណត់ដឹងនូវឧបាទានទាំងអស់ ដោយប្រពៃទេ បញ្ញត្តតែការកំណត់ដឹងនូវ​កាមុបាទាន (ប៉ុណ្ណោះ) មិនបញ្ញត្តនូវការកំណត់ដឹងនូវទិដ្ឋុបាទាន មិនបញ្ញត្ត​នូវ​ការកំណត់ដឹងនូវ​សីលព្វតុបាទាន មិនបញ្ញត្តនូវការកំណត់ដឹងនូវអត្តវាទុបាទានទេ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ មិនបានដឹង​ច្បាស់នូវហេតុទាំង៣ប្រការនេះ តាមសេចក្តីពិតឡើយ ព្រោះហេតុនោះ បានជាពួក​សមណព្រាហ្មណ៍ដ៏ចំរើននោះ ប្តេជ្ញាថា ជាអ្នកពោលនូវ​ការកំណត់ដឹងនូវ​ឧបាទាន​ទាំងអស់ តែពួកគេទាំងនោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវឧបាទានទាំងអស់ ដោយប្រពៃទេ បញ្ញត្តតែ​​ការកំណត់ដឹងនូវកាមុបាទានប៉ុណ្ណោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវទិដ្ឋុបាទាន មិនបញ្ញត្ត​នូវ​ការកំណត់ដឹងនូវ​សីលព្វតុបាទាន មិនបញ្ញត្តនូវការកំណត់ដឹងនូវអត្តវាទុបាទានទេ។ ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ប្តេជ្ញាថា ជាអ្នកពោលនូវការ​កំណត់ដឹង នូវឧបាទានទាំងអស់ តែសមណព្រាហ្មណ៍ទាំងនោះ មិនបញ្ញត្តនូវការ​កំណត់ដឹងនូវឧបាទានទាំងអស់ ដោយប្រពៃទេ បញ្ញត្តតែការកំណត់ដឹងនូវ​កាមុបាទាន បញ្ញត្តតែការកំណត់ដឹងនូវទិដ្ឋុបាទានប៉ុណ្ណោះ មិនបញ្ញត្ត​នូវ​ការ​កំណត់​ដឹង​នូវ​សីលព្វតុបាទាន មិនបញ្ញត្តនូវការកំណត់ដឹងនូវអត្តវាទុបាទានទេ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ មិនដឹង​ច្បាស់​នូវ​ហេតុ​ទាំង២ប្រការនេះ តាមពិតទេ ព្រោះហេតុនោះ បានជាពួក​សមណ​ព្រាហ្មណ៍​ដ៏​ចំរើននោះ ប្តេជ្ញាថា ជាអ្នកពោលនូវ​ការកំណត់ដឹងនូវ​ឧបាទាន​ទាំងអស់ តែពួក​គេ​នោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវឧបាទានទាំងអស់ ដោយប្រពៃទេ បញ្ញត្តតែ​​ការកំណត់ដឹងនូវកាមុបាទាន បញ្ញត្តតែការកំណត់ដឹងនូវទិដ្ឋុបាទានប៉ុណ្ណោះ មិនបញ្ញត្ត​នូវ​ការកំណត់ដឹងនូវ​សីលព្វតុបាទាន មិនបញ្ញត្តនូវការកំណត់ដឹងនូវអត្តវាទុបាទានទេ។ ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ប្តេជ្ញាថា ជាអ្នកពោលនូវការ​កំណត់ដឹង នូវឧបាទាន​ទាំងអស់ តែពួកគេទាំងនោះ មិនបញ្ញត្តនូវការ​កំណត់ដឹងនូវឧបាទានទាំងអស់ ដោយ​ប្រពៃទេ បញ្ញត្តតែការកំណត់ដឹងនូវ​កាមុបាទាន បញ្ញត្តតែ​ការ​កំណត់​ដឹង​នូវ​ទិដ្ឋុបាទាន បញ្ញត្តតែ​ការកំណត់ដឹងនូវ​សីលព្វតុបាទានប៉ុណ្ណោះ មិនបញ្ញត្តនូវ​ការ​កំណត់​ដឹងនូវអត្តវាទុបាទានទេ ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះថា ពួក​សមណ​ព្រាហ្មណ៍​ដ៏ចំរើននោះ មិនបានដឹង​ច្បាស់នូវហេតុ១ប្រការនេះ តាមពិតទេ ព្រោះ​ហេតុ​នោះ បានជាពួក​សមណព្រាហ្មណ៍ដ៏ចំរើននោះ ប្តេជ្ញាថា ជាអ្នកពោលនូវ​ការកំណត់ដឹងនូវ​ឧបាទាន​ទាំងអស់ តែពួកគេនោះ មិនបញ្ញត្តនូវ​ការកំណត់​ដឹងនូវ​ឧបាទាន​ទាំងអស់ទេ បញ្ញត្តតែ​​ការកំណត់ដឹងនូវកាមុបាទាន បញ្ញត្តតែការ​កំណត់​ដឹង​នូវទិដ្ឋុបាទាន បញ្ញត្តតែ​ការកំណត់ដឹងនូវ​សីលព្វតុបាទាន​ប៉ុណ្ណោះ មិនបញ្ញត្ត​នូវ​ការ​កំណត់ដឹងនូវអត្តវាទុបាទានទេ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីជ្រះថ្លាណា ក្នុង​សាស្តា ក្នុងធម្មវិន័យបែបនេះឯង សេចក្តីជ្រះថ្លានោះ មិនហៅថា ប្រព្រឹត្តទៅដោយ​ប្រពៃទេ សេចក្តីជ្រះថ្លាក្នុងធម៌ ក៏មិនហៅថា ប្រព្រឹត្តទៅដោយប្រពៃទេ ការធ្វើ​ឲ្យ​បរិបូណ៌ក្នុងសីលទាំងឡាយ ក៏មិនហៅថា ប្រព្រឹត្តទៅដោយប្រពៃទេ សេចក្តី​ស្រឡាញ់ និងសេចក្តី​គាប់ចិត្ត ក្នុងសហធម្មិកទាំងឡាយ ក៏មិនហៅថា ប្រព្រឹត្តទៅដោយប្រពៃទេ ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ បានជា​យ៉ាងនុ៎ះ ព្រោះហេតុតែ​ធម្មវិន័យ ដែលគេពោលហើយមិនត្រឹមត្រូវ ប្រកាសទុក​មិនល្អ មិនមែនជាធម៌ស្រោចស្រង់សត្វ មិនប្រព្រឹត្តទៅដើម្បីសេចក្តីស្ងប់ទុក្ខ ជាធម៌​ដែលគ្រូ មិនមែនជាសម្មាសម្ពុទ្ធសំដែងទុកដោយពិត។

[១៥៧] ម្នាលភិក្ខុទាំងឡាយ ចំណែកព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្តេជ្ញាថា ជាអ្នកពោលនូវការ​កំណត់ដឹង នូវឧបាទាន​ទាំងអស់ តែងបញ្ញត្តនូវការ​កំណត់ដឹងនូវឧបាទានទាំងអស់ ដោយ​ប្រពៃ គឺបញ្ញត្តនូវការកំណត់ដឹង​កាមុបាទាន បញ្ញត្តនូវ​ការ​កំណត់​ដឹង​ទិដ្ឋុបាទាន បញ្ញត្តនូវ​ការកំណត់ដឹង​សីលព្វតុបាទាន បញ្ញត្តនូវ​ការ​កំណត់​ដឹងអត្តវាទុបាទាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីជ្រះថ្លាណា ក្នុង​សាស្តា ក្នុងធម្មវិន័យបែបនេះឯង សេចក្តីជ្រះថ្លានោះ ហៅថា ប្រព្រឹត្តទៅដោយ​ប្រពៃ សេចក្តីជ្រះថ្លាក្នុងធម៌ ក៏ហៅថា ប្រព្រឹត្តទៅដោយប្រពៃ ការធ្វើ​ឲ្យ​បរិបូណ៌ ក្នុងសីល​ទាំងឡាយ ក៏ហៅថា ប្រព្រឹត្តទៅដោយប្រពៃ សេចក្តី​ស្រឡាញ់ ពេញចិត្ត ក្នុង​សហធម្មិក​ទាំងឡាយ ក៏ហៅថា ប្រព្រឹត្តទៅដោយប្រពៃ ដំណើរនោះ តើព្រោះ​ហេតុ​អ្វី ម្នាលភិក្ខុទាំងឡាយ បានជា​យ៉ាងនេះ ព្រោះហេតុតែ​ធម្មវិន័យ ដែលព្រះតថាគត​សំដែងល្អហើយ ប្រកាសទុកល្អហើយ ជាធម៌ស្រោច​ស្រង់​សត្វ ប្រព្រឹត្តទៅដើម្បី​សេចក្តី​ស្ងប់ទុក្ខ ជាធម៌​ដែលព្រះសម្មាសម្ពុទ្ធ​សំដែង​ទុកហើយ ដោយពិត។

[១៥៨] ម្នាលភិក្ខុទាំងឡាយ ឧបាទានទាំង៤ នេះឯង មានអ្វីជាហេតុ មានអ្វី​នាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើតមុន។ ឧបាទានទាំង៤នេះ មានតណ្ហា​ជាហេតុ មានតណ្ហាជាទីកើត មានតណ្ហាជាកំណើត មានតណ្ហាជាដែនកើតមុន។ ម្នាលភិក្ខុទាំងឡាយ ចំណែកតណ្ហានេះ មានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វី​ជា​កំណើត មានអ្វីជាដែនកើតមុន។ តណ្ហា មានវេទនា​ជាហេតុ មានវេទនាជាទីកើត មានវេទនាជាកំណើត មានវេទនាជាដែនកើតមុន។ ម្នាលភិក្ខុទាំងឡាយ ឯវេទនានេះ មានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វី​ជា​កំណើត មានអ្វីជាដែនកើតមុន។ វេទនា មានផស្សៈ​ជាហេតុ មានផស្សៈជាទីកើត មានផស្សៈជាកំណើត មានផស្សៈជា​ដែន​កើត​មុន។ ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈនេះ តើមានអ្វីជាហេតុ មានអ្វីជាទីកើត មាន​អ្វី​​ជា​កំណើត មានអ្វីជាដែនកើតមុន។ ផស្សៈ មានសឡាយតនៈ​ជាហេតុ មាន​សឡាយតនៈ​ជាទីកើត មានសឡាយតនៈជាកំណើត មានសឡាយតនៈ​ជា​ដែន​កើត​មុន។ ម្នាលភិក្ខុទាំងឡាយ សឡាយតនៈនេះ តើមានអ្វីជាហេតុ មានអ្វីជាទីកើត មាន​អ្វី​​ជា​កំណើត មានអ្វីជាដែនកើតមុន។ សឡាយតនៈ មាននាមរូប​ជាហេតុ មាន​នាមរូប​ជាទីកើត មាននាមរូបជាកំណើត មាននាមរូបជាដែនកើតមុន។ ម្នាលភិក្ខុ​ទាំង​ឡាយ នាមរូបនេះ តើមានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វី​ជា​កំណើត មានអ្វីជា​ដែន​កើតមុន។ នាមរូប មានវិញ្ញាណ​ជាហេតុ មានវិញ្ញាណជាទីកើត មានវិញ្ញាណ​ជា​កំណើត មានវិញ្ញាណ​ជាដែន​កើត​មុន។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណនេះ តើមានអ្វី​ជា​ហេតុ មានអ្វីជាទីកើត មានអ្វី​ជា​កំណើត មានអ្វីជាដែនកើតមុន។ វិញ្ញាណ មាន​សង្ខារ​​ជាហេតុ មានសង្ខារជាទីកើត មានសង្ខារជាកំណើត មានសង្ខារជាដែន​កើត​មុន។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយនេះ តើមានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វី​​ជា​កំណើត មានអ្វីជាដែនកើតមុន។ សង្ខារទាំងឡាយ មានអវិជ្ជា​ជាហេតុ មាន​អវិជ្ជាជាទីកើត មានអវិជ្ជាជាកំណើត មានអវិជ្ជាជាដែនកើតមុន។ ម្នាលភិក្ខុទាំង​ឡាយ កាលណា​ភិក្ខុ​លះបង់អវិជ្ជាបានហើយ វិជ្ជាក៏កើតឡើង ភិក្ខុនោះ លែងប្រកាន់​មាំ នូវ​កាមុបាទាន លែង​ប្រកាន់មាំ នូវទិដ្ឋុបាទាន លែងប្រកាន់មាំ នូវ សីលព្វតុបាទាន លែងប្រកាន់មាំ នូវ​ អត្តវាទុបាទាន កាលបើលែង​ប្រកាន់មាំហើយ ក៏នឹងមិនបានតក់ស្លុត (ដោយតណ្ហា) កាលបើ​មិនតក់ស្លុតហើយ ក៏នឹងរំលត់ (កិលេស) ចំពោះខ្លួនឯង ព្រោះអស់ទៅនៃអ​វិជ្ជា ព្រោះវិជ្ជាកើតឡើង ហើយដឹង​ច្បាស់ ដូច្នេះថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ នៅចប់ស្រេចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ កិច្ច​ក្រៅ​អំពីនេះទៅទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះ​ចប់​ហើយ ភិក្ខុទាំងឡាយនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត របស់​ព្រះមានព្រះភាគ។

ចប់ ចូឡសីហនាទសូត្រ ទី១។

 

លេខយោង

1)
តិរ្ថ ប្រែថាកំពង់ សំដៅយកទិដ្ឋិ៦២ ព្រោះពួកសត្វ តែងឆ្លង តែងជាប់ជំពាក់ ក្នុងលទ្ធិទាំងនេះ។ ពួកអ្នកបួសដែលប្រកាន់​លទ្ធិទាំងនេះ ហៅថា តិរ្ថិយ។ តិរ្ថិយដទៃ គឺផ្សេងពីពុទ្ធសាសនា ហៅថា អន្យតិរ្ថិយ។
2)
មាន៧ពួកគឺ ភិក្ខុ១ ភិក្ខុនី១ សិក្ខមានា១ សាមណេរ១ សាមណេរី១ ឧបាសក១ ឧបាសិកា១។ អដ្ឋកថា។
3)
បានដល់ព្រះអរហត្តផល។ អដ្ឋកថា។
4)
បបញ្ចធម៌ សំដៅយក​កិលេស ដែលធ្វើដំណើរ​របស់សត្វឲ្យយឺតយូរក្នុងភព បានដល់តណ្ហា ទិដ្ឋិ មានះ។ អដ្ឋកថា។
5)
បានដល់សស្សតទិដ្ឋិ។
6)
បានដល់ឧច្ឆេទទិដ្ឋិ។ អដ្ឋកថា។
7)
អដ្ឋកថា ថា ពួកមនុស្សនេះ ឈ្លោះប្រកែកនឹងអ្នកប្រកាន់វិភវទិដ្ឋិ ថា ពួកអ្នក​ជាមនុស្សល្ងង់ខ្លៅ មិនស្គាល់​ច្បាស់ថា លោកនេះទៀងទាត់ លោកនេះមិនដាច់សូន្យ ដូច្នេះឡើយ
km/tipitaka/sut/mn/sut.mn.011.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann