តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មូលបណ្ណាសក » សីហនាទវគ្គ »
ពលញាណទាំង១០របស់ព្រះពុទ្ធ។
mn 012 បាលី cs-km: sut.mn.012 អដ្ឋកថា: sut.mn.012_att PTS: ?
(ទី២) មហាសីហនាទសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(២. មហាសីហនាទសុត្តំ)
[១៥៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃក្រៅនគរ ជាខាងលិចក្រុងវេសាលី។ សម័យនោះឯង សុនក្ខត្តលិច្ឆវិបុត្ត ទើបនឹងសឹកចេញចាកធម្មវិន័យនេះទៅ មិនយូរប៉ុន្មាន។ តែងពោលវាចា ក្នុងកណ្តាលបរិស័ទ ក្នុងក្រុងវេសាលី យ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ1) ជាគុណអាចដើម្បីធ្វើខ្លួនឲ្យជាព្រះអរិយៈដ៏ក្រៃលែងជាងមនុស្សធម៌2) នៃព្រះសមណគោតម មិនមានទេ ព្រះសមណគោតម សំដែងធម៌ ដែលខ្លួនស្រាវជ្រាវដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាការឈ្លាសវៃដោយខ្លួនឯង តែធម៌ដែលព្រះអង្គសំដែងហើយ ដើម្បីប្រយោជន៍ដល់គុណវិសេសណា គុណវិសេសនោះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីអស់ទៅនៃវដ្តទុក្ខដោយប្រពៃ ដល់បុគ្គលអ្នកធ្វើតាមធម៌នោះ។
[១៦០] លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងវេសាលី ដើម្បីបិណ្ឌបាត។ ព្រះសារីបុត្តមានអាយុ បានឮសុនក្ខត្តលិច្ឆវិបុត្ត កំពុងពោលវាចា ក្នុងកណ្តាលបរិសទ្យ ក្នុងក្រុងវេសាលី យ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ ដែលអាចដើម្បីធ្វើខ្លួន ឲ្យជាអរិយៈដ៏ក្រៃលែងជាងមនុស្សធម៌ នៃព្រះសមណគោតម មិនមានទេ ព្រះសមណគោតម សំដែងធម៌ ដែលខ្លួនស្រាវជ្រាវ ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាការឈ្លាសវៃខ្លួនឯង តែធម៌ដែលព្រះអង្គសំដែងហើយ ដើម្បីប្រយោជន៍ដល់គុណវិសេសណា គុណវិសេសនោះ រមែងប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទៅ នៃវដ្តទុក្ខដោយប្រពៃ ដល់បុគ្គលអ្នកធ្វើតាមធម៌នោះ។ លុះព្រះសារីបុត្តមានអាយុ ត្រាច់ទៅក្រុងវេសាលី ដើម្បីបិណ្ឌបាត ត្រឡប់អំពីបិណ្ឌបាតហើយ ក្នុងវេលាខាងក្រោយភត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សុនក្ខត្តលិច្ឆវិបុត្ត ទើបនឹងសឹកចេញចាកធម្មវិន័យនេះ មិនយូរប៉ុន្មាន តែងពោលវាចា ក្នុងកណ្តាលបរិសទ្យ ក្នុងក្រុងវេសាលី យ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ ជាគុណអាចធ្វើខ្លួនឲ្យជាព្រះអរិយៈដ៏ក្រៃលែងជាងមនុស្សធម៌ នៃព្រះសមណគោតម មិនមានទេ ព្រះសមណគោតម សំដែងធម៌ ដែលខ្លួនស្រាវជ្រាវដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាការឈ្លាសវៃដោយខ្លួនឯង តែធម៌ដែលព្រះអង្គសំដែងហើយ ដើម្បីប្រយោជន៍ដល់គុណវិសេសណា គុណវិសេសនោះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីអស់ទៅ នៃវដ្តទុក្ខដោយប្រពៃ ដល់បុគ្គលអ្នកធ្វើតាមធម៌នោះ។
[១៦១] ព្រះអង្គត្រាស់ថា ម្នាលសារីបុត្ត សុនក្ខត្ត ជាមនុស្សកាច ជាមោឃបុរស ព្រោះវាចានោះ គាត់ពោលដោយសេចក្តីក្រេវក្រោធ ម្នាលសារីបុត្ត សុនក្ខត្ត ជាមោឃបុរសនោះគិតថា អាត្មាអញ នឹងតិះដៀល ហើយត្រឡប់ជាសរសើរតថាគតវិញ ម្នាលសារីបុត្ត ព្រោះការនិយាយយ៉ាងនេះថា ធម៌ដែលព្រះសមណគោតមសំដែងហើយ ដើម្បីប្រយោជន៍ដល់គុណវិសេសណា គុណវិសេសនោះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីអស់ទៅ នៃវដ្តទុក្ខដោយប្រពៃ ដល់បុគ្គលអ្នកធ្វើតាមធម៌នោះ នេះឯងជាគុណរបស់តថាគត។
[១៦២] ម្នាលសារីបុត្ត សុនក្ខត្ត ជាមោឃបុរស មិនបានយល់ធម៌ ក្នុងតថាគតនេះថា ព្រះមានព្រះភាគអង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវលោក ជាសារថី ទូន្មាននូវបុរស មិនមានអ្នកណាប្រសើរជាង ជាសាស្តានៃទេវតា និងមនុស្ស ជាបុគ្គលភ្ញាក់រលឹក ទ្រង់មានជោគ។
[១៦៣] ម្នាលសារីបុត្ត សុនក្ខត្ត ជាមោឃបុរស នឹងមិនបានត្រាស់ដឹងនូវធម៌ ក្នុងតថាគតនេះថា ព្រះមានព្រះភាគអង្គនោះ តែងសំដែងនូវឫទ្ធិបានច្រើនប្រការ គឺសូម្បីតែម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន សូម្បីច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់ក៏បាន ទៅកាន់ទីវាល ជាទីខាងក្រៅ ខាងក្រៅជញ្ជាំង ខាងក្រៅកំពែង ខាងក្រៅភ្នំវិញ ឥតមានទើស ដូចជាគេដើរលើអាកាស។ ងើប មុជ ក្នុងផែនដី ដូចជាគេងើបមុជក្នុងទឹកក៏បាន។ ដើរលើទឹកក៏បាន ឥតមានបែកធ្លាយ ដូចជាគេដើរលើផែនដី។ អង្គុយពែនភ្នែន ទៅទាំងភ្នែនក្នុងអាកាសក៏បាន ដូចជាសត្វសកុណជាតិ ដែលមានស្លាប។ យកដៃស្ទាបអង្អែលព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ក៏បាន ឬញុំាងអំណាចកាយ ឲ្យអណ្តែតរហូតដល់ព្រហ្មលោកក៏បាន។
[១៦៤] ម្នាលសារីបុត្ត សុនក្ខត្តជាមោឃបុរស នឹងមិនបានត្រាស់ដឹងធម៌ ក្នុងតថាគតនេះថា ព្រះមានព្រះភាគអង្គនោះ មានសោតធាតុ ជាទិព្វដ៏បរិសុទ្ធ កន្លងហួសត្រចៀកមនុស្សធម្មតា រមែងឮសំឡេងពីរប្រការ គឺសំឡេងទិព្វ និងសំឡេងមនុស្ស ក្នុងទីឆ្ងាយក៏បាន ទីជិតក៏បាន។
[១៦៥] ម្នាលសារីបុត្ត សុនក្ខត្តជាមោឃបុរស នឹងមិនបានត្រាស់ដឹងធម៌ ក្នុងតថាគតនេះថា ព្រះមានព្រះភាគអង្គនោះ អាចកំណត់នូវចិត្តរបស់សត្វដទៃ បុគ្គលដទៃហើយ ជ្រាបច្បាស់ដោយព្រះទ័យបាន។ ចិត្តដែលប្រកបដោយរាគៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តប្រាសចាករាគៈ។ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តប្រាសចាកទោសៈ។ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាកមោហៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តប្រាសចាកមោហៈ។ ចិត្តរួញរាក្តី ក៏ជ្រាបច្បាស់ថា ចិត្តរួញរា ចិត្តរាយមាយក្តី ក៏ជ្រាបច្បាស់ថា ចិត្តរាយមាយ។ ចិត្តដែលជាមហគ្គតៈ គឺរូបាវចរ និងអរូបាវចរក្តី… ចិត្តដែលមិនមែនជាមហគ្គតៈក្តី…។ ចិត្តដែលជាសឧត្តរៈ គឺលោកិយចិត្តក្តី… ចិត្តដែលជាអនុត្តរៈ គឺលោកុត្តរចិត្តក្តី…។ ចិត្តដែលតាំងមាំក្តី… ចិត្តដែលមិនបានតាំងមាំក្តី…។ ចិត្តដែលផុតស្រឡះចាកអាសវៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តផុតស្រឡះចាកអាសវៈ ចិត្តដែលមិនទាន់ផុតចាកអាសវៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តមិនទាន់ផុតចាកអាសវៈ។
[១៦៦] ម្នាលសារីបុត្ត តថាគតពលញ្ញាណ3) របស់តថាគតនេះមាន១០ប្រការ គឺជាពលញ្ញាណ ដែលតថាគតបានប្រកបហើយ ទើបដឹងច្បាស់ នូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រ (ចក្រដ៏ប្រសើរ) ឲ្យប្រព្រឹត្តទៅ។ ឯ តថាគតពលញ្ញាណ ១០ តើដូចម្តេច។ ម្នាលសារីបុត្ត ព្រះតថាគតក្នុងលោកនេះ រមែងដឹងច្បាស់ នូវហេតុតាមហេតុផង ដឹងច្បាស់ នូវអំពើមិនមែនជាហេតុតាមអំពើមិនមែនជាហេតុផង តាមសេចក្តីពិត។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគតដឹងច្បាស់ នូវហេតុតាមហេតុផង ដឹងច្បាស់នូវអំពើមិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផង តាមសេចក្តីពិត ម្នាលសារីបុត្ត នេះឯងជា តថាគតពលញ្ញាណ របស់តថាគតទី១ ជា ពលញ្ញាណ ដែលព្រះតថាគត តែងអាស្រ័យ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញ៉ាំងព្រហ្មចក្រ (ចក្រដ៏ប្រសើរ) ឲ្យប្រព្រឹត្តទៅ។ ម្នាលសារីបុត្ត មួយទៀត ព្រះតថាគត រមែងដឹងច្បាស់នូវវិបាក នៃកុសលកម្ម និង អកុសលកម្ម ដែលសត្វបានធ្វើហើយ ទាំងអតីត អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ ដោយសេចក្តីពិតមែន។ ម្នាលសារីបុត្ត ត្រង់ដែលតថាគត ដឹងច្បាស់នូវវិបាក នៃកុសល និងអកុសល ដែលសត្វបានធ្វើហើយ ទាំងអតីត អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ ដោយសេចក្តីពិត ម្នាលសារីបុត្ត នេះឯងជា តថាគតពលញ្ញាណ របស់តថាគត (ទី២) ជា ពលញ្ញាណ ដែលតថាគត តែងអាស្រ័យ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺឡើង នូវសីហនាទ ក្នុងបរិស័ទទាំងឡាយ ញ៉ាំងចក្រដ៏ប្រសើឲ្យប្រព្រឹត្តទៅ។ ម្នាលសារីបុត្ត មួយទៀត តថាគត ដឹងច្បាស់នូវ បដិបទា ជាដំណើរ ទៅកាន់សុគតិ និងទុគ្គតិ ក្នុងទីទាំងពួង តាមសេចក្តីពិត។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគត ដឹងច្បាស់នូវ បដិបទា ដំណើរទៅកាន់សុគតិ និងទុគ្គតិ ក្នុងទីទាំងពួង ម្នាលសារីបុត្ត នេះឯងជា តថាគតពលញ្ញាណ របស់ព្រះតថាគត (ទី៣) ជាពលញ្ញាណ ដែលព្រះតថាគត តែងអាស្រ័យហើយ ទើបដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រដ៏ប្រសើ ឲ្យប្រព្រឹត្តទៅ។ ម្នាលសារីបុត្ត មួយទៀត តថាគត ដឹងច្បាស់នូវលោក4) ដែលមានធាតុ5) ច្រើនយ៉ាង មានធាតុ6) ផ្សេងៗគ្នា តាមសេចក្តីពិត។ ម្នាលសារីបុត្ត ត្រង់ដែលតថាគត ដឹងច្បាស់នូវលោក ដែលមានធាតុច្រើនយ៉ាង មានធាតុផ្សេងៗគ្នា តាមសេចក្តីពិត ម្នាលសារីបុត្ត នេះឯងជា តថាគតពលញ្ញាណ (ទី៤) ជា ពលញ្ញាណ ដែលព្រះតថាគត បានដល់នូវថ្នាក់ដ៏ប្រសើរ ទើបបន្លឺសីហនាទ ក្នុងពួកបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលសារីបុត្ត មួយទៀត ព្រះតថាគត ដឹងច្បាស់ នូវអធ្យាស្រ័យផ្សេងៗគ្នា របស់សត្វទាំងឡាយ តាមសេចក្តីពិត។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគត ដឹងច្បាស់នូវអធ្យាស្រ័យផ្សេងៗគ្នា របស់សត្វទាំងឡាយ តាមសេចក្តីពិត ម្នាលសារីបុត្ត នេះឯងជា តថាគតពលញ្ញាណ របស់ព្រះតថាគត (ទី៥) ជា ពលញ្ញាណ ដែលព្រះតថាគត តែងអាស្រ័យហើយ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រ ឲ្យប្រព្រឹតទៅ។ ម្នាលសារីបុត្ត មួយទៀត តថាគតដឹងច្បាស់ នូវឥន្ទ្រិយក្លៀវក្លា និងទន់ របស់ពួកសត្វដទៃ7) របស់ពួកបុគ្គលដទៃ8) តាមសេចក្តីពិត។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគត ដឹងច្បាស់ នូវឥន្ទ្រិយក្លៀវក្លា និងទន់ របស់ពួកសត្វដទៃ ពួកបុគ្គលដទៃ តាមសេចក្តីពិត ម្នាលសារីបុត្ត នេះឯងជា តថាគតពលញ្ញាណ របស់ព្រះតថាគត(ទី៦) ជា ពលញ្ញាណ ដែលព្រះតថាគត តែងអាស្រ័យហើយ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលសារីបុត្ត មួយទៀត ព្រះតថាគត ដឹងច្បាស់នូវ សេចក្តីសៅហ្មង សេចក្តីផូរផង់ និងការចេញនៃ ឈាន វិមោក្ខ សមាធិ និងសមាបត្តិទាំងឡាយ តាមសេចក្តីពិត។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគត ដឹងច្បាស់ នូវសេចក្តីសៅហ្មង សេចក្តីផូរផង់ និងការចេញនៃឈាន វិមោក្ខ សមាធិ និងសមាបត្តិទាំងឡាយ តាមសេចក្តីពិត ម្នាលសារីបុត្ត នេះឯងជា តថាគតពលញ្ញាណ របស់ព្រះតថាគត(ទី៧) ជា ពលញ្ញាណ ដែលព្រះតថាគត តែងអាស្រ័យហើយ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលសារីបុត្ត មួយទៀត តថាគត រលឹកជាតិ ដែលបាននៅអាស្រ័យ ក្នុងកាលមុន ជាអនេកជាតិ គឺរលឹកបាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិក៏បាន រលឹកបានច្រើនសំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្ដវិវដ្តកប្បក៏បាន ថាក្នុងភពឯណោះ អាត្មាអញ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ អាត្មាអញនោះ ច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពឯណោះទៀត អាត្មាអញ ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញនោះ ច្យុតចាកអត្តភាពនោះហើយ ទើបមកកើតក្នុងភពនេះឯង។ ព្រះតថាគត រលឹកជាតិ ដែលបាននៅអាស្រ័យ ក្នុងកាលមុន ជាអនេកជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស យ៉ាងនេះឯង។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគត រលឹកជាតិ ដែលបាននៅអាស្រ័យ ក្នុងកាលមុន ជាអនេកជាតិ គឺរលឹកបាន ១ជាតិ ២ជាតិ។បេ។ រលឹកជាតិ ដែលបាននៅអាស្រ័យ ក្នុងកាលមុន ជាអនេកជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស យ៉ាងនេះ ម្នាលសារីបុត្ត នេះឯងជា តថាគតពលញ្ញាណ របស់ព្រះតថាគត(ទី៨) ជា ពលញ្ញាណ ដែលព្រះតថាគត តែងអាស្រ័យហើយ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលសារីបុត្ត មួយទៀត ព្រះតថាគត មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងហួសចក្ខុ របស់មនុស្សធម្មតា តែងឃើញនូវសត្វទាំងឡាយ កំពុងច្យុត កំពុងកើត ជាសត្វទាបថោកខ្លះ ខ្ពង់ខ្ពស់ខ្លះ មានសម្បុរល្អខ្លះ មានសម្បុរអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម (របស់ខ្លួន) ថា អើហ្ន៎ សត្វទាំងអម្បាលនេះ។បេ។ រមែងដឹងច្បាស់ (យ៉ាងនេះឯង)។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគត មានចក្ខុ ដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងហួសចក្ខុ របស់មនុស្សធម្មតា តែងឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើត ជាសត្វទាបថោកខ្លះ ខ្ពង់ខ្ពស់ខ្លះ មានសម្បុរល្អខ្លះ មានសម្បុរអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម (របស់ខ្លួន) ថា អើហ្ន៎ សត្វទាំងអម្បាលនេះ។បេ។ រមែងដឹងច្បាស់ (យ៉ាងនេះឯង) ម្នាលសារីបុត្ត នេះឯងជា តថាគតពលញ្ញាណ របស់ព្រះតថាគត(ទី៩) ជា ពលញ្ញាណ ដែលព្រះតថាគត តែងអាស្រ័យហើយ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលសារីបុត្ត មួយទៀត ព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់នូវ ចេតោវិមុត្តិ នូវបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសៈទាំងឡាយ ដោយប្រាជ្ញារបស់ខ្លួន ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ នូវបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសៈទាំងឡាយ ដោយប្រាជ្ញារបស់ខ្លួន ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤ ម្នាលសារីបុត្ត នេះឯងជា តថាគតពលញ្ញាណ របស់ព្រះតថាគត(ទី១០) ជា ពលញ្ញាណ ដែលព្រះតថាគត តែងអាស្រ័យហើយ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលសារីបុត្ត តថាគតពលញ្ញាណ ទាំង១០ប្រការ របស់ព្រះតថាគតនេះឯង ជា ពលញ្ញាណ ដែលតថាគត បានប្រកបហើយ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលសារីបុត្ត បុគ្គលណាពោលយ៉ាងនេះ ចំពោះតថាគត ដែលដឹងយ៉ាងនេះ ដែលឃើញយ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ ជាគុណអាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែង ជាងមនុស្សធម៌ នៃព្រះសមណគោតម មិនមានទេ ព្រះសមណគោតម សំដែងធម៌ ដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាការឈ្លាសវៃដោយខ្លួនឯងដូច្នេះ ម្នាលសារីបុត្ត បុគ្គលនោះឯង បើមិនលះបង់វាចានោះទេ មិនលះបង់ចិត្តនោះទេ មិនលះបង់ទិដ្ឋិនោះទេ នឹងធ្លាក់ទៅរងទុក្ខក្នុងនរក ដូចជាគេនាំយកទៅទម្លាក់យ៉ាងនោះឯង។ ម្នាលសារីបុត្ត ភិក្ខុបរិបូណ៌ដោយសីលហើយ បរិបូណ៌ដោយសមាធិហើយ បរិបូណ៌ដោយបញ្ញាហើយ រមែងសម្រេចនូវអរហត្តផល ក្នុងបច្ចុប្បន្ននេះឯង យ៉ាងណាមិញ ម្នាលសារីបុត្ត តថាគត ពោលនូវហេតុ (នៃការមិនលះបង់ នូវវាចាជាដើម របស់បុគ្គលនោះ) ថាមានឧបមេយ្យប្រហែលគ្នា យ៉ាងនោះដែរ។ បុគ្គលនោះ បើមិនលះបង់នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះទេ នឹងធ្លាក់ទៅរងទុក្ខក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ យ៉ាងនោះឯង។
[១៦៧] ម្នាលសារីបុត្ត ព្រះតថាគតប្រកបហើយដោយ វេសារជ្ជញ្ញាណ ទាំងឡាយណា ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ វេសារជ្ជញ្ញាណ របស់ព្រះតថាគតនេះ មាន៤យ៉ាង។ វេសារជ្ជញ្ញាណ ទាំង៤ ដូចម្តេច។ ម្នាលសារីបុត្ត ព្រះតថាគត ពិចារណាមិនឃើញ នូវនិមិត្ត9) នេះឡើយថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬនរណាមួយក្នុងលោកនេះ នឹងចោទតថាគតប្រកបដោយហេតុ ក្នុងធម៌ទាំងឡាយនោះថា ព្រះអង្គគ្រាន់តែប្តេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹងដោយប្រពៃ តែធម៌ទាំងនេះ ព្រះអង្គឥតបានត្រាស់ដឹងឡើយ ម្នាលសារីបុត្ត តថាគត កាលពិចារណាមិនឃើញ នូវនិមិត្តនុ៎ះហើយ ក៏ដល់នូវសេចក្តីក្សេមក្សាន្ត មិនដល់នូវភ័យ ដល់នូវភាវៈ ជាអ្នកក្លៀវក្លា១។ ម្នាលសារីបុត្ត តថាគត ពិចារណាមិនឃើញ នូវនិមិត្តនេះឡើយថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬនរណាមួយ ក្នុងលោកនេះ នឹងចោទតថាគតប្រកបដោយហេតុ ក្នុងធម៌ទាំងឡាយនោះថា ព្រះអង្គគ្រាន់តែប្តេជ្ញាខ្លួន ថាជាអ្នកអស់អាសវៈ តែព្រះអង្គមិនទាន់អស់អាសវៈទាំងនេះទេ ម្នាលសារីបុត្ត តថាគត កាលពិចារណាមិនឃើញ នូវនិមិត្តនុ៎ះហើយ ក៏បានដល់នូវសេចក្តីក្សេមក្សាន្ត មិនដល់នូវភ័យ ដល់នូវភាវៈ ជាអ្នកក្លៀវក្លា១។ ម្នាលសារីបុត្ត តថាគត ពិចារណាមិនឃើញ នូវនិមិត្តនេះឡើយថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬនរណាមួយ ក្នុងលោកនេះ នឹងចោទតថាគត ប្រកបដោយហេតុ ក្នុងធម៌ទាំងឡាយនោះថា ធម៌ទាំងឡាយណា ដែលព្រះអង្គពោលថា ជាធម៌ធ្វើនូវសេចក្តីអន្តរាយ10) ឯធម៌ទាំងឡាយនោះ មិនគួរដល់នូវសេចក្តីអន្តរាយ ចំពោះបុគ្គលណាមួយ ដែលសេពឡើយ ម្នាលសារីបុត្ត តថាគត កាលពិចារណាមិនឃើញ នូវនិមិត្តនុ៎ះ ក៏បានដល់នូវសេចក្តីក្សេមក្សាន្ត មិនដល់នូវភ័យ ដល់នូវភាវៈ ជាអ្នកក្លៀវក្លា១។ ម្នាលសារីបុត្ត តថាគត ពិចារណាមិនឃើញ នូវនិមិត្តនេះឡើយថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬនរណាមួយ ក្នុងលោកនេះ នឹងចោទតថាគត ប្រកបដោយហេតុ ក្នុងនិយ្យានិកធម៌នោះថា ធម៌ដែលព្រះអង្គសំដែងហើយ ដើម្បីប្រយោជន៍ ដល់គុណវិសេសណា គុណវិសេសនោះ មិនប្រព្រឹត្តទៅ ដើម្បីអស់ទៅ នៃទុក្ខដោយប្រពៃ ដល់បុគ្គលអ្នកធ្វើតាមធម៌នោះទេ ម្នាលសារីបុត្ត តថាគត កាលពិចារណាមិនឃើញ នូវនិមិត្តនុ៎ះ ក៏បានដល់នូវសេចក្តីក្សេមក្សាន្ត មិនដល់នូវភ័យ ដល់នូវភាវៈ ជាអ្នកក្លៀវក្លា១។ ម្នាលសារីបុត្ត តថាគត ប្រកបដោយវេសារជ្ជញ្ញាណទាំងឡាយណាហើយ បានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិសទ្យទាំងឡាយ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ វេសារជ្ជញ្ញាណ របស់ព្រះតថាគត មាន៤នេះឯង។ ម្នាលសារីបុត្ត បុគ្គលណា ពោលយ៉ាងនេះ ចំពោះតថាគត ដែលដឹងយ៉ាងនេះ ដែលឃើញយ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ ជាគុណអាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែង ជាងមនុស្សធម៌ នៃព្រះសមណគោតម មិនមាន ព្រះសមណគោតម សំដែងធម៌ ដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាសេចក្តីឈ្លាសវៃ ដោយខ្លួនឯងដូច្នេះ ម្នាលសារីបុត្ត បុគ្គលនោះឯង បើមិនលះបង់នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះទេ នឹងធ្លាក់ទៅរងទុក្ខក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ យ៉ាងនោះដែរ។ ម្នាលសារីបុត្ត ភិក្ខុបរិបូណ៌ដោយសីលហើយ បរិបូណ៌ដោយសមាធិហើយ បរិបូណ៌ដោយបញ្ញាហើយ រមែងសម្រេចនូវអរហត្តផល ក្នុងបច្ចុប្បន្ននេះឯង យ៉ាងណាមិញ ម្នាលសារីបុត្ត តថាគត ពោលនូវហេតុនេះ ជាគ្រឿងផ្តល់នូវពាក្យឧបមេយ្យ ក៏យ៉ាងនោះដែរ។ បុគ្គលនោះ បើមិនលះបង់នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះទេ នឹងធ្លាក់ទៅរងទុក្ខក្នុងនរក ដូចជាគេនាំយកទៅទំលាក់ យ៉ាងនោះដែរ។
[១៦៨] ម្នាលសារីបុត្ត បរិសទ្យនេះ មាន៨ពួក បរិសទ្យទាំង៨ពួក តើដូចម្តេច គឺខត្តិយបរិសទ្យ១ ព្រាហ្មណបរិសទ្យ១ គហបតិបរិសទ្យ១ សមណបរិសទ្យ១ ចាតុម្មហារាជិកបរិសទ្យ១ តាវត្តឹសបរិសទ្យ១ មារបរិសទ្យ១ ព្រហ្មបរិសទ្យ១ ម្នាលសារីបុត្ត បរិសទ្យ មាន៨ពួកនេះឯង។ ម្នាលសារីបុត្ត ព្រះតថាគត ប្រកបព្រមដោយ វេសារជ្ជញ្ញាណ៤យ៉ាងនេះឯង តែងចូលទៅរក តែងចូលទៅជិត នូវពួកបរិសទ្យទាំង៨នេះ។ ម្នាលសារីបុត្ត តថាគតធ្លាប់ចូលទៅរកខត្តិយបរិសទ្យជាច្រើនរយនាក់ តថាគត ធ្លាប់អង្គុយប្រជុំផង ធ្លាប់ចរចាផង ធ្លាប់ជួបប្រទះសាកច្ឆាផង ក្នុងពួកខត្តិយបរិសទ្យទាំងនោះ ម្នាលសារីបុត្ត តថាគត ពិចារណាមិនឃើញនូវនិមិត្តនេះថា ភ័យ ឬសេចក្តីតក់ស្លុត នឹងគ្របសង្កត់តថាគត ក្នុងពួកខត្តិយបរិសទ្យនោះ ដូច្នេះឡើយ ម្នាលសារីបុត្ត តថាគត កាលពិចារណាមិនឃើញនូវនិមិត្តនុ៎ះ។បេ។ ម្នាលសារីបុត្ត តថាគតធ្លាប់ចូលទៅរកព្រាហ្មណបរិសទ្យ គហបតិបរិសទ្យ សមណបរិសទ្យ ចាតុម្មហារាជិកបរិសទ្យ តាវត្តឹសបរិសទ្យ មារបរិសទ្យ និងព្រហ្មបរិសទ្យ ជាច្រើនរយនាក់ តថាគត ធ្លាប់អង្គុយប្រជុំផង ធ្លាប់ចរចាផង ធ្លាប់ជួបប្រទះសាកច្ឆាផង ក្នុងពួកបរិសទ្យទាំងនោះ ម្នាលសារីបុត្ត តថាគត ពិចារណាមិនឃើញ នូវនិមិត្តនុ៎ះថា ភ័យ ឬសេចក្តីតក់ស្លុត នឹងគ្របសង្កត់តថាគត ក្នុងពួកបរិសទ្យនោះ ដូច្នេះឡើយ ម្នាលសារីបុត្ត តថាគត កាលពិចារណាមិនឃើញនូវនិមិត្តនុ៎ះ ក៏បានដល់នូវសេចក្តីក្សេមក្សាន្ត។បេ។ ម្នាលសារីបុត្ត បុគ្គលណា ពោលយ៉ាងនេះ ចំពោះតថាគត ដែលដឹងយ៉ាងនេះ ដែលឃើញយ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ ដែលអាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែង ជាងមនុស្សធម៌ នៃព្រះសមណគោតម មិនមានទេ ព្រះសមណគោតម សំដែងធម៌ ដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាការឈ្លាសវៃ ដោយខ្លួនឯងដូច្នេះ ម្នាលសារីបុត្ត បុគ្គលនោះ បើមិនលះបង់វាចានោះទេ មិនលះបង់ចិត្តនោះទេ មិនលះបង់ទិដ្ឋិនោះទេ នឹងធ្លាក់ទៅរងទុក្ខក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ យ៉ាងនោះឯង។ ម្នាលសារីបុត្ត ភិក្ខុបរិបូណ៌ដោយសីលហើយ បរិបូណ៌ដោយសមាធិហើយ បរិបូណ៌ដោយបញ្ញាហើយ រមែងសម្រេចនូវអរហត្តផល ក្នុងបច្ចុប្បន្ននេះបាន យ៉ាងណាមិញ ម្នាលសារីបុត្ត តថាគត ពោលនូវហេតុនេះ ជាគ្រឿងផ្តល់នូវពាក្យឧបមេយ្យ ក៏យ៉ាងនោះដែរ។ បុគ្គលនោះ បើមិនលះបង់នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះចេញទេ នឹងធ្លាក់ទៅរងទុក្ខក្នុងនរក ដូចជាគេនាំយកទៅទំលាក់ យ៉ាងនោះឯង។
[១៦៩] ម្នាលសារីបុត្ត កំណើត (របស់សត្វ) នេះមាន៤ កំណើតទាំង៤ តើដូចម្តេច គឺកំណើតដែលកើតអំពីស៊ុត១ កំណើតដែលកើតអំពីទឹក១ កំណើតដែលកើតអំពីញើស១ កំណើតហាក់ដូចជាអណ្តែតទៅកើត១។ ម្នាលសារីបុត្ត ចុះកំណើតដែលកើតអំពីស៊ុតនោះ ដូចម្តេច ម្នាលសារីបុត្ត សត្វទាំងឡាយ ដែលទំលាយនូវសំបកស៊ុត ហើយកើតចេញមក ម្នាលសារីបុត្ត នេះតថាគតហៅថា កំណើតដែលកើតអំពីស៊ុត។ ម្នាលសារីបុត្ត ចុះកំណើតដែលកើតអំពីទឹក តើដូចម្តេច ម្នាលសារីបុត្ត សត្វទាំងឡាយ ដែលទំលាយនូវស្រោមទឹកភ្លោះ ហើយកើត ម្នាលសារីបុត្ត នេះតថាគតហៅថា កំណើតដែលកើតអំពីទឹក។ ម្នាលសារីបុត្ត កំណើតដែលកើតអំពីញើស តើដូចម្តេច ម្នាលសារីបុត្ត សត្វទាំងឡាយ ដែលកើតក្នុងត្រីស្អុយក្តី ក្នុងសាកសពស្អុយក្តី ក្នុងនំប្អូមក្តីក្នុងរណ្តៅជ្រាំក្តី ក្នុងប្រលាយទឹកសំអុយក្តី ម្នាលសារីបុត្ត នេះតថាគតហៅថា កំណើតដែលកើតអំពីញើសក្អែល។ ម្នាលសារីបុត្ត ចុះកំណើតហាក់ដូចជាអណ្តែតទៅកើត តើដូចម្តេច ពួកទេវតា ពួកសត្វនរក មនុស្សពួកខ្លះ និងវិនិបាតពួកខ្លះ ម្នាលសារីបុត្ត នេះតថាគតហៅថា កំណើតហាក់ដូចជាអណ្តែតទៅកើត។ ម្នាលសារីបុត្ត កំណើត (របស់សត្វ) មាន៤នេះឯង។ម្នាលសារីបុត្ត បុគ្គលណាពោលយ៉ាងនេះ ចំពោះតថាគត ដែលដឹងយ៉ាងនេះ ដែលឃើញយ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ ដែលអាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌នៃព្រះសមណគោតម មិនមានទេ ព្រះសមណគោតម សំដែងធម៌ដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាការឈ្លាសវៃដោយខ្លួនឯង ដូច្នេះ ម្នាលសារីបុត្ត បុគ្គលនោះ បើមិនលះបង់នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះចេញទេ នឹងធ្លាក់ទៅរងទុក្ខ ក្នុងនរកដូចជាគេនាំយកទៅទំលាក់យ៉ាងនោះឯង។ ម្នាលសារីបុត្ត ភិក្ខុបរិបូណ៌ដោយសីលហើយ បរិបូណ៌ដោយសមាធិហើយ បរិបូណ៌ដោយបញ្ញាហើយ រមែងសម្រេចនូវអរហត្តផល ក្នុងបច្ចុប្បន្ននេះឯង យ៉ាងណាមិញ តថាគត ពោលនូវហេតុនេះ ជាគ្រឿងផ្តល់ពាក្យឧបមេយ្យ ក៏យ៉ាងនោះដែរ។ បុគ្គលនោះ បើមិនលះបង់នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះចេញទេ នឹងធ្លាក់ទៅរងទុក្ខ ក្នុងនរក ដូចជាគេនាំយកទៅទំលាក់ យ៉ាងនោះឯង។
[១៧០] ម្នាលសារីបុត្ត គតិនេះមាន៥ប្រការ គតិ៥ប្រការ តើដូចម្តេច គឺនរក១ កំណើតតិរច្ឆាន១ បិត្តិវិស័យ១ ពួកមនុស្ស១ ពួកទេវតា១។ ម្នាលសារីបុត្ត តថាគត ស្គាល់នរកផង ស្គាល់ផ្លូវជាទីទៅកាន់នរកផង ស្គាល់សេចក្តីប្រតិបត្តិ ជាទីទៅកាន់នរកផង ឯបុគ្គលប្រតិបត្តិយ៉ាងណាហើយ លុះបែកធ្លាយរាងកាយខាងមុខ អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក តថាគតស្គាល់ច្បាស់នូវប្រតិបត្តិនោះផង។ ម្នាលសារីបុត្ត តថាគត ស្គាល់ច្បាស់នូវកំណើតតិរច្ឆានផង ស្គាល់ច្បាស់នូវផ្លូវជាទីទៅកាន់កំណើតតិរច្ឆានផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាទីទៅកាន់កំណើតតិរច្ឆានផង ឯបុគ្គលប្រតិបត្តិយ៉ាងណាហើយ លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈទៅកើតក្នុងកំណើតតិរច្ឆាន តថាគតស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិនោះផង។ ម្នាលសារីបុត្ត តថាគតស្គាល់ច្បាស់នូវបិត្តិវិស័យផង ស្គាល់ច្បាស់នូវផ្លូវជាទីទៅកាន់បិត្តិវិស័យផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាទីទៅកាន់បិត្តិវិស័យផង ឯបុគ្គលប្រតិបត្តិយ៉ាងណាហើយ លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងបិត្តិវិស័យ តថាគត ក៏ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិនោះផង។ ម្នាលសារីបុត្ត តថាគតស្គាល់ច្បាស់នូវមនុស្សទាំងឡាយផង ស្គាល់ច្បាស់នូវផ្លូវជាទីទៅកាន់មនុស្សលោកផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាទីទៅកាន់មនុស្សលោកផង ឯបុគ្គលប្រតិបត្តិយ៉ាងណាហើយ លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងមនុស្សលោក តថាគត ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិនោះ។ ម្នាលសារីបុត្ត តថាគតស្គាល់ច្បាស់នូវទេវតាទាំងឡាយផង ស្គាល់ច្បាស់នូវផ្លូវជាទីទៅកាន់ទេវលោកផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាទីទៅកាន់ទេវលោកផង ឯបុគ្គលប្រតិបត្តិយ៉ាងណា លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក តថាគត ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិនោះផង។ ម្នាលសារីបុត្ត តថាគតស្គាល់ច្បាស់នូវព្រះនិព្វានផង ស្គាល់ច្បាស់នូវផ្លូវជាទីទៅកាន់ព្រះនិព្វានផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាទីទៅកាន់ព្រះនិព្វានផង ឯបុគ្គលប្រតិបត្តិយ៉ាងណាហើយ ធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ នូវបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម របស់ខ្លួនក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ តថាគត ក៏ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិនោះផង។
[១៧១] ម្នាលសារីបុត្ត តថាគត កំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយ ក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវ11) នោះផង លុះបែកធ្លាយរាងកាយ ខាងមុខ អំពីមរណៈ មុខជានឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មិនខាន លុះសម័យខាងក្រោយមក តថាគតឃើញបុគ្គលនោះឯង បែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក រងទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សាឥតស្រាក ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា។ ម្នាលសារីបុត្ត រណ្តៅរងើកភ្លើង មានជម្រៅជាងមួយជួរបុរស12) ពេញដោយរងើកភ្លើង ដែលឥតមានអណ្តាត ឥតមានផ្សែង គ្រានោះ មានបុរសម្នាក់ក្តៅក្រហល់ក្រហាយ ដោយកំដៅថ្ងៃ មានកំដៅថ្ងៃគ្របសង្កត់ មានខ្លួនលំបាក ដង្ហាក់ស្រេកទឹក ដើរមកតាមផ្លូវដែលទៅបានតែម្នាក់ សំដៅទៅត្រង់រងើកភ្លើងនោះឯង បុរស អ្នកមានភ្នែក បានឃើញបុរសនោះហើយ ក៏និយាយយ៉ាងនេះថា បុរសដ៏ចំរើននេះ ដើរទៅដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង មុខជានឹងមកកាន់រណ្តៅរងើកភ្លើងនេះពុំខាន លុះសម័យខាងក្រោយមក (បុរសមានភ្នែកនោះ) ក៏ឃើញនូវបុរសនោះឯង ធ្លាក់ទៅក្នុងរណ្តៅរងើកភ្លើងនោះ រងទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សាឥតស្រាក សេចក្តីនេះមានឧបមាយ៉ាងណាមិញ ម្នាលសារីបុត្ត មានឧបមេយ្យដូចតថាគត ដែលកំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ មុខជានឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មិនខាន លុះសម័យខាងក្រោយមក តថាគត ក៏ឃើញបុគ្គលនោះ ដែលបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក រងទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សាឥតស្រាក ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា ដូច្នោះឯង។
[១៧២] ម្នាលសារីបុត្ត តថាគត កំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយ ក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខ អំពីមរណៈ មុខជានឹងទៅកើតក្នុងកំណើតតិរិច្ឆានមិនខាន លុះសម័យខាងក្រោយមក តថាគត ក៏ឃើញបុគ្គលនោះឯង ដែលបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងកំណើតតិរិច្ឆាន រងទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សា ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា។ ម្នាលសារីបុត្ត រណ្តៅលាមក មានជម្រៅជាងមួយជួរបុរស ពេញដោយលាមក គ្រានោះ មានបុរសម្នាក់ ក្តៅក្រហល់ក្រហាយ ដោយកំដៅថ្ងៃ ដែលកំដៅថ្ងៃគ្របសង្កត់ លំបាក ដង្ហាក់ ស្រេកទឹក ដើរមកតាមផ្លូវដែលទៅបានតែម្នាក់ សំដៅទៅត្រង់រណ្តៅលាមកនោះឯង បុរសមានចក្ខុបានឃើញបុរសនោះហើយ និយាយយ៉ាងនេះថា បុរសដ៏ចំរើននេះ ដើរទៅដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង មុខជានឹងមកកាន់រណ្តៅលាមកនេះពុំខាន លុះសម័យខាងក្រោយមក (បុរសមានចក្ខុនោះ) ក៏ឃើញបុរសនោះ ធ្លាក់ទៅក្នុងរណ្តៅលាមកនោះ រងទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សា សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលសារីបុត្ត មានឧបមេយ្យដូចតថាគត កំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ មុខជានឹងទៅកើតក្នុងកំណើតតិរិច្ឆាន មិនខាន លុះសម័យខាងក្រោយមក តថាគត ក៏ឃើញបុគ្គលនោះ ដែលបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងកំណើតនៃតិរិច្ឆាន រងទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សា ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា ដូច្នោះឯង។
[១៧៣] ម្នាលសារីបុត្ត តថាគត កំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខ អំពីមរណៈ មុខជានឹងទៅកើតក្នុងបិត្តិវិស័យ លុះសម័យខាងក្រោយមក តថាគត ក៏ឃើញបុគ្គលនោះ ដែលបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងបិត្តិវិស័យ រងទុក្ខវេទនាជាច្រើន ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា។ ម្នាលសារីបុត្ត ដើមឈើដែលដុះលើផែនដីមិនរាបស្មើ មានស្រទាប់ស្លឹកដ៏ស្តើង មានម្លប់ប៉ើងរ៉ើង គ្រានោះ មានបុរសម្នាក់ ក្តៅក្រហល់ក្រហាយ ដោយកំដៅថ្ងៃ ដែលកំដៅថ្ងៃគ្របសង្កត់ លំបាក ដង្ហាក់ ស្រេកទឹក ដើរមកតាមផ្លូវ ដែលត្រាច់ទៅបានតែម្នាក់ សំដៅទៅរកដើមឈើនោះឯង បុរស អ្នកមានភ្នែក បានឃើញបុរសនោះហើយ និយាយយ៉ាងនេះថា បុរសដ៏ចំរើននេះ ដើរទៅដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង មុខជានឹងទៅកាន់ដើមឈើនេះពុំខាន លុះសម័យខាងក្រោយមក (បុរសមានចក្ខុនោះ) ក៏ឃើញបុរសនោះ អង្គុយ ឬដេក ទទួលទុក្ខវេទនាជាច្រើន ក្រោមម្លប់ដើមឈើនោះ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលសារីបុត្ត មានឧបមេយ្យដូចតថាគត ដែលកំណត់ដឹងនូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ មុខជានឹងទៅកើតក្នុងបិត្តិវិស័យមិនខាន លុះសម័យខាងក្រោយមក តថាគត ក៏ឃើញបុគ្គលនោះ បែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងបិត្តិវិស័យ រងទុក្ខវេទនាជាច្រើន ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា ដូច្នោះឯង។
[១៧៤] ម្នាលសារីបុត្ត តថាគត កំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយ ក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខ អំពីមរណៈ មុខជានឹងទៅកើតក្នុងពួកមនុស្ស លុះសម័យខាងក្រោយមក តថាគតក៏ឃើញបុគ្គលនោះ ដែលបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងពួកមនុស្ស សោយសុខវេទនាជាច្រើន ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា។ ម្នាលសារីបុត្ត ដើមឈើដែលដុះលើផែនដីរាបស្មើល្អ មានស្រទាប់ស្លឹកដ៏ក្រាស់ មានម្លប់ត្រឈៃ គ្រានោះ មានបុរសម្នាក់ ក្តៅក្រហល់ក្រហាយ ដោយកំដៅថ្ងៃ ដែលកំដៅថ្ងៃគ្របសង្កត់ លំបាក ដង្ហាក់ ស្រេកទឹក ដើរមកតាមផ្លូវដែលត្រាច់ទៅបានតែម្នាក់ សំដៅទៅរកដើមឈើនោះឯង បុរស អ្នកមានចក្ខុ បានឃើញបុរសនោះ និយាយយ៉ាងនេះថា បុរសនេះ ដើរទៅដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង មុខជានឹងមកកាន់ដើមឈើនេះពុំខាន លុះសម័យខាងក្រោយមក (បុរសមានចក្ខុនោះ) ក៏ឃើញបុរសនោះឯង អង្គុយ ឬដេក សោយសុខវេទនាជាច្រើន ក្រោមម្លប់នៃដើមឈើនោះ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលសារីបុត្ត មានឧបមេយ្យដូចតថាគត ដែលកំណត់នូវចិត្តដោយចិត្ត ដឹងនូវចិត្តនៃបុគ្គលពួកមួយក្នុងលោកនេះ យ៉ាងនេះថា បុគ្គលប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង។បេ។ ទៅកើតក្នុងពួកមនុស្ស សោយសុខវេទនាជាច្រើន ដូច្នោះឯង។
[១៧៥] ម្នាលសារីបុត្ត តថាគត កំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយ ក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខ អំពីមរណៈ មុខជានឹងទៅកើតក្នុងសុគតិ សួគ៌ ទេវលោកមិនខាន លុះសម័យខាងក្រោយមក តថាគតក៏ឃើញបុគ្គលនោះ ដែលបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក សោយសេចក្តីសុខជានិច្ច ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា។ ម្នាលសារីបុត្ត ប្រាសាទ មានកូដាគារ (ផ្ទះមានកំពូល) ដែលលាបទាំងខាងក្នុង ទាំងខាងក្រៅ ជិតខ្យល់ មានទ្វារជិត មានបង្អួចបើកបិទបាន ក្នុងកូដាគារនោះ មានបល្ល័ង្ក ដែលក្រាលដោយព្រំ មានរោមវែងៗជាង៤ធ្នាប់ ក្រាលដោយកម្រាលមានពណ៌ស ធ្វើដោយរោមសត្វ ជាផ្កាចង្កោម មានកម្រាលដ៏ឧត្តម ដែលគេធ្វើដោយស្បែកសត្វឈ្លុស មានខ្នើយពណ៌ក្រហមទាំងពីរខាង គឺខ្នើយក្បាល និងខ្នើយជើង ព្រមទាំងពិតាន ដែលមានពណ៌ក្រហម គ្រានោះ មានបុរសម្នាក់ ក្តៅក្រហល់ក្រហាយ ដោយកំដៅថ្ងៃ ដែលកំដៅថ្ងៃគ្របសង្កត់ លំបាក ដង្ហាក់ ស្រេកទឹក ដើរមកតាមផ្លូវដែលត្រាច់ទៅបានតែម្នាក់ សំដៅទៅត្រង់ប្រាសាទនោះឯង បុរស អ្នកមានចក្ខុ បានឃើញបុរសនោះហើយ និយាយយ៉ាងនេះថា បុរសដ៏ចំរើននេះ ដើរទៅដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង មុខជានឹងមកកាន់ប្រាសាទនេះដោយពិត លុះសម័យខាងក្រោយមក (បុរសមានចក្ខុនោះ) ក៏ឃើញនូវបុរសនោះ កំពុងអង្គុយ ឬដេក សោយសុខវេទនាជានិច្ច លើបល្ល័ង្ក ក្នុងកូដាគារប្រាសាទនោះ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលសារីបុត្ត មានឧបមេយ្យដូចតថាគត ដែលកំណត់ដឹងនូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ មុខជានឹងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក លុះសម័យខាងក្រោយមក តថាគត ក៏ឃើញបុគ្គលនោះ ដែលបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក សោយសុខវេទនាជានិច្ច ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា ដូច្នោះឯង។
[១៧៦] ម្នាលសារីបុត្ត តថាគត កំណត់ដឹងនូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយ ក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង មុខជានឹងធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ក្រៃលែង ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តដោយឥរិយាបថទាំង៤ លុះសម័យខាងក្រោយមក តថាគតក៏ឃើញបុគ្គលនោះ ដែលបានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ក្រៃលែង ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តដោយឥរិយាបថទាំង៤ សោយសុខវេទនាជានិច្ច។ ម្នាលសារីបុត្ត ស្រះបោក្ខរណី មានទឹកថ្លា មានទឹកឆ្ងាញ់ មានទឹកត្រជាក់ មានទឹករងថ្លា មានកំពង់រាបទាបល្អ គួរជាទីរីករាយ មានដងព្រៃស្រោងស្រាង មិនឆ្ងាយអំពីស្រះបោក្ខរណីនោះ គ្រានោះ មានបុរសម្នាក់ ក្តៅក្រហល់ក្រហាយ ដោយកំដៅថ្ងៃ ដែលកំដៅថ្ងៃគ្របសង្កត់ លំបាក ដង្ហាក់ ស្រេកទឹក ដើរមកតាមផ្លូវដែលត្រាច់ទៅបានតែម្នាក់ សំដៅទៅរកស្រះបោក្ខរណីនោះ បុរស អ្នកមានចក្ខុ បានឃើញបុរសនោះហើយ ក៏និយាយយ៉ាងនេះថា បុរសដ៏ចំរើននេះ ដើរទៅដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង មុខជានឹងមកកាន់ស្រះបោក្ខរណីនេះ ដោយពិត លុះសម័យខាងក្រោយមក (បុរសមានចក្ខុនោះ) ក៏ឃើញនូវបុរសនោះ ចុះទៅក្នុងស្រះបោក្ខរណីនោះ ងូតផង ផឹកផង បំបាត់បង់នូវសេចក្តីក្រវល់ក្រវាយ នឿយហត់ នឹងសេចក្តីក្រហល់ក្រហាយគ្រប់យ៉ាង ហើយឡើងមកអង្គុយ ឬដេក សោយសុទ្ធតែសុខវេទនា ក្នុងដងព្រៃនោះ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលសារីបុត្ត មានឧបមេយ្យដូចតថាគត ដែលកំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងទៅកាន់ផ្លូវនោះផង មុខជានឹងធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ក្រៃលែង ខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តដោយឥរិយាបថទាំង៤ លុះសម័យខាងក្រោយមក តថាគត ក៏ឃើញបុគ្គលនោះ ដែលបានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ក្រៃលែង ខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តដោយឥរិយាបថទាំង៤ សោយសុទ្ធតែសុខវេទនា ដូច្នោះឯង។ ម្នាលសារីបុត្ត គតិនេះឯង មាន៥យ៉ាង។ ម្នាលសារីបុត្ត អ្នកណាពោលយ៉ាងនេះ ចំពោះតថាគត ដែលដឹងយ៉ាងនេះ ដែលឃើញយ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែង ជាងមនុស្សធម៌ របស់ព្រះសមណគោតម មិនមានទេ ព្រះសមណគោតម សំដែងធម៌ដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាធម៌កើតមានដោយប្រាជ្ញារបស់ខ្លួន ដូច្នេះ បុគ្គលនោះ បើមិនលះបង់នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះទេ នឹងធ្លាក់ទៅរងទុក្ខ ក្នុងនរក ដូចជាគេនាំយកទៅទំលាក់ដូច្នោះឯង។ ម្នាលសារីបុត្ត ភិក្ខុបរិបូណ៌ដោយសីលហើយ បរិបូណ៌ដោយសមាធិហើយ បរិបូណ៌ដោយបញ្ញាហើយ សម្រេចអរហត្តផល ក្នុងបច្ចុប្បន្ននេះឯង មានឧបមាយ៉ាងណាមិញ ម្នាលសារីបុត្ត តថាគត ពោលនូវហេតុនេះ ជាគ្រឿងផ្តល់នូវពាក្យឧបមេយ្យ យ៉ាងនោះដែរ។ បុគ្គលនោះ បើមិនលះបង់នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះទេ នឹងធ្លាក់ទៅរងទុក្ខ ក្នុងនរក ដូចជាគេនាំយកទៅទំលាក់ ដូច្នោះឯង។
[១៧៧] ម្នាលសារីបុត្ត មួយទៀត តថាគតធ្លាប់ប្រព្រឹត្តព្រហ្មចរិយៈ13) ដែលប្រកបដោយអង្គ៤។14) គឺបើនិយាយពីអ្នកមានតបៈ តថាគត ជាអ្នកមានតបៈដ៏ក្រៃលែង បើនិយាយពីអ្នកសៅហ្មង តថាគត ជាអ្នកសៅហ្មងដ៏ក្រៃលែង បើនិយាយពីអ្នកមានសេចក្តីខ្ពើមបាប តថាគត ជាអ្នកមានសេចក្តីខ្ពើមបាបដ៏ក្រៃលែង បើនិយាយពីអ្នកស្ងប់ស្ងាត់ តថាគត ជាអ្នកស្ងប់ស្ងាត់ដ៏ក្រៃលែង។
[១៧៨] ម្នាលសារីបុត្ត ការមានតបៈរបស់តថាគត ក្នុងព្រហ្មចរិយៈ ប្រកបដោយអង្គ៤នោះដូច្នេះ គឺតថាគតជាអ្នកអាក្រាត លះបង់មារយាទល្អ15) ប្រព្រឹត្តហត្ថាវលេខនបតិបត្តិ16) ជាអ្នកកាន់វត្តមិនចូលមក (ទទួលភត្ត) ដែលគេនិមន្តថា លោកដ៏ចំរើន ចូរចូលមក មិនរង់ចាំតាមគេនិមន្តថា លោកដ៏ចំរើន សូមរង់ចាំសិន មិនត្រេកអរនឹងចង្ហាន់ ដែលកាន់យកមកមុន មិនត្រេកអរនឹងចង្ហាន់ ដែលគេប្រាប់ថាធ្វើ ចំពោះខ្លួន មិនត្រេកអរនឹងចង្ហាន់ ដែលគេនិមន្ត។17) តថាគតនោះ មិនទទួលចង្ហាន់ ដែលគេកំពុងដោះដួសអំពីឆ្នាំង មិនទទួលចង្ហាន់ អំពីមាត់កញ្ជើ មិនទទួលចង្ហាន់ ដែលគេឲ្យត្រង់ចន្លោះធរណី មិនទទួលចង្ហាន់ ដែលគេឲ្យត្រង់ចន្លោះត្បាល់ មិនទទួលចង្ហាន់ដែលគេឲ្យត្រង់ចន្លោះអង្រែ មិនទទួលចង្ហាន់របស់មនុស្ស ដែលកំពុងបរិភោគពីរនាក់ មិនទទួលចង្ហាន់របស់ស្រ្តីមានគភ៌ មិនទទួលចង្ហាន់របស់ស្រ្តី ដែលកំពុងបំបៅកូន មិនទទួលចង្ហាន់របស់ស្រ្តី ដែលកំពុងនៅរួមនឹងបុរស មិនទទួលចង្ហាន់ ដែលគេអង្គាសគ្នាធ្វើ មិនទទួលចង្ហាន់ក្នុងទីដែលមានឆ្កែនៅចាំ មិនទទួលចង្ហាន់ ដែលមានរុយចោមរោម មិនបរិភោគត្រី មិនបរិភោគសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកថ្នាំត្រាំដោយស្រូវទាំងពួង។ តថាគតនោះ ទទួលចង្ហាន់តែក្នុងផ្ទះមួយ ឬបរិភោគភោជនតែមួយពំនូត ទទួលចង្ហាន់ក្នុងផ្ទះពីរ ឬបរិភោគភោជនតែពីរពំនូត។បេ។ ទទួលចង្ហាន់ក្នុងផ្ទះ៧ ឬបរិភោគតែ៧ពំនូត។ តថាគតចិញ្ចឹមអត្តភាព ដោយចង្ហាន់១ ភាជន៍តូចខ្លះ ចិញ្ចឹមអត្តភាពដោយចង្ហាន់២ភាជន៍តូចខ្លះ។បេ។ ចិញ្ចឹមអត្តភាពដោយចង្ហាន់៧ភាជន៍តូចខ្លះ ឆាន់អាហាររម្លង១ថ្ងៃខ្លះ ឆាន់អាហាររម្លង២ថ្ងៃខ្លះ។បេ។ ឆាន់អាហាររំលង៧ថ្ងៃខ្លះ តថាគត ប្រកបរឿយៗ នូវការបរិភោគភត្តតាមលំដាប់ថ្ងៃយ៉ាងនេះ រហូតដល់រំលងកន្លះខែខ្លះ ដូចសំដែងមកនេះឯង។ តថាគត មានបន្លែជាអាហារខ្លះ មានស្រងែជាអាហារខ្លះ មានស្មៅគែលលក ជាអាហារខ្លះ មានចំនៀរស្បែក ដែលគេចៀរចោល ជាអាហារខ្លះ មានជ័រជាអាហារខ្លះ18) មានសារាយ ជាអាហារខ្លះ មានកុណ្ឌកជាអាហារខ្លះ មានបាយក្តាំងជាអាហារខ្លះ មានម្សៅជាអាហារខ្លះ មានស្មៅជាអាហារខ្លះ មានអាចម៍គោ ជាអាហារខ្លះ មានមើម និងផ្លែឈើជាអាហារចិញ្ចឹមជីវិតខ្លះ តែងបរិភោគផ្លែឈើ ដែលជ្រុះឯងចិញ្ចឹមជីវិតខ្លះ។ តថាគត ប្រើប្រាស់សំពត់ដែលត្បាញដោយសំបកធ្មៃខ្លះ ប្រើប្រាស់សំពត់ដែលត្បាញលាយចម្រុះគ្នាខ្លះ ប្រើប្រាស់សំពត់ដែលគេរុំសាកសពខ្លះ ប្រើប្រាស់សំពត់បំសុកូល19) ខ្លះ ប្រើប្រាស់សំពត់សំបកឈើខ្លះ ប្រើប្រាស់ស្បែកខ្លាខ្លះ ប្រើប្រាស់ស្បែកខ្លាទាំងក្រចកខ្លះ ប្រើប្រាស់សំពត់ដែលក្រងដោយស្បូវខ្លះ ប្រើប្រាស់សំពត់ដែលក្រងដោយសំបកក្រចៅខ្លះ ប្រើប្រាស់សំពត់ ដែលក្រងដោយចំរៀកក្តារខ្លះ20) ប្រើប្រាស់សំពត់កម្ពល ដែលត្បាញដោយសក់មនុស្សខ្លះ ប្រើប្រាស់សំពត់ ដែលត្បាញដោយរោមកន្ទុយសត្វខ្លះ ប្រើប្រាស់សំពត់ដែលត្បាញដោយស្លាបមៀមខ្លះ ជាអ្នកទុកសក់ និងពុកមាត់ ពុកចង្កា ប្រកបរឿយៗ នូវសេចក្តីព្យាយាម ទុកសក់ និងពុកមាត់ ពុកចង្កាខ្លះ ជាអ្នកប្រព្រឹត្តតែឈរ មិនអង្គុយខ្លះ ជាអ្នកអង្គុយច្រហោង ប្រកបរឿយៗ នូវសេចក្តីព្យាយាម អង្គុយច្រហោងខ្លះ ជាអ្នកដេកលើបន្លា សម្រេចការដេកលើបន្លាខ្លះ ប្រកបរឿយៗ នូវសេចក្តីព្យាយាមចុះត្រាំក្នុងទឹក (ដើម្បីបន្សាត់បាប) ក្នុង១ថ្ងៃ៣ដង21) ប្រកបរឿយៗ នូវសេចក្តីព្យាយាម ដុតកំដៅរោល អាលនូវកាយច្រើនប្រការ មានសភាពយ៉ាងនេះ ដូច្នេះឯង។ ម្នាលសារីបុត្ត នេះឯងជាភាពនៃអ្នកមានតបៈរបស់តថាគត។
[១៧៩] ម្នាលសារីបុត្ត សេចក្តីសៅហ្មងរបស់តថាគ ក្នុងព្រហ្មចរិយធម៌ ប្រកបដោយអង្គ៤នេះដូច្នេះ។ មន្ទិល គឺធូលី រាប់ដោយឆ្នាំដ៏ច្រើន ដែលជាប់នៅនឹងកាយ ក៏ក្លាយទៅជាក្រមរស្រទាប់។ ម្នាលសារីបុត្ត ដង្គត់ដើមដង្កោ ដែលតាំងនៅរាប់ដោយឆ្នាំដ៏ច្រើន ក៏កើតជាក្រមរ មានឧបមាដូចម្តេចមិញ ម្នាលសារីបុត្ត មានឧបមេយ្យដូចមន្ទិល គឺធូលី រាប់ដោយឆ្នាំដ៏ច្រើន ដែលជាប់នៅនឹងកាយតថាគត ក៏ក្លាយទៅជាក្រមរ ដូច្នោះឯង។ ម្នាលសារីបុត្ត តថាគតនោះ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ គប្បីយកបាតដៃដុសមន្ទិល គឺធូលីនេះចេញ ដូច្នេះឡើយ។ ម្នាលសារីបុត្ត សូម្បីតែគំនិតយ៉ាងនេះថា ជនទាំងឡាយដទៃ គប្បីយកបាតដៃ ដុសក្អែលរបស់តថាគតនេះ ដូច្នេះ ក៏មិនមានដល់តថាគតឡើយ។ ម្នាលសារីបុត្ត នេះជាវត្តខាងសេចក្តីសៅហ្មងរបស់តថាគត។
[១៨០] ម្នាលសារីបុត្ត វត្តខាងសេចក្តីខ្ពើមបាប របស់តថាគត ក្នុងព្រហ្មចរិយធម៌ ប្រកបដោយអង្គ៤នោះ ដូច្នេះ។ ម្នាលសារីបុត្ត តថាគតនោះឯង ឈានទៅមុខ ក៏មានស្មារតី ថយក្រោយ ក៏មានស្មារតី។ តថាគត ដំកល់នូវសេចក្តីអាណិត ចំពោះដំណក់ទឹក22) ដរាបមកថា តថាគត មិនបានញុំាងពួកសត្វតូចៗ គឺដំណក់ទឹក ដែលដក់ជាប់នៅក្នុងទីផ្សេងៗ ឲ្យដល់នូវសេចក្តីវិនាសឡើយ។ ម្នាលសារីបុត្ត នេះឯងជាវត្តខាងការខ្ពើមបាប របស់តថាគត។
[១៨១] ម្នាលសារីបុត្ត វត្តខាងការស្ងប់ស្ងាត់ របស់តថាគត ក្នុងព្រហ្មចរិយធម៌ ប្រកបដោយអង្គ៤នោះ ដូច្នេះ។ ម្នាលសារីបុត្ត តថាគតនោះឯង តែងចូលសំដៅ ទៅនៅអាស្រ័យ ក្នុងព្រៃរំលោងណាមួយ។ កាលណាបើតថាគត ឃើញអ្នកគង្វាលគោក្តី អ្នកគង្វាលសត្វចិញ្ចឹមក្តី អ្នករកស្មៅក្តី អ្នករកឧសក្តី អ្នករករបរក្នុងព្រៃក្តី តថាគត ក៏ចេញអំពីព្រៃ ទៅកាន់ព្រៃ ចេញអំពីព្រៃស្បាត ទៅកាន់ព្រៃស្បាត ចេញអំពីទីទាប ទៅកាន់ទីទាប ចេញអំពីទីទួល ទៅកាន់ទីទួល ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតថាគត បានអធិដ្ឋានថា សូមកុំឲ្យជនទាំងឡាយនោះ បានឃើញតថាគត ទាំងតថាគតសោត ក៏កុំបានឃើញជនទាំងឡាយនោះឡើយ។ ម្នាលសារីបុត្ត ម្រឹគព្រៃ ឃើញមនុស្សទាំងឡាយ តែងរត់ចេញអំពីព្រៃ ចូលទៅកាន់ព្រៃ ចេញអំពីព្រៃស្បាត ចូលទៅកាន់ព្រៃស្បាត ចេញអំពីទីទាប ចូលទៅកាន់ទីទាប ចេញអំពីទីទួល ចូលទៅកាន់ទីទួល យ៉ាងណាមិញ ម្នាលសារីបុត្ត កាលណាបើតថាគតបានឃើញអ្នកគង្វាលគោក្តី អ្នកគង្វាលសត្វចិញ្ចឹមក្តី អ្នករកស្មៅក្តី អ្នករកឧសក្តី អ្នករករបរក្នុងព្រៃក្តី តថាគត ក៏ចេញអំពីព្រៃ ទៅកាន់ព្រៃ ចេញអំពីព្រៃស្បាត ទៅកាន់ព្រៃស្បាត ចេញអំពីទីទាប ទៅកាន់ទីទាប ចេញអំពីទីទួល ទៅកាន់ទីទួល ក៏យ៉ាងនោះដែរ ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតថាគត បានអធិដ្ឋានថា សូមកុំឲ្យជនទាំងឡាយនោះ បានឃើញតថាគត ទាំងតថាគតសោត ក៏កុំបានឃើញជនទាំងឡាយនោះឡើយ។ ម្នាលសារីបុត្ត នេះឯងជាវត្តខាងសេចក្តីស្ងប់ស្ងាត់ របស់តថាគត។
[១៨២] ម្នាលសារីបុត្ត តថាគត ជាអ្នកវារដោយជង្គង់៤ ចូលទៅរកក្រោលគោ ដែលមានគោចេញហើយ មានអ្នកគង្វាលគោចៀសចេញទៅហើយ ហើយស៊ីអាចម៍របស់កូនគោជំទង់ ដែលនៅបៅមេ។ ម្នាលសារីបុត្ត មូត្រ និងករីសខ្លួនឯង របស់តថាគត មិនទាន់អស់ដរាបណា តថាគត ក៏ស៊ីនូវមូត្រ និងករីស របស់ខ្លួនឯងដរាបនោះ។ ម្នាលសារីបុត្ត នេះឯងជាវត្តខាងភោជន យ៉ាងចំឡែកធំ របស់តថាគត។
[១៨៣] ម្នាលសារីបុត្ត តថាគត ចូលទៅអាស្រ័យនៅក្នុងដងព្រៃ១ ដែលគួរស្បើម។ ម្នាលសារីបុត្ត សេចក្តីតក់ស្លុតនឹងដងព្រៃ ដែលគួរស្បើមនោះ តែងមាន។ បុគ្គលណានីមួយ មិនទាន់ប្រាសចាករាគៈទេ ចូលទៅកាន់ដងព្រៃនោះ ច្រើនតែព្រឺព្រួចរោម។ ម្នាលសារីបុត្ត រាត្រីទាំង៨ ជាចន្លោះខែមាឃ និងខែផគ្គុណ23) ក្នុងហេមន្តរដូវ ជាសម័យធ្លាក់ទឹកសន្សើមដ៏ត្រជាក់ ក្នុងរាត្រីទាំងឡាយមានសភាពដូច្នោះ តថាគតនៅទីវាល ក្នុងវេលាយប់ នៅក្នុងដងព្រៃវេលាថ្ងៃ ខែជាខាងចុងគិម្ហរដូវ តថាគតនៅទីវាល ក្នុងវេលាថ្ងៃ នៅក្នុងដងព្រៃវេលាយប់។ ម្នាលសារីបុត្ត អើក៏គាថា ដែលគួរអស្ចារ្យនេះ ដែលតថាគត មិនធ្លាប់បានស្តាប់ ក្នុងកាលពីមុនមកទេ ស្រាប់តែភ្លឺច្បាស់ប្រាកដ ដល់តថាគតថា
អ្នកប្រាជ្ញដែលខ្វល់ខ្វាយ ក្នុងកិរិយាស្វែងរក (នូវសេចក្តីបរិសុទ្ធិ) អ្នកប្រាជ្ញនោះ ត្រូវតែក្តៅ អ្នកប្រាជ្ញនោះ ត្រូវតែត្រជាក់ម្នាក់ឯង ជាអ្នកត្រូវតែនៅក្នុងព្រៃ គួរស្បើមតែម្នាក់ឯង អាក្រាត មិនចូលទៅរកភ្លើងឡើយ។
[១៨៤] ម្នាលសារីបុត្ត តថាគតនោះ សម្រេចនូវឥរិយាបថដេក ក្នុងព្រៃស្មសាន កើយលើឆ្អឹងសាកសពទាំងឡាយ។ ម្នាលសារីបុត្ត ចំណែកពួកក្មេងឃ្វាលគោ នាំគ្នាចូលទៅជិតតថាគត ហើយស្តោះដាក់ខ្លះ នោមដាក់ខ្លះ យកដីរោយដាក់ខ្លះ យករំកាច់ឈើមករុកក្នុងរន្ធត្រចៀកខ្លះ។24) ម្នាលសារីបុត្ត តថាគត មិនដែលឲ្យចិត្តអាក្រក់កើតឡើងចំពោះពួកក្មេងឃ្វាលគោទាំងនោះឡើយ។ ម្នាលសារីបុត្ត នេះឯង ឈ្មោះថា ជាវត្តខាងការនៅប្រកបដោយឧបេក្ខា របស់តថាគត។
[១៨៥] ម្នាលសារីបុត្ត មានសមណព្រាហហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា សេចក្តីបរិសុទ្ធ កើតមានព្រោះអាហារ។ ពួកសមណព្រាហ្មណ៍ទាំងនោះ ពោលយ៉ាងនេះថា យើងទាំងឡាយ នឹងចិញ្ចឹមអត្តភាព ដោយផ្លែពទ្រាទាំងឡាយ។ ពួកសមណព្រាហ្មណ៍ទាំងនោះ ក៏ស៊ីផ្លែពទ្រាខ្លះ ស៊ីលំអិតនៃផ្លែពទ្រាខ្លះ ផឹកទឹកដែលច្របាច់លាយដោយផ្លែពទ្រាខ្លះ បរិភោគនំដែលធ្វើដោយផ្លែពទ្រាច្រើនយ៉ាងខ្លះ។ ម្នាលសារីបុត្ត តថាគត ធ្លាប់យកផ្លែពទ្រាតែ១ប៉ុណ្ណោះ មកធ្វើជាអាហារ។ ម្នាលសារីបុត្ត សមជាអ្នកមានសេចក្តីយល់យ៉ាងនេះថា ផ្លែពទ្រាក្នុងសម័យនោះ ជាផ្លែធំៗណាស់។ ម្នាលសារីបុត្ត ដំណើរនុ៎ះ អ្នកមិនគួរយល់យ៉ាងនោះឡើយ។ ព្រោះថា ផ្លែពទ្រាក្នុងកាលឥឡូវនេះ មានទំហំប៉ុនណា ក្នុងកាលពីដើម ក៏មានទំហំប៉ុណ្ណោះដែរ។ ម្នាលសារីបុត្ត កាលដែលតថាគតនោះ យកផ្លែពទ្រាតែ១ ប៉ុណ្ណោះ មកធ្វើជាអាហារ កាយក៏ដល់នូវភាវៈស្គាំងស្គម ហួសប្រមាណ។ ព្រោះតែអាហារតិចនោះឯង អវយវៈតូចធំ របស់តថាគត ក៏ដូចជាថ្នាំងវល្លិ៍ ឈ្មោះអសីតិ (ដកគន់ ឬលែនពែន) ឬដូចជាថ្នាំងវល្លិ៍កាលា (វល្លិ៍អណ្តាតត្រកួត)។ ព្រោះតែអាហារតិចនោះឯង ទ្រគាករបស់តថាគត ក៏ដូចជាជើងសត្វឱដ្ឋ។ ព្រោះតែអាហារតិចនោះឯង ឆ្អឹងខ្នងរបស់តថាគត រគីមរគាម ដូចជាខ្សែដែលគេវេញ។ ព្រោះតែអាហារតិចនោះឯង ឆ្អឹងជំនីរទាំងឡាយ របស់តថាគត ក៏រគីមរគាម ដូចបង្កង់សាលាចាស់ ដែលរខេករខាក។ ព្រោះតែអាហារតិចនោះឯង ប្រស្រីភ្នែក ឬកែវភ្នែករបស់តថាគត ក៏ខូងជ្រៅទៅក្នុងរណ្តៅភ្នែក ដូចជាក្រពេញទឹក ដែលជ្រៅខូងទៅក្នុងអណ្តូងទឹកដ៏ជ្រៅ។ ព្រោះតែអាហារតិចនោះឯង ស្បែកក្បាលរបស់តថាគត ក៏រួបរិតស្វិតស្រពោន ដូចជាផ្លែននោងព្រៃ ដែលគេកាត់ទាំងខ្ចី តែងរួបរិតស្វិតស្រពោន ដោយខ្យល់ និងកំដៅថ្ងៃ។ ម្នាលសារីបុត្ត តថាគតនោះ គិតថា នឹងស្ទាបស្បែកពោះ ហើយចាប់ទៅត្រូវទ្រនុងឆ្អឹងខ្នងវិញ តថាគត គិតថា នឹងស្ទាបទ្រនុងឆ្អឹងខ្នង ហើយចាប់ទៅត្រូវស្បែកពោះវិញ ម្នាលសារីបុត្ត ស្បែកពោះរបស់តថាគត ក៏ជាប់គ្នានឹងទ្រនុងឆ្អឹងខ្នងដោយពិត ព្រោះតែអាហារតិចនោះឯង។ ម្នាលសារីបុត្ត តថាគតនោះ គិតថា នឹងបន្ទោបង់វច្ចៈ ឬទឹកមូត្រ ក៏ដួលផ្កាប់មុខទៅលើផែនដី ព្រោះតែអាហារតិចនោះឯង។ ម្នាលសារីបុត្ត តថាគតនោះ កាលធ្វើកាយនោះឯង ឲ្យបានស្រួល ក៏យកដៃស្ទាបខ្លួន។ ម្នាលសារីបុត្ត កាលតថាគតនោះ យកដៃស្ទាបខ្លួន រោមទាំងឡាយ ដែលមានគល់ស្អុយ ក៏ជ្រុះចេញចាកកាយ ព្រោះតែអាហារតិចនោះឯង។
[១៨៦] ម្នាលសារីបុត្ត មានសមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា សេចក្តីបរិសុទ្ធកើតមាន ព្រោះអាហារ(តិច)។ ពួកសមណព្រាហ្មណ៍ទាំងនោះ បាននិយាយយ៉ាងនេះថា យើងទាំងឡាយ នឹងចិញ្ចឹមអត្តភាព ដោយសណ្តែកបាយទាំងឡាយ។បេ។ ចិញ្ចឹមអត្តភាពដោយល្ងទាំងឡាយ។បេ។ ចិញ្ចឹមអត្តភាព ដោយអង្ករទាំងឡាយ។ ពួកសមណព្រាហ្មណ៍ទាំងនោះ ទំពាស៊ីអង្ករខ្លះ ទំពាស៊ីចុងអង្ករខ្លះ ផឹកទឹកអង្ករខ្លះ បរិភោគនំ ដែលធ្វើពីអង្ករច្រើនយ៉ាងខ្លះ។ ម្នាលសារីបុត្ត ចំណែកតថាគត ធ្លាប់អាស្រ័យអាហារ ចំពោះអង្ករតែមួយគ្រាប់ ប៉ុណ្ណោះ។ ម្នាលសារីបុត្ត អ្នកប្រហែលជាមានសេចក្តីយល់ឃើញយ៉ាងនេះថា អង្ករក្នុងសម័យនោះ ជាអង្ករធំៗទេដឹង។ ម្នាលសារីបុត្ត ដំណើរនុ៎ះ អ្នកមិនគួរយល់ឃើញយ៉ាងនេះឡើយ។ ព្រោះថា អង្ករក្នុងកាលឥឡូវនេះ មានទំហំប៉ុនណា ក្នុងកាលនោះ ក៏មានទំហំប៉ុណ្ណោះដែរ។ ម្នាលសារីបុត្ត កាលដែលតថាគតនោះ អាស្រ័យអាហារចំពោះតែអង្ករ១គ្រាប់ កាយក៏ដល់នូវភាវៈស្គាំងស្គម ហួសប្រមាណ។ ព្រោះតែអាហារតិចនោះឯង អវយវៈតូចធំ របស់តថាគត ក៏ដូចជាថ្នាំងវល្លិ៍ ឈ្មោះអសីតិកៈ ឬថ្នាំងវល្លិ៍កាលា។ ព្រោះតែអាហារតិចនោះឯង ទ្រគាករបស់តថាគត។បេ។ ដូចជាជើងសត្វឱដ្ឋ។ ព្រោះតែអាហារតិចនោះឯង ឆ្អឹងខ្នងរបស់តថាគត។បេ។ ដូចជាខ្សែដែលគេវេញ។ ដូចជាបង្កង់នៃសាលាចាស់។បេ។ ដូចជាកំពេញទឹក ដែលជ្រៅខូងចុះទៅ។បេ។ ដូចជាផ្លែរនោងព្រៃ។បេ។ ម្នាលសារីបុត្ត តថាគតនោះ គិតថា និងស្ទាបស្បែកពោះ។បេ។ ម្នាលសារីបុត្ត តថាគតនោះ គិតថា នឹងបន្ទោបង់នូវវច្ចៈក្តី។បេ។ ម្នាលសារីបុត្ត តថាគតនោះ កាលធ្វើកាយនោះឯង ឲ្យបានស្រួល។បេ។ ឯរោមទាំងឡាយ មានគល់ស្អុយ ក៏ជ្រុះចេញចាកកាយ ព្រោះហេតុតថាគតមានអាហារតិចនោះឯង។ ម្នាលសារីបុត្ត តថាគត មិនបានត្រាស់ដឹងគុណវិសេស គឺញាណទស្សនៈ ជាគុណធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ ដោយសេចក្តីប្រតិបត្តិដ៏ប្រសើរ ជាអំពើដែលគេធ្វើតាមបានដោយកម្រនោះទេ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះហេតុ (តថាគត) មិនទាន់បានត្រាស់ដឹងនូវបញ្ញាដ៏ប្រសើរនេះឯង អរហត្តមគ្គបញ្ញាណា ដែលតថាគតបានត្រាស់ដឹងហើយ អរហត្តមគ្គបញ្ញានោះ ជាបញ្ញាដ៏ប្រសើរ ជាទីស្រោចស្រង់សត្វ រមែងដឹកនាំសត្វអ្នកធ្វើតាមនោះ ឲ្យអស់ទៅនៃវដ្តទុក្ខ ដោយប្រពៃបាន។
[១៨៧] ម្នាលសារីបុត្ត មានសមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា សេចក្តីបរិសុទ្ធកើតមាន ព្រោះសង្សារ គឺការអន្ទោលទៅ (ច្រើនជាតិ)។ ម្នាលសារីបុត្ត សង្សារណា ដែលតថាគតមិនធ្លាប់អន្ទោលទៅ ដោយកាលវែងនេះ វៀរលែងតែទេវលោកឈ្មោះសុទ្ធាវាសទាំងឡាយចេញ សង្សារនុ៎ះឯង បុគ្គលមិនងាយរកបានឡើយ ម្នាលសារីបុត្ត ព្រោះថា បើតថាគតអន្ទោលទៅកាន់ទេវលោកឈ្មោះសុទ្ធាវាស តថាគត មិនបានមកកាន់កាមលោកនេះទៀតទេ។
[១៨៨] ម្នាលសារីបុត្ត មានសមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា សេចក្តីបរិសុទ្ធកើតមាន ព្រោះការកើតឡើង (ច្រើនជាតិ)។ ម្នាលសារីបុត្ត ការកើតឡើងណា ដែលតថាគតមិនធ្លាប់កើត ដោយកាលវែងនេះ វៀរលែងតែទេវលោកឈ្មោះ សុទ្ធាវាស ទាំងឡាយចេញ ការកើតឡើងនុ៎ះឯង បុគ្គលមិនងាយរកបានទេ ម្នាលសារីបុត្ត ព្រោះថា បើតថាគតទៅកើតក្នុងទេវលោក ឈ្មោះសុទ្ធាវាស តថាគត មិនបានមកកាន់កាមលោកនេះទៀតទេ។
[១៨៩] ម្នាលសារីបុត្ត មានសមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា សេចក្តីបរិសុទ្ធកើតមាន ព្រោះអាវាស គឺការនៅ (ច្រើនកន្លែង)។ ម្នាលសារីបុត្ត អាវាសណា ដែលតថាគតមិនធ្លាប់នៅហើយ ដោយកាលវែងនេះ វៀរលែងតែ សុទ្ធាវាសទេវលោក ទាំងឡាយចេញ អាវាសនុ៎ះឯង បុគ្គលមិនងាយរកបានទេ ម្នាលសារីបុត្ត ព្រោះថា បើតថាគតនៅក្នុងសុទ្ធាវាសទេវលោក តថាគត មិនបានមកកាន់កាមលោកនេះទៀតទេ។
[១៩០] ម្នាលសារីបុត្ត មានសមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា សេចក្តីបរិសុទ្ធកើតមាន ព្រោះការបូជាយ័ញ្ញ (ច្រើនយ៉ាង)។ ម្នាលសារីបុត្ត យ័ញ្ញណា ដែលតថាគតកើតជាស្តេច បានមុទ្ធាភិសេក ជាក្សត្រក្តី កើតជាព្រាហ្មណ៍មហាសាលក្តី ដោយកាលដ៏វែងនេះ ហើយមិនដែលបានបូជាយ័ញ្ញនុ៎ះឯង បុគ្គលមិនងាយរកបានទេ។
[១៩១] ម្នាលសារីបុត្ត មានសមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា សេចក្តីបរិសុទ្ធកើតមាន ព្រោះបម្រើភ្លើង។ ម្នាលសារីបុត្ត ភ្លើងណា ដែលតថាគតកើតជាស្តេច បានមុទ្ធាភិសេកជាក្សត្រក្តី កើតជាព្រាហ្មណ៍មហាសាលក្តី ដោយកាលដ៏វែងនេះ ហើយមិនដែលបានបូជា ភ្លើងនុ៎ះឯង បុគ្គលមិនងាយរកបានទេ។
[១៩២] ម្នាលសារីបុត្ត មានសមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ តែងយល់យ៉ាងនេះថា បុរសដ៏ចំរើននេះ នៅក្មេងកំឡោះ មានសក់ខ្មៅល្អ មានវ័យដ៏ចំរើនដោយបឋមវ័យ ដរាបណា បុរសនេះ ជាអ្នកប្រកបដោយបញ្ញា ដ៏ឈ្លាសវៃយ៉ាងសំខាន់ ដរាបនោះ តែថា កាលណាបុរសដ៏ចំរើននេះ គ្រាំគ្រា ចំរើនវ័យ ចាស់ ដល់ហើយនូវសេចក្តីថមថយដោយលំដាប់ មានអាយុ៨០ ឬ៩០ឆ្នាំ ឬ១០០ឆ្នាំ រាប់អំពីកំណើតមក ក្នុងកាលនោះ បុរសនេះ ក៏សាបសូន្យចាកបញ្ញាដ៏ឈ្លាសវៃ។ ម្នាលសារីបុត្ត សេចក្តីនុ៎ះ អ្នកមិនត្រូវយល់យ៉ាងនេះឡើយ។ ម្នាលសារីបុត្ត ឥឡូវនេះ តថាគតគ្រាំគ្រា ចំរើនវ័យ ចាស់ ដល់ហើយនូវសេចក្តីថមថយដោយលំដាប់ មានអាយុ៨០ឆ្នាំហើយ វ័យរបស់តថាគត ក៏នៅតែប្រព្រឹត្តទៅបាន។ ម្នាលសារីបុត្ត ក្នុងទីនេះ សាវ័ករបស់តថាគតទាំង៤រូប សុទ្ធតែមានអាយុ១០០ឆ្នាំ រស់នៅអស់១០០ឆ្នាំ ជាអ្នកប្រកបដោយសតិ និងគតិ និងសេចក្តីព្យាយាមដ៏ក្រៃលែងផង ដោយបញ្ញាដ៏ឈ្លាសវៃក្រៃលែងផង ម្នាលសារីបុត្ត អ្នកកាន់ធ្នូដ៏មាំ បានសិក្សាសិប្បៈរួចហើយ មានថ្វីដៃស្ទាត់ក្នុងការបាញ់ បានយកព្រួញដ៏ស្រាល (បាញ់) ឲ្យឆ្លងរំលងស្រមោលដើមត្នោតទទឹង ដោយមិនលំបាកឡើយ យ៉ាងណាមិញ សាវ័កទាំង៤ មានស្មារតីដ៏ក្រៃលែង ក៏យ៉ាងនោះ មានគតិដ៏ក្រៃលែង ក៏យ៉ាងនោះ មានព្យាយាមដ៏ក្រៃលែង ក៏យ៉ាងនោះ ប្រកបដោយបញ្ញាដ៏ឈ្លាសវៃក្រៃលែង ក៏យ៉ាងនោះ ពួកសាវ័កទាំង៤នោះ តែងសួរប្រស្នា ប្រៀបធៀបដោយសតិប្បដ្ឋានទាំង៤នឹងតថាគត ចំណែកតថាគត ដែលសាវ័កទាំងនោះសួរហើយ ៗក៏ដោះស្រាយនូវប្រស្នានោះ ដល់ពួកសាវ័កទាំងនោះ ឯពួកសាវ័កទាំងនោះ ក៏ចាំទុកនូវប្រស្នា ដែលតថាគតដោះស្រាយហើយ ថាជាប្រស្នាដែលតថាគត ដោះស្រាយហើយ មិនបាច់សួរតថាគត ឲ្យជាគំរប់ពីរដងតទៅទៀតឡើយ វៀរលែងតែការស៊ីផឹក ទំពាស៊ី និងជញ្ជាប់ជញ្ជក់ភោជន វៀរលែងតែការបន្ទោបង់នូវឧច្ចារៈ និងបស្សាវៈ វៀរលែងតែការដេកលក់ និងការសម្រាកសេចក្តីលំបាក ម្នាលសារីបុត្ត ធម៌ទេសនារបស់តថាគត មិនចេះអស់ បទ និងព្យញ្ជនៈនៃធម៌របស់តថាគត មិនចេះអស់ បញ្ហាព្យាករណ៍របស់តថាគត ក៏មិនចេះអស់ឡើយ។ ចំណែកខាងពួកសាវ័កទាំង៤ របស់តថាគតនោះ មានអាយុ១០០ឆ្នាំ រស់នៅបាន១០០ឆ្នាំ នឹងធ្វើមរណកាល ដោយកាលកន្លងនៃឆ្នាំ១០០។ ម្នាលសារីបុត្ត បើទុកណាជាអ្នកទាំងឡាយ នាំយកតថាគត ដោយគ្រែតូច ប្រាជ្ញា និងសេចក្តីឈ្លាសវៃរបស់តថាគត ក៏មិនក្លាយទៅជាដទៃឡើយ។ ម្នាលសារីបុត្ត អ្នកផង កាលពោលដោយប្រពៃ តែងពោលចំពោះបុគ្គលណាថា សត្វមានធម៌មិនវង្វេងទេ រមែងកើតក្នុងលោក ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្ស។ អ្នកផង កាលពោលដោយប្រពៃ ចំពោះបុគ្គលនោះ គួរពោលចំពោះតថាគតហ្នឹងឯងថា សត្វមានធម៌មិនវង្វេងទេ កើតឡើងក្នុងលោក ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ។
[១៩៣] សម័យនោះឯង ព្រះនាគសមាលៈ ដ៏មានអាយុ កំពុងព័ត (បក់) ថ្វាយព្រះមានព្រះភាគ អំពីខាងក្រោយព្រះមានព្រះភាគ។ លំដាប់នោះ ព្រះនាគសមាលៈ ដ៏មានអាយុ បានក្រាបបង្គំទូលចំពោះព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ មិនដែលមានសោះ បពិត្រព្រះអង្គដ៏ចំរើន មិនតែប៉ុណ្ណោះ ខ្ញុំព្រះអង្គស្តាប់ធម្មបរិយាយនេះហើយ ក៏ព្រឺព្រួចរោម បពិត្រព្រះអង្គដ៏ចំរើន ធម្មបរិយាយនេះ ឈ្មោះដូចម្តេច។ ព្រះអង្គត្រាស់ថា ម្នាលនាគសមាលៈ បើដូច្នោះ អ្នកចូរចាំទុកនូវធម្មបរិយាយនេះចុះ ឈ្មោះថា លោមហំសនបរិយាយ។ លុះព្រះមានព្រះភាគ ត្រាស់ព្រះសូត្រនេះចប់ហើយ នាគសមាលៈ ដ៏មានអាយុ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។
ចប់ មហាសីហនាទសូត្រ ទី២។