km:tipitaka:sut:mn:sut.mn.013

មហាទុក្ខក្ខន្ធសូត្រ ទី៣

សង្ខេប

ព្រះ​ពុទ្ធ​បាន​ពន្យល់​អំពី៖តម្រេក​នៅ​ក្នុង​កាមទោស​នៃ​កាមគ្រឿង​រលាស់​ចេញ​នូវ​កាម​ទាំង​ឡាយ​មាន​រូបវេទនា​ជា​ដើម។

mn 013 បាលី cs-km: sut.mn.013 អដ្ឋកថា: sut.mn.013_att PTS: ?

(ទី៣) មហាទុក្ខក្ខន្ធសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបសិកា វិឡា

(៣. មហាទុក្ខក្ខន្ធសុត្តំ)

[១៩៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុងវត្តជេតវ័ន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុទាំងឡាយច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ហើយចូលទៅកាន់ក្រុង​សាវត្ថី ដើម្បីបិណ្ឌបាតក្នុងពេលព្រឹកព្រហាម។ លំដាប់នោះ ភិក្ខុទាំងនោះ បានគិត​គ្នា យ៉ាងនេះថា ការត្រាច់ទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី (នេះ) ក៏នៅព្រឹកពេកណាស់ បើដូច្នោះ គួរតែពួកយើង​ ឈៀងចូលទៅឯអារាមរបស់ពួក​បរិព្វាជកអន្យតិរ្ថិយសិន។ គ្រានោះឯង ភិក្ខុទាំងនោះ ក៏ចូលទៅឯអារាម​របស់បរិព្វាជកអន្យតិរ្ថិយ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកពួក​បរិព្វាជកអន្យតិរ្ថិយនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យ​ដែល​គួរ​រលឹក​ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ លុះ​ភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបពួក​បរិព្វាជកអន្យតិរ្ថិយ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ ព្រះសមណ​គោតម បញ្ញត្តការកំណត់ដឹង នូវកាមារម្មណ៍ទាំងឡាយ ចំណែកខាង​ពួកយើង ក៏បញ្ញត្តការកំណត់ដឹង នូវកាមារម្មណ៍ទាំងឡាយដែរ។ ម្នាលអាវុសោ​ទាំងឡាយ ព្រះសមណ​គោតម បញ្ញត្តការកំណត់ដឹង នូវរូបារម្មណ៍ទាំងឡាយ ចំណែកខាង​ពួកយើង ក៏បញ្ញត្តការកំណត់ដឹង នូវរូបារម្មណ៍ទាំងឡាយដែរ។ ម្នាលអាវុសោ​ទាំងឡាយ ព្រះសមណ​គោតម តែងបញ្ញត្តការកំណត់ដឹង នូវវេទនា​ទាំងឡាយ ចំណែកខាង​ពួកយើង ក៏បញ្ញត្តការ​កំណត់ដឹង នូវវេទនាទាំងឡាយដែរ។ ម្នាលអាវុសោទាំងឡាយ ចុះក្នុងការបញ្ញត្តនេះ (បើ​ប្រៀបធៀប) នូវធម៌ទេសនា ដោយ​ធម៌ទេសនា ឬ (ប្រៀបធៀប) នូវពាក្យ​ប្រៀនប្រដៅ ដោយពាក្យប្រៀនប្រដៅ របស់ព្រះសមណគោតមក្តី របស់ពួកយើង តើណាមានសេចក្តីវិសេសជាងណា មាន​អធិប្បាយដូចម្តេច មានហេតុផ្សេងៗគ្នា​ដូចម្តេច។ លំដាប់នោះ ភិក្ខុទាំងនោះ មិនបាន​ត្រេកអរ មិនបាន​ហាមឃាត់ នូវ​ភាសិត​របស់ពួក​បរិព្វាជកអន្យតិរ្ថិយនោះឡើយ លុះ​មិន​បានត្រេកអរ មិនបាន​ហាមឃាត់ហើយ ក៏នាំគ្នាក្រោកចាកអាសនៈ ចៀសចេញ​ទៅ ដោយគិតគ្នាថា ពួកយើង​គង់ដឹងច្បាស់ នូវសេចក្តីនៃភាសិតនេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគ​មិនខាន។

[១៩៥] គ្រានោះឯង ភិក្ខុទាំងនោះ ក៏ត្រាច់ទៅដើម្បីបិណ្ឌបាតក្នុងក្រុងសាវត្ថី លុះត្រឡប់ពីបិណ្ឌបាតមកវិញ ក្នុងវេលាក្រោយភត្ត ក៏ចូលទៅគាល់ព្រះមាន​ព្រះ​ភាគ ត្រង់ទីដែល​ព្រះអង្គគង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមាន​ព្រះ​ភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះអង្គុយក្នុងទីដ៏សម​គួរ​ហើយ ក៏ក្រាប​បង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំង​ឡាយ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ហើយចូលទៅកាន់ក្រុង​សាវត្ថី ដើម្បី​បិណ្ឌបាត ក្នុងវេលាព្រឹកព្រហាមនេះ បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ បានគិត​គ្នា យ៉ាងនេះថា ការត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងក្រុងសាវត្ថី (នេះ) ក៏នៅព្រឹកពេក​ណាស់ បើដូច្នោះ ពួកយើងគួរ​ ឆៀងចូលទៅឯអារាមរបស់ពួក​បរិព្វាជកអន្យតិរ្ថិយ​សិន​​ចុះ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ខ្ញុំព្រះអង្គទាំងឡាយ ក៏ចូលទៅឯអារាម​របស់​ពួកបរិព្វាជក​អន្យតិរ្ថិយ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះ​សំណាល ទៅរក​បរិព្វាជកអន្យតិរ្ថិយនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យ​ ដែល​គួរ​រលឹក​ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះពួក​ខ្ញុំព្រះ​អង្គ អង្គុយក្នុងទីដ៏សមគួរហើយ ពួក​បរិព្វាជកអន្យតិរ្ថិយនោះ បាន​ពោលសេចក្តីនេះ​ថា ម្នាលអាវុសោទាំងឡាយ ព្រះសមណ​គោតម បញ្ញត្ត​ការ​កំណត់​ដឹង នូវចំណែក​កាមារម្មណ៍​ទាំងឡាយ ចំណែកខាង​ពួកយើង ក៏បញ្ញត្តការកំណត់ដឹង នូវកាមារម្មណ៍ទាំងឡាយដែរ។ ម្នាលអាវុសោទាំងឡាយ ព្រះសមណ​គោតម បញ្ញត្ត​ការ​​កំណត់​ដឹង នូវរូបារម្មណ៍ទាំងឡាយ ចំណែកខាង​ពួកយើង ក៏បញ្ញត្តការកំណត់​ដឹង នូវរូបារម្មណ៍ទាំងឡាយដែរ។ ម្នាលអាវុសោទាំងឡាយ ព្រះសមណ​គោតម បញ្ញត្ត​ការកំណត់ដឹង នូវវេទនាទាំងឡាយ ចំណែកខាង​ពួកយើង ក៏បញ្ញត្តការ​កំណត់​ដឹង នូវវេទនាទាំងឡាយដែរ។ ម្នាលអាវុសោទាំងឡាយ ចុះការបញ្ញត្តិនេះ (បើ​ប្រៀបធៀប) ធម៌ទេសនា ដោយធម៌ទេសនា (ប្រៀបធៀប) ពាក្យ​ប្រៀនប្រដៅ ដោយ​ពាក្យ​ប្រៀនប្រដៅ របស់ព្រះសមណគោតមក្តី របស់ពួកយើងក្តី តើណាមាន​សេចក្តី​វិសេស​ជាងណា មានសេចក្តីអធិប្បាយដូចម្តេច មានហេតុផ្សេងគ្នា​ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ខ្ញុំព្រះអង្គទាំងឡាយ មិនបានត្រេកអរ មិនបាន​ហាមឃាត់​ភាសិត ​របស់ពួក​បរិព្វាជកអន្យតិរ្ថិយនោះឡើយ លុះមិនបានត្រេកអរ មិនបាន​ហាមឃាត់ហើយ ក៏នាំគ្នាក្រោកចាកអាសនៈ ចៀសចេញមក ដោយ​គិត​គ្នា​ថា ពួកយើង​គង់នឹងដឹងច្បាស់ នូវសេចក្តីនៃភាសិតនេះ ក្នុងសំណាក់នៃ​ព្រះមាន​ព្រះភាគ​​មិនខាន។

[១៩៦] ព្រះមានជោគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើពួក​បរិព្វាជកអន្យតិរ្ថិយសួរយ៉ាងនេះ ពួកអ្នក ត្រូវសួរ​យ៉ាងនេះវិញថា ម្នាលអាវុសោ​ទាំងឡាយ ចុះអ្វីជាតំរេករបស់កាមទាំងឡាយ អ្វីជាទោស របស់​កាម​ទាំងឡាយ អ្វីជា​គ្រឿង​​រលាស់ចេញ នូវកាមទាំងឡាយ អ្វីជាតំរេក​របស់រូបទាំងឡាយ អ្វីជាទោស របស់​រូប​ទាំងឡាយ អ្វីជាគ្រឿង​រលាស់ចេញ នូវរូបទាំងឡាយ អ្វីជាតំរេក​របស់​វេទនា​ទាំងឡាយ អ្វីជាទោស របស់វេទនា​ទាំងឡាយ អ្វីជាគ្រឿង​រលាស់ចេញ នូវវេទនា​ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជកអន្យតិរ្ថិយ កាលបើអ្នក​ទាំង​ឡាយ សួរយ៉ាងនេះហើយ មុខជាមិនអាចនឹង​ដោះស្រាយរួចផង នឹងដល់នូវ​សេចក្តី​ចង្អៀតចង្អល់ចិត្តជាយ៉ាងក្រៃពេកផង។ ចុះដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុថា (ប្រស្នានោះ) មិនមែនជាវិស័យ (របស់ខ្លួន)។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា នឹងញុំាងចិត្តឲ្យត្រេកអរ ដោយវេយ្យាករណ៍ នៃ​បញ្ហា​នេះបាន តថាគត ពិចារណារកបុគ្គលនោះ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិទេព និងមនុស្សដ៏សេស មិនឃើញមានឡើយ វៀរលែងតែតថាគត ឬ​សាវ័ក​របស់តថាគត ឬក៏បុគ្គល​ដែលបានស្តាប់​អំពីសាសនានេះ។

[១៩៧] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាតំរេក​របស់កាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ កាមគុណ (ចំណង់កាម)នេះ មាន៥ប្រការ កាមគុណ៥​ប្រការ តើ​អ្វីខ្លះ គឺរូបទាំងឡាយ ដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទី​ពេញចិត្ត ជាទីស្រឡាញ់ ត្រូវតាមចំណង់ ជាទីត្រេកត្រអាល១ សំឡេងទាំងឡាយ ដែលគប្បីដឹងដោយត្រចៀក…១ ក្លិនទាំងឡាយ ដែលគប្បីដឹងបានដោយច្រមុះ…១ រស​ទាំងឡាយ ដែលគប្បីដឹងបានដោយអណ្តាត…១ ផ្សព្វទាំងឡាយ ដែល​គប្បីដឹង​បាន​ដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទី​ពេញចិត្ត ជាទីស្រឡាញ់ ត្រូវតាម​ចំណង់ ជាទីត្រេកត្រអាល១ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា កាមគុណ៥ ប្រការ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខ សោមនស្ស កើតឡើងព្រោះអាស្រ័យ​កាមគុណទាំង៥ប្រការនេះ នេះឯងជាតំរេក​ របស់កាមទាំងឡាយ។

[១៩៨] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាទោសរបស់កាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តក្នុងលោកនេះ ចិញ្ចឹមជីវិតដោយសេចក្តី​ប្រឹងប្រែង ដោយ​សិល្បសាស្ត្រណាមួយ ទោះបីដោយការរាប់ម្រាមដៃទទេក្តី ដោយការរាប់​លេខ​នព្វន្តក្តី ដោយការរាប់ប្រមូលក្តី1) ដោយកសិកម្មក្តី ដោយ​ពាណិជ្ជកម្មក្តី ដោយគោរក្ខកម្មក្តី ដោយភាវៈនៃខ្លួនជាអ្នកកាន់អាវុធក្តី ដោយ​ភាវៈនៃខ្លួនជារាជបុរសក្តី ដោយសិល្បសាស្ត្រណាមួយក្តី កុលបុត្តដែលអាស្រ័យ​នូវ​ការចិញ្ចឹមជីវិត ដោយការរាប់ម្រាមដៃទទេជាដើមនោះ តែងមានត្រជាក់បៀតបៀន មានក្តៅបៀតបៀន ប៉ះពាល់ដោយសម្ផស្សនៃរបោមមូស ខ្យល់ កំដៅថ្ងៃ និងពស់តូច​ ពស់ធំ ស្លាប់ខ្លួនព្រោះសេចក្តីស្រេកឃ្លាន ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោស​ របស់​កាមទាំងឡាយ ដែលបុគ្គល​គប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាម​ជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួចផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយមែនពិត។ ម្នាលភិក្ខុទាំងឡាយ កាលបើកុលបុត្តនោះ ប្រឹងប្រែង​ខ្នះខ្នែង ព្យាយាមយ៉ាងនេះហើយ ភោគៈទាំងឡាយនោះ ក៏មិនបានសម្រេច កុលបុត្ត​នោះ តែងក្រៀមក្រំចិត្ត លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្តី​វង្វេង​ថា ឱ សេចក្តីប្រឹងប្រែង​របស់អញ ឥតអំពើសោះ ឱ សេចក្តីព្យាយាមរបស់អញ ឥត​ផល​សោះ។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គល​គប្បី​ឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួចផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយមែនពិត។ ម្នាលភិក្ខុ​ទាំង​ឡាយ កាលបើកុលបុត្តនោះ ប្រឹងប្រែង​ខ្នះខ្នែង ព្យាយាមយ៉ាងនេះហើយ ភោគៈ​ទាំង​ឡាយ​នោះ ក៏សម្រេច កុលបុត្ត​នោះ តែងទទួល​នូវសេចក្តី​ទុក្ខទោមនស្ស ព្រោះហេតុ​នៃការរក្សានូវ​ភោគៈ​ទាំងឡាយនោះថា ធ្វើដូចម្តេចហ្ន៎ កុំឲ្យព្រះរាជាទាំងឡាយ នាំយក​ភោគៈ​ទាំងឡាយ​នោះទៅបាន កុំឲ្យចោរទាំងឡាយលួចយកបាន កុំឲ្យភ្លើង​ឆេះបាន កុំឲ្យទឹក​បន្សាត់ទៅបាន កុំឲ្យអ្នកទទួល​មត៌កទាំងឡាយ ដែលមិនជាទី​ស្រឡាញ់ នាំយក​ទៅបាន។ កាលកុលបុត្តនោះ ខំរក្សា​គ្រប់គ្រងយ៉ាងនេះ ក៏ស្រាប់តែ​ព្រះរាជា​ទាំងឡាយ រឹបយកនូវភោគៈទាំងឡាយនោះទៅក្តី ចោរទាំងឡាយ លួចយក​ទៅក្តី ភ្លើងឆេះទៅក្តី ទឹកបន្សាត់ទៅក្តី អ្នកទទួលមត៌កទាំងឡាយ ដែលមិនជាទីស្រឡាញ់ នាំយកទៅក្តី កុលបុត្តនោះ តែងក្រៀមក្រំចិត្ត លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្តី​វង្វេង​ថា ទ្រព្យណាបានកើតមានហើយ ដល់អាត្មាអញ ឥឡូវ​នេះ ទ្រព្យនោះឯង ត្រឡប់ជាមិនមានដល់អាត្មាអញវិញឡើយ ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គល​គប្បី​ឃើញទាន់ភ្នែក ជាគំនរនៃ​ទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួច​ផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយមែនពិត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួចផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយមែនពិត បានជាព្រះរាជា​ទាំងឡាយ ទាស់ទែង​គ្នា នឹង​ព្រះរាជាទាំងឡាយខ្លះ ក្សត្រទាំងឡាយទាស់ទែងគ្នា នឹងក្សត្រទាំង​ឡាយខ្លះ ព្រាហ្មណ៍ទាំងឡាយ ទាស់ទែងគ្នា នឹងព្រាហ្មណ៍ទាំងឡាយខ្លះ គហបតី​ទាំងឡាយ ទាស់ទែងគ្នា នឹងគហបតីទាំងឡាយខ្លះ មាតាទាស់ទែងនឹងបុត្តខ្លះ បុត្ត​ទាស់​​ទែងនឹងមាតាខ្លះ បិតាទាស់ទែងនឹងបុត្តខ្លះ បុត្តទាស់ទែងនឹងបិតាខ្លះ បងប្អូនប្រុសទាស់ទែងនឹងបងប្អូនប្រុសខ្លះ បងប្អូនប្រុសទាស់ទែងនឹង​បងប្អូនស្រី​ខ្លះ បងប្អូនស្រីទាស់ទែងនឹង​បងប្អូនប្រុសខ្លះ សំឡាញ់​ទាស់ទែងនឹងសំឡាញ់ខ្លះ ពួក​មនុស្ស​ទាំងនោះ ក៏ដល់​នូវសេចក្តី​ឈ្លោះ​ប្រកែក ប្រកាន់ខុស ទាស់ទែងគ្នា ក្នុងទីនោះហើយ ប្រហារគ្នាទៅវិញទៅមកដោយដៃខ្លះ ប្រហារគ្នាដោយដុំដីខ្លះ ប្រហារគ្នាដោយដំបងខ្លះ ប្រហារគ្នាដោយគ្រឿងសស្ត្រាខ្លះ ជនទាំងនោះ ក៏ដល់​នូវ​សេចក្តីស្លាប់​ក្នុងទីនោះខ្លះ ដល់នូវសេចក្តីទុក្ខ ស្ទើនឹងស្លាប់ខ្លះ ម្នាលភិក្ខុទាំងឡាយ នេះឯង​ជាទោស របស់កាមទាំងឡាយ ដែលបុគ្គល​គប្បី​ឃើញទាន់ភ្នែក ជាគំនរ​នៃ​ទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួច​ផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយមែនពិត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះ​តែ​មាន​កាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួចផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយ បានជាមនុស្សទាំងឡាយ កាន់នូវដាវ និងខែល កាន់ធ្នូ សៀតបំពង់ព្រួញ ចូលទៅកាន់សង្គ្រាម ដែលកើតជាក្បួនទ័ព មកទាំងសងខាង កាលដែលគេបាញ់ព្រួញមកក្តី កាលដែលគេពួយលំពែងមកក្តី កាលដែល​គេងាដាវ​ឡើងក្តី មនុស្សទាំងឡាយនោះ បាញ់គ្នាដោយព្រួញខ្លះ ចាក់គ្នាដោយលំពែងខ្លះ កាប់ក្បាលគ្នាដោយដាវខ្លះ ក្នុងសង្គ្រាមនោះ មនុស្សទាំងឡាយនោះ ក៏ដល់​នូវ​សេចក្តីស្លាប់ខ្លះ ដល់នូវសេចក្តីទុក្ខ ស្ទើនឹងស្លាប់ខ្លះ ក្នុងសង្គ្រាមនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង​ជាទោស របស់កាមទាំងឡាយ ដែលបុគ្គល​គប្បី​ឃើញទាន់ភ្នែក ជាគំនរ​នៃ​ទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួចផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយមែនពិត។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួចផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយមែនពិត បានជាមនុស្ស​ទាំងឡាយនោះ កាន់ដាវ និងខែល កាន់ធ្នូ សៀតបំពង់ព្រួញ ចូលទៅកាន់បន្ទាយ ដែល​លាបបូកដោយបាយអ កាលដែលគេបាញ់ព្រួញមកក្តី កាលដែលគេពួយ​លំពែង​មកក្តី កាលដែល​គេងាដាវ​ឡើងក្តី មនុស្សទាំងឡាយនោះ ក៏បាញ់គ្នាដោយ​ព្រួញ​ខ្លះ ចាក់គ្នាដោយលំពែងខ្លះ បាចសាចដាក់គ្នាដោយអាចម៍គោជ្រាយខ្លះ ញាំញីគ្នាដោយ​រនាស់ដែកខ្លះ កាប់ក្បាលគ្នាដោយដាវខ្លះ ក្នុងបន្ទាយនោះ មនុស្សទាំងឡាយនោះ ដល់​នូវ​សេចក្តីស្លាប់ខ្លះ ដល់នូវសេចក្តីទុក្ខ ស្ទើនឹងស្លាប់ខ្លះ ក្នុងបន្ទាយនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង​ជាទោស របស់កាមទាំងឡាយ ដែលបុគ្គល​គប្បី​ឃើញចំពោះខ្លួនឯង ជាគំនរ​នៃ​ទុក្ខ មានកាមជាហេតុ មាន​កាម​ជា​គ្រឿង​ប្រគល់ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួចផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយមែន​ពិត។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿង​ប្រគល់​ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួចផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយមែនពិត មនុស្សទាំងឡាយ ក៏កាត់នូវជញ្ជាំង​ផ្ទះខ្លះ ប្លន់ខ្លះ កំហែងយកទ្រព្យក្នុងផ្ទះ​មួយៗខ្លះ ឈរស្កាត់ច្រកផ្លូវខ្លះ គប់រកភរិយា​របស់អ្នកដទៃខ្លះ។ ព្រះរាជាទាំងឡាយ ចាប់​មនុស្សទាំងនោះបានហើយ ត្រាស់បង្គាប់ឲ្យធ្វើ​កម្មករណ៍ទាំងឡាយ មានប្រការ​ផ្សេងៗ គឺវាយដោយរំពាត់ខ្លះ វាយដោយផ្តៅខ្លះ វាយដោយដំបងខ្លីខ្លះ កាត់ដៃខ្លះ កាត់ជើងខ្លះ កាត់ទាំងដៃ ទាំងជើងខ្លះ កាត់ស្លឹកត្រចៀកខ្លះ កាត់ច្រមុះខ្លះ កាត់​ទាំង​ស្លឹកត្រចៀក ទាំងច្រមុះខ្លះ ធ្វើពិលង្គថាលិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាឆ្នាំង​ដាក់​ទឹក​ជ្រក់2) ខ្លះ ធ្វើនូវ​សង្ខមុណ្ឌកកម្ម គឺអំពើដែលគេធ្វើក្បាលឲ្យរលីង ដូចជាសម្បកស័ង្ខ3) ខ្លះ ធ្វើនូវ​រាហុមុខកម្ម គឺអំពើដែលគេធ្វើមាត់ឲ្យដូចជាមាត់រាហូ4) ខ្លះ ធ្វើ​នូវជោតិមាលិកកម្ម គឺអំពើដែលធ្វើខ្លួន​មនុស្ស​ឲ្យដូចជាផ្កាភ្លើង5) ខ្លះ ធ្វើនូវ​ហត្ថប្បជ្ជោតិកកម្ម គឺអំពើដែល​គេដុតដៃ6) ខ្លះ ធ្វើនូវឯរកវត្តិកកម្ម គឺអំពើដែលធ្វើដូចជា​ពន្លាត់ស្បែកពពែខ្លះ7) ធ្វើនូវចីរកវាសិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាស្លៀក​សំពត់សម្បកឈើខ្លះ8) ធ្វើនូវឯណេយ្យកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាជើង​សត្វទ្រាយខ្លះ9) ធ្វើនូវពលិសមំសិកកម្ម គឺអំពើដែលគេថ្ពក់មាត់ដោយ​កាង ឬសន្ទូច​ខ្លះ10) ធ្វើនូវកហាបណកកម្ម គឺអំពើដែលគេធ្វើឲ្យខូចសរីរៈប្រមាណ​ប៉ុន​កហាបណៈមួយៗខ្លះ​11) ធ្វើនូវខារាបដិច្ឆកកម្ម គឺអំពើដែលគេយក​ទឹកផ្សា ស្រោចខ្លះ12) ធ្វើនូវ​បលិឃបរិវត្តិកកម្ម គឺអំពើដែលគេ​ធ្វើដូច​ជាបង្វិល​ជើងគុល ឬសសរគោលខ្លះ13) ​ ​ធ្វើនូវបលាលបីឋកកម្ម គឺអំពើដែលគេធ្វើ​ឲ្យដូចជាកណ្តាប់ចំបើងខ្លះ14) ស្រោចដោយប្រេងដែលក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងារ​លើ​ឈើអណ្តោតទាំងរស់ខ្លះ កាត់ក្បាលដោយដាវខ្លះ មនុស្សទាំងនោះ ក៏ដល់នូវ​សេចក្តី​ស្លាប់ខ្លះ ដល់នូវសេចក្តី​ទុក្ខស្ទើរតែនឹងស្លាប់ខ្លះ ក្នុងទីនោះ ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បី​ឃើញ​ទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿង​ប្រគល់ឲ្យនូវផល មានកាម​ជាគ្រឿង​ផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយ មែនពិត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿង​ប្រគល់ឲ្យ​នូវផល មានកាម​ជាគ្រឿង​ផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយ បានជាជនទាំងឡាយ ប្រព្រឹត្ត​ទុច្ចរិតដោយកាយ ប្រព្រឹត្ត​ទុច្ចរិតដោយវាចា ប្រព្រឹត្ត​ទុច្ចរិតដោយចិត្ត លុះជនទាំងឡាយនោះ ប្រព្រឹត្ត​ទុច្ចរិតដោយកាយ ប្រព្រឹត្ត​ទុច្ចរិតដោយវាចា ប្រព្រឹត្ត​ទុច្ចរិតដោយចិត្តហើយ ដល់បែកធ្លាយរាងកាយ បន្ទាប់​អំពីមរណៈទៅ ក៏ទៅកើត​ឯអបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុទាំងឡាយ នេះឯង ជាទោសរបស់កាម​ទាំងឡាយ ដែលប្រព្រឹត្តទៅក្នុងបរលោក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿង​ប្រគល់ឲ្យនូវផល មានកាម​ជាគ្រឿង​ផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយ មែនពិត។

[១៩៩] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាគ្រឿងរលាស់ចេញនូវកាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ឧបាយជាទីកំចាត់បង់នូវឆន្ទរាគៈ ការលះបង់នូវឆន្ទរាគៈ ក្នុងកាម​ទាំងឡាយណា នេះឯងឈ្មោះថា ជាគ្រឿង​រលាស់ចេញនូវកាមទាំងឡាយ។

[២០០] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយពួកខ្លះ មិនដឹង​នូវតម្រេករបស់កាមទាំងឡាយ ថាជាគ្រឿង​ត្រេកអរផង មិនដឹងនូវទោសរបស់​កាមទាំងឡាយ ថាជាទោសផង មិនដឹងនូវគ្រឿងរលាស់ចេញនូវកាមទាំងឡាយ ថាជាគ្រឿង​រលាស់ចេញផង យ៉ាងនេះដោយពិត សមណៈ ឬព្រាហ្មណ៍​ទាំងនោះឯង នឹងកំណត់ដឹងនូវកាមទាំងឡាយដោយខ្លួនឯងឬ ឬក៏បុគ្គលប្រតិបត្តិយ៉ាងណា ទើបនឹង​កំណត់ដឹងនូវ​កាមទាំងឡាយបាន និងបបួលបុគ្គលដទៃ ដើម្បីសេចក្តី​ប្រតិបត្តិយ៉ាងនោះ នេះមិនមែនជាឋានៈទេ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយណាមួយ ដឹងនូវតម្រេក របស់កាមទាំងឡាយថា ជាគ្រឿង​ត្រេកអរ​ផង ដឹងនូវទោសរបស់​កាមទាំងឡាយ ថាជាទោសផង ដឹងនូវគ្រឿងរលាស់​ចេញ​នូវកាមទាំងឡាយ ថាជាគ្រឿង​រលាស់ចេញផង ដោយពិត សមណៈ ឬព្រាហ្មណ៍​​ទាំងនោះ នឹងកំណត់ដឹងនូវកាមទាំងឡាយដោយខ្លួនឯងឬ ឬក៏បុគ្គលប្រតិបត្តិយ៉ាងណា ទើបនឹង​កំណត់ដឹង នូវ​កាមទាំងឡាយបាន ទាំងបបួល​បុគ្គល​ដទៃ ដើម្បីសេចក្តី​ប្រតិបត្តិយ៉ាងនោះ នេះទើបជាឋានៈ។

[២០១] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាតម្រេករបស់រូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ដូចយ៉ាងខត្តិយកញ្ញា ឬព្រាហ្មណកញ្ញា គហបតិកញ្ញា ដែល​មានវ័យ១៥ឆ្នាំ ឬ១៦ឆ្នាំ ជាស្រ្តីមិនខ្ពស់ពេក មិនទាបពេក មិនស្គមពេក មិនធាត់ពេក មិនខ្មៅពេក មិនសពេក ម្នាលភិក្ខុទាំងឡាយ ចុះស្ត្រីនោះ មានសម្បុរ​ល្អស្អាតសមរម្យ ក្នុងសម័យនោះឬទេ។ ភិក្ខុទាំងឡាយក្រាបទូលថា ព្រះករុណាព្រះអង្គ។ ព្រះមាន​ព្រះភាគ​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ត្រង់សេចក្តីសុខ សោមនស្សកើត​ឡើង ព្រោះ​អាស្រ័យ​សម្បុរល្អស្អាតនេះឯង ជាតម្រេករបស់រូបទាំងឡាយ។

[២០២] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាទោស របស់រូបទាំងឡាយ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ គប្បីមើលនូវបងប្អូនស្រីនោះឯង ក្នុងសម័យ​ខាងក្រោយ​មក ដែលមានអាយុ​៨០ឆ្នាំ ឬមានអាយុ​៩០ឆ្នាំ មានអាយុ​១០០ឆ្នាំ ជាស្ត្រីចាស់ជរា​ហើយ​ដោយជាតិ មានឆ្អឹង​ជំនីរ​កោង ដូចបង្កង់ផ្ទះ មានកាយ​កោង កាន់ឈើច្រត់ កាលដើរទៅ ញ័ររន្ធត់ រសាប់រសល់ដោយជរា មានវ័យកន្លង​ហើយ មានធ្មេញបាក់ សក់ស្កូវ ក្បាលឆក ក្បាលទំពែក ស្បែកជ្រួញជ្រីវ ខ្លួនរទុះដោយ​អាចម៍រុយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់សេចក្តីនុ៎ះ​ ថាដូចម្តេច សម្បុរល្អសមរម្យណា ក្នុងសម័យពីមុន សម្បុរល្អនោះ ក៏អន្តរធានបាត់​ទៅ ទោសក៏កើតប្រាកដឡើងមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា ព្រះករុណា​ព្រះអង្គ។ ព្រះមានបុណ្យត្រាស់ថា ម្នាលភិក្ខុទាំងឡាយ នេះហើយដែល​ហៅថា ទោសរបស់រូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីមើលបងប្អូន​ស្រីនោះឯង ដែលមានអាពាធ ដល់នូវសេចក្តី​ទុក្ខ ឈឺចាប់ជាទម្ងន់ ដួលដេកត្រាំ ក្នុងមូត្រ និងលាមករបស់ខ្លួន លុះតែមានជនឯទៀតគ្រាឡើង ទើប​បានក្រោករួច លុះតែ​មានជនឯទៀត​នាំឲ្យចូលទៅ ទើបចូលទៅបាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះដូចម្តេច សម្បុរល្អសមរម្យណា ក្នុងកាល​ពីមុន សម្បុរល្អនោះ ក៏អន្តរធានបាត់ទៅ ទោសក៏កើតប្រាកដឡើងមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបបង្គំទូលថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ហ្នឹងហើយដែលហៅថា ទោសរបស់រូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីមើលបងប្អូនស្រីនោះឯង ដែលគេយក​សរីរៈ​ទៅចោលក្នុងព្រៃស្មសាន ទោះស្លាប់​អស់១ថ្ងៃក្តី ទោះស្លាប់​អស់២ថ្ងៃក្តី ទោះស្លាប់​អស់៣ថ្ងៃក្តី ដែលកំពុងហើមប៉ោងឡើង មានសម្បុរខៀវ មានខ្ទុះហូរចេញ (តាម​ទ្វារផ្សេងៗ)។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច សម្បុរល្អសមរម្យណា ក្នុងកាលពីមុន សម្បុរល្អនោះ ក៏អន្តរធានបាត់ទៅ ទោសក៏​កើតប្រាកដឡើង​មែនឬ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលថា ព្រះករុណាព្រះអង្គ។ ទើប​ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ហ្នឹងហើយដែលហៅថា ទោសរបស់​រូប​ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីមើលបងប្អូនស្រីនោះឯង ដែលគេយក​សរីរៈ​ទៅចោលក្នុងព្រៃស្មសាន ក្អែកទាំងឡាយ កំពុងតែចឹក​ស៊ីក្តី ពួកត្មាត កំពុងចឹកស៊ីក្តី ត្រដក់ទាំងឡាយ កំពុង​ចឹកស៊ីក្តី ស្វានទាំងឡាយ កំពុង​កកេរ​ស៊ីក្តី ចចកទាំងឡាយកំពុង​កកេរស៊ីក្តី បាណកជាតិទាំងឡាយផ្សេងៗ កំពុង​រូងជញ្ជក់​ស៊ីក្តី។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច សម្បុរល្អ​សមរម្យណា ក្នុងកាលពីមុន សម្បុរល្អនោះ ក៏អន្តរធានបាត់ទៅ ទោសក៏​កើតប្រាកដ​ឡើង​មែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា ព្រះករុណាព្រះអង្គ។ ​ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ នេះហើយដែលហៅថា ទោសរបស់​រូប​ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយយ៉ាងទៀត ភិក្ខុគប្បីមើលបងប្អូនស្រីនោះឯង ដែលគេយក​សរីរៈ​ទៅចោលក្នុងព្រៃស្មសាន សល់នៅតែរាងឆ្អឹង ប្រកបដោយសាច់ឈាម មាន​សរសៃជាគ្រឿងចង។បេ។ សល់នៅតែរាងឆ្អឹង ឥតមានសាច់ តែនៅប្រឡាក់​ដោយ​ឈាម មានសរសៃជាគ្រឿងចង។បេ។ សល់នៅ​តែរាងឆ្អឹង មិនមាន​សាច់ និងឈាម មាន​សរសៃជាគ្រឿងចង។បេ។ សល់នៅតែរាងឆ្អឹងទទេ មិនមាន​សរសៃជាគ្រឿង​ចង​រួប​រឹត ខ្ចាត់ខ្ចាយ រាត់រាយទៅក្នុងទិសតូច និងទិសធំ គឺឆ្អឹង​ដៃទៅដោយឡែក ឆ្អឹងជើង​ទៅ​ដោយ​ឡែក ឆ្អឹងស្មងទៅដោយឡែក ឆ្អឹងភ្លៅ​ទៅដោយឡែក ឆ្អឹងចង្កេះ​ទៅដោយ​ឡែក ឆ្អឹងខ្នងទៅដោយឡែក ឆ្អឹងជំនីរទៅដោយឡែក ឆ្អឹងទ្រូងទៅដោយឡែក ឆ្អឹងដើម​ដៃ​ទៅដោយឡែក ឆ្អឹងស្មា​ទៅដោយឡែក ឆ្អឹងកទៅដោយឡែក ឆ្អឹងចង្កាទៅ​ដោយឡែក ឆ្អឹងធ្មេញទៅដោយឡែក រលាក្បាលទៅដោយឡែក។ ម្នាលភិក្ខុទាំង​ឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច សម្បុរល្អសមរម្យណា ក្នុង​កាល​ពីមុន សម្បុរល្អសមរម្យនោះ ក៏អន្តរធានបាត់ទៅ ទោសក៏​កើតឡើងប្រាកដ​មែន​ឬ។ ភិក្ខុទាំងឡាយ ក្រាបទូលថា ព្រះករុណាព្រះអង្គ។ ព្រះសយម្ភូញាណ ទ្រង់​មាន​ព្រះពុទ្ធតម្រាស់ថា ម្នាលភិក្ខុទាំងឡាយ នេះហើយដែលហៅថា ទោសរបស់​រូប​ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយយ៉ាងទៀត ភិក្ខុគប្បីមើលបងប្អូនស្រីនោះឯង ដែលគេយក​សរីរៈ​ទៅចោលក្នុងព្រៃស្មសាន សល់នៅតែរាងឆ្អឹងទទេ មានសម្បុរ​ស ប្រៀបដូចពណ៌នៃស័ង្ខ។បេ។ សល់នៅតែឆ្អឹងទទេ រោយរាយនៅជាពំនូកៗ កន្លង​ទៅ​យូរឆ្នាំហើយ។បេ។ សល់នៅតែឆ្អឹងទទេ ពុកផុយ ខ្ទេចខ្ទី ជាកំទេចតូច កំទេចធំ​ផ្សេង​ៗ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច សម្បុរល្អ​សមរម្យណា ក្នុងកាលពីមុន សម្បុរល្អនោះ ក៏អន្តរធានបាត់ទៅ ទោសក៏​កើតប្រាកដ​ឡើង​មែនឬ។ ភិក្ខុទាំងឡាយ ក្រាបទូលថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ នេះហើយដែលហៅថា ទោសរបស់​រូប​ទាំងឡាយ។

[២០៣] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាគ្រឿងរលាស់ចេញនូវរូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ឧបាយដែលជាគ្រឿង​កំចាត់បង់នូវ​ឆន្ទរាគ ការលះបង់​ឆន្ទរាគ ក្នុងរូបទាំងឡាយណា នេះឯងជាគ្រឿង​រលាស់ចេញនូវ​រូបទាំងឡាយ។

[២០៤] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយឯណានីមួយ មិនដឹងនូវតម្រេករបស់រូបទាំងឡាយ ថាជាគ្រឿង​ត្រេកផង​ មិនបានដឹងនូវទោស​របស់រូបទាំងឡាយ ថាជាទោសផង មិនបានដឹងនូវគ្រឿងរលាស់ចេញ នូវ​រូបទាំង​ឡាយ ថាជាគ្រឿងរលាស់ចេញផង តាមពិតយ៉ាងនេះ សមណៈ ឬព្រាហ្មណ៍ទាំង​នោះ​ នឹងកំណត់ដឹងនូវរូបទាំងឡាយដោយខ្លួនឯងឬ ឬក៏បុគ្គល​ប្រតិបត្តិយ៉ាងណា ទើប​នឹង​កំណត់ដឹងនូវរូបទាំងឡាយបាន និងបបួល​បុគ្គលដទៃ ដើម្បីសេចក្តីប្រតិបត្តិ​យ៉ាងនោះ ហេតុនេះ មិនជាឋានៈឡើយ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍​ណាមួយ ដឹងនូវតម្រេក របស់រូបទាំងឡាយ ថាជាគ្រឿង​ត្រេកផង​ ដឹងនូវទោស​របស់​រូបទាំងឡាយ ថាជាទោសផង ដឹងនូវគ្រឿងរលាស់ចេញ នូវ​រូបទាំង​ឡាយ ថាជា​គ្រឿង​រលាស់ចេញផង សមណៈ ឬព្រាហ្មណ៍ទាំងឡាយ​នោះ​ នឹងកំណត់​ដឹង​នូវ​រូប​ទាំងឡាយ ដោយខ្លួនឯងឬ ឬក៏បុគ្គល​ប្រតិបត្តិយ៉ាងណា ទើប​នឹង​កំណត់​ដឹង​នូវ​រូប​ទាំងឡាយបាន និងបបួលនូវ​បុគ្គលដទៃ ដើម្បីសេចក្តីប្រតិបត្តិ​យ៉ាងនោះ នេះទើប​ជា​ឋានៈ។

[២០៥] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាតម្រេក របស់វេទនាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់​ចាកអកុសលធម៌ទាំងឡាយ ក៏ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខ ដែលកើតអំពី​សេចក្តីស្ងប់ស្ងាត់​ជាអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ភិក្ខុស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌​ទាំងឡាយហើយ ក៏ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍ ក្នុងសម័យនោះ (ភិក្ខុនោះឯង) មិនបាន​គិតដើម្បីបៀតបៀនខ្លួនឯងផង មិនបានគិតដើម្បី​បៀតបៀន​បុគ្គលដទៃផង មិនបាន​គិត​ដើម្បីបៀតបៀន​បុគ្គលទាំង​២ពួក គឺខ្លួន និងបុគ្គលដទៃផង ក្នុងសម័យនោះ (ភិក្ខុនោះ) ឈ្មោះថា ទទួលនូវវេទនា មិនមានសេចក្តីព្យាបាទ (ឥតទុក្ខ) តែ​មួយ​យ៉ាង ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា តម្រេករបស់វេទនាទាំងឡាយ បំផុតត្រឹម​សេចក្តី​មិនព្យាបាទ។ ម្នាលភិក្ខុទាំងឡាយ មួយយ៉ាងទៀត ភិក្ខុចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់ ក្នុងសន្តាន មានភាវៈនៃចិត្តដ៏ប្រសើរ មិនមានវិតក្កៈ មិនមានវិចារៈទេ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ ព្រោះរម្ងាប់​នូវវិតក្កៈ និងវិចារៈ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណាដែលភិក្ខុ។បេ។ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ ក្នុងសម័យនោះ (ភិក្ខុនោះឯង) មិនបាន​គិត ដើម្បីបៀតបៀនខ្លួនឯង។បេ។ ទើប​ឈ្មោះ​ថា ទទួលនូវវេទនា មិនមានសេចក្តីព្យាបាទ តែ​មួយ​យ៉ាង ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សេចក្តីត្រេកអរ របស់វេទនាទាំងឡាយ បំផុតត្រឹម​សេចក្តី​មិន​ព្យាបាទ។ ម្នាលភិក្ខុទាំងឡាយ មួយយ៉ាងទៀត ភិក្ខុជាអ្នកមានចិត្តព្រងើយផង មានស្មារតី​តាំងមាំផង មានប្រាជ្ញាដឹងសព្វផង ទទួលនូវសេចក្តីសុខ ដោយនាម​កាយផង ព្រោះអស់ទៅនៃបីតិ ក៏បានចូលកាន់តតិយជ្ឈាន ដែលព្រះអរិយៈ​ទាំងឡាយ តែងសំដែងថា បុគ្គលដែល​បានចូលកាន់តតិយជ្ឈាន រមែងជាអ្នក​មានចិត្តព្រងើយ មានស្មារតីនៅជាសុខ។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សម័យណា ភិក្ខុ។បេ។ ព្រោះអស់ទៅនៃបីតិ ក្នុងសម័យនោះ ភិក្ខុនោះឯង មិនគិត។បេ។ ទើបឈ្មោះថា ទទួលនូវវេទនា មិនមានសេចក្តីព្យាបាទ តែ​មួយ​យ៉ាង ម្នាលភិក្ខុ​ទាំងឡាយ តថាគតពោលថា សេចក្តីត្រេកអរ របស់វេទនាទាំងឡាយ បំផុតត្រឹម​សេចក្តី​មិនព្យាបាទ។ ម្នាលភិក្ខុទាំងឡាយ មួយយ៉ាងទៀត ភិក្ខុចូលកាន់ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ មានតែសតិដ៏បរិសុទ្ធ ព្រោះឧបេក្ខា ព្រោះលះបង់​នូវសុខ​ផង លះបង់នូវទុក្ខផង ព្រោះរលត់ទៅនៃសោមនស្ស និងទោមនស្ស ក្នុងកាលមុនផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ភិក្ខុ។បេ។ ព្រោះលះបង់​នូវសុខផង ក្នុងសម័យនោះ ភិក្ខុនោះឯង មិនបាន​គិតដើម្បីបៀតបៀនខ្លួនផង មិនបានគិតដើម្បី​បៀតបៀន​បុគ្គលដទៃផង មិនបាន​គិត​ដើម្បីបៀតបៀន​បុគ្គលទាំង​២ពួក គឺខ្លួន និងបុគ្គលដទៃផង ក្នុងសម័យនោះ ភិក្ខុនោះ ឈ្មោះថា ទទួលនូវវេទនា ដែល​មិន​មាន​សេចក្តីព្យាបាទ តែ​មួយ​យ៉ាង ម្នាលភិក្ខុទាំងឡាយ តថាគតតែងពោលថា សេចក្តីត្រេកអរ របស់វេទនាទាំងឡាយ បំផុតត្រឹម​សេចក្តី​មិនព្យាបាទ។

[២០៦] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាទោស របស់វេទនាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលវេទនាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល​ទៅ​ជាធម្មតា នេះឯង ជាទោស​របស់វេទនាទាំងឡាយ។

[២០៧] ម្នាលភិក្ខុទាំងឡាយ ចុះអ្វី ជាគ្រឿងរលាស់​ចេញនូវវេទនាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ឧបាយជាគ្រឿងកំចាត់បង់ នូវឆន្ទរាគ ការលះបង់​នូវឆន្ទរាគ ក្នុង​វេទនាទាំងឡាយណា នេះឯង ជាគ្រឿងរលាស់ចេញ នូវវេទនាទាំងឡាយ។

[២០៨] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយពួកខ្លះ មិនបានដឹងនូវតម្រេករបស់វេទនាទាំងឡាយ ថាជាគ្រឿង​ត្រេកផង​ មិនបានដឹង​នូវទោស​របស់វេទនាទាំងឡាយ ថាជាទោសផង មិនបានដឹងនូវគ្រឿងរលាស់ចេញ នូវវេទនាទាំង​ឡាយ ថាជាគ្រឿងរលាស់ចេញផង យ៉ាងនេះតាមពិត សមណ​ព្រាហ្មណ៍​ទាំង​នោះ​ នឹងកំណត់ដឹងនូវវេទនាទាំងឡាយ ដោយខ្លួនឯងឬ ឬក៏បុគ្គល​ប្រតិបត្តិយ៉ាងណា ទើប​នឹង​កំណត់ដឹង នូវវេទនាទាំងឡាយបាន ទាំងបបួល​បុគ្គល​ដទៃ ដើម្បីសេចក្តីប្រតិបត្តិ​យ៉ាងនោះ នេះ មិនមែនជាឋានៈទេ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍​ទាំងឡាយណាមួយ ដឹងនូវតម្រេក របស់វេទនាទាំងឡាយ ថាជា​គ្រឿង​ត្រេកផង​ ដឹងនូវទោស​របស់​វេទនាទាំងឡាយ ថាជាទោសផង ដឹងនូវ​គ្រឿងរលាស់ចេញ នូវ​វេទនាទាំង​ឡាយ ថាជា​គ្រឿង​រលាស់ចេញផង យ៉ាងនេះតាម​ពិត ទើបសមណៈ ឬព្រាហ្មណ៍ទាំង​នោះ​ នឹងកំណត់​ដឹង​នូវវេទនា​ទាំងឡាយ ដោយ​ខ្លួន​ឯងឬ ឬក៏បុគ្គល​ប្រតិបត្តិយ៉ាងណា ទើប​នឹង​កំណត់​ដឹង​នូវ​វេទនា​ទាំងឡាយបាន ទាំងបបួលនូវ​បុគ្គលដទៃ ដើម្បីសេចក្តីប្រតិបត្តិ​យ៉ាងនោះ នេះទើប​ជា​ឋានៈ។ លុះ​ព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្ត​ត្រេក​អរ រីករាយ ចំពោះភាសិត នៃព្រះមានព្រះភាគ។

ចប់ មហាទុក្ខក្ខន្ធសូត្រ ទី៣។

 

លេខយោង

1)
អដ្ឋកថា ពន្យល់ថា ដូចគេ​រមិលមើលស្រែ ហើយរាប់ថា ក្នុងស្រែនេះ ប្រហែលជាបានស្រូវ​ប៉ុណ្ណោះ ឬរមិល​មើលដើមឈើ ហើយរាប់ស្មានថា ដើមឈើនេះ ប្រហែល​ជាមានផ្លែ​ប៉ុណ្ណោះ។
2)
អដ្ឋកថា ថា បានដល់អំពើដែលគេបកស្បែកក្បាល ហើយយកដង្កាប់ ចាប់ដុំដែក​ដែលក្តៅ ដាក់លើរលាក្បាលនោះ ខួរក្នុងក្បាលក៏ពុះឡើង។
3)
អំពើដែល​គេ​ចៀរស្បែក តាំងអំពី​បបូរមាត់ខាងលើ រហូតដល់​គំត្រចៀកទាំងពីរ រៀងមកដល់កញ្ចឹងក ហើយយកសក់រុំនឹងកំណាត់ឈើ រួចទាញកន្ត្រាក់ឲ្យរបើកស្បែក​ក្បាលចេញ ហើយយកដុំថ្មដុសខាត់រលាក្បាលឲ្យរលីង​ រួចលាងទឹក​ឲ្យស្អាត ឲ្យសល់​នៅតែឆ្អឹងរលា​ដែលសដូចជាសំបកស័ង្ខ។
4)
អដ្ឋកថា ថា អំពើដែលគេយកកង្វារដែក ថ្ពក់មាត់ឲ្យហា ហើយដុតប្រទីបក្នុងមាត់ ហើយយកពន្លាកដាប់មាត់ឲ្យរយះដល់គំត្រចៀក​ទាំងពីរ ឲ្យដូចជាមាត់រាហូ។
5)
អំពើដែលគេ​យក​កំណាត់សំពត់ ជ្រលក់ប្រេង រុំសរីរៈទាំងអស់ ហើយឈួលភ្លើង។
6)
អំពើដែលគេយកកំណាត់សំពត់ជ្រលក់​ប្រេង រុំដៃទាំងពីរ ហើយឈួលភ្លើង។
7)
អដ្ឋកថា ថាអំពើដែលគេឆូតស្បែក​ពីត្រឹម​ ក រហូតដល់កជើង ហើយយកខ្សែចងស្បែកនោះទាញពន្លាត់ចេញ រួចឲ្យ​អ្នកទោសនោះ ជាន់​ផ្ទាំង​ស្បែកឲ្យទាល់តែដួលខ្លួនចុះទៅ។
8)
អំពើដែលគេឆូតស្បែក​តាំង​ពីត្រឹមក ទុកត្រឹមចង្កេះ ឆូតពីចង្កេះ មកទុកត្រឹម​កជើង ឲ្យស្បែក​ខាងលើមកគ្រប​សរីរៈ​ខាងក្រោម ដូចជាស្លៀក​សំពត់សម្បកឈើ។
9)
អំពើដែលគេដាក់កងដែកត្រង់ដុំដៃ​ទាំងពីរ និងជង្គង់ទាំងពីរ ហើយលើកដាក់លើដែកអណ្តោត​ទាំង៤ មានសណ្ឋានដូច​ជាជើងទ្រាយ អ្នកទោសនោះ ក៏ឋិតនៅលើដែកទាំង៤ ដែលគេបោះ​ជាប់នឹង​ផែនដី។
10)
អំពើដែលគេយក​កាងបោះទៅឲ្យជាប់​សាច់ស្បែក​ និងសរសៃ ហើយទាញកន្ទ្រាក់​ឲ្យដាច់។
11)
អំពើដែលគេយកចុងកាំបិតដ៏មុត ទៅខ្វៀលយកសាច់​ ឲ្យមាន​រណ្តៅ​ប្រមាណប៉ុនកហាបណៈមួយៗ។
12)
អំពើដែលគេយកអាវុធ ទៅចិញ្ច្រាំ​សរីរៈ ហើយយកទឹកផ្សា ស្រោច​ឲ្យសាច់ស្បែក​សរសៃរលួយជ្រុះចេញអស់ទៅ នៅសល់តែរាងឆ្អឹងទទេ។
13)
អំពើដែលគេឲ្យមនុស្សដេកផ្អៀងម្ខាង ហើយយកដែកស្រួចទៅបោះប្រហោង​ត្រចៀកខាងលើឲ្យធ្លុះ រហូតដល់ប្រហោងត្រចៀកខាងក្រោម ជាប់នឹងផែនដី ហើយនាំគ្នាចាប់ជើងទាញបង្វិលជុំវិញ។
14)
អំពើដែលគេកាត់ស្បែក ហើយយកថ្មសំលៀងកាំបិត ទៅដុំបំបាក់ឆ្អឹងឲ្យខ្ទេចខ្ទី ហើយចាប់ផ្នួងសក់លើកឡើង គ្រវាត់គ្រវែងឲ្យឆ្អឹងជ្រុះចេញ ឲ្យនៅសល់ដុំសាច់តែម្យ៉ាង។
km/tipitaka/sut/mn/sut.mn.013.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann