តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មូលបណ្ណាសក » សីហនាទវគ្គ »
ព្រះពុទ្ធបានឆ្លើយសំណួរសក្យរាជមហានាមអំពីការលះបង់អស់ទៅនៃលោភៈទោសៈមោហៈ ពីក្នុងសន្តាននិងពន្យល់ពូកនិគ្រន្ថពីបាបកម្មទាំងឡាយ បានធ្វើហើយក្នុងកាលមុនមិនអាចធ្វើឲ្យសាបសូន្យទៅដោយការទទួលនូវវេទនាជាទុក្ខដ៏ខ្លាំងក្លា ក្រហល់ក្រហាយ ដែលកើតអំពីសេចក្តីព្យាយាមនោះទេ។
mn 014 បាលី cs-km: sut.mn.014 អដ្ឋកថា: sut.mn.014_att PTS: ?
(ទី៤) ចូឡទុក្ខក្ខន្ធសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៤. ចូឡទុក្ខក្ខន្ធសុត្តំ)
[២០៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលព័ស្តុ ក្នុងសក្កជនបទ។ លំដាប់នោះឯង សក្យរាជ ទ្រង់ព្រះនាមមហានាម ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះមហានាមសក្យរាជ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានដឹងច្បាស់នូវធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងអស់កាលជាយូរហើយ យ៉ាងនេះថា លោភៈ ជាគ្រឿងសៅហ្មងរបស់ចិត្ត ទោសៈ ជាគ្រឿងសៅហ្មងរបស់ចិត្ត មោហៈ ជាគ្រឿងសៅហ្មងរបស់ចិត្ត ប៉ុន្តែចួនកាល ធម៌គឺលោភៈ គ្របសង្កត់ចិត្ត របស់ខ្ញុំព្រះអង្គខ្លះ ចួនកាល ធម៌គឺទោសៈ គ្របសង្កត់ចិត្ត របស់ខ្ញុំព្រះអង្គខ្លះ ចួនកាល ធម៌គឺមោហៈ គ្របសង្កត់ចិត្ត របស់ខ្ញុំព្រះអង្គខ្លះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ទើបមានសេចក្តីត្រិះរិះយ៉ាងនេះថា ចុះធម៌អ្វីហ្ន៎ នៅខាងក្នុងសន្តាន ដែលអាត្មាអញ មិនទាន់លះបង់អស់ បានជាចួនកាល ធម៌គឺលោភៈ គ្របសង្កត់ចិត្តរបស់អាត្មាអញខ្លះ ចួនកាល ធម៌គឺទោសៈ គ្របសង្កត់ចិត្តរបស់អាត្មាអញខ្លះ ចួនកាល ធម៌គឺមោហៈ គ្របសង្កត់ចិត្តរបស់អាត្មាអញខ្លះ។
[២១០] ព្រះមានព្រះភាគត្រាស់ថា ថ្វាយព្រះពរមហានាម ធម៌គឺលោភៈ ទោសៈ មោហៈ ក្នុងសន្តាននោះឯង ដែលមហាបពិត្រ មិនទាន់លះបង់អស់ បានជាចួនកាល ធម៌គឺលោភៈ គ្របសង្កត់ចិត្តរបស់មហាបពិត្រខ្លះ ចួនកាល ធម៌គឺទោសៈ គ្របសង្កត់ចិត្តរបស់មហាបពិត្រខ្លះ ចួនកាល ធម៌គឺមោហៈ គ្របសង្កត់ចិត្តរបស់មហាបពិត្រខ្លះ។ បពិត្រមហានាម បើធម៌ក្នុងសន្តាននោះ មហាបពិត្រ បានលះបង់អស់ហើយ។ មហាបពិត្រ នឹងគប្បីលែងនៅគ្រប់គ្រងផ្ទះ នឹងគប្បីលែងបរិភោគកាមទាំងឡាយ។ បពិត្រមហានាម ធម៌ខាងក្នុងសន្តាននោះឯង មហាបពិត្រ លះបង់មិនទាន់បាន ព្រោះហេតុនោះ បានជាមហាបពិត្រនៅគ្រប់គ្រងផ្ទះ បរិភោគនូវកាមទាំងឡាយ។
[២១១] ថ្វាយព្រះពរមហានាម បើអរិយសាវ័ក បានឃើញច្បាស់ តាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះថា កាមទាំងឡាយ មានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនុ៎ះ មានច្រើនពេក។ អរិយសាវ័កនោះឯង បានវៀរចាកកាមទាំងឡាយ វៀរចាកអកុសលធម៌ទាំងឡាយហើយ តែមិនទាន់បាននូវបីតិ និងសុខ1) ឬគុណជាតដទៃដែលល្អិត2) លើសជាងបីតិ និងសុខនោះទេ កាលបើដូច្នេះ អរិយសាវ័កនោះ នឹងឈ្មោះថា មិនវិលត្រឡប់មករកកាមទាំងឡាយវិញនោះ មិនមែនឡើយ។ បពិត្រមហានាម កាលណាបើអរិយសាវ័ក បានឃើញច្បាស់ តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះថា កាមទាំងឡាយ មានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនុ៎ះ មានច្រើនក្រៃពេក។ អរិយសាវ័កនោះឯង បានវៀរចាកកាមទាំងឡាយ វៀរចាកអកុសលធម៌ទាំងឡាយ ហើយបាននូវបីតិ និងសុខ ឬគុណជាតដទៃដែលល្អិត លើសជាងបីតិ និងសុខនោះ កាលបើដូច្នេះ អរិយសាវ័កនោះ ទើបឈ្មោះថា មិនវិលត្រឡប់មករកកាមទាំងឡាយទៀតឡើយ។ បពិត្រមហានាម ប៉ុនអម្បាលតថាគត កាលនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹង ក្នុងកាលមុន អំពីកាលត្រាស់ដឹងនៅឡើយ បានឃើញច្បាស់ តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះថា កាមទាំងឡាយ មានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនុ៎ះ មានច្រើនក្រៃពេក។ តថាគតនោះ វៀរចាកកាមទាំងឡាយ វៀរចាកអកុសលធម៌ទាំងឡាយហើយ តែមិនទាន់បាននូវបីតិ និងសុខ ឬគុណជាតដទៃដែលល្អិត លើសជាងបីតិ និងសុខនោះ កាលបើដូច្នេះ តថាគតនោះ ក៏ដឹងប្រាកដថា អាត្មាអញ ត្រឡប់មករកកាមទាំងឡាយវិញ ដោយពិត។ បពិត្រមហានាម លុះកាលណាតថាគត បានឃើញច្បាស់ តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះថា កាមទាំងឡាយ មានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនុ៎ះ មានច្រើនក្រៃពេក។ តថាគតនោះឯង បានវៀរចាកកាមទាំងឡាយ វៀរចាកអកុសលធម៌ទាំងឡាយ ហើយបាននូវបីតិ និងសុខផង ឬគុណជាតដទៃដែលល្អិត លើសជាងបីតិ និងសុខនោះផង កាលបើដូច្នេះ តថាគត ដឹងច្បាស់ថា មិនវិលត្រឡប់មករកកាមទាំងឡាយវិញឡើយ។
[២១២] ថ្វាយព្រះពរមហានាម ចុះអ្វីជាតម្រេករបស់កាមទាំងឡាយ។ បពិត្រមហានាម កាមគុណទាំងនេះ មាន៥ប្រការ ចុះកាមគុណ៥ប្រការ តើអ្វីខ្លះ គឺរូបទាំងឡាយ ដែលគប្បីដឹងច្បាស់បានដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ត្រូវតាមចំណង់ ជាទីត្រេកត្រអាល១ សំឡេងទាំងឡាយ ដែលគប្បីដឹងច្បាស់បានដោយត្រចៀក…១ ក្លិនទាំងឡាយ ដែលគប្បីដឹងច្បាស់បានដោយច្រមុះ…១ រសទាំងឡាយ ដែលគប្បីដឹងច្បាស់បានដោយអណ្តាត…១ ផ្សព្វទាំងឡាយ ដែលគប្បីដឹងច្បាស់បានដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ត្រូវតាមចំណង់ ជាទីត្រេកត្រអាល១ បពិត្រមហានាម នេះឯងឈ្មោះថា កាមគុណ៥ ប្រការ។ បពិត្រមហានាម ត្រង់ដែលសេចក្តីសុខ សោមនស្ស កើតឡើងព្រោះអាស្រ័យកាមគុណទាំង៥នេះឯង ជាតំរេក របស់កាមទាំងឡាយ។
[២១៣] ថ្វាយព្រះពរមហានាម ចុះអ្វីជាទោសរបស់កាមទាំងឡាយ។ បពិត្រមហានាម កុលបុត្រក្នុងលោកនេះ ចិញ្ចឹមជីវិតដោយសេចក្តីប្រឹងប្រែង ដោយសិល្បសាស្ត្រណានីមួយ ទោះបីដោយការរាប់ម្រាមដៃទទេក្តី ដោយការរាប់លេខនព្វន្តក្តី ដោយការរាប់ប្រមូលក្តី ដោយកសិកម្មក្តី ដោយវាណិជ្ជកម្មក្តី ដោយគោរក្ខកម្មក្តី ដោយភាវៈនៃខ្លួនជាខ្មាន់ធ្នូក្តី ដោយភាវៈនៃខ្លួនជារាជបុរសក្តី ដោយសិល្បសាស្ត្រឯណានីមួយក្តី កុលបុត្រដែលអាស្រ័យនូវការចិញ្ចឹមជីវិត ដោយការរាប់ម្រាមដៃទទេ ជាដើមនោះ តែងមានត្រជាក់បៀតបៀន មានក្តៅបៀតបៀន ប៉ះពាល់ដោយសម្ផស្សនៃរបោមមូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំ ស្លាប់ខ្លួនដោយសេចក្តីស្រេកឃ្លាន បពិត្រមហានាម នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។ បពិត្រមហានាម កាលបើកុលបុត្រនោះ ប្រឹងប្រែង ខ្នះខ្នែង ខ្មីឃ្មាត យ៉ាងនេះហើយ ភោគៈទាំងនោះ ក៏មិនបានសម្រេច កុលបុត្តនោះ តែងក្រៀមក្រំចិត្ត លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្តីវង្វេងថា ឱ សេចក្តីប្រឹងប្រែងរបស់អញ អសារឥតការសោះ ឱ សេចក្តីព្យាយាមរបស់អញ ឥតផលប្រយោជន៍សោះ។ បពិត្រមហានាម នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។ បពិត្រមហានាម កាលបើកុលបុត្តនោះ ខំប្រឹងប្រែង ខ្នះខ្នែង ព្យាយាមយ៉ាងនេះហើយ ភោគៈទាំងនោះ ក៏បានសម្រេច កុលបុត្តនោះ តែងរងទុក្ខទោមនស្ស ព្រោះហេតុនៃការរក្សានូវភោគៈទាំងឡាយនោះថា ធ្វើម្តេចហ្ន៎ កុំឲ្យព្រះរាជាទាំងឡាយ នាំយកភោគៈទាំងឡាយរបស់អាត្មាអញទៅបាន កុំឲ្យចោរទាំងឡាយលួចយកទៅបាន កុំឲ្យភ្លើងឆេះបាន កុំឲ្យទឹកនាំយកទៅបាន កុំឲ្យអ្នកទទួលមត៌កទាំងឡាយ ដែលមិនជាទីស្រឡាញ់ នាំយកទៅបាន។ កាលកុលបុត្តនោះ ខំរក្សាគ្រប់គ្រងយ៉ាងនេះហើយ ក៏គង់តែព្រះរាជាទាំងឡាយ រឹបយកនូវភោគៈទាំងនោះទៅក្តី ចោរទាំងឡាយ លួចយកទៅក្តី ភ្លើងឆេះអស់ក្តី ទឹកបន្សាត់ទៅក្តី អ្នកទទួលមត៌កទាំងឡាយ មិនជាទីស្រឡាញ់ ទាមយកចំណែកទៅក្តី កុលបុត្តនោះ តែងក្រៀមក្រំចិត្ត លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្តីវង្វេងថា ទ្រព្យណាបានកើតមានហើយ ដល់អាត្មាអញ ឥឡូវនេះ ទ្រព្យនោះឯង ត្រឡប់ជាមិនមានដល់អាត្មាអញវិញឡើយ។ បពិត្រមហានាម នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។
[២១៤] ថ្វាយព្រះពរមហានាម មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត បានជាព្រះរាជាទាំងឡាយ ទាស់ទែងគ្នា នឹងព្រះរាជាទាំងឡាយខ្លះ ក្សត្រទាំងឡាយទាស់ទែងគ្នា នឹងក្សត្រទាំងឡាយខ្លះ ព្រាហ្មណ៍ទាំងឡាយ ទាស់ទែងគ្នា នឹងព្រាហ្មណ៍ទាំងឡាយខ្លះ គហបតីទាំងឡាយ ទាស់ទែងគ្នា នឹងគហបតីទាំងឡាយខ្លះ មាតាទាស់ទែងគ្នានឹងបុត្តខ្លះ បុត្រទាស់ទែងគ្នានឹងមាតាខ្លះ បិតាទាស់ទែងគ្នានឹងបុត្តខ្លះ បុត្តទាស់ទែងគ្នានឹងបិតាខ្លះ បងប្អូនប្រុសគ្នាទាស់ទែងគ្នា នឹងបងប្អូនប្រុសខ្លះ បងប្អូនប្រុសទាស់ទែងគ្នា នឹងបងប្អូនស្រីខ្លះ បងប្អូនស្រីទាស់ទែងគ្នា នឹងបងប្អូនប្រុសខ្លះ សំឡាញ់ទាស់ទែងគ្នា នឹងសំឡាញ់ខ្លះ។ ពួកមនុស្សទាំងនោះ ក៏ដល់នូវសេចក្តីឈ្លោះប្រកែក ប្រកាន់ខុស ទាស់ទែងគ្នា ក្នុងទីនោះ ហើយប្រហារគ្នានឹងគ្នា ដោយដៃខ្លះ ប្រហារគ្នាដោយដុំដីខ្លះ ប្រហារគ្នា ដោយដំបងខ្លះ ប្រហារគ្នា ដោយគ្រឿងសស្ត្រាវុធខ្លះ ពួកមនុស្សទាំងនោះ ក៏ដល់នូវសេចក្តីស្លាប់ខ្លះ ដល់នូវសេចក្តីទុក្ខ ស្ទើតែនឹងស្លាប់ខ្លះ ក្នុងទីនោះ។ បពិត្រមហានាម នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។
[២១៥] ថ្វាយព្រះពរមហានាម មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត បានជាមនុស្សទាំងឡាយ កាន់យកនូវដាវ និងខែល កាន់យកនូវធ្នូ សៀតបំពង់ព្រួញ ចូលទៅកាន់សង្គ្រាម ដែលលើកជាក្បួនទ័ព មកទាំងសងខាង កាលដែលគេបាញ់ព្រួញមកក្តី កាលដែលគេពួយលំពែងមកក្តី កាលដែលគេងាដាវឡើងក្តី ពួកមនុស្សទាំងនោះ ក៏បាញ់គ្នា ដោយព្រួញខ្លះ ចាក់គ្នា ដោយលំពែងខ្លះ កាប់ក្បាលគ្នា ដោយដាវខ្លះ ក្នុងសង្គ្រាមនោះ ពួកមនុស្សទាំងនោះ ដល់នូវសេចក្តីស្លាប់ខ្លះ ដល់នូវសេចក្តីទុក្ខ ស្ទើតែនឹងស្លាប់ខ្លះ ក្នុងសង្គ្រាមនោះ។ បពិត្រមហានាម នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។
[២១៦] ថ្វាយព្រះពរមហានាម មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត បានជាពួកមនុស្សទាំងនោះ កាន់យកនូវដាវ និងខែល កាន់ធ្នូ សៀតបំពង់ព្រួញ ចូលទៅកាន់បន្ទាយ ដែលលាបបូកដោយបាយអរ កាលដែលគេបាញ់ព្រួញមកក្តី កាលដែលគេពួយលំពែងមកក្តី កាលដែលគេងាដាវឡើងក្តី ពួកមនុស្សទាំងនោះ ក៏បាញ់គ្នាដោយព្រួញខ្លះ ចាក់គ្នាដោយលំពែងខ្លះ បាចសាចដាក់គ្នាដោយអាចម៍គោជ្រាយខ្លះ ញាំញីគ្នាដោយរនាស់ដែកខ្លះ កាប់ក្បាលគ្នាដោយដាវខ្លះ ក្នុងបន្ទាយនោះ ពួកមនុស្សទាំងនោះ ដល់នូវសេចក្តីស្លាប់ខ្លះ ដល់នូវសេចក្តីទុក្ខ ស្ទើតែនឹងស្លាប់ខ្លះ ក្នុងបន្ទាយនោះ។ បពិត្រមហានាម នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។
[២១៧] ថ្វាយព្រះពរមហានាម មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត មនុស្សទាំងឡាយ ក៏កាត់នូវជញ្ជាំងផ្ទះខ្លះ ប្លន់ខ្លះ កំហែងយកទ្រព្យក្នុងផ្ទះមួយៗខ្លះ ឈរស្កាត់ច្រកផ្លូវខ្លះ គប់រកនូវភរិយា របស់អ្នកដទៃខ្លះ ព្រះរាជាទាំងឡាយ ចាប់មនុស្សទាំងនោះបានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ទាំងឡាយ មានប្រការផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ ឲ្យវាយដោយផ្តៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ។បេ។ ធ្វើនូវជោតិមាលិកកម្ម3) គឺអំពើដែលធ្វើខ្លួនមនុស្សឲ្យដូចជាផ្កាភ្លើងខ្លះ ធ្វើនូវហត្ថប្បជ្ជោតិកកម្ម4) គឺអំពើដែលគេដុតដៃខ្លះ ធ្វើនូវឯរកវត្តិកកម្ម5) គឺអំពើដែលធ្វើដូចជាពន្លាត់ស្បែកពពែខ្លះ ធ្វើនូវចីរកវាសិកកម្ម6) គឺអំពើដែលគេធ្វើ ឲ្យដូចជាស្លៀកសំពត់សម្បកឈើខ្លះ ធ្វើនូវឯណេយ្យកកម្ម7) គឺអំពើដែលធ្វើ ឲ្យដូចជាជើងសត្វទ្រាយខ្លះ ធ្វើនូវពលិសមំសិកកម្ម8) គឺអំពើដែលគេថ្ពក់មាត់ដោយកាង ឬសន្ទូចខ្លះ ធ្វើនូវកហាបណកកម្ម9) គឺអំពើដែលគេធ្វើឲ្យខូចសរីរៈប្រមាណប៉ុនកហាបណៈខ្លះ ធ្វើនូវខារាបដិច្ឆកកម្ម10) គឺអំពើដែលគេយកទឹកផ្សា ស្រោចខ្លះ ធ្វើនូវបលិឃបរិវត្តិកកម្ម11) គឺអំពើដែលគេធ្វើ ឲ្យដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ ធ្វើនូវបលាលបីឋកកម្ម12) គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចំបើងខ្លះ ស្រោចដោយប្រេងដែលក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងារលើឈើអណ្តោតទាំងរស់ខ្លះ កាត់ក្បាលដោយដាវខ្លះ មនុស្សទាំងនោះ ក៏ដល់នូវសេចក្តីស្លាប់ខ្លះ ដល់នូវសេចក្តីទុក្ខស្ទើរតែនឹងស្លាប់ខ្លះ ក្នុងទីនោះ។ បពិត្រមហានាម នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយ មែនពិត។
[២១៨] បពិត្រមហានាម មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត បានជាជនទាំងឡាយ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត ជនទាំងឡាយនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ លុះដល់បែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏ទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក។ បពិត្រមហានាម នេះឯង ជាទោសរបស់កាមទាំងឡាយ ដែលប្រព្រឹត្តទៅក្នុងសម្បរាយិកភព ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយ មែនពិត។
[២១៩] មហាបពិត្រ មានកាលសម័យថ្ងៃមួយ តថាគត នៅឰដ៍ភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ពួកនិគ្រន្ថជាច្រើន ជាអ្នកឈរងើយលើផ្ទៃកាឡសិលា ទៀបភ្នំឥសិគិលិ ជាអ្នកឃាត់អាសនៈ តែងទទួលនូវវេទនា ជាទុក្ខដ៏ខ្លាំងក្លា ក្រហល់ក្រហាយ ដែលកើតអំពីសេចក្តីព្យាយាម។ បពិត្រមហានាម គ្រានោះឯង តថាគតក្រោកអំពីទីសម្ងំ ក្នុងវេលាល្ងាច ហើយចូលទៅឯកាឡសិលា ខាងភ្នំឥសិគិលិ សំដៅទៅត្រង់ទីដែលពួកនិគ្រន្ថនៅ លុះចូលទៅដល់ហើយ បានសួរពួកនិគ្រន្ថទាំងនោះ ដូច្នេះថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះព្រោះហេតុអ្វី បានជាអ្នកទាំងឡាយ នាំគ្នាឈរងើយ ឃាត់អាសនៈ ទទួលនូវវេទនាជាទុក្ខដ៏ខ្លាំងក្លា ក្រហល់ក្រហាយ ដែលកើតអំពីសេចក្តីព្យាយាមដូច្នេះ។ បពិត្រមហានាម កាលតថាគតសួរយ៉ាងនេះហើយ និគ្រន្ថទាំងនោះ បាននិយាយតបពាក្យនេះ នឹងតថាគតថា ម្នាលអាវុសោ និគ្រន្ថនាដបុត្រ (ជាគ្រូយើង) ជាអ្នកដឹងសព្វ ឃើញសព្វ ប្តេជ្ញានូវញាណទស្សនៈ គឺការដឹង និងការឃើញ មិនមានសេសសល់ថា អាត្មាអញ កាលដើរក្តី ឈរក្តី ដេកលក់ក្តី ភ្ញាក់ឡើងក្តី ក៏មានញាណទស្សនៈតាំងស៊ប់ជានិច្ច មិនដែលដាច់ និគ្រន្ថនាដបុត្រនោះ ពោលយ៉ាងនេះថា ម្នាលនិគ្រន្ថទាំងឡាយដ៏ចំរើន បាបកម្មដែលអ្នកទាំងឡាយ បានធ្វើហើយក្នុងកាលមុន ក៏មានដែរ អ្នកទាំងឡាយចូរញុំាងបាបកម្មនោះ ឲ្យសាបសូន្យទៅ ដោយអំពើកម្រដ៏ជាទុក្ខនេះ ក៏ការដែលអ្នកទាំងឡាយ សង្រួមដោយកាយ សង្រួមដោយវាចា សង្រួមដោយចិត្ត ក្នុងអំពើដ៏កម្រនុ៎ះ ក្នុងកាលឥឡូវនេះ នោះឈ្មោះថា មិនធ្វើនូវបាបកម្មតទៅ ព្រោះហេតុនោះ កម្មចាស់ទាំងឡាយ ដែលវិនាសទៅ ដោយសារសេចក្តីព្យាយាម ទាំងកម្មថ្មីទាំងឡាយដែលមិនបានធ្វើ ឈ្មោះថា នឹងមិនមានការជាប់តាមតទៅ ព្រោះមិនមានការជាប់តាមតទៅ ឈ្មោះថា នឹងអស់ទៅនៃកម្ម ព្រោះអស់ទៅនៃកម្ម ឈ្មោះថា នឹងអស់ទៅនៃទុក្ខ ព្រោះអស់ទៅនៃទុក្ខ ឈ្មោះថា នឹងអស់ទៅនៃវេទនា ព្រោះអស់ទៅនៃវេទនា ឈ្មោះថា ទុក្ខទាំងពួងនឹងសាបសូន្យទៅ ក៏ពាក្យនោះឯង តែងគាប់ចិត្តផង គួរផង ដល់យើងទាំងឡាយ យើងទាំងឡាយ ជាអ្នកមានចិត្តរីករាយ ដោយពាក្យនោះ។
[២២០] បពិត្រមហានាម កាលនិគ្រន្ថទាំងឡាយ ពោលយ៉ាងនេះហើយ តថាគតក៏បានសួរនិគ្រន្ថទាំងនោះ ដូច្នេះថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយដឹងថា យើងទាំងឡាយធ្លាប់កើត ក្នុងកាលមុន ឬមិនដឹងថា មិនធ្លាប់កើត ក្នុងកាលមុនទេ។ និគ្រន្ថទាំងឡាយឆ្លើយតបថា ម្នាលអាវុសោ ដំណើរនេះ យើងខ្ញុំមិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងថា យើងទាំងឡាយ បានធ្វើនូវបាបកម្ម ក្នុងកាលមុន ឬមិនដឹងថា មិនបានធ្វើនូវបាបកម្មក្នុងកាលមុនទេ។ ម្នាលអាវុសោ ដំណើរនេះ យើងខ្ញុំមិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងថា យើងទាំងឡាយ បានធ្វើនូវបាបកម្ម មានសភាពយ៉ាងនេះខ្លះ យ៉ាងនោះខ្លះ ដូច្នេះដែរឬ។ ម្នាលអាវុសោ ដំណើរនេះ យើងខ្ញុំមិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងថា ទុក្ខមានប្រមាណប៉ុណ្ណេះ សាបសូន្យហើយឬ ទុក្ខមានប្រមាណប៉ុណ្ណេះ គប្បីសាបសូន្យទៅឬ កាលបើទុក្ខមានប្រមាណប៉ុណ្ណេះសាបសូន្យហើយ ទុក្ខទាំងអស់ នឹងសាបសូន្យទៅ ដូច្នេះដែរឬ។ ម្នាលអាវុសោ ដំណើរនេះ យើងខ្ញុំមិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងថា ក្នុងសាសនារបស់ពួកអ្នក មានការលះបង់នូវធម៌ទាំងឡាយជាអកុសល ញុំាងធម៌ទាំងឡាយ ជាកុសល ឲ្យកើតឡើងក្នុងបច្ចុប្បន្ននេះ ដូច្នេះដែរឬ។ ម្នាលអាវុសោ ដំណើរនេះ យើងមិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ បានឮថា អ្នកទាំងឡាយ មិនដឹងថា យើងទាំងឡាយ ធ្លាប់កើតក្នុងកាលមុន មិនមែនថា មិនធ្លាប់កើតដូច្នេះទេ មិនដឹងថា យើងទាំងឡាយ បានធ្វើនូវបាបកម្ម ក្នុងកាលមុន មិនមែនថាមិនបានធ្វើដូច្នេះទេ មិនដឹងថា យើងទាំងឡាយបានធ្វើបាបកម្ម មានសភាពយ៉ាងនេះខ្លះ យ៉ាងនោះខ្លះ ដូច្នេះទេ មិនបានដឹងថា ទុក្ខមានប្រមាណប៉ុណ្ណេះសាបសូន្យហើយ ឬទុក្ខមានប្រមាណប៉ុណ្ណេះ គប្បីសាបសូន្យទៅ ឬក៏កាលបើទុក្ខ មានប្រមាណប៉ុណ្ណេះសាបសូន្យទៅហើយ ទុក្ខទាំងអស់ក៏នឹងសាបសូន្យទៅដូច្នេះទេ មិនបានដឹងថា ក្នុងសាសនារបស់ពួកអ្នក មានការលះបង់នូវធម៌ទាំងឡាយ ជាអកុសល ញុំាងធម៌ទាំងឡាយជាកុសលឲ្យកើតឡើង ក្នុងបច្ចុប្បន្ននេះ ដូច្នេះទេ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ កាលបើយ៉ាងនេះ មានតែជនទាំងឡាយណាក្នុងលោក ដែលជាអ្នកមានមារយាទអាក្រក់ មានដៃប្រឡាក់ដោយឈាម មានការងារអាក្រក់ ជនទាំងនោះ លុះបានកើតមកជាមនុស្សក្នុងកាលជាខាងក្រោយ ក៏បួសក្នុងពួកនិគ្រន្ថទៀតឬអ្វី។ ពួកនិគ្រន្ថឆ្លើយតបថា អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីសុខតែម្យ៉ាងក៏ទេ អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីទុក្ខក៏មាន អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីសុខក៏មាន ដូចព្រះបាទមាគធសេនិយពិម្ពិសាររាជ ទ្រង់សោយនូវសេចក្តីសុខ ព្រះបាទមាគធសេនិយពិម្ពិសាររាជ ទ្រង់គង់នៅជាសុខ លើសលុបជាងព្រះគោតមដ៏មានអាយុ។ តថាគតតបថា ពួកនិគ្រន្ថដ៏មានអាយុ មិនបានពិចារណា ហើយស្រាប់តែពោលវាចាដោយរហ័សថា អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីសុខតែម្យ៉ាងក៏ទេ បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីទុក្ខក៏មាន អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីសុខក៏មាន ដូចព្រះបាទមាគធសេនិយពិម្ពិសាររាជ ទ្រង់សោយនូវសេចក្តីសុខ ព្រះបាទមាគធសេនិយពិម្ពិសាររាជ ទ្រង់គង់នៅជាសុខ លើសលុបជាងព្រះគោតមដ៏មានអាយុ ដូច្នេះ ចំណែកខាងតថាគតឯង គង់មានគេសាកសួរ ក្នុងដំណើរនុ៎ះថា បណ្តាអ្នកដ៏មានអាយុទាំងឡាយ ចុះព្រះបាទមាគធសេនិយពិម្ពិសាររាជ និង ព្រះគោតមដ៏មានអាយុ នរណានៅជាសុខជាង។ ពួកនិគ្រន្ថឆ្លើយតបថា អាវុសោគោតម ពួកយើងខ្ញុំ ពិតជាមិនបានពិចារណា ហើយស្រាប់តែពោលវាចាដោយរហ័សថា អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីសុខតែម្យ៉ាងក៏ទេ បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីទុក្ខក៏មាន អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តីសុខក៏មាន ដូចព្រះបាទមាគធសេនិយពិម្ពិសាររាជ ទ្រង់សោយនូវសេចក្តីសុខ ព្រះបាទមាគធសេនិយពិម្ពិសាររាជ ទ្រង់គង់នៅជាសុខ លើសលុបជាងព្រះគោតមដ៏មានអាយុ ដូច្នេះមែនហើយ តែថា ដំណើរនុ៎ះ ចូរលើកទុកសិនចុះ ឥឡូវនេះ ពួកខ្ញុំនឹងសូមសួរព្រះគោតមដ៏មានអាយុថា បណ្តាអ្នកដ៏មានអាយុទាំងឡាយ ចុះព្រះបាទមាគធសេនិយពិម្ពិសារាជ និងព្រះគោតមដ៏មានអាយុ នរណានៅជាសុខជាង។ តថាគតឆ្លើយថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ បើដូច្នោះ តថាគត នឹងត្រឡប់សួរអ្នកទាំងឡាយក្នុងរឿងនោះវិញ អ្នកទាំងឡាយ ចូលចិត្តយ៉ាងណា គប្បីព្យាកររឿងនោះ យ៉ាងនោះចុះ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយសំគាល់សេចក្តីនោះ ថាដូចម្តេច ព្រះបាទមាគធសេនិយពិម្ពិសាររាជ ទ្រង់អាចមិនកំរើកព្រះកាយ មិនពោលព្រះវាចា ប្រថាប់នៅ សោយសេចក្តីសុខតែម្យ៉ាង អស់៧យប់ ៧ថ្ងៃបានឬទេ។ ពួកនិគ្រន្ថតបថា ម្នាលអាវុសោ មិនបានទេ។ តថាគតសួរថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច ព្រះបាទមាគធសេនិយពិម្ពិសាររាជ ទ្រង់មិនអាចកំរើកព្រះកាយ មិនពោលព្រះវាចា ប្រថាប់នៅ សោយចំពោះនូវសេចក្តីសុខតែម្យ៉ាង អស់៦យប់ ៦ថ្ងៃ… អស់៥យប់ ៥ថ្ងៃ… អស់៤យប់ ៤ថ្ងៃ.. អស់៣យប់ ៣ថ្ងៃ… អស់២យប់ ២ថ្ងៃ.. អស់១យប់ ១ថ្ងៃ បានឬទេ។ ពួកនិគ្រន្ថឆ្លើយតបថា ម្នាលអាវុសោ មិនបានទេ។ តថាគតពោលថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ តថាគតហ្នឹងឯង ទើបអាចមិនកំរើកកាយ មិនពោលវាចា សោយចំពោះនូវសេចក្តីសុខ អស់១យប់ ១ថ្ងៃបាន។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ តថាគតហ្នឹងឯង ទើបអាចមិនកំរើកកាយ មិនពោលវាចា សោយចំពោះនូវសេចក្តីសុខ អស់២យប់ ២ថ្ងៃ.. អស់៣យប់ ៣ថ្ងៃ… អស់៤យប់ ៤ថ្ងៃ… អស់៥យប់ ៥ថ្ងៃ… អស់៦យប់ ៦ថ្ងៃ.. អស់៧យប់ ៧ថ្ងៃបាន។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច កាលបើហេតុយ៉ាងនេះមានហើយ ព្រះបាទមាគធសេនិយពិម្ពិសាររាជ និងតថាគត នរណានៅជាសុខជាង។ ពួកនិគ្រន្ថទាំងឡាយឆ្លើយតបថា កាលបើហេតុយ៉ាងនេះមានហើយ ព្រះគោតមដ៏មានអាយុ ព្រះអង្គតែងគង់នៅជាសុខ លើសលុបជាព្រះបាទមាគធសេនិយពិម្ពិសាររាជ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់នូវព្រះសូត្រនេះចប់ហើយ មហានាមសក្យរាជ ក៏មានព្រះហឫទ័យទទួលអំណរ ត្រេកអរចំពោះភាសិតនៃព្រះមានព្រះភាគ។
ចប់ ចូឡទុក្ខក្ខន្ធសូត្រ ទី៤ តែប៉ុណ្ណេះ។