តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មូលបណ្ណាសក » សីហនាទវគ្គ »
ព្រះមោគ្គល្លានបានរៀបរាប់អំពី៖ធម៏១៦យ៉ាងដែលធ្វើអោយជាអ្នកប្រដៅក្រ ជាអ្នកប្រដៅងាយ គយគន់មើលខ្លួនដោយខ្លួនឯងនិងពិចារណាខ្លួនដោយខ្លួនឯង។
mn 015 បាលី cs-km: sut.mn.015 អដ្ឋកថា: sut.mn.015_att PTS: ?
(ទី៥) អនុមានសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៥. អនុមានសុត្តំ)
[២២១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមហាមោគ្គល្លានដ៏មានអាយុ នៅក្នុងភេសកឡាវ័ន ជាទីឲ្យនូវអភ័យ ដល់ពួកសត្វម្រឹគ ជិតក្រុងសុំសុមារគិរៈ ក្នុងភគ្គជនបទ។ លំដាប់នោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ ហៅភិក្ខុទាំងឡាយ ដែលនៅក្នុងទីនោះឯងថា ម្នាលភិក្ខុទាំងឡាយដ៏មានអាយុ។ ភិក្ខុទាំងនោះ បានទទួលតបពាក្យព្រះមហាមោគ្គល្លានដ៏មានអាយុថា ព្រះករុណា។
[២២២] ព្រះមហាមោគ្គល្លានដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ បើភិក្ខុបវារណាថា សូមលោកដ៏មានអាយុទាំងឡាយ ប្រៀនប្រដៅខ្ញុំចុះ ខ្ញុំជាបុគ្គលដែលលោកដ៏មានអាយុទាំងឡាយ គួរស្តីថាបានដូច្នេះ តែភិក្ខុនោះ ទៅជាអ្នកដែលគេប្រដៅបានដោយក្រ ប្រកបដោយធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ ជាអ្នកមិនចេះអត់ធន់ ជាអ្នកមិនកាន់យកនូវពាក្យប្រដៅ ដោយចំណែកខាងស្តាំ កាលបើដូច្នោះ សព្រហ្មចារីបុគ្គលទាំងឡាយ តែងសំគាល់នូវភិក្ខុនោះថា ជាអ្នកមិនគួរស្តីថាផង សំគាល់ថា មិនគួរប្រៀនប្រដៅផង សំគាល់ថា មិនគួរដល់នូវសេចក្តីស្និទ្ធស្នាលក្នុងបុគ្គលនោះផង។ ម្នាលអាវុសោទាំងឡាយ ចុះធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ តើដូចម្តេចខ្លះ។ ម្នាលអាវុសោទាំងឡាយ (ធម៌ដែលធ្វើឲ្យជាអ្នក ប្រដៅក្រ នោះ មាន១៦យ៉ាងគឺ) ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាចនៃសេចក្តីប្រាថ្នាលាមក ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមក នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកលើកខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកលើកខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកក្រោធ ជាអ្នកមានសេចក្តីក្រោធ គ្របសង្កត់ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកក្រោធ ជាអ្នកមានសេចក្តីក្រោធគ្របសង្កត់ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកក្រោធ ជាអ្នកចងគំនុំ ព្រោះសេចក្តីក្រោធជាហេតុ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកក្រោធ ជាអ្នកចងគំនុំ ព្រោះសេចក្តីក្រោធជាហេតុ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកក្រោធ ជាអ្នកជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកក្រោធ ជាអ្នកជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកក្រោធ ជាអ្នកបញ្ចេញវាចាជិតសេចក្តីក្រោធ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកក្រោធ ជាអ្នកបញ្ចេញវាចាជិតសេចក្តីក្រោធ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏ខឹងតបត នឹងភិក្ខុអ្នកចោទវិញ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏ខឹងតបត នឹងភិក្ខុអ្នកចោទវិញ នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏បណ្តេញភិក្ខុអ្នកចោទវិញ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏បណ្តេញភិក្ខុអ្នកចោទវិញ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ និយាយគ្របសង្កត់ភិក្ខុអ្នកចោទវិញ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏និយាយគ្របសង្កត់ភិក្ខុអ្នកចោទវិញ នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏និយាយបន្លែបន្លប់ នូវភិក្ខុអ្នកចោទ ដោយហេតុដទៃ ឬពាក្យផ្សេងៗ និយាយគេចកែ ដោយសំដីខាងក្រៅ ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏និយាយបន្លែបន្លប់ នូវភិក្ខុអ្នកចោទ ដោយហេតុដទៃ ឬពាក្យផ្សេងៗ និយាយគេចកែ ដោយសំដីខាងក្រៅ ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ មិនឆ្លើយ ក្នុងដំណើររបស់ខ្លួន ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏មិនឆ្លើយ ក្នុងដំណើររបស់ខ្លួន នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកលុបគុណគេ ជាអ្នកប្រឡងវាសនា ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកលុបគុណគេ ជាអ្នកប្រឡងវាសនា នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកច្រណែន ជាអ្នកកំណាញ់ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុជាអ្នកច្រណែន ជាអ្នកកំណាញ់ នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកអួតអាង ជាអ្នកមានពុតមាយា ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុជាអ្នកអួតអាង ជាអ្នកមានពុតមាយា នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នករឹងរូស ជាអ្នកមើលងាយគេ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុជាអ្នករឹងរូស ជាអ្នកមើលងាយគេ នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រកាន់តាមតែសេចក្តីយល់ឃើញរបស់ខ្លួន ជាអ្នកប្រកាន់មាំ លះបង់ទិដ្ឋិបានដោយក្រ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកប្រកាន់តាមតែសេចក្តីយល់ឃើញរបស់ខ្លួន ជាអ្នកប្រកាន់មាំ លះបង់ទិដ្ឋិបានដោយក្រ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ ធម៌ទាំង (១៦) នេះ ព្រះមានព្រះភាគ ត្រាស់ហៅថា ទោវចស្សករណធម៌ គឺធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ។
[២២៣] ម្នាលអាវុសោទាំងឡាយ បើភិក្ខុមិនបានបវារណាថា សូមលោកដ៏មានអាយុទាំងឡាយ ប្រៀនប្រដៅខ្ញុំចុះ ខ្ញុំជាបុគ្គលគួរលោកដ៏មានអាយុទាំងឡាយ ស្តីថាបាន ដូច្នេះទេ តែភិក្ខុនោះឯង ជាអ្នកប្រដៅងាយ ជាអ្នកប្រកបដោយធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅងាយ ជាអ្នកចេះអត់ធន់ កាន់យកនូវពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ កាលបើដូច្នេះ សព្រហ្មចារីបុគ្គលទាំងឡាយ តែងសំគាល់ភិក្ខុនោះថា ជាអ្នកគួរស្តីថាផង សំគាល់ថា គួរប្រៀនប្រដៅផង សំគាល់ថា គួរដល់នូវសេចក្តីស្និទ្ធស្នាល ក្នុងបុគ្គលនោះផង។ ម្នាលអាវុសោទាំងឡាយ ចុះធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ (ធម៌ដែលធ្វើឲ្យជាអ្នក ប្រដៅងាយ មាន១៦) គឺ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រាថ្នាលាមក មិនលុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមក ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមិនមានសេចក្តីប្រាថ្នាលាមក មិនលុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមក នេះឯងជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនលើកខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមិនលើកខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាមិនអ្នកក្រោធ មិនមានសេចក្តីក្រោធ គ្របសង្កត់ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមិនក្រោធ មិនមានសេចក្តីក្រោធគ្របសង្កត់ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាមិនអ្នកក្រោធ មិនចងគំនុំទុក ព្រោះសេចក្តីក្រោធជាហេតុ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមិនក្រោធ មិនចងគំនុំទុក ព្រោះសេចក្តីក្រោធជាហេតុ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនក្រោធ មិនជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមិនក្រោធ មិនជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនក្រោធ មិនបញ្ចេញវាចាជិតសេចក្តីក្រោធ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមិនក្រោធ មិនបញ្ចេញវាចាជិតសេចក្តីក្រោធ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏មិនខឹងតបត នឹងភិក្ខុអ្នកចោទវិញ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ តែមិនខឹងតបត នឹងភិក្ខុអ្នកចោទវិញ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏មិនបណ្តេញភិក្ខុអ្នកចោទ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ត្រូវភិក្ខុអ្នកចោទ ចោទហើយ តែមិនបណ្តេញភិក្ខុអ្នកចោទ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏មិននិយាយគ្របសង្កត់ភិក្ខុអ្នកចោទ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ត្រូវភិក្ខុអ្នកចោទ ចោទហើយ តែមិននិយាយគ្របសង្កត់ភិក្ខុអ្នកចោទ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏មិននិយាយបន្លែបន្លប់ នូវភិក្ខុអ្នកចោទ ដោយហេតុដទៃ ឬហេតុផ្សេងៗ មិននិយាយគេចកែ ដោយសំដីខាងក្រៅ មិនធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុត្រូវភិក្ខុអ្នកចោទ ចោទហើយ តែមិននិយាយបន្លែបន្លប់ នូវភិក្ខុអ្នកចោទ ដោយហេតុដទៃ ឬពាក្យផ្សេងៗ មិននិយាយគេចកែដោយសំដីខាងក្រៅ មិនធ្វើនូវសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្តឲ្យប្រាកដឡើង នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏ឆ្លើយមិនទាល់ ក្នុងដំណើររបស់ខ្លួន ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏ឆ្លើយមិនទាល់ ក្នុងដំណើររបស់ខ្លួន នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនលុបគុណគេ មិនប្រឡងវាសនា ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុជាអ្នកមិនលុបគុណគេ មិនប្រឡងវាសនា នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនច្រណែន មិនកំណាញ់ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុជាអ្នកមិនច្រណែន មិនកំណាញ់ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនអួតអាង មិនមានពុតមាយា ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុជាអ្នកមិនអួតអាង មិនមានពុតមាយា នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនរឹងរូស មិនមើលងាយគេ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុជាអ្នកមិនរឹងរូស មិនមើលងាយគេ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនប្រកាន់យកតាមតែសេចក្តីយល់ឃើញរបស់ខ្លួន មិនប្រកាន់មាំ លះបង់ទិដ្ឋិបានដោយងាយ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមិនប្រកាន់យកតាមតែសេចក្តីយល់ឃើញរបស់ខ្លួន មិនប្រកាន់មាំ លះបង់ទិដ្ឋិបានដោយងាយ នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ ធម៌ទាំង (១៦) ប្រការនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា សោវចស្សករណធម៌ គឺធម៌ជាទីធ្វើឲ្យជាអ្នកប្រដៅងាយ។
[២២៤] ម្នាលអាវុសោទាំងឡាយ ភិក្ខុគួរពិចារណាខ្លួនដោយខ្លួនឯង ក្នុងធម៌ទាំងឡាយ១៦នោះ យ៉ាងនេះថា បុគ្គលណា ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមក បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមកវិញ អាត្មាអញនឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ គប្បីញុំាងចិត្ត ឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នកមានសេចក្តីប្រាថ្នាលាមក មិនត្រូវលុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមកឡើយ។ បុគ្គលណា ជាអ្នកលើកខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកលើកខ្លួនឯង បន្តុះបង្អាប់អ្នកដទៃវិញ អាត្មាអញនឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ គប្បីញុំាងចិត្ត ឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នកលើកខ្លួនឯង មិនត្រូវបន្តុះបង្អាប់អ្នកដទៃឡើយ។ បុគ្គលណា ជាអ្នកក្រោធ ជាអ្នកមានសេចក្តីក្រោធគ្របសង្កត់ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកក្រោធ ជាអ្នកមានសេចក្តីក្រោធគ្របសង្កត់វិញ អាត្មាអញនឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ គប្បីញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នកក្រោធ មិនត្រូវជាអ្នកមានសេចក្តីក្រោធគ្របសង្កត់បានឡើយ។ បុគ្គលណា ជាអ្នកក្រោធ ជាអ្នកចងគំនុំ ព្រោះសេចក្តីក្រោធជាហេតុ បុគ្គលនោះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកក្រោធ ជាអ្នកចងគំនុំ ព្រោះសេចក្តីក្រោធជាហេតុវិញ អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ គប្បីញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នកក្រោធ មិនត្រូវចងគំនុំ ព្រោះសេចក្តីក្រោធជាហេតុឡើយ។ បុគ្គលណា ជាអ្នកក្រោធ ជាអ្នកជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកក្រោធ ជាអ្នកជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុវិញ អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ គប្បីញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នកក្រោធ មិនត្រូវជាអ្នកជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុឡើយ។ បុគ្គលណា ជាអ្នកក្រោធ បញ្ចេញវាចាជិតសេចក្តីក្រោធ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកក្រោធ បញ្ចេញវាចាជិតសេចក្តីក្រោធវិញ អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ គប្បីញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នកក្រោធ មិនត្រូវជាអ្នកបញ្ចេញវាចា ជិតសេចក្តីក្រោធឡើយ។ បុគ្គលណា ដែលត្រូវអ្នកចោទ ចោទហើយ ក៏ខឹងតបត ទៅនឹងអ្នកចោទវិញ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ត្រូវអ្នកចោទ ចោទហើយ ក៏ខឹងតបតទៅនឹងអ្នកចោទវិញ អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ បើត្រូវអ្នកចោទ ចោទហើយ នឹងមិនខឹងតបត ទៅនឹងអ្នកចោទវិញឡើយ។ បុគ្គលណា ដែលត្រូវអ្នកចោទ ចោទហើយ ក៏បណ្តេញអ្នកចោទ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ដែលត្រូវអ្នកចោទ ចោទហើយ នឹងបណ្តេញអ្នកចោទវិញ អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ បើត្រូវអ្នកចោទ ចោទហើយ នឹងមិនបណ្តេញអ្នកចោទវិញឡើយ។ បុគ្គលណា ដែលត្រូវអ្នកចោទ ចោទហើយ ក៏និយាយគ្របសង្កត់ដល់អ្នកចោទវិញ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ដែលត្រូវអ្នកចោទ ចោទហើយ នឹងនិយាយគ្របសង្កត់ ដល់អ្នកចោទវិញ អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ បើត្រូវអ្នកចោទ ចោទហើយ នឹងមិននិយាយគ្របសង្កត់ ដល់អ្នកចោទវិញឡើយ។ បុគ្គលណា ដែលត្រូវអ្នកចោទ ចោទហើយ ក៏និយាយបន្លែបន្លប់នូវអ្នកចោទ ដោយហេតុដទៃ ឬពាក្យផ្សេងៗ និយាយគេចកែដោយសំដីខាងក្រៅ ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យកើតប្រាកដឡើង បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ដែលត្រូវអ្នកចោទ ចោទហើយ នឹងនិយាយបន្លែបន្លប់នូវអ្នកចោទ ដោយហេតុដទៃ ឬពាក្យផ្សេងៗ និងនិយាយគេចកែ ដោយសំដីខាងក្រៅ និងធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ បើត្រូវអ្នកចោទ ចោទហើយ នឹងមិននិយាយបន្លែបន្លប់នូវអ្នកចោទ ដោយហេតុដទៃ ឬពាក្យផ្សេងៗ និងមិននិយាយគេចកែ ដោយសំដីខាងក្រៅ និងមិនធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើងឡើយ។ បុគ្គលណា ដែលត្រូវអ្នកចោទ ចោទហើយ ក៏មិនឆ្លើយ ក្នុងដំណើររបស់ខ្លួន បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ដែលត្រូវអ្នកចោទ ចោទហើយ នឹងមិនឆ្លើយ ក្នុងដំណើររបស់ខ្លួន អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ បើត្រូវអ្នកចោទ ចោទហើយ នឹងត្រូវតែឆ្លើយក្នុងដំណើររបស់ខ្លួន។ បុគ្គលណា ជាអ្នកលុបគុណគេ ជាអ្នកប្រឡងវាសនា បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកលុបគុណគេ ជាអ្នកប្រឡងវាសនា អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នកលុបគុណគេ មិនត្រូវជាអ្នកប្រឡងវាសនាឡើយ។ បុគ្គលណា ជាអ្នកច្រណែន មានសេចក្តីកំណាញ់ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកច្រណែន មានសេចក្តីកំណាញ់ អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នកច្រណែន មិនត្រូវមានសេចក្តីកំណាញ់ឡើយ។ បុគ្គលណា ជាអ្នកអួតអាង ជាអ្នកមានពុតមាយា បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកអួតអាង ជាអ្នកមានពុតមាយា អាត្មាអញហ្នឹងឯង មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នកអួតអាង មិនត្រូវជាអ្នកមានពុតមាយាឡើយ។ បុគ្គលណា ជាអ្នករឹងរូស ជាអ្នកមើលងាយគេ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នករឹងរូស ជាអ្នកមើលងាយគេ អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នករឹងរូស មិនត្រូវជាអ្នកមើលងាយគេឡើយ។ បុគ្គលណា ជាអ្នកប្រកាន់តាមតែសេចក្តីយល់ឃើញរបស់ខ្លួនឯង ជាអ្នកប្រកាន់មាំ លះបង់ទិដ្ឋិបានដោយក្រ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកប្រកាន់តាមតែសេចក្តីយល់ឃើញរបស់ខ្លួនឯង ជាអ្នកប្រកាន់មាំ លះបង់ទិដ្ឋិបានដោយក្រវិញ អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នកប្រកាន់តាមតែសេចក្តីយល់ឃើញរបស់ខ្លួនឯងឡើយ មិនត្រូវជាអ្នកប្រកាន់មាំ ត្រូវជាអ្នកលះបង់ទិដ្ឋិបានដោយងាយវិញ។
[២២៥] ម្នាលអាវុសោទាំងឡាយ ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង ក្នុងធម៌ទាំង១៦នោះ យ៉ាងនេះថា អាត្មាអញ ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមកឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះថា អាត្មាអញ ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមក ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះថា អាត្មាអញ មិនជាអ្នកមានសេចក្តីប្រាថ្នាលាមក មិនលុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមកទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់ និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ជាអ្នកលើកខ្លួនឯង បន្តុះបង្អាប់អ្នកដទៃឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ជាអ្នកលើកខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះថា អាត្មាអញ មិនជាអ្នកលើកខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃទេ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់ និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ជាអ្នកក្រោធ ជាអ្នកមានសេចក្តីក្រោធគ្របសង្កត់ឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះថា អាត្មាអញ ជាអ្នកក្រោធ ជាអ្នកមានសេចក្តីក្រោធគ្របសង្កត់ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះវិញថា អាត្មាអញ មិនជាអ្នកក្រោធ ជាអ្នកមិនមានសេចក្តីក្រោធគ្របសង្កត់ទេ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់ និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែម្យ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ជាអ្នកក្រោធ ជាអ្នកចងគំនុំ ព្រោះសេចក្តីក្រោធជាហេតុឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ជាអ្នកក្រោធ ជាអ្នកចងគំនុំ ព្រោះសេចក្តីក្រោធជាហេតុ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវព្យាយាមលះបង់នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះវិញថា អាត្មាអញ មិនជាអ្នកក្រោធ ជាអ្នកមិនចងគំនុំ ព្រោះសេចក្តីក្រោធជាហេតុទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់ និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ជាអ្នកក្រោធ ជាអ្នកជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយ ដឹងយ៉ាងនេះថា អាត្មាអញ ជាអ្នកក្រោធ ជាអ្នកជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះវិញថា អាត្មាអញ ជាអ្នកមិនក្រោធ ជាអ្នកមិនជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់ និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ជាអ្នកក្រោធ ជាអ្នកបញ្ចេញវាចាជិតសេចក្តីក្រោធឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយ ដឹងយ៉ាងនេះថា អាត្មាអញ ជាអ្នកក្រោធ ជាអ្នកបញ្ចេញវាចាជិតសេចក្តីក្រោធ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះថា អាត្មាអញ ជាអ្នកមិនក្រោធ ជាអ្នកមិនបញ្ចេញវាចាជិតសេចក្តីក្រោធទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ តែងខឹងតបនឹងអ្នកចោទវិញឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ តែងខឹងតបត នឹងអ្នកចោទវិញ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ តែងមិនខឹងតបត នឹងអ្នកចោទវិញទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់ និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ តែងបណ្តេញអ្នកចោទវិញឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ តែងបណ្តេញអ្នកចោទវិញ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ តែងមិនបណ្តេញអ្នកចោទវិញទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់ និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញដែលត្រូវអ្នកចោទ គេចោទហើយ តែងនិយាយគ្របសង្កត់អ្នកចោទវិញឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ តែងនិយាយគ្របសង្កត់អ្នកចោទវិញ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គប្បីព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះវិញថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ មិននិយាយគ្របសង្កត់អ្នកចោទវិញទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គប្បីសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់ និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ តែងនិយាយបន្លែបន្លប់អ្នកចោទ ដោយហេតុដទៃ ឬពាក្យផ្សេងៗ និយាយគេចកែ ដោយសំដីខាងក្រៅ ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើងដែរឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ តែងនិយាយបន្លែបន្លប់ ដោយហេតុដទៃ ឬពាក្យផ្សេងៗ និយាយគេចកែ ដោយសំដីខាងក្រៅ ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង ដូច្នេះ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គប្បីព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ បើកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះវិញថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ តែងមិននិយាយបន្លែបន្លប់អ្នកចោទ ដោយហេតុដទៃ ឬពាក្យផ្សេងៗ មិននិយាយគេចកែ ដោយសំដីខាងក្រៅ មិនធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើងទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គប្បីសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ដែលត្រូវអ្នកចោទ ចោទហើយ តែងមិនឆ្លើយ ក្នុងដំណើររបស់ខ្លួនឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ តែងមិនឆ្លើយ ក្នុងដំណើររបស់ខ្លួនទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គប្បីព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះវិញថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ តែងឆ្លើយក្នុងដំណើររបស់ខ្លួន ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញជាអ្នកលុបគុណគេ ជាអ្នកប្រឡងវាសនាឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ជាអ្នកលុបគុណគេ ជាអ្នកប្រឡងវាសនា ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះវិញថា អាត្មាអញ មិនជាអ្នកលុបគុណគេ ជាអ្នកមិនប្រឡងវាសនាទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ជាអ្នកច្រណែន ជាអ្នកមានសេចក្តីកំណាញ់ឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ជាអ្នកច្រណែន ជាអ្នកមានសេចក្តីកំណាញ់ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះវិញថា អាត្មាអញ មិនជាអ្នកច្រណែន មិនជាអ្នកមានសេចក្តីកំណាញ់ទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ជាអ្នកអួតអាង ជាអ្នកមានពុតមាយាឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ជាអ្នកអួតអាង ជាអ្នកមានពុតមាយា ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះវិញថា អាត្មាអញ មិនជាអ្នកអួតអាង មិនជាអ្នកមានពុតមាយាទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់ និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ជាអ្នករឹងរូស ជាអ្នកមើលងាយគេឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ជាអ្នករឹងរូស ជាអ្នកមើលងាយគេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែកាលបើភិក្ខុ ពិចារណាហើយ ដឹងយ៉ាងនេះវិញថា អាត្មាអញ មិនជាអ្នករឹងរូស មិនជាអ្នកមើលងាយគេទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ជាអ្នកប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួនឯង ជាអ្នកប្រកាន់មាំ លះបង់ទិដ្ឋិបានដោយក្រឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ជាអ្នកប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួនឯង ជាអ្នកប្រកាន់មាំ លះបង់ទិដ្ឋិបានដោយក្រ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះថា អាត្មាអញ មិនជាអ្នកប្រកាន់តាមសេចក្តីយល់ឃើញ របស់ខ្លួនឯង មិនជាអ្នកប្រកាន់មាំ ជាអ្នកលះបង់ទិដ្ឋិបានដោយងាយ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ បើភិក្ខុពិចារណាហើយ ឃើញច្បាស់ នូវអកុសលធម៌ ដ៏លាមកទាំងអស់នេះក្នុងខ្លួន ដែលខ្លួនមិនទាន់លះបង់បាន ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងអស់នេះចេញ។ ម្នាលអាវុសោទាំងឡាយ បើភិក្ខុពិចារណាហើយ ឃើញច្បាស់ នូវអកុសលធម៌ ដ៏លាមកទាំងអស់នេះក្នុងខ្លួន ដែលខ្លួនលះបង់បានហើយ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់ និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ ដូចជាស្រី ឬប្រុស ដែលនៅក្មេងជំទង់ ប្រកបដោយជាតិ ជាអ្នកស្អិតស្អាង កាលឆ្លុះមើលស្រមោលមុខ របស់ខ្លួន ក្នុងកញ្ចក់ដ៏ស្អាតផូរផង់ ឬក្នុងភាជន៍ទឹកដ៏ថ្លា បើឃើញធូលី ឬមុន ត្រង់មុខនោះ តែងព្យាយាមជម្រះធូលី ឬមុន នោះចេញ បើមិនឃើញធូលី ឬមុន នោះទេ រមែងជាអ្នកមានចិត្តត្រេកអរ ដោយហេតុនោះថា អើហ្ន៎ អញមានលាភហើយតើ អើហ្ន៎ អញស្អាតណាស់តើ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុពិចារណា ហើយឃើញច្បាស់ នូវអកុសលធម៌ ដ៏លាមកទាំងអស់នេះ ក្នុងខ្លួន ដែលខ្លួនមិនទាន់លះបង់បាន ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរព្យាយាម លះបង់នូវអកុសលធម៌ ដ៏លាមកទាំងអស់នេះចេញ។ ម្នាលអាវុសោទាំងឡាយ តែកាលបើភិក្ខុ ពិចារណាហើយ ឃើញច្បាស់ នូវអកុសលធម៌ ដ៏លាមកទាំងអស់នេះ ក្នុងខ្លួន ដែលខ្លួនបានលះបង់អស់ហើយ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់ និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះ តែមួយយ៉ាង។ លុះព្រះមហាមោគ្គល្លានដ៏មានអាយុ បានសំដែង នូវព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងឡាយនោះ ក៏មានអំណរ ត្រេកអរ ចំពោះភាសិត នៃព្រះមហាមោគ្គល្លាន ដ៏មានអាយុ។
ចប់ អនុមានសូត្រ ទី៥។