User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.016

ចេតោខីលសូត្រ ទី៦

សង្ខេប

ព្រះ​ពុទ្ធ​បាន​អធិប្បាយ​អំពី៖បង្គោល​របស់​ចិត្ត៥​ប្រការ​ ចំណង​របស់​ចិត្ត​៥​ប្រការ​ដែល​ធ្វើ​អោយ​មិន​ដល់​សេចក្ដីរីក​ចម្រើន​លូត​លាស់ដុះ​ដាល​ក្នុង​ធម្ម​វិន័យ​និង​​ការ​ចម្រើន​នូវ​ឥទ្ធិបាទ​៥។

mn 016 បាលី cs-km: sut.mn.016 អដ្ឋកថា: sut.mn.016_att PTS: ?

(ទី៦) ចេតោខីលសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ អានដោយ ឧបសិកា វិឡា

(៦. ចេតោខិលសុត្តំ)

[២២៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​ក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុ​ទាំងនោះ ក៏ទទួលស្តាប់ពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[២២៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយ មិនបានលះបង់ នូវបង្គោលរបស់ចិត្តទាំង៥ប្រការ និងមិនបានផ្តាច់បង់ នូវចំណងរបស់​ចិត្ត​ទាំង៥ប្រការហើយ ភិក្ខុនោះឯង នឹងដល់​នូវ​សេចក្តីចំរើន លូតលាស់ ដុះដាលក្នុងធម្មវិន័យនេះ ដូច្នេះ នេះមិនមែនជាឋានៈទេ។

[២២៨] បង្គោលរបស់ចិត្តទាំង៥ប្រការ ដែលភិក្ខុនោះមិនបានលះបង់ តើដូច​ម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ សង្ស័យមិនដាច់ស្រេច មិនជឿ​ស៊ប់ មិនជ្រះថ្លា ក្នុងព្រះសាស្តា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា សង្ស័យ​មិនដាច់​ស្រេច មិនជឿស៊ប់ មិនជ្រះថ្លា ក្នុងព្រះសាស្តាហើយ ចិត្តរបស់​ភិក្ខុនោះ មិនឱនទៅ ដើម្បី​ធ្វើព្យាយាម ជាគ្រឿងដុតនូវកិលេស ដើម្បីប្រកប​ព្យាយាមរឿយៗ ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិនដាច់ ដើម្បីតាំងទុក នូវព្យាយាម​ឡើយ។ ចិត្តរបស់ភិក្ខុណា មិនឱនទៅ ដើម្បី​ធ្វើព្យាយាម ​ជាគ្រឿង​ដុតនូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្ត​ព្យាយាមមិនដាច់ ដើម្បីតាំងទុក នូវព្យាយាមទេ នេះឈ្មោះថា ជាបង្គោល​របស់ចិត្ត​ទី១ ដែលភិក្ខុនោះ មិនបានលះបង់ហើយ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុសង្ស័យ​មិនដាច់​ស្រេច មិនជឿស៊ប់ មិនជ្រះថ្លា ក្នុងព្រះធម៌។បេ។ សង្ស័យ​មិនដាច់​ស្រេច មិនជឿស៊ប់ មិនជ្រះថ្លា​ក្នុងសង្ឃ។បេ។ សង្ស័យ​មិនដាច់ស្រេច មិនជឿស៊ប់ មិនជ្រះថ្លាក្នុងសិក្ខា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា សង្ស័យមិន​ដាច់​ស្រេច មិនជឿស៊ប់ មិនជ្រះថ្លា​ក្នុងសិក្ខា ចិត្តរបស់​ភិក្ខុនោះ មិនឱនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតនូវកិលេស ដើម្បីប្រកប​ព្យាយាមរឿយៗ ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិនដាច់ ដើម្បីតាំងទុក នូវព្យាយាម​ទេ។ ចិត្ត​របស់​ភិក្ខុណា មិន​ឱន​ទៅ ដើម្បី​ធ្វើព្យាយាម ​ជាគ្រឿង​​ដុតនូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្ត​ព្យាយាមមិនដាច់ ដើម្បីតាំងទុក នូវព្យាយាមទេ នេះឈ្មោះថា ជាបង្គោល​របស់ចិត្ត​ទី៤ ដែលភិក្ខុនោះ មិនបានលះបង់ហើយ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុជាមនុស្ស​ខឹងញ័រ មានចិត្ត​អាក់អន់។ មានចិត្តដែល​ទោសគ្របសង្កត់ហើយ មានចិត្តរឹងរូស ក្នុងពួក​សព្រហ្មចារី ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាមនុស្សខឹងញ័រ មានចិត្ត​អាក់អន់ មានចិត្ត ​ដែល​ទោសគ្របសង្កត់ហើយ មានចិត្តរឹងរូស ក្នុងពួកសព្រហ្មចារីហើយ ចិត្តរបស់​ភិក្ខុនោះ មិនឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿងដុតនូវកិលេស ដើម្បីប្រកប​ព្យាយាមរឿយៗ ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិនដាច់ ដើម្បីតាំងទុកនូវព្យាយាម​ទេ។ ចិត្ត​របស់​ភិក្ខុ​ណា មិនឱនទៅ ដើម្បី​ធ្វើព្យាយាម​ ជាគ្រឿង​ដុតនូវកិលេស ដើម្បីប្រកប​ព្យាយាម​រឿយៗ ដើម្បីប្រព្រឹត្ត​ព្យាយាមមិនដាច់ ដើម្បីតាំងទុក នូវព្យាយាមទេ នេះឈ្មោះ​ថា ជាបង្គោល​របស់ចិត្ត​ទី៥ ដែលភិក្ខុនោះ មិនលះបង់ហើយ យ៉ាងនេះ។ បង្គោល​របស់ចិត្ត​ទាំង៥ប្រការនេះ ឈ្មោះថា ភិក្ខុនោះ មិនបានលះបង់​ហើយ។

[២២៩] ចំណងរបស់ចិត្តទាំង៥ប្រការ ដែលភិក្ខុនោះ មិនបានផ្តាច់បង់​ហើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានភិក្ខុមិនទាន់ប្រាសចាក​តម្រេក មិនទាន់ប្រាសចាកសេចក្តីពេញចិត្ត មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្តី​ស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្តី​ក្តៅក្រហាយ មិន​ទាន់​ប្រាសចាកសេចក្តីប្រាថ្នាក្នុងកាម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ​ជាអ្នក​មិនទាន់​ប្រាសចាក​តម្រេក មិនទាន់ប្រាសចាកសេចក្តីពេញចិត្ត មិនទាន់​ប្រាសចាក​សេចក្តី​ស្រឡាញ់ មិនទាន់ប្រាសចាកសេចក្តី​ស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្តី​ក្តៅ​ក្រហាយ មិនទាន់ប្រាសចាកសេចក្តីប្រាថ្នាក្នុងកាម ចិត្តរបស់ភិក្ខុនោះ មិនឱនទៅ ដើម្បី​​ធ្វើព្យាយាម ​ជាគ្រឿង​ដុតកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្ត​ព្យាយាមមិនដាច់ ដើម្បីតាំងទុក នូវព្យាយាមឡើយ។ ចិត្តរបស់​ភិក្ខុណា។បេ។ ដើម្បី​តាំងទុក នូវព្យាយាមទេ នេះឈ្មោះថាជាចំណង​របស់ចិត្តទី១ ដែលភិក្ខុនោះ មិនបាន​កាត់ផ្តាច់ហើយ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត មានភិក្ខុមិនទាន់​ប្រាស​ចាក​​តម្រេកក្នុងកាយ (របស់ខ្លួន)។បេ។ មិនទាន់ប្រាសចាកតម្រេក មិនទាន់​ប្រាសចាក​សេចក្តីពេញចិត្ត មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាស​ចាក​សេចក្តី​ស្រេកឃ្លាន មិនទាន់ប្រាសចាក​សេចក្តីក្តៅក្រហាយ មិនទាន់ប្រាសចាក​សេចក្តី​ប្រាថ្នា​ក្នុងរូប (ខាងក្រៅ)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាអ្នកមិនទាន់​ប្រាស​ចាក​តម្រេក​ក្នុងរូប (ខាងក្រៅទេ)។បេ។ នេះឈ្មោះថា ជាចំណង​របស់ចិត្តទី៣ ដែលភិក្ខុនោះ មិន​បាន​កាត់ផ្តាច់ហើយ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ មួយវិញ​ទៀត ភិក្ខុបរិភោគ នូវភោជន ដរាបដល់ឆ្អែត ពេញផ្ទៃ ហើយប្រកបរឿយៗ នូវ​ទីដេកស្រួល នូវទីផ្អែក​ស្រួល នូវសេចក្តី​លក់ស្រួល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា​បរិភោគនូវ ភោជន ដរាប ដល់ឆ្អែត ពេញផ្ទៃ ហើយប្រកបរឿយៗ នូវ​ទីដេកស្រួល នូវទីផ្អែកស្រួល នូវសេចក្តី​លក់​ស្រួល ចិត្តរបស់ភិក្ខុនោះ មិនឱនទៅ ដើម្បី​ធ្វើ​ព្យាយាម ​ជាគ្រឿង​ដុត នូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្ត​ព្យាយាមមិនដាច់ ដើម្បីតាំងទុក នូវ​ព្យាយាម​ឡើយ។ ចិត្តរបស់​ភិក្ខុណា មិនឱនទៅ ដើម្បី​ធ្វើព្យាយាម ​ជាគ្រឿង​ដុត នូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្ត​ព្យាយាមមិនដាច់ ដើម្បីតាំង​ទុក នូវព្យាយាមទេ នេះឈ្មោះថា ជាចំណង​របស់ចិត្តទី៤ ដែលភិក្ខុនោះ មិនបាន​កាត់ផ្តាច់​ហើយ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ មួយវិញ​ទៀត ភិក្ខុប្រព្រឹត្ត​នូវ​ព្រហ្មចរិយធម៌ ប្រាថ្នានូវ​ទេវនិកាយណាមួយ ដោយគិតថា អាត្មាអញ នឹងបាន​ជា​ទេវតា មានស័ក្តិធំ ឬទេវតាមានស័ក្តិតូចណាមួយ ដោយសីល​ ឬវត្ត តបៈ ឬព្រហ្មចរិយៈ​នេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ប្រព្រឹត្ត​នូវ​ព្រហ្មចរិយធម៌ ប្រាថ្នានូវ​ទេវនិកាយណាមួយ ដោយគិតថា អាត្មាអញ នឹង​បាន​ជា​ទេវតា មានស័ក្តិធំ ឬជា​ទេវតា​មានស័ក្តិតូចណាមួយ ដោយសីល​ ឬវត្ត តបៈ ឬព្រហ្មចរិយៈ​នេះ ដូច្នេះ ចិត្ត​របស់​ភិក្ខុនោះ មិនឱនទៅ ដើម្បីព្យាយាម ជាគ្រឿង​ដុត​នូវកិលេស ដើម្បីប្រកប​ព្យាយាមរឿយៗ ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិនដាច់ ដើម្បី​តាំង​ទុក ​នូវព្យាយាមទេ។ ចិត្តរបស់ភិក្ខុណា មិនឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿង​ដុត​នូវកិលេស ដើម្បីប្រកប​ព្យាយាមរឿយៗ ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិនដាច់ ដើម្បី​តាំង​ទុក ​នូវព្យាយាមទេ នេះឈ្មោះថា ជាចំណង​របស់ចិត្តទី៥ ដែលភិក្ខុនោះ មិនបាន​កាត់ផ្តាច់​ហើយ​ យ៉ាងនេះ។ ចំណងរបស់ចិត្ត ទាំង៥ប្រការនេះ ឈ្មោះថា ភិក្ខុនោះ មិនបានកាត់ផ្តាច់​ហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយ មិនបានលះបង់​នូវ​បង្គោល​របស់ចិត្ត ទាំង៥ប្រការ​នេះ មិនកាត់ផ្តាច់នូវ​ចំណង ​របស់ចិត្តទាំង៥ប្រ​ការនេះទេ ភិក្ខុនោះឯង នឹងដល់នូវសេចក្តីចំរើន លូតលាស់ ដុះដាល ក្នុងធម្ម​វិន័យនេះ ដូច្នេះ នេះមិនមែន​ជា​ឋានៈទេ។

[២៣០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយ បានលះបង់ នូវបង្គោល​របស់ចិត្ត​ទាំង៥ប្រការ កាត់ផ្តាច់នូវចំណង​ របស់ចិត្តទាំង៥ប្រការ ភិក្ខុនោះឯង នឹងដល់​នូវ​សេចក្តីចំរើន លូតលាស់ ដុះដាល ក្នុងធម្មវិន័យនេះ ដូច្នេះ នេះទើបជាឋានៈ។

[២៣១] បង្គោលរបស់ចិត្តទាំង៥ប្រការ ដែលភិក្ខុនោះ លះបង់ហើយ តើ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនសង្ស័យ មិនស្ទាក់ស្ទើរ ជឿ​ស៊ប់ ជ្រះថ្លា ក្នុងព្រះសាស្តា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនសង្ស័យ មិនស្ទាក់​ស្ទើរ ជឿស៊ប់ ជ្រះថ្លា ក្នុងព្រះសាស្តា ចិត្តរបស់ភិក្ខុនោះ ឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿង​ដុត​ នូវកិលេស ដើម្បីប្រកប​ព្យាយាមរឿយៗ ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិនដាច់ ដើម្បី​តាំង​ទុក​ នូវព្យាយាម។ ចិត្តរបស់ភិក្ខុណា ឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿង​ដុត​ នូវកិលេស ដើម្បីប្រកបរឿយៗ ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិនដាច់ ដើម្បី​តាំង​ទុក​ នូវព្យាយាមហើយ នេះឈ្មោះថា ជាបង្គោល​ របស់ចិត្តទី១ ដែលភិក្ខុនោះ លះបង់​ហើយយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមិនសង្ស័យ មិនស្ទាក់​ស្ទើរ ជឿស៊ប់ ជ្រះថ្លាក្នុងធម៌។បេ។ មិនសង្ស័យ មិនស្ទាក់ស្ទើរ ជឿស៊ប់ ជ្រះថ្លា ក្នុង​សង្ឃ។បេ។ មិនសង្ស័យ មិនស្ទាក់ស្ទើរ ជឿស៊ប់ ជ្រះថ្លា ក្នុងសិក្ខា។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា មិនសង្ស័យ មិនស្ទាក់ស្ទើរ ជឿស៊ប់ ជ្រះថ្លា ក្នុងសិក្ខា ចិត្តរបស់​ភិក្ខុនោះ រមែងឱនទៅ។បេ។ នេះឈ្មោះថា បង្គោលនៃចិត្តទី៤ ដែលភិក្ខុនោះ លះបង់​​ហើយយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុជាមនុស្ស​មិនខឹង​ញ័រ មិនមាន​ចិត្តអាក់អន់ មិនមានចិត្ត ដែលទោសគ្របសង្កត់ មិនមានចិត្តរឹងរូស ក្នុងពួក​សព្រហ្មចារី។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាមនុស្សមិនខឹងញ័រ មិនមានចិត្ត​អាក់​អន់ មិនមានចិត្ត ដែលទោស​គ្របសង្កត់ មិនមានចិត្តរឹងរូស ក្នុងពួកសព្រហ្មចារី ចិត្ត​របស់​ភិក្ខុនោះ រមែង​ឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿង​ដុត​ នូវកិលេស ដើម្បីប្រកប​ព្យាយាមរឿយៗ ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិនដាច់ ដើម្បី​តាំង​ទុក​នូវព្យាយាម។ ចិត្ត​របស់​​ភិក្ខុណាឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿង​ដុត ​នូវកិលេស ដើម្បីប្រកប​ព្យាយាម​រឿយៗ ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិនដាច់ ដើម្បី​តាំង​ទុក ​នូវព្យាយាមហើយ នេះឈ្មោះថា ជាបង្គោល​ របស់ចិត្តទី៥ ដែលភិក្ខុនោះ លះបង់​ហើយយ៉ាងនេះ។ បង្គោល​ របស់ចិត្ត​ទាំង៥ប្រការនេះ ឈ្មោះថា ភិក្ខុនោះលះបង់ហើយ។

[២៣២] ចំណងរបស់ចិត្តទាំង៥ប្រការ ដែលភិក្ខុនោះ កាត់ផ្តាច់ហើយ​ដោយ​ល្អ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រាសចាកតម្រេក ប្រាស​ចាក​សេចក្តីពេញចិត្ត ប្រាសចាកសេចក្តីស្រឡាញ់ ប្រាសចាកសេចក្តីស្រេក​ឃ្លាន ប្រាសចាកសេចក្តីក្តៅក្រហាយ ប្រាសចាកសេចក្តីប្រាថ្នាក្នុងកាម។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុណា ប្រាសចាកតម្រេក ប្រាស​ចាក​សេចក្តីពេញចិត្ត ប្រាសចាក​សេចក្តី​ស្រឡាញ់ ប្រាសចាកសេចក្តីស្រេក​ឃ្លាន ប្រាសចាក​សេចក្តី​ក្តៅ​ក្រហាយ ប្រាសចាក​សេចក្តីប្រាថ្នាក្នុងកាម ចិត្តរបស់​ភិក្ខុនោះ រមែងឱនទៅ ដើម្បីធ្វើ​ព្យាយាម ជាគ្រឿង​ដុត​ នូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិនដាច់ ដើម្បី​តាំង​ទុក​នូវព្យាយាម ចិត្តរបស់ភិក្ខុណា ឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿង​ដុត​នូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិនដាច់ ដើម្បី​តាំង​ទុក​ នូវព្យាយាមហើយ នេះឈ្មោះថា ជាចំណង​របស់ចិត្តទី១ ដែលភិក្ខុនោះ កាត់ផ្តាច់​​ហើយយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ ជាអ្នកប្រាសចាក​តម្រេក​​ក្នុងកាយ (របស់ខ្លួន)។ បេ។ ប្រាសចាកតម្រេកក្នុងរូប (ខាងក្រៅ)។បេ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុមិនបរិភោគភោជន ​ដរាបដល់​ឆ្អែតពេញ​ផ្ទៃ មិនប្រកបរឿយៗ នូវទីដេកស្រួល នូវទីផ្អែកស្រួល និងសេចក្តី​លក់ស្រួល។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុណា ​មិនបរិភោគភោជន ដរាបដល់ឆ្អែត ពេញផ្ទៃ មិនប្រកបរឿយៗ នូវ​ទីដេកស្រួល នូវទីផ្អែកស្រួល និងសេចក្តី​លក់ស្រួល ចិត្តរបស់ភិក្ខុនោះ រមែងឱន​ទៅ ដើម្បី​ធ្វើ​ព្យាយាម ​ជាគ្រឿង​ដុត នូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្ត​ព្យាយាមមិនដាច់ ដើម្បីតាំងទុកនូវព្យាយាម ចិត្តរបស់​ភិក្ខុណា រមែងឱន​ទៅ ដើម្បី​ធ្វើព្យាយាម ​ជាគ្រឿង​ដុតនូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បី​ប្រព្រឹត្ត​ព្យាយាមមិនដាច់ ដើម្បីតាំងទុក នូវព្យាយាម នេះឈ្មោះថា ជាចំណង​របស់​ចិត្ត​ទី៤ ដែលភិក្ខុនោះ ​កាត់ផ្តាច់ហើយដោយល្អ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ មួយវិញ​ទៀត ភិក្ខុប្រព្រឹត្ត​ព្រហ្មចរិយធម៌ មិនប្រាថ្នានូវ​ទេវនិកាយណាមួយ ដោយ​គិត​ថា អាត្មាអញ នឹងបានជាទេវតា មានស័ក្តិធំ ឬទេវតាមានស័ក្តិតូចណាមួយ ដោយ​សីល​ ឬវត្ត តបៈ ឬព្រហ្មចរិយៈនេះទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាប្រព្រឹត្ត​​ព្រហ្មចរិយធម៌ មិនប្រាថ្នា នូវ​ទេវនិកាយណាមួយ ដោយគិតថា អាត្មាអញ នឹង​បាន​ជា​ទេវតា មានស័ក្តិធំ ឬជាទេវតាមានស័ក្តិតូចណាមួយ ដោយសីល​ ឬវត្ត តបៈ ឬ​ព្រហ្មចរិយៈ​នេះទេ ចិត្តរបស់​ភិក្ខុនោះ រមែងឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿង​ដុត​នូវកិលេស ដើម្បីប្រកប​ព្យាយាមរឿយៗ ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិនដាច់ ដើម្បី​តាំង​ទុក​នូវព្យាយាម ចិត្តរបស់ភិក្ខុណា តែងឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿង​ដុត​នូវកិលេស ដើម្បីប្រកប​ព្យាយាមរឿយៗ ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិនដាច់ ដើម្បី​តាំង​ទុក​នូវព្យាយាម នេះឈ្មោះថា ជាចំណង​របស់ចិត្តទី៥ ដែលភិក្ខុនោះ ​កាត់ផ្តាច់​ហើយ​ដោយល្អយ៉ាងនេះ។ ចំណងរបស់ចិត្ត ទាំង៥ប្រការនេះឯង ឈ្មោះថា ភិក្ខុនោះ កាត់ផ្តាច់​ហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយ បានលះបង់​នូវ​បង្គោល​របស់ចិត្ត​ទាំង៥ប្រការនេះ បានកាត់ផ្តាច់ នូវ​ចំណង​របស់ចិត្តទាំង៥ប្រ​ការនេះ។ ភិក្ខុនោះឯង នឹងដល់នូវសេចក្តីចំរើន លូតលាស់ ដុះដាល ក្នុងសាសនានេះ ដូច្នេះ នេះទើបជា​ឋានៈ។

[២៣៣] ភិក្ខុនោះ ចំរើននូវឥទ្ធិបាទ ដែលប្រកបដោយ​ ឆន្ទសមាធិ និង​បធាន​សង្ខារ ចំរើននូវឥទ្ធិបាទ ដែលប្រកបដោយ វីរិយសមាធិ ចិត្តសមាធិ វីមំសាសមាធិ និង​បធានសង្ខារ មានសេចក្តីព្យាយាម ជាគំរប់​៥។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង ប្រកប​ដោយ​អង្គ១៥1) មួយអន្លើដោយសេចក្តីព្យាយាម​មាំ យ៉ាងនេះហើយ ភិក្ខុនោះ គួរដើម្បីទម្លាយ នូវកិលេស គួរដើម្បីត្រាស់ដឹង គួរដើម្បី​បាន​នូវអរហត្ត ជាអនុត្តរធម៌ ដ៏ក្សេមចាកយោគៈ។ ម្នាលភិក្ខុទាំងឡាយ ដូចជា​ស៊ុត​មាន់​ទាំងឡាយ៨ក្តី ១០ក្តី ១២ក្តី ស៊ុតមាន់ទាំងនោះ ដែលមេមាន់​ក្រាបដោយ​ប្រពៃ​ហើយ ធ្វើឲ្យកក់ក្តៅ ដោយប្រពៃហើយ ឲ្យចាប់ក្លិនជាតិមាន់​ ដោយប្រពៃហើយ។ មេមាន់នោះ មិនបាច់មានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ឱហ្ន៎ កូនមាន់ទាំងនេះ គួរទម្លាយ នូវ​សម្បកស៊ុត ដោយចុងក្រចក ឬដោយចុង​ចំពុះ ហើយញាស់ចេញមក ដោយសួស្តី ដូច្នេះ ក៏ពិតមែនហើយ ប៉ុន្តែកូនមាន់ទាំងនោះ គង់​ទម្លាយសម្បកស៊ុត ដោយចុងក្រចក ឬដោយចុងចំពុះ ហើយញាស់ចេញមក​ដោយសួស្តីបាន ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំង​១៥ មួយអន្លើ ដោយសេចក្តី​ព្យាយាមមាំ យ៉ាងនេះហើយ ជាអ្នកគួរដើម្បីទម្លាយ (នូវ​កិលេស) គួរដើម្បីត្រាស់ដឹង គួរដើម្បីបាន​នូវអរហត្ត ជាអនុត្តរធម៌ ដ៏ក្សេម​ចាក​យោគៈ ក៏ដូច្នោះដែរ។ លុះព្រះមានព្រះភាគ បានសំដែង ​ចេតោខីលសូត្រ នេះ​ចប់​ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរចំពោះភាសិត របស់​ព្រះមានព្រះភាគ។

ចប់ ចេតោខីលសូត្រ ទី៦។

 

លេខយោង

1)
អង្គ១៥នោះគឺ រាប់យកចេតោខីលប្បហាន៥ វិនិពន្ធប្បហាន៥ ឥទ្ធិបាទ៤ ឱស្សោឡ្ហិ១ ផ្សំគ្នាត្រូវជា១៥។ អដ្ឋកថា។
km/tipitaka/sut/mn/sut.mn.016.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann