User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.017

វនបត្ថសូត្រ ទី៧

សង្ខេប

ព្រះ​ពុទ្ធ​បាន​ពន្យល់​ភិក្ខុ​អំពី៖ប្រភេទ​នៃ​ការ​ចូល​ទៅ​អាស្រ័យ​នៅ​ដង​ព្រៃ និងប្រភេទ​នៃ​ការ​ចូល​ទៅ​អាស្រ័យនូវ​បុគ្គល។

mn 017 បាលី cs-km: sut.mn.017 អដ្ឋកថា: sut.mn.017_att PTS: ?

(ទី៧) វនបត្ថសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៧. វនបត្ថសុត្តំ)

[២៣៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់​ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធ​ដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ​ថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង​នូវហេតុនៃការ​នៅក្នុង​ព្រៃ ដល់អ្នក​ទាំង​ឡាយ ចូរអ្នកទាំងឡាយប្រុង​ស្តាប់ ធ្វើទុកក្នុងចិត្ត នូវ​ហេតុនោះ ដោយប្រពៃចុះ តថាគត នឹងសំដែងឥឡូវ​នេះ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[២៣៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ចូលទៅអាស្រ័យនូវដងព្រៃណាមួយ កាលភិក្ខុនោះចូលទៅអាស្រ័យ​នូវដងព្រៃនោះ សតិដែល​មិនបានតាំងមាំ ក៏នៅតែមិនបានតាំងមាំដដែល ចិត្តដែល​មិន​ខ្ជាប់ខ្ជួន ក៏នៅតែមិនខ្ជាប់ខ្ជួនដដែល អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏នៅតែ​មិនទាន់ដល់នូវកិរិយាអស់ទៅដដែល ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌​ប្រសើរបំផុត ដែលខ្លួនមិនទាន់បានដល់ ក៏នៅតែមិនទាន់​បានដល់ដដែល គ្រឿង​បម្រុងជីវិត គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ​ណា​មួយនេះ ដែលបព្វជិតគប្បី​ប្រមូល​មក គ្រឿងបម្រុង​ជីវិតទាំងនោះ ក៏កើតឡើង​ដោយ​លំបាក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីពិចារណា ដូច្នេះថា អាត្មាអញ ចូលមក​អាស្រ័យ​ នូវដងព្រៃនេះ កាលអាត្មាអញចូលមកអាស្រ័យ​នូវដងព្រៃនេះ សតិដែល​មិនបានតាំងមាំ ក៏នៅតែមិនបានតាំងមាំដដែល ចិត្តដែល​មិន​ខ្ជាប់ខ្ជួន ក៏នៅតែ​មិន​ខ្ជាប់​ខ្ជួនដដែល អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏នៅតែ​មិនទាន់​ដល់​នូវ​កិរិយា​អស់ទៅដដែល ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌​ប្រសើរបំផុត ដែល​អាត្មាអញ ​មិនទាន់ដល់ ក៏នៅតែមិនទាន់​ដល់ដដែល គ្រឿង​បម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ​ឯណា ដែលបព្វជិត​ គប្បី​​ប្រមូល​មក គ្រឿងបម្រុង​ជីវិតទាំងនោះ ក៏កើតឡើង​ដោយ​លំបាក។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនោះ គប្បីចៀសចេញចាកដងព្រៃនោះ ក្នុងចំណែកនៃរាត្រី ឬក្នុង​ចំណែកនៃថ្ងៃ មិនត្រូវ​នៅក្នុង​ដងព្រៃនោះឡើយ។

[២៣៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យ​នូវដង​ព្រៃ​ណា​មួយ កាលភិក្ខុនោះ ចូលទៅអាស្រ័យ​នូវដងព្រៃនោះ សតិដែល​មិនបានតាំងមាំ ក៏នៅតែមិនបានតាំងមាំដដែល ចិត្តដែល​មិន​ខ្ជាប់ខ្ជួន ក៏នៅតែមិនខ្ជាប់ខ្ជួនដដែល អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏នៅតែ​មិនទាន់ដល់ នូវកិរិយា​អស់​ទៅ​ដដែល ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌​ប្រសើរបំផុត ដែលមិនទាន់ដល់ ក៏នៅ​តែមិនទាន់​ដល់ដដែល គ្រឿង​បម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ​ឯណា​នេះ ដែលបព្វជិតគប្បី​ប្រមូល​មក គ្រឿងបម្រុង​ជីវិតទាំងនោះ ក៏កើតឡើង​ដោយ​មិនលំបាក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីពិចារណា ដូច្នេះថា អាត្មាអញ ចូលទៅ​អាស្រ័យ​ នូវដងព្រៃនេះ កាលអាត្មាអញ ចូលទៅអាស្រ័យ​នូវដងព្រៃនេះ ចិត្តដែល​មិនតាំងមាំ ក៏នៅតែ​មិន​បាន​តាំងមាំដដែល ចិត្តដែល​មិន​ខ្ជាប់ខ្ជួន ក៏នៅតែ​មិន​ខ្ជាប់​ខ្ជួនដដែល អាសវៈទាំង​ឡាយ ដែលមិនទាន់អស់ទៅ ក៏នៅតែ​មិនទាន់​ដល់​នូវ​កិរិយា​អស់ទៅដដែល ធម៌​ដ៏​ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌​ប្រសើរបំផុត ដែល​មិនទាន់ដល់ ក៏នៅតែមិនទាន់​ដល់ដដែល គ្រឿង​បម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ឯណានេះ ដែលបព្វជិត​ គប្បី​​ប្រមូល​មក គ្រឿងបម្រុង​ជីវិតទាំងនោះ ក៏កើតឡើង​ដោយមិន​លំបាក អាត្មាអញ ចេញចាក​ផ្ទះ មកបួសនេះសោត ព្រោះហេតុតែចីវរក៏ទេ អាត្មាអញ ចេញចាក​ផ្ទះ មកបួស ព្រោះហេតុតែបិណ្ឌបាតក៏ទេដែរ ព្រោះហេតុតែសេនាសនៈ ក៏ទេដែរ ព្រោះហេតុតែគិលានប្បច្ចយភេសជ្ជបរិក្ខារក៏ទេដែរ តាំងពីដួច អាត្មាអញ ចូលទៅ​អាស្រ័យ​ នូវដងព្រៃនេះ សតិដែល​មិនបានតាំងមាំ ក៏នៅតែ​មិន​បាន​តាំងមាំដដែល ចិត្តដែល​មិន​ខ្ជាប់ខ្ជួន ក៏នៅតែ​មិន​ខ្ជាប់​ខ្ជួនដដែល អាសវៈ ដែលមិនទាន់អស់ទៅ ក៏នៅតែ​មិនទាន់​ដល់​នូវ​កិរិយា​អស់ទៅដដែល ធម៌​ដ៏​ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌​ប្រសើរបំផុត ដែល​អាត្មាអញមិនទាន់បានដល់ ក៏នៅតែមិនទាន់​បាន​ដល់​ដដែល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ បើដឹង (នូវកិរិយាមិនដល់នូវសមណធម៌​យ៉ាងនេះហើយ) ត្រូវចេញចាកដងព្រៃនោះ មិនត្រូវនៅ (ក្នុងដងព្រៃនោះឡើយ)។

[២៣៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅ​អាស្រ័យ​ នូវ​ដងព្រៃណាមួយ កាលភិក្ខុនោះ ចូលទៅអាស្រ័យ​នូវដងព្រៃនោះ សតិដែល​មិនបានតាំងមាំ ក៏​បាន​តាំងមាំឡើងផង ចិត្តដែល​មិន​ខ្ជាប់ខ្ជួន ក៏បាន​ខ្ជាប់​ខ្ជួនឡើង​ផង អាសវៈទាំង​ឡាយ ដែលមិនទាន់អស់ទៅ ក៏បាន​ដល់​នូវ​កិរិយា​អស់ទៅផង ធម៌​ដ៏​ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌​ប្រសើរបំផុត ដែល​មិនទាន់ដល់ ក៏បាន​ដល់​តាមលំដាប់ផង គ្រឿង​បម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ឯណានេះ ដែលបព្វជិត​ គប្បី​​ប្រមូល​មក គ្រឿងបម្រុង​ជីវិតទាំងនោះ ក៏កើតឡើង​ដោយ​លំបាក ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីពិចារណាដូច្នេះថា អាត្មាអញ ចូលមក​អាស្រ័យ​ នូវដងព្រៃនេះ កាលអាត្មាអញ ចូលមកអាស្រ័យ​នូវដងព្រៃនេះ សតិដែល​មិនទាន់បានតាំងមាំ ក៏​បាន​តាំងមាំឡើង​ផង ចិត្តដែល​មិនទាន់បាន​ខ្ជាប់ខ្ជួន ក៏​ខ្ជាប់​ខ្ជួនឡើងផង អាសវៈទាំង​ឡាយ ដែលមិន​ទាន់​អស់ទៅ ក៏ដល់​នូវ​កិរិយា​អស់ទៅផង ធម៌​ដ៏​ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌​ប្រសើរ​បំផុត ដែល​មិនទាន់ដល់ អាត្មាអញ ក៏បាន​ដល់ ដោយលំដាប់ផង។ គ្រឿង​បម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ឯណានេះ ដែលបព្វជិត​ គប្បី​​ប្រមូល​មក គ្រឿងបម្រុង​ជីវិតទាំងនោះ ក៏កើតឡើង​ដោយ​​លំបាក។ អាត្មាអញ ចេញចាក​ផ្ទះ មកបួសនេះសោត ព្រោះហេតុតែចីវរក៏ទេ អាត្មាអញ ចេញចាក​ផ្ទះ មកបួស ព្រោះហេតុតែបិណ្ឌបាតក៏ទេដែរ ព្រោះហេតុតែ​សេនាសនៈ ក៏ទេដែរ ព្រោះហេតុតែ​គិលានប្បច្ចយភេសជ្ជ​បរិក្ខារ​ក៏ទេ​ដែរ តាំងពីដួច អាត្មាអញ ចូលមក​អាស្រ័យ​ នូវដងព្រៃនេះ សតិដែល​មិនទាន់បាន​តាំងមាំ ក៏​បាន​តាំងមាំឡើងផង ចិត្តដែល​មិន​ទាន់ខ្ជាប់ខ្ជួន ក៏បាន​ខ្ជាប់​ខ្ជួនឡើងផង អាសវៈទាំង​ឡាយ ដែលមិនទាន់អស់ទៅ ក៏​ដល់​នូវ​កិរិយា​អស់ទៅផង ធម៌​ដ៏​ក្សេម​ចាក​យោគៈ គឺ​អរហត្ត ជាធម៌​ប្រសើរបំផុត ដែល​មិនទាន់ដល់ អាត្មាអញ ក៏បាន​ដល់​ដោយលំដាប់​ផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ បើពិចារណាឃើញ (យ៉ាងនេះ)​ហើយ គប្បីនៅ​ក្នុង​ដងព្រៃនោះ មិនត្រូវ​ចៀសចេញទេ។

[២៣៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅ​អាស្រ័យ​ នូវ​ដងព្រៃណាមួយ កាលភិក្ខុនោះ ចូលទៅអាស្រ័យ​នូវដងព្រៃនោះ សតិដែល​មិនបានតាំងមាំ ក៏​បាន​តាំងមាំឡើងផង ចិត្តដែល​មិន​ខ្ជាប់ខ្ជួន ក៏​ខ្ជាប់​ខ្ជួនឡើង​ផង អាសវៈទាំង​ឡាយ ដែលមិនទាន់អស់ទៅ ក៏​ដល់​នូវ​កិរិយា​អស់ទៅផង ធម៌​ដ៏​ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌​ប្រសើរបំផុត ដែល​មិនទាន់ដល់ ក៏បាន​ដល់​តាមលំដាប់ផង គ្រឿង​បម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ណានេះ ដែលបព្វជិត​ គប្បី​​ប្រមូល​មក គ្រឿងបម្រុង​ជីវិតទាំងនោះ ក៏កើតឡើង​ដោយ​មិនលំបាក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីពិចារណាដូច្នេះថា អាត្មាអញ ចូលមក​អាស្រ័យ​ នូវដងព្រៃនេះ កាលអាត្មាអញ ចូលមកអាស្រ័យ​នូវដងព្រៃនេះ សតិដែល​មិនបានតាំងមាំ ក៏​បាន​តាំងមាំឡើងផង ចិត្តដែល​មិន​ខ្ជាប់ខ្ជួន ក៏​ខ្ជាប់​ខ្ជួនឡើងផង អាសវៈទាំង​ឡាយ ដែលមិនទាន់​អស់ទៅ ក៏ដល់​នូវ​កិរិយា​អស់ទៅផង ធម៌​ដ៏​ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌​ប្រសើរ​បំផុត ដែល​មិនទាន់បានដល់ ក៏បាន​ដល់ដោយលំដាប់ផង គ្រឿង​បម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយ​ភេសជ្ជបរិក្ខារណានេះ ដែលបព្វជិត​ គប្បី​​ប្រមូល​មក គ្រឿងបម្រុង​ជីវិតទាំងនោះ ក៏កើតឡើង​ដោយមិន​លំបាក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីនៅក្នុងដងព្រៃនោះ ដរាប​ដល់អស់​ជីវិត មិនត្រូវ​ចៀសចេញទេ។

[២៣៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅ​អាស្រ័យ​ នូវស្រុក​ណាមួយ។បេ។ ចូលទៅអាស្រ័យនូវនិគមណាមួយ។បេ។ ចូលទៅអាស្រ័យ​នូវ​ក្រុង​ណា​មួយ។បេ។ ចូលទៅអាស្រ័យនូវជនបទណាមួយ។បេ។ ចូលទៅអាស្រ័យ​នូវ​បុគ្គល​​ណាមួយ កាលភិក្ខុនោះ ចូលទៅអាស្រ័យ​នូវបុគ្គលនោះ សតិដែល​មិនបាន​តាំងមាំ ក៏នៅតែមិន​បាន​តាំងមាំដដែល ចិត្តដែល​មិន​ខ្ជាប់ខ្ជួន ក៏នៅតែមិន​ខ្ជាប់​ខ្ជួន​ដដែល អាសវៈទាំង​ឡាយ ដែលមិនទាន់អស់ទៅ ក៏នៅតែមិនដល់​នូវ​កិរិយា​អស់​ទៅ​ដដែល ធម៌​ដ៏​ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌​ប្រសើរបំផុត ដែល​មិនទាន់ដល់ ក៏នៅ​តែមិន​ដល់ដដែល គ្រឿង​បម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ណានេះ ដែលបព្វជិត​ គប្បី​​ប្រមូល​មក គ្រឿងបម្រុង​ជីវិត​ទាំងនោះ ក៏កើតឡើង​ដោយ​លំបាក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បី​ពិចារណា​ដូច្នេះថា អាត្មាអញ ចូលមក​អាស្រ័យ​ នូវបុគ្គលនេះ កាលអាត្មាអញ ចូល​មក​អាស្រ័យ​នូវបុគ្គលនេះ សតិដែល​មិនបានតាំងមាំ ក៏នៅតែមិន​បាន​តាំងមាំដដែល ចិត្ត​ដែល​មិន​ខ្ជាប់ខ្ជួន ក៏នៅតែមិន​ខ្ជាប់​ខ្ជួនដដែល អាសវៈទាំង​ឡាយ ដែលមិនទាន់​អស់ទៅ ក៏នៅតែមិនដល់​នូវ​កិរិយា​អស់ទៅដដែល ធម៌​ដ៏​ក្សេម​ចាក​យោគៈ គឺអរហត្ត ជា​ធម៌​ប្រសើរ​បំផុត ដែល​មិនទាន់ដល់ អាត្មាអញ ក៏នៅតែ​មិន​ដល់​ដដែល គ្រឿង​បម្រុង​ជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ណានេះ ដែលបព្វជិត​ គប្បី​​ប្រមូល​មក គ្រឿងបម្រុង​ជីវិតទាំងនោះ ក៏កើតឡើង​ដោយ​លំបាក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មិនបាច់លាបុគ្គលនោះទេ គប្បី​ចៀស​ចេញ​ទៅ ក្នុងចំណែកនៃរាត្រី ឬក្នុងចំណែក​នៃថ្ងៃ មិនគប្បីដើរតាម (បុគ្គល​នោះ)​ឡើយ។

[២៤០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅ​អាស្រ័យ​ នូវបុគ្គល​ណាមួយ កាលភិក្ខុនោះ ចូលទៅអាស្រ័យ​នូវបុគ្គលនោះ សតិដែល​មិនបាន​តាំងមាំ ក៏នៅតែមិន​បាន​តាំងមាំដដែល ចិត្តដែល​មិន​ខ្ជាប់ខ្ជួន ក៏នៅតែមិន​ខ្ជាប់​ខ្ជួនដដែល អាសវៈទាំង​ឡាយ ដែលមិនទាន់អស់ទៅ ក៏នៅតែមិនទាន់ដល់​នូវ​កិរិយា​អស់ទៅដដែល ធម៌​ដ៏​ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌​ប្រសើរបំផុត ដែល​មិនទាន់ដល់ ក៏នៅតែមិន​ទាន់ដល់តាមលំដាប់ គ្រឿង​បម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ណានេះ ដែលបព្វជិត​ គប្បី​​ប្រមូល​មក គ្រឿងបម្រុង​ជីវិតទាំងនោះ ក៏កើតឡើង​ដោយមិន​លំបាក។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនោះ គប្បីពិចារណាដូច្នេះថា អាត្មាអញ ចូលមក​អាស្រ័យ​ នូវបុគ្គល​នេះ កាលអាត្មាអញ ចូលមកអាស្រ័យ​នូវបុគ្គលនេះ សតិដែល​មិនបានតាំងមាំ ក៏នៅ​តែ​មិន​បាន​តាំងមាំដដែល ចិត្តដែល​មិន​ខ្ជាប់ខ្ជួន ក៏នៅតែមិន​ខ្ជាប់​ខ្ជួនដដែល អាសវៈ ដែលមិនទាន់​អស់ទៅ ក៏នៅតែមិនទាន់ដល់​នូវ​កិរិយា​អស់ទៅដដែល ធម៌​ដ៏​ក្សេម​ចាក​យោគៈ គឺអរហត្ត ជាធម៌​ប្រសើរ​បំផុត ដែល​មិនទាន់ដល់ អាត្មាអញ ក៏នៅតែ​មិន​ទាន់​បាន​ដល់តាមលំដាប់ គ្រឿង​បម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ណានេះ ដែលបព្វជិត​ គប្បី​​ប្រមូល​មក គ្រឿងបម្រុង​ជីវិត​ទាំងនោះ ក៏កើតឡើង​ដោយមិន​លំបាក អាត្មាអញចេញចាកផ្ទះ មក​បួស​នេះ​សោត ព្រោះហេតុតែចីវរក៏ទេ អាត្មាអញ ចេញចាកផ្ទះមកបួស ព្រោះ​ហេតុតែ​បិណ្ឌបាត​ក៏ទេដែរ ព្រោះហេតុតែសេនាសនៈក៏ទេដែរ ព្រោះហេតុតែ​គិលានប្បច្ចយ​ភេសជ្ជៈ​បរិក្ខារ​ក៏ទេដែរ តាំងពីដួច អាត្មាអញ ចូលមក​អាស្រ័យ​ នូវបុគ្គលនេះ សតិ​ដែល​​មិនបាន​តាំងមាំ ក៏នៅតែមិន​បាន​តាំងមាំដដែល ចិត្តដែល​មិន​ខ្ជាប់ខ្ជួន ក៏នៅតែ​មិន​​ខ្ជាប់​ខ្ជួនដដែល អាសវៈទាំង​ឡាយ ដែលមិនទាន់អស់ទៅ ក៏នៅតែ​មិនដល់​នូវ​កិរិយា​​អស់ទៅដដែល ធម៌​ដ៏​ក្សេម​ចាក​យោគៈ គឺអរហត្ត ជាធម៌​ប្រសើរបំផុត ដែល​មិន​ទាន់បានដល់ អាត្មាអញ ក៏នៅតែមិនទាន់បាន​ដល់​តាមលំដាប់។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនោះ ពិចារណាឃើញ (យ៉ាងនេះ)​ហើយ មិនបាច់លាបុគ្គលនោះទេ គប្បី​ចៀសចេញទៅ មិនត្រូវដើរតាមទេ។

[២៤១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅ​អាស្រ័យ​ នូវ​បុគ្គល​ណា​មួយ កាលភិក្ខុនោះ ចូលទៅអាស្រ័យ​នូវបុគ្គលនោះ សតិដែល​មិនបានតាំងមាំ ក៏​បាន​តាំងមាំឡើងផង ចិត្តដែល​មិន​បានខ្ជាប់ខ្ជួន ក៏​បានខ្ជាប់​ខ្ជួនឡើង​ផង អាសវៈទាំង​ឡាយ ដែលមិនទាន់អស់ទៅ ក៏​ដល់​នូវ​កិរិយា​អស់ទៅផង ធម៌​ដ៏​ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌​ប្រសើរបំផុត ដែល​មិនទាន់បានដល់ ក៏បាន​ដល់​តាមលំដាប់ផង គ្រឿង​បម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ណានេះ ដែលបព្វជិត​ គប្បី​​ប្រមូល​មក គ្រឿងបម្រុង​ជីវិតទាំងនោះ ក៏កើតឡើង​ដោយ​លំបាក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីពិចារណាដូច្នេះថា អាត្មាអញ ចូលមក​អាស្រ័យ​ នូវបុគ្គលនេះ កាលអាត្មាអញ ចូលមកអាស្រ័យ​នូវ​បុគ្គល​នេះ សតិដែល​មិនបានតាំងមាំ ក៏​បាន​តាំងមាំឡើងផង ចិត្តដែល​មិន​ខ្ជាប់ខ្ជួន ក៏​បានខ្ជាប់​ខ្ជួនឡើងផង អាសវៈទាំង​ឡាយ ដែលមិនទាន់​អស់ទៅ ក៏ដល់​នូវ​កិរិយា​អស់ទៅផង ធម៌​ដ៏​ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌​ប្រសើរ​បំផុត ដែល​មិនទាន់​បានដល់ អាត្មាអញ ក៏បាន​ដល់តាមលំដាប់ផង គ្រឿង​បម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយ​ភេសជ្ជបរិក្ខារណានេះ ដែលបព្វជិត​ គប្បី​​ប្រមូល​មក គ្រឿងបម្រុង​ជីវិតទាំងនោះ ក៏កើតឡើង​ដោយ​លំបាក អាត្មាអញ ចេញចាក​ផ្ទះ មកបួសនេះសោត ព្រោះហេតុតែចីវរក៏ទេ អាត្មាអញ ចេញចាក​ផ្ទះ​មកបួស ព្រោះហេតុតែបិណ្ឌបាតក៏ទេដែរ ព្រោះហេតុតែសេនាសនៈក៏ទេដែរ ព្រោះហេតុតែគិលានប្បច្ចយភេសជ្ជបរិក្ខារ​ក៏ទេដែរ តាំងពីដួច អាត្មាអញ ចូលមក​អាស្រ័យ​ នូវ​បុគ្គលនេះ សតិដែល​មិនបាន​តាំងមាំ ក៏​បាន​តាំងមាំឡើងផង ចិត្តដែល​មិនបាន​ខ្ជាប់ខ្ជួន ក៏បាន​ខ្ជាប់​ខ្ជួនឡើងផង អាសវៈទាំង​ឡាយ ដែលមិនទាន់អស់ទៅ ក៏ដល់​នូវ​កិរិយា​អស់ទៅផង ធម៌​ដ៏​ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌​ប្រសើរបំផុត ដែល​មិនទាន់បានដល់ អាត្មាអញ ក៏បាន​ដល់តាមលំដាប់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ បើពិចារណាឃើញ (យ៉ាងនេះ) ហើយ ត្រូវដើរតាមបុគ្គលនោះ មិនត្រូវ​ចៀសចេញទេ។

[២៤២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅ​អាស្រ័យ​ នូវ​បុគ្គល​ណាមួយ កាលភិក្ខុនោះ ចូលទៅអាស្រ័យ​នូវបុគ្គលនោះ សតិដែល​មិនបានតាំងមាំ ក៏​បាន​តាំងមាំឡើងផង ចិត្តដែល​មិន​ខ្ជាប់ខ្ជួន ក៏​បានខ្ជាប់​ខ្ជួនឡើង​ផង អាសវៈទាំង​ឡាយ ដែលមិនទាន់អស់ទៅ ក៏​ដល់​នូវ​កិរិយា​អស់ទៅផង ធម៌​ដ៏​ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌​ប្រសើរបំផុត ដែល​មិនទាន់បានដល់ ក៏បាន​ដល់​តាមលំដាប់ផង គ្រឿង​បម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយ​ភេសជ្ជបរិក្ខារ​ណានេះ ដែលបព្វជិត​ គប្បី​​ប្រមូល​មក គ្រឿងបម្រុង​ជីវិតទាំងនោះ ក៏កើតឡើង​ដោយមិន​លំបាក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីពិចារណា​ដូច្នេះថា អាត្មាអញ ចូលមក​អាស្រ័យ​ នូវបុគ្គលនេះ កាលអាត្មាអញ ចូលមក​អាស្រ័យ​​នូវបុគ្គលនេះ សតិដែល​មិនបានតាំងមាំ ក៏​បាន​តាំងមាំឡើងផង ចិត្តដែល​មិន​បានខ្ជាប់ខ្ជួន ក៏​បានខ្ជាប់​ខ្ជួនឡើងផង អាសវៈទាំង​ឡាយ ដែលមិនទាន់​អស់ទៅ ក៏ដល់​នូវ​កិរិយា​អស់ទៅផង ធម៌​ដ៏​ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌​ប្រសើរ​បំផុត ដែល​មិនទាន់​បានដល់ អាត្មាអញ ក៏បាន​ដល់តាមលំដាប់ផង គ្រឿង​បម្រុងជីវិត​ទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយ​ភេសជ្ជបរិក្ខារណានេះ ដែលបព្វជិត​ គប្បី​​ប្រមូល​មក គ្រឿងបម្រុង​ជីវិតទាំងនោះ ក៏កើតឡើង​ដោយមិន​លំបាក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ទោះបីបុគ្គលនោះ បណ្តេញចេញក៏ដោយ ត្រូវតែដើរតាម មិនត្រូវចៀស​ចេញចាកបុគ្គល​នោះ ដរាប​ដល់អស់ជីវិត។ លុះព្រះមានព្រះភាគ បានសំដែង​វនបត្ថសូត្រនេះចប់ហើយ ពួក​ភិក្ខុទាំងនោះ ក៏មាន​សេចក្តី​ពេញចិត្ត ត្រេកអរនឹងភាសិត របស់​ព្រះមានព្រះភាគ។

ចប់ វនបត្ថសូត្រ ទី៧។

 

លេខយោង

km/tipitaka/sut/mn/sut.mn.017.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann