តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មូលបណ្ណាសក » សីហនាទវគ្គ »
មានព្រាហ្មណ៍ម្នាក់បានសួរនូវសំនួរផ្ចាញ់ផ្ចាលអំពីទិដ្ធិរបស់សមណៈទៅកាន់ព្រះពុទ្ធ។ព្រះពុទ្ធបានពន្យល់ព្រាហ្មណ៍ បន្ទាប់មកទើបទ្រង់ពន្យល់ទៅភិក្ខុទាំងឡាយប៉ុន្តែដោយបំប្រួញ បន្ទាប់មកភិក្ខុទាំងឡាយបានស្នើរសំុអោយព្រះមហាកច្ចានៈជួយពន្យល់អោយបានពិស្ដារ។
mn 018 បាលី cs-km: sut.mn.018 អដ្ឋកថា: sut.mn.018_att PTS: ?
(ទី៨) មធុបិណ្ឌិកសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៨. មធុបិណ្ឌិកសុត្តំ)
[២៤៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងនិគ្រោធារាម ទៀបក្រុងកបិលវត្ថុ ក្នុងដែនសក្កៈ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងកបិលវត្ថុ ដើម្បីបិណ្ឌបាត។ កាលព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅបិណ្ឌបាត ក្នុងក្រុងកបិលវត្ថុ លុះត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត ទ្រង់ស្តេចសំដៅទៅកាន់ព្រៃមហាវ័ន លុះដល់ហើយ ក៏ស្តេចចូលទៅកាន់ព្រៃមហាវ័ន ដើម្បីសម្រាកក្នុងវេលាថ្ងៃ ទើបគង់នៅក្នុងវេលាថ្ងៃ ទៀបគល់ភ្នៅសាវ។ មានសក្យៈ១រូប ឈ្មោះ ទណ្ឌបាណិ1) ដើរទៅ ដើរមកឲ្យស្រួលជើង ក៏ដើរសំដៅទៅព្រៃមហាវ័ន លុះទៅដល់ហើយ ក៏ចូលទៅកាន់ព្រៃមហាវ័ន ហើយសំដៅទៅរកព្រះមានព្រះភាគ ដែលគង់ទៀបគល់ភ្នៅសាវនោះ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យគួររីករាយ និងពាក្យគួររឭកហើយ ក៏ច្រត់ចុះនូវដំបងឈរ (ស្ទប់ចង្កា) នៅក្នុងទីដ៏សមគួរ។ លុះ ទណ្ឌបាណិសក្យៈ ឈរនៅក្នុងទីសមគួរហើយ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា សមណៈជាអ្នកប្រកាន់នូវទិដ្ឋិដូចម្តេច តែងពោលនូវទិដ្ឋិដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអាវុសោ ក្នុងលោក (នេះ) ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស មានបុគ្គលអ្នកប្រកាន់ទិដ្ឋិយ៉ាងណា ដែលមិនមានជម្លោះទាស់ទែងដោយបុគ្គលណាមួយក្នុងលោក មួយទៀត កិលេសសញ្ញាទាំងឡាយ មិនបានជាប់តាមនូវខីណាសវព្រាហ្មណ៍នោះ ដែលជាអ្នកប្រាសចាកកាមទាំងឡាយ មិនមានសេចក្តីងឿងឆ្ងល់ ផ្តាច់បង់នូវសេចក្តីស្តាយក្រោយ និងការរពឹសដៃជើង ប្រាសចាកសេចក្តីប្រាថ្នា ក្នុងភពតូច និងភពធំយ៉ាងណា ម្នាលអាវុសោ តថាគត ក៏ប្រកាន់ទិដ្ឋិយ៉ាងនោះ ពោលទិដ្ឋិយ៉ាងនោះដែរ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ទើបទណ្ឌបាណិសក្យៈងក់ក្បាល លៀនអណ្តាត ហើយដាក់ម្រាមដៃលើថ្ងាសដែលមានផ្នត់បី ក្រោកឡើងកាន់ឈើច្រត់ ចៀសចេញទៅ។
[២៤៤] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ទ្រង់ពុទ្ធដំណើរទៅកាន់និគ្រោធារាម លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ហើយ បានត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគត ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យនេះ ចូលទៅក្រុងកបិលវត្ថុ ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងកបិលវត្ថុហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាបច្ឆាភត្ត ក៏សំដៅទៅព្រៃមហាវ័ន ចូលទៅកាន់ព្រៃមហាវ័ន ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ ក៏អង្គុយសម្រាកក្នុងវេលាថ្ងៃ ទៀបគល់នៃភ្នៅសាវ។ ម្នាលភិក្ខុទាំងឡាយ ទណ្ឌបាណិសក្យៈ ដើរទៅ ដើរមកឲ្យស្រួលជើង ក៏ដើរសំដៅមកព្រៃមហាវ័ន លុះចូលមកកាន់ព្រៃមហាវ័នហើយ ក៏បានចូលមករកតថាគត ដែលអង្គុយទៀបដើមភ្នៅសាវ លុះចូលមកដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល មួយអន្លើដោយតថាគត លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏ច្រត់ចុះនូវដំបង ឈរ (ស្ទប់ចង្កា) នៅក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះទណ្ឌបាណិសក្យៈ ឈរក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងតថាគតថា សមណៈប្រកាន់ទិដ្ឋិដូចម្តេច ពោលទិដ្ឋិដូចម្តេច កាលបើទណ្ឌបាណិសក្យៈសួរយ៉ាងនេះហើយ ម្នាលភិក្ខុទាំងឡាយ តថាគត ក៏ពោលពាក្យនេះ នឹងទណ្ឌបាណិសក្យៈថា ម្នាលអាវុសោ ក្នុងលោក (នេះ) ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស មានបុគ្គលប្រកាន់យ៉ាងណា ដែលមិនមានជម្លោះទាស់ទែងដោយបុគ្គលណាមួយក្នុងលោក មួយទៀត កិលេសសញ្ញាទាំងឡាយ មិនបានជាប់តាម នូវខីណាសវព្រាហ្មណ៍នោះ ដែលប្រាសចាកកាមទាំងឡាយ មិនមានសេចក្តីងឿងឆ្ងល់ ផ្តាច់បង់នូវសេចក្តីស្តាយក្រោយ និងការរពឹសដៃជើង ប្រាសចាកសេចក្តីប្រាថ្នា ក្នុងភពតូច និងភពធំយ៉ាងណា ម្នាលអាវុសោ តថាគត ក៏ប្រកាន់ទិដ្ឋិយ៉ាងនោះ ពោលទិដ្ឋិយ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលបើតថាគត ពោលយ៉ាងនេះហើយ ទណ្ឌបាណិសក្យៈ ងក់ក្បាល លៀនអណ្តាត ហើយដាក់ម្រាមដៃលើថ្ងាស ដែលមានផ្នត់បី ហើយក្រោកឡើង កាន់ដំបងចេញទៅ។
[២៤៥] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ មានភិក្ខុ១រូប ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងលោក (នេះ) ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ព្រះមានព្រះភាគ ប្រកាន់ទិដ្ឋិដូចម្តេច ដែលមិនមានជម្លោះទាស់ទែងដោយបុគ្គលណាមួយក្នុងលោក បពិត្រព្រះអង្គដ៏ចំរើន កិលេសសញ្ញាទាំងឡាយ មិនបានជាប់តាម នូវខីណាសវព្រាហ្មណ៍នោះ ដែលប្រាសចាកកាមទាំងឡាយ មិនមានសេចក្តីងឿងឆ្ងល់ ផ្តាច់បង់នូវសេចក្តីស្តាយក្រោយ និងការរពឹសដៃជើង ប្រាសចាកសេចក្តីប្រាថ្នា ក្នុងភពតូច និងភពធំយ៉ាងណា។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ ចំណែកនៃបបញ្ចសញ្ញា2) រមែងប្រព្រឹត្តទៅតាមបុរស ព្រោះមានសភាវៈណាជាហេតុ សេចក្តីដែលបុគ្គលគប្បីត្រេកអរ គប្បីពោល គប្បីប្រកាន់ (ថាអញ ថាយើង) បើមិនមានក្នុងសភាវៈនុ៎ះទេ សេចក្តីមិនត្រេកអរជាដើមនុ៎ះឯង ហៅថា ទីបំផុតនៃរាគានុស័យ ហៅថា ទីបំផុតនៃបដិឃានុស័យ ហៅថា ទីបំផុតនៃទិដ្ឋានុស័យ ហៅថា ទីបំផុតនៃវិចិកិច្ឆានុស័យ ហៅថា ទីបំផុតនៃមានានុស័យ ហៅថា ទីបំផុតនៃភវរាគានុស័យ ហៅថា ទីបំផុតនៃអវិជ្ជានុស័យ ហៅថា ទីបំផុតនៃការកាន់ដំបង កាន់សស្ត្រា ជម្លោះ បង្កហេតុ ទាស់ទែង ពោលពាក្យស៊កសៀត ថាឯង ថាម៉ឹង និងពាក្យមុសាវាទ អកុសលធម៌ទាំងឡាយដ៏លាមកនេះ រមែងរលត់ទៅវិញ ដោយមិនសេសសល់ក្នុងសភាវៈ១២នុ៎ះ។ លុះព្រះសុគត ទ្រង់ត្រាស់ដូច្នេះហើយ ក៏ក្រោកចាកអាសនៈ ហើយទ្រង់ស្តេចចូលទៅកាន់វិហារ។
[២៤៦] កាលដែលព្រះមានព្រះភាគ ស្តេចចេញទៅមិនយូរប៉ុន្មាន ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគរបស់យើងទាំងឡាយ សំដែងឧទ្ទេសនេះ ដោយបំប្រួញ មិនបានចែកអត្ថដោយពិស្តារថា ម្នាលភិក្ខុ ចំណែកនៃបបញ្ចសញ្ញា រមែងប្រព្រឹត្តទៅតាមបុរស ព្រោះមានសភាវៈណាជាហេតុ សេចក្តីដែលបុគ្គលគប្បីត្រេកអរ គប្បីពោល គប្បីប្រកាន់ (ថាអញ ថាយើង) បើមិនមានក្នុងសភាវៈនុ៎ះទេ សេចក្តីមិនត្រេកអរជាដើមនុ៎ះឯង ហៅថា ទីបំផុតនៃរាគានុស័យ ហៅថា ទីបំផុតនៃបដិឃានុស័យ ហៅថា ទីបំផុតនៃទិដ្ឋានុស័យ ហៅថា ទីបំផុតនៃវិចិកិច្ឆានុស័យ ហៅថា ទីបំផុតនៃមានានុស័យ ហៅថា ទីបំផុតនៃភវរាគានុស័យ ហៅថា ទីបំផុតនៃអវិជ្ជានុស័យ ហៅថា ទីបំផុតនៃការកាន់ដំបង កាន់សស្ត្រា ជម្លោះ បង្កហេតុ ទាស់ទែង ពោលពាក្យ ស៊កសៀត ថាឯង ថាម៉ឹង និងពាក្យមុសា អកុសលធម៌ទាំងឡាយ ដ៏លាមកនេះ រមែងរលត់ទៅវិញ មិនសេសសល់ ក្នុងសភាវៈនុ៎ះ ដូច្នេះហើយ ក៏ស្រាប់តែស្តេចក្រោកអំពីអាសនៈ ចូលទៅកាន់វិហារទៅ ភិក្ខុណាហ្ន៎ គប្បីចែកសេចក្តីនៃឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយបំប្រួញ មិនចែកអត្ថឲ្យពិស្តារនេះ ឲ្យពិស្តារទៅបាន។ ទើបភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា មហាកច្ចានៈ ដ៏មានអាយុនេះឯង ព្រះសាស្តាទ្រង់សរសើរ ទាំងពួកសព្រហ្មចារី ជាអ្នកប្រាជ្ញក៏សរសើរដែរ មានតែព្រះកច្ចានៈ ដ៏មានអាយុនេះ ទើបអាចនឹងចែកសេចក្តី នៃឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយបំប្រួញ មិនទាន់ចែកអត្ថឲ្យពិស្តារនេះ ឲ្យពិស្តារទៅបាន បើដូច្នោះ គួរយើងទាំងឡាយ ចូលទៅរកមហាកច្ចានៈដ៏មានអាយុនោះ លុះចូលទៅដល់ហើយ គប្បីសាកសួរនូវសេចក្តីនេះ នឹងមហាកច្ចានៈដ៏មានអាយុ។ ទើបភិក្ខុទាំងនោះ នាំគ្នាចូលទៅរកមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹងមហាកច្ចានៈដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ នឹងពាក្យដែលគួររលឹកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងមហាកច្ចានៈដ៏មានអាយុថា ម្នាលអាវុសោកច្ចានៈ ព្រះមានព្រះភាគរបស់យើងទាំងឡាយ សំដែងឧទ្ទេសនេះ ដោយសេចក្តីបំប្រួញ មិនទាន់បានចែកសេចក្តីដោយពិស្តារថា ម្នាលភិក្ខុ ចំណែកនៃ បបញ្ចសញ្ញា រមែងប្រព្រឹត្តទៅតាមបុរស ព្រោះមានសភាវៈណាជាហេតុ សូម្បីសេចក្តីដែលបុគ្គលគប្បីត្រេកអរ បើមិនមានក្នុងសភាវៈនុ៎ះទេ។បេ។ អកុសលធម៌ទាំងឡាយដ៏លាមកនេះ តែងរលត់ទៅវិញ ដោយមិនសេសសល់ក្នុងសភាវៈនុ៎ះដូច្នេះ ហើយក៏ស្រាប់តែស្តេចក្រោកអំពីអាសនៈ ចូលទៅកាន់វិហារទៅ ម្នាលអាវុសោកច្ចានៈ កាលបើព្រះមានព្រះភាគរបស់យើងទាំងឡាយ ស្តេចចេញទៅមិនយូរប៉ុន្មាន យើងទាំងនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ម្នាលអាវុសោ ព្រះមានព្រះភាគរបស់យើង សំដែងឧទ្ទេសនេះ ដោយសេចក្តីបំប្រួញ មិនទាន់បានចែកសេចក្តីដោយពិស្តារថា ម្នាលភិក្ខុ ចំណែកនៃបបញ្ចសញ្ញា រមែងប្រព្រឹត្តទៅតាមបុរស ព្រោះមានសភាវៈណាជាហេតុ សូម្បីសេចក្តីដែលបុគ្គលគប្បីត្រេកអរ បើមិនមានក្នុងសភាវៈនុ៎ះទេ។បេ។ អកុសលធម៌ទាំងឡាយដ៏លាមកនេះ តែងរលត់ទៅវិញ ដោយមិនសេសសល់ក្នុងសភាវៈនុ៎ះ ដូច្នេះហើយ ក៏ស្រាប់តែស្តេចក្រោកអំពីអាសនៈ ចូលទៅកាន់វិហារទៅ ភិក្ខុណាហ្ន៎ គប្បីចែកសេចក្តីនៃឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយដោយបំប្រួញ មិនទាន់ចែកអត្ថឲ្យពិស្តារនេះ ឲ្យពិស្តារទៅបាន ម្នាលអាវុសោកច្ចានៈ យើងទាំងអស់គ្នានេះ មានសេចក្តីត្រិះរិះ ដូច្នេះទៀតថា ម្នាលអាវុសោទាំងឡាយ មហាកច្ចានៈដ៏មានអាយុនេះ ព្រះសាស្តាទ្រង់សរសើរ ទាំងពួកសព្រហ្មចារី ជាអ្នកប្រាជ្ញក៏សរសើរដែរ មានតែមហាកច្ចានៈដ៏មានអាយុនេះ ទើបអាចនឹងចែកសេចក្តីនៃឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយសេចក្តីបំប្រួញ មិនទាន់បានចែកសេចក្តីឲ្យពិស្តារ ឲ្យពិស្តារទៅបាន បើដូច្នោះ គួរតែយើងទាំងឡាយ ចូលទៅរកមហាកច្ចានៈដ៏មានអាយុនោះ លុះចូលទៅដល់ហើយ គប្បីសាកសួរនូវសេចក្តីនេះ នឹងមហាកច្ចានៈដ៏មានអាយុថា សូមមហាកច្ចានៈដ៏មានអាយុចែក (សេចក្តីនេះឲ្យទាន)។
[២៤៧] មហាកច្ចានៈដ៏មានអាយុឆ្លើយថា ម្នាលអាវុសោ ដូចបុរសជាអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ដើរទៅកាន់ទីស្វែងរកខ្លឹមឈើ ហើយដើរហួសខ្លឹមឈើធំ ដែលនៅក្នុងទីនោះ ដើរហួសគល់ និងដើម ហើយសំគាល់ថា គួរស្វែងរកខ្លឹមត្រង់មែក នឹងសន្លឹកទៅវិញ មានឧបមាយ៉ាងណា សេចក្តីឧបមេយ្យនេះ ក៏យ៉ាងនោះដែរ កាលបើព្រះសាស្តា គង់ក្នុងទីចំពោះមុខ នៃលោកដ៏មានអាយុទាំងឡាយ លោកទាំងឡាយ ដើរហួសព្រះមានព្រះភាគនោះ ហើយសំគាល់ថា គប្បីសួរសេចក្តីនេះនឹងខ្ញុំវិញ ម្នាលអាវុសោ ព្រោះថា ព្រះមានព្រះភាគនោះ តែងទ្រង់ជ្រាបនូវហេតុដែលគួរជ្រាប ទ្រង់ឃើញនូវហេតុដែលគួរឃើញ ព្រះតថាគតនោះ មានចក្ខុកើតហើយ មានញាណកើតហើយ មានធម៌មិនវិបរិតកើតហើយ ព្រះអង្គជាបុរសដ៏ប្រសើរ ព្រះអង្គជាអ្នកពោលនូវធម៌ អ្នកប្រាប់នូវធម៌ អ្នកបង្អោននូវប្រយោជន៍ អ្នកឲ្យនូវសេចក្តីប្រតិបត្តិ ដើម្បីត្រាស់ដឹងនូវព្រះនិព្វាន ឈ្មោះអមតៈ ជាម្ចាស់នៃធម៌ កាលនេះជាកាលគួរដល់ព្រះតថាគតនុ៎ះហើយ លោកទាំងឡាយ គប្បីសាកសួរនូវសេចក្តីនៃឧទ្ទេសនេះ នឹងព្រះមានព្រះភាគចុះ (បើ) ព្រះមានព្រះភាគនៃយើង ទ្រង់សំដែងយ៉ាងណា អ្នកទាំងឡាយ គប្បីចាំទុកនូវឧទ្ទេសនោះដូច្នោះ។ ម្នាលអាវុសោកច្ចានៈ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវហេតុដែលគួរជ្រាប ទ្រង់ឃើញនូវហេតុដែលគួរឃើញដោយពិតណាស់ ព្រះតថាគតនោះ មានចក្ខុកើតហើយ មានញាណកើតហើយ មានធម៌មិនវិបរិតកើតហើយ ព្រះអង្គជាបុរសដ៏ប្រសើរ ព្រះអង្គជាអ្នកពោលនូវធម៌ ជាអ្នកប្រាប់នូវធម៌ អ្នកបង្អោនមកនូវប្រយោជន៍ អ្នកឲ្យនូវសេចក្តីប្រតិបត្តិ ដើម្បីត្រាស់ដឹងនូវព្រះនិព្វាន ឈ្មោះអមតៈ ជាម្ចាស់នៃធម៌ កាលនេះជាកាលគួរ ដល់ព្រះតថាគតនុ៎ះហើយ យើងទាំងឡាយ គប្បីសាកសួរនូវសេចក្តី នៃឧទ្ទេសនេះ នឹងព្រះមានព្រះភាគចុះ (បើ) ព្រះមានព្រះភាគ នៃយើងទ្រង់សំដែងយ៉ាងណា យើងទាំងឡាយ គប្បីចាំទុកនូវឧទ្ទេសនោះដូច្នោះ ក៏មែនពិតហើយ ប៉ុន្តែមហាកច្ចានៈដ៏មានអាយុ ព្រះសាស្តាទ្រង់សរសើរ ទាំងពួកសព្រហ្មចារី ជាអ្នកប្រាជ្ញាក៏សរសើរដែរ មហាកច្ចានៈដ៏មានអាយុនេះ អាចចែកសេចក្តីនៃឧទ្ទេស ដែលព្រះមានព្រះភាគ សំដែងដោយបំប្រួញ មិនទាន់ចែកអត្ថឲ្យពិស្តារនេះ ឲ្យពិស្តារទៅបាន សូមមហាកច្ចានៈដ៏មានអាយុកុំបង្អែបង្អង់ មេត្តាចែក (សេចក្តីឲ្យទាន)។
[២៤៨] ព្រះមហាកច្ចានៈឆ្លើយថា ម្នាលអាវុសោ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ ខ្ញុំនឹងសំដែង (ឥឡូវនេះ)។ ភិក្ខុទាំងនោះ ក៏ឆ្លើយតបព្រះមហាកច្ចានៈដ៏មានអាយុថា ព្រះករុណាអាវុសោ។ ព្រះមហាកច្ចានៈដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគរបស់យើង សំដែងនូវឧទ្ទេសណា ដោយសេចក្តីបំប្រួញ មិនទាន់បានចែកអត្ថ ដោយពិស្តារថា ម្នាលភិក្ខុ ចំណែកនៃបបញ្ចសញ្ញា តែងប្រព្រឹត្តទៅតាមបុរស ព្រោះមានសភាវៈណាជាហេតុ សូម្បីសេចក្តីដែលបុគ្គលគប្បីត្រេកអរ បើមិនមានក្នុងសភាវៈនុ៎ះទេ។បេ។ អកុសលធម៌ទាំងឡាយ ដ៏លាមកនេះ រមែងរលត់ទៅ ដោយមិនសេសសល់ ក្នុងសភាវៈនុ៎ះ ដូច្នេះហើយ ក៏ស្រាប់តែស្តេចក្រោកអំពីអាសនៈ ចូលទៅកាន់វិហារទៅ ម្នាលអាវុសោ ខ្ញុំដឹងច្បាស់នូវសេចក្តីនៃឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែង ដោយបំប្រួញ មិនទាន់ចែកអត្ថឲ្យពិស្តារនេះ ដោយពិស្តារយ៉ាងនេះថា ម្នាលអាវុសោ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុប្រសាទ និងរូបារម្មណ៍ ការប្រជុំធម៌៣យ៉ាង (ចក្ខុ១ រូប១ ចក្ខុវិញ្ញាណ១) ឈ្មោះថា ផស្សៈ វេទនាកើតឡើង ព្រោះមានផស្សៈជាបច្ច័យ វេទនាទទួលនូវអារម្មណ៍ណា សញ្ញាក៏ស្គាល់ច្បាស់ នូវអារម្មណ៍នោះ សញ្ញាស្គាល់ច្បាស់ នូវអារម្មណ៍ណា វិតក្កៈក៏ត្រិះរិះនូវអារម្មណ៍នោះ វិតក្កៈត្រិះរិះ នូវអារម្មណ៍ណា បបញ្ចធម៌ ធ្វើឲ្យយឺតយូរនូវអារម្មណ៍នោះ បបញ្ចធម៌ធ្វើឲ្យយឺតយូរ នូវអារម្មណ៍ណា ចំណែកនៃបបញ្ចសញ្ញា រមែងគ្របសង្កត់នូវបុរស ព្រោះមានចក្ខុ និងរូប ជាដើមនោះ ជាហេតុ ( សហជាតធម៌ ទាំងឡាយ) ក្នុងរូប ដែលគេគប្បីដឹងដោយចក្ខុ ជាអតីត អនាគត និងបច្ចុប្បន្ន (បណ្ឌិតគប្បីយល់តាមន័យនេះចុះ)។ ម្នាលអាវុសោ សោតវិញ្ញាណកើតឡើង ព្រោះអាស្រ័យសោតប្រសាទ និងសទ្ទារម្មណ៍។បេ។ ម្នាលអាវុសោ ឃានវិញ្ញាណកើតឡើង ព្រោះអាស្រ័យឃានប្រសាទ និងគន្ធារម្មណ៍…។ ម្នាលអាវុសោ ជិវ្ហាវិញ្ញាណកើតឡើង ព្រោះអាស្រ័យជិវ្ហាប្រសាទ និងរសារម្មណ៍..។ ម្នាលអាវុសោ កាយវិញ្ញាណកើតឡើង ព្រោះអាស្រ័យកាយប្រសាទ និងផោដ្ឋព្វារម្មណ៍..។ ម្នាលអាវុសោ មនោវិញ្ញាណ គឺ អាវជ្ជនចិត្ត ឬ ជវនចិត្ត កើតឡើង ព្រោះអាស្រ័យ ភវង្គចិត្ត និងធម្មារម្មណ៍ ដែលប្រព្រឹត្តទៅក្នុងភូមិ៣ ការប្រជុំនៃភវង្គចិត្ត ធម្មារម្មណ៍ និងមនោវិញ្ញាណ ទាំង៣ (នេះ) ឈ្មោះថា ផស្សៈ វេទនាកើតឡើង ព្រោះមានផស្សៈជាបច្ច័យ វេទនាទទួលនូវអារម្មណ៍ណា សញ្ញាក៏ស្គាល់ច្បាស់ នូវអារម្មណ៍នោះ សញ្ញាស្គាល់ច្បាស់នូវអារម្មណ៍ណា វិតក្កៈក៏ត្រិះរិះនូវអារម្មណ៍នោះ វិតក្កៈត្រិះរិះនូវអារម្មណ៍ណា បបញ្ចធម៌ធ្វើឲ្យយឺតយូរនូវអារម្មណ៍នោះ បបញ្ចធម៌ធ្វើឲ្យយឺតយូរនូវអារម្មណ៍ណា ចំណែកនៃបបញ្ចសញ្ញា តែងគ្របសង្កត់នូវបុរស ព្រោះមានអារម្មណ៍នោះ ជាហេតុ (សហជាតធម៌ទាំងឡាយ) ក្នុងអារម្មណ៍ ដែលគេគប្បីដឹងដោយចិត្ត ជាអតីត អនាគត និងបច្ចុប្បន្ន បណ្ឌិតគប្បីយល់តាមន័យនេះចុះ។ ម្នាលអាវុសោ កាលបើចក្ខុប្រសាទ រូបបារម្មណ៍ និងចក្ខុវិញ្ញាណមានហើយ បុរសនោះឯង នឹងធ្វើឲ្យប្រាកដ នូវ ផស្សប្បញ្ញត្តិ បាន ហេតុនេះ មានមែន កាលបើ ផស្សប្បញ្ញត្តិ មានហើយ នឹងធ្វើឲ្យប្រាកដនូវ វេទនាបញ្ញត្តិ បាន ហេតុនេះមានមែន កាលបើ វេទនាបញ្ញត្តិ មានហើយ នឹងធ្វើឲ្យប្រាកដនូវ សញ្ញាបញ្ញត្តិ បាន ហេតុនេះមានមែន កាលបើ សញ្ញាបញ្ញត្តិ មានហើយ នឹងធ្វើឲ្យប្រាកដនូវ វិតក្កប្បញ្ញត្តិ បាន ហេតុនេះមានមែន កាលបើ វិតក្កប្បញ្ញត្តិ មានហើយ នឹងធ្វើឲ្យប្រាកដនូវ បបញ្ចសញ្ញាសង្ខាសមុទាចរណប្បញ្ញត្តិ គឺសំដែងនូវការគ្របសង្កត់ នូវចំណែកនៃបបញ្ចសញ្ញាបាន ហេតុនេះមានមែន។ ម្នាលអាវុសោ កាលបើសោតប្រសាទ និងសទ្ទារម្មណ៍ មានហើយ បុរសនោះឯង…។ កាលបើឃានប្រសាទ និងគន្ធារម្មណ៍ មានហើយ…។ កាលបើជិវ្ហាប្រសាទ និងរសារម្មណ៍ មានហើយ…។ កាលបើកាយប្រសាទ និងផោដ្ឋព្វារម្មណ៍ មានហើយ…។ កាលបើភវង្គចិត្ត ធម្មារម្មណ៍ និងមនោវិញ្ញាណ មានហើយ បុរសនោះឯង នឹងធ្វើឲ្យប្រាកដ នូវ ផស្សប្បញ្ញត្តិ បាន ហេតុនេះមានមែន កាលបើ ផស្សប្បញ្ញត្តិ មានហើយ នឹងធ្វើឲ្យប្រាកដនូវ វេទនាបញ្ញត្តិ បាន ហេតុនេះមានមែន កាលបើ វេទនាបញ្ញត្តិ មានហើយ នឹងធ្វើឲ្យប្រាកដនូវ សញ្ញាបញ្ញត្តិ បាន ហេតុនេះមានមែន កាលបើ សញ្ញាបញ្ញត្តិមានហើយ នឹងធ្វើឲ្យប្រាកដនូវ វិតក្កប្បញ្ញត្តិបាន ហេតុនេះមានមែន កាលបើ វិតក្កប្បញ្ញត្តិ មានហើយ នឹងធ្វើឲ្យប្រាកដនូវ បបញ្ចសញ្ញាសង្ខាសមុទាចរណប្បញ្ញត្តិបាន ហេតុនេះមានមែន។ ម្នាលអាវុសោ កាលបើចក្ខុប្រសាទមិនមាន រូបារម្មណ៍មិនមាន និងចក្ខុវិញ្ញាណមិនមានហើយ បុរសនោះឯង នឹងធ្វើឲ្យប្រាកដ នូវផស្សប្បញ្ញត្តិបាន ហេតុនេះ មិនមានឡើយ កាលបើផស្សប្បញ្ញត្តិមិនមានហើយ នឹងធ្វើឲ្យប្រាកដនូវ វេទនាបញ្ញត្តិបាន ហេតុនេះមិនមានឡើយ កាលបើវេទនាបញ្ញត្តិ មិនមានហើយ នឹងធ្វើឲ្យប្រាកដនូវ សញ្ញាបញ្ញត្តិបាន ហេតុនេះមិនមានឡើយ កាលបើសញ្ញាបញ្ញត្តិ មិនមានហើយ នឹងធ្វើឲ្យប្រាកដនូវ វិតក្កប្បញ្ញត្តិបាន ហេតុនេះមិនមានឡើយ កាលបើវិតក្កប្បញ្ញត្តិ មិនមានហើយ នឹងធ្វើឲ្យប្រាកដនូវបបញ្ចសញ្ញាសង្ខាសមុទាចរណប្បញ្ញត្តិបាន ហេតុនេះមិនមានឡើយ។ ម្នាលអាវុសោ កាលបើសោតប្រសាទ និងសទ្ទារម្មណ៍ មិនមានហើយ បុរសនោះឯង។បេ។ កាលបើឃានប្រសាទ និងគន្ធារម្មណ៍ មិនមានហើយ…។ កាលបើជិវ្ហាប្រសាទ និងរសារម្មណ៍ មិនមានហើយ…។ កាលបើកាយប្រសាទ និងផោដ្ឋព្វារម្មណ៍ មិនមានហើយ…។ កាលបើភវង្គចិត្តមិនមាន ធម្មារម្មណ៍មិនមាន និងមនោវិញ្ញាណមិនមានហើយ នឹងធ្វើឲ្យប្រាកដ នូវផស្សប្បញ្ញត្តិបាន ហេតុនេះ មិនមានឡើយ កាលបើផស្សប្បញ្ញត្តិមិនមានហើយ នឹងធ្វើឲ្យប្រាកដនូវវេទនាបញ្ញត្តិបាន ហេតុនេះមិនមានឡើយ កាលបើវេទនាបញ្ញត្តិ មិនមានហើយ នឹងធ្វើឲ្យប្រាកដនូវសញ្ញាបញ្ញត្តិបាន ហេតុនេះមិនមានឡើយ កាលបើសញ្ញាបញ្ញត្តិមិនមានហើយ នឹងធ្វើឲ្យប្រាកដនូវវិតក្កប្បញ្ញត្តិបាន ហេតុនេះមិនមានឡើយ កាលបើវិតក្កប្បញ្ញត្តិ មិនមានហើយ នឹងធ្វើឲ្យប្រាកដនូវបបញ្ចសញ្ញាសង្ខាសមុទាចរណប្បញ្ញត្តិបាន ហេតុនេះមិនមានឡើយ។ ម្នាលអាវុសោ ព្រះមានព្រះភាគរបស់យើងទាំងឡាយ ទ្រង់សំដែងនូវឧទ្ទេសណា ដោយសេចក្តីបំប្រួញ មិនទាន់ចែកសេចក្តីដោយពិស្តារថា ម្នាលភិក្ខុ ចំណែកនៃបបញ្ចសញ្ញា រមែងគ្របសង្កត់នូវបុរស ព្រោះមានសភាវៈណាជាហេតុ សេចក្តីដែលបុគ្គលគប្បីត្រេកអរ បើមិនមានក្នុងសភាវៈនុ៎ះទេ។បេ។ អកុសលធម៌ ដ៏លាមកទាំងឡាយនេះ រមែងរលត់ទៅ ដោយមិនសេសសល់ ក្នុង(សភាវៈនុ៎ះ) ដូច្នេះហើយ ក៏ស្រាប់តែស្តេចក្រោកអំពីអាសនៈ ចូលទៅកាន់វិហារទៅ ម្នាលអាវុសោ ខ្ញុំដឹងច្បាស់ នូវសេចក្តីនៃឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែង ដោយសេចក្តីបំប្រួញ មិនទាន់ចែកសេចក្តីឲ្យពិស្តារនេះ ដោយពិស្តារយ៉ាងនេះឯង។ តែថាបើលោកដ៏មានអាយុទាំងឡាយ ចង់ដឹង (សេចក្តីនេះឲ្យច្បាស់លាស់) គប្បីនាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ ហើយសាកសួរសេចក្តីនេះចុះ (បើ) ព្រះមានព្រះភាគ នៃយ៉ាងទាំងឡាយ ទ្រង់ព្យាករយ៉ាងណា លោកទាំងឡាយ គប្បីចាំសេចក្តីនោះ យ៉ាងនោះចុះ។
[២៤៩] ភិក្ខុទាំងនោះ ក៏ត្រេកអរ អនុមោទនា នូវភាសិតរបស់ព្រះមហាកច្ចានៈដ៏មានអាយុ ហើយក្រោកអំពីអាសនៈ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបអភិវាទ ចំពោះព្រះមានព្រះភាគ រួចហើយអង្គុយក្នុងទីដ៏សមគួរ។ កាលដែលភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានជោគ ដូច្នេះថា បពិត្រព្រះមានព្រះភាគដ៏ចំរើន ព្រះអង្គទ្រង់សំដែង នូវឧទ្ទេសណា ដោយសេចក្តីបំប្រួញ មិនទាន់ចែកសេចក្តីដោយពិស្តារ ដល់ពួកខ្ញុំព្រះអង្គថា ម្នាលភិក្ខុ ចំណែកនៃបបញ្ចសញ្ញា រមែងគ្របសង្កត់នូវបុរស ព្រោះមានសភាវៈណាជាហេតុ សេចក្តីដែលបុគ្គលគប្បីត្រេកអរ បើមិនមានក្នុងសភាវៈនុ៎ះទេ។បេ។ អកុសលធម៌ ដ៏លាមកទាំងឡាយនេះ រមែងរលត់ទៅ ដោយមិនសេសសល់ ក្នុងសភាវៈនុ៎ះ ដូច្នេះហើយ ក៏ស្រាប់តែស្តេចក្រោកអំពីអាសនៈ ចូលទៅកាន់វិហារទៅ។ បពិត្រព្រះមានព្រះភាគដ៏ចំរើន កាលព្រះមានព្រះភាគ ស្តេចចេញទៅមិនយូរប៉ុន្មាន ខ្ញុំព្រះអង្គទាំងនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគរបស់យើង ទ្រង់សំដែងនូវឧទ្ទេសនេះ ដោយសេចក្តីបំប្រួញណាស់ មិនទាន់ចែកសេចក្តីដោយពិស្តារថា ម្នាលភិក្ខុ ចំណែកនៃបបញ្ចសញ្ញា រមែងគ្របសង្កត់នូវបុរស ព្រោះមានសភាវៈណាជាហេតុ សូម្បីសេចក្តីដែលបុគ្គលគប្បីត្រេកអរ គប្បីពោល គប្បីប្រកាន់ (ថាអញ ថាយើង) បើមិនមានក្នុងសភាវៈនុ៎ះទេ សេចក្តីមិនត្រេកអរ ជាដើមនុ៎ះឯង ហៅថា ទីបំផុតនៃរាគានុស័យ ហៅថាទីបំផុតនៃបដិឃានុស័យ ហៅថាទីបំផុតនៃទិដ្ឋានុស័យ ហៅថាទីបំផុតនៃវិចិកិច្ឆានុស័យ ហៅថាទីបំផុតនៃមានានុស័យ ហៅថាទីបំផុតនៃភវរាគានុស័យ ហៅថាទីបំផុតនៃអវិជ្ជានុស័យ ហៅថាទីបំផុតនៃការកាន់ដំបង កាន់សស្ត្រា បង្កហេតុ ជម្លោះ ទាស់ទែង ពោលពាក្យចាក់ដោត ថាឯង ថាមឹង និងពាក្យមុសាវាទ អកុសលធម៌ ដ៏លាមកទាំងឡាយនេះ រមែងរលត់ទៅ ដោយមិនសេសសល់ ក្នុងសភាវៈនុ៎ះ ដូច្នេះហើយ ក៏ស្រាប់តែស្តេចក្រោកអំពីអាសនៈ ចូលទៅកាន់វិហារទៅ ភិក្ខុណាហ្ន៎ គប្បីនឹងចែកសេចក្តីនៃឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយបំប្រួញ មិនទាន់ចែកអត្ថ ឲ្យពិស្តារនេះ ឲ្យពិស្តារទៅបាន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា មហាកច្ចានៈដ៏មានអាយុនេះឯង ព្រះសាស្តាទ្រង់សរសើរ ទាំងពួកសព្រហ្មចារី ជាអ្នកប្រាជ្ញ ក៏សរសើរដែរ មានតែមហាកច្ចានៈដ៏មានអាយុនេះ ទើបនឹងអាចចែកសេចក្តីនៃឧទ្ទេសនេះ ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយបំប្រួញ មិនទាន់ចែកអត្ថឲ្យពិស្តារ ឲ្យពិស្តារទៅបាន បើដូច្នោះ គួរយើងទាំងឡាយ ចូលទៅរកមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ គប្បីសាកសួរសេចក្តីនេះ នឹងមហាកច្ចានៈដ៏មានអាយុ។ បពិត្រព្រះអង្គដ៏ចំរើន ទើបខ្ញុំព្រះអង្គទាំងនោះ នាំគ្នាចូលទៅរកមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ បានសាកសួរសេចក្តីនេះ នឹងមហាកច្ចានៈដ៏មានអាយុ។ បពិត្រព្រះអង្គដ៏ចំរើន មហាកច្ចានៈដ៏មានអាយុ បានចែកសេចក្តីដោយអាការទាំងនេះ ដោយបទទាំងនេះ ដោយព្យញ្ជនៈទាំងនេះ ដល់យើងទាំងឡាយនោះ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សរសើរថា ម្នាលភិក្ខុទាំងឡាយ មហាកច្ចានៈ (នេះ) ជាបណ្ឌិត3) ម្នាលភិក្ខុទាំងឡាយ មហាកច្ចានៈ (នេះ) ជាអ្នកមានប្រាជ្ញាច្រើន4) ម្នាលភិក្ខុទាំងឡាយ ទុកជាអ្នកទាំងឡាយ សាកសួរសេចក្តីនេះ នឹងតថាគត តថាគត ក៏គង់តែព្យាករសេចក្តីនោះ យ៉ាងហ្នឹងដែរ មហាកច្ចានៈព្យាករសេចក្តី នៃឧទ្ទេសនោះយ៉ាងណា សេចក្តីនៃឧទ្ទេសនេះ យ៉ាងហ្នឹងហើយ អ្នកទាំងឡាយ ចូរចាំនូវសេចក្តីនោះចុះ។
[២៥០] កាលបើព្រះមានព្រះភាគត្រាស់យ៉ាងនេះហើយ ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ដូចបុរស ដែលសេចក្តីស្រេកឃ្លាន គ្របសង្កត់ឲ្យមានកំឡាំងថយ ហើយស្រាប់តែបាននំផ្អែម បុរសនោះ បានទទួលរសក្នុងកាលណា ក៏បាននូវរសឆ្ងាញ់ ដែលមិនលាយដោយទឹកធម្មតា ក្នុងកាលណោះ សេចក្តីនេះយ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលមានជាតិជាអ្នករិះរំពឹង មានសភាពជាបណ្ឌិត គប្បីកំណត់នូវសេចក្តីនៃធម្មបរិយាយនេះ ដោយបញ្ញាក្នុងកាលណា ក៏បាននូវភាវៈ ជាអ្នកមានចិត្តរីករាយផង បាននូវសេចក្តីជ្រះថ្លានៃចិត្តផង (ក្នុងកាលណោះ) ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន ធម្មបរិយាយនេះ ឈ្មោះដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ ចូរអ្នកចាំទុកនូវសេចក្តីនោះថា ធម្មបរិយាយនេះ ឈ្មោះមធុបិណ្ឌិកបរិយាយដូច្នេះចុះ។ ព្រះមានព្រះភាគ បានសំដែងព្រះសូត្រនេះចប់ហើយ ព្រះអានន្ទដ៏មានអាយុ ក៏ពេញចិត្ត ត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ មធុបិណ្ឌិកសូត្រ ទី៨។