តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មូលបណ្ណាសក » សីហនាទវគ្គ »
ព្រះពុទ្ធបានពន្យល់អំពីសេចក្ដីត្រិះរិះ២ចំណែកកាលពីទ្រង់នៅមិនទាន់ត្រាស់ដឹង ។ កាមវិតក្កៈ ព្យាបាទវិតក្កៈ វិហឹសាវិតក្កៈជាចំណែកទី១ និង នេក្ខម្មវិតក្កៈ អព្យាបាទវិតក្កៈ អវិហឹសាវិតក្កៈ ជាចំណែកទិ២។
mn 019 បាលី cs-km: sut.mn.019 អដ្ឋកថា: sut.mn.019_att PTS: ?
(ទី៩) ទ្វេធាវិតក្កសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៩. ទ្វេធាវិតក្កសុត្តំ)
[២៥១] ខ្ញុំបានស្តាប់មកហើយយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ឆ្លើយតបពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។
[២៥២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតនៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ ក្នុងកាលមុន អំពីការត្រាស់ដឹង មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ មានតែអាត្មាអញ ត្រូវធ្វើវិតក្កៈ ឲ្យជាចំណែកពីរៗ ម្នាលភិក្ខុទាំងឡាយ (លុះត្រិះរិះដូច្នេះហើយ) តថាគតនោះឯង ក៏ធ្វើនូវកាមវិតក្កៈ ព្យាបាទវិតក្កៈ និងវិហឹសវិតក្កៈនេះ ឲ្យជាចំណែកទី១ ធ្វើនូវនេក្ខម្មវិតក្កៈ អព្យាបាទវិតក្កៈ និងអវិហឹសាវិតក្កៈនេះ ឲ្យជាចំណែកទី២។ ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតនោះ ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតនូវកិលេស មានចិត្តបញ្ជូនទៅ យ៉ាងនេះហើយ កាមវិតក្កៈនោះកើតឡើង តថាគត ដឹងច្បាស់យ៉ាងនេះថា កាមវិតក្កៈនេះ កើតឡើងដល់តថាគតហើយ កាមវិតក្កៈនោះឯង តែងប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនទាំងពីរខាង គឺខ្លួនឯង និងបុគ្គលដទៃផង (កាមវិតក្កៈនេះ) ជាធម៌ធ្វើបញ្ញាឲ្យរលត់ ជាចំណែកនៃសេចក្តីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគត ពិចារណាឃើញថា កាមវិតក្កៈនេះ តែងប្រព្រឹត្តទៅដើម្បីបៀតបៀនខ្លួនដូច្នេះ ក៏កាមវិតក្កៈនោះ ដល់នូវសេចក្តីវិនាសទៅ ម្នាលភិក្ខុទាំងឡាយ កាលតថាគត ទើបតែពិចារណាឃើញថា កាមវិតក្កៈនេះ តែងប្រព្រឹត្តទៅដើម្បីបៀតបៀនបុគ្គលដទៃដូច្នេះ ក៏កាមវិតក្កៈនោះ ដល់នូវសេចក្តីវិនាសទៅ ម្នាលភិក្ខុទាំងឡាយ កាលតថាគត ទើបតែពិចារណាឃើញថា កាមវិតក្កៈនេះ តែងប្រព្រឹត្តទៅដើម្បីបៀតបៀនទាំងពីរខាង គឺខ្លួនឯង និងបុគ្គលដទៃ ដូច្នេះ ក៏កាមវិតក្កៈនោះ ដល់នូវសេចក្តីវិនាសទៅ ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណាឃើញថា កាមវិតក្កៈនេះ ជាធម៌ធ្វើបញ្ញាឲ្យរលត់ ជាចំណែកនៃសេចក្តីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ដូច្នេះ កាមវិតក្កៈនោះ ដល់នូវសេចក្តីវិនាសទៅ។ ម្នាលភិក្ខុទាំងឡាយ ទើបតថាគតនោះ លះបង់ គឺបន្ទោបង់នូវកាមវិតក្កៈ ដែលកើតឡើងហើយៗ ធ្វើកាមវិតក្កៈនោះ មិនឲ្យសេសសល់នៅ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ជាអ្នកជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតនូវកិលេស មានចិត្តបញ្ជូនទៅ យ៉ាងនេះហើយ ព្យាបាទវិតក្កៈនោះ ក៏កើតឡើង។បេ។ វិហឹសាវិតក្កៈនោះ ក៏កើតឡើង តថាគត ដឹងច្បាស់យ៉ាងនេះថា វិហឹសាវិតក្កៈនេះ កើតឡើង ដល់អាត្មាអញហើយ ក៏ឯវិហឹសាវិតក្កៈនោះឯង តែងប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនឯងផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនទាំងពីរខាង គឺខ្លួនឯង និងបុគ្គលដទៃផង ជាធម៌ធ្វើបញ្ញាឲ្យរលត់ ជាចំណែកនៃសេចក្តីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ម្នាលភិក្ខុទាំងឡាយ កាលតថាគត ទើបតែនឹងពិចារណាថា វិហឹសាវិតក្កៈនេះ តែងប្រព្រឹត្តទៅដើម្បីបៀតបៀនខ្លួនដូច្នេះ ក៏វិហឹសាវិតក្កៈនោះ ដល់នូវសេចក្តីវិនាសទៅ ម្នាលភិក្ខុទាំងឡាយ កាលតថាគត ពិចារណាថា វិហឹសាវិតក្កៈនេះ តែងប្រព្រឹត្តទៅ ដើម្បីបៀតបៀននូវបុគ្គលដទៃដូច្នេះ វិហឹសាវិតក្កៈនោះ ក៏ដល់នូវសេចក្តីវិនាសទៅ ម្នាលភិក្ខុទាំងឡាយ កាលតថាគត ពិចារណាឃើញថា វិហឹសាវិតក្កៈនេះ តែងប្រព្រឹត្តទៅ ដើម្បីបៀតបៀនទាំងពីរខាង គឺខ្លួនឯង និងបុគ្គលដទៃ ដូច្នេះ វិហឹសាវិតក្កៈនោះ ក៏ដល់នូវសេចក្តីវិនាសទៅ ម្នាលភិក្ខុទាំងឡាយ កាលតថាគត ពិចារណាឃើញថា វិហឹសាវិតក្កៈនេះ ជាធម៌ធ្វើបញ្ញាឲ្យរលត់ ជាចំណែក នៃសេចក្តីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ដូច្នេះ វិហឹសាវិតក្កៈនោះ ក៏ដល់នូវសេចក្តីវិនាសទៅ។ ម្នាលភិក្ខុទាំងឡាយ ទើបតថាគតនោះឯង លះបង់ គឺបន្ទោបង់ នូវវិហឹសាវិតក្កៈ ដែលកើតឡើងហើយៗ ធ្វើវិហឹសាវិតក្កៈនោះ មិនឲ្យសេសសល់នៅ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រិះរិះរឿយៗ ពិចារណារឿយៗ នូវអារម្មណ៍ដ៏ច្រើន ដោយអាការណាៗ ចិត្តក៏បង្អោនទៅកាន់អារម្មណ៍នោះ ដោយអាការនោះៗ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុត្រិះរិះរឿយៗ ពិចារណារឿយៗ នូវកាមវិតក្កៈឲ្យច្រើនហើយ ក៏ឈ្មោះថា លះបង់នូវនេក្ខម្មវិតក្កៈ បើធ្វើនូវកាមវិតក្កៈឲ្យច្រើនហើយ ចិត្តរបស់ភិក្ខុនោះ នឹងឱនទៅដើម្បីកាមវិតក្កៈ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ (ត្រិះរិះរឿយៗ ពិចារណារឿយៗ) នូវព្យាបាទវិតក្កៈ…។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុត្រិះរិះរឿយៗ ពិចារណារឿយៗ នូវវិហឹសាវិតក្កៈឲ្យច្រើនហើយ ឈ្មោះថា លះបង់នូវអវិហឹសាវិតក្កៈ បើធ្វើនូវវិហឹសាវិតក្កៈឲ្យច្រើនហើយ ចិត្តរបស់ភិក្ខុនោះ នឹងឱនទៅដើម្បីវិហឹសាវិតក្កៈ។ ម្នាលភិក្ខុទាំងឡាយ ដូចជាគង្វាលគោ រក្សាគោទាំងឡាយ ក្នុងទីចង្អៀត ដោយសំណាបក្នុងសរទសម័យ គឺខែជាខាងចុង នៃវស្សានរដូវ គង្វាលគោនោះ វាយគោ កៀងប្រមូលនូវគោទាំងឡាយ អំពីទីចង្អៀតនោះៗ ដោយដំបង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា គង្វាលគោនោះ ឃើញនូវទោស គឺការសម្លាប់ ការចាប់ចង សេចក្តីវិនាស និងពាក្យតិះដៀល ព្រោះតែគោស៊ីស្រូវរបស់បុគ្គលដទៃនោះជាហេតុ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត បានឃើញនូវទោសដ៏ថោកទាប សៅហ្មង របស់អកុសលធម៌ទាំងឡាយ និងអានិសង្សខាងសេចក្តីផូរផង់ ក្នុងនេក្ខម្មៈ របស់កុសលធម៌ទាំងឡាយ យ៉ាងនោះឯង ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតនោះ ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតនូវកិលេស មានចិត្តបញ្ជូនទៅ យ៉ាងនេះហើយ នេក្ខម្មវិតក្កៈកើតឡើង តថាគត តែងដឹងច្បាស់ យ៉ាងនេះថា នេក្ខម្មៈវិតក្កៈនេះ កើតឡើង ដល់អាត្មាអញហើយ នេក្ខម្មវិតក្កៈនោះឯង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនឯងទេ មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃទេ មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនទាំងពីរខាង គឺខ្លួនឯង និងបុគ្គលដទៃទេ ជាវិតក្កៈ ធ្វើបញ្ញាឲ្យចំរើន ជាចំណែក នៃសេចក្តីមិនចង្អៀតចង្អល់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ម្នាលភិក្ខុទាំងឡាយ បើទុកជាតថាគតត្រិះរិះរឿយៗ ពិចារណារឿយៗ នូវនេក្ខម្មវិតក្កៈនោះ អស់មួយរាត្រី តថាគត ក៏មិនបានឃើញភ័យ ព្រោះមាននេក្ខម្មវិតក្កៈនោះជាហេតុទេ។ ម្នាលភិក្ខុទាំងឡាយ បើទុកជាតថាគត ត្រិះរិះរឿយៗ ពិចារណារឿយៗ នូវនេក្ខម្មវិតក្កៈនោះ អស់១ថ្ងៃ ក៏តថាគត មិនបានឃើញនូវភ័យ ព្រោះមាននេក្ខម្មវិតក្កៈនោះជាហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ បើទុកជាតថាគត ត្រិះរិះរឿយៗ ពិចារណារឿយៗ នូវនេក្ខម្មវិតក្កៈនោះ អស់យប់ និងថ្ងៃ ក៏តថាគត មិនបានឃើញភ័យ ព្រោះមាននេក្ខម្មវិតក្កៈនោះជាហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគតនោះឯង គិតថា កាលតថាគត កំពុងត្រិះរិះរឿយៗ ពិចារណារឿយៗ យូរពេកទៅ កាយក៏លំបាក កាលបើកាយលំបាកហើយ ចិត្តក៏រួញរា កាលបើចិត្តរួញរាហើយ ចិត្តក៏ឆ្ងាយអំពីសមាធិ ទើបដម្កល់ចិត្តឲ្យនឹងនៅតែខាងក្នុង ធ្វើចិត្តឲ្យស្ងប់ ធ្វើចិត្តឲ្យមានអារម្មណ៍តែមួយ តាំងចិត្តឲ្យមាំ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះតថាគតឃាត់ចិត្តថា ចិត្តរបស់តថាគត កុំរវើរវាយឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើតថាគត ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកិលេស មានចិត្តបញ្ជូនទៅ យ៉ាងនេះហើយ អព្យាបាទវិតក្កៈ ក៏កើតឡើង។បេ។ អវិហឹសាវិតក្កៈ ក៏កើតឡើង តថាគតនោះ ដឹងច្បាស់យ៉ាងនេះថា អវិហឹសាវិតក្កៈនេះ កើតឡើងដល់អាត្មាអញហើយ ក៏ឯអវិហឹសាវិតក្កៈនោះឯង មិនបានប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនឯងទេ មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃទេ មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនទាំងពីរខាង គឺខ្លួនឯង និងបុគ្គលដទៃទេ ជាវិតក្កៈ ធ្វើបញ្ញាឲ្យចំរើន ជាចំណែកនៃសេចក្តីមិនចង្អៀតចង្អល់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ម្នាលភិក្ខុទាំងឡាយ បើទុកជាតថាគត ត្រិះរិះរឿយៗ ពិចារណារឿយៗ នូវអវិហឹសាវិតក្កៈនោះ អស់១រាត្រីហើយ ក៏តថាគត មិនបានឃើញនូវភ័យ ព្រោះមានអវិហឹសាវិតក្កៈនោះ ជាហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ បើទុកជាតថាគត ត្រិះរិះរឿយៗ ពិចារណារឿយៗ នូវអវិហឹសាវិតក្កៈនោះ អស់១ថ្ងៃ ក៏តថាគត មិនបានឃើញនូវភ័យ ព្រោះមានអវិហឹសាវិតក្កៈនោះជាហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ បើទុកជាតថាគត ត្រិះរិះរឿយៗ ពិចារណារឿយៗ នូវអវិហឹសាវិតក្កៈនោះ អស់យប់ និងថ្ងៃ ក៏តថាគត មិនបានឃើញនូវភ័យ ព្រោះមានអវិហឹសាវិតក្កៈនោះជាហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគតនោះឯង គិតថា កាលអាត្មាអញ ត្រិះរិះរឿយៗ ពិចារណារឿយៗ យូរពេកទៅ កាយក៏លំបាក កាលបើកាយលំបាកហើយ ចិត្តក៏រួញរា កាលបើចិត្តរួញរាហើយ ចិត្តក៏ឆ្ងាយអំពីសមាធិ ទើបដម្កល់ចិត្ត ឲ្យនឹងនៅតែខាងក្នុង ធ្វើចិត្តឲ្យស្ងប់ ធ្វើចិត្តឲ្យមានអារម្មណ៍តែមួយ តាំងចិត្តឲ្យមាំ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះតថាគតឃាត់ចិត្តថា ចិត្តរបស់តថាគត កុំររួញរាឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រិះរិះរឿយៗ ពិចារណារឿយៗ នូវអារម្មណ៍ដ៏ច្រើន ដោយអាការណាៗ ចិត្តក៏ឱនទៅកាន់អារម្មណ៍នោះ ដោយអាការនោះៗ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុត្រិះរិះរឿយៗ ពិចារណារឿយៗ នូវនេក្ខម្មវិតក្កៈ ដោយច្រើនហើយ ឈ្មោះថា លះបង់នូវកាមវិតក្កៈ ហើយធ្វើនេក្ខម្មវិតក្កៈឲ្យចំរើន ចិត្តរបស់ភិក្ខុនោះ រមែងឱនទៅដើម្បីនេក្ខម្មវិតក្កៈ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ ត្រិះរិះរឿយៗ ពិចារណារឿយៗ នូវព្យាបាទវិតក្កៈ…។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុត្រិះរិះរឿយៗ ពិចារណារឿយៗ នូវអវិហឹសាវិតក្កៈឲ្យច្រើនហើយ ឈ្មោះថា លះបង់នូវវិហឹសាវិតក្កៈ ធ្វើអវិហឹសាវិតក្កៈឲ្យចំរើន ចិត្តរបស់ភិក្ខុនោះ រមែងឱនទៅ ដើម្បីអវិហឹសាវិតក្កៈ។ ម្នាលភិក្ខុទាំងឡាយ ដូចគង្វាលគោ រក្សាគោទាំងឡាយ ក្នុងទីទាំងពួង ដែលមាននៅក្នុងស្រុក ក្នុងខែជាខាងចុង នៃគិម្ហរដូវ គង្វាលគោនោះ ទោះចូលទៅកាន់ទីជិតឈើ ឬចូលទៅនៅក្នុងទីវាល គួរធ្វើសតិថា គោទាំងឡាយ មានប្រមាណប៉ុណ្ណេះ សេចក្តីនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរធ្វើសតិថា ធម៌ទាំងឡាយ មានប្រមាណប៉ុណ្ណេះ សេចក្តីនេះ ក៏យ៉ាងនោះដែរ។
[២៥៣] ម្នាលភិក្ខុទាំងឡាយ សេចក្តីព្យាយាម ដែលតថាគតបានផ្តើមហើយ មិនបន្ធូរបន្ថយឡើយ ទាំងស្មារតី ក៏តថាគតប្រុងមិនឲ្យមានភ្លាត់ កាយសោត ក៏ស្ងប់រម្ងាប់ មិនក្រវល់ក្រវាយ ចិត្តក៏នឹងល្អ ជាចិត្តមានអារម្មណ៍តែមួយ ម្នាលភិក្ខុទាំងឡាយ លុះតថាគតឯង ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ ចូលបឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ បីតិ សុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍។ លុះតថាគត បានដល់ទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាន ចិត្តប្រកបដោយសេចក្តីជ្រះថ្លា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ ព្រោះរម្ងាប់បង់នូវវិតក្កៈ និងវិចារៈ។បេ។ ចូលតតិយជ្ឈាន…។ ចូលចតុត្ថជ្ឈាន។ កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ គួរដល់កម្ម ជាចិត្តនឹងធឹង មិនបានញាប់ញ័រ យ៉ាងនេះហើយ តថាគតនោះ ក៏បង្អោនចិត្តទៅក្នុងបុព្វេនិវាសានុស្សតិញ្ញាណ តថាគតនោះ រលឹកនូវជាតិដែលអាស្រ័យនៅពីមុនមកបានច្រើនប្រការ គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹកនូវជាតិដែលអាស្រ័យនៅពីមុនមកបានច្រើនប្រការ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេស ដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បឋមវិជ្ជានេះឯងហើយ ដែលតថាគត បានត្រាស់ដឹងក្នុងបឋមយាមនៃរាត្រី លុះដល់សេចក្តីល្ងង់ខ្ចាត់បាត់ទៅ សេចក្តីចេះដឹង ក៏កើតប្រាកដឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដែលកំពុងអង្គុយប្រុងស្មារតី មិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស មានចិត្តមូលស្លុង (ឥតមាននឹកនាដល់កាយ និងជីវិតឡើយ) ដូចជាបណ្ឌិតទាំងឡាយ ដែលបាននូវបឋមវិជ្ជានោះ ដូច្នោះដែរ។ កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ គួរដល់កម្ម ជាចិត្តនឹងធឹង មិនបានញាប់ញ័រ យ៉ាងនេះហើយ ទើបតថាគតបង្អោនចិត្ត ទៅក្នុងចុតូបបាតញ្ញាណ (ប្រាជ្ញាដែលរលឹកឃើញនូវចុតិ និងបដិសន្ធិ) នៃសត្វទាំងឡាយ តថាគតនោះ ពិចារណាមើលនូវពួកសត្វ ដែលច្យុតទៅ កើតឡើង ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងនូវចក្ខុនៃមនុស្ស។បេ។ ថា អើហ្ន៎ សត្វទាំងឡាយអម្បាលនេះ ប្រកបដោយកាយទុច្ចរិត។បេ។ តថាគត ពិចារណាមើលនូវពួកសត្វ ដែលច្យុតទៅ និងកើតឡើង ជាសត្វថោកទាប និងឧត្តម មានសម្បុរល្អ និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងនូវចក្ខុជារបស់មនុស្ស ក៏ដឹងច្បាស់ នូវពួកសត្វ ដែលអន្ទោលទៅតាមកម្ម ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ វិជ្ជាទី២នេះឯងហើយ ដែលតថាគត បានត្រាស់ដឹងហើយក្នុងមជ្ឈិមយាមនៃរាត្រី លុះដល់សេចក្តីល្ងង់ខ្ចាត់បាត់ទៅ សេចក្តីចេះដឹងប្រាកដ ក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដែលកំពុងប្រុងស្មារតី មិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស មានចិត្តមូលស្លុង (ឥតមាននឹកនាដល់កាយ និងជីវិតឡើយ) ដូចជាបណ្ឌិតទាំងឡាយ ដែលបាននូវវិជ្ជាទី២នោះ ដូច្នោះដែរ។ កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនបានញាប់ញ័រ យ៉ាងនេះហើយ តថាគត ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ (ប្រាជ្ញាដែលជ្រាបច្បាស់ នូវកិរិយាអស់ទៅ នៃអាសវធម៌ទាំងឡាយ) តថាគតនោះ ដឹងប្រាកដតាមពិតថា នេះជាទុក្ខ ដឹងប្រាកដតាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងប្រាកដតាមពិតថា នេះជាសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា នេះជាបដិបទា ឲ្យដល់នូវសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា ធម៌ប៉ុណ្ណេះ ជាអាសវៈ ដឹងប្រាកដតាមពិតថា ធម៌នេះ ជាហេតុនាំឲ្យកើតអាវសៈ ដឹងប្រាកដតាមពិតថា នេះជាសេចក្តីរលត់នៃអាសវៈ ដឹងប្រាកដតាមពិតថា នេះជាបដិបទា ឲ្យបានដល់នូវសេចក្តីរលត់នៃអាសវៈ កាលដែលតថាគតដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តតថាគត ក៏ផុតស្រឡះ ចាកកាមាសវៈ (គ្រឿងត្រាំ គឺកាម)ផង ផុតស្រឡះ ចាកភវាសវៈ (គ្រឿងត្រាំ គឺភព)ផង ផុតស្រឡះ ចាកអវិជ្ជាសវៈ (គ្រឿងត្រាំ គឺអវិជ្ជា)ផង កាលបើចិត្តតថាគតផុតស្រឡះ (ចាកអាសវធម៌)ហើយ ប្រាជ្ញាក៏កើតប្រាកដថា អាត្មាអញ ផុតស្រឡះ (ចាកអាសវធម៌)ហើយ តថាគតដឹងច្បាស់ថា កំណើត (របស់អាត្មាអញ) អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ កិច្ចដទៃក្រៅពីសោឡសកិច្ចនេះ ទៅទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ វិជ្ជាទី៣នេះហើយ ដែលតថាគត បានត្រាស់ដឹង ក្នុងបច្ឆិមយាមនៃរាត្រី លុះដល់អវិជ្ជាខ្ចាត់បាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដែលកំពុងប្រុងស្មារតី មិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស មានចិត្តមូលស្លុង (ឥតមាននឹកនា ដល់កាយ និងជីវិតឡើយ) ដូចជាបណ្ឌិតទាំងឡាយ ដែលបាននូវវិជ្ជាទី៣នុ៎ះ ដូច្នោះដែរ។
[២៥៤] ម្នាលភិក្ខុទាំងឡាយ ដូចជាត្រពាំងទំនាបធំ ក្នុងដងព្រៃធំ មានពួកម្រឹគច្រើន ចូលទៅអាស្រ័យនៅនឹងត្រពាំងនោះ បុរសណាមួយ ដែលប្រាថ្នានូវសេចក្តីវិនាស មិនប្រាថ្នានូវប្រយោជន៍ មិនប្រាថ្នានូវសេចក្តីក្សេមដល់ពួកម្រឹគនោះ បុរសនោះ ក៏បិទផ្លូវដែលក្សេម ដែលប្រកបដោយសួស្តី និងគួរដល់សេចក្តីត្រេកអរ ដល់ពួកម្រឹគនោះ ហើយបើកផ្លូវខុស ស្រះសម្រាស់ ចងទុកនូវមេម្រឹគធ្នាក់ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ លុះសម័យខាងក្រោយមក ពួកម្រឹគច្រើននោះឯង ក៏ដល់នូវសេចក្តីវិនាស ស្តួចស្តើងទៅដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុរសណាមួយ ដែលប្រាថ្នានូវសេចក្តីចំរើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីក្សេម ដល់ពួកម្រឹគច្រើននោះ បុរសនោះ ក៏បើកនូវផ្លូវដែលក្សេម ដែលប្រកបដោយសួស្តី ទាំងគួរដល់សេចក្តីត្រេកអរ ដល់ពួកម្រឹគនោះ ហើយបិទនូវផ្លូវខុស រើយកសម្រាស់ចេញ ធ្វើមេម្រឹគធ្នាក់ ឲ្យវិនាស ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ លុះសម័យខាងក្រោយមក ពួកម្រឹគច្រើននោះ ក៏ដល់នូវសេចក្តីចំរើន កុះករ បរិបូណ៌ឡើង ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមានេះ តថាគតធ្វើ ដើម្បីបញ្ជាក់នូវសេចក្តីនេះប៉ុណ្ណោះ។ សេចក្តីអធិប្បាយ ក្នុងពាក្យឧបមានេះ ដូចសំដែងតទៅ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា ត្រពាំងទំនាបធំនុ៎ះ គឺជាឈ្មោះរបស់កាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា ពួកម្រឹគច្រើននុ៎ះ ជាឈ្មោះរបស់ពួកសត្វច្រើន។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា បុរសមិនប្រាថ្នានូវសេចក្តីចំរើន មិនប្រាថ្នានូវប្រយោជន៍ មិនប្រាថ្នា នូវសេចក្តីក្សេមនុ៎ះ ជាឈ្មោះនៃមារ ដែលមានធម៌ដ៏លាមក។ ត្រង់ពាក្យថា ផ្លូវខុសនុ៎ះ ជាឈ្មោះមិច្ឆាមគ្គ (ផ្លូវខុស) ប្រកបដោយអង្គ៨ប្រការ គឺមិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាចា មិច្ឆាកម្មន្តៈ មិច្ឆាអាជីវៈ មិច្ឆាវាយាមៈ មិច្ឆាសតិ មិច្ឆាសមាធិ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា សម្រាស់នុ៎ះ ជាឈ្មោះនៃនន្ទិរាគ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា មេម្រឹគធ្នាក់នុ៎ះ ជាឈ្មោះនៃអវិជ្ជា។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា បុរសប្រាថ្នា នូវសេចក្តីចំរើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីក្សេមក្សាន្តនុ៎ះ ជាឈ្មោះនៃតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា ផ្លូវក្សេមក្សាន្ត ដែលប្រកបដោយសួស្តី គួរដល់សេចក្តីត្រេកអរនុ៎ះ ជាឈ្មោះនៃអរិយមគ្គ ប្រកបដោយអង្គ៨ប្រការ គឺសម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។
[២៥៥] ម្នាលភិក្ខុទាំងឡាយ ផ្លូវដែលក្សេម ប្រកបដោយសួស្តី ជាផ្លូវគួរដល់សេចក្តីត្រេកអរ តថាគត បានបើកហើយ ផ្លូវខុស ក៏តថាគតបិទហើយ សម្រាស់ ក៏តថាគតរើចោលហើយ មេម្រឹគធ្នាក់ ក៏តថាគតធ្វើឲ្យវិនាសហើយ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ កិច្ចណាដែលតថាគត ជាសាស្តា ជាអ្នកស្វែងរកប្រយោជន៍ មានសេចក្តីអនុគ្រោះ ត្រូវធ្វើដល់អ្នកទាំងឡាយ ជាសាវ័ក ព្រោះអាស្រ័យសេចក្តីអនុគ្រោះ កិច្ចនោះ តថាគត បានធ្វើហើយ ដល់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សម្លឹងមើល នូវគល់ឈើទាំងនុ៎ះ នូវសុញ្ញាគារទាំងនុ៎ះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំប្រមាទ កុំមានសេចក្តីក្តៅក្រហាយ ស្តាយក្រោយឡើយ។ នេះជាពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។ លុះព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះចប់ហើយ ក៏ភិក្ខុទាំងនោះ មានសេចក្តីពេញចិត្ត ត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគជាម្ចាស់។
ចប់ ទ្វេធាវិតក្កសូត្រ ទី៩។