km:tipitaka:sut:mn:sut.mn.020

វិតក្កសណ្ឋានសូត្រ ទី១០

សង្ខេប

តើ​ធ្វើ​ដូច​ម្តេច ដើម្បី​កម្ចាត់​គំនិត​អាក្រក់ ទាំង​អស់​នេះ? ព្រះ​ពុទ្ធ​បាន​ផ្ដល់​វិធី​៥​យ៉ាង​ ដើម្បី​បន្ទោរ​បង់​នូវ​អ​កុសល​វិតក្កៈទាំង​ឡាយ (គំនិត​រួម​ជា​មួយ​នឹង ​លោភៈ ឬ ទោសៈ ឬ មោហៈ)។

mn 020 បាលី cs-km: sut.mn.020 អដ្ឋកថា: sut.mn.020_att PTS: ?

(ទី១០) វិតក្កសណ្ឋានសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

អានដោយ ឧបាសិកា វិឡា

(១០. វិតក្កសណ្ឋានសុត្តំ)

[២៥៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងជេតពន ជារបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុ​ទាំង​នោះ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[២៥៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​រឿយៗ នូវអធិចិត្ត គឺសមាបត្តិ៨ ហើយគប្បីធ្វើទុកក្នុងចិត្ត នូវហេតុទាំង​៥ប្រការ សព្វ​ៗកាល។ ហេតុទាំង៥គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ អាស្រ័យ​នូវ​ហេតុណា ធ្វើទុកក្នុងចិត្ត នូវហេតុណា អកុសលវិតក្កៈដ៏លាមកទាំងឡាយ ដែល​ប្រកបដោយឆន្ទៈ គឺលោភៈខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ តែង​កើតឡើងដល់ភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីចេញចាកហេតុនោះ ហើយធ្វើទុកក្នុងចិត្ត នូវហេតុដទៃដែលប្រកបដោយកុសលវិតក្កៈវិញ កាលបើ​ភិក្ខុ​នោះ ចេញចាកហេតុនោះ ហើយធ្វើទុកក្នុងចិត្ត​ នូវហេតុ​ដទៃ ដែលប្រកប​ដោយ​កុសលវិតក្កៈ អកុសលវិតក្កៈដ៏លាមកទាំងឡាយណា ដែលប្រកប​ដោយឆន្ទៈខ្លះ ប្រកប​ដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ អកុសលវិតក្កៈទាំង​នោះ នឹងសាប​សូន្យ​ទៅ នឹងដល់នូវសេចក្តីវិនាសបាត់បង់ទៅពុំខាន ព្រោះលះបង់នូវ​អកុសលវិតក្កៈ​ទាំង​នោះបានហើយ ទើបចិត្តខាងក្នុង ក៏តាំងនៅស្ងួតស្ងប់ស៊ប់សួន ជាចិត្តមាន​អារម្មណ៍​តែមួយ ជាចិត្តនឹង នៅក្នុងអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ ដូចជា​ជាងឈើ ឬកូនសិស្សជាងឈើ ដែលប្រសប់ គប្បីវាយ​បញ្ជូន នាំចេញ ដកចេញ នូវកន្លាស់ធំ ដោយកន្លាស់តូច ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​អាស្រ័យ​ហេតុណា ធ្វើទុក​ក្នុង​ចិត្ត នូវហេតុណា អកុសលវិតក្កៈ ដ៏លាមក​ទាំង​ឡាយ ដែល​ប្រកបដោយឆន្ទៈខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ តែង​កើតឡើងដល់ភិក្ខុនោះ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនោះ គប្បីចេញចាកហេតុនោះ ហើយធ្វើទុកក្នុងចិត្ត នូវហេតុដទៃ ដែលប្រកបដោយកុសលវិតក្កៈវិញ កាលភិក្ខុនោះ ចេញចាកហេតុនោះហើយ ធ្វើទុកក្នុងចិត្ត​ នូវហេតុ​ដទៃ ដែលប្រកប​ដោយកុសល​វិតក្កៈ អកុសលវិតក្កៈ ដ៏លាមក​ទាំង​ឡាយណា ដែលប្រកប​ដោយឆន្ទៈខ្លះ ទោសៈខ្លះ មោហៈខ្លះ អកុសលវិតក្កៈទាំង​នោះ នឹងសាបសូន្យទៅ នឹងដល់នូវ​សេចក្តី​វិនាស​បាត់បង់​ទៅពុំខាន ព្រោះលះបង់នូវ​អកុសលវិតក្កៈទាំងនោះបានហើយ ទើបចិត្ត​ខាង​ក្នុង ក៏តាំងនៅស្ងួតស្ងប់ស៊ប់សួន ជាចិត្តមានអារម្មណ៍តែមួយ ជាចិត្តនឹង នៅក្នុង​អារម្មណ៍ ដូច្នោះឯង។

[២៥៨] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ ចេញចាកហេតុនោះ ហើយធ្វើទុកក្នុងចិត្ត នូវហេតុដទៃ ដែល​ប្រកបដោយកុសលវិតក្កៈវិញ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយ ដែលប្រកបដោយឆន្ទៈខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយ​មោហៈខ្លះ តែង​កើតឡើងដល់ភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ លុះភិក្ខុនោះ កំណត់នូវទោស នៃវិតក្កៈទាំងនោះថា វិតក្កៈទាំងនេះ ជាអកុសល វិតក្កៈទាំងនេះ ប្រកបដោយទោស វិតក្កៈទាំងនេះ ឲ្យផលជាទុក្ខ។ កាលភិក្ខុនោះ កំណត់នូវទោសនៃ​វិតក្កៈទាំងនោះហើយ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយណា ដែលប្រកប​ដោយ​ឆន្ទៈ​ខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ អកុសលវិតក្កៈទាំង​នោះ នឹងសាបសូន្យទៅ នឹងដល់នូវសេចក្តីវិនាសបាត់បង់ទៅពុំខាន ព្រោះលះបង់នូវ​អកុសលវិតក្កៈទាំងនោះចេញបានហើយ ទើបចិត្តខាងក្នុង ក៏តាំង​នៅ​ស្ងួត​ស្ងប់​ស៊ប់​សួន ជាចិត្តមានអារម្មណ៍តែមួយ ជាចិត្តនឹង នៅក្នុងអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្ត្រី ឬបុរស កំឡោះ ឬក្រមុំ ប្រកបដោយជាតិជាអ្នកប្រដាប់តាក់តែងកាយ គប្បីនឿយ​ណាយ ធុញទ្រាន់ ខ្ពើមរអើមសាកសពពស់ សាកសពឆ្កែ សាកសពមនុស្ស ដែលជាប់​នៅត្រង់ក យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ ចេញចាក​ហេតុនោះ ហើយធ្វើទុកក្នុងចិត្ត នូវហេតុដទៃ ដែល​ប្រកបដោយកុសលវិតក្កៈវិញ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយ ដែលប្រកបដោយ​ឆន្ទៈខ្លះ ប្រកបដោយ​ទោសៈ​ខ្លះ ប្រកបដោយ​មោហៈខ្លះ តែង​កើតឡើងដល់ភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​នោះ កំណត់នូវទោស នៃវិតក្កៈទាំងនោះថា វិតក្កៈទាំងនេះ ជាអកុសល វិតក្កៈ​ទាំង​នេះ ប្រកបដោយទោស វិតក្កៈទាំងនេះ ឲ្យផលជាទុក្ខ។ កាលភិក្ខុនោះ កំណត់នូវ​ទោស​នៃ​វិតក្កៈទាំងនោះ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយណា ដែលប្រកប​ដោយ​ឆន្ទៈ​ខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ អកុសលវិតក្កៈទាំង​នោះ នឹងសាបសូន្យទៅ នឹងដល់នូវសេចក្តីវិនាសបាត់បង់ទៅពុំខាន ព្រោះលះបង់នូវ​អកុសលវិតក្កៈទាំងនោះចេញបាន ទើបចិត្តខាងក្នុង តាំង​នៅ​ស្ងួត​ស្ងប់​ស៊ប់​សួន ជាចិត្តមានអារម្មណ៍តែមួយ ជាចិត្តនឹង នៅក្នុងអារម្មណ៍។

[២៥៩] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ កំណត់នូវ​ទោសនៃ​វិតក្កៈ​ទាំងនោះ​ហើយ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយ ដែលប្រកបដោយឆន្ទៈខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយ​មោហៈខ្លះ តែង​កើតឡើងដល់ភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មិនគប្បីរលឹក មិនគប្បីធ្វើទុក​ក្នុងចិត្ត ចំពោះ​វិតក្កៈទាំងនោះឡើយ កាលភិក្ខុនោះ មិនរលឹក មិនធ្វើទុកក្នុងចិត្ត ចំពោះ​វិតក្កៈ​ទាំងនោះទេ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយណា ដែលប្រកប​ដោយ​ឆន្ទៈ​ខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ អកុសលវិតក្កៈទាំង​នោះ នឹង​សាប​សូន្យ​ទៅ នឹងដល់នូវសេចក្តីវិនាសបាត់បង់ទៅពុំខាន ព្រោះលះបង់នូវ​អកុសល​វិតក្កៈ​ទាំងនោះចេញបានហើយ ទើបចិត្តខាងក្នុង តាំង​នៅ​ស្ងួត​ស្ងប់​ស៊ប់​សួន ជាចិត្ត​មាន​អារម្មណ៍​តែមួយ ជាចិត្តនឹង នៅក្នុងអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស ដែលមានចក្ខុ មិនចង់ឃើញរូបទាំងឡាយ ដែលមកប្រាកដដល់ចក្ខុ បុរសនោះគប្បី​ធ្មេចភ្នែក ឬមិនគប្បីក្រឡេកមើល ដោយហេតុដទៃ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ កំណត់នូវទោសនៃវិតក្កៈ​ទាំងនោះហើយ អកុសលវិតក្កៈ ដ៏លាមក​ទាំងឡាយ ដែលប្រកបដោយ​ឆន្ទៈ តែងកើតឡើង។បេ។ ជាចិត្តមានអារម្មណ៍តែមួយ ជាចិត្តនឹង នៅក្នុងអារម្មណ៍។

[២៦០] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មិនរលឹក មិនធ្វើទុកក្នុងចិត្ត ចំពោះ​វិតក្កៈ​ទាំងនោះទេ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយ ដែលប្រកបដោយ​ឆន្ទៈ​ខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយ​មោហៈខ្លះ តែង​កើតឡើងដល់ភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីធ្វើទុក​ក្នុងចិត្ត នូវ​វិតក្កសង្ខារសណ្ឋាន គឺហេតុទីតាំង​នៃវិតក្កៈទាំងនោះ កាលភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវ​វិតក្កសង្ខារសណ្ឋាន​ នៃវិតក្កៈទាំងនោះហើយ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយណា ដែលប្រកប​ដោយ​ឆន្ទៈ​ខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ អកុសលវិតក្កៈទាំង​នោះ នឹង​សាប​សូន្យ​ទៅ នឹងដល់នូវសេចក្តីវិនាសបាត់បង់ទៅ ព្រោះលះបង់នូវ​អកុសល​វិតក្កៈ​ទាំងនោះចេញបានហើយ ទើបចិត្តខាងក្នុង ក៏តាំង​នៅ​ស្ងួត​ស្ងប់​ស៊ប់​សួន ជាចិត្ត​មាន​អារម្មណ៍​តែមួយ ជាចិត្តនឹង នៅក្នុងអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស​ដើរលឿន បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ហេតុអ្វីហ្ន៎ ក៏អាត្មាអញដើរ​លឿន​ម្ល៉េះ បើដូច្នោះ មានតែអាត្មាអញ ដើរទៅសន្សឹមៗ (លុះគិតដូច្នេះហើយ) បុរស​នោះ ក៏ដើរទៅសន្សឹមៗ។ បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ហេតុអ្វីហ្ន៎ ក៏អាត្មាអញ ដើរសន្សឹមៗម្ល៉េះ បើដូច្នោះ មានតែអាត្មាអញឈរ ហើយបុរសនោះ ក៏ឈរ។ បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ហេតុអ្វីហ្ន៎ ក៏អាត្មាអញ ឈរ បើដូច្នោះ មានតែអាត្មាអញអង្គុយ ហើយបុរសនោះ ក៏អង្គុយ។ បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ហេតុអ្វីហ្ន៎ ក៏អាត្មាអញ អង្គុយ បើដូច្នោះ មានតែអាត្មាអញដេក ហើយបុរសនោះ ក៏ដេក។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ លះបង់ឥរិយាបថដ៏គ្រោតគ្រាតៗ យ៉ាងនេះហើយ គប្បីសម្រេចឥរិយាបថ​ដ៏ល្អិត សុខុមវិញ សេចក្តីនេះយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ ធ្វើទុក​ក្នុង​ចិត្តនូវវិតក្កសង្ខារសណ្ឋាន នៃវិតក្កៈទាំងនោះហើយ អកុសលវិតក្កៈ ដ៏លាមក​ទាំងឡាយ ប្រកបដោយ​ឆន្ទៈខ្លះ តែងកើតឡើងដល់ភិក្ខុនោះ។បេ។ ជាចិត្តមាន​អារម្មណ៍តែមួយ ជាចិត្តនឹង នៅក្នុងអារម្មណ៍ សេចក្តីនេះ ដូច្នោះឯង។

[២៦១] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវវិតក្កសង្ខារសណ្ឋាន នៃវិតក្កៈ​ទាំងនោះហើយ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយ ដែលប្រកបដោយ​ឆន្ទៈ​ខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយ​មោហៈខ្លះ នៅតែ​កើត​ឡើងទៀត ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ត្រូវសង្កត់ធ្មេញខាងលើ និងធ្មេញខាងក្រោម យកអណ្តាតទល់ពិតាន សង្កត់សង្កិន គាប កំដៅនូវអកុសលចិត្ត ដោយកុសលចិត្ត កាលភិក្ខុនោះ កំពុងសង្កត់ធ្មេញខាងលើ និង​ធ្មេញខាងក្រោម យកអណ្តាតទល់ពិតាន សង្កត់សង្កិន គាប កំដៅនូវអកុសល​ចិត្ត ដោយ​កុសលចិត្ត អកុសលវិតក្កៈ ដ៏លាមកទាំងឡាយណា ដែលប្រកប​ដោយ​ឆន្ទៈ​ខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ អកុសលវិតក្កៈទាំង​នោះ ក៏​សាប​សូន្យ​​ទៅ ដល់នូវសេចក្តីវិនាសបាត់បង់ទៅពុំខាន ព្រោះលះបង់នូវ​អកុសល​វិតក្កៈ​ទាំងនោះបានហើយ ទើបចិត្តខាងក្នុង ក៏តាំង​នៅ​ស្ងួត​ស្ងប់​ស៊ប់​សួន ​មាន​អារម្មណ៍​តែមួយ នឹងនៅក្នុងអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស ដែលមានកម្លាំង ចាប់បុរសដែលមានកម្លាំងថយជាង ត្រង់ក្បាលក្តី ត្រង់កក្តី ត្រង់ខ្លួនក្តី ហើយសង្កត់​សង្កិន គាប កំដៅយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ ធ្វើទុក​ក្នុង​ចិត្ត នូវវិតក្កសង្ខារសណ្ឋាន នៃវិតក្កៈទាំងនោះហើយ អកុសលវិតក្កៈ ដ៏លាមក​ទាំងឡាយ ដែលប្រកបដោយ​ឆន្ទៈខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈ​ខ្លះ នៅតែកើតឡើងទៀត ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ត្រូវ​សង្កត់ធ្មេញខាងលើ និងធ្មេញខាងក្រោម យកអណ្តាតទល់ពិតាន សង្កត់សង្កិន គាប កំដៅនូវអកុសល​ចិត្ត ដោយកុសលចិត្ត កាលភិក្ខុនោះ កំពុងសង្កត់ធ្មេញខាងលើ និង​ធ្មេញខាងក្រោម យកអណ្តាតទល់ពិតាន សង្កត់ គាប កំដៅនូវអកុសល​ចិត្ត ដោយ​កុសលចិត្តហើយ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយណា ដែលប្រកប​ដោយ​ឆន្ទៈ​ខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ អកុសលវិតក្កៈទាំង​នោះ ក៏​សាប​សូន្យ​​ទៅ ដល់នូវសេចក្តីវិនាសបាត់បង់ទៅពុំខាន ព្រោះលះបង់នូវ​អកុសល​វិតក្កៈ​ទាំងនោះចេញបាន ទើបចិត្តខាងក្នុង ក៏តាំង​នៅ​ស្ងួត​ស្ងប់​ស៊ប់​សួន ​មាន​អារម្មណ៍​តែមួយ នឹងនៅក្នុងអារម្មណ៍។

[២៦២] ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុអាស្រ័យនូវហេតុណា ធ្វើទុក​ក្នុងចិត្ត នូវហេតុណាហើយ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយ ដែលប្រកប​ដោយ​ឆន្ទៈ​ខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ រមែងកើតឡើង ភិក្ខុនោះ ចេញចាកហេតុនោះហើយ ធ្វើទុកក្នុងចិត្ត នូវហេតុដទៃ ដែលប្រកបដោយកុសល​វិញ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយណា ដែលប្រកប​ដោយ​ឆន្ទៈ​ខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ អកុសលវិតក្កៈទាំង​នោះ ក៏​សាប​សូន្យ​​ទៅ ដល់នូវសេចក្តីវិនាសបាត់បង់ទៅពុំខាន ព្រោះលះបង់នូវ​អកុសល​វិតក្កៈ​ទាំងនោះចេញបាន ទើបចិត្តខាងក្នុង ក៏តាំង​នៅ​ស្ងួត​ស្ងប់​ស៊ប់​សួន ​មាន​អារម្មណ៍​តែមួយ នឹងនៅក្នុងអារម្មណ៍។ កាលភិក្ខុកំណត់នូវទោស នៃវិតក្កៈទាំងនោះហើយ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយណា ដែលប្រកប​ដោយ​ឆន្ទៈ​ខ្លះ ប្រកបដោយ​ទោសៈខ្លះ ប្រកបដោយមោហៈខ្លះ អកុសលវិតក្កៈទាំង​នោះ ក៏​សាប​សូន្យ​​ទៅ ដល់នូវសេចក្តីវិនាសបាត់បង់ទៅពុំខាន ព្រោះលះបង់នូវ​អកុសល​វិតក្កៈ​ទាំងនោះ​ចេញបាន ទើបចិត្តខាងក្នុង ក៏តាំង​នៅ​ស្ងួត​ស្ងប់​ស៊ប់​សួន ​មាន​អារម្មណ៍​តែមួយ នឹងនៅក្នុងអារម្មណ៍។ កាលភិក្ខុមិនបាននឹកនា មិនបានយកចិត្តទុកដាក់ ចំពោះវិតក្កៈទាំងនោះហើយ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយណា ដែលប្រកប​ដោយ​ឆន្ទៈ​ខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ អកុសលវិតក្កៈទាំង​នោះ ក៏​សាប​សូន្យ​​ទៅ ដល់នូវសេចក្តីវិនាសបាត់បង់ទៅពុំខាន ព្រោះលះបង់នូវ​អកុសល​វិតក្កៈ​ទាំងនោះចេញបាន ទើបចិត្តខាងក្នុង ក៏តាំង​នៅ​ស្ងួត​ស្ងប់​ស៊ប់​សួន ​មាន​អារម្មណ៍​តែមួយ នឹងនៅក្នុងអារម្មណ៍។ កាលភិក្ខុធ្វើទុកក្នុងចិត្ត នូវ​វិតក្កសង្ខារសណ្ឋាន នៃវិតក្កៈទាំងនោះហើយ អកុសលវិតក្កៈទាំងឡាយណា ដែលប្រកប​ដោយ​ឆន្ទៈ​ខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ អកុសលវិតក្កៈទាំង​នោះ ក៏​សាប​សូន្យ​​ទៅ ដល់នូវសេចក្តីវិនាសបាត់បង់ទៅពុំខាន ព្រោះលះបង់នូវ​អកុសល​វិតក្កៈ​ទាំងនោះចេញបានហើយ ទើបចិត្តខាងក្នុង ក៏តាំង​នៅ​ស្ងួត​ស្ងប់​ស៊ប់​សួន ​មាន​អារម្មណ៍​តែមួយ នឹងនៅក្នុងអារម្មណ៍។ (កាលភិក្ខុនោះ) កំពុងសង្កត់ធ្មេញខាងលើ និងធ្មេញខាងក្រោម អណ្តាតទល់ពិតាន សង្កិន គាប កំដៅ​នូវអកុសលចិត្ត ដោយកុសលចិត្តហើយ អកុសលវិតក្កៈ ដ៏លាមក​ទាំង​ឡាយ​ណា ដែលប្រកប​ដោយ​ឆន្ទៈ​ខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ អកុសលវិតក្កៈទាំង​នោះ ក៏​សាប​សូន្យ​​ទៅ ដល់នូវសេចក្តីវិនាសបាត់បង់ទៅពុំខាន ព្រោះលះបង់​អកុសល​វិតក្កៈ​ទាំងនោះចេញបានហើយ ទើបចិត្តខាងក្នុង ក៏តាំង​នៅ​ស្ងួត​ស្ងប់​ស៊ប់​សួន ​មាន​អារម្មណ៍​តែមួយ នឹងនៅក្នុងអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា ជាអ្នកស្ទាត់ ក្នុងគន្លងនៃវិតក្កបរិយាយទាំងឡាយ ភិក្ខុនោះ (បើ) ប្រាថ្នានូវវិតក្កៈណា នឹងត្រិះរិះនូវវិតក្កៈនោះ (បើ) មិនប្រាថ្នានូវវិតក្កៈណា នឹងមិនត្រិះរិះនូវវិតក្កៈនោះ ហើយផ្តាច់បង់នូវតណ្ហា លះបង់នូវ​សំយោជនធម៌ ធ្វើនូវ​ព្រះនិព្វានជាទីបំផុតនៃទុក្ខ ព្រោះបានត្រាស់ដឹងដោយចិត្តដ៏ប្រពៃ។ លុះព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តី​ពេញចិត្ត ត្រេកអរ ចំពោះ​ភាសិតរបស់ព្រះមានព្រះភាគ។

ចប់ វិតក្កសណ្ឋានសូត្រ ទី១០។

ចប់ សីហនាទវគ្គ ទី២។

ឧទ្ទាន គឺបញ្ជីរឿង នៃ សីហនាទវគ្គ នោះគឺ

ចូឡសីហនាទសូត្រទី១ មហាសីហនាទសូត្រទី២ មហាទុក្ខក្ខន្ធសូត្រទី៣ ចូឡទុក្ខក្ខន្ធសូត្រទី៤ អនុមានសូត្រទី៥ ចេតោខីលសូត្រទី៦ វនបត្ថសូត្រទី៧ មធុបិណ្ឌិកសូត្រទី៨ ទ្វេធាវិតក្កសូត្រទី៩ វិតក្កសណ្ឋានសូត្រទី១០ ព្រមទាំង​កថា ដែលនិយាយពីហេតុ​៥ប្រការ។

ចប់ សីហនាទវគ្គ ទី២ តែប៉ុណ្ណេះ។

ចប់ ភាគ២០។

 

លេខយោង

km/tipitaka/sut/mn/sut.mn.020.txt · ពេលកែចុងក្រោយ: 2023/09/07 14:05 និពន្ឋដោយ Johann