User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.021

កកចូបមសូត្រ ទី១

សង្ខេប

ព្រះ​​ពុទ្ធ​និទាន​រឿង​មួយ​ចំនួន​ដល់​ភិក្ខុ​ដើម្បី​ចម្រើន​នូវមេត្តា​និង​សេចក្ដី​អត់​ធ្មត់​ជា​ចិត្ត​ធំ​ទូលាយ​ដល់​នូវ​សភាព​ធំ​ ប្រមាណ​មិន​បាន។ ទោះ​​មនុស្ស​​អាក្រក់​​វាយ​​អ្នក​ស្រលាញ់ ឬ​​ចោរ​​កាត់​​ដៃ​​ជើង ​ក៏​​មិន​​ភ្លេច​​មេត្តា និង​​សីល។

mn 021 បាលី cs-km: sut.mn.021 អដ្ឋកថា: sut.mn.021_att PTS: ?

(ទី១) កកចូបមសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ
អានដោយ ឧបាសក សំណាង
sut.mn.021_rp.aac

(១. កកចូបមសុត្តំ)

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក៏សម័យនោះឯង ព្រះមោលិយផគ្គុន មានអាយុ នៅច្រឡូកច្រឡំ ជាមួយនឹងពួកភិក្ខុនីហួសវេលា។ ព្រះមោលិយផគ្គុន ​មាន​អាយុ តែងនៅច្រឡូកច្រឡំ ជាមួយនឹងពួកភិក្ខុនីយ៉ាងនេះ។ បើមានភិក្ខុណា​មួយ ពោល​ទោស​ពួកភិក្ខុនីទាំងនោះ ក្នុងទីចំពោះមុខព្រះមោលិយផគ្គុនមានអាយុ ព្រះមោលិយផគ្គុន​​មាន​អាយុ ក៏ខឹងអាក់អន់ចិត្ត ថែមទាំងធ្វើអធិករណ៍​ដោយ​ហេតុ​នោះ​ផង។ បើមានភិក្ខុ​ណាមួយ ​ពោលទោសព្រះមោលិយផគ្គុនមានអាយុ ក្នុងទីចំពោះមុខ​ពួកភិក្ខុនី​ទាំងនោះ ពួកភិក្ខុនី ក៏ខឹងអាក់អន់ចិត្ត ថែមទាំងធ្វើ​អធិករណ៍​ដោយ​ហេតុ​នោះផង។ ព្រះ​មោលិយផគ្គុន​​មានអាយុ តែងនៅច្រឡូកច្រឡំ ដោយពួកភិក្ខុនីយ៉ាងនេះ។ គ្រានោះ​ មាន​ភិក្ខុ១រូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាប​ថ្វាយ​បង្គំ ព្រះ​មាន​ព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុង​ទីដ៏​សម​គួរ​ហើយ បាន​ក្រាបបង្គំទូលព្រះមានបុណ្យ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន មោលិយផគ្គុន​​មាន​អាយុ នៅច្រឡូកច្រឡំ ជាមួយនឹងពួកភិក្ខុនីហួសវេលា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន មោលិយផគ្គុន​មានអាយុ តែងនៅច្រឡូកច្រឡំ ជាមួយនឹងពួកភិក្ខុនីយ៉ាងនេះ បើ​មាន​ភិក្ខុណាមួយ ពោល​ទោស​ភិក្ខុនីទាំងនោះ ក្នុងទីចំពោះមុខមោលិយផគ្គុនមានអាយុ មោលិយផគ្គុន​មានអាយុ ក៏ខឹងអាក់អន់ចិត្ត ថែមទាំងធ្វើអធិករណ៍ ដោយហេតុនោះផង បើមានភិក្ខុណាមួយ ពោល​ទោសមោលិយផគ្គុនមានអាយុ ក្នុង​ទីចំពោះមុខ​ភិក្ខុនី​ទាំង​នោះ ភិក្ខុនី​ទាំង​អម្បាល​នោះ ក៏ខឹងអាក់អន់ចិត្ត ថែមទាំងធ្វើអធិករណ៍ ដោយ​ហេតុ​នោះ​ផង បពិត្រព្រះអង្គ​ដ៏ចម្រើន មោលិយផគ្គុនមានអាយុ តែងនៅច្រឡូកច្រឡំ ជាមួយ​នឹង​ពួក​ភិក្ខុនីយ៉ាង​នេះឯង។

[២] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុ១រូបមកថា ម្នាលភិក្ខុ ចូរ​អ្នក​មកអាយ អ្នកចូលទៅហៅ មោលិយផគ្គុនភិក្ខុ តាមពាក្យតថាគតថា ម្នាល​អាវុសោ​មោលិយផគ្គុន ព្រះសាស្តា ទ្រង់ត្រាស់ហៅអ្នក។ ភិក្ខុនោះទទួលព្រះពុទ្ធដីកា នៃព្រះមាន​ព្រះភាគ​ថា ព្រះករុណាព្រះអង្គ ហើយក៏ចូលទៅរកមោលិយផគ្គុនមានអាយុ លុះចូល​ទៅ​ដល់ហើយ បាននិយាយពាក្យនេះ នឹងព្រះមោលិយផគ្គុនមានអាយុថា ម្នាលអាវុសោ​មោលិយផគ្គុន ព្រះសាស្តាទ្រង់ត្រាស់ហៅលោក។ ព្រះមោលិយផគ្គុនមានអាយុ ទទួល​ពាក្យ​ភិក្ខុនោះថា អើអាវុសោ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់​ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះមោលិយផគ្គុន​មាន​អាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ មានព្រះពុទ្ធតម្រាស់នេះថា ម្នាលផគ្គុន អ្នកនៅច្រឡូកច្រឡំ ជាមួយនឹងួកភិក្ខុនីហួសវេលា ពិតមែនឬ ម្នាលផគ្គុន អ្នក​នៅ​ច្រឡូកច្រឡំ ជាមួយពួកភិក្ខុនីយ៉ាងនេះ បើមានភិក្ខុណាមួយ ពោល​ទោស​ពួក​ភិក្ខុនី​នោះ ក្នុងទីចំពោះមុខអ្នក ៗក៏ខឹងអាក់អន់ចិត្ត ថែមទាំងធ្វើអធិករណ៍ដោយហេតុនោះផង ពុំនោះសោត បើមានភិក្ខុណាមួយ ពោលទោសអ្នក ក្នុងទីចំពោះមុខពួកភិក្ខុនី ៗនោះ​ ក៏​ខឹង​អាក់អន់ចិត្ត ថែមទាំងធ្វើអធិករណ៍ ដោយហេតុនោះផង ម្នាលផគ្គុន បានឮថា អ្នក​តែង​នៅ​ច្រឡូកច្រឡំ ជាមួយនឹងពួកភិក្ខុនី យ៉ាងនេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលផគ្គុន ចុះ​ក្រែងអ្នកជាកុលបុត្រចេញចាកផ្ទះ ចូលមកកាន់ផ្នួសដោយសទ្ធាឬ។ ព្រះ​ករុណា​ព្រះអង្គ។ ម្នាលផគ្គុន អ្នកនៅច្រឡូកច្រឡំជាមួយពួកភិក្ខុនីហួសវេលា ដោយអំពើណា អំពើនុ៎ះមិនសមគួរដល់អ្នក ដែលជាកុលបុត្រចេញចាកផ្ទះ ចូល​មក​កាន់​ផ្នួស​ដោយ​សទ្ធា​ឡើយ។ ម្នាលផគ្គុន ព្រោះហេតុនោះ បើប្រសិនជាមានភិក្ខុណាមួយ ពោល​ទោសពួក​ភិក្ខុនី​នោះ ចំពោះមុខអ្នក ម្នាលផគ្គុន ឆន្ទៈណា ដែលអាស្រ័យនូវ​ផ្ទះ គឺ​បញ្ចកាមគុណ វិតក្កៈ​ណា ដែលអាស្រ័យនូវផ្ទះគឺ បញ្ចកាមគុណ អ្នកគប្បីលះបង់ឆន្ទៈ និងវិតក្កៈ​ទាំង​នោះ ក្នុង​ការ​ពោលទោសនោះចេញ ម្នាលផគ្គុន មួយទៀត ក្នុងការ​ពោល​ទោស​នោះ អ្នកត្រូវ​សិក្សា​យ៉ាងនេះថា ចិត្តរបស់អាត្មាអញ នឹងមិនប្រែប្រួលផង អាត្មាអញ នឹងមិន​បញ្ចេញ​វាចា​អាក្រក់ផង អាត្មាអញ នឹងជាអ្នកមានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ ជាអ្នក​មាន​មេត្តា​ចិត្ត មិនមានទោសចិត្តផង ម្នាលផគ្គុន អ្នកត្រូវសិក្សា យ៉ាងនេះចុះ។ ម្នាលផគ្គុន ព្រោះ​ហេតុនោះ បើប្រសិនជាមានភិក្ខុណាមួយ ឲ្យនូវការ​ប្រហារ​ដោយដៃ ឲ្យនូវ​ការ​ប្រហារ ដោយដុំដី ឲ្យនូវការប្រហារ ដោយដំបង ឲ្យនូវការប្រហារ ដោយគ្រឿងសាស្ត្រា ដល់​ពួកភិក្ខុនីនោះ ក្នុងទីចំពោះមុខអ្នក ម្នាលផគ្គុន ឆន្ទៈណា ដែលអាស្រ័យនូវផ្ទះគឺ បញ្ចកាមគុណ វិតក្កៈណា ដែលអាស្រ័យ​នូវផ្ទះគឺ បញ្ចកាមគុណ អ្នកគប្បីលះបង់នូវឆន្ទៈ និងវិតក្កៈទាំងនោះ ក្នុងការឲ្យ​នូវ​ប្រហារ​នោះ​ចេញ ម្នាលផគ្គុន មួយទៀត ក្នុងការ​ឲ្យនូវ​ប្រហារ​នោះ អ្នកត្រូវសិក្សាយ៉ាងនេះថា ចិត្តរបស់អាត្មាអញ នឹង​មិន​ប្រែប្រួលផង អាត្មា​អញ នឹងមិនបញ្ចេញវាចាអាក្រក់ផង អាត្មាអញ នឹងជាអ្នក​អនុគ្រោះ​ដោយប្រយោជន៍ ជាអ្នកមានមេត្តាចិត្ត មិនមានទោស​ចិត្ត​ផង ម្នាលផគ្គុន អ្នកត្រូវសិក្សាយ៉ាងនេះចុះ។ ម្នាល​ផគ្គុន ព្រោះហេតុនោះ បើប្រសិន​ជា​មាន​ភិក្ខុណាមួយ ពោលទោសចំពោះមុខអ្នក ម្នាល​ផគ្គុន ឆន្ទៈណា ដែល​អាស្រ័យ​នូវ​ផ្ទះគឺ បញ្ចកាមគុណ វិតក្កៈណា ដែលអាស្រ័យ​នូវផ្ទះគឺបញ្ចកាមគុណ អ្នកគប្បី​លះបង់​នូវ​ឆន្ទៈ និងវិតក្កៈទាំងនោះ ក្នុងការពោល​ទោស​នោះ​ចេញ ម្នាលផគ្គុន មួយទៀត ក្នុង​ការ​ពោល​ទោសនោះ អ្នកត្រូវសិក្សាយ៉ាងនេះថា ចិត្តរបស់អាត្មាអញនឹងមិនប្រែប្រួលផង អាត្មាអញ នឹងមិនបញ្ចេញវាចាអាក្រក់ផង អាត្មាអញ នឹងជាអ្នកអនុគ្រោះ​ដោយ​ប្រយោជន៍ ជាអ្នកមានមេត្តាចិត្ត មិនមាន​ទោស​ចិត្ត​ផង ម្នាលផគ្គុន អ្នកត្រូវសិក្សា​យ៉ាង​នេះ​ចុះ។ ម្នាលផគ្គុន ព្រោះហេតុនោះ បើប្រសិនជា​មាន​ភិក្ខុណាមួយ ឲ្យនូវការ​ប្រហារ​ដោយ​ដៃ ឲ្យនូវការប្រហារដោយដុំដី ឲ្យនូវ​ការ​ប្រហារ​ដោយដំបង ឲ្យនូវការ​ប្រហារ​ដោយ​គ្រឿងសាស្ត្រា ចំពោះអ្នក ម្នាលផគ្គុន ឆន្ទៈណា ដែល​អាស្រ័យនូវផ្ទះគឺ បញ្ចកាមគុណ វិតក្កៈណា ដែលអាស្រ័យនូវផ្ទះ គឺបញ្ចកាមគុណ អ្នក​គប្បី​លះបង់ឆន្ទៈ និងវិតក្កៈ​ទាំងនោះ ក្នុងការឲ្យនូវប្រហារនោះចេញ ម្នាលផគ្គុន មួយ​ទៀត ក្នុងការឲ្យ​នូវ​ប្រហារ​នោះ អ្នកត្រូវសិក្សា យ៉ាងនេះថា ចិត្តរបស់​អាត្មាអញ នឹង​មិន​ប្រែប្រួល​ផង អាត្មាអញ នឹងមិន​បញ្ចេញ​វាចាអាក្រក់ផង ជាអ្នកអនុគ្រោះ ដោយ​ប្រយោជន៍ មានចិត្ត​មេត្តា មិនមានទោសចិត្តផង ម្នាលផគ្គុន អ្នកត្រូវសិក្សាយ៉ាងនេះចុះ។

[៣] លំដាប់នោះឯង ព្រះមានព្រះភាគទ្រង់ត្រាស់ទៅនឹងភិក្ខុទាំងឡាយថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួកភិក្ខុបានញ៉ាំងចិត្តតថាគតឲ្យត្រេកអរ ក្នុងសម័យមួយហើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគតបានប្រាប់ភិក្ខុទាំងឡាយ ក្នុងទីនេះថា ម្នាលភិក្ខុទាំងឡាយ តថាគតឆាន់ភោជនតែក្នុងអាសនៈមួយ ម្នាលភិក្ខុទាំងឡាយ កាលតថាគតឆាន់ភោជន​តែក្នុងអាសនៈមួយ តថាគត ក៏បានប្រសព្វនូវការមិនមានអាពាធផង មិនមានរោគផង ក្រោកទៅមកបានរហ័សរហួនផង កំឡាំងកាយផង ការនៅជាសុខសប្បាយផង។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរមកអាយ អ្នកទាំងឡាយ ចូរបរិភោគ​ភោជន​តែ​ក្នុង​អាសនៈ​មួយ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ បរិភោគភោជន ក្នុងអាសនៈមួយ អ្នកទាំងឡាយ នឹងបានប្រសព្វនូវការមិនមានអាពាធផង មិនមានរោគផង ក្រោកទៅមក​បាន​ហ័សរហួនផង កំឡាំងកាយផង ការនៅជាសុខសប្បាយផង មិនខាន។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតមិនបានធ្វើ នូវការប្រៀបប្រដៅភិក្ខុទាំងនោះទេ ម្នាលភិក្ខុទាំងឡាយ តថាគត​​ គ្រាន់តែដាស់​ស្មារតី​ភិក្ខុទាំងឡាយនោះ ប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ ដូចជា​រថ​ទឹម​សេះអាជានេយ្យ មានទាំងសេះដែលគេបង្វឹកល្អហើយ មានជន្លួញប្រុងប្រៀប ទឹម​បញ្ឈរ​ទុកត្រង់ផ្លូវធំបំបែកជា៤ មានផែនដីដ៏រាបស្មើ បង្វឹកទូន្មាន គ្រូអ្នកបង្ហាត់ បាន​ឡើង​ជិះរថនោះ កាន់ខ្សែបរដោយដៃឆ្វេង កាន់ជន្លួញដោយដៃស្តាំ បរទៅមុខខ្លះ បរវិល​ត្រឡប់​​ថយក្រោយខ្លះ តម្រង់ទៅរកផ្លូវដែលខ្លួនប្រាថ្នា និងដំណើរដែលខ្លួនប្រាថ្នា សេចក្តី​​នេះមានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត មិនគួរធ្វើនូវ​ការ​ប្រៀន​ប្រដៅភិក្ខុទាំងឡាយនោះទេ ម្នាលភិក្ខុទាំងឡាយ តថាគត ​គួធ្វើ​តែ​ត្រឹម​ការ​ដាស់​ស្មារតី​ភិក្ខុ​ទាំងឡាយនោះប៉ុណ្ណោះ មានឧបមេយ្យដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុនោះ អ្នកទាំងឡាយ ចូរលះអកុសលចេញ ចូរធ្វើនូវសេចក្តីព្យាយាម ក្នុង​កុសលធម៌​ទាំងឡាយ ព្រោះថា កាលបើអ្នកទាំងឡាយ បានធ្វើយ៉ាងនេះ នឹងបានដល់នូវ​សេចក្តី​ចម្រើន ដុះដាល ធំទូលាយ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ដូចជាព្រៃឈើធំ​នៅជិត​ស្រុក ឬនិគម ព្រៃឈើនោះ សឹងតែដេរដាស ដោយវល្លិឯលណ្ឌៈ(អដ្ឋកថា ថា បានដល់​វល្លិ៍ ដែលប្រទូស្តដើមឈើ គឺរួបរឹតឲ្យវិនាស) បុរសណាមួយ ប្រាថ្នានូវ​សេចក្តី​ចម្រើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីក្សេមក្សាន្ត ចាកគ្រឿងរួបរឹត ដល់ព្រៃឈើ​នោះ បុរសនោះ ឆ្កាកូនឈើដែលវៀចៗ មានឱជារសផែនដីជ្រួតជ្រាបទៅដល់ ហើយនាំ​យក​ចេញ​ទៅខាងក្រៅ ជម្រះទីខាងក្នុងព្រៃឲ្យស្អាតបាត រួចថែរក្សាកូនឈើ ដែលដុះ​ឡើង​ត្រង់ៗ ម្នាលភិក្ខុទាំងឡាយ ក៏កាលបើបុរសនោះ បានធ្វើយ៉ាងនេះ ព្រៃឈើនោះឯង មុខជានឹងដល់នូវសេចក្តីចម្រើន ដុះដាល ធំទូលាយ ក្នុងសម័យខាងក្រោយមកពុំខាន សេចក្តី​នេះ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់​អកុសល​ចេញ ចូរធ្វើនូវសេចក្តីព្យាយាម ក្នុង​កុសលធម៌​ទាំង​ឡាយ ព្រោះថា កាលបើ​អ្នក​ទាំង​ឡាយ​បានធ្វើយ៉ាងនេះ នឹងដល់នូវសេចក្តីចម្រើន ដុះដាល ធំទូលាយ ក្នុងធម្មវិន័យ​នេះ​ពុំ​ខាន មានឧបមេយ្យយ៉ាងនោះឯង។

[៤] ​ ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយថា មានគហបតានីម្នាក់ ឈ្មោះ​នាង វេទេហិកា នៅក្នុងក្រុងសាវត្ថីនេះឯង។ ម្នាលភិក្ខុទាំងឡាយ កិត្តិសព្ទ​ដ៏ពីរោះ របស់នាង វេទេហិកាគហបតានី ល្បីខ្ចរខ្ចាយ សុសសាយទៅ យ៉ាងនេះថា នាងវេទេហិកា​គហបតានី ជាស្ត្រីស្លូត នាងវេទេហិកាគហបតានី ជាស្ត្រីសភាពរាបទាប នាងវេទេហិកា​គហបតានី ជាស្ត្រីស្រគត់ស្រគំ។ ម្នាលភិក្ខុទាំងឡាយ ឯនាងវេទេហិកាគហបតានី មានទាសី១នាក់ ឈ្មោះ កាឡី ជាស្ត្រីឈ្លាសវៃ មិនខ្ជិលច្រអូស ជាអ្នកចាត់ចែងការងារល្អ។ ម្នាលភិក្ខុ​ទាំង​ឡាយ គ្រានោះឯង នាងកាឡីទាសី មានសេចក្តីត្រិះរិះដូច្នេះថា នាងម្ចាស់របស់​អាត្មាអញ មានកិត្តិសព្ទដ៏ពីរោះល្បីខ្ចរខ្ចាយ សុសសាយទៅយ៉ាងនេះថា នាងវេទេហិកា​គហបតានី ជាស្ត្រីស្លូត នាងវេទេហិកាគហបតានី ជាស្ត្រីសុភាពរាបទាប នាងវេទេហិកា​គហបតានី ជាស្ត្រីស្រគត់ស្រគំដូច្នេះ ចុះអ្នកស្រីជាម្ចាស់អញ មានកំហឹងខាងក្នុងដែរ តែមិនធ្វើ​ឲ្យ​ប្រាកដ​ឬ ឬមិនមានកំហឹងខាងក្នុងទេ ឬក៏ដោយសារការងារទាំងនុ៎ះ ដែលអញ​បាន​ចាត់​ចែង​ត្រឹមត្រូវ បានជាអ្នកស្រី​ជាម្ចាស់​អញមិនបញ្ចេញ​កំហឹង​ខាងក្នុង​ដែល​មានដែរ មិន​មែន​ជាមិនមានទេ បើដូច្នោះ មានតែអញល្បងអ្នកស្រី​ជាម្ចាស់​ល​មើល។ ម្នាល​ភិក្ខុ​ទាំងឡាយ គ្រានោះ នាងកាឡីទាសីក្រោកឡើង​(ពីដំណេក) ក្នុងវេលា​ថ្ងៃ​ពេក។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងពេលនោះ នាងវេទេហិកាគហបតានី បាននិយាយនឹង​នាង​ទាសីកាឡី ដូច្នេះ​ថា នែមេកាឡី។ នាងកាឡីទាសីឆ្លើយតបថា អ្នកស្ត្រីមាន​ប្រសាសន៍​ថាម៉េច។ ចុះហង ម្តេចក៏ក្រោកទាល់ថ្ងៃម៉្លេះ។ គ្មានអ្វីទេអ្នកស្រី។ នាងវេទេហិកា​គហបតានី ក៏​ខឹង​អាក់​អន់ចិត្ត ធ្វើមុខក្រញូវស្រដីថា យើមេចោរទាសីគំរក់ បើមិនមានអ្វីទេ ម្តេចក៏​ហង​ឯង​ក្រោក​ទាល់តែថ្ងៃម៉្លេះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ កាឡីទាសី​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា អ្នកស្ត្រីជាម្ចាស់អញ មានកំហឹងខាងក្នុងដែរ តែមិនធ្វើឲ្យប្រាកដ មិនមែនជា​មិន​មាន​ទេ ដោយសារការងារទាំងនុ៎ះ អាត្មាអញ បានចាត់ចែងត្រឹមត្រូវ បាន​ជា​អ្នក​ស្ត្រី​ជា​ម្ចាស់​អញ មិនបញ្ចេញកំហឹងខាងក្នុងដែលមានដែរ មិនមែន​ជា​មិន​មាន​ទេ បើដូច្នោះ​ គួរ​តែ​អញល្បងមើលម្ចាស់អញ ឲ្យលើសជាងនេះទៅទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ គ្រានោះ នាង​កាឡីទាសីក្រោកឡើង​(ពីដំណេក) រឹងរិតតែទាល់ថ្ងៃ​ជាងមុន​ទៅ​ទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ វេលានោះ នាងវេទេហិកាគហបតានី បាននិយាយនឹង​នាង​ទាសីកាឡីដូច្នេះថា នែ​មេកាឡី។ នាងកាឡីទាសីឆ្លើយតបថា អ្នកស្ត្រីមាន​ប្រសាសន៍​ថាម៉េច។ ចុះហងម្តេចក៏​ក្រោក​ទាល់ថ្ងៃម៉្លេះ។ គ្មានអ្វីទេអ្នកស្រី។ នាងវេទេហិកាគហបតានី ក៏ខឹងអាក់អន់ចិត្ត ក៏បញ្ចេញវាចា ដោយសេចក្តីអាក់អន់ចិត្តថា យើមេចោរទាសីគំរក់ បើមិនមានអ្វីទេ ម្តេចក៏ហងក្រោកទាល់ថ្ងៃម៉្លេះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ កាឡីទាសី​មាន​សេចក្តី​ត្រិះរិះ ដូច្នេះថា អ្នកស្ត្រីជាម្ចាស់អញ មានកំហឹងខាងក្នុងដែរ តែមិនធ្វើឲ្យប្រាកដ មិនមែន​ជា​មិនមានទេ ដោយសារការងារទាំងនុ៎ះ ដែលអាត្មាអញបានចាត់ចែងត្រឹមត្រូវ បានជា​អ្នក​ស្ត្រីជាម្ចាស់អញ មិនបញ្ចេញកំហឹងខាងក្នុង មិនមែនជាមិនមានទេ បើដូច្នោះ គួរ​តែ​អញ​ល្បងមើលអ្នកស្ត្រីជាម្ចាស់ឲ្យលើសជាងនេះទៅទៀត។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ នាង​កាឡីទាសីក្រោកឡើង(ពីដំណេក)រឹងតិតតែទាល់ថ្ងៃជាងមុនទៅទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងសម័យនោះ នាងវេទេហិកាគហបតានី បាន​និយាយនឹង​កាឡីទាសី ដូច្នេះ​ថា នែមេកាឡី។ កាឡីទាសីឆ្លើយតបថា អ្នកស្ត្រីមានប្រសាសន៍ថាម៉េច។ ចុះហងម្តេច​ក៏ក្រោក​ទាល់ថ្ងៃម៉្លេះ។ គ្មានអ្វីទេអ្នកស្រ្តី។ នាងវេទេហិកាគហបតានី ខឹងអាក់អន់ចិត្ត និយាយថា យើមេចោរទាសីគំរក់ បើមិនមានអ្វីទេ ម្តេចក៏ហងក្រោកទាល់ថ្ងៃម៉្លេះ ថា​ហើយ​ក៏ចាប់​រនុកទ្វារយារសំពងចំក្បាលថា អញនឹងវាយបំបែកក្បាលហង។ ម្នាលភិក្ខុ​ទាំង​ឡាយ គ្រានោះឯង នាងកាឡីទាសី បែកក្បាលហូរឈាមរហាម ក៏ពោល​ទោសប្រាប់ស្ត្រី​អ្នក​ស្និតស្នាលជិតខាងថា អ្នកស្ត្រីជាម្ចាស់ ចូរមើលអំពើរបស់ស្ត្រីដែលស្លូតចុះ អ្នកស្ត្រី​ជា​ម្ចាស់ ចូរមើលអំពើរបស់ស្ត្រីដែលសុភាពរាបទាបចុះ អ្នកស្រ្តីជាម្ចាស់ ចូរមើល​អំពើ​របស់​ស្ត្រី​ស្រគត់ស្រគំចុះ មិនសមបើអ្នកស្រ្តីជាម្ចាស់(នៃខ្ញុំ)ខឹងអាក់អន់ចិត្តនឹងទាសីម្នាក់ថា ហងឯងក្រោក(ពីដំណេក)ទាល់ថ្ងៃ ហើយចាប់រនុកទ្វារយារសំពងចំក្បាលថា អញ​នឹង​វាយ​បំបែកក្បាលហងឯងដូច្នេះសោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ នាង​វេទេហិកាគហបតានី ក៏មានកិត្តិសព្ទដ៏អាក្រក់លកបី​ខ្ចរខ្ចាយសុសសាយ ក្នុង​សម័យ​ខាង​ក្រោយ​មកយ៉ាងនេះថា នាងវេទេហិកាគហបតានី ជាស្ត្រីកាច នាងវេទេហិកាគហបតានី ជាស្ត្រីមិនសភាពរាបទាប នាងវេទេហិកាគហបតានី ជាស្ត្រីមិនស្រគត់ស្រគំ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុខ្លះក្នុងសាសនានេះ ក៏យ៉ាងនោះដែរ ជាអ្នកស្លូតណាស់ ជាអ្នក​សភាព​រាប​ទាប​ណាស់ ជាអ្នកស្រគត់ស្រគំណាស់ ត្រាតែគន្លងពាក្យមិនជាទីគាប់ចិត្ត មិនទាន់​មកប៉ះ​ពាល់ ម្នាលភិក្ខុទាំងឡាយ កាលណាបើគន្លងពាក្យមិនគាប់ចិត្ត មកប៉ះពាល់ភិក្ខុហើយ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនោះ ទើបគេដឹងថាជាអ្នកស្លូត ថាជាអ្នកសភាពរាបទាប ថាជា​អ្នក​ស្រគត់​ស្រគំ ក្នុងកាលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាអ្នកប្រដៅងាយ ដល់​នូវ​ភាព​ជាអ្នកប្រដៅងាយ ព្រោះតែចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តថាគត មិនបានហៅភិក្ខុនោះថា ជាអ្នកប្រដៅងាយឡើយ ព្រោះហេតុដូចម្តេច ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះថាភិក្ខុនោះ កាលបើមិនបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ក៏មិនមែនជាអ្នកប្រដៅងាយ មិនដល់នូវភាពជាអ្នក​ប្រដៅ​ងាយ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ លុះតែភិក្ខុណាមួយ ធ្វើសក្ការៈចំពោះធម៌ ធ្វើសេចក្តី​គោរព​ធម៌ ប្រព្រឹត្តកោតក្រែងធម៌មែន ទើបពេញជាអ្នកប្រដៅងាយ ដល់នូវភាពជាអ្នកប្រដៅងាយ តថាគត ហៅភិក្ខុនោះថា ជាអ្នកប្រដៅងាយ។ ម្នាលភិក្ខុ​ទាំង​ឡាយ ព្រោះហេតុនោះ ពួកភិក្ខុក្នុងសាសនានេះ ត្រូវគិតគ្នាថា យើងទាំងឡាយ កាល​ធ្វើ​សក្ការៈ​ចំពោះធម៌ ធ្វើសេចក្តីគោរពធម៌ ប្រព្រឹត្តកោតក្រែងធម៌ និងជាអ្នកប្រដៅងាយ ដល់នូវភាពជាអ្នកប្រដៅងាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី​សិក្សា​យ៉ាង​នេះ​ចុះ។

[៥] ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយចំពោះអ្នកទាំងឡាយ គប្បី​និយាយ​ដោយគន្លង នៃពាក្យទាំងឡាយណា គន្លងនៃពាក្យទាំងឡាយនេះមាន៥ប្រការគឺ និយាយ​ក្នុងកាលគួរ ឬមិនគួរ១ និយាយដោយពាក្យពិត ឬមិនពិត១ និយាយដោយ​ពាក្យ​ល្អ ឬអាក្រក់១ និយាយដោយពាក្យប្រកបដោយប្រយោជន៍ ឬមិនប្រកបដោយ​ប្រយោជន៍​១ និយាយដោយពាក្យប្រកបដោយមេត្តាចិត្ត ឬទោសចិត្ត១។ ម្នាលភិក្ខុ​ទាំង​ឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយក្នុងកាលគួរ ឬមិនគួរខ្លះ ម្នាលភិក្ខុ​ទាំង​ឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យពិត ឬពាក្យមិនពិតខ្លះ ម្នាល​ភិក្ខុ​ទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាដោយពាក្យល្អ ឬពាក្យអាក្រក់ខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយ​ពាក្យ​ប្រកប​ដោយ​ប្រយោជន៍ ឬមិនប្រកបដោយប្រយោជន៍ខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាល​និយាយ គប្បីនិយាយដោយពាក្យប្រកបដោយមេត្តាចិត្ត ឬប្រកបដោយទោសចិត្តខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាក្នុងគន្លងនៃពាក្យនោះយ៉ាងនេះថា ចិត្ត​របស់​យើងនឹងមិនប្រែប្រួលផង យើងនឹងមិនបញ្ចេញវាចាអាក្រក់ផង និងជាអ្នក​អនុគ្រោះ ដោយ​ប្រយោជន៍ និងជាអ្នកមានមេត្តាចិត្ត មិនមានទោសចិត្តផង និងជាអ្នកមានចិត្ត ប្រកបដោយមេត្តា ផ្សាយទៅកាន់បុគ្គលនោះផង នឹងជាអ្នកមានចិត្តប្រកបដោយមេត្តា ជាចិត្តធំទូលាយ ដល់នូវសភាពធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយ​ទៅកាន់សត្វលោកទាំងអស់ ធ្វើឲ្យជាអារម្មណ៍របស់មេត្តាចិត្តនោះផង ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

[៦] ម្នាលភិក្ខុទាំងឡាយ ដូចបុរសកាន់ចប និងល្អីដើរមក បុរសនោះ​និយាយ​យ៉ាង​នេះថា អញនឹងធ្វើផែនដីធំនេះ ឲ្យមិនមែនជាផែនដី។ បុរសនោះ ជីកដីត្រង់នោះៗ បាចសាចទៅក្នុងទីនោះៗ ស្តោះទឹកមាត់ទៅក្នុងទីនោះៗ បន្ទោបង់នូវមូត្រ ក្នុងទីនោះៗ ដោយ​គិតថា ទីនេះមិនមែនជាផែនដី ទីនេះមិនមែនជាផែនដី។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះ អាចនឹងធ្វើផែនដីធំនេះ ឲ្យមិនមែន​ជាផែនដីបានឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនោះធ្វើមិនបានទេ ព្រោះ​ហេតុអ្វី បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ផែនដីធំនេះ ជ្រាលជ្រៅ​រកប្រមាណ​មិន​បាន ផែន​ដីធំនេះ មិនងាយនឹងធ្វើឲ្យទៅជាមិនមែនផែនដីបានឡើយ ក៏ឯបុរសនោះ គ្រាន់​តែ​បានចំណែកសេចក្តីលំបាកកាយ និងសេចក្តីចង្អៀតចង្អល់ចិត្តប៉ុណ្ណោះ។ ម្នាលភិក្ខុ​ទាំង​ឡាយ យ៉ាងនោះឯងហើយ ដំណើរនោះ ដូចគ្នានឹងពួកជនដទៃ កាលនិយាយ ចំពោះ​អ្នក​ទាំង​ឡាយ គប្បីនិយាយដោយគន្លងនៃពាក្យទាំងឡាយណា គន្លងនៃពាក្យ​ទាំងឡាយ​នេះ មាន៥ប្រការគឺ និយាយក្នុងកាលគួរ ឬមិនគួរ១ និយាយដោយពាក្យពិត ឬមិនពិត១ និយាយដោយពាក្យល្អ ឬពាក្យអាក្រក់ និយាយដោយពាក្យប្រកបដោយប្រយោជន៍ ឬ​មិន​ប្រកបដោយប្រយោជន៍១ និយាយដោយពាក្យប្រកបដោយមេត្តាចិត្ត ឬប្រកប​ដោយ​ទោស​ចិត្ត១។ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយ ក្នុងកាលគួរ ឬកាល​មិនគួរខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយ​ដោយ​ពាក្យ​ពិត ឬពាក្យមិនពិតខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បី​និយាយ​ដោយពាក្យល្អ ឬពាក្យអាក្រក់ខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាល​និយាយ គប្បីនិយាយដោយពាក្យប្រកបដោយប្រយោជន៍ ឬមិនប្រកបដោយ​ប្រយោជន៍​ខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយ​ដោយពាក្យ​ប្រកប​ដោយ​មេត្តាចិត្ត ឬប្រកបដោយទោសចិត្តខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សាក្នុងគន្លងនៃពាក្យទាំងនោះ យ៉ាងនេះថា ចិត្តរបស់យើងនឹងមិនប្រែប្រួលផង យើង​នឹង​មិនបញ្ចេញវាចាអាក្រក់ផង និងជាអ្នកអនុគ្រោះដោយប្រយោជន៍ និងជា​អ្នក​មាន​មេត្តា​ចិត្ត មិនមានទោសចិត្តផង និងមានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់​បុគ្គល​នោះ​ផង និងជាអ្នកមានចិត្តស្មើដោយផែនដី ជាចិត្តធំទូលាយ ដល់នូវសភាពធំ ប្រមាណ​មិនបាន មិនមានពៀរ មិនមានព្យាបាទ ហើយផ្សាយទៅកាន់សត្វលោកទាំងអស់ ធ្វើឲ្យ​ជា​អារម្មណ៍របស់មេត្តាចិត្តនោះផង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាង​នេះ​ចុះ។

[៧] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសយកទឹកល័ខក្តី ទឹករមៀតក្តី វត្ថុមាន​ពណ៌​ខៀវ​ក្តី ពណ៌ហង្សបាទក្តី ដើរមក បុរសនោះនិយាយយ៉ាងនេះថា អាត្មាអញ នឹងគូររូប​ទាំង​ឡាយ ធ្វើឲ្យមានរូបភាពប្រាកដឡើងក្នុងអាកាសនេះ។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំង​ឡាយ សំគាល់សេចក្តីនោះថាដូចម្តេច បុរសនោះ អាចគូររូបទាំងឡាយ ធ្វើឲ្យ​មានរូប​ភាព ប្រាកដឡើងក្នុងអាកាសនេះបានឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនោះ ធ្វើមិន​បានទេ ព្រោះហេតុដូចម្តេច បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថាអាកាសនេះមិនមានរូប មិនជាទីឃើញរូប មិនងាយនឹងគូររូប មិនងាយនឹងធ្វើរូបភាពឲ្យមានប្រាកដ ក្នុង​អាកាស​នេះ​បានឡើយ ក៏ឯបុរសនោះ គ្រាន់តែបានចំណែកសេចក្តីលំបាកកាយ និងសេចក្តី​ចង្អៀត​ចង្អល់ចិត្តប៉ុណ្ណោះ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះមែនហើយ សេចក្តីនោះ​ដូចគ្នា​នឹពួក​ជនដទៃ កាលនិយាយចំពោះអ្នកទាំងឡាយ គប្បីនិយាយដោយ​គន្លងនៃពាក្យ​ទាំង​ឡាយណា គន្លងនៃពាក្យទាំងឡាយនេះ មាន៥ប្រការ គឺ និយាយក្នុងកាលគួរ ឬកាល​មិន​គួរ១ ។បេ។ ជាអ្នកមានចិត្តស្មើដោយអាកាស ជាចិត្តធំទូលាយ ដល់នូវសភាពធំ ប្រមាណ​មិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ធ្វើឲ្យជា​អារម្មណ៍របស់មេត្តាចិត្តនោះផង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាង​នេះចុះ។

[៨] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសកាន់គប់ភ្លើង ដែលឆេះរន្ទាលដើរមក បុរស​នោះនិយាយយ៉ាងនេះថា អាត្មាអញនឹងកំដៅទន្លេគង្គាឲ្យក្តៅសព្វ ដោយ​គប់ស្មៅ​ដែល​ឆេះ​រន្ទាលនេះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះថាដូចម្តេច បុរសនោះ​អាចកំដៅទន្លេគង្គាឲ្យក្តៅសព្វ ដោយគប់ស្មៅដែលឆេះរន្ទាលបានឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះ ធ្វើមិនបានទេ ព្រោះហេតុដូចម្តេច បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ព្រោះថាគង្គាមានជម្រៅរាប់​មិនបាន1) ទន្លេគង្គានោះ បុគ្គល​មិនងាយ​នឹងកំដៅឲ្យក្តៅសព្វ ដោយគប់ស្មៅដែលឆេះរន្ទាលបានឡើយ ក៏ឯបុរសនោះ​គ្រាន់តែ​បានចំណែកសេចក្តីលំបាកកាយ និងសេចក្តីចង្អៀតចង្អល់ចិត្តប៉ុណ្ណោះ។ ម្នាល​ភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមាដូចម្តេច មានឧបមេយ្យដូចពួកជនដទៃ កាល​និយាយ​ចំពោះអ្នកទាំងឡាយ គប្បីនិយាយដោយគន្លងនៃពាក្យទាំងឡាយណា គន្លង​នៃពាក្យ​ទាំងឡាយនេះមាន៥ប្រការ គឺ និយាយក្នុងកាលគួរ ឬកាលមិនគួរ១ ។បេ។ និងជា​អ្នក​មាន​ចិត្តស្មើដោយទន្លេគង្គា ជាចិត្តធំទូលាយ ដល់នូវសភាពធំ ប្រមាណមិន​បាន មិនមាន​ពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ធ្វើឲ្យជា​អារម្មណ៍​របស់មេត្តា​ចិត្ត​នោះផង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

[៩] ម្នាលភិក្ខុទាំងឡាយដូចជាសំពៀតស្បែកខ្លាត្រី ដែលបុគ្គលដំច្របាច់ សម្លាប់​ឲ្យ​ទន់ ដូចជាសំឡី មិនមានសំឡេងស្រួយ មិនមានសំឡេងណែន បើបុរសកាន់យកឈើ ឬអំបែង​ក្បឿងដើរមក បុរសនោះនិយាយយ៉ាងនេះថា អាត្មាអញនឹងយកឈើ ឬអំបែង​ក្បឿង(នេះ)ទៅគោះសំពៀតស្បែកខ្លាត្រី ដែលបុគ្គលដំច្របាច់ សម្លាប់ឲ្យទន់ដូចជាសំឡី មិនមាន​សំឡេងស្រួយ មិនមានសំឡេងណែននេះ ធ្វើឲ្យមានសំឡេងស្រួយ ឲ្យមាន​សំឡេង​ណែនឡើងវិញ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់សេចក្តីនោះ ថាដូច​ម្តេច បុរសនោះ អាចយកកំណាត់ឈើ ឬអំបែងក្បឿង ទៅគោះសំពៀតស្បែកខ្លាត្រី ដែល​បុគ្គល​ដំច្របាច់សម្លាប់ឲ្យទន់ ដូចជាសំឡី មិនមានសំឡេងស្រួយ មិនមាន​សំឡេងណែន​នេះ ធ្វើឲ្យមានសំឡេងស្រួយ ឲ្យមានសំឡេងណែនឡើងវិញបានឬទេ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ហេតុនេះ ធ្វើមិនបានទេ ព្រោះហេតុដូចម្តេច បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា​សំពៀត​ស្បែកខ្លាត្រីនេះ ដែលបុគ្គលដំច្របាច់ សម្លាប់ឲ្យទន់ដូចជាសំឡី មិនមាន​សំឡេង​ស្រួយ មិនមានសំឡេងណែន សំពៀតស្បែកខ្លាត្រីនោះ បុគ្គលមិនងាយ​នឹងគោះឲ្យ​មាន​សម្លេង​ស្រួយ ឲ្យមានសម្លេងណែន ដោយឈើ ឬអំបែងក្បឿងបានឡើង ក៏ឯបុរសនោះ គ្រាន់តែបានចំណែកសេចក្តីលំបាកកាយ និងសេចក្តីចង្អៀតចង្អល់ចិត្តប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះមានឧបមាដូចម្តេច មានឧបមេយ្យដូចពួកជនដទៃ កាលនិយាយចំពោះអ្នកទាំងឡាយ គប្បីនិយាយដោយគន្លងនៃពាក្យទាំងឡាយណា គន្លងនៃពាក្យទាំងឡាយនេះ មាន៥ប្រការគឺ និយាយក្នុងកាលគួរ ឬកាលមិនគួរ១ និយាយដោយពាក្យពិត ឬពាក្យមិនពិត១ និយាយដោយពាក្យល្អ ឬពាក្យអាក្រក់១ និយាយ​ដោយពាក្យប្រកបដោយប្រយោជន៍ ឬមិនប្រកបដោយប្រយោជន៍១ និយាយ​ដោយ​ពាក្យប្រកបដោយមេត្តាចិត្ត ឬប្រកបដោយទោសចិត្ត១។ ម្នាលភិក្ខុទាំងឡាយ ពួកជន​ដទៃ កាលនិយាយ គប្បីនិយាយក្នុងកាលគួរ ឬកាលមិនគួរខ្លះ ម្នាលភិក្ខុ​ទាំង​ឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យពិត ឬពាក្យមិនពិតខ្លះ ម្នាល​ភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យល្អ ឬពាក្យអាក្រក់ខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យ​ប្រកបដោយ​ប្រយោជន៍ ឬមិនប្រកបដោយប្រយោជន៍ខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាល​និយាយ គប្បី និយាយដោយពាក្យប្រកបដោយមេត្តាចិត្ត ឬប្រកបដោយទោសចិត្តខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាក្នុងគន្លងនៃពាក្យ​ទាំងឡាយនោះ​យ៉ាង​នេះ​ថា ចិត្តរបស់យើងនឹងបានប្រែប្រួលផង យើងនឹងមិនបញ្ចេញវាចាអាក្រក់ផង និងជា​អ្នក​អនុគ្រោះដោយប្រយោជន៍ ជាអ្នកប្រកបដោយមេត្តាចិត្ត មិនមានទោសចិត្តផង និង​ជាអ្នកមានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់បុគ្គលនោះផង និងជាអ្នកមានចិត្តស្មើ ដោយសំពៀតស្បែកខ្លាត្រី ជាចិត្តធំទូលាយ ដល់នូវសភាពធំ មិនមានប្រមាណ មិន​មាន​ពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ធ្វើឲ្យជាអារម្មណ៍ របស់​មេត្តា​ចិត្ត​នោះផង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

[១០] ម្នាលភិក្ខុទាំងឡាយ បើពួកចោរ ដែលប្រព្រឹត្តអាក្រក់នាំគ្នា​អារ​អវយវៈ​តូចធំ​របស់​អ្នកទាំងឡាយ ដោយរណារដែលមានដងទាំងសងខាង ភិក្ខុណាមួយ ញ៉ាំងចិត្ត​ឲ្យប្រទូស្ត​ ចំពោះចោរទាំងអម្បាលនោះ ភិក្ខុនោះមិនឈ្មោះថា​ជាអ្នកធ្វើតាម​សាសនា​តថាគត ដោយការមិនអត់សង្កត់នោះឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​ក្នុងការបៀតបៀនរបស់ចោរនោះថា ចិត្តរបស់យើងនឹងមិនប្រែប្រួលផង យើង​នឹង​មិន​បញ្ចេញវាចាអាក្រក់ផង និងជាអ្នកអនុគ្រោះដោយប្រយោជន៍ និងជាអ្នក​មានមេត្តា​ចិត្ត មិនមានទោសចិត្តផង និងជាអ្នកមានចិត្តប្រកប​ដោយមេត្តា ផ្សាយ​ទៅកាន់​បុគ្គល​នោះ​ផង និងជាអ្នកមានចិត្តប្រកបដោយមេត្តា ជាចិត្តធំទូលាយ ដល់នូវសភាព​ធំ​ប្រមាណ​មិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ធ្វើឲ្យជាអារម្មណ៍របស់មេត្តាចិត្តនោះផង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាង​នេះចុះ។

[១១] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីធ្វើទុកក្នុងចិត្តចំពោះ​ឱវាទដែល​ប្រៀប​ដោយរណារនេះឯង ឲ្យរឿយៗចុះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មិនឃើញ​គន្លង​នៃពាក្យតូច ឬធំនោះ ដែលនាំអ្នកទាំងឡាយអត់សង្កត់ មិនបានទេឬ។ បពិត្រ​ព្រះអង្គ​ដ៏ចម្រើន យើងខ្ញុំមិនឃើញគន្លងពាក្យនោះទេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុ​នោះ អ្នកទាំងឡាយ គប្បីធ្វើទុកក្នុងចិត្ត ចំពោះឱវាទដែលប្រៀបដោយរណារនោះឯង ឲ្យ​រឿយៗចុះ ការធ្វើទុកក្នុងចិត្តនោះ នឹងប្រព្រឹត្តដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់អ្នក​ទាំងឡាយអស់កាលជាយូរអង្វែង។ លុះព្រះមានព្រះភាគ ត្រាស់ភាសិតនេះចប់ហើយ ពួកភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរចំពោះភាសិតរបស់ព្រះមានបុណ្យ។

ចប់កកចូបមសូត្រ ទី១

 

លេខយោង

1)
ជម្រៅរបស់​ទន្លេគង្គា​នេះ​កម្រាស់​១​គាវុត​ខ្លះ កន្លះយោជន៍ខ្លះ ឯបណ្តោយចំនួនប្រាំរយយោជន៍។ អដ្ឋកថា។
km/tipitaka/sut/mn/sut.mn.021.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann