User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.022

អលគទ្ទូបមសូត្រ ទី២

សង្ខេប

ព្រះ​ពុទ្ធ​លើក​យក​ការ​ប្រៀប​ធៀប​២​ផ្សេង​គ្នាដើម្បី​ចម្រើន​ដល់​សម្មា​ទិដ្ធិ លះ​នូវ​​ទិដ្ធិ​​ផ្សេងៗ​​​ដោយ​​ការប្រកាន់​ថា​ជា​របស់​ខ្លួន។​​

mn 022 បាលី cs-km: sut.mn.022 អដ្ឋកថា: sut.mn.022_att PTS: ?

(ទី២) អលគទ្ទូបមសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក សំណាង
sut.mn.022.aac

(២. អលគទ្ទូបមសុត្តំ)

[១២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅ ក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុឈ្មោះអរិដ្ឋ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត1) មានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះកើតឡើងថា អាត្មាអញដឹងច្បាស់នូវធម៌ ដែលព្រះមានព្រះភាគទ្រង់សំដែងហើយ ធម៌ទាំងឡាយណា ដែលព្រះមានព្រះភាគ ទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើនូវសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ។ ពួកភិក្ខុច្រើនរូបបានឮដំណឹងថា អរិដ្ឋភិក្ខុមានបុព្វបុរសជាអ្នកសម្លាប់ត្មាត មានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើត​ឡើងថា អាត្មាអញដឹងច្បាស់នូវធម៌ ដែលព្រះមានព្រះភាគទ្រង់សំដែងហើយ ធម៌​ទាំង​ឡាយណា ដែលព្រះមានព្រះភាគ ទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំង​ឡាយនោះ មិនអាចធ្វើនូវសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ។ គ្រានោះឯង ភិក្ខុ​ទាំង​នោះ​ក៏ចូលទៅរកអរិដ្ឋភិក្ខុមានបុព្វបុរសជាអ្នកសម្លាប់ត្មាតនោះ លុះចូលទៅដល់ហើយ បានសួរដំណើនុ៎ះ នឹងអរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់ត្មាតថា ម្នាលអាវុសោអរិដ្ឋ បានឮថាអ្នកមានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះកើតឡើងថា អាត្មាអញដឹង​ច្បាស់​នូវធម៌ ដែលព្រះមានព្រះភាគទ្រង់សំដែងហើយ ធម៌ទាំងឡាយណា ដែលព្រះ​មាន​ព្រះភាគ ទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនគួរ​ធ្វើនូវ​សេចក្តី​អន្តរាយ ដល់បុគ្គលអ្នកសេពទេ មែនឬ។ ម្នាលអាវុសោទាំងឡាយ ខ្ញុំដឹងច្បាស់​នូវធម៌ដែលព្រះមានព្រះភាគទ្រង់សំដែងហើយ ធម៌ទាំងឡាយណា ដែល​ព្រះមាន​ព្រះភាគ​ទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនគួរ​ធ្វើនូវ​សេចក្តី​អន្តរាយដល់បុគ្គលអ្នកសេពទេ យ៉ាងហ្នឹងមែន។ គ្រានោះឯង ភិក្ខុទាំងនោះ​មាន​ប្រាថ្នា​ដើម្បីធ្វើអរិដ្ឋភិក្ខុមានបុព្វបុរសជាអ្នកសម្លាប់ត្មាត ឲ្យបែរចាកទិដ្ឋិអាក្រក់នោះ ក៏សាកសួរដេញដោល សួររកហេតុថា នែអាវុសោអរិដ្ឋ អ្នកកុំពោលយ៉ាងហ្នឹងឡើយ អ្នកកុំពោលបង្កាច់ព្រះមានព្រះភាគឡើយ ការពោលបង្កាច់ព្រះមានព្រះភាគមិនល្អទេ ព្រោះថាព្រះមានព្រះភាគមិនបានត្រាស់យ៉ាងហ្នឹងឡើយ នែអាវុសោអរិដ្ឋ ធម៌ទាំង​ឡាយតែងធ្វើនូវសេចក្តីអន្តរាយដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយ​អនេកបរិយាយ ធម៌ទាំងឡាយនោះ អាចធ្វើនូវសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពមែន ព្រះមាន​ព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានសេចក្តីសុខតិច មានទុក្ខ​ច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនោះមានច្រើន ព្រះ​មានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយមានឧបមាដូចរាងឆ្អឹង មានទុក្ខច្រើន មាន​សេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះ មានច្រើនក្រៃលែង ព្រះ​មានព្រះភាគ ទ្រង់សំដែងថា កាមទាំងឡាយមានឧបមាដូចដុំសាច់…។ ព្រះមានព្រះភាគ ទ្រង់សំដែងថា កាមទាំងឡាយមានឧបមាដូចគប់ស្មៅ…។ ព្រះមានព្រះភាគ ទ្រង់​សំដែង​ថា កាមទាំងឡាយមានឧបមាដូចរណ្តៅរងើកភ្លើង…។ ព្រះមានព្រះភាគ ទ្រង់សំដែងថា កាមទាំងឡាយមានឧបមាដូចការយល់សុប្តិ…។ ព្រះមានព្រះភាគ ទ្រង់សំដែងថា កាម​ទាំង​ឡាយមានឧបមាដូចរបស់ខ្ចីគេ…។ ព្រះមានព្រះភាគ ទ្រង់សំដែងថា កាម​ទាំង​ឡាយមានឧបមាដូចផ្លែឈើ…។ ព្រះមានព្រះភាគ ទ្រង់សំដែងថា កាម​ទាំង​ឡាយ មានឧបមាដូចកាំបិត និងជ្រុញ…។ ព្រះមានព្រះភាគ ទ្រង់សំដែងថា កាមទាំងឡាយ​មាន​ឧបមា​ដូច​លំពែង និងដែកស្រួច…។ ព្រះមានព្រះភាគ ទ្រង់សំដែងថា កាមទាំងឡាយ មាន​ឧបមាដូចក្បាលពស់ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ចិត្តច្រើន ទោសក្នុង​កាម​ទាំងឡាយនោះ មានច្រើនក្រៃលែង។ អរិដ្ឋភិក្ខុមានបុព្វបុរសជាអ្នកសម្លាប់ត្មាត ទុកជា​ភិក្ខុទាំងឡាយនោះសាកសួរដេញដោលសួររកហេតុយ៉ាងនេះហើយ ក៏នៅ​តែ​និយាយប្រកាន់រឹង ព្រោះកំឡាំងនៃទិដ្ឋិ ព្រោះការស្ទាបអង្អែលដោយទិដ្ឋិថា ម្នាលអាវុសោ ខ្ញុំ​ដឹងច្បាស់នូវធម៌ដែលព្រះមានព្រះភាគទ្រង់សំដែងហើយយ៉ាងនេះឯង ធម៌ទាំង​ឡាយ​ណា ដែលព្រះមានព្រះភាគទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយ​នោះ មិនអាចធ្វើនូវសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ។

[១៣] ភិក្ខុទាំងឡាយនោះ មិនអាចធ្វើភិក្ខុឈ្មោះអរិដ្ឋភិក្ខុ មាន​បុព្វបុរស ជា​អ្នក​សម្លាប់​ត្មាត ឲ្យបែរចាកទិដ្ឋិអាក្រក់នុ៎ះបាន ក្នុងកាលណា ភិក្ខុទាំងឡាយនោះ ក៏ចូល​ទៅគាល់​ព្រះមានព្រះភាគ ក្នុងកាលនោះ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្អុយក្នុងទីដ៏សមគួរ។ ភិក្ខុទាំងឡាយនោះ លុះអង្គុយក្នុង​ទីដ៏​សម​គួរ​ហើយ ក៏ក្រាបទូលសេចក្តីនោះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុឈ្មោះ​អរិដ្ឋភិក្ខុ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត មានទិដ្ឋិអាក្រក់ មានសភាព​យ៉ាង​នេះ​កើតឡើងថា អាត្មាអញដឹងច្បាស់នូវធម៌ ដែលព្រះមានព្រះភាគទ្រង់សំដែងហើយ ធម៌ទាំងឡាយណា ដែលព្រះមានព្រះភាគ ទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌​ទាំងឡាយនោះ មិនអាចធ្វើនូវសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ បពិត្រព្រះអង្គ​ដ៏​ចម្រើន យើងខ្ញុំទាំងឡាយ បានឮដំណឹងថា ភិក្ខុឈ្មោះអរិដ្ឋភិក្ខុ មានបុព្វបុរស​ជាអ្នក​សម្លាប់​ត្មាត មានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះកើតឡើងថា អាត្មាអញដឹងច្បាស់​នូវ​ធម៌ ដែលព្រះមានព្រះភាគទ្រង់សំដែងហើយ ធម៌ទាំងឡាយណា ដែលព្រះមានព្រះភាគ ទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើនូវសេចក្តី​អន្តរាយ ដល់បុគ្គលអ្នកសេពទេ បពិត្រព្រះអង្គដ៏ចម្រើន គ្រានោះឯង យើងខ្ញុំទាំងឡាយ ក៏ចូលទៅ​រកអរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់ត្មាត លុះចូលទៅដល់ហើយ ក៏បាន​សួរ​ដំណើរនោះ នឹងអរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់ត្មាតថា ម្នាលអាវុសោអរិដ្ឋ បានឮថា អ្នកមានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងថា អាត្មាអញ ដឹងច្បាស់​នូវធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ធម៌ទាំងឡាយណា ដែលព្រះមាន​ព្រះភាគ ទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើ​នូវសេចក្តី​អន្តរាយ ដល់បុគ្គលអ្នកសេពទេ មែនឬ កាលដែលយើងខ្ញុំទាំងឡាយ សួរ​យ៉ាងនេះ​ហើយ អរិដ្ឋភិក្ខុ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត ក៏និយាយមកនឹងយើងខ្ញុំ​ទាំងឡាយ​វិញដូច្នេះថា នែអាវុសោទាំងឡាយ ខ្ញុំដឹងច្បាស់នូវធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ យ៉ាងនេះឯង ធម៌ទាំងឡាយណា ដែលព្រះមានព្រះភាគ ទ្រង់​សំដែង​ថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើនូវសេចក្តីអន្តរាយ​ដល់បុគ្គល​អ្នកសេពទេ បពិត្រព្រះអង្គដ៏ចម្រើន គ្រានោះឯង យើងខ្ញុំទាំងឡាយ មានប្រាថ្នា​នឹងធ្វើអរិដ្ឋភិក្ខុ ឲ្យបែរចាកទិដ្ឋិអាក្រក់នុ៎ះ ទើបយើងខ្ញុំ​ទាំងឡាយ សាកសួរ​ដេញ​ដោលសួររកហេតុថា ម្នាលអាវុសោអរិដ្ឋ អ្នកកុំពោលយ៉ាងហ្នឹង អ្នកកុំពោល​បង្កាច់នូវ​ព្រះមានព្រះភាកឡើយ ការពោលបង្កាច់ព្រះមានព្រះភាគមិនល្អទេ ព្រោះ​ថា ព្រះមានព្រះភាគ មិនបានត្រាស់យ៉ាងនេះទេ នែអាវុសោអរិដ្ឋ ធម៌ទាំងឡាយនោះ តែង​ធ្វើនូវ​សេចក្តីអន្តរាយ ដែលព្រះមានព្រះភាគទ្រង់សំដែងហើយដោយអនេកបរិយាយ​ធម៌ទាំងឡាយនោះ អាចធ្វើនូវសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពពិតមែន ព្រះមានព្រះភាគ ទ្រង់សំដែងថាកាមទាំងឡាយ មានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តី​ចង្អៀត​ចង្អល់​ច្រើន ទោសក្នុងកាមទាំងឡាយនោះមានច្រើនក្រៃពេក ព្រះមានព្រះភាគ ទ្រង់សំដែង​ហើយថា កាមទាំងឡាយមានឧបមាដូចរាងឆ្អឹង មានទុក្ខច្រើន មានសេចក្តី​ចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះ មានច្រើនក្រៃលែងពេក ។បេ។ ព្រះ​មាន​ព្រះភាគ ទ្រង់សំដែងថា កាមទាំងឡាយមានឧបមាដូចក្បាលពស់ មានទុក្ខច្រើន មាន​សេចក្តីចង្អៀតចង្អល់ចិត្តច្រើន ទោសក្នុងកាមទាំងឡាយនោះ មានច្រើនក្រៃ​លែង​ពេក បពិត្រព្រះអង្គ​ដ៏​ចម្រើន អរិដ្ឋភិក្ខុមានបុព្វបុរសជាអ្នកសម្លាប់ត្មាត ទុកជា​យើងខ្ញុំ​ទាំងឡាយ សាកសួរដេញដោល សួររកហេតុថា ក៏នៅតែនិយាយប្រកាន់​រឹង ព្រោះកំឡាំងនៃទិដ្ឋិ ព្រោះការស្ទាបអង្អែលដោយទិដ្ឋិថា ម្នាលអាវុសោទាំងឡាយ ខ្ញុំដឹងច្បាស់ នូវធម៌ ដែលព្រះមានព្រះភាគទ្រង់សំដែងហើយយ៉ាងនេះឯង ធម៌ទាំងឡាយណា ដែលព្រះមាន​ព្រះភាគ ទ្រង់សំដែងហើយថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើនូវសេចក្តីអន្តរាយ ដល់បុគ្គល​អ្នកសេពទេ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះតែយើងខ្ញុំទាំងឡាយ មិនអាចធ្វើ​ភិក្ខុ​ឈ្មោះអរិដ្ឋ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត ឲ្យបែរចាកទិដ្ឋិអាក្រក់នុ៎ះ បានជាយើង​ខ្ញុំ​ទាំងឡាយ សូមក្រាបបង្គំទូលហេតុនុ៎ះចំពោះព្រះមានព្រះភាគ។

[១៤] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុ១រូបថា ម្នាលភិក្ខុ ចូរអ្នក​មកអាយ អ្នកចូរទៅហៅអរិដ្ឋភិក្ខុ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត តាមពាក្យតថាគតថា ម្នាលអាវុសោអរិដ្ឋ ព្រះសាស្តាទ្រង់ត្រាស់ហៅលោក។ ភិក្ខុនោះទទួលព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ចូលទៅរកអរិដ្ឋភិក្ខុ មាន​បុព្វបុរស ជាអ្នក​សម្លាប់ត្មាត លុះចូលទៅដល់ហើយ ក៏និយាយនឹងអរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់ត្មាត ដូច្នេះថា ម្នាលអាវុសោអរិដ្ឋ ព្រះសាស្តាទ្រង់ត្រាស់ហៅលោក។ អរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់ត្មាត ក៏ទទួលពាក្យភិក្ខុនោះថា អើអាវុសោ ហើយក៏ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមាន​ព្រះភាគ រួចអង្គុយ​ក្នុងទីដ៏សមគួរ។ លុះអរិដ្ឋភិក្ខុ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់សួរដូច្នេះថា ម្នាលអរិដ្ឋ បានឮថា អ្នកមានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងថា អាត្មាអញ ដឹងច្បាស់​នូវធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ធម៌ទាំងឡាយណា ដែលព្រះមាន​ព្រះភាគ ទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចនឹងធ្វើនូវ​សេចក្តីអន្តរាយ ដល់បុគ្គលអ្នកសេពទេ ដូច្នេះមែនឬ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំ​ព្រះអង្គ​ដឹងច្បាស់នូវធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ យ៉ាងនេះឯង ធម៌ទាំង​ឡាយ​ណា ដែលព្រះមានព្រះភាគទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយ​នោះ មិនអាចនឹងធ្វើនូវសេចក្តីអន្តរាយ ដល់បុគ្គលអ្នកសេពទេ។ នែមោឃបុរស អ្នក​ដឹង​ច្បាស់នូវធម៌ដែលតថាគតសំដែងហើយយ៉ាងនេះ អំពីសំណាក់អ្នកណា។ ម្នាលមោឃ​បុរស ធម៌ធ្វើដូចសេចក្តីអន្តរាយ តថាគតសំដែងហើយ ដោយអនេកបរិយាយ ក៏ឯធម៌​ទាំងឡាយនោះ អាចធ្វើនូវសេចក្តីអន្តរាយ ដល់បុគ្គលអ្នកសេពដោយពិត តថាគត សំដែង​ហើយថា កាមទាំងឡាយមានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តី​ចង្អៀត​ចង្អល់​ច្រើន ទោសក្នុងកាមទាំងឡាយនេះ មានច្រើនក្រៃពេក តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដូចរាងឆ្អឹង…។ តថាគតសំដែងហើយថា កាមទាំងឡាយ មាន​ឧបមា​ដូចដុំសាច់…។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដូចគប់ស្មៅ…។ តថាគត សំដែងហើយថា កាមទាំងឡាយ មានឧបមា ដូចរណ្តៅរងើកភ្លើង…។ តថាគត សំដែង​ហើយថា កាមទាំងឡាយ មានឧបមា ដូចការយល់សប្តិ…។ តថាគត សំដែង​ហើយ​ថា កាមទាំងឡាយ មានឧបមា ដូចរបស់ដែលខ្ចីគេ…។ តថាគត សំដែងហើយថា កាមទាំងឡាយ មានឧបមា ដូចផ្លែឈើ…។ តថាគត សំដែងហើយថា កាមទាំងឡាយ មានឧបមា ដូចកាំបិត និងជ្រុញ…។ តថាគត សំដែងហើយថា កាមទាំងឡាយ មានឧបមា ដូចលំពែង និងដែកស្រួច…។ តថាគត សំដែងហើយថា កាមទាំងឡាយមាន ឧបមា ដូចក្បាលពស់ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាម​ទាំងឡាយ​នេះ មានច្រើនក្រៃពេក នែមោឃបុរស កាលបើហេតុមានទំនងយ៉ាងនេះ អ្នកឈ្មោះថា ពោល​បង្កាច់តថាគតផង ឈ្មោះថាគាស់រំលើង នូវខ្លួនឯងផង ឈ្មោះថាទទួល​នូវបាប​ដ៏​ច្រើន​ផង ព្រោះអំពើដែលខ្លួនប្រកាន់អាក្រក់ ម្នាលមោឃបុរស ព្រោះថា អំពើអាក្រក់នោះ នឹងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខដល់អ្នក អស់កាលយូរអង្វែង។ គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់សួរភិក្ខុទាំងឡាយថា កម្នាលភិក្ខុទាំងឡាយ អ្នក​ទាំង​ឡាយសំគាល់ហេតុនោះ ថាដូចម្តេច អរិដ្ឋភិក្ខុ មានបុព្វបុរសជាអ្នកសម្លាប់ត្មាតនេះ ឈ្មោះថា មានចំហាយកំដៅភ្លើង គឺញាណ ក្នុងធម្មវិន័យនេះ បានខ្លះដែរឬ។ បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ចំហាយកំដៅភ្លើងនោះ នឹងមានដូចម្តេចបាន បពិត្រព្រះអង្គដ៏ចម្រើន ចំហាយកំដៅភ្លើងនោះ មិនមានឡើយ។ កាលដែលពួកភិក្ខុក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះហើយ អរិដ្ឋភិក្ខុមានបុព្វបុរសជាអ្នកសម្លាប់ត្មាត ក៏អង្គុយស្ងៀមអៀនខ្មាស់ ដាក់កសំយ៉ុងចុះ ឱនមុខចុះ សញ្ជប់សញ្ជឹងមិនក្លៀវក្លា។

[១៥] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបថា អរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់​ត្មាត អង្គុយស្ងៀមអៀនខ្មាស់ ដាក់កសំយ៉ុងចុះ ឱនមុខចុះ សញ្ជប់សញ្ជឹង​មិន​ក្លៀវក្លាហើយ មានព្រះបន្ទូលទៅនឹងអរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នក​សម្លាប់ត្មាត ដូច្នេះថា ម្នាលមោឃបុរស អ្នកនឹងប្រាកដ ដោយទិដ្ឋិអាក្រក់ ជារបស់ខ្លួននេះ តែតថាគត​នឹងសាកសួរភិក្ខុទាំងឡាយ ក្នុងសេចក្តីនេះ។ គ្រានេះឯង ព្រះមានព្រះភាគ ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់ត្មាតនេះ ពោល​បង្កាច់តថាគតផង ជីកគាស់រំលើង នូវខ្លួនឯងផង ទទួលនូវបាបដ៏ច្រើនផង ព្រោះ​អំពើដែលខ្លួនកាន់យកអាក្រក់ ដោយប្រការណា ព្រោះអ្នកទាំងឡាយ ដឹងច្បាស់​នូវធម៌ ដែល​តថាគតសំដែងហើយ ដោយប្រការដូច្នោះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំទាំងឡាយ មិនបានដឹងច្បាស់នូវធម៌នុ៎ះទេ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ធម៌​ធ្វើនូវសេចក្តីអន្តរាយ ព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដល់យើងខ្ញុំទាំងឡាយ ដោយ​អនេកបរិយាយ ធម៌ទាំងឡាយនោះ អាចធ្វើនូវសេចក្តីអន្តរាយ ដល់បុគ្គលអ្នក​សេព​ពិតមែន ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះ មានច្រើន ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដូចរាងឆ្អឹង មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះ មាន​ច្រើន​ក្រៃពេក ។បេ។ ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមា​ដូច​ក្បាល​ពស់ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះ មាន​ច្រើនក្រៃពេក។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ដឹងច្បាស់នូវធម៌ ដែលតថាគត​សំដែងហើយ យ៉ាងនេះប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ធម៌​ធ្វើ​នូវ​សេចក្តី​អន្តរាយ តថាគតសំដែងហើយ ដល់អ្នកទាំងឡាយ ដោយអនេកបរិយាយ ធម៌ទាំងឡាយនោះ អាចធ្វើនូវសេចក្តីអន្តរាយ ដល់បុគ្គលអ្នកសេពពិតមែន តថាគតសំដែង​ហើយថា កាមទាំងឡាយ មានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះ មានច្រើនក្រៃពេក តថាគត សំដែងហើយថា កាមទាំងឡាយ មានឧបមា ដូចរាងឆ្អឹង មានទុក្ខច្រើន មានសេចក្តី​ចង្អៀត​ចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះ មានច្រើនក្រៃពេក។ បេ។ តថាគត សំដែងហើយថា កាមទាំងឡាយ មានឧបមាដូចក្បាលពស់ មានទុក្ខច្រើន មានសេចក្តី​ចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះ មានច្រើនក្រៃពេក កាលបើ​ហេតុ​មានទំនងយ៉ាងនេះ អរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់ត្មាតនេះ ឈ្មោះថា ពោលបង្កាច់តថាគតផង ឈ្មោះថា គាស់រំលើង នូវខ្លួនឯងផង តែងទទួលនូវបាប ដ៏ច្រើនផង ព្រោះអំពើដែលខ្លួន​ប្រកាន់​អាក្រក់ ព្រោះថាអំពើនោះ នឹងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ជាទុក្ខ ដល់​មោឃបុរស​នោះ អស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ អរិដ្ឋភិក្ខុនោះ វៀរលែង​ចាក​កាម​ទាំងឡាយ វៀរលែងចាកសេចក្តី​សំគាល់ ក្នុងកាមទាំងឡាយ វៀរលែងចាក​កាមវិតក្កៈ​ទាំង​ឡាយហើយ ត្រឡប់សេពនូវ​កាម​ទាំងឡាយវិញ នេះមិនមែនជាឋានៈឡើយ។

[១៦] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានមោឃបុរសពួកខ្លះ រៀន​ធម៌​គឺ​សុត្តៈ2) គេយ្យៈ3) វេយ្យាករណៈ4) គាថា5) ឧទាន6) ឥតិវុត្តកៈ7) ជាតកៈ8) អព្ភូតធម្មៈ9) វេទល្លៈ10) លុះមោឃបុរស​ទាំងនោះ បានរៀន​ធម៌​នោះ​ហើយ ក៏មិនបានពិចារណា នូវសេចក្តីនៃធម៌ទាំងឡាយនោះ ដោយប្រាជ្ញា ធម៌ទាំងនោះ ដែល​មោឃបុរសទាំងនោះ មិនបានពិចារណា នូវសេចក្តីដោយប្រាជ្ញាហើយ ក៏មិន​ប្រាកដ​ច្បាស់​​ក្នុងចិត្ត មោឃបុរសទាំងនោះ រៀនធម៌ដោយមាន​បំណងតែខាង​លើកទោស​គេផង ដោយមាន​បំណងតែខាងដោះស្រាយវាទៈ ដូច្នោះផង កុលបុត្រទាំងឡាយ រៀន​ធម៌​​ដើម្បី​ប្រយោជន៍ណា11) ពួកមោឃបុរសនោះ មិនបាននូវ​ប្រយោជន៍​នោះ របស់​ធម៌នោះឡើយ ធម៌ទាំងឡាយនោះ ដែលមោឃបុរសទាំងនោះ រៀនមិនល្អហើយ ក៏ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរអង្វែង ដំណើរនោះ តើព្រោះ​ហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថាធម៌ទាំងឡាយ មោឃបុរសទាំងនោះ រៀន​មិន​ល្អហើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស អ្នកត្រូវការដោយពស់វែក ស្វែងរក​ពស់​វែក ក៏ត្រេចទៅស្វែងរកពស់វែក បុរសនោះ បានឃើញពស់វែក១យ៉ាងធំ ហើយក៏ចាប់​ពស់វែក​នោះ​ត្រង់ខ្លួន ឬកន្ទុយ ពស់វែកនោះ ក៏ងាកមកចឹកបុរសនោះ ត្រង់ដៃ ឬដើមដៃ ឬអវយវៈតូចធមណាមួយ បុរសនោះ ក៏ដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខ​ជិត​តែ​នឹង​ស្លាប់ មានពស់វែក​នោះ​ជាហេតុ ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថាពស់វែក បុរសនោះ ចាប់មិនស្រួល ម្នាលភិក្ខុទាំងឡាយ មានមោឃបុរសពួកខ្លះ ក្នុងសាសនានេះ រៀន​ធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ លុះមោឃបុរសទាំងនោះ រៀនធម៌នោះហើយ មិនបាន​ពិចារណា នូវ​សេចក្តី​នៃធម៌​ទាំងនោះ ដោយប្រាជ្ញា ធម៌ទាំងឡាយនោះ ដែល​មោឃបុរស​ទាំងនោះ មិន​បាន​ពិចារណា នូវសេចក្តីដោយប្រាជ្ញាហើយ ក៏មិនប្រាកដច្បាស់ក្នុងចិត្ត មោឃបុរស​ទាំងនោះ​ រៀនធម៌ ដោយមានបំណងតែខាងលើកទោសគេផង ដោយមានបំណង​តែខាង​ដោះ​ស្រាយ នូវវាទៈ ដូច្នេះ ដូច្នោះផង កុលបុត្រទាំងឡាយរៀនធម៌ ដើម្បីប្រយោជន៍ណា ពួកមោឃបុរសនោះ ក៏មិនបាននូវប្រយោជន៍នោះ របស់ធម៌នោះឡើយ ធម៌ទាំងឡាយ​នោះ ដែលមោឃបុរសទាំងនោះ រៀនមិនល្អហើយ ក៏ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរអង្វែង ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ​ធម៌ទាំងឡាយ ដែលមោឃបុរសរៀនមិនល្អហើយ យ៉ាងនេះឯង។

[១៧] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានកុលបុត្រពួកខ្លះរៀនធម៌គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ កុលបុត្រ​ទាំង​នោះ លុះរៀនធម៌នោះហើយ ក៏ពិចារណា​ នូវសេចក្តី​នៃធម៌​ទាំងឡាយ​នោះ ដោយប្រាជ្ញា ធម៌​ទាំងនោះ លុះកុលបុត្រទាំងនោះ ពិចារណា នូវសេចក្តីដោយប្រាជ្ញាហើយ ក៏ប្រាកដ​ច្បាស់​ក្នុងចិត្ត កុលបុត្រទាំងនោះ មិនមែនរៀនធម៌ ដោយមានបំណង​តែខាង​លើកទោស​គេផង មិនមែនរៀនធម៌ដោយមានបំណងតែខាងដោះស្រាយវាទៈដូច្នេះ ដូច្នោះផង កុលបុត្រ​ឯ​ទៀតរៀនធម៌ ដើម្បីប្រយោជន៍ណា កុលបុត្រទាំងនោះ ក៏បាននូវប្រយោជន៍នោះ របស់​ធម៌​នោះ ធម៌ទាំងនោះ ដែលកុលបុត្រពួកនោះ​រៀនល្អហើយ រមែងប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលយូអង្វែង ដំណើរនោះ ព្រោះហេតុអ្វី ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះហេតុតែធម៌ទាំងឡាយ ដែលកុលបុត្រទាំងនោះ បានរៀនដោយល្អ។ ម្នាល​ភិក្ខុទាំងឡាយ ដូចបុរសអ្នកត្រូវការដោយពស់វែក ស្វែងរកពស់វែក ត្រេចទៅ​ស្វែង​រក​ពស់វែក បុរសនោះ បានឃើញពស់វែក១យ៉ាងធំ ក៏សង្កត់ពស់វែកនោះ​ ដោយ​ដំបង​ដូចជា​ជើងពពែ ដោយស្រួលបួល លុះសង្កត់ដោយដំបងដូចជាជើងពពែ យ៉ាងស្រួលហើយ ក៏ចាប់ត្រង់កយ៉ាងមាំ ម្នាលភិក្ខុទាំងឡាយ ពស់វែកនោះរុំព័ទ្ធដៃ ឬដើមដៃ ឬ​អវយវៈ​តូច​ធំ​ណា​មួយ នៃបុរសនោះ ដោយរុំព័ទ្ធទាំងឡាយក៏មែនហើយ តែបើទុកជាដូច្នោះ បុរសនោះ ក៏មិនដល់នូវសេចក្តីស្លាប់ ឬសេចក្តីទុក្ខជិតនឹងស្លាប់ មានពស់វែកនោះ ជាហេតុ​ទេ​ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថាពស់វែក បុរសនោះ ចាប់​ត្រូវ​ទំនង ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានកុលបុត្រពួកខ្លះ រៀនធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ កុលបុត្រ​ទាំងនោះ លុះបានរៀនធម៌នោះហើយ ក៏ពិចារណា នូវសេចក្តី​នៃធម៌ទាំងនោះ ដោយ​ប្រាជ្ញា ធម៌ទាំងនោះ លុះកុលបុត្រពួកនោះ បានពិចារណា នូវសេចក្តីដោយប្រាជ្ញា ក៏​ប្រាកដ​ច្បាស់ក្នុងចិត្ត កុលបុត្រទាំងនោះ មិនមែនរៀនធម៌ ដោយមានបំណង​តែខាង​លើក​ទោសគេផង មិនមែនរៀនធម៌ ដោយមានបំណង​តែខាងដោះ​ស្រាយ​វាទៈ ដូច្នេះ ដូច្នោះផង កុលបុត្រឯទៀត រៀនធម៌ដើម្បីប្រយោជន៍ណា កុលបុត្រទាំងនោះ ក៏បាននូវ​ប្រយោជន៍នោះ របស់ធម៌នោះ ធម៌ទាំងឡាយនោះ ដែលកុលបុត្រ​ទាំងនោះរៀន​ល្អ​ហើយ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលយូរអង្វែង ដំណើរ​នោះ តើព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែធម៌​ទាំងឡាយ ដែលកុលបុត្រ​ទាំងនោះ រៀនដោយល្អយ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នក​ទាំង​ឡាយ អាចដឹងច្បាស់ នូវសេចក្តីនៃភាសិតណា របស់តថាគត គប្បីចាំទុកនូវសេចក្តី នៃ​ភាសិតនោះ យ៉ាងនោះចុះ មួយវិញទៀត អ្នកទាំងឡាយ មិនអាចដឹងច្បាស់ នូវសេចក្តី នៃ​ភាសិតណា របស់តថាគត អ្នកទាំងឡាយ គប្បីសាកសួរតថាគត ក្នុង​អត្ថ​នៃ​ភាសិត​នោះ​ចុះ ឬក៏គប្បីសួរចំពោះភិក្ខុណា ដែលឈ្លាសវៃចុះ ម្នាលភិក្ខុទាំងឡាយ តថាគត​នឹង​សំដែងធម៌ មានឧបមាដូចក្បូន ដល់អ្នកទាំងឡាយ ដើម្បីឲ្យរលាស់ខ្លួនចេញ មិនមែន​ដើម្បីឲ្យនៅប្រកាន់ឡើយ អ្នកទាំងឡាយចូរប្រុងស្តាប់នូវសេចក្តីនោះ ចូរខំ​យក​ចិត្ត​ទុក​ដាក់​ឲ្យប្រពៃ តថាគត និងសំដែង។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកា នៃព្រះមាន​ព្រះភាគថា ព្រះករុណាព្រះអង្គ។

[១៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស​អ្នក​ដើរ​ផ្លូវ​ឆ្ងាយ បុរសនោះ ឃើញនូវអន្លង់ទឹកដ៏ធំ មានត្រើយខាងអាយ ប្រកប​ដោយ​សេចក្តី​រង្កៀស ប្រកបដោយភ័យ មានត្រើយខាងនាយដ៏ក្សេម ប្រាសចាកភ័យ តែថាទូក ក្បូន ឬស្ពានសម្រាប់ឆ្លងពីត្រើយអាយទៅត្រើយនាយ នៃបុរសនោះមិនមានឡើយ បុរស​នោះ​មាន​សេចក្តីត្រិះរិះយ៉ាងនេះថា អន្លង់ទឹកដ៏ធំនេះ មានត្រើយខាង​អាយ ប្រកប​ដោយ​សេចក្តី​រង្កៀស និងភ័យ មានត្រើយខាងនាយដ៏ក្សេម ប្រាសចាកភ័យ ទូក ក្បូន ឬស្ពាន​សម្រាប់​ឆ្លងពីត្រើយខាងអាយទៅត្រើយខាងនាយក៏គ្មាន បើដូច្នោះ មានតែអាត្មាអញ ប្រមូល​ស្មៅ កំណាត់ឈើ មែកឈើ និងចំបើង យកមកចងធ្វើជាក្បូន ហើយ អាស្រ័យ​នូវ​ក្បូននោះ ព្យាយាមដោយដៃនិងជើង ឆ្លងទៅកាន់ត្រើយខាងនាយ ដោយសួស្តីបាន។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង បុរសនោះក៏ប្រមូលស្មៅ កំណាត់ឈើ មែកឈើ និងចំបើង មកចងជាក្បូន ហើយបានអាស្រ័យក្បូននោះ ព្យាយាមដោយដៃ និងជើង ឆ្លងទៅកាន់ត្រើយខាងនាយ បានដោយសួស្តី កាលបុរសនោះ ឆ្លងទៅដល់​ត្រើយខាង​នាយ​ហើយ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា ក្បូននេះមានឧបការៈច្រើនដល់អាត្មាអញ ៗ បានអាស្រ័យក្បូននេះ ព្យាយាមដោយដៃ និងជើងឆ្លងមកដល់ត្រើយដោយសួស្តីបាន បើដូច្នោះមានតែអាត្មាអញលើកក្បូននេះទូលលើក្បាល ឬលីនឹងក ដើរចេញ​ទៅកាន់​ទីគួរ​តាមប្រាថ្នា។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះធ្វើយ៉ាងនេះ បានឈ្មោះថាជាអ្នកធ្វើសេចក្តីសមគួរដល់ក្បូននោះឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនោះមិនមែនដូច្វោះទេ។ ម្នាលភិក្ខុទាំងឡាយ ចុះបុរសនោះ ធ្វើដូចម្តេច ទើបបានឈ្មោះថា ធ្វើសេចក្តីសមគួរដល់ក្បូននោះ។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ឆ្លងដល់ត្រើយនាយ ក្នុងទីឯនោះ គួរតែត្រិះរិះយ៉ាងនេះថា ក្បូន​នេះមាន​ឧបការៈ​ច្រើន ដល់អាត្មាអញៗ បានអាស្រ័យនូវក្បូននេះហើយ ព្យាយាមដោយដៃ និងជើង ឆ្លងមកដល់ត្រើយនាយ បានដោយសួស្តី បើដូច្នោះមានតែអាត្មាអញ លើក​ក្បូន​នេះ​ដាក់លើគោក ឬពន្លិចក្នុងទឹក ហើយដើរចេញទៅកាន់ទីគួរតាមប្រាថ្នា។ ម្នាលភិក្ខុ​ទាំងឡាយ បុរសនោះ ដែលធ្វើយ៉ាងនេះ បានឈ្មោះថា ជាអ្នកធ្វើ​សេចក្តីសមគួរ ដល់ក្បូននោះ។ ម្នាលភិក្ខុទាំងឡាយ ធម៌មានឧបមាដូចជាក្បូន ដែលតថាគត​សំដែង​ហើយ ដើម្បីឲ្យរលាស់ខ្លួនចេញ មិនមែនដើម្បីឲ្យនៅប្រកាន់ឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយដឹងច្បាស់នូវធម៌ មានឧបមាដូចក្បូន ដែល​តថាគត​សំដែងហើយ គប្បីលះបង់ធម៌12) ទាំងឡាយ​ចេញ និងចាំបាច់ពោលទៅថ្វី ដល់អកុសលធម៌។

[១៩] ម្នាលភិក្ខុទាំងឡាយ ហេតុជាទីតាំងនៃទិដ្ឋិទាំងឡាយនេះ មាន៦។ ហេតុជា​ទី​តាំង​នៃទិដ្ឋិទាំង៦ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នក​មិន​ចេះ​ដឹង មិនឃើញនូវពួកអរិយបុគ្គល មិនឈ្លាសក្នុងអរិយធម៌ មិនសិក្សា ក្នុងអរិយធម៌​មិន​ឃើញ នូវពួកសប្បុរស មិនឈ្លាសក្នុងសប្បុរិសធម៌ មិនសិក្សាក្នុង សប្បុរិសធម៌ ពិចារណា​ឃើញនូវរូបថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លូន​របស់​អាត្មាអញ ដូច្នេះ១ ពិចារណាឃើញនូវវេទនាថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជា​ខ្លួន​របស់​អាត្មាអញដូច្នេះ១ ពិចារណាឃើញនូវសញ្ញាថា នុ៎ះរបស់អាត្មាអញ នុ៎ះជា​អាត្មា​អញ នុ៎ះជាខ្លូនរបស់អាត្មាអញដូច្នេះ១ ពិចារណាឃើញនូវសង្ខារទាំងឡាយថា នុ៎ះ​របស់​អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លូនរបស់អាត្មាអញដូច្នេះ១ អារម្មណ៍ណា ដែល​បាន​ឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ មកដល់ បានស្វែងរក បានពិចារណារឿយៗ ក៏​ពិចារណាឃើញអារម្មណ៍នោះថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លូនរបស់​អាត្មាអញ​ដូច្នេះ១ ហេតុជាទីតាំងនៃទិដ្ឋិណាថា នោះជាសត្វលោក នោះជាខ្លួនអាត្មាអញ អាត្មាអញនោះ ទៅកាន់បរលោកនឹងជាអ្នកទៀងទាត់ ឋិតថេរមិនប្រែប្រួល ឋិតនៅដូច​ជា​សស្សតវត្ថុ13) ដូច្នោះឯង ក៏ពិចារណាឃើញហេតុជាទីតាំងនៃទិដ្ឋិនោះថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លូនរបស់អាត្មាអញដូច្នេះ១។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កដែលចេះដឹង បានឃើញពួកអរិយៈ ជាអ្នកឈ្លាសក្នុងអរិយធម៌ បានសិក្សាដោយ ប្រពៃក្នុងអរិយធម៌ បានឃើញពួកសប្បុរស ជាអ្នកឈ្លាសក្នុងសប្បុរិសធម៌ បានសិក្សា ដោយប្រពៃ ក្នុងសប្បុរិសធម៌ ពិចារណាឃើញនូវរូបថា នុ៎ះមិនមែនជារបស់អាត្មាអញ នុ៎ះមិនមែន​ជា​អាត្មា​អញ នុ៎ះមិនមែនជាខ្លូនរបស់អាត្មាអញ ពិចារណាឃើញនូវវេទនាថា នុ៎ះមិនមែន​ជា​របស់អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លូនរបស់អាត្មាអញ ពិចារណា​ឃើញ នូវសញ្ញាថា នុ៎ះមិនមែនជារបស់អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែន​ជា​ខ្លូនរបស់អាត្មាអញ ពិចារណាឃើញនូវសង្ខារទាំងឡាយថា នុ៎ះមិនមែនជា​របស់​អាត្មា​អញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លូនរបស់អាត្មាអញ អារម្មណ៍​ណា​ ដែល​បាន​ឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណា​រឿយៗ ដោយចិត្ត ក៏ពិចារណាឃើញនូវអារម្មណ៍នោះថា នុ៎ះមិនមែនជារបស់អាត្មាអញ នុ៎ះមិនមែន​ជាអាត្មាអញ នុ៎ះមិនមែនជាខ្លូនរបស់អាត្មាអញ ហេតុជាទីតាំងនៃទិដ្ឋិណាថា នោះជាសត្វលោកនោះជាខ្លួន អាត្មាអញនោះទៅក្នុងបរលោក នឹងជាបុគ្គល​ទៀងទាត់​ឋិតថេរ មិនប្រែប្រួល ឋិតនៅដូចសស្សតិវត្ថុដូច្នោះឯង ក៏ពិចារណាឃើញ នូវហេតុ​ជាទីតាំង​នៃទិដ្ឋិនោះថា នុ៎ះមិនមែនជារបស់អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លូនរបស់អាត្មាអញ អរិយសាវ័កនោះ កាលពិចារណា​ឃើញច្បាស់​យ៉ាងនេះ កាលបើវត្ថុនោះមិនមាន គឺថា វិនាសទៅ ក៏មិនតក់ស្លុតឡើយ។

[២០] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ មានភិក្ខុ១រូប បាន​ក្រាបបង្គំ​ទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន បើបរិក្ខារខាងក្រៅមិនមាន គឺថាវិនាសទៅ សេចក្តីតក់ស្លុតមានឬទេ។ ព្រះមានព្រះទ្រង់តបថា ម្នាលភិក្ខុ មានហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលពួកមួយក្នុងលោកនេះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ទ្រព្យរបស់អាត្មាអញមានហើយ តែឥឡូវទ្រព្យរបស់អាត្មាអញនោះ ត្រឡប់ទៅជាគ្មានវិញ14) ទ្រព្យណា ដែលអាត្មាអញគួរបាន ឥឡូវអាត្មាអញ មិនបានទ្រព្យនោះឡើយ បុគ្គលនោះក៏សោកសៅ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច ម្នាលភិក្ខុ កាលបើបរិក្ខារខាងក្រៅមិនមានហើយ សេចក្តីតក់ស្លុត រមែងមានយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះកាលបើបរិក្ខារខាងក្រៅមិនមានហើយ សេចក្តីមិនតក់ស្លុតមានដែរឬទេ។ ព្រះមានព្រះភាគតបថា ម្នាលភិក្ខុ មាន ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលពួកមួយ ក្នុងលោកនេះ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា ទ្រព្យរបស់អាត្មាអញមានហើយ តែឥឡូវ ទ្រព្យរបស់អាត្មាអញនោះ ត្រឡប់ទៅជាគ្មានវិញ ទ្រព្យណា ដែលអាត្មាអញគួរបាន ឥឡូវអាត្មាអញមិនបានទ្រព្យនោះឡើយ បុគ្គលនោះមិនសោកសៅ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់នូវសេចក្តីវង្វេងភ្លេច ម្នាលភិក្ខុ កាលបើបរិក្ខារខាងក្រៅមិនមានហើយ សេចក្តីមិនតក់ស្លុត រមែងមាន យ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះកាលបើវត្ថុខាងក្នុងមិនមានហើយ សេចក្តីតក់ស្លុត មានឬទេ។ ព្រះមានព្រះភាគទ្រង់តបថា ម្នាលភិក្ខុ មាន ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលពួកមួយ ក្នុងលោកនេះ មានសេចក្តីយល់ឃើញយ៉ាងនេះថា នោះជាសត្វលោក នោះជាខ្លួន អាត្មាអញនោះទៅក្នុងបរលោក និងជាបុគ្គលទៀងទាត់ឋិតថេរ មិនប្រែប្រួល ឋិតនៅបីដូចជាសស្សតិវត្ថុដូច្នោះឯង បុគ្គលនោះរមែងស្តាប់ពាក្យរបស់តថាគតក្តី របស់សាវ័កនៃតថាគតក្តី ដែលសំដែងធម៌ដើម្បីគាស់រំលើងនូវទិដ្ឋិ និងហេតុនៃទិដ្ឋិ15) និងទីតាំងអាស្រ័យនូវទិដ្ឋិ និងសេចក្តីគ្របសង្កត់នៃទិដ្ឋិ និងអនុស័យ ដែលតាំងនៅមាំក្នុងសន្តាន ដើម្បីរម្ងាប់ នូវសង្ខារទាំងពួង ដើម្បីលះបង់នូវឧបធិ16) ទាំងពួង ដើម្បីអស់ទៅនៃតណ្ហា ដើម្បីប្រាសចាករាគៈ ដើម្បីរលត់នៃកងទុក្ខ ដើម្បីព្រះនិព្វាន។ បុគ្គលនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងសូន្យទៅ មិនកើតទៀតឡើយ អាត្មាអញនឹងវិនាសទៅ មិនកើតទៀតឡើយ អាត្មាអញមុខជានឹងមិនកើតទៀតឡើយ បុគ្គលនោះ ក៏សោកសៅ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច ម្នាលភិក្ខុ កាលបើវត្ថុខាងក្នុងមិនមានហើយ សេចក្តីតក់ស្លុត រមែងមានយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន ចុះកាលបើវត្ថុខាងក្នុងមិនមានហើយ សេចក្តីមិនតក់ស្លុតគប្បីមានដែរឬទេ។ ព្រះមានព្រះភាគទ្រង់តបថា ម្នាលភិក្ខុ មាន ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលពួកមួយក្នុងលោកនេះ មិនមានសេចក្តីយល់ឃើញយ៉ាងនេះថា នោះជាសត្វលោក នោះជាខ្លួន អាត្មាអញនោះ ទៅក្នុងបរលោក និងជាបុគ្គលទៀតទាត់ ឋិតថេរ មិនប្រែប្រួល ឋិតនៅបីដូចជា​សស្សតិវត្ថុដូច្នេះឯង បុគ្គលនោះរមែងស្តាប់ពាក្យរបស់តថាគតក្តី សាវ័កតថាគតក្តី ដែលសំដែងធម៌ ដើម្បីគាស់រំលើងនូវទិដ្ឋិ និងហេតុនៃទិដ្ឋិ និងទីតាំងអាស្រ័យនៃទិដ្ឋិ និងសេចក្តីគ្របសង្កត់នៃទិដ្ឋិ និងអនុស័យដែលតាំងនៅមាំក្នុងសន្តាន ដើម្បី​រម្ងាប់​នូវ​សង្ខារ​ទាំងពួង ដើម្បីលះបង់ នូវឧបធិទាំងពួង ដើម្បីអស់ទៅនៃតណ្ហា ដើម្បីប្រាសចាក​រាគៈ ដើម្បីរលត់នៃកងទុក្ខ ដើម្បីព្រះនិព្វាន។ បុគ្គលនោះ មិនមានសេចក្តីត្រិះរិះយ៉ាង​នេះថា អាត្មាអញនឹងសូន្យទៅ មិនកើតទៀតឡើយ អាត្មាអញនឹងវិនាសទៅ មិនកើតទៀតឡើយ អាត្មាអញមុខជានឹងមិនកើតទៀតឡើយ បុគ្គលនោះ មិនសោកសៅ មិនលំបាក មិនខ្សឹកខ្សួក មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់នូវសេចក្តីវង្វេងភ្លេច ម្នាល​ភិក្ខុ កាលបើវត្ថុខាងក្នុងមិនមានហើយ សេចក្តីមិនតក់ស្លុត រមែងមានយ៉ាងនេះ។

[២១] ម្នាលភិក្ខុទាំងឡាយ ទ្រព្យរបស់ណា ដែលទៀងទាត់ ឋិតថេរមិនប្រែប្រួល ឋិតនៅដូចសស្សតិវត្ថុដូច្នោះឯង អ្នកទាំងឡាយ គប្បីគន់មើល នូវទ្រព្យរបស់នោះចុះ ម្នាលភិក្ខុទាំងឡាយ ទ្រព្យរបស់ណា ដែលទៀងទាត់ឋិតថេរ មិនប្រែប្រួលឋិតនៅដូចសស្សតិវត្ថុដូច្នោះឯង តើអ្នកទាំងឡាយ ឃើញនូវទ្រព្យរបស់នោះទេ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គមិនឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ទ្រព្យរបស់ណាដែលទៀងទាត់ ឋិតថេរ មិនប្រែប្រូល ឋិតនៅដូចជាសស្សតិវត្ថុដូច្នោះឯង សូម្បី តថាគត ក៏មិនឃើញ នូវទ្រព្យរបស់​នោះដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត មិនគប្បីកើតដល់បុគ្គលអ្នកប្រកាន់ នូវអត្តវាទុបាទានណា17) អ្នកទាំងឡាយប្រកាន់នូវអត្តវាទុបាទាននោះ ម្នាលភិក្ខុទាំងឡាយ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត មិនគប្បីកើតឡើង ដល់បុគ្គលអ្នកប្រកាន់នូវអត្តវាទុបាទានណា អ្នកទាំងឡាយ បានឃើញ នូវអត្តវាទុបាទាននោះឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គមិនឃើញនូវអត្តវាទុបាទាននុ៎ះទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត មិនគប្បីកើតឡើង ដល់បុគ្គលអ្នកប្រកាន់ នូវអត្តវាទុបាទានណា សូម្បីតថាគត ក៏មិនឃើញ នូវអត្តវាទុបាទាននោះដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត មិនគប្បីកើតឡើង ដល់បុគ្គលអាស្រ័យ នូវទិដ្ឋិនិស្ស័យណា អ្នកទាំងឡាយ អាស្រ័យនូវទិដ្ឋិនិស្ស័យនោះ ម្នាលភិក្ខុទាំងឡាយ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត មិនគប្បីកើតឡើង ដល់បុគ្គលអាស្រ័យនូវទិដ្ឋិនិស្ស័យណា អ្នកទាំងឡាយ ឃើញនូវទិដ្ឋិនិស្ស័យនោះឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គមិនឃើញ នូវទិដ្ឋិនិស្ស័យនោះទេ។ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត មិនគប្បីកើតឡើង ដល់បុគ្គលអាស្រ័យនូវទិដ្ឋិនិស្ស័យណា សូម្បីតថាគត ក៏មិនឃើញនូវទិដ្ឋិនិស្ស័យនោះដែរ។

[២២] ម្នាលភិក្ខុទាំងឡាយ កាលបើខ្លួនមានហើយ សេចក្តីត្រិះរិះថា នេះជាបរិក្ខារ របស់ខ្លួនអញដូច្នេះ មានឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើបរិក្ខាររបស់ខ្លួនមានហើយ សេចក្តីត្រិះរិះថា នេះជាខ្លួនរបស់អញដូច្នេះ មានដែរឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើខ្លួនក្តី បរិក្ខារ របស់ខ្លួនក្តី ដែលបុគ្គលមិនបានដោយពិត ដោយឋិតថេរ ហេតុជាទីតាំងនៃទិដ្ឋិណាថា នោះជាសត្វលោក នោះជាខ្លួន អាត្មាអញនោះ ទៅក្នុងបរលោកនឹងជាបុគ្គលទៀងទាត់ ឋិតថេរ មិនប្រែប្រួល និងឋិតនៅដូចជាសស្សតិវត្ថុដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ នេះ ជាពាលធម៌បរិបូណ៌ទាំងអស់ មានពិត ឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន ថ្វីក៏មិនមាន បពិត្រព្រះអង្គដ៏ចម្រើន ពាលធម៌មានបរិបូណ៌ទាំងអស់ ពិតមែន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច រូបជាធម្មជាតទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចម្រើន មិនទៀងទេ។ របស់ណា ដែលមិនទៀង របស់នោះជាទុក្ខ ឬជា​សុខ។ បពិត្រព្រះអង្គដ៏ចម្រើន ជាទុក្ខ។ របស់ណា ដែលមិនទៀង ដែលជាទុក្ខ មានសភាព​ប្រែប្រួលជាធម្មតា គួរនឹងពិចារណាឃើញ នូវរបស់នោះថា នុ៎ះរបស់​អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ ដូច្នេះឬ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនោះមិនគួរនឹងយល់ឃើញដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច វេទនា។បេ។ សញ្ញា… សង្ខារទាំងឡាយ វិញ្ញាណជារបស់ទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចម្រើន មិនទៀងទេ។ របស់ណា ដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចម្រើន ជាទុក្ខ។ របស់ណា ដែលមិនទៀង ដែលជាទុក្ខ មានសភាពប្រែប្រួលជាធម្មតា គួរនឹងពិចារណា​ឃើញនូវ​របស់នុ៎ះថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ ដូច្នេះឬ។ បពិត្រ​ព្រះអង្គដ៏ចម្រើន ហេតុនុ៎ះ មិនគួរនឹងយល់ឃើញដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ រូបណានីមួយ ជាអតីត ជាអនាគត ជាបច្ចុប្បន្ន ខាងក្នុង ឬខាងក្រៅ គ្រោតគ្រាត ឬល្អិត ថោកទាប ឬឧត្តម រូបណា ដែលមានក្នុងទីឆ្ងាយ ឬក្នុងទីជិត អ្នកទាំងឡាយ គប្បីឃើញរូបទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញ។ វេទនាណានីមួយ… សញ្ញាណានីមួយ សង្ខារទាំងឡាយណានីមួយ វិញ្ញាណណានីមួយ ជាអតីត ជាអនាគត ជាបច្ចុប្បន្ន ខាងក្នុង ឬខាងក្រៅ គ្រោតគ្រាត ឬល្អិត ថោកទាប ឬឧត្តម វិញ្ញាណណាដែលមានក្នុងទីឆ្ងាយ ឬក្នុងទីជិត អ្នកទាំងឡាយ គប្បីឃើញ​នូវវិញ្ញាណទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិត យ៉ាងនេះថា នុ៎ះមិនមែន​របស់អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញ។

[២៣] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង កាលបើបានឃើញ​យ៉ាងនេះហើយ ក៏នឿយណាយក្នុងរូបផង នឿយណាយក្នុងវេទនាផង នឿយណាយ​ក្នុងសញ្ញាផង នឿយណាយក្នុងសង្ខារផង នឿយណាយក្នុងវិញ្ញាណផង កាលបើនឿយណាយ​ហើយ ក៏លែងត្រកអរ កាលបើលែងត្រកអរហើយ ចិត្តក៏ផុតស្រឡះ កាលបើចិត្តផុតស្រឡះហើយ សេចក្តីដឹងថា អាត្មាអញ ផុតស្រឡះហើយដូច្នេះ ក៏កើតមានឡើង ហើយដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ កិច្ចដែលគួរធ្វើ អាត្មាអញ បានធ្វើហើយ កិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកមានសន្ទះទ្វារកង់18) លើកឡើងហើយផង​មានគូរំលុបរំលាយហើយផង មានសសរគោលដកឡើងហើយផង មិនមានសន្ទះទ្វារផង ជាអរិយៈមានទង់ជ័យ ដាក់ចុះហើយ មានភារៈដាក់ចុះហើយ ប្រាសចាកមានៈផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមាន​សន្ទះទ្វារកង់​លើកឡើង​ តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់នូវអវិជ្ជា ទាំងបានកាត់ផ្តាច់ឫសគល់ ធ្វើឲ្យដូចជាដើមត្នោតកំបុតក ធ្វើឲ្យលែងមានបែបភាព ឲ្យ​លែង​កើតទៅខាងមុខទៀត ជាធម្មតា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសន្ទះទ្វារកង់ លើកឡើងហើយ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នក​មាន​គូរំលុបរំលាយនោះ តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់នូវជាតិសង្ខារ19) ជាសភាវៈឲ្យនូវភពថ្មីទាំងបានកាត់ផ្តាច់ឫសគល់ ធ្វើឲ្យដូចជាដើមត្នោតកំបុតក ធ្វើឲ្យលែងមានបែបភាព ឲ្យលែងកើតតទៅខាងមុខទៀត ជាធម្មតា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានគូរំលុបរំលាយហើយ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ជាអ្នកមាន​សសរគោលដកឡើងហើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ បានលះបង់នូវតណ្ហា ទាំងបានកាត់ផ្តាច់ឫសគល់ ធ្វើឲ្យដូចជាដើម​ត្នោត​កំបុតក ធ្វើឲ្យលែងមានបែបភាព ឲ្យលែងកើតតទៅខាងមុខទៀត ជាធម្មតា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ ជាអ្នកមានសសរគោលដកឡើងហើយ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នកមិនមានសន្ទះទ្វារ តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់នូវសញ្ញោជនៈ ជាចំណែក​ខាងក្រោម​៥ ទាំងបានកាត់ផ្តាច់ឫសគល់ ធ្វើឲ្យដូចជាដើមត្នោតកំបុតក លែងមានបែបភាព ឲ្យលែងកើតតទៅខាងមុខទៀត ជាធម្មតា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ជាអ្នកមិនមានសន្ទះទ្វារ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ជាអរិយៈ មានទង់ជ័យដាក់ចុះហើយ មានភារៈដាក់ចុះហើយ ប្រាសចាកមានៈ តើដោយ​ប្រការ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់នូវអស្មិមានៈ ទាំងបានកាត់ផ្តាច់ឫសគល់ ធ្វើឲ្យដូចជាដើមត្នោតកំបុតក ឲ្យលែងមានបែបភាព ឲ្យលែងកើតតទៅខាងមុខទៀត ជាធម្មតា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ជាអរិយៈ មានទង់ជ័យដាក់ចុះហើយ មានភារៈដាក់ចុះហើយ ប្រាសចាកមានៈ ដោយប្រការដូច្នេះឯង។

[២៤] ម្នាលភិក្ខុទាំងឡាយ ពួកទេវតា ព្រមទាំងព្រះឥន្ទ្រ ព្រះព្រហ្ម និង​បជាបតិ​ទេវរាជ នាំគ្នាតាមស្វែងរកភិក្ខុ ដែលមានចិត្តរួចស្រឡះយ៉ាងនេះ ក៏មិនបានប្រទះថា វិញ្ញាណ​របស់សត្វអាស្រ័យហើយ នូវអារម្មណ៍នេះ សេចក្តីនោះព្រោះហេតុអ្វី ម្នាលភិក្ខុ​ទាំងឡាយ តថាគត ពោលនូវសត្វថា មិនមានក្នុងបច្ចុប្បន្ននេះ។ ម្នាលភិក្ខុទាំងឡាយ តែមានសមណព្រាហ្មណ៍មួយពួក បានពោលបង្កាច់តថាគត ដែលមានវាទៈយ៉ាងនេះ ដែលបានពោលយ៉ាងនេះ ដោយពាក្យមិនទៀង ដោយពាក្យទទេ ដោយពាក្យកុហក ដោយពាក្យមិនពិត ដូច្នេះថា ព្រះសមណគោតម ជាអ្នកបំផ្លាញសត្វ តែងបញ្ញត្ត នូវសេចក្តី​ដាច់សូន្យ សេចក្តីវិនាស សេចក្តីមិនកើតទៀត របស់សត្វដែលមាននៅ។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនបានពោល ដោយប្រការណាផង ដោយប្រការណាផង សមណព្រាហ្មណ៍ដ៏ចម្រើននោះ ពោលបង្កាច់តថាគត ដោយប្រការដូច្នោះៗ ដោយពាក្យ​មិនទៀង ដោយពាក្យទទេ ដោយពាក្យកុហក ដោយពាក្យមិនពិត ដូច្នេះថា ព្រះសមណ​គោតម ជាអ្នកបំផ្លាញសត្វ តែងបញ្ញត្ត នូវសេចក្តីដាច់សូន្យ សេចក្តីវិនាស សេចក្តីមិនកើត​ទៀត របស់សត្វដែលមាននៅ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលពីដើមក្តី ក្នុងកាលឥឡូវក្តី តថាគតតែងបញ្ញត្តនូវទុក្ខ20) ផង នូវសេចក្តីរលត់នៃទុក្ខ21) ផង។ ម្នាលភិក្ខុទាំងឡាយ បើពួកជនដទៃ ជេរ គម្រាម ប្រទូស្តបៀតបៀន ធ្វើបាបតថាគត ក្នុងការប្រកាសសច្ចៈទាំង៤នោះ ម្នាលភិក្ខុ​ទាំងឡាយ តថាគត មិនមានសេចក្តីក្រោធ មិនមានសេចក្តីមិនត្រេកអរ គឺទោមនស្ស មិនមានសេចក្តីមិនរីករាយនៃចិត្ត ក្នុងហេតុមានជេរជាដើមនោះ។ ម្នាលភិក្ខុទាំងឡាយ បើពួកជនដទៃធ្វើសក្ការៈ គោរពរាប់អាន បូជាតថាគត ក្នុងការប្រកាសសច្ចៈនោះ ម្នាលភិក្ខុទាំងឡាយ តថាគត មិនមានសេចក្តីត្រេកអរ មិនមានសេចក្តីសោមនស្ស មិនមានសេចក្តីបានចិត្ត ក្នុងសក្ការៈជាដើមនោះទេ។ ម្នាលភិក្ខុទាំងឡាយ បើពួកជនដទៃ ធ្វើសក្ការៈ គោរពរាប់អាន បូជាតថាគត ក្នុងការប្រកាសសច្ចៈនោះ ម្នាលភិក្ខុទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ក្នុងសក្ការៈ ជាដើមនោះ យ៉ាងនេះថា ខន្ធបញ្ចកៈណា ដែលតថាគត បានកំណត់ដឹង ក្នុងកាលមុនរួចហើយ សក្ការៈមានសភាពយ៉ាងនេះ គឺពួកជនដទៃធ្វើដល់តថាគត ក៏ចំពោះខន្ធបញ្ចកៈនោះ។

[២៥] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ បើពួកជនដទៃ ជេរគម្រាម ប្រទូស្ត បៀតបៀន ធ្វើបាបអ្នកទាំងឡាយ អ្នកទាំងឡាយ មិនត្រូវធ្វើសេចក្តីក្រោធ មិនត្រូវធ្វើសេចក្តី​មិនត្រេកអរ គឺទោមនស្ស មិនត្រូវធ្វើសេចក្តីមិនរីករាយនៃចិត្ត ក្នុងពាក្យជេរ ជាដើមនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ បើពួកជន​ដទៃ ធ្វើសក្ការៈ គោរពរាប់អាន បូជាអ្នកទាំងឡាយ អ្នកទាំងឡាយ មិនត្រូវធ្វើសេចក្តីត្រេកអរ មិនត្រូវធ្វើសេចក្តីសោមនស្ស មិនត្រូវធ្វើសេចក្តីបានចិត្ត ក្នុងសក្ការៈ ជាដើមនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ បើពួកជនដទៃធ្វើសក្ការៈ គោរពរាប់អាន បូជាអ្នកទាំងឡាយ អ្នកទាំងឡាយ ត្រូវត្រិះរិះ ក្នុងសក្ការៈ ជាដើមនោះ យ៉ាងនេះថា ខន្ធបញ្ចកៈណា ដែលអាត្មាអញ បានកំណត់រួចហើយ ក្នុងកាលមុន សក្ការៈមាន​សភាពបែបនេះ គឺពួកជនដទៃធ្វើដល់យើងទាំងឡាយ ក៏ចំពោះខន្ធបញ្ចកៈនោះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ វត្ថុណា ដែលមិនមែនរបស់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយលះបង់ នូវវត្ថុនោះចេញ វត្ថុដែលអ្នកទាំងឡាយ បានលះបង់ហើយ​នោះ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ អស់កាលយូអង្វែង។ ម្នាលភិក្ខុទាំងឡាយ ទោះអ្វីៗ មិនមែនរបស់អ្នកទាំងឡាយដែរ ម្នាលភិក្ខុទាំងឡាយ រូបមិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់រូបនោះចេញ រូបដែលអ្នកទាំងឡាយ លះបង់ហើយនោះ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តី​សុខ អស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ វេទនា មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់ នូវវេទនានោះចេញ វេទនាដែលអ្នកទាំងឡាយ បានលះបង់​ហើយនោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ និងសេចក្តីសុខ អស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ សញ្ញា មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយចូរលះបង់ នូវសញ្ញានោះចេញ សញ្ញា ដែលអ្នកទាំងឡាយ បានលះបង់ហើយនោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ និងសេចក្តីសុខ អស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយចូរលះបង់ នូវសង្ខារទាំងឡាយនោះចេញ សង្ខារទាំងឡាយដែលអ្នកទាំងឡាយបានលះបង់ហើយនោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ និងសេចក្តីសុខ អស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណមិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយចូរលះបង់នូវវិញ្ញាណនោះចេញ វិញ្ញាណដែលអ្នកទាំងឡាយបានលះបង់ហើយនោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ និងសេចក្តីសុខ អស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច ស្មៅ កំណាត់ឈើ មែកឈើ និងស្លឹកឈើណា ដែលមានក្នុងវត្តជេតពននេះ បើអ្នកផងនាំយកទៅក្តី ដុតចោលក្តី ធ្វើឲ្យសមគួរតាម​បច្ច័យ​ក្តី នូវវត្ថុមានស្មៅជាដើមនោះ តើអ្នកទាំងឡាយ គួរមានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកផងនាំយកទៅក្តី ដុតចោលក្តី ធ្វើឲ្យសមគួរតាមបច្ច័យក្តី នូវយើងទាំងឡាយ ដូច្នេះ​ដែរ​ឬ។ បពិត្រព្រះអង្គដ៏ចម្រើន មិនគួរគិតយ៉ាងនេះទេ ដំណើរនោះ តើព្រោះហេតុអ្វី បពិត្រព្រះអង្គ​ដ៏ចម្រើន ព្រោះថា វត្ថុ មានស្មៅជាដើមនុ៎ះ មិនមែនជាខ្លួន ឬមិនមែនជាទ្រព្យ​របស់ខ្លួននៃយើងខ្ញុំទាំងឡាយទេ ម្នាលភិក្ខុទាំងឡាយ យ៉ាងហ្នឹងហើយ វត្ថុណា ដែលមិនមែន​របស់អ្នកទាំងឡាយទេ ចូរអ្នកទាំងឡាយ លះបង់នូវវត្ថុនោះចេញ វត្ថុដែលអ្នកទាំងឡាយ បានលះបង់ហើយនោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ និង​សេចក្តីសុខ អស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ ទោះអ្វីៗ ក៏មិនមែន​របស់អ្នកទាំងឡាយ​ដែរ ម្នាលភិក្ខុទាំងឡាយ រូបមិនមែនរបស់អ្នកទាំងឡាយទេ ចូរអ្នកទាំងឡាយ លះបង់នូវរូបនោះចេញ រូបដែលអ្នកទាំងឡាយលះបង់ហើយនោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ និងសេចក្តីសុខ អស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ វេទនា ។បេ។ ម្នាលភិក្ខុទាំងឡាយ សញ្ញា ។បេ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ ។បេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណមិនមែនរបស់អ្នកទាំងឡាយទេ ចូរអ្នកទាំងឡាយលះបង់វិញ្ញាណនោះចេញ វិញ្ញាណដែលអ្នកទាំងឡាយ បានលះបង់ហើយនោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ និងសេចក្តីសុខ អស់កាល​យូរអង្វែង។

[២៦] ម្នាលភិក្ខុទាំងឡាយ ធម៌ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយយ៉ាងនេះ ម្នាលភិក្ខុ​ទាំងឡាយ កាលបើធម៌ ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយយ៉ាងនេះ ភិក្ខុទាំងឡាយណា ជាព្រះអរហន្ត ខីណាស្រព មានព្រហ្មចារ្យ នៅចប់ហើយ មានកិច្ចធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ22) បានសម្រេចប្រយោជន៍របស់ខ្លួនហើយ មានកិលេស ជាគ្រឿងប្រកប ក្នុងភពអស់ហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងដោយប្រពៃ វដ្តៈរបស់​ភិក្ខុទាំងនោះ មិនមាននាមប្បញ្ញត្តិ គឺថាវិនាសសាបសូន្យ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយ យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយ យ៉ាងនេះ ភិក្ខុទាំងឡាយណា បានលះបង់នូវ​សំយោជនៈ ជាចំណែកខាងក្រោម​៥យ៉ាង ភិក្ខុទាំងអស់នោះ ជាឱបបាតិកទេវតា នឹងបរិនិព្វាន ក្នុងលោកនោះ មានសភាវៈមិនត្រឡប់ចាកលោកនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយ យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌ ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយ យ៉ាងនេះ ភិក្ខុទាំងឡាយណា បានលះបង់ នូវសំយោជនៈ​ទាំង៣​យ៉ាង ស្រឡះហើយ តែនៅមានរាគៈ ទោសៈ មោហៈ ដែលស្រាលស្តើង ភិក្ខុទាំងអស់នោះ ជាសកទាគាមិបុគ្គល នឹងត្រឡប់មកកាន់លោកនេះម្តងទៀត ហើយធ្វើនូវ​ទីបំផុតទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយ យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌ ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយ យ៉ាងនេះ ភិក្ខុទាំង​ឡាយ​ណា បានលះបង់នូវសំយោជនៈទាំង៣យ៉ាង ស្រឡះហើយ ភិក្ខុទាំងអស់នោះ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់ទៅក្នុងអបាយ23) ជាអ្នកទៀងតែនឹងបានត្រាស់ដឹងក្នុងខាងមុខ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយ យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌ ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយ យ៉ាងនេះ ភិក្ខុទាំងឡាយណា ជាធម្មានុសារីបុគ្គល24) និង ជាសទ្ធានុសារីបុគ្គល25) ភិក្ខុទាំងអស់នោះ នឹងបានត្រាស់ដឹងក្នុងខាងមុខ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយ យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌ ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយ យ៉ាងនេះ ភិក្ខុទាំងឡាយ​ណា គ្រាន់តែមានសទ្ធា គ្រាន់តែមានសេចក្តីស្រឡាញ់ចំពោះតថាគត ភិក្ខុទាំងពួងនោះ ទៅខាងមុខ នឹងបានស្ថានសួគ៌។ ព្រះមានព្រះភាគ ទ្រង់បានសម្តែង នូវសូត្រនេះចប់ហើយ ភិក្ខុទាំងឡាយនោះ ក៏មានចិត្តត្រេកអរ រីករាយហើយ ចំពោះភាសិត នៃព្រះមានព្រះភាគ។

ចប់ អលគទ្ទូបមសូត្រទី២។

 

លេខយោង

1)
ពាក្យថា បុព្វបុរសជាអ្នកសម្លាប់ត្មាតនេះ បានសេចក្តី​ថា ជាកូននៃត្រកូលអ្នកសម្លាប់ត្មាត
2)
បានខាងឧភតោវិភង្គ គឺភិក្ខុវិភង្គ និងភិក្ខុនីវិភង្គ និងនិទ្ទេស គឺបទភាជនៈ របស់​ឧភតោវិភង្គនោះ និងខន្ធកៈទាំង២២ មានបព្វជ្ជាខន្ធកៈជាដើម និងបរិវារៈ និងមង្គលសូត្រ រតនសូត្រ នាឡកសូត្រ តុវដ្តកសូត្រ ដែលមានក្នុងគម្ពីរសុត្តនិបាត និងសូត្រដទៃៗ ដែលជាពាក្យរបស់ព្រះតថាគត
3)
បានខាងសូត្រទាំងអស់ ដែលមានគាថា និង​សគាថាវត្ថុ​ទាំងអស់​ ក្នុងសំយុត្តនិកាយ
4)
បានខាងអភិធម្មបិដកទាំងអស់ និងសូត្រដែលគ្មានគាថា និងពុទ្ធវចនៈឯទៀតៗដែលមិនបានសង្គ្រោះដោយអង្គ៨
5)
បានខាងធម្មបទ ថេរគាថា ថេរីគាថា និងគាថាសុទ្ធ មិនបានឈ្មោះថាសុត្ត ក្នុងគម្ពីរ​សត្តនិបាត
6)
បានខាងព្រះសូត្រ​ទាំង៨២​ប្រកប​ដោយ​គាថា ដែលសម្រេច​មកអំពី​សោមនស្សញ្ញាណ
7)
បានខាងព្រះសូត្រទាំង១១០សូត្រ មានពាក្យថា វុត្តមិទំ ភគវតា ដូច្នេះជាដើម
8)
បានខាងជាតក៥៥០ មានអបណ្ណជាតកជាដើម
9)
បានខាងសូត្រទាំងអស់ដែលសំដែងអំពីសេចក្តីអស្ចារ្យ មានពាក្យថា ចត្តរោមេ ភិក្ខវេ អច្ឆរិយា អព្ភូតធម្មា អានន្ទ ដូច្នេះជាដើម
10)
បានខាង​សូត្រ​ទាំងឡាយ​មានចុល្លវេទល្លសូត្រ មហាវេទល្លសូត្រ សម្មាទិដ្ឋិសូត្រ សក្កបញ្ហាសូត្រ សង្ខារភាជនីយសូត្រ និងមហាបុណ្ណមសូត្រជាដើម និងសូត្រទាំង​ពួង​ដែល​អ្នក​សួរ​បាន​សេចក្តី​ត្រេកអរហើយចេះតែសួរតៗទៅ
11)
សំដៅយកមគ្គផល
12)
អដ្ឋកថា ថា បានដល់ សមថៈ និងវិបស្សនា។ ដែលព្រះសាស្តាឲ្យលះនោះ គឺឲ្យលះនូវឆន្ទរាគ ក្នុងសមថៈ និងវិបស្សនានោះឯង
13)
អដ្ឋកថា ថា បានដល់ភ្នំសិនេរុ ដែនដី និងមហាសមុទ្រជាដើម
14)
ខូតខាតទៅដោយស្តេចរឹបជាន់ ចោរលួច ភ្លើងឆេះ ទឹកលិច ឬអស់ទៅដោយប្រើប្រាស់។ អដ្ឋកថា។
15)
ហេតុនៃទិដ្ឋិមាន៨ គឺ ខន្ធ១ អវិជ្ជា១ ផស្សៈ១ សញ្ញា១ វិតក្កៈ(សេចក្តីត្រិះរិះ)១ អយោនិសោមនសិការ(ការធ្វើទុកក្នុងចិត្តដោយខុសទំនង១ បាបមិត្ត (មិត្រអាក្រក់)១ បរតោឃោសៈ សំឡេងគឹកកងអំពីសំណាក់ជនដទៃ១
16)
ឧបធិមាន៤គឺ ខន្ធូបធិ១ កិលេសូបធិ១ អភិសង្ខារូបធិ១ បញ្ចកាមគុណូបធិ១។ អដ្ឋកថា។
17)
វាទៈ និងសេចក្តីប្រកាន់ថាខ្លួនដូច្នេះ។អដ្ឋកថា។
18)
សន្ទះទ្វារកង់ ឬសន្ទះទ្វារជើងគុល ដែលធ្វើសម្រាប់អូសចេញចូលបិទបើកទ្វារស្រុក ទ្វារនគរធំៗ
19)
បានដល់អភិសង្ខារ គឺកម្មជាបច្ច័យក្នុងភពថ្មី តាមទំនងដែលញ៉ាំងសត្វឲ្យត្រេចរង្គត់ទៅក្នុងជាតិទាំងឡាយ
20)
ពាក្យថាទុក្ខនេះ​សង្គ្រោះយកសមុទ័យចូលផង
21)
ពាក្យថា រលត់នៃទុក្ខនេះសង្គ្រោះយកមគ្គចូលផង
22)
កិលេស១០យ៉ាង និងខន្ធ៥ជាដើម ឈ្មោះថា ភារៈគ្រឿងធ្ងន់ ដែលហៅថា ភារៈដាក់ចុះហើយ គឺអស់រវល់ដោយកិលេស និងខន្ធ៥ជាដើមនោះ តទៅទៀតឡើយ
23)
អភិ. មិនកើតជាអសុរកាយ
24)
បុគ្គលរឮកតាមធម៌ គឺបញ្ញា បានដល់បុគ្គលដែលតាំងនៅក្នុងសោតាបត្តិមគ្គ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល មានបញ្ញិន្ទ្រិយដ៏ក្លៀវក្លា ចម្រើននូវអរិយមគ្គ មានបញ្ញាជាប្រធាន
25)
បុគ្គលរឭកតាមសទ្ធា បានដល់បុគ្គល ដែលតាំងនៅក្នុងសោតាបត្តិមគ្គ ប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល តែមានសទ្ធិន្ទ្រិយដ៏ក្លៀវក្លា…
km/tipitaka/sut/mn/sut.mn.022.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann