User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.023

វិម្មិកសូត្រ ទី៣

សង្ខេប

ព្រះ​ពុទ្ធ​ដោះ​ប្រស្នា​ទេវតា។

mn 023 បាលី cs-km: sut.mn.023 អដ្ឋកថា: sut.mn.023_att PTS: ?

(ទី៣) វិម្មិកសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា
sut.mn.023.aac

(៣. វម្មិកសុត្តំ)

[២៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះកុមារកស្សបមានអាយុ នៅក្នុងអន្ធវ័ន។1) គ្រានោះឯង ទេវតាមួយអង្គ មានសម្បុរល្អ(មក)ក្នុងវេលារាត្រី គឺមជ្ឈិមយាម​កន្លងទៅ​ហើយ បញ្ចេញរស្មីឲ្យភ្លឺក្នុងអន្ធវ័នទាំងអស់ ក៏ចូលទៅរកព្រះកុមារកស្សបមានអាយុ លុះចូលទៅដល់​ហើយ ទើបឋិតនៅក្នុងទីដ៏សមគួរ។ លុះទេវតានោះ ឋិតនៅ​ក្នុងទីដ៏​សមគួរ​ហើយ ក៏ពោលពាក្យនេះ នឹងព្រះកុមារកស្សបមានអាយុថា ភិក្ខុ ភិក្ខុ ដំបូក​នេះ ហុយផ្សែង​ក្នុងពេលយប់ ឆេះក្នុងពេលថ្ងៃ ព្រាហ្មណ៍បានពោលយ៉ាងនេះថា ម្នាល​សុមេធ ចូរអ្នកយកសស្ត្រា មកជីកដំបូកនេះមើល។ សុមេធ យកសស្ត្រាមកជីក ជីក​ទៅ​ក៏​បានឃើញសន្ទះទ្វារកង់ ហើយប្រាប់ថា បពិត្រអ្នកដ៏ចម្រើន សន្ទះទ្វារកង់។ ព្រាហ្មណ៍​បាន​ពោលយ៉ាងនេះថា ម្នាលសុមេធ ចូរអ្នកលើកសន្ទះទ្វារកង់ចេញ ហើយយក​សស្ត្រា​ជីកទៀត។ សុមេធយកសស្ត្រាជីកទៅ ក៏បានឃើញសត្វហីង ហើយប្រាប់ថា បពិត្រ​អ្នក​ដ៏ចម្រើន សត្វហីង។ ព្រាហ្មណ៍បានពោលយ៉ាងនេះថា ម្នាលសុមេធ អ្នកចូរលើកសត្វ​ហីង​ចេញ ហើយយកសស្ត្រាជីកទៀត។ សុមេធយកសស្ត្រាជីកទៅ ក៏បានឃើញ​ផ្លូវ​បែកជា២ ហើយប្រាប់ថា បពិត្រអ្នកដ៏ចម្រើន ផ្លូវបែកជា២។ ព្រាហ្មណ៍បានពោលយ៉ាង​នេះថា ម្នាលសុមេធ អ្នកចូរលើកផ្លូវបែកជា២ចេញ ហើយយកសស្ត្រាជីកទៀត។ សុមេធយកសស្ត្រាជីកទៅ ក៏បានឃើញសំពត់តម្រងក្បុង ហើយប្រាប់ថា បពិត្រអ្នក​ដ៏ចម្រើន សំពត់តម្រងក្បុង។ ព្រាហ្មណ៍បានពោលយ៉ាងនេះថា ម្នាលសុមេធ អ្នកចូរលើក សំពត់តម្រងក្បុងចេញ ហើយយកសស្ត្រាជីកទៀត។ សុមេធយកសស្ត្រាជីកទៅ ក៏បាន​ឃើញ​អណ្តើក ហើយប្រាប់ថា បពិត្រអ្នកដ៏ចម្រើន អណ្តើក។ ព្រាហ្មណ៍បានពោល​យ៉ាងនេះ​ថា ម្នាលសុមេធ អ្នកចូរលើកអណ្តើកចេញ ហើយយកសស្ត្រាជីកទៀត។ សុមេធយកសស្ត្រាជីកទៅ ក៏បានឃើញកាំបិត និងជ្រញ់ ហើយប្រាប់ថា បពិត្រអ្នកដ៏​ចម្រើន កាំបិត និងជ្រញ់។ ព្រាហ្មណ៍បានពោលយ៉ាងនេះថា ម្នាលសុមេធ អ្នកចូរលើក​កាំបិត និងជ្រញ់ ចេញ ហើយយកសស្ត្រាជីកទៀត។ សុមេធយកសស្ត្រាជីកទៅ ក៏បាន​ឃើញ​ដុំសាច់ ហើយប្រាប់ថា បពិត្រអ្នកដ៏ចម្រើន ដុំសាច់ ។ ព្រាហ្មណ៍បានពោល​យ៉ាងនេះ​ថា ម្នាលសុមេធ អ្នកចូរលើកដុំសាច់ចេញ ហើយយកសស្ត្រាជីកទៀត។ សុមេធយកសស្ត្រាជីកទៅ ក៏បានឃើញនាគ ហើយប្រាប់ថា បពិត្រអ្នកដ៏ចម្រើន នាគ។ ព្រាហ្មណ៍បានពោលយ៉ាងនេះថា នាគទុកឲ្យនៅចុះ អ្នកកុំបៀតបៀននាគឡើយ អ្នកចូរថ្វាយបង្គំនាគចុះ។ នែភិក្ខុ លោកចូរនាំយកប្រស្នាទាំង១៥នេះ ទៅក្រាបទូលសួរ​ព្រះមាន​ព្រះភាគ ព្រះមានព្រះភាគ ទ្រង់ព្យាករប្រាប់លោក យ៉ាងណា លោកត្រូវកំណត់​ចាំ​ទុកនូវសេចក្តីនោះ យ៉ាងនោះ។ នែភិក្ខុ ក្នុងលោក ព្រមទាំងទេវតា ព្រមទាំងមារ ព្រម​ទាំង​ព្រហ្ម ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្ស​ដ៏សេស យើងមិនដែលឃើញអ្នកណាមួយ ឆ្លើយប្រស្នាទាំងនេះ​ត្រូវចិត្ត​បានឡើយ វៀរលែងតែព្រះតថាគត ឬសាវ័ករបស់ព្រះតថាគត ឬក៏អ្នកដែលស្តាប់ អំពីសំណាក់ នៃព្រះតថាគតនេះ។ ទេវតានោះ បានពោលនូវពាក្យនេះ លុះពោលនូវ​ពាក្យ​នេះ​ហើយ ក៏បាត់អំពីទីនោះទៅ។

[២៨] លុះរាត្រីនោះកន្លងហើយ គ្រានោះឯង ព្រះកុមារកស្សបមានអាយុ ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុង​ទីសម​គួរ។ លុះព្រះកុមារកស្សបមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូល​ដំណើរ​នុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន យប់មិញនេះ មានទេវតា​មួយអង្គ មានសម្បុរល្អ (មក) ក្នុងវេលារាត្រីមជ្ឈិមយាមកន្លងទៅហើយ បញ្ចេញរស្មីឲ្យភ្លឺ ក្នុងអន្ធវ័នទាំងអស់ ចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ ឋិតនៅក្នុងទីសមគួរ។ បពិត្រព្រះអង្គដ៏ចម្រើន លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ បាននិយាយពាក្យ​នេះ នឹងខ្ញុំព្រះអង្គដូច្នេះថា ភិក្ខុ ភិក្ខុ ដំបូកនេះហុយផ្សែងក្នុងពេលយប់ ឆេះក្នុងពេលថ្ងៃ ព្រាហ្មណ៍បានពោលយ៉ាងនេះថា ម្នាលសុមេធ ចូរអ្នកយកសស្ត្រា​មកជីក​។ សុមេធ យកសស្ត្រាជីកទៅ ក៏បានឃើញសន្ទះទ្វារកង់ ហើយប្រាប់ថា បពិត្រអ្នកដ៏ចម្រើន សន្ទះទ្វារ​កង់។ ព្រាហ្មណ៍បានពោលយ៉ាងនេះថា ម្នាលសុមេធ ចូរអ្នកលើកសន្ទះទ្វារ​កង់ចេញ ហើយយកសស្ត្រាជីកទៀត។ សុមេធយកសស្ត្រាជីកទៅ ក៏ឃើញសត្វហីង ហើយប្រាប់ថា បពិត្រអ្នកដ៏ចម្រើន សត្វហីង។បេ។ បានឃើញនាគ ហើយប្រាប់ថា បពិត្រអ្នកដ៏ចម្រើន នាគ។ ព្រាហ្មណ៍បានពោលយ៉ាងនេះថា នាគទុកឲ្យនៅចុះ អ្នកកុំបៀតបៀននាគឡើយ ចូរធ្វើការនមស្តារនាគចុះ។ នែភិក្ខុ លោកគប្បីចូល​ទៅរក​ព្រះមានព្រះភាគ ហើយសួរប្រស្នា​ទាំង១៥​នេះឯង ព្រះមានព្រះភាគ ទ្រង់ព្យាករ​ប្រាប់លោក យ៉ាងណា លោកគប្បីចាំទុកនូវប្រស្នានោះ យ៉ាងនោះចុះ។ នែភិក្ខុ ក្នុងលោក ព្រមទាំងទេវតា ព្រមទាំងមារ ព្រមទាំងព្រហ្ម ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស យើងមិនដែលឃើញអ្នកណាមួយ ឆ្លើយប្រស្នាទាំងនេះឲ្យត្រូវចិត្តបានឡើយ វៀរលែងតែព្រះតថាគត ឬសាវ័ករបស់​ព្រះតថាគត ឬក៏អ្នកដែលស្តាប់អំពីសំណាក់ នៃព្រះតថាគតនេះ។ បពិត្រព្រះអង្គ​ដ៏ចម្រើន ទេវតានោះ បានពោលនូវពាក្យនេះ លុះពោលនូវពាក្យនេះហើយ ក៏បាត់​អំពីទី​នោះទៅ។ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ហៅថា ដំបូក អ្វីហុយផ្សែងក្នុងពេលយប់ អ្វីឆេះ​ក្នុងពេលថ្ងៃ អ្នកណាជាព្រាហ្មណ៍ អ្នកណាជាសុមេធ អ្វីជាសស្ត្រា អ្វីជាការជីក អ្វីជាសន្ទះទ្វារកង់ អ្វីជាសត្វហីង អ្វីជាផ្លូវបែកជាពីរ អ្វីជាសំពត់តម្រងក្បុង អ្វីជាអណ្តើក អ្វីជាកាំបិត ​និងជ្រញ់ អ្វីជាដុំសាច់ អ្វីជានាគ។

[២៩] ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុ ត្រង់ពាក្យថា ដំបូក នេះជា​ឈ្មោះ​របស់កាយនេះ ដែលប្រកបដោយមហាភូតរូប៤ កើតព្រមព្រោះទឹកសុក្កៈរបស់មាតា និងបិតា ចម្រើនដោយសារបាយ និងនំ មានសភាវៈមិនទៀង មានការដុសខាត់ បំបាត់​ក្លិន​អាក្រក់ និងគក់ច្របាច់ និងកិរិយាបែកធ្លាយ ខ្ចាត់ខ្ចាយជាធម្មតា។ ម្នាលភិក្ខុ ត្រង់​ប្រស្នាថា អ្វីហុយផ្សែងក្នុងពេលយប់ សេចក្តីថា បុគ្គលប្រារព្ធការងារក្នុងពេលថ្ងៃ ហើយដល់ពេលយប់ ត្រិះរិះពិចារណារឿយៗ ដោយហេតុណា ហេតុនោះហៅថា ហុយផ្សែង ក្នុងពេលយប់។ ម្នាលភិក្ខុ ត្រង់ប្រស្នាថា អ្វីឆេះក្នុងពេលថ្ងៃ សេចក្តីថា បុគ្គល​ត្រិះរិះពិចារណារឿយៗ ក្នុងវេលាយប់ ហើយដល់វេលាថ្ងៃ ក៏ប្រកបការងារ ដោយ​កាយ​វាចា ដោយហេតុណា ហេតុនេះហៅថា ឆេះក្នុងវេលាថ្ងៃ។ ម្នាលភិក្ខុ ត្រង់ពាក្យថា ព្រាហ្មណ៍​នេះ ជាឈ្មោះរបស់ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុ ត្រង់ពាក្យ​ថា សុមេធ នេះ ជាឈ្មោះរបស់ភិក្ខុ ជាសេក្ខបុគ្គល។ ម្នាលភិក្ខុ ត្រង់ពាក្យថា សស្ត្រានេះ ជាឈ្មោះរបស់ប្រាជ្ញាដ៏ប្រសើរ។ ម្នាលភិក្ខុ ត្រង់ពាក្យថា ជីកនេះ ជាឈ្មោះ​របស់ការ​ប្រារព្ធព្យាយាម។ ម្នាលភិក្ខុ ត្រង់ពាក្យថា សន្ទះទ្វារកង់ នេះជាឈ្មោះរបស់អវិជ្ជា។ ម្នាលសុមេធ អ្នកចូរលើកសន្ទះទ្វារកង់ចេញ គឺថាអ្នកចូរលះបង់អវិជ្ជាចេញ ហើយ​យកសស្ត្រាជីកទៀត នេះជាសេចក្តីអធិប្បាយនៃពាក្យនុ៎ះ។ ម្នាលភិក្ខុ ត្រង់ពាក្យថា សត្វហីង​ ជាឈ្មោះរបស់សេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់ចិត្ត ម្នាលសុមេធ អ្នកចូរលើកហីងចេញ គឺថា អ្នកចូរលះបង់សេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់​ចិត្ត​ចេញ ហើយយកសស្ត្រាជីកទៀត នេះជាសេចក្តីអធិប្បាយនៃពាក្យនុ៎ះ។ ម្នាលភិក្ខុ ត្រង់ពាក្យថា ផ្លូវបែកជាពីរ នេះជាឈ្មោះរបស់វិចិកិច្ឆា។ ម្នាលសុមេធ អ្នកចូរលើកនូវ​ផ្លូវបែកជា​ពីរចេញ គឺថា អ្នកចូរលះបង់វិចិកិច្ឆាចេញ ហើយយកសស្ត្រាជីកទៀត នេះជាសេចក្តីអធិប្បាយនៃពាក្យនុ៎ះ។ ម្នាលភិក្ខុ ត្រង់ពាក្យថា សំពត់តម្រងក្បុង នេះជាឈ្មោះរបស់នីវរណធម៌ទាំង៥ គឺ កាមច្ឆន្ទនីវរណៈ១ ព្យាបាទនីវរណៈ១ ថីនមិទ្ធ​នីវរណៈ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ១ វិចិកិច្ឆានីវរណៈ១។ ម្នាលសុមេធ អ្នកចូរ​លើក​សំពត់​តម្រង​ក្បុងចេញ គឺថា អ្នកចូរលះបង់នីវរណធម៌ទាំង៥ចេញ ហើយយកសស្ត្រាជីកទៀត នេះជាសេចក្តីអធិប្បាយនៃពាក្យនុ៎ះ។ ម្នាលភិក្ខុ ត្រង់ពាក្យថា អណ្តើកនេះ ជាឈ្មោះ​​របស់ឧបាទានក្ខន្ធទាំង៥ ឧបាទានក្ខន្ធទាំង៥ គឺ រូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលសុមេធ អ្នកចូរ​លើក​អណ្តើក​ចេញ គឺថា អ្នកចូរលះបង់ឧបាទានក្ខន្ធទាំង៥ចេញ ហើយយកសស្ត្រាជីកទៀត នេះជាសេចក្តីអធិប្បាយនៃពាក្យនុ៎ះ។ ម្នាលភិក្ខុ ត្រង់ពាក្យថា កាំបិត និងជ្រញ់ នេះជា​ឈ្មោះ​របស់កាមគុណទាំង៥ គឺរូប ដែលបុគ្គលគប្បីដឹងច្បាស់ ដោយចក្ខុ ជាទីប្រាថ្នា ជាទី​ត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីតាំងនៃតម្រេក១ សំឡេង ដែលបុគ្គលគប្បីដឹង ដោយត្រចៀក…១ ក្លិនដែលបុគ្គលគប្បីដឹង ដោយច្រមុះ…១ រសដែលគប្បីដឹង ដោយអណ្តាត…១ ផ្សព្វ ដែលបុគ្គលគប្បីដឹងច្បាស់ ដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីតាំងនៃតម្រេក១។ ម្នាលសុមេធ អ្នកចូរលើកកាំបិត និងជ្រញ់ចេញ គឺថា អ្នកចូរលះបង់​កាមគុណ​ទាំង៥ចេញ ហើយយកសស្ត្រាជីកទៀត នេះជាសេចក្តី​អធិប្បាយនៃពាក្យនុ៎ះ។ ម្នាលភិក្ខុ ត្រង់ពាក្យថា ដុំសាច់ នេះជាឈ្មោះរបស់នន្ទិរាគ (សេចក្តី​ត្រេកត្រអាល)។ ម្នាលសុមេធ អ្នកចូរលើកដុំសាច់ចេញ គឺថា អ្នកចូរលះបង់​នន្ទិរាគចេញ ហើយយកសស្ត្រាជីកទៀត នេះជាសេចក្តីអធិប្បាយនៃពាក្យនុ៎ះ។ ម្នាលភិក្ខុ ត្រង់ពាក្យថា នាគ នេះជាឈ្មោះរបស់ភិក្ខុ ដែលជាព្រះខីណាស្រព។ នាគចូរឋិតនៅចុះ អ្នកកុំបៀតបៀននាគឡើយ អ្នកចូរធ្វើនូវការនមស្ការនាគចុះ នេះជាសេចក្តីអធិប្បាយ​នៃ​ពាក្យនុ៎ះ។ ព្រះមានព្រះភាគ ទ្រង់បានសំដែង នូវសូត្រនេះចប់ហើយ ព្រះកុមារកស្សប​មានអាយុ ក៏មានចិត្តត្រេកអរ រីករាយហើយ ចំពោះភាសិត នៃព្រះមានព្រះភាគ។

ចប់ វម្មិកសូត្រ ទី៣។

 

លេខយោង

1)
[ព្រៃជាទីនៅនៃពួកចោរខ្វាក់ភ្នែក
km/tipitaka/sut/mn/sut.mn.023.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann