User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.024

រថវិនីតសូត្រ ទី៤

សង្ខេប

ព្រះ​បុណ្ណ​មន្តាណី​បុត្ត​​ពន្យល់​ផ្លួវ​​ទៅ​កាន់​ព្រះ​និព្វាន​ឧបមា​​​ប្រៀប​ទៅនឹង​រថ។

mn 024 បាលី cs-km: sut.mn.024 អដ្ឋកថា: sut.mn.024_att PTS: ?

(ទី៤) រថវិនីតសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបសិកា វិឡា

(៤. រថវិនីតសុត្តំ)

[៣០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ភិក្ខុទាំងឡាយច្រើនរូប អ្នកនៅ​ក្នុង​ជាតិភូមិ1) នៅចាំវស្សា​ក្នុងជាតិភូមិហើយ ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅ​ដល់​ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ​អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បណ្តាជាតិភូមិកភិក្ខុទាំងឡាយ ជាសព្រហ្មចារី ដែលនៅក្នុងជាតិភូមិ ភិក្ខុណាហ្ន៎ ដែលមាន​គេសរសើរយ៉ាងនេះថា ជាអ្នកមិនមានសេចក្តីប្រាថ្នាដោយខ្លួនឯងផង សំដែងអំពីការមិនមានសេចក្តីប្រាថ្នា2) ដល់ពួកភិក្ខុផង ជាអ្នកសន្តោស ដោយខ្លួនឯងផង សំដែងអំពីការសន្តោស3) ដល់ពួកភិក្ខុផង ជាអ្នកស្ងប់ស្ងាត់ ដោយខ្លួនឯងផង សំដែងអំពីការស្ងប់ស្ងាត់4) ដល់ពួកភិក្ខុផង ជាអ្នកមិនច្រឡូកច្រឡំដោយខ្លួនឯងផង សំដែងអំពីការមិនច្រឡូច្រឡំ5) ដល់ពួកភិក្ខុផង ជាអ្នកប្រារព្ធសេចក្តីព្យាយាម ដោយខ្លួនឯងផង សំដែងអំពីការប្រារព្ធព្យាយាម6) ដល់ពួកភិក្ខុផង ជាអ្នកបរិបូណ៌ដោយសីល ចំពោះខ្លួនឯងផង សំដែងអំពីការបរិបូណ៌ដោយសីល7) ដល់ពួកភិក្ខុផង ជាអ្នកបរិបូណ៌ដោយសមាធិចំពោះខ្លួនឯងផង សំដែងអំពីការបរិបូណ៌ដោយសមាធិ8) ដល់ពួកភិក្ខុផង ជាអ្នកបរិបូណ៌ដោយបញ្ញា ចំពោះខ្លួនឯងផង សំដែងអំពីការបរិបូណ៌ដោយបញ្ញា ដល់ពួកភិក្ខុផង ជាអ្នកបរិបូណ៌ដោយវិមុត្តិ គឺអរិយផល ចំពោះខ្លួនឯងផង សំដែងអំពីការបរិបូណ៌ ដោយវិមុត្តិ គឺអរិយផល ដល់ពួកភិក្ខុផង ជាអ្នកបរិបូណ៌ ដោយវិមុត្តិញ្ញាណទស្សនៈ9) ដោយខ្លួនឯង សំដែងអំពីការបរិបូណ៌ ដោយវិមុត្តិញ្ញាណទស្សនៈ ដល់ពួកភិក្ខុផង ជាអ្នកឲ្យឱវាទ បំភ្លឺឲ្យដឹងច្បាស់ ពន្យល់ បបួល ធ្វើឲ្យក្លាហាន ធ្វើឲ្យរីករាយ ដល់ពួកសព្រហ្មចារីផង។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន បណ្តាជាតិភូមិកភិក្ខុទាំងឡាយ ជាសព្រហ្មចារី ដែលនៅក្នុងជាតិភូមិ មានតែបុណ្ណត្ថេរមានអាយុ ជាមន្តាណីបុត្ត10) ទេ ទើបគេតែងសរសើរគុណ យ៉ាងនេះថា ជាអ្នកមិនប្រាថ្នា ដោយខ្លួនឯងផង សំដែងអំពីការមិនមានប្រាថ្នា ដល់ពួកភិក្ខុផង ជាអ្នកសន្តោស ដោយខ្លួនឯងផង។បេ។ ជាអ្នកស្ងប់ស្ងាត់ ដោយខ្លួនឯងផង… ជាអ្នក​មិនច្រឡូកច្រឡំ ដោយខ្លួនឯងផង… ជាអ្នកមានសេចក្តីព្យាយាម ដោយខ្លួនឯងផង… ជាអ្នកបរិបូណ៌ ដោយសីលចំពោះខ្លួនឯងផង… ជាអ្នកបរិបូណ៌ដោយសមាធិ ចំពោះខ្លួនឯងផង…ជាអ្នកបរិបូណ៌ ដោយបញ្ញា ចំពោះខ្លួនឯងផង…ជាអ្នកបរិបូណ៌ ដោយវិមុត្តិ ចំពោះខ្លួនឯងផង…ជាអ្នកបរិបូណ៌ដោយវិមុត្តិញាណទស្សនៈចំពោះខ្លួន​ឯងផង សំដែងអំពីការបរិបូណ៌ដោយវិមុត្តិញាណទស្សនៈ ដល់ពួកភិក្ខុផង ជាអ្នក​ឲ្យឱវាទ បំភ្លឺឲ្យដឹងច្បាស់ ពន្យល់ បបួល ធ្វើឲ្យក្លាហាន ធ្វើឲ្យរីករាយ ដល់ពួកសព្រហ្មចារី​ផង។

[៣១] សម័យនោះឯង ព្រះសារីបុត្តមានអាយុ អង្គុយក្បែរព្រះមានព្រះភាគ។ លំដាប់​នោះ ព្រះសារីបុត្តមានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះថា បុណ្ណមុន្តាណីបុត្តមានអាយុ ហៅពេញជាមានលាភ ទាំងអត្តភាពជាមនុស្ស ក៏បុណ្ណមិន្តាណីបុត្ត​បានហើយដោយប្រពៃ (ព្រោះ) ពួកសព្រហ្មចារីភិក្ខុ ដែលជាអ្នកប្រាជ្ញ​ពិចារណារឿយៗ ហើយតែងពោលសរសើរ ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះសាស្តា ព្រះសាស្តា ក៏ទ្រង់អនុមោទនា ចំពោះបុណ្ណមុន្តាណីបុត្តនោះ ធ្វើដូចម្តេចហ្ន៎ យើងនឹងបាន​ទៅកាន់ទីប្រជុំ ជាមួយនឹងព្រះបុណ្ណមុន្តាណីបុត្តមានអាយុម្តងអេះ។ ធ្វើដូចម្តេចហ្ន៎ នឹងបាននិយាយចរចាបន្តិចបន្តួចផងអេះ។

[៣២] គ្រានោះឯង ព្រះភគវន្តមុនី ទ្រង់គង់ក្នុងក្រុងរាជគ្រឹះ តាមគួរដល់​អាធ្យា​ស្រ័យ​ហើយ ទ្រង់ស្តេចទៅកាន់ចារិក ឰដ៏ក្រុងសាវត្ថី លុះស្តេចទៅកាន់ចារិកតាមហូរហែ ក៏បានទៅដល់ក្រុងសាវត្ថីនោះ។ ព្រះមានព្រះភាគ គង់ក្នុងវត្តជេតពន ជារបស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថីនោះ។ ព្រះបុណ្ណមុន្តាណីបុត្តមានអាយុ បានឮដំណឹង ដូច្នេះថា ព្រះមានព្រះភាគ យាងមកដល់ក្រុងសាវត្ថីហើយ ទ្រង់គង់ក្នុង​វត្តជេតពន ជារបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ លំដាប់នោះឯង ព្រះបុណ្ណមុន្តាណីបុត្ត​មានអាយុ រៀបចំសេនាសនៈហើយប្រដាប់បាត្រចីវរ ទៅកាន់ចារិក ក្នុងក្រុងសាវត្ថី​នោះដែរ លុះត្រាច់ទៅកាន់ចារិកតាមហូរហែ ក៏បានចូលទៅគាល់​ព្រះមានព្រះភាគ ដែលគង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថីនោះ លុះចូលទៅដល់ហើយ ទើបថ្វាយព្រះមានព្រះភាគ រួចអង្គុយក្នុង​ទីដ៏សមគួរ។ លុះបុណ្ណមុន្តាណីបុត្តមានអាយុ អង្គុយក្នុទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ពន្យល់ ណែនាំ ឲ្យក្លាហាន ឲ្យរីករាយ ដោយធម្មីកថា។ គ្រានោះ បុណ្ណមុន្តាណីបុត្តមានអាយុ កាលបើព្រះមានព្រះភាគ ទ្រង់ពន្យល់ ណែនាំ ឲ្យក្លាហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ត្រេកអររីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ ហើយក្រោកអំពីអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅឯអន្ធវ័ន (ព្រៃជាំ) ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ។

[៣៣] គ្រានោះឯង មានភិក្ខុ១រូប ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅ​ដល់ហើយ បានពោលពាក្យដូចនេះ នឹងព្រះសារីបុត្តមានអាយុថា អាវុសោសារីបុត្ត អ្នកសំដែង​សេចក្តីសរសើររឿយៗ នូវភិក្ខុបុណ្ណមុន្តាណីបុត្ត ឯភិក្ខុបុណ្ណមុន្តាបុត្តនោះ ដែល​ព្រះមានព្រះភាគ ទ្រង់ពន្យល់ ណែនាំ ឲ្យក្លាហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ត្រេកអរ រីករាយ នឹងភាសិត របស់ព្រះមានព្រះភាគ ហើយក្រោកអំពីអាសនៈ ថ្វាយបង្គំលា​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចហើយចេញ​ទៅកាន់អន្ធវ័ននោះ ដើម្បីសម្រាក ក្នុងវេលាថ្ងៃ។ លំដាប់នោះឯង ព្រះសារីបុត្តមានអាយុ មានសភាពរួសរាន់​កាន់និសីទនៈ ដើរតាមក្រោយៗ នៃភិក្ខុបុណ្ណមុន្តាណីបុត្តមានអាយុ រមិលមើលនូវ​សីសៈ​នៃ​បុណ្ណមុន្តាណីបុត្ត។ គ្រានោះឯង បុណ្ណមុន្តាណីបុត្តមានអាយុ ដើរចូលទៅ​កាន់អន្ធវ័ន​ហើយ អង្គុយសម្រាក ក្នុងវេលាថ្ងៃ ទៀបម្លប់ឈើមួយ​ចំណែកខាងព្រះសារីបុត្តមានអាយុ ក៏ចូលទៅកាន់អន្ធវ័ន ហើយអង្គុយ​សម្រាកក្នុងវេលាថ្ងៃ ទៀបម្លប់ឈើមួយដែរ។

[៣៤] គ្រានោះឯង ព្រះសារីបុត្តមានអាយុ ចេញអំពីទីពួន ក្នុងសាយណ្ហសម័យ ហើយចូលទៅរកបុណ្ណមុន្តាណីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យ​រាក់ទាក់ សំណេះសំណាល មួយអន្លើ ដោយបុណ្ណមុន្តាណីបុត្តមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីសមគួរហើយ បានពោលពាក្យដូច្នេះ នឹងបុណ្ណមុន្តាណីបុត្តមានអាយុថា ម្នាលអាវុសោ លោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ របស់យើងដែរឬ។ បុណ្ណមុន្តាណីបុត្តមានអាយុតបថា ម្នាល​អាវុសោ យ៉ាងហ្នឹងហើយ។ ម្នាលអាវុសោ លោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិនៃសីល11) ឬ។ ម្នាលអាវុសោ ការប្រព្រឹត្តនេះ មិនមែនត្រឹមប៉ុណ្ណោះទេ។ ម្នាលអាវុសោ ចុះលោកមាន​អាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិនៃចិត្ត12) ឬ។ ម្នាលអាវុសោ មិនមែនត្រឹមប៉ុណ្ណោះទេ។ ម្នាលអាវុសោ ចុះលោកមាន​អាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិនៃទិដ្ឋិ13) ឬ។ ម្នាលអាវុសោ មិនមែនត្រឹមប៉ុណ្ណោះទេ។ ម្នាលអាវុសោ ចុះលោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិនៃកង្ខាវិតរណៈ14) ឬ។ ម្នាលអាវុសោ មិនមែនត្រឹមប៉ុណ្ណោះទេ។ ម្នាលអាវុសោ ចុះលោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិនៃមគ្គាមគ្គញ្ញាណទស្សនៈ15) ឬ។ ម្នាលអាវុសោ មិនមែនត្រឹមប៉ុណ្ណោះទេ។ ម្នាលអាវុសោ ចុះលោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិ នៃបដិបទាញាណទស្សនៈ16) ឬ។ ម្នាលអាវុសោ មិនមែនត្រឹមប៉ុណ្ណោះទេ។ ម្នាលអាវុសោ ចុះលោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិនៃញាណទស្សនៈឬ។ ម្នាលអាវុសោ មិនមែនត្រឹមប៉ុណ្ណោះទេ។ ព្រះសារីបុត្តមានអាយុ មានថេរវាចាថា កាលបើខ្ញុំសួរថា ម្នាលអាវុសោ លោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិនៃសីលឬ លោកនិយាយថា ម្នាលអាវុសោ មិនមែនត្រឹមប៉ុណ្ណោះទេ កាលបើខ្ញុំសួរថា ម្នាលអាវុសោ លោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិ​នៃចិត្តឬ លោកនិយាយថា ម្នាលអាវុសោ មិនមែនត្រឹមប៉ុណ្ណោះទេ កាលបើខ្ញុំសួរថា ម្នាលអាវុសោ លោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិនៃទិដ្ឋិឬ លោកនិយាយថា ម្នាលអាវុសោ មិនមែនត្រឹមប៉ុណ្ណោះទេ ម្នាលអាវុសោ ដើម្បីបរិសុទ្ធិនៃកង្ខាវិតរណៈឬ… ម្នាលអាវុសោ ដើម្បីបរិសុទ្ធិនៃមគ្គាមគ្គញ្ញាណទស្សនៈឬ…ម្នាលអាវុសោ ដើម្បីបរិសុទ្ធិនៃបដិបទាញាណទស្សនៈឬ… កាលបើខ្ញុំសួរថា ម្នាលអាវុសោ លោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិ​នៃញាណទស្សនៈឬ លោកនិយាយថា ម្នាលអាវុសោ មិនមែនត្រឹមតែប៉ុណ្ណោះទេ ម្នាលអាវុសោ (បើយ៉ាងនេះ) ចុះលោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីអ្វី។ បុណ្ណមុន្តាណីបុត្តតបថា ម្នាលអាវុសោ ព្រហ្មចរិយធម៌ ដែលខ្ញុំប្រព្រឹត្ត ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីអនុបាទា​បរិនិព្វាន​ទេតើ។ ម្នាលអាវុសោ សីលវិសុទ្ធិ ជាអនុបាទាបរិនិព្វានឬ។ ម្នាលអាវុសោ នេះមិនមែន​ទេ។ ម្នាលអាវុសោ ចុះចិត្តវិសុទ្ធិ ជាអនុបាទាបរិនិព្វានឬ។ ម្នាលអាវុសោ នេះមិនមែនទេ។ ម្នាលអាវុសោ ទិដ្ឋិវិសុទ្ធិ ជាអនុបាទាបរិនិព្វានឬ។ ម្នាលអាវុសោ នេះមិនមែនទេ។ ម្នាលអាវុសោ ចុះកង្ខាវិតរណៈវិសុទ្ធិ ជាអនុបាទាបរិនិព្វានឬ។ ម្នាលអាវុសោ នេះមិនមែនទេ។ ម្នាលអាវុសោ មគ្គាមគ្គញ្ញាណទស្សនៈវិសុទ្ធិ ជាអនុបាទាបរិនិព្វានឬ។ ម្នាលអាវុសោ នេះមិនមែនទេ។ ម្នាលអាវុសោ ចុះបដិបទាញាណទស្សនៈវិសុទ្ធិ ជា​អនុបាទាបរិនិព្វានឬ។ ម្នាលអាវុសោ នេះមិនមែនទេ។ ម្នាលអាវុសោ ញាណទស្សនៈវិសុទ្ធិ ជាអនុបាទាបរិនិព្វានឬ។ ម្នាលអាវុសោ នេះមិនមែនទេ។ ម្នាលអាវុសោ ចុះអនុបាទាបរិនិព្វាន ក្រៅអំពីធម៌ទាំងនេះឬ។ ម្នាលអាវុសោ នេះមិនមែនទេ។ ព្រះសារីបុត្តសួរថា កាលខ្ញុំសួរថា ម្នាលអាវុសោ សីលវិសុទ្ធិ ជាអនុបាទាបរិនិព្វានឬ លោកឆ្លើយថា អាវុសោ នេះមិនមែនទេ កាលខ្ញុំសួរថា ម្នាល​អាវុសោ ចុះចិត្តវិសុទ្ធិ ជាអនុបាទាបរិនិព្វានឬ លោកឆ្លើយថា ម្នាលអាវុសោ នេះមិនមែនទេ ម្នាលអាវុសោ ទិដ្ឋិវិសុទ្ធិ ជាអនុបាទាបរិនិព្វានឬ។បេ។ ម្នាលអាវុសោ ចុះកង្ខាវិតរណៈវិសុទ្ធិឬ… ម្នាលអាវុសោ ចុះមគ្គាមគ្គញ្ញាណទស្សនៈវិសុទ្ធិឬ… ម្នាលអាវុសោ ចុះបដិបទាញាណទស្សនៈវិសុទ្ធិឬ… កាលខ្ញុំសួរថា ម្នាលអាវុសោ ញាណ​ទស្សនៈវិសុទ្ធិ ជាអនុបាទាបរិនិព្វានឬ លោកឆ្លើយថា ម្នាលអាវុសោ នេះមិនមែនទេ កាលខ្ញុំសួរថា ម្នាលអាវុសោ ចុះអនុបាទាបរិនិព្វាន ក្រៅអំពីធម៌ទាំងនេះឬ លោកឆ្លើយថា ម្នាលអាវុសោ នេះមិនមែនទេ ម្នាលអាវុសោ (កាលបើយ៉ាងនេះ) ចុះសេចក្តីនៃភាសិតនេះ តើលោកយល់យ៉ាងណា។

[៣៥] បុណ្ណមុន្តាណីបុត្ត តបថា ម្នាលអាវុសោ បើព្រះមានព្រះភាគ បញ្ញត្ត​នូវ​សីលវិសុទ្ធិ ថាជាអនុបាទាបរិនិព្វានហើយ ឈ្មោះថា បញ្ញត្តនូវសឧបាទាន ថាជា​អនុបាទាបរិនិព្វាន​ទៅវិញ។ ម្នាលអាវុសោ បើព្រះមានព្រះភាគ បញ្ញត្តនូវចិត្តវិសុទ្ធិ ថាជា​អនុបាទាបរិនិព្វានហើយ ឈ្មោះថាបញ្ញត្ត នូវសឧបាទាន ថាជា​អនុបាទាបរិនិព្វាន​ទៅវិញ។ ម្នាលអាវុសោ បើព្រះមានព្រះភាគ បញ្ញត្តនូវទិដ្ឋិវិសុទ្ធិ ថាជា​អនុបាទាបរិនិព្វាន​ហើយ ឈ្មោះថា បញ្ញត្តនូវសឧបាទាន ថាជា អនុបាទាបរិនិព្វានទៅវិញ។ ម្នាលអាវុសោ បើព្រះមានព្រះភាគ បញ្ញត្តនូវកង្ខាវិតរណវិសុទ្ធិ ថាជាអនុបាទាបរិនិព្វានហើយ ឈ្មោះថា បញ្ញត្តនូវសឧបាទាន ថាជាអនុបាទាបរិនិព្វានទៅវិញ។ ម្នាលអាវុសោ បើព្រះមានព្រះភាគ បញ្ញត្តនូវមគ្គាមគ្គញាណទស្សនវិសុទ្ធិ ថាជាអនុបាទាបរិនិព្វាន​ហើយ ឈ្មោះថា បញ្ញត្តនូវសឧបាទាន ថាជាអនុបាទាបរិនិព្វានទៅវិញ។ ម្នាលអាវុសោ បើព្រះមានព្រះភាគ បញ្ញត្តនូវបដិបទាញាណទស្សនវិសុទ្ធិ ថាជាអនុបាទាបរិនិព្វាន​ហើយ ឈ្មោះថា បញ្ញត្តនូវសឧបាទាន ថាជាអនុបាទាបរិនិព្វានទៅវិញ។ ម្នាលអាវុសោ បើព្រះមានព្រះភាគ បញ្ញត្តនូវញាណទស្សនវិសុទ្ធិ ថាជាអនុបាទាបរិនិព្វានហើយ ឈ្មោះថា បញ្ញត្តនូវសឧបាទាន ថាជាអនុបាទាបរិនិព្វានទៅវិញ។ ម្នាលអាវុសោ បើ​អនុបាទាបរិនិព្វាន ក្រៅអំពីធម៌ទាំងនេះហើយ បុថុជ្ជន ក៏គង់បរិនិព្វានបាន ម្នាលអាវុសោ ព្រោះបុថុជ្ជន ក្រៅអំពីធម៌ទាំងនេះឯង។ ម្នាលអាវុសោ បើដូច្នោះ ខ្ញុំនឹងធ្វើ​សេចក្តីឧបមា ដល់លោក បុរស ជាអ្នកប្រាជ្ញពួកខ្លះ ក្នុងលោកនេះ គង់ដឹងច្បាស់ នូវសេចក្តី នៃភាសិត ដោយសេចក្តីឧបមាបាន។

[៣៦] ម្នាលអាវុសោ ដូចជាព្រះបាទបសេនទិកោសល ទ្រង់នៅគ្រប់គ្រងក្រុង​សាវត្ថី មានកិច្ចនីមួយ ដែលត្រូវធ្វើជាប្រញាប់ប្រញាល់ កើតឡើងក្នុងក្រុងសាកេត ជន​ទាំងឡាយ ដែលនៅត្រង់ចន្លោះក្រុងសាវត្ថី និងក្រុងសាកេត គប្បីរៀបចំ នូវរថព្រះទី​នាំងទាំង៧ ថ្វាយព្រះបាទបសេនទិកោសលនោះរួចហើយ ម្នាលអាវុសោ ទើបព្រះបាទបសេនទិ​កោសល ទ្រង់ស្តេចចេញអំពីក្រុងសាវត្ថី ឡើងព្រះទីនាំងទី១ ទៀបទ្វារ​ព្រះរាជវាំងខាងក្នុង ទ្រង់ស្តេចដោយរថព្រះទីនាំងទី១ ក៏បានដល់ទៅ​រថព្រះ​ទីនាំង​ទី២ ហើយលះបង់រថព្រះទីនាំងទី១ ឡើងគង់រថព្រះទីនាំងទី២ ទ្រង់ស្តេចដោយ​រថព្រះ​ទីនាំងទី២ ក៏បានដល់ទៅរថព្រះទីនាំងទី៣ ទ្រង់លះបង់រថព្រះទីនាំងទី២ រួច​ឡើងគង់​រថព្រះទីនាំងទី៣ ទ្រង់ស្តេចដោយរថព្រះទីនាំងទី៣ ក៏បានដល់​រថព្រះទី​នាំងទី​៤ ទ្រង់លះបង់រថព្រះទីនាំងទី៣ ក៏ឡើងគង់រថព្រះទីនាំងទី៤ ទ្រង់ស្តេចដោយ​រថព្រះ​ទីនាំងទី៤ ក៏បានដល់រថព្រះទីនាំងទី៥ ទ្រង់លះបង់រថព្រះទីនាំងទី៤ រួចឡើង​គង់​រថព្រះទីនាំងទី៥ ទ្រង់ស្តេចដោយរថព្រះទីនាំងទី៥ ក៏បានដល់រថព្រះទីនាំងទី៦ ទ្រង់លះបង់រថព្រះទីនាំងទី៥ រួចឡើងគង់រថព្រះទីនាំងទី៦ ទ្រង់ស្តេចដោយ​រថ​ព្រះ​ទីនាំង​ទី៦ ក៏បានដល់រថព្រះទីនាំងទី៧ ទ្រង់លះបង់រថព្រះទីនាំងទី៦ រួចឡើងគង់រថព្រះ​ទីនាំង​ទី៧ ទ្រង់ស្តេចដោយរថព្រះទីនាំងទី៧ ក៏បានដល់ទៅក្រុងសាកេត ទ្រង់ប្រថាប់​នៅ​ត្រង់ទ្វារ ខាងក្នុង​ព្រះរាជវាំង ពួកមិត្រអាមាត្រ ជាញាតិសាលោហិត នាំគ្នាក្រាបបង្គំ​ទូល​សួរព្រះអង្គ ក្នុងកាល​ដែល​ស្តេចដល់ទ្វារខាង ក្នុងព្រះរាជវាំងនោះ យ៉ាងនេះថា បពិត្រមហារាជ ព្រះអង្គស្តេចចេញពីក្រុងសាវត្ថី ដោយរថព្រះទីនាំងតែ១នេះ ដល់មកទ្វារ​ខាងក្នុងព្រះរាជវាំង នៃក្រុងសាកេតតែម្តងឬ ម្នាលអាវុសោ (បើគេសួរ​យ៉ាងនេះ) ព្រះបាទបសេនទិកោសល ទ្រង់ដោះស្រាយដូចម្តេច ទើបឈ្មោះថា ដោះស្រាយ​ដោយប្រពៃ។ ម្នាលអាវុសោ ព្រះបាទបសេនទិកោសល កាលបើដោះស្រាយ​យ៉ាងនេះ ឈ្មោះថាដោះស្រាយដោយប្រពៃថា យើងនៅអាស្រ័យឯក្រុងសាវត្ថី (ឯណោះ​ទេ) តែមានកិច្ចនីមួយយ៉ាងរួសរាន់ កើតឡើងក្នុងក្រុងសាកេតនេះ ក៏បណ្តាជន ក្នុងចន្លោះក្រុងសាវត្ថី និងក្រុងសាកេត បានរៀបចំរថ៧ឲ្យយើង ទើបយើងចេញមក ពីក្រុងសាវត្ថី បានឡើងជិះរថទី១ ត្រង់ទ្វារខាងក្នុងព្រះរាជវាំង មកដោយរថទី១ ក៏បាន​ដល់រថទី២ ក៏លះបង់រថទី១ ហើយឡើងជិះរថទី២ មកដោយរថទី២ ក៏បានដល់រថទី៣ ក៏លះបង់រថទី២ ហើយឡើងជិះរថទី៣ មកដោយរថទី៣ ក៏បានដល់រថទី៤ ក៏លះបង់រថទី៣ ហើយឡើងជិះរថទី៤ មកដោយរថទី៤ ក៏បានដល់រថទី៥ ក៏លះបង់​រថទី៤ ហើយឡើងជិះរថទី៥ មកដោយរថទី៥ ក៏បានដល់រថទី៦ លះបង់រថទី៥ ហើយឡើងជិះរថទី៦ មកដោយរថទី៦ ក៏បានដល់រថទី៧ ក៏លះបង់រថទី៦ ហើយឡើងជិះរថទី៧ មកដោយរថទី៧ ទើបបានដល់មកក្រុងសាកេត ត្រង់ទ្វារខាង​ក្នុង​ព្រះរាជវាំងនេះ ម្នាលអាវុសោ ព្រះបាទបសេនទិកោសល កាលបើដោះស្រាយយ៉ាងនេះ ទើបឈ្មោះថា ដោះស្រាយដោយប្រពៃ មានឧបមាដូចម្តេចមិញ ម្នាលអាវុសោ ឯ​សីលវិសុទ្ធិ មានប្រយោជន៍​ត្រឹមតែចិត្តវិសុទ្ធិ ចិត្តវិសុទ្ធិ មានប្រយោជន៍ត្រឹមតែទិដ្ឋិវិសុទ្ធិ ទិដ្ឋិវិសុទ្ធិ មានប្រយោជន៍ត្រឹមតែកង្ខាវិតរណវិសុទ្ធិ កង្ខាវិតរណវិសុទ្ធិ មានប្រយោជន៍​ត្រឹមតែមគ្គាមគ្គញាណទស្សនវិសុទ្ធិ មគ្គាមគ្គញាណទស្សនវិសុទ្ធិ មានប្រយោជន៍​ត្រឹមតែ​បដិបទាញាណទស្សនវិសុទ្ធិ បដិបទាញាណទស្សនវិសុទ្ធិ មានប្រយោជន៍​ត្រឹមតែញាណទស្សនវិសុទ្ធិ ញាណទស្សនវិសុទ្ធិ មានប្រយោជន៍​ត្រឹមតែ​អនុបាទាបរិនិព្វាន ម្នាលអាវុសោ ព្រហ្មចរិយធម៌ ដែលខ្ញុំប្រព្រឹត្ត ក្នុងសំណាក់​ព្រះមានព្រះភាគ (នេះ) ដើម្បីអនុបាទាបរិនិព្វាន តែម្យ៉ាងប៉ុណ្ណោះ សេចក្តីនេះ ក៏មានឧបមេយ្យដូច្នោះឯង។

[៣៧] កាលបើបុណ្ណមុន្តាណីបុត្តមានអាយុ ពោលយ៉ាងនេះហើយ ព្រះសារីបុត្ត​មានអាយុ បានសួរបុណ្ណមន្តាណីបុត្តមានអាយុ យ៉ាងនេះថា លោកមានអាយុឈ្មោះអ្វី ពួកសព្រហ្មចារី ស្គាល់ឈ្មោះលោកមានអាយុ ថាដូចម្តេច។ ព្រះបុណ្ណមុន្តាណីបុត្តតបថា ម្នាលអាវុសោ ខ្ញុំឈ្មោះបុណ្ណៈ តែពួកសព្រហ្មចារីស្គាល់ឈ្មោះខ្ញុំថា មន្តាណីបុត្ត។ ព្រះសារីបុត្ត មានថេរវាចាតបវិញថា ម្នាលអាវុសោ អស្ចារ្យណាស់ ម្នាលអាវុសោ ចំឡែកណាស់ ត្រង់ការណ៍ដែលសាវ័ក ជាអ្នកចេះដឹង យល់នូវពាក្យប្រៀបប្រដៅ របស់ ព្រះសាស្តា ដោយប្រពៃ ដូចជាព្រះបុណ្ណមន្តាណីបុត្តមានអាយុ ពិចារណារឿយៗ (នូវកថា​វត្ថុទាំង១០) ហើយដោះស្រាយប្រស្នា ដ៏ជ្រាលជ្រៅ ៗ យ៉ាងនោះ​ឈ្មោះថា ជាលាភ របស់ពួកសព្រហ្មចារី ទាំងជាតិជាមនុស្ស ក៏ឈ្មោះថា ពួកសព្រហ្មចារី​បានល្អហើយ ត្រង់ដែលពួកសព្រហ្មចារីបុគ្គល បានឃើញ បានចូលទៅអង្គុយជិត នូព្រះបុណ្ណមន្តាណីបុត្តមានអាយុ ទោះបីពួកសព្រហ្មចារី ថែររក្សាដោយធ្វើ​រង្វេល​សំពត់​លើក្បាល ហើយឲ្យព្រះបុណ្ណមន្តាណីបុត្តមានអាយុ អង្គុយលើនោះ គប្បីបានឃើញ បានចូល​ទៅអង្គុយជិត នូវព្រះបុណ្ណមន្តាណីបុត្តមានអាយុ ឈ្មោះថា ជាលាភ​របស់ពួកសព្រហ្មចារីទាំងនោះផង ជាតិជាមនុស្ស ក៏ឈ្មោះថា ពួកសព្រហ្មចារីទាំងនោះ បានល្អ​ហើយផង ឈ្មោះថាជាលាភ របស់យើងផង ជាតិជាមនុស្ស ក៏ឈ្មោះថា យើងបាន​ដោយល្អផង ត្រង់ដែលពួកយើងបានឃើញ បានចូលមកអង្គុយជិត នូវព្រះបុណ្ណមន្តាណីបុត្ត​មានអាយុ។

[៣៨] កាលបើព្រះសារីបុត្តពោលយ៉ាងនេះហើយ ព្រះបុណ្ណមន្តាណីបុត្ត​មានអាយុ បានសួរព្រះសារីបុត្តមានអាយុយ៉ាងនេះថា ចុះលោកមានអាយុ ឈ្មោះអ្វី ពួកសព្រហ្មចារី ស្គាល់ឈ្មោះលោកមានអាយុ ថាដូចម្តេច។ ព្រះសារីបុត្តឆ្លើយថា ម្នាល​អាវុសោ ខ្ញុំឈ្មោះឧបតិស្សៈ តែពួកសព្រហ្មចារី ស្គាល់ឈ្មោះខ្ញុំថា សារីបុត្ត។ ព្រះបុណ្ណមន្តាណីបុត្ត មានថេរវាចាថា ឱពុទ្ធោអើយ យើងបានប្រឹក្សា ជាមួយនឹងសាវ័ក ដែល​ទុកស្មើនឹង ព្រះសាស្តាផងតើ តែឥតដឹងថា លោកមានអាយុ ឈ្មោះសារីបុត្តសោះ ប្រសិនបើយើងដឹងថា លោកមានអាយុ ឈ្មោះសារីបុត្តពិតហើយ ពាក្យឆ្លើយឆ្លង មានប្រមាណ​ប៉ុណ្ណេះ ប្រហែលជាយើង ឆ្លើយមិនច្បាស់លាស់ទេ ម្នាលអាវុសោ អស្ចារ្យ​ណាស់ ម្នាលអាវុសោ ចំឡែកណាស់ ត្រង់ការណ៍ ដែលសាវ័ក ជាអ្នកចេះដឹង យល់នូវ​ពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាដោយប្រពៃ ដូចជាព្រះសារីបុត្តមានអាយុ បានពិចារណា​រឿយៗ ហើយសាកសួរប្រស្នា ដ៏ជ្រាលជ្រៅៗ យ៉ាងនោះ ឈ្មោះថា ជាលាភរបស់ពួកសព្រហ្មចារី ជាតិជាមនុស្ស ក៏ឈ្មោះ ថាពួកសព្រហ្មចារីបានល្អហើយ ត្រង់ដែលពួកសព្រហ្មចារីបានឃើញ បានចូលទៅអង្គុយជិត នូវព្រះសារីបុត្តមានអាយុ ទោះបីពួកសព្រហ្មចារី ថែររក្សាដោយធ្វើរង្វេលសំពត់លើក្បាល ហើយឲ្យព្រះសារីបុត្ត​មានអាយុ អង្គុយលើនោះ គប្បីបានឃើញ បានចូលទៅអង្គុយជិត នូវព្រះសារីបុត្ត​មាន​អាយុ ឈ្មោះថាជាលាភ របស់ពួកសព្រហ្មចារីទាំងនោះផង ជាតិជាមនុស្ស ក៏ឈ្មោះថា ពួកសព្រហ្មចារីទាំងនោះ បានល្អហើយផង ឈ្មោះថា ជាលាភរបស់យើងផង ជាតិជា​មនុស្ស ក៏ឈ្មោះថា យើងបានល្អហើយផង ត្រង់ដែលយើងបានឃើញ បានចូលមកអង្គុយជិត នូវព្រះសារីបុត្តមានអាយុ។ ព្រះមហានាគទាំងពីរអង្គនោះ បានអនុមោទនា ត្រេកអរ នឹងភាសិតនៃគ្នា និងគ្នា ដូចបានរៀបរាប់មកយ៉ាងនោះឯង។

ចប់ រថវិនីតសូត្រ ទី៤។

 

លេខយោង

1)
អដ្ឋកថា ថាស្រុកកំណើតរបស់ខ្លួន គឺស្រុកជាមួយនឹងសព្វញ្ញុពោធិសត្វ
2)
និយាយអំពីការមិនមានប្រាថ្នា៤យ៉ាង គឺមិនប្រាថ្នា​នូវបច្ច័យបួន១ មិនប្រាថ្នាឲ្យគេស្គាល់ថា ជាអ្នកកាន់ធុតង្គ១ មិនប្រាថ្នាឲ្យគេស្គាល់ថា ខ្លួន​ជា​ពហុស្សូត១ មិនប្រាថ្នាឲ្យគេស្គាល់ថា ខ្លួនបាននូវគុណ មានសោតាបត្តិផល ជាដើម១
3)
និយាយអំពីសន្តោស ១២យ៉ាងគឺ ចីវរសន្តោស មាន៣គឺ ត្រេកអរគួរតាមបាន១ ត្រេកអរ​គួរ​តាមកំឡាំង១ ត្រេកអរគួរតាមអត្តភាព១ ឯក្នុងបិណ្ឌបាតសន្តោស សេនាសនសន្តោស និងគិលានប្បច្ចយសន្តោស មានបីៗដូចគ្នា រួមជា១២
4)
និយាយអំពីសេចក្តីស្ងប់ស្ងាត់៣យ៉ាងគឺ ស្ងាត់កាយ១ ស្ងាត់ចិត្ត គឺសមាបត្តិប្រាំបី១ ស្ងាត់ចាកកិលេស គឺព្រះនិព្វាន១
5)
និយាយអំពីការមិនច្រឡូកច្រឡំ មាន៥យ៉ាងគឺ មិនច្រឡូកច្រឡំ ដោយឮសំឡេង១ មិនច្រឡូក​ច្រឡំ ដោយឃើញរូប១ មិនច្រឡូកច្រឡំ ដោយពាក្យនិយាយឆ្លើយឆ្លង១ មិនច្រឡូកច្រឡំ ដោយការប្រើប្រាស់ជាមួយគ្នា១ មិនច្រឡូកច្រឡំ ដោយការប៉ះពាល់​កាយ១
6)
និយាយអំពីការប្រារព្ធព្យាយាម ដែលពេញបរិបូណ៌​ក្នុងកាយ និងចិត្ត គ្រប់ឥតិយាបថទាំង៤
7)
បរិបូណ៌ដោយសីល គឺបានដល់​ចតុប្បារិសុទ្ធសីល
8)
សមាធិក្នុងទីនេះ បានដល់វិបស្សនា ដែលមានសមាបត្តិ៨ ជាគ្រឿងទ្រ។ អដ្ឋកថា។
9)
វិមុត្តិញ្ញាណទស្សនៈក្នុងទីនេះ បានដល់បច្ចវេក្ខណញ្ញាណទាំង១៩ គឺអនុបស្សនា៣ អនុបស្សនា៧ វិបស្សនាញ្ញាណ៩ ឯអនុបស្សនា៣ គឺ អនិច្ចានុបស្សនា១ ទុក្ខានុបស្សនា១ អនត្តានុបស្សនា១។ អនុបស្សនា៧ គឺ ១-២-៣ ដូចខាងដើម និងនិព្វិទានុបស្សនា១ វិរាគានុបស្សនា១ និរោធានុបស្សនា១ បដិនិស្សគ្គានុបស្សនា១។ វិបស្សនាញ្ញាណ៩ គឺ ឧទយព្វយញ្ញាណ១ ភង្គញ្ញាណ១ ភយតូបដ្ឋានញាណ១ អាទីនវញ្ញាណ១ និព្វិទាញាណ១ មុញ្ចិតុកាម្យតាញាណ១ បដិសង្ខាញាណ១ សង្ខារុបេក្ខាញាណ៩ សច្ចានុលោមិកញ្ញាណ១។ អដ្ឋកថាសូត្រនេះ និងវិសុទ្ធិមគ្គបញ្ញានិទ្ទេស
10)
កូននៃព្រាហ្មណី ឈ្មោះមន្តាណី
11)
បរិសុទ្ធិនៃសីលក្នុងទីនេះ បានដល់ កថាវត្ថុ៤យ៉ាង គឺ អប្បិច្ឆកថា១ សន្តុដ្ឋិកថា១ អសំសគ្គកថា១ សីលកថា១
12)
បរិសុទ្ធិនៃចិត្តក្នុងទីនេះ បានដល់ កថាវត្ថុ៣យ៉ាង គឺ បវិវេកកថា១ វីរិយារម្ភកថា១ សមាធិកថា១
13)
បរិសុទ្ធិទាំង៣ ក្នុងទីនេះ បានដល់ បញ្ញាកថា តែមួយប៉ុណ្ណោះ
14) , 15) , 16)
បរិសុទ្ធិទាំង៣ក្នុងទីនេះ បានដល់បញ្ញាកថាតែមួយប៉ុណ្ណោះ
km/tipitaka/sut/mn/sut.mn.024.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann