តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មូលបណ្ណាសក » ឱបម្មវគ្គ »
ព្រះពុទ្ធពន្យល់ភិក្ខុដោយធ្វើសេចក្ដីឧបមាសមណព្រាហ្មណ៏ទៅនឹងពួកម្រឹគ។
mn 025 បាលី cs-km: sut.mn.025 អដ្ឋកថា: sut.mn.025_att PTS: ?
(ទី៥) និវាបសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៥. និវាបសុត្តំ)
[៣៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគគង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងសម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលព្រះពុទ្ធដីកា ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ នេវាបិកជន (ជនអ្នកដាំដំណាំ) មិនមែនដាំដំណាំ ជាចំណីដើម្បីពួកម្រឹគ ដោយគិតថា ពួកម្រឹគ ចូរទំពាស៊ី នូវដំណាំ ដែលអាត្មាអញដាំហើយនេះ ជាសត្វមានអាយុវែង មានសម្បុរល្អ ញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានយូរអង្វែងចុះ ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ នេវាបិកជន ដាំនូវដំណាំដើម្បីពួកម្រឹគ ដោយគិតយ៉ាងនេះវិញទេថា ពួកម្រឹគនឹងចូលមកលុកលុយដំណាំ ដែលអាត្មាអញដាំហើយនេះ ក៏មុខជានឹងភ្លេចខ្លួន ស៊ីនូវភោជនទាំងឡាយ លុះចូលមកលុកលុយភ្លេចខ្លួន ស៊ីនូវភោជនទាំងឡាយហើយ នឹងដល់នូវសេចក្តីស្រវឹង លុះស្រវឹងហើយ នឹងដល់នូវសេចក្តីប្រមាទ លុះមានសេចក្តីប្រមាទហើយ ជាសត្វគួរអាត្មាអញ នឹងធ្វើតាមសេចក្តីប្រាថ្នាបាន ព្រោះដំណាំនេះ។
[៤០] ម្នាលភិក្ខុទាំងឡាយ បណ្តាសត្វម្រឹគទាំងនោះ ពួកសត្វម្រឹគទី១ ចូលទៅលុកលុយដំណាំ ដែលនេវាបិកជន ដាំឯណោះហើយ ក៏ភ្លេចខ្លួន ស៊ីនូវភោជនទាំងឡាយ លុះពួកម្រឹគទាំងនោះ ចូលទៅលុកលុយ ភ្លេចខ្លួនក្នុងដំណាំនោះ ហើយស៊ី ក៏ដល់នូវសេចក្តីស្រវឹង លុះស្រវឹងហើយ ក៏ដល់នូវសេចក្តីប្រមាទ លុះប្រមាទហើយ ជាសត្វគួរនេវាបិកជន នឹងធ្វើតាមសេចក្តីប្រាថ្នាបាន ព្រោះដំណាំឯណោះ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ ពួកម្រឹគទី១ទាំងនោះ នឹងមិនរួចអំពីឥទ្ធានុភាព របស់នេវាបិកជនទេ។
[៤១] ម្នាលភិក្ខុទាំងឡាយ បណ្តាម្រឹគទាំងនោះ ពួកម្រឹគទី២ គិតព្រមគ្នា យ៉ាងនេះថា ពួកម្រឹគទី១ណា ចូលទៅលុកលុយដំណាំ ដែលនេវាបិកជន ដាំឯណោះហើយ ក៏ភ្លេចខ្លួន ស៊ីនូវភោជនទាំងឡាយ លុះពួកម្រឹគទាំងនោះ ចូលទៅលុកលុយភ្លេចខ្លួន ក្នុងដំណាំនោះ ហើយស៊ីនូវភោជនទាំងឡាយ ហើយដល់នូវសេចក្តីស្រវឹង លុះស្រវឹងហើយ ក៏ដល់នូវសេចក្តីប្រមាទ លុះប្រមាទហើយ ជាសត្វគួរនេវាបិកជន នឹងធ្វើតាមសេចក្តីប្រាថ្នាបាន ព្រោះដំណាំឯណោះ កាលបើយ៉ាងនេះ ពួកម្រឹគទី១នោះ នឹងមិនរួចអំពីឥទ្ធានុភាព របស់នេវាបិកជនទេ បើដូច្នោះ គួរតែយើងទាំងឡាយ វៀរ កុំស៊ីដំណាំទាំងអស់ និងវៀរចាកការស៊ី ដោយសេចក្តីភិតភ័យ ហើយគួរចូលទៅរកព្រៃជ្រៅ នៅតាមសប្បាយវិញ លុះម្រឹគទាំងនោះ គិតដូច្នោះហើយ ក៏នាំគ្នាវៀរចាកនិវាបភោជន (ដំណាំជានុយ) ទាំងអស់ វៀរចាកការស៊ីដោយសេចក្តីភិតភ័យ ក៏ចូលទៅកាន់ព្រៃជ្រៅហើយនៅ។ លុះដល់ខែជាទីបំផុតនៃគិម្ហរដូវ មានស្មៅ និងទឹកអស់ហើយ កាយរបស់ពួកម្រឹគទាំងនោះ ក៏ដល់នូវភាពស្គាំងស្គមក្រៃពេក លុះម្រឹគទាំងនោះ មានកាយដល់នូវភាពស្គាំងស្គមហើយ កម្លាំងកាយ និងសេចក្តីព្យាយាមក៏សាបសូន្យទៅ កាលបើកម្លាំងកាយ និងសេចក្តីព្យាយាមសាបសូន្យហើយ ពួកម្រឹគក៏នាំគ្នាត្រឡប់មករកដំណាំ ដែលនេវាបិកជនដាំនោះវិញ ទើបពួកម្រឹគទាំងនោះ ចូលទៅលុកលុយក្នុងដំណាំនោះ ហើយភ្លេចខ្លួន ស៊ីនូវភោជនទាំងឡាយ លុះពួកម្រឹគទាំងនោះ ចូលទៅលុកលុយ ក្នុងដំណាំនោះ ហើយភ្លេចខ្លួន ស៊ីនូវភោជនទាំងឡាយ ក៏ដល់នូវសេចក្តីស្រវឹង លុះស្រវឹងហើយ ក៏ដល់នូវសេចក្តីប្រមាទ លុះប្រមាទហើយ ជាសត្វគួរនេវាបិកជន នឹងធ្វើតាមសេចក្តីប្រាថ្នាបាន ព្រោះដំណាំឯណោះ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ ពួកម្រឹគទី២នោះ នឹងមិនរួច អំពីឥទ្ធានុភាព របស់នេវាបិកជនឡើយ។
[៤២] ម្នាលភិក្ខុទាំងឡាយ បណ្តាម្រឹគទាំងនោះ ពួកម្រឹគទី៣ គិតព្រមគ្នា យ៉ាងនេះថា ពួកម្រឹគទី១ណា (ចូលទៅលុកលុយ) នូវដំណាំ ដែលនេវាបិកជនដាំឯណោះ។បេ។ កាលបើយ៉ាងនេះ ពួកម្រឹគទី១នោះ ក៏មិនរួចអំពីឥទ្ធានុភាព របស់នេវាបិកជនទៅហើយ ឯពួកម្រឹគទី២ណា គិតព្រមគ្នាយ៉ាងនេះថា ពួកម្រឹគទី១ណា (ចូលទៅលុកលុយ) នូវដំណាំដែលនេវាបិកជនដាំឯណោះ។បេ។ កាលបើយ៉ាងនេះ ពួកម្រឹគទី១នោះ ក៏មិនរួចអំពីឥទ្ធានុភាព របស់នេវាបិកជនទៅហើយ បើដូច្នោះ គួរតែយើងទាំងឡាយ វៀរចាកនិវាបភោជនទាំងអស់ វៀរចាកការបរិភោគ ដោយសេចក្តីភិតភ័យ ហើយចូលទៅកាន់ព្រៃជ្រៅ នៅតាមសប្បាយ ពួកម្រឹគនោះ គិតដូច្នោះហើយ ក៏វៀរចាកនិវាបភោជនទាំងអស់ វៀរចាកការបរិភោគ ដោយសេចក្តីភិតភ័យ ហើយចូលទៅកាន់ព្រៃជ្រៅ នៅតាមសប្បាយ លុះដល់ខែជាទីបំផុត នៃគិម្ហរដូវ ដែលមានស្មៅ និងទឹកអស់ហើយ កាយរបស់ពួកម្រឹគទាំងនោះ ក៏ដល់នូវភាពស្គាំងស្គមក្រៃពេក លុះម្រឹគទាំងនោះ មានកាយដល់នូវភាពស្គាំងស្គមហើយ កម្លាំងកាយ និងកម្លាំងព្យាយាម ក៏សាបសូន្យទៅ កាលបើកម្លាំងកាយ និងសេចក្តីព្យាយាមសាបសូន្យហើយ ពួកម្រឹគទាំងនោះ ក៏ត្រឡប់មករកដំណាំ ដែលនេវាបិកជនដាំនោះវិញ ពួកម្រឹគទាំងនោះ ក៏ចូលទៅលុកលុយ ក្នុងដំណាំនោះភ្លេចខ្លួន ស៊ីនូវភោជនទាំងឡាយ លុះម្រឹគទាំងនោះ ចូលទៅលុកលុយ ក្នុងដំណាំនោះ ភ្លេចខ្លួន ស៊ីនូវភោជនទាំងឡាយ ក៏ដល់នូវសេចក្តីស្រវឹង លុះស្រវឹងហើយ ក៏ដល់នូវសេចក្តីប្រមាទ លុះប្រមាទហើយ ជាសត្វគួរនេវាបិកជន ធ្វើតាមសេចក្តីប្រាថ្នាបាន ព្រោះដំណាំឯណោះ កាលបើយ៉ាងនេះ ពួកម្រឹគទី២ ក៏មិនរួចអំពីឥទ្ធានុភាព របស់នេវាបិកជទៅហើយ បើដូច្នោះ គួរតែយើងទាំងឡាយ ចូលទៅអាស្រ័យដំណាំ ដែលនេវាបិកជនដាំឯណោះ ហើយសម្រេចទីនៅ (ឰដ៏ខាងក្រៅ) លុះសម្រេចទីនៅ ក្នុងទីនោះហើយ ពួកយើង នឹងកុំចូលទៅលុកលុយដំណាំ ដែលនេវាបិកជន គេដាំឯណោះភ្លេចខ្លួន ស៊ីនូវភោជនទាំងឡាយ លុះមិនចូលទៅលុកលុយ មិនភ្លេចខ្លួន គ្រាន់តែស៊ីនូវភោជនទាំងឡាយ នឹងមិនដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ នឹងមិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ ជាសត្វដែលនេវាបិកជន ធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯណោះ។ ពួកម្រឹគទី៣នោះ ក៏ចូលទៅអាស្រ័យដំណាំ ដែលនេវាបិកជនដាំឯណោះ ហើយសម្រេចទីនៅ (ឰដ៏ខាងក្រៅ) លុះសម្រេចទីនៅ ក្នុងទីនោះហើយ ក៏មិនចូលទៅលុកលុយដំណាំ ដែលនេវាបិកជនដាំឯណោះ មិនភ្លេចខ្លួន ស៊ីនូវភោជនទាំងឡាយ លុះពួកម្រឹគទាំងនោះ មិនចូលទៅលុកលុយភ្លេចខ្លួន ក្នុងដំណាំនោះ គ្រាន់តែស៊ីនូវភោជនទាំងឡាយ ក៏មិនដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ មិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ ជាសត្វគួរនេវាបិកជន ធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯណោះទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ នេវាបិកជន និងបរិសទ្យ របស់នេវាបិកជន មានសេចក្តីត្រិះរិះ ដូច្នេះថា អើក៏ពួកម្រឹគទី៣ទាំងនេះ ជាសត្វមានកលមាយា ដូចជាមានឫទ្ធិ ពួកម្រឹគទី៣នេះ ជាសត្វផ្សេងគ្នា (អំពីពួកម្រឹគទី១ ទី២) មកស៊ីដំណាំ ដែលអញដាំហើយនេះឯង យើងទាំងឡាយ មិនដឹងដំណើរមក និងដំណើរទៅ របស់វាទាំងនោះ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើរបងព័ទ្ធដំណាំ ដែលយើងទាំងឡាយដាំហើយនេះ ព្រមទាំងប្រទេសជុំវិញ ដោយកំណាត់ឈើ និងបង្កាត់ទាំងឡាយធំៗ គង់យើងទាំងឡាយ នឹងឃើញ នូវទីអាស្រ័យ របស់ពួកម្រឹគទី៣ នឹងចាប់ម្រឹគទាំងនោះ ត្រង់កន្លែង ដែលវានៅឲ្យបាន។ ជនទាំងឡាយនោះ នាំគ្នាធ្វើរបងព័ទ្ធដំណាំ ដែលខ្លួនដាំហើយឯណោះ ព្រមទាំងប្រទេសជុំវិញ ដោយកំណាត់ឈើ និងបង្កាត់ទាំងឡាយធំៗ។ ម្នាលភិក្ខុទាំងឡាយ នេវាបិកជនក្តី បរិសទ្យរបស់នេវាបិកជនក្តី បានឃើញទីនៅ របស់ពួកម្រឹគទី៣នោះហើយ ក៏ចាប់ពួកម្រឹគទាំងនោះ ត្រង់កន្លែងដែលវានៅ។ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះហើយ ពួកម្រឹគទី៣នោះ មិនរួចអំពីឥទ្ធានុភាព របស់នេវាបិកជនឡើយ។
[៤៣] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកម្រឹគទាំងនោះ ម្រឹគទី៤ គិតព្រមគ្នា យ៉ាងនេះថា ពួកម្រឹគទី១ណា។បេ។ កាលបើយ៉ាងនេះហើយ ពួកម្រឹគទី១នោះ មិនរួចអំពីឥទ្ធានុភាព របស់នេវាបិកជនទៅហើយ ឯពួកម្រឹគទី២ណា គិតព្រមគ្នាយ៉ាងនេះថា ពួកម្រឹគទី១ណា។បេ។ កាលបើយ៉ាងនេះហើយ ពួកម្រឹគទី១នោះ មិនរួចអំពីឥទ្ធានុភាព របស់នេវាបិកជនទៅហើយ បើដូច្នោះ គួរតែយើងទាំងឡាយ។បេ។ កាលបើយ៉ាងនេះហើយ ពួកម្រឹគទី២នោះ មិនរួចអំពីឥទ្ធានុភាព របស់នេវាបិកជនទៅហើយ ឯពួកម្រឹគទី៣ណា គិតព្រមគ្នា យ៉ាងនេះថា ពួកម្រឹគទី១ណា។បេ។ កាលបើយ៉ាងនេះហើយ ពួកម្រឹគទី១នោះ មិនរួចអំពីឥទ្ធានុភាព របស់នេវាបិកជនទៅហើយ ឯពួកម្រឹគទី២ណា គិតព្រមគ្នា យ៉ាងនេះថា ពួកម្រឹគទី១ណា។បេ។ កាលបើយ៉ាងនេះហើយ ពួកម្រឹគទី១នោះ មិនរួចអំពីឥទ្ធានុភាព របស់នេវាបិកជនទៅហើយ បើដូច្នោះ គួរតែយើងទាំងឡាយ។បេ។ កាលបើយ៉ាងនេះ ពួកម្រឹគទី២ទាំងនោះ មិនរួចអំពីឥទ្ធានុភាព របស់នេវាបិកជនទៅហើយ បើដូច្នោះ មានតែយើងទាំងឡាយ គប្បីចូលទៅអាស្រ័យដំណាំ ដែលនេវាបិកជន ដាំឯណោះហើយសម្រេចទីនៅ លុះសម្រេចទីនៅក្នុងទីនោះហើយ ពួកយើងនឹងកុំចូលទៅលុកលុយដំណាំ ដែលនេវាបិកជនដាំឯណោះ កុំភ្លេចខ្លួនស៊ីនូវភោជនទាំងឡាយ លុះមិនចូលមកលុកលុយ មិនភ្លេចខ្លួន គ្រាន់តែស៊ីនូវភោជនទាំងឡាយ ក៏នឹងមិនដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ នឹងមិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ នឹងជាសត្វគួរនេវាបិកជន ធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯណោះឡើយ ទើបពួកម្រឹគទី៣នោះ ចូលទៅអាស្រ័យដំណាំ ដែលនេវាបិកជនគេដាំឯណោះ ហើយសម្រេចទីនៅ លុះសម្រេចទីនៅក្នុងទីនោះហើយ ក៏មិនចូលទៅលុកលុយដំណាំ ដែលនេវាបិកជនគេដាំឯណោះ មិនភ្លេចខ្លួន គ្រាន់តែស៊ីនូវភោជនទាំងឡាយ ពួកម្រឹគទី៣នោះ មិនចូលមកលុកលុយដំណាំនោះ មិនភ្លេចខ្លួន គ្រាន់តែស៊ីនូវភោជនទាំងឡាយ ក៏មិនដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ ក៏មិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ ជាសត្វគួរនេវាបិកជន ធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯណោះឡើយ។ ក្នុងសម័យនោះ នេវាបិកជន និងបរិសទ្យ របស់នេវាបិកជន មានសេចក្តីត្រិះរិះ ដូច្នេះថា អើក៏ ពួកម្រឹគទី៣នេះ មានកលមាយាសិក្សាហើយ ដូចជាសត្វមានឫទ្ធិ ពួកម្រឹគទី៣នេះ ជាសត្វផ្សេង ក្រៅអំពីម្រឹគទី១ និងម្រឹគទី២។បេ។ លុះនេវាបិកជន និងពួកបរិសទ្យ របស់នេវាបិកជន បានឃើញទីនៅនៃពួកម្រឹគទី៣ហើយ ក៏ចូលទៅចាប់ម្រឹគទាំងនោះ ត្រង់ទីដែលវានៅ កាលបើយ៉ាងនេះ ពួកម្រឹគទី៣នោះ មិនរួចអំពីឥទ្ធានុភាព របស់នេវាបិកជនទៅហើយ បើដូច្នោះ ទីត្រង់ណា ដែលមិនមែនជាវិស័យ របស់នេវាបិកជន និងនេវាបិកបរិសទ្យ គួរយើងទាំងឡាយ សម្រេចនូវទីនៅ ត្រង់កន្លែងនោះ លុះសម្រេចទីនៅ ត្រង់ទីនោះហើយ កុំចូលទៅលុកលុយដំណាំ ដែលនេវាបិកជនដាំឯណោះ កុំភ្លេចខ្លួន គ្រាន់តែស៊ីនូវភោជនទាំងឡាយ នឹងមិនដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ នឹងមិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ នឹងជាសត្វ គួរនេវាបិកជន ធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯណោះ។ ទើបពួកម្រឹគទាំងនោះ សម្រេចទីនៅ ត្រង់ដែលមិនមែនជាវិស័យ របស់នេវាបិកជន និងនេវាបិកបរិសទ្យនោះ លុះសម្រេចនូវទីអាស្រ័យ ក្នុងទីនោះហើយ ក៏មិនចូលទៅលុកលុយដំណាំ ដែលនេវាបិកជនដាំឯណោះ មិនភ្លេចខ្លួន គ្រាន់តែស៊ីនូវភោជនទាំងឡាយ លុះម្រឹគទាំងនោះ មិនចូលទៅលុកលុយ មិនភ្លេចខ្លួន ក្នុងដំណាំនោះហើយ គ្រាន់តែស៊ីនូវភោជនទាំងឡាយ ក៏មិនដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ ក៏មិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ ជាសត្វគួរនេវាបិកជន ធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯណោះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ នេវាបិកជន និងនេវាបិកបរិសទ្យ មានសេចក្តីត្រិះរិះដូច្នេះថា អើក៏ ពួកម្រឹគទី៤នេះ មានកលមាយាសិក្សាហើយ ដូចជាសត្វមានឫទ្ធិ ពួកម្រឹគទី៤នេះ ជាសត្វផ្សេងក្រៅអំពីម្រឹគទី១ ទី២ ទី៣ នោះ តែងស៊ីនូវដំណាំ ដែលយើងទាំងឡាយដាំហើយនេះ ឯយើងទាំងឡាយ មិនដឹងនូវដំណើរមក និងដំណើរទៅ របស់ពួកវា បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើរបងព័ទ្ធដំណាំ ដែលយើងដាំហើយនេះ ព្រមទាំងប្រទេសជុំវិញ ដោយកំណាត់ឈើ និងបង្កាត់ទាំងឡាយធំៗ ដោយគិតថា ធ្វើដូចម្តេច ពួកយើង នឹងឃើញនូវទីនៅ របស់ពួកម្រឹគទី៤ ពួកម្រឹគទាំងនោះ គប្បីចូលទៅកាន់ទីគួរចាប់បានហ្ន៎ (លុះគិតដូច្នេះហើយ) ជនទាំងឡាយនោះ ក៏ធ្វើរបងព័ទ្ធដំណាំ ដែលខ្លួនដាំឯណោះ ព្រមទាំងប្រទេសជុំវិញ ដោយកំណាត់ឈើ និងបង្កាត់ទាំងឡាយធំៗ។ ម្នាលភិក្ខុទាំងឡាយ នេវាបិកជនក្តី នេវាបិកបរិសទ្យក្តី មិនបានឃើញទីអាស្រ័យ របស់ពួកម្រឹគទី៤ទេ ក៏នាំគ្នាទៅរកចាប់ម្រឹគទាំងនោះ ត្រង់កន្លែងដែលវានៅ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ នេវាបិកជន និងនេវាបិកបរិសទ្យ មានសេចក្តីត្រិះរិះ ដូច្នេះថា ប្រសិនបើ យើងទាំងឡាយ សម្លាប់នូវពួកម្រឹគទី៤ហើយ អ្នកទាំងឡាយដទៃ មុខជានឹងសម្លាប់នូវម្រឹគ ដែលយើងសម្លាប់នោះដែរ កាលបើយ៉ាងនេះ ពួកម្រឹគមុខជានឹងបោះបង់ចោល នូវដំណាំដែលយើងទាំងឡាយ ដាំហើយនេះ ដោយប្រការទាំងពួង បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើព្រងើយកន្តើយ នឹងពួកម្រឹគទី៤។ ម្នាលភិក្ខុទាំងឡាយ នេវាបិកជនក្តី នេវាបិកបរិសទ្យក្តី ក៏ធ្វើព្រងើយកន្តើយ នឹងពួកម្រឹគទី៤ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ ពួកម្រឹគទី៤នោះ រួចអំពីឥទ្ធានុភាព របស់នេវាបិកជនបាន។
[៤៤] ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមានេះឯង តថាគតធ្វើដើម្បីបញ្ជាក់សេចក្តីឲ្យច្បាស់លាស់។ សេចក្តីក្នុងរឿងឧបមានុ៎ះ ដូចតទៅនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា ដំណាំនោះ ជាឈ្មោះនៃកាមគុណ៥ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា នេវាបិកជន (អ្នកដាំដំណាំ) នុ៎ះ ជាឈ្មោះនៃមារដែលមានចិត្តអាក្រក់។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា ពួកនេវាបិកបរិស័ទនុ៎ះ ជាឈ្មោះរបស់បរិស័ទនៃមារ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា ពួកម្រឹគនុ៎ះ ជាឈ្មោះនៃសមណៈ និងព្រាហ្មណ៍ទាំងឡាយ។
[៤៥] ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ពួកទី១ លុកលុយដំណាំ ដែលមារដាំហើយឯណោះ និងលោកាមិសៈ (អាមិសៈក្នុងលោក) ទាំងឡាយឯណោះ ភ្លេចខ្លួនបរិភោគភោជនទាំងឡាយ កាលពួកសមណព្រាហ្មណ៍ទាំងនោះ លុកលុយក្នុងដំណាំ និងអាមិសៈក្នុងលោកនោះហើយ ភ្លេចខ្លួន បរិភោគភោជនទាំងឡាយ ហើយដល់នូវសេចក្តីស្រវឹង លុះស្រវឹងហើយ ក៏ដល់នូវសេចក្តីប្រមាទ លុះប្រមាទហើយ ជាអ្នកគួរមារធ្វើតាមសេចក្តីប្រាថ្នាបាន ព្រោះដំណាំឯណោះផង ព្រោះលោកាមិសៈឯណោះផង ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ សមណៈ និងព្រាហ្មណ៍ពួកទី១នោះ មិនរួចអំពីឥទ្ធានុភាពរបស់មារទេ។ ម្នាលភិក្ខុទាំងឡាយ ពួកម្រឹគទី១នោះ មានសេចក្តីឧបមាយ៉ាងណា តថាគត ពោលនូវសមណព្រាហ្មណ៍ទាំងឡាយទី១នេះថា មានឧបមេយ្យដូច្នោះដែរ។
[៤៦] ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ពួកទី២ គិតព្រមគ្នា យ៉ាងនេះថា សមណៈ និងព្រាហ្មណ៍ពួកទី១ណា លុកលុយដំណាំ ដែលមារដាំហើយឯណោះ និងលោកាមិសៈឯណោះ ភ្លេចខ្លួនបរិភោគភោជនទាំងឡាយ កាលសមណព្រាហ្មណ៍ទាំងនោះ លុកលុយក្នុងដំណាំ និងលោកាមិសៈនោះភ្លេចខ្លួន បរិភោគភោជនទាំងឡាយ ហើយដល់នូវសេចក្តីស្រវឹង លុះស្រវឹងហើយ ក៏ដល់នូវសេចក្តីប្រមាទ លុះប្រមាទហើយ ជាអ្នកគួរមារធ្វើតាមសេចក្តីប្រាថ្នាបាន ព្រោះដំណាំឯណោះផង ព្រោះលោកាមិសៈឯណោះផង កាលបើយ៉ាងនេះ សមណៈ និងព្រាហ្មណ៍ពួកទី១នោះ មិនរួចអំពីឥទ្ធានុភាព របស់មារទៅហើយ បើដូច្នោះ មានតែយើងទាំងឡាយ វៀរចាកនិវាបភោជន និងលោកាមិសៈចេញ ដោយប្រការទាំងពួង វៀរចាកការបរិភោគ ព្រោះសេចក្តីខ្លាចចេញ ហើយចូលទៅរកព្រៃជ្រៅនៅតាមសប្បាយ លុះសមណព្រាហ្មណ៍ទាំងនោះ គិតដូច្នេះហើយ ក៏វៀរចាកនិវាបភោជន និងលោកាមិសៈ ដោយប្រការទាំងពួង ពួកសមណព្រាហ្មណ៍ទាំងនោះ បានវៀរចាកនិវាបភោជន និងលោកាមិសៈ ដោយប្រការទាំងពួង ទាំងវៀរចាកបរិភោគព្រោះសេចក្តីខ្លាចហើយ ចូលទៅកាន់ព្រៃជ្រៅនៅតាមសប្បាយ ពួកសមណព្រាហ្មណ៍ទាំងនោះ មានបន្លែស្រស់ជាអាហារខ្លះ មានអង្ករស្រងែជាអាហារខ្លះ មានស្កួយជាអាហារខ្លះ មានកំទេច (ចំនៀរស្បែក) ជាអាហារខ្លះ មានបន្លែ ឬសារាយជាអាហារខ្លះ មានកុណ្ឌក ជាអាហារខ្លះ មានបាយក្តាំង ជាអាហារខ្លះ មានម្សៅ ជាអាហារខ្លះ មានស្មៅ ជាអាហារខ្លះ មានអាចម៍គោ ជាអាហារខ្លះ មានមើមឈើ និងផ្លែឈើ ក្នុងព្រៃជាអាហារខ្លះ មានផ្លែឈើ ដែលជ្រុះឯង ជាភោជនខ្លះ ញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅក្នុងដងព្រៃជ្រៅនោះ លុះដល់ខែជាទីបំផុត នៃគិម្ហៈរដូវ មានស្មៅ និងទឹកអស់ហើយ កាយរបស់សមណព្រាហ្មណ៍ទាំងនោះ ក៏ដល់នូវភាពស្គាំងស្គមក្រៃពេក លុះមានកាយដល់នូវភាពស្គាំងស្គមហើយ កម្លាំង និងសេចក្តីព្យាយាម ក៏សាបសូន្យទៅ កាលបើកម្លាំង និងសេចក្តីព្យាយាមសាបសូន្យហើយ ចេតោវិមុត្តិ ក៏សាបសូន្យទៅដែរ កាលបើចេតោវិមុត្តិសាបសូន្យហើយ ពួកសមណព្រាហ្មណ៍ទាំងនោះ ត្រឡប់មកកាន់ដំណាំ ដែលមារដាំហើយនោះវិញផង មកកាន់លោកាមិសៈទាំងឡាយនោះផង ពួកសមណព្រាហ្មណ៍ទាំងនោះ បានលុកលុយ ក្នុងដំណាំ និងលោកាមិសៈនោះហើយ ភ្លេចខ្លួនបរិភោគភោជនទាំងឡាយ កាលសមណព្រាហ្មណ៍ទាំងនោះ លុកលុយភ្លេចខ្លួន ក្នុងដំណាំ និងលោកាមិសៈនោះ បរិភោគភោជន ហើយដល់នូវសេចក្តីស្រវឹង លុះស្រវឹងហើយ ក៏ដល់នូវសេចក្តីប្រមាទ លុះប្រមាទហើយ ជាអ្នកគួរមារធ្វើតាមសេចក្តីប្រាថ្នាបាន ព្រោះដំណាំឯណោះផង ព្រោះលោកាមិសៈឯណោះផង ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ សមណព្រាហ្មណ៍ពួកទី២ នោះ មិនរួចអំពីឥទ្ធានុភាពនៃមារទេ។ ម្នាលភិក្ខុទាំងឡាយ ពួកម្រឹគទី២នោះ មានសេចក្តីឧបមា ដូចម្តេចមិញ តថាគត ពោលនូវសមណព្រាហ្មណ៍ទាំងឡាយ ទី២នេះ ថា មានឧបមេយ្យ ដូច្នោះដែរ។
[៤៧] ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ទី៣ គិតគ្នាយ៉ាងនេះថា ពួកសមណព្រាហ្មណ៍ ទី១ណា។បេ។ កាលបើយ៉ាងនេះ ពួកសមណព្រាហ្មណ៍ ទី១នោះ មិនរួចអំពីឥទ្ធានុភាព របស់មារទៅហើយ ទាំងពួកសមណព្រាហ្មណ៍ ទី២ណា គិតព្រមគ្នា យ៉ាងនេះថា ពួកសមណព្រាហ្មណ៍ ទី១ណា។បេ។ កាលបើយ៉ាងនេះ ពួកសមណព្រាហ្មណ៍ ទី១នោះ មិនរួចអំពីឥទ្ធានុភាព របស់មារទៅហើយ បើដូច្នោះ មានតែយើងទាំងឡាយ គប្បីវៀរចាកនិវាបភោជន និងលោកាមិសៈចេញ ដោយប្រការទាំងពួង ទាំងវៀរចាកការបរិភោគ ព្រោះសេចក្តីខ្លាច ហើយចូលទៅកាន់ព្រៃជ្រៅ នៅតាមសប្បាយ លុះសមណព្រាហ្មណ៍ទី២ទាំងនោះ គិតដូច្នេះហើយ ក៏វៀរចាកនិវាបភោជន និងលោកាមិសៈចេញ ដោយសព្វគ្រប់ វៀរចាកការបរិភោគ ព្រោះសេចក្តីខ្លាច ហើយចូលទៅកាន់ព្រៃជ្រៅ នៅតាមសប្បាយ ពួកសមណព្រាហ្មណ៍ទាំងនោះ មានបន្លែស្រស់ ជាអាហារខ្លះ។បេ។ មានផ្លែឈើ ដែលជ្រុះឯង ជាភោជនខ្លះ ក្នុងដងព្រៃនោះ លុះដល់ខែជាខាងចុង នៃគិម្ហៈរដូវ មានស្មៅ និងទឹកអស់ហើយ កាយរបស់សមណព្រាហ្មណ៍ទាំងនោះ ក៏ដល់នូវភាពស្គាំងស្គមក្រៃពេក លុះសមណព្រាហ្មណ៍ទាំងនោះ មានកាយដល់នូវភាពស្គាំងស្គមក្រៃពេកហើយ កម្លាំង និងសេចក្តីព្យាយាម ក៏សាបសូន្យទៅ កាលបើកម្លាំង និងសេចក្តីព្យាយាមសាបសូន្យហើយ ចេតោវិមុត្តិ ក៏សាបសូន្យដែរ កាលបើចេតោវិមុត្តិសាបសូន្យហើយ ពួកសមណព្រាហ្មណ៍ទី២នោះ ក៏ត្រឡប់មកកាន់ដំណាំ ដែលមារដាំហើយនោះផង ត្រឡប់មកកាន់លោកាមិសៈទាំងឡាយនោះផង ពួកសមណព្រាហ្មណ៍ទាំងនោះ លុកលុយក្នុងដំណាំ និងលោកាមិសៈនោះ ភ្លេចខ្លួនបរិភោគភោជនទាំងឡាយ កាលពួកសមណព្រាហ្មណ៍ទាំងនោះ លុកលុយក្នុងដំណាំនោះ ភ្លេចខ្លួនបរិភោគភោជនទាំងឡាយ ហើយដល់នូវសេចក្តីស្រវឹង លុះស្រវឹងហើយ ក៏ដល់នូវសេចក្តីប្រមាទ លុះប្រមាទហើយ ជាអ្នកគួរមារធ្វើតាមសេចក្តីប្រាថ្នាបាន ព្រោះដំណាំឯណោះផង ព្រោះលោកាមិសៈឯណោះផង កាលបើយ៉ាងនេះ ពួកសមណព្រាហ្មណ៍ទី២នោះ មិនរួចអំពីឥទ្ធានុភាព របស់មារទៅហើយ បើដូច្នោះ មានតែយើងទាំងឡាយ នៅអាស្រ័យនឹងដំណាំ ដែលមារដាំហើយ ឯណោះផង អាស្រ័យនឹងលោកាមិសៈឯណោះផង ហើយគប្បីសម្រេចទីនៅអាស្រ័យ លុះសម្រេចទីនៅអាស្រ័យ ក្នុងទីនោះហើយ យើងកុំលុកលុយភ្លេចខ្លួន នឹងដំណាំ ដែលមារដាំហើយនោះផង និងលោកមិសៈឯណោះផង គ្រាន់តែបរិភោគភោជនទាំងឡាយ កាលបើយើងមិនលុកលុយ មិនភ្លេចខ្លួន គ្រាន់តែបរិភោគភោជន ក៏នឹងមិនដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ ក៏នឹងមិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ និងជាអ្នកគួរមារធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯណោះផង ព្រោះលោកាមិសៈឯណោះផង លុះពួកសមណព្រាហ្មណ៍ទី៣នោះ គិតដូច្នេះហើយ ក៏ចូលទៅអាស្រ័យដំណាំ ដែលមារដាំហើយឯណោះ និងលោកាមិសៈទាំងឡាយឯណោះ ហើយសម្រេចទីនៅអាស្រ័យ។ លុះសម្រេចទីនៅអាស្រ័យ ក្នុងទីនោះហើយ ក៏មិនបានលុកលុយ មិនបានភ្លេចខ្លួននឹងដំណាំ ដែលមារដាំហើយឯណោះ និងលោកាមិសៈទាំងឡាយឯណោះ មិនភ្លេចខ្លួន គ្រាន់តែបរិភោគភោជនទាំងឡាយ ក៏មិនដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ ក៏មិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ ជាអ្នកគួរមារធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯណោះផង ព្រោះលោកាមិសៈឯណោះឯង។ មួយវិញទៀត ពួកសមណព្រាហ្មណ៍ទី៣ មានសេចក្តីយល់យ៉ាងនេះថា លោកទៀង ដូច្នេះខ្លះ លោកមិនទៀង ដូច្នេះខ្លះ លោកមានទីបំផុត ដូច្នេះខ្លះ លោកមិនមានទីបំផុត ដូច្នេះខ្លះ ជីវិតនោះ គឺសរីរៈនោះ ដូច្នេះខ្លះ ជីវិតក៏ដទៃ សរីរៈក៏ដទៃ ដូច្នេះខ្លះ សត្វទៅខាងមុខអំពីសេចក្តីស្លាប់ កើតទៀត ដូច្នេះខ្លះ សត្វទៅខាងមុខអំពីសេចក្តីស្លាប់ មិនកើតទៀត ដូច្នេះខ្លះ សត្វទៅខាងមុខអំពីសេចក្តីស្លាប់ កើតទៀតក៏មាន មិនកើតទៀតក៏មាន ដូច្នេះខ្លះ សត្វទៅខាងមុខអំពីសេចក្តីស្លាប់ មិនកើតទៀតក៏មាន មិនមែនជាមិនកើតទៀត ក៏មាន ដូច្នេះខ្លះ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ ពួកសមណព្រាហ្មណ៍ទី៣នោះ មិនរួចអំពីឥទ្ធានុភាព នៃមារទេ។ ម្នាលភិក្ខុទាំងឡាយ ពួកម្រឹគទី៣នោះ មានឧបមាដូចម្តេចមិញ តថាគតពោលនូវសមណព្រាហ្មណ៍ទី៣នេះថា មានឧបមេយ្យដូច្នោះដែរ។
[៤៨] ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ទី៤ គិតគ្នាយ៉ាងនេះថា ពួកសមណព្រាហ្មណ៍ទី១ណា។បេ។ កាលបើយ៉ាងនេះ ពួកសមណព្រាហ្មណ៍ទី១នោះ មិនរួចអំពីឥទ្ធានុភាព នៃមារទៅហើយ ពួកសមណព្រាហ្មណ៍ទី២ណា គិតព្រមគ្នាយ៉ាងនេះថា ពួកសមណព្រាហ្មណ៍ទី១ណា។បេ។ កាលបើយ៉ាងនេះ ពួកសមណព្រាហ្មណ៍ទី១នោះ មិនរួចអំពីឥទ្ធានុភាព នៃមារទៅហើយ បើដូច្នោះ មានតែយើងទាំងឡាយ។បេ។ កាលបើយ៉ាងនេះ ពួកសមណព្រាហ្មណ៍ទី២នោះ មិនរួចអំពីឥទ្ធានុភាព នៃមារទៅហើយ ពួកសមណព្រាហ្មណ៍ទី៣ណា គិតព្រមគ្នា យ៉ាងនេះថា ពួកសមណព្រាហ្មណ៍ទី១ណា។បេ។ កាលបើយ៉ាងនេះហើយ ពួកសមណព្រាហ្មណ៍ទី១នោះ មិនរួចអំពីឥទ្ធានុភាព នៃមារទៅហើយ ពួកសមណព្រាហ្មណ៍ទី២ណា គិតព្រមគ្នាយ៉ាងនេះថា ពួកសមណព្រាហ្មណ៍ទី១ណា។បេ។ កាលបើយ៉ាងនេះ ពួកសមណព្រាហ្មណ៍ទី១នោះ មិនរួចអំពីឥទ្ធានុភាព នៃមារទៅហើយ បើដូច្នោះ មានតែយើងទាំងឡាយ។បេ។ កាលបើយ៉ាងនេះ ពួកសមណព្រាហ្មណ៍ទី២នោះ មិនរួចអំពីឥទ្ធានុភាព នៃមារទៅហើយ បើដូច្នោះ មានតែយើងទាំងឡាយ ចូលទៅអាស្រ័យដំណាំ ដែលមារដាំហើយឯណោះ និងលោកាមិសៈទាំងឡាយ ឯណោះ ហើយគប្បីសម្រេចទីនៅអាស្រ័យ លុះសម្រេចទីនៅអាស្រ័យ ក្នុងទីនោះហើយ យើងកុំលុកលុយ កុំភ្លេចខ្លួន នឹងដំណាំ ដែលមារដាំហើយ ឯណោះផង និងលោកាមិសៈទាំងឡាយឯណោះផង។បេ។ កាលបើយើងមិនលុកលុយ មិនភ្លេចខ្លួន គ្រាន់តែបរិភោគភោជនទាំងឡាយ នឹងមិនដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ នឹងមិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ នឹងជាអ្នកគួរមារធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯណោះផង ព្រោះលោកាមិសៈឯណោះផង លុះសមណព្រាហ្មណ៍ទាំងនោះ គិតដូច្នេះហើយ ក៏ចូលទៅអាស្រ័យដំណាំ ដែលមារដាំហើយឯណោះ និងលោកាមិសៈទាំងឡាយឯណោះ ហើយសម្រេចទីនៅអាស្រ័យ លុះសម្រេចទីនៅអាស្រ័យ ក្នុងទីនោះហើយ មិនលុកលុយ មិនភ្លេចខ្លួន នឹងដំណាំ ដែលមារដាំហើយឯណោះផង និងលោកាមិសៈទាំងឡាយឯណោះផង គ្រាន់តែបរិភោគភោជនទាំងឡាយ កាលសមណព្រាហ្មណ៍ទី៣ទាំងនោះ មិនបានលុកលុយ មិនបានភ្លេចខ្លួនក្នុងដំណាំនោះហើយ គ្រាន់តែបរិភោគភោជនទាំងឡាយ ក៏មិនដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ ក៏មិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ ជាអ្នកគួរមារធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯណោះផង ព្រោះលោកាមិសៈឯណោះផង។ តែសមណព្រាហ្មណ៍ទី៣ទាំងនោះ មានសេចក្តីយល់ឃើញយ៉ាងនេះថា លោកទៀតដូចម្តេចខ្លះ។បេ។ សត្វទៅខាងមុខអំពីសេចក្តីស្លាប់ មិនកើតទៀតក៏មាន មិនមែនមិនកើតទៀត ក៏មាន ដូច្នេះខ្លះ កាលបើយ៉ាងនេះ ពួកសមណព្រាហ្មណ៍ទី៣នោះ មិនរួចអំពីឥទ្ធានុភាព របស់មារទៅហើយ បើដូច្នោះ មានតែយើងទាំងឡាយ សម្រេចទីនៅអាស្រ័យ ត្រង់ទីដែលមិនមែនជាដំណើរ នៃមារ និងបរិស័ទរបស់មារ លុះសម្រេចទីនៅអាស្រ័យ ក្នុងទីនោះហើយ យើងកុំលុកលុយដំណាំ ដែលមារដាំហើយឯណោះ និងលោកាមិសៈទាំងឡាយឯណោះ មិនភ្លេចខ្លួន គ្រាន់តែបរិភោគភោជនទាំងឡាយ កាលបើយើងមិនលុកលុយ មិនភ្លេចខ្លួន គ្រាន់តែបរិភោគ នូវភោជនទាំងឡាយ នឹងមិនដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ នឹងមិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ នឹងជាអ្នកគួរមារធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯណោះផង ព្រោះលោកាមិសៈឯណោះផង ទើបពួកសមណព្រាហ្មណ៍ទាំងនោះសម្រេចទីនៅអាស្រ័យ ត្រង់ទីដែលមិនមែនជាដំណើរនៃមារ និងបរិស័ទរបស់មារ លុះសម្រេចទីនៅអាស្រ័យ ក្នុងទីនោះហើយ ក៏មិនបានលុកលុយដំណាំ ដែលមារដាំហើយឯណោះ និងលោកាមិសៈទាំងឡាយឯណោះ មិនភ្លេចខ្លួន គ្រាន់តែបរិភោគ នូវភោជនទាំងឡាយ កាលពួកសមណព្រាហ្មណ៍ទាំងនោះ មិនលុកលុយ មិនភ្លេចខ្លួនក្នុងដំណាំ និងលោកាមិសៈនោះហើយ គ្រាន់តែបរិភោគ នូវភោជនទាំងឡាយ ក៏មិនដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ ក៏មិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ ជាអ្នកគួរមារធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯណោះផង ព្រោះលោកាមិសៈឯណោះផង ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ ពួកសមណព្រាហ្មណ៍ទី៤នោះ ទើបរួចអំពីឥទ្ធានុភាពនៃមារបាន។ ម្នាលភិក្ខុទាំងឡាយ ពួកម្រឹគទី៤នោះ មានសេចក្តីឧបមា ដូចម្តេចមិញ តថាគត ពោលនូវពួកសមណព្រាហ្មណ៍ទី៤នេះ ថាមានឧបមេយ្យ ដូច្នោះដែរ។
[៤៩] ម្នាលភិក្ខុទាំងឡាយ ចុះទីដែលមិនមែនជាដំណើររបស់មារ និងបរិស័ទនៃមារ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ និងបីតិ សុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍ ម្នាលភិក្ខុទាំងឡាយ នេះតថាគត ហៅថា ភិក្ខុធ្វើនូវមារឲ្យខ្វាក់ បំបែកភ្នែក មិនឲ្យឃើញស្នាមជើង ដល់នូវវិស័យ ដែលមារមានចិត្តលាមក រកមិនឃើញ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុនោះ ព្រោះចូលទៅរម្ងាប់នូវវិតក្កៈ វិចារៈ រួចហើយ ក៏បានចូលដល់ទុតិយជ្ឈាន ជាទីផូរផង់ ប្រព្រឹត្តទៅខាងក្នុង ក៏ញ៉ាំងចិត្តជាសមាធិ ឲ្យចម្រើនឡើង គ្មានវិតក្កៈ វិចារៈ ទេ មានតែបីតិ និងសុខៈ កើតអំពីសមាធិ។បេ។ ហើយក៏បានចូលកាន់តតិយជ្ឈាន។បេ។ ចូលកាន់ចតុត្ថជ្ឈាន ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា ភិក្ខុ បានធ្វើមារឲ្យខ្វាក់ បំបែកភ្នែកមិនឲ្យឃើញស្នាមជើង ដល់នូវវិស័យដែលមារមានចិត្តលាមករកមិនឃើញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ ព្រោះប្រព្រឹត្តកន្លងនូវរូបសញ្ញា ព្រោះដល់នូវសេចក្តីវិនាស នៃបដិឃសញ្ញា ព្រោះមិនបានធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ដោយប្រការទាំងពួង ក៏ចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត ដូច្នេះ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា ភិក្ខុបានធ្វើនូវមារឲ្យខ្វាក់ បំបែកភ្នែក មិនឲ្យឃើញស្នាមជើង ដល់នូវវិស័យ ដែលមារមានចិត្តលាមក រកមិនឃើញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ ព្រោះកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយសព្វគ្រប់ ក៏ចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត) ថា វិញ្ញាណមិនមានទីបំផុត ដូច្នេះ។បេ។ ភិក្ខុ ព្រោះកន្លង នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត) ថា អ្វីតិចតួចមិនមានដូច្នេះ។បេ។ ភិក្ខុ ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន។បេ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ ព្រោះកន្លង នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលកាន់សញ្ញាវេទយិតនិរោធ (រលត់សញ្ញា និងវេទនា) ទើបអាសវៈទាំងឡាយ របស់ភិក្ខុនោះ ក៏អស់ទៅ ព្រោះឃើញ (នូវអរិយសច្ច) ដោយមគ្គបញ្ញា ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា ភិក្ខុបានធ្វើមារឲ្យខ្វាក់ បំបែកភ្នែកមិនឲ្យឃើញស្នាមជើង ដល់នូវវិស័យដែលមារមានចិត្តលាមក រកមិនឃើញ ជាអ្នកឆ្លងនូវតណ្ហា ដែលចំពាក់នៅក្នុងលោក។ លុះព្រះមានព្រះភាគ សំដែងនិវាបសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ និវាបសូត្រ ទី៥។