User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.026

បាសរាសិសូត្រ ទី៦

សង្ខេប

តើ​អ្នក​ពិត​ជា​ស្វែង​រក​សុភមង្គល ​ក្នុង​រយៈ​ពេលយូរ​ នៅ​កន្លែង​ត្រឹម​ត្រូវ​មែន​ទេ? តើ​ដំណើរ​ស្វែង​រក​ដ៏​ក្លាហាន​ជា​អ្វី? ព្រះ​ពុទ្ធ​​​បាន​រំលឹក​អំពី​ការ​ស្វែង​រក​ការ​ពិត​ដ៏​ប្រសើរ​របស់​ព្រះ​អង្គ​ផ្ទាល់​មុន​នឹង​ការ​ត្រាស់​ដឹង។

mn 026 បាលី cs-km: sut.mn.026 អដ្ឋកថា: sut.mn.026_att PTS: ?

(ទី៦) បាសរាសិសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក សុខ វិបុល

(៦. បាសរាសិសុត្តំ)

[៥០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់​សម្រេច​ព្រះ​ឥរិយាបថ​​ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសវត្ថី។ គ្រានោះឯង ព្រះមាន​​ព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយស្តេចទៅ​កាន់​​ក្រុង​សាវត្ថី ដើម្បីបិណ្ឌបាត។ លំដាប់នោះឯង ពួកភិក្ខុច្រើនរូប ចូលទៅរក​ព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះអានន្ទយ៉ាងនេះថា ម្នាលអានន្ទមានអាយុ យើង​ទាំងឡាយ ខានស្តាប់ធម្មីកថា ចំពោះព្រះភក្ត្រ​ព្រះមានព្រះភាគ មកយូរហើយ ម្នាលអាវុសោអានន្ទ សូមឲ្យយើងទាំងឡាយ បាន​ស្តាប់​ធម្មីកថា ចំពោះព្រះភក្ត្រ នៃ​ព្រះមាន​ព្រះភាគផង។ ព្រះអានន្ទឆ្លើយតបថា លោកមាន​អាយុទាំងឡាយ បើដូច្នោះ ចូរលោក​ទាំងឡាយ ចូលទៅកាន់អាស្រម របស់​រម្មកព្រាហ្មណ៍ ទើបលោកទាំងឡាយ នឹង​បានស្តាប់ធម្មីកថា ចំពោះព្រះភក្ត្រ នៃ​ព្រះមាន​ព្រះភាគ។ ភិក្ខុទាំងនោះ ក៏ទទួល​ពាក្យ​ព្រះអានន្ទ​មានអាយុថា ករុណា អាវុសោ។ គ្រានោះ ព្រះមានព្រះភាគ ស្តេចទៅ​បិណ្ឌបាត ក្នុងក្រុងសាវត្ថី លុះត្រឡប់មកពី​បិណ្ឌបាត ធ្វើភត្តកិច្ចស្រេចហើយ ក្នុងវេលា​ក្រោយ​ភត្ត ទើបត្រាស់នឹង​ព្រះអានន្ទមាន​អាយុថា ម្នាលអានន្ទ មក យើងនឹងចូលទៅ​កាន់​ប្រាសាទ របស់មិគារមាតា ក្នុងបុព្វារាម ដើម្បីឈប់សម្រាក ក្នុងវេលាថ្ងៃ។ ព្រះអានន្ទមាន​អាយុ ទទួលព្រះពុទ្ធដីកា​ព្រះមាន​ព្រះភាគ​ថា ព្រះករុណាព្រះអង្គ។ គ្រានោះឯង ព្រះមាន​ព្រះភាគ ព្រម​ទាំង​ព្រះអានន្ទមានអាយុ ចូលទៅកាន់ប្រាសាទ របស់មិគារមាតា ក្នុង​បុព្វារាម ដើម្បី​នៅ​សម្រាក កក្នុងវេលាថ្ងៃ។ លុះព្រះមានព្រះភាគ ចេញចាកផល​សមាបត្តិ ក្នុងសាយណ្ហសម័យ​ហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើងនឹងចូលទៅកាន់បន្ទប់ទឹក ក្នុងទិសខាងកើត ដើម្បីស្រោចស្រប1) កាយ។ ព្រះអានន្ទមានអាយុ ក៏ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ព្រមទាំងព្រះអានន្ទមានអាយុ ក៏ចូលទៅកាន់​បន្ទប់​ទឹក ក្នុងទិស​ខាង​កើត​ ដើម្បីស្រោចស្រប់កាយទាំងឡាយ លុះទ្រង់ស្រោចស្រប់កាយ ក្នុងបន្ទប់ទឹក ទិសខាង​កើតរួចហើយ ទើបស្តេចឡើងមកទ្រង់ចីវរតែមួយ ទ្រង់ឋិត​សំដឹលព្រះកាយ​ឲ្យ​ស្ងួត។ គ្រានោះ ព្រះអានន្ទមានអាយុ បានក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រ​ព្រះអង្គដ៏ចម្រើន អាស្រមរបស់រម្មកព្រាហ្មណ៍នេះ មិនឆ្ងាយប៉ុន្មានទេ បពិត្រ​ព្រះអង្គ​​ដ៏ចម្រើន អាស្រមរបស់រម្មកព្រាហ្មណ៍ គួរជាទីត្រេកអរ បពិត្រព្រះអង្គដ៏ចម្រើន អាស្រម​របស់រម្មកព្រាហ្មណ៍ គួរជាទីជ្រះថ្លា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមាន​ព្រះ​ភាគ ទ្រង់អាស្រ័យសេចក្តីអនុគ្រោះ ចូលទៅកាន់អាស្រមរបស់រម្មកព្រាហ្មណ៍។ ព្រះមាន​ព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ ទើបព្រះមានព្រះភាគ ស្តេចចូលទៅ កាន់អាស្រម​របស់​រម្មកព្រាហ្មណ៍។ គាប់ចួនសម័យនោះឯង ពួកភិក្ខុច្រើនរូប កំពុង​អង្គុយប្រជុំគ្នា ដោយ​​ធម្មីកថា ក្នុងអាស្រម របស់រម្មកព្រាហ្មណ៍។ ទើបព្រះមានព្រះភាគ ទ្រង់ឋិតនៅ​ក្បែរ​​ក្លោងទ្វារ​ខាងក្រៅ រង់ចាំឲ្យចប់ពាក្យនិយាយ។

[៥១] គ្រានោះឯង ព្រះមានព្រះភាគទ្រង់ជ្រាបថា ចប់ពាក្យនិយាយហើយ ក៏​គ្រហែម ​រួចទ្រង់គោះសន្ទះទ្វារ។ ពួកភិក្ខុទាំងនោះ ក៏បើកទ្វារ ថ្វាយព្រះមានព្រះភាគ។ លំដាប់​នោះ ព្រះមានព្រះភាគ ចូលទៅកាន់អាស្រម របស់រម្មកព្រាហ្មណ៍ ហើយ​គង់លើ​អាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ហើយ បានត្រាស់សួរភិក្ខុ​ទាំងឡាយ​ថា ម្នាលភិក្ខុទាំងឡាយ អម្បាញមិញនេះ អ្នកទាំងឡាយ អង្គុយប្រជុំ​និយាយ​ពាក្យ​ដូចម្តេចខ្លះ ចុះពាក្យជាចន្លោះដូចម្តេច ដែលអ្នកទាំងឡាយ និយាគ្នាមិនទាន់​ស្រេច។​ ពួកភិក្ខុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យប្រកបដោយធម៌ ប្រារព្ធ​ចំពោះ​​ព្រះមាន​ព្រះភាគ ដែលយើងទាំងឡាយ និយាយមិនទាន់ស្រេច ស្រាប់តែ​ព្រះមាន​ព្រះភាគ ស្តេចមកដល់។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ល្អហើយ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ អង្គុយប្រជុំ ដោយធម្មីកថានុ៎ះឯង សមគួរដល់អ្នកទាំងឡាយ ជាកុលបុត្រ ដែលចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដោយសទ្ធាហើយ។ ម្នាលភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ ប្រជុំគ្នាហើយ ត្រូវធ្វើកិច្ច២យ៉ាងគឺ ពាក្យប្រកបដោយធម៌១ ភាពជា​អ្នកស្ងប់ស្ងៀម​ នៅដ៏ប្រសើរ១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន២ប្រការ គឺការ​ស្វែង​រក​មិនប្រសើរ១ ការស្វែងរកប្រសើរ១។

[៥២] ការស្វែងរកមិនប្រសើរ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុង​លោក​នេះ ខ្លួនឯងមានជាតិជាធម្មតា ស្វែងរករបស់មានជាតិជាធម្មតាថែមទៀត ខ្លួនឯង​មាន​ជរាជាធម្មតា ស្វែងរករបស់មានជរាជាធម្មតាថែមទៀត ខ្លួនឯងមានព្យាធិជាធម្មតា ស្វែងរករបស់មានព្យាធិជាធម្មតាថែមទៀត ខ្លួនឯងមានមរណៈជាធម្មតា ស្វែងរករបស់​មានមរណៈជាធម្មតាថែមទៀត ខ្លួនឯងមានសេចក្តីសោកជាធម្មតា ស្វែងរក​របស់មាន​សេចក្តី​សោក ជាធម្មតាថែមទៀត ខ្លួនឯងមានសេចក្តីសៅហ្មងជាធម្មតា ស្វែងរករបស់​មានសេចក្តីសៅហ្មងជាធម្មតាថែមទៀត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ថាអ្វី​ដែល​មាន​ជាតិជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរថា បុត្រភរិយា មានជាតិ​ជា​ធម្មតា ទាសីទាសៈ មានជាតិជាធម្មតា ពពែចៀម មានជាតិជាធម្មតា មាន់ជ្រូក មានជាតិ​ជា​ធម្មតា ដំរីគោសេះ លាឈ្មោល និងញី មានជាតិជាធម្មតា មាសប្រាក់ មានជាតិជា​ធម្មតា។ ម្នាលភិក្ខុទាំងឡាយ ជាតិធម៌ទាំងនោះឯង ជាឧបធិ (កិលេស) បុគ្គលនេះ មានចិត្ត​ងោកជ្រប់ លង់ស៊ុងទៅក្នុងឧបធិ (កិលេស) ទាំងនុ៎ះ ឈ្មោះថា​ខ្លួន​ឯងមាន​ជាតិ​ជា​ធម្មតា ស្វែងរករបស់មានជាតិជាធម្មតាថែមទៀត។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ថាអ្វី ដែលមានជរាជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ ថា បុត្រភរិយា មានជរាជាធម្មតា ទាសីទាសៈ មានជរាជាធម្មតា ពពែចៀម មាន​ជរាជាធម្មតា មាន់ជ្រូក មានជរាជាធម្មតា ដំរីគោសេះ និងលា មាន​ជរាជា​ធម្មតា មាសប្រាក់ មានជរាជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ជរាធម៌ទាំងនោះឯង ជាឧបធិ (កិលេស) បុគ្គលនេះមានចិត្ត​ងោកជ្រប់ លង់ស៊ប់ទៅ ក្នុងឧបធិ (កិលេស) ទាំងនុ៎ះ ឈ្មោះ​ថា ខ្លួនឯងមានជរាជាធម្មតា ស្វែងរករបស់មានជរា ជាធម្មតាថែមទៀត។ ម្នាលភិក្ខុទាំង​ឡាយ អ្នកទាំងឡាយ ថាអ្វី ដែលមានព្យាធិជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ថា​បុត្រភរិយា មានព្យាធិ​ជា​ធម្មតា ទាសីទាសៈ មានព្យាធិជាធម្មតា ពពែចៀម មានព្យាធិ​ជាធម្មតា មាន់ជ្រូក មានព្យាធិជាធម្មតា ដំរីគោសេះ លាឈ្មោល និងញី មានព្យាធិជា​ធម្មតា មាសប្រាក់ មានព្យាធិជាធម្មតា។ 2) ម្នាលភិក្ខុទាំងឡាយ ព្យាធិធម៌ទាំងនោះឯង ជាឧបធិ (កិលេស) បុគ្គលនេះមានចិត្តងោកជ្រប់ លង់ស៊ប់ទៅក្នុងឧបធិ (កិលេស) ទាំងនុ៎ះ ឈ្មោះថា ខ្លួនឯង​មាន​ព្យាធិជាធម្មតា ស្វែងរករបស់មានព្យាធិជាធម្មតាថែមទៀត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ថាអ្វីដែលមានមរណៈជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរថា​បុត្រភរិយា មានមរណៈជាធម្មតា ទាសីទាសៈ មានមរណៈជាធម្មតា ពពែចៀម មានមរណៈ​ជាធម្មតា មាន់ជ្រូក មានមរណៈជាធម្មតា ដំរីគោសេះ លាឈ្មោល និងញី មានមរណៈជាធម្មតា មាសប្រាក់ មានការខូចខាតជាធម្មតា ។ ម្នាលភិក្ខុទាំងឡាយ ឯមរណៈធម៌ទាំងនោះឯង ហៅថាឧបធិ (កិលេស) បុគ្គលនេះមានចិត្តងោក​ជ្រប់លង់​ស៊ប់​ទៅ​ក្នុងឧបធិ (កិលេស) ទាំងនុ៎ះ ឈ្មោះថាខ្លួនឯងមានមរណៈជាធម្មតា ស្វែងរករបស់​មានមរណៈ ជាធម្មតាថែមទៀត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយថា អ្វីដែលមាន​សោក​ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរថាបុត្រភរិយា មានសោកជា​ធម្មតា ទាសីទាសៈ មានសោកជាធម្មតា ពពែចៀម មានសោកជាធម្មតា មាន់ជ្រូក មានសោកជាធម្មតា ដំរីគោសេះ លាឈ្មោល និងញី មានសោកជាធម្មតា មាសប្រាក់ មាន​សេចក្តីស្ងួតជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ឯសោកធម៌ទាំងនោះឯង ហៅថាឧបធិ (កិលេស) បុគ្គលនេះមានចិត្តងោកជ្រប់ លង់ស៊ប់ទៅក្នុងឧបធិ (កិលេស) ទាំងនុ៎ះ ឈ្មោះថា​ខ្លួនឯង មានសេចក្តីសោកជាធម្មតា ស្វែងរក​របស់​មានសេចក្តី​សោកជា​ធម្មតា​ថែមទៀត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ថាអ្វីដែលមានសេចក្តីសៅហ្មង​ជាធម្មតា។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយថា បុត្រភរិយា មានសេចក្តីសៅហ្មង​ជាធម្មតា ទាសី​ទាសៈ មានសេចក្តីសៅហ្មងជាធម្មតា ពពែចៀម មានសេចក្តីសៅហ្មង​ជា​ធម្មតា មាន់ជ្រូក មានសេចក្តី​សៅហ្មងជាធម្មតា ដំរីគោសេះ លាឈ្មោល និងញី មានសេចក្តី​សៅហ្មង​ជា​ធម្មតា មាសប្រាក់ មានសេចក្តីសៅហ្មងជាធម្មតា។ ម្នាលភិក្ខុ​ទាំងឡាយ ឯសង្កិលេសធម៌​ទាំងនុ៎ះឯង ហៅថាឧបធិ (កិលេស) បុគ្គលនេះមានចិត្តងោកជ្រប់ លង់ស៊ប់ទៅក្នុងឧបធិ (កិលេស) ទាំងនុ៎ះ ឈ្មោះថា​ខ្លួនឯងមាន​សេចក្តីសៅហ្មងជាធម្មតា ស្វែងរក​របស់មាន​សេចក្តី​សៅហ្មងជាធម្មតាថែមទៀត។ ម្នាលភិក្ខុទាំងឡាយ នេះហៅ​ថា ការស្វែងរក​មិន​ប្រសើរ។

[៥៣] ម្នាលភិក្ខុទាំងឡាយ ឯការស្វែងរកដ៏ប្រសើរតើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គលពួកមួយក្នុងលោកនេះ ខ្លួនឯងមានជាតិជាធម្មតា ដឹងច្បាស់នូវទោសក្នុង​ជាតិ​ធម៌ ហើយស្វែងរកព្រះនិព្វានដែលមិនមានជាតិ ឥតមានគុណជាតដទៃស្មើ ជាទី​ក្សេមចាក​យោគៈ ខ្លួនឯងមានជរាជាធម្មតា ដឹងច្បាស់នូវទោសក្នុងជរាធម៌ ហើយស្វែងរក​ព្រះនិព្វាន​ដែលមិនមានជរា ឥតមានគុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ ខ្លួនឯង​មាន​ព្យាធិ​ជាធម្មតា ដឹងច្បាស់នូវទោសក្នុងព្យាធិធម៌ ហើយស្វែងរកព្រះនិព្វាន ដែលមិន​មាន​ព្យាធិ ឥតមានគុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ ខ្លួនឯងមានមរណៈ​ជា​ធម្មតា ដឹងច្បាស់នូវទោសក្នុងមរណៈធម៌ ហើយស្វែងរកព្រះនិព្វានដែលមិនមានមរណៈ ឥតមានគុណ​ជាតដទៃស្មើ ជាទីក្សេមចាកយោគៈ ខ្លួនឯងមានសោកជាធម្មតា ដឹងច្បាស់​នូវ​ទោស ក្នុងសោកធម៌ ហើយស្វែងរកព្រះនិព្វានដែលមិនមានសេចក្តីសោក ឥតមាន​គុណជាត​ដទៃស្មើ ជាទីក្សេមចាកយោគៈ ខ្លួនឯងមានសេចក្តីសៅហ្មងជាធម្មតា ដឹង​ច្បាស់​នូវទោស ក្នុងសង្កិលេសធម៌ ហើយស្វែងរកព្រះនិព្វានដែលមិនមានសង្កិលេសធម៌ ឥត​មាន​គុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការ​ស្វែង​រកដ៏ប្រសើរ។

[៥៤] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលមុនអំពីកាលជាទីត្រាស់ដឹង ដែលតថាគត​នៅជា​ពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ ខ្លួនឯង មានជាតិជាធម្មតា ស្វែង​រក​នូវ​ជាតិ​ធម៌ថែមទៀត ខ្លួនឯងមានជរាជាធម្មតា ស្វែងរកនូវជរាធម៌ថែមទៀត ខ្លួនឯងមាន​ព្យាធិ​ជា​ធម្មតា ស្វែងរកនូវព្យាធិធម៌ថែមទៀត ខ្លួនឯងមានមរណៈជាធម្មតា ស្វែងរកនូវ​មរណៈ​ធម៌ថែមទៀត ខ្លួនឯងមានសោកជាធម្មតា ស្វែងរកនូវសោកធម៌ថែមទៀត ខ្លួនឯង​មានសេចក្តីសៅហ្មងជាធម្មតា ស្វែងរកនូវសេចក្តីសៅហ្មងធម៌ថែមទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតមានសេចក្តីត្រិះរិះយ៉ាងនេះថា ខ្លួនឯងមានជាតិជាធម្មតា ហេតុដូចម្តេច​បាន​ជាអាត្មាអញ ស្វែងរកធម៌មានជាតិជាធម្មតាថែមទៀត ខ្លួនឯងមានជរាជាធម្មតា… មាន​ព្យាធិជាធម្មតា… មានមរណៈជាធម្មតា… មានសោកជាធម្មតា… ខ្លួនឯងមានសេចក្តី​សៅហ្មងជាធម្មតា ស្វែងរកធម៌មានសេចក្តីសៅហ្មងជាធម្មតាថែមទៀត បើដូច្នោះគួរតែ​អាត្មា​អញ ដែលខ្លួនឯងមានជាតិជាធម្មតា ដឹងច្បាស់នូវទោសក្នុងជាតិធម៌ ហើយគប្បី​ស្វែង​រកព្រះនិព្វានដែលមិនមានជាតិធម៌ ឥតមានគុណជាតដទៃស្មើ ជាទីក្សេមចាក​យោគៈ ខ្លួនឯងមានជរាជាធម្មតា ដឹងច្បាស់នូវទោសក្នុងជរាធម៌ ហើយគប្បីស្វែង​រកព្រះនិព្វាន​ដែល​មិនមានជរាធម៌ ឥតមានគុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ ខ្លួនឯង​មាន​ព្យាធិជាធម្មតា ដឹងច្បាស់នូវទោសក្នុងព្យាធិធម៌ ហើយគប្បី​ស្វែងរក​ព្រះនិព្វាន ដែលមិនមានព្យាធិធម៌ ឥតមានគុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ ខ្លួនឯង​មានព្យាធិជាធម្មតា ដឹងច្បាស់នូវទោសក្នុងព្យាធិធម៌ ហើយគប្បីស្វែងរក​ព្រះនិព្វាន ដែលមិនមានព្យាធិធម៌ ឥតមានគុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ ខ្លួនឯង​មានមរណៈជាធម្មតា ដឹងច្បាស់នូវទោសក្នុងមរណៈធម៌ ហើយគប្បីស្វែងរក​ព្រះនិព្វាន ដែលមិនមានមរណៈធម៌ ឥតមានគុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ ខ្លួនឯងមាន​សោកជាធម្មតា ដឹងច្បាស់នូវទោសក្នុងសោកធម៌ ហើយគប្បីស្វែង​រក​ព្រះនិព្វាន ដែលមិនមានសោកធម៌ ឥតមានគុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ ខ្លួនឯងមាន​សេចក្តីសៅហ្មងជាធម្មតា ដឹងច្បាស់នូវទោសក្នុងសង្កិលេសធម៌ ហើយគប្បី​ស្វែងរក​ព្រះនិព្វាន ដែលឥតមានសង្កិលេសធម៌ ឥតមានគុណជាតដទៃស្មើ ជាទីក្សេម​ចាក​យោគៈវិញ។

[៥៥] ម្នាលភិក្ខុទាំងឡាយ លុះសម័យតមក តថាគតនោះឯង នៅក្មេង មានសក់​ខ្មៅ​ស្និទ្ធល្អ កំពុងប្រកបដោយបឋមវ័យដ៏ចម្រើន កាលដែលមាតាបិតាមិនចង់ (ឲ្យចេញ​បួស) មានព្រះភក្ត្រទទឹកជោកដោយទឹកព្រះនេត្រ កំពុងទ្រង់ព្រះកន្សែង (តថាគត) ក៏កោរ​សក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកគេហដ្ឋាន​ទៅកាន់ផ្នួស លុះតថាគតនោះ បួសយ៉ាងនេះហើយ ក៏ស្វែងរក កឹកុសល (សេចក្តីពិត ថាអ្វីជា​កុសល) កាលស្វែងរកនូវសន្តិវរបទ គឺព្រះនិព្វាន ដែលជាគុណជាត ដ៏ប្រសើរ ក៏បានចូលទៅរកអាឡារតាបស កាលាមគោត្រ លុះចូលទៅដល់ហើយ បាននិយាយ​នឹង​អាឡារតាបស កាលាមគោត្រ យ៉ាងនេះថា ម្នាលអាវុសោកាលមៈ ខ្ញុំចង់ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ កាលបើតថាគត និយាយយ៉ាង​នេះ​ហើយ អាឡារតាបស កាលាមគោត្រ ក៏បាននិយាយ នឹងតថាគតយ៉ាងនេះថា អ្នក​មាន​អាយុ ចូរនៅចុះ នេះធម៌ ប្រាកដដូចជាអ្នកត្រូវការនោះ ជាធម៌សម្រាប់វិញ្ញូជន ធ្វើឲ្យ​ជាក់​ច្បាស់ នូវលទ្ធិអាចារ្យ ដោយប្រាជ្ញា របស់ខ្លួន ពុំយូរឡើយ ក៏នឹងបានសម្រេច។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតនោះឯងក៏បានរៀនធម៌នោះ ចប់មួយរំពេចមិនយូរឡើយ ម្នាលភិក្ខុទាំងឡាយ តថាគតនោះឯង ពោលនូវញាណវាទផង ដឹងច្បាស់នូវថេរវាទ (ពាក្យខ្ជាប់ខ្ជួន) ផង ប្តេជ្ញាថា តថាគត បានឃើញដូច្នេះផង ដោយគ្រាន់តែ​អាឡារតាបស​បង្ហើប​មាត់ និងដោយគ្រាន់តែអាឡារតាបស ពោលពាក្យចប់ប៉ុណ្ណោះ មិនមែន​តថាគត​ប៉ុណ្ណោះទេ សូម្បីជនឯទៀត (ក៏គេនិយាយយ៉ាងនេះដែរ)។ ម្នាលភិក្ខុទាំងឡាយ តថាគត​នោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាឡារតាបស កាលាមគោត្រ មិនប្រកាសថា អាត្មា​អញ បានធ្វើឲ្យជាក់ច្បាស់នូវធម៌នេះដោយប្រាជ្ញាដ៏ថ្លៃថ្លារបស់ខ្លួនឯង ដោយត្រឹម​តែ​សទ្ធា​ប៉ុណ្ណោះ តាមពិតអាឡារតាបស កាលាមគោត្រ គ្រាន់តែជាអ្នកយល់​ឃើញនូវធម៌​នេះ (ប៉ុណ្ណោះ)។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង តថាគតបានចូលទៅរកអាឡារតាបស កាលាមគោត្រ លុះចូលទៅដល់ហើយ បានសួរអាឡារតាបស កាលាមគោត្រយ៉ាងនេះថា ម្នាលអាវុសោកាលាមៈ អ្នកបានធ្វើឲ្យជាក់ច្បាស់នូវធម៌នេះ ដោយប្រាជ្ញាដ៏ថ្លៃថ្លាខ្លួនឯង ហើយ​បានសម្រេច ប្រកាសទុក ដោយហេតុដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាល​បើ​តថាគត​សួរយ៉ាងនេះហើយ អាឡារតាបស កាលាមគោត្រ ក៏ប្រកាសប្រាប់ នូវ​អាកិញ្ចញ្ញាយតនសមាបត្តិ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះមានសេចក្តីត្រិះរិះ យ៉ាងនេះ​​ថា អាឡារតាបស កាលាមគោត្រមិនមានសទ្ធាទេ អាត្មាអញទើបមានសទ្ធា អាឡារ​តាបសកាលាមគោត្រ មិនមានព្យាយាមទេ អាត្មាអញទើបមានព្យាយាម អាឡារ​តាបស​កាលាមគោត្រ មិនមានសតិទេ អាត្មាអញទើបមានសតិ អាឡារតាបស​កាលាម​គោត្រ មិនមានសមាធិទេ អាត្មាអញទើបមានសមាធិ អាឡារតាបសកាលាមគោត្រ មិនមាន​បញ្ញាទេ អាត្មាអញទើបមានបញ្ញា បើដូច្នេះគួរតែអាត្មាអញប្រឹងប្រែង ដើម្បីធ្វើ​ឲ្យជាក់​ច្បាស់​នូវធម៌ ដែលអាឡារតាបសកាលាមគោត្រប្រកាសទុកថា អាត្មាអញ​បាន​សម្រេច​ហើយ ព្រោះធ្វើឲ្យជាក់ច្បាស់ នូវធម៌ដោយប្រាជ្ញាដ៏ថ្លៃថ្លាខ្លួនឯង។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតនោះ ក៏បានសម្រេច ព្រោះធ្វើឲ្យជាក់ច្បាស់ នូវធម៌នោះ មួយរំពេច​ពុំ​យូរ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង តថាគត ចូលទៅរកអាឡារតាបស​កាលាម​គោត្រ (ទៀត) លុះចូលទៅដល់ហើយ ទើបសួរអាឡារតាបសកាលាមគោត្រយ៉ាងនេះថា ម្នាលអាវុសោកាលាមៈអ្នកបានសម្រេចហើយព្រោះបានធ្វើឲ្យជាក់ច្បាស់នូវធម៌នេះ ដោយ​ប្រាជ្ញារបស់ខ្លួន ហើយប្រកាសទុកដោយហេតុតែប៉ុណ្ណេះឬ។ អាឡារតាបស​កាលាម​គោត្រ​តបថា ម្នាលអាវុសោ ខ្ញុំបានសម្រេចព្រោះធ្វើឲ្យជាក់ច្បាស់​នូវធម៌នេះ ហើយប្រកាសទុកដោយហេតុតែប៉ុណ្ណេះឯង។ តថាគតសួរទៀតថា ម្នាលអាវុសោ​កាលាមៈ ខ្ញុំឯងបានសម្រេចព្រោះបានធ្វើឲ្យជាក់ច្បាស់នូវធម៌នេះដោយប្រាជ្ញារបស់ខ្លួន ដោយ​ហេតុប៉ុណ្ណេះដែរ។ អាឡារតាបសកាលាមគោត្រតបថា ម្នាលអាវុសោ យើងពេញ​ជា​មាន​លាភហើយ ម្នាលអាវុសោ អត្តភាពជាមនុស្សយើងពេញជាបានល្អហើយ ត្រង់ដែលយើង​បានឃើញសព្រហ្មចារី ប្រាកដដូចជាអ្នកមានអាយុ ព្រោះថា ខ្ញុំបានធ្វើឲ្យ​ជាក់​ច្បាស់ ដោយប្រាជ្ញាដ៏ថ្លៃថ្លារបស់ខ្លួន ទាំងបានសម្រេចនូវធម៌ណាហើយប្រកាសទុក អ្នកក៏បានធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញាដ៏ប្រសើររបស់ខ្លួន ទាំងបានសម្រេចនូវធម៌នោះ ហើយនៅដោយឥរិយាបថ៤ដែរ អ្នកក៏បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ដ៏ប្រសើរ​របស់ខ្លួន ទាំងបានសម្រេចនូវធម៌ណា ហើយនៅដោយឥរិយាបថ៤ ខ្ញុំក៏បានធ្វើឲ្យ​ជាក់ច្បាស់ ដោយប្រាជ្ញាដ៏ប្រសើររបស់ខ្លួន ទាំងបានសម្រេចនូវធម៌នោះ ហើយប្រកាស​ទុកដែរ ព្រោះខ្ញុំចេះធម៌ណា អ្នកក៏ចេះធម៌នោះ អ្នកចេះធម៌ណា ខ្ញុំក៏ចេះធម៌នោះ ខ្ញុំប្រាកដ​យ៉ាងណា អ្នកក៏ប្រាកដយ៉ាងនោះ អ្នកប្រាកដយ៉ាងណា ខ្ញុំក៏ប្រាកដយ៉ាងនោះ​ដែរ ម្នាលអាវុសោ ឥឡូវនេះ ចូរអ្នកមក យើងទាំងពីរនាក់ នឹងនៅគ្រប់គងគណៈនេះ។ ម្នាលភិក្ខុទាំងឡាយ អាឡារតាបសកាលាមគោត្រ ជាអាចារ្យរបស់តថាគត តាំងតថាគត ជាកូន​សិស្សស្មើៗនឹងខ្លួន ទាំងបូជាតថាគត ដោយការបូជាដ៏លើសលប់ ដោយ​ហេតុនេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ធម៌ (គឺសមាបត្តិ​ទាំង៧) នេះ មិនមែនប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ចាកកិលេសវដ្ត មិនប្រព្រឹត្ត​ទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីរំលត់នូវរាគាទិកិលេស មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹង ដោយក្រៃលែង មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីរំលត់ទុក្ខ ប្រព្រឹត្តទៅ បានតែត្រឹមកើតក្នុង​អាកិញ្ចញ្ញាយតនភព​ប៉ុណ្ណោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះឯង មិនឱបក្រសោប​ធម៌នោះឡើយ នឿយណាយហើយដោះចេញអំពីធម៌នោះ។

[៥៦] ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ជាអ្នកស្វែងរកកឹកុសល កំពុងស្វែងរក នូវសន្តិវរបទ ក៏បានចូលទៅរកឧទ្ទកតាបស រាមបុត្រ លុះចូលទៅដល់ហើយ បាន​និយាយ​នឹងឧទ្ទករាមបុត្រយ៉ាងនេះថា ម្នាលអាវុសោរាមៈ ខ្ញុំចង់ប្រព្រឹត្ត ព្រហ្មចរិយធម៌ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ កាលបើតថាគតនិយាយយ៉ាងនេះហើយ ឧទ្ទករាមបុត្រ​ បាននិយាយនឹងតថាគតយ៉ាងនេះថា អ្នកមានអាយុចូរនៅចុះ នេះធម៌​ប្រាកដដូចជាអ្នកត្រូវការនោះ ជាធម៌សម្រាប់វិញ្ញូបុរស ធ្វើឲ្យជាក់ច្បាស់ នូវលទ្ធិអាចារ្យ​របស់ខ្លួន ដោយប្រាជ្ញាដ៏ថ្លៃថ្លារបស់ខ្លួនហើយ បានសម្រេចមិនយូរឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតនោះឯង បានរៀននូវធម៌នោះចប់ភ្លាមមិនយូរឡើយ ម្នាលភិក្ខុ​ទាំងឡាយ តថាគតនោះឯង ពោលនូវញាណវាទផង ដឹងច្បាស់នូវថេរវាទផង ប្តេជ្ញាថា តថាគតបានឃើញដូច្នេះផង ដោយគ្រាន់តែឧទ្ទករាមបុត្របង្ហើបបបូរមាត់ និងដោយ​គ្រាន់​តែឧទ្ទករាមបុត្រ ពោលពាក្យចប់ប៉ុណ្ណោះ មិនមែនតែតថាគតប៉ុណ្ណោះទេ ទាំងពួក​ជន​ឯទៀត (ក៏និយាយយ៉ាងនេះដែរ)។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា ឧទ្ទករាមបុត្រមិនប្រកាសថា អាត្មាអញបានធ្វើឲ្យជាក់ច្បាស់ នូវធម៌នេះ ដោយប្រាជ្ញាដ៏ថ្លៃថ្លាខ្លួនឯង ដោយគ្រាន់តែសទ្ធាប៉ុណ្ណោះ តាមពិត ឧទ្ទករាមបុត្រ គ្រាន់តែ​បានដឹង បានឃើញធម៌នេះប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង តថាគតក៏​បានចូលទៅរកឧ្ទករាមបុត្រ លុះចូលទៅដល់ហើយ បានសួរឧទ្ទករាមបុត្រយ៉ាងនេះថា ម្នាលអាវុសោរាមៈ អ្នកបានធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌នេះ ដោយប្រាជ្ញាដ៏ថ្លៃថ្លារបស់ខ្លួន បាន​សម្រេច ហើយប្រកាសទុក ដោយហេតុ​ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាល​បើ​តថាគតសួរយ៉ាងនេះហើយ ឧទ្ទករាមបុត្រ ក៏ប្រកាសនូវ​នេវសញ្ញានាសញ្ញាយតន​សមាបត្តិ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឧទ្ទករាមបុត្រ មិនមានសទ្ធាទេ អាត្មាអញ ទើបមានសទ្ធា ឧទ្ទករាមបុត្រ មិនមាន​ព្យា​យាមទេ។បេ។ សតិ…សមាធិ… បញ្ញាទេ អាត្មាអញ ទើបមាន​បញ្ញា បើដូច្នោះ គួរតែអាត្មាអញ ប្រឹងប្រែង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌នេះ ដែលឧទ្ទករាមបុត្រ​ប្រកាស​ទុកថា អាត្មាអញ បានសម្រេចហើយ ព្រោះធ្វើឲ្យជាក់ច្បាស់ នូវធម៌ដោយប្រាជ្ញាដ៏ថ្លៃថ្លា របស់ខ្លួនឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះឯង ក៏បានធ្វើឲ្យជាក់ច្បាស់ នូវ​ធម៌នេះ​ភ្លាម ពុំយូរឡើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង​ តថាគត ចូលទៅរកឧទ្ទករាមបុត្រ (ទៀត) លុះចូលទៅដល់ហើយ បានសួរឧទ្ទករាមបុត្រ យ៉ាង​នេះថា ម្នាលអាវុសោរាមៈ អ្នកបានសម្រេច ព្រោះធ្វើឲ្យជាក់ច្បាស់ នូវធម៌នេះ ដោយប្រាជ្ញារបស់ខ្លួន ហើយប្រកាស​ទុក ដោយហេតុតែប៉ុណ្ណេះទេឬ។ ឧទ្ទករាមបុត្រតប​ថា ម្នាលអាវុសោ ខ្ញុំបានសម្រេច ព្រោះ​ធ្វើ​ឲ្យជាក់ច្បាស់នូវធម៌នេះ ដោយប្រាជ្ញា​របស់​ខ្លួន​ឯង ដោយហេតុតែប៉ុណ្ណេះទេ។ តថាគតក៏និយាយថា ម្នាលអាវុសោរាមៈ​ខ្ញុំឯងបានសម្រេច ព្រោះធ្វើឲ្យជាក់ច្បាស់​នូវធម៌​នេះ ដោយប្រាជ្ញារបស់ខ្លួនឯង ចំពោះធម៌នេះ ដោយហេតុតែប៉ុណ្ណេះដែរ។ ឧទ្ទករាមបុត្រ​តបថា ម្នាលអាវុសោ យើងពេញជាមានលាភហើយ អត្តភាពជាមនុស្ស យើងពេញជា​បានល្អហើយ ត្រង់ដែលយើងបានឃើញសព្រហ្មចារីបុគ្គល ប្រាកដ​ដូចអ្នក​មាន​អាយុ ព្រោះថា រាមៈ បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ដ៏ថ្លៃថ្លាចំពោះខ្លួន បាន​សម្រេច​ធម៌ណា ហើយ​ប្រកាស​ទុក អ្នកក៏បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា​ដ៏ថ្លៃថ្លា របស់ខ្លួន បានសម្រេច​ធម៌​នោះ ហើយនៅដោយឥរិយាបថ ទាំង៤ដែរ អ្នកបានធ្វើឲ្យ​ជាក់​ច្បាស់ ដោយប្រាជ្ញាដ៏ថ្លៃថ្លារបស់ខ្លួន បានសម្រេចធម៌ណា រាមៈក៏បាន ធ្វើឲ្យជាក់​ច្បាស់ ដោយប្រាជ្ញាដ៏ថ្លៃថ្លារបស់ខ្លួន បានសម្រេចធម៌នោះ ហើយប្រកាសទុកដែរ រាមៈ​បានដឹងធម៌ណា អ្នកក៏បានដឹងធម៌នោះ អ្នកចេះធម៌ណា រាមៈក៏ចេះធម៌នោះដែរ មួយ​ទៀត រាមៈប្រាកដយ៉ាងណា អ្នកក៏ប្រាកដយ៉ាងនោះ អ្នកប្រាកដយ៉ាងណា រាមៈ​ក៏ប្រាកដយ៉ាងនោះដែរ ម្នាលអាវុសោ ឥឡូវនេះ ចូរអ្នកមក ចូរអ្នកនៅ​គ្រប់​គ្រង​គណៈ​នេះចុះ។ ម្នាលភិក្ខុទាំងឡាយ ឧទ្ទករាមបុត្រ ជាសព្រហ្មចារី របស់តថាគត តាំង​តថាគត ក្នុងទី​ជាអាចារ្យ ទាំងបូជាតថាគត ដោយការបូជា ដ៏លើសលប់ ដោយហេតុ​នេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធម៌ គឺសមាបត្តិ​ទាំង​៨នេះ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយ ចាកកិលេសវដ្តៈ មិនប្រព្រឹត្តទៅ ដើម្បី​ប្រាស​ចាក​តម្រេក មិនប្រព្រឹត្តទៅ ដើម្បីរំលត់ នូវរាគាទិក្កិលេស មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹង ដោយក្រៃលែង មិនប្រព្រឹត្តទៅ ដើម្បី​ត្រាស់​ដឹង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីរំលត់ទុក្ខទេ ប្រព្រឹត្តទៅ បានត្រឹមតែចូល​ទៅកើត​ក្នុង​នេវសញ្ញានាសញ្ញាយតនភព​ប៉ុណ្ណោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះឯង ក៏មិនឱប​ក្រសោបធម៌នោះឡើយ នឿយណាយ ហើយដោះចេញអំពីធម៌នោះ។

[៥៧] ម្នាលភិក្ខុទាំងឡាយ តថាគតនោះឯង ជាអ្នកស្វែងរកកឹកុសល កំពុងស្វែង​រក​សន្តិវរបទ ក៏បានត្រាច់ទៅកាន់ចារិក ក្នុងដែនមគធៈ តាមលំដាប់លំដោយ សំដៅ​ទៅរក​ឧរុវេលា3) សេនានិគម។4) ក្នុងទីនោះ តថាគត បានឃើញ​ផ្ទៃ​ផែនដី គួរឲ្យត្រេកអរ ដងព្រៃគួរឲ្យកើតជ្រះថ្លាផង ស្ទឹងមាន​ទឹកថ្លា​ស្អាតហូរ (មិនដាច់) មានកំពង់រាបស្មើល្អ គួរជាទីត្រេកអរផង ទាំងគោចរគ្រាម (ស្រុក​សម្រាប់​បិណ្ឌបាត) ក៏មាន​នៅជិតផង។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ភូមិភាគ​នេះ គួរឲ្យត្រេកអរផង ដងព្រៃគួរ​ឲ្យកើតជ្រះថ្លា​ផង ស្ទឹងមានទឹកថ្លាស្អាតហូរ មិនដាច់ មានកំពង់រាបស្មើល្អ គួរជាទីត្រេកអរផង គោចរគ្រាម ក៏មាននៅជិតផង ទីនេះ ល្មម​កុលបុត្រ​ អ្នកត្រូវ​ការ ដោយសេចក្តីព្យាយាម តាំងសេចក្តីព្យាយាមបានហើយតើ។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតនោះឯង បានអង្គុយ​ក្នុងទីនោះ ដោយគិតថា ទីនេះ ល្មមនឹង​តាំងសេចក្តី​ព្យាយាមបាន។

[៥៨] ម្នាលភិក្ខុទាំងឡាយ តថាគតនោះឯង មានជាតិជាធម្មតា ដោយខ្លួនឯង ដឹង​ច្បាស់​នូវទោស ក្នុងជាតិធម៌ ហើយស្វែងរក នូវព្រះនិព្វាន ដែលមិនមានជាតិ មិនមាន​គុណជាត​ដទៃស្មើ ជាទីក្សេមចាកយោគៈ ក៏បានដល់ នូវព្រះនិព្វាន ដែលមិនមានជាតិ ឥតមានគុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ មានជរាជាធម្មតា ដោយខ្លួនឯង… មានព្យាធិជាធម្មតា ដោយខ្លួនឯង…មានមរណៈជាធម្មតា ដោយខ្លួនឯង… មាន​សោក​ជា​ធម្មតា ដោយខ្លួនឯង… មានសេចក្តីសៅហ្មងជាធម្មតា ដោយខ្លួនឯង ឃើញទោស ក្នុង​សង្កិលេសធម៌ ហើយស្វែងរកព្រះនិព្វាន ដែលមិនមានសង្កិលេសធម៌ ឥតមានគុណជាត​ដទៃស្មើ ជាទីក្សេមចាកយោគៈ បានដល់នូវព្រះនិព្វាន ដែលមិនមានសេចក្តីសៅហ្មង ជាទី​ក្សេមចាកយោគៈដ៏ប្រសើរបំផុត ទាំងញាណ ជាគ្រឿងឃើញ គឺសព្វញ្ញុតញ្ញាណ ក៏កើត​ឡើង ​ដល់តថាគតថា វិមុត្តិរបស់តថាគតមិនរំភើប (ដោយរាគាទិក្កិលេស) នេះជាតិ​ជាទី​បំផុត (របស់តថាគត) ឥឡូវនេះ ភពថ្មីទៀត មិនមានឡើយ។

[៥៩] ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ចតុរារិយ​សច្ច​ធម៌​ ដែលតថាគត បានត្រាស់ដឹងហើយនេះឯង ជាធម៌ជ្រាលជ្រៅ ជាធម៌​ដែល​សត្វ​ឃើញ​បានដោយកម្រ ត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់ ជាធម៌ឧត្តម ជាធម៌​ដែល​សត្វ​មិនគប្បីស្ទង់ប្រមើល ដោយសេចក្តីត្រិះរិះបាន ជាធម៌ល្អិត មានតែអ្នក​ប្រាជ្ញ​ទើបដឹង​បាន ឯពួកសត្វនេះ សុទ្ធតែកំពុងរីករាយ ក្នុងអាល័យ គឺតណ្ហា១០៨ កំពុង​ត្រេកត្រអាល ក្នុងអាល័យ កំពុងស្រើបស្រាល ក្នុងអាល័យ (ទៅរកកាមទាំងឡាយ​នៅ​ឡើយ) ក៏បដិច្ចសមុប្បាទ​ធម៌ ដែលជាបច្ច័យ នៃធម៌មានសង្ខារ ជាដើមនេះ ជាហេតុ ដែល​សត្វនៅ​រីករាយ ក្នុងអាល័យ នៅត្រេកត្រអាល ក្នុងអាល័យ នៅស្រើបស្រាល ក្នុងអាល័យ ឃើញបានដោយកម្រ មួយទៀត ធម៌ណា រម្ងាប់​នូវសង្ខារទាំងពួង ជាគ្រឿង​លះបង់នូវ​ឧបធិ គឺខន្ធ និងកិលេសទាំងពួង ជាទីអស់ទៅ នៃតណ្ហា ជាទីនឿយណាយ ​ចាករាគៈ​ ជា​ទី​រំលត់​ទុក្ខ គឺព្រះនិព្វាន ធម៌នេះ ជាហេតុដែលសត្វឃើញបាន ដោយកម្រដែរ បើទុកជាត​ថាគត ​​សំដែងធម៌ទៅ ក៏ពួកសត្វដទៃ មិនអាចនឹងត្រាស់ដឹង នូវធម៌របស់​តថាគត​បាន​ឡើយ ព្រោះហេតុនោះ សេចក្តីលំបាក សេចក្តីនឿយព្រួយ មុខជានឹងមាន​ដល់​តថាគត មិន​ខាន។ មួយទៀត គាថាទាំងឡាយ ដែលមិនជាអស្ចារ្យណាស់ណានេះ តថាគត​ មិនដែល​បានឮមក ក្នុងកាលមុនឡើយ ក៏ភ្លឺស្វាងដល់តថាគតថា

ឥឡូវនេះ តថាគត​ មិនគួរសំដែងធម៌ ដែលតថាគតបានត្រាស់ដឹង ដោយ​លំបាក (នោះទេ) ព្រោះពួកសត្វដែលមានរាគៈ ទោសៈ គ្របសង្កត់ មិនងាយ​នឹង​ត្រាស់​ដឹង​ធម៌​នេះបានឡើយ ពួកសត្វដែលកំពុងត្រេកអរ ដោយរាគៈ ដែលគំនរងងឹតគឺ អវិជ្ជា​គ្របសង្កត់ហើយ មុខជានឹងមិនឃើញធម៌ ដែលនាំសត្វ​ ឲ្យដល់​ព្រះនិព្វាន ជាធម៌ល្អិតឆ្មារ ជ្រាលជ្រៅ សត្វឃើញ​បានដោយ​កម្រ​នោះ​ទេ។

ម្នាលភិក្ខុទាំងឡាយ កាលតថាគត ពិចារណាឃើញដោយន័យ ដូច្នេះហើយ ចិត្ត​ក៏​ឱន​ទៅ ដើម្បីសេចក្តីខ្វល់ខ្វាយតិច មិនឱនទៅដើម្បីសំដែងធម៌ឡើយ។

[៦០] ម្នាលភិក្ខុទាំងឡាយ គ្រានោះ សហម្បតិព្រហ្ម5) បានដឹងនូវបរិវិតក្កៈក្នុងចិត្ត របស់តថាគត ដោយចិត្ត (របស់ខ្លួន) ហើយទើបរំពឹងដូច្នេះថា ឱសត្វលោក នឹងវិនាសហើយតើហ្ន៎ ឱសត្វលោក នឹងវិនាសហើយតើហ្ន៎ ព្រោះព្រះហឫទ័យ របស់ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ បង្អោនទៅ ដើម្បីសេចក្តីខ្វល់ខ្វាយតិច មិនបង្អោនទៅ ដើម្បីសំដែង​ធម៌​ឡើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ សហម្បតិព្រហ្ម ក៏បាត់អំពីព្រហ្មលោក មកប្រាកដ ក្នុងទីចំពោះមុខតថាគត ដូចជាបុរស ដែលមានកំឡាំង លាចេញនូវដៃ ដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សហម្បតិព្រហ្ម ធ្វើសំពត់​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះមករកតថាគត ពោលនឹង​តថាគត​យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ សូមព្រះសុគត ទ្រង់សំដែងធម៌ ព្រោះពួកសត្វ ដែលមានធូលី គឺរាគាទិក្កិលេស ដ៏ស្រាលស្តើង ក្នុងភ្នែក គឺបញ្ញា គង់មាន ព្រោះហេតុតែមិនបាន​ស្តាប់ធម៌ មុខជា​នឹង​សាបសូន្យមិនខាន ពួកសត្វដែលយល់ធម៌ ក៏គង់មានដែរ។ ម្នាលភិក្ខុទាំងឡាយ សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះពោលពាក្យនេះរួចហើយ ក៏ពោលពាក្យដទៃ តទៅទៀតថា

ពីមុនរៀងមក ធម៌ដែលពួកជន អ្នកប្រកបដោយមន្ទិលបាន គិត​ហើយ ជាធម៌មិនបរិសុទ្ធ ក៏កើតប្រាកដហើយក្នុងដែន
មគធៈ សូមព្រះអង្គបើកទ្វារនៃព្រះនិព្វាននុ៎ះ ពួកសត្វប្រុងចាំ
ស្តាប់ធម៌ដែលព្រះអង្គជាអ្នកប្រាសចាកមន្ទិល ទ្រង់ត្រាស់
ដឹងតាម (លំអានព្រះពុទ្ធអំពីបុរាណ) ដូចជាបុរសឈរ
លើកំពូលភ្នំថ្មសុទ្ធ ក្រឡេកមើលឃើញប្រជុំជន ដោយ
ជុំវិញខ្លួន យ៉ាងណាមិញ បពិត្រព្រះអង្គអ្នកមានបញ្ញាល្អh\ មានបញ្ញាចក្ខុជុំវិញ ព្រះអង្គជាអ្នកមានសេចក្តីសោកសៅទៅ
ប្រាសហើយ ស្តេចឡើងកាន់ប្រាសាទ គឺធម៌ដែលមានឧបមា
យ៉ាងនោះ ពិចារណាមើល នូវប្រជុំជន អ្នកច្រឡំដោយ
សេចក្តីសោក ដែលជាតិជរា កំពុងគ្របសង្កត់ បពិត្រព្រះអង្គ
អ្នកមានព្យាយាម អ្នកឈ្នះនូវសង្គ្រាម ហើយជានាយកនៃh
ពួកសត្វ អ្នកមិនជំពាក់បំណុលគឺកាម សូមព្រះអង្គក្រោក
ឡើង សូមស្តេចទៅក្នុងលោក សូមព្រះមានព្រះភាគទ្រង់
សំដែងធម៌ ដ្បិត ពួកសត្វ អ្នកបំរុងនឹងត្រាស់ដឹងធម៌
ក៏គង់មានដែរ។

[៦១] ម្នាលភិក្ខុទាំងឡាយ គ្រានោះ តថាគតដឹងច្បាស់ នូវសេចក្តី​អារាធនា របស់សហម្បតិព្រហ្មផង អាស្រ័យសេចក្តីករុណា ចំពោះពួកសត្វផង ទើបប្រមើលមើលសត្វលោក ដោយពុទ្ធចក្ខុ។ ម្នាលភិក្ខុទាំងឡាយ កាលតថាគត កំពុតប្រមើលមើល​សត្វលោក ដោយពុទ្ធចក្ខុ ក៏បានឃើញ នូវពួកសត្វ ដែលមានធូលីតិច​ក្នុងភ្នែក (ខ្លះ) មានធូលីច្រើន ក្នុងភ្នែក (ខ្លះ) មានឥន្ទ្រិយក្លៀវក្លា (ខ្លះ) មានឥន្ទ្រិយទន់ (ខ្លះ) មានអាការល្អ (ខ្លះ) មានអាការអាក្រក់​ (ខ្លះ) ជាសត្វដែលតថាគត គួរឲ្យត្រាស់ដឹងបាន ដោយងាយ (ខ្លះ) ឲ្យត្រាស់ដឹងបាន ដោយកម្រ (ខ្លះ) ជាអ្នកឃើញ​នូវទោស និងភ័យក្នុងលោកខាងមុខខ្លះ។ ដូចជាផ្កាជលជាតិពួកខ្លះ គឺព្រលិតក្តី ផ្កាឈូក​ក្រហម​ក្តី ផ្កាឈូកសក្តី ក្នុងគុម្ពព្រលិតក្តី ក្នុងគុម្ពឈូកក្រហមក្តី ក្នុងគុម្ពឈូកសក្តី ដុះក្នុង​ទឹក ចម្រើនឡើងក្នុងទឹក លូតឡើងតាមទឹក លិចនៅក្នុងទឹក ដែលទឹកកំពុង​ចិញ្ចឹមនៅ​ឡើយ មានផ្កាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ដុះក្នុងទឹក ចម្រើនឡើងក្នុងទឹក លូតឡើងតាមទឹក ឋិតនៅត្រឹមស្មើនឹងទឹក មានផ្កាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ដុះក្នុងទឹក ចម្រើនឡើងក្នុងទឹក ដុះខ្ពស់​ឡើង​ជាងទឹក មិនជាប់ដោយទឹក មានឧបមា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលតថាគត ប្រមើលមើលសត្វលោកដោយពុទ្ធចក្ខុ ក៏បានឃើញនូវពួកសត្វ ដែលមាន​ធូលីតិចក្នុងភ្នែក (ខ្លះ) មានធូលីច្រើនក្នុងភ្នែក (ខ្លះ) មានឥន្ទ្រិយក្លៀវក្លា (ខ្លះ) មានឥន្ទ្រិយ​ទន់ (ខ្លះ) មានអាការល្អ (ខ្លះ) មានអាការអាក្រក់​ (ខ្លះ) ជាសត្វដែលតថាគត គួរឲ្យត្រាស់ដឹងបាន ដោយងាយ (ខ្លះ) ឲ្យត្រាស់ដឹងបាន ដោយកម្រ (ខ្លះ) ជាអ្នកឃើញ​នូវ​ទោស និងភ័យក្នុងលោកខាងមុខខ្លះ មានឧបមេយ្យ ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ តថាគត បានពោលតប នឹងសហម្បតិព្រហ្ម ដោយគាថា ថា

ទ្វារនៃព្រះនិព្វានទាំងនោះ តថាគត បានបើកហើយ ពួកសត្វ
ណា មានសោតប្រសាទ ពួកសត្វទាំងនោះ ចូរបញ្ចេញ
សទ្ធា​ចុះ ម្នាលព្រហ្ម តថាគតមានសេចក្តីសំគាល់ ក្នុង
ការនាំឲ្យលំបាកកាយ និងវាចា បានជាមិនសំដែងធម៌ដ៏ឧត្តម
ដែលតថាគត ស្ទាត់ហើយ ក្នុងពួកមនុស្សទាំងឡាយ។

ម្នាលភិក្ខុទាំងឡាយ គ្រានោះ សហម្បតិព្រហ្ម គិតថា ខ្លូនអញ ជាបុគ្គល ដែលព្រះមាន​ព្រះភាគ ទ្រង់ទទួលព្រមនឹងសំដែងធម៌ហើយ (លុះគិតដូច្នេះហើយ) ក៏ ថ្វាយបង្គំលាតថាគត ធ្វើប្រទក្សិណ បាត់អំពីទីនោះទៅ។

[៦២] ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ គួរសំដែងធម៌ ដល់អ្នកណាជាមុនហ្ន៎ អ្នកណា នឹងត្រាស់ដឹងធម៌នេះ ឆាប់រហ័យបានហ្ន៎។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះទៀតថា អាឡារតាបសកាលាមគោត្រនេះ ជាបណ្ឌិត ជាអ្នកឈ្លាសវៃ មានប្រាជ្ញា មានធូលី គឺរាគាទិក្កិលេសតិច ក្នុងភ្នែកស្រាប់មកយូរហើយ បើដូច្នោះ គួរតថាគត សំដែងធម៌ប្រោសអាឡារតាបសកាលាមគោត្រ ជាមុនចុះ តាបសនោះ នឹង​ត្រាស់​ដឹងធម៌នេះ ឆាប់រហ័យបាន។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ មានទេវតាអង្គមួយ ចូលមករកតថាគត ហើយនិយាយ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន អាឡារតាបស​កាលាមគោត្រ ធ្វើកាលកិរិយា៧ថ្ងៃហើយ។ ចំណែកខាងញាណទស្សនៈ របស់តថាគត ក៏កើតឡើងថា អាឡារតាបសកាលាមគោត្រ ធ្វើកាលកិរិយា៧ថ្ងៃហើយមែន។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាឡារតាបសកាលាមគោត្រ​នេះ ជាបុគ្គលមានសេចក្តីវិនាសធំ ព្រោះថា បើគាត់បានស្តាប់ធម៌នេះ សមជាត្រាស់ដឹង​មួយរំពេច​បាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ នឹងសំដែងធម៌ ដល់អ្នកណាជាមុនអេះ អ្នកណានឹងត្រាស់ដឹងធម៌នេះ ឆាប់រហ័យបានអេះ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះទៀតថា ឧទ្ទកតាបសរាមបុត្រនេះឯង ជាបណ្ឌិត ជាអ្នកឈ្លាសវៃ មានប្រាជ្ញា មានធូលីតិច ក្នុងភ្នែកស្រាប់មកយូរហើយ បើដូច្នោះ គួរតថាគត សំដែងធម៌​ប្រោស​ឧទ្ទកតាបសរាមបុត្រជាមុនចុះ តាបសនោះ នឹងត្រាស់ដឹងធម៌នេះ ឆាប់រហ័យបាន។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ មានទេវតាអង្គមួយ ចូលមករកតថាគត ហើយនិយាយ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ឧទ្ទកតាបសរាមបុត្រ ធ្វើកាលកិរិយា អំពីពេល​ពាក់​កណ្តាល​អធ្រាត្រហើយ។ ឯញាណទស្សនៈ របស់តថាគត ក៏កើតឡើងថា ឧទ្ទកតាបសរាមបុត្រ ធ្វើកាលកិរិយា អំពីពេលពាក់កណ្តាលអធ្រាត្រទៅហើយមែន។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឧទ្ទកតាបសរាមបុត្រ​នេះ ជាបុគ្គលមានសេចក្តីវិនាសធំ ព្រោះថាបើគាត់បានស្តាប់ធម៌នេះ សមជាត្រាស់ដឹង​មួយរំពេច​បាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ គួរសំដែងធម៌ ប្រោសអ្នកណាជាមុនហ្ន៎ អ្នកណានឹងត្រាស់ដឹងធម៌នេះ ឆាប់​រហ័សបានហ្ន៎។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះទៀតថា បញ្ចវគ្គិយភិក្ខុទាំងឡាយ មានឧបការៈច្រើន ដល់តថាគត ព្រោះបានបម្រើតថាគត ដែលកំពុងបញ្ជូនចិត្តទៅកាន់ព្យាយាម បើដូច្នោះ គួរតថាគត សំដែងធម៌ ប្រោសបញ្ចវគ្គិយភិក្ខុជាមុនចុះ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ បញ្ចវគ្គិយភិក្ខុទាំងឡាយ នៅឯណាហ្ន៎។ ម្នាលភិក្ខុទាំងឡាយ តថាគតបានឃើញពួកបញ្ចវគ្គិយភិក្ខុ នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី ដោយទិព្វចក្ខុ ដ៏បរិសុទ្ធស្អាត កន្លងលើសចក្ខុរបស់មនុស្សសាម័ញ្ញ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង តថាគត សម្រេចឥរិយាបថ ក្នុងឧរុវេលាប្រទេស តាមសមគួរដល់​អធ្យាស្រ័យ ហើយចៀសចេញ ទៅកាន់ចារិកក្នុងក្រុងពារាណសី។

[៦៣] ម្នាលភិក្ខុទាំងឡាយ មានអាជីវកម្នាក់ឈ្មោះឧបកៈ បានឃើញតថាគត កំពុង​ដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះគយាប្រទេស និងចន្លោះ នៃពោធិព្រឹក្ស លុះឃើញហើយ ក៏និយាយនឹងតថាគត យ៉ាងនេះថា ម្នាលអាវុសោ ឥន្ទ្រិយទាំងឡាយ របស់អ្នក ជ្រះថ្លាណាស់ ឆវីវ័ណ្ណ ក៏បរិសុទ្ធផូរផង់ ម្នាលអាវុសោ អ្នកបួសចំពោះគ្រូណា អ្នកណា ជាគ្រូរបស់អ្នក អ្នកពេញចិត្ត នឹងធម៌នោះ របស់គ្រូណា។ ម្នាលភិក្ខុទាំងឡាយ កាលបើ ឧបកាជីវក សួរយ៉ាងនេះហើយ តថាគត ក៏ឆ្លើយតប ដោយពាក្យជាគាថា ទៅរកឧបកាជីវកថា

តថាគត ជាអ្នកគ្របសង្កត់ នូវតេភូមិកធម៌ទាំងអស់ ត្រាស់ដឹង
នូវចតុព្ភូមិកធម៌ទាំងអស់ មិនប្រឡាក់ ដោយកិលេសក្នុង
តេភូមិកធម៌ទាំងអស់ បានលះចោល នូវតេភូមិកធម៌ទាំងអស់
ហើយ មានចិត្តផុតស្រឡះ ព្រោះអស់ទៅនៃតណ្ហាហើយ
ដឹងច្បាស់ចតុព្ភូមិកធម៌ ដោយខ្លួនឯង ចាំបាច់ចំពោះ
គ្រូ​ណា តថាគតមិនមានអាចារ្យទេ មិនមានបុគ្គលស្មើនឹង
តថាគតទេ ក្នុងលោកនេះ ព្រមទាំងទេវលោក ក៏មិនមាន
បុគ្គលប្រៀបផ្ទឹម នឹងតថាគតបានឡើយ ព្រោះថាតថាគត ជា
អរហន្តក្នុងលោក ជាសាស្តាខ្ពស់ផុត ជាអ្នកត្រាស់ដឹង
ដោយប្រពៃ ចំពោះខ្លួនឯង តថាគត មានសេចក្តីត្រជាក់ មាន
ភ្លើងកិលេសរលត់ហើយ ឥឡូវតថាគត ទៅកាន់ក្រុងនៃពួក
ជនអ្នកកាសី ដើម្បីនឹងសំដែងធម្មចក្ក (ដោយបំណងថា)
តថាគត នឹងទូងស្គរជ័យ នៃអមតនិព្វាន ចំពោះសត្វលោក
ដែលងងឹត គឺអវិជ្ជាកំពុងគ្របសង្កត់។

ឧបកាជីវក​តបថា ម្នាលអាវុសោ អ្នកប្តេជ្ញាខ្លួន យ៉ាងណា អ្នកគួរ (ដើម្បីបាននូវឈ្មោះ) ថា អនន្តជិនៈ (យ៉ាងនោះឯង)។ តថាគត ក៏ពោលគាថា ដូច្នេះទៀត

ជនទាំងឡាយណា បានដល់នូវធម៌ សម្រាប់ធ្វើអាសវៈឲ្យអស់ទៅ ជនទាំងឡាយ​នោះ ឈ្មោះថា ជិនៈ (អ្នកឈ្នះកិលេស) ប្រាកដដូចជាតថាគតដែរ តថាគត បានឈ្នះបាបធម៌ទាំងឡាយហើយ ម្នាលឧបកៈ ព្រោះហេតុនោះ ទើបតថាគត បានឈ្មោះថា ជិនៈ។

ម្នាលភិក្ខុទាំងឡាយ កាលបើតថាគត ពោលយ៉ាងនេះហើយ ឧបកាជីវកនោះ ក៏និយាយថា ម្នាលអាវុសោ ពាក្យយ៉ាងហ្នឹងពិតមែនហើយ (ថាហើយ) ក៏ងក់ក្បាល កាន់យកផ្លូវខុសគ្នា គឺដើរបែកគ្នាចៀសចេញទៅ។

[៦៤] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង តថាគត ត្រាច់ទៅកាន់ទីចារិក តាមលំដាប់ ចូលទៅរកបញ្ចវគ្គិយភិក្ខុ ឯឥសិបតនមិគទាយវ័ន ទៀបក្រុងសាវត្ថីនោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួកបញ្ចវគ្គិយភិក្ខុ បានឃើញតថាគត ដើរមកអំពីចម្ងាយ លុះឃើញ​ហើយ ក៏ប្តេជ្ញា​គ្នា​ថា នេះហើយសមណគោតម ជាអ្នកល្មោភច្រើន ឃ្លាតចាកព្យាយាម វិល​ត្រឡប់មក ដើម្បី​ភាព​ជាអ្នកល្មោភច្រើន កំពុងតែដើរមក យើងទាំងអស់គ្នា មិនគួរថ្វាយបង្គំ មិនគួរ​ក្រោក​ទទួលលោកទេ មិនគួរទទួលបាត្រ និងចីវរ របស់លោកទេ ប៉ុន្តែពួកយើង​ គួរ​ក្រាល​អាសនៈបម្រុងទុក បើលោកនឹងចង់គង់ ក៏គង់ចុះ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ ចូលទៅ​ដោយ​ប្រការ​យ៉ាងណាៗ ពួកបញ្ចវគ្គិយភិក្ខុ ក៏មិនអាចនឹងឋិតនៅ ក្នុងពាក្យប្តេជ្ញារបស់ខ្លួន ដោយ​ប្រការយ៉ាងនោះៗបានឡើយ ខ្លះក៏ក្រោកទទួលតថាគត ហើយទទួលបាត្រចីវរ ខ្លះ​ក្រាល​អាសនៈ ខ្លះតំកល់ទឹក​សម្រាប់​លាងជើង ប៉ុន្តែហៅតថាគតចំឈ្មោះខ្លះ ដោយ​ពាក្យ​ថា អាវុសោខ្លះ។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត បានពោលពាក្យ​នេះ នឹងពួកបញ្ចវគ្គិយ​ភិក្ខុ​ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំហៅតថាគតចំឈ្មោះ ទាំងកុំហៅ អាវុសោឡើយ ម្នាលភិក្ខុទាំងឡាយ តថាគត បានជាអរហន្ត សម្មាសម្ពុទ្ធហើយ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំង​ឡាយ ចូរប្រុង​សោតប្រសាទចុះ តថាគត នឹងប្រៀនប្រដៅ នូវអមតធម៌ ដែល​តថាគត​ ត្រាស់​ដឹងហើយ តថាគត នឹងសំដែងធម៌ ក៏កុលបុត្រទាំងឡាយ ដែលចេញចាកផ្ទះ ចូល​ទៅ​កាន់ផ្នួស​ដោយ​ប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា អ្នកទាំងឡាយ កាលបើ​បាន​ប្រតិបត្តិ គួរតាមពាក្យប្រដៅ របស់តថាគតហើយ ពុំយូឡើយ មុខជា​នឹងបាន​ធ្វើឲ្យ​ជាក់​ច្បាស់ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ចំពោះអនុត្តរធម៌នោះ ជាទីបំផុត​នៃ​មគ្គ​ព្រហ្មចារិយៈ សម្រេចសម្រាន្តនៅ ដោយឥរិយាបទទាំង៤។ ម្នាលភិក្ខុទាំងឡាយ កាល​បើ​តថាគត បានពោលយ៉ាងនេះហើយ ពួកបញ្ចវគ្គិយភិក្ខុ បាននិយាយនឹងតថាគត យ៉ាងនេះ​ថា ម្នាលអាវុសោគោតម សូម្បីដោយសេចក្តីព្យាយាមនោះ ដោយសេចក្តី​ប្រតិបត្តិ​នោះ ដោយ​ទុក្ករកិរិយា (ដែលបានធ្វើរួចមកហើយ) នោះ ម្តេចគង់លោកមិនបាន​ត្រាស់ដឹងនូវ​គុណ​វិសេស គឺញាណទស្សនៈ ដ៏អាចធ្វើខ្លួនឲ្យជាអរិយ ក្រៃលែង​ជាង​មនុស្ស​ធម៌ ចំណង់​បើ​ឥឡូវនេះ លោកប្រតិបត្តិ ដើម្បីល្មោភច្រើន ឃ្លាតចាកព្យាយាម​ហើយ វិលត្រឡប់មក ដើម្បី​ល្មោភច្រើនហើយ នឹងត្រាស់ដឹង នូវគុណវិសេស គឺញាណ​ទស្សនៈ អាចធ្វើ​ខ្លួនឲ្យជា​អរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ ដូចម្តេចបាន។ ម្នាលភិក្ខុ​ទាំងឡាយ លុះពួក​បញ្ចវគ្គិយ​ភិក្ខុ និយាយយ៉ាងនេះហើយ ទើបតថាគត ពោលនឹង​ពួកបញ្ចវគ្គិយភិក្ខុ យ៉ាងនេះថា ម្នាល​ភិក្ខុទាំងឡាយ តថាគត មិនមែនប្រតិបត្តិ ដើម្បីល្មោភច្រើនទេ មិនឃ្លាត​ចាក​ព្យាយាម​ទេ មិនវិលត្រឡប់មក ដើម្បីល្មោភច្រើន​ ដូច្នោះទេ ម្នាលភិក្ខុទាំងឡាយ តថាគត ​បានឋានៈ​ជាអរហន្ត សម្មាសម្ពុទ្ធហើយ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងសោតប្រសាទចុះ តថាគត នឹងប្រៀនប្រដៅ នូវព្រះ​និព្វាន ដែលតថាគតត្រាស់ដឹងហើយ តថាគត នឹងសំដែងធម៌ ក៏កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ហើយ​ចូល​ទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា អ្នកទាំងឡាយ កាល​បើ​បានប្រតិបត្តិ គួរដល់ពាក្យប្រដៅ របស់តថាគតហើយ ពុំយូរឡើយ មុខជានឹងធ្វើ​ឲ្យជាក់​ច្បាស់ ​​ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ចំពោះអនុត្តរធម៌​នោះ ជាទីបំផុតនៃមគ្គ ព្រហ្មចរិយៈ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ម្នាលភិក្ខុទាំងឡាយ ​ពួក​បញ្ចវគ្គិយ​ភិក្ខុ នៅតែនិយាយនឹង​តថាគត ជាគំរប់ពីរដងទៀត យ៉ាងនេះថា ម្នាល​អាវុសោ​គោតម សូម្បីដោយសេចក្តី​ព្យាយាមនោះ ដោយបដិបទានោះ ដោយទុក្ករកិរិយានោះ ម្តេច​គង់លោកមិនបាន​ត្រាស់ដឹង នូវគុណវិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យ​ជា​អរិយៈ ដ៏ក្រៃលែងជាង​មនុស្សធម៌ ចំណង់បើឥឡូវនេះ លោកប្រតិបត្តិ​ ដើម្បី​ល្មោភ​ច្រើន​ហើយ ឃ្លាតចាកព្យាយាមហើយ វិលត្រឡប់មក ដើម្បីល្មោភច្រើនហើយ នឹងបានត្រាស់​ដឹងគុណវិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ ដូចម្តេច​បាន។ ម្នាលភិក្ខុទាំងឡាយ តថាគត បានពោលនឹងពួកបញ្ចវគ្គិយភិក្ខុ ជាគំរប់​ពីរ​ដងទៀត យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ តថាគត​ មិនមែនប្រតិបត្តិ​ ដើម្បី​ល្មោភ​ច្រើន​ទេ។បេ។ នឹងសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ពួក​បញ្ចវគ្គិយភិក្ខុ បាននិយាយនឹងតថាគត ជាគំរប់បីដងទៀត ​យ៉ាងនេះថា ម្នាល​អាវុសោ​គោតម សូម្បីដោយព្យាយាមនោះ ដោយបដិបទានោះ ដោយ​ទុក្ករកិរិយានោះ ម្តេច​លោក​មិនបាន​ត្រាស់ដឹង នូវគុណវិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជា​អរិយៈ ដ៏ក្រៃលែង​ជាង​មនុស្សធម៌ ចំណង់បើឥឡូវនេះ លោកប្រតិបត្តិ ដើម្បីល្មោភច្រើនហើយ ឃ្លាតចាក​ព្យាយាម​ហើយ វិលត្រឡប់មក ដើម្បីល្មោភច្រើនហើយ នឹងបានត្រាស់ដឹង នូវគុណវិសេស គឺញាណទស្សនៈ អាចធ្វើខ្លួន ឲ្យជាអរិយៈ ដ៏ក្រៃលែងជាមនុស្សធម៌​ដូចម្តេចបាន ម្នាលភិក្ខុទាំងឡាយ កាលបើពួកបញ្ចវគ្គិយភិក្ខុ និយាយយ៉ាងនេះហើយ តថាគតបានពោល​នឹងពួកបញ្ចវគ្គិយភិក្ខុ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយធ្លាប់ឮពាក្យនេះ​ ដែលតថាគត​និយាយ​​យ៉ាងនេះ ក្នុងកាលមុន អំពីកាលឥឡូវនេះដែរឬទេ។ ពួកបញ្ចវគ្គិយភិក្ខុតបថា បពិត្រ​ព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គមិនធ្លាប់ឮពាក្យនុ៎ះទេ។ តថាគតក៏និយាយថែម​ទៀត​ថា ម្នាលភិក្ខុទាំងឡាយ តថាគត មិនមែនជា​អ្នកល្មោភច្រើនទេ ​មិនឃ្លាត​ចាក​ព្យាយាម​ទេ មិនវិលត្រឡប់មក ដើម្បីល្មោភច្រើននទេ ម្នាលភិក្ខុទាំងឡាយ តថាគត​ ជា​អរហន្ត​សម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងសោតប្រសាទចុះ តថាគត​នឹងប្រៀនប្រដៅ នូវព្រះនិព្វាន ដែលតថាគតបានត្រាស់ដឹងហើយ ឥឡូវ ​តថាគត​នឹង​សំដែង​ធម៌ ក៏កុលបុត្រទាំងឡាយចេញចាកផ្ទះ ហើយចូលមកកាន់​ផ្នួស ដោយ​ប្រពៃ ​ដើម្បី​ប្រយោជន៍ ដល់អនុត្តរធម៌ណា កាលបើអ្នកទាំងឡាយ ប្រតិបត្តិ​គួរតាមពាក្យ្រដៅ​របស់​តថាគត​ហើយ ពុំយូរឡើយ មុខជានឹងធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាខ្លួនឯង ក្នុង​បច្ចុប្បន្ន​នេះ ចំពោះអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គ ព្រហ្មចរិយៈ នឹងសម្រេចសម្រាន្តនៅ ដោយ​ឥរិយាបថ៤។ ម្នាលភិក្ខុទាំងឡាយ តថាគត នៅតែមិនអាចឲ្យពួកបញ្ចវគ្គិយភិក្ខុ យល់​ច្បាស់​បាន។ ម្នាលភិក្ខុទាំងឡាយ តថាគតទូន្មានភិក្ខុ២រូប ភិក្ខុ៣រូប ត្រាច់ទៅបិណ្ឌិបាត ឯ​ភិក្ខុ​៣រូប ដែលត្រាច់ទៅបិណ្ឌបាត នាំចង្ហាន់បិណ្ឌិបាតណាមក យើងទាំង៦នាក់ ចិញ្ចឹម​ជីវិត ដោយសារចង្ហាន់បិណ្ឌិបាតនោះ។ តថាគតទូន្មានភិក្ខុ៣រូប ឯភិក្ខុ២រូប ក៏ត្រាច់ទៅ​បិណ្ឌិបាត ភិក្ខុ២រូបដែលត្រាច់ទៅបិណ្ឌិបាត នាំយកចង្ហាន់បិណ្ឌិបាតណាមក យើង​ទាំង​៦នាក់ ក៏ចិញ្ចឹមជីវិត ដោយសារចង្ហាន់បិណ្ឌបាតនោះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ពួកបញ្ចវគ្គិយភិក្ខុ កាលដែលតថាគតទូន្មានយ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះ ខ្លួនឯងមាន​​ជាតិ​ជាធម្មតា ដឹងច្បាស់នូវទោស ក្នុងជាតិធម៌ ហើយស្វែងរកព្រះនិព្វាន ដែលមិន​មានជាតិ​ធម៌ ជាគុណជាតដ៏ប្រសើរ ជាទីក្សេមចាកយោគៈ ហើយក៏បានដល់នូវ​ព្រះ​និព្វាន ដែលមិនមានជាតិធម៌ ជាធម៌ដ៏ប្រសើរ ជាទីក្សេមចាកយោគៈ ខ្លួនឯងមាន​ជរាជា​ធម្មតា ដឹងច្បាស់នូវទោសក្នុងជរាធម៌ ហើយស្វែងរកព្រះនិព្វាន ដែលមិនមាន​ជរាធម៌ ជាធម៌ដ៏ប្រសើរ ជាទីក្សេមចាកយោគៈ ហើយក៏បានដល់នូវព្រះនិព្វាន ដែល​មិន​មាន​ជរាធម៌ ជាធម៌ដ៏ប្រសើរ ជាទីក្សេមចាកយោគៈ ខ្លួនឯងមានព្យាធិជាធម្មតា។បេ។ ខ្លួនឯង​មានមរណៈជាធម្មតា… ខ្លួនឯងមានសោកជាធម្មតា… ខ្លួនឯងមានសេចក្តី​សៅហ្មង​ជាធម្មតា ដឹងច្បាស់នូវទោស ក្នុងសង្កិលេសធម៌ហើយ ស្វែងរកនូវព្រះនិព្វាន ដែល​មិនមានសង្កិលេសធម៌ ជាធម៌ដ៏ប្រសើរ ជាទីក្សេមចាកយោគៈ ហើយក៏បានដល់នូវ​ព្រះនិព្វាន ដែលមិនមានសង្កិលេសធម៌ ជាធម៌ដ៏ប្រសើរ ជាទីក្សេមចាកយោគៈ។ ទាំង​ញាណ​ទស្សនៈ ​ក៏កើតឡើង ដល់បញ្ចវគ្គិយភិក្ខុទាំងឡាយនោះថា វិមុត្តិរបស់យើង​មិនបានរំភើប (ដោយកិលេស) ទេ នេះជាជាតិជាទីបំផុត ឥឡូវ ភពថ្មីទៀត ក៏មិនមានឡើយ

[៦៥] ម្នាលភិក្ខុទាំងឡាយ កាមគុណនេះមាន៥ប្រការ កាមគុណ៥​ប្រការ តើដូច​ម្តេច គឺរូបទាំងឡាយ ដែលគប្បីដឹងបាន ដោយចក្ខុជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់​ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាមគួររីករាយ១ សំឡេងដែល​គប្បីដឹងបាន ដោយ​សោតៈ។បេ។ ក្លិនដែលគប្បីដឹងបាន ដោយឃានៈ…រសដែលគប្បីដឹងបាន ដោយជីវ្ហា… ផ្សព្វទាំងឡាយ ដែលគប្បីដឹងបាន ដោយកាយ ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល១ ម្នាលភិក្ខុទាំងឡាយ នេះ​ឯង​កាមគុណមាន៥។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ជាអ្នកមាន​ចិត្ត​ងោក​ជ្រប់ លង់ស៊ប់ ជាអ្នកមិនឃើញទោស មិនមានប្រាជ្ញា ជាគ្រឿងរលាស់ខ្លួនចេញ (បច្ចវេក្ខណញ្ញាណ) តែងបរិភោគកាមគុណ​ទាំង៥នេះ សមណព្រាហ្មណ៍ទាំងនោះ បណ្ឌិត​ គប្បីជ្រាបយ៉ាងនេះថា ជាអ្នកដល់នូវ​សេចក្តី​មិនចម្រើន ដល់នូវសេចក្តីវិនាស ជា​អ្នក​ត្រូវមារមានចិត្តបាប នឹងធ្វើទៅតាមសេចក្តីប្រាថ្នាបាន។

[៦៦] ម្នាលភិក្ខុទាំងឡាយ ដូចជាម្រឹគនៅក្នុងព្រៃ ដែលជាប់ (អន្ទាក់) ហើយ គប្បី​ដេក​សង្កត់គំនរអន្ទាក់ ម្រឹគនោះ បណ្ឌិតគប្បីជ្រាប យ៉ាងនេះថា ជាសត្វដល់នូវសេចក្តី​មិន​ចម្រើន ដល់នូវសេចក្តីវិនាស ជាសត្វដែលព្រាន នឹងធ្វើទៅតាមសេចក្តីប្រាថ្នាបាន កាល​បើ​ព្រានដើរមកដល់ ម្រឹគនោះ នឹងស្ទុះចេញទៅ តាមបំណងពុំបានឡើយ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ ដូចពួកសមណៈ ឬ​ព្រាហ្មណ៍ណាមួយ ជាអ្នកមានចិត្តងោកជ្រប់ លង់ស៊ប់ ជាអ្នកមិន​ឃើញ​ទោស មិនមាន​ប្រាជ្ញា​ ជាគ្រឿងរលាស់ខ្លួនចេញ បរិភោគនូវកាមគុណ​ទាំង៥​នេះឯង ពួក​សមណ​ព្រាហ្មណ៍​ទាំងនោះ បណ្ឌិត គប្បីជ្រាបយ៉ាងនេះថា ជាអ្នកដល់នូវ​សេចក្តីមិន​ចម្រើន ដល់នូវ​សេចក្តីវិនាស ជាអ្នកត្រូវមារមានចិត្តបាប នឹងធ្វើទៅតាម​សេចក្តី​ប្រាថ្នាបាន។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ណាមួយ ជាអ្នកមាន​ចិត្តមិនងោក មិនជ្រប់ មិន​លង់ស៊ប់ ជាអ្នកឃើញទោស មានប្រាជ្ញាជាគ្រឿង​រលាស់ខ្លួន​ចេញ តែនៅបរិភោគ​កាមគុណ​ទាំង៥នេះ សមណព្រាហ្មណ៍ទាំងនោះ បណ្ឌិត គប្បីជ្រាប​យ៉ាងនេះថា ជា​អ្នក​មិន​ដល់នូវសេចក្តីមិនចម្រើន មិនដល់នូវសេចក្តីវិនាស ជាអ្នកមិនត្រូវមារមាន​ចិត្តបាប ​ធ្វើ​ទៅ​តាម​សេចក្តីប្រាថ្នាបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាម្រឹគ ដែលនៅក្នុងព្រៃ មិន​ជាប់ (អន្ទាក់) តែដេកសង្កត់លើគំនរអន្ទាក់ ម្រឹគនោះ បណ្ឌិត គប្បីជ្រាបយ៉ាងនេះថា ជា​សត្វ​មិនដល់នូវសេចក្តីមិនចម្រើន មិនដល់នូវសេចក្តីវិនាស ជាសត្វមិនត្រូវព្រាន​ ធ្វើតាម​សេចក្តី​ប្រាថ្នាបាន ទុកជាព្រានដើរមកដល់ ម្រឹគនោះ នឹងស្ទុះទៅតាមសេចក្តី​ប្រាថ្នា​ខ្លួន​បាន សេចក្តីនេះ មានឧបមា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ​ដូចពួក​សមណ​ព្រាហ្មណ៍ណាមួយ ជាអ្នកមានចិត្តមិនងោក មិនជ្រប់ មិនលង់ស៊ប់ ជាអ្នកឃើញ​ទោស មានប្រាជ្ញា ជាគ្រឿងរលាស់ខ្លួនចេញ តែនៅបរិភោគកាមគុណ​ទាំង៥នេះ​នៅ​ឡើយ សមណព្រាហ្មណ៍ទាំងនោះ បណ្ឌិត គប្បីជ្រាបយ៉ាងនេះថា ជាអ្នកមិនដល់​នូវ​សេចក្តី​មិនចម្រើន មិនដល់នូវសេចក្តីវិនាស ជាអ្នកមិនត្រូវមារមាន​ចិត្តបាប ធ្វើ​ទៅតាម​សេចក្តី​ប្រាថ្នាបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ម្រឹគ ដែលនៅក្នុងព្រៃ ត្រាច់រង្គត់​ទៅ ក្នុង​ព្រៃតូច ព្រៃធំ តែងដើរទៅឥតរង្គៀស ឈរក៏ឥតរង្គៀស អង្គុយក៏ឥតរង្គៀស សម្រេច​ការដេក​ក៏ឥតរង្គៀស ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះ​ម្រឹគ​នោះ​ មិន​បាន​ប្រទះភ្នែកព្រាន សេចក្តីនេះមានឧបមាយ៉ាងណាមិញ ភិក្ខុស្ងប់ស្ងាត់ចាកកាម​ទាំង​ឡាយ ស្ងប់ស្ងាត់ ចាកអកុសលធម៌ទាំងឡាយ ចូលកាន់​បឋមជ្ឈាន ដែលប្រកប​ដោយ​វិតក្កៈ វិចារៈ មានបីតិ សុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគត​ ហៅថា បានធ្វើមារឲ្យខ្វាក់ បំបិទភ្នែកមារ មិនឲ្យឃើញ​ស្នាមជើង​ ទៅកាន់ទីដែល​មារ​មានចិត្តបាបមើលមិនឃើញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ ព្រោះរម្ងាប់វិតក្កៈ វិចារៈ រួចហើយ ក៏ចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់ ក្នុងសន្តាន មានភាវៈ នៃចិត្តដ៏ប្រសើរ ឥតមានវិតក្កៈ និងវិចារៈឡើយ មានតែបីតិ និងសុខៈ ដែលកើត​អំពីសមាធិ… ចូល​កាន់​តតិយជ្ឈាន… ចតុត្ថជ្ឈាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានធ្វើមារឲ្យខ្វាក់ បំបិទភ្នែកមារ មិនឲ្យឃើញស្នាមជើង ទៅកាន់​ទីដែល​មារមានចិត្តបាប​មើលមិនឃើញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុព្រោះកន្លង នូវពួក​រូបសញ្ញា ព្រោះវិនាសទៅ ​នៃពួក​បដិឃសញ្ញា ព្រោះមិនធ្វើទុក ក្នុងចិត្តនូវពួក​នានត្តសញ្ញា ដោយប្រការទាំងពួង ក៏ចូល​កាន់​អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្ម​ថា អាកាស មិនមានទីបំផុតដូច្នេះ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានធ្វើ​មារ​ឲ្យខ្វាក់ បំបិទភ្នែកមារ​ មិនឲ្យឃើញ​ស្នាម​ជើង ទៅកាន់ទីដែលមារមានចិត្តបាប​មើលមិន​ឃើញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុកន្លងបង់នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួងហើយ ចូលកាន់​វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុកន្លង​បង់​នូវ​វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វត្ថុតិច​តួចមិនមាន។បេ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុកន្លងបង់នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុកន្លងបង់ នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការ​ទាំង​ពួង ហើយចូលកាន់​សញ្ញាវេទយិតនិរោធ។ អាសវៈទាំងឡាយ របស់ភិក្ខុនោះ ក៏អស់រលីង​ទៅ ព្រោះឃើញច្បាស់ (នូវអរិយសច្ចធម៌) ដោយវិបស្សនាបញ្ញា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានធ្វើមារឲ្យខ្វាក់ បំបិទភ្នែកមារ មិនឲ្យឃើញស្នាមជើង ទៅ​កាន់​ទីដែលមារមានចិត្តបាប មើលមិនឃើញ។ ភិក្ខុនោះ ឆ្លងនូវតណ្ហា ដែលមានអារម្មណ៍ផ្សាយទៅ ក្នុងលោកនេះបានហើយ ជាអ្នកដើរទៅឥតរង្គៀស ឈរក៏ឥតរង្គៀស អង្គុយក៏​ឥត​រង្គៀស សម្រេចនូវការដេកក៏ឥតរង្គៀស ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ (ព្រោះ​ថា) ភិក្ខុនោះ មិនបានមកកាន់រង្វង់ចក្ខុ របស់មារមានចិត្តបាបទៀតឡើយ។ លុះ​ព្រះ​មានព្រះភាគ បានត្រាស់ព្រះសូត្រនេះ​ចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីក​រាយហើយ ចំពោះ ភាសិតរបស់​ព្រះមានព្រះភាគ។

ចប់ បាសរាសិសូត្រទី៦។

 

លេខយោង

1)
អ្នកដុសខាត់ខ្លួន ដោយ​លំអិត និងដីក្តី ដោយឫសឈើ មានសណ្ឋានដូចជើងកន្ថោរក្តី ឈ្មោះថាអ្នកងូត។ អ្នកដែលមិនធ្វើដូច្នោះ គ្រាន់តែងូតតាមប្រក្រតីឈ្មោះថា អ្នកស្រោចស្រប់។ ឯសរីរៈ​របស់​ព្រះមានព្រះភាគ មិនបានប្រឡាក់ ដោយធូលី ដែលគួរនឹងដុសចេញ ដូច្នោះទេ ព្រះអង្គ​គ្រាន់​តែ​ចុះកាន់ទឹក ដើម្បីនឹងរក្សាព្រះអង្គ ឲ្យស្រួលតាមរដូវប៉ុណ្ណោះ។ អដ្ឋកថា។
2)
មាសប្រាក់លោក​មិនបានសង្គ្រោះថា មាន​ព្យាធិមរណៈ មានសោក ព្រោះមិនមានព្យាធិ ដូចរោគឈឺក្បាលជាដើម គ្រាន់តែ​សៅហ្មង​ដោយសង្កិលេសធម៌មានជរាជាដើម ព្រោះហេតុនោះបានជា ព្រះអង្គ​សង្គ្រោះ​ក្នុង​សង្កិលេសធម៌វិញ
3)
ឧរុ ន្រែថា ខ្សាច់ វេលា ប្រែថា គំនរ ឬផ្នូក រួមគ្នាថា គំនរខ្សាច់
4)
និគម ជាទីនៅរបស់សេនា។ មានដំណាលថា ពួកជនក្នុងបឋមកប្ប តាំងលំនៅសេនា ក្នុងទីនោះ ហេតុនោះ បានជាលោកហៅថា សេនានិគម ឬហៅថា សេនានិគ្រាម ក៏បាន។ ពាក្យថា សេនានិនេះ ជាឈ្មោះ បិតានាងសុជាតា
5)
កាលពីក្នុងសាសនា​ព្រះពុទ្ធ​កស្សប ព្រហ្មនេះធ្លាប់កើតជាព្រះថេរៈ១អង្គ ឈ្មោះសហកៈបានបឋមជ្ឈាន ហើយទៅកើតជាព្រហ្មមានអាយុ១កប្ប ក្នុងជាន់បឋមជ្ឈានភូមិ បានជាហៅថាសហម្បតិ។អដ្ឋកថា។
km/tipitaka/sut/mn/sut.mn.026.txt · ពេលកែចុងក្រោយ: 2023/11/09 15:05 និពន្ឋដោយ Johann