km:tipitaka:sut:mn:sut.mn.027

ចូឡហត្ថិបទោបមសូត្រ ទី៧

សង្ខេប

ម្នាក់​​មិន​កាន់​ពុទ្ធសាសនា​​បានសួរ​អ្នកកាន់ពុទ្ធសាសនា​អំពី​អ្វី​ដែល​ពិសេស​ពី​ព្រះពុទ្ធ។ គាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង បានគោរព និងបន្ទាប់​មកក៏​បាន​ទៅ​ជួប​ព្រះពុទ្ធ​ផ្ទាល់ ហើយ​ទទួល​បាន​ការ​ប្រៀនប្រដៅ​យ៉ាង​ពេញលេញ​ពី​ព្រះពុទ្ធ​អង្គ។

mn 027 បាលី cs-km: sut.mn.027 អដ្ឋកថា: sut.mn.027_att PTS: ?

(ទី៧) ចូឡហត្ថិបទោបមសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៧. ចូឡហត្ថិបទោបមសុត្តំ)

[៦៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ ក្នុងវត្តព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះ មាន​ព្រាហ្មណ៍​ម្នាក់ ឈ្មោះ ជាណុស្សោណិ ទឹមរថដោយសេះសសុទ្ធ បរចេញអំពីក្រុងសាវត្ថី ទាំងកំពុងថ្ងៃត្រង់។ ជាណុស្សោណិព្រាហ្មណ៍ បានឃើញ បិលោតិកបរិព្វាជក (បរិព្វាជក​អ្នក​ស្លៀកសំពត់ចាស់) កំពុងដើរមកអំពីចម្ងាយ លុះឃើញជាក់ហើយ ទើបសួរ​បិលោតិកបរិព្វាជក ដូច្នេះថា លោកវច្ឆាយនៈដ៏ចម្រើន មកអំពីទីណា ទាំង​កំពុង​ថ្ងៃត្រង់នោះ។ បិលោតិកបរិព្វាជក ឆ្លើយថា ម្នាលអ្នកដ៏ចម្រើន អាត្មាមកអំពីសំណាក់​ព្រះសមណគោតម​នេះទេតើ។ លោកដ៏ចម្រើនដឹងថា ព្រះសមណគោតម មានប្រាជ្ញា និងសេចក្តីវាងវៃ ល្មមឲ្យហៅថាជាបណ្ឌិតបានឬទេ។ ម្នាលអ្នកដ៏ចម្រើន អាត្មាឯណា នឹងដឹងនូវបញ្ញា និងសេចក្តីវាងវៃ របស់ព្រះសមណគោតមបាន បើបុគ្គលណា​ដឹងនូវ​បញ្ញា និងសេចក្តីវាងវៃ របស់ព្រះសមណគោតមបានហើយ បុគ្គលនោះឯង នឹង​ប្រាកដ​​ដូចជា​ព្រះសមណគោតមនោះដែរ។ ម្តេចក៏វច្ឆាយនៈ​ដ៏ចម្រើន ពោល​សរសើរ​ព្រះសមណ​គោតម ដោយពាក្យសរសើរដ៏ខ្ពង់ខ្ពស់ដល់ម៉្លេះ។ ម្នាលអ្នកដ៏ចម្រើន អាត្មា​ខាន​សរសើរព្រះសមណគោតម ដូចម្តេចបាន (ដ្បិត) ព្រះសមណគោតមដ៏ចម្រើននោះ ប្រសើរជាងអ្នកដែលប្រសើរ គឺប្រសើរជាងទេវតា និងមនុស្សទាំងឡាយ។ លោកវច្ឆាយនៈ ដ៏ចម្រើន ឃើញនូវអានិសង្ស នៃប្រយោជន៍ ដូចម្តេច បានជាជ្រះថ្លា ក្នុងព្រះសមណ​គោតម​យ៉ាងនេះ។

[៦៨] បិលោតិកបរិព្វាជក ឆ្លើយថា ម្នាលអ្នកដ៏ចម្រើន អាត្មាខានជ្រះថ្លាយ៉ាងនេះ ក្នុងព្រះសមណគោតម ដូចម្តេចបាន ម្នាលអ្នកដ៏ចម្រើន ដូចជាព្រានដំរីដ៏ឈ្លាស ចូលទៅ​កាន់​ព្រៃដំរី ព្រានដំរីនោះ បានឃើញស្នាមជើងដំរីដ៏ធំ ក្នុងព្រៃដំរី ខាងបណ្តោយក៏វែង ខាងទទឹងក៏ធំ។ ព្រានដំរីនោះ ចូលចិត្ត ដូច្នេះថា ឱហ្ន៎ ដំរីធំមែន សេចក្តីនេះ យ៉ាងណា ឯអាត្មា បានឃើញស្នាមព្រះបាទ គឺញាណទាំង៤ប្រការ របស់ព្រះសមណគោតម ក្នុងវេលា​ណាហើយ អាត្មាក៏ចូលចិត្តថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធពិត ព្រះធម៌ ព្រះមានព្រះភាគ ត្រាស់សំដែងប្រពៃហើយ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោក​ប្រតិបត្តិ​ប្រពៃហើយ ក៏យ៉ាងនោះដែរ។ ស្នាមព្រះបាទ គឺញាណទាំង៤ប្រការ តើដូចម្តេចខ្លះ។ ម្នាលអ្នកដ៏ចម្រើន អាត្មាបានឃើញខត្តិយបណ្ឌិតពួកខ្លះ ក្នុងលោកនេះ មានបញ្ញាល្អិត ញាំញីនូវវាទៈ របស់បុគ្គលដទៃបាន ប្រាកដដូចជាខ្មាន់ធ្នូ បាញ់នូវសរសៃ​សក់ ខត្តិយបណ្ឌិតទាំងនោះ ហាក់ដូចជាត្រាច់ទៅទំលាយ នូវទិដ្ឋិរបស់បុគ្គលដទៃ ដោយ​ប្រាជ្ញា (របស់ខ្លួន) ខត្តិយបណ្ឌិតទាំងនោះ ឮដំណឹងដូច្នេះថា ព្រះសមណគោតម​ដ៏ចម្រើន ទ្រង់ពុទ្ធដំណើរមកដល់ស្រុក ឬនិគមឯណោះ។ ខត្តិយបណ្ឌិតទាំងនោះ ចងប្រស្នា​ ដោយគិតថា ពួកយើងនឹងចូលទៅគាល់ព្រះសមណគោតម ហើយក្រាប​បង្គំទូល​សួរប្រស្នាយ៉ាងនេះ បើយើង​ក្រាបបង្គំទូលប្រស្នាយ៉ាងនេះហើយ ព្រះអង្គមុខ​ជានឹង​ព្យាករយ៉ាងនេះ ពួកយើងនឹងលើកទោសព្រះសមណគោតមនោះ យ៉ាងនេះ បើ​យើងបានក្រាបបង្គំទូលសួរប្រស្នាយ៉ាងនេះហើយ ព្រះអង្គមុខជានឹងព្យាករយ៉ាងនេះ ពួក​យើងនឹងលើកទោសព្រះសមណគោតមនោះ យ៉ាងនេះវិញ។ ខត្តិយបណ្ឌិតទាំងនោះ ឮដំណឹង ដូច្នេះថា ព្រះសមណគោតមដ៏ចម្រើន ទ្រង់ពុទ្ធដំណើរមកដល់ស្រុក ឬនិគម​ឯណោះ។ ទើបខត្តិយបណ្ឌិតទាំងនោះ ចូលទៅគាល់ព្រះសមណគោតម។ ព្រះសមណ​គោតម ទ្រង់ញ៉ាំងខត្តិយបណ្ឌិតទាំងនោះឲ្យយល់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ដោយ​ធម្មីកថា ពួកខត្តិយបណ្ឌិតនោះ ដែលព្រះសមណគោតម ទ្រង់ឲ្យយល់ ឲ្យកាន់​យក ឲ្យក្លាហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏មិនអាចទូលសួរ​ប្រស្នា នឹង​ព្រះសមណគោតមបានឡើយ នឹងលើកទោសព្រះសមណគោតម ដូចម្តេចបាន តាមពិត នឹងសម្រេចទៅជាសាវ័ក របស់ព្រះសមណគោតមវិញ។ ម្នាលអ្នកដ៏ចម្រើន ក្នុងកាល​ដែល​ខ្ញុំ​បានឃើញ នូវស្នាមព្រះបាទទី១នេះ របស់ព្រះសមណគោតមហើយ ខ្ញុំក៏ចូលចិត្តថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធពិត ព្រះធម៌ ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងប្រពៃហើយ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិ​ប្រពៃ​ហើយ។ ម្នាលអ្នកដ៏ចម្រើន មួយទៀត ខ្ញុំបានឃើញព្រាហ្មណបណ្ឌិតពួកខ្លះ ក្នុង​លោកនេះ។បេ។ គហបតិបណ្ឌិត។បេ។ សមណបណ្ឌិត ដែលមានបញ្ញាល្អិត ញាំញី​នូវវាទៈ នៃបុគ្គលដទៃបាន ប្រាកដដូចជាខ្មាន់ធ្នូ បាញ់នូវសរសៃសក់ សមណបណ្ឌិត​ទាំងអម្បាលនោះ ហាក់ដូចជាត្រាស់ទៅទំលាយ នូវទិដ្ឋិ (បុគ្គលដទៃ) ដោយបញ្ញា សមណបណ្ឌិតទាំងអម្បាលនោះ បានឮដំណឹងដូច្នេះថា ព្រះសមណគោតមដ៏ចម្រើន ទ្រង់ពុទ្ធដំណើរមកដល់ស្រុក ឬនិគមឯណោះ។ សមណបណ្ឌិត ទាំងអម្បាលនោះ ចងប្រស្នា​ ដោយគិតថា ពួកយើងនឹងចូលទៅគាល់ព្រះសមណគោតម ហើយទូលសួរ​ប្រស្នានេះ បើយើងសួរប្រស្នាយ៉ាងនេះហើយ ព្រះអង្គមុខជានឹងព្យាករយ៉ាងនេះ ពួក​យើង​នឹងលើកទោសព្រះសមណគោតមនោះ យ៉ាងនេះ បើយើងទូលសួរប្រស្នាយ៉ាងនេះ​ហើយ ព្រះអង្គមុខជានឹងព្យាករយ៉ាងនេះ ពួកយើងនឹងលើកទោសព្រះសមណគោតម យ៉ាងនេះ។ សមណបណ្ឌិតទាំងអម្បាលនោះ បានឮដំណឹង ដូច្នេះថា ព្រះសមណ​គោតម​ដ៏ចម្រើន ទ្រង់ពុទ្ធដំណើរមកដល់ស្រុក ឬនិគមឯណោះ សមណបណ្ឌិតទាំង​នោះ ក៏ចូលទៅគាល់ព្រះសមណគោតម។ ព្រះសមណគោតម ទ្រង់ញ៉ាំងសមណ​បណ្ឌិត​ទាំងនោះ ឲ្យយល់ឃើញ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ដោយធម្មីកថា ពួក​សមណបណ្ឌិតនោះ ដែលព្រះសមណគោតម ទ្រង់ឲ្យយល់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏មិនអាចនឹងទូលសួរប្រស្នា នឹងព្រះសមណគោតម​បានឡើយ នឹងលើកទោសព្រះសមណគោតម ដូចម្តេចបាន ទើបនាំគ្នាសូមឱកាស ចំពោះ​ព្រះសមណគោតម ដើម្បីនឹងចេញអំពីផ្ទះ ចូលទៅកាន់ផ្នួសវិញ ដោយពិត។ ព្រះសមណគោតម ទ្រង់បំបួសសមណបណ្ឌិតទាំងនោះ សមណបណ្ឌិតទាំងនោះ លុះ​បួស​ក្នុងសំណាក់ព្រះសមណគោតមនោះហើយ ក៏ចេញចាកពួកគណៈ មិនមានសេចក្តី​ធ្វេស​ប្រហែស មានសេចក្តីព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅ ក្នុង​កម្មដ្ឋាន កុលបុត្រទាំងឡាយដែលចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន ក៏បានត្រាស់ដឹងនូវអនុត្តរធម៌នោះ មាន ព្រហ្មចរិយធម៌ជាទីំផុត​ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ននេះ សម្រេចសម្រាន្ត ដោយ​ឥរិយាបថទាំង៤។ សមណបណ្ឌិតទាំងនោះ និយាយាសរសើរយ៉ាងនេះថា ឱហ្ន៎ ពួកយើងមិនបានវិនាសចាកប្រយោជន៍តិចតួចឡើយ ឱហ្ន៎ ពួកយើងមិនបាន​វិនាសចាកប្រយោជន៍តិចតួចឡើយ ដ្បិតក្នុងកាលមុន ពួកយើងមិនមែនជាសមណៈ តែប្តេជ្ញាខ្លួន ថាជាសមណៈ មិនមែនជាព្រាហ្មណ៍ ប្តេជ្ញាខ្លួនថាជាព្រាហ្មណ៍ មិនមែន​ជា​ព្រះអរហន្ត ប្តេជ្ញាខ្លួន ថាជាព្រះអរហន្ត ឥឡូវនេះ ពួកយើងបានជាសមណៈហើយ ឥឡូវនេះ ពួកយើងបានជាព្រាហ្មណ៍ហើយ ឥឡូវនេះ ពួកយើងបានជាអរហន្តហើយ។ ម្នាលអ្នកដ៏ចម្រើន ក្នុងកាលដែលអាត្មា បានឃើញនូវស្នាមព្រះបាទជាគំរប់៤នេះ របស់​ព្រះសមណគោតមហើយ អាត្មាក៏ចូលចិត្តថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ព្រះធម៌​ ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងប្រពៃហើយ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិប្រពៃហើយ។ ម្នាលអ្នកដ៏ចម្រើន ក្នុងកាលដែល​អាត្មា បានឃើញនូវស្នាមព្រះបាទទាំង៤ប្រការនេះ របស់ព្រះសមណគោតមហើយ អាត្មាក៏ចូលចិត្តថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ព្រះធម៌ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងប្រពៃហើយ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិ​ប្រពៃ​ហើយ។

[៦៩] កាលបិលោតិកបរិព្វាជក ពោលយ៉ាងនេះហើយ ជាណុស្សោណិព្រាហ្មណ៍ ក៏ចុះអំពីរថ ដែលទឹមដោយសេះសសុទ្ធ ធ្វើសំពត់ឆៀងស្មាម្ខាង ប្រណម្យអញ្ជលីឆ្ពោះទៅ ត្រង់ទីដែលព្រះមានព្រះភាគគង់នៅ បន្លឺឧទានវាចា អស់វារៈ៣ដងថា សូមនមស្ការ ចំពោះ​ព្រះមានព្រះភាគ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ សូមនមស្ការ ចំពោះ​ព្រះមានព្រះភាគ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ សូមនមស្ការ ចំពោះ​ព្រះមាន​ព្រះភាគ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ធ្វើម្តេច យើងគប្បីទៅជួប ព្រះសមណ​គោតមបានម្តងហ្ន៎ ធ្វើម្តេច យើងគប្បីបាននិយាយឆ្លើយឆ្លងតិចតួចហ្ន៎។ លំដាប់​នោះ ជាណុស្សោណិព្រាហ្មណ៍ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល មួយអន្លើ ដោយព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឮកហើយ អង្គុយក្នុងទីសមគួរ។ លុះ​ជាណុស្សោណិព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ តាម​ពាក្យដែលខ្លួននិយាយឆ្លើយឆ្លង ជាមួយនឹងបិលោតិកបរិព្វាជកនោះ ដរាបដល់ចប់​សព្វគ្រប់។ កាលជាណុស្សោណិព្រាហ្មណ៍ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ នឹងជាណុស្សោណិព្រាហ្មណ៍ថា ម្នាលព្រាហ្មណ៍ ធម៌ដែលឧបមា ដូចស្នាមជើងដំរី មិនទាន់បរិបូណ៌ដោយពិស្តារត្រឹមតែប៉ុណ្ណេះទេ ម្នាលព្រាហ្មណ៍ ឯធម៌ដែលឧបមា ដូចស្នាមជើងដំរីបរិបូណ៌ដោយពិស្តារ យ៉ាងណាមិញ អ្នកចូរស្តាប់នូវសេចក្តីឧបមានោះ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង។ ជាណុស្សោណិព្រាហ្មណ៍ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តា​ប្រោស យ៉ាងហ្នឹងហើយ។

[៧០] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលព្រាហ្មណ៍ ដូចជាព្រានដំរី​ ចូលទៅកាន់ព្រៃដំរី ព្រានដំរីនោះ បានឃើញស្នាមជើងដំរីដ៏ធំ ក្នុងព្រៃដំរី វែងដោយ​បណ្តោយ​ផង ធំដោយទទឹងផង ព្រានដំរី ដែលឈ្លាស ក៏មិនទាន់ចូលចិត្តថា ឱហ្ន៎ ដំរីធំមែន ដូច្នេះនៅឡើយ។ ព្រោះហេតុអ្វី។ ម្នាលព្រាហ្មណ៍ ព្រោះថាក្នុងព្រៃដំរី រមែងមានមេដំរីទាំងឡាយ មានខ្លួនខ្លី តែមានស្នាមជើងធំ ស្នាមជើងនេះ ជាស្នាមជើង​មេដំរី​ទាំងនោះ។ ព្រានដំរីនោះ ក៏ទៅតាមស្នាមជើងនោះ លុះទៅតាមស្នាមជើង​នោះ​ហើយ ក៏ឃើញស្នាមជើងដំរីធំ ក្នុងព្រៃដំរី វែងដោយបណ្តោយផង ធំដោយទទឹងផង មានទីត្រដុសដ៏ខ្ពស់ផង ព្រានដំរីដែលឈ្លាសមិនទាន់ចូលចិត្តថា ឱហ្ន៎ ដំរីធំណាស់ ដូច្នេះនៅឡើយ។ ព្រោះហេតុអ្វី។ ម្នាលព្រាហ្មណ៍ ព្រោះថាក្នុងព្រៃដំរី រមែងមានមេដំរីទាំងឡាយ ឈ្មោះ ឧច្ចាកឡារិកា1) មានស្នាមជើងធំ ស្នាមជើងនេះ ជាស្នាម​ជើង​មេដំរីទាំងនោះ។ ព្រានដំរីនោះ ក៏ដើរទៅតាមស្នាមជើងនោះ លុះដើរ​ទៅតាមស្នាមជើង​នោះហើយ ក៏ឃើញស្នាមជើងដំរីធំ ក្នុងព្រៃដំរី វែងដោយបណ្តោយផង ធំដោយទទឹងផង មានទីត្រដុសដ៏ខ្ពស់ផង ទាំងទីដែលចាក់ដោយភ្លុកដ៏ខ្ពស់ផង ព្រានដំរីដែលឈ្លាស មិនទាន់​ចូលចិត្តថា ឱហ្ន៎ ដំរីធំមែន ដូច្នេះនៅឡើយ។ ព្រោះហេតុអ្វី។ ម្នាលព្រាហ្មណ៍ ព្រោះ​ថា​ក្នុងព្រៃដំរី រមែងមានមេដំរី ឈ្មោះឧច្ចាករេណុកា2) មានស្នាមជើងដ៏ធំ ស្នាមជើងនេះ ជាស្នាមជើងមេដំរីទាំងនោះ។ ព្រានដំរីនោះ ដើរទៅតាមស្នាមជើងនោះ លុះដើរទៅតាមស្នាមជើងនោះហើយ ក៏ឃើញស្នាមជើងដំរីធំ ក្នុងព្រៃដំរី វែងដោយ​បណ្តោយផង ធំដោយទទឹងផង មានទីត្រដុសដ៏ខ្ពស់ផង ទាំង ចាក់ស្នាម​ដោយភ្លុក​ទាំងឡាយ​ដ៏ខ្ពស់ផង ទាំងមែកឈើ ដែលដំរីនោះកាច់ហើយ ក៏ខ្ពស់ផង ហើយឃើញទាំងដំរីទាំងនោះ នៅក្បែរគល់ឈើក្តី នៅក្នុងទីវាលក្តី កំពុងដើរក្តី កំពុងឈរក្តី កំពុងទ្រោមចុះក្តី កំពុងដេកក្តី។ ទើបព្រានដំរីនោះ ចូលចិត្តថា ដំរីនេះ ជាដំរីធំមែន មានឧបមាដូចម្តេចមិញ។ ម្នាលព្រាហ្មណ៍ ឧបមេយ្យដូចជា​ព្រះតថាគត កើតឡើងក្នុងលោកនេះ មាននាមប្រាកដថា ជាបុគ្គលឆ្ងាយចាកកិលេស ត្រាស់ដឹង​ដោយ​ប្រពៃចំពោះខ្លួន បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អរទៅកាន់​សុន្ទរស្ថាន គឺព្រះនិព្វាន ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលណា​មួយស្មើគ្មាន ជាអ្នកទូន្មាន នូវបុរសដែលគួរទូន្មានបាន ជាសាស្ត្រាចារ្យ នៃទេវតា និង​មនុស្សទាំងឡាយ ត្រាស់ដឹងនូវអរិយសច្ចធម៌ លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះតថាគតនោះ ទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាចំពោះខ្លួនឯង នូវលោកនេះ ព្រមទាំងទេវលោក មារលោក និងព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ព្រះតថាគតនោះ សំដែងធម៌ មានលំអបទដើម លំអបទកណ្តាល និងបទចុង បរិបូណ៌ដោយអត្ថ និង​ព្យញ្ជនៈ ប្រកាសនូវព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌ពេញលេញ គហបតីក្តី កូនរបស់គហបតីក្តី ឬបុគ្គលកើតក្នុងត្រកូលណាមួយ ជាខាងក្រោយក្តី បានស្តាប់នូវ​ធម៌នោះ លុះបុគ្គលនោះ ស្តាប់នូវធម៌នោះហើយ រមែងបានចំពោះ នូវសទ្ធា ក្នុងព្រះតថាគត បុគ្គលនោះ ប្រកបដោយការបាន ចំពោះនូវសទ្ធានោះហើយ រមែង​ពិចារណាឃើញច្បាស់ថា ការនៅគ្រប់គ្រងផ្ទះ ជាទីចង្អៀតចង្អល់ (ពេកណាស់) ជាផ្លូវ​ហូរមកនៃធូលី គឺកិលេស បព្វជ្ជាជាឱកាសទំនេរច្រើន (ព្រោះជាឱកាស ដើម្បីធ្វើកុសល​តាមសប្បាយ) បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្ត ព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ ដោយចំណែកមួយ ឲ្យបរិសុទ្ធ ដោយចំណែកមួយ ដូចជាស័ង្ខ ដែលគេខាត់ហើយនោះ បានទេ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា ហើយស្លៀកដណ្តប់សំពត់ជ្រលក់ដោយទឹកអម្ចត់ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ លុះសម័យខាងក្រោយមក បុគ្គលនោះ ក៏លះបង់នូវគំនរភោគៈតិចក្តី លះបង់នូវគំនរភោគៈច្រើនក្តី លះបង់នូវញាតិវង្សតិចក្តី លះបង់នូវញាតិវង្សច្រើនក្តី ហើយ​កោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់ជ្រលក់ដោយទឹកអម្ចត់ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។

[៧១] លុះបុគ្គលនោះ បានបួសយ៉ាងនេះហើយ ក៏បរិបូណ៌ ដោយសិក្ខា ព្រមទាំង​អាជីវៈ នៃភិក្ខុទាំងឡាយ ជាអ្នកលះបង់បាណាតិបាត វៀរស្រឡះចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្ត្រាដាក់ចុះហើយ មានសេចក្តីខ្មាស់បាប មាន​សេចក្តីអាណិត មានសេចក្តីអនុគ្រោះសព្វសត្វ ដោយប្រយោជន៍។ លះបង់អទិន្នាទាន វៀរស្រឡះចាកអទិន្នាទាន កាន់យកតែវត្ថុដែលគេឲ្យ ប្រាថ្នាតែវត្ថុដែលគេឲ្យ មានអត្តភាពដ៏ស្អាត មិនមែនជាចោរ។ លះបង់នូវអព្រហ្មចរិយ គឺធម៌មិនប្រសើរ ហើយប្រព្រឹត្តតែធម៌ដ៏ប្រសើរ ចៀសវាង វៀរស្រឡះចាកមេថុន ជាធម៌របស់អ្នកស្រុក។ លះបង់មុសាវាទ វៀរស្រឡះចាកមុសាវាទ ពោលតែពាក្យពិត តនូវពាក្យពិត ដោយពាក្យ​ពិត3) ជាអ្នកមានសំដីទៀងទាត់ មានពាក្យដែលគួរជឿ មិនបានពោលបំភ្លាត់សត្វលោក។ លះបង់បិសុណវាចា វៀរស្រឡះចាកបិសុណវាចា គឺថា ឮពាក្យអំពីសំណាក់ជននេះហើយ មិននាំទៅប្រាប់ជន​ឯណោះ ដើម្បីបំបែកនូវជនទាំងឡាយនេះ ឬឮពាក្យក្នុងសំណាក់ជនឯណោះហើយ មិននាំមកប្រាប់ពួកជននេះ ដើម្បីបំបែកនូវជនទាំងឡាយឯណោះដូច្នេះ ជាអ្នកផ្សះផ្សារ នូវជនទាំងឡាយ ដែលបែកគ្នាហើយ ឬឲ្យកម្លាំងថែម ដល់ជនទាំងឡាយដែលជានឹងគ្នា​ហើយ មានសេចក្តីព្រមព្រៀងជាទីត្រេកអរ ត្រេកអរក្នុងសេចក្តីព្រមព្រៀងគ្នា រីករាយតែ​ក្នុងសេចក្តីព្រមព្រៀងគ្នា និយាយតែវាចា ដែលជាគ្រឿងធ្វើឲ្យព្រមព្រៀងគ្នា។ លះបង់​ផរុសវាចា វៀរស្រឡះចាកផរុសវាចា វាចាណាដែលមិនមានទោស នាំមកនូវសេចក្តីសុខ ដល់ត្រចៀក ជាពាក្យគួរស្រឡាញ់ ជាពាក្យគួរតំកល់ទុកក្នុងហឫទ័យ ជាសំដីរបស់​អ្នកក្រុង ដែលជាទីត្រេកអរ ដល់ជនច្រើន ជាទីពេញចិត្ត ដល់ជនច្រើន ជាអ្នកនិយាយតែ​វាចា មានសភាពដូច្នោះ។ លះបង់សម្ផប្បលាបៈ វៀរស្រឡះចាកសម្ផប្បលាបៈ ជាអ្នក​ពោលនូវពាក្យ តាមកាលគួរ ជាអ្នកពោលនូវពាក្យពិត ជាអ្នកពោលនូវអត្ថ (ពោលពាក្យ​អាស្រ័យប្រយោជន៍ ក្នុងបច្ចុប្បន្ន និងបរលោក) ជាអ្នកពោលនូវធម៌ (ពោលពាក្យ​អាស្រ័យ​លោកុត្តរធម៌) ជាអ្នកពោលនូវវិន័យ (ពោលពាក្យអាស្រ័យសំវរវិន័យ និង​បហានវិន័យ) ពោលនូវពាក្យគួរតំកល់ទុក ក្នុងហឫទ័យ ជាពាក្យប្រកបដោយសេចក្តីអាង តាមកាល ជាពាក្យមានកំណត់។ ភិក្ខុនោះ វៀរស្រឡះចាកកិរិយាផ្តិលផ្តាច់ នូវពីជគាម និងភូតគាម។ ជាអ្នកបរិភោគ នូវភត្តតែ១ពេល វៀរស្រឡះចាកការបរិភោគ ក្នុងរាត្រី វៀរស្រឡះចាកការបរិភោគ ក្នុងកាលខុស។ វៀរស្រឡះចាកកិរិយារាំច្រៀង ប្រគំ និងមើល​នូវល្បែង ដែលជាសត្រូវដល់កុសលធម៌។ វៀរស្រឡះចាកកិរិយាទ្រទ្រង់ និងប្រដាប់តាក់តែង ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿង​លាបផ្សេងៗ។ វៀរស្រឡះចាកទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេកទីអង្គុយ​ដ៏ប្រសើរ។ វៀរស្រឡះចាកកិរិយាទទួលកាន់យកនូវមាស និងប្រាក់។ វៀរស្រឡះចាកកិរិយា​ទទួលកាន់យក​នូវស្រូវស្រស់។ វៀរស្រឡះចាកកិរិយាទទួលកាន់យកនូវសាច់ឆៅ។ វៀរស្រឡះចាកកិរិយាទទួលស្ត្រី4) និងកុមារី។ វៀរស្រឡះចាកកិរិយាទទួល នូវខ្ញុំស្រី និងខ្ញុំប្រុស។5) វៀរស្រឡះចាកកិរិយាទទួល នូវពពែ និងចៀម។ វៀរស្រឡះចាកកិរិយាទទួល នូវមាន់ និងជ្រូក។ វៀរស្រឡះចាកកិរិយាទទួល នូវដំរី គោ សេះ ឈ្មោល និងញី។ វៀរស្រឡះចាកកិរិយាទទួលនូវស្រែ និងចម្ការ។ វៀរស្រឡះចាកកិរិយាប្រកបនូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំដល់គ្រហស្ថ និងទៅដោយគេបញ្ជូនពីផ្ទះមួយទៅផ្ទះមួយ។ វៀរស្រឡះចាកកិរិយាលក់ទិញ ផ្លាស់ប្តូរ (របស់ផ្សេងៗ)។ វៀរស្រឡះចាកអំពើកោងដោយជញ្ជីង បន្លំដោយភាជន៍មាស និងអំពើកោងដោយរង្វាស់រង្វាល់។6) វៀរស្រឡះចាកកិរិយាប្រកបនូវអំពើកោង ដោយមួយបង្កាច់ បំភាន់ដោយឧបាយ និងបន្លំដោយរបស់ប្លម។7) វៀរស្រឡះចាកកិរិយាកាត់អវយវៈ មានដៃ និងជើងជាដើម សម្លាប់ ចាប់ចង ធ្វើឲ្យវង្វេងផ្លូវ ប្លន់អ្នកស្រុក និងកំហែងយកទ្រព្យគេ។8) ភិក្ខុនោះជាអ្នកសន្តោសដោយចីវរ ដែលជាគ្រឿងរក្សានូវកាយ ដោយបិណ្ឌបាត ដែលជាគ្រឿងរក្សានូវផ្ទៃ និងចៀសចេញទៅ ក្នុងទិសណាៗ តែងកាន់យក (នូវគ្រឿងបរិក្ខារ) តែប៉ុណ្ណោះ ចៀសចេញទៅ (ក្នុងទិសនោះៗ)។ ដូចជាសត្វស្លាបហើរទៅក្នុងទីណាៗ ក៏មានតែទម្ងន់ស្លាប របស់ខ្លួនប៉ុណ្ណោះ ហើរទៅ ដូចម្តេចមិញ ភិក្ខុ ជាអ្នកសន្តោស​ដោយចីវរ ដែលជាគ្រឿងរក្សានូវកាយ ដោយបិណ្ឌបាត ដែលជាគ្រឿងរក្សានូវផ្ទៃ និងចៀសចេញទៅ ក្នុងទិសណាៗ តែងកាន់យក (នូវគ្រឿងបរិក្ខារ) ប៉ុណ្ណោះ ចៀសចេញទៅ ដូច្នោះដែរ។ ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធ ដ៏ប្រសើរនេះហើយ សោយនូវសេចក្តីសុខ ដែលមិនមានទោស ក្នុងសន្តានចិត្តខ្លួនបាន។ ភិក្ខុនោះ ឃើញរូបដោយចក្ខុហើយ មិនកាន់យកនូវនិមិត្ត មិនបានកាន់យក នូវអនុព្យញ្ជនៈឡើយ អកុសលធម៌ ដ៏លាមកទាំងឡាយ គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាម នូវបុគ្គល​ដែលមិនសង្រួម នូវឥន្ទ្រិយ គឺចក្ខុណា ភិក្ខុនោះ ក៏ប្រតិបត្តិ ដើម្បីសង្រួម នូវឥន្ទ្រិយ គឺចក្ខុនោះ រក្សានូវឥន្ទ្រិយ គឺចក្ខុ ដល់នូវសេចក្តីសង្រួម ក្នុងឥន្ទ្រិយ គឺចក្ខុ។ ឮសំឡេង​ដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវ​សម្ផស្ស​ដោយកាយ… ដឹងធម្មារម្មណ៍ដោយចិត្ត មិនបានកាន់យកនូវនិមិត្ត មិនកាន់យក​នូវ​អនុព្យញ្ជនៈ​ឡើយ អកុសលធម៌ ដ៏លាមកទាំងឡាយ គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាម នូវបុគ្គល ដែលមិនបានសង្រួមនូវឥន្ទ្រិយ គឺចិត្តណា ភិក្ខុនោះ ក៏ប្រតិបត្តិដើម្បីសង្រួមនូវឥន្ទ្រិយ គឺចិត្តនោះ រក្សានូវឥន្ទ្រិយ គឺចិត្ត ដល់នូវសេចក្តីសង្រួម ក្នុងឥន្ទ្រិយ គឺចិត្ត។ ភិក្ខុនោះ ប្រកបដោយឥន្ទ្រិយសំវរ ដ៏ប្រសើរនេះហើយ ទើបសោយ ចំពោះនូវសុខ ដែលមិនច្រឡំ ដោយកិលេស ក្នុងសន្តាន។ កាលភិក្ខុនោះ ឈានទៅមុខ និងឈានថយក្រោយ ក៏មានសេចក្តីដឹងខ្លួន កាលក្រឡេកមើលទៅមុខ និងក្រឡេក​មើលទៅ​ទិសផ្សេងៗ ក៏មានសេចក្តីដឹងខ្លួន កាលអង្កុញដៃជើង និងលាដៃជើង ក៏មានសេចក្តីដឹងខ្លួន កាលទ្រទ្រង់នូវសង្ឃាដិ បាត្រ និងចីវរ ក៏មានសេចក្តីដឹងខ្លួន កាលបរិភោគ ផឹក ទំពាស៊ី ជញ្ជក់ជញ្ជាប់ ក៏មានសេចក្តីដឹងខ្លួន កាលបន្ទោបង់ នូវឧច្ចារៈ និងបស្សាវៈ ក៏មានសេចក្តីដឹងខ្លួន កាលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ នៅស្ងៀម ក៏មានសេចក្តីដឹងខ្លួន។

[៧២] ភិក្ខុនោះប្រកបដោយសីលក្ខន្ធ ដ៏ប្រសើរនេះផង ប្រកបដោយ​ឥន្ទ្រិយសំវរ ដ៏ប្រសើរនេះផង ប្រកបដោយសតិសម្បជញ្ញៈ ដ៏ប្រសើរនេះផង តែងសេពនូវទី​សេនាសនៈ​ស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ រូងភ្នំ ព្រៃស្មសាន ព្រៃឆ្ងាយ ទីវាល ទីគំនរ​ចំបើង។ ភិក្ខុនោះ ត្រឡប់មកអំពីបិណ្ឌបាត្រវិញ ក្នុងវេលាក្រោយភត្ត ក៏អង្គុយពែនភ្នែន តម្រង់កាយត្រង់ តាំងស្មារតី ឲ្យមានមុខឆ្ពោះ (ទៅរកកម្មដ្ឋាន)។ ភិក្ខុនោះ លះបង់​នូវអភិជ្ឈាក្នុងលោក មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្តឲ្យស្អាតចាកអភិជ្ឈា។ លះបង់​នូវព្យាបាទ និងសេចក្តីប្រទូស្ត មានចិត្តមិនព្យាបាទ មានសេចក្តីអនុគ្រោះសព្វសត្វ ដោយប្រយោជន៍ ជម្រះចិត្តឲ្យស្អាត ចាកព្យាបាទ និងសេចក្តីប្រទូស្ត។ លះបង់នូវថីនមិទ្ធៈ គឺសេចក្តីងងុយ និងងោកងក់ មានចិត្តប្រាសចាកថីនមិទ្ធៈ មានសេចក្តីសំគាល់ នូវពន្លឺ មានសតិ និងសម្បជញ្ញៈ ជម្រះចិត្តឲ្យស្អាត ចាកថីនមិទ្ធៈ។ លះបង់នូវឧទ្ធច្ចកុក្កុច្ចៈ គឺសេចក្តីរាយមាយចិត្ត និងសេចក្តីក្តៅក្រហាយ មានចិត្តមិនរាយមាយ មានចិត្តស្ងប់រម្ងាប់ ព្ធដ៏ខាងក្នុង ជម្រះចិត្តឲ្យស្អាតចាកឧទ្ធច្ចកុក្កុច្ចៈ។ លះបង់នូវវិចិកិច្ឆា គឺសេចក្តីងឿងឆ្ងល់ ឆ្លងផុតចាកវិចិកិច្ឆា អស់សេចក្តីសង្ស័យ ក្នុងកុសលធម៌ទាំងឡាយ ជម្រះចិត្តឲ្យស្អាត ចាកវិចិកិច្ឆា។

[៧៣] ភិក្ខុនោះ លះបង់នូវនីវរណៈទាំង៥នេះ ដែលជាគ្រឿងសៅហ្មងចិត្ត ធ្វើបញ្ញា​ឲ្យមានកំឡាំងថយ ហើយស្ងាត់ចាកកាមទាំងឡាយ ស្ងាត់​ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់នូវបឋមជ្ឈានប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក ជាអារម្មណ៍ សម្រេចសម្រាន្តនៅដោយ​ឥរិយាវថទាំង៤។ ម្នាលព្រាហ្មណ៍ នេះតថាគតហៅថា ស្នាមជើង​ របស់ព្រះតថាគត ដូច្នេះខ្លះ ថាជាទីត្រដុស របស់ព្រះតថាគត ដូច្នេះខ្លះ ថាជាស្នាមចាក់​ដោយភ្លុក របស់ព្រះតថាគត ដូច្នេះខ្លះ។ មិនតែប៉ុណ្ណោះឡើយ ព្រះអរិយសាវ័ក តែងចូលចិត្តថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ព្រះធម៌ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែង​ប្រពៃហើយ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិប្រពៃហើយ។ ម្នាល​ព្រាហ្មណ៍ ប្រការមួយទៀត លុះភិក្ខុរម្ងាប់វិតក្កៈ និងវិចារៈ រួចហើយ ក៏បានចូល​ទុតិយជ្ឈាន ជាទីផូរផង់ ប្រព្រឹត្តទៅខាងក្នុង ញ៉ាំងចិត្តជាសមាធិ ឲ្យចម្រើនឡើង មិនមានវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិប៉ុណ្ណោះ។បេ។ ក៏បានចូលតតិយជ្ឈាន… ចូលចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ម្នាលព្រាហ្មណ៍ នេះតថាគតហៅថា ស្នាមជើង របស់ព្រះតថាគត ដូច្នេះខ្លះ ថាជាទីត្រដុសរបស់ព្រះតថាគត ដូច្នេះខ្លះ ថាជាស្នាមចាក់ ដោយភ្លុក របស់ព្រះតថាគត ដូច្នេះខ្លះ។ មិនតែប៉ុណ្ណោះឡើយ ព្រះអរិយសាវ័ក តែងចូលចិត្តថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ព្រះធម៌ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងប្រពៃហើយ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិប្រពៃហើយ។

[៧៤] កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តី​សៅហ្មង ជាចិត្តទន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនញាប់ញ័ ទៅតាមអារម្មណ៍​យ៉ាងនេះហើយ ភិក្ខុនោះ បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិ​ញ្ញាណ។ ភិក្ខុនោះ ក៏រឭកនូវបុព្វេនិវាសជាច្រើនប្រការ គឺរឭកបាន១ជាតិខ្លះ ២ជាតិខ្លះ។បេ។ ភិក្ខុនោះ រឭកបាននូវបុព្វេនិវាសានុស្សតិ ជាច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស យ៉ាងនេះ។ ម្នាលព្រាហ្មណ៍ នេះឯងតថាគតហៅថា ស្នាមជើង របស់ព្រះតថាគត ដូច្នេះខ្លះ ថាជាទីត្រដុសរបស់ព្រះតថាគត ដូច្នេះខ្លះ ដាជាស្នាមចាក់ដោយភ្លុក របស់ព្រះតថាគត ដូច្នេះខ្លះ។ មិនតែប៉ុណ្ណោះឡើយ ព្រះអរិយសាវ័ក តែងចូលចិត្តថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ព្រះធម៌ព្រះមានព្រះភាគ ទ្រង់ត្រាស់​សំដែង​ប្រពៃ​ហើយ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិប្រពៃហើយ។

[៧៥] កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តី​សៅហ្មង ជាចិត្តទន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនញាប់ញ័ ទៅតាម​អារម្មណ៍យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បី​ចតុបបាតញ្ញាណ នៃសត្វទាំងឡាយ។ ភិក្ខុនោះ មានចក្ខុ ដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុរបស់មនុស្ស​ធម្មតា។បេ។ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្មរបស់ខ្លួន។ ម្នាល​ព្រាហ្មណ៍ នេះឯង តថាគតហៅថា ស្នាមជើង របស់ព្រះតថាគត ដូច្នេះខ្លះ ថាជាទីត្រដុស របស់ព្រះតថាគតដូច្នេះខ្លះ ថាជាស្នាមចាក់ដោយភ្លុករបស់ព្រះតថាគតដូច្នេះខ្លះ។ មិនតែប៉ុណ្ណោះឡើយ ព្រះអរិយសាវ័ក តែងចូលចិត្តថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ព្រះធម៌ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងប្រពៃហើយ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិប្រពៃហើយ។

[៧៦] កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តី​សៅហ្មង ជាចិត្តទន់ សមគួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័ទៅតាមអារម្មណ៍យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ។ ភិក្ខុនោះដឹងតាមពិតថា នេះជាទុក្ខ ដឹងតាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងតាមពិតថា នេះជាសេចក្តីរំលត់ទុក្ខ ដឹងតាមពិតថា នេះជាបដិបទា ឲ្យបានដល់នូវសេចក្តីរំលត់ទុក្ខ។ ដឹងតាមពិតថា នេះជាអាសវៈ ដឹងតាមពិតថា នេះជាហេតុនាំឲ្យកើតអាសវៈ ដឹងតាមពិតថា នេះជាសេចក្តី​រំលត់នៃ​អាសវៈ ដឹងតាមពិតថា នេះជាបដិបទា ឲ្យបានដល់នូវសេចក្តីរំលត់ នៃអាសវៈ។ ម្នាលព្រាហ្មណ៍ នេះឯងតថាគតហៅថា ស្នាមជើង របស់ព្រះតថាគត ដូច្នេះខ្លះ ថាជាទីត្រដុសរបស់ព្រះតថាគតដូច្នេះខ្លះ ថាជាស្នាមចាក់ដោយភ្លុក របស់ព្រះតថាគតដូច្នេះខ្លះ។ ព្រះអរិយសាវ័ក លោកមិនត្រឹមតែចូលចិត្ត ដោយហេតុមានប្រមាណប៉ុណ្ណេះទេ។ ម្យ៉ាងទៀត ព្រះអរិយសាវ័ក តែងចូលចិត្តថា ព្រះមានព្រះភាគជា ព្រះសម្មាសម្ពុទ្ធ​ ព្រះធម៌ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែង​ប្រពៃហើយ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិប្រពៃហើយ។ កាលភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏ផុតស្រឡះ ចាកកាមាសវៈ (គ្រឿងត្រាំ គឺកាម) ផង ចិត្តក៏ផុតស្រឡះចាក ភវាសវៈ (គ្រឿងត្រាំ គឺភព) ផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈ (គ្រឿងត្រាំ គឺអវិជ្ជា) ផង កាលបើចិត្តផុតស្រឡះហើយ សេចក្តីដឹងក៏កើតឡើងថា ចិត្តផុតស្រឡះហើយ ភិក្ខុនោះក៏ដឹងច្បាស់ថា កំណើតអស់ហើយ មគ្គ ព្រហ្មចារ្យ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញក៏បានធ្វើស្រេចហើយ ករណីកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលព្រាហ្មណ៍ នេះឯង តថាគតហៅថា ស្នាមជើង របស់ព្រះតថាគត ដូច្នេះខ្លះ ថាជាទីត្រដុស របស់ព្រះតថាគត ដូច្នេះខ្លះ ថាជាស្នាមចាក់ដោយភ្លុក របស់ព្រះតថាគត ដូច្នេះខ្លះ។ ម្នាលព្រាហ្មណ៍ ព្រះអរិយសាវ័ក តែងចូលចិត្ត ដោយហេតុមានប្រមាណប៉ុណ្ណេះថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ព្រះធម៌ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងប្រពៃហើយ ព្រះសង្ឃសាវ័ក នៃព្រះមាន​ព្រះភាគ លោកប្រតិបត្តិប្រពៃហើយ។ ម្នាលព្រាហ្មណ៍ ធម៌ដែលមាន​ឧបមា ដូចស្នាមជើងដំរី ពេញបរិបូណ៌ដោយពិស្តារ ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។

[៧៧] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ជាណុស្សោណិព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយ​យ៉ាងនេះ គួរនាដូចជាគេផ្ងាររបស់ដែលផ្កាប់ ឬបើកបង្ហាញរបស់ដែលកំបាំង ពុំនោះ ដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិថា បុរសអ្នកមានចក្ខុ តែងឃើញនូវរូបទាំងឡាយបាន ខ្ញុំព្រះអង្គនោះ សូមដល់​នូវព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរឭក សូមព្រះគោតមដ៏ចម្រើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់​សរណគមន៍ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះទៅ។

ចប់ ចូឡហត្ថិបទោបមសូត្រ ទី៧។

 

លេខយោង

1)
ពាក្យថា ឧច្ចាកឡារិកា នេះជាឈ្មោះនៃមេដំរី ដែលមានជើងខ្ពស់ដូចជាឈើច្រត់ ទាំងមានធ្មេញរង្វើល ព្រោះមេដំរីនោះ មានធ្មេញមួយខ្ពស់ឡើង ធ្មេញមួយទាបចុះ ធ្មេញទាំង២ នោះ ឃ្លាតចេញពីគ្នា គឺមិនជិតគ្នា។ អដ្ឋកថា។
2)
ពាក្យថា ឧច្ចាករេណុកា នេះជាឈ្មោះនៃមេដំរី ដែលមានជើងខ្ពស់ ដូចឈើច្រត់ផង មានធ្មេញស្និតផង ព្រោះមេដំរីនោះ មានធ្មេញក្រពុំ។ អដ្ឋកថា។
3)
ដែលថា តនូវពាក្យពិតដោយពាក្យពិតនេះ គឺមិននិយាយពាក្យកុហកក្នុងចន្លោះៗ បានសេចក្តីថា ជាអ្នកនិយាយពាក្យពិតមិនដាច់។ អដ្ឋកថា។
4)
ស្ត្រីក្នុងទីនេះ សំដៅយកស្ត្រីដែលមានប្តី ស្ត្រីក្មេងជាងនេះ ហៅថាកុមារី ការទទួលក្តី ប៉ះពាល់ក្តី នូវស្រីទាំងនោះមិនគួរទេ
5)
ត្រង់ដែលថា វៀរមិនទទួលខ្ញុំស្រី ខ្ញុំប្រុសនោះ គឺទទួលដោយអំណាច ជាខ្ញុំប្រើប្រាស់ផ្ទាល់ខ្លួន មិនគួរទេ បើទទួលដោយអំណាចធ្វើកប្បិយការកៈអ្នកចាត់ចែងការងារក្នុងអារាម ទើបគួរ។ អដ្ឋកថា
6) , 7)
មើលនយលក្ខណៈក្នុងព្រហ្មជាលសូត្រ ទីឃនិកាយ
8)
មើលនយលក្ខណៈ ក្នុងព្រហ្មជាលសូត្រ ទីឃនិកាយ
km/tipitaka/sut/mn/sut.mn.027.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann