តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មូលបណ្ណាសក » ឱបម្មវគ្គ »
ព្រះសារីបុត្តពន្យល់ភិក្ខុអំពីអរិយសច្ចទាំង៤ដោយភ្ជាប់ជាមួយនឹងធាតុគឺមហាភូតរូបទាំង៤។
mn 028 បាលី cs-km: sut.mn.028 អដ្ឋកថា: sut.mn.028_att PTS: ?
(ទី៨) មហាហត្ថិបទោបមសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៨. មហាហត្ថិបទោបមសុត្តំ)
[៧៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសវត្ថី។ សម័យនោះឯង ព្រះសារីបុត្រមានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយមានអាយុ។ ភិក្ខុទាំងអម្បាលនោះ បានទទួលស្តាប់ថេរវាចា នៃព្រះសារីបុត្រមានអាយុថា បពិត្រលោកមានអាយុ។ ព្រះសារីបុត្រមានអាយុ មានថេរវាចា ដូច្នេះថា នែអ្នកទាំងឡាយមានអាយុ ស្នាមជើងទាំងឡាយណាមួយ របស់ពួកសត្វ ដែលនៅលើផ្ទៃផែនដី ស្នាមជើងទាំងអស់នោះ តែងប្រជុំចុះ ក្នុងស្នាមជើងដំរី ស្នាមជើងដំរី ប្រាកដជាវិសេសជាងស្នាមជើងនៃសត្វទាំងអម្បាលនោះ ព្រោះស្នាមជើងដំរីនោះ ជាស្នាមជើងធំ ដូចម្តេចមិញ ម្នាលអ្នកទាំងឡាយមានអាយុ កុសលធម៌ទាំងឡាយណានីមួយ កុសលធម៌ទាំងអស់នោះ តែងសង្គ្រោះចូលក្នុងអរិយសច្ចទាំង៤ ដូច្នេះឯង អរិយសច្ចទាំង៤ តើដូចម្តេចខ្លះ គឺ ទុក្ខអរិយសច្ច១ ទុក្ខសមុទយអរិយសច្ច១ ទុក្ខនិរោធអរិយសច្ច១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច១។
[៧៩] ម្នាលអ្នកទាំងឡាយមានអាយុ ទុក្ខអរិយសច្ច១ តើដូចម្តេចខ្លះ ជាតិ គឺសេចក្តីកើតជាទុក្ខ១ ជរា គឺសេចក្តីគ្រាំគ្រា ជាទុក្ខ១ មរណៈ គឺសេចក្តីស្លាប់ ជាទុក្ខ១ សោកៈ គឺសេចក្តីរីងស្ងួត ជាទុក្ខ១ បរិទេវៈគឺ សេចក្តីខ្សឹកខ្សួល ជាទុក្ខ១ ទុក្ខៈ គឺសេចក្តីលំបាកកាយ ជាទុក្ខ១ ទោមនស្ស គឺសេចក្តីអាក់អន់ចិត្ត ជាទុក្ខ១ ឧបាយាសៈ គឺសេចក្តីតានតឹងចិត្ត ជាទុក្ខ១ បុគ្គលប្រាថ្នានូវរបស់ណា មិនបានរបស់នោះ នាំមកនូវទុក្ខ១ ដោយសេចក្តីបំព្រួញ ឧបាទានក្ខន្ធទាំង៥ ចាត់ជាទុក្ខ១។ ម្នាលអ្នកទាំងឡាយមានអាយុ ឧបាទានក្ខន្ធទាំងឡាយ៥ តើដូចម្តេចខ្លះ គឺរូប ចាត់ជាឧបាទានក្ខន្ធ១ វេទនាចាត់ជាឧបាទានក្ខន្ធ១ សញ្ញាចាត់ជាឧបាទានក្ខន្ធ១ សង្ខារចាត់ជាឧបាទានក្ខន្ធ១ វិញ្ញាណចាត់ជាឧបាទានក្ខន្ធ១។ ម្នាលអ្នកទាំងឡាយមានអាយុ រូប ចាត់ជាឧបាទានក្ខន្ធ ដូចម្តេចខ្លះ គឺពួកមហាភូតរូប៤ និងឧបាទាយរូប គឺរូបដែលអាស្រ័យនឹងមហាភូតរូបទាំង៤។ ម្នាលអ្នកទាំងឡាយមានអាយុ មហាភូតរូបទាំង៤ ដូចម្តេចខ្លះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១។
[៨០] ម្នាលអ្នកទាំងឡាយមានអាយុ បឋវីធាតុ តើដូចម្តេច។ គឺបឋវីធាតុខាងក្នុងក៏មាន បឋវីធាតុខាងក្រៅ ក៏មាន។ ម្នាលអ្នកទាំងឡាយមានអាយុ បឋវីធាតុខាងក្នុង តើដូចម្តេច។ ធាតុណា ជាខាងក្នុងអាស្រ័យនៅខ្លួន ជារបស់រឹង ជារបស់គ្រោតគ្រាត ដែលវិញ្ញាណចូលទៅកាន់យក គឺសក់ទាំងឡាយ រោមទាំងឡាយ ក្រចកទាំងឡាយ ធ្មេញទាំងឡាយ ស្បែក សាច់ សរសៃទាំងឡាយ ឆ្អឹងទាំងឡាយ ខួរក្នុងឆ្អឹង ទាច បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ឬក៏ធាតុដទៃណាមួយ ជាខាងក្នុង អាស្រ័យនឹងខ្លួន ជារបស់រឹង ជារបស់គ្រោតគ្រាត ដែលវិញ្ញាណចូលទៅកាន់យក ម្នាលអ្នកទាំងឡាយមានអាយុ នេះហៅថា បឋវីធាតុខាងក្នុង។ បឋវីធាតុខាងក្នុងណាក្តី បឋវីធាតុខាងក្រៅណាក្តី ធាតុទាំងពីរនុ៎ះ ឈ្មោះថា បឋវីធាតុ តែម្យ៉ាង។ ភិក្ខុគួរឃើញបឋវីធាតុនុ៎ះ ដោយបញ្ញា ដ៏ប្រពៃ តាមពិត យ៉ាងនេះថា ធាតុនោះឯង មិនមែនជារបស់អញ នេះមិនមែនជាអាត្មាអញ នេះមិនមែនខ្លួនរបស់អញ។ លុះឃើញបឋវីធាតុនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះហើយ តែងនឿយណាយ ក្នុងបឋវីធាតុ ធ្វើចិត្តឲ្យធុញទ្រាន់ ក្នុងបឋវីធាតុ។ ម្នាលអ្នកទាំងឡាយមានអាយុ អាបោធាតុខាងក្រៅជោរជន់ ក្នុងសម័យណា បឋវីធាតុខាងក្រៅ ក៏រលាយទៅ ក្នុងសម័យនោះ។ ម្នាលអ្នកទាំងឡាយមានអាយុ អម្បាលបឋវីធាតុខាងក្រៅនោះ ជារបស់ធំដល់ម៉្លោះ ម្តេចគង់មានសភាពមិនទៀង ជាធម្មតា គង់មានសភាពអស់ទៅ ជាធម្មតា គង់មានសភាពសូន្យទៅ ជាធម្មតា គង់មានសភាពប្រែប្រួលជាធម្មតា។ ចំណង់បើកាយ ដែលតាំងនៅបន្តិចបន្តួចនេះ ភិក្ខុនឹងប្រកាន់ ដោយតណ្ហា ថាអញ ថារបស់អញ ថាអញមាន ដូចម្តេចបាន (កាលបើគិតដូច្នេះហើយ) សេចក្តីប្រកាន់ ដោយអំណាចតណ្ហា មានះ ទិដ្ឋិ ក្នុងបឋវីធាតុជាខាងក្នុងនុ៎ះ របស់ភិក្ខុនោះ មិនមានឡើយ។ ម្នាលអ្នកទាំងឡាយមានអាយុ បើជនទាំងឡាយដទៃជេរ ប្រទេច ខ្ទាំងខ្ទប់ បៀតបៀន ភិក្ខុនោះ។ ភិក្ខុនោះ តែងដឹងយ៉ាងនេះថា ទុក្ខវេទនាកើតអំពីសោតសម្ផស្សនេះ កើតឡើងដល់អាត្មាអញហើយតើ ក៏វេទនានោះ អាស្រ័យហេតុ ឬមិនមែនមិនអាស្រ័យហេតុទេ អាស្រ័យហេតុអ្វី គឺអាស្រ័យផស្សៈ។ ភិក្ខុនោះឯង ឃើញថាផស្សៈមិនទៀង ឃើញថាវេទនាក៏មិនទៀង ឃើញថាសញ្ញាក៏មិនទៀង ឃើញថាសង្ខារទាំងឡាយក៏មិនទៀង ឃើញថាវិញ្ញាណក៏មិនទៀង ចិត្តរបស់ភិក្ខុនោះក៏ស្ទុះស្ទាជ្រះថ្លា ឋិតនៅព្រម ស៊ប់សួននៅក្នុងអារម្មណ៍ គឺធាតុនោះឯង ម្នាលអ្នកទាំងឡាយមានអាយុ បើជនទាំងឡាយដទៃ បៀតបៀនភិក្ខុនោះ ដោយសម្ផស្សដៃក្តី ដោយសម្ផស្សដុំដីក្តី ដោយសម្ផស្សដំបងក្តី ដោយសម្ផស្សគ្រឿងសស្ត្រាក្តី ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត។ ភិក្ខុនោះ ក៏ដឹងច្បាស់យ៉ាងនេះថា កាយនេះឯង ជាធម្មជាតិសម្រាប់រងសម្ផស្សដៃខ្លះ សម្រាប់រងសម្ផស្សដុំដីខ្លះ សម្រាប់រងសម្ផស្សដំបងខ្លះ សម្រាប់រងសម្ផស្សគ្រឿងសស្ត្រាខ្លះ។ ព្រោះហេតុនោះ បានជាព្រះមានព្រះភាគទ្រង់មានព្រះពុទ្ធដីកានេះ ទុកក្នុងឱវាទ ដែលមានឧបមាដូចរណារ ថា ម្នាលភិក្ខុទាំងឡាយ ប្រសិនបើចោរទាំងឡាយ ជាអ្នកធ្វើអំពើថោកទាប គប្បីអារអវយវៈតូចធំទាំងឡាយ ដោយរណារ ដែលមានដងទាំងពីរខាង ភិក្ខុណាមួយ មានចិត្ត (មិនអត់ធន់) ប្រទូស្តរាយព្រោះជម្ងឺ ដែលពួកចោរអារនោះ ភិក្ខុនោះឈ្មោះថា មិនធ្វើតាមពាក្យប្រដៅ របស់តថាគត ដោយហេតុដែលមិនអត់ធន់នោះ។ ភិក្ខុនោះគិតថា សេចក្តីព្យាយា ដែលអាត្មាអញប្រារព្ធហើយ មិនធូរថយឡើយ សតិដែលអាត្មាអញតាំងខ្ជាប់ហើយ មិនភ្លាំងភ្លាត់ឡើយ កាយដែលស្ងប់ស្ងាត់ហើយ មិនរសាប់រសល់ឡើយ ចិត្តដែលតំកល់នឹងហើយ ជាចិត្តមានអារម្មណ៍តែមួយ ឥឡូវនេះ ទោះសម្ផស្សដៃត្រូវក្តី សម្ផស្សដុំដីត្រូវក្តី សម្ផស្សដំបងត្រូវក្តី សម្ផស្សគ្រឿងសស្ត្រាត្រូវក្តី ត្រង់កាយនេះ (ក៏ត្រូវ) ចុះ អញនៅតែធ្វើតាមពុទ្ធសាសនានេះ។ ម្នាលអ្នកទាំងឡាយមានអាយុ កាលបើភិក្ខុនោះ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ នូវព្រះសង្ឃយ៉ាងនេះហើយ ឧបេក្ខាដែលអាស្រ័យនឹងកុសល1) ក៏មិនទាន់តាំងនៅនឹងបាន។ ភិក្ខុនោះ ក៏តក់ស្លុត ដល់នូវសេចក្តីសង្វេគ ដោយហេតុនោះថា ឱហ្ន៎ យើងជាមនុស្សឥតលាភ ឱហ្ន៎ យើងជាមនុស្សមិនមានលាភ ឱហ្ន៎ អត្តភាពជាមនុស្ស យើងបានដោយកម្រ ឱហ្ន៎ អត្តភាពជាមនុស្ស យើងមិនមែនបានដោយងាយទេ ត្រង់ដែលអាត្មាអញ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃយ៉ាងនេះហើយ ឧបេក្ខាដែលអាស្រ័យនឹងកុសល ក៏មិនទាន់តាំងនៅនឹងបាន។ ម្នាលអ្នកទាំងឡាយមានអាយុ ដូចស្រីជាកូនប្រសារ ឃើញឪពុកក្មេកហើយ ក៏តក់ស្លុតដល់នូវសេចក្តីព្រួយបារម្ភ ដូចម្តេចមិញ ម្នាលអ្នកទាំងឡាយមានអាយុ កាលបើភិក្ខុនោះរឭកនូវព្រះពុទ្ធ យ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃយ៉ាងនេះហើយ ឧបេក្ខាដែលអាស្រ័យនឹងកុសល ក៏មិនតាំងនៅនឹងបាន ដូច្នោះឯង។ ភិក្ខុនោះក៏តក់ស្លុត ដល់នូវសេចក្តីសង្វេគ ដោយហេតុនោះថា ឱហ្ន៎ អាត្មាអញ ជាមនុស្សឥតលាភ ឱហ្ន៎ អាត្មាអញ ជាមនុស្សឆ្នែងលាភ ឱហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ បានដោយកម្រ ឱហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ មិនបានដោយងាយទេ ត្រង់ដែលអាត្មាអញ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃយ៉ាងនេះហើយ ឧបេក្ខាដែលអាស្រ័យនឹងកុសល ក៏មិនទាន់តាំងនៅមាំ។ ម្នាលអ្នកទាំងឡាយមានអាយុ បើភិក្ខុនោះ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃយ៉ាងនេះហើយ ឧបេក្ខាដែលអាស្រ័យនឹងកុសល ក៏តាំងនៅមាំបាន។ ភិក្ខុនោះមានចិត្តត្រេកអរ ដោយហេតុនោះ។ ម្នាលអ្នកទាំងឡាយមានអាយុ ពាក្យប្រដៅ របស់ព្រះមានព្រះភាគ ឈ្មោះថា ភិក្ខុនោះធ្វើរឿយៗហើយ ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។
[៨១] ម្នាលអ្នកទាំងឡាយមានអាយុ អាបោធាតុ តើដូចម្តេច។ អាបោធាតុខាងក្នុងក៏មាន អាបោធាតុខាងក្រៅក៏មាន។ ម្នាលអ្នកទាំងឡាយមានអាយុ អាបោធាតុខាងក្នុង ដូចម្តេចខ្លះ។ ធាតុណាដែលជាខាងក្នុង ដែលអាស្រ័យនូវខ្លួន ជាទឹក ឬមានសភាពប្រហែលនឹងទឹក ដែលវិញ្ញាណចូលទៅកាន់យក គឺប្រម៉ាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹកលំអិល ទឹកមូត្រ ឬក៏ធាតុដទៃណានីមួយ ជាខាងក្នុង អាស្រ័យនូវខ្លួន ជាទឹក ឬមានសភាពប្រហែលនឹងទឹក ដែលវិញ្ញាណ ចូលទៅកាន់យក ម្នាលអ្នកទាំងឡាយមានអាយុ នេះហៅថា អាបោធាតុខាងក្នុង។ ក៏អាបោធាតុខាងក្នុងណាក្តី អាបោធាតុខាងក្រីណាក្តី ធាតុទាំងពីរនេះ ឈ្មោះថា អាបោធាតុ តែមួយយ៉ាង។ ភិក្ខុគួរឃើញអាបោធាតុនោះ ដោយបញ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះឯងមិនមែនជារបស់អញ នេះក៏មិនមែនជាអញ ខ្លួននោះមិនមែនជារបស់អញ។ លុះភិក្ខុនោះ ឃើញអាបោធាតុទាំងពីរនុ៎ះ ដោយបញ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះហើយ តែងនឿយណាយ ក្នុងអាបោធាតុ ធ្វើចិត្តឲ្យធុញ ក្នុងអាបោធាតុ។ ម្នាលអ្នកទាំងឡាយមានអាយុ ជួនកាលអាបោធាតុខាងក្រៅ ជោរជន់ឡើងហើយ អាបោធាតុនោះ ក៏លិចស្រុកខ្លះ លិចនិគមខ្លះ លិចនគរខ្លះ លិចជនបទខ្លះ លិចជនបទ និងប្រទេសខ្លះ។ ម្នាលអ្នកទាំងឡាយមានអាយុ ជួនកាលទឹកក្នុងសមុទ្រ មានជម្រៅ ១០០យោជន៍ រីងទៅក៏មាន ទឹកមានជម្រៅ ២០០យោជន៍ រីងទៅក៏មាន ទឹកមានជម្រៅ ៣០០យោជន៍ រីងទៅក៏មាន ទឹកមានជម្រៅ ៤០០យោជន៍ រីងទៅក៏មាន ទឹកមានជម្រៅ ៥០០យោជន៍ រីងទៅក៏មាន ទឹកមានជម្រៅ ៦០០យោជន៍ រីងទៅក៏មាន ទឹកមានជម្រៅ ៧០០យោជន៍ រីងទៅក៏មាន។ ម្នាលអ្នកទាំងឡាយមានអាយុ ជួនកាល ទឹកមានជម្រៅ៧ដើមត្នោត ដក់នៅក្នុងមហាសមុទ្រខ្លះ ទឹកមានជម្រៅ៦ដើមត្នោត ដក់នៅខ្លះ ទឹកមានជម្រៅ៥ដើមត្នោត ដក់នៅខ្លះ ទឹកមានជម្រៅ៤ដើមត្នោត ដក់នៅខ្លះ ទឹកមានជម្រៅ៣ដើមត្នោត ដក់នៅខ្លះ ទឹកមានជម្រៅ២ដើមត្នោត ដក់នៅខ្លះ ទឹកមានជម្រៅ១ដើមត្នោត ដក់នៅខ្លះ។ ម្នាលអ្នកទាំងឡាយមានអាយុ ជួនកាល ទឹកមានជម្រៅ៧ជំហរបុរស ដក់នៅក្នុងមហាសមុទ្រខ្លះ ទឹកមានជម្រៅ៦ជំហរបុរស ដក់នៅខ្លះ ទឹកមានជម្រៅ៥ជំហរបុរស ដក់នៅខ្លះ ទឹកមានជម្រៅ៤ជំហរបុរស ដក់នៅខ្លះ ទឹកមានជម្រៅ៣ជំហរបុរស ដក់នៅខ្លះ ទឹកមានជម្រៅ២ជំហរបុរស ដក់នៅខ្លះ ទឹកមានជម្រៅ១ជំហរបុរស ដក់នៅខ្លះ។ ម្នាលអ្នកទាំងឡាយមានអាយុ ជួនកាល ទឹកមានជម្រៅពាក់កណ្តាលជំហរបុរសដក់នៅក្នុងមហាសមុទ្រខ្លះ ទឹកមានប្រមាណត្រឹមចង្កេះដក់នៅខ្លះ ទឹកមានប្រមាណត្រឹមជង្គង់ដក់នៅខ្លះ ទឹកមានប្រមាណត្រឹមភ្នែកគោដក់នៅខ្លះ។ ម្នាលអ្នកទាំងឡាយមានអាយុ ជួនកាល ទឹកគ្រាន់តែសើមថ្នាំងម្រាមដៃ (ដក់នៅ) ក្នុងមហាសមុទ្រមិនមានឡើយ ក៏មានដែរ។ ម្នាលអ្នកទាំងឡាយមានអាយុ សូម្បីអាបោធាតុខាងក្រៅនោះ ជារបស់ធំដល់ម្ល៉ោះ គង់មានសភាពមិនទៀងជាធម្មតា គង់មានសភាពអស់ទៅជាធម្មតា គង់មានសភាពសូន្យទៅ ជាធម្មតា គង់មានសភាពប្រែប្រួលទៅជាធម្មតា។ ចំណង់បើកាយ ដែលតាំងនៅបន្តិចបន្តួចនេះ ភិក្ខុនឹងប្រកាន់ដោយតណ្ហាថាអញ ថារបស់អញ ថាអញមានដូចម្តេចបាន (កាលបើគិតដូច្នេះហើយ) សេចក្តីប្រកាន់ ដោយអំណាចតណ្ហា មានះ ទិដ្ឋិ ក្នុងអាបោធាតុជាខាងក្នុងនុ៎ះ របស់ភិក្ខុនោះ មិនមានឡើយ។ ម្នាលអ្នកទាំងឡាយមានអាយុ កាលបើភិក្ខុនោះ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃយ៉ាងនេះហើយ ទើបឧបេក្ខាដែលអាស្រ័យកុសលតាំងនៅនឹងបាន។ ភិក្ខុនោះ មានចិត្តត្រេកអរ ដោយហេតុនោះ។ ម្នាលអ្នកទាំងឡាយមានអាយុ ភិក្ខុនោះឈ្មោះថា ធ្វើតាមពាក្យប្រដៅ របស់ព្រះមានព្រះភាគរឿយៗហើយ ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។
[៨២] ម្នាលអ្នកទាំងឡាយមានអាយុ តេជោធាតុ ដូចម្តេចខ្លះ។ តេជោធាតុខាងក្នុងក៏មាន តេជោធាតុខាងក្រៅក៏មាន។ ម្នាលអ្នកទាំងឡាយមានអាយុ តេជោធាតុខាងក្នុង តើដូចម្តេច។ ធាតុណា ជាខាងក្នុង ដែលអាស្រ័យនូវនឹងខ្លួន ជាភ្លើង ឬមានសភាពប្រហែលនឹងភ្លើង ដែលវិញ្ញាណចូលទៅកាន់យក គឺតេជោធាតុ ដែលញ៉ាំងកាយឲ្យក្តៅសព្វ១ តេជោធាតុ ដែលធ្វើកាយឲ្យគ្រាំគ្រា១ តេជោធាតុ ដែលដុតកាយ ឲ្យក្រហល់ក្រហាយ១ តេជោធាតុ សម្រាប់ដុតភោជន ដែលបុគ្គលស៊ី ផឹក ទំពាស៊ី ជញ្ជក់ជញ្ជាប់ ឲ្យទ្រុឌទ្រោមទៅ ដោយប្រពៃ១ មួយទៀត ធាតុដទៃណានីមួយ ជាខាងក្នុង ដែលអាស្រ័យនូវខ្លួន ជាភ្លើង ឬមានសភាពប្រហែលនឹងភ្លើង ដែលវិញ្ញាណចូលទៅកាន់យក ម្នាលអ្នកទាំងឡាយមានអាយុ នេះហៅថា តេជោធាតុខាងក្នុង។ តេជោធាតុខាងក្នុងណាក្តី តេជោធាតុខាងក្រៅណាក្តី ធាតុទាំងពីរនេះ ឈ្មោះថា តេជោធាតុតែមួយយ៉ាង។ ភិក្ខុគួរឃើញតេជោធាតុនោះ ដោយបញ្ញាដ៏ប្រពៃ តាមពិត យ៉ាងនេះថា នុ៎ះឯងមិនមែនជារបស់អញ នោះក៏មិនមែនជាអញ នោះមិនមែនខ្លួន របស់អញ។ លុះភិក្ខុនោះ ឃើញតេជោធាតុទាំងពីរនុ៎ះ ដោយបញ្ញាដ៏ប្រពៃ តាមពិត យ៉ាងនេះហើយ តែងនឿយណាយ ក្នុងតេជោធាតុ ធ្វើចិត្តឲ្យធុញទ្រាន់ ក្នុងតេជោធាតុ។ ម្នាលអ្នកទាំងឡាយមានអាយុ ជួនកាលតេជោធាតុខាងក្រៅ កម្រើកឡើង តេជោធាតុនោះ ឆេះស្រុកខ្លះ ឆេះនគរខ្លះ ឆេះនិគមខ្លះ ឆេះជនបទខ្លះ ឆេះជនបទ និងប្រទេសខ្លះ។ តេជោធាតុនោះ ឆេះស្មៅស្រស់ខ្លះ ឆេះផ្លូវធំខ្លះ ថ្មភ្នំខ្លះ ទឹកខ្លះ ផ្ទៃផែនដីជារមណីយដ្ឋាន (ដែលគ្មានស្មៅ) ខ្លះ ឥតមានគ្រឿងឆេះតទៅទៀត ក៏រលត់បាត់ទៅ។ ម្នាលអ្នកទាំងឡាយមានអាយុ ជួនកាលជនទាំងឡាយ ស្វែងរកភ្លើង ដោយស្លាបមាន់ខ្លះ ដោយការកួតសរសៃស្បែកខ្លះ។ ម្នាលអ្នកទាំងឡាយមានអាយុ សូម្បីតេជោធាតុខាក្រៅនោះ ធំដល់ម្ល៉ោះ គង់មានសភាពមិនទៀងជាធម្មតា គង់មានសភាពអស់ទៅ ជាធម្មតា គង់មានសភាពសូន្យទៅ ជាធម្មតា គង់មានសភាពប្រែប្រួលទៅ ជាធម្មតា។ ចំណង់បើកាយ ដែលតាំងនៅបន្តិចបន្តួចនេះ ភិក្ខុនឹងប្រកាន់ ដោយតណ្ហាថាអញ ថារបស់អញ ថាអញមានដូចម្តេចបាន (កាលបើគិតដូច្នេះហើយ) សេចក្តីប្រកាន់ ដោយអំណាចតណ្ហា មានះ ទិដ្ឋិ ក្នុងតេជោធាតុជាខាងក្នុងនោះ របស់ភិក្ខុនោះ មិនមានឡើយ។ ម្នាលអ្នកទាំងឡាយមានអាយុ កាលបើភិក្ខុនោះ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃយ៉ាងនេះហើយ ទើបឧបេក្ខាដែលអាស្រ័យនឹងកុសល ក៏តាំងនៅនឹងបាន។ ភិក្ខុនោះ មានចិត្តត្រេកអរ ដោយហេតុនោះ។ ម្នាលអ្នកទាំងឡាយមានអាយុ ភិក្ខុនោះឈ្មោះថា ធ្វើតាមពាក្យប្រដៅ របស់ព្រះមានព្រះភាគរឿយៗហើយ ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។
[៨៣] ម្នាលអ្នកទាំងឡាយមានអាយុ វាយោធាតុ តើដូចម្តេច។ វាយោធាតុខាងក្នុងក៏មាន វាយោធាតុខាងក្រៅក៏មាន។ ម្នាលអ្នកទាំងឡាយមានអាយុ វាយោធាតុខាងក្នុង តើដូចម្តេច។ ធាតុណា ជាខាងក្នុង ដែលអាស្រ័យនូវខ្លួន ជាខ្យល់ ឬមានសភាពប្រហែលនឹងខ្យល់ ដែលវិញ្ញាណចូលទៅកាន់យក គឺខ្យល់បក់ឡើងលើ១ ខ្យល់បក់ចុះក្រោម១2) ខ្យល់បក់នៅក្នុងផ្ទៃ គឺបក់ខាងក្រៅពោះវៀន១ ខ្យល់បក់ក្នុងពោះវៀន១ ខ្យល់បក់សព្វសព៌ាង្គកាយ១3) ខ្យល់ដកដង្ហើមចូល និងខ្យល់ដកដង្ហើមចេញ១ មួយទៀត វាយោធាតុដទៃណានីមួយ ជាខាងក្នុង អាស្រ័យនូវខ្លួន ជាខ្យល់ ឬមានសភាពប្រហែលនឹងខ្យល់ ដែលវិញ្ញាណចូលទៅកាន់យក ម្នាលអ្នកទាំងឡាយមានអាយុ នេះហៅថា វាយោធាតុខាងក្នុង។ វាយោធាតុខាងក្នុងណាក្តី វាយោធាតុខាងក្រៅណាក្តី ធាតុទាំងពីរនេះ ឈ្មោះថា វាយោធាតុតែមួយយ៉ាង។ ភិក្ខុគួរឃើញវាយោធាតុនោះ ដោយបញ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះក៏មិនមែនជាអញ នោះមិនមែនជាខ្លួន របស់អញ។ លុះភិក្ខុនោះឃើញវាយោធាតុនុ៎ះ ដោយបញ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះហើយ តែងនឿយណាយក្នុងវាយោធាតុ ធ្វើចិត្តឲ្យធុញក្នុងវាយោធាតុ។ នែអ្នកទាំងឡាយមានអាយុ ជួនកាលវាយោធាតុខាងក្រៅកម្រើកឡើង វាយោធាតុនោះ បក់លំអិតស្រុកខ្លះ បក់លំអិតនិគមខ្លះ បក់លំអិតនគរខ្លះ បក់លំអិតជនបទខ្លះ បក់លំអិតជនបទ និងប្រទេសខ្លះ។ ម្នាលអ្នកទាំងឡាយមានអាយុ ជួនកាលដល់ខែជាខាងចុងនៃគិម្ហរដូវ ជនទាំងឡាយ ស្វែងរកខ្យល់ដោយផ្លិតស្លឹកត្នោតខ្លះ ដោយផ្លិតសម្រាប់បក់ភ្លើងខ្លះ សូម្បីតែស្បូវក្នុងសំយ៉ាបផ្ទះ ក៏មិនកម្រើក ក៏មានដែរ។ ម្នាលអ្នកទាំងឡាយមានអាយុ សូម្បីវាយោធាតុខាងក្រៅនោះ ធំដល់ម្ល៉ោះ គង់មានសភាពមិនទៀង ជាធម្មតា គង់មានសភាពអស់ទៅ ជាធម្មតា គង់មានសភាពសូន្យទៅ ជាធម្មតា គង់មានសភាពប្រែប្រួលទៅ ជាធម្មតា។ ចំណង់បើកាយ ដែលតាំងនៅបន្តិចបន្តួចនេះ ភិក្ខុនឹងប្រកាន់ ដោយតណ្ហាថា អញ ថារបស់អញ ថាអញមាន ដូចម្តេចបាន (កាលបើគិតដូច្នេះហើយ) សេចក្តីប្រកាន់ដោយអំណាចតណ្ហា មានះ ទិដ្ឋិ ក្នុងវាយោធាតុជាខាងក្នុងនោះ របស់ភិក្ខុនោះ មិនមានឡើយ។ ម្នាលអ្នកទាំងឡាយមានអាយុ បើជនទាំងឡាយដទៃ ជេរប្រទេច ខ្ទាំងខ្ទប់ បៀតបៀនភិក្ខុនោះ។ ភិក្ខុនោះ តែងដឹងយ៉ាងនេះថា ទុក្ខវេទនាកើតអំពីសម្ផស្សនេះ កើតឡើងហើយ ដល់អាត្មាអញ គឺ ក៏វេទនានោះឯង អាស្រ័យហេតុ ឬមិនអាស្រ័យហេតុទេ អាស្រ័យហេតុអ្វី គឺអាស្រ័យផស្សៈ។ ភិក្ខុនោះឯង ឃើញថា ផស្សៈមិនទៀង ឃើញថាវេទនាមិនទៀង ឃើញថាសញ្ញាមិនទៀង ឃើញថាសង្ខារទាំងឡាយមិនទៀង ឃើញថា វិញ្ញាណមិនទៀង ចិត្តរបស់ភិក្ខុនោះ ក៏ស្ទុះស្ទាជ្រះថ្លា ឋិតនៅព្រម ស៊ប់សួននៅ ក្នុងអារម្មណ៍ គឺធាតុនោះឯង។ ម្នាលអ្នកទាំងឡាយមានអាយុ បើជនទាំងឡាយដទៃបៀតបៀនភិក្ខុនោះ ដោយសម្ផស្សដៃក្តី សម្ផស្សដុំដីក្តី សម្ផស្សដំបងក្តី សម្ផស្សគ្រឿងសស្ត្រាក្តី ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត។ ភិក្ខុនោះ តែងដឹងច្បាស់យ៉ាងនេះថា កាយនេះឯង ជាសភាពសម្រាប់រងសម្ផស្សដៃខ្លះ សម្ផស្សដុំដីខ្លះ សម្ផស្សដំបងខ្លះ សម្ផស្សសស្ត្រាខ្លះ។ ព្រោះហេតុនោះ បានជាព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះ ក្នុងឱវាទ ដែលប្រៀបដូចរណារថា ម្នាលភិក្ខុទាំងឡាយ ប្រសិនបើពួកចោរ ជាអ្នកធ្វើអំពើថោកទាប គប្បីអារអវយវៈតូចធំទាំងឡាយ (របស់ភិក្ខុនោះ) ដោយរណារ ដែលមានដងទាំងពីរខាង ភិក្ខុណាធ្វើចិត្តប្រទូស្ត (មិនអត់ធន់) ក្នុងជម្ងឺ ដែលពួកចោរអារនោះ ភិក្ខុនោះឈ្មោះថា មិនធ្វើតាមពាក្យប្រដៅរបស់តថាគត ដោយហេតុដែលមិនអត់ធន់នោះ។ ភិក្ខុនោះគិតថា សេចក្តីព្យាយាម ដែលអាត្មាអញ ប្រារព្ធហើយ នឹងមិនធូរថយឡើយ សតិដែលអាត្មាអញ តាំងខ្ជាប់ហើយ នឹងមិនភ្លាំងភ្លាត់ឡើយ កាយដែលស្ងប់ស្ងាត់ហើយ នឹងមិនរសាប់រសល់ឡើយ ចិត្តដែលតំកល់នឹងហើយ នឹងមានអារម្មណ៍មូលតែមួយ ឥឡូវនេះ ទោះសម្ផស្សដៃត្រូវក្តី សម្ផស្សដុំដីត្រូវក្តី សម្ផស្សដំបងត្រូវក្តី សម្ផស្សគ្រឿងសស្ត្រាត្រូវក្តី ត្រង់កាយនេះ (ក៏ត្រូវទៅចុះ) ឯអាត្មាអញ ក៏នៅតែធ្វើតាមពាក្យប្រដៅ របស់ព្រះសម្មាសម្ពុទ្ធនេះមិនលែង។ ម្នាលអ្នកទាំងឡាយមានអាយុ កាលបើភិក្ខុនោះ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃយ៉ាងនេះហើយ ឧបេក្ខាដែលអាស្រ័យនឹងកុសល មិនទាន់តាំងនៅនឹងបាន ភិក្ខុនោះ តែងតក់ស្លុត ដល់នូវសេចក្តីសង្វេគ ដោយហេតុនោះថា ឱហ្ន៎ អាត្មាអញ ជាមនុស្សឥតលាភ ឱហ្ន៎ អាត្មាអញ ជាមនុស្សមិនមានលាភ ឱហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ បានដោយកម្រ ឱហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ មិនមែនបានមកដោយងាយទេ ត្រង់ដែលអាត្មាអញ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃយ៉ាងនេះហើយ ឧបេក្ខាដែលអាស្រ័យនឹងកុសល មិនទាន់តាំងនៅនឹងបាន។ ម្នាលអ្នកទាំងឡាយមានអាយុ ដូចស្រីជាកូនប្រសា ឃើញឪពុកក្មេកហើយ ក៏ព្រួយបារម្ភ ដល់នូវសេចក្តីសង្វេគ ដូចម្តេចមិញ ម្នាលអ្នកទាំងឡាយមានអាយុ កាលភិក្ខុនោះ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃយ៉ាងនេះហើយ ឧបេក្ខាដែលអាស្រ័យនឹងកុសល ក៏មិនតាំងនៅនឹង ដូច្នេះឯង។ ភិក្ខុនោះតែងតក់ស្លុត ដល់នូវសេចក្តីសង្វេគ ដោយហេតុនោះថា ឱហ្ន៎ អាត្មាអញ ជាមនុស្សឥតលាភ ឱហ្ន៎ អាត្មាអញ ជាមនុស្សមិនមានលាភ អត្តភាពជាមនុស្ស អាត្មាអញ បានដោយកម្រ អត្តភាពជាមនុស្ស អាត្មាអញ មិនមែនបានដោយងាយទេ ត្រង់ដែលអាត្មាអញ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃយ៉ាងនេះហើយ ឧបេក្ខាដែលអាស្រ័យនឹងកុសល មិនទាន់តាំងនៅនឹងបាន។ ម្នាលអ្នកទាំងឡាយមានអាយុ កាលបើភិក្ខុនោះ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃយ៉ាងនេះហើយ ឧបេក្ខាដែលអាស្រ័យនឹងកុសល រមែងតាំងនៅនឹងបាន។ ភិក្ខុនោះ មានចិត្តត្រេកអរ ដោយហេតុនោះ។ ម្នាលអ្នកទាំងឡាយមានអាយុ ភិក្ខុនោះឈ្មោះថា ធ្វើតាមពាក្យប្រដៅ របស់ព្រះមានព្រះភាគរឿយៗហើយ ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។
[៨៤] ម្នាលអ្នកទាំងឡាយមានអាយុ អាកាស គឺទីវាល ដែលអាស្រ័យគ្រឿងឈើខ្លះ អាស្រ័យវល្លិសម្រាប់ចងខ្លះ អាស្រ័យដីសម្រាប់លាបខ្លះ អាស្រ័យស្បូវប្រក់ខ្លះ ផ្តុំជាមួយគ្នាហើយ ក៏រាប់ហៅថាផ្ទះបាន យ៉ាងណាមិញ ម្នាលអ្នកទាំងឡាយមានអាយុ អាកាសដែលអាស្រ័យឆ្អឹងខ្លះ អាស្រ័យសរសៃខ្លះ អាស្រ័យសាច់ខ្លះ អាស្រ័យស្បែកខ្លះ រួបរួមជាមួយគ្នាហើយ ទើបហៅថារូបបាន ដូច្នោះឯង។ ម្នាលអ្នកទាំងឡាយមានអាយុ បើចក្ខុខាងក្នុងមិនសាបសូន្យទេ តែរូបទាំងឡាយខាងក្រៅ មិនបានមកកាន់គន្លងចក្ខុផង ការពិចារណាអារម្មណ៍ ដែលកើតអំពីចក្ខុ និងរូបនោះ មិនមានផង ចំណែកនៃវិញ្ញាណ ដែលកើតអំពីចក្ខុ និងរូបនោះ ក៏មិនទាន់កើតប្រាកដនៅឡើយ។ ម្នាលអ្នកទាំងឡាយមានអាយុ បើចក្ខុខាងក្នុងមិនសាបសូន្យទេ ហើយរូបទាំងឡាយខាងក្រៅ មកកាន់គន្លងចក្ខុ តែការពិចារណាអារម្មណ៍ ដែលកើតអំពីចក្ខុ និងរូបនោះ មិនមាន ចំណែកនៃវិញ្ញាណដែលកើតអំពីចក្ខុ និងរូបនោះ ក៏មិនទាន់កើតប្រាកដនៅឡើយ។ ម្នាលអ្នកទាំងឡាយមានអាយុ កាលណាបើចក្ខុខាងក្នុងមិនសាបសូន្យផង រូបទាំងឡាយខាងក្រៅមកកាន់គន្លងចក្ខុផង ការពិចារណាអារម្មណ៍ ដែលកើតអំពីចក្ខុ និងរូបនោះ ក៏កើតមានផង។ ចំណែកនៃវិញ្ញាណដែលកើតអំពីចក្ខុ និងរូបនោះ ទើបកើតប្រាកដឡើងបាន ដោយប្រការដូច្នេះ។ រូបណាដែលកើតជាមួយនឹងចក្ខុវិញ្ញាណ រូបនោះសង្គ្រោះចូលក្នុងរូបូបាទានក្ខន្ធ។ វេទនាណា ដែលកើតជាមួយនឹងចក្ខុវិញ្ញាណ វេទនានោះ សង្គ្រោះចូលក្នុងវេទនូបាទានក្ខន្ធ។ សញ្ញាណា ដែលកើតជាមួយនឹងចក្ខុវិញ្ញាណ សញ្ញានោះសង្គ្រោះចូលក្នុងសញ្ញូបាទានក្ខន្ធ។ សង្ខារទាំងឡាយណា ដែលកើតជាមួយនឹងចក្ខុវិញ្ញាណ សង្ខារទាំងឡាយនោះ សង្គ្រោះចូលក្នុងសង្ខារូបាទានក្ខន្ធ។ វិញ្ញាណណា ដែលកើតជាមួយនឹងចក្ខុ វិញ្ញាណនោះ សង្គ្រោះចូលក្នុងវិញ្ញាណូបាទានក្ខន្ធ។ ភិក្ខុនោះ តែងដឹងច្បាស់ យ៉ាងនេះថា ការសង្គ្រោះ គឺប្រមូលប្រជុំ នូវឧបាទានក្ខណ្ធទាំង៥នេះ យ៉ាងនេះឯង។ មួយវិញទៀត ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា បុគ្គលណាឃើញបដិច្ចសមុប្បាទ (គឺសេចក្តីកើតឡើង ព្រោះអាស្រ័យហេតុ) បុគ្គលនោះ ឈ្មោះថា ឃើញធម៌ បុគ្គលណាឃើញធម៌ បុគ្គលនោះ ឈ្មោះថា ឃើញ បដិច្ចសមុប្បាទ (គឺសេចក្តីកើតឡើង ព្រោះអាស្រ័យហេតុ)។ ឧបាទានក្ខណ្ធទាំង៥ណា ដែលមាននៅ ឧបាទានក្ខណ្ធទាំង៥នេះឯង កើតឡើងព្រម ព្រោះអាស្រ័យហេតុ សេចក្តីពេញចិត្ត សេចក្តីអាល័យ សេចក្តីត្រេកអរ និងសេចក្តីជ្រប់ចុះ ក្នុងឧបាទានក្ខណ្ធទាំង៥នេះណា សេចក្តីពេញចិត្ត ជាដើមនោះ ឈ្មោះថា ទុក្ខសមុទយៈ (ហេតុជាទីកើតឡើងនៃទុក្ខ) ការកំចាត់បង់ នូវតម្រេក ដោយអំណាចនៃតណ្ហា និងការលះបង់នូវតម្រេក ដោយអំណាច នៃតណ្ហាណា ក្នុងឧបាទានក្ខណ្ធទាំង៥នេះ ការកំចាត់បង់ នូវតម្រេកជាដើមនោះ ឈ្មោះថា ទុក្ខនិរោធ។ ម្នាលអ្នកទាំងឡាយមានអាយុ ពាក្យប្រដៅ របស់ព្រះមានព្រះភាគ ឈ្មោះថាភិក្ខុនោះធ្វើរឿយៗហើយ ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។ ម្នាលអ្នកទាំងឡាយមានអាយុ បើសោតប្បសាទខាងក្នុងមិនសាបសូន្យ… ឃានប្បសាទមិនសាបសូន្យ… ជីវ្ហាបសាទមិនសាបសូន្យ… កាយប្បសាទមិនសាបសូន្យ… ម្នាលអ្នកទាំងឡាយមានអាយុ បើចិត្តខាងក្នុងមិនសាបសូន្យទេ តែធម្មារម្មណ៍ទាំងឡាយខាងក្រៅ មិនបានមកកាន់គន្លងភវង្គៈផង ការពិចារណាអារម្មណ៍ ដែលកើតអំពីចិត្ត និងធម្មារម្មណ៍នោះ ក៏មិនទាន់មានផង ចំណែកនៃវិញ្ញាណ ដែលកើតអំពីចិត្ត និងធម្មារម្មណ៍នោះ ក៏មិនទាន់កើតប្រាកដនៅឡើយ។ ម្នាលអ្នកទាំងឡាយមានអាយុ បើចិត្តខាងក្នុងមិនសាបសូន្យផង ធម្មារម្មណ៍ទាំងឡាយខាងក្រៅ ក៏បានមកកាន់គន្លងភវង្គៈផង តែការពិចារណាអារម្មណ៍ ដែលកើតអំពីចិត្ត និងធម្មារម្មណ៍នោះមិនមាន ចំណែកនៃវិញ្ញាណដែលកើតអំពីចិត្ត និងធម្មារម្មណ៍នោះ ក៏នៅមិនទាន់ប្រាកដ។ ម្នាលអ្នកទាំងឡាយមានអាយុ កាលណា បើចិត្តខាងក្នុងមិនសាបសូន្យផង ធម្មារម្មណ៍ទាំងឡាយខាងក្រៅ បានមកកាន់គន្លងភវង្គៈផង ការពិចារណាអារម្មណ៍ដែលកើតអំពីចិត្ត និងធម្មារម្មណ៍នោះ ក៏មានផង។ ចំណែកនៃវិញ្ញាណ ដែលកើតអំពីចិត្ត និងធម្មារម្មណ៍នោះ ទើបកើតប្រាកដឡើងបាន យ៉ាងនេះឯង។ រូបណា ដែលកើតជាមួយនឹងមនោវិញ្ញាណ រូបនោះសង្គ្រោះ ចូលក្នុងរូបូបាទានក្ខន្ធ។ វេទនាណា ដែលកើតជាមួយនឹងមនោវិញ្ញាណ វេទនានោះ សង្គ្រោះចូលក្នុងវេទនូបាទានក្ខន្ធ។ សញ្ញាណា ដែលកើតជាមួយនឹងមនោវិញ្ញាណ សញ្ញានោះ សង្គ្រោះចូលក្នុងសញ្ញូបាទានក្ខន្ធ។ សង្ខារទាំងឡាយណា ដែលកើតជាមួយនឹងមនោវិញ្ញាណ សង្ខារទាំងឡាយនោះ សង្គ្រោះចូលក្នុងសង្ខារូបាទានក្ខន្ធ។ វិញ្ញាណណា ដែលកើតជាមួយនឹងភវង្គៈ វិញ្ញាណនោះ សង្គ្រោះចូលក្នុងវិញ្ញាណូបាទានក្ខន្ធ។ ភិក្ខុនោះ តែងដឹងច្បាស់ យ៉ាងនេះថា ការសង្គ្រោះ គឺប្រជុំប្រមូលនូវឧបាទានក្ខណ្ធទាំង៥នេះ យ៉ាងនេះឯង។ មួយទៀត ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា បុគ្គលណា ឃើញបដិច្ចសមុប្បាទ បុគ្គលនោះ ឈ្មោះថា ឃើញធម៌ បុគ្គលណាឃើញធម៌ បុគ្គលនោះ ឈ្មោះថាឃើញបដិច្ចសមុប្បាទ ។ ឧបាទានក្ខណ្ធទាំង៥ណា ដែលមាននៅ ឧបាទានក្ខណ្ធទាំង៥នេះឯង កើតឡើងព្រម ព្រោះអាស្រ័យហេតុ សេចក្តីពេញចិត្ត សេចក្តីអាល័យ សេចក្តីត្រេកអរ សេចក្តីជ្រប់ចុះណា ក្នុងឧបាទានក្ខណ្ធទាំង៥នេះ សេចក្តីពេញចិត្តជាដើមនោះ ឈ្មោះថា ទុក្ខសមុទ័យ ការកំចាត់បង់នូវតម្រេក ដោយអំណាចតណ្ហា និងការលះបង់តម្រេក ដោយអំណាចតណ្ហា ក្នុងឧបាទានក្ខណ្ធទាំង៥នេះ ការកំចាត់បង់នូវតម្រេកជាដើមនោះ ឈ្មោះថា ទុក្ខនិរោធ។ ម្នាលអ្នកទាំងឡាយមានអាយុ ពាក្យប្រដៅរបស់ព្រះមានព្រះភាគ ឈ្មោះថា ភិក្ខុនោះធ្វើរឿយៗហើយ ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។ លុះព្រះសារីបុត្រ មានអាយុ សំដែងនូវមហាហត្ថិបទោបមសូត្រនេះចប់ហើយ ភិក្ខុទាំងអម្បាលនោះ ក៏មានចិត្តត្រេកអរ រីករាយហើយ ចំពោះភាសិត របស់ព្រះសារីបុត្រមានអាយុ ដោយប្រការដូច្នេះ។
ចប់ មហាហត្ថិបទោបមសូត្រ ទី៨