តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មូលបណ្ណាសក » ឱបម្មវគ្គ »
ព្រះពុទ្ធពន្យល់នូវការប្រព្រឹត្តព្រហ្មចរិយធម៌ប្រៀបដូចជាបុរសត្រូវការស្វែងរកនូវខ្លឹមឈើ។
mn 029 បាលី cs-km: sut.mn.029 អដ្ឋកថា: sut.mn.029_att PTS: ?
(ទី៩) មហាសារោបមសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៩. មហាសារោបមសុត្តំ)
[៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើ ភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ កាលដែលទេវទត្តចៀសចេញទៅ មិនយូរប៉ុន្មាន ព្រះមាន ព្រះភាគ ទ្រង់ប្រារព្ធទេវទត្ត ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនេះថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានកុលបុត្រពួកខ្លះ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយសទ្ធា គិតថា អាត្មាអញ ជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្តគ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កុលបុត្រនោះ លុះបួសយ៉ាងនេះហើយ ក៏ញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ កុលបុត្រនោះ ក៏មានសេចក្តីពេញចិត្ត មានតម្រិះដ៏បរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ។ កុលបុត្រនោះ រមែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះថា អាត្មាអញ ជាអ្នកបានលាភសក្ការៈ និងសេចក្តីសរសើរ ចំណែកភិក្ខុទាំងឡាយឯទៀតៗនេះ ជាអ្នកមិនមានកេរ្តិ៍ឈ្មោះយសស័ក្តិ។ កុលបុត្រនោះ តែងស្រវឹង វង្វេង ដល់នូវសេចក្តីប្រមាទ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ លុះប្រមាទហើយ រមែងនៅជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ស្រាយ សំបក ក្រមរ ហើយកាត់យកតែមែក និងស្លឹកមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ។ បុរសមានចក្ខុ បានឃើញបុរសនោះហើយ ក៏និយាយយ៉ាងនេះថា ឱបុរសដ៏ចម្រើននេះ មិនស្គាល់ខ្លឹម ស្រាយ សំបក ក្រមរ មែក និងស្លឹកទេតើ ហេតុដូច្នោះ បានជាបុរសដ៏ចម្រើននេះ ត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ស្រាយ សំបក ក្រមរ ហើយកាត់យកតែមែក និងស្លឹកមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះ ត្រូវធ្វើ ដោយខ្លឹមឈើនោះ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ សេចក្តីនេះឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យ ដូចជាកុលបុត្រពួកខ្លះ ក្នុងសាសនានេះ ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយសទ្ធា គិតថា អាត្មាអញ នឹងជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ ចិត្តគ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កុលបុត្រនោះ លុះបួសយ៉ាងនេះហើយ ក៏ញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ កុលបុត្រនោះ ក៏មានសេចក្តីពេញចិត្ត មានតម្រិះ ដ៏បរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ។ កុលបុត្រនោះ រមែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះថា អាត្មាអញ ជាអ្នកមានលាភសក្ការៈ និងសេចក្តីសរសើរ ចំណែកភិក្ខុទាំងឡាយដទៃនេះ ជាអ្នកមិនមានកេរ្តិ៍ឈ្មោះយសស័ក្តិ។ កុលបុត្រនោះ តែងស្រវឹង វង្វេង ដល់នូវសេចក្តីប្រមាទ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ លុះប្រមាទហើយ រមែងនៅជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានកាន់យកតែមែក និងស្លឹក របស់ព្រហ្មចរិយៈ ហើយដល់នូវការបន្ធូរបន្ថយសេចក្តីព្យាយាម ដោយហេតុនោះ។
[៨៦] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានកុលបុត្រពួកខ្លះទៀត ចេញចាកផ្ទះដោយសទ្ធា ចូលទៅកាន់ផ្នួសដោយគិតថា អាត្មាអញជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្តគ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កុលបុត្រនោះ លុះបួសយ៉ាងនេះហើយ ក៏ញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ កុលបុត្រនោះ ក៏មិនមានសេចក្តីពេញចិត្ត មិនមានតម្រិះបរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះឡើយ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ លុះមិនប្រមាទហើយ រមែងបាននូវសីលសម្បទា។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ដោយសីលសម្បទានោះ។ កុលបុត្រនោះ រមែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះសីលសម្បទានោះថា អាត្មាអញជាអ្នកមានសីល មានធម៌ល្អ ចំណែកភិក្ខុទាំងឡាយដទៃៗនេះ ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់។ កុលបុត្រនោះ រមែងស្រវឹង វង្វេង ដល់នូវសេចក្តីប្រមាទ ដោយសីលសម្បទានោះ លុះប្រមាទហើយ រមែងនៅជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស អ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ហើយ ក៏រំលងខ្លឹម ស្រាយ សំបក ហើយកែះយកតែក្រមរមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ។ បុរសមានចក្ខុបានឃើញបុរសនោះហើយ ក៏និយាយយ៉ាងនេះថា ឱបុរសដ៏ចម្រើននេះ មិនស្គាល់ខ្លឹម ស្រាយ សំបក ក្រមរ មែក និងស្លឹកទេតើ ហេតុដូច្នោះ បានជាបុរសដ៏ចម្រើននេះ ជាអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ហើយ ក៏រំលងខ្លឹម ស្រាយ សំបក ហើយកេះយកតែក្រមរមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះត្រូវធ្វើ ដោយខ្លឹមឈើនោះ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ (សេចក្តីនេះឧបមាយ៉ាងណា) ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យ ដូចជាកុលបុត្រពួកខ្លះ ក្នុងសាសនានេះ ចេញចាកផ្ទះដោយសទ្ធា ចូលទៅកាន់ផ្នួសដោយគិតថា អាត្មាអញជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ ចិត្តគ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កុលបុត្រនោះ លុះបួសយ៉ាងនេះហើយ ក៏ញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ កុលបុត្រនោះ មិនមានសេចក្តីពេញចិត្ត មិនមានតម្រិះបរិបូណ៌ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះឡើយ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ លុះមិនប្រមាទហើយ រមែងបាននូវសីលសម្បទា។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ ដោយសីលសម្បទានោះ។ កុលបុត្រនោះ រមែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះសីលសម្បទានោះថា អាត្មាអញជាអ្នកមានសីល មានធម៌ល្អ ចំណែកភិក្ខុទាំងឡាយដទៃៗនេះ ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់។ កុលបុត្រនោះ ក៏ស្រវឹង វង្វេង ដល់នូវសេចក្តីប្រមាទ ដោយសីលសម្បទានោះ លុះប្រមាទហើយ រមែងនៅជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានកាន់យកតែក្រមរ របស់ព្រហ្មចរិយៈ ហើយដល់នូវការបន្ធូរបន្ថយសេចក្តីព្យាយាម ដោយហេតុនោះ។
[៨៧] ម្នាលភិក្ខុទាំងឡាយ កុលបុត្រពួកខ្លះក្នុងសាសនានេះ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយសទ្ធា គិតថា អាត្មាអញ ជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្តគ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដឡើងបាន។ កុលបុត្រនោះ លុះបួសយ៉ាងនេះហើយ ក៏ញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ កុលបុត្រនោះ មិនមានសេចក្តីពេញចិត្ត មិនមានតម្រិះបរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះឡើយ។ កុលបុត្រនោះ មិនបានលើកតំកើងខ្លួនឯង មិនបានបន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះទេ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ លុះមិនប្រមាទហើយ រមែងបាននូវសីលសម្បទា។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត ដោយសីលសម្បទានោះ តែថាមិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសីលសម្បទានោះឡើយ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះសីលសម្បទានោះ លុះមិនប្រមាទហើយ រមែងបាននូវសមាធិសម្បទា។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ ដោយសមាធិសម្បទានោះ។ កុលបុត្រនោះ លើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះសមាធិសម្បទានោះថា អាត្មាអញ ជាអ្នកមានចិត្តខ្ជាប់ខ្ជួន មានចិត្តប្រព្រឹត្តទៅ ក្នុងអារម្មណ៍តែមួយ ចំណែកភិក្ខុទាំងឡាយដទៃៗនេះ មិនមានចិត្តខ្ជាប់ខ្ជួន មានចិត្តវិលផ្សេងៗ។ កុលបុត្រនោះ តែងស្រវឹង វង្វេង ដល់នូវសេចក្តីប្រមាទ ព្រោះសមាធិសម្បទានោះ លុះប្រមាទហើយ រមែងនៅជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ដូចបុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំ មានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម រំលងស្រាយ ហើយស្ទោះ យកតែសំបកមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ។ បុរសមានចក្ខុ ឃើញបុរសនោះហើយ និយាយយ៉ាងនេះថា ឱបុរសដ៏ចម្រើននេះ មិនស្គាល់ខ្លឹម ស្រាយ សំបក ក្រមរ មែក ស្លឹកទេតើ ព្រោះហេតុនោះ បុរសដ៏ចម្រើននេះ អ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំ មានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម រំលងស្រាយ ហើយស្ទោះ យកតែសំបកមកសំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារសំខាន់ណា ដែលបុរសនោះត្រូវធ្វើដោយខ្លឹមឈើនោះ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ (សេចក្តីនេះ ឧបមាយ៉ាងណាមិញ) ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចកុលបុត្រពួកខ្លះ ក្នុងសាសនានេះ បានចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយសទ្ធា គិតថា អាត្មាអញជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្តគ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កុលបុត្រនោះ លុះបួសយ៉ាងនេះហើយ ក៏ញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ កុលបុត្រនោះ មិនមានសេចក្តីពេញចិត្ត មិនមានតម្រិះបរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ លុះមិនប្រមាទហើយ រមែងបាននូវសីលសម្បទា កុលបុត្រនោះ មានសេចក្តីពេញចិត្ត ដោយសីលសម្បទានោះ តែថា មិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសីលសម្បទានោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះសីលសម្បទានោះ លុះមិនប្រមាទហើយ រមែងបាននូវសមាធិសម្បទា។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ ដោយសមាធិសម្បទានោះ។ កុលបុត្រនោះ តែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះសមាធិសម្បទានោះថា អាត្មាអញជាអ្នកមានចិត្តខ្ជាប់ខ្ជួន មានចិត្តប្រព្រឹត្តទៅ ក្នុងអារម្មណ៍តែមួយ ចំណែកភិក្ខុទាំងឡាយដទៃៗនេះ ជាអ្នកមានចិត្តមិនខ្ជាប់ខ្ជួន មានចិត្តវិលផ្សេងៗ។ កុលបុត្រនោះ ក៏ស្រវឹង វង្វេង ដល់នូវសេចក្តីប្រមាទ ព្រោះសមាធិសម្បទានោះ លុះប្រមាទហើយ រមែងនៅជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានកាន់យកតែសំបកនៃ ព្រហ្មចរិយៈ ហើយដល់នូវការបន្ធូរបន្ថយសេចក្តីព្យាយាម ដោយហេតុនោះ។
[៨៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត កុលបុត្រពួកខ្លះ ក្នុងសាសនានេះ បានចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយសទ្ធា គិតថា អាត្មាអញជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្តគ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កុលបុត្រនោះ លុះបួសយ៉ាងនេះហើយ ក៏ញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ កុលបុត្រនោះ មិនមានសេចក្តីពេញចិត្ត មិនមានតម្រិះបរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ លុះមិនប្រមាទហើយ រមែងបាននូវសីលសម្បទា។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត ដោយសីលសម្បទានោះ តែថា មិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសីលសម្បទានោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះសីលសម្បទានោះ លុះមិនប្រមាទហើយ រមែងបាននូវសមាធិសម្បទា។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត ដោយសមាធិសម្បទានោះ តែថា មិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសមាធិសម្បទានោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះសមាធិសម្បទានោះ លុះមិនប្រមាទហើយ រមែងបាននូវញាណទស្សនៈ។1) កុលបុត្រនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ ដោយញាណទស្សនៈនោះ។ កុលបុត្រនោះ រមែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះញាណទស្សនៈនោះថា អាត្មាអញ បានស្គាល់ បានឃើញ (នូវរូបល្អិត) ចំណែកភិក្ខុទាំងឡាយឯទៀតៗនេះ មិនបានស្គាល់ មិនបានឃើញ (នូវរូបល្អិត) ទេ។ កុលបុត្រនោះ តែងស្រវឹង វង្វេង ដល់នូវសេចក្តីប្រមាទ ព្រោះញាណទស្សនៈនោះ លុះប្រមាទហើយ រមែងនៅជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ដូចបុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ហើយចាំងយកតែស្រាយ មកសំគាល់ថាខ្លឹម ហើយចៀសចេញទៅ។ បុរសមានចក្ខុ បានឃើញបុរសនោះហើយ និយាយយ៉ាងនេះថា ឱបុរសដ៏ចម្រើននេះ មិនស្គាល់ខ្លឹម ស្រាយ សំបក ក្រមរ មែក និងស្លឹកទេតើ ព្រោះហេតុនោះ បានជាបុរសដ៏ចម្រើននេះ អ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ហើយចាំងយកតែស្រាយ មកសំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះត្រូវធ្វើដោយខ្លឹមឈើ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ដល់បុរសនោះឡើយ (សេចក្តីនេះឧបមាយ៉ាងណាមិញ) ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចកុលបុត្រពួកខ្លះ ក្នុងសាសនានេះ បានចេញចាកផ្ទះ ចូលកាន់ផ្នួសដោយសទ្ធា គិតថា អាត្មាអញ ជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្តគ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កុលបុត្រនោះ លុះបួសយ៉ាងនេះហើយ ក៏ញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ កុលបុត្រនោះ មិនមានសេចក្តីពេញចិត្ត មិនមានតម្រិះបរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះឡើយ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ លុះមិនប្រមាទហើយ រមែងបាននូវសីលសម្បទា។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត ដោយសីលសម្បទានោះ តែមិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសីលសម្បទានោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះសីលសម្បទានោះ លុះមិនប្រមាទហើយ រមែងបាននូវសមាធិសម្បទា។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត ដោយសមាធិសម្បទានោះ តែថា មិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសមាធិសម្បទានោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះសមាធិសម្បទានោះ លុះមិនប្រមាទហើយ រមែងបាននូវញាណទស្សនៈ។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ ដោយញាណទស្សនៈនោះ។ កុលបុត្រនោះ រមែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះញាណទស្សនៈនោះថា អាត្មាអញ បានដឹង បានឃើញ (រូបល្អិត) ចំណែកភិក្ខុទាំងឡាយដទៃៗនេះ មិនបានដឹង មិនបានឃើញ (រូបល្អិត) ទេ។ កុលបុត្រនោះ តែងស្រវឹង វង្វេង ដល់នូវសេចក្តីប្រមាទ ព្រោះញាណទស្សនៈនោះ លុះប្រមាទហើយ រមែងនៅជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានកាន់យកតែស្រាយរបស់ ព្រហ្មចរិយៈ ហើយដល់នូវការបន្ធូរបន្ថយសេចក្តីព្យាយាម ដោយហេតុនោះ។
[៨៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត កុលបុត្រពួកខ្លះក្នុងសាសនានេះ បានចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយសទ្ធា គិតថា អាត្មាអញ មានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្តគ្របសង្កត់ហើយ ឈ្មោះថាមានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុតនៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កុលបុត្រនោះ លុះបួសយ៉ាងនេះហើយ ក៏បានញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ កុលបុត្រនោះ មិនពេញចិត្ត មិនមានតម្រិះបរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបានបន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះឡើយ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ លុះមិនប្រមាទហើយ រមែងបាននូវសីលសម្បទា។ កុលបុត្រនោះ ពេញចិត្ត ដោយសីលសម្បទានោះ តែថា មិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសីលសម្បទានោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះសីលសម្បទានោះ លុះមិនប្រមាទហើយ រមែងបាននូវសមាធិសម្បទា។ កុលបុត្រនោះ ពេញចិត្ត ដោយសមាធិសម្បទានោះ តែថា មិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសមាធិសម្បទានោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះសមាធិសម្បទានោះ លុះមិនប្រមាទហើយ រមែងបាននូវញាណទស្សនៈ។ កុលបុត្រនោះ ពេញចិត្ត ដោយញាណទស្សនៈនោះ តែថាមិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះញាណទស្សនៈនោះ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះញាណទស្សនៈនោះ លុះមិនប្រមាទហើយ រមែងបាននូវសមយវិមោក្ខ។2) ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះគប្បីសាបសូន្យចាក សមយវិមុត្តិ នោះ ដោយហេតុណា ហេតុនុ៎ះឯង រមែងមាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏ចាំងយកតែខ្លឹមមក ដឹងថាខ្លឹមពិតហើយ ចៀសចេញទៅ។ បុរសមានចក្ខុ បានឃើញបុរសនោះហើយ និយាយយ៉ាងនេះថា ឱបុរសដ៏ចម្រើននេះ ស្គាល់ខ្លឹម ស្រាយ សំបក ក្រមរ មែក និងស្លឹកប្រាកដ ព្រោះហេតុនោះ បានជាបុរសដ៏ចម្រើននេះ ត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏ចាំងយកតែខ្លឹមម្យ៉ាង ដឹងថាជាខ្លឹមពិតហើយ ចៀសចេញទៅ ការងារណា ដែលបុរសនោះត្រូវធ្វើដោយខ្លឹមឈើ ការងារនោះនឹងសម្រេចប្រយោជន៍ដល់បុរសនោះពិត (សេចក្តីនេះឧបមាយ៉ាងណា) ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជាកុលបុត្រពួកខ្លះ ក្នុងសាសនានេះ បានចេញចាកផ្ទះ ចូលកាន់ផ្នួសដោយសទ្ធា គិតថា អាត្មាអញជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្តគ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កុលបុត្រនោះ លុះបួសយ៉ាងនេះហើយ បានញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ កុលបុត្រនោះមិនពេញចិត្ត មិនមានតម្រិះបរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះហើយ ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបានបន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះឡើយ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ លុះមិនប្រមាទហើយ រមែងបាននូវសីលសម្បទា។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត ដោយសីលសម្បទានោះ តែថា មិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសីលសម្បទានោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះសីលសម្បទានោះ លុះមិនប្រមាទហើយ រមែងបាននូវសមាធិសម្បទា…។ កុលបុត្រនោះ ពេញចិត្ត ដោយសមាធិសម្បទានោះ តែថា មិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបានបន្តុះបង្អាប់អ្នកដទៃ ព្រោះសមាធិសម្បទានោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះសមាធិសម្បទានោះ លុះមិនប្រមាទហើយ រមែងបាននូវញាណទស្សនៈ។ កុលបុត្រនោះ ពេញចិត្ត ដោយញាណទស្សនៈនោះ តែថា មិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះញាណទស្សនៈនោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះញាណទស្សនៈនោះ លុះមិនប្រមាទហើយ រមែងបាននូវអសមយវិមោក្ខ (ធម៌ដែលរួចចាកកិលេស ឥតមានកំណត់កាលវេលា បានដល់នវលោកុត្តរធម៌)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសាបសូន្យចាកអសមយវិមុត្តិនោះ ដោយហេតុណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែនជាឱកាសឡើយ។
[៩០] ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយៈនេះ មិនមែនមានលាភសក្ការៈ និងសេចក្តីសរសើរ ជាអានិសង្ស មិនមែនមានសីលសម្បទា ជាអានិសង្ស មិនមែនមានសមាធិសម្បទា ជាអានិសង្ស មិនមែនមានញាណទស្សនៈ ជាអានិសង្សតែប៉ុណ្ណេះទេ ម្នាលភិក្ខុទាំងឡាយ ចេតោវិមុត្តិ ការរួចចាកកិលេសនៃចិត្ត គឺអរហត្តផល ជាធម្មជាតិមិនកម្រើកណា ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយៈនេះ មានអរហត្តផលនុ៎ះ ជាប្រយោជន៍ មានអរហត្តផលនុ៎ះ ជាខ្លឹម មានអរហត្តផលនុ៎ះ ជាទីបំផុត។ ព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត បានត្រេកអរហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ មហាសារោបមសូត្រ ទី៩