km:tipitaka:sut:mn:sut.mn.030

ចូឡសារោបមសូត្រ ទី១០

សង្ខេប

ព្រះ​ពុទ្ធ​ពន្យល់​នូវ​ការ​ប្រព្រឹត្ត​ព្រហ្ម​ចរិយ​​ធម៌​ប្រៀប​ដូច​ជា​បុរស​ត្រូវ​ការ​ស្វែង​រក​នូវ​ខ្លឹម​ឈើ។

mn 030 បាលី cs-km: sut.mn.030 អដ្ឋកថា: sut.mn.030_att PTS: ?

(ទី១០) ចូឡសារោបមសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១០. ចូឡសារោបមសុត្តំ)

[៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រាហ្មណ៍​ឈ្មោះ​បិង្គលកោច្ឆៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះមានព្រះភាគ ហើយបញ្ចប់ពាក្យ ដែលគួរឲ្យកើតសេចក្តីរីករាយ គួរជាទីរឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះព្រាហ្មណ៍ឈ្មោះបិង្គលកោច្ឆៈ អង្គុយក្នុងទីដ៏​សមគួរហើយ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រ​ព្រះគោតម​ដ៏ចម្រើន សមណព្រាហ្មណ៍ទាំងឡាយណា មានពួក មានគណៈ ជាអាចារ្យ​នៃគណៈ មានកេរ្តិ៍ឈ្មោះយសស័ក្តិ ធ្វើលទ្ធិដូចជាកំពង់ ជនច្រើននាក់ បានសន្មតថា ជាមនុស្សត្រឹមត្រូវ គឺបូរណកស្សប១ មក្ខលិគោសាល១ អជិតកេសកម្ពល១ បកុធកច្ចាយនៈ១ សញ្ជយវេលដ្ឋបុត្ត១ និគន្ថនាដបុត្ត១ សមណព្រាហ្មណ៍​ទាំងអស់នោះ បានត្រាស់ដឹង ដូចពាក្យប្តេជ្ញារបស់ខ្លួន ឬមិនបានត្រាស់ដឹងទាំងអស់គ្នាទេ ឬថាត្រាស់​ដឹង​ខ្លះ មិនបានត្រាស់ដឹងខ្លះ។ ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ កុំនិយាយឡើយ ពាក្យថា សមណព្រាហ្មណ៍ទាំងអស់នោះ បានត្រាស់ដឹង ដូចពាក្យប្តេជ្ញារបស់ខ្លួន ឬមិនបាន​ត្រាស់ដឹង​ទាំងអស់គ្នាទេ ឬថាត្រាស់ដឹងខ្លះ មិនបានត្រាស់ដឹងខ្លះ ដូច្នេះនេះ ចូរលើក​ទុកសិន​ចុះ ម្នាលព្រាហ្មណ៍ តថាគត នឹងសំដែងធម៌ ដល់អ្នកវិញ ចូរអ្នកប្រុងស្តាប់ធម៌​នោះ ចូរធ្វើទុកក្នុងចិត្តឥឲ្យល្អចុះ តថាគតនឹងសំដែង។ បិង្គលកោច្ឆព្រាហ្មណ៍ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះសមណៈដ៏ចម្រើន។

[៩២] ព្រះមានព្រះភាគបានត្រាស់ព្រះពុទ្ធដីកានេះថា ម្នាលព្រាហ្មណ៍ ប្រៀប​ដូចបុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) រំលងខ្លឹម ស្រាយ សំបក ក្រមរ ហើយកាត់​យក​តែមែក និងស្លឹក មកសំគាល់ថាខ្លឹម ហើយចៀសចេញទៅ។ បុរសមានចក្ខុ បានឃើញ​បុរសនោះហើយ និយាយយ៉ាងនេះថា បុរសដ៏ចម្រើននេះ មិនស្គាល់ខ្លឹម ស្រាយ សំបក ក្រមរ មែក និងស្លឹកទេតើ ហេតុនោះ បានជាបុរសដ៏ចម្រើននេះ ជាអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើ​ឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ស្រាយ សំបក ក្រមរ ហើយកាត់យក​តែមែក និងស្លឹកមកសំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះត្រូវធ្វើដោយខ្លឹមឈើ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ ដល់បុរស​នោះឡើយ។ ម្នាលព្រាហ្មណ៍ ដូចជាបុរសអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំ មានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ស្រាយ សំបក ហើយកេះយកតែក្រមរមក សំគាល់ថាខ្លឹម ហើយចៀស​ចេញទៅ។ បុរសមានចក្ខុ បានឃើញបុរសនោះហើយ និយាយយ៉ាងនេះថា ឱបុរសដ៏ចម្រើននេះ មិនស្គាល់ខ្លឹម ស្រាយ សំបក ក្រមរ មែក និងស្លឹកទេតើ ហេតុនោះ បានជាបុរសដ៏ចម្រើននេះ ជាអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅ​ស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ស្រាយ សំបក ហើយកេះយកតែក្រមរមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារ​ណា ដែល​បុរស​នោះ ត្រូវធ្វើដោយខ្លឹមឈើ ការងារនោះ ក៏នឹងមិនសម្រេច​ប្រយោជន៍ ដល់​បុរសនោះ​ឡើយ។ ម្នាលព្រាហ្មណ៍ ឬក៏ដូចជាបុរសអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរក​ខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលង​ខ្លឹម ស្រាយ ហើយស្ទោះយកតែសំបកមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ។ បុរសមានចក្ខុ បានឃើញបុរសនោះហើយ និយាយយ៉ាងនេះថា ឱបុរសដ៏ចម្រើននេះ មិនស្គាល់ខ្លឹម ស្រាយ សំបក ក្រមរ មែក និងស្លឹកទេតើ ហេតុនោះ បានជាបុរសដ៏ចម្រើននេះ ជាអ្នកត្រូវ​ការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹម​ឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ស្រាយ ហើយស្ទោះយកតែសំបកមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះត្រូវធ្វើដោយខ្លឹមឈើ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ។ ម្នាលព្រាហ្មណ៍ ពុំនោះសោត ដូចបុរសអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើ​ឈើ​ធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ហើយចាំងយកស្រាយមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ។ បុរសមានចក្ខុ បានឃើញបុរសនោះហើយ និយាយយ៉ាងនេះថា ឱបុរសដ៏ចម្រើននេះ មិនស្គាល់ខ្លឹម ស្រាយ សំបក ក្រមរ មែក និងស្លឹកទេតើ ហេតុនោះ បានជាបុរសដ៏ចម្រើននេះ ជាអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែង​រកខ្លឹម​ឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ហើយចាំង​យកតែ​ស្រាយមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះ ត្រូវធ្វើដោយ​ខ្លឹមឈើ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ។ ម្នាលព្រាហ្មណ៍ ពុំនោះសោត ដូចបុរសអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏ចាំងយកតែ​ខ្លឹម​មក ស្គាល់ថាខ្លឹមពិត ហើយចៀសចេញទៅ។ បុរសមានចក្ខុ បានឃើញបុរសនោះហើយ និយាយយ៉ាងនេះថា ឱបុរសដ៏ចម្រើននេះ ស្គាល់ខ្លឹម ស្រាយ សំបក ក្រមរ មែក និងស្លឹកមែន ហេតុនោះបានជាបុរសដ៏ចម្រើននេះ ជាអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏ចាំងយកតែ​ខ្លឹមមក ស្គាល់ច្បាស់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះត្រូវធ្វើ ដោយខ្លឹមឈើ ការងារនោះ ក៏នឹងសម្រេចប្រយោជន៍ ដល់បុរសនោះ។

[៩៣] ម្នាលព្រាហ្មណ៍ សេចក្តីដែលពោលមកហើយនេះ ក៏ដូចគ្នានឹងកុលបុត្រ​ពួកខ្លះ ក្នុងសាសនានេះ ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយសទ្ធា ដោយគិតថា អាត្មាអញ ជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត គ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ មាន​ទុក្ខ​រួបរឹត​ហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កុលបុត្រ​នោះ លុះបួសរួចយ៉ាងនេះហើយ ក៏ញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរ​ឲ្យកើតឡើង។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ ដោយលាភ​សក្ការៈ និងសេចក្តីសរសើរនោះ។ កុលបុត្រនោះ រមែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់​អ្នក​ដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះថា អាត្មាអញ ជាអ្នកមានលាភ​សក្ការៈ និងសេចក្តីសរសើរ ចំណែកភិក្ខុទាំងឡាយដទៃៗនេះ ជាអ្នកមិនមានកេរ្តិ៍ឈ្មោះ យសស័ក្តិទេ។ ធម៌ទាំងឡាយដទៃណា ដែលជាធម៌ដ៏លើសលុប និងថ្លៃថ្លា ជាងលាភសក្ការៈ និងសេចក្តីសរសើរ កុលបុត្រនោះ មិនបានញ៉ាំងឆន្ទៈឲ្យកើតឡើង មិនព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តរួញរា ប្រព្រឹត្តធូរថយផង ម្នាលព្រាហ្មណ៍ ដូចបុរសអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើនោះ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ស្រាយ សំបក ក្រមរ ហើយកាត់យកតែមែក និងស្លឹកមក សំគាល់ថាខ្លឹម ហើយចៀស​ចេញ​ទៅ ការងារណា ដែលបុរសនោះ ត្រូវធ្វើ ដោយខ្លឹមឈើ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ។ ម្នាលព្រាហ្មណ៍ តថាគត ពោលនូវបុគ្គលនេះ ថាដូចជាបុរសនោះដែរ។

[៩៤] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះក្នុងសាសនានេះ ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយសទ្ធា ដោយគិតថា អាត្មាអញជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត គ្រប​សង្កត់​ហើយ ឈ្មោះថា ជាអ្នកមានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ បុគ្គលនោះ លុះបួសរួច​យ៉ាងនេះហើយ រមែងញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ បុគ្គលនោះ មិនមានសេចក្តីពេញចិត្ត មិនមានតម្រិះបរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរ​នោះ។ បុគ្គលនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និង​សេចក្តីសរសើរនោះ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាង​លាភសក្ការៈ និងសេចក្តីសរសើរ បុគ្គលនោះ រមែងញ៉ាំងឆន្ទះឲ្យកើតឡើង រមែង​ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា ប្រព្រឹត្តិមិនធូរថយផង។ បុគ្គលនោះ រមែងបាននូវសីលសម្បទា។ បុគ្គលនោះ មាន​សេចក្តី​ពេញចិត្ត មានតម្រិះបរិបូណ៌ ដោយសីលសម្បទានោះ។ បុគ្គលនោះ រមែងលើកតំកើង​ខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះសីលសម្បទានោះថា អាត្មាអញ ជាអ្នកមានសីល មានធម៌​ល្អ ចំណែកភិក្ខុទាំងឡាយដទៃៗនេះ ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងសីលសម្បទា បុគ្គលនោះ មិនញ៉ាំង​ឆន្ទះឲ្យកើត មិនព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិរួញរា ប្រព្រឹត្តិធូរថយផង។ ម្នាលព្រាហ្មណ៍ ដូចជាបុរសអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ)ក៏រំលងខ្លឹម ស្រាយ សំបក ហើយកែះយកតែក្រមរមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះ ត្រូវធ្វើ ដោយខ្លឹមឈើ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ។ ម្នាលព្រាហ្មណ៍ តថាគត ពោលនូវបុគ្គល​នេះថា ដូចជាបុរសនោះដែរ។

[៩៥] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងសាសនានេះ។បេ។ គប្បីធ្វើនូវ ទីបំផុតឲ្យប្រាកដបាន។ បុគ្គលនោះ លុះបួសរួច យ៉ាងនេះហើយ ក៏ញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ បុគ្គលនោះ មិនមានសេចក្តីពេញចិត្ត មិនមានតម្រិះ​បរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ។ បុគ្គលនោះ មិនលើកតំកើងខ្លួន​ឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះឡើយ។ ធម៌​ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងលាភសក្ការៈ និងសេចក្តីសរសើរ បុគ្គលនោះ រមែងញ៉ាំងឆន្ទះឲ្យកើតឡើង ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំង​នោះ​ផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា ប្រព្រឹត្តិមិនធូរថយផង។ បុគ្គលនោះ រមែងបាននូវសីលសម្បទា។ បុគ្គលនោះ មានសេចក្តីពេញចិត្ត ដោយសីលសម្បទានោះ តែមិនមានតម្រិះបរិបូណ៌ទេ ។ បុគ្គលនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់​អ្នក​ដទៃ ព្រោះសីលសម្បទានោះ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លា​ជាង​សីលសម្បទា បុគ្គលនោះ រមែងញ៉ាំងឆន្ទះឲ្យកើតឡើង ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា ប្រព្រឹត្តិមិនធូរថយផង។ បុគ្គលនោះ រមែងបាននូវសមាធិសម្បទា។ បុគ្គលនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ ដោយសមាធិសម្បទានោះ ។ បុគ្គលនោះ រមែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះសមាធិសម្បទានោះថា អាត្មាអញ ជាអ្នកមានចិត្តខ្ជាប់ខ្ជួន មានចិត្តប្រព្រឹត្តទៅ ក្នុងអារម្មណ៍តែមួយ ឯភិក្ខុទាំងឡាយ​ដទៃៗនោះ មិនមានចិត្តខ្ជាប់ខ្ជួន មានចិត្តវិលផ្សេងៗ។ ធម៌ទាំងឡាយដទៃណា ជាធម៌​ដ៏លើសលុប និងថ្លៃថ្លាជាងសមាធិសម្បទា បុគ្គលនោះ មិនញ៉ាំងឆន្ទះឲ្យកើត មិនព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិរួញរា ប្រព្រឹត្តិធូរថយផង។ ម្នាលព្រាហ្មណ៍ ដូចបុរសអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើនោះ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ)ក៏រំលងខ្លឹម ស្រាយ ហើយស្ទោះយកតែសំបកមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះ ត្រូវធ្វើ ដោយខ្លឹមឈើ ការងារនោះ នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ។ ម្នាលព្រាហ្មណ៍ តថាគត ពោលនូវបុគ្គលនេះថា ដូចជាបុរសនោះដែរ។

[៩៦] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះក្នុងសាសនានេះ ចេញចាកផ្ទះ ចូល​កាន់ផ្នួសដោយសទ្ធា គិតថា អាត្មាអញមានជាតិ ជរា មរណៈ គ្របសង្កត់ហើយ។បេ។ នឹងធ្វើនូវទីបំផុត ឲ្យប្រាកដបាន។ បុគ្គលនោះ លុះបួសរួច យ៉ាងនេះហើយ ក៏ញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ បុគ្គលនោះ មិនមានសេចក្តី​ពេញចិត្ត មិនមានតម្រិះបរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ។ បុគ្គលនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និង​សេចក្តី​សរសើរនោះ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាង​លាភសក្ការៈ និងសេចក្តីសរសើរ បុគ្គលនោះ រមែងញ៉ាំងឆន្ទះឲ្យកើត ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា ប្រព្រឹត្តិមិនធូរថយផង។ បុគ្គលនោះរមែងបាននូវសីលសម្បទា។ បុគ្គលនោះ មានសេចក្តីពេញចិត្ត ដោយសីលសម្បទានោះ តែមិនមានតម្រិះបរិបូណ៌ទេ ។ បុគ្គលនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសីលសម្បទានោះ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងសីលសម្បទា បុគ្គលនោះ រមែងញ៉ាំង​ឆន្ទះឲ្យកើតឡើង ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា ប្រព្រឹត្តិមិនធូរថយផង។ បុគ្គលនោះ រមែងបាន​នូវសមាធិសម្បទា។ បុគ្គលនោះ មានសេចក្តីពេញចិត្ត ដោយសមាធិសម្បទានោះ តែមិនមានតម្រិះបរិបូណ៌ទេ ។ បុគ្គលនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់​អ្នកដទៃ ព្រោះសមាធិសម្បទានោះ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងសមាធិសម្បទា បុគ្គលនោះ រមែងញ៉ាំងឆន្ទះឲ្យកើត ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា ប្រព្រឹត្តិមិនធូរថយផង។ បុគ្គលនោះ រមែងបាននូវញាណទស្សនៈ។ បុគ្គលនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ ដោយញាណទស្សនៈនោះ។ បុគ្គលនោះ រមែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះញាណទស្សនៈនោះថា អាត្មាអញជាអ្នកបានដឹង បានឃើញ (រូបល្អិត) ចំណែកភិក្ខុទាំងឡាយដទៃៗនេះ ជាអ្នកមិនដឹង មិនឃើញ (រូបល្អិត)។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងញាណទស្សនៈ បុគ្គលនោះ មិនញ៉ាំងឆន្ទះឲ្យកើត មិនព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិ រួញរា ប្រព្រឹត្តិ​ធូរថយផង។ ម្នាលព្រាហ្មណ៍ ដូចបុរសអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើនោះ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ)ក៏រំលងខ្លឹម ហើយចាំងយកតែស្រាយមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះ ត្រូវធ្វើ ដោយខ្លឹមឈើ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ។ ម្នាលព្រាហ្មណ៍ តថាគត ពោលនូវបុគ្គលនេះថា ដូចជាបុរសនោះដែរ។

[៩៧] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះក្នុងសាសនានេះ ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយសទ្ធា គិតថា អាត្មាអញជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត គ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ បុគ្គលនោះ លុះបួសរួចយ៉ាងនេះហើយ តែងញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើត។ បុគ្គលនោះ មិនមានសេចក្តី​ពេញចិត្ត មិនមានតម្រិះបរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ។ បុគ្គលនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងលាភសក្ការៈ និងសេចក្តីសរសើរ បុគ្គលនោះរមែងញ៉ាំងឆន្ទះឲ្យកើតឡើង ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា ប្រព្រឹត្តិមិនធូរថយផង។ បុគ្គលនោះ រមែងបាននូវសីលសម្បទា។ បុគ្គលនោះ មានសេចក្តីពេញចិត្ត ដោយសីលសម្បទានោះ តែមិនមានតម្រិះបរិបូណ៌ទេ ។ បុគ្គលនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសីលសម្បទានោះ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប ជាងសីលសម្បទានោះ បុគ្គលនោះ រមែងញ៉ាំងឆន្ទះ​ឲ្យកើត ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា ប្រព្រឹត្តិមិនធូរថយផង។ បុគ្គលនោះ រមែងបាននូវ​សមាធិសម្បទា។ បុគ្គលនោះ មានសេចក្តីពេញចិត្ត ដោយសមាធិសម្បទានោះ តែមិនមាន​តម្រិះបរិបូណ៌ទេ ។ បុគ្គលនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់​អ្នកដទៃ ព្រោះសមាធិសម្បទានោះ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងសមាធិសម្បទា បុគ្គលនោះ រមែងញ៉ាំងឆន្ទះឲ្យកើត ព្យាយាម ដើម្បីធ្វើ​ឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា ប្រព្រឹត្តិមិនធូរថយ​ផង។ បុគ្គលនោះ រមែងបាននូវញាណទស្សនៈ។ បុគ្គលនោះ មានសេចក្តីពេញចិត្ត ដោយញាណទស្សនៈនោះ តែមិនមានតម្រិះបរិបូណ៌ទេ ។ បុគ្គលនោះ មិនលើក​តំកើង​ខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះញាណទស្សនៈនោះ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងញាណទស្សនៈ បុគ្គលនោះ រមែងញ៉ាំងឆន្ទះឲ្យកើត ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា ប្រព្រឹត្តិមិនធូរថយផង។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយដូចម្តេច ដែលជាធម៌ដ៏លើស​លុប និងថ្លៃថ្លា ជាងញាណទស្សនៈ។ ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាម​ទាំង​ឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់នូវបឋមជ្ឈាន ដែលប្រកប​ដោយ​វិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់នោះ។ ម្នាលព្រាហ្មណ៍ ធម៌នេះឯង ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងញាណទស្សនៈ។ ម្នាលព្រាហ្មណ៍ មួយ​ទៀត ភិក្ខុ ព្រោះរម្ងាប់វិតក្កៈ វិចារៈរួចហើយ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាតិកើត​មាន​ក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺ​ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ បានដល់នូវចតុត្ថជ្ឈាន។ ម្នាលព្រាហ្មណ៍ ធម៌នេះឯង ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងញាណទស្សនៈ។ ម្នាលព្រាហ្មណ៍ មួយទៀត ភិក្ខុ ព្រោះប្រព្រឹត្តកន្លង នូវរូបសញ្ញា1) ព្រោះអស់ទៅនៃបដិឃសញ្ញា2) ព្រោះមិនបានធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា3) ដោយប្រការទាំងពួង បានដល់អាកាសានញ្ចាយតនជ្ឈាន ដោយការពិចារណាថា អាកាសមិនមាន​ទីបំផុត ដូច្នេះ។ ម្នាលព្រាហ្មណ៍ ធម៌នេះឯង ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងញាណទស្សនៈ។ ម្នាលព្រាហ្មណ៍ មួយវិញទៀត ភិក្ខុ ព្រោះប្រព្រឹត្តកន្លង នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង បានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយការពិចារណាថា វិញ្ញាណមិនមានទីបំផុត ដូច្នេះ។ ព្រោះប្រព្រឹត្តកន្លង នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង បានដល់ នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយការពិចារណាថា អ្វីតិចតួច ក៏មិនមាន ដូច្នេះ។បេ។ ព្រោះប្រព្រឹត្តកន្លងនូវ អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង បានដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលព្រាហ្មណ៍ ធម៌នេះឯង ជាធម៌ដ៏លើសលុប និងថ្លៃថ្លា ជាងញាណទស្សនៈ។ ម្នាលព្រាហ្មណ៍ មួយវិញទៀត ភិក្ខុ ព្រោះប្រព្រឹត្តកន្លង នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការ​ទាំងពួង បានដល់នូវសញ្ញាវេទយិតនិរោធ។4) អាសវៈទាំងឡាយ របស់ភិក្ខុនោះ រមែងអស់ទៅ មិនមានសល់ ព្រោះបានឃើញច្បាស់ ដោយបញ្ញា។ ម្នាលព្រាហ្មណ៍ ធម៌នេះឯង ជាធម៌ដ៏លើសលុប និងថ្លៃថ្លា ជាងញាណទស្សនៈ។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយនេះឯង ជាធម៌ដ៏លើសលុប និង​ថ្លៃថ្លាជាងញាណទស្សនៈ។ ម្នាលព្រាហ្មណ៍ ដូចបុរសអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ)​ក៏ចាំងយកតែខ្លឹមមក ដឹងច្បាស់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះ ត្រូវការធ្វើ ដោយខ្លឹមឈើ ការងារនោះ ក៏នឹង សម្រេចប្រយោជន៍ ដល់បុរសនោះ ។ ម្នាលព្រាហ្មណ៍ តថាគត ពោលនូវបុគ្គលនេះថា ដូចជាបុរសនោះដែរ។

[៩៨] ម្នាលព្រាហ្មណ៍ ព្រហ្មចរិយៈនេះ មិនមែនមានត្រឹមតែលាភសក្ការៈ និងសេចក្តីសរសើរ ជាអានិសង្សទេ មិនមែនមានត្រឹមតែសីលសម្បទា ជាអានិសង្សទេ មិនមែនមានត្រឹមតែសមាធិសម្បទាជាអានិសង្សទេ មិនមែនមានត្រឹមតែ​ញាណទស្សនៈ ជាអានិសង្សទេ ដោយប្រការដូច្នេះឯង ម្នាលព្រាហ្មណ៍ ចេតោវិមុត្តិ ការរួចចាកកិលេសនៃចិត្ត គឺអរហត្តផល ជាធម៌មិនកម្រើកណា ម្នាលព្រាហ្មណ៍ ព្រហ្មចរិយៈនេះ មានអរហត្តផលនុ៎ះជាប្រយោជន៍ មានអរហត្តផលនុ៎ះ ជាខ្លឹម មានអរហត្តផលនុ៎ះ ជាទីបំផុត។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រ​នេះ​ចប់​ហើយ។ បិង្គលកោច្ឆព្រាហ្មណ៍ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រ​ព្រះគោតម​ដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតម​ដ៏ចម្រើន ពីរោះណាស់ ។បេ។ សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះ តរៀងទៅ។

ចប់ ចូឡសារោបមសូត្រ ទី១០។

ចប់ ឱបម្មវគ្គទី៣។

បញ្ជីរឿងនៃឱបម្មវគ្គនោះ ដូច្នេះ

រឿងមោលិយភិក្ខុ ដែលព្រះមានព្រះភាគ ទ្រង់គម្រាម ក្នុងកកចូបមសូត្រ១ រឿងអរិដ្ឋភិក្ខុ​ប្រកាន់មិច្ឆាទិដ្ឋិ ក្នុងអលគទ្ទូបមសូត្រ១ រឿងកុមារកស្សបភិក្ខុ នៅក្នុងអន្ធវ័ន ក្នុង​វម្មិកសូត្រ១ រឿងបុណ្ណភិក្ខុ ក្នុងរថវិនីតសូត្រ១ រឿងបុគ្គលដាំដំណាំ ក្នុងនិវាបសូត្រ១ រឿងសត្វម្រឹគដេកសង្កត់លើគំនរអន្ទាក់ ក្នុងបាសរាសិសូត្រ១ រឿងប្រៀបមេដំរី​ឈ្មោះករេណុ (មានធ្មេញក្បំ) ក្នុងចូឡហត្ថិបទោបមសូត្រ១ រឿងស្នាមជើងដំរី ក្នុងមហាហត្ថិបទោបមសូត្រ១ រឿងធម៌ដ៏ប្រសើរ ប្រៀបដូចខ្លឹមឈើ ក្នុងមហាសារោបមសូត្រ១ រឿងបិង្គលកោច្ឆព្រាហ្មណ៍ ក្នុងចូឡសារោបមសូត្រ១។

ចប់ ភាគ២១

 

លេខយោង

1)
រូបសញ្ញា សេចក្តីសំគាល់ក្នុងរូប ឯរូបក្នុងទីនេះ សំដៅយករូបាវចរជ្ឈានផង អារម្មណ៍របស់រូបាវចរជ្ឈាននោះផង
2)
បដិឃសញ្ញា សេចក្តីសំគាល់កើតឡើងដោយការប៉ះពាល់ គឺចក្ខុប៉ះពាល់នឹងរូប ត្រចៀកប៉ះពាល់នឹងសំឡេងជាដើម
3)
នានត្តសញ្ញា សញ្ញាផ្សេងៗគ្នា ឯសញ្ញាដែលផ្សេងៗគ្នានោះមាន៤៤ គឺ កាមាវចរកុសលសញ្ញា៨ អកុសលសញ្ញា១២ កាមាវចរកុសលវិបាកសញ្ញា១១ អកុសលវិបាកសញ្ញា២ កាមាវចរកិរិយាសញ្ញា១១
4)
សេចក្តីរំលត់នូវសញ្ញា និងវេទនា
km/tipitaka/sut/mn/sut.mn.030.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann