តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មូលបណ្ណាសក » មហាយមកវគ្គ »
អង្គទាំងឡាយ១១ មិនគួរដើម្បីដល់នូវសេចក្តីចំរើន លូតលាស់ ពេញទូលាយ ក្នុងធម៌វិន័យនេះ និងអង្គទាំងឡាយ១១ គួរដើម្បីដល់នូវសេចក្តីចំរើន លូតលាស់ ពេញទូលាយ ក្នុងធម៌វិន័យនេះ។
mn 033 បាលី cs-km: sut.mn.033 អដ្ឋកថា: sut.mn.033_att PTS: ?
(ទី៣) មហាគោបាលសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៣. មហាគោបាលកសុត្តំ)
[២៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា នែភិក្ខុទាំងឡាយ។ ឯភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស។
[២៤] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ប្រកបដោយអង្គទាំងឡាយ១១ មិនគួរដើម្បីរក្សា នូវហ្វូងគោ មិនគួរដើម្បីញុំាងហ្វូងគោ ឲ្យចំរើនឡើងបានឡើយ អង្គ១១ តើដូចម្តេចខ្លះ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ក្នុងលោកនេះ ជាអ្នកមិនស្គាល់រូប (របស់គោ)១ មិនឈ្លាសក្នុងលក្ខណៈ គឺភិនភាគស្លាកស្នាម១ មិនឆ្កឹះពងរុយត្រង់ដំបៅគោ១ មិនបិទដំបៅ១ មិនបំពក់ភ្នក់១ មិនស្គាល់កំពង់ទឹក១ មិនដឹងថាគោបានផឹកទឹកហើយ ឬនៅឡើយ១ មិនស្គាល់ផ្លូវ១ មិនឈ្លាសក្នុងកន្លែងឃ្វាលគោ១ រូតទឹកដោះមិនឲ្យនៅសល់១ គោឧសភទាំងឡាយណា ជាបិតា (បា) របស់គោ ជាបរិនាយក (មេហ្វូង) របស់គោ មិនបូជានូវគោឧសភទាំងនោះ ដោយគ្រឿងបូជាដ៏ក្រៃលែង1) ១ ម្នាលភិក្ខុទាំងឡាយ គង្វាលគោប្រកបព្រម ដោយអង្គទាំង១១នេះឯង មិនគួរដើម្បីរក្សានូវហ្វូងគោ មិនគួរដើម្បីញុំាងហ្វូងគោ ឲ្យចំរើនបានឡើយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបព្រម ដោយអង្គទាំងឡាយ១១ ក៏មិនគួរដើម្បីដល់នូវសេចក្តីចំរើន លូតលាស់ ពេញទូលាយ ក្នុងធម៌វិន័យនេះ ក៏ដូច្នោះដែរ អង្គទាំង១១ តើដូចម្តេចខ្លះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនស្គាល់រូប១ មិនឈ្លាសក្នុងលក្ខណៈ១ មិនឆ្កឹះពងរុយ១ មិនបិទដំបៅ១ មិនបំពក់ភ្នក់១ មិនស្គាល់កំពង់ទឹក១ មិនដឹងថា ខ្លួនបានផឹកទឹកហើយ ឬនៅឡើយ១ មិនស្គាល់ផ្លូវ១ មិនឈ្លាសក្នុងកន្លែងគោចរ១ រូតយកទេយ្យវត្ថុ មិនឲ្យនៅសល់១ ម្នាលភិក្ខុទាំងឡាយណា ជាថេរៈ ជាអ្នកដឹងនូវរាត្រី ជាអ្នកបួសយូរអង្វែង ជាបិតារបស់សង្ឃ ជាសង្ឃបរិនាយក មិនបានបូជានូវភិក្ខុជាថេរៈទាំងនោះ ដោយការបូជាដ៏ក្រៃលែង១។
[២៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនស្គាល់រូប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនដឹងច្បាស់តាមពិតថា រូបឯណានីមួយ រូបទាំងអស់ (នោះ) គឺមហាភូតរូបទាំង៤ផង ឧបាទាយរូប ដែលអាស្រ័យនឹងមហាភូតរូបទាំង៤ផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនស្គាល់រូប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនឈ្លាសក្នុងលក្ខណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនស្គាល់ច្បាស់តាមពិតថា បុគ្គលពាល មានអំពើជាលក្ខណៈ បណ្ឌិតមានអំពើជាលក្ខណៈ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនឈ្លាស ក្នុងលក្ខណៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនបានឆ្កឹះពងរុយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងកាមវិតក្កៈ ដែលកើតឡើងហើយ ឲ្យអាស្រ័យនៅ (ក្នុងសន្តាន) មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាសទៅ មិនឲ្យសាបសូន្យទៅ ញុំាងព្យាបាទវិតក្កៈ ដែលកើតឡើងហើយ។បេ។ ញុំាងវិហិង្សាវិតក្កៈ ដែលកើតឡើងហើយ។បេ។ ញុំាងអកុសលធម៌ដ៏លាមកទាំងឡាយ ដែលកើតឡើងរឿយៗ ឲ្យអាស្រ័យនៅ (ក្នុងសន្តាន) មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាសទៅ មិនឲ្យសាបសូន្យទៅ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនបានឆ្កឹះពងរុយចេញ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនបិទដំបៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញនូវរូបដោយភ្នែក ហើយកាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ដ៏លាមកទាំងឡាយ គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវភិក្ខុជាអ្នកមិនសង្រួម នូវឥន្ទ្រិយ គឺភ្នែកនុ៎ះ ដែលមានការមិនសង្រួម នូវឥន្ទ្រិយ គឺភ្នែកណាជាហេតុ ក៏មិនបានប្រតិបត្តិ ដើម្បីសង្រួម នូវឥន្ទ្រិយ គឺភ្នែកនោះ មិនរក្សានូវឥន្ទ្រិយគឺភ្នែក មិនដល់នូវការសង្រួមក្នុងឥន្ទ្រិយគឺភ្នែក ស្តាប់នូវសំឡេង ដោយត្រចៀក… ហិតក្លិនដោយច្រមុះ… ទទួលរស ដោយអណ្តាត… ពាល់ត្រូវនូវផោដ្ឋព្វារម្មណ៍ ដោយកាយ… ដឹងច្បាស់នូវធម៌ដោយចិត្ត ហើយកាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ដ៏លាមកទាំងឡាយ គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវភិក្ខុជាអ្នកមិនសង្រួម នូវឥន្ទ្រិយ គឺចិត្តនុ៎ះ ដែលមានការមិនសង្រួម នូវឥន្ទ្រិយ គឺចិត្តណាជាហេតុ ក៏មិនប្រតិបត្តិ ដើម្បីសង្រួម នូវឥន្ទ្រិយ គឺចិត្តនោះ មិនរក្សានូវឥន្ទ្រិយគឺចិត្ត មិនដល់នូវការសង្រួមក្នុងឥន្ទ្រិយគឺចិត្ត ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនបានបិទដំបៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនបំពក់ភ្នក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនសំដែងធម៌ ដែលខ្លួនបានស្តាប់មកយ៉ាងណា បានរៀនមកយ៉ាងណាដោយពិស្តារ ដល់ជនទាំងឡាយដទៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនបំពក់ភ្នក់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់កំពង់ទឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនចូលទៅរកពួកភិក្ខុ ដែលជាពហុស្សូត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ហើយសាកសួរ ប្រឹក្សាម្តងម្កាល ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន ព្យញ្ជនៈនេះ ត្រូវរៀងដូចម្តេច សេចក្តីនៃភាសិតនេះ ដូចម្តេច ឯលោកដ៏មានអាយុទាំងនេះ ក៏មិនបានបើកចេញ នូវសេចក្តីកំបាំងផង មិនបានធ្វើនូវសេចក្តីដែលជ្រៅ ឲ្យរាក់ងាយផង មិនបានបន្ទោបង់ នូវសេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយ ដែលជាទីតាំង នៃសេចក្តីសង្ស័យច្រើនប្រការផង ដល់ភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់កំពង់ទឹក យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនដឹងថា ខ្លួនបានផឹកទឹកហើយឬនៅឡើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលបើគេកំពុងសំដែងធម៌វិន័យ ដែលតថាគតប្រកាសហើយ ក៏មិនបាននូវសេចក្តីត្រេកអរក្នុងអត្ថ មិនបាននូវសេចក្តីត្រេកអរក្នុងធម៌ មិនបាននូវបាមោជ្ជៈ ដែលប្រកបដោយធម៌ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនដឹងថាខ្លួនបានផឹកទឹកហើយឬនៅឡើយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់ផ្លូវ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនស្គាល់ច្បាស់ នូវផ្លូវប្រកបដោយអង្គ៨ ដ៏ប្រសើរតាមសេចក្តីពិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់ផ្លូវ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈ្លាសក្នុងកន្លែងគោចរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបានស្គាល់ច្បាស់ នូវសតិប្បដ្ឋាន៤ តាមសេចក្តីពិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈ្លាសក្នុងកន្លែងគោចរ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នករូតយកទេយ្យវត្ថុ មិនឲ្យនៅសល់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មានពួកគហបតី ដែលមានសទ្ធា បាននាំយកចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ មកបវារណា ចំពោះភិក្ខុក្នុងសាសនានេះហើយ ភិក្ខុមិនស្គាល់ប្រមាណ ក្នុងការទទួលបច្ច័យទាំងនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នករូតយកទេយ្យវត្ថុ មិនឲ្យនៅសល់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនបូជាពួកភិក្ខុជាថេរៈ ដឹងនូវរាត្រី បួសយូរអង្វែង ជាបិតារបស់សង្ឃ ជាសង្ឃបរិនាយក ដោយការបូជាដ៏ក្រៃលែង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបានតំកល់មេត្តាកាយកម្ម ក្នុងទីចំពោះមុខ និងទីកំបាំងមុខ មិនតំកល់មេត្តាវចីកម្ម មិនតំកល់មេត្តាមនោកម្ម ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ចំពោះភិក្ខុទាំងឡាយ ដែលជាថេរៈ ដឹងនូវរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាសង្ឃបរិនាយក ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនបានបូជាពួកភិក្ខុ ដែលជាថេរៈ ដឹងនូវរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាសង្ឃបរិនាយក ដោយការបូជាដ៏ក្រៃលែង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបព្រមដោយធម៌ទាំង១១នេះឯង មិនគួរដើម្បីដល់នូវសេចក្តីចំរើន លូតលាស់ ពេញទូលាយ ក្នុងធម្មវិន័យនេះបានឡើយ។
[២៦] ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ប្រកបព្រមដោយអង្គទាំង១១ ទើបគួរដើម្បីរក្សា នូវហ្វូងគោ គួរដើម្បីញុំាងហ្វូងគោ ឲ្យចំរើនបាន អង្គទាំង១១ តើដូចម្តេចខ្លះ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ក្នុងលោកនេះ ជាអ្នកស្គាល់នូវរូបគោ១ ឈ្លាសក្នុងលក្ខណៈ១ ឆ្កឹះនូវពងរុយ១ បិទដំបៅ១ បំពក់ភ្នក់១ ស្គាល់កំពង់ទឹក១ ដឹងថាគោបានផឹកទឹកហើយ ឬនៅឡើយ១ ស្គាល់ផ្លូវ១ ឈ្លាសក្នុងកន្លែងឃ្វាលគោ១ រូតទឹកដោះឲ្យនៅសល់១ គោឧសភទាំងឡាយណា ជាបិតារបស់គោ ជាបរិនាយក របស់គោ រមែងបូជាគោឧសភទាំងនោះ ដោយគ្រឿងបូជាដ៏ក្រៃលែង១ ម្នាលភិក្ខុទាំងឡាយ គង្វាលគោប្រកបដោយអង្គទាំង១១នេះ ទើបគួរដើម្បីរក្សានូវហ្វូងគោ គួរដើម្បីញុំាងហ្វូងគោឲ្យចំរើនបាន (យ៉ាងណាមិញ) ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបព្រម ដោយអង្គទាំង១១ ទើបគួរដល់នូវសេចក្តីចំរើន លូតលាស់ ពេញទូលាយ ក្នុងធម្មវិន័យនេះ យ៉ាងដូច្នោះដែរ អង្គទាំង១១ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្គាល់រូប១ ឈ្លាសក្នុងលក្ខណៈ១ ឆ្កឹះនូវពងរុយ១ បិទនូវដំបៅ១ បំពក់ភ្នក់១ ស្គាល់កំពង់ទឹក១ ដឹងថា ខ្លួនបានផឹកទឹកហើយ ឬនៅឡើយ១ ស្គាល់ផ្លូវ១ ឈ្លាសក្នុងកន្លែងគោចរ១ រូតយកទេយ្យវត្ថុ ឲ្យនៅសល់១ បូជាពួកភិក្ខុដែលជាថេរៈ ដឹងនូវរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាសង្ឃបរិនាយក ដោយការបូជា ដ៏ក្រៃលែង១។
[២៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកស្គាល់រូប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា រូបឯណានីមួយ (រូបទាំងអស់នោះ) គឺមហាភូតរូបទាំង៤ផង ឧបាទាយរូប ដែលអាស្រ័យនឹងមហាភូតរូបទាំង៤ផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកស្គាល់រូប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកឈ្លាសក្នុងលក្ខណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា បុគ្គលពាល មានអំពើជាលក្ខណៈ បណ្ឌិត មានអំពើជាលក្ខណៈ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកឈ្លាស ក្នុងលក្ខណៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកឆ្កឹះនូវពងរុយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងកាមវិតក្កៈ ដែលកើតឡើងហើយ មិនឲ្យអាស្រ័យនៅ (ក្នុងខន្ធសន្តាន) លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យសាបសូន្យ ញុំាងព្យាបាទវិតក្កៈ ដែលកើតឡើងហើយ… ញុំាងវិហិង្សាវិតក្កៈ ដែលកើតឡើងហើយ… ញុំាងអកុសលធម៌ ដ៏លាមកទាំងឡាយ ដែលកើតឡើងរឿយៗ មិនឲ្យអាស្រ័យ (នៅក្នុងខន្ធសន្តាន) លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យសាបសូន្យ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកឆ្កឹះនូវពងរុយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបិទនូវដំបៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែកហើយ មិនបានកាន់យកនូវនិមិត្ត មិនបានកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ ដ៏លាមកទាំងឡាយ គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវភិក្ខុជាអ្នកមិនបានសង្រួម នូវឥន្ទ្រិយ គឺភ្នែកនុ៎ះ ដែលមានការមិនសង្រួម នូវឥន្ទ្រិយ គឺភ្នែកណាជាហេតុ ក៏ប្រតិបត្តិ ដើម្បីសង្រួម នូវឥន្ទ្រិយ គឺភ្នែកនោះ រក្សានូវឥន្ទ្រិយគឺភ្នែក ដល់នូវការសង្រួម ក្នុងឥន្ទ្រិយ គឺភ្នែក ឮសំឡេង ដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរស ដោយអណ្តាត… ពាល់ត្រូវសម្ផ័ស្ស ដោយកាយ… ដឹងច្បាស់នូវធម៌ដោយចិត្ត ហើយមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈឡើយ ក៏អកុសលធម៌ ដ៏លាមកទាំងឡាយ គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាម នូវភិក្ខុជាអ្នកមិនបានសង្រួម នូវឥន្ទ្រិយ គឺចិត្តនុ៎ះ ដែលមានការមិនសង្រួម នូវឥន្ទ្រិយ គឺចិត្តណាជាហេតុ ក៏ប្រតិបត្តិ ដើម្បីសង្រួម នូវឥន្ទ្រិយ គឺចិត្តនោះ រក្សានូវឥន្ទ្រិយគឺចិត្ត ដល់នូវការសង្រួម ក្នុងឥន្ទ្រិយ គឺចិត្ត ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបិទនូវដំបៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបំពក់ភ្នក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ សំដែងធម៌ ដែលខ្លួនបានស្តាប់មកយ៉ាងណា បានរៀនមកយ៉ាងណាដោយពិស្តារ ដល់ជនទាំងឡាយដទៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបំពក់ភ្នក់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់កំពង់ទឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានចូលទៅរកពួកភិក្ខុ ដែលជាថេរៈ ជាពហុស្សូត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ហើយសាកសួរ ប្រឹក្សាម្តងម្កាល ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន ព្យញ្ជនៈនេះ ត្រូវរៀងដូចម្តេច សេចក្តីនៃភាសិតនេះ ដូចម្តេច លោកដ៏មានអាយុទាំងនោះ ក៏បើកនូវសេចក្តីដែលកំបាំងផង ធ្វើនូវសេចក្តីដែលជ្រៅ ឲ្យរាក់ងាយផង បន្ទោបង់ នូវសេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយ ជាទីតាំងនៃសេចក្តីសង្ស័យច្រើនប្រការផង ដល់ភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់កំពង់ទឹក យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដឹងថា ខ្លួនបានផឹកទឹកហើយ ឬនៅឡើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលបើគេកំពុងសំដែងធម្មវិន័យ ដែលតថាគតប្រកាសហើយ ក៏បាននូវសេចក្តីត្រេកអរក្នុងអត្ថ បាននូវសេចក្តីត្រេកអរក្នុងធម៌ បាននូវបាមោជ្ជៈ ដែលប្រកបដោយធម៌ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដឹងថា ខ្លួនបានផឹកទឹកហើយ ឬនៅឡើយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់ផ្លូវ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្គាល់នូវផ្លូវប្រកបដោយអង្គទាំង៨ ជាផ្លូវដ៏ប្រសើរ តាមសេចក្តីពិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់ផ្លូវ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្លាសក្នុងកន្លែងគោចរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់នូវសតិប្បដ្ឋានទាំង៤ តាមសេចក្តីពិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកឈ្លាស ក្នុងកន្លែងគោចរ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នករូតយកទេយ្យវត្ថុ ឲ្យនៅសល់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកគហបតី ដែលមានសទ្ធា បាននាំយកចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ មកបវារណា ចំពោះភិក្ខុក្នុងសាសនានេះហើយ ភិក្ខុស្គាល់ប្រមាណ ក្នុងការទទួលបច្ច័យទាំងនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នករូតយកទេយ្យវត្ថុ ឲ្យនៅសល់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបូជា ចំពោះភិក្ខុដែលជាថេរៈ ដឹងនូវរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាសង្ឃបរិនាយក ដោយការបូជាដ៏ក្រៃលែង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ តំកល់មេត្តាកាយកម្ម ក្នុងទីចំពោះមុខ និងទីកំបាំងមុខ តំកល់មេត្តាវចីកម្ម ក្នុងទីចំពោះមុខ និងទីកំបាំងមុខ តំកល់មេត្តាមនោកម្ម ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ចំពោះភិក្ខុទាំងឡាយ ដែលជាថេរៈ ដឹងនូវរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាសង្ឃបរិនាយក ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបូជាពួកភិក្ខុជាថេរៈ ដឹងនូវរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាសង្ឃបរិនាយក ដោយការបូជា ដ៏ក្រៃលែង យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង១១នេះឯង ទើបគួរដើម្បីដល់នូវសេចក្តីចំរើន លូតលាស់ ពេញទូលាយ ក្នុងធម្មវិន័យនេះបាន។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងនូវសូត្រនេះចប់ហើយ ភិក្ខុទាំងឡាយនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។
ចប់ មហាគោបាលសូត្រ ទី៣។