User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.034

ចូឡគោបាលសូត្រ ទី៤

សង្ខេប

ព្រះ​ពុទ្ធ​លើក​យក​រឿង​និទាន​គង្វាល​គោ ​​ជំរុញ​​ដល់​ភិក្ខុ អោយ​​ឆ្លង​​ដល់​នូវ​ត្រើយ​​ខាង​នាយ គឺ​ព្រះ​និព្វាន។

mn 034 បាលី cs-km: sut.mn.034 អដ្ឋកថា: sut.mn.034_att PTS: ?

(ទី៤) ចូឡគោបាលសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៤. ចូឡគោបាលកសុត្តំ)

[២៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្បែរ​ឆ្នេរទន្លេគង្គា ទៀបក្រុងឧក្កចេលា ក្នុងដែនវជ្ជី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុ​ទាំងឡាយ ក្នុងទីនោះថា នែភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន។

[២៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់​មានមកហើយថា គង្វាលគោ ជាអ្នកនៅក្នុងដែនមគធៈ ជាមនុស្សអប្បឥតប្រាជ្ញា មិនបាន​ពិចារណានូវត្រើយខាងអាយ ទាំងមិនបានពិចារណា នូវត្រើយខាងនាយ នៃទន្លេគង្គា ក៏នាំគោទាំងឡាយ ឲ្យឆ្លងទៅកាន់ត្រើយខាងជើង នៃដែនវិទេហៈ ត្រង់ទីដែល​មិនមែន​ជាកំពង់ ក្នុងសារទសម័យ នាខែជាខាងចុងនៃរដូវភ្លៀង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកគោ ក៏ធ្វើ​នូវការវិលវល់ ក្នុងកណ្តាលខ្សែទឹកទន្លេគង្គា ហើយក៏ដល់នូវ​សេចក្តីវិនាស បាត់បង់ក្នុងទឹកទន្លេនោះឯង សេចក្តីវិនាសបាត់បង់ទៅនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថាគង្វាលគោ ជាអ្នកនៅក្នុងដែនមគធៈនោះ ជាមនុស្ស​អប្បឥតប្រាជ្ញា មិនបាន​ពិចារណា នូវត្រើយខាងអាយ ទាំងមិនបានពិចារណា នូវត្រើយខាងនាយ នៃទន្លេគង្គា ក៏នាំគោទាំងឡាយ ឲ្យឆ្លងទៅកាន់ត្រើយខាងជើង នៃដែនវិទេហៈ តាមទីដែល​មិនមែន​ជាកំពង់ ក្នុងសារទសម័យ នាខែជាខាងចុងនៃរដូវ​ភ្លៀង ម្នាលភិក្ខុទាំងឡាយ ជនទាំងឡាយណានីមួយ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី មិនឈ្លាស​ក្នុងលោកនេះ1) មិនឈ្លាសក្នុងលោកខាង​មុខ2) មិនឈ្លាសក្នុងទីនៅនៃមារ3) មិនឈ្លាស​ក្នុងទី​មិនមែនជាទីនៅនៃមារ4) មិនឈ្លាសក្នុងទីនៅនៃមច្ចុ5) មិនឈ្លាស​ក្នុងទីដែល​មិនមែនជាទី​នៅនៃមច្ចុ6) ពួកជនណាសំគាល់ នូវពាក្យរបស់សមណព្រាហ្មណ៍​ទាំង​អម្បាលនោះ ថាជាពាក្យគួរស្តាប់ គួរជឿ សេចក្តីសំគាល់របស់ជនទាំងនោះ នឹងប្រព្រឹត្ត​ទៅ ដើម្បីមិនមែន​ជាប្រយោជន៍ ដើម្បីទុក្ខ អស់កាលយូរអង្វែង។

[៣០] ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់​មានមកហើយថា គង្វាលគោ នៅ​ក្នុង​ដែន​មគធៈ ជាមនុស្សមានប្រាជ្ញា បាន​ពិចារណា នូវត្រើយខាងអាយ ទាំងពិចារណា នូវត្រើយខាងនាយ នៃទន្លេគង្គា ក៏នាំគោទាំងឡាយ ឲ្យឆ្លងទៅកាន់ត្រើយខាងជើង នៃដែនវិទេហៈ តាមទីដែល​​ជាកំពង់ ក្នុងសារទសម័យ នាខែជាខាងចុងនៃរដូវភ្លៀង។ គង្វាល​គោនោះ ចម្លងគោឧសភ ដែលជាបិតារបស់គោ ជាគោបរិនាយកទៅមុន គោ​ទាំង​នោះ ក៏ហែលកាត់ទទឹង​ខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួលបួល។ បន្ទាប់​ពីនោះ គង្វាលគោ ចម្លង​ពួកគោ ដែលមានកំឡាំង និងគោដែល​គួរបង្ហាត់បាន​ដទៃទៀត ឯគោទាំងនោះ បានហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួល​បួល។ តពីនោះ គង្វាលគោ ចម្លងគោឈ្មោលស្ទាវ និងគោញីជំទង់ដទៃទៀត ឯគោទាំងនោះ ក៏ហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួល​បួល។ លំដាប់ពីនោះ គង្វាលគោ ចម្លងកូនគោកំពុងបៅដោះ និងកូនគោស្គម មានកំឡាំង​ថយដទៃទៀត ឯកូនគោទាំងនោះ ក៏ហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាង​នាយ ដោយស្រួល​បួល។ ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយថា កូនគោ​កំពុង​បៅដោះ ជាកូនគោនៅខ្ចី ទើបកើត​ក្នុងថ្ងៃនោះឯង តែងហែលទៅតាមសំឡេង​របស់មេ​គោ ឯកូនគោនោះ ហែលកាត់ទទឹង​ខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយ​ស្រួល​បួល រឿងនោះ ព្រោះហេតុដូចម្តេច ព្រោះថា គង្វាលគោជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ គង្វាលគោ នៅក្នុងដែនមគធៈនោះឯង ជាមនុស្សមានប្រាជ្ញា បាន​ពិចារណា នូវត្រើយខាងអាយ ពិចារណា នូវត្រើយខាងនាយ នៃទន្លេគង្គា ក៏នាំគោ​ទាំង​ឡាយ ឲ្យឆ្លងទៅកាន់ត្រើយខាងជើង នៃដែនវិទេហៈ តាមទីដែល​​ជាកំពង់ ក្នុង​សារទ​សម័យ នាខែជាខាងចុង នៃវស្សានរដូវ (ដូចម្តេចមិញ) ម្នាលភិក្ខុទាំងឡាយ ជនទាំងឡាយ​ណានីមួយ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ជាអ្នកឈ្លាស​ក្នុងលោកនេះ ឈ្លាស​ក្នុងលោកខាង​មុខ ឈ្លាសក្នុងទីនៅរបស់មារ ឈ្លាស​ក្នុងទី​ដែលមិនមែន​ជាទីនៅរបស់មារ ឈ្លាសក្នុងទីនៅរបស់មច្ចុ ឈ្លាស​ក្នុងទីដែល​មិនមែនជាទី​នៅរបស់មច្ចុ ពួក​ជនណា បានសំគាល់នូវពាក្យ របស់សមណៈ និងព្រាហ្មណ៍​ទាំងនោះ ថាជា​ពាក្យ​គួរស្តាប់ គួរជឿ សេចក្តីសំគាល់របស់ជនទាំងនោះ នឹងប្រព្រឹត្ត​ទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលយូរអង្វែង យ៉ាងដូច្នោះឯង។

[៣១] ម្នាលភិក្ខុទាំងឡាយ គោឧសភទាំងឡាយណា ជាបិតារបស់គោ ជាគោបរិនាយក គោឧសភទាំងនោះ បានហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួល​បួល មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា ជាអរហន្តខីណាស្រព មានព្រហ្មចារ្យនៅរួច​ហើយ មានសោឡសកិច្ចធ្វើ​រួចហើយ មានភារៈដាក់ចុះហើយ បានសម្រេច​ប្រយោជន៍​របស់ខ្លួនហើយ មានសំយោជនៈក្នុងភព គឺតណ្ហាអស់ហើយ មានចិត្តផុតស្រឡះហើយ ព្រោះត្រាស់ដឹងនូវធម៌ដោយប្រពៃ ភិក្ខុទាំងនោះ អាចកាត់នូវខ្សែនៃមារដោយទទឹង ហើយទៅដល់ត្រើយ​ខាងនាយ គឺព្រះនិព្វាន ដោយស្រួល មានឧបមេយ្យដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ គោទាំងឡាយណា ដែលជាគោមានកំឡាំង ជាគោដែល​គួរបង្ហាត់​បាន គោទាំងនោះ បានហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួល​បួល មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា មានសំយោជនៈជាចំណែកខាងក្រោមទាំង៥អស់ហើយ ជាឱបបាតិកៈ7) បរិនិព្វាន ក្នុងលោកនោះ មានសភាពមិនបានត្រឡប់​ចាកលោក​នោះ ភិក្ខុទាំងនោះ នឹងកាត់នូវខ្សែនៃមារដោយទទឹង ហើយទៅដល់ត្រើយ​ខាងនាយ គឺព្រះនិព្វាន ដោយស្រួលបួល មានឧបមេយ្យដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ គោឈ្មោលស្ទាវទាំងឡាយ គោញីជំទង់ទាំងឡាយ បានហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ហើយទៅដល់ត្រើយខាងនាយ ដោយស្រួល​បួល មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុទាំងឡាយណា មានសំយោជនៈ៣ អស់ហើយ តែនៅមានរាគៈ ទោសៈ និងមោហៈ ដែលស្រាលស្តើង ជាសកទាគាមិបុគ្គល មកកាន់លោកនេះតែម្តងទៀត ហើយនឹង​ធ្វើនូវទីបំផុតទុក្ខ ភិក្ខុទាំងនោះ នឹងកាត់នូវខ្សែនៃមារដោយទទឹង ហើយដល់​ត្រើយ​​ខាងនាយ គឺព្រះនិព្វាន ដោយស្រួលបួល មានឧបមេយ្យដូច្នោះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ កូនគោដែលកំពុងបៅដោះទាំងឡាយ និងកូនគោ​ដែលស្គម​ មានកំឡាំងថយ បាន​ហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួល​បួល មានឧបមា​យ៉ាង​ណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា មានសំយោជនៈ៣អស់ហើយ ជាសោតាបន្នបុគ្គល មានសភាព​មិនធ្លាក់ទៅក្នុង​អបាយ ជាបុគ្គលទៀង មានធម៌ជាគ្រឿង​ត្រាស់​ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ ភិក្ខុទាំងនោះ បានកាត់នូវខ្សែនៃមារដោយទទឹងហើយ ក៏បានដល់នូវត្រើយ​ខាងនាយ គឺព្រះនិព្វាន ដោយស្រួលបួល មានឧបមេយ្យដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ កូនគោកំពុងបៅដោះ ដែលជាកូនគោនៅខ្ចី ទើបតែនឹងកើតហើយ ក្នុងថ្ងៃនោះឯង ក៏ហែលទៅតាម​សំឡេង​នៃមេគោ បានហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ដល់ទៅត្រើយខាងនាយ ដោយស្រួល​បួល មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុ​ទាំង​ឡាយ ពួកភិក្ខុណា ដែលជា​ធម្មានុសារី​បុគ្គល8) និង​សទ្ធានុសារីបុគ្គល9) ពួកភិក្ខុទាំងនោះ នឹងកាត់នូវខ្សែនៃមារដោយទទឹង ហើយដល់នូវត្រើយ​ខាងនាយ គឺព្រះនិព្វាន ដោយស្រួលបួល។ ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគត ជាអ្នកឈ្លាសក្នុង​លោកនេះ អ្នកឈ្លាសក្នុងលោកខាងមុខ អ្នកឈ្លាស​ក្នុងទីនៅនៃមារ អ្នកឈ្លាស​ក្នុងទីដែល​មិនមែនជាទីនៅនៃមារ អ្នកឈ្លាសក្នុងទីនៅនៃមច្ចុ អ្នកឈ្លាសក្នុងទីដែល​មិនមែន​ជាទីនៅនៃមច្ចុ។ ម្នាលភិក្ខុទាំងឡាយ ជនទាំងឡាយណា សំគាល់នូវពាក្យរបស់​តថាគត ថាជាពាក្យគួរស្តាប់ គួរជឿ សេចក្តីសំគាល់ របស់ជន​ទាំង​នោះ នឹងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលយូរអង្វែង។ ព្រះទ្រង់​ព្រះភាគ ព្រះអង្គ​ត្រាស់សូត្រនេះចប់ហើយ ព្រះសុគតជាសាស្តា លុះត្រាស់​សូត្រ​នេះរួចហើយ ទើបសំដែង​គាថានេះ តទៅទៀតថា

លោកនេះ និងលោកខាងមុខ ដែលព្រះសម្ពុទ្ធទ្រង់ដឹង បានប្រកាស​ហើយដោយ​ប្រពៃ លោកណាៗ ដែលមច្ចុមារទៅដល់ក្តី ទៅមិនដល់ក្តី ព្រះសម្ពុទ្ធ ទ្រង់ដឹង​ច្បាស់ បានត្រាស់ដឹងនូវលោកទាំងអស់នោះ ហើយបើកទ្វារនៃព្រះនិព្វាន គឺ​អរិយមគ្គ ដើម្បីដល់នូវព្រះនិព្វាន ជាទីក្សេម បានកាត់កំចាត់ខ្សែ​របស់មារ ហើយធ្វើ​ឲ្យប្រាសចាកដើមបបុះ គឺមានះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរជាអ្នកច្រើនដោយសេចក្តី​រីករាយ ចូរប្រាថ្នានូវព្រះនិព្វាន ជាទីក្សេមចុះ។

ចប់ ចូឡគោបាលសូត្រ ទី៤។

 

លេខយោង

1)
១.២ មិនឈ្លាសក្នុងខន្ធ ធាតុ និងអាយតនៈ។
2)
3)
ធម៌ដែលប្រព្រឹត្តទៅក្នុងភូមិទាំង៣។
4)
លោកុត្តរធម៌ទាំង៩ប្រការ។
5)
៥.៦ ធម៌ប្រព្រឹត្តទៅក្នុងភូមិ៣ និងលោកុត្តរធម៌ ដូចគ្នា។ អដ្ឋកថា
6)
7)
សំដៅយក ព្រះអនាគាមិបុគ្គល
8)
បុគ្គលអ្នករលឹកតាមនូវធម៌ គឺបញ្ញា តែង​ចំរើននូវមគ្គ មានបញ្ញាជាប្រធាន បានខាង​បុគ្គល​ ដែលតាំងនៅក្នុងសោតាបត្តិមគ្គ មានបញ្ញិន្ទ្រិយដ៏ក្លៀវក្លា។
9)
បុគ្គលអ្នករលឹកតាមនូវសទ្ធា តែង​ចំរើននូវមគ្គ មានសទ្ធាជាប្រធាន បានខាង​បុគ្គល​ ដែលតាំងនៅក្នុងសោតាបត្តិមគ្គ មានសទ្ធិន្ទ្រិយដ៏ក្លៀវក្លា។ អដ្ឋកថា។
km/tipitaka/sut/mn/sut.mn.034.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann