តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មូលបណ្ណាសក » មហាយមកវគ្គ »
ព្រះពុទ្ធដោះស្រាយនូវវាទៈរបស់សច្ចកនិគន្ថបុត្រ។
mn 035 បាលី cs-km: sut.mn.035 អដ្ឋកថា: sut.mn.035_att PTS: ?
(ទី៥) ចូឡសច្ចកសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៥. ចូឡសច្ចកសុត្តំ)
[៣២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា ក្នុងមហាវ័ន ទៀបក្រុងវេសាលី។ សម័យនោះឯង និគន្ថបុត្រ ឈ្មោះសច្ចកៈ នៅក្នុងក្រុងវេសាលី ជាអ្នកពោលនូវតិរច្ឆានថា ពោលថា ខ្លួនជាអ្នកប្រាជ្ញ មហាជនសន្មតថា ជាអ្នកមានលទ្ធិល្អ។ សច្ចកនិគន្ថបុត្រនោះ តែងពោលវាចា នាកណ្តាលបរិស័ទ ក្នុងក្រុងវេសាលីយ៉ាងនេះថា បុគ្គលណា ដែលអាត្មាអញលើកឡើង នូវទោសដោយសំដី ហើយមិនកក្រើក មិនរំភើប មិនញាប់ញ័រ ទាំងញើសក៏មិនហូរចេញអំពីក្លៀក របស់បុគ្គលណា អាត្មាអញ មិនឃើញនូវបុគ្គលនោះ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ជាអ្នកមានពួក មានគណៈ ជាអាចារ្យនៃគណៈ ឬពុំនោះសោត បានប្តេជ្ញាខ្លួន ថាជាអរហន្តសម្មាសម្ពុទ្ធទេ ឯអាត្មាអញ បើលើកឡើងនូវទោស ដោយពាក្យសំដី ចំពោះទៅលើបង្គោល ដែលជារបស់គ្មានចេតនាសោះ ឯបង្គោលនោះ លុះអាត្មាអញ លើកឡើងនូវទោស ដោយពាក្យសំដីហើយ គប្បីកក្រើក រំភើប ញាប់ញ័រ ចាំបាច់ពោលទៅថ្វី ដល់មនុស្សជាតផងគ្នា។
[៣៣] លំដាប់នោះឯង ព្រះអស្សជិមានអាយុ ស្លៀកស្បង់ ទ្រង់នូវបាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅក្នុងក្រុងវេសាលី ដើម្បីបិណ្ឌបាត។ សច្ចកនិគន្ថបុត្រ កំពុងដើរសសៀរៗទៅ ដើម្បីសម្រាកស្មង ក្នុងក្រុងវេសាលី ក៏បានឃើញព្រះអស្សជិមានអាយុ កំពុងនិមន្តទៅអំពីចម្ងាយ លុះឃើញហើយ ក៏ចូលសំដៅទៅរកព្រះអស្សជិមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអស្សជិមានអាយុ លុះបញ្ចប់ពាក្យ ដែលគួរឲ្យកើតសេចក្តីរីករាយ និងពាក្យដែលគួររលឹកហើយ ក៏ឋិតនៅក្នុងទីដ៏សមគួរ។ លុះសច្ចកនិគន្ថបុត្រ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើបពោលពាក្យនេះ នឹងព្រះអស្សជិមានអាយុថា បពិត្រព្រះអស្សជិដ៏ចំរើន ព្រះសមណគោតម តែងទូន្មាននូវសាវ័កទាំងឡាយ ដូចម្តេចខ្លះ មួយទៀត ពាក្យប្រៀនប្រដៅរបស់ព្រះសមណគោតម តែងប្រព្រឹត្តទៅច្រើន ក្នុងពួកសាវ័កទាំងឡាយ មានចំណែកដូចម្តេច។ ព្រះអស្សជិតបថា ម្នាលអគ្គិវេស្សនៈ ព្រះមានព្រះភាគ ទ្រង់ទូន្មាន នូវពួកសាវ័ក យ៉ាងនេះ មួយទៀត ពាក្យប្រៀនប្រដៅ តែងប្រព្រឹត្តទៅច្រើន ក្នុងពួកសាវ័ក មានចំណែកយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង វេទនាមិនទៀង សញ្ញាមិនទៀង សង្ខារទាំងឡាយមិនទៀង វិញ្ញាណមិនទៀង ម្នាលភិក្ខុទាំងឡាយ រូបមិនមែនជាខ្លួន វេទនាមិនមែនជាខ្លួន សញ្ញាមិនមែនជាខ្លួន សង្ខារទាំងឡាយមិនមែនជាខ្លួន វិញ្ញាណមិនមែនជាខ្លួន សង្ខារទាំងពួងមិនមែនជាខ្លួន ធម៌ទាំងពួងមិនមែនជាខ្លួន ម្នាលអគ្គិវេស្សនៈ ព្រះមានព្រះភាគ ទ្រង់ទូន្មាននូវសាវ័កទាំងឡាយ យ៉ាងនេះឯង មួយទៀត ពាក្យប្រៀនប្រដៅរបស់ព្រះមានព្រះភាគ តែងប្រព្រឹត្តទៅច្រើន ក្នុងពួកសាវ័ក មានចំណែកយ៉ាងនេះ។ បពិត្រព្រះអស្សជិដ៏ចំរើន យើងទាំងឡាយណា បានស្តាប់ព្រះសមណគោតម មានវាទៈយ៉ាងនេះ យើងទាំងឡាយនោះ ឈ្មោះថា បានស្តាប់នូវវាទៈ ដែលកម្របានស្តាប់ ធ្វើម្តេចយើងទាំងឡាយ នឹងទៅជួបព្រះសមណគោតម ដ៏ចំរើននោះ បានម្តងហ្ន៎ ធ្វើម្តេចហ្ន៎ នឹងមានការចរចាអ្វីនីមួយទៅអេះ ធ្វើម្តេច យើងទាំងឡាយ នឹងដោះនូវសមណគោតម ឲ្យផុតអំពីទិដ្ឋិដ៏លាមកនោះចេញបានហ្ន៎។
[៣៤] សម័យនោះឯង ព្រះបាទលិច្ឆវី ចំនួន៥០០អង្គ កំពុងតែប្រជុំនៅក្នុងសន្ថាគារដ្ឋាន1) ដោយមានកិច្ចការអ្វីនីមួយ។ លំដាប់នោះ សច្ចកនិគន្ថបុត្រ ក៏ចូលទៅរកព្រះបាទលិច្ឆវីទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលពាក្យនេះ នឹងព្រះបាទលិច្ឆវីទាំងនោះថា សូមព្រះបាទលិច្ឆវីទាំងឡាយដ៏ចំរើន អញ្ជើញទៅ សូមព្រះបាទលិច្ឆវីទាំងឡាយ ដ៏ចំរើន អញ្ជើញទៅ ខ្ញុំនឹងមានការចរចា ជាមួយនឹងព្រះសមណគោតម ក្នុងថ្ងៃនេះ ថាបើព្រះសមណគោតម តតាំងនឹងខ្ញុំ ដូចជាភិក្ខុឈ្មោះអស្សជិ ជាសាវ័កដែលមានកេរ្តិ៍ឈ្មោះមួយដែរ បានតតាំងនឹងខ្ញុំរួចហើយ ខ្ញុំនឹងទាញមក ច្រានទៅ គ្រវាត់គ្រវែង នូវពាក្យសំដី ដោយពាក្យសំដី ចំពោះព្រះសមណគោតម ដូចជាបុរសមានកំឡាំង ចាប់សត្វចៀម ដែលមានរោមវែង ឰដ៏រោមទាំងឡាយ ទាញមក ច្រានទៅ គ្រវាត់គ្រវែង ដូច្នោះឯង ពុំនោះសោត ខ្ញុំនឹងទាញមក ច្រានទៅ គ្រវាត់គ្រវែង នូវពាក្យសំដី ដោយពាក្យសំដី ចំពោះព្រះសមណគោតមនោះ ដូចជាបុរសមានកំឡាំង ជាអ្នកធ្វើការងារក្នុងផ្ទះលក់សុរា ដាក់ចុះនូវកន្ទេល សម្រាប់ដាក់ម្សៅ ក្នុងផ្ទះលក់សុរា ក្នុងអន្លង់ទឹកដែលជ្រៅ ចាប់ត្រង់ជាយ ទាញមក ច្រានទៅ គ្រវាត់គ្រវែង ដូច្នោះឯង ពុំនោះ ខ្ញុំនឹងផ្កាប់ចុះ ផ្ងារឡើង បោកបោះ នូវពាក្យសំដី ដោយពាក្យសំដី ចំពោះព្រះសមណគោតម ដូចជាបុរសមានកំឡាំង ជាអ្នកលេងសុរា ចាប់ថាសត្រង់កណ្តាប់មាត់ផ្កាប់ចុះ ផ្ងារឡើង បោកបោះ ដូច្នេះឯង ពុំនោះសោត ខ្ញុំនឹងលេងនូវព្រះសមណគោតម ឲ្យមានទំនងដូចជាគេលេងនូវល្បែងលាងសម្បកធ្មៃ ឲ្យដូចគ្នានឹងដំរីដែលមានអាយុ៦០ឆ្នាំ ចុះកាន់ស្រះបោក្ខរណីដ៏ជ្រៅ ហើយលេងនូវល្បែងលាងសម្បកធ្មៃ ដូច្នោះឯង សូមព្រះបាទលិច្ឆវីទាំងឡាយ ដ៏ចំរើន អញ្ជើញទៅ សូមព្រះបាទលិច្ឆវីទាំងឡាយដ៏ចំរើន អញ្ជើញទៅ ខ្ញុំនឹងមានការចរចា ជាមួយនឹងព្រះសមណគោតម ក្នុងថ្ងៃនេះ។ បណ្តាព្រះបាទលិច្ឆវីទាំងនោះ ព្រះបាទលិច្ឆវីពួកខ្លះ មានព្រះវាចាយ៉ាងនេះថា ព្រះសមណគោតម នឹងលើកឡើង នូវពាក្យសំដី របស់សច្ចកនិគន្ថបុត្រ ដូចម្តេចបាន មានតែសច្ចកនិគន្ថបុត្រទេ ទើបនឹងលើកឡើង នូវពាក្យសំដីរបស់ព្រះសមណគោតមវិញបាន។ ព្រះបាទលិច្ឆវីពួកខ្លះ មានព្រះវាចាយ៉ាងនេះថា សច្ចកនិគន្ថបុត្រនោះ នឹងលើកឡើង នូវពាក្យសំដី របស់ព្រះមានព្រះភាគជាម្ចាស់ ដូចម្តេចបាន មានតែព្រះមានព្រះភាគជាម្ចាស់ទេ ទើបលើកឡើង នូវពាក្យសំដី របស់សច្ចកនិគន្ថបុត្របាន។ លំដាប់នោះ សច្ចកនិគន្ថបុត្រ មានព្រះបាទលិច្ឆវីចំនួន៥០០អង្គ ចោមរោម ក៏ចូលសំដៅទៅត្រង់កូដាគារសាលា នាមហាវ័ន។
[៣៥] សម័យនោះឯង ភិក្ខុច្រើនរូបកំពុងចង្ក្រមនៅទីវាល។ គ្រានោះ សច្ចកនិគន្ថបុត្រ ចូលទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលពាក្យនេះ នឹងភិក្ខុទាំងនោះថា នែលោកទាំងឡាយដ៏ចំរើន ឥឡូវនេះ ព្រះគោតមដ៏ចំរើននោះ គង់នៅក្នុងទីណា យើងទាំងឡាយ ចង់ជួបនឹងព្រះគោតមដ៏ចំរើននោះ។ ភិក្ខុទាំងនោះតបថា ម្នាលអគ្គិវេស្សនៈ ព្រះមានព្រះភាគ ជាម្ចាស់អង្គនោះ ទ្រង់យាងចូលទៅកាន់ មហាវ័ន គង់សម្រាកព្រះអង្គ ក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។ លំដាប់នោះ សច្ចកនិគន្ថបុត្រ ក៏ចូលទៅកាន់មហាវ័ន ជាមួយនឹងព្រះបាទលិច្ឆវី ជាបរិស័ទច្រើនអង្គ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ ឯព្រះបាទលិច្ឆវីទាំងនោះ ពួកខ្លះ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ ពួកខ្លះ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏គង់ក្នុងទីដ៏សមគួរ។ ពួកខ្លះ ក៏គង់ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ក្នុងទីដ៏សមគួរ។ ពួកខ្លះ ក៏សំដែងនាម និងគោត្រ (របស់ខ្លួន) ឲ្យឮច្បាស់ក្នុងសំណាក់ នៃព្រះមានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ ពួកខ្លះ ក៏គង់នៅស្ងៀម ក្នុងទីដ៏សមគួរ។
[៣៦] សច្ចកនិគន្ថបុត្រ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បើព្រះគោតមដ៏ចំរើន ធ្វើនូវឱភាស ដើម្បីដោះស្រាយ នូវបញ្ហារបស់ខ្ញុំបាន ខ្ញុំនឹងសួរនូវហេតុនីមួយ នឹងព្រះគោតមដ៏ចំរើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអគ្គិវេស្សនៈ បើអ្នកត្រូវការនឹងសួរ ចូរសួរមកចុះ។ ព្រះគោតមដ៏ចំរើន តែងទូន្មានពួកសាវ័កដូចម្តេចខ្លះ ពាក្យប្រៀនប្រដៅ របស់ព្រះគោតមដ៏ចំរើន តែងប្រព្រឹត្តទៅច្រើនក្នុងពួកសាវ័ក មានចំណែកដូចម្តេចខ្លះ។ ម្នាលអគ្គិវេស្សនៈ តថាគត តែងទូន្មានពួកសាវ័កយ៉ាងនេះ ពាក្យប្រៀនប្រដៅ របស់តថាគត តែងប្រព្រឹត្តទៅ ច្រើនក្នុងពួកសាវ័ក មានចំណែកយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង វេទនាមិនទៀង សញ្ញាមិនទៀង សង្ខារទាំងឡាយមិនទៀង វិញ្ញាណមិនទៀង ម្នាលភិក្ខុទាំងឡាយ រូបមិនមែនជាខ្លួន វេទនាមិនមែនជាខ្លួន សញ្ញាមិនមែនជាខ្លួន សង្ខារទាំងឡាយមិនមែនជាខ្លួន វិញ្ញាណមិនមែនជាខ្លួន សង្ខារទាំងពួងមិនមែនជាខ្លួន ធម៌ទាំងពួង ក៏មិនមែនជាខ្លួនដែរ ម្នាលអគ្គិវេស្សនៈ តថាគត តែងទូន្មានពួកសាវ័ក យ៉ាងនេះឯង ពាក្យប្រៀនប្រដៅ របស់តថាគត តែងប្រព្រឹត្តទៅច្រើន ក្នុងពួកសាវ័ក មានចំណែកយ៉ាងនេះ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ សូមសំដែងពាក្យឧបមាបន្តិច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អើអគ្គិវេស្សនៈ អ្នកឯងចូរសំដែងពាក្យឧបមាទៅចុះ។ បពិត្រព្រះគោតមដ៏ចំរើន ពីជគាម និងភូតគាមទាំងឡាយណានីមួយ ដល់នូវការចំរើន លូតលាស់ ធំទូលាយ ពីជគាម និងភូតគាមទាំងអស់នោះ អាស្រ័យនូវផែនដី តាំងនៅលើផែនដី ពីជគាម និងភូតគាមទាំងនុ៎ះ ក៏តែងតែដល់នូវការចំរើន លូតលាស់ ធំទូលាយ យ៉ាងនេះ មានឧបមាដូចម្តេចមិញ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត ការងារទាំងឡាយ ដែលគួរធ្វើដោយកំឡាំងឯណានីមួយ គេតែងធ្វើការងារទាំងអស់នោះ អាស្រ័យនូវផែនដី តាំងនៅលើផែនដី ការងារដែលគួរធ្វើដោយកំឡាំងទាំងនុ៎ះ គេតែងធ្វើយ៉ាងនេះ មានឧបមាដូចម្តេចមិញ បពិត្រព្រះគោតមដ៏ចំរើន បុរសបុគ្គលនេះ មានរូបជាខ្លួន តាំងនៅក្នុងរូប ទទួលនូវបុណ្យ ឬបាប បុរសបុគ្គលនេះ មានវេទនាជាខ្លួន តាំងនៅក្នុងវេទនា ទទួលនូវបុណ្យ ឬបាប បុរសបុគ្គលនេះ មានសញ្ញាជាខ្លួន តាំងនៅក្នុងសញ្ញា ទទួលនូវបុណ្យ ឬបាប បុរសបុគ្គលនេះ មានសង្ខារជាខ្លួន តាំងនៅក្នុងសង្ខារទាំងឡាយ ទទួលនូវបុណ្យ ឬបាប បុរសបុគ្គលនេះ មានវិញ្ញាណជាខ្លួន តាំងនៅក្នុងវិញ្ញាណ ទទួលនូវបុណ្យ ឬបាប មានឧបមេយ្យ ដូច្នោះឯង។ ម្នាលអគ្គិវេស្សនៈ អ្នកពោលពាក្យយ៉ាងនេះថា រូបជាខ្លួនរបស់អញ វេទនាជាខ្លួនរបស់អញ សញ្ញាជាខ្លួនរបស់អញ សង្ខារទាំងឡាយជាខ្លួនរបស់អញ វិញ្ញាណជាខ្លួនរបស់អញ ដូច្នេះឬ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំឯងពោលយ៉ាងនេះថា រូបជាខ្លួនរបស់អញ វេទនាជាខ្លួនរបស់អញ សញ្ញាជាខ្លួនរបស់អញ សង្ខារទាំងឡាយជាខ្លួនរបស់អញ វិញ្ញាណជាខ្លួនរបស់អញ ទាំងប្រជុំជនជាច្រើននេះ គេក៏ថាដូច្នេះដែរ។ នែអគ្គិវេស្សនៈ ឯប្រជុំជនច្រើនរបស់អ្នក នឹងធ្វើជាសំអាងម្តេចបាន ម្នាលអគ្គិវេស្សនៈ អញ្ជើញអ្នកដោះស្រាយតែពាក្យសំដីរបស់ខ្លួនចុះ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំនៅតែពោលយ៉ាងនេះថា រូបជាខ្លួនរបស់អញ វេទនាជាខ្លួនរបស់អញ សញ្ញាជាខ្លួនរបស់អញ សង្ខារទាំងឡាយ ជាខ្លួនរបស់អញ វិញ្ញាណជាខ្លួនរបស់អញ។
[៣៧] ម្នាលអគ្គិវេស្សនៈ បើដូច្នោះ តថាគត នឹងត្រឡប់សួរទៅអ្នក ក្នុងប្រស្នានេះវិញ ប្រស្នាគាប់ចិត្តអ្នកយ៉ាងណា អ្នកត្រូវដោះស្រាយនូវប្រស្នានោះ យ៉ាងនោះចុះ នែអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ព្រះរាជាជាខត្តិយៈ ដែលបានមុទ្ធាភិសេកហើយ ដូចយ៉ាងព្រះរាជាបសេនទិកោសល ពុំនោះសោត ដូចព្រះរាជាអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ មានអំណាចក្នុងដែនជារបស់ខ្លួន គប្បីប្រព្រឹត្តដើម្បីសម្លាប់នូវបុគ្គលដែលគួរសម្លាប់ ដើម្បីរឹបជាន់នូវបុគ្គលដែលគួររឹបជាន់ ឬដើម្បីនិរទេស នូវបុគ្គលដែលគួរនិរទេស បានឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រះរាជាជាខត្តិយៈ ដែលបានមុទ្ធាភិសេកហើយ ដូចយ៉ាងព្រះរាជាបសេនទិកោសល ពុំនោះសោត ដូចជាព្រះរាជាអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ មានអំណាច ក្នុងដែនជារបស់ខ្លួន គប្បីប្រព្រឹត្ត ដើម្បីសម្លាប់ នូវបុគ្គលដែលគួរសម្លាប់ ដើម្បីរឹបជាន់ នូវបុគ្គលដែលគួររឹបជាន់ ឬដើម្បីនិរទេស នូវបុគ្គលដែលគួរនិរទេសបាន បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា សូម្បីក្សត្រិយ៍ទាំងអម្បាលនេះ ជាពួក ជាគណៈ ដូចពួកក្សត្រិយ៍ដែលនៅក្នុងដែនវជ្ជី និងពួកក្សត្រិយ៍ ដែលនៅក្នុងដែនមល្លៈ មានអំណាច ក្នុងដែនជារបស់ខ្លួន តែងប្រព្រឹត្ត ដើម្បីសម្លាប់នូវបុគ្គល ដែលគួរសម្លាប់ ដើម្បីរឹបជាន់នូវបុគ្គល ដែលគួររឹបជាន់ ឬដើម្បីនិរទេស នូវបុគ្គលដែលគួរនិរទេសបាន នឹងបាច់ពោលថ្វី ដល់ទៅអំណាចរបស់ព្រះរាជាជាខត្តិយៈ ដែលបានមុទ្ធាភិសេកហើយ ដូចយ៉ាងព្រះរាជាបសេនទិកោសល ពុំនោះសោត ដូចព្រះរាជាអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ បពិត្រព្រះគោតមដ៏ចំរើន អំណាច គប្បីប្រព្រឹត្តទៅ ទាំងគួរនឹងប្រព្រឹត្តទៅ។ នែអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះដូចម្តេច អ្នកពោលនូវរូបណាយ៉ាងនេះថា រូបជាខ្លួនរបស់អញ អំណាចរបស់អ្នក ប្រព្រឹត្តទៅក្នុងរូបនោះថា រូបរបស់អញ ចូរយ៉ាងនេះទៅ រូបរបស់អញ ចូរកុំមានយ៉ាងនេះឡើយ បានឬទេ។ កាលបើព្រះសាស្តា ទ្រង់ត្រាស់យ៉ាងនេះហើយ សច្ចកនិគន្ថបុត្រ ក៏នៅស្ងៀម។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ នឹងសច្ចកនិគន្ថបុត្រ ជាគំរប់ពីរដងថា នែអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច អ្នកពោលនូវរូបណា យ៉ាងនេះថា រូបជាខ្លួនរបស់អញ អំណាចរបស់អ្នក ប្រព្រឹត្តទៅ ក្នុងរូបនោះថា រូបរបស់អញ ចូរយ៉ាងនេះទៅ រូបរបស់អញ កុំយ៉ាងនេះឡើយ បានឬទេ។ កាលព្រះសាស្តា ទ្រង់ត្រាស់យ៉ាងនេះហើយ សច្ចកនិគន្ថបុត្រ ក៏នៅស្ងៀម ជាគំរប់ពីរដង។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ នឹងសច្ចកនិគន្ថបុត្រថា នែអគ្គិវេស្សនៈ អ្នកចូរដោះស្រាយ នូវបញ្ហាក្នុងកាលឥឡូវនេះទៅ កាលឥឡូវនេះ មិនមែនជាកាលអ្នកស្ងៀមទេ នែអគ្គិវេស្សនៈ អ្នកណាមួយ ដែលតថាគតសួរនូវបញ្ហា ប្រកបដោយធម៌ ជាគំរប់៣ដងហើយ នៅតែមិនដោះស្រាយ ក្បាលរបស់អ្នកនោះ នឹងបែកជា៧ភាគ ក្នុងទីនុ៎ះពុំខាន។ សម័យនោះឯង មានយក្សម្នាក់ឈ្មោះ វជិរបាណី2) កាន់ដែកដូចជាកែវវជិរ ដែលឆេះច្រាលរន្ទាល ភ្លឺសន្ធោសន្ធៅ មកសណ្ឋិតនៅឰដ៏អាកាស ជាខាងលើនៃសច្ចកនិគន្ថបុត្រ ពោលពាក្យដូច្នេះថា បើសច្ចកនិគន្ថបុត្រនេះ ដែលព្រះមានព្រះភាគ ទ្រង់សួរបញ្ហា ប្រកបដោយធម៌ ជាគំរប់៣ដងហើយ នៅតែមិនដោះស្រាយ អញនឹងបំបែកក្បាលរបស់សច្ចកនិគន្ថបុត្រនោះ ជា៧ភាគ ក្នុងទីនេះឯង។ ព្រះមានព្រះភាគ និងសច្ចកនិគន្ថបុត្រ ក៏បានឃើញយក្សឈ្មោះវជិរបាណីនោះប្រាកដ។ គ្រានោះឯង សច្ចកនិគន្ថបុត្រ ភ័យ តក់ស្លុត រន្ធត់ ព្រឺព្រួចរោម ក៏អាងព្រះមានព្រះភាគជាទីពឹង អាងព្រះមានព្រះភាគ ជាទីពួន អាងព្រះមានព្រះភាគ ជាទីកំចាត់បង់នូវភ័យ ក្រាបទូលសេចក្តីនេះ ចំពោះព្រះមានព្រះភាគថា សូមព្រះគោតមដ៏ចំរើន សួរនូវបញ្ហានឹងខ្ញុំព្រះអង្គចុះ ខ្ញុំព្រះអង្គ នឹងដោះស្រាយឥឡូវនេះ។
[៣៨] ម្នាលអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច អ្នកពោលនូវរូបណា យ៉ាងនេះថា រូបជាខ្លួនរបស់អញ អំណាចរបស់អ្នក ប្រព្រឹត្តទៅក្នុងរូបនោះថា រូបរបស់អញ ចូរយ៉ាងនេះចុះ រូបរបស់អញ ចូរកុំយ៉ាងនេះឡើយ បានឬ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ មិនបានទេ។ ម្នាលអគ្គិវេស្សនៈ អ្នកចូរធ្វើទុកក្នុងចិត្តចុះ នែអគ្គិវេស្សនៈ លុះអ្នកធ្វើទុកក្នុងចិត្តរួចហើយ ចូរដោះស្រាយខ្លួនឯងចុះ ព្រោះពាក្យខាងចុងរបស់អ្នក មិនជាប់តគ្នា នឹងពាក្យខាងដើមទេ ឬពាក្យខាងដើមរបស់អ្នក មិនជាប់តគ្នា នឹងពាក្យខាងចុង នែអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច អ្នកពោលនូវវេទនាណា យ៉ាងនេះថា វេទនាជាខ្លួនរបស់អញ អំណាចរបស់អ្នក ប្រព្រឹត្តទៅក្នុងវេទនានោះថា វេទនារបស់អញ ចូរយ៉ាងនេះទៅ វេទនារបស់អញ ចូរកុំយ៉ាងនេះឡើយ បានឬ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ មិនបានទេ។ ម្នាលអគ្គិវេស្សនៈ អ្នកចូរធ្វើទុកក្នុងចិត្តចុះ នែអគ្គិវេស្សនៈ លុះអ្នកធ្វើទុកក្នុងចិត្តរួចហើយ ចូរដោះស្រាយចុះ ព្រោះពាក្យខាងចុងរបស់អ្នក មិនជាប់តគ្នា នឹងពាក្យខាងដើមទេ ឬពាក្យខាងដើមរបស់អ្នក ក៏មិនជាប់តគ្នា នឹងពាក្យខាងចុងដែរ នែអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច អ្នកពោលនូវសញ្ញាណា យ៉ាងនេះថា សញ្ញាជាខ្លួនរបស់អញ អំណាចរបស់អ្នក ប្រព្រឹត្តទៅក្នុងសញ្ញានោះថា សញ្ញារបស់អញ ចូរយ៉ាងនេះ សញ្ញារបស់អញ ចូរកុំយ៉ាងនេះឡើយ បានឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនបានទេ។ ម្នាលអគ្គិវេស្សនៈ អ្នកចូរធ្វើទុកក្នុងចិត្តចុះ នែអគ្គិវេស្សនៈ លុះអ្នកធ្វើទុកក្នុងចិត្តរួចហើយ ចូរដោះស្រាយចុះ ព្រោះពាក្យខាងចុងរបស់អ្នក មិនជាប់តគ្នា នឹងពាក្យខាងដើមទេ ឬពាក្យខាងដើមរបស់អ្នក ក៏មិនជាប់តគ្នា នឹងពាក្យខាងចុងដែរ ម្នាលអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច អ្នកពោលនូវសង្ខារណា យ៉ាងនេះថា សង្ខារទាំងឡាយជាខ្លួនរបស់អញ អំណាចរបស់អ្នក ប្រព្រឹត្តទៅក្នុងសង្ខារទាំងនោះថា សង្ខារទាំងឡាយរបស់អញ ចូរយ៉ាងនេះទៅ សង្ខារទាំងឡាយរបស់អញ ចូរកុំយ៉ាងនេះឡើយ បានឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនបានទេ។ ម្នាលអគ្គិវេស្សនៈ អ្នកចូរធ្វើទុកក្នុងចិត្តចុះ នែអគ្គិវេស្សនៈ លុះអ្នកធ្វើទុកក្នុងចិត្តរួចហើយ ចូរដោះស្រាយចុះ ព្រោះពាក្យខាងចុងរបស់អ្នក មិនជាប់តគ្នា នឹងពាក្យខាងដើមទេ ឬពាក្យខាងដើមរបស់អ្នក ក៏មិនជាប់តគ្នា នឹងពាក្យខាងចុងដែរ នែអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច អ្នកពោលនូវវិញ្ញាណណា យ៉ាងនេះថា វិញ្ញាណជាខ្លួនរបស់អញ អំណាចរបស់អ្នក ប្រព្រឹត្តទៅក្នុងវិញ្ញាណនោះថា វិញ្ញាណរបស់អញ ចូរយ៉ាងនេះទៅ វិញ្ញាណរបស់អញ ចូរកុំយ៉ាងនេះឡើយ បានឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនបានទេ។ ម្នាលអគ្គិវេស្សនៈ អ្នកចូរធ្វើទុកក្នុងចិត្តចុះ នែអគ្គិវេស្សនៈ លុះអ្នកធ្វើទុកក្នុងចិត្តរួចហើយ ចូរដោះស្រាយចុះ ព្រោះពាក្យខាងចុងរបស់អ្នក មិនជាប់តគ្នា នឹងពាក្យខាងដើមទេ ឬពាក្យខាងដើមរបស់អ្នក ក៏មិនជាប់តគ្នា នឹងពាក្យខាងចុងដែរ នែអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច រូបទៀង ឬមិនទៀង។ បពិត្រព្រះគោតមដ៏ចំរើន រូបមិនទៀងទេ។ របស់ណាដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះគោតមដ៏ចំរើន របស់នោះ ជាទុក្ខ។ ចុះរបស់ណាដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ឬទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនគួរឃើញយ៉ាងនុ៎ះទេ។ ម្នាលអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច វេទនា… សញ្ញា… សង្ខារទាំងឡាយ… វិញ្ញាណទៀង ឬមិនទៀង។ បពិត្រព្រះគោតមដ៏ចំរើន វិញ្ញាណមិនទៀងទេ។ ចុះរបស់ណា ដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះគោតមដ៏ចំរើន របស់នោះ ជាទុក្ខ។ ចុះរបស់ណា ដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ឬទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនគួរឃើញយ៉ាងនុ៎ះទេ។ ម្នាលអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច បុគ្គលណាស្អិតជាប់នឹងសេចក្តីទុក្ខ ប្រកបនឹងសេចក្តីទុក្ខ លិចចុះទៅក្នុងសេចក្តីទុក្ខ ឃើញនូវសេចក្តីទុក្ខថា នុ៎ះជារបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះហើយ បុគ្គលនោះ គប្បីកំណត់ដឹងនូវសេចក្តីទុក្ខ ដោយខ្លួនឯងបាន ឬថាគប្បីធ្វើសេចក្តីទុក្ខ ឲ្យអស់ទៅបាន តើមានឬទេ។ បពិត្រព្រះគោតមដ៏ចំរើន នឹងមានដូចម្តេចបាន បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនមានទេ។ ម្នាលអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច កាលបើមានហេតុយ៉ាងនេះ ក្រែងអ្នកជាបុគ្គលជាប់ស្អិត នឹងសេចក្តីទុក្ខ ប្រកបនឹងសេចក្តីទុក្ខ លិចចុះទៅក្នុងសេចក្តីទុក្ខហើយ ឃើញសេចក្តីទុក្ខថា នុ៎ះជារបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះ មែនឬ។ បពិត្រព្រះគោតមដ៏ចំរើន ថ្វីក៏មិនមានដូច្នេះ បពិត្រព្រះគោតមដ៏ចំរើន ហេតុនុ៎ះយ៉ាងនេះឯង។
[៣៩] ម្នាលអគ្គិវេស្សនៈ ដូចជាបុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ ក៏កាន់យកនូវដឹងដ៏មុត ចូលទៅកាន់ព្រៃ បុរសនោះ ឃើញដើមចេកធំ ក្នុងព្រៃនោះ មានដើមត្រង់ សាច់ខ្ចី មិនទាន់កើតមានស្នូលស្ទង ហើយកាត់នូវដើមចេកនោះត្រង់គល់ លុះកាត់គល់រួចហើយ ក៏កាត់ចុង លុះកាត់ចុងរួចហើយ បកស្រទបចេញ កាលដែលបុរសនោះ បកស្រទបចេញ ក៏មិនគប្បីបាន សូម្បីនូវស្រាយ ក្នុងដើមចេកនោះឡើយ នឹងបានខ្លឹមមកពីណា សេចក្តីនេះ ឧបមាយ៉ាងណាមិញ នែអគ្គិវេស្សនៈ អ្នកដែលតថាគត ជជីកសួរដេញដោល ក៏ទៅជាមនុស្សសោះសូន្យទទេ ឥតខ្លឹមសារ ចាលចាញ់ក្នុងវាទៈរបស់ខ្លួន មានឧបមេយ្យដូចដើមចេក ដូច្នោះឯង នែអគ្គិវេស្សនៈ មួយទៀត វាចានេះ អ្នកបានពោលហើយ នាកណ្តាលបរិស័ទ ក្រុងវេសាលីថា បុគ្គលណា ដែលអាត្មាលើកឡើងនូវទោស ដោយពាក្យសំដីហើយ មិនកក្រើក មិនរំភើប មិនញាប់ញ័រ ទាំងញើស ក៏មិនហូរចេញអំពីក្លៀក របស់បុគ្គលណា អាត្មាមិនបានឃើញនូវបុគ្គលនោះ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ដែលមានពួក មានគណៈ ជាអាចារ្យនៃគណៈ ឬក៏បានប្តេជ្ញាខ្លួនថា ជាអរហន្តសម្មាសម្ពុទ្ធទេ ឯអាត្មា បើគប្បីលើកឡើងនូវទោស ដោយពាក្យសំដី ចំពោះទៅលើបង្គោល ដែលជារបស់គ្មានចេតនាសោះ បង្គោលនោះ លុះអាត្មាលើកឡើងនូវទោស ដោយពាក្យសំដីហើយ ក៏គប្បីកក្រើក រំភើប ញាប់ញ័រមិនខាន និយាយទៅថ្វីដល់មនុស្សជាតផងគ្នា ម្នាលអគ្គិវេស្សនៈ ចំណែកអ្នកមានដំណក់ញើសខ្លះ ហូរចេញអំពីថ្ងាស ទំលុះសំពត់បង់ក ហើយធ្លាក់ទៅដក់លើផែនដីហើយ នែអគ្គិវេស្សនៈ ឯតថាគត ឥឡូវនេះ ឥតមានញើសក្នុងកាយទេ។ ព្រោះហេតុដូច្នោះ ព្រះមានព្រះភាគ ទ្រង់បើកនូវព្រះកាយ3) ដែលមានសម្បុរដូចជាពណ៌នៃមាស ក្នុងបរិស័ទនោះ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សច្ចកនិគន្ថបុត្ត ក៏អង្គុយស្ងៀម អៀនអន់ ដាក់កសំយុងមុខចុះក្រោម ជ្រប់ស្រងូត មិនក្លៀវក្លា។
[៤០] គ្រានោះឯង លិច្ឆវិបុត្រឈ្មោះ ទុម្មុខៈ ដឹងច្បាស់ថា សច្ចកនិគន្ថបុត្ត ស្ងៀម អៀនអន់ ដាក់កសំយុងមុខចុះក្រោម ជ្រប់ស្រងូត មិនក្លៀវក្លា ហើយក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមសំដែងពាក្យឧបមាបន្តិច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលទុម្មុខៈ អ្នកចូរសំដែងពាក្យឧបមានោះទៅមើល។ បពិត្រព្រះអង្គដ៏ចំរើន ដូចជាស្រះបោក្ខរណី នៅជិតស្រុក ឬនិគម មានក្តាមនៅក្នុងស្រះបោក្ខរណីនោះ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ក្មេងប្រុស ឬក្មេងស្រីទាំងឡាយជាច្រើន ចេញអំពីស្រុក ឬនិគមនោះ ចូលទៅកាន់ស្រះបោក្ខរណី លុះចូលទៅដល់ហើយ ក៏ចុះទៅកាន់ស្រះបោក្ខរណីនោះ ហើយចាប់ក្តាមនោះស្រង់អំពីទឹក មកដាក់លើគោក បពិត្រព្រះអង្គដ៏ចំរើន ក្តាមនោះហាចេញនូវដង្កៀបណាៗ ក្មេងប្រុស ឬក្មេងស្រីទាំងនោះ ក៏កាច់បំបាក់បំបែកនូវដង្កៀបនោះៗ ដោយកំណាត់ឈើក្តី ដោយអំបែងក្តី បពិត្រព្រះអង្គដ៏ចំរើន កាលបើយ៉ាងនេះហើយ ក្តាមនោះ ដែលមានដង្កៀបទាំងអស់ គេកាច់បំបាក់បំបែកអស់ហើយ មិនគួរដើម្បីនឹងចុះទៅកាន់ស្រះបោក្ខរណីនោះទៀតបាន ដូចកាលមុនទេ មានឧបមាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីចំរូងចំរាស់ គឺទិដ្ឋិ ពុតត្បុត គឺទិដ្ឋិ និងសេចក្តីញាប់ញ័រ គឺទិដ្ឋិណានីមួយ របស់សច្ចកនិគន្ថបុត្រ ក៏សេចក្តីចំរូងចំរាស់ជាដើមនោះ ព្រះមានព្រះភាគ ទ្រង់កាច់បំបាក់ បំបែកហើយ បពិត្រព្រះអង្គដ៏ចំរើន កាលឥឡូវនេះ សច្ចកនិគន្ថបុត្រ មិនគួរនឹងមានសេចក្តីប្រាថ្នាថា នឹងលើកឡើងនូវវាទៈ ចូលទៅរកព្រះមានព្រះភាគទៀតទេ មានឧបមេយ្យដូច្នោះឯង។ កាលបើទុម្មុខលិច្ឆវិបុត្ត និយាយយ៉ាងនេះហើយ សច្ចកនិគន្ថបុត្រ ក៏ពោលពាក្យនេះ ទៅនឹងទុម្មុខលិច្ឆវិបុត្តថា នែ ទុម្មុខៈ អ្នកចូរឈប់សិន នែទុម្មុខៈ អ្នកចូរឈប់សិន នែទុម្មុខៈ អ្នកជាបុគ្គលមានមាត់រឹង យើងមិនមែនប្រឹក្សាជាមួយនឹងអ្នកទេ ក្នុងទីនេះ យើងនឹងប្រឹក្សា ជាមួយព្រះគោតមដ៏ចំរើនថា បពិត្រព្រះគោតមដ៏ចំរើន វាចានេះ ជាវាចារបស់យើងទាំងឡាយផង របស់សមណព្រាហ្មណ៍ដ៏ចំរើនដទៃផង ចូរស្លេះទុកចុះ ការបញ្ចេញនូវវាចានេះ ក៏ហាក់ដូចជាគ្រាន់តែនិយាយទៅទេ។
[៤១] សច្ចកនិគន្ថបុត្រ ក្រាបបង្គំទូលសួរថា សាវ័ករបស់ព្រះគោតមដ៏ចំរើន ជាអ្នកធ្វើតាមពាក្យប្រៀនប្រដៅ ប្រព្រឹត្តតាមដំបូន្មាន ប្រព្រឹត្តកន្លងសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ហើយ ដល់នូវសេចក្តីក្លៀវក្លា មិនជឿអ្នកដទៃ ក្នុងសាសនានៃព្រះសាស្តា ដោយហេតុមានប៉ុន្មានយ៉ាង។ ម្នាលអគ្គិវេស្សនៈ រូបណានីមួយ ជាអតីត អនាគត និងបច្ចុប្បន្ន ជារូបខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី មួយទៀត រូបណានៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី រូបទាំងអស់នោះ បានឈ្មោះថា រូប សាវ័ករបស់តថាគត ក្នុងសាសនានេះ តែងឃើញនូវរូបនុ៎ះ តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ វេទនាណានីមួយ។បេ។ សញ្ញាណានីមួយ… សង្ខារទាំងឡាយណានីមួយ… វិញ្ញាណណានីមួយ ជាអតីត អនាគត និងបច្ចុប្បន្ន ជាវិញ្ញាណខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី មួយទៀត វិញ្ញាណណា ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី វិញ្ញាណទាំងអស់នោះ បានឈ្មោះថា វិញ្ញាណ សាវ័ករបស់តថាគត តែងឃើញនូវវិញ្ញាណនុ៎ះ តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ នែអគ្គិវេស្សនៈ សាវ័ករបស់តថាគត ជាអ្នកធ្វើតាមពាក្យប្រៀនប្រដៅ ប្រព្រឹត្តតាមដំបូន្មាន ប្រព្រឹត្តកន្លងសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ហើយ ដល់នូវសេចក្តីក្លៀវក្លា មិនជឿបុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។
[៤២] សច្ចកនិគន្ថបុត្រ ក្រាបទូលសួរថា បពិត្រព្រះគោតមដ៏ចំរើន ភិក្ខុដែលឈ្មោះថាអរហន្តខីណាស្រព មានព្រហ្មចារ្យនៅរួចហើយ មានសោឡសកិច្ចធ្វើរួចហើយ មានគ្រឿងធ្ងន់ដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានសំយោជនៈ ក្នុងភពអស់ហើយ មានចិត្តរួចស្រឡះហើយ ព្រោះបានត្រាស់ដឹងដោយប្រពៃ ដោយហេតុមានប្រមាណប៉ុន្មាន។ ម្នាលអគ្គិវេស្សនៈ រូបណានីមួយ ជាអតីត អនាគត និងបច្ចុប្បន្ន ជារូបខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី មួយទៀត រូបណា មាននៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី រូបទាំងអស់នោះ បានឈ្មោះថា រូប ភិក្ខុក្នុងសាសនានេះ មានចិត្តផុតស្រឡះហើយ ដោយមិនមានសេចក្តីប្រកាន់មាំ ព្រោះឃើញនូវរូបនុ៎ះ តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ វេទនាណានីមួយ… សញ្ញាណានីមួយ… សង្ខារទាំងឡាយណានីមួយ… វិញ្ញាណណានីមួយ ជាអតីត អនាគត និងបច្ចុប្បន្ន ជាវិញ្ញាណខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី មួយទៀត វិញ្ញាណណា មាននៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី វិញ្ញាណទាំងអស់នោះ បានឈ្មោះថា វិញ្ញាណ ភិក្ខុមានចិត្តផុតស្រឡះហើយ ដោយមិនមានសេចក្តីប្រកាន់មាំ ព្រោះឃើញនូវវិញ្ញាណនុ៎ះ តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ ម្នាលអគ្គិវេស្សនៈ ភិក្ខុដែលឈ្មោះថា អរហន្តខីណាស្រព មានព្រហ្មចារ្យនៅរួចហើយ មានសោឡសកិច្ចធ្វើរួចហើយ មានគ្រឿងទម្ងន់ដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានសំយោជនៈ ក្នុងភពអស់ហើយ ព្រោះបានត្រាស់ដឹងដោយប្រពៃ ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។ ម្នាលអគ្គិវេស្សនៈ លុះភិក្ខុនោះ មានចិត្តផុតស្រឡះយ៉ាងនេះហើយ តែងប្រកបដោយអនុត្តរិយៈទាំង៣គឺ ទស្សនានុត្តរិយៈ១4) បដិបទានុត្តរិយៈ១5) វិមុត្តានុត្តរិយៈ១។6) ម្នាលអគ្គិវេស្សនៈ ភិក្ខុមានចិត្តផុតស្រឡះ យ៉ាងនេះហើយ តែងធ្វើសក្ការៈ គោរព រាប់អាន បូជានូវតថាគត ដោយគិតថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ត្រាស់ដឹងនូវសច្ចធម៌ទាំង៤ហើយ ទ្រង់សំដែងធម៌ ដើម្បីញុំាងពួកជនដទៃ ឲ្យត្រាស់ដឹងផង ព្រះមានព្រះភាគអង្គនោះ ព្រះអង្គទូន្មាននូវឥន្ទ្រិយហើយ ទ្រង់សំដែងធម៌ ដើម្បីញុំាងសត្វឲ្យទូន្មាននូវឥន្ទ្រិយ ព្រះមានព្រះភាគអង្គនោះ ព្រះអង្គបានរម្ងាប់បង់នូវកិលេសហើយ ទ្រង់សំដែងធម៌ ដើម្បីញុំាងសត្វឲ្យរម្ងាប់បង់នូវកិលេស ព្រះមានព្រះភាគអង្គនោះ ព្រះអង្គឆ្លង (នូវអន្លង់ទាំង៤) ហើយ ទ្រង់សំដែងធម៌ ដើម្បីញុំាងសត្វ ឲ្យឆ្លងនូវអន្លង់ទាំង៤ ព្រះមានព្រះភាគអង្គនោះ ព្រះអង្គរំលត់នូវកិលេសហើយ ត្រង់សំដែងធម៌ ដើម្បីញុំាងសត្វឲ្យរំលត់កិលេស។
[៤៣] កាលដែលព្រះមានព្រះភាគ ទ្រង់សំដែងយ៉ាងនេះហើយ សច្ចកនិគន្ថបុត្រ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកកំចាត់បង់នូវគុណ ខ្ញុំព្រះអង្គ ជាអ្នកឃ្នើសឃ្នង់ដោយវាចា ព្រោះហេតុថា ខ្ញុំព្រះអង្គ បានសំគាល់នូវព្រះគោតមដ៏ចំរើន ថាជាបុគ្គលគួរសង្កត់សង្កិន នូវវាទៈដោយវាទៈបាន បពិត្រព្រះគោតមដ៏ចំរើន សេចក្តីចំរើន គួរមានដល់បុរស ព្រោះបានសង្កត់សង្កិននូវដីរីចុះប្រេង សេចក្តីចំរើន មិនគួរមានដល់បុរស ព្រោះសង្កត់សង្កិននូវព្រះគោតមដ៏ចំរើនទេ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីចំរើន គួរមានដល់បុរស ព្រោះបានសង្កត់សង្កិន ឬលត់នូវគំនរភ្លើង ដែលកំពុងឆេះ សេចក្តីចំរើន មិនគួរមានដល់បុរស ព្រោះបានសង្កត់សង្កិននូវព្រះគោតមដ៏ចំរើនទេ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីចំរើន គួរមានដល់បុរស ព្រោះបានសង្កត់សង្កិននូវអាសិរពិស ដែលមានពិសដ៏ពន្លឹក សេចក្តីចំរើន មិនគួរមានដល់បុរស ព្រោះបានសង្កត់សង្កិននូវព្រះគោតមដ៏ចំរើនទេ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកកំចាត់បង់នូវគុណ ខ្ញុំព្រះអង្គ ជាអ្នកឃ្នើសឃ្នង់ដោយវាចា ព្រោះហេតុថា ខ្ញុំព្រះអង្គ បានសំគាល់នូវព្រះគោតមដ៏ចំរើន ថាជាបុគ្គលគួរសង្កត់សង្កិននូវវាទៈ ដោយវាទៈបាន សូមព្រះគោតមដ៏ចំរើន ទទួលភត្តរបស់ខ្ញុំ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ជាមួយនឹងភិក្ខុសង្ឃ។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព។ លំដាប់នោះ សច្ចកនិគន្ថបុត្រ បានដឹងច្បាស់ នូវកិរិយាទទួលនិមន្ត របស់ព្រះមានព្រះភាគហើយ ក៏និយាយនឹងព្រះបាទលិច្ឆវីទាំងនោះថា ព្រះបាទលិច្ឆវីទាំងឡាយដ៏ចំរើន ចូរស្តាប់ពាក្យរបស់អាត្មា ព្រះសមណគោតម អាត្មានិមន្តហើយ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ជាមួយនឹងភិក្ខុសង្ឃ បពិត្រទាំងឡាយ គួរយកវត្ថុណាមកឲ្យអាត្មា មួយទៀត វត្ថុណាដែលជារបស់សមគួរ ដល់ព្រះសមណគោតមនោះ បពិត្រទាំងឡាយ គួរដឹងវត្ថុនោះៗ។ លុះកន្លងរាត្រីនោះទៅហើយ ទើបព្រះបាទលិច្ឆវីទាំងនោះ ក៏នាំនូវភត្តាភិហារ ប្រមាណ ៥០០ សម្រាប់ដល់សច្ចកនិគន្ថបុត្រ។ លំដាប់នោះ សច្ចកនិគន្ថបុត្រ បានតាក់តែងនូវខាទនីយៈ និងភោជនីយៈដ៏ឧត្តម ក្នុងអារាមរបស់ខ្លួនហើយ ចាត់បម្រើឲ្យទៅក្រាបទូលភត្តកាល ដល់ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាលគួរហើយ ភត្តក៏សម្រេចហើយ។
[៤៤] លំដាប់នោះ ព្រះមានព្រះភាគទ្រង់ស្បង់ ប្រដាប់ដោយបាត្រ ចីវរក្នុងបុព្វណ្ហសម័យ ហើយស្តេចចូលទៅកាន់អារាមរបស់សច្ចកនិគន្ថបុត្រ លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេរៀបចំថ្វាយជាមួយនឹងភិក្ខុសង្ឃ។ គ្រានោះឯង សច្ចកនិគន្ថបុត្រ ក៏អង្គាសព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយខាទនីយៈ និងភោជនីយាហារដ៏ឧត្តម ដោយដៃរបស់ខ្លួន ត្រាតែភិក្ខុសង្ឃហាមឃាត់។ គ្រានោះ សច្ចកនិគន្ថបុត្រកំណត់ដឹងថា ព្រះមានព្រះភាគ ទ្រង់ឆាន់រួចហើយ ដាក់ព្រះហស្តចុះចាកបាត្រហើយ ក៏កាន់យកនូវអាសនៈទាបមួយ អង្គុយក្នុងទីដ៏សមគួរ។ លុះសច្ចកនិគន្ថបុត្រ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន បុណ្យណាដែលមានក្នុងទាននេះផង បុណ្យដទៃអំពីទាននេះផង ក៏បុណ្យនោះឯង ចូរប្រព្រឹត្តទៅ ដើម្បីសេចក្តីសុខ ដល់ទាយកទាំងឡាយ។ ព្រះសម្ពុទ្ធបរមគ្រូ ទ្រង់មានព្រះពុទ្ធដីកាថា ម្នាលអគ្គិវេស្សនៈ បុណ្យណាមួយ ដែលអាស្រ័យនូវទក្ខិណេយ្យបុគ្គល ប្រាកដដូចអ្នក ដែលជាបុគ្គលមិនទាន់ប្រាសចាករាគៈ មិនទាន់ប្រាសចាកទោសៈ មិនទាន់ប្រាសចាកមោហៈ បុណ្យនោះ នឹងកើតមានដល់ទាយកទាំងឡាយ នែអគ្គិវេស្សនៈ មួយទៀត បុណ្យណាមួយ ដែលអាស្រ័យនូវទក្ខិណេយ្យបុគ្គល ប្រាកដដូចតថាគត ជាបុគ្គលប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈហើយ បុណ្យនោះ នឹងកើតមានដល់អ្នក។
ចប់ ចូឡសច្ចកសូត្រ ទី៥។