តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មូលបណ្ណាសក » មហាយមកវគ្គ »
ព្រះពុទ្ធដោះស្រាយនូវវាទៈរបស់សច្ចកនិគន្ថបុត្ត ដោយលើកយកនូវសេចក្ដីសុខ និងសេចក្ដីទុក្ខវេទនាយ៉ាងខ្លាំងក្លា របស់ព្រះអង្គ ធ្លាប់ទទួលក្នុងកាលមុនក្នុងតបៈដ៏តឹងរុឹង និងមាគ៌ាដែលទ្រង់សម្រេចបានដល់នូវការត្រាស់ដឹង។
mn 036 បាលី cs-km: sut.mn.036 អដ្ឋកថា: sut.mn.036_att PTS: ?
(ទី៦) មហាសច្ចកសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
អានដោយ ឧបាសិកា វិឡា
(៦. មហាសច្ចកសុត្តំ)
[៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ទៀបក្រុងវេសាលី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ដោយល្អ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចពុទ្ធដំណើរចូលទៅក្នុងក្រុងវេសាលី ដើម្បីបិណ្ឌបាត។ គ្រានោះ សច្ចកនិគន្ថបុត្រ កំពុងចង្ក្រម កំពុងត្រាច់ទៅដោយលំដាប់ៗ ដើម្បីសម្រាកស្មង ហើយចូលទៅកាន់កូដាគារសាលា នាមហាវ័ននោះ។ ព្រះអានន្ទ មានអាយុ បានឃើញសច្ចកនិគន្ថបុត្រ កំពុងតែដើរមកអំពីចម្ងាយ លុះបានឃើញហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សច្ចកនិគន្ថបុត្រនេះ ជាអ្នកពោលតិរច្ឆានកថា ជាអ្នកពោលថា ខ្លួនជាអ្នកប្រាជ្ញ ជនច្រើននាក់ សន្មតគាត់ថា ជាអ្នកត្រឹមត្រូវ ឥឡូវនេះ កំពុងដើរមក បពិត្រព្រះអង្គដ៏ចំរើន សច្ចកនិគន្ថបុត្រនេះ ជាអ្នកប្រាថ្នារកទោសព្រះពុទ្ធ ប្រាថ្នារកទោសព្រះធម៌ ប្រាថ្នារកទោសព្រះសង្ឃ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់គង់មួយរំពេច អាស្រ័យសេចក្តីអនុគ្រោះ។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈ ដែលគេតាក់តែងហើយ។ គ្រានោះ សច្ចកនិគន្ថបុត្រ ក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ មួយអន្លើដោយព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។
[៤៦] លុះសច្ចកនិគន្ថបុត្រ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយ ខ្វល់ខ្វាយក្នុងការប្រកបរឿយៗ នូវកាយភាវនា1) (វិបស្សនា) មិនបានខ្វល់ខ្វាយ ក្នុងការប្រកបរឿយៗ នូវចិត្តភាវនា2) (សមថៈ)ឡើយ។ បពិត្រព្រះគោតមដ៏ចំរើន សមណព្រាហ្មណ៍ទាំងនោះ តែងបាននូវទុក្ខវេទនា ដែលកើតឡើងក្នុងសរីរៈ។ បពិត្រព្រះគោតមដ៏ចំរើន រឿងរ៉ាវធ្លាប់មានមកថា បុគ្គលដែលមានទុក្ខវេទនា កើតឡើងក្នុងសរីរៈ ពាល់ត្រូវហើយ នឹងត្រឡប់ទៅជាមនុស្សរឹងភ្លៅក៏មាន បេះដូងនឹងបែកធ្លាយក៏មាន ឈាមក្តៅនឹងក្អួតចេញអំពីមាត់ក៏មាន សមណព្រាហ្មណ៍ទាំងនោះ នឹងដល់នូវកិរិយាឆ្កួត រាយមាយចិត្តក៏មាន។ បពិត្រព្រះគោតមដ៏ចំរើន ចិត្តនុ៎ះ របស់បុគ្គលនោះឯង រមែងប្រព្រឹត្តទៅតាមកាយ តែងប្រព្រឹត្តទៅដោយអំណាចនៃកាយ សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះថាបុគ្គលនោះ មិនបានអប់រំចិត្ត។ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត មានសមណព្រាហ្មណ៍ពួកមួយ បានខ្វល់ខ្វាយក្នុងការប្រកបរឿយៗ នូវចិត្តភាវនា មិនបានខ្វល់ខ្វាយក្នុងការប្រកបរឿយៗ នូវកាយភាវនាឡើយ។ បពិត្រព្រះគោតមដ៏ចំរើន ក៏សមណព្រាហ្មណ៍ទាំងនោះ តែងបាននូវទុក្ខវេទនា ដែលប្រព្រឹត្តទៅក្នុងចិត្ត។ បពិត្រព្រះគោតមដ៏ចំរើន រឿងរ៉ាវធ្លាប់មានមកថា បុគ្គលដែលមានទុក្ខវេទនា ប្រព្រឹត្តទៅក្នុងចិត្ត ពាល់ត្រូវហើយ នឹងត្រឡប់ទៅជាមនុស្សរឹងភ្លៅក៏មាន បេះដូងនឹងបែកធ្លាយក៏មាន ឈាមក្តៅនឹងក្អួតចេញ អំពីមាត់ក៏មាន សមណព្រាហ្មណ៍ទាំងនោះ នឹងដល់នូវកិរិយាឆ្កួត រាយមាយចិត្តក៏មាន។ បពិត្រព្រះគោតមដ៏ចំរើន កាយនុ៎ះ របស់បុគ្គលនោះឯង រមែងប្រព្រឹត្តទៅតាមចិត្ត តែងប្រព្រឹត្តទៅ ដោយអំណាចនៃចិត្ត សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះថាបុគ្គលនោះ មិនបានអប់រំកាយ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ គិតយ៉ាងនេះថា សាវ័កទាំងឡាយ របស់ព្រះគោតមដ៏ចំរើន តែងខ្វល់ខ្វាយក្នុងការប្រកបរឿយៗ នូវចិត្តភាវនា តែមិនបានខ្វល់ខ្វាយ ក្នុងការប្រកបរឿយៗ នូវកាយភាវនាឡើយ។
[៤៧] ម្នាលអគ្គិវេស្សនៈ ចុះកាយភាវនា អ្នកបានឮមកដូចម្តេច។ សច្ចកនិគន្ថបុត្រ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន អចេលក៍ទាំងនេះ គឺ នន្ទវច្ឆៈ១ កិសសង្កិច្ឆៈ មក្ខលិគោសាល១ ជាអ្នកប្រព្រឹត្តលះបង់មារយាទល្អ ស៊ីលិទ្ធដៃ គេហៅថា អ្នកដ៏ចំរើនចូរមក ក៏មិនព្រមមក គេឃាត់ថា អ្នកដ៏ចំរើនឈប់សិន ក៏មិនព្រមឈប់ មិនត្រេកអរនឹងចង្ហាន់ ដែលគេនាំមកមុន មិនត្រេកអរនឹងចង្ហាន់ដែលគេនាំមកចំពោះខ្លួន មិនត្រេកអរនឹងកិច្ចនិមន្ត អចេលក៍ទាំងនុ៎ះ មិនទទួលចង្ហាន់ ដែលគេនាំចេញអំពីមាត់ឆ្នាំងហើយឲ្យ មិនទទួលចង្ហាន់ ដែលគេនាំចេញអំពីមាត់កញ្ជើហើយឲ្យ មិនទទួលចង្ហាន់ ដែលគេដើរកន្លងធរណីហើយនាំមកឲ្យ មិនទទួលចង្ហាន់ ដែលគេដើរកន្លងកំណាត់ឈើ ហើយនាំមកឲ្យ មិនទទួលចង្ហាន់ ដែលគេដើរកន្លងអង្រែ ហើយនាំមកឲ្យ មិនទទួលចង្ហាន់អំពីដៃមនុស្សពីរនាក់កំពុងបរិភោគ មិនទទួលចង្ហាន់អំពីដៃស្រីមានគភ៌ មិនទទួលចង្ហាន់អំពីដៃស្រីដែលកំពុងបំបៅកូន មិនទទួលចង្ហាន់អំពីដៃស្រី ដែលកំពុងកាន់បុរសដទៃ មិនទទួលចង្ហាន់ ក្នុងកន្លែងដែលរៃវត្ថុបានមក3) មិនទទួលចង្ហាន់ ក្នុងកន្លែងដែលមានឆ្កែនៅចាំ មិនទទួលចង្ហាន់ ត្រង់កន្លែងដែលមានរុយរោមទាំងហ្វូង មិនស៊ីត្រី មិនស៊ីសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកថ្នាំត្រាំ មួយទៀត អចេលក៍ទាំងនោះ ទទួលចង្ហាន់ ចំពោះតែក្នុងផ្ទះមួយ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយបាយតែមួយដុំខ្លះ ទទួលចង្ហាន់ចំពោះតែក្នុងផ្ទះពីរ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយបាយតែពីរដុំខ្លះ។បេ។ ទទួលចង្ហាន់ចំពោះតែក្នុងផ្ទះ៧ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយបាយ៧ដុំខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយចង្ហាន់ ក្នុងភាជន៍តូចមួយខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយចង្ហាន់ ក្នុងភាជន៍តូចពីរខ្លះ។បេ។ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយចង្ហាន់ ក្នុងភាជន៍តូច៧ខ្លះ ស៊ីអាហារខានមួយថ្ងៃខ្លះ ស៊ីអាហារខានពីរថ្ងៃខ្លះ។បេ។ ស៊ីអាហារខាន៧ថ្ងៃខ្លះ តែងខ្វល់ខ្វាយក្នុងការប្រកបរឿយៗ នូវការបរិភោគបាយ ផ្លាស់ប្តូរថ្ងៃអស់កន្លះខែ មានសភាពយ៉ាងនេះ ដូច្នេះខ្លះ។ នែអគ្គិវេស្សនៈ អចេលក៍ទាំងនោះ តែងញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយហេតុមានប្រមាណតែប៉ុណ្ណោះឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះមិនមែនមានតែប៉ុណ្ណោះទេ បពិត្រព្រះគោតមដ៏ចំរើន អចេលក៍ទាំងនោះ ចួនកាលទំពាស៊ីនូវខាទនីយៈទាំងឡាយ ដ៏ឧត្តមក្រៃលែង បរិភោគនូវភោជនទាំងឡាយ ដ៏ឧត្តមក្រៃលែង ក្រេបជញ្ជាប់ នូវសាយនីយៈទាំងឡាយ ដ៏ឧត្តមក្រៃលែង ផឹកនូវទឹកទាំងឡាយ ដ៏ឧត្តមក្រៃលែង អចេលក៍ទាំងនោះ ឈ្មោះថា ញុំាងកាយនេះ ឲ្យកាន់យកនូវកំឡាំង ឲ្យចំរើន ឲ្យធាត់ធំ។ ម្នាលអគ្គិវេស្សនៈ ត្រង់ដែលអចេលក៍ទាំងនោះ លះបង់នូវអំពើកម្រ ក្នុងកាលមុន ហើយសន្សំនូវវត្ថុ មានខាទនីយៈជាដើម ក្នុងកាលជាខាងក្រោយ កាលបើធ្វើយ៉ាងនេះ ការចំរើន និងការមិនចំរើនរបស់កាយនេះ តែងតែមាន។
[៤៨] ម្នាលអគ្គិវេស្សនៈ ចុះចំណែកខាងចិត្តភាវនា អ្នកបានឮមកដូចម្តេច។ សច្ចកនិគន្ថបុត្រ កាលព្រះមានព្រះភាគ ទ្រង់សួរហើយក្នុងចិត្តភាវនា ក៏មិនអាចនឹងដោះស្រាយបាន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ នឹងសច្ចកនិគន្ថបុត្រថា នែអគ្គិវេស្សនៈ កាយភាវនាណា ដែលអ្នកបានអប់រំហើយ ក្នុងកាលមុន កាយភាវនានោះ មិនប្រកបដោយធម៌ ក្នុងអរិយវិន័យទេ ម្នាលអគ្គិវេស្សនៈ អ្នកមិនអាចដឹងសូម្បីនូវកាយភាវនា តើនឹងអាចដឹងនូវចិត្តភាវនា ដូចម្តេចបាន ម្នាលអគ្គិវេស្សនៈ ក៏ឯបុគ្គលមិនបានអប់រំកាយផង មិនបានអប់រំចិត្តផង បុគ្គលបានអប់រំកាយផង បានអប់រំចិត្តផង ដោយប្រការណា អ្នកចូរស្តាប់នូវប្រការនោះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគត នឹងសំដែងឥឡូវនេះ។ សច្ចកនិគន្ថបុត្រ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[៤៩] ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាថា នែអគ្គិវេស្សនៈ បុគ្គលដែលមិនបានអប់រំកាយផង មិនបានអប់រំចិត្តផង តើដូចម្តេច។ នែអគ្គិវេស្សនៈ សុខវេទនា តែងកើតឡើង ដល់បុគ្គលជាបុថុជ្ជន ដែលមិនចេះដឹង ក្នុងលោកនេះ បុគ្គលជាបុថុជ្ជននោះ លុះសុខវេទនាពាល់ត្រូវហើយ ក៏មានតម្រេកខ្លាំងក្នុងសេចក្តីសុខផង តែងដល់នូវតម្រេកខ្លាំងដោយសេចក្តីសុខផង បើសុខវេទនានោះ របស់បុគ្គលជាបុថុជ្ជននោះ រលត់ទៅ ទុក្ខវេទនាក៏កើតឡើង ព្រោះរលត់ទៅនៃសុខវេទនា បុគ្គលជាបុថុជ្ជននោះ លុះទុក្ខវេទនាពាល់ត្រូវហើយ តែងសោកសៅ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេង នែអគ្គិវេស្សនៈ សុខវេទនានេះ របស់បុគ្គលជាបុថុជ្ជននោះ ដែលកើតឡើងហើយ តែងគ្របសង្កត់ចិត្ត ព្រោះមិនបានអប់រំកាយផង ទុក្ខវេទនាដែលកើតឡើងហើយ តែងគ្របសង្កត់ចិត្ត ព្រោះមិនបានអប់រំចិត្តផង នែអគ្គិវេស្សនៈ សុខវេទនា របស់បុគ្គលណានីមួយ ដែលកើតឡើងហើយ ដោយចំណែកទាំងពីរយ៉ាងនេះ តែងគ្របសង្កត់ចិត្ត ព្រោះមិនបានអប់រំកាយផង ទុក្ខវេទនាដែលកើតឡើងហើយ តែងគ្របសង្កត់ចិត្ត ព្រោះមិនបានអប់រំចិត្តផង នែអគ្គិវេស្សនៈ បុគ្គលមិនបានអប់រំកាយផង មិនបានអប់រំចិត្តផង យ៉ាងនេះឯង។ នែអគ្គិវេស្សនៈ បុគ្គលដែលបានអប់រំកាយផង បានអប់រំចិត្តផង តើដូចម្តេច។ នែអគ្គិវេស្សនៈ សុខវេទនា តែងកើតឡើង ដល់បុគ្គលជាអរិយសាវ័ក ជាអ្នកចេះដឹង ក្នុងលោកនេះ បុគ្គលជាអរិយសាវ័កនោះ លុះសុខវេទនាពាល់ត្រូវហើយ ក៏មិនមានតម្រេកខ្លាំង ក្នុងសេចក្តីសុខ មិនដល់នូវតម្រេកខ្លាំង ដោយសេចក្តីសុខឡើយ សុខវេទនានោះ របស់អរិយសាវ័កនោះ រលត់ទៅ ទុក្ខវេទនាក៏កើតឡើង ព្រោះរលត់ទៅ នៃសុខវេទនា អរិយសាវ័កនោះ លុះទុក្ខវេទនាពាល់ត្រូវហើយ ក៏មិនសោកសៅ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងកន្ទក់កន្ទេញ មិនដល់នូវសេចក្តីវង្វេងឡើយ នែអគ្គិវេស្សនៈ សុខវេទនានេះ របស់អរិយសាវ័កនោះ ដែលកើតឡើងហើយ មិនគ្របសង្កត់ចិត្ត ព្រោះបានអប់រំកាយផង ទុក្ខវេទនា ដែលកើតឡើងហើយ មិនគ្របសង្កត់ចិត្ត ព្រោះបានអប់រំចិត្តផង យ៉ាងនេះឯង នែអគ្គិវេស្សនៈ សុខវេទនា របស់បុគ្គលណាមួយ ដែលកើតឡើងហើយ ដោយចំណែកទាំងពីរ មិនបានគ្របសង្កត់ចិត្ត ព្រោះបានអប់រំកាយផង ទុក្ខវេទនា ដែលកើតឡើងហើយ ក៏មិនបានគ្របសង្កត់ចិត្ត ព្រោះបានអប់រំចិត្តផង នែអគ្គិវេស្សនៈ បុគ្គលដែលបានអប់រំកាយផង បានអប់រំចិត្តផង យ៉ាងនេះឯង។ សច្ចកនិគន្ថបុត្រ ក្រាបទូលថា ខ្ញុំព្រះអង្គ ជ្រះថ្លាចំពោះព្រះគោតមដ៏ចំរើន យ៉ាងនេះ ព្រោះថា ព្រះគោតមដ៏ចំរើន បានអប់រំកាយផង បានអប់រំចិត្តផង។
[៥០] នែអគ្គិវេស្សនៈ វាចាដែលអ្នកពោលហើយនេះ ជាវាចា ត នូវគុណ បង្អោនទៅរកគុណ ពិតណាស់ហើយ ប៉ុន្តែតថាគតនឹងដោះស្រាយប្រាប់អ្នក នែអគ្គិវេស្សនៈ កាលដែលតថាគតកោរសក់ និងពុកមាត់ពុកចង្កា ហើយស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះ ហើយចូលមកកាន់ផ្នួស សុខវេទនា ដែលកើតឡើងហើយ នឹងគ្របសង្កត់ចិត្ត របស់តថាគតនោះក្តី ទុក្ខវេទនា ដែលកើតឡើងហើយ នឹងគ្របសង្កត់ចិត្តរបស់តថាគតនោះក្តី ហេតុនេះមិនមានឡើយ។ សច្ចកនិគន្ថបុត្រ ទូលសួរដូច្នេះថា សុខវេទនា មានសភាពយ៉ាងណា ដែលកើតឡើងហើយ គប្បីគ្របសង្កត់ចិត្ត ក្រែងសុខវេទនាមានសភាពដូច្នោះ មិនធ្លាប់កើតឡើង ដល់ព្រះគោតមដ៏ចំរើនទេដឹង ទុក្ខវេទនា មានសភាពយ៉ាងណា ដែលកើតឡើងហើយ គប្បីគ្របសង្កត់ចិត្ត ក្រែងទុក្ខវេទនា មានសភាពដូច្នោះ មិនធ្លាប់កើតឡើង ដល់ព្រះគោតមដ៏ចំរើនទេដឹង។
[៥១] នែអគ្គិវេស្សនៈ ហេតុនោះថ្វីក៏មិនមាន នែអគ្គិវេស្សនៈ ក្នុងកាលមុន អំពីការត្រាស់ដឹង តថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ នៅក្នុងទីឯណោះ មានសេចក្តីត្រិះរិះដូច្នេះថា ការនៅគ្រប់គ្រងផ្ទះ ជាគ្រឿងចង្អៀតចង្អល់ ជាផ្លូវប្រកបដោយធូលី ឯបព្វជ្ជា ជាទីឱកាសទំនេរ បុគ្គលអ្នកនៅគ្របគ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធដោយចំណែកមួយ ដូចស័ង្ខ ដែលបុគ្គលខាត់ហើយទេ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា ហើយស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ នែអគ្គិវេស្សនៈ សម័យជាខាងក្រោយ កាលដែលតថាគតនៅជាកំឡោះ មានសក់ខ្មៅស្រិល ប្រកបដោយវ័យដ៏ចំរើន គឺបឋមវ័យ កាលដែលមាតា និងបិតាទាំងឡាយ មិនត្រូវការឲ្យចេញទៅបួស មានព្រះភក្ត្រទទឹកដោយព្រះអស្សុ ទ្រង់ព្រះកន្សែង ក៏នៅតែកោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះ ចូលមកកាន់ផ្នួស។ លុះតថាគត បួសរួចហើយ ក៏ស្វែងរកកឹកុសល ស្វែងរកសន្តិវរបទ គឺព្រះនិព្វាន ជាគ្រឿងរម្ងាប់បង់ នូវភ្លើងទុក្ខ ភ្លើងកិលេសដ៏ប្រសើរ ហើយចូលទៅរក អាឡារតាបស កាលាមគោត្រ លុះចូលទៅដល់ហើយ បាននិយាយ ដូច្នេះ នឹងអាឡារតាបស កាលាមគោត្រថា ម្នាលអាវុសោកាលាមៈ ខ្ញុំប្រាថ្នានឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងធម្មវិន័យនេះ។ ម្នាលអគ្គិវេស្សនៈ កាលតថាគតបាននិយាយយ៉ាងនេះហើយ ទើបអាឡារតាបស ពោលដូច្នេះវិញ នឹងតថាគតថា អ្នកមានអាយុចូរនៅចុះ នេះធម៌ដែលប្រាកដដូចជាអ្នកត្រូវការនោះ ជាធម៌ដែលវិញ្ញូបុរសធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវលទ្ធិនៃអាចារ្យជារបស់ខ្លួន ហើយសម្រេចសម្រាន្តនៅ ដោយកាលមិនយូរប៉ុន្មាន។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ ក៏រៀនធម៌នោះចាំមួយរំពេច មិនយឺតយូរឡើយ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ ពោលនូវញាណវាទៈ4) ផង ដឹងច្បាស់នូវថេរវាទ5) ផង ដោយហេតុគ្រាន់តែបើកបបូរមាត់ ទាំងគ្រាន់តែចរចា នូវពាក្យទៅមកប៉ុណ្ណោះឯង មួយទៀត តថាគត ប្តេជ្ញាថាឃើញ មិនមែនតែតថាគតប៉ុណ្ណោះឡើយ សូម្បីពួកជនដទៃ គង់និយាយយ៉ាងនេះដែរ។ នែអគ្គិវេស្សនៈ តថាគត គិតដូច្នេះថា អាឡារកាលាមតាបស មិនបានប្រកាសថា អាត្មាអញ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ដោយត្រឹមតែសទ្ធាប៉ុណ្ណោះ ហើយសម្រេចសម្រាន្តនៅ ដូច្នេះឡើយ តាមពិត អាឡារកាលាមតាបស គ្រាន់តែជាអ្នកយល់ឃើញ នូវធម៌នេះប៉ុណ្ណោះទេឬ។ ម្នាលអគ្គិវេស្សនៈ លំដាប់នោះឯង តថាគត បានចូលទៅរកអាឡារកាលាមតាបស លុះចូលទៅដល់ហើយ បានពោលពាក្យដូច្នេះ នឹងអាឡារកាលាមតាបសថា អាវុសោកាលាមៈ លោកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ចំពោះធម៌នេះ ហើយអាចសំដែង ដល់ត្រឹមណា។ នែអគ្គិវេស្សនៈ លុះតថាគតបានពោលយ៉ាងនេះហើយ អាឡារកាលាមតាបស ក៏សំដែងនូវអាកិញ្ចញ្ញាយតនៈ។ នែអគ្គិវេស្សនៈ តថាគត គិតដូច្នេះថា អាឡារកាលាមតាបស មិនមានសទ្ធាទេ អាត្មាអញ ទើបមានសទ្ធា អាឡារកាលាមតាបស មិនមានវីរិយៈទេ អាត្មាអញ ទើបមានវីរិយៈ អាឡារកាលាមតាបស មិនមានសតិទេ អាត្មាអញ ទើបមានសតិ អាឡារកាលាមតាបស មិនមានសមាធិទេ អាត្មាអញ ទើបមានសមាធិ អាឡារកាលាមតាបស មិនមានបញ្ញាទេ អាត្មាអញ ទើបមានបញ្ញា បើដូច្នោះ អាឡារកាលាមតាបសប្រកាសថា អាត្មាអញ បានត្រាស់ដឹងដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌ណា ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ តថាគត គប្បីតំកល់ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌នោះ។ នែអគ្គិវេស្សនៈ តថាគតនោះ បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នោះមួយរំពេច មិនយឺតយូរឡើយ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ នែអគ្គិវេស្សនៈ លំដាប់នោះឯង តថាគត បានចូលទៅរកអាឡារកាលាមតាបស លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងអាឡារកាលាមតាបសថា អាវុសោកាលាមៈ លោកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ហើយអាចប្រកាស ដោយហេតុមានប្រមាណប៉ុណ្ណេះទេឬ។ អាឡារកាលាមតាបស តបថា នែអ្នកមានអាយុ យើងបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ហើយអាចប្រកាសបាន ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។ តថាគតពោលថា ម្នាលអ្នកមានអាយុ យើងបានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ដោយហេតុមានប្រមាណប៉ុណ្ណេះដែរ។ អាឡារកាលាមតាបស តបថា នែអ្នកមានអាយុ យើងពេញហៅថា ជាមនុស្សមានលាភ នែអ្នកមានអាយុ អត្តភាពជាមនុស្ស ពេញហៅថា យើងបានដោយល្អ ព្រោះថា យើងបានឃើញនូវព្រហ្មចារីបុគ្គល មានអាយុ ប្រាកដដូចជាអ្នក យើងបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌ណា ហើយអាចប្រកាសបាន លោកក៏បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នោះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ លោកបានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌ណា ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ យើងក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេច ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នោះ ហើយអាចប្រកាសបាន យើងដឹងនូវធម៌ណា លោកក៏ដឹងនូវធម៌នោះដែរ លោកដឹងនូវធម៌ណា យើងក៏ដឹងនូវធម៌នោះដែរ យើងជាមនុស្សយ៉ាងណា លោកក៏ជាមនុស្សយ៉ាងនោះដែរ លោកជាមនុស្សយ៉ាងណា យើងក៏ជាមនុស្សយ៉ាងនោះដែរ នែអ្នកមានអាយុ អ្នកចូរមកក្នុងកាលឥឡូវនេះ យើងទាំងពីររូប នៅរក្សាគណៈនេះ។ នែអគ្គិវេស្សនៈ អាឡារកាលាមតាបស ជាអាចារ្យរបស់តថាគត តែគាត់តាំងតថាគត ដែលជាសិស្ស ឲ្យត្រឹមស្មើនឹងខ្លួនគាត់ ទាំងបូជាតថាគត ដោយការបូជាដ៏ក្រៃលែង ដោយហេតុយ៉ាងនេះឯង។ នែអគ្គិវេស្សនៈ តថាគត ក៏មានសេចក្តីត្រិះរិះដូច្នេះថា ធម៌នេះមិនប្រព្រឹត្តទៅ ដើម្បីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីរំលត់នូវរាគាទិកិលេស មិនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ ប្រព្រឹត្តទៅបាន ត្រឹមតែកើតក្នុងអាកិញ្ចញ្ញាយតនភព6) ប៉ុណ្ណោះឯង។ នែអគ្គិវេស្សនៈ តថាគតនោះ មិនពេញចិត្តនឹងធម៌នោះ ហើយនឿយណាយ ចាកធម៌នោះ ក៏ដើរចៀសចេញទៅ។
[៥២] នែអគ្គិវេស្សនៈ តថាគត ស្វែងរកកឹកុសល ស្វែងរកសន្តិវរបទ គឺព្រះនិព្វាន ជាគ្រឿងរម្ងាប់បង់ នូវភ្លើងទុក្ខ ភ្លើងកិលេសដ៏ប្រសើរ ហើយចូលទៅរកឧទ្ទករាមបុត្រតាបស លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងឧទ្ទករាមបុត្តថា អាវុសោរាមៈ យើងប្រាថ្នាដើម្បីប្រព្រឹត្តនូវព្រហ្មចរិយធម៌ ក្នុងធម្មវិន័យនេះ។ នែអគ្គិវេស្សនៈ កាលបើតថាគត ពោលយ៉ាងនេះហើយ ឧទ្ទករាមបុត្ត ក៏និយាយពាក្យនេះ នឹងតថាគតថា អ្នកដ៏មានអាយុ ចូរនៅចុះ នេះធម៌ដែលប្រាកដដូចជាអ្នកត្រូវការនោះ ជាធម៌ដែលវិញ្ញូបុរស ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវលទ្ធិនៃអាចារ្យជារបស់ខ្លួន ហើយសម្រេចសម្រាន្តនៅ ដោយមិនយូរប៉ុន្មាន។ នែអគ្គិវេស្សនៈ តថាគត ក៏បានរៀនធម៌នោះចាំមួយរំពេច មិនយឺតយូរឡើយ។ នែអគ្គិវេស្សនៈ តថាគតនោះ ពោលនូវញាណវាទៈផង ដឹងនូវថេរវាទផង ដោយហេតុគ្រាន់តែបើកបបូរមាត់ ទាំងគ្រាន់តែចរចា នូវពាក្យទៅមកប៉ុណ្ណោះឯង មួយវិញទៀត តថាគត ប្តេជ្ញាថាឃើញ មិនមែនតែតថាគតប៉ុណ្ណោះឡើយ សូម្បីពួកជនដទៃ គង់និយាយយ៉ាងនេះដែរ។ ម្នាលអគ្គិវេស្សនៈ តថាគត មានសេចក្តីត្រិះរិះដូច្នេះថា រាមបុត្ត មិនបានប្រកាសថា អាត្មាអញ ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ដោយត្រឹមតែសទ្ធាប៉ុណ្ណោះ ហើយសម្រេចសម្រាន្តនៅ ដូច្នេះឡើយ តាមពិត រាមបុត្ត គ្រាន់តែជាអ្នកយល់ឃើញ នូវធម៌នេះប៉ុណ្ណោះទេឬ។ នែអគ្គិវេស្សនៈ លំដាប់នោះឯង តថាគត ក៏ចូលទៅរកឧទ្ទករាមបុត្ត លុះចូលទៅដល់ហើយ ក៏ពោលពាក្យនេះ នឹងឧទ្ទករាមបុត្តថា អាវុសោរាមៈ លោកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ហើយអាចប្រកាសបាន ដោយហេតុមានប៉ុន្មានទៅ។ នែអគ្គិវេស្សនៈ លុះតថាគត ពោលយ៉ាងនេះហើយ ឧទ្ទករាមបុត្ត ក៏ប្រការនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន។ នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា រាមបុត្ត មិនមានសទ្ធាទេ ឯអាត្មាអញ ទើបមានសទ្ធា រាមបុត្ត មិនមានវីរិយៈទេ អាត្មាអញ ទើបមានវីរិយៈ រាមបុត្ត មិនមានសតិទេ អាត្មាអញ ទើបមានសតិ រាមបុត្ត មិនមានសមាធិទេ អាត្មាអញ ទើបមានសមាធិ រាមបុត្ត មិនមានបញ្ញាទេ អាត្មាអញ ទើបមានបញ្ញា បើដូច្នោះ រាមបុត្តប្រកាសនូវធម៌ណា អាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ អាត្មាអញ គប្បីតាំងព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌នោះ។ នែអគ្គិវេស្សនៈ តថាគតនោះ ក៏បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នោះមួយរំពេច មិនយឺតយូរឡើយ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ នែអគ្គិវេស្សនៈ លំដាប់នោះឯង តថាគត ក៏ចូលទៅរកឧទ្ទករាមបុត្ត លុះចូលទៅដល់ហើយ ក៏ពោលពាក្យនេះ នឹងឧទ្ទករាមបុត្តថា អាវុសោរាមៈ លោកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ហើយអាចប្រកាស ដោយហេតុមានប៉ុន្មានទៅ។ ឧទ្ទករាមបុត្ត តបថា នែអ្នកមានអាយុ យើងបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ហើយអាចប្រកាសបាន ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។ តថាគតពោលថា នែអ្នកមានអាយុ យើងបានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ដោយហេតុមានប្រមាណប៉ុណ្ណេះដែរ។ ឧទ្ទករាមបុត្ត និយាយថា ម្នាលអ្នកមានអាយុ យើងពេញហៅថា ជាមនុស្សមានលាភ នែអ្នកមានអាយុ អត្តភាពជាមនុស្ស ឈ្មោះថា យើងបានដោយល្អ ព្រោះថា យើងបានឃើញនូវព្រហ្មចារីបុគ្គល មានអាយុ ប្រាកដដូចជាអ្នក រាមបុត្ត បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌ណា ហើយអាចប្រកាសបាន អ្នកក៏បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នោះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ អ្នកបានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌ណា ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ រាមបុត្តក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេច ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នោះ ហើយអាចប្រកាសបាន រាមបុត្តបានដឹងនូវធម៌ណា អ្នកក៏ដឹងនូវធម៌នោះដែរ អ្នកបានដឹងនូវធម៌ណា រាមបុត្តក៏ដឹងនូវធម៌នោះដែរ រាមបុត្តជាមនុស្សយ៉ាងណា អ្នកក៏ជាមនុស្សយ៉ាងនោះដែរ អ្នកជាមនុស្សយ៉ាងណា រាមបុត្តក៏ជាមនុស្សយ៉ាងនោះដែរ នែអ្នកមានអាយុ ឥឡូវនេះ អ្នកចូរមក យើងទាំងពីរនាក់ នឹងនៅរក្សាគណៈនេះ។ នែអគ្គិវេស្សនៈ ឧទ្ទករាមបុត្ត ជាសព្រហ្មចារីបុគ្គល របស់តថាគត តាំងតថាគត ក្នុងនាទីជាអាចារ្យ ទាំងបូជាតថាគត ដោយគ្រឿងបូជាដ៏ក្រៃលែង ដោយប្រការដូច្នោះឯង។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា ធម៌នេះមិនប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ចាករាគាទិក្កិលេស មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីរំលត់នូវកងទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ ប្រព្រឹត្តទៅបាន ត្រឹមតែកើតក្នុងនេវសញ្ញានាសញ្ញាយតនភពប៉ុណ្ណោះឯង។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មិនពេញចិត្តនឹងធម៌នោះ ក៏នឿយណាយ ចាកធម៌នោះ ហើយចៀសចេញទៅ។
[៥៣] នែអគ្គិវេស្សនៈ កាលដែលតថាគត ស្វែងរកកឹកុសល ស្វែងរកសន្តិវរបទ គឺព្រះនិព្វាន ជាគ្រឿងរម្ងាប់បង់ នូវភ្លើងទុក្ខ ភ្លើងកិលេសដ៏ប្រសើរ ហើយក៏ត្រាច់ទៅតាមចារិក តាមលំដាប់ ក្នុងដែនមគធៈ បានដល់សេនានិគម ក្នុងឧរុវេលាប្រទេស។ តថាគត បានឃើញនូវភូមិភាគ គួរជាទីសប្បាយ ក្នុងសេនានិគមនោះផង នូវដងព្រៃ ជាទីជ្រះថ្លាផង នូវស្ទឹង ដែលមានទឹកហូរ មានទឹកថ្លា មានកំពង់ដ៏ល្អ ជាទីសប្បាយផង នូវស្រុកជាទីគោចរជិតល្មមផង។ នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា ឱហ្ន៎ ភូមិភាគ គួរជាទីសប្បាយផង ដងព្រៃ ជាទីជ្រះថ្លាផង ស្ទឹងមានទឹកថ្លា មានកំពង់ដ៏ល្អ ជាទីសប្បាយ តែងហូរទៅផង ស្រុកជាទីគោចរ ក៏ជិតល្មមផង។ កន្លែងនេះ ជាកន្លែងគួរដើម្បីប្រព្រឹត្តព្យាយាម នៃកុលបុត្ត ជាអ្នកមានព្យាយាម។ នែអគ្គិយវេស្សនៈ តថាគតនោះ ក៏អង្គុយនៅក្នុងទីនោះ ដោយគិតថា ទីនេះ គួរដើម្បីការប្រព្រឹត្តព្យាយាម។
[៥៤] នែអគ្គិវេស្សនៈ សេចក្តីឧបមាទាំង៣ មិនជាអស្ចារ្យណាស់ណា តថាគត មិនធ្លាប់បានឮមកក្នុងកាលមុនទេ ស្រាប់តែប្រាកដ ដល់តថាគត។ នែអគ្គិវេស្សនៈ ដូចជាកំណាត់ឈើស្រស់ នៅមានជ័រ ដែលត្រាំនៅក្នុងទឹក។ លំដាប់នោះ មានបុរសម្នាក់ កាន់យកឈើពំនួតភ្លើងខាងលើ (កូនពំនួត) ដើរមកដោយគិតថា អាត្មាអញ នឹងពួតភ្លើងឲ្យកើតឡើង អាត្មាអញ នឹងធ្វើភ្លើងឲ្យឆេះឡើង។ ម្នាលអគ្គិវេស្សនៈ អ្នកសំគាល់ហេតុនោះ ដូចម្តេច បុរសនោះ កាន់យកឈើពំនួតភ្លើងខាងលើ មកពួតនឹងឈើស្រស់នៅមានជ័រ ដែលត្រាំនៅក្នុងទឹកឯណោះ ហើយគប្បីធ្វើភ្លើងឲ្យកើតឡើង គប្បីធ្វើភ្លើងឲ្យឆេះឡើង បានដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន អំពើនេះ មិនបានទេ សេចក្តីនោះ ព្រោះហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា កំណាត់ឈើស្រស់ឯណោះ នៅមានជ័រ ថែមទាំងកំណាត់ឈើនោះ ត្រាំនៅក្នុងទឹកទៅទៀត បុរសនោះ បានតែត្រឹមចំណែកនៃសេចក្តីលំបាក សេចក្តីចង្អៀតចង្អល់ ឥតប្រយោជន៍ មានឧបមាដូចម្តេចមិញ នែអគ្គិវេស្សនៈ ពួកជនណានីមួយ ទោះបីជាសមណៈក្តី ព្រាហ្មណ៍ក្តី មានកាយមិនបានចៀសចេញ ចាកវត្ថុកាមទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ មិនបានលះបង់ មិនបានរម្ងាប់ នូវសេចក្តីប្រាថ្នា ក្នុងកិលេសកាម សេចក្តីស្រឡាញ់ក្នុងកិលេសកាម សេចក្តីជ្រុលជ្រប់ ក្នុងកិលេសកាម សេចក្តីស្រេកឃ្លាន ក្នុងកិលេសកាម សេចក្តីក្តៅក្រហាយ ក្នុងកិលេសកាម ឰដ៏ខាងក្នុងផង។ បើទុកជាសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ទទួលនូវទុក្ខវេទនា ក្លៀវក្លា រឹងរូស ក្រហល់ក្រហាយ ដែលកើតអំពីព្យាយាម ក៏គង់សមណព្រាហ្មណ៍ទាំងនោះ មិនគួរ ដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹងយ៉ាងប្រសើរឡើយ។ បើទុកជាសមណព្រាហ្មណ៍ទាំងនោះ មិនបានទទួលទុក្ខវេទនា ក្លៀវក្លា រឹងរូស ក្រហល់ក្រហាយ ដែលកើតអំពីព្យាយាម ក៏គង់សមណព្រាហ្មណ៍ទាំងនោះ មិនគួរដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹងយ៉ាងប្រសើរដែរ មានឧបមេយ្យ ដូច្នោះឯង។ ម្នាលអគ្គិវេស្សនៈ សេចក្តីឧបមាជាដំបូងនេះឯង មិនជាអស្ចារ្យណាស់ណា តថាគត មិនធ្លាប់បានឮមក ក្នុងកាលមុនទេ ក៏ស្រាប់តែប្រាកដ ដល់តថាគត។
[៥៥] នែអគ្គិវេស្សនៈ សេចក្តីឧបមាជាគំរប់ពីរដទៃទៀត មិនជាទីអស្ចារ្យណាស់ណា ដែលតថាគត មិនធ្លាប់បានឮមក ក្នុងកាលមុនទេ ក៏ស្រាប់តែប្រាកដ ដល់តថាគត។ ម្នាលអគ្គិវេស្សនៈ កំណាត់ឈើស្រស់ នៅមានជ័រ ដែលដាក់នៅលើគោក ឆ្ងាយអំពីទឹក។ លំដាប់នោះ មានបុរសម្នាក់ កាន់យកឈើពំនួតភ្លើងខាងលើ ដើរមក ដោយគិតថា អាត្មាអញ នឹងធ្វើភ្លើងឲ្យកើតឡើង នឹងធ្វើភ្លើងឲ្យឆេះឡើង។ នែអគ្គិវេស្សនៈ អ្នកសំគាល់ហេតុនោះ ដូចម្តេច បុរសនោះ កាន់នូវឈើពំនួតភ្លើងខាងលើ មកពួតនឹងកំណាត់ឈើស្រស់ នៅមានជ័រ ដែលដាក់នៅលើគោ ឆ្ងាយអំពីទឹកឯណោះ ហើយគប្បីធ្វើភ្លើងឲ្យកើតឡើង គប្បីធ្វើភ្លើងឲ្យឆេះឡើង បានដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន អំពើនេះ មិនបានទេ ព្រោះហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា កំណាត់ឈើស្រស់ឯណោះ ពិតជាដាក់នៅលើគោក ឆ្ងាយអំពីទឹកមែន តែថា នៅមានជ័រ ឯបុរសនោះ គ្រាន់តែជាអ្នកមានចំណែកនៃសេចក្តីលំបាក និងសេចក្តីចង្អៀតចង្អល់ប៉ុណ្ណេះឯង មានឧបមាដូចម្តេចមិញ នែអគ្គិវេស្សនៈ ជនទាំងឡាយណានីមួយ ទោះជាសមណៈក្តី ព្រាហ្មណ៍ក្តី មានកាយចៀសចេញ ចាកវត្ថុកាមទាំងឡាយពិតមែនហើយ តែថាសមណព្រាហ្មណ៍ទាំងនោះ មិនបានលះបង់ មិនបានរម្ងាប់ នូវសេចក្តីប្រាថ្នា ក្នុងកិលេសកាម សេចក្តីស្រឡាញ់ក្នុងកិលេសកាម សេចក្តីជ្រុលជ្រប់ ក្នុងកិលេសកាម សេចក្តីស្រេកឃ្លាន ក្នុងកិលេសកាម សេចក្តីក្តៅក្រហាយ ក្នុងកិលេសកាម ឰដ៏ខាងក្នុង។ បើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ សោយនូវទុក្ខវេទនាក្លៀវក្លា រឹងរូស ក្រហល់ក្រហាយ ដែលកើតអំពីព្យាយាម ក៏គង់សមណព្រាហ្មណ៍ទាំងនោះ មិនគួរដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹងយ៉ាងប្រសើរឡើយ។ បើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ មិនបានសោយនូវទុក្ខវេទនាក្លៀវក្លា រឹងរូស ក្រហល់ក្រហាយ ដែលកើតអំពីព្យាយាមទេ ក៏គង់សមណព្រាហ្មណ៍ទាំងនោះ មិនគួរដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹងយ៉ាងប្រសើរដែរ មានឧបមេយ្យ ដូច្នោះឯង នែអគ្គិវេស្សនៈ សេចក្តីឧបមាទី២នេះឯង មិនជាអស្ចារ្យណាស់ណា តថាគត មិនធ្លាប់បានឮមក ក្នុងកាលមុន ក៏ស្រាប់តែប្រាកដ ដល់តថាគត។
[៥៦] នែអគ្គិវេស្សនៈ សេចក្តីឧបមាទី៣ដទៃទៀត មិនជាទីអស្ចារ្យណាស់ណា ដែលតថាគត មិនធ្លាប់ឮមក ក្នុងកាលមុន ក៏ស្រាប់តែប្រាកដ ដល់តថាគត។ នែអគ្គិវេស្សនៈ កំណាត់ឈើស្ងួត ជាឈើសស់ ដែលដាក់នៅលើគោក ឆ្ងាយអំពីទឹក។ លំដាប់នោះ មានបុរសម្នាក់ កាន់នូវឈើពំនួតភ្លើងខាងលើ ដើរមក ដោយគិតថា អាត្មាអញ នឹងធ្វើភ្លើងឲ្យកើតឡើង អាត្មាអញ នឹងធ្វើភ្លើងឲ្យឆេះឡើង។ នែអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច បុរសនោះ កាន់នូវឈើពំនួតភ្លើងខាងលើ មកពួតនឹងកំណាត់ឈើស្ងួត ជាឈើសស់ ដែលដាក់នៅលើគោក ឆ្ងាយអំពីទឹកឯណោះ ហើយគប្បីធ្វើភ្លើងឲ្យកើតឡើង គប្បីធ្វើភ្លើងឲ្យឆេះឡើង បានឬទេ។ បពិត្រព្រះគោតមដ៏ចំរើន គប្បីធ្វើភ្លើងឲ្យឆេះឡើងបាន ព្រោះហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា កំណាត់ឈើស្ងួតឯណោះ ជាឈើសស់ស្រាប់ ហើយថែមទាំងកំណាត់ឈើនោះ នៅលើគោក ឆ្ងាយអំពីទឹកទៅទៀត មានឧបមាដូចម្តេចមិញ នែអគ្គិវេស្សនៈ ពួកជនណានីមួយ ទោះបីជាសមណៈក្តី ព្រាហ្មណ៍ក្តី មានកាយចៀសចេញ ចាកវត្ថុកាមទាំងឡាយផង សមណព្រាហ្មណ៍ទាំងនោះ បានលះបង់ បានរម្ងាប់សេចក្តីប្រាថ្នា ក្នុងកិលេសកាម សេចក្តីស្រឡាញ់ ក្នុងកិលេសកាម សេចក្តីជ្រុលជ្រប់ ក្នុងកិលេសកាម សេចក្តីស្រេកឃ្លាន ក្នុងកិលេសកាម សេចក្តីក្តៅក្រហាយ ក្នុងកិលេសកាម ឰដ៏ខាងក្នុងផង។ បើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ទទួលទុក្ខវេទនាក្លៀវក្លា រឹងរូស ក្រហល់ក្រហាយ ដែលកើតអំពីព្យាយាម ក៏គង់សមណព្រាហ្មណ៍ទាំងនោះ គួរដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹងយ៉ាងប្រសើរបាន។ បើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ មិនទទួលទុក្ខវេទនាក្លៀវក្លា រឹងរូស ក្រហល់ក្រហាយ ដែលកើតអំពីព្យាយាមទេ ក៏គង់សមណព្រាហ្មណ៍ទាំងនោះ គួរដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹងយ៉ាងប្រសើរបានដែរ មានឧបមេយ្យ យ៉ាងនោះឯង នែអគ្គិវេស្សនៈ សេចក្តីឧបមាទី៣នេះឯង មិនជាអស្ចារ្យណាស់ណា ដែលតថាគត មិនធ្លាប់បានឮមក ក្នុងកាលមុន ក៏ស្រាប់តែប្រាកដ ដល់តថាគត។ នែអគ្គិវេស្សនៈ សេចក្តីឧបមាទាំង៣នេះឯង មិនជាអស្ចារ្យណាស់ណា ដែលតថាគត មិនធ្លាប់បានឮមក ក្នុងកាលមុនទេ ក៏ស្រាប់តែប្រាកដ ដល់តថាគត។
[៥៧] នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ មានតែអាត្មាអញ ខាំសង្កត់ធ្មេញ ដោយធ្មេញទាំងឡាយ ទល់ពិតាន (ក្រអូមមាត់) ដោយអណ្តាត សង្កត់គាបផ្ទប់ នូវចិត្តដោយចិត្ត។ នែអគ្គិវេស្សនៈ តថាគតនោះ ក៏ខាំសង្កត់ធ្មេញ ដោយធ្មេញទាំងឡាយ ទល់ពិតាន ដោយអណ្តាត សង្កត់គាបផ្ទប់ នូវចិត្តដោយចិត្ត នែអគ្គិវេស្សនៈ កាលដែលតថាគតនោះ ខាំសង្កត់ធ្មេញ ដោយធ្មេញទាំងឡាយ ទល់ពិតាន ដោយអណ្តាត សង្កត់គាបផ្ទប់ នូវចិត្តដោយចិត្ត ញើសក៏ហូរចេញអំពីក្លៀកទាំងសងខាង។ នែអគ្គិវេស្សនៈ ដូចបុរសដែលមានកំឡាំង ចាប់បុរសដែលមានកំឡាំងថយជាងខ្លួន ត្រង់ក្បាលផង ចាប់ត្រង់កផង គប្បីសង្កត់គាបផ្ទប់ មានឧបមាយ៉ាងណាមិញ នែអគ្គិវេស្សនៈ កាលដែលតថាគតខាំសង្កត់ធ្មេញ ដោយធ្មេញទាំងឡាយ ទល់ពិតាន ដោយអណ្តាត សង្កត់គាបផ្ទប់ នូវចិត្តដោយចិត្ត ញើសក៏ហូរចេញអំពីក្លៀកទាំងសងខាង មានឧបមេយ្យយ៉ាងនោះឯង។ នែអគ្គិវេស្សនៈ សេចក្តីព្យាយាមរបស់តថាគត តឹងតែងណាស់ មិនធូរថយ សតិក៏តំកល់ខ្ជាប់ មិនមានវង្វេងភ្លេច តែចំណែកខាងកាយរបស់តថាគត ដែលត្រូវព្យាយាមចាក់ដោត ទៅជាកាយក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ ដោយសារសេចក្តីព្យាយាម ដ៏លំបាកនោះឯង។ នែអគ្គិវេស្សនៈ ទុកណាជាទុក្ខវេទនា មានសភាពដូច្នោះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់នូវចិត្តរបស់តថាគតបានឡើយ។
[៥៨] នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ មានតែអាត្មាអញពិចារណា នូវអប្បាណកជ្ឈាន គឺឈានដែលគ្មានដង្ហើមចេញចូល។ នែអគ្គិវេស្សនៈ តថាគត ក៏បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង។ នែអគ្គិវេស្សនៈ លុះតថាគត បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលអំពីមាត់ផង អំពីច្រមុះផង សំឡេងរបស់ខ្យល់ ដែលចេញមកអំពីរន្ធត្រចៀកទាំងសងខាង ក៏ឮខ្លាំងក្រៃពេក។ សំឡេងស្នប់របស់ជាងមាស ដែលកំពុងសប់ លាន់ឮខ្លាំង យ៉ាងណាមិញ ម្នាលអគ្គិវេស្សនៈ លុះតថាគតបិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង សំឡេងរបស់ខ្យល់ ដែលចេញអំពីរន្ធត្រចៀក ទាំងសងខាង ក៏លាន់ឮខ្លាំង យ៉ាងនោះឯង។ នែអគ្គិវេស្សនៈ សេចក្តីព្យាយាមរបស់តថាគត តឹងតែងណាស់ មិនបន្ធូរបន្ថយ ទាំងសតិក៏តំកល់ខ្ជាប់ មិនបានវង្វេងភ្លេច តែចំណែកខាងកាយរបស់តថាគត ដែលត្រូវព្យាយាមចាក់ដោតហើយ ទៅជាកាយក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ ដោយសារសេចក្តីព្យាយាមដ៏លំបាកនោះឯង។ នែអគ្គិវេស្សនៈ ទុកណាជាទុក្ខវេទនា មានសភាពដូច្នោះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ចិត្តរបស់តថាគតបានឡើយ។
[៥៩] នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ មានតែអាត្មាអញ ពិចារណា នូវអប្បាណកជ្ឈាន។ នែអគ្គិវេស្សនៈ តថាគត ក៏បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផង។ នែអគ្គិវេស្សនៈ លុះតថាគត បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ ខ្យល់ដ៏ខ្លាំងក្រៃលែង ក៏ចាក់ដោតនូវក្បាល។ នែអគ្គិវេស្សនៈ បុរសមានកំឡាំង ចាក់ឆ្កៀលនូវក្បាល ដោយចុងដែកស្រួចដ៏មុត យ៉ាងណាមិញ នែអគ្គិវេស្សនៈ លុះតថាគត បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ ខ្យល់ដ៏ខ្លាំងក្រៃលែង ក៏ចាក់ដោតនូវក្បាល យ៉ាងនោះឯង។ នែអគ្គិវេស្សនៈ សេចក្តីព្យាយាមរបស់តថាគត តឹងតែងណាស់ មិនធូរថយឡើយ សតិក៏តំកល់ខ្ជាប់ មិនបានវង្វេងភ្លេចឡើយ តែចំណែកខាងកាយរបស់តថាគត ដែលត្រូវព្យាយាមចាក់ដោត ទៅជាកាយក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ ដោយសារសេចក្តីព្យាយាម ដ៏លំបាកនោះឯង។ នែអគ្គិវេស្សនៈ ទុកណាជាទុក្ខវេទនា មានសភាពដូច្នោះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់នូវចិត្ត របស់តថាគតបានឡើយ។
[៦០] នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ មានតែអាត្មាអញ ពិចារណា នូវអប្បាណកជ្ឈានតែម្យ៉ាង។ នែអគ្គិវេស្សនៈ តថាគត ក៏បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផង។ នែអគ្គិវេស្សនៈ លុះតថាគត បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលអំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ សីសវេទនា7) ដ៏ខ្លាំងក្រៃលែង ក៏កើតប្រាកដក្នុងក្បាល។ នែអគ្គិវេស្សនៈ បុរសមានកំឡាំង រុំក្បាលដោយកំណាត់ព្រ័ត្រដ៏មាំ យ៉ាងណាមិញ នែអគ្គិវេស្សនៈ លុះតថាគត បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ សីសវេទនាដ៏ខ្លាំងក្រៃលែង ក៏កើតប្រាកដក្នុងក្បាល ក៏យ៉ាងនោះឯង។ នែអគ្គិវេស្សនៈ សេចក្តីព្យាយាម របស់តថាគត តឹងតែងណាស់ មិនធូរថយឡើយ ទាំងសតិក៏តំកល់ខ្ជាប់ មិនបានវង្វេងភ្លេច តែចំណែកខាងកាយរបស់តថាគត ដែលត្រូវព្យាយាមចាក់ដោត ទៅជាកាយក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ ដោយសារសេចក្តីព្យាយាម ដ៏លំបាកនោះឯង។ នែអគ្គិវេស្សនៈ ទុកណាជាទុក្ខវេទនា មានសភាពដូច្នោះ កើតឡើងដល់តថាគត ក៏គ្របសង្កត់ចិត្តរបស់តថាគតមិនបានឡើយ។
[៦១] នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ពិចារណា នូវអប្បាណកជ្ឈាន។ នែអគ្គិវេស្សនៈ តថាគតនោះ ក៏បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផង។ នែអគ្គិវេស្សនៈ លុះតថាគតនោះ បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលអំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ ខ្យល់ដ៏ខ្លាំងក្រៃលែង ក៏សៀតឆ្មួលផ្ទៃ។ នែអគ្គិវេស្សនៈ បុរសអ្នកសម្លាប់គោ ឬកូនសិស្សនៃបុរសអ្នកសម្លាប់គោ ដ៏ឈ្លាសវៃ គប្បីអារនូវផ្ទៃ ដោយកាំបិតសម្រាប់អារគោដ៏មុត យ៉ាងណាមិញ នែអគ្គិវេស្សនៈ លុះតថាគត បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ ខ្យល់ដ៏ខ្លាំងក្រៃលែង ក៏សៀតឆ្មួលនូវផ្ទៃ យ៉ាងនោះឯង។ នែអគ្គិវេស្សនៈ សេចក្តីព្យាយាម របស់តថាគត តឹងតែងណាស់ មិនធូរថយឡើយ ទាំងសតិក៏តំកល់ខ្ជាប់ មិនបានវង្វេងភ្លេច តែចំណែកខាងកាយ របស់តថាគត ដែលត្រូវព្យាយាមចាក់ដោត ទៅជាកាយក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ ដោយសារសេចក្តីព្យាយាម ដ៏លំបាកនោះឯង។ នែអគ្គិវេស្សនៈ ទុកណាជាទុក្ខវេទនា មានសភាពដូច្នោះ កើតឡើងដល់តថាគត ក៏មិនបានគ្របសង្កត់នូវចិត្ត របស់តថាគតបានឡើយ។
[៦២] នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួតែអាត្មាអញ ពិចារណា នូវអប្បាណកជ្ឈាន។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯង ក៏បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផង។ ម្នាលអគ្គិវេស្សនៈ លុះតថាគតនោះ បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលអំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ សេចក្តីក្តៅក្រហាយ ដ៏ខ្លាំងក្រៃលែង ក៏កើតឡើងក្នុងកាយ។ ម្នាលអគ្គិវេស្សនៈ បុរសមានកំឡាំងពីរនាក់ ចាប់នូវបុរសមានកំឡាំងថយជាងខ្លួន ត្រង់ដៃទាំងសងខាង ឆ្អើរកំដៅលើរណ្តៅរងើកភ្លើង យ៉ាងណាមិញ ម្នាលអគ្គិវេស្សនៈ លុះតថាគត បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ សេចក្តីក្តៅក្រហាយដ៏ខ្លាំងក្រៃលែង ក៏កើតឡើងក្នុងកាយ យ៉ាងនោះឯង។ ម្នាលអគ្គិវេស្សនៈ សេចក្តីព្យាយាម របស់តថាគត តឹងតែងណាស់ មិនធូរថយឡើយ ទាំងសតិក៏តំកល់ខ្ជាប់ខ្ជួន មិនបានវង្វេងភ្លេច តែចំណែកខាងកាយរបស់តថាគត ដែលត្រូវព្យាយាមចាក់ដោត ទៅជាកាយក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ ដោយសារសេចក្តីព្យាយាម ដ៏លំបាកនោះឯង។ ម្នាលអគ្គិវេស្សនៈ ទុកណាជាទុក្ខវេទនា មានសភាពដូច្នោះ កើតឡើងដល់តថាគត ក៏មិនបានគ្របសង្កត់នូវចិត្ត របស់តថាគតឡើយ។ ម្នាលអគ្គិវេស្សនៈ មានពួកទេវតាបានឃើញតថាគត ដូច្នោះហើយ និយាយយ៉ាងនេះថា ព្រះសមណគោតមធ្វើមរណកាលហើយ។ ទេវតាពួកខ្លះ និយាយយ៉ាងនេះថា ព្រះសមណគោតម មិនទាន់ធ្វើមរណកាលនៅឡើយទេ តែគង់នឹងធ្វើមរណកាលពុំខាន។ ទេវតាពួកខ្លះ និយាយយ៉ាងនេះថា ព្រះសមណគោតម មិនបានធ្វើមរណកាលទៅហើយទេ ទាំងនឹងមិនធ្វើមរណកាលឡើយ ព្រះសមណគោតម ជាអរហន្ត ទ្រង់គង់ព្រះជន្មាយុដោយពិត ការគង់ព្រះជន្មាយុ របស់ព្រះអរហន្តនោះ មានសភាពយ៉ាងនេះ។
[៦៣] ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអាត្មាអញ ប្រតិបត្តិ ដើម្បីផ្តាច់បងនូវអាហារ ដោយប្រការទាំងពួង។ ម្នាលអគ្គិវេស្សនៈ លំដាប់នោះឯង ពួកទេវតា ចូលទៅរកតថាគត ហើយនិយាយដូច្នេះថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គកុំប្រតិបត្តិ ដើម្បីផ្តាច់បង់នូវអាហារ ដោយប្រការទាំងពួងឡើយ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ បើព្រះអង្គនឹងប្រតិបត្តិ ដើម្បីផ្តាច់បង់នូវអាហារ ដោយប្រការទាំងពួងតទៅ យើងទាំងឡាយ នឹងញុំាងឱជាទិព្វ ឲ្យជ្រួតជ្រាបទៅតាមរណ្តៅរោមទាំងឡាយ របស់ព្រះអង្គ ៗនឹងរស់នៅដោយឱជាទិព្វនោះបាន។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើអាត្មាអញ នឹងប្តេជ្ញាថាខ្លួនជាអ្នកគ្មានភោជន ដោយប្រការទាំងពួងផង ទេវតាទាំងឡាយនេះ នឹងញុំាងឱជាទិព្វ ឲ្យជ្រួតជ្រាប ចូលទៅតាមរណ្តៅរោមទាំងឡាយ របស់អាត្មាអញផង អាត្មាអញ នឹងរស់នៅដោយឱជាទិព្វនោះផង អំពើនោះ ជាអំពើកុហករបស់អាត្មាអញ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯង ក៏និយាយឃាត់ទេវតាទាំងនោះវិញ តថាគតប្រាប់ថា កុំឡើយ ដូច្នេះ។
[៦៤] ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ មានតែអាត្មាអញ បរិភោគនូវអាហារបន្តិចៗ ទោះបីគ្រាប់សណ្តែកបាយក្តី គ្រាប់ពពាយជ្រុងក្តី គ្រាប់សណ្តែកកង់ក្តី គ្រាប់សណ្តែកទ្រើងក្តី ត្រឹមតែមួយទូកដៃៗ។ ម្នាលអគ្គិវេស្សនៈ តថាគត ក៏បានបរិភោគ នូវអាហារបន្តិចៗ ទោះបីគ្រាប់សណ្តែកបាយក្តី គ្រាប់ពពាយជ្រុងក្តី គ្រាប់សណ្តែកកង់ក្តី គ្រាប់សណ្តែកទ្រើងក្តី ត្រឹមតែមួយទូកដៃៗ។ ម្នាលអគ្គិវេស្សនៈ កាលដែលតថាគតនោះ បរិភោគអាហារបន្តិចៗ ទោះបីគ្រាប់សណ្តែកបាយក្តី គ្រាប់ពពាយជ្រុងក្តី គ្រាប់សណ្តែកកង់ក្តី គ្រាប់សណ្តែកទ្រើងក្តី ត្រឹមតែមួយទូកដៃៗ កាយរបស់តថាគត ក៏ដល់នូវអាការស្គាំងស្គម ក្រៃលែង។ អវយវៈតូចធំ របស់តថាគត ដូចជាថ្នាំងនៃវល្លិ៍ ឈ្មោះ អសីតិកៈ ឬដូចជាថ្នាំងនៃវល្លិ៍ប្រេង ព្រោះមានអាហារតិចនោះឯង។ គគូថរបស់តថាគត ដូចជាស្នាមជើង នៃសត្វឱដ្ឋ ព្រោះមានអាហារតិចនោះឯង។ ឆ្អឹងខ្នងរបស់តថាគត រដិបរដុប ដូចជាបំពង់ឈើ ដែលវល្លិ៍ព័ទ្ធវេញ ព្រោះមានអាហារតិចនោះឯង។ របៀបនៃឆ្អឹងជំនីរទាំងឡាយ របស់តថាគត ក៏រគីមរគាម ដូចជាបង្កង់ នៃសាលាចាស់ ដ៏រគីមរគាម ព្រោះមានអាហារតិចនោះឯង។ ប្រស្រីភ្នែកក្នុងរណ្តៅភ្នែក របស់តថាគត ក៏ជ្រៅខូងចុះទៅ ដូចក្រពេញទឹក ក្នុងអណ្តូងទឹកជ្រៅ ដ៏ជ្រៅខូងចុះទៅ ព្រោះមានអាហារតិចនោះឯង។ ស្បែកក្បាល ឰដ៏ក្បាលរបស់តថាគត ដែលអាហារតិចនោះ ពាល់ត្រូវហើយ ក៏ស្វិតជ្រីវ ដូចជាផ្លែននោងព្រៃ ដែលគេកាត់អំពីខ្ចី លុះខ្យល់ និងកំដៅថ្ងៃ ពាល់ត្រូវហើយ ក៏ស្វិតជ្រីវ ដូច្នោះឯង។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯង គិតថា អាត្មាអញ នឹងស្ទាបស្បែកពោះ ក៏ចាប់ត្រូវលើឆ្អឹងខ្នងវិញ គិតថា អាត្មាអញ នឹងស្ទាបឆ្អឹងខ្នង ក៏ចាប់ត្រូវលើស្បែកពោះទៅវិញ ម្នាលអគ្គិវេស្សនៈ ព្រោះថា ស្បែកពោះ របស់តថាគត ជាប់នឹងឆ្អឹងខ្នង ព្រោះមានអាហារតិចនោះឯង។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯង គិតថា អាត្មាអញ នឹងបន្ទោបង់នូវវច្ចៈ ឬទឹកមូត្រ ក៏ដួលផ្កាប់ក្នុងទីនោះ ព្រោះមានអាហារតិចនោះឯង។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯង ធ្វើកាយនេះឲ្យស្រួលបួល ដុសខ្លួនប្រាណដោយដៃ ម្នាលអគ្គិវេស្សនៈ កាលបើតថាគតនោះ ដុសខ្លួនប្រាណដោយដៃ រោមទាំងឡាយ មានគល់ស្អុយ ក៏ធ្លាក់ចុះអំពីកាយ ព្រោះមានអាហារតិចនោះឯង។ ម្នាលអគ្គិវេស្សនៈ មនុស្សទាំងឡាយ បានឃើញតថាគត ហើយពោលពាក្យយ៉ាងនេះថា ព្រះសមណគោតម មានសម្បុរខ្មៅ។ មនុស្សពួកខ្លះ និយាយយ៉ាងនេះថា ព្រះសមណគោតម មិនខ្មៅទេ ព្រះសមណគោតម សម្បុរសណ្តែកបាយ។ មនុស្សពួកខ្លះ និយាយយ៉ាងនេះថា ព្រះសមណគោតម មិនមែនសម្បុរខ្មៅ មិនមែនសម្បុរសណ្តែកបាយទេ ព្រះសមណគោតម មានសម្បុរស្បែកប្រផែះ។ ម្នាលអគ្គិវេស្សនៈ សម្បុរស្បែក របស់តថាគត បរិសុទ្ធ ផូរផង់ដល់ម្ល៉ោះ ក៏ត្រឡប់ជាអាប់អន់ ព្រោះមានអាហារតិចនោះឯង។
[៦៥] ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ជនទាំងឡាយណានីមួយ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ក្នុងអតីតកាល បានសោយនូវទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសលុបជាងនេះទៅទៀតទេ។ ជនទាំងឡាយណានីមួយ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ក្នុងអនាគតកាល នឹងរងនូវទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសលុបជាងនេះទៅទៀតទេ។ ជនទាំងឡាយណានីមួយ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ក្នុងកាលឥឡូវនេះ តែងរងទុក្ខវេទនា ដ៏ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពីព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនមានលើសលុបជាងនេះ ទៅទៀតទេ។ ចំណែកខាងអាត្មាអញ មិនទាន់បានត្រាស់ដឹង នូវគុណវិសេស គឺញាណទស្សនៈ ដ៏ឧត្តម ដែលអាចកំចាត់បង់នូវកិលេស ដ៏ក្រៃលែងជាងមនុស្សធម៌ ដោយ ទុក្ករកិរិយា ដ៏ផ្សាខ្លោចនេះ នៅឡើយ។ ផ្លូវដទៃប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង គប្បីមានដែរឬហ្ន៎ះ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា កាលដែលអាត្មាអញ អង្គុយនៅក្រោមម្លប់ នៃដើមព្រីងដ៏ត្រជាក់ ក្នុងកិច្ចការ របស់សក្យរាជ ជាបិតា ក៏ធ្លាប់បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងាត់នោះ ហើយសម្រេចសម្រាន្តនៅ ឱហ្ន៎ នុ៎ះឯង ជាផ្លូវនៃការត្រាស់ដឹងហើយទេដឹង។ ម្នាលអគ្គិវេស្សនៈ វិញ្ញាណ ជាគ្រឿងរលឹកតាមនូវស្មារតី ក៏កើតឡើង ដល់តថាគតនោះថា ផ្លូវនុ៎ះឯងហើយ ជាផ្លូវនៃការត្រាស់ដឹង។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីសុខណា ក្រៅចាកកាមទាំងឡាយ ក្រៅចាកអកុសលធម៌ទាំងឡាយ អាត្មាអញ ខ្លាចសេចក្តីសុខនោះ ឬហ្ន៎។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីសុខណា ក្រៅចាកកាមទាំងឡាយ ក្រៅចាកអកុសលធម៌ទាំងឡាយ អាត្មាអញ មិនខ្លាចសេចក្តីសុខនោះទេ។
[៦៦] ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា បុគ្គលមានកាយ ដល់នូវអាការស្គាំងស្គង ក្រៃលែងយ៉ាងនេះ មិនងាយបាននូវសេចក្តីសុខនោះទេ បើដូច្នោះ គួរតែអាត្មាអញ បរិភោគនូវអាហារ ដ៏គ្រោតគ្រាត គឺបាយនិងនំវិញ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯង ក៏បរិភោគនូវអាហារដ៏គ្រោតគ្រាត គឺបាយ និងនំ។ ម្នាលអគ្គិវេស្សនៈ សម័យនោះឯង ភិក្ខុទាំង៥រូប តាមមកបំរើតថាគត ដោយគិតថា ព្រះសមណគោតមរបស់យើង នឹងបានត្រាស់ដឹងនូវធម៌ណា លោកនឹងប្រាប់ នូវធម៌នោះ ដល់យើងទាំងឡាយ។ ម្នាលអគ្គិវេស្សនៈ ព្រោះហេតុតែតថាគតបរិភោគ នូវអាហារដ៏គ្រោតគ្រាត គឺបាយ និងនំ ក្នុងកាលណា ភិក្ខុទាំង៥រូបនោះ លះបង់ រត់ចោលតថាគត ក្នុងកាលនោះ ដោយគិតថា ព្រះសមណគោតម ប្រកបដោយល្មោភច្រើន ដោះចោលព្យាយាម ត្រឡប់ទៅដើម្បីសេចក្តីល្មោភច្រើន។
[៦៧] ម្នាលអគ្គិវេស្សនៈ លុះតថាគតនោះឯង បរិភោគនូវអាហារ ដ៏គ្រោតគ្រាតហើយ ក៏មានកំឡាំង បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយ វិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់នោះ ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ម្នាលអគ្គិវេស្សនៈ ទុកណាជា សុខវេទនា មានសភាពដូច្នេះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ចិត្តរបស់តថាគតបានឡើយ។ លុះតថាគត រម្ងាប់វិតក្កៈ និងវិចារៈហើយ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា ជាសភាព នៃចិត្តដ៏ខ្ពស់ឯង ឥតមានវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន… ក៏បានដល់នូវតតិយជ្ឈាន… បានដល់នូវចតុត្ថជ្ឈាន ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ម្នាលអគ្គិវេស្សនៈ ទុកណាជា សុខវេទនា មានសភាពដូច្នេះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ចិត្តរបស់តថាគតបានឡើយ។ កាលដែលចិត្តរបស់តថាគតខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល ពោលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ ទៅតាមអារម្មណ៍ (ដោយអំណាចឈានទាំង៤) ដោយប្រការដូច្នេះហើយ តថាគតបង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ។ តថាគតនោះ រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ គឺរលឹកឃើញ ជាតិ១ខ្លះ ជាតិ២ខ្លះ។បេ។ រលឹកឃើញ នូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ គឺរូប និងអាហារជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រកូលជាដើម ដោយប្រការដូច្នេះ។ ម្នាលអគ្គិវេស្សនៈ វិជ្ជាទី១នេះឯង តថាគតបានហើយ ក្នុងបឋមយាម នៃរាត្រី អវិជ្ជាខ្ចាត់បាត់ទៅហើយ វិជ្ជាក៏កើតឡើង សេចក្តីងងឹត ខ្ចាត់បាត់ទៅហើយ ពន្លឺក៏កើតឡើង ដល់តថាគត ដូចបុគ្គល ដែលមិនប្រមាទ មានព្យាយាម ញុំាងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ដែលបាននូវវិជ្ជាទី១នោះដែរ។ ម្នាលអគ្គិវេស្សនៈ ទុកណាជាសុខវេទនា មានសភាពដូច្នេះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ នូវចិត្តរបស់តថាគតបានឡើយ។
[៦៨] កាលបើចិត្តរបស់តថាគតខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល ពោលគឺកិលេស ប្រាសចាកកិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ ទៅតាមអារម្មណ៍ ដោយប្រការដូច្នេះហើយ តថាគត ក៏បង្អោនចិត្តទៅ ដើម្បីសត្តចុតូបបាតញ្ញាណ។ តថាគតនោះ មានចក្ខុដូចជាទិព្វ ដ៏ស្អាត កន្លងហួសចក្ខុ របស់មនុស្សធម្មតា ក៏បានឃើញនូវពួកសត្វ ដែលច្យុត ដែលកើតឡើង ជាសត្វថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានរូបល្អខ្លះ រូបអាក្រក់ខ្លះ មានគតិល្អខ្លះ គតិអាក្រក់ខ្លះ មួយវិញទៀត តថាគត ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម។បេ។ ម្នាលអគ្គិវេស្សនៈ វិជ្ជាទី២នេះឯង តថាគតបានហើយ ក្នុងមជ្ឈិមយាម នៃរាត្រី អវិជ្ជាខ្ចាត់បាត់ទៅហើយ វិជ្ជាក៏កើតឡើង សេចក្តីងងឹត ខ្ចាត់បាត់ទៅហើយ ពន្លឺក៏កើតឡើង ដល់តថាគត ដូចបុគ្គលដែលមិនប្រមាទ មានព្យាយាម ញុំាងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ដែលបាននូវវិជ្ជាទី២ ដូច្នោះដែរ។ ម្នាលអគ្គិវេស្សនៈ ទុកណាជា សុខវេទនា មានសភាពដូច្នេះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ នូវចិត្តរបស់តថាគតបានឡើយ។
[៦៩] កាលបើចិត្តរបស់តថាគតខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល ពោលគឺកិលេស ប្រាសចាកកិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ ទៅតាមអារម្មណ៍ យ៉ាងនេះហើយ តថាគត ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ។ តថាគតនោះ បានដឹងច្បាស់តាមពិតថា នេះជាទុក្ខ បានដឹងច្បាស់ តាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ បានដឹងច្បាស់ តាមពិតថា នេះជាទីរលត់ទុក្ខ បានដឹងច្បាស់ តាមពិតថា នេះសេចក្តីប្រតិបត្តិ ជាដំណើរទៅកាន់ទីរលត់ទុក្ខ បានដឹងច្បាស់ តាមពិតថា នេះជាអាសវៈ បានដឹងច្បាស់ តាមពិតថា នេះជាធម៌ នាំឲ្យកើតអាសវៈ បានដឹងច្បាស់ តាមពិតថា នេះជាទីរលត់អាសវៈ បានដឹងច្បាស់ តាមពិតថា នេះសេចក្តីប្រតិបត្តិ ជាដំណើរទៅកាន់ទីរលត់អាសវៈ។ កាលបើតថាគត ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តរបស់តថាគត រួចចាកកាមាសវៈផង ចិត្តរបស់តថាគត រួចចាកភវាសវៈផង ចិត្តរបស់តថាគត រួចចាកអវិជ្ជាសវៈផង។បេ។ តថាគត ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច នេះទៀត មិនមានឡើយ។ ម្នាលអគ្គិវេស្សនៈ វិជ្ជាទី៣នេះឯង តថាគត បានហើយក្នុងបច្ឆិមយាម នៃរាត្រី អវិជ្ជាខ្ចាត់បាត់ទៅហើយ វិជ្ជាក៏កើតឡើង សេចក្តីងងឹត ខ្ចាត់បាត់ទៅហើយ ពន្លឺក៏កើតឡើង ដល់តថាគត ដូចបុគ្គលដែលមិនប្រមាទ មានព្យាយាម ញុំាងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ដែលបាននូវវិជ្ជាទី៣ដូច្នោះដែរ។ ម្នាលអគ្គិវេស្សនៈ ទុកណាជា សុខវេទនា មានសភាពដូច្នេះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ នូវចិត្ត របស់តថាគតបានឡើយ។
[៧០] ម្នាលអគ្គិវេស្សនៈ តថាគត ធ្លាប់ជាអ្នកសំដែងធម៌ ដល់បរិស័ទច្រើនរយ។ ជនម្នាក់ៗ សំគាល់តថាគត យ៉ាងនេះថា ព្រះសមណគោតម សំដែងធម៌ចំពោះអញតែម្នាក់ឯង។ ម្នាលអគ្គិវេស្សនៈ ចំណែកអ្នក កុំគប្បីយល់ឃើញ យ៉ាងនេះថា ព្រះតថាគតសំដែងធម៌ ដល់ជនទាំងឡាយនោះ ដោយប្រពៃ ដើម្បីប្រយោជន៍ ឲ្យគ្រាន់តែចេះដឹងប៉ុណ្ណោះ ដូច្នេះឡើយ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯង តែងនៅអស់កាលជានិច្ច ដោយផលសមាធិណា កាលបើចប់គាថានោះហើយ តថាគត ក៏តម្រង់ ទប់ទល់ តំកល់ចិត្តខាងក្នុង ធ្វើឲ្យជាចិត្តមានអារម្មណ៍តែមួយ ក្នុងសមាធិនិមិត្ត ដែលមានហើយ អំពីមុននោះឯង ដោយផលសមាធិនោះ។ សច្ចកនិគន្ថបុត្រពោលថា ពាក្យរបស់ព្រះគោតមដ៏ចំរើន ដែលជាអរហន្តសម្មាសម្ពុទ្ធនេះ ជាពាក្យគួរជឿពិតហើយ ចុះព្រះគោតមដ៏ចំរើន ធ្លាប់ផ្ទំលក់ក្នុងវេលាថ្ងៃឬទេ។ ម្នាលអគ្គិវេស្សនៈ តថាគត ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាបច្ឆាភត្ត ហើយក្រាលនូវសង្ឃាដិមានជាន់៤ ហើយធ្លាប់សិង ដោយចំហៀងខាងស្តាំ មានសតិ និងសម្បជញ្ញៈចុះស៊ប់ កាន់កិរិយាលក់ ក្នុងខែ ជាទីបំផុត នៃគិម្ហៈរដូវ។ បពិត្រព្រះគោតមដ៏ចំរើន សមណព្រាហ្មណ៍ពួកខ្លះ ពោលនូវកិរិយាដេកលក់នេះឯង ថាជាធម៌ ជាគ្រឿងនៅ ប្រកបដោយសេចក្តីវង្វេង។ ម្នាលអគ្គិវេស្សនៈ បុគ្គលវង្វេងក្តី មិនវង្វេងក្តី មិនមានដោយហេតុប៉ុណ្ណោះឡើយ ម្នាលអគ្គិវេស្សនៈ មួយយ៉ាងទៀត បុគ្គលវង្វេងក្តី មិនវង្វេងក្តី ដោយហេតុណា អ្នកចូរស្តាប់ នូវហេតុនោះចុះ ចូរយកចិត្តទុកដាក់ ឲ្យស្រួលបួលចុះ តថាគតនឹងសំដែងឲ្យស្តាប់។ សច្ចកនិគន្ថបុត្រ ក៏ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគ ដូច្នេះថា ព្រះករុណាព្រះអង្គ។
[៧១] ព្រះមានព្រះភាគ ទ្រង់សំដែងដូច្នេះថា ម្នាលអគ្គិវេស្សនៈ បុគ្គលវង្វេង តើដូចម្តេច ម្នាលអគ្គិវេស្សនៈ អាសវៈទាំងឡាយណា ជាធម៌ដ៏សៅហ្មង នាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានវិបាកជាទុក្ខ ប្រកបដោយជាតិ និងជរាមរណៈតទៅ បុគ្គលណានីមួយ មិនបានលះចោលចេញហើយ តថាគត ហៅបុគ្គលនោះ ថាជាអ្នកវង្វេង ម្នាលអគ្គិវេស្សនៈ ព្រោះថា បុគ្គលដែលឈ្មោះថា វង្វេង ព្រោះហេតុតែមិនបានលះបង់ចោល នូវអាសវៈទាំងឡាយ ម្នាលអគ្គិវេស្សនៈ អាសវៈទាំងឡាយណា ជាធម៌ដ៏សៅហ្មង នាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានវិបាកជាទុក្ខ ប្រកបដោយជាតិ និងជរាមរណៈតទៅ បុគ្គលណានីមួយ បានលះបង់ចេញហើយ តថាគត ហៅបុគ្គលនោះ ថាជាអ្នកមិនវង្វេង ម្នាលអគ្គិវេស្សនៈ ព្រោះថា បុគ្គលដែលឈ្មោះថា មិនវង្វេង ព្រោះបានលះបង់នូវអាសវៈទាំងឡាយចេញស្រឡះហើយ។ ម្នាលអគ្គិវេស្សនៈ អាសវៈទាំងឡាយណា ជាធម៌ដ៏សៅហ្មង នាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានវិបាកជាទុក្ខ ប្រកបដោយជាតិ និងជរាមរណៈតទៅ តថាគត បានលះបង់ស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ8) ដូចជាទីនៅរបស់ដើមត្នោត ធ្វើមិនឲ្យចំរើនតទៅទៀត មានសភាពមិនកើតឡើងតទៅ។ ម្នាលអគ្គិវេស្សនៈ ដើមត្នោតកំបុតក មិនគួរលូតលាស់ ដុះឡើងវិញបាន យ៉ាងណាមិញ ម្នាលអគ្គិវេស្សនៈ អាសវៈទាំងឡាយណា ជាធម៌ដ៏សៅហ្មង នាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានវិបាកជាទុក្ខ ប្រកបដោយជាតិ និងជរាមរណៈតទៅ តថាគត បានលះបង់ចេញស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅរបស់ដើមត្នោត បានធ្វើមិនឲ្យចំរើនតទៅទៀត មានសភាពមិនកើតឡើងតទៅ យ៉ាងនេះឯង។
[៧២] កាលដែលព្រះមានព្រះភាគ ទ្រង់ប្រកាសយ៉ាងនេះហើយ សច្ចកនិគន្ថបុត្រ ក៏និយាយដូច្នេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែកណាស់ (ព្រោះ) ព្រះគោតមដ៏ចំរើន កាលដែលខ្ញុំព្រះអង្គ ពោលសង្កត់សង្កិន និយាយដោយគន្លងពាក្យ ជ្រៀតបៀតផ្សេងៗ យ៉ាងនេះ ក៏នៅតែមានព្រះឆវិវ័ណ្ណផូរផង់ ទាំងសម្បុរព្រះភក្ត្រទៀត ក៏ថ្លាស្រស់បស់ ព្រោះថា ព្រះអង្គ សមជាព្រះអរហន្ត សម្មាសម្ពុទ្ធពិត បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គធ្លាប់លើកឡើងនូវទោស ដោយពាក្យ ចំពោះបូរណកស្សប ឯបូរណកស្សបនោះ លុះខ្ញុំព្រះអង្គលើកឡើងនូវទោស ដោយពាក្យហើយ ក៏បិទបាំងនូវពាក្យដទៃដោយពាក្យដទៃ ហើយច្រានពាក្យចោល ទៅខាងក្រៅហើយ ធ្វើនូវសេចក្តីក្រោធផង ទោសៈផង សេចក្តីមិនត្រេកអរផង ឲ្យប្រាកដឡើង ចំណែកព្រះគោតមដ៏ចំរើន កាលដែលខ្ញុំព្រះអង្គ ពោលសង្កត់សង្កិន និយាយដោយគន្លងពាក្យ ជ្រៀតបៀតផ្សេងៗ យ៉ាងនេះ ក៏នៅតែមានព្រះឆវិវ័ណ្ណផូរផង់ ទាំងសម្បុរព្រះភក្ត្រទៀត ក៏ថ្លាស្រស់បស់ ព្រោះថា ព្រះអង្គសមជា ព្រះអរហន្ត សម្មាសម្ពុទ្ធពិត បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គធ្លាប់លើកឡើងនូវទោស ដោយពាក្យ ចំពោះមក្ខលិគោសាល… ចំពោះអជិតកេសកម្ពល… ចំពោះបកុធកច្ចាយតន… ចំពោះសញ្ជយ វេលដ្ឋបុត្ត… លើកឡើងនូវទោស ដោយពាក្យ ចំពោះនិគន្ថនាដបុត្ត ឯនិគន្ថនាដបុត្រនោះ លុះខ្ញុំព្រះអង្គ លើកឡើងនូវទោស ដោយពាក្យហើយ ក៏បិទបាំងនូវពាក្យដទៃ ដោយពាក្យដទៃ ហើយច្រានពាក្យចោលខាងក្រៅ ហើយធ្វើនូវសេចក្តីក្រោធផង ទោសៈផង សេចក្តីមិនត្រេកអរផង ឲ្យប្រាកដឡើង ចំណែកព្រះគោតមដ៏ចំរើន កាលដែលខ្ញុំព្រះអង្គ ពោលសង្កត់សង្កិន និយាយដោយគន្លងពាក្យ ជ្រៀតបៀតផ្សេងៗ យ៉ាងនេះហើយ ក៏នៅតែមានព្រះឆវីវ័ណ្ណផូរផង់ ទាំងសម្បុរព្រះភក្ត្រទៀត ក៏ថ្លាស្រស់បស់ ព្រោះព្រះអង្គសមជាព្រះអរហន្ត សម្មាសម្ពុទ្ធពិត ប៉ុណ្ណឹងចុះ ព្រះគោតមដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គសូមលាទៅ ព្រោះមានកិច្ចច្រើន មានការងារច្រើន។ ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាថា ម្នាលអគ្គិវេស្សនៈ ឥឡូវនេះ អ្នកសំគាល់នូវកាល ដែលគួរនឹងត្រឡប់ទៅវិញចុះ។ លំដាប់នោះ សច្ចកនិគន្ថបុត្រត្រេកអរ រីករាយហើយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ ហើយក្រោកចាកទីអង្គុយ ចៀសចេញទៅ។
ចប់ មហាសច្ចកសូត្រ ទី៦។