តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មូលបណ្ណាសក » មហាយមកវគ្គ »
សក្កទេវរាជបានចូលទៅគាល់ព្រះពុទ្ធ រួចបង្គំទូលសួរនូវប្រស្នាធម៌សង្ខេប ថាតើចំពោះភិក្ខុជាអ្នកមានចិត្តបង្អោន ទៅក្នុងព្រះនិព្វាន ជាទីអស់ទៅ នៃតណ្ហា ដូចម្តេចខ្លះ គ្រានោះព្រះមហាមោគ្គលានមានអាយុ មានសេចក្ដីត្រិះរិះចង់ដឹងនូវភាសិតនិងស្គាល់ទេវតានោះក៏និមន្តតាមទៅសួរដល់ទេវលោក ។
mn 037 បាលី cs-km: sut.mn.037 អដ្ឋកថា: sut.mn.037_att PTS: ?
(ទី៧) ចូឡតណ្ហាសង្ខយសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៧. ចូឡតណ្ហាសង្ខយសុត្តំ)
[៧៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងប្រាសាទរបស់មិគារមាតា នាវត្តបុព្វារាម ជិតក្រុងសាវត្ថី។ គ្រានោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចឋិតនៅក្នុងទីដ៏សមគួរ។ លុះសក្កទេវរាជ ជាធំជាងពួកទេវតា ឋិតនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាអ្នកមានចិត្តបង្អោនទៅក្នុងព្រះនិព្វាន ជាទីក្ស័យទៅនៃតណ្ហា ជាអ្នកមានសេចក្តីចូលចិត្តទៀង មានសេចក្តីក្សេមក្សាន្ត ចាកយោគៈទៀង ជាអ្នកប្រព្រឹត្តដ៏ប្រសើរទៀង មានទីបំផុតទៀងទាត់ ជាបុគ្គលប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ដោយសង្ខេប តើមានប៉ុន្មាន។
[៧៤] ព្រះអង្គត្រាស់ថា បពិត្រទេវានមិន្ទៈ ភិក្ខុក្នុងសាសនានេះ បានស្តាប់ពាក្យថា បុគ្គលមិនគួរប្រកាន់នូវធម៌ទាំងពួង1) (ដោយអំណាចតណ្ហា និងទិដ្ឋិ) បពិត្រទេវានមិន្ទៈ លុះភិក្ខុបានស្តាប់ពាក្យនុ៎ះថា បុគ្គលមិនគួរប្រកាន់នូវធម៌ទាំងពួង យ៉ាងនេះហើយ ភិក្ខុនោះ រមែងដឹងច្បាស់ នូវធម៌ទាំងពួង លុះដឹងច្បាស់នូវធម៌ទាំងពួងហើយ រមែងកំណត់ដឹងនូវធម៌ទាំងពួង លុះកំណត់ដឹងនូវធម៌ទាំងពួងហើយ រមែងសោយនូវវេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខ មិនសុខ ភិក្ខុនោះ ជាអ្នកពិចារណាឃើញថាមិនទៀង ពិចារណាឃើញថាជាទីប្រាសចាកតម្រេក ពិចារណាឃើញថា ជាគ្រឿងរំលត់ ពិចារណាឃើញថា គួរលះបង់ ក្នុងវេទនាទាំងឡាយនោះ កាលបើភិក្ខុនោះ ពិចារណាឃើញថា មិនទៀង ពិចារណាឃើញថា ជាទីប្រាសចាកតម្រេក ពិចារណាឃើញថា ជាគ្រឿងរំលត់ ពិចារណាឃើញថា គួរលះបង់ ក្នុងវេទនាទាំងឡាយនោះហើយ ក៏មិនបានប្រកាន់ នូវធម្មជាតអ្វីតិចតួច ក្នុងលោកឡើយ កាលបើមិនប្រកាន់ រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុត ក៏រំលត់កិលេស ដោយខ្លួនឯងបាន ទើបដឹងច្បាស់ថា ជាតិរបស់អាត្មាអញ អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានអប់រំហើយ កិច្ចដែលត្រូវធ្វើ អាត្មាអញ ក៏បានធ្វើហើយ កិច្ចដទៃ ក្រៅអំពីកិច្ចនេះ មិនមានឡើយ បពិត្រទេវានមិន្ទៈ ភិក្ខុជាអ្នកបង្អោនចិត្តទៅ ក្នុងព្រះនិព្វាន ជាទីក្ស័យទៅ នៃតណ្ហា ជាអ្នកមានសេចក្តីចូលចិត្តទៀង មានសេចក្តីក្សេមក្សាន្ត ចាកយោគៈទៀង ជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរទៀង មានទីបំផុតទៀងទាត់ ជាបុគ្គលប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ដោយសង្ខេប មានប្រមាណប៉ុណ្ណេះឯង។ លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ត្រេកអរ អនុមោទនា នូវភាសិត របស់ព្រះមានព្រះភាគ ហើយក្រាបបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចស្រាប់តែបាត់ ចាកទីនោះមួយរំពេច។
[៧៥] ចួនជាសម័យនោះឯង ព្រះមហាមោគ្គល្លានមានអាយុ គង់នៅក្នុងទីជិតព្រះមានព្រះភាគ។ ទើបព្រះមហាមោគ្គល្លានមានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ទេវតានោះ បានដឹងនូវភាសិត របស់ព្រះមានព្រះភាគ ហើយអនុមោទនា ឬមិនបានដឹងទេ ហើយអនុមោទនា ទោះបីទេវតានោះ ដឹងនូវភាសិត របស់ព្រះមានព្រះភាគ ហើយបានអនុមោទនាក្តី មិនបានដឹងហើយ អនុមោទនាក្តី គួរតែអាត្មាអញ ស្គាល់ទេវតានោះ។ គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ ក៏បាត់អំពីវត្តបុព្វារាម ជាមិគារមាតុប្រាសាទ មួយរំពេច ហើយក៏ទៅប្រាកដ នៅនាឋានតាវត្តិង្សទេវលោក ដូចបុរសមានកំឡាំង លាដៃដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ ដូច្នោះឯង។ សម័យនោះឯង ព្រះឥន្ទ្រាធិរាជ កំពុងតែក្រសាល សប្បាយ រីករាយ ស្កប់ស្កល់ ដោយតូរ្យតន្ត្រីជាទិព្វ ទាំងប្រាំរយ ក្នុងឱទ្យានឈ្មោះ ឯកបុណ្ឌរីកៈ។ ព្រះឥន្ទ្រាធិរាជ បានឃើញព្រះមហាមោគ្គល្លានមានអាយុ និមន្តមកពីចម្ងាយលិមៗ លុះឃើញហើយ ក៏បញ្ឈប់នូវតូរ្យតន្ត្រីជាទិព្វទាំង៥០០នោះ ហើយចូលទៅរកព្រះមហាមោគ្គល្លានមានអាយុ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងព្រះមហាមោគ្គល្លានមានអាយុថា បពិត្រព្រះមោគ្គល្លាន អ្នកនិទ៌ុក្ខ សូមនិមន្តមក បពិត្រព្រះមោគ្គល្លាន អ្នកនិទ៌ុក្ខ លោកម្ចាស់និមន្តមកនេះ ជាការស្រួលហើយ បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ លោកម្ចាស់ខានធ្វើបរិយាយ ដើម្បីនិមន្តមក ក្នុងទីនេះ ជាយូរហើយ បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ សូមលោកម្ចាស់និមន្តគង់ចុះ អាសនៈនេះហើយ ខ្ញុំព្រះករុណា ក្រាលទុកប្រគេន។ ព្រះមហាមោគ្គល្លានមានអាយុ ក៏គង់លើអាសនៈ ដែលព្រះឥន្ទ្រាធិរាជក្រាលប្រគេន។ ចំណែកព្រះឥន្ទ្រាធិរាជ ក៏កាន់យកអាសនៈទាបមួយ គង់ក្នុងទីដ៏សមគួរ។
[៧៦] លុះព្រះឥន្ទ្រាធិរាជគង់ក្នុងទីដ៏សមគួរហើយ ព្រះមហាមោគ្គល្លានមានអាយុ បានសួរសេចក្តីនេះថា បពិត្រកោសិយៈ ព្រះមានព្រះភាគ បានត្រាស់សំដែងនូវកិរិយាបង្អោនចិត្តទៅកាន់ព្រះនិព្វាន ជាទីអស់ទៅ នៃតណ្ហា ដោយសេចក្តីសង្ខេប ចំពោះមហារាជ ដូចម្តេចខ្លះ សូមព្រះរាជានុញ្ញាតចុះ ដ្បិតអាត្មាភាព ជាអ្នកមានចំណែកដើម្បីស្តាប់ធម្មកថានេះផង។ សក្កទេវរាជ មានព្រះឱង្ការតបថា បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ ធ្វើដូចម្តេច ខ្លួនខ្ញុំព្រះករុណា ជាអ្នកមានកិច្ចច្រើន មានការងារត្រូវធ្វើច្រើន ដោយការងារ ដែលត្រូវធ្វើផ្ទាល់ខ្លួនផង ដោយការងារ ដែលត្រូវធ្វើ ចំពោះពួកទេវតា ក្នុងជាន់តាវត្តិង្សផង បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ ឯពាក្យដែលខ្ញុំព្រះករុណា បានស្តាប់ត្រាប់ត្រង ធ្វើទុកក្នុងចិត្ត ចាំទុកស្រួលបួលហើយ ពាក្យនោះ ក៏បាត់ទៅមួយរំពេច បពិត្រព្រះមោគ្គល្លាន អ្នកនិទ៌ុក្ខ ពីព្រេងនាយមក មានសង្គ្រាមទេវតា និងអសុរលើកជាក្បួនទ័ព បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ ប៉ុន្តែក្នុងសង្គ្រាមនោះ ពួកទេវតា មានជ័យជំនះ ឯពួកអសុរ ក៏បរាជ័យ បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ លុះខ្ញុំព្រះករុណានោះ បានឈ្នះសង្គ្រាមទេវតា និងអសុរហើយ ត្រឡប់មកអំពីទីនោះវិញ ក៏និម្មិតប្រាសាទឈ្មោះ វេជយន្ត បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ ប្រាសាទវេជយន្ត (នោះ) មានដម្បូលមួយរយ ក្នុងដម្បូលមួយៗ មានផ្ទះកំពូលប្រាំពីររយៗ ក្នុងផ្ទះកំពូលមួយៗ មានស្រីអប្សរប្រាំពីរៗនាក់ ក្នុងស្រីអប្សរម្នាក់ៗ មានស្រីបម្រើប្រាំពីរៗនាក់ បពិត្រព្រះមហាមោគ្គល្លាន អ្នកនិទ៌ុក្ខ លោកម្ចាស់ចង់ឃើញកន្លែង ដែលគួររីករាយ របស់ វេជយន្តប្រាសាទ ដែរឬទេ។ ព្រះមហាមោគ្គល្លានមានអាយុ ទទួលនិមន្ត ដោយតុណ្ហីភាព។
[៧៧] គ្រានោះ ព្រះឥន្ទ្រាធិរាជ និងវេស្សវណមហារាជ ឲ្យព្រះមហាមោគ្គល្លានមានអាយុនិមន្តមុខ ហើយនាំចូលទៅរក វេជយន្តប្រាសាទ។ ពួកស្រីបំរើ របស់ព្រះឥន្ទ្រាធិរាជ បានឃើញព្រះមហាមោគ្គល្លានមានអាយុ កំពុងនិមន្តមកអំពីចម្ងាយ លុះឃើញហើយ ក៏មានសេចក្តីខ្លាច និងអៀនខ្មាស នាំគ្នាចូលទៅកាន់បន្ទប់រៀងខ្លួន។ ដូចជាកូនប្រសាស្រី បានឃើញឪពុកក្មេក ហើយមានសេចក្តីខ្លាច និងអៀនខ្មាស យ៉ាងណា ពួកស្រីបំរើ របស់ព្រះឥន្ទ្រាធិរាជ បានឃើញព្រះមហាមោគ្គល្លានមានអាយុ ក៏មានសេចក្តីខ្លាច និងអៀនខ្មាស នាំគ្នាចូលបន្ទប់រៀងខ្លួន យ៉ាងនោះដែរ។ គ្រានោះ ព្រះឥន្ទ្រាធិរាជ និងវេស្សវណមហារាជ និមន្តព្រះមហាមោគ្គល្លាន មានអាយុ ត្រាច់ជុំវិញ ចូលទៅក្នុងវេជយន្តប្រាសាទ ហើយទូលថា បពិត្រព្រះមហាមោគ្គល្លាន អ្នកនិទ៌ុក្ខ សូមលោកម្ចាស់ទតមើលកន្លែង ដែលគួររីករាយ របស់វេជយន្តប្រាសាទនេះផង បពិត្រព្រះមហាមោគ្គល្លានអ្នកនិទ៌ុក្ខ សូមលោកម្ចាស់ទតមើលកន្លែងដែលគួររីករាយ របស់វេជយន្តប្រាសាទនេះផង។ ព្រះថេរៈឆ្លើយថា ទីរបស់កោសិយៈមានអាយុ ដែលបានធ្វើបុណ្យទុក ក្នុងកាលមុននេះល្អមែន សូម្បីពួកមនុស្ស បានឃើញទីណាមួយ ដែលជាទីគួររីករាយ ក៏តែងនាំគ្នានិយាយថា អើហ្ន៎ ទីនេះល្អ ដូចជាប្រាសាទ របស់ពួកទេវតា ក្នុងជាន់តាវត្តិង្សដែរ ឯលំនៅរបស់កោសិយៈមានអាយុ ដែលមានបុណ្យ ធ្វើទុកក្នុងកាលមុននេះ ល្អដោយពិតហើយ។ គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ទេវតានេះ ជាបុគ្គលប្រមាទខ្លាំងមែន បើដូច្នោះ គួរតែអាត្មាអញ ធ្វើទេវតានេះ ឲ្យសង្វេគ។ ទើបព្រះមហាមោគ្គល្លានមានអាយុ សំដែងឥទ្ធិឫទ្ធិ ញុំាងវេជយន្តប្រាសាទ ឲ្យកម្រើក រំភើប ញាប់ញ័រ ដោយចុងមេជើង តាមសមគួរដល់ឫទ្ធិ។ គ្រានោះ ព្រះឥន្ទ្រាធិរាជ និងវេស្សវណមហារាជ និងពួកទេវតា ក្នុងជាន់តាវត្តិង្ស កើតសេចក្តីអស្ចារ្យ ក្នុងចិត្តថា អើហ្ន៎ អស្ចារ្យណាស់ អើហ្ន៎ ចំឡែកណាស់ ត្រង់ការណ៍ដែលភាពនៃសមណៈមានឫទ្ធិច្រើន មានអានុភាពច្រើន (ប៉ុណ្ណេះ) មិនសមបើញុំាងទិព្វវិមាន ឲ្យកម្រើក រំភើប ញាប់ញ័រ ដោយចុងមេជើងបាន។
[៧៨] គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ ដឹងថាព្រះឥន្ទ្រាធិរាជ មានសេចក្តីតក់ស្លុត កើតសេចក្តីព្រឺរោមហើយ ក៏មានថេរវាចាទៅរកព្រះឥន្ទ្រាធិរាជថា បពិត្រកោសិយៈ ព្រះមានព្រះភាគ បានត្រាស់នូវកិរិយាបង្អោនចិត្ត ទៅក្នុងព្រះនិព្វាន ជាទីអស់ទៅ នៃតណ្ហា ដោយសេចក្តីបំប្រួញ (ចំពោះ) មហារាជដូចម្តេចខ្លះ សូមព្រះរាជានុញ្ញាត ដ្បិតអាត្មាភាព ជាអ្នកមានចំណែក ដើម្បីស្តាប់ធម្មកថា នេះផង។ សក្កទេវរាជ ឆ្លើយតបថា បពិត្រព្រះមហាមោគ្គល្លានអ្នកនិទ៌ុក្ខ កាលនោះ ខ្ញុំព្រះករុណា បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ រួចឋិតនៅក្នុងទីដ៏សមគួរ បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ លុះខ្ញុំព្រះករុណា ឋិតនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកបង្អោនចិត្ត ទៅកាន់ព្រះនិព្វាន ជាទីក្ស័យ នៃតណ្ហា ជាអ្នកមានសេចក្តីចូលចិត្តទៀង ជាអ្នកមានសេចក្តីក្សេមក្សាន្ត ចាកយោគៈទៀង ជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរទៀង មានទីបំផុតទៀងទាត់ ជាបុគ្គលប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ដោយសង្ខេប តើមានប៉ុន្មានយ៉ាង បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ កាលបើខ្ញុំព្រះករុណាសួរយ៉ាងនេះហើយ ព្រះមានព្រះភាគ មានព្រះបន្ទូលមកនឹងខ្ញុំព្រះករុណា យ៉ាងនេះថា បពិត្រព្រះអង្គ ជាធំជាងពួកទេវតា ភិក្ខុក្នុងសាសនានេះ បានស្តាប់ពាក្យថា ភិក្ខុមិនគួរនឹងប្រកាន់នូវធម៌ គឺបញ្ចក្ខន្ធទាំងអស់ឡើយ បពិត្រព្រះអង្គ ជាធំជាងពួកទេវតា ភិក្ខុបានស្តាប់ពាក្យនុ៎ះថា ភិក្ខុមិនគួរនឹងប្រកាន់ នូវធម៌ទាំងពួង យ៉ាងនេះហើយ ភិក្ខុនោះ រមែងដឹងច្បាស់ នូវធម៌ទាំងពួង លុះដឹងច្បាស់ នូវធម៌ទាំងពួងហើយ រមែងកំណត់ដឹងធម៌ទាំងពួងបាន លុះកំណត់ដឹង នូវធម៌ទាំងពួងហើយ រមែងសោយនូវវេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខ មិនសុខ ភិក្ខុនោះ ជាអ្នកពិចារណាឃើញថាមិនទៀង ពិចារណាឃើញថា ជាទីប្រាសចាកតម្រេក ពិចារណាឃើញថាជាគ្រឿងរំលត់ ពិចារណាឃើញថា គួរលះបង់ក្នុងវេទនាទាំងឡាយនោះ កាលបើភិក្ខុនោះពិចារណាឃើញថា មិនទៀង ពិចារណាឃើញថា ជាទីប្រាសចាកតម្រេក ពិចារណាឃើញថា ជាទីរំលត់ ពិចារណាឃើញថា គួរលះបង់ ក្នុងវេទនាទាំងឡាយនោះហើយ ក៏មិនប្រកាន់ធម្មជាតអ្វីតិចតួច ក្នុងលោកឡើយ កាលបើមិនប្រកាន់ ក៏មិនតក់ស្លុត កាលបើមិនតក់ស្លុត ទើបរំលត់កិលេស ដោយខ្លួនឯងបាន ទាំងដឹងច្បាស់ថា ជាតិរបស់អាត្មាអញ អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានអប់រំហើយ កិច្ចដែលត្រូវធ្វើ អាត្មាអញ ក៏បានធ្វើហើយ កិច្ចដទៃក្រៅអំពីកិច្ចនេះ មិនមានឡើយ បពិត្រព្រះអង្គ ដ៏ជាធំជាងពួកទេវតា ភិក្ខុជាអ្នកបង្អោនចិត្តទៅ ក្នុងព្រះនិព្វាន ជាទីក្ស័យទៅ នៃតណ្ហា ជាអ្នកមានសេចក្តីចូលចិត្តទៀង ជាអ្នកមានសេចក្តីក្សេមក្សាន្ត ចាកយោគៈទៀង ជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរទៀង មានទីបំផុតទៀងទាត់ ជាបុគ្គលប្រសើរ ជាងពួកទេវតា និងមនុស្ស ដោយសង្ខេប មានប្រមាណប៉ុណ្ណេះឯង បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ ព្រះមានព្រះភាគ បានត្រាស់សំដែង នូវកិរិយាបង្អោនចិត្តទៅ ក្នុងព្រះនិព្វាន ជាទីក្ស័យទៅ នៃតណ្ហា ដោយសេចក្តីសង្ខេប ចំពោះខ្ញុំព្រះករុណា ដូចពណ៌នាមកនេះ។ គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ ត្រេកអរ អនុមោទនា ចំពោះភាសិត របស់ព្រះឥន្ទ្រាធិរាជ ហើយក៏ស្រាប់តែបាត់ ចាកតាវត្តិង្សទេវលោក មកប្រាកដ ក្នុងមិគារមាតុប្រាសាទ នាវត្តបុព្វារាម មួយរំពេច ដូចជាបុរស ដែលមានកំឡាំង លាដៃបត់ចូល ឬបត់ដៃ ដែលលាចេញ ដូច្នោះឯង។ កាលដែលព្រះមហាមោគ្គល្លានមានអាយុ ចៀសចេញទៅ មិនយូរប៉ុន្មាន ពួកស្រីបំរើរបស់ព្រះឥន្ទ្រាធិរាជ បានក្រាបទូលសួរ ចំពោះព្រះឥន្ទ្រាធិរាជ ដូច្នេះថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ លោកនុ៎ះហើយឬ ជាព្រះមានព្រះភាគ ជាគ្រូរបស់ព្រះអង្គនោះ។ សក្កទេវរាជ ឆ្លើយតបថា ម្នាលនាងអ្នកនិទ៌ុក្ខទាំងឡាយ លោកនោះ មិនមែនជាព្រះមានព្រះភាគ ជាគ្រូរបស់យើងទេ លោកនោះ គ្រាន់តែជាសព្រហ្មចារី (អ្នកប្រព្រឹត្តធម៌ដូចគ្នា) នឹងយើង លោកនុ៎ះហើយ ដែលឈ្មោះព្រះមហាមោគ្គល្លានមានអាយុ។ ពួកស្រីបំរើក្រាបទូលថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គពេញជាមានលាភហើយ បពិត្រព្រះអង្គ អ្នកនិទ៌ុក្ខ ព្រះអង្គ ពេញជាបានល្អហើយ ត្រង់ដែលព្រះអង្គបានសព្រហ្មចារីបុគ្គល មានឫទ្ធិច្រើន យ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះ ឱហ្ន៎ លោកនោះ ទុកដូចជាព្រះមានព្រះភាគ ជាគ្រូរបស់ព្រះអង្គ ដោយពិតណាស់។
[៧៩] គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ រួចគង់ក្នុងទីសមគួរ។ លុះព្រះមហាមោគ្គល្លានមានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគធ្លាប់បានសំដែង នូវកិរិយាបង្អោនចិត្តទៅ ក្នុងព្រះនិព្វាន ជាទីអស់ទៅនៃតណ្ហា ដោយសង្ខេប ជាគ្រឿងដង្វាយដល់ទេវតា ដែលមានស័ក្តិធំមួយរូបឬទេ។ ព្រះអង្គត្រាស់ថា ម្នាលមោគ្គល្លាន តថាគតធ្លាប់សំដែង ដ្បិតសក្កទេវរាជ ចូលមករកតថាគត ក្នុងទីនេះ លុះចូលមកដល់ហើយ ក៏ក្រាបថ្វាយបង្គំតថាគត រួចឋិតនៅក្នុងទីដ៏សមគួរ ម្នាលមោគ្គល្លាន លុះសក្កទេវរាជ ឋិតនៅក្នុងទីសមគួរហើយ បានសួរសេចក្តីនេះ នឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាអ្នកមានចិត្តបង្អោនទៅ ក្នុងព្រះនិព្វាន ជាទីក្ស័យ នៃតណ្ហា ជាអ្នកមានសេចក្តីចូលចិត្តទៀង មានសេចក្តីក្សេមក្សាន្ត ចាកយោគៈទៀង ជាអ្នកប្រព្រឹត្តនូវធម៌ ដ៏ប្រសើរទៀង មានទីបំផុតទៀងទាត់ ជាបុគ្គលប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ដោយសង្ខេប តើមានប៉ុន្មានយ៉ាង ម្នាលមោគ្គល្លាន កាលបើសក្កទេវរាជសួរយ៉ាងនេះហើយ តថាគតក៏ឆ្លើយតប ទៅនឹងសក្កទេវរាជ ដូច្នេះថា បពិត្រព្រះអង្គ ជាធំជាងពួកទេវតាទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានស្តាប់ពាក្យថា បុគ្គលមិនគួរនឹងប្រកាន់នូវធម៌ទាំងពួង បពិត្រព្រះអង្គ ជាធំជាងពួកទេវតា លុះភិក្ខុបានស្តាប់ពាក្យនុ៎ះថា បុគ្គល មិនគួរប្រកាន់ នូវធម៌ទាំងពួង យ៉ាងនេះហើយ ភិក្ខុនោះ រមែងដឹងច្បាស់ នូវធម៌ទាំងពួង លុះដឹងច្បាស់ នូវធម៌ទាំងពួងហើយ ក៏កំណត់ដឹង នូវធម៌ទាំងពួង លុះកំណត់ដឹង នូវធម៌ទាំងពួងហើយ រមែងសោយ នូវវេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខ មិនសុខ ភិក្ខុនោះ ពិចារណាឃើញថា មិនទៀង ពិចារណាឃើញថា ជាទីប្រាសចាកតម្រេក ពិចារណាឃើញថា ជាទីគួររំលត់ ពិចារណាឃើញថា គួរលះបង់ ក្នុងវេទនាទាំងឡាយនោះ កាលបើភិក្ខុនោះ ពិចារណាឃើញថា មិនទៀង ពិចារណាឃើញថាជាទីប្រាសចាកតម្រេក ពិចារណាឃើញថា គួររំលត់ ពិចារណាឃើញថា គួរលះបង់ ក្នុងវេទនាទាំងឡាយនោះហើយ ក៏មិនប្រកាន់ធម្មជាតអ្វីតិចតួច ក្នុងលោកឡើយ កាលបើមិនប្រកាន់ ក៏រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុត ក៏រមែងរំលត់កិលេស ដោយខ្លួនឯងបាន ទើបដឹងច្បាស់ថា ជាតិរបស់អាត្មាអញ អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានអប់រំហើយ កិច្ចដែលត្រូវធ្វើ អាត្មាអញ ក៏បានធ្វើហើយ កិច្ចដទៃក្រៅអំពីកិច្ចនេះ មិនមានឡើយ បពិត្រព្រះអង្គ ជាធំជាងពួកទេវតា ភិក្ខុជាអ្នកបង្អោនចិត្តទៅ ក្នុងព្រះនិព្វាន ជាទីក្ស័យទៅ នៃតណ្ហា ជាអ្នកមានសេចក្តីចូលចិត្តទៀង មានសេចក្តីក្សេមក្សាន្តចាកយោគៈទៀង ជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរទៀង មានទីបំផុតទៀងទាត់ ជាបុគ្គលប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ដោយសង្ខេប មានប្រមាណប៉ុណ្ណេះឯង ម្នាលមោគ្គល្លាន តថាគតធ្លាប់សំដែង នូវកិរិយាបង្អោនចិត្តទៅ ក្នុងព្រះនិព្វាន ជាទីក្ស័យទៅ នៃតណ្ហា ដោយសង្ខេប ចំពោះសក្កទេវរាជ ដូចបានពណ៌នាមក នេះឯង។ លុះព្រះមានព្រះភាគ បានត្រាស់ភាសិតនេះ ចប់ហើយ ព្រះមហាមោគ្គល្លានមានអាយុ មានសេចក្តីពេញចិត្ត ត្រេកអរហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ ចូឡតណ្ហាសង្ខយសូត្រ ទី៧។