តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មូលបណ្ណាសក » មហាយមកវគ្គ »
មានភិក្ខុមួយរូបមានទិដ្ធិអាក្រក់កើតឡើង ទើបព្រះពុទ្ធសម្តែងធម៌ ដើម្បីដោះស្រាយនូវទិដ្ធិនោះ។ «វិញ្ញាណកើតឡើង ព្រោះអាស្រ័យបច្ច័យ»…និងភាពចាស់ ជំងឺ និងការស្លាប់ នៅភ្នែក ត្រចៀក… ចិត្ត។
mn 038 បាលី cs-km: sut.mn.038 អដ្ឋកថា: sut.mn.038_att PTS: ?
(ទី៨) មហាតណ្ហាសង្ខយសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៨. មហាតណ្ហាសង្ខយសុត្តំ)
[៨០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់សម្រេចសម្រាន្តព្រះឥរិយាបថ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុឈ្មោះសាតិ ជាកូននៃព្រានសំណាញ់ មានទិដ្ឋិអាក្រក់1) កើតឡើងយ៉ាងនេះថា វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វីដទៃឡើយ2) យ៉ាងណា អាត្មាអញ ក៏បានដឹងច្បាស់នូវធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ យ៉ាងនោះដែរ។ ពួកភិក្ខុជាច្រើនរូប បានឮដំណឹងថា សាតិភិក្ខុកេវដ្តបុត្ត មានទិដ្ឋិអាក្រក់កើតឡើង យ៉ាងនេះថា វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វីដទៃឡើយ យ៉ាងណា អាត្មាអញ ក៏បានដឹងច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយ យ៉ាងនោះដែរ។ ទើបភិក្ខុទាំងនោះ ចូលទៅរក សាតិភិក្ខុកេវដ្តបុត្ត លុះចូលទៅដល់ហើយ បានសួរសាតិភិក្ខុកេវដ្តបុត្ត ដូច្នេះថា ម្នាលអាវុសោ សាតិ បានឮថា អ្នកមានទិដ្ឋិអាក្រក់កើតឡើង យ៉ាងនេះថា វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វីដទៃឡើយ យ៉ាងណា អាត្មាអញ ក៏បានដឹងច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយ ក៏យ៉ាងនោះដែរ ដូច្នេះមែនឬ។ សាតិភិក្ខុកេវដ្តបុត្ត ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ វិញ្ញាណ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វីដទៃឡើយ យ៉ាងណា ខ្ញុំក៏បានដឹងច្បាស់ នូវធម៌ដែលព្រះមានព្រះភាគសំដែងហើយ យ៉ាងនោះដែរ ដូច្នេះមែន។ គ្រានោះ ភិក្ខុទាំងនោះ មានចំណង់នឹងដោះសាតិភិក្ខុកេវដ្តបុត្ត ឲ្យរួចចាកទិដ្ឋិអាក្រក់នុ៎ះ ទើបនិយាយពន្យល់ ដាស់តឿន ក្រើនរំលឹកថា ម្នាលអាវុសោសាតិ អ្នកកុំនិយាយយ៉ាងនេះឡើយ អ្នកកុំនិយាយបង្កាច់ព្រះមានព្រះភាគ ព្រោះថា ការដែលពោលបង្កាច់ព្រះមានព្រះភាគ មិនប្រពៃទេ ដ្បិតព្រះមានព្រះភាគ ព្រះអង្គ មិនមានបន្ទូលយ៉ាងនេះឡើយ ម្នាលអាវុសោសាតិ ព្រះមានព្រះភាគ សំដែងហើយ ដោយអនេកបរិយាយថា វិញ្ញាណកើតឡើង ព្រោះអាស្រ័យបច្ច័យ បើវៀរចាកបច្ច័យហើយ ការកើតឡើង នៃវិញ្ញាណ ក៏មិនមាន។ សាតិភិក្ខុកេវដ្តបុត្ត កាលបើពួកភិក្ខុទាំងនោះ និយាយពន្យល់ ដាស់តឿន ក្រើនរំលឹក យ៉ាងនេះហើយ ក៏នៅតែចូលចិត្ត ប្រកាន់ទិដ្ឋិអាក្រក់នោះដដែល ហើយនិយាយប្រកែក តាមកំឡាំង ដូច្នេះថា ម្នាលអាវុសោទាំងឡាយ វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វីដទៃឡើយ យ៉ាងណា ខ្ញុំក៏បានដឹងច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ក៏យ៉ាងនោះដែរ ដូច្នេះឯង។
[៨១] កាលដែលភិក្ខុទាំងនោះ មិនអាចនឹងដោះសាតិភិក្ខុកេវដ្តបុត្ត ឲ្យរួចចាកទិដ្ឋិអាក្រក់នុ៎ះបានហើយ ទើបភិក្ខុទាំងអម្បាលនោះ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ នូវព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សាតិភិក្ខុកេវដ្តបុត្ត មានទិដ្ឋិអាក្រក់កើតឡើង យ៉ាងនេះថា វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វីដទៃឡើយ យ៉ាងណា អាត្មាអញ ក៏បានដឹងច្បាស់ នូវធម៌ ដែលព្រះមានព្រះភាគ សំដែងហើយ ក៏យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ យើងខ្ញុំព្រះអង្គ បាននាំគ្នាចូលទៅរក សាតិភិក្ខុកេវដ្តបុត្ត លុះចូលទៅដល់ហើយ បានសួរសាតិភិក្ខុកេវដ្តបុត្ត ដូច្នេះថា ម្នាលអាវុសោសាតិ បានឮថា អ្នកមានទិដ្ឋិអាក្រក់កើតឡើង យ៉ាងនេះថា វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វីដទៃឡើយ យ៉ាងណា អាត្មាអញ ក៏បានដឹងច្បាស់ នូវធម៌ ដែលព្រះមានព្រះភាគ សំដែងហើយ ក៏យ៉ាងនោះ ដូច្នេះ ពិតមែនឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលយើងខ្ញុំព្រះអង្គ សួរយ៉ាងនេះហើយ សាតិភិក្ខុកេវដ្តបុត្ត ក៏បាននិយាយតបមក នឹងយើងខ្ញុំព្រះអង្គ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅ មិនក្លាយទៅជាអ្វីដទៃឡើយ យ៉ាងណា ខ្ញុំក៏បានដឹងច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយ ក៏យ៉ាងនោះដែរ ដូច្នេះមែន បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ យើងខ្ញុំព្រះអង្គ មានចំណង់នឹងដោះសាតិភិក្ខុកេវដ្តបុត្ត ឲ្យរួចចាកទិដ្ឋិអាក្រក់នោះ ទើបនាំគ្នានិយាយពន្យល់ ដាស់តឿន ក្រើនរំលឹកថា ម្នាលអាវុសោសាតិ អ្នកកុំនិយាយយ៉ាងនេះឡើយ អ្នកកុំនិយាយបង្កាច់ព្រះមានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះមានព្រះភាគ មិនប្រពៃទេ ដ្បិតព្រះមានព្រះភាគ ទ្រង់មិនមានព្រះបន្ទូលយ៉ាងនេះឡើយ ម្នាលអាវុសោសាតិ ព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយអនេកបរិយាយថា វិញ្ញាណកើតឡើង ព្រោះអាស្រ័យបច្ច័យ បើវៀរចាកបច្ច័យហើយ ការកើតឡើងនៃវិញ្ញាណ ក៏មិនមាន បពិត្រព្រះអង្គដ៏ចំរើន សាតិភិក្ខុកេវដ្តបុត្តនោះ កាលបើយើងខ្ញុំព្រះអង្គ បាននិយាយពន្យល់ ដាស់តឿន ក្រើនរំលឹក យ៉ាងនេះហើយ ក៏នៅតែចូលចិត្ត ប្រកាន់ទិដ្ឋិអាក្រក់នោះដដែល ហើយនិយាយប្រកែក តាមកំឡាំងថា ម្នាលអាវុសោទាំងឡាយ វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វីដទៃឡើយ យ៉ាងណា ខ្ញុំបានដឹងច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយ ក៏យ៉ាងនោះដែរ ដូច្នេះមែន បពិត្រព្រះអង្គដ៏ចំរើន កាលដែលយើងខ្ញុំព្រះអង្គ មិនអាចនឹងដោះសាតិភិក្ខុកេវដ្តបុត្ត ឲ្យរួចចាកទិដ្ឋិអាក្រក់នេះបានហើយ ទើបយើងខ្ញុំព្រះអង្គ យកសេចក្តីនេះ មកក្រាបបង្គំទូលព្រះមានព្រះភាគ។
[៨២] គ្រានោះ ព្រះមានព្រះភាគត្រាស់ហៅនូវភិក្ខុ១រូបមកថា ម្នាលភិក្ខុ ចូរអ្នកមកអាយ ចូរអ្នកទៅហៅនូវសាតិភិក្ខុកេវដ្តបុត្ត តាមពាក្យនៃតថាគតថា ម្នាលអាវុសោសាតិ ព្រះសាស្តា ទ្រង់ត្រាស់ហៅលោក។ ភិក្ខុនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ករុណាព្រះអង្គ ដូច្នេះហើយ ក៏ចូលទៅរកសាតិភិក្ខុកេវដ្តបុត្ត លុះចូលទៅដល់ហើយ បាននិយាយទៅនឹងសាតិភិក្ខុកេវដ្តបុត្ត ដូច្នេះថា ម្នាលអាវុសោសាតិ ព្រះសាស្តាត្រាស់ហៅលោក។ សាតិភិក្ខុកេវដ្តបុត្ត ទទួលពាក្យភិក្ខុនោះថា ករុណាអាវុសោ ដូច្នេះហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ កាលបើសាតិភិក្ខុកេវដ្តបុត្ត អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលសាតិ បានឮថា អ្នកមានទិដ្ឋិអាក្រក់កើតឡើងយ៉ាងនេះថា វិញ្ញាណនេះរមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វីដទៃឡើយ យ៉ាងណា ខ្ញុំបានដឹងច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយ ក៏យ៉ាងនោះដែរ ដូច្នេះមែនឬ។ សាតិភិក្ខុកេវដ្តបុត្ត ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជារបស់ដទៃឡើយ យ៉ាងណា ខ្ញុំព្រះអង្គ បានដឹងច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សំដែងហើយ ក៏យ៉ាងនោះដែរ ដូច្នេះមែន។ ព្រះអង្គត្រាស់សួរថា ម្នាលសាតិ វិញ្ញាណនោះ តើដូចម្តេច។ សាតិភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន សភាវៈណា ដែលនិយាយបាន អាចទទួលអារម្មណ៍បាន បុគ្គលរមែងសោយវិបាក នៃកម្មទាំងឡាយល្អ និងអាក្រក់ ព្រោះសភាវៈនោះ សភាវៈនោះ (ហៅថា វិញ្ញាណ)។ ព្រះអង្គត្រាស់ថា ម្នាលមោឃបុរស អ្នកដឹងច្បាស់នូវធម៌ ដែលតថាគតសំដែងហើយ យ៉ាងណា អំពីសំណាក់បុគ្គលណា ម្នាលមោឃបុរស ក្រែងតថាគត បានសំដែងហើយ ដោយអនេកបរិយាយថា វិញ្ញាណ កើតឡើងព្រោះអាស្រ័យបច្ច័យ បើវៀរចាកបច្ច័យហើយ ការកើតឡើងនៃវិញ្ញាណ ក៏មិនមានដូច្នោះទេឬ ម្នាលមោឃបុរស ហេតុដូចម្តេច ក៏បានជាអ្នក ពោលបង្កាច់តថាគត ដោយគំនិត ដែលខ្លួនប្រកាន់ខុសវិញ អ្នកឈ្មោះថា គាស់រំលើង នូវខ្លួនផង ឈ្មោះថា សោយនូវអកុសល ដ៏ច្រើនផង ម្នាលមោឃបុរស ព្រោះថា គំនិតដែលប្រកាន់ខុស របស់អ្នកនោះ នឹងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរអង្វែង។
[៨៣] គ្រានោះឯង ព្រះមានព្រះភាគត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច សាតិភិក្ខុកេវដ្តបុត្តនេះ ឈ្មោះថា ធ្វើឲ្យកក់ក្តៅ ក្នុងធម្មវិន័យនេះ បានឬទេ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ធ្វើដូចម្តេចនឹងបាន បពិត្រព្រះអង្គដ៏ចំរើន ហេតុនោះ មិនមែនដូច្នោះទេ។ កាលដែលពួកភិក្ខុនិយាយយ៉ាងនេះហើយ សាតិភិក្ខុកេវដ្តបុត្ត ក៏នៅស្ងៀម អៀនខ្មាស ឱនកចុះ សំយុងមុខចុះ អង្គុយសញ្ជប់សញ្ជឹង មិនមានប្រាជ្ញា។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបសាតិភិក្ខុកេវដ្តបុត្ត នៅស្ងៀម អៀនខ្មាស ឱនកចុះ សំយុងមុខចុះ អង្គុយសញ្ជប់សញ្ជឹង មិនមានប្រាជ្ញាហើយ ទើបត្រាស់សួរសាតិភិក្ខុកេវដ្តបុត្តថា ម្នាលមោឃបុរស អ្នកប្រាកដជានៅតែប្រកាន់ខ្ជាប់ ដោយទិដ្ឋិអាក្រក់ របស់ខ្លួននេះ តែម្យ៉ាងឬ តថាគត នឹងអាលសាកសួរពួកភិក្ខុ ដែលនៅក្នុងទីនេះ។ លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ សាតិភិក្ខុកេវដ្តបុត្តនេះ ពោលបង្កាច់តថាគត ដោយគំនិត ដែលខ្លួនប្រកាន់ខុសផង ឈ្មោះថា គាស់រំលើងនូវខ្លួនផង ឈ្មោះថា ទទួលនូវអកុសល ដ៏ច្រើនផង យ៉ាងណា ចំណែកអ្នកទាំងឡាយ នឹងយល់ច្បាស់នូវធម៌ ដែលតថាគត សំដែងហើយ យ៉ាងនោះដែរឬ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ មិនបានយល់ ដូច្នោះទេ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ បានសំដែងប្រោសយើងខ្ញុំព្រះអង្គ ដោយអនេកបរិយាយថា វិញ្ញាណកើតឡើង ព្រោះអាស្រ័យបច្ច័យ បើវៀរបច្ច័យហើយ ការកើតឡើង នៃវិញ្ញាណ ក៏មិនមាន។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពាក្យអ្នកទាំងឡាយនោះ ត្រូវពិតហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ច្បាស់នូវធម៌ ដែលតថាគតសំដែងហើយ យ៉ាងនេះ ជាការប្រពៃពិត ម្នាលភិក្ខុទាំងឡាយ ព្រោះតថាគត បានសំដែងហើយ ដោយអនេកបរិយាយថា វិញ្ញាណកើតឡើង ព្រោះអាស្រ័យបច្ច័យ បើវៀរចាកបច្ច័យហើយ ការកើតឡើងនៃវិញ្ញាណ ក៏មិនមាន បើដូច្នោះ សាតិភិក្ខុកេវដ្តបុត្តនេះ ពិតជាពោលបង្កាច់តថាគត ដោយគំនិត ដែលខ្លួនប្រកាន់ខុសផង ឈ្មោះថា គាស់រំលើងនូវខ្លួនផង ឈ្មោះថា ទទួលនូវអកុសលដ៏ច្រើនផង ព្រោះថា ការប្រកាន់ខុស របស់មោឃបុរសនោះ នឹងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរអង្វែង។
[៨៤] ម្នាលភិក្ខុទាំងឡាយ វិញ្ញាណកើតឡើង ព្រោះអាស្រ័យបច្ច័យណាៗ ក៏ដល់នូវកិរិយា រាប់តាមបច្ច័យនោះៗ ដូចវិញ្ញាណកើតឡើង ព្រោះអាស្រ័យភ្នែក និងរូប ដល់នូវកិរិយារាប់ថា ចក្ខុវិញ្ញាណ (ការដឹងដោយសារភ្នែក) វិញ្ញាណកើតឡើង ព្រោះអាស្រ័យត្រចៀក និងសំឡេង ដល់នូវកិរិយារាប់ថា សោតវិញ្ញាណ (ការដឹងដោយសារត្រចៀក) វិញ្ញាណកើតឡើង ព្រោះអាស្រ័យច្រមុះ និងក្លិន ដល់នូវកិរិយារាប់ថា ឃានវិញ្ញាណ (ការដឹងដោយសារច្រមុះ) វិញ្ញាណកើតឡើង ព្រោះអាស្រ័យអណ្តាត និងរស ដល់នូវកិរិយារាប់ថា ជីវ្ហាវិញ្ញាណ (ការដឹងដោយសារអណ្តាត) វិញ្ញាណកើតឡើង ព្រោះអាស្រ័យកាយ និងរបស់ដែលប៉ះនឹងកាយ ដល់នូវកិរិយារាប់ថា កាយវិញ្ញាណ (ការដឹងដោយសារកាយ) វិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ដល់នូវកិរិយារាប់ថា មនោវិញ្ញាណ (ការដឹងដោយសារចិត្ត)។ ម្នាលភិក្ខុទាំងឡាយ ដូចជាភ្លើងឆេះ អាស្រ័យនឹងវត្ថុណាៗ ក៏ដល់នូវកិរិយារាប់តាមវត្ថុនោះៗ ដូចជា ភ្លើងឆេះ ព្រោះអាស្រ័យឧស ដល់នូវកិរិយារាប់ថា ភ្លើងឧស ភ្លើងឆេះ ព្រោះអាស្រ័យប្រឆេះ ឬប៉ុយ ដល់នូវកិរិយារាប់ថា ភ្លើងប៉ុយ ភ្លើងឆេះ ព្រោះអាស្រ័យស្មៅ ដល់នូវកិរិយារាប់ថា ភ្លើងស្មៅ ភ្លើងឆេះ ព្រោះអាស្រ័យអាចម៍គោ ដល់នូវកិរិយារាប់ថា ភ្លើងអាចម៍គោ ភ្លើងឆេះ ព្រោះអាស្រ័យអង្កាម ដល់នូវកិរិយារាប់ថា ភ្លើងអង្កាម ភ្លើងឆេះ ព្រោះអាស្រ័យសម្រាម ដល់នូវកិរិយារាប់ថា ភ្លើងសម្រាម យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណកើតឡើង ព្រោះអាស្រ័យនឹងបច្ច័យណាៗ ក៏ដល់នូវកិរិយារាប់តាមបច្ច័យនោះៗ ដូចជាវិញ្ញាណកើតឡើង ព្រោះអាស្រ័យភ្នែក និងរូប ដល់នូវកិរិយារាប់ថា ចក្ខុវិញ្ញាណ វិញ្ញាណកើតឡើង ព្រោះអាស្រ័យត្រចៀក និងសំឡេង ដល់នូវកិរិយារាប់ថា សោតវិញ្ញាណ វិញ្ញាណកើតឡើង ព្រោះអាស្រ័យច្រមុះ និងក្លិន ដល់នូវកិរិយារាប់ថា ឃានវិញ្ញាណ វិញ្ញាណកើតឡើង ព្រោះអាស្រ័យអណ្តាត និងរស ដល់នូវកិរិយារាប់ថា ជិវ្ហាវិញ្ញាណ វិញ្ញាណកើតឡើង ព្រោះអាស្រ័យកាយ និងរបស់ ដែលប៉ះដោយកាយ ដល់នូវកិរិយារាប់ថា កាយវិញ្ញាណ វិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ដល់នូវកិរិយារាប់ថា ជាមនោវិញ្ញាណ យ៉ាងនោះដែរ។
[៨៥] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញនូវខន្ធបញ្ចកៈនេះ ដែលកើតឡើងហើយឬទេ។ ពួកភិក្ខុក្រាបទូលថា ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយឃើញថា ខន្ធបញ្ចកៈនោះ កើតឡើង ព្រោះតែអាហារ ដូច្នោះឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយឃើញថា ខន្ធបញ្ចកៈនោះ ដែលកើតឡើងហើយ រមែងរលត់ទៅវិញ ជាធម្មតា ព្រោះរលត់អាហារនោះ ដែរឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆា តែងកើតឡើង ព្រោះសេចក្តីសង្ស័យថា ខន្ធបញ្ចកៈនេះ កើតហើយ ឬមិនកើតទេ ដូច្នេះដែរឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆាកើតឡើង ព្រោះសេចក្តីសង្ស័យថា ខន្ធបញ្ចកៈ តែងកើតឡើយ ព្រោះអាហារនោះ ឬមិនមែនទេ ដូច្នេះដែរឬ។ ព្រះករុណាព្រះអង្គ។ វិចិកិច្ឆាកើតឡើង ព្រោះសេចក្តីសង្ស័យថា ខន្ធបញ្ចកៈ ដែលកើតហើយ រលត់ទៅវិញជាធម្មតា ព្រោះតែរលត់អាហារនោះ ឬមិនមែន ដូច្នេះឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលឃើញច្បាស់ ដោយបញ្ញាដ៏ប្រពៃ តាមពិតថា ខន្ធបញ្ចកៈនេះ កើតហើយដូច្នេះ បុគ្គលនោះ ឈ្មោះថា លះបង់វិចិកិច្ឆាបានឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលឃើញច្បាស់ ដោយបញ្ញាដ៏ប្រពៃ តាមពិតថា ខន្ធបញ្ចកៈ កើតឡើង ព្រោះអាហារនោះដូច្នេះ បុគ្គលនោះ ឈ្មោះថា លះបង់វិចិកិច្ឆាបានឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលឃើញច្បាស់ ដោយបញ្ញាដ៏ប្រពៃ តាមពិតថា ខន្ធបញ្ចកៈ ដែលកើតហើយ រមែងរលត់ទៅវិញជាធម្មតា ព្រោះរលត់អាហារនោះ ដូច្នេះ បុគ្គលនោះ ឈ្មោះថា លះបង់វិចិកិច្ឆាបានឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មិនមានវិចិកិច្ឆា ក្នុងខន្ធបញ្ចកៈនុ៎ះថា ខន្ធបញ្ចកៈនេះ កើតហើយ ដូច្នេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មិនមានវិចិកិច្ឆា ក្នុងខន្ធបញ្ចកៈនោះថា ខន្ធបញ្ចកៈនោះ កើតឡើង ព្រោះអាហារ ដូច្នេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មិនមានវិចិកិច្ឆា ក្នុងខន្ធបញ្ចកៈនុ៎ះថា ខន្ធបញ្ចកៈ ដែលកើតឡើង រមែងរលត់ទៅវិញជាធម្មតា ព្រោះរលត់អាហារនោះ ដូច្នេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ត្រូវដោយបញ្ញាដ៏ប្រពៃ តាមសេចក្តីពិតថា ខន្ធបញ្ចកៈនេះ កើតហើយ ដូច្នេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ឃើញត្រូវ ដោយបញ្ញាដ៏ល្អ តាមពិតថា ខន្ធបញ្ចកៈ កើតឡើង ព្រោះអាហារ ដូច្នេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ឃើញត្រូវ ដោយប្រាជ្ញាដ៏ប្រពៃ តាមសេចក្តីពិតថា ខន្ធបញ្ចកៈ ដែលកើតហើយ រមែងរលត់ទៅវិញជាធម្មតា ព្រោះរលត់អាហារនោះ ដូច្នេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ជាប់ចំពាក់ រីករាយ កួចកាន់ រាប់អានទិដ្ឋិ3) នេះថា បរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ដោយតណ្ហា និងទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ យល់ច្បាស់ នូវធម៌ មានឧបមាដូចជាផែ ដែលតថាគតសំដែងហើយ ដើម្បីប្រយោជន៍ នឹងរើខ្លួនចេញ (ចាកឱឃៈទាំង៤) មិនមែនដើម្បីប្រយោជន៍នឹងប្រកាន់ (ខន្ធបញ្ចកៈ) ខ្លះឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនជាប់ចំពាក់ មិនរីករាយ មិនកួចកាន់ មិនរាប់អានទិដ្ឋិនេះថា បរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ដោយអំណាចតណ្ហា និងទិដ្ឋិទេ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ យល់ច្បាស់ នូវធម៌ មានឧបមាដូចជាផែ ដែលតថាគត សំដែងហើយ ដើម្បីនឹងរើខ្លួនចេញ (ចាកឱឃៈទាំង៤) មិនមែនប្រយោជន៍ នឹងប្រកាន់ (ខន្ធបញ្ចកៈ) ខ្លះឬទេ។ ព្រះករុណាព្រះអង្គ។
[៨៦] ម្នាលភិក្ខុទាំងឡាយ អាហារដែលប្រព្រឹត្តទៅ ដើម្បីតាំងនៅមាំ របស់ពួកសត្វដែលកើតហើយផង ប្រព្រឹត្តទៅ ដើម្បីអនុគ្រោះ ដល់ពួកសត្វ ដែលកំពុងកើតផង នេះមាន៤ប្រការ។ អាហារទាំង៤ប្រការ តើដូចម្តេច។ គឺ កវឡិង្ការាហារ ដែលគ្រោតគ្រាត ឬល្អិតជាទី១ ផស្សាហារ ជាទី២ មនោសញ្ចេតនាហារ ជាទី៣ វិញ្ញាណាហារ ជាទី៤4) ម្នាលភិក្ខុទាំងឡាយ ចុះអាហារទាំង៤នេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត។ អាហារទាំង៤នេះ មានតណ្ហាជាហេតុ មានតណ្ហានាំឲ្យកើត មានតណ្ហាជាកំណើត មានតណ្ហាជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ ក៏តណ្ហានេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត។ តណ្ហា មានវេទនាជាហេតុ មានវេទនានាំឲ្យកើត មានវេទនាជាកំណើត មានវេទនាជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ ក៏វេទនានេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត។ វេទនា មានផស្សៈជាហេតុ មានផស្សៈនាំឲ្យកើត មានផស្សៈជាកំណើត មានផស្សៈជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ ក៏ផស្សៈនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត។ ផស្សៈ មានសឡាយតនៈជាហេតុ មានសឡាយតនៈនាំឲ្យកើត មានសឡាយតនៈជាកំណើត មានសឡាយតនៈជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ ក៏សឡាយតនៈនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត។ សឡាយតនៈ មាននាមរូបជាហេតុ មាននាមរូបនាំឲ្យកើត មាននាមរូបជាកំណើត មាននាមរូបជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ ក៏នាមរូបនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត។ នាមរូប មានវិញ្ញាណជាហេតុ មានវិញ្ញាណនាំឲ្យកើត មានវិញ្ញាណជាកំណើត មានវិញ្ញាណជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ ក៏វិញ្ញាណនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត។ វិញ្ញាណ មានសង្ខារជាហេតុ មានសង្ខារនាំឲ្យកើត មានសង្ខារជាកំណើត មានសង្ខារជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ ក៏សង្ខារទាំងឡាយនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើត។ សង្ខារទាំងឡាយ មានអវិជ្ជាជាហេតុ មានអវិជ្ជានាំឲ្យកើត មានអវិជ្ជាជាកំណើត មានអវិជ្ជាជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ សេចក្តីចាស់ស្លាប់ (កើតមាន) ព្រោះជាតិជាបច្ច័យ ការសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងការចង្អៀតចង្អល់ទាំងឡាយ ក៏កើតមានព្រម ឯកិរិយាកើតឡើងនៃកងទុក្ខទាំងអស់នេះ រមែងមានយ៉ាងនេះ ដូច្នេះឯង។5)
[៨៧] ពាក្យថា ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យ ដូច្នេះនេះ តថាគតសំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យ មិនមានក្នុងខន្ធបញ្ចកៈនោះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យដែរ។ ពាក្យថា ជាតិកើតមាន ព្រោះភពជាបច្ច័យ ដូច្នេះនេះ តថាគត បានសំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះជាតិកើតមាន ព្រោះភពជាបច្ច័យ មិនមានក្នុងខន្ធបញ្ចកៈនោះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ជាតិកើតមាន ព្រោះភពជាបច្ច័យមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា ជាតិកើតមាន ព្រោះភពជាបច្ច័យដែរ។ ពាក្យថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ដូច្នេះនេះ តថាគតសំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះភពកើតមាន ព្រោះឧបាទានជាបច្ច័យ មិនមានក្នុងខន្ធបញ្ចកៈនោះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ភពកើតមាន ព្រោះឧបាទានជាបច្ច័យមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យដែរ។ ពាក្យថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ដូច្នេះនេះ តថាគតបានសំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនោះ យ៉ាងនេះថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យដែរ។ ពាក្យថា តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ដូច្នេះនេះ តថាគតសំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យដែរ។ ពាក្យថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ ដូច្នេះនេះ តថាគតសំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះវេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យដែរ។ ពាក្យថា ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ ដូច្នេះនេះ តថាគតសំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យដែរ។ ពាក្យថា សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ដូច្នេះនេះ តថាគតសំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យដែរ។ ពាក្យថា នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ ដូច្នេះនេះ តថាគតបានសំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះនាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យដែរ។ ពាក្យថា វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ ដូច្នេះនេះ តថាគតបានសំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះវិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យដែរ។ ពាក្យថា សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ ដូច្នេះនេះ តថាគតសំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសង្ខារកើតមាន ព្រោះអិវជ្ជាជាបច្ច័យ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ ដូច្នេះមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យដែរ។
[៨៨] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពាក្យនុ៎ះត្រូវល្អណាស់ហើយ ម្នាលភិក្ខុទាំងឡាយ ពួកអ្នកក៏និយាយយ៉ាងនេះ តថាគត ក៏និយាយយ៉ាងនេះ ដូច្នេះដែរ កាលបើបច្ច័យ មានអវិជ្ជាជាដើមនេះកើតឡើងហើយ ផល មានសង្ខារជាដើមនេះ ក៏កើតឡើង ផល មានសង្ខារជាដើមនេះកើតឡើង ព្រោះកើតឡើងនៃបច្ច័យ មានអវិជ្ជាជាដើមនេះ ដ្បិតថា សង្ខារទាំងឡាយ កើតមាន ព្រោះតែអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ទាំងឡាយ ក៏កើតមាន ព្រោះជាតិជាបច្ច័យ កិរិយាកើតឡើង នៃកងទុក្ខទាំងអស់នេះ រមែងមានយ៉ាងនេះ ដូច្នេះឯង។ មួយទៀត សេចក្តីរលត់នៃសង្ខារ ព្រោះតែវិនាស និងរលត់មិនសល់នៃអវិជ្ជា សេចក្តីរលត់នៃវិញ្ញាណ ព្រោះរលត់សង្ខារ សេចក្តីរលត់ នៃនាមរូប ព្រោះរលត់វិញ្ញាណ សេចក្តីរលត់ នៃសឡាយតនៈ ព្រោះរលត់នាមរូប សេចក្តីរលត់នៃផស្សៈ ព្រោះរលត់សឡាយតនៈ សេចក្តីរលត់ នៃវេទនា ព្រោះរលត់ផស្សៈ សេចក្តីរលត់ នៃតណ្ហា ព្រោះរលត់វេទនា សេចក្តីរលត់នៃឧបាទាន ព្រោះរលត់តណ្ហា សេចក្តីរលត់នៃភព ព្រោះរលត់ឧបាទាន សេចក្តីរលត់នៃជាតិ ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ (រលត់) ព្រោះរលត់ជាតិ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ ក៏សឹងតែរលត់ទៅ សេចក្តីរលត់ នៃកងទុក្ខទាំងអស់នេះ រមែងមានយ៉ាងនេះ ដូច្នេះឯង។6)
[៨៩] ពាក្យថា សេចក្តីរលត់នៃជរាមរណៈ ព្រោះរលត់ជាតិដូច្នេះនេះ តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់ជរាមរណៈ ព្រោះរលត់ជាតិ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់នៃជរាមរណៈ ព្រោះរលត់ជាតិមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់នៃជរាមរណៈ ព្រោះរលត់ជាតិ។ ពាក្យថា សេចក្តីរលត់នៃជាតិ ព្រោះរលត់ភព ដូច្នេះនេះ តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់នៃជាតិ ព្រោះរលត់ភព មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់នៃជាតិ ព្រោះរលត់ភពមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់នៃជាតិ ព្រោះរលត់ភពដែរ។ ពាក្យថា សេចក្តីរលត់នៃភព ព្រោះរលត់ឧបាទាន ដូច្នេះនេះ តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់ភព ព្រោះរលត់ឧបាទាន មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់ភព ព្រោះរលត់ឧបាទានមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់ភព ព្រោះរលត់ឧបាទានដែរ។ ពាក្យថា សេចក្តីរលត់ឧបាទាន ព្រោះរលត់តណ្ហា ដូច្នេះនេះ តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់ឧបាទាន ព្រោះរលត់តណ្ហា មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់ឧបាទាន ព្រោះរលត់តណ្ហាមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់ឧបាទាន ព្រោះរលត់តណ្ហាដែរ។ ពាក្យថា សេចក្តីរលត់តណ្ហា ព្រោះរលត់វេទនា ដូច្នេះនេះ តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់តណ្ហា ព្រោះរលត់វេទនា មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់តណ្ហា ព្រោះរលត់វេទនា ដូច្នេះមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់តណ្ហា ព្រោះរលត់វេទនាដែរ។ ពាក្យថា សេចក្តីរលត់វេទនា ព្រោះរលត់ផស្សៈ ដូច្នេះនេះ តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់វេទនា ព្រោះរលត់ផស្សៈ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់វេទនា ព្រោះរលត់ផស្សៈមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់វេទនា ព្រោះរលត់ផស្សៈដែរ។ ពាក្យថា សេចក្តីរលត់ផស្សៈ ព្រោះរលត់សឡាយតនៈ ដូច្នេះនេះ តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់ផស្សៈ ព្រោះរលត់សឡាយតនៈ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់ផស្សៈ ព្រោះរលត់សឡាយតនៈមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់ផស្សៈ ព្រោះរលត់សឡាយតនៈដែរ។ ពាក្យថា សេចក្តីរលត់សឡាយតនៈ ព្រោះរលត់នាមរូប ដូច្នេះនេះ តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់សឡាយតនៈ ព្រោះរលត់នាមរូប មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់សឡាយតនៈ ព្រោះរលត់នាមរូបមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់សឡាយតនៈ ព្រោះរលត់នាមរូបដែរ។ ពាក្យថា សេចក្តីរលត់នាមរូប ព្រោះរលត់វិញ្ញាណ ដូច្នេះនេះ តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់នាមរូប ព្រោះរលត់វិញ្ញាណ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់នាមរូប ព្រោះរលត់វិញ្ញាណមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់នាមរូប ព្រោះរលត់វិញ្ញាណដែរ។ ពាក្យថា សេចក្តីរលត់វិញ្ញាណ ព្រោះរលត់សង្ខារ ដូច្នេះនេះ តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់វិញ្ញាណ ព្រោះរលត់សង្ខារ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់វិញ្ញាណ ព្រោះរលត់សង្ខារមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់វិញ្ញាណ ព្រោះរលត់សង្ខារដែរ។ ពាក្យថា សេចក្តីរលត់សង្ខារ ព្រោះរលត់អវិជ្ជា ដូច្នេះនេះ តថាគត សំដែងហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់សង្ខារ ព្រោះរលត់អវិជ្ចា មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីរលត់សង្ខារ ព្រោះរលត់អវិជ្ជាមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់សង្ខារ ព្រោះរលត់អវិជ្ជាដែរ។
[៩០] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពាក្យដែលអ្នកទាំងឡាយនិយាយនុ៎ះ ត្រូវល្អណាស់ហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ក៏និយាយយ៉ាងនេះ តថាគត ក៏និយាយយ៉ាងនេះ ដូច្នេះដែរ កាលបើបច្ច័យ មានអវិជ្ជាជាដើមនេះ មិនមានហើយ ផល មានសង្ខារជាដើមនេះ ក៏មិនមាន ផល មានសង្ខារជាដើមនេះ តែងរលត់ទៅ មិនសល់ ព្រោះរលត់នៃបច្ច័យ មានអវិជ្ជាជាដើមនេះ ដ្បិតថា សេចក្តីរលត់នៃសង្ខារ ព្រោះរលត់អវិជ្ជា សេចក្តីរលត់នៃវិញ្ញាណ ព្រោះរលត់សង្ខារ សេចក្តីរលត់នៃនាមរូប ព្រោះរលត់វិញ្ញាណ សេចក្តីរលត់នៃសឡាយតនៈ ព្រោះរលត់នាមរូប សេចក្តីរលត់នៃផស្សៈ ព្រោះរលត់សឡាយតនៈ សេចក្តីរលត់នៃវេទនា ព្រោះរលត់ផស្សៈ សេចក្តីរលត់នៃតណ្ហា ព្រោះរលត់វេទនា សេចក្តីរលត់នៃឧបាទាន ព្រោះរលត់តណ្ហា សេចក្តីរលត់ភព ព្រោះរលត់ឧបាទាន សេចក្តីរលត់ជាតិ ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ (រលត់) ព្រោះរលត់ជាតិ ការយំ សោក ខ្សឹកខ្សួល ការលំបាកកាយ ការលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ទាំងឡាយ ក៏សឹងតែរលត់ទៅ មិនសល់ សេចក្តីរលត់នៃកងទុក្ខទាំងអស់នេះ រមែងមានយ៉ាងនេះឯង។
[៩១] ម្នាលភិក្ខុទាំងឡាយ ចុះកាលបើអ្នកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ នឹងស្រាវជ្រាវនូវខន្ធ ធាតុ អាយតនៈ ជាចំណែកខាងដើម គឺអតីតកាលថា ក្នុងកាលកន្លងទៅហើយ យើងធ្លាប់បានកើតឬហ្ន៎ ឬក្នុងកាលកន្លងទៅ យើងមិនធ្លាប់កើតទេ ក្នុងកាលកន្លងទៅហើយ យើងបានកើតជាជាតិអ្វីហ្ន៎ ក្នុងកាលកន្លងទៅហើយ យើងបានកើតជាមនុស្ស មានទ្រង់ទ្រាយដូចម្តេច ក្នុងកាលកន្លងទៅហើយ យើងកើតជាជាតិអ្វី បានជាអ្វី ដូច្នេះ បានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនោះ យើងខ្ញុំព្រះអង្គ ស្រាវជ្រាវរកមិនឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ចុះកាលបើអ្នកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ នឹងស្រាវជ្រាវរក ខន្ធ ធាតុ អាយតនៈ ជាចំណែកខាងមុខ គឺអនាគតកាលថា ក្នុងកាលជាអនាគត យើងនឹងកើតឬហ្ន៎ ក្នុងកាលជាអនាគត យើងមិនកើតទៀតទេ ក្នុងកាលជាអនាគត យើងនឹងកើតជាអ្វីហ្ន៎ ក្នុងកាលជាអនាគត យើងនឹងកើតជាមនុស្ស មានទ្រង់ទ្រាយ ដូចម្តេចហ្ន៎ ក្នុងកាលជាអនាគត យើងនឹងកើតជាជាតិអ្វី បានជាអ្វី ដូច្នេះ បានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនោះ យើងខ្ញុំព្រះអង្គ ស្រាវជ្រាវរកមិនឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ចុះបើអ្នកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ គប្បីសង្ស័យ ចំពោះខន្ធ ធាតុ អាយតនៈ ជាចំណែកខាងក្នុង ប្រារព្ធ នូវកាលជាបច្ចុប្បន្ន ក្នុងកាលឥឡូវនេះថា អាត្មាអញ កើតទៀត ឬមិនកើតទេ អាត្មាអញ កើតជាជាតិអ្វីហ្ន៎ អាត្មាអញ កើតជាមនុស្ស មានទ្រង់ទ្រាយដូចម្តេច សត្វនេះ មកអំពីទីណា សត្វនោះ នឹងទៅកើត ក្នុងទីណាវិញ ដូច្នេះដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនោះ យើងខ្ញុំព្រះអង្គ មិនបានសង្ស័យ ដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ គប្បីនិយាយយ៉ាងនេះថា ព្រះសាស្តាជាគ្រូយើង យើងត្រូវនិយាយយ៉ាងនេះ ដោយសេចក្តីគោរព ចំពោះព្រះសាស្តា ដូច្នេះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ យើងខ្ញុំព្រះអង្គ មិនដែលនិយាយទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ គប្បីនិយាយ យ៉ាងនេះថា សមណៈ គឺព្រះពុទ្ធ និយាយយ៉ាងនេះ ចំណែកយើងទាំងឡាយ ជាសមណៈដែរ មិនត្រូវនិយាយយ៉ាងនេះ ដូច្នេះដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនោះ យើងខ្ញុំព្រះអង្គ មិនដែលនិយាយទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ គប្បីឧទ្ទិស ចំពោះសាស្តាឯទៀត ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ មិនបានឧទ្ទិសទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ គប្បីប្រកាន់ នូវវត្តសមាទាន សេចក្តីភ្ញាក់ផ្អើល ដោយទិដ្ឋិ និងទិដ្ឋិមង្គល សុតមង្គល មុតមង្គល ជារបស់ពួកតិត្ថិយសមណៈ និងព្រាហ្មណសមណៈ ជាច្រើនដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ មិនបានប្រកាន់ទេ។ ម្នាលភិក្ខុទាំងឡាយ ហេតុណាមួយ ដែលអ្នកទាំងឡាយ ស្គាល់ខ្លួនឯង ឃើញខ្លួនឯង ដឹងច្បាស់ខ្លួនឯង អ្នកទាំងឡាយ គប្បីនិយាយហេតុនោះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ និយាយដែរ។ ម្នាលភិក្ខុទាំងឡាយ ពាក្យដែលអ្នកទាំងឡាយនិយាយនោះ ត្រូវល្អណាស់ហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ដែលតថាគត នាំចូលទៅ (កាន់ព្រះនិព្វាន) ដោយធម៌ ដែលគួរឃើញច្បាស់ខ្លួនឯង ជាធម៌មិនរង់ចាំកាល ជាធម៌មានអាការ ដូចជាហៅបុគ្គល មកចង្អុលប្រាប់ ជាធម៌ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងច្បាស់ ក្នុងចិត្តរបស់ខ្លួន ម្នាលភិក្ខុទាំងឡាយ ធម៌នេះ ជាធម៌គួរឃើញច្បាស់ខ្លួនឯង ជាធម៌មិនរង់ចាំកាល ជាធម៌មានអាការដូចជាហៅបុគ្គលមកប្រាប់ ជាធម៌ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងច្បាស់ ក្នុងចិត្តរបស់ខ្លួន ហេតុដូច្នោះ បានជាតថាគត ពោលសំដៅត្រង់ហេតុ ដែលអ្នកទាំងឡាយដឹងច្បាស់ ដោយខ្លួនឯងនោះ។
[៩២] ម្នាលភិក្ខុទាំងឡាយ កិរិយាចុះចាប់បដិសន្ធិរបស់សត្វ ដែលកើតក្នុងផ្ទៃ ព្រោះប្រជុំហេតុ៣ប្រការ។ ក្នុងសត្វលោកនេះ មាតាបិតាមកប្រជុំគ្នាហើយ តែមាតាជាស្រីមិនមានរដូវផង សត្វដែលគួរកើតក្នុងផ្ទៃនោះ ក៏មិនមានប្រាកដ ក្នុងឱកាសនោះផង កិរិយាចុះចាប់បដិសន្ធិរបស់សត្វ ដែលកើតក្នុងផ្ទៃ ក៏មិនទាន់មាននៅឡើយ។ ក្នុងសត្វលោកនេះ មាតាបិតាមកប្រជុំគ្នាហើយផង មាតាជាស្រីមានរដូវផង តែសត្វដែលគួរកើត ក៏មិនមានប្រាកដ ក្នុងឱកាសនោះ កិរិយាចុះចាប់បដិសន្ធិ របស់សត្វ ដែលកើតក្នុងផ្ទៃ ក៏មិនទាន់មាននៅឡើយ។ ម្នាលភិក្ខុទាំងឡាយ លុះតែកាលណា មាតាបិតាមកប្រជុំគ្នាផង មាតាជាស្រីមានរដូវផង សត្វដែលគួរកើត ក៏មានប្រាកដ ក្នុងឱកាសនោះផង លុះប្រជុំហេតុទាំង៣ប្រការនេះឯង ទើបសត្វចុះចាប់បដិសន្ធិ ក្នុងផ្ទៃនៃមាតាបាន។ ម្នាលភិក្ខុទាំងឡាយ មាតាពគភ៌នោះ ដោយផ្ទៃ អស់ខែ៩ ឬខែ១០ ដោយសេចក្តីសង្ស័យ (ក្នុងជីវិត7) ) ជាច្រើន ម្នាលភិក្ខុទាំងឡាយ លុះកន្លងខែ៩ ឬខែ១០ទៅ មាតាក៏ប្រសូតគភ៌នោះ ដូចជាភារៈធ្ងន់ ដោយសេចក្តីសង្ស័យជាច្រើន កាលបើគភ៌ ដូចជាភារៈធ្ងន់នោះ ប្រសូតរួចហើយ ក៏ចិញ្ចឹមដោយឈាម (គឺទឹកដោះ) របស់ខ្លួន។
[៩៣] ម្នាលភិក្ខុទាំងឡាយ ទឹកដោះរបស់មាតាណា ដែលតថាគតពោលហើយ ក្នុងអរិយវិន័យ ទឹកដោះនុ៎ះ គឺឈាមហ្នឹងឯង។ ម្នាលភិក្ខុទាំងឡាយ កុមារនោះឯង អាស្រ័យនូវការចំរើនធំឡើង អាស្រ័យនូវកិរិយាចាស់ នៃឥន្ទ្រិយទាំងឡាយ (គឺចាស់ខែឆ្នាំ) ក៏លេងនូវល្បែងទាំងឡាយ ជាមួយនឹងពួកកុមារ គឺលេងកូននង្គ័ល ហ៊ឹង ដាំដូង កង្ហារ វាល់ដីខ្សាច់ កូនរទេះ កូនធ្នូ។ ម្នាលភិក្ខុទាំងឡាយ កុមារនោះឯង អាស្រ័យនូវសេចក្តីចំរើនធំឡើង អាស្រ័យនូវកិរិយាចាស់ នៃឥន្ទ្រិយទាំងឡាយ ហើយក៏ឆ្អែតស្កប់ស្កល់ រីករាយ សប្បាយ ត្រេកត្រអាល ដោយកាមគុណទាំង៥ គឺរូប ដែលគប្បីស្គាល់ដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរឲ្យកើតតម្រេក និងគួរឲ្យស្រឡាញ់ សំឡេងដែលគប្បីដឹងដោយត្រចៀក… ក្លិនដែលគប្បីដឹងដោយច្រមុះ… រសដែលគប្បីដឹងដោយអណ្តាត… ផោដ្ឋព្វៈដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរឲ្យកើតតម្រេក និងគួរឲ្យស្រឡាញ់។ កុមារនោះ ឃើញរូបដោយភ្នែក ក៏កើតតម្រេកក្នុងរូប ដែលគួរស្រឡាញ់ កើតបដិបក្ខ ក្នុងរូបដែលគួរស្អប់ មានសតិក្នុងកាយ មិនបានតាំងមាំ មានចិត្តរំភើប (ចិត្តជាអកុសល)ផង ធម៌ទាំងឡាយ ជាអកុសលដ៏លាមក របស់កុមារនោះ រមែងរលត់ទៅមិនសល់ ក្នុងផលសមាបត្តិណា ក៏មិនបានដឹងច្បាស់ នូវផលសមាបត្តិ គឺចេតោវិមុត្តិ បញ្ញាវិមុត្តិនោះ តាមសេចក្តីពិតផង។ កុមារនោះ ដល់ព្រមដោយតម្រេក និងសេចក្តីក្រេវក្រោធ យ៉ាងនេះហើយ រមែងសោយ នូវវេទនាណាមួយ ជាសុខ ឬទុក្ខ ឬមិនទុក្ខមិនសុខ។ កុមារនោះ តែងត្រេកអរ និយាយសរសើរ ប្រកាន់វេទនានោះ (ដោយអំណាចតណ្ហា)។ កាលបើកុមារនោះ ត្រេកអរ និយាយសរសើរ ប្រកាន់វេទនានោះហើយ ក៏កើតទៅជាតម្រេក កាលបើតម្រេក ក្នុងវេទនាទាំងឡាយមានហើយ ឧបាទានក៏កើតឡើងដល់កុមារនោះ ព្រោះតម្រេកនោះ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ សេចក្តីចាស់ស្លាប់កើតមាន ព្រោះជាតិជាបច្ច័យ ការសោកខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ ក៏កើតមានព្រម កិរិយាកើតឡើង នៃកងទុក្ខទាំងអស់នេះ រមែងមានដោយហេតុ យ៉ាងនេះឯង។ កុមារនោះ ឮសំឡេងដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវនូវផោដ្ឋព្វៈដោយកាយ… ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តហើយ ក៏កើតតម្រេកក្នុងធម្មារម្មណ៍ ដែលគួរស្រឡាញ់ កើតបដិឃៈ ក្នុងធម្មារម្មណ៍ ដែលគួរស្អប់ផង សតិក្នុងកាយមិនតាំងខ្ជាប់ មានចិត្តជាអកុសលផង ធម៌ទាំងឡាយ ជាអកុសលដ៏លាមក របស់កុមារនោះ រមែងរលត់ទៅមិនសល់ ក្នុងផលសមាបត្តិណា ក៏មិនបានដឹងច្បាស់ នូវផលសមាបត្តិ គឺចេតោវិមុត្តិ បញ្ញាវិមុត្តិនេះ តាមសេចក្តីពិតផង។ កុមារនោះ ដល់ព្រមដោយតម្រេក និងសេចក្តីក្រេវក្រោធ យ៉ាងនេះហើយ រមែងទទួលនូវវេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខមិនសុខ។ កុមារនោះ តែងត្រេកអរ និយាយសរសើរប្រកាន់វេទនានោះ។ កាលកុមារនោះ ត្រេកអរនិយាយសរសើរ ប្រកាន់វេទនានោះហើយ តម្រេកក៏កើតឡើង កាលបើតម្រេក ក្នុងវេទនាទាំងឡាយ មានហើយ ឧបាទានក៏កើតឡើង ដល់កុមារនោះ ព្រោះតម្រេកនោះ ភពកើតមាន ព្រោះឧបាទាន ជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ សេចក្តីចាស់ ស្លាប់ (កើតមាន) ព្រោះជាតិជាបច្ច័យ ការសោក ការខ្សឹកខ្សួល ការលំបាកកាយ ការលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏កើតព្រម កិរិយាកើតឡើងនៃកងទុក្ខទាំងអស់នេះ រមែងមានដោយប្រការដូច្នេះឯង។
[៩៤] ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អទៅកាន់ព្រះនិព្វាន ជ្រាបច្បាស់នូវត្រៃលោក ជាបុគ្គលប្រសើរបំផុត ជាសារថីទូន្មាននូវបុរស ជាគ្រូនៃពួកទេវតា និងមនុស្ស ទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ចធម៌ លែងត្រឡប់មកកាន់ត្រៃភពហើយ ព្រះអង្គកើតឡើងក្នុងលោកនេះ ទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាចំពោះព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ព្រះអង្គសំដែងធម៌ មានលំអបទដើម មានលំអបទកណ្តាល និងបទចុង ប្រកាសនូវព្រហ្មចរិយៈ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌គ្រប់ទាំងអស់។ គហបតីក្តី កូនរបស់គហបតីក្តី មហាជនដែលកើតខាងក្រោយ ក្នុងត្រកូលណាមួយក្តី រមែងស្តាប់ធម៌នោះ។ លុះគហបតីជាដើមនោះ ស្តាប់ធម៌នោះហើយ ក៏បាននូវសទ្ធា (សេចក្តីជឿ) ក្នុងតថាគត។ លុះគហបតីជាដើមនោះ ប្រកបដោយការបាននូវសទ្ធានោះហើយ ក៏ពិចារណាដូច្នេះថា ឃរាវាសចង្អៀតចង្អល់ណាស់ ជាផ្លូវហូរមកនៃធូលី គឺកិលេស ឯបព្វជ្ជាមានពេលឱកាសច្រើន កាលបើអាត្មាអញ នៅគ្រប់គ្រងផ្ទះនេះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ដោយចំណែកមួយ ឲ្យបរិសុទ្ធដោយចំណែកមួយ ឲ្យស្អាតដូចជាស័ង្ខ ដែលគេខាត់បានឡើយ បើដូច្នោះ មានតែអាត្មាអញ កោរសក់ពុកមាត់ពុកចង្កា ស្លៀកសំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ លុះចំណែរមកខាងក្រោយ គហបតីជាដើមនោះ លះបង់នូវគំនរភោគសម្ប័ទតិចក្តី លះបង់នូវគំនរភោគសម្ប័ទច្រើនក្តី លះបង់នូវញាតិវង្សតិចក្តី លះបង់នូវញាតិវង្សច្រើនក្តី ហើយកោរសក់ពុកមាត់ ពុកចង្កា ស្លៀកសំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។
[៩៥] កាលគហបតីជាដើមនោះ បួសយ៉ាងនេះហើយ ក៏បរិបូណ៌ដោយសិក្ខា និងសាជីវៈ សម្រាប់ភិក្ខុទាំងឡាយ លះបង់នូវបាណាតិបាត ជាអ្នកវៀរស្រឡះចាកបាណាតិបាត មានអាជ្ញាដាក់ចុះ មានសស្ត្រាវុធដាក់ចុះ ជាអ្នកមានសេចក្តីខ្មាស មានសេចក្តីអាណិតអាសូរ អនុគ្រោះដោយប្រយោជន៍ ចំពោះពួកសត្វ ដែលមានជីវិតទាំងអស់។ ជាអ្នកលះបង់នូវអទិន្នាទាន វៀរស្រឡះចាកអទិន្នាទាន កាន់យកតែវត្ថុដែលគេឲ្យ ប្រាថ្នាតែរបស់ដែលគេឲ្យ មិនជាចោរ ជាអ្នកមានខ្លួនស្អាត។ ជាអ្នកលះបង់នូវអព្រហ្មចរិយៈ (ធម៌មិនប្រសើរ) ប្រព្រឹត្តតែធម៌ដ៏ប្រសើរ វៀរឆ្ងាយ វៀរស្រឡះ ចាកមេថុន ដែលជាធម៌របស់អ្នកស្រុក។ ជាអ្នកលះបង់នូវមុសាវាទ វៀរស្រឡះចាកមុសាវាទ ជាអ្នកពោលពាក្យពិត តនូវពាក្យពិត ពោលតែពាក្យទៀងទាត់ និងពាក្យដែលគួរឲ្យជឿ ជាអ្នកមិនពោលបំភ្លាត់សត្វលោក។ ជាអ្នកលះបង់នូវបិសុណវាចា វៀរស្រឡះចាកបិសុណវាចា គឺឮពាក្យអំពីសំណាក់ជននេះ ហើយមិនប្រាប់ជនឯណោះ ដើម្បីបំបែកជនទាំងពីរនេះឡើយ ឬឮពាក្យអំពីសំណាក់ជនឯណោះហើយ មិនប្រាប់ដល់ជននេះ ដើម្បីបំបែកពួកជនឯណោះឡើយ ជាអ្នកសង្រួបសង្រួមពួកជន ដែលបែកគ្នាហើយផង ជាអ្នកបន្ថែមកំឡាំងឲ្យពួកជន ដែលព្រមព្រៀងគ្នាស្រាប់ហើយផង ជាអ្នកត្រេកអរក្នុងសេចក្តីព្រមព្រៀង ពេញចិត្តក្នុងសេចក្តីព្រមព្រៀង រីករាយ ក្នុងសេចក្តីព្រមព្រៀង ពោលតែវាចា ដែលធ្វើឲ្យកើតសេចក្តីព្រមព្រៀង។ ជាអ្នកលះបង់ នូវផរុសវាចា វៀរស្រឡះចាកផរុសវាចា បើវាចាណាឥតទោស សុខដល់ត្រចៀក គួរឲ្យស្រឡាញ់ គួរឲ្យតំកល់ទុកក្នុងហឫទ័យ ជាវាចាអ្នកក្រុង ជាទីត្រេកអរដល់ជនច្រើន ជាទីពេញចិត្តដល់ជនច្រើន ជាអ្នកពោលតែវាចាមានសភាពដូច្នោះ។ ជាអ្នកលះបង់នូវសម្ផប្បលាបៈ វៀរស្រឡះចាកសម្ផប្បលាបៈ ជាអ្នកនិយាយតាមកាលគួរ និយាយពាក្យមែន និយាយពាក្យមានប្រយោជន៍ និយាយធម៌ និយាយវិន័យ និយាយវាចា ដែលគួរឲ្យអ្នកផងយកទុកក្នុងហឫទ័យ ជាពាក្យប្រកបដោយទីអាងតាមកាល ជាវាចាមានទីបំផុត និងប្រកបដោយប្រយោជន៍។ ជាអ្នកវៀរស្រឡះចាកកិរិយាផ្តិលផ្តាច់ នូវពីជគាម និងភូតគាម។ ជាអ្នកបរិភោគភត្តតែ១ពេល ជាអ្នកវៀរចាកការបរិភោគ ក្នុងវេលាយប់ វៀរស្រឡះចាកកិរិយាបរិភោគ ក្នុងវេលាវិកាល។ ជាអ្នកវៀរស្រឡះចាកការរាំច្រៀង ប្រគំទាំងមើលនូវល្បែង ដែលជាសត្រូវដល់កុសលធម៌។ ជាអ្នកវៀរស្រឡះ ចាកហេតុជាទីតាំងនៃកិរិយាទ្រទ្រង់ ប្រដាប់តាក់តែង ស្អិតស្អាង (រាងកាយ) ដោយផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។ ជាអ្នកវៀរស្រឡះចាកអាសនៈខ្ពស់ និងអាសនៈដ៏ប្រសើរ។ ជាអ្នកវៀរស្រឡះ ចាកកិរិយាទទួលនូវប្រាក់ និងមាស ជាអ្នកវៀរស្រឡះចាកកិរិយាទទួលនូវធញ្ញជាតិឆៅ។ ជាអ្នកវៀរស្រឡះ ចាកកិរិយាទទួលនូវសាច់ឆៅ។ ជាអ្នកវៀរស្រឡះចាកកិរិយាទទួលនូវស្រី និងក្មេងស្រី។ ជាអ្នកវៀរស្រឡះ ចាកកិរិយាទទួលនូវខ្ញុំស្រី និងខ្ញុំប្រុស។ ជាអ្នកវៀរស្រឡះចាកកិរិយាទទួលនូវស្រែ និងចំការ។ ជាអ្នកវៀរស្រឡះចាកកិរិយាទទួលនូវពពែ និងចៀម។ ជាអ្នកវៀរស្រឡះ ចាកកិរិយាទទួលនូវមាន់ និងជ្រូក។ ជាអ្នកវៀរស្រឡះ ចាកកិរិយាទទួលនូវដំរី គោ សេះ និងលា។ ជាអ្នកវៀរស្រឡះចាកកិរិយាប្រកបក្នុងកិច្ចជាទូតនាំដំណឹងទៅមក។ ជាអ្នកវៀរស្រឡះចាកការលក់ដូរ។ ជាអ្នកវៀរស្រឡះ ចាកការបំបាត់ដោយជញ្ជីង ទាំងបន្លំភាជន៍ ដែលមិនមែនមាស ថាជាមាស និងបំបាត់ដោយរង្វាស់ និងរង្វាល់។ ជាអ្នកវៀរស្រឡះចាកកិរិយាបង្កាច់ បោកប្រាស និងប្រកបក្នុងការបន្លំ ដោយរបស់ក្លែង។ ជាអ្នកវៀរស្រឡះចាកកិរិយាកាត់នូវអវយវៈ សម្លាប់ចាប់ចង ធ្វើឲ្យវង្វេងផ្លូវ ប្លន់ធំ កំហែងយកទ្រព្យ។ ភិក្ខុនោះជាអ្នកសន្តោស ដោយចីវរ ជាគ្រឿងរក្សាកាយ ដោយបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ បើដើរចេញទៅទីណាៗ ក៏កាន់យក (បរិក្ខារទាំងអស់) ដើរចេញទៅ។ ដូចជាសត្វស្លាប ដែលហើរទៅទីណាៗ ក៏ហើរទៅល្មមតែកំឡាំងស្លាបវា យ៉ាងណាមិញ ភិក្ខុជាអ្នកសន្តោសដោយចីវរ ជាគ្រឿងរក្សាកាយ ដោយបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ បើដើរចេញទៅទីណាៗ ក៏កាន់យក (បរិក្ខារទាំងអស់) ដើរទៅដូច្នោះដែរ។ ភិក្ខុនោះប្រកបដោយសីលក្ខន្ធដ៏ប្រសើរនេះ ហើយទទួលចំពោះនូវសុខ ដែលមិនប្រកបដោយទោសក្នុងសន្តាន។ ភិក្ខុនោះឃើញរូបដោយភ្នែកហើយ ក៏មិនកួចកាន់នូវនិមិត្ត មិនកួចកាន់នូវអនុព្យញ្ជនៈឡើយ (មួយទៀត) ធម៌ទាំងឡាយ ជាអកុសលដ៏លាមក គឺអភិជ្ឈា និងទោមនស្ស រមែងជាប់តាមនូវភិក្ខុ ព្រោះហេតុមិនសង្រួមឥន្ទ្រិយ គឺចក្ខុណា ភិក្ខុនោះក៏ប្រតិបត្តិ ដើម្បីសង្រួមឥន្ទ្រិយ គឺចក្ខុនោះ រក្សានូវឥន្ទ្រិយគឺចក្ខុ ដល់នូវសេចក្តីសង្រួមក្នុងឥន្ទ្រិយគឺចក្ខុ។ ភិក្ខុនោះឮសំឡេងដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវផោដ្ឋព្វៈដោយកាយ… ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ហើយក៏មិនកួចកាន់នូវនិមិត្ត មិនកួចកាន់ នូវអនុព្យញ្ជនៈឡើយ (មួយទៀត) ធម៌ទាំងឡាយ ជាអកុសលដ៏លាមក គឺអភិជ្ឈា និងទោមនស្ស រមែងជាប់តាមនូវភិក្ខុ ព្រោះហេតុមិនសង្រួមឥន្ទ្រិយ គឺចិត្តណា ភិក្ខុនោះប្រតិបត្តិ ដើម្បីសង្រួមនូវឥន្ទ្រិយ គឺចិត្តនោះ រក្សានូវឥន្ទ្រិយគឺចិត្ត ដល់នូវសេចក្តីសង្រួម ក្នុងឥន្ទ្រិយគឺចិត្ត។ ភិក្ខុនោះ ប្រកបដោយឥន្ទ្រិយសំវរៈ ដ៏ប្រសើរនេះ ក៏ទទួលចំពោះនូវសេចក្តីសុខ ដែលមិនច្រឡំដោយកិលេសក្នុងសន្តាន។ ភិក្ខុនោះធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការឈានទៅមុខ និងការឈានថយក្រោយ ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាក្រឡេកមើលទៅមុខ និងក្រឡេកមើលមកខាងក្រោយ ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាបត់អវយវៈ និងលាតនូវអវយវៈ ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាទ្រទ្រង់សង្ឃាដិ បាត្រ ចីវរ ជាអ្នកធ្វើសេចក្តីដឹងខ្លួន ក្នុងការស៊ី ផឹក ទំពា ទទួលរស ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាបន្ទោបង់ឧច្ចារៈ និងបស្សាវៈ ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើងវិញ និយាយ ស្ងៀម។
[៩៦] ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធដ៏ប្រសើរនេះផង ប្រកបដោយឥន្ទ្រិយសំវរៈ ដ៏ប្រសើរនេះផង ប្រកបដោយសតិ និងសម្បជញ្ញៈដ៏ប្រសើរនេះផង ហើយចូលចិត្តសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ញក ឬច្រកភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល និងគំនរចម្បើង។ ភិក្ខុនោះ ត្រឡប់មកអំពីបិណ្ឌបាតវិញ វេលាក្រោយភត្ត ក៏អង្គុយពែនភ្នែន តម្រង់កាយឲ្យត្រង់ តាំងស្មារតីឆ្ពោះមុខទៅរកកម្មដ្ឋាន។ ភិក្ខុនោះ លះបង់នូវអភិជ្ឈា ក្នុងលោកចេញ មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្តចាកអភិជ្ឈា។ លះបង់នូវព្យាបាទ និងសេចក្តីប្រទូស្តចេញ មានចិត្តមិនព្យាបាទ អនុគ្រោះដោយប្រយោជន៍ ចំពោះពួកសត្វមានជីវិតទាំងអស់ ជម្រះចិត្តចាកព្យាបាទ និងសេចក្តីប្រទូស្ត។ លះបង់នូវថីនមិទ្ធៈចេញ ជាអ្នកប្រាសចាកថីនមិទ្ធៈ បាននូវអលោកសញ្ញា គឺសេចក្តីភ្លឺស្វាង មានសតិ និងសម្បជញ្ញៈ ជម្រះចិត្តចាកថីនមិទ្ធៈ។ លះបង់នូវឧទ្ធច្ចកុក្កុច្ចៈចេញ ជាអ្នកមានចិត្តមិនរាយមាយ មានចិត្តស្ងប់រម្ងាប់ក្នុងសន្តាន ជម្រះចិត្តចាកឧទ្ធច្ចកុក្កុច្ចៈ។ លះបង់នូវវិចិកិច្ឆា ជាអ្នកឆ្លងចាកសេចក្តីសង្ស័យ មិនងឿងឆ្ងល់ក្នុងធម៌ទាំងឡាយជាកុសល ជម្រះចិត្តចាកវិចិកិច្ឆា។
[៩៧] ភិក្ខុនោះ លុះលះបង់នូវនីវរណធម៌ទាំង៥ប្រការនេះ ដែលជាឧបក្កិលេសរបស់ចិត្ត ដែលជាធម្មជាតធ្វើបញ្ញាឲ្យថយកំឡាំង ហើយស្ងប់ស្ងាត់ ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយក៏ចូលកាន់បឋមជ្ឈាន ដែលមានវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតមកអំពីវិវេក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈបាន ក៏ចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់ ប្រព្រឹត្តទៅខាងក្នុង ញុំាងសមាធិចិត្តឲ្យកើត ឥតមានវិតក្កៈ និងវិចារៈទេ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ។បេ។ ចូលកាន់តតិយជ្ឈាន… ចូលកាន់ចតុត្ថជ្ឈាន សម្រេចសម្រាន្តឥរិយាបថ។
[៩៨] ភិក្ខុនោះឃើញរូបដោយភ្នែក ហើយមិនត្រេកអរ នឹងរូបដែលគួរស្រឡាញ់ មិនមានបដិឃៈ ចំពោះរូបដែលមិនគួរស្រឡាញ់ ជាអ្នកមានសតិ ក្នុងកាយតំកល់នៅខ្ជាប់ផង មានចិត្តប្រកបដោយគុណប្រមាណពុំបានផង ធម៌ទាំងឡាយជាអកុសលដ៏លាមកនោះ របស់ភិក្ខុនោះ រមែងរលត់ទៅមិនសល់ ក្នុងចេតោវិមុត្តិ បញ្ញាវិមុត្តិណា លោកក៏បានដឹងច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិនោះ តាមសេចក្តីពិតផង។ ភិក្ខុនោះ លុះលះបង់នូវតម្រេក និងសេចក្តីក្រេវក្រោធ យ៉ាងនេះហើយ រមែងទទួលវេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខ មិនសុខ។ ភិក្ខុនោះ មិនត្រេកអរ មិននិយាយសរសើរ មិនប្រកាន់វេទនានោះឡើយ។ កាលបើភិក្ខុនោះ មិនត្រេកអរ មិននិយាយសរសើរ មិនប្រកាន់វេទនានោះទេ សេចក្តីត្រេកអរ ក្នុងវេទនាទាំងឡាយ ក៏នឹងរលត់ទៅមិនសល់។ ភិក្ខុនោះបានរលត់ឧបាទាន ព្រោះរលត់តម្រេក បានរលត់ភព ព្រោះរលត់ឧបាទាន បានរលត់ជាតិ ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ (រលត់) ព្រោះរលត់ជាតិ ការសោក ការខ្សឹកខ្សួល ការលំបាកកាយ ការលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ ក៏សឹងតែរលត់ទៅមិនសល់ សេចក្តីរលត់កងទុក្ខទាំងអស់នេះ រមែងមានដោយប្រការដូច្នេះឯង។ ភិក្ខុនោះ ឮសំឡេងដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវផោដ្ឋព្វៈដោយកាយ… ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តហើយ ក៏មិនត្រេកអរនឹងធម្មារម្មណ៍ ដែលមានសភាពគួរស្រឡាញ់ មិនមានបដិឃៈចំពោះធម្មារម្មណ៍ ដែលមានសភាពមិនគួរស្រឡាញ់ ជាអ្នកមានសតិក្នុងកាយ តំកល់នៅខ្ជាប់ផង មានចិត្តប្រកបដោយគុណប្រមាណពុំបានផង ធម៌ទាំងឡាយជាអកុសលដ៏លាមក របស់ភិក្ខុនោះ រមែងរលត់ទៅមិនសល់ ក្នុងចេតោវិមុត្តិ បញ្ញាវិមុត្តិណា ភិក្ខុនោះ ក៏បានដឹងច្បាស់នូវចេតោវិមុត្តិ បញ្ញាវិមុត្តិនោះ តាមសេចក្តីពិតផង។ ភិក្ខុនោះលះបង់នូវតម្រេក និងសេចក្តីក្រេវក្រោធយ៉ាងនេះហើយ រមែងទទួលវេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខមិនសុខ។ ភិក្ខុនោះ មិនត្រេកអរ មិននិយាយសរសើរ មិនប្រកាន់វេទនានោះឡើយ។ កាលបើភិក្ខុនោះ មិនត្រេកអរ មិននិយាយសរសើរ មិនប្រកាន់វេទនានោះហើយសេចក្តីត្រេកអរក្នុងវេទនាទាំងឡាយ ក៏នឹងរលត់ទៅមិនសល់។ ភិក្ខុនោះ បានរលត់ឧបាទាន ព្រោះរលត់តម្រេក បានរលត់ភព ព្រោះរលត់ឧបាទាន បានរលត់ជាតិ ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ (រលត់) ព្រោះរលត់ជាតិ ការសោក ការខ្សឹកខ្សួល ការលំបាកកាយ ការលំបាកចិត្ត និងការចង្អៀតចង្អល់ទាំងឡាយ ក៏រលត់ទៅមិនសល់ សេចក្តីរលត់កងទុក្ខទាំងអស់នេះ រមែងមានដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរចាំទុក នូវឧបាយជាគ្រឿងបង្អោនចិត្តទៅ ក្នុងព្រះនិព្វាន ជាទីក្ស័យនៃតណ្ហានេះ ដោយសង្ខេបរបស់តថាគតនេះចុះ ហើយចូរចាំទុកនូវសាតិភិក្ខុកេវដ្តបុត្តនេះថា ជាអ្នកចំពាក់ក្នុងសំណាញ់ ដ៏ចង្អៀតចង្អល់ គឺតណ្ហាធំនេះ ដូច្នេះឯង។ លុះព្រះមានព្រះភាគ បានត្រាស់ភាសិតនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរហើយចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ មហាតណ្ហាសង្ខយសូត្រ ទី៨។