តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មូលបណ្ណាសក » មហាយមកវគ្គ »
ភិក្ខុជាអ្នកប្រតិបត្តិនូវបដិបទា ដ៏សមគួរដល់សមណៈ តើដូចម្តេច?
mn 040 បាលី cs-km: sut.mn.040 អដ្ឋកថា: sut.mn.040_att PTS: ?
(ទី១០) ចូឡអស្សបុរសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(១០. ចូឡអស្សបុរសុត្តំ)
[១១៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងនិគម ឈ្មោះអស្សបុរៈ របស់អ្នកស្រុកអង្គៈទាំងឡាយ ក្នុងដែនអង្គៈ។ ក្នុងសម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកផងតែងស្គាល់ច្បាស់នូវអ្នកទាំងឡាយថា សមណៈៗដូច្នេះ ចំណែកអ្នកទាំងឡាយ បើមានគេសួរថា លោកជាអ្វី តែងប្តេជ្ញាខ្លួនថា ពួកយើងជាសមណៈ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយនោះ មានឈ្មោះយ៉ាងនេះហើយ ប្តេជ្ញាខ្លួនយ៉ាងនេះហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា បដិបទា សមគួរដល់សមណៈណា យើងទាំងឡាយ នឹងប្រតិបត្តិនូវបដិបទានោះ នេះជាឈ្មោះពិតផង ជាសេចក្តីប្តេជ្ញាពិតផង របស់យើងទាំងឡាយ យ៉ាងនេះ មួយទៀត យើងទាំងឡាយ បរិភោគនូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ជនទាំងឡាយណា សក្ការៈទាំងឡាយនោះ ដែលជនទាំងនោះ បាន (បូជា) ចំពោះយើងទាំងឡាយ នឹងជាសក្ការៈមានផលច្រើន មានអានិសង្សច្រើន ទាំងបព្វជ្ជារបស់ពួកយើងនេះសោត ក៏នឹងមិនទទេ គង់នឹងមានផល មានសេចក្តីចំរើន។
[១២០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិនូវបដិបទាដ៏សមគួរ (ដល់សមណៈ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយ មានអភិជ្ឈាច្រើន ជាអ្នកមិនលះបង់អភិជ្ឈាចេញ មានចិត្តព្យាបាទ ជាអ្នកមិនលះបង់ព្យាបាទចេញ មានសេចក្តីក្រោធ ជាអ្នកមិនលះបង់សេចក្តីក្រោធចេញ មានសេចក្តីគំនុំ ជាអ្នកមិនលះបង់សេចក្តីគំនុំចេញ មានសេចក្តីលុបគុណគេ ជាអ្នកមិនលះបង់សេចក្តីលុបគុណគេចេញ មានសេចក្តីលើកខ្លួន ជាអ្នកមិនលះបង់សេចក្តីលើកខ្លួនចេញ មានសេចក្តីច្រណែន ជាអ្នកមិនលះបង់សេចក្តីច្រណែនចេញ មានសេចក្តីកំណាញ់ ជាអ្នកមិនលះបង់សេចក្តីកំណាញ់ចេញ មានសេចក្តីអួតអាង ជាអ្នកមិនលះបង់អំនួតចេញ មានសេចក្តីលាក់ពុត ជាអ្នកមិនលះបង់សេចក្តីលាក់ពុតចេញ មានសេចក្តីប្រាថ្នាលាមក ជាអ្នកមិនលះបង់សេចក្តីប្រាថ្នាលាមកចេញ មានសេចក្តីយល់ខុស ជាអ្នកមិនលះបង់សេចក្តីយល់ខុសចេញ។ ម្នាលភិក្ខុទាំងឡាយ ការមិនលះបង់ នូវមន្ទិលរបស់សមណៈ នូវទោសរបស់សមណៈ និងធម៌ជាអម្ចត់របស់សមណៈ ដែលជាហេតុញុំាងសមណៈ ឲ្យកើតក្នុងអបាយ និងជាបច្ច័យឲ្យរងនូវវិបាកជាទុក្ខ ក្នុងទុគ្គតិភូមិទាំងនេះ ចោលចេញហើយ តថាគត មិនទាន់ហៅថា អ្នកប្រតិបត្តិនូវបដិបទា ដ៏សមគួរដល់សមណៈទេ។ ម្នាលភិក្ខុទាំងឡាយ ដូចជាអាវុធឈ្មោះមតជៈ1) មានមុខទាំងសងខាង ដែលបុគ្គលធ្វើឲ្យជោកនឹងទឹក ហើយសំលៀង (លើថ្ម) (រួចស៊ក) អាវុធនោះ ទុកក្នុងស្រោម ហើយស្រែះព័ទ្ធព័ន្ធជុំវិញ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវបព្វជ្ជារបស់ភិក្ខុ នេះថាមានឧបមេយ្យដូចអាវុធឈ្មោះមតជៈនោះដែរ។
[១២១] ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលមានសង្ឃាដិ ថាជាសមណៈ ដោយគ្រាន់តែទ្រទ្រង់សង្ឃាដិប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលអ្នកឥតសំពត់ ថាជាសមណៈ ដោយគ្រាន់តែឥតសំពត់ប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលអ្នកសៅហ្មង ដោយធូលី និងក្អែល ថាជាសមណៈ ដោយគ្រាន់តែសៅហ្មង ដោយធូលី និងក្អែលប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលអ្នកចុះត្រាំទឹក ថាជាសមណៈ ដោយគ្រាន់តែចុះត្រាំទឹកប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលអ្នកអាស្រ័យនៅក្បែរគល់ឈើ ថាជាសមណៈ ដោយគ្រាន់តែអាស្រ័យនៅក្បែរគល់ឈើប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលអ្នកអាស្រ័យនៅក្នុងទីវាល ថាជាសមណៈ ដោយគ្រាន់តែអាស្រ័យនៅក្នុងទីវាលប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលអ្នកប្រកាន់ការអប់កាយ (ដោយគិតថា នឹងរំងាប់នូវកិលេស) ថាជាសមណៈ ដោយគ្រាន់តែប្រកាន់ការអប់កាយ (ដោយគិតថា នឹងរំងាប់កិលេស) ប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលដែលបរិភោគភត្ត១ដង ១កាល2) ថាជាសមណៈ ដោយគ្រាន់តែបរិភោគភត្ត១ដង ១កាលប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលអ្នករៀនមន្ត ថាជាសមណៈ ដោយគ្រាន់តែរៀនមន្តប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលដែលទុកផ្នួងសក់ ថាជាសមណៈ ដោយគ្រាន់តែទុកផ្នួងសក់ប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលមានសង្ឃាដិ មានអភិជ្ឈាច្រើន ដោយអាងថា ទ្រទ្រង់សង្ឃាដិ ត្រូវលះបង់អភិជ្ឈាចេញ បើមានចិត្តប្រកបដោយព្យាបាទ ត្រូវលះបង់ព្យាបាទចេញ មានសេចក្តីក្រោធ ត្រូវលះបង់សេចក្តីក្រោធចេញ មានការចងគំនុំ ត្រូវលះបង់ការចងគំនុំចេញ មានសេចក្តីលុបគុណគេ ត្រូវលះបង់សេចក្តីលុបគុណគេចេញ មានសេចក្តីលើកខ្លួន ត្រូវលះបង់សេចក្តីលើកខ្លួនចេញ មានសេចក្តីច្រណែន ត្រូវលះបង់សេចក្តីច្រណែនចេញ មានសេចក្តីកំណាញ់ ត្រូវលះបង់សេចក្តីកំណាញ់ចេញ មានសេចក្តីអួតអាង ត្រូវលះបង់អំនួតចេញ មានសេចក្តីលាក់ពុត ត្រូវលះបង់សេចក្តីលាក់ពុតចេញ មានសេចក្តីប្រាថ្នាលាមក ត្រូវលះបង់សេចក្តីប្រាថ្នាលាមកចេញ មានគំនិតយល់ខុស ត្រូវលះបង់គំនិតយល់ខុសចេញ មិត្តអាមាត្យញាតិសាលោហិត គប្បីធ្វើបុគ្គលអ្នកអាងមានសង្ឃាដិនោះ ឲ្យជាអ្នកទ្រទ្រង់សង្ឃាដិ ក្នុងថ្ងៃនោះឯង ពន្យល់នូវភាពនៃបុគ្គលអ្នកទ្រទ្រង់សង្ឃាដិថា នែលោកមានមុខស្រស់បស់ លោកចូរមកនេះ លោកចូរជាអ្នកទ្រទ្រង់សង្ឃាដិចុះ កាលបើលោកមានសង្ឃាដិហើយ តែនៅមានអភិជ្ឈាច្រើន ដោយអាងទ្រទ្រង់សង្ឃាដិ លោកគួរលះបង់អភិជ្ឈាចេញ មានចិត្តប្រកបដោយព្យាបាទ គួរលះបង់ព្យាបាទចេញ មានសេចក្តីក្រោធ គួរលះបង់សេចក្តីក្រោធចេញ មានការចងគំនុំ គួរលះបង់ការចងគំនុំចេញ មានសេចក្តីលុបគុណគេ គួរលះបង់សេចក្តីលុបគុណគេចេញ មានសេចក្តីលើកខ្លួន គួរលះបង់សេចក្តីលើកខ្លួនចេញ មានសេចក្តីច្រណែន គួរលះបង់សេចក្តីច្រណែនចេញ មានសេចក្តីកំណាញ់ គួរលះបង់សេចក្តីកំណាញ់ចេញ មានសេចក្តីអួតអាង គួរលះបង់អំនួតចេញ មានសេចក្តីលាក់ពុត គួរលះបង់សេចក្តីលាក់ពុតចេញ មានសេចក្តីប្រាថ្នាលាមក គួរលះបង់សេចក្តីប្រាថ្នាលាមកចេញ មានគំនិតយល់ខុស គួរលះបង់គំនិតយល់ខុសចេញ។ ម្នាលភិក្ខុទាំងឡាយ តថាគត បានឃើញច្បាស់នូវបុគ្គលពួកមួយ ក្នុងលោកនេះ សូម្បីជាអ្នកមានសង្ឃាដិហើយ តែនៅមានអភិជ្ឈាច្រើន មានចិត្តប្រកបដោយព្យាបាទ មានសេចក្តីក្រោធ មានការចងគំនុំ មានសេចក្តីលុបគុណគេ មានសេចក្តីលើកខ្លួន មានសេចក្តីច្រណែន មានសេចក្តីកំណាញ់ មានសេចក្តីអួតអាង មានសេចក្តីលាក់ពុត មានសេចក្តីប្រាថ្នាលាមក មានគំនិតយល់ខុសនៅឡើយ ព្រោះហេតុណា ហេតុនោះ បានជាតថាគត មិនទាន់ហៅនូវភាពនៃបុគ្គលមានសង្ឃាដិ ថាជាសមណៈ ដោយគ្រាន់តែទ្រទ្រង់សង្ឃាដិប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលមិនមានសំពត់។បេ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលសៅហ្មងដោយធូលី និងក្អែល… ម្នាលភិក្ខុទាំងឡាយ បើបុគ្គលចុះត្រាំទឹក… ម្នាលភិក្ខុទាំងឡាយ បើបុគ្គលអាស្រ័យនៅក្បែរគល់ឈើ… ម្នាលភិក្ខុទាំងឡាយ បើបុគ្គលអាស្រ័យនៅក្នុងទីវាល… ម្នាលភិក្ខុទាំងឡាយ បើបុគ្គលប្រកាន់ការអប់កាយ… ម្នាលភិក្ខុទាំងឡាយ បើបុគ្គលបរិភោគភត្ត១ដង ១កាល… ម្នាលភិក្ខុទាំងឡាយ បើបុគ្គលរៀនមន្ត… ម្នាលភិក្ខុទាំងឡាយ បើបុគ្គលទុកផ្នួងសក់មែន តែនៅមានអភិជ្ឈាច្រើន ដោយអាងថា ទុកផ្នួងសក់ប៉ុណ្ណោះ បុគ្គលនោះ ត្រូវលះអភិជ្ឈាចេញ មានចិត្តប្រកបដោយព្យាបាទ ត្រូវលះព្យាបាទចេញ មានសេចក្តីក្រោធ ត្រូវលះបង់សេចក្តីក្រោធចេញ មានការចងគំនុំ ត្រូវលះបង់ការចងគំនុំចេញ មានសេចក្តីលុបគុណគេ ត្រូវលះបង់សេចក្តីលុបគុណគេចេញ មានសេចក្តីលើកខ្លួន ត្រូវលះបង់សេចក្តីលើកខ្លួនចេញ មានសេចក្តីច្រណែន ត្រូវលះបង់សេចក្តីច្រណែនចេញ មានសេចក្តីកំណាញ់ ត្រូវលះបង់សេចក្តីកំណាញ់ចេញ មានសេចក្តីអួតអាង ត្រូវលះបង់អំនួតចេញ មានសេចក្តីលាក់ពុត ត្រូវលះបង់សេចក្តីលាក់ពុតចេញ មានសេចក្តីប្រាថ្នាលាមក ត្រូវលះបង់សេចក្តីប្រាថ្នាលាមកចេញ មានគំនិតយល់ខុស ត្រូវលះបង់គំនិតយល់ខុសចេញ មិត្តអាមាត្យញាតិសាលោហិត គប្បីធ្វើបុគ្គលដែលទុកផ្នួងសក់នោះ ឲ្យជាអ្នកទុកផ្នួងសក់ ក្នុងថ្ងៃនោះឯង ហើយពន្យល់នូវភាពនៃបុគ្គលអ្នកទ្រទ្រង់ផ្នួងសក់ថា នែលោកមានមុខស្រស់បស់ លោកចូរមកនេះ លោកចូរជាអ្នកទុកផ្នួងសក់ចុះ កាលបើលោកទុកផ្នួងសក់ហើយ តែនៅមានអភិជ្ឈាច្រើន ដោយអាងថា ទុកផ្នួងសក់នោះប៉ុណ្ណោះ លោកគួរលះបង់អភិជ្ឈាចេញ មានចិត្តប្រកបដោយព្យាបាទ គួរលះបង់ព្យាបាទចេញ មានសេចក្តីក្រោធ គួរលះបង់សេចក្តីក្រោធចេញ មានការចងគំនុំ គួរលះបង់ការចងគំនុំចេញ មានសេចក្តីលុបគុណគេ គួរលះបង់សេចក្តីលុបគុណគេចេញ មានសេចក្តីលើកខ្លួន គួរលះបង់សេចក្តីលើកខ្លួនចេញ មានសេចក្តីច្រណែន គួរលះបង់សេចក្តីច្រណែនចេញ មានសេចក្តីកំណាញ់ គួរលះបង់សេចក្តីកំណាញ់ចេញ មានសេចក្តីអួតអាង គួរលះបង់អំនួតចេញ មានសេចក្តីលាក់ពុត គួរលះបង់សេចក្តីលាក់ពុតចេញ មានសេចក្តីប្រាថ្នាលាមក គួរលះបង់សេចក្តីប្រាថ្នាលាមកចេញ មានគំនិតយល់ខុស គួរលះបង់គំនិតយល់ខុសចេញ។ ម្នាលភិក្ខុទាំងឡាយ តថាគត ឃើញច្បាស់នូវបុគ្គលពួកមួយ ក្នុងលោកនេះ សូម្បីទុកផ្នួងសក់ តែនៅមានអភិជ្ឈាច្រើន មានចិត្តប្រកបដោយព្យាបាទ មានសេចក្តីក្រោធ មានការចងគំនុំ មានសេចក្តីលុបគុណគេ មានសេចក្តីលើកខ្លួន មានសេចក្តីច្រណែន មានសេចក្តីកំណាញ់ មានសេចក្តីអួតអាង មានសេចក្តីលាក់ពុត មានសេចក្តីប្រាថ្នាលាមក មានគំនិតយល់ខុសនៅឡើយ ព្រោះហេតុណា ហេតុនោះ បានជាតថាគត មិនហៅបុគ្គល ដែលទុកផ្នួងសក់ ថាជាសមណៈ ដោយត្រឹមតែទុកផ្នួងសក់ប៉ុណ្ណោះទេ។
[១២២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិនូវបដិបទា ដ៏សមគួរដល់សមណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយ មានអភិជ្ឈាច្រើន ជាអ្នកលះបង់អភិជ្ឈាចេញ មានចិត្តប្រកបដោយព្យាបាទ ជាអ្នកលះបង់ព្យាបាទចេញ មានសេចក្តីក្រោធ ជាអ្នកលះបង់សេចក្តីក្រោធចេញ មានការចងគំនុំ ជាអ្នកលះបង់ការចងគំនុំចេញ មានសេចក្តីលុបគុណគេ ជាអ្នកលះបង់សេចក្តីលុបគុណគេចេញ មានសេចក្តីលើកខ្លួន ជាអ្នកលះបង់សេចក្តីលើកខ្លួនចេញ មានសេចក្តីច្រណែន ជាអ្នកលះបង់សេចក្តីច្រណែនចេញ មានសេចក្តីកំណាញ់ ជាអ្នកលះបង់សេចក្តីកំណាញ់ចេញ មានសេចក្តីអួតអាង ជាអ្នកលះបង់អំនួតចេញ មានសេចក្តីលាក់ពុត ជាអ្នកលះបង់សេចក្តីលាក់ពុតចេញ មានសេចក្តីប្រាថ្នាលាមក ជាអ្នកលះបង់សេចក្តីប្រាថ្នាលាមកចេញ មានគំនិតយល់ខុស ជាអ្នកលះបង់គំនិតយល់ខុសចេញ។ ម្នាលភិក្ខុទាំងឡាយ ការលះបង់នូវមន្ទិលរបស់សមណៈ នូវទោសរបស់សមណៈ នូវធម៌ជាគ្រឿងអម្ចត់របស់សមណៈ ដែលជាហេតុញុំាងសមណៈ ឲ្យកើតក្នុងអបាយ ទាំងជាបច្ច័យឲ្យទទួលនូវវិបាកជាទុក្ខ ក្នុងទុគ្គតិភូមិទាំងនេះចេញហើយ ទើបតថាគត ហៅថា ជាអ្នកប្រតិបត្តិនូវបដិបទា ដ៏សមគួរដល់សមណៈមែន។ ភិក្ខុនោះ ឃើញច្បាស់នូវខ្លួនថាបរិសុទ្ធ ឃើញច្បាស់នូវខ្លួនថា រួចហើយចាកពួកអកុសលធម៌ ដ៏លាមកទាំងអស់នេះ។ កាលបើភិក្ខុនោះឃើញច្បាស់នូវខ្លួនថាបរិសុទ្ធ ឃើញច្បាស់នូវខ្លួនថា រួចចាកពួកអកុសលធម៌ ដ៏លាមកទាំងអស់នេះហើយ បាមោជ្ជៈ គឺសេចក្តីត្រេកអរទន់ ក៏កើតឡើង កាលបើភិក្ខុមានបាមោជ្ជៈហើយ បីតិក៏កើតឡើង កាលបើភិក្ខុមានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់ស្ងាត់ កាលបើភិក្ខុមានកាយស្ងប់ស្ងាត់ហើយ រមែងទទួលនូវសុខ ភិក្ខុដែលមានចិត្តទទួលសុខហើយ ចិត្តក៏នឹងធឹងល្អ។ ភិក្ខុនោះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ក៏ដូចគ្នា ទាំងទិសខាងលើ និងទិសខាងក្រោម ទិសទទឹង គឺទិសជុំវិញ ក៏ដូចគ្នា ទាំងមានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ គឺយកសត្វជាអនេក មកជាអារម្មណ៍ ជាចិត្តប្រកបដោយមហគ្គតភូមិ ឥតមានប្រមាណ គឺបានចំរើនហើយ ជាចិត្តមិនមានពៀរ គឺមិនមានទោស មិនមានព្យាបាទ គឺមិនមានទុក្ខ ផ្សាយទៅកាន់សត្វលោកទាំងអស់ ព្រោះយកខ្លួនប្រៀបនឹងសត្វទាំងអស់គ្រប់ទិស។ ភិក្ខុមានចិត្តប្រកបដោយករុណា… មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកបដោយឧបេក្ខា… ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ក៏ដូចគ្នា ទាំងទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសជុំវិញ ក៏ដូចគ្នា ទាំងមានចិត្តប្រកបដោយឧបេក្ខា ដ៏ធំទូលាយ ប្រកបក្នុង មហគ្គតភូមិ ឥតមានប្រមាណ ជាចិត្តមិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ព្រោះយកខ្លួនប្រៀបនឹងសត្វទាំងអស់គ្រប់ទិស។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្រះបោក្ខរណី ដែលមានទឹកថ្លាឆ្វង់ មានទឹកឆ្ងាញ់ មានទឹកត្រជាក់ មានទឹកថ្លាស្អាត (មិនមានកករ) មានកំពង់ល្អ គួរជាទីរីករាយ។ ទោះបីបុរសមកអំពីទិសខាងកើត មានខ្លួនក្តៅក្រហាយ ជោកជាំ ដោយចំហាយកំដៅ មានកាយនឿយព្រួយ តក់ស្លុត ស្រេក។ បុរសនោះ មកដល់ស្រះបោក្ខរណីនោះហើយ ក៏បន្ទោបង់ នូវសេចក្តីស្រេកទឹក ទាំងបន្ទោបង់នូវសេចក្តីក្តៅក្រហាយ ដោយចំហាយកំដៅចេញបាន។ ទោះបីបុរសមកពីទិសខាងលិច… ទោះបីបុរសមកពីទិសខាងជើង… ទោះបីបុរសមកពីទិសខាងត្បូង… ទោះបីបុរសមកអំពីទិសណាៗ មានខ្លួនក្តៅក្រហាយ ជោកជាំដោយចំហាយកំដៅ មានកាយនឿយព្រួយ តក់ស្លុត មានសេចក្តីស្រេក។ បុរសនោះ មកដល់ស្រះបោក្ខរណីនោះហើយ ក៏បន្ទោបង់សេចក្តីស្រេកទឹក ទាំងបន្ទោបង់ នូវសេចក្តីក្តៅក្រហាយ ដោយចំហាយកំដៅចេញបាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ទោះបីបុគ្គលចេញចាកខត្តិយត្រកូល ចេញចាកគេហស្ថាន ចូលទៅកាន់ផ្នួស ក៏យ៉ាងនោះដែរ។ ក៏បព្វជិតនោះ អាស្រ័យនូវធម៌វិន័យ ដែលតថាគត ត្រាស់សំដែងហើយ បានចំរើននូវមេត្តា ករុណា មុទិតា ឧបេក្ខា យ៉ាងនេះ តថាគត ហៅបព្វជិតនោះ ថាជាអ្នកប្រតិបត្តិនូវបដិបទា ដ៏សមគួរដល់សមណៈ ដ៏ស្ងប់រម្ងាប់ ប្រព្រឹត្តទៅក្នុងសន្តានមែន។ ទោះបីបុគ្គលចេញចាកព្រាហ្មណត្រកូល ទោះបីបុគ្គលចេញចាកវេស្សត្រកូល… ទោះបីបុគ្គលចេញចាកសុទ្ទត្រកូល… ទោះបីបុគ្គលចេញចាកត្រកូលណាៗ ចេញចាកគេហស្ថានណាៗ ចូលទៅកាន់ផ្នួស។ ក៏បព្វជិតនោះ អាស្រ័យនូវធម៌វិន័យ ដែលតថាគត សំដែងហើយ បានចំរើននូវមេត្តា ករុណា មុទិតា ឧបេក្ខា យ៉ាងនេះ តថាគត ហៅបព្វជិតនោះ ថាជាអ្នកប្រតិបត្តិនូវបដិបទា ដ៏សមគួរដល់សមណៈ ដ៏ស្ងប់រម្ងាប់ ប្រព្រឹត្តទៅក្នុងសន្តានមែន។ ទោះបីបុគ្គលចេញចាកខត្តិយត្រកូល ចេញចាកគេហស្ថាន ចូលទៅកាន់ផ្នួស។ ក៏បព្វជិតនោះ ធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយខ្លួនឯងក្នុងបច្ចុប្បន្ន តថាគត ហៅបព្វជិតនោះថា ជាសមណៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ ទោះបីបុគ្គលចេញចាកព្រាហ្មណត្រកូល… ទោះបីបុគ្គលចេញចាកវេស្សត្រកូល… ទោះបីបុគ្គលចេញចាកសុទ្ទត្រកូល… ទោះបីបុគ្គលចេញចាកត្រកូលណាៗ ចេញចាកគេហស្ថានណាៗ ចូលទៅកាន់ផ្នួស។ ក៏បព្វជិតនោះ ធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយខ្លួនឯងក្នុងបច្ចុប្បន្ន តថាគត ហៅបព្វជិតនោះថា ជាសមណៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់នូវភាសិតនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរហើយចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ ចូឡអស្សបុរសូត្រ ទី១០។
ចប់ មហាយមកវគ្គ ទី៤។
ឧទ្ទាននៃមហាយមកវគ្គ
ឧទ្ទាន គឺបញ្ជីរឿងនៃ មហាយមកវគ្គ ទី៤នោះគឺ និយាយពីព្រះមានព្រះភាគ គង់ក្នុងរោង ដែលកដោយឥដ្ឋ ក្នុងព្រៃគោសិង្គសាលវ័ន (មានក្នុងចូឡគោសិង្គសាលសូត្រ និងមហាគោសិង្គសាលសូត្រ)១ និយាយពីធម៌ប្រៀបដោយគោបាល គួររក្សាគោបាន និងមិនបាន (មានក្នុងមហាគោបាលសូត្រ)១ និយាយពីគោបាល មានប្រាជ្ញាម្តងទៀត (មានក្នុងចូឡគោបាលសូត្រ)១ និយាយពីព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងវេសាលី (មានក្នុងចូឡសច្ចកសូត្រ)១ និយាយពីព្រះមានព្រះភាគ មានព្រះភក្ត្រជ្រះថ្លាជាដើម (មានក្នុងមហាសច្ចកសូត្រ)១។ និយាយពីព្រះឥន្ទ្រាធិរាជ ប្រកបដោយតណ្ហា (មានក្នុងចូឡតណ្ហាសង្ខយសូត្រ)១ និយាយពីសាតិភិក្ខុកេវដ្តបុត្រ (មានក្នុងមហាតណ្ហាសង្ខយសូត្រ)១ និយាយពីពាក្យថាសមណៈ មានក្នុងមហាអស្សបុរសូត្រ១ និយាយពីសមណៈទុកផ្នួងសក់ មានក្នុងចូឡអស្សបុរសូត្រ១។