តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មូលបណ្ណាសក » ចូឡយមកវគ្គ »
ព្រាហ្មណ៍ និងគហបតី អ្នកស្រុកសាលៈ បានក្រាបបង្គំទូលសួរព្រះពុទ្ធថា ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក និង ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ ទៅកើតក្នុងមនុស្ស សុគតិ សួគ៌ ទេវលោក?
mn 041 បាលី cs-km: sut.mn.041 អដ្ឋកថា: sut.mn.041_att PTS: ?
(ទី១) សាលេយ្យកសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(១. សាលេយ្យកសុត្តំ)
[១២៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគទ្រង់ស្តេចទៅកាន់ទីចារិក ក្នុងកោសលជនបទ ជាមួយនឹងព្រះភិក្ខុសង្ឃច្រើនរូប បានស្តេចទៅដល់ស្រុកព្រាហ្មណ៍ ឈ្មោះសាលៈ ជាខែត្ររបស់កោសលជនបទ។ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកសាលៈ បានឮ(ដំណឹង) ហើយ ក៏ប្រកាសពាក្យនេះថា ម្នាលគ្នាយើង ឮថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ទ្រង់ស្តេចទៅកាន់ទីចារិក ក្នុងកោសលជនបទ ព្រមដោយភិក្ខុសង្ឃច្រើនរូប ឥឡូវស្តេចមកដល់សាលគ្រាមហើយ។ កិត្តិសព្ទដ៏ល្អ របស់ព្រះគោតមដ៏មានព្រះភាគនោះ ល្បីឮខ្ចរខ្ចាយយ៉ាងនេះថា ព្រះមានព្រះភាគ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គឯង បរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីដឹង និងក្រឹត្យដែលបុគ្គលគប្បីប្រព្រឹត្ត មានដំណើរទៅកាន់ព្រះនិព្វាន ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ទ្រង់ទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ចធម៌ លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះអង្គទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាចំពោះព្រះអង្គឯង នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយទ្រង់ប្រកាសព្រះអង្គ ទ្រង់សំដែងធម៌ មានពីរោះបទដើម មានពីរោះបទកណ្តាល មានពីរោះបទចុង ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ដំណើរដែលបានឃើញនូវព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងហ្នឹង ជាការប្រពៃពេក។ គ្រានោះ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកសាលគ្រាម នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ពួកខ្លះ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះអង្គុយក្នុងទីដ៏សមគួរ ប្រណម្យអញ្ជលីឆ្ពោះទៅព្រះមានព្រះភាគ ពួកខ្លះប្រកាស នូវនាម និងគោត្រ ក្នុងទីជិតព្រះមានព្រះភាគ អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះអង្គុយស្ងៀម ក្នុងទីដ៏សមគួរ។ កាលព្រាហ្មណ៍ និងគហបតី អ្នកស្រុកសាលៈ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលសួរពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ (ទីមិនមានសេចក្តីចំរើន គឺតិរច្ឆានកំណើត) ទុគ្គតិ (ដំណើរដែលផ្អែកនឹងទុក្ខ គឺអសុរកាយ) វិនិបាត (ទីសម្រាប់ទំលាក់នូវបុគ្គលធ្វើអំពើអាក្រក់ គឺប្រេតវិស័យ) និរយៈ (ទីមិនមានសេចក្តីសប្បាយ គឺនរក) បពិត្រព្រះគោតមដ៏ចំរើន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាសត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ ទៅកើតក្នុងមនុស្ស សុគតិ សួគ៌ ទេវលោក។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតីទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត និរក ព្រោះហេតុតែកិរិយាប្រព្រឹត្តមិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ យ៉ាងនេះឯង ម្នាលគហបតីទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ ទៅកើតក្នុងលោក គឺមនុស្សសុគតិ ឋានសួគ៌ ព្រោះហេតុតែកិរិយាប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌យ៉ាងនេះឯង។ ព្រាហ្មណ៍ និងគហបតី ក្រាបបង្គំទូលថា កាលបើព្រះគោតមដ៏ចំរើននេះ សំដែងដោយសង្ខេប មិនបានចែកអត្ថ ដោយពិស្តារហើយ យើងទាំងឡាយ មិនអាចនឹងដឹងសេចក្តីដោយពិស្តារទៅបានទេ កាលបើព្រះគោតមដ៏ចំរើននេះ សំដែងដោយសង្ខេប មិនបានចែកអត្ថដោយពិស្តារទេ តែថាយើងទាំងឡាយ អាចនឹងដឹងសេចក្តីដោយពិស្តារទៅបាន ដោយប្រការយ៉ាងណា សូមព្រះគោតមដ៏ចំរើន ទ្រង់ព្រះមេត្តាប្រោស សំដែងធម៌ដល់យើងខ្ញុំទាំងឡាយ ដោយប្រការយ៉ាងនោះឲ្យទាន។ ព្រះអង្គត្រាស់ថា ម្នាលគហបតីទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ពួកព្រាហ្មណ៍ និងគហបតីអ្នកស្រុកសាលៈ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[១២៤] ព្រះមានព្រះភាគ ត្រាស់ភាសិតនេះថា ម្នាលគហបតីទាំងឡាយ កិរិយាប្រព្រឹត្តមិនស្មើ ពោលគឺ មិនប្រព្រឹត្តតាមធម៌ ដោយកាយ មាន៣ប្រការ កិរិយាប្រព្រឹត្តមិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ ដោយវាចា មាន៤ប្រការ កិរិយាប្រព្រឹត្តមិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ ដោយចិត្ត មាន៣ប្រការ។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តមិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ ដោយកាយ មាន៣ប្រការ តើដូចម្តេចខ្លះ។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ជាមនុស្សអាក្រក់ មានបាតដៃប្រឡាក់ដោយឈាម មានចិត្តបោះជាប់ ក្នុងការសម្លាប់សត្វ ជាអ្នកមិនមានសេចក្តីអៀនខ្មាស មានចិត្តមិនអាសូរ ចំពោះពួកសត្វទាំងអស់។ មួយទៀត ជាអ្នកកាន់យកនូវវត្ថុ ដែលគេមិនបានឲ្យ ដូចជាគ្រឿងឧបករណ៍ គឺសម្បត្តិ នៃបុគ្គលដទៃណា ដែលគេទុកក្នុងស្រុកក្តី ទុកក្នុងព្រៃក្តី ជាអ្នកកាន់យកគ្រឿងឧបករណ៍ ដែលគេមិនបានឲ្យនោះ ដោយចំណែកនៃចិត្តលួច។ មួយទៀត ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ដូចជាស្ត្រីទាំងឡាយណា គឺស្ត្រីដែលមាតារក្សា1) ដែលបិតារក្សា ដែលមាតាបិតារក្សា ដែលបងប្អូនប្រុសរក្សា ដែលបងប្អូនស្រីរក្សា ដែលញាតិរក្សា ដែលមានស្វាមី2) ដែលប្រកបដោយអាជ្ញា3) ដោយហោចទៅ សូម្បីតែស្ត្រី ដែលបុរសបំពាក់កម្រងផ្កាឲ្យ4) ជាអ្នកដល់នូវការប្រព្រឹត្តិកន្លង ក្នុងស្ត្រីទាំងឡាយ មានសភាពដូច្នោះ។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តមិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ ដោយកាយមាន៣ប្រការ យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តិមិនស្មើ ពោលគឺមិនប្រព្រឹត្តិតាមធម៌ ដោយវាចាមាន៤ប្រការ តើដូចម្តេចខ្លះ។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកពោលពាក្យកុហក ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិស័ទក្តី ឋិតនៅក្នុងកណ្តាលញាតិក្តី ឋិតនៅកណ្តាលសេនីយក្តី ឋិតនៅកណ្តាលរាជត្រកូលក្តី គេនាំទៅធ្វើជាសាក្សី ហើយសួរថា នែបុរសដ៏ចំរើន ចូរអ្នកមកនេះ បើអ្នកដឹងហេតុណា ចូរនិយាយហេតុនោះ។ បុរសនោះ កាលមិនដឹង និយាយថា ខ្ញុំដឹង ឬកាលដឹង និយាយថា ខ្ញុំមិនដឹង កាលមិនឃើញ និយាយថា ខ្ញុំឃើញ ឬកាលឃើញ និយាយថា ខ្ញុំមិនឃើញ។ ជាអ្នកពោលពាក្យកុហកទាំងដឹងខ្លួន ព្រោះហេតុតែខ្លួនក្តី ព្រោះហេតុអ្នកដទៃក្តី ព្រោះហេតុសំណូក គឺអាមិសៈបន្តិចបន្តួចក្តី។ មួយទៀត ជាអ្នកពោលនូវពាក្យញុះញង់ គឺ់ឮពាក្យអំពីសំណាក់ជននេះហើយ នាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកជនទាំងនេះ ឮពាក្យអំពីជនឯណោះហើយ នាំយកមកប្រាប់ជននេះ ដើម្បីបំបែកជនឯណោះ ជាអ្នកបំបែកនូវពួកជន ដែលព្រមព្រៀងគ្នាផង ជាអ្នកជម្រុលពួកជន ដែលបែកគ្នាហើយផង ជាអ្នកត្រេកអរតែក្នុងពួក មានតម្រេកក្នុងពួក ជាអ្នករីករាយតែក្នុងពួក ជាអ្នកពោលនូវវាចា ដែលធ្វើឲ្យប្រកាន់ពួក ដូច្នេះឯង។ មួយទៀត ជាអ្នកពោលពាក្យអាក្រក់ គឺវាចាណាទ្រគោះ ខ្មោះខ្មួររោលរាល ស្ទាក់ដំណើរជនដទៃ ជាវាចាជិតនឹងសេចក្តីក្រោធ មិនប្រព្រឹត្តទៅ ដើម្បីសមាធិបាន ហើយជាអ្នកពោល នូវវាចា មានសភាពដូច្នោះ។ មួយវិញទៀត ជាអ្នកពោល នូវពាក្យមិនមានប្រយោជន៍ ពោលពាក្យខុសកាល ពោលនូវពាក្យមិនពិត ពោលពាក្យមិនមែនជាអត្ថ ពោលពាក្យមិនមែនជាធម៌ ពោលពាក្យមិនមែនជាវិន័យ ពោលពាក្យដែលមិនគួរតាំងទុក ក្នុងហឫទ័យ ខុសកាល ប្រាសចាកគ្រឿងអាង ជាពាក្យមិនមានទីបំផុត មិនប្រកបដោយប្រយោជន៍។ ម្នាលគហបតីទាំងឡាយ កិរិយាប្រព្រឹត្តមិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ ដោយវាចា មាន៤ប្រការដូច្នេះឯង។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តមិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ ដោយចិត្តមាន៣ប្រការ តើដូចម្តេចខ្លះ។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ច្រើនដោយអភិជ្ឈា គយគន់នូវគ្រឿងឧបករណ៍ ដែលជាសម្បត្តិ នៃបុគ្គលដទៃ ដោយគិតថា ឱហ្ន៎ គ្រឿងឧបករណ៍ ដែលជាសម្បត្តិនៃបុគ្គលដទៃណា គ្រឿងឧបករណ៍នោះ គប្បីបានមកអាត្មាអញ។ មួយទៀត ជាអ្នកមានចិត្តព្យាបាទ មានតម្រិះក្នុងចិត្ត ដែលទោសប្រទូស្តហើយថា សត្វទាំងឡាយ ចូរលំបាកខ្លះ ចូរស្លាប់ខ្លះ ចូរវិនាសសាបសូន្យទៅខ្លះ ដែលថាមិនវិនាស កុំឲ្យមានឡើយ។ មួយវិញទៀត ជាអ្នកមានគំនិតយល់ខុស ឃើញនូវសេចក្តីវិបរិតថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំមិនមានផល ការបូជាតូច ក៏មិនមានផល ផលវិបាក នៃកុសលាកុសលកម្ម ដែលសត្វធ្វើល្អ និងអាក្រក់ មិនមាន លោកនេះមិនមាន លោកខាងមុខ មិនមាន មាតាមិនមានគុណ បិតាមិនមានគុណ សត្វទាំងឡាយ ជាឱបបាតិកៈ មិនមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ជាអ្នកព្រមព្រៀងគ្នា ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង នូវលោកនេះ និងលោកខាងមុខ ហើយសំដែង ក៏មិនមាន។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តមិនស្មើ ពោលគឺ មិនប្រព្រឹត្តតាមធម៌ ដោយចិត្ត មាន៣ប្រការ យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈ ចូលទៅកាន់អបាយ ទុគ្គតិ វិនិបាត នរក យ៉ាងនេះ ព្រោះហេតុតែកិរិយាប្រព្រឹត្តមិនស្មើ ពោលគឺ មិនប្រព្រឹត្តតាមធម៌ យ៉ាងនេះឯង។
[១២៥] ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ ដោយកាយ មាន៣ប្រការ។ កិរិយាប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ ដោយវាចា មាន៤ប្រការ។ កិរិយាប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ ដោយចិត្ត មាន៣ប្រការ។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ ដោយកាយ មាន៣ប្រការ តើដូចម្តេច។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ លះបង់បាណាតិបាត វៀរស្រឡះចាកបាណាតិបាត ជាអ្នកដាក់ចុះនូវអាជ្ញា ដាក់ចុះនូវសស្ត្រាវុធ ប្រកបដោយសេចក្តីខ្មាស ដល់នូវមេត្តាចិត្ត ជាអ្នកអនុគ្រោះ ដោយប្រយោជន៍ ចំពោះពួកសត្វទាំងអស់។ ជាអ្នកលះបង់ នូវអទិន្នាទាន វៀរស្រឡះចាកអទិន្នាទាន ដូចជាគ្រឿងឧបករណ៍ គឺសម្បត្តិនៃបុគ្គលណា ដែលគេទុកក្នុងស្រុកក្តី ទុកក្នុងព្រៃក្តី ក៏ជាអ្នកមិនកាន់យកនូវវត្ថុ ដែលគេមិនបានឲ្យនោះ ដោយចំណែក នៃចិត្តលួចឡើយ។ ជាអ្នកលះបង់នូវកាមេសុមិច្ឆាចារ វៀរស្រឡះចាកកាមេសុមិច្ឆាចារ ទោះបីស្ត្រីណា ដែលមាតារក្សា បិតារក្សា មាតាបិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រីរក្សា ញាតិរក្សា មានស្វាមី ប្រកបដោយអាជ្ញា ដោយហោចទៅ សូម្បីស្ត្រី ដែលបុរសបំពាក់កម្រងផ្កាឲ្យ ក៏ជាអ្នកមិនដល់នូវការប្រព្រឹត្តិកន្លង ក្នុងស្ត្រីទាំងឡាយ មានសភាពដូច្នោះឡើយ។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តស្មើ ពោលគឺ ប្រព្រឹត្តតាមធម៌ ដោយកាយមាន៣ប្រការ ដូច្នេះឯង។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តិស្មើ ពោលគឺប្រព្រឹត្តិតាមធម៌ ដោយវាចាមាន៤ប្រការ តើដូចម្តេចខ្លះ។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ លះបង់នូវមុសាវាទ វៀរស្រឡះចាកមុសាវាទ ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិស័ទក្តី ឋិតនៅក្នុងកណ្តាលញាតិក្តី ឋិតនៅកណ្តាលសេនីយក្តី ឋិតនៅកណ្តាលរាជត្រកូលក្តី គេនាំទៅធ្វើជាសាក្សី ហើយសួរថា នែបុរសដ៏ចំរើន ចូរអ្នកមកនេះ បើអ្នកដឹងហេតុណា ចូរនិយាយប្រាប់ហេតុនោះ ដូច្នេះក្តី។ បុរសនោះ កាលមិនដឹង និយាយថា ខ្ញុំមិនដឹង ឬកាលដឹង ក៏និយាយថា ខ្ញុំដឹង កាលមិនឃើញ និយាយថា ខ្ញុំមិនឃើញ ឬកាលឃើញ ក៏និយាយថា ខ្ញុំឃើញ។ ជាអ្នកមិនពោលនូវពាក្យកុហកទាំងដឹងខ្លួន ដូច្នេះ ព្រោះហេតុខ្លួនក្តី ព្រោះហេតុអ្នកដទៃក្តី ព្រោះហេតុតែសំណូក គឺអាមិសៈបន្តិចបន្តួចក្តី។ មួយវិញទៀត ជាអ្នកលះបង់នូវបិសុណវាចា វៀរស្រឡះចាកបិសុណវាចា គឺឮពាក្យអំពីជននេះហើយ មិននាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកជនទាំងនេះផង ឮពាក្យអំពីជនឯណោះហើយ មិននាំមកប្រាប់ជនទាំងនោះ ដើម្បីនឹងបំបែកជនឯណោះផង ជាអ្នកផ្សះផ្សារនូវពួកជន ដែលបែកគ្នាផង ជាអ្នកទំនុកបម្រុងនូវពួកជន ដែលព្រមព្រៀងគ្នាស្រាប់ហើយផង ជាអ្នកត្រេកអរតែក្នុងសេចក្តីព្រមព្រៀងគ្នា ជាអ្នកមានតម្រេកតែក្នុងសេចក្តីព្រមព្រៀងគ្នា ជាអ្នករីករាយ ក្នុងសេចក្តីព្រមព្រៀងគ្នា ពោលនូវវាចា ដែលធ្វើឲ្យកើតសេចក្តីព្រមព្រៀងគ្នា ដោយប្រការដូច្នេះ។ ជាអ្នកលះបង់នូវផរុសវាចា វៀរស្រឡះចាកផរុសវាចា គឺវាចាណា មិនមានទោស ជាសុខដល់ត្រចៀក គួរកើតសេចក្តីស្រឡាញ់ ចូលទៅកាន់ហឫទ័យ ជាវាចាអ្នកបូរី ជាទីស្រឡាញ់ ដល់ជនច្រើន ជាទីពេញចិត្ត ដល់ជនច្រើន ជាអ្នកពោលនូវវាចា មានសភាពដូច្នោះ។ ជាអ្នកលះបង់ នូវសម្ផប្បលាបៈ វៀរស្រឡះ ចាកសម្ផប្បលាបៈ ពោលពាក្យត្រូវតាមកាល ពោលពាក្យពិត ពោលពាក្យដែលជាអត្ថ ពោលពាក្យដែលជាធម៌ ពោលពាក្យជាវិន័យ ពោលពាក្យដែលគួរឲ្យតាំងទុក ក្នុងហឫទ័យ ត្រូវតាមកាល ប្រកបដោយគ្រឿងអាង ជាវាចាមានទីបំផុត ប្រកបដោយប្រយោជន៍។ ម្នាលគហបតីទាំងឡាយ កិរិយាប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ ដោយវាចា មាន៤ប្រការ យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ ដោយចិត្តមាន៣ប្រការ ដូចម្តេចខ្លះ។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ មិនច្រើនដោយអភិជ្ឈា គ្រឿងឧបករណ៍ ដែលជាសម្បត្តិ នៃបុគ្គលដទៃណា ក៏មិនគយគន់ នូវគ្រឿងឧបករណ៍នោះថា ឱហ្ន៎ គ្រឿងឧបករណ៍ ដែលជាសម្បត្តិ នៃបុគ្គលដទៃណា គ្រឿងឧបករណ៍នោះ គប្បីបានមកអាត្មាអញ ដូច្នេះឡើយ។ មួយទៀត ជាអ្នកមានចិត្តមិនព្យាបាទ មានតម្រិះក្នុងចិត្ត ដែលទោសមិនប្រទូស្តហើយថា សត្វទាំងឡាយនេះ ចូរកុំមានពៀរ កុំមានព្យាបាទ កុំមានទុក្ខ រក្សាខ្លួនឲ្យបានសេចក្តីសុខចុះ។ មួយវិញទៀត ជាអ្នកមានគំនិតយល់ត្រូវ ឃើញនូវសេចក្តីមិនវិបរិតថា ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាធំមានផល ការបូជាតូច មានផល ផលវិបាក នៃកុសលាកុសលកម្ម ដែលសត្វធ្វើល្អ និងធ្វើអាក្រក់មាន លោកនេះមាន លោកខាងមុខមាន មាតាមានគុណ បិតាមានគុណ សត្វដែលជាឱបបាតិកៈកំណើតមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ជាអ្នកព្រមព្រៀង ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាចំពោះខ្លួនឯង នូវលោកនេះ និងលោកខាងមុខ ហើយប្រកាស ក៏មាន។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ដោយចិត្ត មាន៣ប្រការ យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈ ចូលទៅកាន់សុគតិ សួគ៌ ទេវលោក យ៉ាងនេះ ព្រោះហេតុតែកិរិយាប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ យ៉ាងនេះឯង។
[១២៦] ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ បើប្រាថ្នាថា ឱខ្លួនអាត្មាអញ លុះទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ សូមឲ្យបានទៅកើតជាមួយនឹងពួកខត្តិយមហាសាល ការណ៍ដែលបុគ្គលប្រាថ្នាបែបនេះ ក៏នឹងបានសម្រេច ព្រោះថា បុគ្គលនោះ លុះទំលាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈ ក៏បានទៅកើតជាមួយនឹងពួកខត្តិយមហាសាលមែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ បើប្រាថ្នាថា ឱខ្លួនអាត្មាអញ លុះទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ សូមឲ្យបានទៅកើតជាមួយនឹងពួកព្រាហ្មណមហាសាល។បេ។ កើតជាមួយនឹងគហបតិមហាសាល ការណ៍ដែលបុគ្គលប្រាថ្នាបែបនេះ ក៏នឹងបានសម្រេច ព្រោះថា បុគ្គលនោះ លុះទំលាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈ ក៏បានទៅកើតជាមួយនឹងពួកគហបតិមហាសាលមែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ បើប្រាថ្នាថា ឱខ្លួនអាត្មាអញ លុះទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ សូមឲ្យបានទៅកើតជាមួយនឹងពួកទេវតា ក្នុងជាន់ចាតុម្មហារាជិកា ការណ៍ដែលបុគ្គលប្រាថ្នាបែបនេះ ក៏នឹងបានសម្រេច ព្រោះថា បុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈ ក៏បានទៅកើតជាមួយនឹងពួកទេវតា ក្នុងជាន់ចាតុម្មហារាជិកាមែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ បើប្រាថ្នាថា ឱខ្លួនអាត្មាអញ លុះទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ សូមឲ្យបានទៅកើតជាមួយនឹងពួកទេវតា ក្នុងជាន់តាវត្តិង្ស។បេ។ ពួកទេវតាជាន់យាមៈ… ពួកទេវតាជាន់តុសិត… ពួកទេវតាជាន់និម្មានរតី… ពួកទេវតាជាន់បរនិម្មិតវសវត្តី… ពួកទេវតា ជាន់ព្រហ្មកាយិកា ការណ៍ដែលបុគ្គលប្រាថ្នាបែបនេះ ក៏នឹងបានសម្រេច ព្រោះថា បុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈ ក៏បានទៅកើតជាមួយនឹងពួកទេវតា ជាន់ព្រហ្មកាយិកាមែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ បើប្រាថ្នាថា ឱខ្លួនអាត្មាអញ លុះបែកធ្លាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ សូមឲ្យបានទៅកើតជាមួយនឹងពួកទេវតាជាន់អាភា ការណ៍ដែលបុគ្គលប្រាថ្នាបែបនេះ ក៏នឹងបានសម្រេច ព្រោះថា បុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈ ក៏បានទៅកើតជាមួយនឹងពួកទេវតាជាន់អាភាមែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ បើប្រាថ្នាថា ឱខ្លួនអាត្មាអញ លុះបែកធ្លាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ សូមឲ្យបានទៅកើតជាមួយនឹងពួកទេវតាជាន់បរិត្តាភា។បេ។ នឹងពួកទេវតាជាន់អប្បមាណាភា… ពួកទេវតាជាន់អាភស្សរា… ពួកទេវតាជាន់បរិត្តសុភា… ពួកទេវតាជាន់អប្បមាណសុភា… ពួកទេវតាជាន់សុភកិណ្ហកា… ពួកទេវតាជាន់វេហប្ផលា… ពួកទេវតាជាន់អវិហា… ពួកទេវតាជាន់អតប្បា… ពួកទេវតាជាន់សុទស្សា… ពួកទេវតាជាន់សុទស្សី… ពួកទេវតាជាន់អកនិដ្ឋកា… ពួកទេវតាដែលកើតក្នុងអាកាសានញ្ចាយតនៈ… ពួកទេវតាដែលកើតក្នុងវិញ្ញាណញ្ចាយតនៈ… ពួកទេវតាដែលកើតក្នុងជាន់អាកិញ្ចញ្ញាយតនៈ… និងពួកទេវតាដែលកើតក្នុងជាន់នេវសញ្ញានាសញ្ញាយតនៈ ការណ៍ដែលបុគ្គលប្រាថ្នាបែបនេះ ក៏នឹងបានសម្រេច ព្រោះថា បុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈ ក៏បានទៅកើតជាមួយនឹងពួកទេវតា ដែលកើតក្នុងជាន់នេវសញ្ញានាសញ្ញាយតនៈមែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ បើប្រាថ្នាថា ឱខ្លួនអាត្មាអញ សូមឲ្យអស់អាសវៈទាំងឡាយ ហើយធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ដោយប្រាជ្ញាចំពោះខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ការណ៍ដែលបុគ្គលប្រាថ្នាបែបនេះ ក៏នឹងបានសម្រេច ព្រោះថា បុគ្គលនោះ នឹងអស់អាសវៈទាំងឡាយ ហើយធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ដោយប្រាជ្ញាចំពោះខ្លួនឯង ក្នុងបច្ចុប្បន្នមែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌។
[១២៧] កាលបើព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ ពួកព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុងស្រុកសាលៈ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភាសិតរបស់ព្រះអង្គ ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើនប្រកាសហើយ ដោយអនេកបរិយាយនេះឯង (ភ្លឺច្បាស់ណាស់) ដូចជាបុគ្គលផ្ងាររបស់ដែលផ្កាប់ ឬដូចជាបុគ្គលបើកបង្ហាញ នូវរបស់ដែលកំបាំង ពុំនោះ ដូចជាបុគ្គលប្រាប់ផ្លូវដល់មនុស្សវង្វេងទិស ពុំនោះសោត ដូចគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានភ្នែក មើលឃើញរូបទាំងឡាយបាន យើងទាំងឡាយនេះ សូមដល់នូវព្រះគោតមដ៏ចំរើនផង នូវព្រះធម៌ផង នូវព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក តាំងពីថ្ងៃនេះទៅ សូមព្រះគោតមដ៏ចំរើន ទ្រង់ជ្រាបនូវយើងខ្ញុំទាំងឡាយ ថាជាឧបាសក អ្នកដល់នូវទីពឹង ស្មើដោយជីវិត។
ចប់ សាលេយ្យកសូត្រ ទី១។