User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.042



វេរញ្ជកសូត្រ ទី២

សង្ខេប

ព្រាហ្មណ៍ និង​គហបតី អ្នក​ស្រុក​វេរញ្ជា​ បាន​ក្រាប​បង្គំ​ទូល​សួរ​​ព្រះ​ពុទ្ធ​ថា​ ហេតុ​ដូច​ម្តេច បច្ច័យ​ដូច​ម្តេច បាន​ជាសត្វ​ទាំង​ឡាយ​ពួក​ខ្លះ ក្នុង​លោក​នេះ ទំលាយ​រាង​​កាយ​ខាង​មុខ បន្ទាប់​អំពី​មរណៈ ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក និង ហេតុ​ដូច​ម្តេច បច្ច័យ​ដូច​ម្តេច បាន​ជា​សត្វ​ទាំង​ឡាយ​ពួកខ្លះ ក្នុង​លោក​នេះ ទំលាយ​រាង​កាយ​ខាង​មុខ បន្ទាប់​អំពី​មរណៈ ទៅ​កើត​ក្នុង​មនុស្ស សុគតិ សួគ៌ ទេវ​លោក?

mn 042 បាលី cs-km: sut.mn.042 អដ្ឋកថា: sut.mn.042_att PTS: ?

(ទី២) វេរញ្ជកសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២. វេរញ្ជកសុត្តំ)

[១២៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏សម័យនោះឯង ពួកព្រាហ្មណ៍ និងគហបតិអ្នកស្រុកវេរញ្ជា នៅអាស្រ័យក្នុងក្រុងសាវត្ថី ដោយកិច្ចនីមួយ។ ពួកព្រាហ្មណ៍ និងគហបតិ អ្នកស្រុកវេរញ្ជា បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាក​សក្យត្រកូលទៅបួស ប្រថាប់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុងសាវត្ថី។ កិត្តិសព្ទដ៏ល្អ នៃព្រះគោតមដ៏ចំរើននោះ ល្បីឮខ្ចរខ្ចាយយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ព្រះអង្គជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គ​ប្រសើរបំផុត ព្រះអង្គជាសារថី ទូន្មាន​នូវ​បុរស ព្រះអង្គជាសាស្តាចារ្យ នៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធ ទ្រង់ចែកនូវ​ធម៌​ទាំងពួង ព្រះអង្គបានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ចំពោះព្រះអង្គ នូវ​លោកនេះ ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក នូវពួកសត្វ ព្រមទាំង​សមណ​ព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ទ្រង់សំដែង​ធម៌ មានលំអបទដើម បទកណ្តាល បទចុង ព្រះអង្គ​ប្រកាសនូវ​ព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ និងព្យញ្ជនៈ ដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ដំណើរ​ដែលបានជួបប្រទះ នឹងព្រះអរហន្ត​ទាំងឡាយ មានសភាព​យ៉ាងនេះ ជាការប្រពៃពេក។ គ្រានោះឯង ពួកព្រាហ្មណ៍ និងគហបតិ អ្នកស្រុកវេរញ្ជា នាំគ្នាចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់​ហើយ ពួកខ្លះ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែ​និយាយ​ពាក្យសំណេះសំណាល ទៅរក​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែល​គួរ​រីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ អង្គុយប្រណម្យ​អញ្ជលី ចំពោះ​ព្រះមានព្រះភាគ ក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែប្រកាស​នាម និងគោត្រ ក្នុងសំណាក់​ព្រះមានព្រះភាគ អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ អង្គុយនៅស្ងៀម ក្នុងទី​ដ៏​សមគួរ លុះពួកព្រាហ្មណ៍ និងគហបតិ អ្នកស្រុកវេរញ្ជា អង្គុយក្នុងទីដ៏សមគួរហើយ ទើប​ក្រាបបង្គំទូលសួរ​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន អ្វីជាហេតុ អ្វី​ជាបច្ច័យ ដែលនាំឲ្យពួកសត្វខ្លះ ក្នុងលោកនេះ លុះបែកធ្លាយ​រាងកាយ ខាងមុខអំពី​សេចក្តីស្លាប់ ទៅកើតក្នុងកំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក បពិត្រ​ព្រះគោតមដ៏ចំរើន មួយទៀត អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំដែលនាំ​ឲ្យពួក​សត្វ​ ក្នុងលោកនេះ លុះបែកធ្លាយ​រាងកាយ ខាងមុខអំពី​សេចក្តីស្លាប់ ទៅកើតក្នុងសុគតិ សួគ៌ទេវលោក។ ព្រះអង្គទ្រង់ត្រាស់តបថា ម្នាលគហបតិទាំងឡាយ ព្រោះហេតុតែការ​ប្រព្រឹត្ត​មិនស្មើ គឺប្រព្រឹត្តមិនត្រូវធម៌នុ៎ះឯង បានជាពួកសត្វខ្លះ ក្នុងលោកនេះ ដល់​បែកធ្លាយ​រាង​កាយ ខាងមុខអំពី​សេចក្តីស្លាប់ ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក យ៉ាងនេះ ម្នាលគហបតិទាំងឡាយ ព្រោះហេតុតែសេចក្តី​ប្រព្រឹត្តស្មើ គឺប្រព្រឹត្ត​ត្រូវគន្លងធម៌ ដែលនាំឲ្យពួកសត្វខ្លះ ក្នុងលោកនេះ លុះ​បែកធ្លាយ​រាង​កាយ ខាងមុខអំពី​សេចក្តីស្លាប់ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក យ៉ាងនេះ។ ធម៌នេះ ព្រះគោតម​ដ៏ចំរើន បានសំដែងដោយសេចក្តីបំប្រួញ មិនទាន់ចែករំលែក​សេចក្តី ដោយ​ពិស្តារទេ យើងខ្ញុំ​មិនទាន់​ដឹងសេចក្តី ​ដោយពិស្តារឡើយ សូមទ្រង់​ព្រះមេត្តាប្រោស ព្រះគោតម​ជាម្ចាស់ សំដែងធម៌ ដែលព្រះគោតម​ជាម្ចាស់ សំដែងដោយសេចក្តីសង្ខេប មិនទាន់ចែករំលែក​សេចក្តីពិស្តារ​នៅឡើយនេះ ឲ្យយើងខ្ញុំបានយល់សេចក្តីច្បាស់លាស់ ដោយពិស្តារ​ឲ្យ​ទាន។ ម្នាលគហបតីទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ប្រុងចាំ​ស្តាប់​ចុះ ចូរធ្វើទុក​ក្នុងចិត្ត ឲ្យប្រពៃចុះ តថាគត នឹងសំដែង។ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុក​វេរញ្ជា ទទួល​តប​ព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[១២៩] ព្រះមានព្រះភាគ បានត្រាស់យ៉ាងនេះ ម្នាលគហបតីទាំងឡាយ បុគ្គល​ប្រព្រឹត្ត​មិនត្រូវគន្លងធម៌ ប្រព្រឹត្តមិនស្មើខាងកាយ៣ចំណែក បុគ្គលប្រព្រឹត្ត​មិនត្រូវ​គន្លង​ធម៌ ប្រព្រឹត្តមិនស្មើខាងវាចា៤ចំណែក បុគ្គល​ប្រព្រឹត្តមិនត្រូវគន្លងធម៌ ប្រព្រឹត្ត​មិនស្មើ​ខាងចិត្ត៣ចំណែក។ ម្នាលគហបតិទាំងឡាយ ចុះបុគ្គល​ប្រព្រឹត្ត​មិនត្រូវគន្លងធម៌ ប្រព្រឹត្តមិនស្មើខាងកាយ៣ចំណែក តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ប្រព្រឹត្តអាក្រក់ មានដៃប្រឡាក់ឈាម ជាអ្នកស្និទ្ធ​ចិត្ត ក្នុងការសម្លាប់​សត្វ ឥតមានសេចក្តីអៀនខ្មាស ឥតមានមេត្តាត្រាប្រណី ចំពោះ​ពួកសត្វដែលមានជីវិតទាំងអស់។ ជាអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ជាអ្នក​កាន់យក​ទ្រព្យ ដែលជាគ្រឿងប្រើប្រាស់ របស់បុគ្គល​ដទៃ ដែលគេមិនបានឲ្យ ជាចំណែកនៃថេយ្យចិត្ត។ ជាអ្នកប្រព្រឹត្តខុស ក្នុងកាម​ទាំង​ឡាយ ពួកស្ត្រីណា ដែល​មាតាគ្រប់គ្រងរក្សា។បេ។ ជាអ្នកដល់នូវ​ការប្រព្រឹត្តល្មើស ចំពោះស្ត្រី ដែលមានសភាព​យ៉ាងនោះ។ ម្នាល​គហបតិទាំងឡាយ បុគ្គលប្រព្រឹត្តមិនត្រូវគន្លងធម៌ ប្រព្រឹត្តមិនស្មើ ខាងកាយ​៣​ចំណែក យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ ចុះបុគ្គល​ប្រព្រឹត្តិមិនត្រូវ​គន្លងធម៌ ប្រព្រឹត្តមិនស្មើ ខាងវាចា៤ចំណែក តើដូចម្តេច។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកនិយាយពាក្យកុហក។បេ។ និយាយ​កុហកទាំង​ដឹងខ្លួន។ ជាអ្នក​មានសំដីញុះញង់ គឺឮដំណឹង អំពីទីនេះ ទៅប្រាប់​ក្នុងទីឯណោះ។បេ។ ជាអ្នកនិយាយពាក្យ ដែលធ្វើឲ្យគេបែកគ្នាជាពួក។ ជាអ្នក​មានសំដីអាក្រក់ វាចាណា ដែលកន្ទួលចិត្ត ទាំង​របឹងរឹងរូស។បេ។ ជាអ្នកនិយាយពាក្យ មានសភាពដូច្នោះ។ ជាអ្នក​មានសំដី​ឥតប្រយោជន៍ និយាយពាក្យ ក្នុងកាលមិនគួរ និយាយ​ពាក្យមិនពិត។បេ។ និយាយ​ពាក្យ​ឥតមានកំណត់ មិនប្រកបដោយប្រយោជន៍។ ម្នាល​គហបតីទាំងឡាយ បុគ្គលប្រព្រឹត្តមិនត្រូវគន្លងធម៌ ប្រព្រឹត្តមិនស្មើខាងវាចា ៤ចំណែក យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ ចុះបុគ្គលប្រព្រឹត្តមិនត្រូវគន្លងធម៌ ប្រព្រឹត្តមិនស្មើ ខាង​ចិត្ត ៣ចំណែក តើដូចម្តេច។ ម្នាលគហបតិទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ ជាអ្នក​មានចិត្តសំឡឹងរំពៃ។បេ។ ដោយការបង្អោនចិត្តទៅថា វត្ថុនោះ គប្បីបានមកជា​របស់អញ។ បុគ្គលមានចិត្តព្យាបាទ ជាអ្នកមានសេចក្តីត្រិះរិះ ដោយចិត្តដែលទោស​ប្រទូស្តហើយថា សត្វទាំងនេះ ចូរវិនាសទៅឬ។បេ។ ដែលមិនវិនាសកុំបីមានឡើយ។ បុគ្គល​ជាមិច្ឆាទិដ្ឋិ មានសេចក្តីឃើញវិបរិតថា ទានដែល​បុគ្គល​ឲ្យ មិនមានផល បូជាធំ​មិនមានផល បូជាតូច មិនមានផល។បេ។ ប្រកាសឲ្យជាក់ច្បាស់។ ម្នាលគហបតិ​ទាំង​ឡាយ បុគ្គល​ប្រព្រឹត្តមិនត្រូវគន្លងធម៌ ប្រព្រឹត្តមិនស្មើខាងចិត្ត ៣ចំណែក យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ ព្រោះ​ហេតុ​តែការប្រព្រឹត្តមិនស្មើ គឺប្រព្រឹត្តមិនត្រូវ​គន្លងធម៌ បាន​ជាពួកសត្វខ្លះ ក្នុងលោកនេះ លុះបែកធ្លាយ​រាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើតក្នុង​កំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ និងនរក យ៉ាងនេះ។

[១៣០] ម្នាលគហបតិទាំងឡាយ ចំណែកខាងបុគ្គលអ្នក​ប្រព្រឹត្តធម៌ ប្រព្រឹត្ត​ស្មើ​ខាង​កាយ ៣ចំណែក បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ខាងវាចា ​៤ចំណែក បុគ្គល​អ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើខាងចិត្ត ៣ចំណែក ដូចគ្នាដែរ។ ម្នាល​គហបតិ​ទាំងឡាយ ចុះ​បុគ្គល​ប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ខាងកាយ ៣ចំណែក តើដូចម្តេច។ ម្នាលគហបតិ​ទាំង​ឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ លះបង់បាណាតិបាត វៀរស្រឡះ​ចាកបាណាតិបាត មានអាជ្ញាដាក់ចោលហើយ មានគ្រឿង​សស្ត្រាដាក់ចោលហើយ។បេ។ ជាអ្នកអនុគ្រោះ ដោយ​​ប្រយោជន៍ ចំពោះ​សត្វ ដែលមានជីវិតទាំងអស់។ លះបង់​អទិន្នាទាន វៀរស្រឡះ​ចាកអទិន្នាទាន មិនបានកាន់យក​ទ្រព្យ ដែល​ជាគ្រឿងប្រើប្រាស់ របស់ជនឯទៀត ដែលគេ​មិនបានឲ្យចំណែក នៃថេយ្យចិត្ត។ លះបង់កាមេសុមិច្ឆាចារ។បេ។ ជាអ្នក​មិនដល់នូវ​ការប្រព្រឹត្ត ចំពោះ​ពួកស្ត្រី ដែលមានសភាពយ៉ាងនោះ។ ម្នាល​គហបតិ​ទាំងឡាយ បុគ្គលដែលប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ខាងកាយ ៣ចំណែក យ៉ាងនេះ​ឯង។ ម្នាលគហបតិទាំងឡាយ ចុះបុគ្គលប្រព្រឹត្តិធម៌ ប្រព្រឹត្តស្មើ ខាង​វាចា ៤ចំណែក តើ​ដូច​ម្តេច។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោក​នេះ លះបង់មុសាវាទ វៀរ​ស្រឡះ​ចាកមុសាវាទ ទោះឋិតនៅក្នុងរោងប្រជុំក្តី។បេ។ មិន​និយាយកុហកទាំងដឹង​ខ្លួន។ លះបង់ពាក្យញុះញង់ វៀរស្រឡះ​ចាកពាក្យញុះញង់។បេ។ និយាយតែពាក្យ​ដែល​ធ្វើឲ្យ​គេ​ព្រមព្រៀងគ្នា។ លះបង់ពាក្យអាក្រក់។បេ។ និយាយតែពាក្យ​មានសភាព​ដូច្នោះ។ លះបង់​ពាក្យរោយរាយ ឥតប្រយោជន៍។បេ។ ប្រកបដោយគ្រឿងអាង ពាក្យ​មានកំណត់ ពាក្យប្រកបដោយប្រយោជន៍ ដោយកាលគួរ។ ម្នាល​គហបតីទាំងឡាយ បុគ្គល​ប្រព្រឹត្ត​ធម៌ ប្រព្រឹត្តស្មើ ខាងវាចា ៤ចំណែក យ៉ាងនេះឯង។ ម្នាលគហបតិ​ទាំងឡាយ បុគ្គល​ប្រព្រឹត្ត​ធម៌ ប្រព្រឹត្តស្មើ ខាងចិត្ត ៣ចំណែក តើដូចម្តេច។ ម្នាលគហបតិទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនរំពៃចង់បានទ្រព្យគេ មិនសំឡឹង​ចង់បាន​ទ្រព្យ​របស់ដែល​ជាគ្រឿង​ប្រើប្រាស់របស់គេ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ទ្រព្យរបស់អ្នក​ដទៃ​នោះ គប្បី​បាន​មក ជារបស់អញ ដូច្នេះ។ ជាអ្នកមានចិត្តមិនបានព្យាបាទ មានសេចក្តី​ត្រិះរិះដោយចិត្ត ដែលទោស​មិនប្រទូស្តហើយថា សូមឲ្យសត្វ​ទាំងនេះ កុំមានពៀរ កុំបៀតបៀនគ្នា កុំមានទុក្ខ ចូររក្សាខ្លួន​ប្រាណ ឲ្យបានសេចក្តីសុខចុះ។ ជាអ្នកសម្មាទិដ្ឋិ មានសេចក្តីយល់មិនវិបរិតថា ទានដែល​បុគ្គល​ឲ្យហើយ មានផល បូជាធំ ក៏មានផល​។បេ។ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ដ៏ក្រៃលែង ដោយខ្លួនឯង។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ខាងចិត្ត ៣ចំណែក យ៉ាងនេះឯង។ ម្នាលគហបតី​ទាំង​ឡាយ ព្រោះសេចក្តីប្រព្រឹត្តស្មើ គឺប្រព្រឹត្តធម៌ ជាហេតុ​យ៉ាងនេះឯង បានជាពួកសត្វខ្លះ ក្នុងលោក​នេះ ដល់បែកធ្លាយ​រាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក យ៉ាងនេះ។

[១៣១] ម្នាលគហបតិទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រសិនបើ​ប្រាថ្នា​ថា ឱហ្ន៎ លុះបែកធ្លាយ​រាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ សូមឲ្យអាត្មាអញ​បានទៅកើត​ជាមួយនឹងពួកខត្តិយមហាសាលដូច្នេះ ហេតុនុ៎ះឯង រមែងមាន បុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខ​អំពីសេចក្តីស្លាប់ទៅ មុខជានឹងបានទៅកើត​ជាមួយនឹង​ពួកខត្តិយមហាសាលបានមែន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតែបុគ្គលនោះ ជាអ្នក​ប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ដោយពិត។ ម្នាលគហបតិទាំងឡាយ បុគ្គលអ្នកប្រព្រឹត្ត​ធម៌ ប្រព្រឹត្តស្មើ បើប្រសិនជា​ប្រាថ្នាថា ឱហ្ន៎ លុះបែកធ្លាយ​រាងកាយខាងមុខ អំពីសេចក្តីស្លាប់​ទៅ សូមឲ្យ​អាត្មាអញ បានទៅកើត​ជាមួយនឹង​ពួកព្រាហ្មណមហាសាល។បេ។ ពួក​គហបតីមហាសាល ដូច្នេះ ហេតុនុ៎ះឯង រមែងមាន បុគ្គលនោះ លុះបែកធ្លាយ​រាងកាយ ខាងមុខ​អំពីសេចក្តីស្លាប់ទៅ មុខជានឹងបានទៅកើត​ជាមួយនឹងពួក​គហបតិ​មហាសាល​បាន​មែន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតែបុគ្គលនោះឯង ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្ត​​ស្មើ ដោយពិត។ ម្នាលគហបតិទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ បើប្រសិនជា​ប្រាថ្នាថា ឱហ្ន៎ លុះបែកធ្លាយ​រាងកាយ ខាងមុខ​អំពីសេចក្តីស្លាប់ សូមឲ្យ​អាត្មា​អញ ​បានទៅកើត​ជាមួយនឹង​ទេវតា ជាន់ចាតុម្មហារាជិកា ដូច្នេះ ហេតុនុ៎ះឯង រមែង​មាន ដ្បិត​បុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខ​អំពីសេចក្តីស្លាប់ទៅ មុខជានឹង​បាន​ទៅកើត​ជាមួយ​នឹង​ពួកទេវតា ជាន់​ចាតុម្មហារាជិកា បានមែន ដំណើរនោះ តើព្រោះ​ហេតុអ្វី ព្រោះតែបុគ្គលនោះ ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ដោយពិត។ ម្នាលគហបតិ​ទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ បើប្រសិនជា​ប្រាថ្នាថា ឱហ្ន៎ លុះបែកធ្លាយ​រាងកាយ ខាងមុខអំពីសេចក្តីស្លាប់ សូមឲ្យអាត្មាអញ ​បានទៅកើត​ជាមួយនឹង​ពួកទេវតា ជាន់​តាវត្តិង្ស។បេ។ ពួកទេវតាជាន់​យាមៈ… ពួកទេវតាជាន់តុសិតៈ… ពួកទេវតាជាន់​និម្មានរតី… ពួកទេវតាជាន់បរនិម្មិតវសវត្តី… ពួកទេវតា ដែលរាប់ចូលក្នុងព្រហ្ម ដូច្នេះ ហេតុនុ៎ះឯង រមែងមាន ដ្បិតបុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខ​អំពីសេចក្តី​ស្លាប់​ទៅ មុខជានឹងបានទៅកើត​ជាមួយនឹងពួកទេវតា ដែលរាប់ចូល​ក្នុងពួក​ព្រហ្មបានមែន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតែបុគ្គលនោះ ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ដោយពិត។ ម្នាលគហបតិទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ បើប្រសិន​ជា​ប្រាថ្នា​ថា ឱហ្ន៎ លុះបែកធ្លាយ​រាងកាយខាងមុខ អំពីសេចក្តីស្លាប់ទៅ សូមឲ្យអាត្មាអញ​បានទៅកើត​ជាមួយនឹង​ពួកទេវតា ជាន់អាភា ដូច្នេះ ហេតុនុ៎ះឯង រមែងមាន ដ្បិត​បុគ្គល​នោះ លុះបែកធ្លាយរាងកាយ ខាងមុខ​អំពីសេចក្តីស្លាប់ទៅ មុខជានឹងបានទៅកើត​ជាមួយ​នឹងពួកទេវតា ជាន់អាភាបានមែន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតែ​បុគ្គល​នោះ ជាអ្នក​ប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ដោយពិត។ ម្នាលគហបតិទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ បើប្រសិន​ជាប្រាថ្នាថា ឱហ្ន៎ លុះបែកធ្លាយ​រាងកាយខាងមុខ អំពីសេចក្តីស្លាប់ សូមឲ្យអាត្មាអញ ​បានទៅកើត​ជាមួយនឹង​ពួកទេវតា ជាន់បរិត្តាភៈ។បេ។ ពួក​ទេវតា ជាន់អប្បមាណាភៈ… ពួកទេវតាជាន់​អាភស្សរៈ… ពួក​ទេវតាជាន់បរិត្តសុភៈ… ពួកទេវតាជាន់អប្បមាណសុភៈ… ពួកទេវតាជាន់​សុភកិណ្ហកៈ… ពួកទេវតាជាន់​វេហប្ផលៈ… ពួកទេវតាជាន់អវិហៈ… ពួកទេវតាជាន់អតប្បៈ… ពួកទេវតាជាន់សុទស្សៈ… ពួកទេវតាជាន់សុទស្សី… ពួកទេវតាជាន់អកនិដ្ឋកៈ… ពួកទេវតា ជាអ្នកទៅកើតក្នុង​អាកាសានញ្ចាយតនភព… ពួកទេវតា ជាអ្នកទៅកើតក្នុងវិញ្ញាណញ្ចាយតនភព… ពួកទេវតា ជាអ្នក​ទៅកើតក្នុង​អាកិញ្ចញ្ញាយតនភព… ពួកទេវតាជាអ្នកទៅកើតក្នុង​នេវសញ្ញានាសញ្ញាយតនភព ដូច្នេះ ហេតុនុ៎ះឯង រមែងមាន ដ្បិតបុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខ​អំពីសេចក្តីស្លាប់​ទៅ នឹងបានទៅកើត​ជាមួយនឹង​ពួកទេវតា ជាន់នេវសញ្ញានាសញ្ញាយតនភព បានមែន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតែបុគ្គលនោះ ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ​ដោយពិត។ ម្នាលគហបតិទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ បើប្រសិនជា​ប្រាថ្នាថា ឱហ្ន៎ អាត្មាអញ គប្បីធ្វើឲ្យ​ជាក់ច្បាស់ ដោយ​ប្រាជ្ញា​របស់ខ្លួន ចំពោះចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយ​ឥរិយាបថ​៤ ដូច្នេះ ហេតុនោះឯង រមែងមាន ដ្បិត​បុគ្គលនោះ គប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញារបស់ខ្លួន ចំពោះ​ចេតោវិមុតិ្ត និងបញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ន ហើយ​សម្រេច​សម្រាន្តនៅ ដោយ​ឥរិយាបថ៤ បានមែន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតែបុគ្គលនោះ ជាអ្នកប្រព្រឹត្ត​ធម៌ ប្រព្រឹត្តស្មើ ដោយពិត។

[១៣២] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ពួកព្រាហ្មណ៍ និងគហបតីទាំងឡាយ អ្នកស្រុកវេរញ្ជា ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ភាសិតដែលព្រះអង្គសំដែងហើយ ពីរោះណាស់ បពិត្រ​ព្រះគោតមដ៏ចំរើន ភាសិតដែលព្រះអង្គសំដែងហើយ ពីរោះណាស់ បពិត្រព្រះគោតម​ដ៏ចំរើន ធម៌ដែល​ព្រះអង្គសំដែងហើយ ដោយអនេកបរិយាយយ៉ាង​នេះ (ភ្លឺច្បាស់ណាស់) ដូចបុគ្គលចាប់ផ្ងារ របស់ដែលផ្កាប់ ឬក៏ដូចជាគេបើកបង្ហាញ របស់​ដែល​កំបាំង ពុំនោះ ដូចបុគ្គលប្រាប់ផ្លូវ​ ដល់មនុស្សវង្វេងទិស ពុំនោះសោត ដូចជាបុគ្គល​ទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា ពួកមនុស្សមានភ្នែកភ្លឺ ឃើញ​រូប​បានយ៉ាងនោះ​ឯង ពួកខ្ញុំព្រះអង្គ សូមដល់នូវ​ព្រះគោតមដ៏ចំរើនផង ​ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីរលឹក សូម​ព្រះគោតម ចាំទុកនូវពួកខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមតាំងពីថ្ងៃនេះ ជាដើមទៅ។

ចប់ វេរញ្ជកសូត្រ ទី២។

 

លេខយោង

km/tipitaka/sut/mn/sut.mn.042.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann