km:tipitaka:sut:mn:sut.mn.045



ចូឡធម្មសមាទានសូត្រ ទី៥

សង្ខេប

តើ​ធម្ម​សមា​ទាន​​ណា​ដែល​បុគ្គល​គួរ​សេព?

mn 045 បាលី cs-km: sut.mn.045 អដ្ឋកថា: sut.mn.045_att PTS: ?

(ទី៥) ចូឡធម្មសមាទានសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៥. ចូឡធម្មសមាទានសុត្តំ)

[១៥៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​ភិក្ខុទាំងឡាយ​ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ព្រះ​ពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[១៥៥] ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន​ទាំង​ឡាយនេះ មាន៤យ៉ាង ធម្មសមាទាន៤យ៉ាង តើដូចម្តេចខ្លះ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន មានសេចក្តីសុខក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ១ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខជាវិបាកតទៅ១ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ១ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន មានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ១។

[១៥៦] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ដែលមានសេចក្តីសុខក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍​ពួកខ្លះ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទោសក្នុងកាម​ទាំងឡាយមិនមាន បានជាអ្នក​ទាំងនោះ ដល់នូវសេចក្តីស្រួលចិត្ត ក្នុងកាមទាំងឡាយ។ សមណព្រាហ្មណ៍​ទាំងនោះ ក៏ឲ្យនាងបរិព្វាជិកាទាំងឡាយ ដែលមានផ្នួងសក់​បួងហើយ បម្រើខ្លួន អ្នកទាំងនោះ ពោលយ៉ាងនេះថា ចុះហេតុអ្វី បានជាសមណព្រាហ្មណ៍ ដ៏ចំរើន​អម្បាលនោះ ពិចារណា​ឃើញអនាគតភ័យ ក្នុងកាមទាំងឡាយ ហើយពោលនូវការលះ​បង់ នូវកាមទាំងឡាយ បញ្ញត្ត នូវការកន្លងកាមទាំងឡាយ ដ្បិតថាសម្ផស្សកំភួនដៃ របស់​នាងបរិព្វាជិកាជំទង់ ប្រកបដោយរោមទន់នេះ ជាសុខម្ល៉េះ សមណព្រាហ្មណ៍ទាំងនោះ ក៏​ដល់នូវសេចក្តីស្រួលចិត្ត ក្នុងកាមទាំងឡាយ។ សមណព្រាហ្មណ៍ទាំងនោះ ដល់នូវ​សេចក្តី​​ស្រួលចិត្ត ក្នុងកាមទាំងឡាយ លុះទម្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ តែង​ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ សមណព្រាហ្មណ៍ទាំងនោះ រងនូវទុក្ខវេទនាដ៏​ក្លាខ្លាំង ខ្លោចផ្សា ក្នុងអបាយនោះ ទើបអ្នកទាំងនោះ ពោលយ៉ាងនេះថា ឱ នេះហើយតើ បានជាសមណព្រាហ្មណ៍ ​ដ៏ចំរើនទាំងនោះ ពិចារណាឃើញ អនាគតភ័យ ក្នុងកាមទាំង​ឡាយ ហើយពោល នូវការលះបង់ នូវកាមទាំងឡាយ បញ្ញត្តនូវ​ការកន្លង​កាមទាំងឡាយ ឥឡូវ យើងទាំងនេះ ក៏រងទុក្ខវេទនា ដ៏ក្លាខ្លាំង ខ្លោចផ្សា ព្រោះមានកាម ជាហេតុ មានកាម​ ជាគ្រឿង​ប្រគល់ឲ្យនូវផលមែន។ ម្នាលភិក្ខុទាំងឡាយ ដូចជាផ្លែជ្រៃទុំ បែកក្នុងខែ​ជាទី​បំផុត នៃគិម្ហរដូវទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពូជជ្រៃនោះ ក៏ច្រុះចុះ ទៀបគល់​រាំងភ្នំ​មួយដើម។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ទេវតាណា ដែលអាស្រ័យ​នៅលើដើមរាំង​ភ្នំ​នោះ ទេវតានោះ ក៏ភិតភ័យ ភ្ញាក់ផ្អើល ដល់នូវសេចក្តីតក់ស្លុត។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង អារាមទេវតា វនទេវតា រុក្ខទេវតា និងទេវតា ដែលអាស្រ័យលើ​ដើមឈើ​ជាថ្នាំ និងស្មៅ និងដើមឈើជាធំ ក្នុងព្រៃទាំងឡាយ ជាមិត្ត ជាអាមាត្យ ជាញាតិ​សាលោហិត របស់ទេវតា ដែលអាស្រ័យ​នៅលើដើមរាំងភ្នំនោះ មកប្រជុំព្រមគ្នា លួងលោម​យ៉ាងនេះថា អ្នកដ៏ចំរើន កុំខ្លាចឡើយ អ្នកដ៏ចំរើន កុំខ្លាចឡើយ ធ្វើម្តេច​ឲ្យតែ​ក្ងោកចឹកលេប ម្រឹគទំពាស៊ី ភ្លើងព្រៃឆេះ អ្នកធ្វើការងារក្នុងព្រៃ បោចរោច ឬកណ្តៀរ​ពូន​លុប នូវ​ពូជជ្រៃនោះ ពុំនោះសោត ធ្វើម្តេចឲ្យតែមិនមានពូជក៏បាន។ ម្នាលភិក្ខុទាំងឡាយ ក្ងោកក៏មិនចឹកលេប ម្រឹគមិនទំពាស៊ី ភ្លើងព្រៃមិនឆេះ អ្នកធ្វើការងារក្នុងព្រៃ មិនបោចរោច កណ្តៀរមិន​ពូន​លុប​ នូវ​ពូជជ្រៃនោះ ពូជក៏នៅតែមាន។ លុះមេឃ​មានភ្លៀងបង្អោរចុះមក ពូជជ្រៃនោះ ក៏ដុះលូតលាស់ឡើង។ ពូជជ្រៃនោះ ខ្ចីទន់ មានព្រុយ​សំយុងចុះ។ ពូជជ្រៃនោះ ក៏រួបរិតដើមរាំងភ្នំនោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ទេវតា ដែលអាស្រ័យ​លើដើមរាំងភ្នំនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ហេតុអ្វី​បានជាអារាមទេវតា វនទេវតា រុក្ខទេវតា និងទេវតា ដែលអាស្រ័យនៅលើដើម​ឈើ​ជាថ្នាំ និងស្មៅ និងឈើជាធំ ក្នុងព្រៃទាំងឡាយ ជាមិត្ត ជាអាមាត្យ ជាញាតិសាលោហិត ពិចារណាឃើញនូវ​អនាគតភ័យ ក្នុងពូជជ្រៃទាំងឡាយ ហើយប្រជុំព្រមគ្នា លួងលោម យ៉ាងនេះថា អ្នកដ៏ចំរើន កុំខ្លាចឡើយ អ្នកដ៏ចំរើន កុំខ្លាចឡើយ ធ្វើម្តេច​ឲ្យតែ​ក្ងោកចឹក​លេប ម្រឹគទំពាស៊ី ភ្លើងព្រៃឆេះ អ្នកធ្វើការងារក្នុងព្រៃបោចរោច កណ្តៀរ​ពូន​លុបនូវ​ពូជជ្រៃនោះ ពុំនោះសោត ធ្វើម្តេចឲ្យតែមិនមានពូជ ដូច្នេះ (បើ) សម្ផស្សរបស់ពួរជ្រៃនោះ ខ្ចីទន់ មានព្រុយ​សំយុងចុះស្រួលម្ល៉េះ។ (លុះកាលតមក) ពួរជ្រៃនោះ ក៏រួបរិត​ដើម​រាំង​ភ្នំ​នោះ។ លុះពួរជ្រៃនោះ រួបរឹតដើមរាំងភ្នំនោះហើយ ក៏ធ្វើ​ជាប្រគាបស៊ុមទ្រុមខាងលើ សំយុង​ពួរចុះចាប់ផែនដី ទំលាយនូវដើម​រាំងភ្នំធំៗនោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ទេវតា ដែលអាស្រ័យ​នៅលើដើមរាំងភ្នំនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ឱ នេះហើយបានជា អារាមទេវតា វនទេវតា រុក្ខទេវតា និងទេវតា ដែលអាស្រ័យ​លើដើម​ឈើ​ជាថ្នាំ និងស្មៅ និងដើមឈើធំ ក្នុងព្រៃទាំងឡាយ ជាមិត្ត ជាអាមាត្យ ជាញាតិ​សាលោហិត ពិចារណាឃើញ​អនាគតភ័យ ក្នុងពូជជ្រៃ ហើយមកប្រជុំព្រមគ្នា លួងលោម យ៉ាងនេះថា អ្នកដ៏ចំរើន កុំខ្លាចឡើយ អ្នកដ៏ចំរើន កុំខ្លាចឡើយ ធ្វើម្តេច​ឲ្យតែ​ក្ងោកចឹក​លេប ម្រឹគទំពាស៊ី ភ្លើងព្រៃឆេះ អ្នកធ្វើការងារក្នុងព្រៃបោចរោច កណ្តៀរ​ពូន​លុបនូវ​ពូជជ្រៃនុ៎ះ ពុំនោះសោត ធ្វើម្តេចឲ្យតែមិនមានពូជ ឥឡូវ អញក៏បានរងទុក្ខវេទនា ដ៏ក្លាខ្លាំង ខ្លោចផ្សា ព្រោះហេតុតែពូជជ្រៃ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ ដូចជាសមណព្រាហ្មណ៍​ពួកខ្លះ មានវាទៈ​យ៉ាងនេះ ​មានទិដ្ឋិយ៉ាងនេះថា ទោសក្នុងកាម​ទាំងឡាយ មិនមាន បានជាអ្នក​ទាំងនោះ ដល់នូវ​សេចក្តីស្រួលចិត្ត ក្នុងកាមទាំងឡាយ។ សមណព្រាហ្មណ៍​ទាំងនោះ ក៏ឲ្យពួកនាង​បរិព្វាជិកា ដែលមានផ្នួងសក់​បួងហើយ បម្រើខ្លួន អ្នកទាំងនោះ ពោលយ៉ាងនេះថា ចុះហេតុអ្វី បានជាសមណព្រាហ្មណ៍ ដ៏ចំរើន​ទាំងនោះ ពិចារណា​ឃើញ នូវអនាគតភ័យ ក្នុងកាមទាំងឡាយ ហើយពោលនូវការលះ​បង់ នូវកាមទាំងឡាយ បញ្ញត្តនូវ​ការ​កន្លង​កាម​ទាំងឡាយ ដ្បិតថាសម្ផស្សកំភួនដៃ របស់​នាងបរិព្វាជិកាជំទង់ ប្រកបដោយ​រោម​ទន់​នេះ ជាសុខម្ល៉េះ សមណព្រាហ្មណ៍ទាំងនោះ ក៏​ដល់នូវសេចក្តីស្រួលចិត្ត ក្នុងកាម​ទាំង​ឡាយ។ លុះសមណព្រាហ្មណ៍ទាំងនោះ ដល់នូវ​សេចក្តី​ស្រួលចិត្ត ក្នុងកាមទាំងឡាយ​ហើយ ទម្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ តែង​ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ សមណព្រាហ្មណ៍ទាំងនោះ រងនូវទុក្ខវេទនាដ៏​ក្លាខ្លាំង ខ្លោចផ្សា ក្នុងអបាយនោះ ទើបសមណព្រាហ្មណ៍ទាំងនោះ ពោលយ៉ាងនេះ ក្នុងទីនោះថា ឱ នេះហើយតើ បានជាសមណព្រាហ្មណ៍ ​ដ៏ចំរើនទាំងនោះ ពិចារណាឃើញអនាគតភ័យ ក្នុងកាមទាំង​ឡាយ ហើយពោលនូវការលះបង់ នូវកាមទាំងឡាយ បញ្ញត្តនូវ​ការកន្លង​កាមទាំងឡាយ ឥឡូវ យើងទាំងនេះ ក៏រងនូវទុក្ខវេទនា ដ៏ក្លាខ្លាំង ខ្លោចផ្សា ព្រោះមានកាម ជាហេតុ មានកាម​ ជាគ្រឿង​ប្រគល់ឲ្យនូវផល។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន នេះ តថាគត​ពោលថា មានសេចក្តីសុខក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ។

[១៥៧] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ដែលមានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុង​លោកនេះ ជាអចេលក៍ (អ្នកប្រព្រឹត្តអាក្រាត) លះបង់មារយាទល្អ បរិភោគលិទ្ធដៃ គេ​អញ្ជើញថាចូរមក មិនចូល គេឃាត់ថាឈប់ មិនឈប់ មិនត្រេកអរនឹងភត្ត ដែលគេ​នាំមក​ចំពោះ មិនត្រេកអរនឹងភត្ត ដែលគេធ្វើ​ចំពោះខ្លួន មិនត្រេកអរនឹងការនិមន្តន៍។ អចេលក៍​នោះ មិនទទួលភត្តដែលគេដួស​អំពីមាត់ឆ្នាំង មិនទទួលភត្តអំពីមាត់ចង្អេរកឡោបិ៍ មិនទទួលភត្តដែលគេឲ្យ​ត្រង់ចន្លោះ1) ធរណីទ្វារ មិនទទួលភត្ត ដែលគេឲ្យត្រង់ចន្លោះ2) អង្រែ មិនទទួលភត្ត ដែលគេឲ្យត្រង់ចន្លោះកំណាត់ឈើ មិនទទួលភត្ត ដែលជនពីរនាក់​កំពុង​បរិភោគ នាំមកឲ្យ មិនទទួលភត្ត របស់ស្រីមានគភ៌ មិនទទួលភត្ត របស់ស្រី​កំពុងបំបៅ​កូន មិនទទួលភត្ត របស់ស្រីនៅក្នុងចន្លោះបុរស មិនទទួលភត្ត ក្នុងកាលដែលពួកគ្នាឯង​ ធ្វើ​អង្គាសបាន មិនទទួលភត្ត ក្នុងទីមានឆ្កែចាំ មិនទទួលភត្ត ក្នុងទីមានរុយរោម មិនស៊ីត្រី មិនស៊ីសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកត្រាំថ្នាំ។ អចេលក៍នោះ ទទួលភត្ត​ចំពោះ​តែផ្ទះមួយខ្លះ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយដុំបាយមួយពំនូតខ្លះ ទទួលភត្ត​ចំពោះ​តែផ្ទះពីរខ្លះ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយដុំបាយពីរពំនូតខ្លះ។បេ។ ទទួលភត្ត​ចំពោះ​តែផ្ទះ៧ខ្លះ ញុំាងអត្តភាព ឲ្យប្រព្រឹត្ត​ទៅ ដោយដុំបាយ៧ពំនូតខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្ត ក្នុងភាជន៍មួយខ្លះ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយភត្ត ក្នុងភាជន៍ពីរខ្លះ។បេ។ ញុំាងអត្តភាព ឲ្យប្រព្រឹត្ត​ទៅ ដោយភត្តក្នុងភាជន៍៧ខ្លះ បរិភោគអាហាររំលង១ថ្ងៃខ្លះ បរិភោគអាហាររំលង​៧ថ្ងៃខ្លះ អចេលក៍នោះ ប្រកបនូវ​ភត្ត​ភោជន ដោយការផ្លាស់ប្តូរគ្នា អស់កន្លះខែ មានសភាព​យ៉ាងនេះ ដោយប្រការដូច្នេះឯង។ អចេលក៍នោះ មានបន្លែស្រស់ ជាអាហារខ្លះ មានអង្ករស្រងែ ជាអាហារខ្លះ មានស្កួយ ជា​អាហារខ្លះ មានជំនៀរស្បែក ជាអាហារខ្លះ មានសារាយជាអាហារខ្លះ មានកុណ្ឌក ជាអាហារខ្លះ មានបាយក្តាំង ជាអាហារខ្លះ មានកំញ៉ាន ជាអាហារខ្លះ មានស្មៅជាអាហារខ្លះ មានអាចម៍គោ ជាអាហារខ្លះ មានមើមផ្លែឈើក្នុងព្រៃ ជាអាហា និងផ្លែឈើ ដែលជ្រុះចុះឯង ជាភោជនខ្លះ។ អចេលក៍នោះ ប្រើប្រាស់សំពត់សម្បកធ្មៃខ្លះ ប្រើប្រាស់សំពត់ ដែលត្បាញលាយគ្នាខ្លះ ប្រើប្រាស់សំពត់ស្នបខ្លះ ប្រើប្រាស់សំពត់​បំសុកូលខ្លះ ប្រើប្រាស់សំពត់សំបកឈើខ្លះ ប្រើប្រាស់ស្បែកខ្លាខ្លះ ប្រើប្រាស់ស្បែក​ខ្លាទាំង​ក្រចកខ្លះ ប្រើប្រាស់សំពត់ដែលក្រងដោយស្បូវភ្លាំងខ្លះ ប្រើប្រាស់សំពត់ ដែលធ្វើដោយបន្ទះឈើខ្លះ ប្រើប្រាស់សំពត់កម្ពល ដែលត្បាញដោយសក់មនុស្សខ្លះ ប្រើប្រាស់សំពត់ដែលត្បាញដោយស្លាបមៀមខ្លះ ជាអ្នកដកសក់ និងពុកមាត់ខ្លះ ប្រកប​រឿយៗ នូវការដកសក់ និងពុកមាត់ខ្លះ ជាអ្នកឈរសម្រឹង​ខាងលើខ្លះ ហាមឃាត់អាសនៈ​ខ្លះ អង្គុយច្រហោងខ្លះ ជាអ្នកប្រកបរឿយៗ នូវការព្យាយាម ក្នុងការអង្គុយ​ច្រហោងខ្លះ ដេកលើបន្លាខ្លះ សម្រេចការដេកលើបន្លាខ្លះ ប្រកបរឿយៗ ក្នុងការព្យាយាមចុះត្រាំទឹក​គំរប់៣ដង ទាំងវេលាល្ងាចខ្លះ អចេលក៍នោះ ជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ធ្វើកាយ​ឲ្យក្តៅក្រហាយច្រើនយ៉ាង មានសភាពយ៉ាងនេះ ដោយប្រការដូច្នេះឯង។ អចេលក៍នោះ លុះម្លាយកាយ បន្ទាប់អំពីមរណៈទៅ តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាននេះ តថាគត​ពោលថា មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន និងមានសេចក្តីទុក្ខជាវិបាកតទៅ។

[១៥៨] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ដែលមានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកមានជាតិប្រកបដោយរាគៈ ដ៏ក្លៀវក្លាតាមប្រក្រតី បុគ្គលនោះ តែងរង​សេចក្តីទុក្ខ ទោមនស្ស ដែលកើតអំពីរាគៈរឿយៗ។ ជាអ្នកមានជាតិប្រកប​ដោយទោសៈ ដ៏ក្លៀវក្លាតាមប្រក្រតី បុគ្គលនោះ តែងរង​សេចក្តីទុក្ខ ទោមនស្ស ដែលកើតអំពីទោសៈរឿយៗ។ ជាអ្នកមានជាតិ ប្រកប​ដោយមោហៈ ដ៏ក្លៀវក្លា តាមប្រក្រតី បុគ្គលនោះ តែងរង​សេចក្តីទុក្ខ ទោមនស្ស ដែលកើតអំពីមោហៈរឿយៗ។ បុគ្គលនោះ ទោះបីសេចក្តីទុក្ខ ពាល់ត្រូវក្តី ទោះបីទោមនស្ស ពាល់ត្រូវក្តី ទោះបី មានមុខទទឹក ដោយ​ទឹកភ្នែក ទួញយំក្តី ក៏គង់តែប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធបាន។ បុគ្គលនោះ លុះម្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ តែងទៅកើតក្នុង​សុគតិ សួគ៌ ទេវលោក។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាននេះ តថាគត​ពោលថា មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ។

[១៥៩] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ដែលមានសេចក្តីសុខ ក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ មិនជាអ្នកមានជាតិ ប្រកបដោយរាគៈ ដ៏ក្លៀវក្លា តាមប្រក្រតី បុគ្គលនោះ មិនរងទុក្ខ ទោមនស្ស ដែលកើតអំពីរាគៈរឿយៗ។ មិនជាអ្នកមានជាតិ ប្រកប​ដោយទោសៈ ដ៏ក្លៀវក្លា តាមប្រក្រតី បុគ្គលនោះ មិនរងទុក្ខ ទោមនស្ស ដែលកើតអំពី​ទោសៈ​រឿយៗ។ មិនជាអ្នកមានជាតិ ប្រកប​ដោយមោហៈ ដ៏ក្លៀវក្លា តាមប្រក្រតី បុគ្គលនោះ មិនរងទុក្ខ ទោមនស្ស ដែលកើតអំពីមោហៈរឿយៗ។ បុគ្គលនោះ ជាអ្នកស្ងប់​ស្ងាត់ ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ ចាកអកុសលធម៌​ទាំងឡាយ ក៏ចូលកាន់​បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខ កើតអំពី​សេចក្តីស្ងប់ស្ងាត់។ លុះបុគ្គល​នោះ បានរម្ងាប់​វិតក្កៈ វិចារៈហើយ ក៏ចូលកាន់ទុតិយជ្ឈាន ដែលមានក្នុងខ្លួន​ជាទីជ្រះថ្លា មានភាពនៃចិត្តខ្ពស់ឯក គ្មានវិតក្កៈ វិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ… ចូល​កាន់តតិយជ្ឈាន… ចូលកាន់ចតុត្ថជ្ឈាន។ បុគ្គលនោះ លុះម្លាយរាងកាយ បន្ទាប់អំពី​មរណៈទៅ តែងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន​នេះ តថាគត​ហៅថា មានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ។ ម្នាលភិក្ខុទាំងឡាយ នេះឯងធម្មសមាទាន មាន៤ប្រការ។ លុះព្រះមានព្រះភាគ សំដែង​ភាសិតនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយហើយនឹងភាសិត របស់​ព្រះមានព្រះភាគ។ ចប់ ចូឡធម្មសមាទានសូត្រ ទី៥

 

លេខយោង

1)
ក្នុងវេលាដែលគេកំពុងឈរត្រង់ធរណីទ្វារ។
2)
ក្នុងវេលាដែលគេកំពុងកាន់អង្រែបុក។
km/tipitaka/sut/mn/sut.mn.045.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann