តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មូលបណ្ណាសក » ចូឡយមកវគ្គ »
តើកិច្ចការងារដែលត្រូវមកពីការយល់ឃើញត្រូវ?
mn 046 បាលី cs-km: sut.mn.046 អដ្ឋកថា: sut.mn.046_att PTS: ?
(ទី៦) មហាធម្មសមាទានសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៦. មហាធម្មសមាទានសុត្តំ)
[១៦០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[១៦១] ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ច្រើនតែមានសេចក្តីប្រាថ្នាយ៉ាងនេះ មានអធ្យាស្រ័យយ៉ាងនេះ មានបំណងយ៉ាងនេះថា ធ្វើម្តេចហ្ន៎ អារម្មណ៍ទាំងឡាយមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត គប្បីសាបសូន្យទៅ អារម្មណ៍ទាំងឡាយ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត គប្បីចំរើនឡើង ម្នាលភិក្ខុទាំងឡាយ កាលសត្វអម្បាលនោះ មានសេចក្តីប្រាថ្នាយ៉ាងនេះ មានអធ្យាស្រ័យយ៉ាងនេះ មានបំណងយ៉ាងនេះ អារម្មណ៍មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត រមែងចំរើនឡើង អារម្មណ៍ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រមែងសាបសូន្យទៅ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ពិចារណាឃើញនូវដំណើរនោះដូចម្តេច ក្នុងអារម្មណ៍ទាំងនោះ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយរបស់ពួកខ្ញុំព្រះអង្គ មានព្រះមានព្រះភាគជាមូល មានព្រះមានព្រះភាគ ជាអ្នកណែនាំ មានព្រះមានព្រះភាគ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់បំភ្លឺ នូវអត្ថនៃភាសិតនុ៎ះ ភិក្ខុទាំងឡាយ បើបានស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគហើយ នឹងចងចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើមនសិការៈដោយប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[១៦២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនដែលបានស្តាប់ មិនដែលបានឃើញព្រះអរិយៈទាំងឡាយ មិនឈ្លាសក្នុងអរិយធម៌ មិនទូន្មានខ្លួន ក្នុងអរិយធម៌ មិនឃើញសប្បុរសទាំងឡាយ មិនឈ្លាស ក្នុងធម៌របស់សប្បុរស មិនទូន្មានខ្លួន ក្នុងធម៌របស់សប្បុរស មិនស្គាល់ធម៌1) ដែលគួរសេព មិនស្គាល់ធម៌ដែលមិនគួរសេព មិនស្គាល់ធម៌ដែលគួរគប់ មិនស្គាល់ធម៌ដែលមិនគួរគប់។ កាលបុថុជ្ជននោះ មិនស្គាល់ធម៌ ដែលគួរសេព មិនស្គាល់ធម៌ ដែលមិនគួរសេព មិនស្គាល់ធម៌ ដែលគួរគប់ មិនស្គាល់ធម៌ ដែលមិនគួរគប់ តែងសេពនូវធម៌ ដែលមិនគួរសេព មិនសេពនូវធម៌ដែលគួរសេព គប់នូវធម៌ ដែលមិនគួរគប់ មិនគប់នូវធម៌ ដែលគួរគប់។ កាលបើបុថុជ្ជននោះ សេពនូវធម៌ ដែលមិនគួរសេព មិនសេពនូវធម៌ ដែលគួរសេព គប់នូវធម៌ដែលមិនគួរគប់ មិនគប់នូវធម៌ ដែលគួរគប់ អារម្មណ៍ទាំងឡាយ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត តែងចំរើនឡើង អារម្មណ៍ទាំងឡាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ក៏សាបសូន្យទៅ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ព្រោះបុថុជ្ជនអន្ធពាល មិនដឹងតាមពិត ក៏រមែងដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងអរិយសាវ័ក ដែលបានស្តាប់ បានឃើញព្រះអរិយៈទាំងឡាយ ជាអ្នកឈ្លាសក្នុងអរិយធម៌ ទូន្មានខ្លួនល្អ ក្នុងសប្បុរិសធម៌ ស្គាល់ធម៌ ដែលគួរសេព ស្គាល់ធម៌ ដែលមិនគួរសេព ស្គាល់ធម៌ ដែលគួរគប់ ស្គាល់ធម៌ ដែលមិនគួរគប់។ កាលអរិយសាវ័កនោះ ស្គាល់ធម៌ ដែលគួរសេព ស្គាល់ធម៌ ដែលមិនគួរសេព ស្គាល់ធម៌ ដែលគួរគប់ ស្គាល់ធម៌ ដែលមិនគួរគប់ ទើបមិនសេពធម៌ ដែលមិនគួរសេព សេពតែធម៌ដែលគួរសេព មិនគប់ធម៌ដែលមិនគួរគប់ គប់តែធម៌ដែលគួរគប់។ កាលបើអរិយសាវ័កនោះ មិនសេពធម៌ដែលមិនគួរសេព សេពតែធម៌ដែលគួរសេព មិនគប់ធម៌ដែលមិនគួរគប់ គប់តែធម៌ដែលគួរគប់ អារម្មណ៍ទាំងឡាយ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត រមែងសាបសូន្យទៅ អារម្មណ៍ទាំងឡាយ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត តែងចំរើនឡើង ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ព្រោះអរិយសាវ័ក ជាអ្នកដឹងតាមពិត ក៏រមែងដូច្នោះឯង។
[១៦៣] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទានទាំងឡាយនេះ មាន៤យ៉ាង ធម្មសមាទាន ទាំង៤យ៉ាង តើដូចម្តេចខ្លះ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ដែលមានសេចក្តីទុក្ខ ក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខ ជាវិបាកតទៅ១ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន មានសេចក្តីសុខ ក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខ ជាវិបាកតទៅ១ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន មានសេចក្តីទុក្ខ ក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខ ជាវិបាកតទៅ១ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន មានសេចក្តីសុខ ក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខ ជាវិបាកតទៅ១។
[១៦៤] ម្នាលភិក្ខុទាំងឡាយ បណ្តាធម្មសមាទាន អម្បាលនោះ ធម្មសមាទានណា មានសេចក្តីទុក្ខ ក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខ ជាវិបាកតទៅ ភិក្ខុជាអ្នកប្រកបដោយអវិជ្ជា មិនដឹងនូវធម្មសមាទាននោះ មិនស្គាល់តាមសេចក្តីពិតថា ធម្មសមាទាននេះឯង មានសេចក្តីទុក្ខ ក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខ ជាវិបាកតទៅ។ កាលបើភិក្ខុជាអ្នកប្រកបដោយអវិជ្ជា មិនដឹងនូវធម្មសមាទាននោះ មិនស្គាល់តាមសេចក្តីពិត ក៏រមែងសេពនូវធម្មសមាទាននោះ មិនវៀរចាក នូវធម្មសមាទាននោះឡើយ។ កាលបើភិក្ខុនោះ សេពនូវធម្មសមាទាននោះ មិនវៀរធម្មសមាទាននោះហើយ អារម្មណ៍ទាំងឡាយ ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត រមែងចំរើនឡើង អារម្មណ៍ទាំងឡាយ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រមែងសាបសូន្យទៅ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ព្រោះបុថុជ្ជនមិនដឹងតាមពិត រមែងដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម្មសមាទានទាំងនោះ ធម្មសមាទានណា មានសេចក្តីសុខក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ ភិក្ខុជាអ្នកប្រកបដោយអវិជ្ជា មិនដឹងនូវធម្មសមាទាននោះ មិនស្គាល់តាមសេចក្តីពិតថា ធម្មសមាទាននេះឯង មានសេចក្តីសុខក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ។ កាលភិក្ខុជាអ្នកប្រកបដោយអវិជ្ជា មិនដឹងនូវធម្មសមាទាននោះ មិនស្គាល់តាមសេចក្តីពិត ក៏រមែងសេពនូវធម្មសមាទាននោះ មិនវៀរចាកធម្មសមាទាននោះឡើយ។ កាលបើភិក្ខុនោះ សេពនូវធម្មសមាទាននោះ មិនវៀរចាកធម្មសមាទាននោះហើយ អារម្មណ៍ទាំងឡាយ ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត រមែងចំរើនឡើង អារម្មណ៍ទាំងឡាយ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត រមែងសាបសូន្យទៅ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ព្រោះបុថុជ្ជន មិនដឹងតាមពិត រមែងដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម្មសមាទានទាំងនោះ ធម្មសមាទានណា ដែលមានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ ភិក្ខុមិនដឹងនូវធម្មសមាទាននោះ ជាអ្នកប្រកបដោយអវិជ្ជា មិនដឹងនូវធម្មសមាទាននោះ មិនស្គាល់តាមសេចក្តីពិតថា ធម្មសមាទាននេះឯង មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ។ កាលភិក្ខុជាអ្នកប្រកបដោយអវិជ្ជា មិនដឹងនូវធម្មសមាទាននោះ មិនស្គាល់តាមសេចក្តីពិត ក៏រមែងសេពនូវធម្មសមាទាននោះ មិនវៀរចាកធម្មសមាទាននោះឡើយ។ កាលបើភិក្ខុនោះ សេពនូវធម្មសមាទាននោះ មិនវៀរចាកធម្មសមាទាននោះហើយ អារម្មណ៍ទាំងឡាយ ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត រមែងចំរើនឡើង អារម្មណ៍ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រមែងសាបសូន្យទៅ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ព្រោះបុថុជ្ជន មិនដឹងតាមពិត រមែងដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម្មសមាទាននោះ ធម្មសមាទានណា ដែលមានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខ ជាវិបាកតទៅ ភិក្ខុជាអ្នកប្រកបដោយអវិជ្ជា មិនដឹងនូវធម្មសមាទាននោះ មិនស្គាល់តាមសេចក្តីពិតថា ធម្មសមាទាននេះឯង មានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ។ កាលភិក្ខុជាអ្នកប្រកបដោយអវិជ្ជា មិនដឹងនូវធម្មសមាទាននោះ មិនស្គាល់តាមសេចក្តីពិត ក៏រមែងសេពនូវធម្មសមាទាននោះ មិនវៀរចាកធម្មសមាទាននោះឡើយ។ កាលបើភិក្ខុនោះ សេពនូវធម្មសមាទាននោះ មិនវៀរចាកធម្មសមាទាននោះ អារម្មណ៍ទាំងឡាយ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត រមែងចំរើនឡើង អារម្មណ៍ទាំងឡាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រមែងសាបសូន្យទៅ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ព្រោះបុថុជ្ជនមិនដឹងតាមពិត រមែងដូច្នោះឯង។
[១៦៥] ម្នាលភិក្ខុទាំងឡាយ បណ្តាធម្មសមាទាននោះ ធម្មសមាទានណា ដែលមានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខជាវិបាកតទៅ ភិក្ខុជាអ្នកប្រកបដោយវិជ្ជា ដឹងនូវធម្មសមាទាននោះ ស្គាល់តាមសេចក្តីពិតថា ធម្មសមាទាននេះឯង មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខជាវិបាកតទៅ ភិក្ខុជាអ្នកប្រកបដោយវិជ្ជា ដឹងនូវធម្មសមាទាននោះ ស្គាល់តាមសេចក្តីពិត រមែងមិនសេពនូវធម្មសមាទាននោះ វៀរចាកធម្មសមាទាននោះ។ កាលបើភិក្ខុនោះ មិនសេពនូវធម្មសមាទាននោះ វៀរចាកធម្មសមាទាននោះហើយ អារម្មណ៍ទាំងឡាយ ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត រមែងសាបសូន្យទៅ អារម្មណ៍ទាំងឡាយ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រមែងចំរើនឡើង ចុះដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ព្រោះភិក្ខុជាអ្នកដឹងតាមពិត រមែងដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម្មសមាទានទាំងនោះ ធម្មសមាទានណា ដែលមានសេចក្តីសុខក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ ភិក្ខុជាអ្នកប្រកបដោយវិជ្ជា ដឹងធម្មសមាទាននោះ ស្គាល់តាមសេចក្តីពិតថា ធម្មសមាទាននេះឯង មានសេចក្តីសុខក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ។ កាលភិក្ខុជាអ្នកប្រកបដោយវិជ្ជា ដឹងនូវធម្មសមាទាននោះ ស្គាល់តាមសេចក្តីពិត រមែងមិនសេពនូវធម្មសមាទាននោះ វៀរចាកធម្មសមាទាននោះហើយ។ កាលបើភិក្ខុនោះ មិនសេពនូវធម្មសមាទាននោះ វៀរចាកធម្មសមាទាននោះ អារម្មណ៍ទាំងឡាយ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត រមែងសាបសូន្យទៅ អារម្មណ៍ទាំងឡាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រមែងចំរើនឡើង ចុះដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ព្រោះភិក្ខុជាអ្នកដឹងតាមពិត រមែងដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម្មសមាទានទាំងនោះ ធម្មសមាទានណា ដែលមានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ ភិក្ខុជាអ្នកប្រកបដោយវិជ្ជា ដឹងនូវធម្មសមាទាននោះ ស្គាល់តាមសេចក្តីពិតថា ធម្មសមាទាននេះឯង មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ។ ភិក្ខុជាអ្នកប្រកបដោយវិជ្ជា ដឹងនូវធម្មសមាទាននោះ ស្គាល់តាមសេចក្តីពិត រមែងមិនសេពនូវធម្មសមាទាននោះ វៀរចាកធម្មសមាទាននោះ។ កាលបើភិក្ខុនោះ មិនសេពនូវធម្មសមាទាននោះ វៀរចាកធម្មសមាទាននោះហើយ អារម្មណ៍ទាំងឡាយ ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត រមែងសាបសូន្យទៅ អារម្មណ៍ទាំងឡាយ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រមែងចំរើនឡើង ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ព្រោះភិក្ខុជាអ្នកដឹងតាមសេចក្តីពិត រមែងដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម្មសមាទានទាំងនោះ ធម្មសមាទានណា ដែលមានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ ភិក្ខុជាអ្នកប្រកបដោយវិជ្ជា ដឹងនូវធម្មសមាទាននោះ ស្គាល់តាមសេចក្តីពិតថា ធម្មសមាទាននេះឯង មានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ។ កាលភិក្ខុជាអ្នកប្រកបដោយវិជ្ជា ដឹងនូវធម្មសមាទាននោះ ស្គាល់តាមសេចក្តីពិត រមែងមិនសេពនូវធម្មសមាទាននោះ វៀរចាកធម្មសមាទាននោះ។ កាលបើភិក្ខុនោះ មិនសេពនូវធម្មសមាទាននោះ វៀរចាកធម្មសមាទាននោះហើយ អារម្មណ៍ទាំងឡាយ ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត រមែងសាបសូន្យទៅ អារម្មណ៍ទាំងឡាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត តែងចំរើនឡើង ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ព្រោះភិក្ខុជាអ្នកដឹងតាមពិត រមែងដូច្នោះឯង។
[១៦៦] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ដែលមានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះបាណាតិបាតជាបច្ច័យ។ ជាអ្នកកាន់យកវត្ថុដែលគេមិនបានឲ្យ (ដោយការ ឬវាចា) ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះអទិន្នាទានជាបច្ច័យ។ ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះកាមេសុមិច្ឆាចារ ជាបច្ច័យ។ ជាអ្នកពោលនូវពាក្យកុហក ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះមុសាវាទ ជាបច្ច័យ។ ជាអ្នកពោលពាក្យញុះញង់ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះបិសុណវាចា ជាបច្ច័យ។ ជាអ្នកមានវាចាអាក្រក់ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះផរុសវាចា ជាបច្ច័យ។ ជាអ្នកពោលពាក្យរោយរាយ ឥតប្រយោជន៍ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះសម្ផប្បលាបៈ ជាបច្ច័យ។ ជាអ្នកមានអភិជ្ឈាច្រើន ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះអភិជ្ឈា ជាបច្ច័យ។ ជាអ្នកមានចិត្តព្យាបាទ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះព្យាបាទ ជាបច្ច័យ។ ជាអ្នកយល់ខុស ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះមិច្ឆាទិដ្ឋិ ជាបច្ច័យ។ បុគ្គលនោះ លុះទម្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាននេះ តថាគត ហៅថា មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខជាវិបាកតទៅ។
[១៦៧] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន មានសេចក្តីសុខក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះបាណាតិបាតជាបច្ច័យ។ ជាអ្នកកាន់យកវត្ថុដែលគេមិនបានឲ្យ (ដោយការ ឬវាចា) ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះអទិន្នាទានជាបច្ច័យ។ ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះកាមេសុមិច្ឆាចារ ជាបច្ច័យ។ ជាអ្នកពោលពាក្យកុហក ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះមុសាវាទ ជាបច្ច័យ។ ជាអ្នកពោលពាក្យញុះញង់ ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះបិសុណវាចា ជាបច្ច័យ។ ជាអ្នកមានវាចាអាក្រក់ ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះផរុសវាចា ជាបច្ច័យ។ ជាអ្នកពោលពាក្យ ឥតប្រយោជន៍ ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះសម្ផប្បលាបៈ ជាបច្ច័យ។ ជាអ្នកមានអភិជ្ឈាច្រើន ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះអភិជ្ឈា ជាបច្ច័យ។ ជាអ្នកមានចិត្តព្យាបាទ ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះព្យាបាទ ជាបច្ច័យ។ ជាអ្នកយល់ខុស ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះមិច្ឆាទិដ្ឋិ ជាបច្ច័យ។ បុគ្គលនោះ លុះទម្លាយរាងកាយ បន្ទាប់ពីមរណៈទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាននេះ តថាគត ហៅថា មានសេចក្តីសុខក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ។
[១៦៨] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ដែលមានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកវៀរចាកការសម្លាប់សត្វ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងសេចក្តីទុក្ខ និងទោមនស្ស ព្រោះវៀរចាកបាណាតិបាតជាបច្ច័យ។ ជាអ្នកវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងសេចក្តីទុក្ខ និងទោមនស្ស ព្រោះវៀរចាកអទិន្នាទានជាបច្ច័យ។ ជាអ្នកវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងសេចក្តីទុក្ខ និងទោមនស្ស ព្រោះវៀរចាកកាមេសុមិច្ឆាចារ ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលនូវពាក្យកុហក ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងសេចក្តីទុក្ខ និងទោមនស្ស ព្រោះវៀរចាកមុសាវាទ ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យញុះញង់ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងនូវសេចក្តីទុក្ខ និងទោមនស្ស ព្រោះវៀរចាកបិសុណវាចា ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យអាក្រក់ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងសេចក្តីទុក្ខ និងទោមនស្ស ព្រោះវៀរចាកផរុសវាចា ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យឥតប្រយោជន៍ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងសេចក្តីទុក្ខ និងទោមនស្ស ព្រោះវៀរចាកសម្ផប្បលាបៈ ជាបច្ច័យ។ ជាអ្នកមិនមានអភិជ្ឈាច្រើន ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងសេចក្តីទុក្ខ និងទោមនស្ស ព្រោះការមិនមានអភិជ្ឈា ជាបច្ច័យ។ ជាអ្នកមិនមានព្យាបាទ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងសេចក្តីទុក្ខ និងទោមនស្ស ព្រោះមិនមានព្យាបាទ ជាបច្ច័យ។ ជាអ្នកយល់ត្រូវ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែងរងសេចក្តីទុក្ខ និងទោមនស្ស ព្រោះសម្មាទិដ្ឋិ ជាបច្ច័យ។ បុគ្គលនោះ លុះទម្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏រមែងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាននេះ តថាគត ហៅថា មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ។
[១៦៩] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន មានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកវៀរចាកការសម្លាប់សត្វ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកបាណាតិបាតជាបច្ច័យ។ ជាអ្នកវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកអទិន្នាទានជាបច្ច័យ។ ជាអ្នកវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកកាមេសុមិច្ឆាចារ ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យកុហក ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកមុសាវាទ ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យញុះញង់ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកបិសុណវាចា ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យអាក្រក់ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែងបាននូវសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកផរុសវាចា ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យឥតប្រយោជន៍ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកសម្ផប្បលាបៈ ជាបច្ច័យ។ ជាអ្នកមិនមានអភិជ្ឈាច្រើន ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះមិនមានអភិជ្ឈា ជាបច្ច័យ។ ជាអ្នកមិនមានចិត្តព្យាបាទ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះមិនមានចិត្តព្យាបាទ ជាបច្ច័យ។ ជាអ្នកយល់ត្រូវ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះសម្មាទិដ្ឋិ ជាបច្ច័យ។ បុគ្គលនោះ លុះទម្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏រមែងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាននេះ តថាគត ហៅថា មានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ។ ម្នាលភិក្ខុទាំងឡាយ នេះឯងជា ធម្មសមាទាន មាន៤ប្រការ។
[១៧០] ម្នាលភិក្ខុទាំងឡាយ ដូចជាននោងព្រៃ2) លាយដោយថ្នាំពិស។ គ្រានោះ បុរសមានប្រាថ្នាដើម្បីរស់នៅ មិនប្រាថ្នាដើម្បីស្លាប់ ប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ បានមកដល់។ ពួកជននិយាយនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន ននោងព្រៃនេះ លាយដោយថ្នាំពិស បើអ្នកត្រូវការ ចូរផឹកចុះ កាលបើបុរសផឹកនូវននោងព្រៃនោះ ក៏ននោងព្រៃនោះ មិនគាប់ចិត្តដោយពណ៌ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខស្ទើរតែនឹងស្លាប់។ បើបុរសនោះ មិនបានពិចារណានូវននោងព្រៃនោះ មុខជាផឹក មិនលះបង់ទេ កាលបុរសនោះផឹក នូវននោងព្រៃហើយ មិនគាប់ចិត្តដោយពណ៌ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខស្ទើរតែនឹងស្លាប់ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគតហៅ ធម្មសមាទាន នេះថា មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខ ជាវិបាកតទៅ ក៏មានឧបមេយ្យដូច្នោះឯង។
[១៧១] ម្នាលភិក្ខុទាំងឡាយ ដូចភាជន៍សំរិទ្ធ ពេញដោយទឹកផ្អែម បរិបូណ៌ដោយពណ៌ បរិបូណ៌ដោយក្លិន បរិបូណ៌ដោយរស តែភាជន៍សំរិទ្ធពេញដោយទឹកផ្អែមនោះឯង លាយដោយថ្នាំពិស។ គ្រានោះ បុរសមានប្រាថ្នាដើម្បីរស់នៅ មិនប្រាថ្នាដើម្បីស្លាប់ ប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ បានមកដល់។ ពួកជននិយាយនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន ភាជន៍សំរិទ្ធពេញដោយទឹកផ្អែម បរិបូណ៌ដោយពណ៌ បរិបូណ៌ដោយក្លិន បរិបូណ៌ដោយរស តែភាជន៍សំរិទ្ធពេញដោយទឹកផ្អែមនោះឯង លាយទៅដោយថ្នាំពិស បើអ្នកត្រូវការ ចូរផឹកចុះ កាលបើបុរសនោះ ផឹកទឹកនោះហើយ ក៏គាប់ចិត្តដោយពណ៌ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែនឹងស្លាប់។ បើបុរសនោះ មិនបានពិចារណានូវភាជន៍សំរិទ្ធ ដែលពេញដោយទឹកផ្អែមនោះហើយ មុខជាផឹក មិនលះបង់ទេ កាលបុរសនោះ ផឹកនូវទឹកនោះ ក៏គាប់ចិត្តដោយពណ៌ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែនឹងស្លាប់ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគតហៅ ធម្មសមាទាន នេះថា មានសេចក្តីសុខ ក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខ ជាវិបាកតទៅ ក៏មានឧបមេយ្យ ដូច្នោះឯង។
[១៧២] ម្នាលភិក្ខុទាំងឡាយ ដូចជាទឹកមូត្រស្អុយ លាយដោយភេសជ្ជៈទាំងឡាយផ្សេងៗ។ គ្រានោះ បុរសមានរោគលឿង បានមកដល់។ ពួកជននិយាយនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន ទឹកមូត្រស្អុយនេះ លាយដោយភេសជ្ជៈទាំងឡាយផ្សេងៗ បើអ្នកត្រូវការ ចូរផឹកចុះ កាលបើបុរសនោះផឹកទឹកមូត្រស្អុយនោះ ក៏មិនគាប់ចិត្តដោយពណ៌ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ជាអ្នកបានសេចក្តីសុខ។ បើបុរសនោះ បានពិចារណាទឹកមូត្រស្អុយនោះហើយ ក៏មុខជាផឹក មិនលះបង់ទេ កាលបើបុរសនោះ ផឹកទឹកមូត្រស្អុយនោះ ក៏មិនគាប់ចិត្តដោយពណ៌ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ជាអ្នកបានសេចក្តីសុខ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគតហៅ ធម្មសមាទាន នេះថា មានសេចក្តីទុក្ខ ក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខ ជាវិបាកតទៅ ក៏មានឧបមេយ្យ ដូច្នោះឯង។
[១៧៣] ម្នាលភិក្ខុទាំងឡាយ ដូចជាទឹកដោះជូរក្តី ទឹកឃ្មុំក្តី ទឹកដោះថ្លាក្តី ទឹកអំពៅក្តី លាយច្រឡំជាមួយគ្នា។ គ្រានោះ បុរសមានរោគចុះឈាម បានមកដល់។ ពួកជននិយាយនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន ទឹកដោះជូរក្តី ទឹកឃ្មុំក្តី ទឹកដោះថ្លាក្តី ទឹកអំពៅក្តី ទាំងនេះ លាយច្រឡំជាមួយគ្នា បើអ្នកត្រូវការ ចូរផឹកចុះ កាលបើបុរសនោះផឹកទឹកអម្បាលនោះ ក៏គាប់ចិត្តដោយពណ៌ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ជាអ្នកបានសេចក្តីសុខ។ បើបុរសនោះ បានពិចារណាទឹកនោះហើយ ក៏មុខជាផឹក មិនលះបង់ទេ កាលបើបុរសនោះផឹកទឹកនោះហើយ ក៏គាប់ចិត្តដោយពណ៌ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ជាអ្នកបានសេចក្តីសុខ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគតហៅ ធម្មសមាទាន នេះថា មានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខ ជាវិបាកតទៅ។
[១៧៤] ម្នាលភិក្ខុទាំងឡាយ ដូចជាព្រះអាទិត្យ កាលអាកាសរាំងភ្លៀង ឃ្លាតទៅចាកពពកហើយ ក្នុងសរទសម័យ នាខែជាទីបំផុត នៃវស្សានរដូវទាំងឡាយ ក៏រះឡើងកាន់ផ្ទៃមេឃ កំចាប់បង់នូវងងឹត ដែលមានឰដ៏អាកាសទាំងអស់ ភ្លឺផង ក្តៅផង រុងរឿងផង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន នេះ មានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ ធម្មសមាទាន នោះ អាចគ្របសង្កត់នូវពាក្យបរប្បវាទ របស់ពួកសមណព្រាហ្មណ៍ដទៃផង ភ្លឺផង ក្តៅផង រុងរឿងផង ក៏មានឧបមេយ្យដូច្នោះឯង។ លុះព្រះមានព្រះភាគ បានត្រាស់ភាសិតនេះចប់ហើយ ភិក្ខុទាំងនោះ ក៏ពេញចិត្ត រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ។
ចប់ មហាធម្មសមាទានសូត្រ ទី៦។