តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មូលបណ្ណាសក » ចូឡយមកវគ្គ »
ព្រះសម្មាសម្ពុទ្ធទ្រង់ពន្យល់យ៉ាងពិស្តារ ធ្វើដូចម្តេចដើម្បីដឹងថា ព្រះសង្ឃនេះគឺសមគួរ ហើយគួរធ្វើតាម។
mn 047 បាលី cs-km: sut.mn.047 អដ្ឋកថា: sut.mn.047_att PTS: ?
(ទី៧) វីមំសកសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៧. វីមំសកសុត្តំ)
[១៧៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។
[១៧៦] ព្រះមានព្រះភាគបានត្រាស់ភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកពិចារណា1) កាលមិនដឹងវារៈចិត្ត របស់បុគ្គលដទៃទេ ត្រូវធ្វើការស្វែងរក ក្នុងព្រះតថាគត ដើម្បីឲ្យដឹងថា ព្រះសម្មាសម្ពុទ្ធ ឬមិនមែន។ ភិក្ខុទាំងនោះក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ មានព្រះមានព្រះភាគជាមូល មានព្រះមានព្រះភាគ ជាអ្នកណែនាំ មានព្រះមានព្រះភាគ ជាទីពឹងចំពោះ របស់យើងទាំងឡាយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ព្រះមេត្តាប្រោស សំដែងនូវអត្ថ នៃភាសិតនេះ ភិក្ខុទាំងឡាយ បានស្តាប់ភាសិតព្រះមានព្រះភាគហើយ នឹងបានចាំទុក។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែងឥឡូវនេះ។ ភិក្ខុទាំងឡាយនោះ បានទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[១៧៧] ព្រះមានព្រះភាគ បានត្រាស់នូវភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកពិចារណា កាលមិនដឹងនូវវារៈចិត្ត របស់បុគ្គលដទៃទេ ត្រូវស្វែងរកព្រះតថាគត ក្នុងធម៌ពីរប្រការ គឺធម៌ដែលគប្បីដឹងបានដោយចក្ខុ១ ដឹងបានដោយសោតៈ2) ១ ថា ធម៌ទាំងឡាយដ៏សៅហ្មង ដែលគប្បីដឹងបានដោយចក្ខុ និងសោតៈ នៃព្រះតថាគត មាន ឬមិនមានទេ។ កាលភិក្ខុស្វែងរកនូវហេតុនោះហើយ ក៏គង់ដឹងយ៉ាងនេះថា ធម៌ទាំងឡាយដ៏សៅហ្មង ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មិនមានទេ។ កាលណាភិក្ខុស្វែងរកហេតុនោះហើយ ដឹងយ៉ាងនេះថា ធម៌ទាំងឡាយដ៏សៅហ្មង ដែលគប្បីដឹងបានដោយចក្ខុ និងសោតៈ នៃព្រះតថាគត មិនមានទេ តពីនោះទៅ ទើបស្វែងរកហេតុនោះទៀតថា ធម៌ទាំងឡាយ ដ៏ច្រឡូកច្រឡំ3) ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មាន ឬមិនមានទេ។ កាលណាភិក្ខុស្វែងរកនូវហេតុនោះហើយ ក៏គង់ដឹងយ៉ាងនេះថា ធម៌ទាំងឡាយ ដ៏ច្រឡូកច្រឡំ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មិនមានទេ។ កាលណាភិក្ខុស្វែងរកហេតុនោះហើយ ដឹងយ៉ាងនេះថា ធម៌ទាំងឡាយ ដ៏ច្រឡូកច្រឡំ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មិនមានទេ តពីនោះទៅ ទើបស្វែងរកហេតុនោះថា ធម៌ទាំងឡាយ ដ៏ផូរផង់ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មាន ឬមិនមានទេ។ កាលណាភិក្ខុស្វែងរកនូវហេតុនោះហើយ ក៏គង់ដឹងយ៉ាងនេះថា ធម៌ទាំងឡាយ ដ៏ផូរផង់ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មានពិត។ កាលណាភិក្ខុស្វែងរកហេតុនោះហើយ ដឹងយ៉ាងនេះថា ធម៌ទាំងឡាយ ដ៏ផូរផង់ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មានពិតហើយ តទៅ ទើបស្វែងរកនូវហេតុនោះទៀតថា លោកមានអាយុនេះ បានសមាទានកុសលនេះ អស់កាលយូរអង្វែងហើយ ឬទើបនឹងសមាទានទេ។ កាលភិក្ខុស្វែងរកហេតុនោះហើយ ក៏គង់ដឹងយ៉ាងនេះថា លោកមានអាយុនេះ បានសមាទានកុសលធម៌នេះ អស់កាលយូរអង្វែងមកហើយ លោកមានអាយុនេះ មិនមែនទើបតែនឹងសមាទានឥឡូវនេះទេ។ កាលភិក្ខុស្វែងរកហេតុនោះហើយ ដឹងយ៉ាងនេះថា លោកមានអាយុនេះ បានសមាទានកុសលនេះ អស់កាលជាយូរអង្វែងណាស់មកហើយ លោកមានអាយុ មិនមែនទើបតែនឹងសមាទានឥឡូវនេះទេ តទៅ ទើបស្វែងរកនូវហេតុនោះទៀតថា ភិក្ខុមានអាយុនេះ បានកិត្តិសព្ទបរិបូណ៌ មានយសស័ក្តិបរិបូណ៌ហើយ តើទោសចំពូកខ្លះ ក្នុងលោកនេះ នៃភិក្ខុនោះ មានដែរឬទេ។ ម្នាលភិក្ខុទាំងឡាយ (តាមធម្មតា) ភិក្ខុមិនទាន់មានកិត្តិសព្ទបរិបូណ៌ មិនទាន់មានយសបរិបូណ៌ ដរាបណា ទោសទាំងឡាយចំពូកខ្លះ ភិក្ខុក៏មិនទាន់មាន ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានកិត្តិសព្ទបរិបូណ៌ មានយសបរិបូណ៌ក្នុងកាលណាហើយ ទោសទាំងឡាយចំពូកខ្លះ ក្នុងលោកនេះ នៃភិក្ខុនោះ ក៏មានក្នុងកាលនោះ។ កាលភិក្ខុស្វែងរកហេតុនោះហើយ ក៏គង់ដឹងយ៉ាងនេះថា ភិក្ខុមានអាយុនេះ មានកិត្តិសព្ទបរិបូណ៌ មានយសបរិបូណ៌ហើយ ទោសទាំងឡាយចំពូកខ្លះ ក្នុងលោកនេះ នៃភិក្ខុនោះ ក៏មិនមាន។ កាលភិក្ខុស្វែងរកហេតុនោះហើយ ដឹងយ៉ាងនេះថា ភិក្ខុមានអាយុនេះ មានកិត្តិសព្ទបរិបូណ៌ មានយសបរិបូណ៌ ទោសទាំងឡាយចំពូកខ្លះ ក្នុងលោកនេះ នៃភិក្ខុនោះ មិនមានឡើយ តទៅ ទើបស្វែងរកនូវហេតុនោះទៀតថា លោកមានអាយុនេះ មិនវិនាសដោយភ័យ4) ឬលោកមានអាយុនេះ ដែលមិនវិនាសដោយភ័យហើយ មិនសេពកាមទាំងឡាយទេ ព្រោះលោកប្រាសចាករាគៈហើយ ព្រោះអស់រាគៈហើយ។ ភិក្ខុនោះ កាលភិក្ខុស្វែងរកហេតុនោះហើយ ដឹងយ៉ាងនេះថា លោកមានអាយុនេះ មិនវិនាសដោយភ័យ លោកមានអាយុនេះ ដែលមិនវិនាសដោយភ័យហើយ មិនសេពនូវកាមទាំងឡាយទេ ព្រោះលោកប្រាសចាករាគៈហើយ ព្រោះអស់រាគៈហើយ។ ម្នាលភិក្ខុទាំងឡាយ បើពួកជនឯទៀត សួរហេតុនោះ នឹងភិក្ខុយ៉ាងនេះថា ចុះអាការរបស់លោកមានអាយុដូចម្តេច សេចក្តីត្រាស់ដឹងដូចម្តេច បានជាលោកមានអាយុពោលយ៉ាងនេះថា លោកមានអាយុនេះ មិនវិនាសដោយភ័យ លោកមានអាយុនេះ ដែលដែលមិនវិនាសដោយភ័យហើយ មិនសេពនូវកាមទាំងឡាយទេ ព្រោះលោកប្រាសចាករាគៈហើយ ព្រោះអស់រាគៈហើយ។ ម្នាលភិក្ខុទាំងឡាយ កាលនឹងព្យាករឲ្យត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា លោកមានអាយុនេះ ទុកជានៅកណ្តាលជំនុំសង្ឃក្តី នៅតែម្នាក់ឯងក្តី លោកមានអាយុនេះ មិនមើលងាយ នូវពួកជនដែលប្រតិបត្តិត្រូវក្នុងទីនោះផង នូវពួកជនដែលប្រតិបត្តិខុស ក្នុងទីនោះផង នូវពួកជន ដែលប្រៀនប្រដៅគណៈ ក្នុងទីនោះផង នូវពួកជនខ្លះ ក្នុងលោកនេះ ដែលសំឡឹងអាមិសៈផង នូវពួកជនខ្លះ ក្នុងលោកនេះ ដែលមិនជាប់ចិត្តដោយអាមិសៈផង ដោយសេចក្តីប្រតិបត្តិ (របស់ជនទាំងនោះ) ឡើយ។ ពាក្យនេះ ខ្ញុំបានស្តាប់មកអំពីទី ចំពោះព្រះភក្ត្រព្រះមានព្រះភាគ ខ្ញុំបានចេះចាំមក អំពីទីចំពោះព្រះភក្ត្រព្រះមានព្រះភាគថា ខ្ញុំជាបុគ្គលមិនវិនាសដោយភ័យ លុះខ្ញុំមិនវិនាសដោយភ័យហើយ ក៏មិនសេពនូវកាមទាំងឡាយ ព្រោះលោកប្រាសចាករាគៈហើយ ព្រោះអស់រាគៈហើយ។
[១៧៨] ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុអ្នកពិចារណានូវធម៌ទាំងពីរនោះ គួរឲ្យភិក្ខុអ្នកពិចារណាធម៌មួយរូប សាកសួរតថាគតតទៅទៀតថា ធម៌ទាំងឡាយដ៏សៅហ្មង ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មាន ឬមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ តថាគត កាលនឹងព្យាករ គប្បីព្យាករយ៉ាងនេះថា ធម៌ទាំងឡាយដ៏សៅហ្មង ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មិនមានទេ។ ធម៌ទាំងឡាយដ៏ច្រឡូកច្រឡំ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មាន ឬមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ តថាគត កាលនឹងព្យាករ គប្បីព្យាករយ៉ាងនេះថា ធម៌ទាំងឡាយដ៏ច្រឡូកច្រឡំ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មិនមានទេ។ ធម៌ទាំងឡាយដ៏ផូរផង់ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មាន ឬមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ តថាគត កាលនឹងព្យាករដោយត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា ធម៌ទាំងឡាយដ៏ផូរផង់ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មានពិត តថាគត មានគន្លងបែបនេះ មានអារម្មណ៍ជាទីគោចរបែបនេះ មិនប្រកបដោយតណ្ហា ព្រោះសីលដ៏បរិសុទ្ធនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ សាវ័កគួរចូលទៅរកសាស្តា ដែលមានវាទៈយ៉ាងនេះ ដើម្បីនឹងបានស្តាប់នូវធម្មទេសនា សាស្តាសំដែងធម៌ដ៏ប្រសើរក្រៃលែង ដ៏ឧត្តមក្រៃលែង មានចំណែកប្រៀបស្មើ ដោយធម៌ខ្មៅ និងធម៌ស ដល់សាវ័កនោះ ម្នាលភិក្ខុទាំងឡាយ សាស្តាតែងសំដែងធម៌ដ៏ប្រសើរក្រៃលែង ដ៏ឧត្តមក្រៃលែង មានចំណែកប្រៀបស្មើ ដោយធម៌ខ្មៅ និងធម៌ស ដល់ភិក្ខុ ដោយប្រការណាៗ ភិក្ខុនោះ បានដឹងច្បាស់ នូវបដិវេធធម៌ចំពូកខ្លះ ក្នុងសាសនានេះ ក្នុងធម៌ដែលព្រះមានព្រះភាគសំដែងហើយនោះ ហើយដល់នូវសេចក្តីចូលចិត្ត ក្នុងទេសនាធម៌ទាំងឡាយ ជ្រះថ្លាក្នុងព្រះសាស្តាថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ធម៌ព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ព្រះសង្ឃប្រតិបត្តិប្រពៃហើយ ដូច្នេះ ដោយប្រការនោះៗ។ ម្នាលភិក្ខុទាំងឡាយ បើពួកជនសួរសេចក្តីនោះ នឹងភិក្ខុយ៉ាងនេះទៀតថា ចុះអាការរបស់លោកមានអាយុដូចម្តេច សេចក្តីត្រាស់ដឹងដូចម្តេច បានជាលោកមានអាយុពោលយ៉ាងនេះថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ធម៌ព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ព្រះសង្ឃប្រតិបត្តិប្រពៃហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលនឹងព្យាករឲ្យត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំបានចូលទៅគាល់ព្រះមានព្រះភាគក្នុងទីនេះ ដើម្បីស្តាប់ធម៌ ព្រះមានព្រះភាគ ក៏ទ្រង់សំដែងធម៌ ដ៏ប្រសើរក្រៃលែង ដ៏ឧត្តមក្រៃលែង មានចំណែកប្រៀបស្មើដោយធម៌ខ្មៅ និងធម៌សដល់ខ្ញុំ ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដ៏ប្រសើរក្រៃលែង ដ៏ឧត្តមក្រៃលែង មានចំណែកប្រៀបស្មើដោយធម៌ខ្មៅ និងធម៌សដល់ខ្ញុំនោះ ដោយប្រការណាៗ ខ្ញុំក៏ដឹងច្បាស់ នូវបដិវេធធម៌ចំពូកខ្លះ ក្នុងសាសនានេះ ក្នុងធម៌ដែលព្រះមានព្រះភាគសំដែងហើយនោះ ហើយដល់នូវសេចក្តីចូលចិត្ត ក្នុងទេសនាធម៌ទាំងឡាយ ជ្រះថ្លាក្នុងព្រះសាស្តាថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ព្រះធម៌ព្រះមានព្រះភាគ ទ្រង់សំដែងប្រពៃហើយ ព្រះសង្ឃប្រតិបត្តិប្រពៃហើយ ដូច្នេះ ដោយប្រការនោះៗ។
[១៧៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ មានសទ្ធាមិនកម្រើក ចាក់ឫសខ្ជាប់ តំកល់ស៊ប់ក្នុងព្រះតថាគត ដោយអាការទាំងឡាយនេះ ដោយបទទាំងឡាយនេះ ដោយព្យញ្ជនៈទាំងឡាយនេះហើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ទើបតថាគតហៅថា អ្នកមានសទ្ធា ប្រកបដោយហេតុ មានសោតាបត្តិមគ្គជាមូលដ៏មាំមួន ឥតមានសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកណាមួយក្នុងលោកក្តី ដឹកនាំទៅបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកធម៌ក្នុងព្រះតថាគត យ៉ាងនេះ ចំណែកខាងព្រះតថាគត (ត្រូវតែ) បុគ្គលស្វះស្វែងរក តាមធម្មតា យ៉ាងនេះដែរ។ លុះព្រះមានព្រះភាគ បានត្រាស់ភាសិតនេះចប់ហើយ ពួកភិក្ខុទាំងនោះ មានសេចក្តីពេញចិត្ត ត្រេកអរនឹងភាសិត របស់ព្រះមានព្រះភាគ។
ចប់ វីមំសកសូត្រ ទី៧។