km:tipitaka:sut:mn:sut.mn.049



ព្រហ្មនិមន្តនិកសូត្រ ទី៩

សង្ខេប

ព្រះ​ពុទ្ធ​ដោះ​ស្រាយ​នូវ​ទិដ្ធិ​អាក្រក់​របស់​ពកៈ​ព្រហ្ម​។

mn 049 បាលី cs-km: sut.mn.049 អដ្ឋកថា: sut.mn.049_att PTS: ?

(ទី៩) ព្រហ្មនិមន្តនិកសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

សម្រាប់រឿងខ្លីសូមមើល ពកសូត្រ (sut.sn.06.004) នៅក្នុងសំយុត្តនិកាយ

អានដោយ ព្រះខេមានន្ទ

(៩. ព្រហ្មនិមន្តនិកសុត្តំ)

[១៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្តាប់​ព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[១៩២] ព្រះមានព្រះភាគបានត្រាស់ភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ សម័យ​មួយ តថាគតនៅក្នុងសុភគវ័ននេះ ទៀបគល់សាលរាជព្រឹក្ស នាដែនឧក្កដ្ឋា។ ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង ទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងដល់​ព្រហ្មឈ្មោះ ពកៈ ថា ឋានព្រហ្មនេះ ជារបស់ទៀង ជារបស់ឋិតថេរ ជារបស់មាននៅគ្រប់​កាល ជារបស់មិនធ្លុះធ្លាយ ជារបស់មិនឃ្លៀងឃ្លាត ព្រោះថា ឋានព្រហ្មនេះ មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនកើតឡើង ឯឋានដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ ឲ្យ​ក្រៃលែងជាងឋានព្រហ្មនេះ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ តថាគត បានដឹងនូវសេចក្តីត្រិះរិះ ក្នុងចិត្តរបស់ ពកព្រហ្ម ដោយចិត្តរបស់តថាគត ហើយក៏បាត់​អំពី​សុភគវ័ន ទៀបគល់សាលរាជព្រឹក្ស ក្នុងក្រុងឧក្កដ្ឋា ទៅប្រាកដក្នុងព្រហ្មលោកនោះ ដូចជាបុរសមានកំឡាំង លាដៃដែលបត់ចូល ឬបត់ដៃដែលលាចេញ ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ពកព្រហ្ម បានឃើញតថាគតកំពុងមកអំពីចម្ងាយ លុះឃើញហើយ ទើបក្រាបបង្គំទូលតថាគត យ៉ាងនេះថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ សូមព្រះអង្គ ទ្រង់ស្តេច​ចូលមក បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ដំណើរដែលព្រះអង្គស្តេចមកនេះ ប្រពៃហើយ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គខានធ្វើ​ដំណើរ​និមន្តមកក្នុងទីនេះ អស់កាលជាយូរ​អង្វែង​ណាស់ហើយ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ធម្មតា ឋានព្រហ្មនេះ ជាទីទៀង ជាទីឋិតថេរ​នៅសព្វកាល មិនធ្លុះធ្លាយ មិនឃ្លៀងឃ្លាត ព្រោះថាឋានព្រហ្មនេះ រមែង​មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនកើតឡើងទៀតទេ ឯឋានដទៃ ជាទីរលាស់ខ្លួន​ចេញចាកទុក្ខ ឲ្យក្រៃលែងជាស្ថានព្រហ្មនេះ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ កាល​ពកព្រហ្ម ពោលយ៉ាងនេះហើយ តថាគត បានពោលនឹងពកព្រហ្មយ៉ាងនេះថា អើហ្ន៎ ពកព្រហ្ម ប្រកបដោយអវិជ្ជាទេតើ អើហ្ន៎ ពកព្រហ្ម ប្រកបដោយអវិជ្ជាទេតើ បានជា​ពោលនូវរបស់ដែលមិនទៀងទាត់ ថាជារបស់ទៀងទាត់វិញ ពោលរបស់ដែលមិនឋិតថេរ ថាជារបស់ឋិតថេរវិញ ពោលរបស់គ្មាននៅគ្រប់កាល ថាជារបស់មាននៅគ្រប់កាលវិញ ពោលរបស់ដែលមិនធ្លុះធ្លាយ ថាជារបស់ធ្លុះធ្លាយវិញ ពោលរបស់ដែលឃ្លៀងឃ្លាត ថាជារបស់មិនឃ្លៀងឃ្លាតវិញ មួយទៀត ពកព្រហ្ម ពោលចំពោះឋានព្រហ្ម ដែល​នៅ​កើត នៅចាស់ នៅស្លាប់ នៅច្យុត នៅកើតទៀតថា ឋានព្រហ្មនេះ មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនកើតឡើងវិញ ឯឋានដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ ឲ្យក្រៃលែងជាងឋានព្រហ្មនេះ មិនមានឡើយ។

[១៩៣] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ មារមានចិត្តបាប ចូលជ្រែកព្រហ្មមួយ​រូប ឈ្មោះបារិសជ្ជៈ ហើយពោលពាក្យនេះ នឹងតថាគតថា ម្នាលភិក្ខុ ភិក្ខុកុំបណ្តេញព្រហ្ម​នេះឡើយ ភិក្ខុកុំបណ្តេញព្រហ្មនេះឡើយ ម្នាលភិក្ខុ ព្រោះព្រហ្មនេះ ជាមហាព្រហ្មផង ជាច្បង ឥតមានអ្នកដទៃគ្របសង្កត់បាន ជាអ្នកឃើញហេតុពិត ជាអ្នកធ្វើ​ជនទាំងអស់ ឲ្យ​លុះក្នុងអំណាចខ្លួនបាន ជាឥស្សរៈក្នុងលោក ជាអ្នក​សាងលោក និមិត្តលោក ជាអ្នកប្រសើរ ជាអ្នកចាត់ចែងលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់ពួកសត្វ ដែល​កើតហើយ និងសត្វដែល​នៅក្នុងគភ៌។ ម្នាលភិក្ខុ ក្នុងកាលមុនអំពីខ្លួនលោក មានពួក​សមណព្រាហ្មណ៍ក្នុងលោក ជាអ្នកតិះដៀលផែនដី1) ខ្ពើមផែនដី តិះដៀលទឹក ខ្ពើមទឹក តិះដៀលភ្លើង ខ្ពើមភ្លើង តិះដៀលខ្យល់ ខ្ពើមខ្យល់ តិះដៀលពួកសត្វ ខ្ពើមពួកសត្វ តិះដៀលទេវតា ខ្ពើមទេវតា តិះដៀលបជាបតិទេវរាជ ខ្ពើមបជាបតិទេវរាជ តិះដៀលព្រហ្ម ខ្ពើមព្រហ្ម ពួក​សមណព្រាហ្មណ៍ទាំងនោះ លុះទំលាយកាយ ផ្តាច់បង់ជីវិតទៅ ក៏កើតក្នុងពួកដ៏​ថោកទាប គឺអបាយភូមិ៤។ ម្នាលភិក្ខុ មួយវិញទៀត ក្នុងកាលមុនអំពីខ្លួនលោក មានពួក​សមណព្រាហ្មណ៍ក្នុងលោក ជាអ្នកសរសើរផែនដី ត្រេកអរនឹងផែនដី សរសើរទឹក ត្រេកអរនឹងទឹក សរសើរភ្លើង ត្រេកអរនឹងភ្លើង សរសើរខ្យល់ ត្រេកអរនឹងខ្យល់ សរសើរពួកសត្វ ត្រេកអរនឹងពួកសត្វ សរសើរទេវតា ត្រេកអរនឹងទេវតា សរសើរបជាបតិទេវរាជ ត្រេកអរនឹងបជាបតិទេវរាជ សរសើរព្រហ្ម ត្រេកអរនឹងព្រហ្ម ពួក​សមណព្រាហ្មណ៍ទាំងនោះ លុះទំលាយកាយ ផ្តាច់បង់ជីវិតទៅ ក៏កើតក្នុងពួក​ដ៏ប្រសើរ គឺព្រហ្មលោក។ ម្នាលភិក្ខុ ព្រោះហេតុនោះ ខ្ញុំសូមនិយាយ​នឹងលោកយ៉ាងនេះ បពិត្រលោក​អ្នកនិទ៌ុក្ខ ខ្ញុំសូម​ដាស់តឿនលោក ចូរលោកធ្វើតាមពាក្យព្រហ្ម ដែលបាន​និយាយហើយដល់លោក លោកកុំកន្លងពាក្យរបស់ព្រហ្មឡើយ ម្នាលភិក្ខុ ប្រសិនបើលោក​កន្លងពាក្យរបស់ព្រហ្មហើយ។ ដូចជាបុរសយកដំបង វាយបណ្តេញនូវ​សិរី ដែលកំពុងមកដល់ យ៉ាងណា ម្នាលភិក្ខុ ពុំនោះសោត ដូចជាបុរស ធ្លាក់ក្នុងអណ្តូងធំ​ជ្រៅ មិនអាចនឹងចាប់ផែនដី ដោយដៃ និងជើងទាំងឡាយបាន យ៉ាងណា ម្នាលភិក្ខុ សេចក្តីឧបមេយ្យនេះ នឹងមានដល់លោក ក៏យ៉ាងនោះដែរ។ បពិត្រលោក​អ្នកនិទ៌ុក្ខ ខ្ញុំសូម​ដាស់តឿនលោក ចូរលោកធ្វើតាមពាក្យព្រហ្ម ដែលបាន​និយាយហើយដល់លោក ចូរ​លោក​កុំកន្លងពាក្យរបស់ព្រហ្មឡើយ ម្នាលភិក្ខុ ក្រែងលោក​ឃើញព្រហ្មបរិស័ទ​ កំពុង​ប្រជុំគ្នាដែរឬទេ។ ម្នាលភិក្ខុទាំងឡាយ មារមានចិត្តបាប បានបង្អោនតថាគត ឲ្យដូច​ជាព្រហ្មបរិស័ទ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ កាលមារនិយាយ​យ៉ាងនេះ​ហើយ តថាគត បានពោលនឹងមារមានចិត្តបាប យ៉ាងនេះវិញថា ម្នាលមារមានចិត្តបាប តថាគតស្គាល់​អ្នកច្បាស់ហើយ អ្នកកុំមើលងាយថា ឥតមានអ្នកណាមួយស្គាល់​អញ ដូច្នេះ​ឡើយ ម្នាលមារមានចិត្តបាប អ្នកហ្នឹងហើយ ជាមារ ម្នាលមារមានចិត្តបាប ព្រហ្ម​ណាក៏ដោយ ព្រហ្មបរិស័ទណាក៏ដោយ ព្រហ្មបារិសជ្ជណាក៏ដោយ អ្នកទាំងអស់នោះ សុទ្ធតែលុះក្នុងកណ្តាប់ដៃរបស់អ្នក អ្នកទាំងអស់នោះ សុទ្ធតែ​លុះក្នុងអំណាច​របស់​អ្នក ម្នាលមារមានចិត្តបាប ព្រោះហេតុនោះ បានជាអ្នក មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះសមណគោតម គប្បីលុះក្នុងកណ្តាប់ដៃរបស់អញ ព្រះសមណគោតម គប្បីលុះ​ក្នុង​អំណាចរបស់អញ ម្នាលមារមានចិត្តបាប ឯតថាគត មិនលុះក្នុងកណ្តាប់ដៃរបស់អ្នកទេ មិនលុះក្នុងអំណាច​របស់អ្នកទេ។

[១៩៤] ម្នាលភិក្ខុទាំងឡាយ កាលតថាគត ពោលយ៉ាងនេះហើយ ពកព្រហ្ម បានពោល​នូវពាក្យនេះថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ខ្ញុំព្រះអង្គពោលរបស់ដែលទៀង ថាជារបស់ទៀងពិត ពោលរបស់ដែលឋិតថេរ ថាជារបស់ឋិតថេរពិត ពោលរបស់ដែល​មាននៅសព្វកាល ថាជារបស់​មាននៅសព្វកាលពិត ពោលរបស់ដែលមិនដាច់ធ្លុះធ្លាយ ថាជារបស់មិនដាច់ធ្លុះធ្លាយពិត ពោលរបស់ដែលមិនឃ្លៀងឃ្លាត ថាជារបស់​មិនឃ្លៀងឃ្លាតពិត។ មួយវិញទៀត ទីណាមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនកើតឡើង ខ្ញុំព្រះអង្គ ពោលទីនោះឯង ថាទីនេះ មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនកើតឡើង មួយវិញទៀត ឋានដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ ឲ្យក្រៃលែងជាង​ មិនមាន បានជាខ្ញុំព្រះអង្គ ពោលថា ឋានដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ ឲ្យក្រៃលែង​ មិនមាន។ ម្នាលភិក្ខុ កាលមុនខ្លួនអ្នកទៅទៀត មានពួក​សមណព្រាហ្មណ៍ក្នុងលោក មានតបកម្ម ប្រហែលនឹងអាយុទាំងអស់របស់អ្នក។ ពួកសមណព្រាហ្មណ៍​នោះ ដឹង​យ៉ាង​នេះថា ឋានដទៃជាទីរលាស់ខ្លួនចេញចាកទុក្ខ តទៅទៀត មាន ឋានដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ តទៅទៀត មាន ថាឋានដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ តទៅទៀត មិនមាន ឋានដទៃ​ជាទីរលាស់ខ្លួនចេញចាកទុក្ខ តទៅទៀត មិនមាន។ ម្នាលភិក្ខុ ព្រោះហេតុនោះ បានជាខ្ញុំនិយាយនឹងលោកយ៉ាងនេះ លោកមិនឃើញ​នូវឋាន​ដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ តទៅទៀតទេ លោកជាអ្នក​មានចំណែក​នៃសេចក្តី​លំបាក និងសេចក្តីចង្អៀតចង្អល់តែមួយយ៉ាង។ ម្នាលភិក្ខុ ប្រសិនបើលោកប្រកាន់​ផែនដី ឈ្មោះថាដេកនៅក្បែរខ្ញុំ ឈ្មោះថា ដេកត្រាំនៅក្នុងវត្ថុរបស់​ខ្ញុំ ខ្ញុំនឹងធ្វើលោក​តាម​សេចក្តី​ប្រាថ្នារបស់ខ្ញុំ ឲ្យលោកជាមនុស្សថោកទាបក៏បាន។ មួយវិញទៀត ប្រសិនបើលោក​ប្រកាន់ទឹក ភ្លើង ខ្យល់ ពពួកសត្វ ទេវតា បជាបតិទេវរាជ ព្រហ្ម ឈ្មោះថាដេកនៅក្បែរខ្ញុំ ឈ្មោះថា ដេកត្រាំនៅក្នុងវត្ថុរបស់​ខ្ញុំ ខ្ញុំនឹងធ្វើលោក​តាម​សេចក្តី​ប្រាថ្នារបស់ខ្ញុំ ឲ្យលោក​ជា​មនុស្សថោកទាបក៏បាន។ ម្នាលព្រហ្ម តថាគត ក៏ដឹងហេតុនេះដែរ។ ប្រសិនបើតថាគត​ប្រកាន់​ផែនដី ឈ្មោះថាដេកនៅក្បែរអ្នក ឈ្មោះថា ដេកត្រាំនៅក្នុងវត្ថុរបស់អ្នក អ្នកគួរ​នឹងធ្វើតថាគត តាមសេចក្តីប្រាថ្នារបស់អ្នក ឲ្យតថាគតជាមនុស្សថោកទាបបានមែន។ មួយវិញទៀត ប្រសិនបើតថាគត ប្រកាន់ទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា បជាបតិ​ទេវរាជ ព្រហ្ម ឈ្មោះថាដេកនៅក្បែរអ្នក ឈ្មោះថា ដេកត្រាំក្នុងវត្ថុរបស់អ្នក អ្នកគួរនឹងធ្វើ​តថាគត តាមសេចក្តីប្រាថ្នារបស់អ្នក ឲ្យតថាគត ជាមនុស្សថោកទាបបានមែន។ ម្នាល​ព្រហ្ម ប៉ុន្តែតថាគត ស្គាល់គតិរបស់អ្នក ស្គាល់អានុភាពរបស់អ្នកហើយថា ពកព្រហ្ម មាន​ឫទ្ធិច្រើនយ៉ាងនេះ ពកព្រហ្ម មានអានុភាពច្រើនយ៉ាងនេះ ពកព្រហ្ម​ មានស័ក្តិ​ធំ​យ៉ាងនេះ។ ពកព្រហ្ម​ទូលសួរថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ចុះព្រះអង្គស្គាល់​គតិរបស់ខ្ញុំ​ ស្គាល់អានុភាពរបស់ខ្ញុំថា ពកព្រហ្ម មានឫទ្ធិច្រើនយ៉ាងនេះ ពកព្រហ្ម មាន​អានុភាព​ច្រើនយ៉ាងនេះ ពកព្រហ្ម​ មានស័ក្តិធំយ៉ាងនេះ តើដោយប្រការដូចម្តេច។

ព្រះអង្គ​ត្រាស់ថា ព្រះចន្ទ្រ និងព្រះអាទិត្យទាំងឡាយ ដើរបំភ្លឺទិសទាំងឡាយ ឲ្យបានភ្លឺត្រឹមណា លោកគឺចក្កវាឡទាំងមួយពាន់ ក៏កំណត់ត្រឹមនោះ អំណាច​របស់អ្នក ប្រព្រឹត្តទៅបានតែត្រឹមចក្កវាឡមួយពាន់នុ៎ះ មួយទៀត អ្នកស្គាល់​ពួកសត្វថោកទាប និងពួកសត្វខ្ពង់ខ្ពស់ សត្វដែល​ប្រកបដោយរាគៈ និងសត្វដែល​ប្រាសចាករាគៈ ស្គាល់ចក្កវាឡនេះ ចក្រវាឡដទៃ ស្គាល់ដំណើរមក និងដំណើរ​ទៅ របស់សត្វទាំងឡាយ។

ម្នាលព្រហ្ម តថាគត ស្គាល់គតិ ស្គាល់អានុភាព​របស់អ្នក យ៉ាងនេះថា ពកព្រហ្ម មានឫទ្ធិច្រើនយ៉ាងនេះ ពកព្រហ្ម មានអានុភាពច្រើនយ៉ាងនេះ ពកព្រហ្ម​ មានស័ក្តិធំ​យ៉ាង​នេះ។ ម្នាលព្រហ្ម នៅមានព្រហ្ម​៣ពួក​ដទៃទៀត អ្នកមិនដឹង មិនឃើញ​ព្រហ្ម​ទាំង​៣​ពួកនោះទេ តថាគត ទើបដឹង ទើបឃើញ​ព្រហ្មទាំង៣ពួកនោះបាន។ ម្នាលព្រហ្ម មានពួក​ព្រហ្មមួយ ឈ្មោះអាភស្សរៈ។ ខ្លួនអ្នកច្យុតអំពីទីនោះ បានមកកើតក្នុងទីនេះ ស្មារតី​របស់​អ្នកនោះ ក៏ភ្លេចបាត់ទៅ ដោយសារ​នៅក្នុងទីនេះយូរពេក ព្រោះហេតុនោះ បានជាអ្នកមិនដឹង មិនឃើញ​អាភស្សរព្រហ្មនោះ តថាគត ទើបដឹង ទើបឃើញ​ព្រហ្ម​នោះបាន។ ម្នាលព្រហ្ម យ៉ាងនេះឯង តថាគត មិនមែនស្មើនឹងអ្នកទេ តថាគត ដឹង​ច្បាស់​ហើយ នឹងឲ្យថោកទាប​ជាងអ្នកដូចម្តេចបាន តថាគត ត្រូវតែ​ប្រសើរជាង​អ្នកដោយពិត។ ម្នាលព្រហ្ម នៅមានពួកព្រហ្ម ឈ្មោះសុភកិណ្ហៈ និងពួកព្រហ្ម​ឈ្មោះវេហប្ផលៈ អ្នកមិនដឹង មិនឃើញពួកព្រហ្មទាំងនោះទេ តថាគត ទើបដឹង ទើបឃើញ​ពួកព្រហ្ម​នោះបាន។ ម្នាលព្រហ្ម យ៉ាងនេះឯង តថាគត មិនមែនស្មើនឹងអ្នកទេ តថាគត ដឹង​​ហើយ នឹង​ឲ្យថោក​ទាប​​ជាងអ្នក ដូចម្តេចបាន តថាគត ត្រូវតែ​ប្រសើរជាង​អ្នកដោយពិត។ ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវផែនដី ថាជាផែនដីពិត ដឹងច្បាស់នូវព្រះនិព្វាន ដែល​សត្វ​​មិនធ្លាប់​ដល់ ដោយសភាព​នៃផែនដីពិត បានជាតថាគត មិនប្រកាន់​នូវផែនដី មិនប្រកាន់​ក្នុងផែនដី មិនប្រកាន់អំពីផែនដី មិនប្រកាន់​ថាផែនដី​របស់តថាគត មិន​ប្រកាសផែនដី។ ម្នាលព្រហ្ម កាលបើយ៉ាងនេះ តថាគត មិនមែនជាបុគ្គល​ស្មើនឹងអ្នកទេ តថាគត ត្រាស់ដឹង​ហើយ នឹងឲ្យថោកទាបជាងអ្នក​ ដូចម្តេចបាន តថាគត ត្រូវតែ​ប្រសើរ​ជាង​​អ្នក​ដោយពិត។ ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវទឹក។បេ។ ម្នាលព្រហ្ម តថាគត​ដឹង​ច្បាស់​​នូវភ្លើង… ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវខ្យល់… ម្នាលព្រហ្ម តថាគត ដឹងច្បាស់​នូវ​ពួកសត្វ… ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវពួកទេវតា… ម្នាលព្រហ្ម តថាគត ដឹង​ច្បាស់​នូវបជាបតិទេវរាជ… ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវព្រហ្ម… ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវពួកព្រហ្មឈ្មោះអាភស្សរៈ ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវព្រហ្មឈ្មោះ​សុភកិណ្ហៈ… ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវព្រហ្មឈ្មោះ​វេហប្ផលៈ… ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវព្រហ្មជាច្បងគេ… ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវវត្ថុទាំងពួង ថាជា​វត្ថុ​ទាំងពួងពិត ដឹងច្បាស់នូវព្រះនិព្វាន ដែលសត្វ​មិនធ្លាប់​ដល់ ដោយសភាព​នៃវត្ថុ​ទាំងពួង បានជាតថាគត មិនប្រកាន់​វត្ថុទាំងពួង មិនប្រកាន់​ក្នុងវត្ថុទាំងពួង មិនប្រកាន់​អំពី​វត្ថុទាំងពួង មិនប្រកាន់វត្ថុទាំងពួង ថាជារបស់តថាគត មិនប្រកាសនូវវត្ថុទាំងពួង។ ម្នាល​ព្រហ្ម កាលបើយ៉ាងនេះ តថាគត មិនមែន​ស្មើនឹងអ្នកទេ តថាគត ត្រាស់ដឹង​ហើយ នឹងឲ្យថោកទាបជាងអ្នក ​ដូចម្តេចបាន តថាគត ត្រូវតែប្រសើរ​ជាង​​អ្នក​ដោយពិត។ បពិត្រព្រះអង្គ​អ្នកនិទ៌ុក្ខ បើព្រះអង្គដឹងនូវព្រះនិព្វាន ដែលសត្វ​មិនធ្លាប់​ដល់ ដោយសភាព នៃវត្ថុទាំងពួងហើយ សូមកុំឲ្យពាក្យរបស់ព្រះអង្គ សោះសូន្យ​ទទេឥតអំពើឡើយ។ វិញ្ញាណឈ្មោះអនិទស្សនៈ2) ឈ្មោះអនន្តៈ3) មានពន្លឺ ភ្លឺជាង​ធម្មជាតទាំងអស់ ដែលសត្វមិនធ្លាប់បានដល់ ដោយសភាពនៃផែនដី មិនធ្លាប់​បាន​ដល់ ដោយសភាពនៃទឹក មិនធ្លាប់បានដល់ ដោយសភាពនៃភ្លើង មិនធ្លាប់បានដល់ ដោយសភាពនៃខ្យល់ មិនធ្លាប់បានដល់ ដោយសភាពជាពួកសត្វ មិនធ្លាប់បានដល់ ដោយសភាពជាទេវតា មិនធ្លាប់បានដល់ ដោយសភាពជាបជាបតិទេវរាជ មិនធ្លាប់បានដល់ ដោយសភាពជាព្រហ្ម មិនធ្លាប់បានដល់ ដោយសភាពជាអាភស្សរព្រហ្ម មិនធ្លាប់បានដល់ ដោយសភាពជាសុភកិណ្ហព្រហ្ម មិនធ្លាប់បានដល់ ដោយសភាពជាវេហប្ផលព្រហ្ម មិនធ្លាប់បានដល់ ដោយ​សភាព នៃព្រហ្មជាច្បង មិនធ្លាប់បានដល់ ដោយសភាពនៃវត្ថុ​ទាំងពួង។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ណ្ហើយចុះ ខ្ញុំនឹង​បំបាត់ខ្លួនអំពីព្រះអង្គ ឥឡូវនេះ។ ម្នាលព្រហ្ម អើ បើអ្នកអាច ក៏ចូរ​បំបាត់​ខ្លួន អំពីតថាគត ឥឡូវនេះមើល។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពកព្រហ្ម គិតថា អាត្មាអញ នឹងបំបាត់ខ្លួន អំពី​ព្រះសមណគោតម អាត្មាអញ នឹងបំបាត់ខ្លួន អំពីព្រះសមណគោតម ហើយក៏មិនអាច​នឹងបំបាត់ខ្លួន អំពីតថាគតបានឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើពកព្រហ្ម​ពោលយ៉ាង​នេះហើយ តថាគត ក៏បានពោលនឹងពកព្រហ្មយ៉ាងនេះវិញថា ម្នាលព្រហ្ម បើដូច្នោះ តថាគត នឹងបំបាត់ខ្លួន​អំពីអ្នកវិញ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ បើព្រះអង្គអាច ក៏ចូរបំបាត់ខ្លួន អំពីខ្ញុំទៅមើល។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង តថាគត និមិត្តនូវឥទ្ធាភិសង្ខារ មានសភាពដូច្នោះថា ព្រហ្ម និងព្រហ្មបរិស័ទ ព្រមទាំង​ព្រហ្មបារិសជ្ជា ឲ្យឮតែសំឡេងរបស់តថាគតប៉ុណ្ណោះ តែមិនបាន​ឃើញ​តថាគតឡើយ។ កាលតថាគត បំបាត់ខ្លួនទៅហើយ ក៏បានពោលនូវព្រះគាថានេះថា

តថាគត ឃើញភ័យក្នុងភពផង ឃើញនូវ​ពួកសត្វ ដែលកំពុងស្វែងរក​នូវភពផង ហើយមិនបានពោលសរសើរ គឺមិនស្វែងរកភពណាមួយ ទាំងមិនប្រកាន់​នូវសេចក្តី​ត្រេកអរ (ក្នុងភព)ឡើយ។

[១៩៥] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រហ្ម និងព្រហ្មបរិស័ទ ព្រមទាំង​ព្រហ្មបារិសជ្ជា ក៏កើតសេចក្តីអស្ចារ្យ ក្នុងចិត្តថា អើ ហេតុនេះជាអស្ចារ្យណាស់ហ្ន៎ អើហេតុនេះមិនដែល​មានទេហ្ន៎ ព្រះសមណគោតម ពេញជាមានឫទ្ធិច្រើន ពេញ​ជាមានអានុភាពច្រើនមែន មួយទៀត មុនអំពីកាលនេះ យើងទាំងឡាយ មិនដែល​បានឃើញ មិនដែលបានឮថា មានសមណៈ ឬព្រាហ្មណ៍ដទៃ មានឫទ្ធិច្រើន មានអានុភាព​ច្រើន ឲ្យដូចជាព្រះសមណគោតម ដែលចេញចាក​សក្យត្រកូល មកបួស​នេះឡើយ អើហ្ន៎ ព្រះសមណគោតម ចេះផ្តិលផ្តាច់នូវភព ព្រមទាំងឫសគល់របស់ពួក​សត្វ ដែលរីករាយក្នុងភព ត្រេកអរក្នុងភព ពេញចិត្តក្នុងភពបាន។

[១៩៦] ម្នាលភិក្ខុទាំងឡាយ គ្រានោះ មារមានចិត្តបាប បានចូលជ្រែកសរីរៈ​នៃ​ព្រហ្មបារិសជ្ជាមួយរូប ហើយបានពោលនឹងតថាគត យ៉ាងនេះថា បពិត្រព្រះអង្គអ្នក​និទ៌ុក្ខ ប្រសិនបើព្រះអង្គជ្រាបច្បាស់យ៉ាងនេះ ប្រសិនបើត្រាស់ដឹង (សច្ចៈ) យ៉ាងនេះ​ហើយ សូមព្រះអង្គកុំពន្យល់ពួកសាវ័ក កុំពន្យល់​ពួកបព្វជិត កុំសំដែង​ធម៌ ដល់ពួក​សាវ័ក កុំសំដែងធម៌ ដល់ពួកបព្វជិតឡើយ កុំធ្វើសេចក្តី​ប្រាថ្នាក្នុងពួកសាវ័ក កុំធ្វើសេចក្តី​ប្រាថ្នា​ក្នុងពួក​បព្វជិតឡើយ។ ម្នាលភិក្ខុ ក្នុងកាលមុនខ្លួនលោក (ទៅទៀត) មាន​ពួក​សមណព្រាហ្មណ៍ ជាអរហន្តសម្មាសម្ពុទ្ធ ជាអ្នកចេះដឹង​ក្នុងលោក ពួក​សមណព្រាហ្មណ៍​ទាំងនោះ បានពន្យល់ពួកសាវ័ក និងពួកបព្វជិត បាន​សំដែង​ធម៌ ដល់ពួក​សាវ័ក និងពួកបព្វជិត បានធ្វើសេចក្តី​ប្រាថ្នាក្នុងពួកសាវ័ក និងពួក​បព្វជិត លុះ​ពន្យល់ពួកសាវ័ក និងពួកបព្វជិត ​សំដែង​ធម៌ ដល់ពួក​សាវ័ក និងពួកបព្វជិត មានចិត្ត​ប្រាថ្នាក្នុងពួកសាវ័ក និងពួក​បព្វជិតហើយ លុះទំលាយកាយ ផ្តាច់ជីវិតបាត់ទៅ​ កើតក្នុងពួក​ដ៏ថោកទាប (គឺអបាយភូមិទាំង៤)។ ម្នាលភិក្ខុ មួយទៀត ក្នុងកាលមុនខ្លួនលោក (ទៅទៀត) មាន​ពួក​សមណព្រាហ្មណ៍ ជាអរហន្តសម្មាសម្ពុទ្ធ ជាអ្នកចេះដឹង​ក្នុងលោក ពួក​សមណព្រាហ្មណ៍​ទាំងនោះ មិនបានពន្យល់ពួកសាវ័ក មិនបានពន្យល់ពួកបព្វជិត មិន​សំដែង​ធម៌ ដល់ពួក​សាវ័ក មិនសំដែងធម៌ដល់ពួកបព្វជិត មិនធ្វើសេចក្តី​ប្រាថ្នាក្នុងពួកសាវ័ក មិនធ្វើ​សេចក្តីប្រាថ្នាក្នុងពួក​បព្វជិត ពួក​សមណព្រាហ្មណ៍ទាំងនោះ លុះ​មិនបានពន្យល់​ពួកសាវ័ក មិនបានពន្យល់ពួកបព្វជិត មិនបាន​សំដែង​ធម៌ ដល់ពួក​សាវ័ក មិនបានសំដែងធម៌ដល់ពួកបព្វជិត មិនមានចិត្ត​ប្រាថ្នាក្នុងពួកសាវ័ក មិនមានចិត្ត​ប្រាថ្នាក្នុងពួក​បព្វជិតហើយ លុះទំលាយកាយ ផ្តាច់បង់ជីវិត​ ក៏បានមកកើតក្នុងទីដ៏​ខ្ពង់ខ្ពស់ (ព្រហ្មលោក)។ ម្នាលភិក្ខុ ព្រោះហេតុនោះ បានជាខ្ញុំ​និយាយនឹង​លោកយ៉ាង​នេះថា ម្នាលអ្នកនិទ៌ុក្ខ ខ្ញុំសូមរំលឹក កុំឲ្យលោកមានសេចក្តីខ្វល់ខ្វាយពេក សូមប្រកប​រឿយៗ នូវធម៌ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នចុះ ព្រោះថា ការដែលមិនសំដែង (ធម៌) ប្រាប់ជនដទៃ ជាការប្រពៃ ម្នាលអ្នកនិទ៌ុក្ខ សូមលោកកុំទូន្មានអ្នកដទៃឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើមារពោលយ៉ាងនេះហើយ ទើបតថាគត បានពោល​ពាក្យនេះ នឹងមារមានចិត្តបាប​វិញថា ម្នាលមារមានចិត្តបាប តថាគតស្គាល់​អ្នកច្បាស់​ហើយ អ្នកកុំមើល​ងាយថា ឥតអ្នកណាមួយស្គាល់​អាត្មាអញ ដូច្នេះឡើយ ម្នាល​មារមាន​ចិត្តបាប អ្នកហ្នឹងហើយជាមារ ម្នាលមារមានចិត្តបាប អ្នកជាអ្នក​មិនអនុគ្រោះ​តថាគត ដោយ​ប្រយោជន៍ទេ បានជានិយាយយ៉ាងនេះ ម្នាលមារមានចិត្តបាប អ្នកអនុគ្រោះតថាគត ដោយអំពើឥតប្រយោជន៍ បានជានិយាយយ៉ាងនេះ។ ម្នាលមារមានចិត្តបាប ព្រោះអ្នកមានសេចក្តីត្រិះរិះយ៉ាងនេះថា សមណគោតមសំដែង​ធម៌ ដល់​ពួកជនណា ពួកជននោះ នឹងកន្លងផុតវិស័យរបស់អាត្មាអញ។ ម្នាលមារមានចិត្តបាប ឯពួកសមណព្រាហ្មណ៍ទាំងនោះ មិនមែន​ជាសម្មាសម្ពុទ្ធទេ តែ​ប្តេជ្ញា​ថា យើងជាសម្មាសម្ពុទ្ធ ម្នាលមារមានចិត្តបាប តថាគត ជាសម្មាសម្ពុទ្ធពិត ទើបប្តេជ្ញា​ថាសម្មាសម្ពុទ្ធ។ ម្នាលមារមានចិត្តបាប ទោះបីតថាគត សំដែងធម៌ដល់​ពួកសាវ័ក​ក្តី ក៏នៅជាតថាគតដដែល ម្នាលមារមានចិត្តបាប ទោះបីតថាគត មិនសំដែងធម៌ដល់​ពួកសាវ័ក​ក្តី ក៏នៅជាតថាគតដដែល ម្នាលមារមានចិត្តបាប ទោះបីតថាគត ពន្យល់​ពួកសាវ័ក​ក្តី ក៏នៅជាតថាគតដដែល ម្នាលមារមានចិត្តបាប ទោះបីតថាគត មិនពន្យល់​ពួកសាវ័ក​ក្តី ក៏នៅជាតថាគតដដែល ដំណើរនោះព្រោះ​ហេតុអ្វី ម្នាលមារមានចិត្តបាប ព្រោះតថាគត បានលះបង់ នូវអាសវៈ ដែលជា​សង្កិលេសធម៌ ជាធម៌តាក់តែងភពថ្មី ប្រកបដោយ​សេចក្តីក្រវល់ក្រវាយ មានទុក្ខជាផល មានជាតិ ជរា និងមរណៈ តទៅខាងមុខ បានទាំងផ្តាច់ផ្តិល​ឫសគល់​អស់ហើយ បានធ្វើ​វត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង ដូចជាដើមត្នោត ដែលគេគាស់ក្របែល រំលើង​ឲ្យលែង​ដុះទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាព​តទៅទៀតហើយ ឲ្យជាធម៌លែង​មានកំណើតតទៅខាងមុខទៀតហើយ ម្នាលមារមានចិត្តបាប ដូចជាដើមត្នោត ដែលមានចុងកំបុតហើយ មិនគួរនឹងដុះឡើងវិញបាន យ៉ាងណា ម្នាលមារមានចិត្តបាប តថាគត បានលះបង់​នូវ​​អាសវៈទាំងឡាយ ជា​សង្កិលេស ជាធម៌​តាក់​តែង​ភពថ្មីទៀត ប្រកបដោយ​សេចក្តីក្រវល់ក្រវាយ មានទុក្ខជាផល មានជាតិ ជរា និងមរណៈ តទៅខាងមុខ បានទាំងផ្តាច់ផ្តិល​ឫសគល់​អស់ហើយ បានធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត ឲ្យអស់រលីង ដូចជាដើមត្នោត ដែលគេក្របែល គាស់រំលើង​ឲ្យលែង​ដុះ​ទៅ​ទៀត​ហើយ បានធ្វើឲ្យលែងមានបែបភាព​តទៅទៀតហើយ ឲ្យជាធម៌លែង​មានកំណើត​តទៅ​ទៀតហើយ ក៏យ៉ាងនោះដែរ ព្រោះការចរចាមិនកើតការនៃមារផង ព្រោះការ​និមន្តចំពោះ​នៃព្រហ្មផង ហេតុដូច្នោះ បានជាវេយ្យាករណ៍នេះ មាននាមថា ព្រហ្មនិមន្តនិកៈ ដោយប្រការដូច្នេះឯង។

ចប់ ព្រហ្មនិមន្តនិកសូត្រ ទី៩។

 

លេខយោង

1)
អដ្ឋកថា ថា តិះដៀលផែនដីថា អនិច្ចំ ទុក្ខំ អនត្តា។
2)
១.២ វិញ្ញាណនេះ ជាឈ្មោះនៃព្រះនិព្វាន ជួនកាលហៅថា អនិទស្សនៈ ថាអនន្តៈ។ ដែលឈ្មោះថា អនិទស្សនៈ ព្រោះមិនមានរូបារម្មណ៍ មកកាន់រង្វង់ចក្ខុវិញ្ញាណ ដែលឈ្មោះថា អនន្តៈ ព្រោះប្រាសចាកការកើត និងវិនាសទៅវិញ។ អដ្ឋកថា។
3)
km/tipitaka/sut/mn/sut.mn.049.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann