km:tipitaka:sut:mn:sut.mn.050



មារតជ្ជនីយសូត្រ ទី១០

សង្ខេប

ព្រះ​មោគ្គលាន​ធ្លាប់​​កើត​ជា​មារ​ និង​ផ្ចាញ់​មារ​ធ្លាប់​ជា​ក្មួយ​ប្រុស​របស់​ខ្លួន។

mn 050 បាលី cs-km: sut.mn.050 អដ្ឋកថា: sut.mn.050_att PTS: ?

(ទី១០) មារតជ្ជនីយសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១០. មារតជ្ជនីយសុត្តំ)

[១៩៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​ភេសកឡាវ័ន ជាទីឲ្យនូវអភ័យដល់ម្រឹគ ជិតក្រុងឈ្មោះ សុំសុមារគិរៈ ក្នុងភគ្គជនបទ។ គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុចង្រ្កមក្នុងទីវាល។ សម័យនោះ មារមានចិត្ត​បាប ចូលទៅនៅក្នុងផ្ទៃ សម្ងំក្នុងពោះវៀនរបស់ព្រះមហាមោគ្គល្លានមានអាយុ។ លំដាប់នោះ ព្រះមហាមោគ្គល្លានមានអាយុ មានសេចក្តីត្រិះរិះយ៉ាងនេះថា ដូចម្តេចហ្ន៎ បានជាផ្ទៃរបស់​អាត្មាអញធ្ងន់ៗ ហាក់ដូចជាសណ្តែករាជមាសទទឹកដូច្នេះ។ លំដាប់នោះ ព្រះមហាមោគ្គល្លានមានអាយុ ចុះមកអំពីចង្ក្រម ចូលទៅកាន់វិហារហើយ ក៏អង្គុយ​លើ​អាសនៈ ដែលគេក្រាលប្រគេន។ លុះព្រះមហាមោគ្គល្លានមានអាយុ អង្គុយហើយ ទើប​ពិចារណាឃើញនូវ​មារមានចិត្តបាប ដោយឧបាយចិត្តជារបស់ខ្លួន។

[១៩៨] ព្រះមហាមោគ្គល្លានមានអាយុ បានឃើញ​មារដែលមានចិត្តបាបនោះ ចូល​ក្នុងផ្ទៃ សម្ងំនៅក្នុងពោះវៀន លុះឃើញហើយ ក៏បាននិយាយនឹងមារមានចិត្តបាប​ដូច្នេះថា ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ អ្នកកុំ​បៀតបៀន​ព្រះតថាគត កុំបៀតបៀន​សាវ័កព្រះតថាគតឡើយ ការបៀតបៀនដែលប្រ​ព្រឹត្តទៅ ដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីទុក្ខ អស់កាលជាអង្វែង កុំមានដល់អ្នកឡើយ។ គ្រានោះ មារមានចិត្តបាប មានសេចក្តីត្រិះរិះ​យ៉ាងនេះថា សមណៈ​នេះ មិនដឹង មិនស្គាល់អញទេ បានជានិយាយយ៉ាងនេះថា ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ អ្នកកុំ​បៀតបៀន​ព្រះតថាគត កុំបៀតបៀន​សាវ័កព្រះតថាគតឡើយ ការបៀតបៀនដែលប្រ​ព្រឹត្តទៅដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីទុក្ខអស់កាលជាអង្វែង កុំមានដល់អ្នក​ឡើយ សូម្បីគ្រូនៃសាវ័កនោះ ក៏មិនគប្បីស្គាល់អាត្មាអញ​បានដោយឆាប់រហ័ស ចំណង់​បើសាវ័កនេះ នឹងស្គាល់អាត្មាអញ ដូចម្តេចបាន។ លំដាប់នោះ ព្រះមហាមោគ្គល្លានមានអាយុ បាននិយាយនឹងមារមានចិត្តបាប យ៉ាងនេះថា ម្នាលមារមានចិត្តបាប អាត្មាស្គាល់អ្នកច្បាស់ហើយ អ្នកកុំមើលងាយថា ឥតមានអ្នកណា​ស្គាល់អញ យ៉ាងនេះដូច្នេះ ម្នាលមារមានចិត្តបាប អ្នកហ្នឹងហើយជាមារ ម្នាលមារមានចិត្តបាប ឯអ្នកតែងមានសេចក្តីត្រិះរិះ​យ៉ាងនេះថា សមណៈនេះ មិនស្គាល់​អញ មិនឃើញអញទេ បានជានិយាយយ៉ាងនេះថា ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ អ្នកកុំបៀតបៀន​ព្រះតថាគត កុំបៀត​បៀនសាវ័កព្រះតថាគតឡើយ ការបៀតបៀន​ដែលប្រព្រឹត្តទៅដើម្បី​សេចក្តីមិនចំរើន ដើម្បីសេចក្តីទុក្ខ អស់កាលជាអង្វែង កុំមានដល់អ្នកឡើយ សូម្បីគ្រូនៃ​សាវ័កនោះ ក៏មិនគប្បីស្គាល់អាត្មាអញបានដោយ​ឆាប់រហ័ស ចំណង់បើសាវ័កនេះ នឹងស្គាល់​អាត្មាអញដូចម្តេចបាន។ លំដាប់នោះ មារមានចិត្តបាប មានសេចក្តីត្រិះរិះ​យ៉ាងនេះថា សមណៈនេះស្គាល់ ឃើញអាត្មាអញមែន បានជានិយាយយ៉ាងនេះថា ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ អ្នក​កុំ​បៀត​បៀន​ព្រះតថាគត កុំបៀត​បៀនសាវ័ករបស់ព្រះតថាគតឡើយ ការបៀតបៀន​ដែល​ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តីមិនចំរើន ដើម្បីសេចក្តីទុក្ខ អស់កាលជាអង្វែង កុំមាន​ដល់​អ្នក​ឡើយ។ គ្រានោះ មារមានចិត្តបាប ឡើងមកតាមមាត់ នៃ​ព្រះមហាមោគ្គល្លានមានអាយុ មកឋិតនៅត្រង់សន្ទះទ្វារ។

[១៩៩] ព្រះមហាមោគ្គល្លានមានអាយុ បានឃើញមារមានចិត្តបាបនោះ មកឋិតនៅ​ត្រង់សន្ទះទ្វារ លុះឃើញហើយ ទើបនិយាយនឹងមារមានចិត្តបាប យ៉ាង​នេះថា ម្នាលមារមានចិត្តបាប អាត្មាឃើញអ្នកក្នុងទីនេះដែរ អ្នកកុំមើលងាយថា មិនមាន​អ្នកណាឃើញ​អាត្មាអញ ដូច្នេះឡើយ ម្នាលមារមានចិត្តបាប អ្នកនុ៎ះឋិតនៅត្រង់សន្ទះ​ទ្វារ។ ម្នាលមារមានចិត្តបាប កាលពីដើមមក អាត្មាបាន​កើតជាមារឈ្មោះ ទូសី ប្អូនស្រី​របស់អាត្មានោះឈ្មោះ នាងកាឡី ខ្លួនអ្នកជាកូនប្រុសរបស់ប្អូនស្រីនោះ អ្នកនោះ ត្រូវ​ជាក្មួយ​របស់អាត្មា។ ក៏សម័យនោះ ព្រះមានព្រះភាគ ទ្រង់ព្រះនាមកកុសន្ធៈ ជាអរហន្ត​សម្មាសម្ពុទ្ធ ត្រាស់ឡើងក្នុងលោក។ ម្នាលមារមានចិត្តបាប ព្រះមានព្រះភាគ ទ្រង់​ព្រះនាម​កកុសន្ធៈ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់មានគូមហាសាវ័កឈ្មោះ វិធុរៈ ១ ឈ្មោះ សញ្ជីវៈ ១ ជាគូដ៏ប្រសើរ ដ៏ចំរើន។ ម្នាលមារមានចិត្តបាប ពួកសាវ័ករបស់ព្រះមានព្រះភាគ ទ្រង់ព្រះនាមកកុសន្ធៈ ជាអរហន្តសម្មាសម្ពុទ្ធ ក្នុងសាសនានេះ មិនមានសាវ័កណាមួយ ស្មើនឹងវិធុរៈមានអាយុ ក្នុងការសំដែងធម៌​ឡើយ។ ម្នាលមារមានចិត្តបាប ដោយហេតុនេះ វិធុរៈមានអាយុ មានឈ្មោះថា វិធុរៈ វិធុរៈ ដូច្នេះ កើតប្រាកដឡើង។ ម្នាលមារមានចិត្តបាប ចំណែក​ខាងសញ្ជីវៈមានអាយុ នៅក្នុងព្រៃ​ក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងតែចូល​សញ្ញាវេទយិតនិរោធ ដោយសេចក្តីលំបាកតិច។ ម្នាលមារមានចិត្តបាប កាលពីដើមមក សញ្ជីវៈមានអាយុ អង្គុយ​ចូលសញ្ញាវេទយិតនិរោធ ក្រោមម្លប់ឈើមួយដើម។ ម្នាលមារមានចិត្តបាប ពួកអ្នក​រក្សា​គោ ពួកអ្នករក្សាពពែ ពួកអ្នកភ្ជួររាស់ និងពួកអ្នកដំណើរ បានឃើញសញ្ជីវៈ​មានអាយុ កំពុងអង្គុយ​ចូលសញ្ញាវេទយិតនិរោធ ក្រោមម្លប់​ឈើមួយដើម លុះឃើញហើយ ពួកជនទាំងនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា អើ នេះអស្ចារ្យណាស់ហ្ន៎ អើមិនដែល​មានទេហ្ន៎ សមណៈនេះ អង្គុយធ្វើមរណកាលទៅហើយ បើដូច្នោះ យើងនឹងនាំគ្នាបូជា​សព​លោក។ ម្នាលមារមានចិត្តបាប គ្រានោះ ពួកអ្នករក្សាគោ ពួកអ្នករក្សាពពែ ពួកអ្នក​ភ្ជួររាស់ និងពួកអ្នកដំណើរនោះ ប្រមូលនូវស្មៅ ឧស និងអាចម៍គោ មករុំកាយព្រះសញ្ជីវៈ​មានអាយុហើយ ក៏ឆួលភ្លើង ហើយចៀសចេញទៅ។ ម្នាលមារមានចិត្តបាប គ្រានោះ ព្រះសញ្ជីវៈមានអាយុ លុះកន្លងរាត្រីនោះទៅ ទើបចេញអំពីសមាបត្តិនោះ ក៏រលាស់ចីវរ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ក្នុងវេលាព្រឹកព្រហាម។ ម្នាលមារមានចិត្តបាប ពួកអ្នករក្សាគោ ពួកអ្នករក្សាពពែ ពួកអ្នក​ភ្ជួររាស់ និងពួកអ្នកដំណើរទាំងនោះ បានឃើញ​ព្រះសញ្ជីវៈ​មានអាយុ កំពុងត្រាច់ទៅបិណ្ឌបាតហើយ ពួក​ជនទាំងនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អើ អស្ចារ្យណាស់ហ្ន៎ អើ មិនដែល​មានទេហ្ន៎ សមណៈនេះ អង្គុយធ្វើមរណកាលទៅហើយ ឥឡូវសមណៈនេះ ត្រឡប់​មានសញ្ញា ឋិតនៅវិញ។ ម្នាលមារមានចិត្តបាប ដោយហេតុនេះ ព្រះសញ្ជីវៈមានអាយុ ឈ្មោះថា សញ្ជីវៈ សញ្ជីវៈ កើតឡើង យ៉ាង​នេះឯង។

[២០០] ម្នាលមារមានចិត្តបាប គ្រានោះ ទូសីមារ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា អាត្មាអញ មិនបានដឹងដំណើរមក និងដំណើរទៅរបស់ពួកភិក្ខុដែលមានសីល មានកល្យាណធម៌ទាំងនេះសោះឡើយ បើដូច្នោះ គួរតែអាត្មាអញ ចូលជ្រែកសរីរៈ​ពួកព្រាហ្មណ៍ និងគហបតីថា អ្នកទាំងឡាយ ចូរមក ចូរជេរ គម្រាម ប្រទូស្ត បៀតបៀន​ពួក​ភិក្ខុដែលមានសីល មានធម៌ជាកុសល គិតដូចម្តេចនឹងធ្វើចិត្ត របស់ពួកភិក្ខុដែល​ពួក​អ្នកជេរ គម្រាម ប្រទូស្ត បៀតបៀនហើយនោះ ឲ្យរាយមាយ ល្មមឲ្យទូសីមារបានឱកាស​នោះ។ ម្នាលមារមានចិត្តបាប គ្រានោះ ទូសីមារ បានចូលជ្រែកសរីរៈពួកព្រាហ្មណ៍ និងគហបតីថា អ្នកទាំងឡាយ ចូរមក ចូរជេរ គម្រាម ប្រទូស្ត បៀតបៀន​ពួក​ភិក្ខុដែល​មាន​សីល មានធម៌ជាកុសល គិតដូចម្តេចនឹងធ្វើចិត្ត របស់ពួកភិក្ខុ ដែល​ពួក​អ្នកជេរ គម្រាម ប្រទូស្ត បៀតបៀនហើយនោះ ឲ្យរាយមាយ ល្មមឲ្យទូសីមារបានឱកាស​នោះ។ ម្នាលមារមានចិត្តបាប ពួកព្រាហ្មណ៍ និងគហបតីនោះ ដែលទូសីមារ ចូលជ្រែកសរីរៈហើយ ទើបនាំគ្នាជេរ គម្រាម ប្រទូស្ត បៀតបៀនពួកភិក្ខុ ដែលមានសីល មានធម៌ជាកុសលថា ពួកសមណៈ មានក្បាលរលីងទាំងនេះ ជាគហបតី ជាកណ្ហគោត្រ កើតអំពីបាទាព្រហ្ម មានកឱនចុះ មានមុខសំយុងចុះ មានអាការដូចជាមធុរកជាតិ គឺ​ជាតិ​អ្នកខ្ជិលច្រអូស តែងសញ្ជប់សញ្ជឹង សំកុក ជ្រប់នៅដោយគិតថា យើងទាំងឡាយ ជាអ្នក​មានឈាន យើងទាំងឡាយ ជាអ្នកមានឈាន ដូច្នេះ។ ដូចជាសត្វមៀម ស្វែងរកកណ្តុរ​លើមែកឈើ តែងសញ្ជប់សញ្ជឹង សំកុក ជ្រប់នៅយ៉ាងណា ពួកសមណៈមានក្បាល​រលីង​ ជាគហបតី ជាកណ្ហគោត្រ ជាអ្នកកើតអំពី​បាទាព្រហ្មនេះ មានកឱនចុះ មានមុខសំយុង​ចុះ មានអាការដូចមធុរកជាតិ តែងសញ្ជប់សញ្ជឹង សំកុក ជ្រប់នៅ ដោយគិតថា យើងទាំង​ឡាយ ជាអ្នកមានឈាន យើងទាំងឡាយ ជាអ្នកមានឈាន ដូច្នេះ ក៏យ៉ាងនោះ។ ឬដូចជាសត្វចចក ស្វែងរកត្រីក្បែរឆ្នេរស្ទឹង តែងសញ្ជប់សញ្ជឹង សំកុក ជ្រប់នៅ យ៉ាងណា ពួកសមណៈមានក្បាល​រលីងទាំងនេះ​ ជាគហបតី ជាកណ្ហគោត្រ ជាអ្នកកើតអំពី​បាទាព្រហ្ម មានកឱនចុះ មានមុខសំយុង​ចុះ មានអាការដូចមធុរកជាតិ តែងសញ្ជប់សញ្ជឹង សំកុក ជ្រប់នៅ ដោយគិតថា យើងទាំង​ឡាយ ជាអ្នកមានឈាន យើងទាំងឡាយ ជាអ្នកមានឈាន ដូច្នេះ ក៏យ៉ាងនោះ។ ឬដូចជាសត្វឆ្មា ស្វែងរកកណ្តុរ​ទៀបជញ្ជាំងផ្ទះ និងទសម្រាប់​បង្ហូរទឹកសំអុយ និងគំនរសម្រាម តែងសញ្ជប់សញ្ជឹង សំកុក ជ្រប់នៅ យ៉ាងណា ពួកសមណៈមានក្បាល​រលីងទាំងនេះ​ ជាគហបតី ជា​កណ្ហគោត្រ កើតអំពី​បាទាព្រហ្ម មានកសំយុងចុះ មានមុខឱន​ចុះ មានអាការ​ដូច​មធុរកជាតិ តែងសញ្ជប់សញ្ជឹង សំកុក ជ្រប់នៅ ដោយគិតថា យើងទាំង​ឡាយ ជាអ្នក​មាន​ឈាន យើងទាំងឡាយ ជាអ្នកមានឈាន ដូច្នេះ ក៏យ៉ាងនោះដែរ។ ពុំនោះ ដូចជាសត្វលា ដែលអស់សន្ទុះ (អស់ជើង) ហើយ តែងសញ្ជប់សញ្ជឹង សំកុក ជ្រប់នៅ ទៀបជញ្ជាំងផ្ទះ និងទីសម្រាប់បង្ហូរទឹកសំអុយ និងគំនរសម្រាម យ៉ាងណា ពួកសមណៈមានក្បាល​រលីងទាំងនេះ​ ជាគហបតី ជាកណ្ហគោត្រ ជាអ្នកកើតអំពី​បាទាព្រហ្ម មានកឱនចុះ មានមុខសំយុង​ចុះ មានអាការដូចមធុរកជាតិ តែងសញ្ជប់​សញ្ជឹង សំកុក ជ្រប់នៅ ដោយគិតថា យើងទាំង​ឡាយ ជាអ្នកមានឈាន យើងទាំងឡាយ ជាអ្នកមានឈាន ដូច្នេះ ក៏យ៉ាងនោះដែរ។ ម្នាលមារមានចិត្តបាប ក៏ឯពួក​មនុស្សណា ដែលធ្វើមរណកាលក្នុងសម័យនោះ ពួកមនុស្សទាំងនោះ លុះទំលាយកាយ បន្ទាប់អំពី​មរណៈ ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ និងនរក ដោយច្រើន។

[២០១] ម្នាលមារមានចិត្តបាប គ្រានោះ ព្រះមានព្រះភាគ ទ្រង់ព្រះនាមកកុសន្ធៈ អរហន្តសម្មាសម្ពុទ្ធ បានត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ពួកព្រាហ្មណ៍ និងគហបតី ដែលទូសីមារចូល​ជ្រែកសរីរៈហើយថា អ្នកទាំងឡាយ ចូរមក ចូរជេរ គម្រាម ប្រទូស្ត បៀតបៀន​ភិក្ខុទាំងឡាយដែល​មាន​សីល មានធម៌ជាកុសល គិតដូចម្តេច​នឹង​ធ្វើចិត្ត របស់ពួកភិក្ខុ ដែល​ពួក​អ្នកជេរ គម្រាម ប្រទូស្ត បៀតបៀន​ហើយនោះ ល្មមឲ្យរាយមាយ ឲ្យទូសីមារបានឱកាស​នោះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរមក ចូរមានចិត្តប្រកបដោយមេត្តាផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ក៏ដូចគ្នា មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ ជារូបាវចរ និងអរូបាវចរ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ដោយយកខ្លួនឯងប្រៀបនឹងសត្វទាំងអស់ ក្នុងទីទាំងពួង គឺទិស​ខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសជុំវិញ ដោយប្រការដូច្នេះ។ អ្នកទាំងឡាយ ចូរមានចិត្តប្រកបដោយករុណា… មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកប​ដោយ​ឧបេក្ខា… ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូច​គ្នា ទិសទី៤ក៏ដូចគ្នា ចូរមាន​ចិត្តប្រកបដោយ​ឧបេក្ខា ​ដ៏ធំទូលាយ ជារូបាវចរ និងអរូបាវចរ ​មានប្រមាណ​មិនបាន ​មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ដោយយកខ្លួនឯង​ប្រៀបនឹងសត្វទាំងអស់ ក្នុងទីទាំងពួង គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសជុំវិញ ដោយប្រការដូច្នេះ។ ម្នាលមារមានចិត្តបាប កាលព្រះមានព្រះភាគ ទ្រង់ព្រះនាមកកុសន្ធៈ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ទូន្មាន​យ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះហើយ ទើបពួកភិក្ខុទាំងនោះ ទៅនៅក្នុងព្រៃខ្លះ ទៅនៅក្រោមម្លប់​ឈើខ្លះ ទៅនៅក្នុងសុញ្ញាគារដ្ឋានខ្លះ មានចិត្ត ប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ក៏ដូចគ្នា មានចិត្តប្រកប​ដោយ​មេត្តា​ដ៏​ធំ​ទូលាយ ជារូបាវចរ និងអរូបាវចរ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយ​ទៅ​កាន់លោក ដែលមានសត្វទាំងអស់ ដោយយកខ្លួនឯងប្រៀបនឹងសត្វទាំងអស់ ក្នុង​ទី​ទាំង​ពួង គឺទិស​ខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសជុំវិញ ដោយប្រការដូច្នេះ។ ពួកភិក្ខុទាំងនោះ មានចិត្តប្រកបដោយករុណា… មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកប​ដោយ​ឧបេក្ខា… ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូច​គ្នា ទិសទី៤ក៏ដូចគ្នា មាន​ចិត្តប្រកបដោយ​ឧបេក្ខា ​ដ៏ធំទូលាយ ជារូបាវចរ និងអរូបាវចរ ​មិនមានប្រមាណ ​មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមាន​សត្វ​ទាំងអស់ ដោយយកខ្លួនឯង​ប្រៀបនឹងសត្វទាំងអស់ ក្នុងទីទាំងពួង គឺទិសខាងលើ ទិស​ខាង​ក្រោម និងទិសទទឹង គឺទិសជុំវិញ ដោយប្រការដូច្នេះ។

[២០២] ម្នាលមារមានចិត្តបាប គ្រានោះ ទូសីមារ មានសេចក្តី​ត្រិះរិះយ៉ាងនេះថា កាលបើអាត្មាអញធ្វើយ៉ាងនេះ មិនបានដឹងដំណើរ​មក និងដំណើរទៅ របស់​ពួកភិក្ខុដែល​មានសីល មានធម៌ជាកុសលទាំងនេះឡើយ បើដូច្នោះ គួរតែអាត្មាអញ ចូលជ្រែក​សរីរៈពួកព្រាហ្មណ៍ និងគហបតីថា អ្នកទាំងឡាយ ចូរមកធ្វើសក្ការៈ ធ្វើសេចក្តី​គោរព រាប់អាន បូជាពួកភិក្ខុដែលមានសីល មានធម៌ជាកុសល គិតដូចម្តេច នឹងធ្វើចិត្ត​ពួកភិក្ខុ ដែលពួកអ្នកធ្វើសក្ការៈ ធ្វើសេចក្តី​គោរព រាប់អាន បូជា ឲ្យរាយមាយ ល្មមឲ្យ​ទូសីមារបានឱកាសនោះ។ ម្នាលមារមានចិត្តបាប គ្រានោះ ទូសីមារ ចូលជ្រែក​សរីរៈពួក​ព្រាហ្មណ៍ និងគហបតីទាំងនោះថា អ្នកទាំងឡាយ ចូរមកធ្វើសក្ការៈ ធ្វើសេចក្តី​គោរព រាប់អាន បូជាពួកភិក្ខុដែលមានសីល មានធម៌ជាកុសល គិតដូចម្តេច នឹងធ្វើចិត្ត​ពួកភិក្ខុ ដែលពួកអ្នកធ្វើសក្ការៈ ធ្វើសេចក្តី​គោរព រាប់អាន បូជា ឲ្យរាយមាយ ល្មមឲ្យ​ទូសីមារ​បាន​ឱកាស​នោះ។ ម្នាលមារមានចិត្តបាប ពួក​ព្រាហ្មណ៍ និងគហបតី ដែលទូសីមារ​ចូលជ្រែកសរីរៈហើយនោះ ទើបនាំគ្នាធ្វើសក្ការៈ ធ្វើសេចក្តី​គោរព រាប់អាន បូជា​ពួក​ភិក្ខុ​ដែល​មានសីល មានធម៌ជាកុសល។ ម្នាលមារមានចិត្តបាប ក៏ពួកមនុស្សណា ធ្វើមរណកាល ក្នុងសម័យនោះ ពួកមនុស្សទាំងនោះ លុះទំលាយកាយ ខាងមុខបន្ទាប់​អំពីមរណៈ ក៏បានទៅកាន់សុគតិ សួគ៌ ទេវលោក។

[២០៣] ម្នាលមារមានចិត្តបាប ព្រះមានព្រះភាគ ទ្រង់ព្រះនាមកកុសន្ធៈ អរហន្ត​សម្មាសម្ពុទ្ធ បានត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពួកព្រាហ្មណ៍ និងគហបតី ដែលទូសីមារ​ចូលជ្រែកសរីរៈថា អ្នកទាំងឡាយ ចូរមកធ្វើសក្ការៈ ធ្វើសេចក្តី​គោរព រាប់អាន បូជាពួកភិក្ខុដែលមានសីល មានធម៌ជាកុសល គិតដូចម្តេច នឹងធ្វើចិត្ត​របស់​ពួកភិក្ខុ ដែលពួកអ្នកធ្វើសក្ការៈ ធ្វើសេចក្តី​គោរព រាប់អាន បូជា ឲ្យរាយមាយ ល្មម​ឲ្យ​ទូសីមារបានឱកាសនោះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមក ចូរពិចារណា​រឿយ​ៗ នូវរបស់មិនស្អាតក្នុងកាយ មានសេចក្តីសំគាល់គួរខ្ពើមរអើមក្នុងអាហារ មានសេចក្តីសំគាល់នូវរបស់​មិនជាទីត្រេកអរ ក្នុងលោកទាំងអស់ ពិចារណាឃើញថា មិនទៀង ក្នុងសង្ខារទាំងអស់។ ម្នាលមារមានចិត្តបាប គ្រានោះ ពួកភិក្ខុទាំងនោះ កាលបើ​ព្រះមានព្រះភាគ ទ្រង់ព្រះនាមកកុសន្ធៈ អរហន្ត​សម្មាសម្ពុទ្ធ ទ្រង់ទូន្មានយ៉ាងនេះ ប្រៀន​ប្រដៅយ៉ាងនេះហើយ ទោះបីទៅនៅក្នុងព្រៃក្តី ទៅនៅក្រោមម្លប់ឈើក្តី ទៅនៅក្នុងផ្ទះស្ងាត់ក្តី ជាអ្នកពិចារណាឃើញរឿយៗ នូវរបស់មិនស្អាតក្នុងកាយ មាន​សេចក្តីសំគាល់​ថា គួរខ្ពើមរអើម ក្នុងអាហារ មានសេចក្តីសំគាល់នូវរបស់មិនជាទីត្រេកអរ ក្នុងលោកទាំងអស់ ជាអ្នកពិចារណាថា មិនទៀងក្នុងសង្ខារទាំងអស់។

[២០៤] ម្នាលមារមានចិត្តបាប គ្រានោះ ព្រះមានព្រះភាគ ព្រះនាមកកុសន្ធៈ អរហន្ត​សម្មាសម្ពុទ្ធ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ មានព្រះវិធុរៈ​មានអាយុ ជាបច្ឆាសមណៈ ចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត។ ម្នាលមារមានចិត្តបាប គ្រានោះ ទូសីមារ បានចូលជ្រែក​សរីរៈកូនក្មេងម្នាក់ កាន់យកក្រួស ចោលត្រង់សីសៈ​ព្រះវិធុរៈមានអាយុ សីសៈរបស់លោកក៏បែក។ ម្នាលមារមានចិត្តបាប គ្រានោះ ព្រះវិធុរៈ​មានអាយុ មានសីសៈបែកចេញឈាម ហូរហាមដើរតាមក្រោយៗ ព្រះមានព្រះភាគ​ ព្រះ​នាមកកុសន្ធៈ អរហន្តសម្មាសម្ពុទ្ធ។ ម្នាលមារមានចិត្តបាប គ្រានោះ ព្រះមានព្រះភាគ ព្រះនាមកកុសន្ធៈ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ងាកមើល ដូចជាងាកមើលនៃដំរីថា ទូសីមារ​នេះ មិនបានដឹងប្រមាណទេ។ ម្នាលមារមានចិត្តបាប ក៏ឯទូសីមារច្យុត ចាកទីនោះ ទៅ​កើត​ក្នុងមហានរក ព្រមដោយការងាកទត (របស់​ព្រះកកុសន្ធៈ)។

[២០៥] ម្នាលមារមានចិត្តបាប ក៏ឯមហានរកនេះឯង មានឈ្មោះ៣យ៉ាងគឺ ឆផស្សាយតនិកៈ1) ១ សង្កុសមាហតៈ2) ១ បច្ចត្តវេទនីយៈ3) ១។ ម្នាលមារមានចិត្តបាប គ្រានោះ ពួកនាយ​និរយបាល បានចូលទៅរកអាត្មាហើយ និយាយយ៉ាងនេះថា បពិត្រលោកអ្នក​និទ៌ុក្ខ កាលណាដែកស្រួចមកប្រជុំ​ជាមួយនឹងដែកស្រួច​ត្រង់ហឫទ័យរបស់អ្នកហើយ ទើប​អ្នកដឹងនូវ​ហេតុនោះថា អាត្មាអញ ឆេះក្នុងនរកអស់មួយពាន់ឆ្នាំហើយ។ ម្នាលមារមានចិត្តបាប អាត្មានោះបានឆេះក្នុងមហានរកនោះ អស់ឆ្នាំជាច្រើន អស់រយ​ឆ្នាំ​ជាច្រើន អស់ពាន់ឆ្នាំជាច្រើន បានឆេះក្នុងឧស្សុទនរក របស់មហានរកនោះឯង ទទួល​ទុក្ខ​វេទនា ដែលកើតមកអំពីវិបាក អស់មួយហ្មឺនឆ្នាំ។ ម្នាលមារមានចិត្តបាប ឯកាយរបស់អាត្មានោះ មានសភាពដូចជាក្បាលមនុស្ស ពុំនោះសោត មានសភាព​ដូចជា​ក្បាលត្រី។

[២០៦] ទូសីមារ ដែលបៀតបៀនព្រះវិធុរៈសាវ័ក និងព្រះកកុសន្ធៈ ជាព្រាហ្មណជាត ហើយឆេះក្នុងនរកដូចម្តេចទៅ ទូសីមារ ដែលបៀតបៀន​ព្រះវិធុរៈ​សាវ័ក និងព្រះកកុសន្ធៈ ជាព្រាហ្មណជាត ហើយឆេះក្នុងនរក ដែលមានដែកស្រួច​ច្រើន មានសុទ្ធតែពួកសត្វ​ទទួលទុក្ខវេទនា ចំពោះខ្លួនឯង អ្នកឯងបៀតបៀនភិក្ខុជាពុទ្ធសាវ័ក ដែលលោកដឹងច្បាស់​នូវវិមានវត្ថុនុ៎ះហើយ នឹងបាននូវសេចក្តី​ទុក្ខដ៏ខ្មៅ វិមានទាំងឡាយ ដែលឋិតនៅអស់មួយកប្ប មានពណ៌ដូចជាកែវពៃទូរ្យ ដ៏រុងរឿង ហាក់ដូចជា​អណ្តាតភ្លើង មានពន្លឺភ្លឺផ្លេក ឋិតនៅត្រង់កណ្តាលសមុទ្រ មានទាំងពួកស្រីអប្សរជាច្រើន មានខ្លួន និងសម្បុរផ្សេងគ្នា តែងរេរាំ​លើវិមាន​នោះ អ្នកឯងបៀតបៀន​ភិក្ខុជាពុទ្ធសាវ័ក ដែល​លោកដឹងច្បាស់ នូវវិមានវត្ថុនុ៎ះ ហើយរមែងបាននូវសេចក្តីទុក្ខដ៏ខ្មៅ ភិក្ខុណាមួយ ដែលព្រះពុទ្ធ​ជាម្ចាស់ ដាស់តឿនហើយ ធ្វើមិគារមាតុប្រាសាទរបស់ភិក្ខុសង្ឃ ដែល​កំពុង​សំឡឹងមើល ឲ្យញាប់ញ័រ ដោយចុងម្រាមជើងបាន អ្នកឯងបៀតបៀន​ភិក្ខុជាពុទ្ធសាវ័ក ដែល​លោកដឹងច្បាស់ នូវវិមានវត្ថុនុ៎ះហើយ រមែងបាននូវសេចក្តីទុក្ខដ៏ខ្មៅ ភិក្ខុណា បានធ្វើ​វេជយន្តប្រាសាទ ឲ្យញាប់ញ័រ ដោយចុងម្រាមជើងបាន ជាអ្នកមាំមួនដោយ​កម្លាំងឫទ្ធិ អាចធ្វើទេវតាទាំងឡាយ ឲ្យសង្វេគបាន អ្នកឯងបៀតបៀន​ភិក្ខុជាពុទ្ធសាវ័ក ដែល​លោកដឹងច្បាស់ នូវវេជយន្តប្រាសាទនុ៎ះហើយ រមែងបាននូវសេចក្តីទុក្ខដ៏ខ្មៅ ភិក្ខុណា សាកសួរប្រស្នានឹងព្រះឥន្ទ្រ លើ​វេជយន្តប្រាសាទថា ម្នាលអាវុសោ អ្នកស្គាល់​តណ្ហក្ខយវិមុត្តិឬទេ ព្រះឥន្ទ្រដែលភិក្ខុនោះសួរប្រស្នាហើយ ក៏ដោះស្រាយតាម​ដំណើរ​ពាក្យរបស់ភិក្ខុនោះ អ្នកឯងបៀតបៀន​នូវភិក្ខុជាពុទ្ធសាវ័ក ដែល​លោកដឹងច្បាស់ នូវ​ហេតុនុ៎ះហើយ រមែងបាននូវសេចក្តីទុក្ខដ៏ខ្មៅ ភិក្ខុណា សាកសួរប្រស្នានឹងព្រហ្មជិត​សាលា ឈ្មោះ​សុធម្មា4) ថា ម្នាលអាវុសោ សព្វថ្ងៃនេះ អ្នកឯងនៅ​មានទិដ្ឋិដូចជា​ពីថ្ងៃមុនដែរឬ អ្នកបានឃើញ​ពន្លឺ (ព្រះមានព្រះភាគ) ដែលភ្លឺផ្លេក កន្លងសត្វក្នុងព្រហ្មលោកដែរឬទេ ព្រហ្មក៏បានដោះស្រាយ តាមលំដាប់​ពាក្យរបស់ភិក្ខុនោះថា បពិត្រលោក​អ្នកនិទ៌ុក្ខ ខ្ញុំ​មិនមានទិដ្ឋិ​ដូចពីថ្ងៃមុនទេ ខ្ញុំបានឃើញពន្លឺ (ព្រះមានព្រះភាគ) ដែលភ្លឺផ្លេក កន្លងសត្វ​ក្នុងព្រហ្មលោកដែរ ថ្ងៃនេះខ្ញុំបានពោលពាក្យថា ខ្ញុំជាបុគ្គល​ទៀងទាត់ ឥតប្រែប្រួលឡើយ អ្នកឯងបៀតបៀននូវភិក្ខុជាពុទ្ធសាវ័ក ដែល​លោកដឹងច្បាស់ នូវហេតុនុ៎ះ ហើយរមែងបាននូវសេចក្តីទុក្ខដ៏ខ្មៅ ភិក្ខុណា បានប៉ះពាល់កំពូលភ្នំមហា​សិនេរុ បានប៉ះពាល់​នូវជម្ពូទ្វីប បុព្វវិទេហទ្វីប និងពួកជនដែលដេក​លើផែនដី5) ដោយឈានវិមោក្ខ អ្នកឯងបៀតបៀន​នូវភិក្ខុជាពុទ្ធសាវ័ក ដែល​លោកដឹងច្បាស់ នូវ​ហេតុនុ៎ះ ហើយរមែងបាននូវសេចក្តីទុក្ខដ៏ខ្មៅ ប្រៀបដូចជាភ្លើងមិនដែល​គិតថា អាត្មាអញ នឹងឆេះមនុស្សពាលម្តងឡើយ តែមនុស្សពាល ចេះតែមកប៉ះពាល់​ភ្លើង ដែល​កំពុងឆេះសន្ធោ ភ្លើងនោះក៏ឆេះទៅ (យ៉ាងណា) ម្នាលមារ អ្នកឯងបៀតបៀន​ព្រះតថាគត គង់នឹងឆេះខ្លួន​ដោយខ្លួនឯង ដូចជាបុគ្គលពាលប៉ះពាល់ភ្លើង យ៉ាង​នោះដែរ មារបើបៀតបៀនព្រះតថាគតហើយ គង់នឹងបានបាបពុំខាន ម្នាលមារមានចិត្តបាប អ្នកឯង​ស្មានថាបាបមិនឲ្យផល ដល់អាត្មាអញ ឬដូចម្តេច បាបពិតជា​ឲ្យ​ផលដល់អ្នកធ្វើបាប ឯបុគ្គលបាប រមែង​កន្ទក់កន្ទេញ អស់កាលយូរ​អង្វែង ម្នាលមារ អ្នកឯងគេចចេញពីព្រះពុទ្ធទៅ កុំនៅបៀតបៀន​ពួកភិក្ខុឡើយ ភិក្ខុគឺ​មហាមោគ្គល្លាន បានគម្រាមមារក្នុងព្រៃភេសកឡាវ័ន ដូចបានរៀបរាប់មកនេះឯង លំដាប់នោះ យក្សគឺមារនោះឯង ក៏មានចិត្តអាក់អន់ហើយ ស្រាប់តែបាត់ពីទីនោះទៅ​មួយរំពេច។

ចប់ មារតជ្ជនីយសូត្រ ទី១០។

ចប់ ចូឡយមកវគ្គ ទី៥។

ឧទ្ទាន គឺបញ្ជីរឿងនៃចូឡយមកវគ្គនោះ ដូច្នេះគឺ សាលេយ្យកសូត្រ១ វេរញ្ជកសូត្រ១ ចូឡវេទល្លសូត្រ១ មហាវេទល្លសូត្រ ចូឡធម្មសមាទានសូត្រ១ មហាធម្មសមាទានសូត្រ១ វីមំសកសូត្រ១ កោសម្ពិយសូត្រ១ ព្រហ្មនិមន្តនិកសូត្រ១ មារតជ្ជនីយសូត្រ១ ចប់វរវគ្គជាគំរប់៥។

ចប់ មូលបណ្ណាសកៈ។

ចប់ ភាគ២២

 

លេខយោង

1)
សត្វនរកមានវេទនាផ្សេងជាបច្ច័យ ក្នុងផស្សាយតនៈទាំង​៦។
2)
សត្វនរកដែលមានដែកស្រួចចាក់។
3)
សត្វនរក កើតអំពីវេទនារបស់ខ្លួន។ អដ្ឋកថា។
4)
សាលាសុធម្មា ក្នុងព្រហ្មលោក មិនមែនសាលាសុធម្មាក្នុង​ជាន់​តាវត្តិង្សទេ។
5)
ពួកជន​ដែល​ដេកលើផែនដីនោះ គឺពួកជនក្នុងអបរគោយានទ្វីប និងឧត្តរកុរុទ្វីប។ អដ្ឋកថា។
km/tipitaka/sut/mn/sut.mn.050.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann