តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មជ្ឈិមបណ្ណាសក » គហបតិវគ្គ »
បុគ្គល៤ពួកតែងមានក្នុងលោក។
mn 051 បាលី cs-km: sut.mn.051 អដ្ឋកថា: sut.mn.051_att PTS: ?
(ទី១) កន្ទរកសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(១. កន្ទរកសុត្តំ)
[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅជិតឆ្នេរស្រះគគ្គរា ក្បែរក្រុងចម្បា ជាមួយនឹងភិក្ខុសង្ឃច្រើនរូប។ សម័យនោះឯង បេស្សហត្ថារោហបុត្រ1) និងកន្ទរកបរិព្វាជក នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបបេស្សហត្ថារោហបុត្រ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ ឯកន្ទរកបរិព្វាជក និយាយរាក់ទាក់ ជាមួយព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររាក់ទាក់ និងពាក្យដែលគួររលឹកហើយ ឋិតនៅក្នុងទីដ៏សមគួរ។ លុះកន្ទរកបរិព្វាជក ឋិតនៅក្នុងទីសមគួរហើយ ក្រឡេកមៀងមើលភិក្ខុសង្ឃ ដែលគង់នៅស្ងៀមស្ងាត់ ហើយក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែកណាស់ ព្រោះព្រះគោតមដ៏ចំរើន បានប្រដៅភិក្ខុសង្ឃមានប្រមាណប៉ុណ្ណេះ ឲ្យប្រតិបត្តិដោយល្អ បពិត្រព្រះគោតមដ៏ចំរើន ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយណា មានហើយក្នុងអតីតកាល តើព្រះអរហន្តសម្មាសម្ពុទ្ធមានព្រះភាគទាំងឡាយនោះ ប្រដៅភិក្ខុសង្ឃដោយល្អ អស់កំណត់ត្រឹមប៉ុណ្ណេះ ដូចជាភិក្ខុសង្ឃ ដែលព្រះគោតមដ៏ចំរើន ប្រដៅដោយល្អ ក្នុងកាលឥឡូវនេះដែរឬ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយណា នឹងមានក្នុងអនាគតកាល តើព្រះអរហន្ត សម្មាសម្ពុទ្ធមានព្រះភាគទាំងឡាយនោះ នឹងប្រដៅភិក្ខុសង្ឃដោយល្អ អស់កំណត់ត្រឹមប៉ុណ្ណេះ ដូចជាភិក្ខុសង្ឃ ដែលព្រះគោតមដ៏ចំរើន ប្រដៅដោយល្អ ក្នុងកាលឥឡូវនេះដែរឬ។
[២] ព្រះមានព្រះភាគទ្រង់ត្រាស់តបថា ម្នាលកន្ទរកៈ ដំណើរនុ៎ះយ៉ាងនេះហើយ ម្នាលកន្ទរកៈ ដំណើរនោះយ៉ាងនេះហើយ ម្នាលកន្ទរកៈ ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយណា មានហើយក្នុងអតីតកាល ព្រះអរហន្តសម្មាសម្ពុទ្ធមានព្រះភាគទាំងឡាយនោះ ក៏បានប្រដៅភិក្ខុសង្ឃដោយល្អ អស់កំណត់ត្រឹមប៉ុណ្ណេះឯង ដូចជាភិក្ខុសង្ឃ ដែលតថាគតប្រដៅដោយល្អ ក្នុងកាលឥឡូវនេះដែរ ម្នាលកន្ទរកៈ ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយណា នឹងមានក្នុងអនាគតកាល ព្រះអរហន្តសម្មាសម្ពុទ្ធមានព្រះភាគទាំងឡាយនោះ ក៏នឹងប្រដៅភិក្ខុសង្ឃដោយល្អ អស់កំណត់ត្រឹមប៉ុណ្ណេះឯង ដូចជាភិក្ខុសង្ឃ ដែលតថាគតប្រដៅដោយល្អ ក្នុងកាលឥឡូវនេះដែរ ម្នាលកន្ទរកៈ ព្រោះក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុខ្លះ ជាអរហន្តខីណាស្រព បានប្រព្រឹត្តព្រហ្មចរិយៈ រួច ហើយ បានធ្វើសោឡសកិច្ចរួចស្រេច បានដាក់ភារៈចុះហើយ ធ្វើប្រយោជន៍របស់ ខ្លួន ឲ្យ ស្រេចហើយ អស់សំយោជនៈក្នុងភពហើយ មានចិត្តផុតស្រឡះហើយ ព្រោះត្រាស់ដឹង ដោយប្រពៃ ម្នាលកន្ទរកៈ មួយទៀត ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុខ្លះ ជាសេក្ខបុគ្គល រក្សាសីលជាប់ជានិច្ច ប្រព្រឹត្តនៅក្នុងសីលជាប់ជានិច្ច មានបញ្ញាខ្ជាប់ខ្ជួន ប្រព្រឹត្តនៅ ក្នុងបញ្ញាខ្ជាប់ខ្ជួន ពួកភិក្ខុទាំងនោះ តំកល់ចិត្តស៊ប់ ក្នុងសតិប្បដ្ឋាន៤ ឯសតិប្បដ្ឋាន៤ នោះ តើដូចម្តេចខ្លះ ម្នាលកន្ទរកៈ ភិក្ខុក្នុងសាសនានេះ ពិចារណានូវ កាយក្នុងកាយ ដោយប្រក្រតី មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានសម្បជញ្ញៈ និងសតិ កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក គឺកាយ ពិចារណានូវវេទនាក្នុងវេទនា ដោយប្រក្រតី មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានសម្បជញ្ញៈ និងស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណានូវចិត្តក្នុងចិត្ត ដោយប្រក្រតី មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានសម្បជញ្ញៈ និងស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណានូវធម៌ក្នុងធម៌ ដោយប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសម្បជញ្ញៈ និងស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។
[៣] កាលព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះហើយ បេស្សហត្ថារោហបុត្រ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ ព្រោះសតិប្បដ្ឋានទាំង៤ ដែលព្រះអង្គទ្រង់បញ្ញត្តហើយដោយល្អនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធិ ដល់ពួកសត្វ ដើម្បីកន្លងបង់នូវសេចក្តីសោក ខ្សឹកខ្សួល ដើម្បីធ្វើទុក្ខ និងទោមនស្សឲ្យអស់ទៅ ដើម្បីបានអរិយមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វានជាប្រាកដ បពិត្រព្រះអង្គដ៏ចំរើន ឯពួកខ្ញុំព្រះអង្គ ជាគ្រហស្ថស្លៀកពាក់ស តែងមានចិត្តតាំងល្អ ក្នុងសតិប្បដ្ឋានទាំង៤នេះ មួយដងមួយកាល បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ ជាអ្នកពិចារណានូវកាយក្នុងកាយនេះ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសម្បជញ្ញៈ និងស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពួកខ្ញុំព្រះអង្គ តែងពិចារណានូវវេទនាក្នុងវេទនា មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសម្បជញ្ញៈ និងស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពួកខ្ញុំព្រះអង្គ តែងពិចារណានូវចិត្តក្នុងចិត្ត មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសម្បជញ្ញៈ និងស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពួកខ្ញុំព្រះអង្គ តែងពិចារណានូវធម៌ក្នុងធម៌ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសម្បជញ្ញៈ និងស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា កាលបើមនុស្សមានចិត្តសាំញុំាយ៉ាងនេះ កាលបើមនុស្សមានចិត្តស្រកាកយ៉ាងនេះ មិនបរិសុទ្ធយ៉ាងនេះ កាលបើមនុស្សមានកិច្ចកល់ ប្រព្រឹត្តទៅយ៉ាងនេះ ព្រះមានព្រះភាគ គង់ជ្រាបនូវសេចក្តីប្រតិបត្តិ ដែលជាប្រយោជន៍ និងមិនមែនជាប្រយោជន៍ របស់សត្វទាំងឡាយបានប្រាកដ បពិត្រព្រះអង្គដ៏ចំរើន ពួកមនុស្សមានចិត្តសាំញុំា បពិត្រព្រះអង្គដ៏ចំរើន ពួកសត្វចិញ្ចឹម មានចិត្តឲ្យងាយយល់ បពិត្រព្រះអង្គដ៏ចំរើន ចំណែកខាងខ្ញុំព្រះអង្គ អាចទូន្មានដំរី ដែលល្មមទូន្មានបាន ក្នុងខណៈដែលទូន្មានដំរីមួយរំពេចនោះ នឹងដើរទៅដើរមក កាន់នគរចម្បាបាន (តែលុះយូរទៅ) ដំរីនឹងធ្វើកិច្ចកល់គ្រប់យ៉ាង គឺក្រអើតក្រអោង កោងកាច វៀចវេរ គ្រលែងខ្លួនឲ្យប្រាកដឡើង បពិត្រព្រះអង្គដ៏ចំរើន ចំណែកពួកជន ជាខ្ញុំកំដរក្តី អ្នកបម្រើក្តី អ្នកស៊ីឈ្នួលក្តី របស់ខ្ញុំព្រះអង្គ តែងប្រព្រឹត្តទៅដោយកាយផ្សេង ដោយវាចាផ្សេង ទាំងចិត្តរបស់វាផ្សេង បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា កាលបើមនុស្សមានចិត្តសាំញុំាយ៉ាងនេះ កាលបើមនុស្សមានចិត្តស្រកាក មិនបរិសុទ្ធយ៉ាងនេះ កាលបើមនុស្ស មានកិច្ចកល់ ប្រព្រឹត្តទៅយ៉ាងនេះ ព្រះមានព្រះភាគ គង់ជ្រាបនូវសេចក្តីប្រតិបត្តិ ជាប្រយោជន៍ និងមិនជាប្រយោជន៍ (របស់សត្វទាំងនោះ) ជាប្រាកដ បពិត្រព្រះអង្គដ៏ចំរើន ពួកមនុស្សមានចិត្តសាំញុំា បពិត្រព្រះអង្គដ៏ចំរើន ពួកសត្វចិញ្ចឹម មានចិត្តងាយយល់។
[៤] ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលបេស្សៈ ដំណើរនុ៎ះ យ៉ាងនេះហើយ ម្នាលបេស្សៈ ដំណើរនុ៎ះ យ៉ាងនេះហើយ ម្នាលបេស្សៈ ពួកមនុស្ស មានចិត្តសាំញុំា ម្នាលបេស្សៈ ពួកសត្វចិញ្ចឹម មានចិត្តឲ្យងាយយល់ ម្នាលបេស្សៈ បុគ្គល៤ពួកនេះ តែងមានក្នុងលោក បុគ្គល៤ពួក តើដូចម្តេចខ្លះ ម្នាលបេស្សៈ ក្នុងលោកនេះ បុគ្គលពួកខ្លះ ជាអ្នកដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង១ ម្នាលបេស្សៈ ក្នុងលោកនេះ បុគ្គលពួកខ្លះ ជាអ្នកដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ១ ម្នាលបេស្សៈ ក្នុងលោកនេះ បុគ្គលពួកខ្លះ ជាអ្នកដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯងផង ជាអ្នកដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃផង១ ម្នាលបេស្សៈ ក្នុងលោកនេះ បុគ្គលពួកខ្លះ ជាអ្នកមិនដុតកំដៅខ្លួនឯង មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង ជាអ្នកមិនដុតកំដៅអ្នកដទៃ មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ បុគ្គលជាអ្នកមិនដុតកំដៅខ្លួនឯង ទាំងមិនដុតកំដៅអ្នកដទៃនោះ ជាអ្នកអស់សេចក្តីស្រេកឃ្លាន ក្នុងបច្ចុប្បន្ននេះ ជាអ្នករលត់ទុក្ខ មានសេចក្តីត្រជាក់ ទទួលនូវសេចក្តីសុខ រមែងមានខ្លួនដ៏ប្រសើរ១ ម្នាលបេស្សៈ បណ្តាបុគ្គលទាំង៤ពួកនេះ តើបុគ្គលពួកណា ធ្វើចិត្តអ្នកឲ្យត្រេកអរបាន។
[៥] បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា ដែលដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង បុគ្គលនេះ មិនធ្វើចិត្តខ្ញុំព្រះអង្គឲ្យត្រេកអរទេ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា ដែលដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ បុគ្គលនេះ ក៏ធ្វើចិត្តរបស់ខ្ញុំព្រះអង្គ ឲ្យត្រេកអរមិនបានដែរ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា ដែលដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯងផង ជាអ្នកដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃផង បុគ្គលនេះ ក៏ធ្វើចិត្តរបស់ខ្ញុំព្រះអង្គ ឲ្យត្រេកអរមិនបានដែរ បពិត្រព្រះអង្គដ៏ចំរើន លុះតែបុគ្គលណា មិនដុតកំដៅខ្លួនឯង មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង ជាអ្នកមិនដុតកំដៅអ្នកដទៃ មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ បុគ្គលជាអ្នកមិនដុតកំដៅខ្លួនឯង ទាំងមិនដុតកំដៅអ្នកដទៃនោះ ជាអ្នកអស់សេចក្តីស្រេកឃ្លាន ក្នុងបច្ចុប្បន្ននេះ ជាអ្នករលត់ទុក្ខ មានសេចក្តីត្រជាក់ ទទួលសេចក្តីសុខ ជាអ្នកមានខ្លួនប្រសើរ បុគ្គលនេះ ទើបធ្វើចិត្តរបស់ខ្ញុំព្រះអង្គ ឲ្យត្រេកអរបាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលបេស្សៈ ចុះបុគ្គល៣ពួកនេះ ធ្វើចិត្តរបស់អ្នក ឲ្យត្រេកអរមិនបាន តើដោយហេតុអ្វី។
[៦] បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា ដែលដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង បុគ្គលនោះ ឈ្មោះថា ធ្វើខ្លួនឯង ដែលប្រាថ្នាសេចក្តីសុខ ស្អប់ខ្ពើមសេចក្តីទុក្ខ ឲ្យក្តៅរោលរាលអន្ទះអន្ទែង ដោយហេតុនេះឯង បានជាបុគ្គលនេះ ធ្វើចិត្តរបស់ខ្ញុំព្រះអង្គ ឲ្យត្រេកអរមិនបាន បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា ដែលដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ បុគ្គលនោះ ឈ្មោះថា ធ្វើអ្នកដទៃ ដែលប្រាថ្នាសេចក្តីសុខ ស្អប់ខ្ពើមសេចក្តីទុក្ខ ឲ្យក្តៅរោលរាលអន្ទះអន្ទែង ដោយហេតុនេះឯង បានជាបុគ្គលនេះ ធ្វើចិត្តរបស់ខ្ញុំព្រះអង្គ ឲ្យត្រេកអរមិនបាន បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា ដែលដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯងផង ជាអ្នកដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃផង បុគ្គលនោះ ឈ្មោះថាធ្វើខ្លួនឯង និងអ្នកដទៃ ដែលប្រាថ្នាសេចក្តីសុខ ស្អប់ខ្ពើមសេចក្តីទុក្ខ ឲ្យក្តៅរោលរាលអន្ទះអន្ទែង ដោយហេតុនេះឯង បានជាបុគ្គលនេះ ធ្វើចិត្តរបស់ខ្ញុំព្រះអង្គ ឲ្យត្រេកអរមិនបាន បពិត្រព្រះអង្គដ៏ចំរើន លុះតែបុគ្គលណា មិនដុតកំដៅខ្លួនឯង មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង ជាអ្នកមិនដុតកំដៅអ្នកដទៃ មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ បុគ្គលជាអ្នកមិនដុតកំដៅខ្លួនឯង មិនដុតកំដៅអ្នកដទៃនោះ ជាអ្នកអស់សេចក្តីស្រេកឃ្លាន ក្នុងបច្ចុប្បន្ន ជាអ្នករលត់ទុក្ខ មានសេចក្តីត្រជាក់ ទទួលសេចក្តីសុខ ជាអ្នកមានខ្លួនប្រសើរ បុគ្គលនេះ ទើបធ្វើចិត្តរបស់ខ្ញុំព្រះអង្គ ឲ្យជ្រះថ្លា ឲ្យត្រេកអរបាន ដោយហេតុនេះឯង បពិត្រព្រះអង្គដ៏ចំរើន ក៏ឥឡូវនេះ ខ្ញុំព្រះអង្គនឹងលាទៅ ព្រោះខ្ញុំព្រះអង្គ មានកិច្ចច្រើន មានអំពើដែលត្រូវធ្វើច្រើន។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលបេស្សៈ អ្នកចូរដឹងកាលនៃដំណើរទៅរបស់អ្នក ក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះ បេស្សហត្ថារោហបុត្រ ត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ ក្រោកចាកអាសនៈ រួចថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយក៏ដើរចេញទៅ។
[៧] កាលដែលបេស្សហត្ថារោហបុត្រ ចេញទៅមិនទាន់បានយូរប៉ុន្មាន ខាងក្រោយនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ទៅនឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ បេស្សហត្ថារោហបុត្រ ជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ បេស្សហត្ថារោហបុត្រ ជាអ្នកមានបញ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបេស្សហត្ថារោហបុត្រ អង្គុយនៅមួយស្របក់ទៀត ទំរាំតថាគតនឹងចែកនូវបុគ្គលទាំង៤ពួកនេះ ដោយពិស្តារសិន គាត់មុខជានឹងបានសម្រេចប្រយោជន៍ច្រើន (ដល់សោតាបត្តិផល) ម្នាលភិក្ខុទាំងឡាយ តែបើទុកជាដូច្នោះ បេស្សហត្ថារោហបុត្រ ក៏គង់តែបានប្រកបដោយប្រយោជន៍2) ច្រើន ត្រឹមហេតុប៉ុណ្ណោះដែរ។ ពួកភិក្ខុក្រាបបង្គំទូលថា ព្រះមានព្រះភាគ គប្បីចែកបុគ្គល៤ពួកនេះ ដោយសេចក្តីពិស្តារ ដោយភាសិតណា បពិត្រព្រះមានព្រះភាគ នេះជាកាលគួរ ដល់ភាសិតនុ៎ះ បពិត្រព្រះសុគត នេះជាកាលគួរ ដល់ភាសិតនុ៎ះ ពួកភិក្ខុបើបានស្តាប់ភាសិត របស់ព្រះមានព្រះភាគ ដោយពិស្តារហើយ នឹងចងចាំបាន។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ចុះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគត នឹងសំដែងឥឡូវនេះ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ករុណាព្រះអង្គ។
[៨] ព្រះមានព្រះភាគ ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ បុគ្គលពួកខ្លះ ជាអ្នកមានកាយអាក្រាត លះបង់មារយាទល្អ ជាអ្នកប្រព្រឹត្តហត្ថាវលេខនៈ ជាអ្នកមិនទទួលភត្តដែលគេនិមន្តថា សូមលោកដ៏ចំរើនចូរមក ជាអ្នកមិនទទួលភត្ត ដែលគេនិមន្តថា សូមលោកដ៏ចំរើនរង់ចាំសិន មិនត្រេកអរនឹងភិក្ខា ដែលគេនាំមកចាំមុន មិនត្រេកអរនឹងភិក្ខា ដែលគេធ្វើចំពោះខ្លួន មិនត្រេកអរនឹងការនិមន្តន៍ បុគ្គលនោះ មិនទទួលភិក្ខាអំពីមាត់ឆ្នាំង មិនទទួលភិក្ខាអំពីមាត់កូនល្អី មិនទទួលភិក្ខាក្នុងចន្លោះធរណីទ្វារ មិនទទួលភិក្ខា ក្នុងចន្លោះកំណាត់ឈើ មិនទទួលភិក្ខាក្នុងចន្លោះអង្រែ មិនទទួលភិក្ខា របស់ជនពីរនាក់ ដែលកំពុងបរិភោគ មិនទទួលភិក្ខារបស់ស្ត្រីមានគភ៌ មិនទទួលភិក្ខារបស់ស្រី ដែលកំពុងបំបៅកូន មិនទទួលភិក្ខារបស់ស្រី ដែលកំពុងនៅក្នុងចន្លោះបុរស មិនទទួលភិក្ខា ដែលគេអង្គាសគ្នាធ្វើ មិនទទួលភិក្ខា ក្នុងទីដែលមានសុនខនៅចាំ មិនទទួលភិក្ខា ដែលរុយរោម មិនបរិភោគត្រី មិនបរិភោគសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកថ្នាំត្រាំ។ បុគ្គលនោះ ទទួលភិក្ខា ចំពោះតែក្នុងផ្ទះមួយ ឬទទួលបាយតែមួយពំនូត ទទួលភិក្ខា ចំពោះតែក្នុងផ្ទះពីរ ឬទទួលបាយតែពីរពំនូត។បេ។ ទទួលភិក្ខា ចំពោះតែក្នុងផ្ទះ៧ ឬទទួលបាយតែ៧ពំនូត ចិញ្ចឹមអត្តភាព ដោយភិក្ខា ក្នុងភាជន៍តូចមួយក៏មាន ចិញ្ចឹមអត្តភាព ដោយភិក្ខា ក្នុងភាជន៍ពីរក៏មាន។បេ។ ចិញ្ចឹមអត្តភាព ដោយភិក្ខា ក្នុងភាជន៍៧ក៏មាន បរិភោគអាហាររំលង១ថ្ងៃក៏មាន បរិភោគអាហាររំលង២ថ្ងៃក៏មាន។បេ។ បរិភោគអាហាររំលង៧ថ្ងៃក៏មាន ប្រកបរឿយៗ នូវព្យាយាម ក្នុងកិរិយាបរិភោគនូវភត្ត ដោយការផ្លាស់ប្តូរគ្នា កន្លះខែដូច្នេះឯង។ បុគ្គលនោះ បរិភោគបន្លែស្រស់ក៏មាន បរិភោគស្គួយក៏មាន បរិភោគគ្រាប់ស្មៅគែលលកក៏មាន បរិភោគចំនៀរស្បែកក៏មាន បរិភោគសារាយក៏មាន បរិភោគកុណ្ឌកក៏មាន បរិភោគបាយក្តាំងក៏មាន បរិភោគម្សៅក៏មាន បរិភោគស្មៅក៏មាន បរិភោគអាចម៍គោក៏មាន បរិភោគមើម និងផ្លែក្នុងព្រៃក៏មាន បរិភោគផ្លែដែលជ្រុះចុះឯងក៏មាន។ បុគ្គលនោះ ប្រើប្រាស់សំពត់ ដែលត្បាញដោយសំបកធ្មៃក៏មាន ប្រើប្រាស់សំពត់ ដែលត្បាញលាយគ្នាក៏មាន ប្រើប្រាស់សំពត់ ដែលគេរុំសពក៏មាន ប្រើប្រាស់សំពត់បង្សុកូលក៏មាន ប្រើប្រាស់សំពត់សម្បកឈើក៏មាន ប្រើប្រាស់ស្បែកខ្លាក៏មាន ប្រើប្រាស់ស្បែកខ្លាទាំងក្រចកក៏មាន ប្រើប្រាស់ស្បូវក្រងក៏មាន ប្រើប្រាស់សំពត់ដែលត្បាញដោយសំបកក្រចៅក៏មាន ប្រើប្រាស់សំពត់ដែលត្បាញដោយសំបកផ្លែឈើក៏មាន ប្រើប្រាស់សំពត់កម្ពល ដែលត្បាញដោយសក់ក៏មាន ប្រើប្រាស់សំពត់កម្ពលត្បាញដោយរោមសត្វក៏មាន ប្រើប្រាស់សំពត់ដែលត្បាញដោយស្លាបមៀមក៏មាន ជាអ្នកទុកសក់ និងពុកមាត់ ពុកចង្កា ប្រកបព្យាយាមក្នុងការទុកសក់ និងពុកមាត់ ពុកចង្កាក៏មាន ជាអ្នកប្រព្រឹត្តឈរ ហាមនូវការអង្គុយក៏មាន ជាអ្នកអង្គុយច្រហោង ប្រកបព្យាយាមអង្គុយច្រហោងក៏មាន ជាអ្នកដេកលើបន្លា សម្រេចនូវការដេកលើបន្លាក៏មាន ប្រកបព្យាយាម ក្នុងការចុះត្រាំទឹក ក្នុង១ថ្ងៃ៣ដង ក៏មាន ខ្វល់ខ្វាយព្យាយាម ដើម្បីធ្វើការឲ្យក្តៅរោលរាលច្រើនប្រការ មានសភាពយ៉ាងនេះដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ តថាគតហៅថា អ្នកដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង។
[៩] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែលដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ បុគ្គលពួកខ្លះ ជាអ្នកសម្លាប់ចៀម សម្លាប់ជ្រូក សម្លាប់សត្វស្លាប សម្លាប់ម្រឹគ ជាអ្នកនេសាទត្រី ជាចោរ ជាអ្នកពិឃាតចោរ ជាអ្នកគ្រប់គ្រងគុក ពុំនោះសោត ពួកជនណាមួយក្រៅពីនេះ ជាអ្នកមានអំពើអាក្រក់ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ តថាគតហៅថា អ្នកដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ។
[១០] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែលដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯងផង ជាអ្នកដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ បុគ្គលពួកខ្លះ ជាស្តេច ជាក្សត្រ ដែលបានមុទ្ធាភិសេកក្តី ជាព្រាហ្មណមហាសាលក្តី ស្តេចនោះ ឲ្យគេសង់សន្ថាគារសាលាថ្មី១ ក្នុងទិសខាងកើតនៃព្រះនគរ ហើយកោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកពាក់ស្បែកខ្លាទាំងក្រចក លាបកាយដោយទឹកដោះថ្លា និងប្រេង ហើយអេះខ្នងដោយស្នែងម្រឹគ ចូលទៅកាន់សន្ថាគារសាលា ជាមួយនឹងមហេសីផង ព្រាហ្មណបុរោហិតផង ស្តេចនោះ សម្រេចទីក្រឡាព្រះបន្ទំលើផែនដី ដែលប្រកបដោយវត្ថុ មានពណ៌ខៀវ ដែលមិនស្អាតក្នុងរោងនោះ ស្តេចនោះ សោយទឹកដោះស្រស់ ចំពោះដោះមួយ របស់មេគោមួយ ដែលមានកូនមានរូបស្រដៀងនឹងមេ មហេសីសោយទឹកដោះស្រស់ចំពោះដោះទី២ ព្រាហ្មណបុរោហិត ផឹកទឹកដោះស្រស់ចំពោះដោះទី៣ បូជាភ្លើងដោយទឹកដោះស្រស់ ចំពោះដោះទី៤ ឯទឹកដោះសេសសល់ពីនោះ ទើបឲ្យកូនគោបៅ ស្តេចនោះ ទ្រង់ត្រាស់បង្គាប់យ៉ាងនេះថា ចូរអ្នកទាំងឡាយ សម្លាប់គោឧសភ ប្រមាណប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់ការបូជា ចូរសម្លាប់កូនគោឈ្មោលតូច ប្រមាណប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់ការបូជា ចូរសម្លាប់កូនគោញីតូច ប្រមាណប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់ការបូជា ចូរសម្លាប់ពពែ ប្រមាណប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់ការបូជា ចូរសម្លាប់ចៀម ប្រមាណប៉ុណ្ណេះ ដើម្បីប្រយោជន៍ ដល់ការបូជា ចូរសម្លាប់សេះ ប្រមាណប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់ការបូជា ចូរកាប់ឈើ ប្រមាណប៉ុណ្ណេះ ដើម្បីធ្វើប្រាសាទ ចូរអារកាត់គ្រឿងឈើប្រមាណប៉ុណ្ណេះ ដើម្បីធ្វើរបង និងកម្រាលដូច្នេះ ពួកជនណាជាខ្ញុំកំដរក្តី ជាអ្នកបំរើក្តី ជាអ្នកធ្វើការស៊ីឈ្នួលក្តី របស់ស្តេចនោះ ពួកជនទាំងនោះឯង កាលបើត្រូវអាជ្ញាគម្រាមហើយ ត្រូវភ័យគម្រាមហើយ ក៏មានមុខទទឹកដោយទឹកភ្នែក ទ្រហោយំ ធ្វើនូវការបន់ស្រន់ បួងសួង (កុំឲ្យស្លាប់) ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ តថាគតហៅថា អ្នកដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯងផង ជាអ្នកដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃផង។
[១១] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែលមិនដុតកំដៅខ្លួនឯង មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង ជាអ្នកមិនដុតកំដៅអ្នកដទៃ មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ បុគ្គលនោះ ឈ្មោះថា អ្នកមិនដុតកំដៅខ្លួនឯង មិនដុតកំដៅអ្នកដទៃ ជាអ្នកអស់សេចក្តីស្រេកឃ្លាន ក្នុងបច្ចុប្បន្ននេះ ជាអ្នករលត់ទុក្ខ មានសេចក្តីត្រជាក់ ទទួលសេចក្តីសុខ ជាអ្នកប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតកើតឡើងក្នុងលោកនេះ ជាអរហន្តសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អទៅកាន់ព្រះនិព្វាន ដឹងច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ជាសារថីអ្នកទូន្មានបុរស ដែលគួរទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ បានត្រាស់ដឹងសច្ចធម៌ លែងត្រឡប់មកកាន់ភពថ្មីទៀត ព្រះតថាគតនោះ បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញារបស់ខ្លួន នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ព្រះតថាគតនោះ សំដែងធម៌មានលំអបទដើម បទកណ្តាល និងបទចុង ព្រះតថាគត ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ពេញបរិបូណ៌ បរិសុទ្ធទាំងអស់។ គហបតី ឬកូននៃគហបតី ឬជនអ្នកកើតក្នុងត្រកូលណាមួយ ក្នុងកាលជាខាងក្រោយ រមែងបានស្តាប់ធម៌នោះ លុះគេស្តាប់ធម៌នោះហើយ ក៏បាននូវសទ្ធាក្នុងព្រះតថាគត លុះគេប្រកបដោយសទ្ធានោះ រមែងពិចារណាដូច្នេះថា ឃរាវាស ចង្អៀតណាស់ ជាផ្លូវនៃធូលី បព្វជ្ជាទើបមានឱកាសល្អ កាលបើអាត្មាអញ នៅជាគ្រហស្ថ គ្រប់គ្រងផ្ទះ ក៏មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ តែមួយយ៉ាង ឲ្យបរិសុទ្ធតែមួយយ៉ាង ដូចជាស័ង្ខ ដែលគេខាត់ហើយនោះទេ បើដូច្នោះ គួរតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា រួចស្លៀកដណ្តប់សំពត់ជ្រលក់ទឹកចត់ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ លុះសម័យខាងក្រោយមក ជននោះ ក៏លះគំនរទ្រព្យតិចក្តី លះគំនរទ្រព្យច្រើនក្តី លះបង់ញាតិវង្សតិចក្តី លះបង់ញាតិវង្សច្រើនក្តី ហើយកោរសក់ និងពុកមាត់ ពុកចង្កា រួចស្លៀកដណ្តប់សំពត់ជ្រលក់ទឹកចត់ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។
[១២] លុះជននោះបួសយ៉ាងនេះហើយ ដល់ព្រមដោយសិក្ខា និងសាជីវៈសម្រាប់ភិក្ខុទាំងឡាយ ហើយលះបាណាតិបាត ជាអ្នកវៀរចាកបាណាតិបាត ដាក់ចុះនូវអាជ្ញា ដាក់ចុះនូវគ្រឿងសស្ត្រា មានសេចក្តីអៀនខ្មាស ប្រកបដោយសេចក្តីអាណិតអាសូរ ជាអ្នកមានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ជាអ្នកលះអទិន្នាទាន វៀរចាកអទិន្នាទាន កាន់យកតែទ្រព្យដែលគេឲ្យ ប្រាថ្នាតែទ្រព្យ ដែលគេឲ្យ មានខ្លួនស្អាត មិនមែនជាអ្នកល្មួច ជាអ្នកលះអព្រហ្មចរិយធម៌ ប្រព្រឹត្តព្រហ្មចរិយធម៌ ប្រព្រឹត្តឆ្ងាយ វៀរចាកមេថុន ជាធម៌សម្រាប់អ្នកស្រុក ជាអ្នកលះមុសាវាទ វៀរចាកមុសាវាទ ពោលតែពាក្យពិត តតែពាក្យពិត មានសំដីខ្ជាប់ខ្ជួន គួរឲ្យអ្នកផងជឿបាន មិនពោលពាក្យឲ្យខុសចំពោះសត្វលោក ជាអ្នកលះបិសុណាវាចា វៀរចាកបិសុណាវាចា ឮអំពីទីនេះ មិននាំយកទៅប្រាប់ទីនោះ ដើម្បីបំបែកពួកជននេះ ឬឮក្នុងទីឯណោះ មិននាំមកប្រាប់ដល់ពួកជននេះ ដើម្បីបំបែកពួកជនឯណោះ ជាអ្នកពោលពាក្យផ្សះផ្សាជនដែលបែកគ្នាហើយ ឬជួយជ្រោមជ្រែងជន ដែលព្រមព្រៀងគ្នាស្រាប់ហើយ មានសេចក្តីព្រមព្រៀងជាទីត្រេកអរ ត្រេកអរក្នុងសេចក្តីព្រមព្រៀង ពេញចិត្តក្នុងសេចក្តីព្រមព្រៀង ពោលតែសំដីដែលជាទីធ្វើនូវសេចក្តីព្រមព្រៀង ជាអ្នកលះផរុសវាចា វៀរចាកផរុសវាចា វាចាណាមិនមានទោស សុខដល់ត្រចៀក គួរជាទីស្រឡាញ់ គួរយកទុក ក្នុងហឫទ័យ ជាពាក្យរបស់អ្នកក្រុង ជាទីប្រាថ្នារបស់ជនច្រើន ជាទីគាប់ចិត្តរបស់ជនច្រើន ក៏ពោលតែវាចា មានសភាពដូច្នោះ ជាអ្នកលះសម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ ពោលតែក្នុងកាលដែលគួរ ពោលតែពាក្យដែលពិតប្រាកដ ពោលតែអត្ថ ពោលតែធម៌ ពោលតែវិន័យ ពោលតែវាចាដែលគួរដំកល់ទុក ក្នុងហឫទ័យ ជាវាចាមានគ្រឿងអាងតាមកាលគួរ មានកំណត់ ប្រកបដោយប្រយោជន៍។ ភិក្ខុនោះ វៀរចាកការផ្តាច់ផ្តិលពីជគាម និងភូតគាម ជាអ្នកបរិភោគភត្តតែមួយពេល វៀរចាកការបរិភោគក្នុងវេលារាត្រី វៀរចាកបរិភោគក្នុងកាលខុស វៀរចាកការរាំ ច្រៀង ប្រគំ និងការមើលល្បែងផ្សេងៗ វៀរចាកការទ្រទ្រង់ ប្រដាប់តាក់តែង និងការស្អិតស្អាង (រាងកាយ) ដោយផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ វៀរចាកការដេក ឬអង្គុយលើអាសនៈដ៏ខ្ពស់ និងអាសនៈដ៏ប្រសើរ វៀរចាកការទទួលមាស និងប្រាក់ វៀរចាកការទទួលស្រូវស្រស់ វៀរចាកការទទួលសាច់ឆៅ វៀរចាកការទទួលស្ត្រី និងក្មេងស្ត្រី វៀរចាកការទទួលខ្ញុំស្រី និងខ្ញុំប្រុស វៀរចាកការទទួលពពែ និងចៀម វៀរចាកការទទួលមាន់ និងជ្រូក វៀរចាកការទទួលដំរី គោ សេះឈ្មោល និងសេះញី វៀរចាកការទទួលស្រែ និងចំការ វៀរចាកការប្រកបក្នុងកិច្ចជាទូត និងការនាំសំបុត្រទៅមក វៀរចាកការលក់ដូរ វៀរចាកការបោកដោយជញ្ជីង ឆបោកដោយភាជន៍មាស ទាំងឆបោកដោយរង្វាស់រង្វាល់ វៀរចាកការសើរើ3) បញ្ឆោតបន្លំ កោងកាច វៀរចាកការកាប់សម្លាប់ ចងបំភាន់ ប្លន់ កំហែង។ បុគ្គលនោះជាអ្នកសន្តោសដោយចីវរសម្រាប់រក្សាកាយ ដោយបិណ្ឌបាត សម្រាប់រក្សាផ្ទៃ ត្រាច់ទៅក្នុងទីណាៗ ក៏កាន់យក (ត្រឹមតែគ្រឿងបរិក្ខារ) ប៉ុណ្ណោះទៅ។ សត្វបក្សីហើរទៅក្នុងទីណាៗ ក៏ទៅត្រឹមតែស្លាបរបស់ខ្លួនប៉ុណ្ណោះ យ៉ាងណាមិញ ភិក្ខុជាអ្នកសន្តោសដោយចីវរសម្រាប់រក្សាកាយ ដោយបិណ្ឌបាតសម្រាប់រក្សាផ្ទៃ ត្រាច់ទៅក្នុងទីណាៗ ក៏កាន់យក (ត្រឹមតែគ្រឿងបរិក្ខារ) ប៉ុណ្ណោះទៅ ក៏យ៉ាងនោះដែរ។ ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធដ៏ប្រសើរនេះ ហើយបានទទួលនូវសេចក្តីសុខ ដែលមិនមានទោសក្នុងសន្តាន។ ភិក្ខុនោះ ឃើញរូបដោយភ្នែក ក៏មិនកួចកាន់និមិត្ត មិនកួចកាន់អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីជាប់តាមបុគ្គល ដែលមិនសង្រួមនូវចក្ខុន្ទ្រិយ ព្រោះហេតុមិនសង្រួមចក្ខុន្ទ្រិយណា លោកក៏ប្រតិបត្តិ ដើម្បីសង្រួមចក្ខុន្ទ្រិយនោះ រក្សាចក្ខុន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងចក្ខុន្ទ្រិយ ឮសំឡេងដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវសម្ផ័ស្សដោយកាយ … ដឹងធម្មារម្មណ៍ដោយចិត្ត ក៏មិនកួចកាន់និមិត្ត ទាំងមិនកួចកាន់អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីជាប់តាមនូវបុគ្គលនុ៎ះ ដែលមិនសង្រួមមនិន្ទ្រិយ ព្រោះហេតុមិនសង្រួមមនិន្ទ្រិយណា លោកក៏ប្រតិបត្តិ ដើម្បីសង្រួមមនិន្ទ្រិយនោះ រក្សាមនិន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងមនិន្ទ្រិយ។ ភិក្ខុនោះ ប្រកបដោយឥន្ទ្រិយសំវរៈដ៏ប្រសើរនេះ តែងទទួលសេចក្តីសុខ ឥតសៅហ្មងខាងក្នុងសន្តាន។ ភិក្ខុនោះជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងវេលាដែលឈានទៅមុខ និងឈានថយក្រោយ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងវេលាដែលក្រឡេកមើលទៅមុខ ឬក្រឡេកមើលទៅទិសផ្សេងៗ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងវេលាដែលបត់ អវយវៈចូល និងលាចេញ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងវេលាដែលប្រើប្រាស់សង្ឃាដិ បាត្រ និងចីវរ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងវេលាដែលស៊ីផឹក ទំពា ទទួលរស ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងវេលាដែលធ្វើឧច្ចារៈ និងបស្សាវៈ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងវេលាដែលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ រលឹក និយាយស្តី នៅស្ងៀម។
[១៣] ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធដ៏ប្រសើរនេះផង ប្រកបដោយឥន្ទ្រិយសំវរៈ ដ៏ប្រសើរនេះផង ប្រកបដោយសតិ និងសម្បជញ្ញៈ ដ៏ប្រសើរនេះផង គប់រកនូវសេនាសនៈស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ ច្រកភ្នំ គុហាលើភ្នំ ព្រៃស្មសាន ព្រៃស្រោង ទីវាល គំនរចំបើង។ ភិក្ខុនោះត្រឡប់មកពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្តហើយ ក៏អង្គុយផ្គត់ភ្នែនតាំងកាយឲ្យត្រង់ តំកល់សតិឆ្ពោះមុខទៅរកកម្មដ្ឋាន។ ភិក្ខុនោះ លះអភិជ្ឈាក្នុងលោក មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្តឲ្យស្អាតចាកអភិជ្ឈា ជាអ្នកលះសេចក្តីប្រទូស្ត ព្រោះព្យាបាទ មានចិត្តប្រាសចាកព្យាបាទ ជាអ្នកអនុគ្រោះដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ជម្រះចិត្តឲ្យស្អាត ចាកសេចក្តីប្រទូស្ត ព្រោះព្យាបាទ ជាអ្នកលះថីនមិទ្ធៈ ប្រាសចាកថីនមិទ្ធៈ សំគាល់នូវអាលោកកសិណ មានសតិ និងសម្បជញ្ញៈ ជម្រះចិត្តឲ្យស្អាតចាកថីនមិទ្ធៈ ជាអ្នកលះឧទ្ធច្ចកុក្កុច្ចៈ មិនរាយមាយ មានចិត្តស្ងប់ស្ងាត់ខាងក្នុងសន្តាន ជម្រះចិត្តឲ្យស្អាតចាកឧទ្ធច្ចកុក្កុច្ចៈ ជាអ្នកលះវិចិកិច្ឆា ឆ្លងផុតចាកវិចិកិច្ឆា មិនមានសេចក្តីងឿងឆ្ងល់ ក្នុងកុសលធម៌ទាំងឡាយ ជម្រះចិត្តឲ្យស្អាតចាកវិចិកិច្ឆា។
[១៤] ភិក្ខុនោះ លុះលះនីវរណៈទាំង៥ ដែលជាឧបក្កិលេសរបស់ចិត្ត ដែលធ្វើបញ្ញាឲ្យមានកម្លាំងថយនេះរួចហើយ លោកក៏ស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ សុខ ដែលកើតអំពីវិវេក ព្រោះរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ ចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់ខាងក្នុងសន្តាន មានភាវៈនៃចិត្តដ៏ប្រសើរ មិនមានវិតក្កៈ វិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ ព្រោះលះបង់បីតិចេញហើយ ជាបុគ្គលព្រងើយផង មានសតិ និងសម្បជញ្ញៈផង ទទួលសេចក្តីសុខដោយនាមកាយផង ចូលកាន់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយ តែងសរសើរថា បុគ្គលដែលបានតតិយជ្ឈានហើយ តែងមានចិត្តព្រងើយ ជាអ្នកមានស្មារតីនៅជាសុខ ព្រោះលះបង់សុខផង លះបង់ទុក្ខផង ព្រោះរលត់នូវសោមនស្ស និងទោមនស្ស អំពីកាលមុនផង លោកក៏ចូលកាន់ចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសតិ ដែលកើតអំពីឧបេក្ខា។
[១៥] កាលដែលចិត្តតាំងនៅល្អ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ភ្លន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រយ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅរកបុព្វេនិវាសានុស្សតិញ្ញាណ ភិក្ខុនោះ ក៏រលឹកឃើញជាតិដែលខ្លួនធ្លាប់អាស្រ័យនៅក្នុងកាលមុន ជាច្រើនជាតិ គឺរលឹកឃើញបាន១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១០០០ជាតិ មួយសែនជាតិ ក៏បានខ្លះ រលឹកឃើញបានច្រើនសំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្តវិវដ្តកប្បក៏បាន ដូច្នេះថា អាត្មាអញនៅក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ ទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអាត្មាអញច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ មាននាមយ៉ាងនេះ មានគោត្រយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងភពនេះ។ ភិក្ខុនោះ រលឹកឃើញជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុនបានច្រើនជាតិ ព្រមទាំងអាការទាំងឧទ្ទេស។
[១៦] កាលដែលចិត្តតាំងនៅល្អ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ភ្លន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រយ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីញាណជាគ្រឿងដឹងនូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ ភិក្ខុនោះ ក៏ឃើញសត្វទាំងឡាយ ដែលច្យុតចាប់បដិសន្ធិ មានភាវៈទាបថោក និងឧត្តម មានវណ្ណៈល្អ និងវណ្ណៈអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដោយចក្ខុដ៏ជាទិព្វ ដ៏បរិសុទ្ធក្រៃលែងជាងចក្ខុរបស់មនុស្សសាម័ញ្ញ ក៏ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ សត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាមិច្ឆាទិដ្ឋិ ប្រកាន់មាំនូវកម្មជាមិច្ឆាទិដ្ឋិ និយាយតិះដៀលព្រះអរិយបុគ្គលទាំងឡាយ សត្វទាំងនោះ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក អើហ្ន៎ ចំណែកឯសត្វទាំងនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាសម្មាទិដ្ឋិ ប្រកាន់មាំនូវកម្មជាសម្មាទិដ្ឋិ មិនតិះដៀលពួកព្រះអរិយបុគ្គល សត្វទាំងនោះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតឯឋានសុគតិ សួគ៌ ទេវលោក។ ភិក្ខុនោះ ឃើញសត្វទាំងឡាយ ដែលច្យុត ដែលចាប់បដិសន្ធិ មានភាវៈទាបថោក និងឧត្តម មានវណ្ណៈល្អ និងវណ្ណៈអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដោយចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធក្រៃលែងជាងចក្ខុរបស់មនុស្សសាម័ញ្ញ ក៏ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ដោយប្រការដូច្នេះ។
[១៧] កាលដែលចិត្តតាំងនៅល្អ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ភ្លន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រយ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅរកអាសវក្ខយញ្ញាណ លោកក៏ដឹងប្រាកដតាមពិតថា នេះជាទុក្ខ ដឹងប្រាកដតាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងប្រាកដតាមពិតថា នេះជាសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា នេះជាបដិបទាឲ្យបានដល់នូវសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា ធម៌ប៉ុណ្ណេះ ជាអាសវៈ ដឹងប្រាកដតាមពិតថា នេះជាហេតុនាំឲ្យកើតអាសវៈ ដឹងប្រាកដតាមពិតថា នេះជាសេចក្តីរលត់អាសវៈ ដឹងប្រាកដតាមពិតថា នេះជាបដិបទា ឲ្យបានដល់នូវសេចក្តីរលត់អាសវៈ។ កាលដែលភិក្ខុនោះ ដឹងយ៉ាងនេះ ពិចារណាឃើញយ៉ាងនេះ ចិត្តក៏ផុតចាកកាមាសវៈផង ផុតចាកភវាសវៈផង ផុតចាកអវិជ្ជាសវៈផង កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតប្រាកដថា អាត្មាអញផុតស្រឡះចាកអាសវៈហើយ ដឹងច្បាស់ថា កំណើតរបស់អាត្មាអញ អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើស្រេចហើយ កិច្ចដទៃក្រៅពីសោឡសកិច្ច តទៅទៀត មិនមានឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះឯង ដែលតថាគតហៅថា អ្នកមិនដុតកំដៅខ្លួនឯង មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង ជាអ្នកមិនដុតកំដៅអ្នកដទៃ មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ បុគ្គលដែលមិនដុតកំដៅខ្លួនឯង មិនដុតកំដៅអ្នកដទៃនោះ ជាអ្នកអស់សេចក្តីស្រេកឃ្លាន ក្នុងបច្ចុប្បន្ននេះ ជាអ្នករលត់ទុក្ខ មានសេចក្តីត្រជាក់ ទទួលសេចក្តីសុខ ជាអ្នកប្រសើរ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ មានចិត្តត្រេកអរ រីករាយចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ កន្ទរកសូត្រ ទី១។