តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មជ្ឈិមបណ្ណាសក » គហបតិវគ្គ »
ព្រះអានន្ទ សំដែងសេក្ខប្បដិបទា ដល់ពួកសក្យៈ អ្នកក្រុងកបិលវត្ថុ។
mn 053 បាលី cs-km: sut.mn.053 អដ្ឋកថា: sut.mn.053_att PTS: ?
(ទី៣) សេក្ខប្បដិបទាសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបសិកា វិឡា
(៣. សេខសុត្តំ)
[២៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលវត្ថុ ក្នុងដែនសក្កៈ។ សម័យនោះឯង ពួកសក្យៈ អ្នកក្រុងកបិលវត្ថុ បានកសាងសន្ថាគារសាលាថ្មីមួយ ទើបនឹងហើយថ្មីៗ មិនទាន់មានសមណៈ ឬព្រាហ្មណ៍ ឬអ្នកណាមួយ ដែលជាជាតិមនុស្ស1) ចូលទៅនៅអាស្រ័យនៅឡើយ។ លំដាប់នោះ ពួកសក្យៈអ្នកក្រុងកបិលវត្ថុ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះពួកសក្យៈ អ្នកក្រុងកបិលវត្ថុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកសក្យៈ អ្នកក្រុងកបិលវត្ថុ បានកសាងសន្ថាគារសាលាថ្មី១ ទើបនឹងហើយថ្មីៗ មិនទាន់មានសមណៈ ឬព្រាហ្មណ៍ ឬអ្នកណាមួយ ដែលជាជាតិមនុស្ស ចូលទៅអាស្រ័យនៅឡើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ប្រើប្រាស់សន្ថាគារសាលានោះជាមុន លុះព្រះមានព្រះភាគ ទ្រង់ប្រើប្រាស់ជាមុនរួចហើយ ទើបពួកសក្យៈ អ្នកក្រុងកបិលវត្ថុ នឹងប្រើប្រាស់ជាខាងក្រោយ ការប្រើប្រាស់នោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ និងសេចក្តីសុខយូរអង្វែង ដល់ពួកសក្យៈ អ្នកក្រុងកបិលវត្ថុ។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តន៍ ដោយអាការស្ងៀម។ ចំណែកខាងពួកសក្យៈ អ្នកក្រុងកបិលវត្ថុ ដឹងថា ព្រះមានព្រះភាគ ទទួលនិមន្តន៍ហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណរួចហើយ នាំគ្នាចូលទៅកាន់សន្ថាគារសាលាថ្មី លុះចូលទៅដល់ហើយ បាននាំគ្នាចាត់ចែងសន្ថាគារសាលា ឲ្យមានកម្រាលគ្រប់អន្លើ ហើយក្រាលអាសនៈទាំងឡាយ រួចតំកល់ក្អមទឹកទុក អុជប្រទីបប្រេងរួចហើយ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ លុះពួកសក្យៈ អ្នកក្រុងកបិលវត្ថុ ឋិតនៅក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ បានចាត់ចែងនូវសន្ថាគារសាលា ឲ្យមានកម្រាលគ្រប់អន្លើ បានក្រាលអាសនៈទាំងឡាយ បានតំកល់ក្អមទឹកទុក និងអុជប្រទីបប្រេងទុករួចស្រេចហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់សំគាល់នូវកាលនៃពុទ្ធដំណើរ ក្នុងកាលឥឡូវនេះចុះ។
[២៥] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ ចីវរ ព្រមទាំងភិក្ខុសង្ឃ ទ្រង់និមន្តចូលទៅកាន់សន្ថាគារសាលា លុះចូលទៅដល់ហើយ ទ្រង់ឲ្យលាងព្រះបាទារួចហើយ យាងចូលទៅកាន់សន្ថាគារសាលា គង់ផ្អែកនឹងសសរកណ្តាល បែរព្រះភក្ត្រទៅទិសខាងកើត។ ឯភិក្ខុសង្ឃក៏ឲ្យលាងជើងរួចហើយ ចូលទៅកាន់សន្ថាគារសាលា អង្គុយផ្អែកនឹងជញ្ជាំងខាងលិច បែរមុខទៅទិសខាងកើត មានព្រះមានព្រះភាគ គង់នៅខាងមុខ។ ឯពួកសក្យៈ អ្នកក្រុងកបិលវត្ថុ ក៏លាងជើងរួចហើយ ចូលទៅកាន់សន្ថាគារសាលា អង្គុយផ្អែកនឹងជញ្ជាំងខាងកើត បែរមុខទៅទិសខាងលិច មានព្រះមានព្រះភាគ គង់នៅខាងមុខ។ លំដាប់នោះ ព្រះមានព្រះភាគ ពន្យល់ណែនាំពួកសក្យៈ អ្នកក្រុងកបិលវត្ថុ ឲ្យយល់ប្រយោជន៍ (ក្នុងបច្ចុប្បន្ន និងបរលោក) ឲ្យជឿជាក់ (ក្នុងកុសលធម៌) ឲ្យខ្មីឃ្មាតសង្វាត ឲ្យរីករាយ ដោយធម្មីកថា ច្រើនរាត្រី (ពេញមួយយប់) ហើយត្រាស់ទៅនឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ចូរអ្នកសំដែងសេក្ខប្បដិបទា ដល់ពួកសក្យៈ អ្នកក្រុងកបិលវត្ថុចុះ ដ្បិតតថាគតរោយខ្នងណាស់ តថាគត នឹងសម្រាកខ្នងបន្តិច។ ព្រះអានន្ទមានអាយុ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ក្រាលសង្ឃាដិឲ្យជា៤ជាន់ ហើយសម្រេចនូវសីហសេយ្យា ផ្អៀងខាងស្តាំ គងព្រះបាទដោយព្រះបាទ មានសតិ និងសម្បជញ្ញៈ កំណត់ទុកក្នុងហឫទ័យ នូវឧដ្ឋានសញ្ញា គឺសេចក្តីសំគាល់ នូវការក្រោកឡើងវិញ។
[២៦] គ្រានោះ ព្រះអានន្ទមានអាយុ សំដែងចំពោះមហានាមសក្យៈថា បពិត្រមហានាម អរិយសាវ័កក្នុងសាសនានេះ ជាអ្នកបរិបូណ៌ដោយសីល ជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ជាអ្នកស្គាល់ប្រមាណក្នុងភោជន ជាអ្នកប្រកបនូវការភ្ញាក់រលឹក ជាអ្នកប្រកបដោយសប្បុរិសធម៌ទាំង៧ប្រការ ជាអ្នកបានដូចប្រាថ្នា នូវឈានទាំង៤ ដែលអាស្រ័យនូវចិត្តដ៏ថ្លៃថ្លា ជាហេតុនៃកិរិយានៅជាសុខ ក្នុងបច្ចុប្បន្ន ជាអ្នកបានដោយមិនលំបាក បានដោយងាយ។
[២៧] បពិត្រមហានាម ចុះអរិយសាវ័ក ជាអ្នកបរិបូណ៌ដោយសីល តើដូចម្តេច។ បពិត្រមហានាម អរិយសាវ័ក ក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមល្អក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសសូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ បពិត្រមហានាម អរិយសាវ័ក ដែលជាអ្នកបរិបូណ៌ដោយសីល យ៉ាងនេះឯង។
[២៨] បពិត្រមហានាម ចុះអរិយសាវ័ក ជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ តើដូចម្តេច។ បពិត្រមហានាម អរិយសាវ័កក្នុងសាសនានេះ ឃើញរូបារម្មណ៍ ដោយចក្ខុ មិនកួចកាន់និមិត្ត មិនកួចកាន់អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីជាប់តាមបុគ្គល ដែលមិនសង្រួមនូវចក្ខុន្ទ្រិយ ព្រោះហេតុមិនសង្រួមចក្ខុន្ទ្រិយណា លោកប្រតិបត្តិ ដើម្បីសង្រួមចក្ខុន្ទ្រិយនោះ រក្សាចក្ខុន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងចក្ខុន្ទ្រិយ ឮសំឡេងដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវនូវផោដ្ឋព្វៈដោយកាយ … ដឹងធម្មារម្មណ៍ដោយចិត្ត ហើយជាអ្នកមិនកួចកាន់និមិត្ត មិនកួចកាន់អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីជាប់តាមបុគ្គល ដែលមិនសង្រួមមនិន្ទ្រិយ ព្រោះហេតុមិនសង្រួមមនិន្ទ្រិយណា លោកប្រតិបត្តិ ដើម្បីសង្រួមមនិន្ទ្រិយនោះ រក្សាមនិន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងមនិន្ទ្រិយ បពិត្រមហានាម អរិយសាវ័ក ដែលជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ យ៉ាងនេះឯង។
[២៩] បពិត្រមហានាម ចុះអរិយសាវ័ក ជាអ្នកស្គាល់ប្រមាណក្នុងភោជន តើដូចម្តេច។ បពិត្រមហានាម អរិយសាវ័ក ក្នុងសាសនានេះ ពិចារណាដោយឧបាយ ទើបបរិភោគអាហារ ដោយគិតថា អាត្មាអញ បរិភោគអាហារ ដើម្បីលេងដូចក្មេងអ្នកស្រុកក៏ទេ ដើម្បីស្រវឹងក៏ទេ ដើម្បីប្រដាប់តាក់តែងរាងកាយក៏ទេ ដើម្បីធ្វើឲ្យផូរផង់ពណ៌សម្បុរក៏ទេ (បរិភោគ) ដើម្បីនឹងឲ្យតាំងនៅនៃកាយនេះ ដើម្បីញុំាងជីវិតិន្ទ្រិយឲ្យប្រព្រឹត្តទៅ ដើម្បីនឹងបំបាត់បង់សេចក្តីលំបាក ដើម្បីនឹងអនុគ្រោះដល់ព្រហ្មចរិយធម៌ អាត្មាអញ នឹងកំចាត់បង់វេទនាចាស់ គឺសេចក្តីឃ្លាន ដែលមានហើយផង នឹងញុំាងវេទនាថ្មី គឺឆ្អែតហួសប្រមាណ មិនឲ្យកើតឡើងបានផង កិរិយាប្រព្រឹត្តទៅនៃឥរិយាបថទាំង៤ក្តី សេចក្តីមិនមានទោស មានមិនច្រអូសចិត្តជាដើមក្តី កិរិយានៅសប្បាយក្នុងឥរិយាបថទាំង៤ក្តី នឹងមានដល់អាត្មាអញ ដោយបានបរិភោគអាហារនេះ បពិត្រមហានាម អរិយសាវ័ក ក្នុងសាសនានេះ ជាអ្នកស្គាល់ប្រមាណក្នុងភោជន យ៉ាងនេះឯង។
[៣០] បពិត្រមហានាម ចុះអរិយសាវ័ក ជាអ្នកប្រកបនូវសេចក្តីភ្ញាក់រឭក តើដូចម្តេច។ បពិត្រមហានាម អរិយសាវ័ក ក្នុងសាសនានេះ បើក្នុងវេលាថ្ងៃ (លោក) រមែងជម្រះចិត្ត ចាកនីវរណធម៌ទាំងឡាយ ដោយការចង្ក្រម និងអង្គុយ បើវេលារាត្រីបឋមយាម (លោក) រមែងជម្រះចិត្ត ចាកនីវរណធម៌ទាំងឡាយ ដោយការចង្ក្រម និងអង្គុយ លុះដល់វេលារាត្រីមជ្ឈិមយាម លោករមែងសម្រេចសីហសេយ្យាសន៍ ផ្អៀងខាងស្តាំ យកជើងគងលើជើង មានសតិ និងសម្បជញ្ញៈ ធ្វើមនសិការៈ នូវឧដ្ឋានសញ្ញា លុះដល់វេលារាត្រីបច្ឆិមយាម (លោក) រមែងក្រោកឡើង ហើយជម្រះចិត្ត ចាកនីវរណធម៌ទាំងឡាយ ដោយការចង្ក្រម និងអង្គុយ បពិត្រមហានាម អរិយសាវ័ក ដែលជាអ្នកប្រកបនូវការភ្ញាក់រឭក យ៉ាងនេះឯង។
[៣១] បពិត្រមហានាម ចុះអរិយសាវ័ក ជាអ្នកប្រកបដោយសប្បុរិសធម៌ទាំង៧ប្រការ តើដូចម្តេច។ បពិត្រមហានាម អរិយសាវ័កក្នុងសាសនានេះ ជាអ្នកមានសទ្ធា រមែងជឿចំពោះពោធិញ្ញាណ របស់ព្រះតថាគតថា ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវលោក ព្រះអង្គប្រសើរបំផុត ដោយសីលាទិគុណ ព្រះអង្គជាសារថីទូន្មានបុរស ព្រះអង្គជាសាស្តា របស់ពួកទេវតា និងមនុស្ស ព្រះអង្គត្រាស់ដឹងសច្ចធម៌ ព្រះអង្គបំបាត់បង់ត្រៃភព ដូច្នេះ១ ជាអ្នកមានសេចក្តីខ្មាស រមែងអៀនខ្មាសចំពោះកាយទុច្ចរិត វចីទុច្ចរិត និងមនោទុច្ចរិត រមែងអៀនខ្មាសចំពោះការជួបប្រសប់អកុសលធម៌ដ៏លាមក១ ជាអ្នកមានសេចក្តីតក់ស្លុត រមែងតក់ស្លុតចំពោះកាយទុច្ចរិត វចីទុច្ចរិត និងមនោទុច្ចរិត រមែងតក់ស្លុតចំពោះការជួបប្រសប់អកុសលធម៌ដ៏លាមក១ ជាពហុស្សូត ទ្រទ្រង់នូវចំណេះ សន្សំទុកនូវចំណេះ ធម៌ទាំងឡាយណា មានពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកបដោយអត្ថ និងព្យញ្ជនៈ រមែងប្រកាសព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មានសភាពដូច្នោះ លោកបានស្តាប់មកច្រើន បានទ្រទ្រង់ទុក បានចាំស្ទាត់រត់មាត់ បានចូលចិត្តច្បាស់លាស់ បានយល់ច្បាស់ដោយទិដ្ឋិ គឺបញ្ញា១ ជាអ្នកផ្តួចផ្តើមសេចក្តីព្យាយាម ដើម្បីលះអកុសលធម៌ ដើម្បីបំពេញកុសលធម៌ ជាអ្នកមានកម្លាំងព្យាយាម ខ្មីឃ្មាតមុតមាំ មិនដាក់ធុរៈចោល ចំពោះកុសលធម៌ទាំងឡាយ១ ជាអ្នកមានសតិ ប្រកបព្រមដោយសតិ និងបញ្ញាដ៏ឧត្តម ជាអ្នកនឹករលឹក ចាំបាន នូវអំពើដែលខ្លួនធ្វើយូរហើយ និងសំដីដែលខ្លួននិយាយយូរហើយ១ ជាអ្នកមានប្រាជ្ញា រមែងប្រកបដោយប្រាជ្ញា ជាគ្រឿងដឹងច្បាស់ នូវការកើតឡើង និងសូន្យទៅ (នៃខន្ធ៥) និងបញ្ញាសម្រាប់ទំលាយបង់ នូវគំនរលោភៈ ទោសៈ មោហៈ ដ៏ប្រសើរ ទាំងជាគ្រឿងដឹង នូវការអស់ទៅ នៃកងទុក្ខ ដោយប្រពៃ១ បពិត្រមហានាម អរិយសាវ័ក ដែលជាអ្នកប្រកបដោយសប្បុរិសធម៌ ទាំង៧ប្រការ យ៉ាងនេះឯង។
[៣២] បពិត្រមហានាម ចុះអរិយសាវ័ក ជាអ្នកបានដូចប្រាថ្នា នូវឈានទាំង៤ ដែលអាស្រ័យចិត្តដ៏ថ្លៃថ្លា ជាហេតុនៃការនៅជាសុខ ក្នុងបច្ចុប្បន្ន ជាអ្នកបានដោយមិនលំបាក បានដោយងាយ តើដូចម្តេច។ បពិត្រមហានាម អរិយសាវ័កក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ ក៏ចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់ប្រព្រឹត្តទៅក្នុងសន្តាន មានភាវៈនៃចិត្តដ៏ប្រសើរ គ្មានវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ ព្រោះលះបង់បីតិចេញ ជាបុគ្គលព្រងើយផង មានសតិ និងសម្បជញ្ញៈផង ទទួលសេចក្តីសុខ ដោយនាមកាយផង ចូលកាន់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយសរសើរថា បុគ្គលដែលបានតតិយជ្ឈាន ហើយតែងមានចិត្តព្រងើយ ជាអ្នកមានស្មារតី មានប្រក្រតី នៅជាសុខ ព្រោះលះបង់សេចក្តីសុខផង លះបង់សេចក្តីទុក្ខផង ព្រោះរលត់សោមនស្ស និងទោមនស្សអំពីមុនផង លោកក៏បានចូលកាន់ចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសតិ ដែលកើតអំពីឧបេក្ខាដ៏បរិសុទ្ធ។ បពិត្រមហានាម អរិយសាវ័ក ជាអ្នកបានដូចប្រាថ្នា នូវឈានទាំង៤ ដែលអាស្រ័យចិត្តដ៏ថ្លៃថ្លា ជាហេតុនៃការនៅជាសុខក្នុងបច្ចុប្បន្ន ជាអ្នកបានដោយមិនលំបាក បានដោយងាយ យ៉ាងនេះឯង។
[៣៣] បពិត្រមហានាម កាលណាអរិយសាវ័កជាអ្នកបរិបូណ៌ដោយសីលយ៉ាងនេះ ជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយយ៉ាងនេះ ជាអ្នកស្គាល់ប្រមាណក្នុងភោជនយ៉ាងនេះ ជាអ្នកប្រកបដោយការភ្ញាក់រឭកយ៉ាងនេះ ជាអ្នកប្រកបដោយសប្បុរិសធម៌ ទាំង៧ប្រការយ៉ាងនេះ ជាអ្នកបានដូចប្រាថ្នា នូវឈានទាំង៤ ដែលអាស្រ័យចិត្តដ៏ថ្លៃថ្លា ជាហេតុនៃការនៅជាសុខ ក្នុងបច្ចុប្បន្ន ជាអ្នកបានដោយមិនលំបាក បានដោយងាយយ៉ាងនេះ បពិត្រមហានាម អរិយសាវ័កនេះ ព្រះបរមគ្រូសំដែងថា អ្នកមានសេចក្តីប្រតិបត្តិជាសេក្ខៈ ប្រកបដោយសេចក្តីប្រតិបត្តិ ដូចជាពងមាន់មិនស្អុយ ជាបុគ្គលគួរដើម្បីបែកធ្លាយនូវញាណ គួរត្រាស់ដឹង គួរបាននូវព្រះនិព្វាន ជាដែនក្សេមចាកយោគៈដ៏ប្រសើរ។ បពិត្រមហានាម ប្រៀបដូចពងមាន់៨ក្តី ១០ក្តី ១២ក្តី ពងមាន់ទាំងនោះ មេមាន់បានក្រាបល្អហើយ ធ្វើឲ្យកក់ក្តៅដោយប្រពៃហើយ អប់រំកំដៅដោយល្អហើយ ចំណែកខាងមេមាន់នោះ មិនមានបំណង យ៉ាងនេះថា ធ្វើម្តេចហ្ន៎ កូនមាន់ទាំងនេះ គប្បីទំលាយសម្បកពង ដោយចុងក្រចក ឬដោយចុងចំពុះ ហើយញាស់ចេញមក ដោយសួស្តី ដូច្នេះទេ មានឧបមាយ៉ាងណាមិញ បពិត្រមហានាម កាលណាបើអរិយសាវ័ក ជាអ្នកបរិបូណ៌ ដោយសីលយ៉ាងនេះ ជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ យ៉ាងនេះ ជាអ្នកស្គាល់ប្រមាណ ក្នុងភោជនយ៉ាងនេះ ជាអ្នកប្រកបការភ្ញាក់រឭកយ៉ាងនេះ ជាអ្នកប្រកបដោយសប្បុរិសធម៌ ទាំង៧ប្រការយ៉ាងនេះ ជាអ្នកបានដូចសេចក្តីប៉ុនប៉ង នូវឈានទាំង៤ ដែលអាស្រ័យចិត្តដ៏ថ្លៃថ្លា ជាហេតុនៃការនៅជាសុខ ក្នុងបច្ចុប្បន្ន ជាអ្នកបានដោយមិនលំបាក បានដោយងាយយ៉ាងនេះ បពិត្រមហានាម អរិយសាវ័កនេះ ព្រះបរមសាស្តាចារ្យ សំដែងថា អ្នកមានសេចក្តីប្រតិបត្តិជាសេក្ខៈ ប្រកបដោយសេចក្តីប្រតិបត្តិ ដូចជាពងមាន់មិនស្អុយ ជាបុគ្គលគួរដើម្បីបែកធ្លាយ នូវញាណ គួរត្រាស់ដឹង គួរបាននូវព្រះនិព្វាន ជាដែនក្សេម ចាកយោគៈដ៏ប្រសើរ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បពិត្រមហានាម អរិយសាវ័កនោះឯង អាស្រ័យសតិ ដ៏បរិសុទ្ធ ដោយឧបេក្ខាដ៏ប្រសើរនេះឯង ទើបរលឹកបាននូវជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុន បានច្រើនជាតិ គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹកបាននូវជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅ អំពីមុនបានច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស យ៉ាងនេះឯង នេះឈ្មោះថា ការបែកធ្លាយនៃប្រាជ្ញាទី១ គឺបុព្វេនិវាសញ្ញាណ របស់អរិយសាវ័កនោះ ដូចពងមាន់ ដែលញាស់ចេញចាកសម្បកពង។ បពិត្រមហានាម អរិយសាវ័កនេះឯង អាស្រ័យសតិដ៏បរិសុទ្ធ ដោយឧបេក្ខាដ៏ប្រសើរនេះឯង ទើបលោកមានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុរបស់មនុស្សធម្មតា។បេ។ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម នេះឈ្មោះថា ការបែកធ្លាយនៃប្រាជ្ញាទី២ គឺទិព្វចក្ខុញ្ញាណ របស់អរិយសាវ័កនោះ ដូចកូនមាន់ ដែលញាស់ចេញចាកសម្បកពង។ បពិត្រមហានាម អរិយសាវ័កនេះឯង អាស្រ័យសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ដ៏ប្រសើរនេះឯង ទើបធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវធម៌ទាំងឡាយ ដោយប្រាជ្ញារបស់ខ្លួន ក្នុងបច្ចុប្បន្ននេះ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ នេះឈ្មោះថា ការបែកធ្លាយនៃប្រាជ្ញាទី៣ គឺអាសវក្ខយញ្ញាណ របស់អរិយសាវ័កនោះ ដូចកូនមាន់ដែលញាស់ចេញចាកសម្បកពង។
[៣៤] បពិត្រមហានាម ត្រង់អរិយសាវ័កលោកបានបរិបូណ៌ដោយសីល នេះឯងជាចរណៈ របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក បានគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយនេះឯង ជាចរណៈ របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក ស្គាល់ប្រមាណក្នុងភោជន នេះឯងជាចរណៈ របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក ប្រកបការភ្ញាក់រឭកនេះឯង ជាចរណៈ របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក បានប្រកបដោយសប្បុរិសធម៌ទាំង៧ប្រការ នេះឯងជាចរណៈ របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក បានដូចសេចក្តីប៉ុនប៉ង នូវឈានទាំង៤ប្រការ ដែលអាស្រ័យចិត្តដ៏ថ្លៃថ្លា ជាហេតុនៃការនៅជាសុខ ក្នុងបច្ចុប្បន្ន បានដោយមិនលំបាក បានដោយងាយ នេះឯងជាចរណៈ របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក បានរឭកឃើញជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅអំពីមុន បានច្រើនជាតិ គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹកជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលអំពីមុន បានច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេសយ៉ាងនេះ នេះឯងជាវិជ្ជា របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងនូវចក្ខុ របស់មនុស្សធម្មតា។បេ។ លោកដឹងច្បាស់ នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម នេះឯងជាវិជ្ជា របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័កធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវធម៌ទាំងឡាយ ដោយប្រាជ្ញានៃខ្លួន ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្ត ដោយឥរិយាបថ នេះឯង ជាវិជ្ជារបស់អរិយសាវ័កនោះ បពិត្រមហានាម អរិយសាវ័កនេះ ព្រះបរមគ្រូ ទ្រង់សំដែងថា ជាអ្នកបរិបូណ៌ដោយវិជ្ជាដូច្នេះក៏បាន បរិបូណ៌ដោយចរណៈ ដូច្នេះក៏បាន បរិបូណ៌ដោយវិជ្ជា និងចរណៈ ដូច្នេះក៏បាន។ បពិត្រមហានាម ទាំងព្រហ្មឈ្មោះ សនង្កុមារ ក៏បានពោលគាថានេះថា
ក្សត្រប្រសើរបំផុត ក្នុងពួកជនដែលប្រកាន់គោត្រ អ្នកណាបរិបូណ៌ដោយវិជ្ជា និងចរណៈ អ្នកនោះឈ្មោះថា ប្រសើរបំផុត ក្នុងពួកទេវតា និងមនុស្ស។
[៣៥] បពិត្រមហានាម គាថានេះឯង ព្រហ្មឈ្មោះសនង្កុមារ ច្រៀងពីរោះហើយ មិនមែនច្រៀងមិនពីរោះទេ ពោលពីរោះហើយ មិនមែនពោលមិនពីរោះទេ ជាគាថាប្រកបដោយប្រយោជន៍ មិនមែនឥតប្រយោជន៍ទេ ទាំងព្រះមានព្រះភាគ ក៏ទ្រង់យល់ព្រមហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ក្រោកឡើង ហើយត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ពីរោះណាស់ៗ ម្នាលអានន្ទ អ្នកសំដែងសេក្ខប្បដិបទា ដល់ពួកសក្យៈ អ្នកក្រុងកបិលវត្ថុ ពេញហៅពីរោះ។ លុះព្រះអានន្ទមានអាយុ បានសំដែងសេចក្តីនេះចប់ហើយ ព្រះបរមគ្រូ ក៏មានហឫទ័យត្រេកអរ ពួកសក្យៈអ្នកក្រុងកបិលវត្ថុ ក៏មានចិត្តរីករាយ ត្រេកអរហើយ ចំពោះភាសិតនៃព្រះអានន្ទមានអាយុ។
ចប់ សេក្ខប្បដិបទាសូត្រ ទី៣។