តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មជ្ឈិមបណ្ណាសក » គហបតិវគ្គ »
ព្រះពុទ្ធពន្យល់នូវធម៌៨ប្រការក្នុងការផ្តាច់បង់ជំនួញក្នុងវិន័យ របស់ព្រះអរិយៈដល់គហបតីម្នាក់។
mn 054 បាលី cs-km: sut.mn.054 អដ្ឋកថា: sut.mn.054_att PTS: ?
(ទី៤) បោតលិយសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៤. បោតលិយសុត្តំ)
[៣៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអាបណនិគម របស់ពួកអង្គុត្តរាបជន ក្នុងអង្គុត្តរាបជនបទ។1) ក្នុងកាលនោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់ដោយបាត្រ និងចីវរ ហើយទ្រង់ចូលទៅកាន់អាបណនិគម ដើម្បីបិណ្ឌបាត ក្នុងវេលាបុព្វណ្ហសម័យ។ លុះទ្រង់ពុទ្ធដំណើរទៅ ដើម្បីបិណ្ឌបាត ក្នុងអាបណនិគម ហើយត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាបច្ឆាភត្តហើយ ទ្រង់យាងសំដៅទៅរកដងព្រៃមួយ លុះយាងទៅដល់ហើយ ក៏ទ្រង់ចូលទៅកាន់ដងព្រៃនោះ ដើម្បីសម្រាកព្រះអង្គ ក្នុងវេលាថ្ងៃ ទ្រង់គង់សម្រាកព្រះអង្គក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។ ទើបបោតលិយគហបតី ស្លៀកដណ្តប់សំពត់សមគួរ ប្រដាប់ឆត្រ និងស្បែកជើង ដើរត្រាច់ទៅរឿយៗ ដើម្បីសម្រួលស្មង ហើយដើរសំដៅទៅដងព្រៃនោះ លុះដើរទៅដល់ហើយ ក៏ចូលទៅកាន់ដងព្រៃនោះ ហើយចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏ឋិតនៅក្នុងទីសមគួរ។
[៣៧] លុះបោតលិយគហបតិ នៅក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាដូច្នេះថា ម្នាលគហបតី អាសនៈមានគ្រប់គ្រាន់ បើអ្នកត្រូវការ ចូរអង្គុយចុះ។ កាលបើព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ បោតលិយគហបតិ ក៏នៅស្ងៀម ដោយខឹងអន់ចិត្តថា ព្រះសមណគោតមហ៊ានហៅអញ ដោយពាក្យថា គហបតី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងបោតលិយគហបតិ ជាគំរប់ពីរដងទៀត ដូច្នេះថា ម្នាលគហបតី អាសនៈមានគ្រប់គ្រាន់ បើអ្នកត្រូវការ ចូរអង្គុយចុះ។ បោតលិយគហបតិ ក៏នៅស្ងៀម ជាគំរប់ពីរដង ដោយខឹងអន់ចិត្តថា ព្រះសមណគោតម ហ៊ានហៅអញ ដោយពាក្យថា គហបតី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងបោតលិយគហបតិ ជាគំរប់បីដងទៀត ដូច្នេះថា ម្នាលគហបតី អាសនៈមានគ្រប់គ្រាន់ បើអ្នកត្រូវការ ចូរអង្គុយចុះ។ កាលបើព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ បោតលិយគហបតិ ក៏ខឹងអន់ចិត្តថា ព្រះសមណគោតម ហ៊ានហៅអញ ដោយពាក្យថា គហបតី ហើយក៏ពោលពាក្យដូច្នេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ព្រះអង្គហៅខ្ញុំដោយពាក្យថា គហបតីណា ពាក្យនុ៎ះមិនសមគួរឡើយ ពាក្យនុ៎ះមិនសុភាពឡើយ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលគហបតី អាការ ភេទ និងនិមិត្ត របស់អ្នក នៅប្រាកដជារបស់គហបតីនៅឡើយទេតើ។ បោតលិយគហបតីតបថា បពិត្រព្រះគោតមដ៏ចំរើន ដូច្នោះមែនហើយ តែថា ការងារគ្រប់ចំពូក ខ្ញុំព្រះអង្គឈប់ លែងធ្វើហើយ ជំនួញទាំងអស់ ខ្ញុំព្រះអង្គកាត់ចោលហើយ។ ព្រះមានព្រះភាគ ទ្រង់សួរថា ម្នាលគហបតី ការងារគ្រប់ចំពូក ដែលអ្នកឈប់ លែងធ្វើហើយ ជំនួញទាំងអស់ ដែលអ្នកកាត់ចោលហើយ តើដូចម្តេច។ បពិត្រព្រះគោតមដ៏ចំរើន មត៌កណា គឺទ្រព្យសម្បត្តិ ស្រូវ អង្ករ ឬប្រាក់មាស ដែលមានក្នុងលោកនេះ មត៌កតាំងអស់នោះ ខ្ញុំព្រះអង្គប្រគល់ឲ្យកូនអស់ហើយ ខ្ញុំព្រះអង្គ លែងទូន្មានដាស់តឿន លែងឃាត់ខាំង ក្នុងការងារទាំងនោះហើយ នៅមានតែគ្រឿងស៊ី និងគ្រឿងស្លៀកដណ្តប់ប៉ុណ្ណោះ បពិត្រព្រះគោតមដ៏ចំរើន ការងារគ្រប់ចំពូក ខ្ញុំព្រះអង្គឈប់ លែងធ្វើហើយ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គកាត់ចោលហើយ យ៉ាងនេះឯង។ ម្នាលគហបតី អ្នលពោលផ្តាច់បង់ជំនួញ ដោយចំណែកផ្សេង ការផ្តាច់បង់ជំនួញក្នុងវិន័យ របស់ព្រះអរិយៈ ដោយចំណែកផ្សេង។ បពិត្រព្រះអង្គដ៏ចំរើន ចុះការផ្តាច់បង់ជំនួញ ក្នុងវិន័យ របស់ព្រះអរិយៈ តើដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ការផ្តាច់បង់ជំនួញក្នុងវិន័យ របស់ព្រះអរិយៈ យ៉ាងណា សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដល់ខ្ញុំព្រះអង្គ យ៉ាងនោះឲ្យទាន។ ម្នាលគហបតី បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគត នឹងសំដែង។ បោតលិយគហបតី ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[៣៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី ធម៌៨ប្រការនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីផ្តាច់បង់ជំនួញ ក្នុងវិន័យរបស់ព្រះអរិយៈ ធម៌៨ប្រការ តើដូចម្តេច បុគ្គល ព្រោះអាស្រ័យការមិនសម្លាប់សត្វ ទើបលះបង់ការសម្លាប់សត្វចេញបាន ព្រោះអាស្រ័យការកាន់យកតែទ្រព្យដែលគេឲ្យ ទើបលះបង់ការកាន់យកទ្រព្យដែលគេមិនឲ្យ ចេញបាន ព្រោះអាស្រ័យសច្ចវាចា ទើបលះបង់មុសាវាទចេញបាន ព្រោះអាស្រ័យពាក្យមិនញុះញង់ ទើបលះបង់ពាក្យញុះញង់ចេញបាន ព្រោះអាស្រ័យសេចក្តីមិនលោភលន់ ទើបលះបង់សេចក្តីលោភលន់ចេញបាន ព្រោះអាស្រ័យសេចក្តីមិនគ្នាន់ក្នាញ់ គឺមិននិន្ទា ទើបលះបង់សេចក្តីគ្នាន់ក្នាញ់ គឺនិន្ទាចេញបាន ព្រោះអាស្រ័យសេចក្តីមិនចង្អៀតចង្អល់ចិត្ត គឺមិនក្រោធ ទើបលះបង់សេចក្តីចង្អៀតចង្អល់ចិត្ត គឺសេចក្តីក្រោធចេញបាន ព្រោះអាស្រ័យសេចក្តីមិនមើលងាយគេ ទើបលះបង់សេចក្តីមើលងាយគេ ចេញបាន ម្នាលគហបតី ធម៌ទាំង៨ប្រការនេះឯង តថាគតពោលហើយដោយបំប្រួញ មិនទាន់ចែកដោយពិស្តារ រមែងប្រព្រឹត្តទៅ ដើម្បីផ្តាច់បង់ជំនួញក្នុងវិន័យ របស់ព្រះអរិយៈ។ បពិត្រព្រះអង្គដ៏ចំរើន ក៏ធម៌ទាំង៨ប្រការណា ដែលព្រះមានព្រះភាគសំដែងហើយ ដោយបំប្រួញ មិនទាន់ចែកដោយពិស្តារ រមែងប្រព្រឹត្តទៅដើម្បីផ្តាច់បង់ជំនួញ ក្នុងវិន័យរបស់ព្រះអរិយៈ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អាស្រ័យសេចក្តីអនុគ្រោះ ចែកនូវធម៌៨ប្រការនេះ ដោយពិស្តារ ដល់ខ្ញុំព្រះអង្គឲ្យទាន។ ម្នាលគហបតី បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែងឲ្យស្តាប់។ បោតលិយគហបតី ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[៣៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ត្រង់ពាក្យថា បុគ្គលព្រោះអាស្រ័យការមិនសម្លាប់សត្វ ទើបលះបង់ការសម្លាប់សត្វចេញបាន ដូច្នេះនេះ តថាគត បានពោលហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ម្នាលគហបតី ព្រះអរិយសាវ័ក ក្នុងសាសនានេះ តែងពិចារណា ដូច្នេះថា អាត្មាអញ ជាអ្នកសម្លាប់សត្វ ព្រោះហេតុសំយោជនៈទាំងឡាយណា អាត្មាអញ បានប្រតិបត្តិ ដើម្បីលះបង់ ដើម្បីផ្តាច់បង់សំយោជនៈទាំងនោះចេញហើយ មួយវិញទៀត បើអាត្មាអញ ជាអ្នកសម្លាប់សត្វហើយ សូម្បីខ្លួនឯង ក៏គប្បីតិះដៀលខ្លួនឯងបាន ព្រោះហេតុសម្លាប់សត្វ ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗ ក៏គប្បីតិះដៀលបាន ព្រោះហេតុតែសម្លាប់សត្វ លុះទម្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈទៅ ទុគ្គតិ នឹងមានប្រាកដ ព្រោះហេតុសម្លាប់សត្វ ធម្មជាតនេះឈ្មោះថា សំយោជនៈ ធម្មជាតនេះឈ្មោះថា នីវរណៈ គឺការសម្លាប់សត្វហ្នឹងឯង មួយយ៉ាងទៀត អាសវៈទាំងឡាយណា មានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុតែការសម្លាប់សត្វ អាសវៈដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយទាំងនោះ មិនមានដល់បុគ្គលនោះ ដែលវៀរចាកការសម្លាប់សត្វយ៉ាងនេះ ពាក្យណាដែលតថាគត ពោលហើយថា ព្រោះអាស្រ័យការមិនសម្លាប់សត្វ ទើបលះបង់ការសម្លាប់សត្វចេញ ដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យហេតុនុ៎ះឯង។
[៤០] ត្រង់ពាក្យថា បុគ្គលព្រោះអាស្រ័យការកាន់យកតែទ្រព្យដែលគេឲ្យ ទើបលះបង់ការកាន់យកទ្រព្យ ដែលគេមិនឲ្យ ដូច្នេះនេះ តថាគត បានពោលហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ តែងពិចារណាដូច្នេះថា អាត្មាអញ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ព្រោះហេតុសំយោជនៈណា អាត្មាអញ បានប្រតិបត្តិដើម្បីលះបង់ ដើម្បីផ្តាច់បង់សំយោជនៈចេញហើយ មួយវិញទៀត បើអាត្មាអញ ជាអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យហើយ សូម្បីខ្លួនឯង គប្បីតិះដៀលខ្លួនឯងបាន ព្រោះហេតុកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗហើយ ក៏គប្បីតិះដៀលបាន ព្រោះហេតុតែកាន់យកទ្រព្យ ដែលគេមិនបានឲ្យ លុះទម្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈទៅ ទុគ្គតិនឹងមានប្រាកដ ព្រោះហេតុតែកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ធម្មជាតនេះ ឈ្មោះថា សំយោជនៈ ធម្មជាតនេះឈ្មោះថា នីវរណៈ គឺការកាន់យកទ្រព្យ ដែលគេមិនបានឲ្យហ្នឹងឯង មួយយ៉ាងទៀត អាសវៈទាំងឡាយណា មានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុកាន់យកទ្រព្យ ដែលគេមិនបានឲ្យ អាសវៈដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយទាំងនោះ មិនមានដល់បុគ្គលនោះ ដែលវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យយ៉ាងនេះ ពាក្យណាដែលតថាគត ពោលហើយថា បុគ្គលគួរអាស្រ័យការកាន់យកតែទ្រព្យ ដែលគេឲ្យ ទើបលះបង់ការកាន់យកទ្រព្យ ដែលគេមិនបានឲ្យចេញដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យហេតុនុ៎ះឯង។
[៤១] ត្រង់ពាក្យថា បុគ្គលគួរអាស្រ័យពាក្យពិត ទើបលះបង់ការកុហកចេញ ដូច្នេះនេះ តថាគត បានពោលហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះឯង ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ តែងពិចារណាដូច្នេះថា អាត្មាអញ ពោលពាក្យកុហក ព្រោះហេតុសំយោជនៈទាំងឡាយណា អាត្មាអញ បានប្រតិបត្តិដើម្បីលះបង់ ដើម្បីផ្តាច់បង់សំយោជនៈទាំងនោះចេញហើយ មួយវិញទៀត បើអាត្មាអញ ជាអ្នកពោលពាក្យកុហកហើយ សូម្បីខ្លួនឯង ក៏គប្បីតិះដៀលខ្លួនឯងបាន ព្រោះហេតុពោលពាក្យកុហក ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗហើយ ក៏គប្បីតិះដៀលបាន ព្រោះហេតុពោលពាក្យកុហក លុះទម្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈទៅ ទុគ្គតិនឹងមានប្រាកដ ព្រោះហេតុពោលពាក្យកុហក ធម្មជាតនុ៎ះហៅថា សំយោជនៈ ធម្មជាតនុ៎ះ ហៅថា នីវរណៈ គឺពាក្យកុហកហ្នឹងឯង មួយយ៉ាងទៀត អាសវៈទាំងឡាយណា មានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុពោលពាក្យកុហក អាសវៈដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយទាំងនោះ មិនមានដល់បុគ្គលនោះ ដែលវៀរចាកពាក្យកុហកយ៉ាងនេះ ពាក្យណាដែលតថាគត ពោលហើយថា បុគ្គលព្រោះអាស្រ័យពាក្យពិត ទើបលះបង់ការពោលពាក្យកុហកចេញដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យហេតុនុ៎ះឯង។
[៤២] ត្រង់ពាក្យថា ព្រោះអាស្រ័យពាក្យមិនញុះញង់ ទើបលះបង់ពាក្យញុះញង់ចេញដូច្នេះនេះ តថាគត បានពោលហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ តែងពិចារណាដូច្នេះថា អាត្មាអញ ជាអ្នកមានពាក្យញុះញង់ ព្រោះហេតុសំយោជនៈទាំងឡាយណា អាត្មាអញ បានប្រតិបត្តិ ដើម្បីលះបង់ ដើម្បីផ្តាច់បង់សំយោជនៈទាំងនោះចេញហើយ មួយយ៉ាងទៀត បើអាត្មាអញ និយាយពាក្យញុះញង់ហើយ សូម្បីខ្លួនឯង ក៏គប្បីតិះដៀលខ្លួនឯងបាន ព្រោះហេតុពាក្យញុះញង់ ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗហើយ ក៏គប្បីតិះដៀលបាន ព្រោះហេតុពាក្យញុះញង់ លុះទម្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈទៅ ទុគ្គតិនឹងមានប្រាកដ ព្រោះហេតុពាក្យញុះញង់ ធម្មជាតនុ៎ះ ហៅថា សំយោជនៈ ធម្មជាតនុ៎ះ ហៅថា នីវរណៈ គឺពាក្យញុះញង់ហ្នឹងឯង មួយយ៉ាងទៀត អាសវៈទាំងឡាយណា មានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុពាក្យញុះញង់ អាសវៈដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយទាំងនោះ មិនមានដល់បុគ្គលនោះ ដែលវៀរចាកពាក្យញុះញង់យ៉ាងនេះ ពាក្យណាដែលតថាគត ពោលហើយថា ព្រោះអាស្រ័យពាក្យមិនញុះញង់ ទើបលះបង់ពាក្យញុះញង់ ចេញដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យហេតុនោះឯង។
[៤៣] ត្រង់ពាក្យថា ព្រោះអាស្រ័យសេចក្តីមិនលោភលន់ ទើបលះបង់សេចក្តីលោភលន់ចេញដូច្នេះនេះ តថាគត បានពោលហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ រមែងពិចារណាដូច្នេះថា អាត្មាអញ ជាអ្នកមានសេចក្តីលោភលន់ ព្រោះសំយោជនៈទាំងឡាយណា អាត្មាអញ បានប្រតិបត្តិ ដើម្បីលះបង់ ដើម្បីផ្តាច់បង់សំយោជនៈទាំងនោះចេញហើយ មួយយ៉ាងទៀត បើអាត្មាអញ ជាអ្នកមានសេចក្តីលោភលន់ហើយ សូម្បីខ្លួនឯង ក៏គប្បីតិះដៀលខ្លួនឯងបាន ព្រោះហេតុសេចក្តីលោភលន់ ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗហើយ ក៏គប្បីតិះដៀលបាន ព្រោះហេតុសេចក្តីលោភលន់ លុះទម្លាយរាងកាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅ ទុគ្គតិនឹងមានប្រាកដ ព្រោះហេតុសេចក្តីលោភលន់ ធម្មជាតនុ៎ះ ហៅថា សំយោជនៈ ធម្មជាតនុ៎ះ ហៅថា នីវរណៈ គឺសេចក្តីលោភលន់ហ្នឹងឯង មួយយ៉ាងទៀត អាសវៈទាំងឡាយណា ដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុសេចក្តីលោភលន់ អាសវៈដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយទាំងនោះ មិនមានដល់បុគ្គលនោះ ដែលមិនមានសេចក្តីលោភលន់បានយ៉ាងនេះ ពាក្យណា ដែលតថាគត ពោលហើយថា ព្រោះអាស្រ័យសេចក្តីមិនលោភលន់ ទើបលះសេចក្តីលោភលន់ ចេញដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យហេតុនុ៎ះឯង។
[៤៤] ត្រង់ពាក្យថា ព្រោះអាស្រ័យសេចក្តីមិនគ្នាន់ក្នាញ់ គឺមិននិន្ទា ទើបលះបង់សេចក្តីគ្នាន់ក្នាញ់ គឺនិន្ទាចេញដូច្នេះនេះ តថាគត បានពោលហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ រមែងពិចារណាដូច្នេះថា អាត្មាអញ ជាអ្នកមានសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទា ព្រោះហេតុសំយោជនៈទាំងឡាយណា អាត្មាអញ បានប្រតិបត្តិ ដើម្បីលះបង់ ដើម្បីផ្តាច់បង់សំយោជនៈទាំងនោះចេញហើយ មួយយ៉ាងទៀត បើអាត្មាអញ ជាអ្នកមានសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទាហើយ សូម្បីខ្លួនឯង ក៏គប្បីតិះដៀលខ្លួនឯងបាន ព្រោះហេតុសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទា ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗហើយ ក៏គប្បីតិះដៀលបាន ព្រោះហេតុសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទា លុះទម្លាយរាងកាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅ ទុគ្គតិនឹងមានប្រាកដ ព្រោះហេតុសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទា ធម្មជាតនុ៎ះ ហៅថា សំយោជនៈ ធម្មជាតនុ៎ះ ហៅថា នីវរណៈ គឺសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទាហ្នឹងឯង មួយយ៉ាងទៀត អាសវៈទាំងឡាយណា ដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទា អាសវៈដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយទាំងនោះ មិនមានដល់បុគ្គលនោះ ដែលជាអ្នកមិនមានសេចក្តីគ្នាន់ក្នាញ់ គឺមិននិន្ទាយ៉ាងនេះ ពាក្យណា ដែលតថាគត ពោលហើយថា ព្រោះអាស្រ័យមិនសេចក្តីគ្នាន់ក្នាញ់ គឺមិននិន្ទា ទើបលះបង់សេចក្តីគ្នាន់ក្នាញ់ គឺនិន្ទាចេញដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យហេតុនុ៎ះឯង។
[៤៥] ត្រង់ពាក្យថា ព្រោះអាស្រ័យសេចក្តីមិនចង្អៀតចង្អល់ គឺមិនក្រោធ ទើបលះបង់សេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធចេញដូច្នេះនេះ តថាគត ពោលហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ រមែងពិចារណាដូច្នេះថា អាត្មាអញ ជាអ្នកមានសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធ ព្រោះហេតុសំយោជនៈទាំងឡាយណា អាត្មាអញ បានប្រតិបត្តិ ដើម្បីលះបង់ ដើម្បីផ្តាច់បង់សំយោជនៈទាំងនោះចេញហើយ មួយយ៉ាងទៀត បើអាត្មាអញ ជាអ្នកមានសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធហើយ សូម្បីខ្លួនឯង ក៏គប្បីតិះដៀលខ្លួនឯងបាន ព្រោះសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធ ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗហើយ ក៏គប្បីតិះដៀលបាន ព្រោះសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធ លុះទម្លាយរាងកាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅ ទុគ្គតិនឹងមានប្រាកដ ព្រោះហេតុសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធ ធម្មជាតនុ៎ះ ហៅថា សំយោជនៈ ធម្មជាតនុ៎ះ ហៅថា នីវរណៈ គឺសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធហ្នឹងឯង មួយយ៉ាងទៀត អាសវៈទាំងឡាយណា ដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធ អាសវៈដែលមានភាពចង្អៀតចង្អល់ ក្រហល់ក្រហាយទាំងនោះ មិនមានដល់បុគ្គលនោះ ដែលជាអ្នកមិនមានសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធយ៉ាងនេះ ពាក្យណា ដែលតថាគត ពោលហើយថា ព្រោះអាស្រ័យសេចក្តីមិនចង្អៀតចង្អល់ គឺសេចក្តីមិនក្រោធ ហើយលះបង់សេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធចេញដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យហេតុនុ៎ះឯង។
[៤៦] ត្រង់ពាក្យថា ព្រោះអាស្រ័យសេចក្តីមិនមើលងាយគេ ទើបលះបង់សេចក្តីមើលងាយដូច្នេះនេះ តថាគត បានពោលហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ រមែងពិចារណាដូច្នេះថា អាត្មាអញ ជាអ្នកមានសេចក្តីមើលងាយគេ ព្រោះហេតុសំយោជនៈទាំងឡាយណា អាត្មាអញ បានប្រតិបត្តិ ដើម្បីលះបង់ ដើម្បីផ្តាច់បង់សំយោជនៈទាំងនោះចេញហើយ មួយយ៉ាងទៀត បើអាត្មាអញ ជាអ្នកមានសេចក្តីមើលងាយគេហើយ សូម្បីខ្លួនឯង ក៏គប្បីតិះដៀលខ្លួនឯងបាន ព្រោះហេតុសេចក្តីមើលងាយ ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗហើយ គប្បីតិះដៀលបាន ព្រោះហេតុសេចក្តីមើលងាយគេ លុះទម្លាយរាងកាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅ ទុគ្គតិនឹងមានប្រាកដ ព្រោះហេតុសេចក្តីមើលងាយ ធម្មជាតនុ៎ះ ហៅថា សំយោជនៈ ធម្មជាតនុ៎ះ ហៅថា នីវរណៈ គឺសេចក្តីមើលងាយហ្នឹងឯង មួយយ៉ាងទៀត អាសវៈទាំងឡាយណា ដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុសេចក្តីមើលងាយគេ អាសវៈដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយទាំងនោះ មិនមានដល់បុគ្គលនោះ ដែលជាអ្នកមិនមានសេចក្តីមើលងាយ យ៉ាងនេះ ពាក្យណា ដែលតថាគត ពោលហើយថា ព្រោះអាស្រ័យសេចក្តីមិនមើលងាយគេ ទើបលះបង់សេចក្តីមើលងាយគេ ចេញដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យហេតុនុ៎ះឯង។ ម្នាលគហបតី ធម៌ទាំង៨ណា តែងប្រព្រឹត្តទៅ ដើម្បីលះបង់ ដើម្បីផ្តាច់បង់ជំនួញ ក្នុងអរិយវិន័យ ធម៌ទាំង៨នេះឯង តថាគតពោលហើយ ដោយបំប្រួញ មិនបានចែកដោយពិស្តារទេ ម្នាលគហបតី ការផ្តាច់បង់ជំនួញ សព្វគ្រប់ ដោយប្រការទាំងពួង ក្នុងអរិយវិន័យ មិនមានត្រឹមប៉ុណ្ណោះទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះការផ្តាច់បង់ជំនួញ សព្វគ្រប់ ដោយប្រការទាំងពួង ក្នុងអរិយវិន័យនោះ តើដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ការផ្តាច់បង់ជំនួញសព្វគ្រប់ ដោយប្រការទាំងពួង ក្នុងអរិយវិន័យ យ៉ាងណា សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌យ៉ាងនោះ ដល់ខ្ញុំព្រះអង្គឲ្យទាន។ ម្នាលគហបតី បើដូច្នោះ អ្នកចូរស្តាប់ ចូរយកចិត្តទុកដាក់ដោយប្រពៃចុះ តថាគត នឹងសំដែងឲ្យស្តាប់។ បោតលិយគហបតី ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[៤៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី ដូចសុនខ ដែលអស់កម្លាំង ព្រោះសេចក្តីឃ្លានគ្របសង្កត់ ក៏ដើរចូលទៅកាន់ទីសំរាប់អារសាច់លក់ របស់គោឃាតកៈ ឯគោឃាតកៈក្តី កូនឈ្នួលរបស់គោឃាតកៈក្តី ដែលឈ្លាស យករាងឆ្អឹង ដែលពន្លះសាច់ចេញស្អាត ឥតមានសាច់ គ្រាន់តែប្រឡាក់ដោយឈាម បោះទៅឲ្យឆ្កែនោះ ម្នាលគហបតី អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ឆ្កែនោះកាលអង្កៀមនូវរាងឆ្អឹងឯណោះ ដែលគេពន្លះសាច់ស្អាត ឥតមានសាច់ គ្រាន់តែប្រឡាក់ដោយឈាម នឹងបន្ទោបង់សេចក្តីអស់កម្លាំង ព្រោះការឃ្លានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ការបន្ទោបង់សេចក្តីអស់កម្លាំង ព្រោះការឃ្លាននុ៎ះ មិនបានទេ ដំណើរនោះ ព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះថារាងឆ្អឹងឯណោះ ដែលគេពន្លះសាច់ចេញស្អាត ឥតមានសាច់ គ្រាន់តែប្រឡាក់ដោយឈាម ឯសុនខនោះ ជាសត្វគ្រាន់តែមានចំណែក នៃសេចក្តីលំបាកកាយ លំបាកចិត្ត ប៉ុណ្ណោះឯង។ ម្នាលគហបតី អរិយសាវ័ក តែងពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដោយរាងឆ្អឹង មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសមានច្រើនប្រការ ក្នុងកាមទាំងនេះ យ៉ាងនោះឯង អរិយសាវ័ក ឃើញសេចក្តីនេះ តាមពិតដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះហើយ ក៏លះបង់ឧបេក្ខា (ក្នុងបញ្ចកាមគុណ) ដែលមានសភាពផ្សេងគ្នា អាស្រ័យអារម្មណ៍ មានសភាពផ្សេងគ្នា ហើយចំរើនឧបេក្ខា2) ដែលមានសភាពតែមួយ អាស្រ័យអារម្មណ៍ មានសភាពតែមួយ និងឧបេក្ខា3) ជាទីរលត់នៃឧបាទានជាលោកាមិសៈ មិនមានសេសសល់ ដោយប្រការទាំងពួង។
[៤៨] ម្នាលគហបតី ដូចជាសត្វត្មាត ខ្លែងក្រហម ឬខ្លែងខ្មៅ ពាំនាំដុំសាច់ហើរទៅ មានពួកត្មាតខ្លះ ពួកខ្លែងក្រហមខ្លះ ពួកខ្លែងខ្មៅខ្លះ នាំគ្នាហើរដេញតាមសត្វត្មាតជាដើមនោះ ចឹកជញ្ចែងដណ្តើមយក ម្នាលគហបតី អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច បើសត្វត្មាត ខ្លែងក្រហម ឬខ្លែងខ្មៅនោះ មិនលះចោលដុំសាច់នោះ ដោយឆាប់ទេ ក៏ត្មាតជាដើមនោះ នឹងដល់សេចក្តីស្លាប់ ឬសេចក្តីទុក្ខជិតនឹងស្លាប់ ព្រោះដុំសាច់នោះជាហេតុ មែនឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលគហបតី អរិយសាវ័ក តែងពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយមានឧបមាដោយដុំសាច់ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសមានច្រើនប្រការ ក្នុងកាមទាំងនេះ យ៉ាងនោះឯង អរិយសាវ័ក ឃើញសេចក្តីនេះ តាមពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះហើយ ក៏លះបង់នូវឧបេក្ខា ដែលមានសភាពផ្សេងគ្នា អាស្រ័យអារម្មណ៍មានសភាពផ្សេងគ្នា ចំរើនឧបេក្ខា ដែលមានសភាពតែមួយ អាស្រ័យអារម្មណ៍ មានសភាពតែមួយ និងឧបេក្ខាជាទីរលត់ នៃឧបាទានជាលោកាមិសៈ មិនមានសេសសល់ ដោយប្រការទាំងពួង។
[៤៩] ម្នាលគហបតី ដូចជាបុរសកាន់គប់ស្មៅ ដែលភ្លើងឆេះ ដើរច្រាសខ្យល់ ម្នាលគហបតី អ្នកសំគាល់សេចក្តីនោះថាដូចម្តេច បើបុរសនោះ មិនលះចោលគប់ស្មៅ ដែលភ្លើងឆេះនោះ ដោយឆាប់ទេ គប់ស្មៅដែលភ្លើងឆេះនោះ នឹងរោលរាលដៃ ឬកំភួនដៃ ឬរោលរាលអវយវៈតូចធំនីមួយ បុរសនោះ នឹងដល់សេចក្តីស្លាប់ ឬសេចក្តីទុក្ខជិតនឹងស្លាប់ ព្រោះគប់ស្មៅ ដែលភ្លើងឆេះនោះ ជាហេតុ មែនឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលគហបតី អរិយសាវ័ក តែងពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដោយគប់ស្មៅ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសមានច្រើនប្រការ ក្នុងកាមទាំងនេះ យ៉ាងនោះឯង អរិយសាវ័កឃើញសេចក្តីនេះ តាមពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះ។បេ។ ក៏ចំរើនឧបេក្ខានោះឯង។
[៥០] ម្នាលគហបតី ដូចជារណ្តៅរងើកភ្លើង មានជម្រៅមួយជំហរបុរស ដ៏ពេញដោយរងើកភ្លើង ឥតមានអណ្តាត ឥតមានផ្សែង កាលនោះ មានបុរសម្នាក់ មានប្រាថ្នាដើម្បីរស់នៅ មិនប្រាថ្នាដើម្បីស្លាប់ ប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ ដើរមក (កាន់រណ្តៅនោះ) មានបុរសខ្លាំងពូកែពីរនាក់ ចាប់បុរសនោះ ត្រង់កំភួនដៃម្ខាងម្នាក់ ទាញទំលាក់ទៅក្នុងរណ្តៅ ម្នាលគហបតី អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច តើបុរសនោះ គួរបង្អោនកាយ (ទៅកាន់រណ្តៅ) នោះដូច្នេះខ្លះ ដូច្នោះខ្លះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន បុរសនោះ មិនគួរបង្អោនកាយទៅឡើយ ដំណើរនោះ ព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះបុរសនោះ ដឹងច្បាស់ថា បើអាត្មាអញ នឹងធ្លាក់រណ្តៅរងើកភ្លើងនេះ អាត្មាអញ នឹងដល់នូវសេចក្តីស្លាប់ ឬសេចក្តីទុក្ខជិតនឹងស្លាប់ ព្រោះរណ្តៅរងើកភ្លើងនោះជាហេតុ។ ម្នាលគហបតី អរិយសាវ័ក តែងពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដោយរណ្តៅរងើកភ្លើង មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសមានច្រើនប្រការ ក្នុងកាមទាំងនេះ យ៉ាងនោះឯង អរិយសាវ័កឃើញសេចក្តីនេះ តាមពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះហើយ។បេ។ ក៏ចំរើនឧបេក្ខានោះឯង។
[៥១] ម្នាលគហបតី ដូចជាបុរស យល់សប្តិឃើញអារាម ជាទីសប្បាយ ព្រៃជាទីសប្បាយ ផែនដីជាទីសប្បាយ និងស្រះបោក្ខរណី ជាទីសប្បាយ លុះបុរសនោះភ្ញាក់ឡើង មិនឃើញអ្វីមួយឡើយ ម្នាលគហបតី អរិយសាវ័ក តែងពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដោយយល់សប្តិ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសមានច្រើនប្រការ ក្នុងកាមទាំងនេះ យ៉ាងនោះឯង។បេ។ ក៏ចំរើនឧបេក្ខានោះឯង។
[៥២] ម្នាលគហបតី ដូចជាបុរសខ្ចីទ្រព្យគេ ជារបស់បណ្តោះអាសន្ន គឺកែវមណី និងកុណ្ឌល (គ្រឿងប្រដាប់ត្រចៀក) ដ៏ប្រសើរ ហើយឡើងកាន់យាន បុរសនោះ បានប្រដាប់តាក់តែង ដោយទ្រព្យជារបស់ខ្ចីគេបណ្តោះអាសន្នទាំងនោះ ដើរទៅកាន់រានផ្សារ អ្នកផងបានឃើញបុរសនោះហើយ ក៏និយាយយ៉ាងនេះថា អើហ្ន៎ បុរសនេះ មានភោគសម្បត្តិច្រើនណាស់ បានឮថា ពួកជនអ្នកមានភោគសម្បត្តិ រមែងបរិភោគសម្បត្តិយ៉ាងហ្នឹងតើ បើពួកជនជាម្ចាស់គប្បីឃើញបុរសនោះក្នុងទីណាៗ ក៏គប្បីយកទ្រព្យ ដែលជារបស់ខ្លួនក្នុងទីនោះទៅ ម្នាលគហបតី អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះ គួរអាក់អន់ចិត្តឬទេ។ បពិត្រព្រះអង្គដ៏ចំរើន បុរសនោះ មិនគួរនឹងអាក់អន់ចិត្តទេ ដំណើរនោះ ព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះពួកជនជាម្ចាស់ទ្រព្យ នាំយកទ្រព្យ ដែលជារបស់ខ្លួនទៅ។ ម្នាលគហបតី អរិយសាវ័ក តែងពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដោយរបស់ខ្ចីគេ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសមានច្រើនប្រការ ក្នុងកាមទាំងនេះ យ៉ាងនោះឯង។បេ។ ក៏ចំរើនឧបេក្ខានោះឯង។
[៥៣] ម្នាលគហបតី ដូចជាដងព្រៃស្តុក នៅជិតស្រុក ឬនិគម មានដើមឈើក្នុងព្រៃនោះ ជាឈើមានផ្លែផ្អែមផង មានផ្លែដ៏ច្រើនផង សូម្បីផ្លែណាមួយ ក៏មិនជ្រុះចុះលើផែនដីឡើយ ទើបមានបុរសម្នាក់ ជាអ្នកត្រូវការដោយផ្លែ ស្វែងរកផ្លែ ត្រាច់ទៅស្វែងរកផ្លែ ក៏ដើរមកដល់ បុរសនោះ ដើរចូលទៅកាន់ដងព្រៃនោះ ឃើញដើមឈើនោះ មានផ្លែផ្អែមផង មានផ្លែច្រើនផង ទើបបុរសនោះ គិតយ៉ាងនេះថា ឈើនេះឯងមានផ្លែផ្អែមផង មានផ្លែច្រើនផង សូម្បីផ្លែណាមួយ ក៏មិនជ្រុះចុះលើផែនដីឡើយ ឯអាត្មាអញ ក៏ចេះឡើងឈើដែរ បើដូច្នោះ មានតែអាត្មាអញឡើងកាន់ដើមឈើនេះ ហើយទំពាស៊ីត្រាតែឆ្អែតផង ដក់ថ្នក់ផង លុះបុរសនោះគិតហើយ ក៏ឡើងកាន់ដើមឈើនោះ ទំពាស៊ីត្រាតែឆ្អែតផង ដក់ថ្នក់ផង កាលនោះ មានបុរសជាគំរប់ពីរ ជាអ្នកត្រូវការដោយផ្លែ ស្វែងរកផ្លែ ត្រាច់ទៅស្វែងរកផ្លែ ក៏កាន់យកដឹងដ៏មុត ដើរមកដល់ បុរសនោះ ចូលទៅកាន់ដងព្រៃនោះ ហើយឃើញដើមឈើនោះ មានផ្លែផ្អែមផង មានផ្លែច្រើនផង ទើបបុរសនោះ គិតយ៉ាងនេះថា ឈើនេះឯង មានផ្លែផ្អែម មានផ្លែច្រើនផង សូម្បីផ្លែណាមួយ មិនជ្រុះចុះលើផែនដីឡើយ ឯអាត្មាអញ ក៏មិនចេះឡើងដើមឈើឡើយ បើដូច្នោះ មានតែអាត្មាអញ កាប់ដើមឈើនេះត្រង់គល់ ហើយទំពាស៊ីត្រាតែឆ្អែតផង ដក់ថ្នក់ផង លុះបុរសនោះគិតហើយ ក៏កាប់ដើមឈើនោះត្រង់គល់ ម្នាលគហបតី អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច បុរសដែលឡើងដើមឈើមុនគេនោះ បើមិនចុះមកដោយរហ័សទេ កាលដែលដើមឈើនោះរលំចុះ គប្បីបាក់ដៃ បាក់ជើង បំបាក់អវយវៈតូចធំណានីមួយ របស់បុរសនោះ បុរសនោះ គប្បីដល់សេចក្តីស្លាប់ ឬសេចក្តីទុក្ខជិតនឹងស្លាប់ ព្រោះផ្លែឈើនោះ ជាហេតុ មែនឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលគហបតី អរិយសាវ័ក តែងពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដោយផ្លែឈើ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសមានច្រើនប្រការ ក្នុងកាមទាំងនេះ យ៉ាងនោះឯង អរិយសាវ័កឃើញសេចក្តីនេះ តាមពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះហើយ ក៏លះបង់ឧបេក្ខា ដែលមានសភាពផ្សេងគ្នា អាស្រ័យអារម្មណ៍មានសភាពផ្សេងគ្នា ហើយចំរើនឧបេក្ខា ដែលមានសភាពតែមួយ អាស្រ័យអារម្មណ៍មានសភាពតែមួយ និងឧបេក្ខាជាទីរលត់ទៅនៃឧបាទាន ជាលោកាមិសៈ មិនមានសេសសល់ ដោយប្រការទាំងពួង។
[៥៤] ម្នាលគហបតី អរិយសាវ័កនោះឯង អាស្រ័យសេចក្តីបរិសុទ្ធនៃសតិ ដែលកើតអំពីឧបេក្ខា ដ៏ប្រសើរនេះឯង ហើយរលឹកនូវបុព្វេនិវាសច្រើនប្រការ គឺ រលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹកនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ។ ម្នាលគហបតី អរិយសាវ័កនោះឯង អាស្រ័យសេចក្តីបរិសុទ្ធនៃសតិ ដែលកើតអំពីឧបេក្ខាដ៏ប្រសើរនេះឯង ហើយឃើញពួកសត្វដែលច្យុត កើតឡើង ជាសត្វថោកទាប ឧត្តម មានវណ្ណៈល្អ មានវណ្ណៈអាក្រក់ មានគតិល្អ មានគតិអាក្រក់។បេ។ ក៏ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សសាម័ញ្ញ។ ម្នាលគហបតី អរិយសាវ័កនោះឯង អាស្រ័យនូវសេចក្តីបរិសុទ្ធនៃសតិ ដែលកើតអំពីឧបេក្ខាដ៏ប្រសើរនេះឯង ហើយធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន និងបានដល់ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។
[៥៥] ម្នាលគហបតី ការផ្តាច់បង់ជំនួញ ដោយសព្វគ្រប់ ដោយប្រការទាំងពួង ក្នុងអរិយវិន័យ តែងមានដោយហេតុមានប្រមាណប៉ុណ្ណេះ ម្នាលគហបតី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច ការផ្តាច់បង់ជំនួញ ដោយសព្វគ្រប់ ដោយប្រការទាំងពួង ក្នុងអរិយវិន័យ ដោយសភាពយ៉ាងណា អ្នកបានឃើញការផ្តាច់បង់ជំនួញ មានសភាពយ៉ាងនោះ ក្នុងខ្លួនដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គណាក្តី ការផ្តាច់បង់ជំនួញ ដោយសព្វគ្រប់ ដោយប្រការទាំងពួង ក្នុងអរិយវិន័យណាក្តី បពិត្រព្រះអង្គដ៏ចំរើន បណ្តាសភាវៈទាំងពីរនោះ ខ្ញុំព្រះអង្គឆ្ងាយចាកការផ្តាច់បង់ជំនួញ ដោយសព្វគ្រប់ ដោយប្រការទាំងពួង ក្នុងអរិយវិន័យនេះហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា កាលពីដើម ខ្ញុំព្រះអង្គ បានសំគាល់នូវពួកបរិព្វាជក មានលទ្ធិផ្សេង ដែលមិនមែនជាបុរសអាជានេយ្យពិត ថាជាបុរសអាជានេយ្យ ញុំាងបុគ្គលដែលមិនមែនជាបុរសអាជានេយ្យពិត ឲ្យបរិភោគភោជន សំរាប់បុរសអាជានេយ្យ តាំងបុគ្គលដែលមិនមែនជាបុរសអាជានេយ្យពិត ឲ្យតាំងនៅក្នុងទីជាបុរសអាជានេយ្យ បពិត្រព្រះអង្គដ៏ចំរើន មួយយ៉ាងទៀត ខ្ញុំព្រះអង្គ បានសំគាល់ភិក្ខុទាំងឡាយ ដែលជាបុរសអាជានេយ្យពិត ថាមិនមែនជាបុរសអាជានេយ្យវិញ ញុំាងភិក្ខុដែលជាបុរសអាជានេយ្យពិត ឲ្យបរិភោគភោជន សំរាប់បុរសមិនមែនជាអាជានេយ្យវិញ តាំងភិក្ខុដែលជាបុរសអាជានេយ្យពិត ក្នុងទីនៃបុរសមិនមែនជាអាជានេយ្យ បពិត្រព្រះអង្គដ៏ចំរើន ក៏ឥឡូវនេះ ខ្ញុំព្រះអង្គ ស្គាល់ពួកបរិព្វាជក មានលទ្ធិផ្សេង ដែលមិនមែនជាបុរសអាជានេយ្យពិត ថាមិនមែនជាបុរសអាជានេយ្យ និងញុំាងបុគ្គលដែលមិនមែនជាបុរសអាជានេយ្យពិត ឲ្យបរិភោគភោជន សំរាប់បុរសមិនមែនជាអាជានេយ្យ និងតាំងបុគ្គលដែលមិនមែនជាបុរសអាជានេយ្យពិត ក្នុងទីនៃបុគ្គលមិនមែនជាបុរសអាជានេយ្យ បពិត្រព្រះអង្គដ៏ចំរើន មួយយ៉ាងទៀត ខ្ញុំព្រះអង្គស្គាល់ភិក្ខុទាំងឡាយ ដែលជាបុរសអាជានេយ្យពិត ថាជាបុរសអាជានេយ្យ និងញុំាងភិក្ខុដែលជាបុរសអាជានេយ្យពិត ឲ្យបរិភោគភោជន សំរាប់បុរសអាជានេយ្យ និងតាំងភិក្ខុដែលជាបុរសអាជានេយ្យ ក្នុងទីនៃបុរសអាជានេយ្យ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់បានធ្វើសេចក្តីស្រឡាញ់ ចំពោះពួកសមណៈ សេចក្តីជ្រះថ្លា ចំពោះពួកសមណៈ សេចក្តីគោរព ចំពោះពួកសមណៈ ឲ្យកើតដល់ខ្ញុំព្រះអង្គហើយហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាបុរស ចាប់បើករបស់ដែលគេផ្កាប់ចុះ ឲ្យផ្ងារឡើង ឬដូចជាបុរសបើកបង្ហាញរបស់ដែលគេលាក់បិទបាំង ឬក៏ដូចជាបុរស ប្រាប់ផ្លូវដល់អ្នកវង្វេងទិស ពុំនោះ ដូចជាគេកាន់ប្រទីប ទ្រោលបំភ្លឺ ក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានចក្ខុ មើលឃើញរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះមានព្រះភាគ ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់សរណៈ ស្មើដោយជីវិត ក្នុងថ្ងៃនេះជាដើម។
ចប់ បោតលិយសូត្រ ទី៤។