User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.055



ជីវកសូត្រ ទី៥

សង្ខេប

គ្រូ​ពេទ្យ​ជីវកៈ​​ចូល​ទៅ​សួរ​ព្រះពុទ្ធ​អំពី​សាច់​ដែល​គួរ​បរិភោគ(ឆាន់)​​ និង​សាច់​ដែល​មិន​គួរ​បរិភោគ(ឆាន់)។ អំពី​​អំពើ​​អាក្រក់​​សម្លាប់​​សត្វ​សម្រាប់​​ព្រះសង្ឃ និងអំពី​​ទទួល​ទាន​​អាក្រក់។

mn 055 បាលី cs-km: sut.mn.055 អដ្ឋកថា: sut.mn.055_att PTS: ?

(ទី៥) ជីវកសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៥. ជីវកសុត្តំ)

[៥៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​អម្ពវ័ន របស់ជីវកកោមារភត្យ ជិតក្រុងរាជគ្រឹះ។ គ្រានោះ ជីវកកោមារភត្យ ចូល​ទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះជីវកកោមារភត្យ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឮមកដូច្នេះថា ពួកជនតែងសម្លាប់សត្វ ចំពោះ​ព្រះសមណគោតម ព្រះសមណគោតម បើទុកជាជ្រាបហេតុនោះហើយ ក៏រមែង​សោយសាច់ ដែលគេធ្វើចំពោះ គឺសាច់ដែល​គេធ្វើ​អាស្រ័យ​នូវខ្លួន បពិត្រព្រះអង្គដ៏ចំរើន ពួកជនណា ពោលយ៉ាងនេះថា ពួកជន​​តែងសម្លាប់សត្វ ចំពោះ​ព្រះសមណគោតម ព្រះសមណគោតម បើទុកជាជ្រាបហេតុ​នោះ​ហើយ ក៏រមែង​សោយសាច់ ដែលគេធ្វើចំពោះ គឺសាច់ដែល​គេធ្វើ​អាស្រ័យ​នូវខ្លួន បពិត្រ​ព្រះអង្គដ៏ចំរើន ជនទាំងនោះ និយាយត្រូវតាមពាក្យ ដែលគេ​ពោលចំពោះ​ព្រះមានព្រះភាគ មិនមែន​និយាយបង្កាច់​ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង និយាយនូវហេតុសមគួរ ដល់ហេតុផងឬទេ មួយយ៉ាងទៀត វាទៈ និងអនុបវាទៈបន្តិច​បន្តួច របស់ព្រះអង្គ ដែលប្រកបដោយ​ហេតុ មិនបានដល់នូវហេតុ ដែលគួរតិះដៀលឬទេ។

[៥៧] ព្រះអង្គទ្រង់ត្រាស់ថា ម្នាលជីវកៈ ពួកជនណានិយាយ​យ៉ាងនេះថា ពួកជន​សម្លាប់សត្វ ចំពោះ​ព្រះសមណគោតម ព្រះសមណគោតម បើទុកជាជ្រាប​ហេតុ​នោះ​ហើយ ក៏រមែង​សោយសាច់ ដែលគេធ្វើចំពោះ គឺសាច់ដែល​គេធ្វើ​អាស្រ័យ​នូវខ្លួន ពួកជននោះ មិនមែននិយាយ​ត្រូវតាមពាក្យ ដែលគេ​ពោលចំពោះ​តថាគតឡើយ ពួកជននោះ និយាយបង្កាច់តថាគត ដោយពាក្យមិនមែន​ មិនពិត ម្នាលជីវកៈ តថាគត ពោលនូវសាច់ ដែល​មិនគួរបរិភោគ ដោយហេតុទាំង៣ គឺឃើញ ឮ រង្កៀស ម្នាលជីវកៈ តថាគត ពោលនូវសាច់ដែល​មិនគួរបរិភោគ ដោយហេតុទាំង៣នេះឯង ម្នាលជីវកៈ តថាគត ពោល​នូវសាច់ ដែលគួរបរិភោគ ដោយហេតុទាំង៣ គឺ មិនឃើញ មិនឮ មិនរង្កៀស ម្នាលជីវកៈ តថាគត ពោលនូវសាច់ដែល​គួរបរិភោគ ដោយហេតុទាំង៣​នេះឯង។

[៥៨] ម្នាលជីវកៈ ភិក្ខុក្នុងសាសនានេះ ចូលទៅ​នៅអាស្រ័យនឹងស្រុក ឬនិគម​ណាមួយ។ ភិក្ខុនោះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម និងទិសទទឹង មានចិត្ត​ប្រកប​ដោយមេត្តា ជាចិត្តទូលាយ ដល់នូវសភាពធំ ប្រមាណមិនបាន មិនមានវេរា មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយអាការ1) ទាំងពួង។ គហបតី ឬគហបតីបុត្ត ចូលទៅរកភិក្ខុនោះ ហើយនិមន្តដោយភត្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក ម្នាលជីវកៈ កាលបើភិក្ខុមានប្រាថ្នា ក៏ទទួល​និមន្ត។ លុះកន្លងរាត្រីនោះទៅ ភិក្ខុនោះ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាព្រឹក ក៏ចូលទៅកាន់ផ្ទះ នៃ​គហបតី ឬគហបតីបុត្តនោះ លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាល​ហើយ។ ឯគហបតី ឬគហបតីបុត្តនោះ ក៏អង្គាស​ភិក្ខុនោះ ដោយបិណ្ឌបាត ដ៏ផ្ចិតផ្ចង់។ ភិក្ខុនោះ​មិនមានសេចក្តីត្រិះរិះយ៉ាងនេះថា គហបតី ឬគហបតីបុត្តនេះ អង្គាសអាត្មាអញ ដោយ​បិណ្ឌបាតដ៏ផ្ចិតផ្ចង់ ដោយប្រពៃ​ណាស់ហ្ន៎ ធ្វើម្តេចហ្ន៎ គហបតី ឬគហបតីបុត្តនេះ គប្បី​អង្គាសអាត្មាអញ ដោយបិណ្ឌបាតដ៏ផ្ចិតផ្ចង់ មានសភាព​យ៉ាងនេះតទៅទៀត ភិក្ខុនោះ មិនមានសេចក្តីត្រិះរិះយ៉ាងនេះសោះ។ ភិក្ខុនោះ មិនផ្តេកផ្តួល មិនជ្រុលជ្រប់ មិនល្មោភ តែងឃើញទោស មានបញ្ញាជាគ្រឿង​រលាស់ចេញ ចាកទុក្ខ បរិភោគបិណ្ឌបាតនោះ។ ម្នាលជីវកៈ អ្នកសំគាល់ហេតុនោះ ថាដូចម្តេច តើភិក្ខុនោះ គិតដើម្បីបៀតបៀនខ្លួន ឬគិត​ដើម្បី​បៀតបៀន​អ្នកដទៃ ឬគិតដើម្បីបៀតបៀនអ្នកទាំងពីរ ក្នុងសម័យនោះឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនមែនដូច្នោះទេ។ ម្នាលជីវកៈ ភិក្ខុនោះ ឈ្មោះថា ឆាន់អាហារ ដែល​មិនមានទោស ក្នុងសម័យនោះមែនឬទេ។ ព្រះករុណាព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គ្រាន់តែឮមកយ៉ាងនេះថា ព្រហ្ម មានកិរិយានៅដោយ​មេត្តា បពិត្រព្រះអង្គដ៏ចំរើន ពាក្យនោះ ជាពាក្យរបស់ខ្ញុំព្រះអង្គ ឥឡូវនេះ ខ្ញុំព្រះអង្គ បានឃើញព្រះមានព្រះភាគ ច្បាស់នឹងភ្នែករបស់ខ្លួនហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ មានកិរិយានៅដោយមេត្តាពិត។ ម្នាលជីវកៈ បុគ្គល​មានព្យាបាទ ដោយរាគៈ ទោសៈ មោហៈណា រាគៈ ទោសៈ មោហៈនោះ តថាគត បានលះបង់ហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជា​ទីនៅនៃដើមត្នោត ជាសភាវៈដល់នូវការសាបសូន្យ មានសភាវៈមិនកើតឡើងតទៅ ម្នាលជីវកៈ បើអ្នកនិយាយអាស្រ័យហេតុនេះ តថាគត ក៏យល់ព្រមនូវពាក្យនេះ របស់អ្នកដែរ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ និយាយអាស្រ័យ​ហេតុហ្នឹងឯង។

[៥៩] ម្នាលជីវកៈ ភិក្ខុក្នុងសាសនានេះ ចូលទៅ​នៅអាស្រ័យនឹងស្រុក ឬនិគម​ណាមួយ។ ភិក្ខុនោះ មានចិត្តប្រកបដោយករុណា។បេ។ មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ផ្សាយ​ទៅ​កាន់ទិសខាងលើ ទិសខាងក្រោម និងទិសទទឹង មានចិត្ត​ប្រកប​ដោយឧបេក្ខា ជាចិត្តទូលាយ ដល់នូវសភាពធំ ប្រមាណមិនបាន មិនមានវេរា មិនមានព្យាបាទ ផ្សាយ​ទៅ​កាន់សត្វលោកទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង។ គហបតី ឬគហបតិបុត្ត ក៏ចូលទៅរកភិក្ខុនោះ ហើយនិមន្តដោយភត្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក ម្នាលជីវកៈ កាលបើ​ភិក្ខុ​មានប្រាថ្នា ក៏ទទួល​និមន្ត។ លុះកន្លងរាត្រីនោះទៅ ភិក្ខុនោះ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាព្រឹក ក៏ចូលទៅកាន់ផ្ទះ នៃ​គហបតី ឬគហបតិបុត្តនោះ លុះ​ចូល​ទៅ​ដល់​ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាល​ហើយ។ ឯគហបតី ឬគហបតិបុត្តនោះ ក៏អង្គាស​​ភិក្ខុនោះ ដោយបិណ្ឌបាត ដ៏ផ្ចិតផ្ចង់។ ភិក្ខុនោះ​មិនមានសេចក្តី​ត្រិះរិះ​យ៉ាង​នេះ​ថា គហបតី ឬគហបតិបុត្តនេះ អង្គាសអាត្មាអញ ដោយ​បិណ្ឌបាតដ៏ផ្ចិតផ្ចង់ ដោយប្រពៃ​ណាស់ហ្ន៎ ធ្វើម្តេចហ្ន៎ គហបតី ឬគហបតិបុត្តនេះ គប្បី​អង្គាសអាត្មាអញ ដោយ​បិណ្ឌ​បាត​ដ៏​ផ្ចិតផ្ចង់ មានសភាព​យ៉ាងនេះ តទៅទៀត ភិក្ខុនោះ មិនមានសេចក្តី​ត្រិះរិះ​យ៉ាង​នេះ​សោះ។ ភិក្ខុនោះ មិនផ្តេកផ្តួល មិនជ្រុលជ្រប់ មិនល្មោភ តែងឃើញទោស មានបញ្ញា ជា​គ្រឿង​​រលាស់ចេញ ចាកទុក្ខ បរិភោគបិណ្ឌបាតនោះ។ ម្នាលជីវកៈ អ្នកសំគាល់ហេតុនោះ ថាដូចម្តេច តើភិក្ខុនោះ គិតដើម្បីបៀតបៀនខ្លួនឯង ឬគិត​ដើម្បី​បៀតបៀន​អ្នកដទៃ ឬក៏គិត​ដើម្បី​បៀតបៀនអ្នកទាំងពីរ ក្នុងសម័យនោះដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនមែនដូច្នោះទេ។ ម្នាលជីវកៈ ភិក្ខុនោះ ឈ្មោះថា ឆាន់អាហារ ដែល​មិនមានទោសនោះ ក្នុងសម័យនោះមែនឬទេ។ ព្រះករុណាព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គ្រាន់តែ​ឮ​មកយ៉ាងនេះថា ព្រហ្ម មានកិរិយានៅដោយ​ឧបេក្ខា បពិត្រព្រះអង្គដ៏ចំរើន ពាក្យនោះ ជាពាក្យរបស់ខ្ញុំព្រះអង្គ ឥឡូវនេះ ខ្ញុំព្រះអង្គ បានឃើញព្រះមានព្រះភាគ ច្បាស់នឹង​ភ្នែក​របស់​ខ្លួនហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ មានកិរិយា​នៅ​ដោយ​ឧបេក្ខាពិត។ ម្នាលជីវកៈ បុគ្គល​មានសេចក្តីបៀតបៀន សេចក្តីអផ្សុក និងសេចក្តី​ចង្អៀតចង្អល់ ដោយរាគៈ ទោសៈ មោហៈណា រាគៈ ទោសៈ និងមោហៈនោះ តថាគត បានលះបង់ហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជា​ទីនៅនៃដើមត្នោត ជាសភាវៈដល់នូវការសាបសូន្យ មានសភាវៈមិនកើតឡើងតទៅ ម្នាល​ជីវកៈ បើអ្នកនិយាយអាស្រ័យហេតុនេះ តថាគត ក៏យល់ព្រមនូវពាក្យនេះ របស់អ្នកដែរ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ និយាយអាស្រ័យ​ហេតុហ្នឹងឯង។

[៦០] ម្នាលជីវកៈ បុគ្គលណាសម្លាប់សត្វ ចំពោះតថាគត ឬសាវ័ករបស់តថាគត បុគ្គលនោះ តែងទទួលបាបច្រើន ដោយឋានៈ៥យ៉ាង បុគ្គលនោះ និយាយយ៉ាងនេះថា អ្នកទាំងឡាយ ចូរទៅនាំយកសត្វឯណោះ មកដោយឋានៈណា តែងទទួលនូវបាបច្រើន ដោយឋានៈនេះជាបឋម សត្វនោះ កាលដែលគេយកខ្សែទាក់កដឹកយកមក ក៏ទទួល​ទុក្ខ​ទោមនស្ស ដោយឋានៈណា បុគ្គលនោះ តែងទទួលបាបច្រើន ដោយឋានៈនេះជាគំរប់ពីរ បុគ្គលនោះ និយាយយ៉ាងនេះថា អ្នកទាំងឡាយ ចូរទៅសម្លាប់សត្វនេះដោយឋានៈណា បុគ្គលនោះ តែងសោយនូវបាបច្រើន ដោយឋានៈនេះជាគំរប់៣ សត្វនោះ កាលដែល​គេកំពុង​សម្លាប់ ក៏ទទួលនូវទុក្ខ ទោមនស្ស ដោយឋានៈណា បុគ្គលតែងទទួលបាបច្រើន ដោយឋានៈនេះជាគំរប់៤ បុគ្គលនោះ ធ្វើឲ្យគេតិះដៀលតថាគត ឬសាវ័ក​របស់តថាគត ដោយអកប្បិយមំសៈ (សាច់មិនសមគួរ) ដោយឋានៈណា បុគ្គលនោះ តែង​ទទួល​បាប​ច្រើន ដោយឋានៈនេះជាគំរប់៥ ម្នាលជីវកៈ បុគ្គលណាសម្លាប់សត្វ ចំពោះតថាគត ឬសាវ័ក​របស់តថាគត បុគ្គលនោះ តែងទទួល​បាបច្រើន ដោយឋានៈទាំង​៥យ៉ាង​នេះឯង។

[៦១] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ទើបជីវកកោមារភត្យ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុឆាន់តែអាហារ​ជាកប្បិយៈហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុឆាន់តែអាហារ ដែលមិនមានទោសហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ ធម៌ដែល​ព្រះអង្គ​សំដែងហើយ ដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាបុរស ចាប់បើករបស់ដែលគេផ្កាប់ចុះ ឲ្យផ្ងារឡើង ឬដូចជាបុរសបើកបង្ហាញរបស់ ​ដែលគេ​លាក់បិទបាំង ពុំនោះ ដូចជាបុរស ប្រាប់ផ្លូវដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាបុរសកាន់ប្រទីប ទ្រោលបំភ្លឺ ក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានចក្ខុ មើលឃើញរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូម​ដល់​នូវ​ព្រះមាន​ព្រះភាគ​ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះមានព្រះភាគ ទ្រង់​ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់សរណៈ ស្មើដោយជីវិត ក្នុងថ្ងៃនេះជាដើម។

ចប់ ជីវកសូត្រ ទី៥។

 

លេខយោង

1)
ដោយសភាពនៃ​ចិត្ត ដែលប្រព្រឹត្តទៅ​ ក្នុងសត្វទាំងពួង ដែលផ្សេងគ្នា មានសត្វថោកទាប យ៉ាងកណ្តាល និងឧក្រិដ្ឋ សត្វជាមិត្ត ជាសត្រូវ និងយ៉ាង​កណ្តាលជាដើម។
km/tipitaka/sut/mn/sut.mn.055.txt · ពេលកែចុងក្រោយ: 2024/02/09 06:24 និពន្ឋដោយ Johann