User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.056



ឧបាលិវាទសូត្រ ទី៦

សង្ខេប

មាន​គហបតី​ម្នាក់​ធ្លាប់​ជា​បរិស័ទ​របស់​និគន្ថនាដបុត្ត​ បានចូល​ទៅ​គាល់​ព្រះ​ពុទ្ធ​ក្នុង​បំណង​លើក​វាទៈ​​ ដើម្បី​ផ្ចាញ់​ផ្ចាល​ព្រះ​ពុទ្ធ​​ៗ ​បាន​សម្ដែង​តប​​វាទៈ ដោយ​ប្រើ​បញ្ញាញាណ​របស់​ទ្រង់​គ្រប​សង្កត់​យ៉ាងអង់អាច ​​ចុង​ក្រោយ​ត្រលប់​ក្លាយ​ជាពុទ្ធ​បរិស័ទ​ដោយ​មាន​សទ្ធា​យ៉ាង​ស៊ប់​សួន​នឹង​ព្រះ​ពុទ្ធ។

mn 056 បាលី cs-km: sut.mn.056 អដ្ឋកថា: sut.mn.056_att PTS: ?

(ទី៦) ឧបាលិវាទសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៦. ឧបាលិសុត្តំ)

[៦២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​បាវារិកម្ពវ័ន1) ជិតស្រុកនាលន្ទា។ សម័យនោះឯង និគន្ថនាដបុត្ត នៅអាស្រ័យក្នុងស្រុកនាលន្ទា ជាមួយនឹង​និគន្ថបរិសទ្យជាច្រើន។ គ្រានោះ និគ្រន្ថឈ្មោះ ទីឃតបស្សី ត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងស្រុកនាលន្ទា លុះត្រឡប់​មកអំពី​បិណ្ឌបាត ក្នុងវេលាបច្ឆាភត្តហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ ក្នុងបាវារិកម្ពវ័ននោះ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យដែលគួររីករាយ និងពាក្យដែលគួរ​រលឹកហើយ ក៏ឋិតនៅក្នុងទីសមគួរ។ លុះ ទីឃតបស្សីនិគ្រន្ថ ឋិតនៅក្នុងទីសមគួរហើយ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា នែ ទីឃតបស្សី អាសនៈ មានគ្រប់គ្រាន់ បើអ្នក​ត្រូវការ ចូរអង្គុយចុះ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ទើប​ទីឃតបស្សីនិគ្រន្ថ កាន់យកអាសនៈទាបមួយ អង្គុយក្នុងទីសមគួរ។

[៦៣] លុះទីឃតបស្សីនិគ្រន្ថ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលតបស្សី ចុះនិគន្ថនាដបុត្ត បញ្ញត្តកម្ម ក្នុងការធ្វើនូវ​បាបកម្ម ក្នុងការប្រព្រឹត្តទៅនៃបាបកម្ម ថាមានប៉ុន្មាន។ ទីឃតបស្សីតបថា អាវុសោគោតម និគន្ថនាដបុត្ត មិនធ្លាប់បញ្ញត្តនូវកម្ម ថាកម្មដូច្នេះឡើយ អាវុសោគោតម និគន្ថនាដបុត្ត ធ្លាប់បញ្ញត្តនូវទណ្ឌៈ ថាទណ្ឌៈ ប៉ុណ្ណោះឯង។ ម្នាលតបស្សី ចុះនិគន្ថនាដបុត្ត តែង​បញ្ញត្តនូវ​ទណ្ឌៈ ប៉ុន្មានយ៉ាង ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តទៅនៃ​បាបកម្ម ថាមាន​ប៉ុន្មាន។ អាវុសោគោតម និគន្ថនាដបុត្ត តែបញ្ញត្ត នូវ​ទណ្ឌៈ ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តទៅនៃ​បាបកម្ម ថាមាន៣យ៉ាង គឺកាយទណ្ឌៈ១ វចីទណ្ឌៈ១ មនោទណ្ឌៈ១។ ម្នាលតបស្សី ចុះកាយទណ្ឌៈផ្សេង វចីទណ្ឌៈផ្សេង មនោទណ្ឌៈផ្សេង ឬក៏ដូចគ្នា។ អាវុសោគតោម កាយទណ្ឌៈផ្សេង វចីទណ្ឌៈផ្សេង មនោទណ្ឌៈផ្សេង មិនដូចគ្នាទេ។ ម្នាលតបស្សី បណ្តាទណ្ឌៈទាំង៣នេះ ដែលអ្នកចែកហើយយ៉ាងនេះ ញែក​ហើយ​យ៉ាងនេះ និគន្ថនាដបុត្ត តែងបញ្ញត្តនូវ​ទណ្ឌៈណា ដែលមានទោសធំជាង​គេ ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តទៅនៃ​បាបកម្ម កាយទណ្ឌៈ ឬវចីទណ្ឌៈ ឬមនោទណ្ឌៈ។ អាវុសោគោតម បណ្តាទណ្ឌៈទាំង៣នេះ ដែលខ្ញុំព្រះអង្គ​ចែក​ហើយ​យ៉ាងនេះ ញែក​ហើយ​យ៉ាងនេះ និគន្ថនាដបុត្ត តែងបញ្ញត្តនូវកាយ​ទណ្ឌៈ ថាមានទោស​ធំ​ជាង​គេ ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តទៅនៃ​បាបកម្ម មិនបញ្ញត្តនូវវចីទណ្ឌៈ និងមនោទណ្ឌៈ ថាមានទោសធំដូច្នោះទេ។ ម្នាលតបស្សី អ្នកនិយាយថា កាយទណ្ឌៈ ដូច្នេះឬ។ អាវុសោគោតម ខ្ញុំព្រះអង្គ និយាយថា កាយទណ្ឌៈ ដូច្នេះ។ ម្នាលតបស្សី អ្នកនិយាយថា កាយទណ្ឌៈ ដូច្នេះឬ។ អាវុសោគោតម ខ្ញុំព្រះអង្គ និយាយថា កាយទណ្ឌៈ ដូច្នេះ។ ម្នាលតបស្សី អ្នកនិយាយថា កាយទណ្ឌៈ ដូច្នេះឬ។ អាវុសោគោតម ខ្ញុំព្រះអង្គ និយាយថា កាយទណ្ឌៈ ដូច្នេះ។ ព្រះមានព្រះភាគ ទ្រង់ញុំាង​ទីឃតបស្សីនិគ្រន្ថ ឲ្យឋិតនៅនឹងក្នុងកថាវត្ថុនេះ ជាគំរប់៣ដង ដោយប្រការដូច្នេះ។

[៦៤] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ទីឃតបស្សីនិគ្រន្ថ ក៏និយាយពាក្យនេះ នឹងព្រះមានព្រះភាគថា អាវុសោគោតម ព្រះអង្គទ្រង់បញ្ញត្តទណ្ឌៈ ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅនៃ​បាបកម្ម ថាមានប៉ុន្មាន។ ម្នាលតបស្សី តថាគត មិនធ្លាប់បញ្ញត្តនូវ​ទណ្ឌៈ ថាទណ្ឌៈដូច្នេះទេ ម្នាលតបស្សី តថាគត ធ្លាប់បញ្ញត្តតែកម្ម ថាកម្មប៉ុណ្ណោះឯង។ អាវុសោគោតម ចុះព្រះអង្គ ទ្រង់បញ្ញត្តកម្ម មានប៉ុន្មាន ក្នុងការធ្វើបាបកម្ម ក្នុងការប្រព្រឹត្តិទៅនៃបាបកម្ម ថាមានប៉ុន្មាន។ ម្នាលតបស្សី តថាគតបញ្ញត្តនូវកម្ម ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅនៃបាបកម្ម ថាមាន៣យ៉ាង គឺកាយកម្ម១ វចីកម្ម១ មនោកម្ម១។ អាវុសោគោតម ចុះកាយកម្មផ្សេង វចីកម្មផ្សេង មនោកម្មផ្សេង ឬអ្វី។ ម្នាលតបស្សី កាយកម្មផ្សេង វចីកម្មផ្សេង មនោកម្ម​ផ្សេង។ អាវុសោគោតម បណ្តាកម្មទាំង៣នេះ ដែលព្រះអង្គចែកហើយយ៉ាងនេះ ញែក​ហើយ​យ៉ាងនេះ ព្រះអង្គទ្រង់បញ្ញត្តកម្មណា ថាមានទោសធំជាង​គេ ក្នុងការធ្វើនូវ​បាបកម្ម ក្នុងការប្រព្រឹត្តិ​ទៅ នៃ​បាបកម្ម តើកាយកម្ម ឬវចីកម្ម ឬក៏មនោកម្ម។ ម្នាលតបស្សី បណ្តាកម្មទាំង៣នេះ ដែលតថាគត ​ចែក​ហើយ​យ៉ាងនេះ ញែក​ហើយ​យ៉ាងនេះ តថាគតបញ្ញត្តមនោកម្ម ថាមានទោស​ធំ​ជាង​គេ ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តិ​ទៅ នៃ​​បាបកម្ម មិនបញ្ញត្តនូវកាយកម្ម និងវចីកម្ម ថាមានទោសធំទេ។ អាវុសោគោតម ព្រះអង្គថា មនោកម្មឬ។ ម្នាលតបស្សី តថាគតថា មនោកម្ម។បេ។ អាវុសោគោតម ព្រះអង្គថា មនោកម្មឬ។ ម្នាលតបស្សី តថាគតថា មនោកម្ម។ ទីឃតបស្សីនិគ្រន្ថ ញុំាង​ព្រះមានព្រះភាគ ឋិតនៅនឹងក្នុងកថាវត្ថុនេះ ដរាប៣ដង ដោយប្រការ​ដូច្នេះ ហើយក្រោក​ចាកអាសនៈ ចូលទៅរក​និគន្ថនាដបុត្ត។

[៦៥] សម័យនោះឯង ​និគន្ថនាដបុត្ត កំពុងអង្គុយ​ជាមួយនឹង​គិហិបរិស័ទជាច្រើន អ្នកនៅក្នុងស្រុកពាលកៈ មានឧបាលិគហបតីជាប្រធាន។ ​និគន្ថនាដបុត្ត បានឃើញ​ទីឃតបស្សីនិគ្រន្ថ ដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏និយាយនឹងទីឃតបស្សីនិគ្រន្ថ ដោយពាក្យដូច្នេះថា តបស្សី ចុះអ្នកឯងទើបមកពីណា ទាំងថ្ងៃម្ល៉េះ។2) ទីឃតបស្សីតបថា បពិត្រលោកដ៏ចំរើន ខ្ញុំមកអំពីសំណាក់​ព្រះសមណគោតមឯណោះ។ ​និគន្ថនាដបុត្តសួរថា នែតបស្សី ចុះអ្នក​មានកថា​សល្លាបៈ​បន្តិចបន្តួច3) ជាមួយនឹងព្រះសមណគោតមដែរឬ។ បពិត្រលោកដ៏​ចំរើន ខ្ញុំមានកថាសល្លាបៈ បន្តិចបន្តួចជាមួយនឹង​ព្រះសមណគោតម​ដែរ។ នែតបស្សី អ្នកមានកថាសល្លាបៈបន្តិចបន្តួច ជាមួយនឹងព្រះសមណគោតម តើដូចម្តេច។ ទើបទីឃតបស្សីនិគ្រន្ថ ក៏រៀបរាប់កថាសល្លាបៈ ជាមួយនឹង​ព្រះមានព្រះភាគ ទាំងអស់​ ដល់​និគន្ថនាដបុត្ត។ កាលបើទីឃតបស្សីនិគ្រន្ថ និយាយយ៉ាងនេះហើយ ​និគន្ថនាដបុត្ត និយាយនឹងទីឃតបស្សីនិគ្រន្ថដូច្នេះថា នែតបស្សី ពីរោះណាស់ ៗ សាវ័កដែលជាអ្នក​ចេះដឹង អាចដឹងច្បាស់សាសនារបស់គ្រូដោយប្រពៃ ហើយព្យាករពាក្យនោះយ៉ាងណា ទីឃតបស្សីនិគ្រន្ថ បានព្យាករ ចំពោះព្រះសមណគោតម ក៏យ៉ាងនោះឯង ក៏មនោទណ្ឌៈ ជាសភាវៈថោកថយ យកមកប្រៀបធៀបនឹង​កាយទណ្ឌៈ ដ៏ថ្លៃថ្លានេះឲ្យវិសេស​វិសាល​ជាង យ៉ាងនេះ ដូចម្តេចបាន គឺកាយទណ្ឌៈហ្នឹងឯង ជារបស់មានទោសធំជាង ក្នុងការធ្វើ​នូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅនៃបាបកម្ម ឯវចីទណ្ឌៈ និងមនោទណ្ឌៈ នឹងមានទោស​ធំដូច្នោះក៏ទេ។

[៦៦] កាលបើ​និគន្ថនាដបុត្ត និយាយយ៉ាងនេះហើយ ទើបឧបាលិគហបតី និយាយនឹង​និគន្ថនាដបុត្ត ដូច្នេះថា បពិត្រលោកដ៏ចំរើន ទីឃតបស្សី និយាយពាក្យ​នេះ ពីរោះណាស់ ៗ សាវ័កដែលជាអ្នក​ចេះដឹង អាចដឹងច្បាស់នូវសាសនា របស់គ្រូដោយប្រពៃ ហើយព្យាករពាក្យនោះយ៉ាងណា ទីឃតបស្សីដ៏ចំរើន បានព្យាករ ចំពោះ​ព្រះសមណ​គោតម យ៉ាងនោះឯង ក៏មនោទណ្ឌៈ ជារបស់ថោកថយ យកមកប្រៀបធៀបនឹង​កាយទណ្ឌៈ ដ៏ថ្លៃថ្លានេះ ឲ្យវិសេស​វិសាល​ជាង យ៉ាងនេះ ដូចម្តេចបាន គឺកាយទណ្ឌៈ​ហ្នឹង​ឯង ជាសភាវៈមានទោសធំជាង ក្នុងការធ្វើ​នូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅ នៃបាបកម្ម ឯវចីទណ្ឌៈ និងមនោទណ្ឌៈ នឹងមានទោស​ធំដូច្នោះក៏ទេ បពិត្រលោកដ៏ចំរើន ណ្ហើយចុះ ខ្ញុំនឹងទៅលើកឡើងនូវវាទៈ របស់ព្រះសមណគោតម ក្នុងកថាវត្ថុនេះ បើសមណគោតម នឹងតាំងពាក្យឲ្យនៅនឹងដូចដែល ចំពោះខ្ញុំ ដូចកាលដែលតបស្សីដ៏ចំរើន ឲ្យតាំងនៅ​ដូច្នោះ ខ្ញុំនឹងទាញកន្ត្រាក់ គ្រវាត់គ្រវែង នូវវាទៈដោយវាទៈ ចំពោះសមណគោតម ដូចជាបុរស អ្នកមានកំឡាំង ចាប់សត្វចៀម ដែលមានរោមវែង ត្រង់រោម ហើយទាញ​កន្ត្រាក់ គ្រវាត់គ្រវែង ដូច្នោះឯង ពុំនោះ ខ្ញុំនឹងទាញកន្ត្រាក់ គ្រវាត់គ្រវែង នូវវាទៈ ដោយវាទៈ ចំពោះសមណគោតម ដូចជាបុរស អ្នកមានកំឡាំង ជាអ្នកធ្វើការងារក្នុង​ផ្ទះសុរា ដាក់ចុះកន្ទេលសម្រាប់ដាក់នូវម្សៅ ក្នុងផ្ទះធ្វើសុរា ក្នុងអន្លង់ទឹកជ្រៅ ហើយចាប់​ត្រង់ជាយ ទាញកន្ត្រាក់ គ្រវាត់គ្រវែង ដូច្នោះឯង ពុំនោះ ខ្ញុំនឹងផ្កាប់ចុះ ផ្ងារឡើង បោះចោល នូវ​វាទៈ ដោយវាទៈ ចំពោះសមណគោតម ដូចជាបុរស អ្នកមានកំឡាំង ជាអ្នកលេងសុរា ចាប់ថាសត្រង់​កណ្តាប់មាត់ ផ្កាប់ចុះ ផ្ងារឡើង បោះចោល ដូច្នោះឯង ពុំនោះសោត ខ្ញុំនឹងលេង​នូវ​ព្រះសមណគោតម ដូចគេលេងនូវ​ល្បែងលាងសម្បកធ្មៃ ដូចជាដំរី ដែលមានអាយុ​៦០ឆ្នាំ ចុះកាន់ស្រះដ៏ជ្រៅ ហើយលេងល្បែង​លាងសម្បកធ្មៃ ដូច្នោះឯង បពិត្រលោក​ដ៏​ចំរើន ណ្ហើយចុះ ខ្ញុំនឹងទៅលើកឡើងនូវវាទៈ របស់ព្រះសមណ​គោតម ក្នុងកថាវត្ថុនេះ។ ម្នាលគហបតី អ្នកចូរទៅលើកឡើងនូវវាទៈ របស់ព្រះសមណ​គោតម ក្នុងកថាវត្ថុនេះ ម្នាលគហបតី ឬអាត្មា គប្បី​លើក​ឡើងនូវវាទៈ របស់ព្រះសមណ​គោតមក៏បាន ទីឃតបស្សីនិគ្រន្ថ ក៏បាន អ្នកឯងក៏បានដែរ។

[៦៧] កាលបើនិគន្ថនាដបុត្ត និយាយយ៉ាងនេះហើយ ទើប​ទីឃតបស្សីនិគ្រន្ថ និយាយ​នឹងនិគន្ថនាដបុត្តដូច្នេះថា បពិត្រលោកដ៏ចំរើន ឧបាលិគហបតី គប្បី​លើក​ឡើង​នូវវាទៈ របស់ព្រះសមណគោតម ដោយហេតុណា ហេតុនុ៎ះ មិនពេញចិត្តខ្ញុំឡើយ បពិត្រលោកដ៏ចំរើន ព្រោះថា ព្រះសមណគោតម ជាអ្នក​មានកិច្ចកល តែងដឹង​នូវកិច្ចកលសម្រាប់បោកប្រាស់ តែងបោកប្រាស់ នូវពួកសាវ័ក របស់អន្យតិរ្ថិយ។ និគន្ថនាដបុត្ត និយាយថា ម្នាលតបស្សី ឧបាលិគហបតី គប្បីចុះចូល​ជាសាវ័ក របស់ព្រះសមណគោតម ដោយហេតុណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែន​ជាឱកាសឡើយ ឯព្រះសមណគោតម គប្បីចុះចូលជាសាវ័ក របស់ឧបាលិគហបតីវិញ ដោយហេតុណា ហេតុនោះ ទើបជាទីតាំងមានមែន ម្នាលគហបតី អ្នកចូរ​ទៅលើក​ឡើង​នូវវាទៈ របស់​ព្រះសមណគោតម ក្នុងកថាវត្ថុនោះចុះ ម្នាលគហបតី ឬអាត្មាគប្បីលើក​ឡើងនូវវាទៈ របស់​ព្រះសមណគោតមក៏បាន ទីឃតបស្សីនិគ្រន្ថក៏បាន អ្នកឯង​ក៏បាន។ ទីឃតបស្សីនិគ្រន្ថ និយាយនឹងនិគន្ថនាដបុត្តដូច្នេះ ជាគំរប់ពីរដងទៀតថា បពិត្រ​លោកដ៏​ចំរើន ឧបាលិគហបតី គប្បីលើកឡើង​នូវវាទៈ របស់​ព្រះសមណគោតម ដោយហេតុណា ហេតុនោះ មិនពេញចិត្តខ្ញុំទេ បពិត្រលោកដ៏ចំរើន ព្រោះថា ​ព្រះសមណគោតម ជាអ្នក​មាន​កិច្ចកល តែងដឹង​នូវកិច្ចកលសម្រាប់បោកប្រាស់ តែងបោកប្រាស់ នូវពួកសាវ័ក អន្យតិរ្ថិយ។ ម្នាលតបស្សី ឧបាលិគហបតី គប្បីចុះចូល​ជាសាវ័ក របស់សមណគោតម ដោយហេតុណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែន​ជាឱកាសឡើយ ឯព្រះសមណ​គោតម គប្បីចុះចូលជាសាវ័ក របស់ឧបាលិគហបតីវិញ ដោយហេតុណា ហេតុនោះ ទើបជាទីតាំងមានមែន ម្នាលគហបតី អ្នកចូរ​ទៅលើក​ឡើង​នូវវាទៈ របស់​ព្រះសមណ​គោតម ក្នុងកថាវត្ថុនេះចុះ ម្នាលគហបតី ឬអាត្មាគប្បីលើក​ឡើងនូវវាទៈ របស់​ព្រះសមណគោតមក៏បាន ទីឃតបស្សីនិគ្រន្ថក៏បាន អ្នកឯង​ក៏បាន។ ទីឃតបស្សីនិគ្រន្ថ និយាយនឹងនិគន្ថនាដបុត្តដូច្នេះ ជាគំរប់៣ដងទៀតថា បពិត្រ​លោកដ៏​ចំរើន ឧបាលិ​គហបតី គប្បីលើកឡើង​នូវវាទៈ របស់​ព្រះសមណគោតម ដោយហេតុណា ហេតុនុ៎ះ មិនពេញចិត្តខ្ញុំទេ បពិត្រលោកដ៏ចំរើន ព្រោះថា ​ព្រះសមណគោតម ជាអ្នក​មានកិច្ចកល តែងដឹង​នូវកិច្ចកលសម្រាប់បោកប្រាស់ តែងបោកប្រាស់ នូវពួកសាវ័ក របស់អន្យតិរ្ថិយ។ ម្នាលតបស្សី ឧបាលិគហបតី គប្បីចុះចូល​ជាសាវ័ក របស់ព្រះសមណគោតម ដោយ​ហេតុ​ណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែន​ជាឱកាសឡើយ ឯព្រះសមណគោតម គប្បីចុះចូលជាសាវ័ក របស់ឧបាលិគហបតីវិញ ដោយហេតុណា ហេតុនុ៎ះ ទើប​ជាទី​តាំង​មានមែន ម្នាលគហបតី អ្នកចូរ​ទៅលើក​ឡើង​នូវវាទៈ របស់​ព្រះសមណគោតម ក្នុង​កថា​វត្ថុ​នេះចុះ ម្នាលគហបតី ឬអាត្មាគប្បីលើក​ឡើងនូវវាទៈ របស់​ព្រះសមណគោតមក៏បាន ទីឃតបស្សីនិគ្រន្ថក៏បាន អ្នកឯង​ក៏បាន។

[៦៨] ឧបាលិគហបតី ទទួលពាក្យរបស់និគន្ថនាដបុត្តថា អើ លោកម្ចាស់ ហើយក្រោកចាកទីអង្គុយ សំពះនិគន្ថនាដបុត្ត ធ្វើប្រទក្សិណ ហើយចូល​ទៅរក​ព្រះមានព្រះភាគ ក្នុងបាវារិកម្ពវ័ន លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះឧបាលិគហបតី អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទីឃតបស្សីនិគ្រន្ថ បានមកក្នុងទីនេះឬទេ។ ម្នាលគហបតី ទីឃតបស្សីនិគ្រន្ថ បានមកក្នុងទីនេះ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គមានកថាសល្លាបៈបន្តិចបន្តួច ជាមួយនឹងទីឃតបស្សី​និគ្រន្ថដែរឬ។ ម្នាលគហបតី តថាគត មានកថាសល្លាបៈបន្តិចបន្តួច ជាមួយនឹង​ទីឃតបស្សីនិគ្រន្ថដែរ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គមាន​កថាសល្លាបៈ​បន្តិច​បន្តួច ជាមួយនឹងទីឃតបស្សី​និគ្រន្ថ ដូចម្តេច។ ទើបព្រះមានព្រះភាគ ទ្រង់រៀបរាប់​កថាសល្លាបៈ ជាមួយនឹងទីឃតបស្សីនិគ្រន្ថទាំងអស់នោះ ប្រាប់ដល់​ឧបាលិគហបតី។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ទើបឧបាលិគហបតី ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ទីឃតបស្សីនិគ្រន្ថ និយាយពាក្យនេះពីរោះណាស់ៗ សាវ័កដែលជាអ្នកចេះដឹង អាចដឹងច្បាស់នូវសាសនា របស់គ្រូដោយប្រពៃ ហើយព្យាករពាក្យនោះ យ៉ាងណា ទីឃតបស្សីនិគ្រន្ថ ព្យាករ ចំពោះ​ព្រះមានព្រះភាគយ៉ាងនោះដែរ មនោទណ្ឌៈ ជាសភាវៈថោកថយ យកមកប្រៀបធៀប​នឹងកាយទណ្ឌៈ ដ៏ថ្លៃថ្លានេះ ឲ្យវិសេសវិសាលជាងយ៉ាងនេះ ដូចម្តេចបាន គឺកាយទណ្ឌៈ ហ្នឹងឯង ជាសភាវៈមានទោសធំជាង ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅ នៃ​បាបកម្ម ឯវចីទណ្ឌៈ និងមនោទណ្ឌៈ នឹងមានទោសធំដូច្នោះក៏ទេ។ ម្នាលគហបតី បើអ្នកឯង​គប្បីឋិតនៅក្នុងពាក្យសច្ចៈហើយប្រឹក្សាគ្នា កថាសល្លាបៈរបស់យើង គប្បីមានក្នុងហេតុ​នេះ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងឋិតនៅក្នុងពាក្យសច្ចៈ ប្រឹក្សាគ្នា កថាសល្លាបៈ​របស់យើង ចូរមានក្នុងដំណើរនេះ។

[៦៩] ម្នាលគហបតី អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច និគ្រន្ថក្នុងលោកនេះ មានអាពាធ មានទុក្ខ មានជម្ងឺធ្ងន់ ហាមបង់ទឹកត្រជាក់4) ប្រើប្រាស់តែទឹកក្តៅ កាលបើនិគ្រន្ថនោះ មិនបានទឹក​ត្រជាក់ ក៏ធ្វើមរណកាលទៅ ម្នាលគហបតី និគន្ថនាដបុត្ត បញ្ញត្តនូវកំណើតរបស់​និគ្រន្ថ​នេះ ក្នុងភពណា។ បពិត្រព្រះអង្គដ៏ចំរើន មានពួកទេវតាឈ្មោះ មនោសត្ត5) ឯនិគ្រន្ថនោះ ក៏ទៅកើតក្នុងពួកទេវតានោះ សេចក្តីនោះ ព្រោះ​ហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា និគ្រន្ថនោះ ជាអ្នកជាប់ចំពាក់ក្នុងចិត្ត ធ្វើមរណ​កាលទៅ។ ម្នាលគហបតី គហបតី អ្នកចូរធ្វើទុកក្នុងចិត្តចុះ ម្នាលគហបតី លុះអ្នកធ្វើ​ទុក​ក្នុងចិត្ត ព្យាករចុះ (តែថា) ពាក្យចុងរបស់អ្នក មិនតគ្នានឹងពាក្យដើម ឬពាក្យដើម​ មិនតគ្នា​នឹងពាក្យចុងសោះឡើយ ម្នាលគហបតី ពាក្យនេះ ដែល​អ្នកនិយាយហើយ ជាពិតថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងឋិតនៅក្នុងពាក្យសច្ចៈហើយ ប្រឹក្សាគ្នា កថាសល្លាបៈ​របស់យើង ចូរមានក្នុងដំណើរនេះ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះក៏ពិតមែន តែថា កាយទណ្ឌៈហ្នឹងឯង មានទោសធំជាង ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅ នៃបាបកម្ម ឯវចីទណ្ឌៈ និងមនោទណ្ឌៈ នឹងមានទោស​ធំដូច្នោះក៏ទេ។

[៧០] ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ថាដូចម្តេច និគ្រន្ថក្នុងលោកនេះ សង្រួម ដោយការសង្រួម៤ចំណែក6) ហាមឃាត់ ដោយការហាមឃាត់បាបទាំងអស់ ប្រកបដោយ​ការ​ហាមឃាត់​បាបទាំងអស់ ជាអ្នកកំចាត់បាប ដោយការហាមឃាត់បាបទាំងអស់ ជាអ្នក​ប៉ះ​ពាល់ ដោយការហាមឃាត់បាបទាំងអស់ និគ្រន្ថនោះ កាលដែលដើរ ឈានទៅមុខ ឈាន​ថយ ក៏ញុំាងសត្វតូចៗជាច្រើន ឲ្យដល់នូវសេចក្តី​វិនាស ម្នាលគហបតី និគន្ថនាដបុត្ត បញ្ញត្តនូវវិបាក នៃកម្មនេះដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន និគន្ថនាដបុត្ត មិនបញ្ញត្តនូវ​កម្ម ដែលមិនមានចេតនា ថាមានទោសធំទេ។ ម្នាលគហបតី ចុះបើបុគ្គល​មានចេតនា​វិញ។ បពិត្រព្រះអង្គដ៏ចំរើន កម្មនោះមានទោសធំ។ ម្នាលគហបតី ចុះនិគន្ថនាដបុត្ត បញ្ញត្តនូវ​ចេតនាក្នុងចំណែកណា។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងមនោទណ្ឌៈ។ ម្នាលគហបតី អ្នកចូរធ្វើ​ទុក​ក្នុងចិត្តចុះ ម្នាលគហបតី លុះអ្នកធ្វើទុកក្នុងចិត្តហើយ ចូរព្យាករចុះ (តែថា) ពាក្យចុងរបស់អ្នក មិនតគ្នានឹងពាក្យដើម ឬពាក្យដើម​ មិនតគ្នា​នឹងពាក្យចុងសោះឡើយ ម្នាលគហបតី ពាក្យនេះ ដែល​អ្នកនិយាយជាពិតថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងឋិតនៅក្នុងពាក្យសច្ចៈប្រឹក្សាគ្នា កថាសល្លាបៈ​របស់យើង ចូរមានក្នុងដំណើរនេះ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាង​នេះ​ក៏ពិតមែនហើយ តែថា កាយទណ្ឌៈហ្នឹងឯង នៅតែមានទោសធំជាង ក្នុងការធ្វើ​នូវ​បាបកម្ម ក្នុងការប្រព្រឹត្តិទៅ នៃបាបកម្ម ឯវចីទណ្ឌៈ និងមនោទណ្ឌៈ នឹងមានទោស​ធំដូច្នោះក៏ទេ។ ម្នាលគហបតី អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច ស្រុកនាលន្ទានេះ ស្តុកស្តម្ភមាំមួន​ផង ទូលាយផង មានជនជាច្រើន មានមនុស្សកុះករផង មែនឬទេ។ ព្រះករុណាព្រះអង្គ ស្រុកនាលន្ទានេះ ស្តុកស្តម្ភមាំមួន​ផង ទូលាយផង មានជនជាច្រើន មានមនុស្សកុះករផង​មែន។ ម្នាលគហបតី អ្នកសំគាល់នូវហេតុនោះថាដូចម្តេច មានបុរសម្នាក់ ងាដាវ ដើរមក​ក្នុងស្រុកនាលន្ទានេះ បុរសនោះ និយាយយ៉ាងនេះថា សត្វទាំងឡាយ ក្នុងស្រុកនាលន្ទានេះ មានចំនួនប៉ុន្មាន អាត្មាអញ នឹងធ្វើសត្វទាំងនោះ ឲ្យជាលាន​នៃសាច់តែមួយ ឲ្យជាគំនរនៃសាច់តែមួយ តែមួយរំពេច តែមួយស្របក់ប៉ុណ្ណោះ។ ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ថាដូចម្តេច បុរសនោះ អាចនឹងធ្វើសត្វទាំងឡាយ ក្នុងក្រុងនាលន្ទានេះ មានចំនួន​ប៉ុន្មាននេះ ឲ្យជាលាន​នៃសាច់តែមួយ ឲ្យជាគំនរនៃ​សាច់​តែ​មួយ តែមួយរំពេច តែមួយស្របក់ប៉ុណ្ណោះ បានឬទេ។ បពិត្រព្រះអង្គដ៏ចំរើន បុរស១០នាក់ក្តី ២០នាក់ក្តី ៣០នាក់ក្តី ៤០នាក់ក្តី បុរស៥០នាក់ក្តី ក៏មិនអាចនឹង​ធ្វើសត្វ ក្នុងស្រុកនាលន្ទានេះ ទាំងអម្បាលម៉ាននោះ ឲ្យជាលាន​នៃសាច់តែមួយ ឲ្យជាគំនរ​នៃសាច់​តែមួយ តែមួយរំពេច តែមួយស្របក់បាន​ឡើយ ចំណង់បើបុរស​កំសោយ​តែម្នាក់ នឹងអាចធ្វើឲ្យវេសេសវិសាល ដូចម្តេចបាន។ ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ថាដូចម្តេច បុគ្គលជាសមណៈ ឬព្រាហ្មណ៍ ជាអ្នកមានឫទ្ធិ ដល់នូវ​សេចក្តីស្ទាត់ជំនាញ ក្នុងចិត្ត ដើរមកក្នុងស្រុកនាលន្ទានេះ បុគ្គលនោះ និយាយយ៉ាងនេះថា អញនឹងធ្វើ​ស្រុក​នាលន្ទានេះ ឲ្យទៅជាផេះ ដោយចិត្តប្រទូស្តតែម្តង។ ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ថាដូចម្តេច បុគ្គល​ជា​សមណៈ ឬព្រាហ្មណ៍ ជាអ្នកមានឫទ្ធិ ដល់នូវការស្ទាត់ជំនាញ ក្នុងចិត្តនោះ អាចនឹងធ្វើ​ស្រុក​នាលន្ទានេះ ឲ្យទៅជាផេះ ដោយចិត្តប្រទូស្តតែម្តង បានឬទេ។ បពិត្រព្រះអង្គ​ដ៏​ចំរើន ស្រុកនាលន្ទា១០ក្តី ស្រុកនាលន្ទា២០ក្តី ស្រុកនាលន្ទា៣០ក្តី ស្រុកនាលន្ទា៤០ក្តី ស្រុកនាលន្ទា៥០ក្តី ក៏បុគ្គលជាសមណៈ ឬព្រាហ្មណ៍ ជាអ្នកមានឫទ្ធិ ដល់នូវ​សេចក្តីស្ទាត់ជំនាញក្នុងចិត្តនោះ អាចដើម្បីធ្វើ​ស្រុក​នាលន្ទានេះ ឲ្យទៅជាផេះ ដោយចិត្តប្រទូស្តតែម្តងបាន ដ្បិតស្រុកនាលន្ទាតូចមួយ នឹង​អាចទប់ទល់ដូចម្តេចបាន។ ម្នាលគហបតី អ្នកចូរធ្វើ​ទុក​ក្នុងចិត្តចុះ ម្នាលគហបតី លុះអ្នក​ធ្វើទុកក្នុងចិត្តរួចហើយ ចូរព្យាករចុះ ពាក្យចុងរបស់អ្នក មិនតគ្នានឹងពាក្យដើម ឬពាក្យដើម​ មិនតគ្នា​នឹងពាក្យចុងសោះឡើយ ម្នាលគហបតី វាចានេះ ​អ្នកបាននិយាយរួចហើយថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងតាំងនៅក្នុងពាក្យសច្ចៈ ហើយប្រឹក្សាគ្នា កថាសល្លាបៈ​​របស់យើង សូមមានក្នុងដំណើរនេះ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់​​យ៉ាង​នេះ​ពិតមែនហើយ តែថា កាយទណ្ឌៈហ្នឹងឯង ក៏នៅតែ​មាន​ទោសធំជាង ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅ នៃបាបកម្ម ឯវចីទណ្ឌៈ និង​មនោទណ្ឌៈ នឹងមានទោស​ដូច្នោះក៏ទេ។ ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ថាដូចម្តេច អ្នកបានឮថា ព្រៃទណ្ឌកី7) ព្រៃកាលិង្គៈ8) ព្រៃមេជ្ឈា9) និងព្រៃមាតង្គៈ10) ជាព្រៃទទេ ជាព្រៃសុទ្ធឬទេ។ ព្រះករុណាព្រះអង្គ ខ្ញុំព្រះអង្គ បានឮថា ព្រៃទណ្ឌកី ព្រៃកាលិង្គៈ ព្រៃមេជ្ឈា និងព្រៃមាតង្គៈ ជាព្រៃទទេ ជាព្រៃសុទ្ធ។ ម្នាលគហបតី អ្នកសំគាល់​ហេតុនោះ ថាដូចម្តេច អ្នកបានឮដូចម្តេច ព្រៃទណ្ឌកី ព្រៃកាលិង្គៈ ព្រៃមេជ្ឈា និងព្រៃមាតង្គៈនោះ ជាព្រៃទទេ ជាព្រៃសុទ្ធ ដោយហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំព្រះអង្គ ឮមកថា ព្រៃទណ្ឌកី ព្រៃកាលិង្គៈ ព្រៃមេជ្ឈា និងព្រៃមាតង្គៈនោះ ជាព្រៃទទេ ជាព្រៃសុទ្ធ ព្រោះចិត្តប្រទូស្តនឹងឥសី។ ម្នាលគហបតី អ្នកចូរធ្វើ​ទុក​ក្នុងចិត្តចុះ ម្នាលគហបតី លុះអ្នក​ធ្វើទុកក្នុងចិត្តហើយ ចូរព្យាករចុះ ពាក្យចុងរបស់អ្នក មិនតគ្នានឹងពាក្យដើម ឬពាក្យដើម​ មិនតគ្នា​នឹងពាក្យចុងសោះឡើយ ម្នាលគហបតី វាចានេះ ​អ្នកបាននិយាយរួចហើយថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងតាំងនៅក្នុងពាក្យសច្ចៈប្រឹក្សាគ្នា កថាសល្លាបៈ​​របស់យើង ចូរមានក្នុងដំណើរនេះ។

[៧១] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គត្រេកអរ រីករាយ ដោយពាក្យឧបមា​ខាងដើម របស់ព្រះមានព្រះភាគ តែថា ខ្ញុំព្រះអង្គ មានប្រាថ្នានឹងស្តាប់ នូវបញ្ហាព្យាករណ៍​ ដ៏វិចិត្តនេះ របស់ព្រះមាន​ព្រះភាគ កាលពីដើម ខ្ញុំព្រះអង្គ បានសំគាល់ នូវព្រះមានព្រះភាគ ថាជាបុគ្គលគួរធ្វើ​ឲ្យជាសត្រូវយ៉ាងនេះ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់​ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ សំដែងហើយ ដោយអនេកបរិយាយ ភ្លឺច្បាស់ណាស់ ដូចជាបុរស បើករបស់ ដែល​គេ​ផ្កាប់​ចុះ ឲ្យផ្ងារឡើង ឬក៏ដូចជាបុរសបើកបង្ហាញរបស់ ​ដែល​លាក់បិទបាំង ពុំនោះ ដូចជាបុរស ប្រាប់ផ្លូវដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាបុរសកាន់ប្រទីប បំភ្លឺ ក្នុង​ទីងងឹត ដោយគិតថា មនុស្សអ្នកមានចក្ខុ តែងមើលរូបទាំងឡាយបាន បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់​នូវសរណគមន៍ ស្មើដោយជីវិត ក្នុងថ្ងៃនេះជាដើម។

[៧២] ម្នាលគហបតី អ្នកចូរធ្វើនូវការពិចារណារឿយៗចុះ ការពិចារណារឿយៗ របស់មនុស្ស ដែលគេស្គាល់ប្រាកដដូចជាខ្លួនអ្នក ជាការប្រពៃពេក។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះ នឹងខ្ញុំព្រះអង្គថា ម្នាលគហបតី អ្នកចូរធ្វើនូវការពិចារណារឿយៗចុះ ការពិចារណារឿយៗ របស់មនុស្ស ដែលគេស្គាល់ប្រាកដដូចជាខ្លួនអ្នក ជាការប្រពៃពេក ដូច្នេះ ដោយពាក្យណា ខ្ញុំព្រះអង្គ មានចិត្តត្រេកអរ រីករាយ​ហួសប្រមាណ ដោយពាក្យនេះ របស់ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន បើពួកអន្យតិរ្ថិយ បានខ្ញុំព្រះអង្គ​ជាសាវ័កហើយ គប្បីលើកឡើង​នូវទង់សំពត់ ក្នុងស្រុកនាលន្ទាទាំងអស់ ដោយអំណរថា ឧបាលិគហបតី ចុះចូល​មកជាសាវ័ក របស់ពួកយើងហើយ សមដូច​ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះ នឹង​ខ្ញុំព្រះអង្គថា ម្នាលគហបតី អ្នកចូរធ្វើនូវការពិចារណារឿយៗចុះ ដ្បិតការពិចារណា​រឿយៗ របស់មនុស្ស ដែលគេស្គាល់ប្រាកដ ដូចជាខ្លួនអ្នក ជាការប្រពៃពេក បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក ជាគំរប់ពីរដងផង សូម​ព្រះមានព្រះភាគ ទ្រង់ជ្រាប​នូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត ក្នុងថ្ងៃនេះជាដើម។

[៧៣] ម្នាលគហបតី អ្នកសំគាល់បិណ្ឌបាត ថាជារបស់​គួរឲ្យដល់ពួកនិគ្រន្ថនោះ ដែលចូលមកក្នុងត្រកូលណា ត្រកូលនោះ របស់អ្នក តាំងនៅដូចជាអណ្តូង នៃពួក​និគ្រន្ថ ជាយូរអង្វែងមកហើយ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាង​នេះ នឹងខ្ញុំព្រះអង្គថា ម្នាលគហបតី អ្នកសំគាល់នូវបិណ្ឌបាត ថាជារបស់​គួរឲ្យដល់ពួកនិគ្រន្ថ​នោះ ដែលចូលមកក្នុងត្រកូលណា ត្រកូលនោះរបស់អ្នក តាំងនៅដូចជាអណ្តូង នៃពួក​និគ្រន្ថ ជាយូរអង្វែងមកហើយ ដោយពាក្យណា ខ្ញុំព្រះអង្គ មានចិត្តត្រេកអរ រីករាយ​ហួស​ប្រមាណ ដោយពាក្យនេះ របស់ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​ឮ​ពាក្យ ដូច្នេះថា ព្រះសមណគោតម សំដែងយ៉ាងនេះថា បុគ្គលគួរតែឲ្យទាន ដល់​តថាគត មិនគួរឲ្យទាន ដល់​ពួកជនដទៃឡើយ គួរតែឲ្យទាន ដល់ពួក​សាវ័ក របស់​តថាគត មិនគួរឲ្យទាន ដល់ពួកសាវ័ក របស់គ្រូដទៃឡើយ ទានដែលបុគ្គលឲ្យហើយ ដល់​តថាគត ទើបមានផលច្រើន ទានដែលបុគ្គលឲ្យហើយ ដល់គ្រូដទៃ មិនមានផលច្រើនទេ ទាន​ដែលបុគ្គល​ឲ្យ ដល់ពួកសាវ័ករបស់តថាគត ទើបមានផលច្រើន ទានដែលបុគ្គលឲ្យហើយ ដល់ពួកសាវ័ករបស់គ្រូដទៃ មិនមានផលច្រើនទេ ក៏ប៉ុន្តែ ព្រះមានព្រះភាគ ទ្រង់ណែនាំខ្ញុំព្រះអង្គ ឲ្យធ្វើទាន ដល់ពួកនិគ្រន្ថដែរ បពិត្រព្រះអង្គ​ដ៏ចំរើន មួយយ៉ាងទៀត យើងនឹងដឹងនូវកាលគួរ ក្នុងដំណើរនេះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុ​សង្ឃផង ជាទីពឹង ទីរលឹក ជាគំរប់៣ដងផង សូម​ព្រះមានព្រះភាគ ទ្រង់ជ្រាប​នូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត ក្នុងថ្ងៃនេះ​ជាដើម។

[៧៤] គ្រានោះ ព្រះមានព្រះភាគ ទ្រង់សំដែង​នូវ​អនុបុព្វីកថា គឺទ្រង់​ប្រកាស​ទាន​កថា សីលកថា សគ្គកថា និងទោសនៃកាមទាំងឡាយ ជាទោសដ៏លាមកសៅហ្មង និង​អានិសង្ស ក្នុងការចេញចាកកាម ដល់ឧបាលិគហបតី។ កាលដែល​ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវឧបាលិគហបតីថា មានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណៈ មានចិត្តខ្ពស់ឡើង មានចិត្តជ្រះថ្លា ក៏ព្រះអង្គ ទ្រង់សំដែងធម៌ទេសនា ដែល​ព្រះពុទ្ធ​ទាំងឡាយ ទ្រង់លើកឡើងសំដែង ដោយព្រះអង្គឯង គឺទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច។ ធម្មតា សំពត់ស្អាត ប្រាសចាកវត្ថុមានពណ៌ខ្មៅ គួរទទួលទឹកជ្រលក់ ដោយល្អបាន មានឧបមាដូចម្តេចមិញ​ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ដ៏ប្រាសចាក​ធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់ឧបាលិគហបតី ក្នុងកន្លែងអង្គុយនោះឯងថា ធម្មជាតណានីមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ ក៏រលត់ទៅវិញ​ជាធម្មតា មានឧបមេយ្យដូច្នោះឯង។ គ្រានោះ ឧបាលិគហបតី បានឃើញ​អរិយសច្ចធម៌​ហើយ បានដល់នូវអរិយសច្ចធម៌ហើយ បានដឹងច្បាស់នូវអរិយសច្ចធម៌ហើយ បានឈាន​ចុះកាន់អរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវ​សេចក្តី​ក្លៀវក្លា មិនជឿបុគ្គលដទៃ ក្នុងសាសនារបស់ព្រះសាស្តា ទើបក្រាបបង្គំទូល​ព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ណ្ហើយចុះ ខ្ញុំព្រះអង្គ នឹងទៅក្នុងកាល​ឥឡូវនេះ ព្រោះខ្ញុំព្រះអង្គ មានកិច្ចច្រើន មានការងារច្រើន។ ម្នាលគហបតី អ្នកសំគាល់​នូវ​កាលដ៏សមគួរ នឹងទៅឥឡូវនេះចុះ។

[៧៥] គ្រានោះ ឧបាលិគហបតី ក៏ត្រេកអរ រីករាយ នឹងភាសិតរបស់​ព្រះមាន​ព្រះភាគ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ហើយធ្វើប្រទក្សិណ ដើរចូលទៅកាន់លំនៅ​របស់ខ្លួន លុះចូលទៅដល់ហើយ ក៏ហៅ​អ្នករក្សាទ្វារ មកប្រាប់ថា ម្នាលអ្នករក្សាទ្វារជាសំឡាញ់ ពីថ្ងៃនេះជាដើមរៀងទៅ ខ្ញុំ​បិទទ្វារ ចំពោះពួក​និគ្រន្ថបុ្រស និងពួកនិគ្រន្ថស្រី មិនបានបិទទ្វាររបស់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាសាវ័ក របស់ព្រះមានព្រះភាគ បើមាន​និគ្រន្ថណាមួយ មកដល់ អ្នកគប្បីនិយាយយ៉ាងនេះ នឹងគេថា បពិត្រលោកដ៏ចំរើន លោកចូរឈប់សិន កុំចូលទៅឡើយ ពីថ្ងៃនេះ ជាដើមរៀងតទៅ ឧបាលិគហបតីចុះចូល​ជាសាវ័ក របស់ព្រះសមណគោតមហើយ បិទទ្វារ ចំពោះពួក​និគ្រន្ថបុ្រស និងពួកនិគ្រន្ថស្រី​ហើយ ប៉ុន្តែមិនបិទទ្វារចំពោះពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាសាវ័ក របស់ព្រះមានព្រះភាគ បពិត្រលោកដ៏ចំរើន បើលោកត្រូវការដោយបិណ្ឌបាត សូមឈប់នៅទីនេះសិនចុះ ពួកជន នឹងនាំមកឲ្យលោក ត្រឹមទីនេះឯង។ អ្នករក្សាទ្វារ ក៏ទទួល​ពាក្យរបស់​ឧបាលិ​គហបតី ដោយពាក្យថា បាទ អ្នកដ៏ចំរើន។

[៧៦] ទីឃតបស្សីនិគ្រន្ថ បានឮដំណឹងថា ឧបាលិគហបតី ចុះចូលជាសាវ័ក របស់​ព្រះសមណគោតមហើយ។ ទើបទីឃតបស្សីនិគ្រន្ថ ចូលទៅរកនិគន្ថនាដបុត្ត លុះចូលទៅដល់ហើយ និយាយនឹងនិគន្ថនាដបុត្តដូច្នេះថា បពិត្រលោកដ៏ចំរើន ខ្ញុំបាន​ឮដំណឹងដូច្នេះថា ឧបាលិគហបតី ចុះចូលទៅជាសាវ័ក របស់ព្រះសមណគោតមហើយ។ និគន្ថនាដបុត្តតបថា នែតបស្សី ឧបាលិគហបតី គប្បីចុះចូលជាសាវ័ក នៃ​ព្រះសមណ​គោតម​ ដោយហេតុណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែនជាឱកាសឡើយ ឯព្រះសមណគោតម គប្បីចុះចូល​ជាសាវ័ក របស់ឧបាលិគហបតី ដោយហេតុណា ហេតុនុ៎ះ ទើប​ជាទីតាំងមានមែន។ ទីឃតបស្សីនិគ្រន្ថ ក៏និយាយនឹង​និគន្ថនាដបុត្ត ជាគំរប់ពីរដង ដូច្នេះថា បពិត្រលោកដ៏ចំរើន ខ្ញុំបាន​ឮដំណឹងដូច្នេះថា ឧបាលិគហបតី ចុះចូលទៅជាសាវ័ក របស់ព្រះសមណគោតមហើយ។ និគន្ថនាដបុត្តតបថា នែតបស្សី ឧបាលិគហបតី គប្បីចុះចូលទៅជាសាវ័ក របស់​ព្រះសមណ​គោតម​ ដោយហេតុណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែនជាឱកាសឡើយ ឯព្រះសមណគោតម គប្បីចុះចូល​មកជាសាវ័ក របស់ឧបាលិគហបតីវិគ ដោយហេតុណា ហេតុនុ៎ះ ទើប​ជាទីតាំងមានមែន។ ទីឃតបស្សីនិគ្រន្ថ និយាយនឹង​និគន្ថនាដបុត្ត ជាគំរប់៣ដង ដូច្នេះថា បពិត្រលោកដ៏ចំរើន ខ្ញុំបាន​ឮដំណឹងដូច្នេះថា ឧបាលិគហបតី ចុះចូលទៅជាសាវ័ក របស់​ព្រះសមណ​គោតម​ហើយ។ នែតបស្សី ឧបាលិគហបតី គប្បីចុះចូលទៅជាសាវ័ក របស់​ព្រះសមណ​គោតម​ ដោយហេតុណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែនជាឱកាសឡើយ ឯព្រះសមណ​គោតម គប្បីចុះចូលមក​ជាសាវ័ក របស់ឧបាលិគហបតីវិញ ដោយហេតុណា ហេតុនុ៎ះ ទើប​ជាទីតាំងមានមែន។ បពិត្រលោកដ៏ចំរើន ណ្ហើយចុះ ខ្ញុំនឹងទៅត្រាតែដឹងថា ឧបាលិគហបតី ចុះចូលទៅជាសាវ័ក របស់ព្រះសមណគោតមមែន ឬក៏មិនមែនទេ។ ម្នាលតបស្សី អ្នកចូរទៅចុះ អ្នកចូរដឹងថា ឧបាលិគហបតី ចុះចូលទៅជាសាវ័ក របស់​ព្រះសមណ​គោតមមែន ឬមិនមែនទេ។

[៧៧] លំដាប់នោះ ទីឃតបស្សីនិគ្រន្ថ ក៏ចូលទៅកាន់ផ្ទះ​របស់ឧបាលិគហបតី។ អ្នករក្សាទ្វារ បានឃើញទីឃតបស្សីនិគ្រន្ថ ដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏​និយាយនឹងទីឃតបស្សីនិគ្រន្ថដូច្នេះថា បពិត្រលោកដ៏ចំរើន លោកចូរឈប់សិន កុំចូលទៅឡើយ ពីថ្ងៃនេះ ជាដើមរៀងទៅ ឧបាលិគហបតី ចុះចូល​ជាសាវ័ក របស់​ព្រះសមណ​គោតមហើយ បិទទ្វារ ចំពោះពួក​និគ្រន្ថបុ្រស និងពួកនិគ្រន្ថស្រី​ មិនបាន​បិទទ្វារដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាសាវ័ក របស់ព្រះមានព្រះភាគ​ឡើយ បពិត្រលោកដ៏ចំរើន បើលោកត្រូវការដោយបិណ្ឌបាត សូមឈប់នៅត្រឹមនេះសិនចុះ ពួកជន នឹងនាំមកឲ្យលោក ក្នុងទីនេះឯង។ ទីឃតបស្សីនិយាយថា ម្នាលអាវុសោ យើងមិនត្រូវការដោយ​បិណ្ឌបាតទេ ហើយក៏ត្រឡប់មកអំពីទីនោះ ដើរចូលទៅរក​និគន្ថនាដបុត្ត លុះចូលទៅដល់ហើយ ទើបនិយាយ​នឹងនិគន្ថនាដបុត្តដូច្នេះថា បពិត្រ​លោក​ដ៏ចំរើន ឧបាលិគហបតី ចុះចូលជាសាវ័ក របស់​ព្រះសមណ​គោតមមែន​ហើយ បពិត្រលោកដ៏ចំរើន ខ្ញុំមិនបានជួប​នឹងឧបាលិគហបតីនុ៎ះ ដើម្បីលោកទេ បពិត្រលោកដ៏​ចំរើន ឧបាលិគហបតី គប្បីលើកឡើងនូវវាទៈ របស់ព្រះសមណគោតម ដោយហេតុណា ហេតុនុ៎ះ ខ្ញុំមិនពេញចិត្តទេ បពិត្រលោកដ៏ចំរើន ព្រោះថា ព្រះសមណគោតម ជាអ្នក​មានកិច្ចកល តែងដឹងនូវកិច្ចកល​សម្រាប់បោកប្រាស់ តែងបោកប្រាស់នូវសាវ័ក របស់ពួក​អន្យតិរ្ថិយ បពិត្រលោកដ៏ចំរើន ព្រះសមណគោតម បោកប្រាស់នូវឧបាលិគហបតី របស់​លោកដោយកិច្ចកល សម្រាប់បោកប្រាស់បានទៅហើយ។ និគន្ថនាដបុត្ត និយាយតបថា ម្នាលទីឃតបស្សី ឧបាលិគហបតី គប្បីចុះចូលជាសាវ័ក របស់​ព្រះសមណ​គោតម ដោយហេតុណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែនជាឱកាសឡើយ ឯព្រះសមណ​គោតម គប្បីចុះចូលជាសាវ័ក របស់ឧបាលិគហបតីវិញ ដោយហេតុណា ហេតុនុ៎ះ ទើប​ជាទីតាំងមានមែន។ ទីឃតបស្សីនិគ្រន្ថ និយាយនឹងនិគន្ថនាដបុត្ត ជាគំរប់ពីរដង ដូច្នេះថា បពិត្រលោកដ៏ចំរើន ឧបាលិគហបតី ចុះចូលជាសាវ័ក របស់​ព្រះសមណ​គោតមមែន​ហើយ បពិត្រលោកដ៏ចំរើន ខ្ញុំមិនបានជួប​នឹងឧបាលិគហបតីនុ៎ះ ដើម្បីលោកទេ បពិត្រ​លោកដ៏​ចំរើន ឧបាលិគហបតី គប្បីលើកឡើងនូវវាទៈ របស់ព្រះសមណគោតម ដោយ​ហេតុ​ណា ហេតុនុ៎ះ មិនពេញចិត្តខ្ញុំទេ បពិត្រលោកដ៏ចំរើន ព្រោះថា ព្រះសមណគោតម ជាអ្នក​មានកិច្ចកល តែងដឹងនូវកិច្ចកល​ សម្រាប់បោកប្រាស់ តែងបោកប្រាស់សាវ័ក របស់ពួក​អន្យតិរ្ថិយ បពិត្រលោកដ៏ចំរើន ព្រះសមណគោតម បោកប្រាស់ នូវឧបាលិ​គហបតី របស់​លោកដោយកិច្ចកលសម្រាប់បោកប្រាស់បានទៅហើយ។ ម្នាលតបស្សី ឧបាលិគហបតី គប្បីចុះចូលជាសាវ័ក របស់​ព្រះសមណ​គោតម ដោយហេតុណា ហេតុ​នុ៎ះ មិនមែនជាទីតាំង មិនមែនជាឱកាសឡើយ ឯព្រះសមណ​គោតម គប្បីចុះចូល​ជា​សាវ័ក របស់ឧបាលិគហបតីវិញ ដោយហេតុណា ហេតុនុ៎ះ ទើប​ជាទីតាំងមានមែន ម្នាលតបស្សី ណ្ហើយចុះ ខ្ញុំនឹងទៅត្រាតែដឹងដោយខ្លួនឯងថា ឧបាលិគហបតី ចុះចូលជា​សាវ័ក របស់ព្រះសមណគោតមមែន ឬក៏មិនមែនទេ។

[៧៨] លំដាប់នោះ និគន្ថនាដបុត្ត ជាមួយនឹងនិគន្ថបរិស័ទជាច្រើនរូប ចូលទៅ​កាន់ផ្ទះរបស់ឧបាលិគហបតី។ អ្នករក្សាទ្វារ​បានឃើញ និគន្ថនាដបុត្ត ដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏​និយាយនឹងនិគន្ថនាដបុត្ត ដូច្នេះថា បពិត្រលោកដ៏ចំរើន សូម​លោក​ឈប់សិន កុំចូលទៅឡើយ ពីថ្ងៃនេះ ជាដើមរៀងទៅ ឧបាលិគហបតី ចុះចូល​ជាសាវ័ក របស់​ព្រះសមណ​គោតមហើយ បានបិទទ្វារ ចំពោះពួក​និគ្រន្ថបុ្រស និងនិគ្រន្ថស្រី​ មិន​បាន​​បិទទ្វារ ចំពោះពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាសាវ័ក របស់ព្រះមានព្រះភាគ​ឡើយ បពិត្រលោកដ៏ចំរើន បើលោកត្រូវការដោយបិណ្ឌបាត សូមលោកឈប់នៅ​ត្រឹមទីនេះ​សិនចុះ ពួកជន នឹងនាំមកឲ្យលោក ក្នុងទីនេះឯង។ និគន្ថនាដបុត្ត និយាយថា ម្នាលអ្នករក្សាទ្វារ ជាសំឡាញ់ បើដូច្នោះ សូមអ្នកចូលទៅរក​ឧបាលិគហបតី លុះចូលទៅដល់ហើយ ក៏និយាយនឹងឧបាលិគហបតីយ៉ាងនេះថា និគន្ថនាដបុត្ត ជាមួយ​នឹងនិគន្ថបរិស័ទជាច្រើនរូប មកឈរនៅខាងក្រៅក្លោងទ្វារ និគន្ថនាដបុត្តនោះ ចង់ជួបនឹង​អ្នក។ អ្នករក្សាទ្វារ ទទួលពាក្យរបស់​និគន្ថនាដបុត្តថា អើលោកម្ចាស់ ហើយចូលទៅរក​ឧបាលិគហបតី លុះចូលទៅដល់ហើយ ក៏និយាយនឹងឧបាលិគហបតី ដូច្នេះថា បពិត្រអ្នកដ៏ចំរើន និគន្ថនាដបុត្ត ជាមួយ​នឹងនិគន្ថបរិស័ទជាច្រើនរូប មកឈរនៅ​ខាង​ក្រៅ​ក្លោងទ្វារ និគន្ថនាដបុត្តនោះ ចង់ជួបនឹង​អ្នក។ ឧបាលិគហបតី ក៏និយាយថា ម្នាលអ្នក​រក្សា​ទ្វារ ជាសំឡាញ់ បើដូច្នោះ ចូរអ្នកក្រាលអាសនៈ ត្រង់ក្លោងទ្វារជាកណ្តាលចុះ។ អ្នករក្សាទ្វារ ទទួលពាក្យឧបាលិគហបតីថា អើអ្នកដ៏ចំរើន ក៏ក្រាលអាសនៈ ត្រង់ក្លោងទ្វារ​ជាកណ្តាល ហើយត្រឡប់ចូលទៅរកឧបាលិគហបតីវិញ លុះចូលទៅដល់ហើយ ក៏និយាយប្រាប់ឧបាលិគហបតីដូច្នេះថា បពិត្រអ្នកដ៏ចំរើន ខ្ញុំបានក្រាលអាសនៈ ត្រង់ក្លោង​ទ្វារជាកណ្តាលរួចហើយ សូមអ្នកសំគាល់នូវ​កាលដ៏សមគួរ នឹងអញ្ជើញ​ទៅឥឡូវ​នេះចុះ។ ទើបឧបាលិគហបតី ដើរចូលទៅកាន់ក្លោងទ្វារ ជាកណ្តាល លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈខ្ពស់ប្រសើរ ឧត្តម ថ្លៃថ្លា ដោយខ្លួនឯង ហើយប្រាប់អ្នករក្សាទ្វារថា ម្នាលអ្នករក្សាទ្វារជាសំឡាញ់ បើដូច្នោះ ត្រូវអ្នកចូល​ទៅរក​ និគន្ថនាដបុត្ត លុះចូលទៅដល់ហើយ និយាយនឹងនិគន្ថនាដបុត្ត យ៉ាងនេះថា បពិត្រ​លោក​ដ៏ចំរើន ឧបាលិគហបតី បាននិយាយដូច្នេះថា បពិត្រលោកដ៏ចំរើន បើលោកចង់​ចូលទៅ​ ក៏ចូលទៅចុះ។ អ្នករក្សាទ្វារ ក៏ទទួលពាក្យឧបាលិគហបតីថា អើ​អ្នកដ៏ចំរើន ហើយក៏ចូលទៅរកនិគន្ថនាដបុត្ត លុះចូលទៅដល់ហើយ ក៏និយាយ​នឹងនិគន្ថនាដបុត្ត ដូច្នេះថា បពិត្រលោកដ៏​ចំរើន ឧបាលិគហបតី បាននិយាយយ៉ាងនេះថា បពិត្រលោក​ដ៏ចំរើន បើលោកចង់ចូលទៅ ក៏ចូលទៅចុះ។ លំដាប់នោះ និគន្ថនាដបុត្ត ព្រមទាំង​និគន្ថ​បរិស័ទច្រើនរូប ក៏ចូលទៅកាន់ក្លោងទ្វារជាកណ្តាល។

[៧៩] កាលពីដើម បើឧបាលិគហបតី បានឃើញ​និគន្ថនាដបុត្ត មកអំពី​ចម្ងាយ ក្នុងកាលណា លុះឃើញហើយ ក៏ក្រោកទៅទទួល ក្នុងកាលនោះ ហើយយកសំពត់​បង់ក ជូតសំអាតអាសនៈដ៏ខ្ពង់ខ្ពស់ប្រសើរ ឧត្តម ថ្លៃថ្លា ហើយគ្រាហ៍ឡើងទៅអង្គុយ តែ​ពេលនេះ ឧបាលិគហបតីនោះ ត្រឡប់ទៅជាឡើងអង្គុយលើអាសនៈដ៏ខ្ពង់ខ្ពស់ ប្រសើរ ឧត្តម ថ្លៃថ្លាខ្លួនឯងវិញ ហើយក៏និយាយ​នឹងនិគន្ថនាដបុត្តថា នែគហបតីដ៏ចំរើន អាសនៈ​មានគ្រប់គ្រាន់ បើអ្នកត្រូវការ ចូរអង្គុយចុះ។ កាលបើឧបាលិគហបតី និយាយយ៉ាង​នេះហើយ និគន្ថនាដបុត្ត ក៏និយាយនឹងឧបាលិគហបតី ដូច្នេះវិញថា ម្នាលគហបតី អ្នកឆ្កួត​ទេឬ ម្នាលគហបតី អ្នកឯងលីលាទេឬ អ្នកនិយាយថា បពិត្រ​លោកដ៏​ចំរើន ខ្ញុំ​នឹងទៅលើកវាទៈ របស់ព្រះសមណគោតម លុះទៅហើយ ម្តេចឡើយ ក៏ត្រឡប់​ជាពាក់ឃ្នាប គឺវាទៈដ៏ធំលើក្បាលមកវិញ ម្នាលគហបតី ដូចជាបុរសនាំអណ្ឌៈដើរទៅ ក៏​ត្រឡប់នាំយកអណ្ឌៈ ដែលគេកាត់ចេញ ដើរមកវិញ ម្នាលគហបតី ពុំនោះសោត ដូចជា​បុរសនាំយកភ្នែក​ជាល្អដើរទៅ ត្រឡប់​នាំយកភ្នែកដែលគេឆ្កៀលចេញ ដើរមកវិញ ម្នាល​គហបតី អ្នកក៏យ៉ាងហ្នឹងដែរ និយាយថា បពិត្រលោកដ៏ចំរើន ខ្ញុំនឹងទៅលើកវាទៈ របស់​ព្រះសមណគោតម លុះទៅដល់ហើយ ម្តេចឡើយ ក៏ត្រឡប់​ជាពាក់ឃ្នាប គឺវាទៈ ដ៏ធំ​លើក្បាល ដើរមកវិញ ម្នាលគហបតី អ្នកត្រូវព្រះសមណគោតម បោកប្រាស់ ដោយ​កល ជាគ្រឿងបោកប្រាស់ហើយ។

[៨០] បពិត្រលោកដ៏ចំរើន កលជាគ្រឿងបោកប្រាស់ ស្រួលពេកណាស់ បពិត្រលោកដ៏ចំរើន កលជាគ្រឿងបោកប្រាស់ ល្អពេកណាស់ បពិត្រលោកដ៏ចំរើន ញាតិ​សាលោហិតទាំងឡាយ ជាទីស្រឡាញ់របស់ខ្ញុំ គប្បីចាញ់បោកដោយកល ជាគ្រឿងបោកប្រាស់នេះ ការចាញ់បោកនោះ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ អស់កាលជាអង្វែង ដល់ញាតិ និងសាលោហិត ដែលជាទីស្រឡាញ់ របស់ខ្ញុំ បពិត្រលោកដ៏ចំរើន ប្រសិនបើពួកក្សត្រទាំងអស់ គប្បីចាញ់បោកដោយកល ជាគ្រឿងបោកនេះ ការចាញ់បោកនោះ នឹងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បី​សេចក្តីសុខ អស់កាលជាអង្វែង ដល់ពួកក្សត្រទាំងអស់ បពិត្រលោកដ៏ចំរើន ប្រសិនបើពួកព្រាហ្មណ៍ទាំងអស់។បេ។ ពួកវេស្សៈ។បេ។ ពួកសុទ្ធៈ គប្បីចាញ់បោក​ដោយកល ជាគ្រឿងបោកនេះ ការចាញ់បោកនោះ នឹងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បី​សេចក្តីសុខ អស់កាលជាអង្វែង ដល់ពួកសុទ្ទៈទាំងអស់ បពិត្រលោកដ៏ចំរើន ប្រសិនបើលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស គប្បីចាញ់បោក​ដោយកល ជាគ្រឿងបោកនេះ ការចាញ់បោកនោះ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ អស់កាលជាអង្វែង ដល់លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ដល់សត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និង​មនុស្សដ៏សេស បពិត្រលោកដ៏ចំរើន ណ្ហើយចុះ ខ្ញុំនឹងធ្វើសេចក្តីឧបមាដល់លោក វិញ្ញូបុរស​ពួកមួយ ក្នុងលោកនេះ គង់ដឹងនូវសេចក្តីនៃភាសិត ដោយឧបមាខ្លះមិនខាន។

[៨១] បពិត្រលោកដ៏ចំរើន រឿងធ្លាប់មានមកហើយថា មានព្រាហ្មណ៍​ម្នាក់ ចាស់ព្រឹទ្ធា ជាធំដោយអាយុ បាននាងមាណវិកាក្រមុំជាប្រពន្ធ មានផ្ទៃពោះ ជិតដល់​កាលនឹងប្រសូត។ បពិត្រលោកដ៏ចំរើន គ្រានោះ នាងមាណវិកានោះ ក៏និយាយនឹង​ព្រាហ្មណ៍នោះ ដូច្នេះថា ម្នាលព្រាហ្មណ៍ អ្នកចូរទៅទិញកូនស្វាឈ្មោល ពីផ្សារយកមក ដើម្បីឲ្យកុមាររបស់ខ្ញុំលេង។ បពិត្រលោកដ៏ចំរើន កាលដែលនាងមាណវិកានិយាយ​យ៉ាងនេះ ព្រាហ្មណ៍នោះ ក៏និយាយដូច្នេះ នឹងនាងមាណវិកានោះថា ម្នាលនាងដ៏ចំរើន នាងចូរបង្អង់ចាំ ទំរាំនាងប្រសូតសិន ម្នាលនាងដ៏ចំរើន បើនាងប្រសូតកុមារ សិម​អញទៅ​ទិញកូនស្វាឈ្មោលពីផ្សារ យកមកឲ្យនាង ដើម្បីឲ្យកុមាររបស់នាងលេង ម្នាលនាងដ៏​ចំរើន តែប្រសិនបើនាងប្រសូតកុមារី អញនឹងទៅទិញកូនស្វាញីពីផ្សារយកមកឲ្យនាង ដើម្បីឲ្យកុមារីរបស់នាងលេង។ បពិត្រលោកដ៏ចំរើន នាងមាណវិកានោះ និយាយនឹង​ព្រាហ្មណ៍នោះ ដូច្នេះជាគំរប់ពីរដងទៀតថា ម្នាលព្រាហ្មណ៍ អ្នកចូរទៅទិញកូន​ស្វា​ឈ្មោល ពីផ្សារយកមក ដើម្បីឲ្យកុមាររបស់ខ្ញុំលេង។ បពិត្រលោកដ៏ចំរើន ព្រាហ្មណ៍នោះ និយាយនឹងនាងមាណវិកានោះដូច្នេះ ជាគំរប់ពីរដងទៀតថា ម្នាលនាងដ៏ចំរើន ចូរនាង​បង្អង់ចាំ ទំរាំនាងប្រសូតសិន ម្នាលនាងដ៏ចំរើន បើនាងប្រសូតកុមារ សិម​អញទៅ​ទិញ​កូន​ស្វាឈ្មោលពីផ្សារ យកមកឲ្យនាង ដើម្បីឲ្យកុមាររបស់នាងលេង ម្នាលនាងដ៏​ចំរើន តែប្រសិនបើនាងប្រសូតកុមារី អញនឹងទៅទិញកូនស្វាញីពីផ្សារយកមកឲ្យនាង ដើម្បី​ឲ្យកុមារី​របស់នាងលេង។ បពិត្រលោកដ៏ចំរើន នាងមាណវិកានោះ និយាយនឹង​ព្រាហ្មណ៍នោះ ដូច្នេះ ជាគំរប់បីដងទៀតថា ម្នាលព្រាហ្មណ៍ អ្នកចូរទៅទិញ​កូន​ស្វា​ឈ្មោល ពីផ្សារយកមក ដើម្បីឲ្យកុមាររបស់ខ្ញុំលេង។ បពិត្រលោកដ៏ចំរើន គ្រានោះ ព្រាហ្មណ៍នោះមានតម្រេក មានចិត្តប្រតិព័ទ្ធ ចំពោះ​នាងមាណវិកានោះ ក៏ទៅទិញ​កូនស្វា​ឈ្មោលពីផ្សារ យកមក ហើយនិយាយដូច្នេះ នឹងនាងមាណវិកានោះថា ម្នាលនាងដ៏​ចំរើន កូនស្វាឈ្មោលនេះ អញបាន​ទៅទិញ​មកពីផ្សារ យកមកឲ្យ​នាងហើយ ដើម្បីឲ្យកុមាររបស់នាងលេង។ បពិត្រលោកដ៏ចំរើន កាលដែលព្រាហ្មណ៍និយាយ​យ៉ាង​នេះហើយ នាងមាណវិកានោះ ក៏និយាយដូច្នេះ នឹងព្រាហ្មណ៍​នោះថា ម្នាលព្រាហ្មណ៍​ ចូរ​អ្នកនាំយកកូនស្វាឈ្មោលនេះ ដើរចូលទៅរក​រជកបុត្រ (កូនជាងជ្រលក់) ឈ្មោះ​រត្តបាណិ11) លុះចូលទៅដល់ហើយ ចូរនិយាយនឹងរត្តបាណីរជក​បុត្រ យ៉ាងនេះថា ម្នាលរត្តបាណីជាសំឡាញ់ ខ្ញុំចង់ឲ្យអ្នក​យករង្គ12) ជាគ្រឿងលាបមានពណ៌លឿង មកជ្រលក់កូនស្វាឈ្មោលនេះ បោកគក់ឲ្យសព្វ ធ្វើឲ្យមានសម្បុរស្អាតទាំងពីរខាង។ បពិត្រលោកដ៏ចំរើន គ្រានោះ ព្រាហ្មណ៍នោះ មានតម្រេក មានចិត្តប្រតិព័ទ្ធ ចំពោះ​នាងមាណវិកានោះ ក៏យកកូនស្វាឈ្មោល ចូលទៅរករត្តបាណីរជកបុត្រ លុះចូលទៅដល់ហើយ ក៏និយាយដូច្នេះ នឹងរត្តបាណីរជកបុត្រថា ម្នាលរត្តបាណីជាសំឡាញ់ ខ្ញុំចង់ឲ្យអ្នក​យក​រង្គ ជាគ្រឿងលាប មានពណ៌លឿង មកជ្រលក់កូនស្វាឈ្មោលនេះឲ្យសព្វ ធ្វើឲ្យមានសម្បុរ​ស្អាតទាំងពីរខាង។ បពិត្រលោកដ៏ចំរើន កាលដែលព្រាហ្មណ៍និយាយយ៉ាងនេះហើយ រត្តបាណីរជកបុត្រ ក៏និយាយដូច្នេះ នឹងព្រាហ្មណ៍នោះថា នែអ្នកដ៏ចំរើន កូនស្វាឈ្មោល​របស់អ្នកនេះ គួរដល់គ្រឿងជ្រលក់ តែមិនគួរដល់ការបោកគក់ មិនគួរដល់ការ​ដុសខាត់​ឡើយ។ បពិត្រលោកដ៏ចំរើន វាទៈ របស់ពួកនិគ្រន្ថពាល គួរដល់​គ្រឿងជ្រលក់ របស់ពួក​ជនពាលបាន ប៉ុន្តែមិនគួរដល់​គ្រឿងជ្រលក់ របស់ពួកបណ្ឌិត ទាំងមិនគួរដល់​សេចក្តី​ព្យាយាម មិនគួរដល់ការដុសខាត់ចិត្តឡើយ យ៉ាងនោះឯង។ បពិត្រលោកដ៏ចំរើន គ្រានោះ ព្រាហ្មណ៍នោះ ក៏បានយកសំពត់ថ្មីមួយគូ ចូលទៅរករត្តបាណីរជកបុត្រ ក្នុងសម័យ​ជាខាងក្រោយ លុះចូលទៅដល់ហើយ ក៏និយាយដូច្នេះ នឹងរត្តបាណីរជកបុត្រថា ម្នាលរត្តបាណីជាសំឡាញ់ ខ្ញុំចង់ឲ្យអ្នកយករង្គ ជាគ្រឿង​លាប មានពណ៌លឿង មកជ្រលក់សំពត់ថ្មី១គូនេះ បោកគក់ឲ្យសព្វ ធ្វើឲ្យមានសម្បុរម៉ដ្ឋ ទាំងពីរខាង។ បពិត្រលោកដ៏ចំរើន កាលដែលព្រាហ្មណ៍និយាយយ៉ាងនេះហើយ រត្តបាណីរជកបុត្រ ក៏និយាយដូច្នេះ នឹងព្រាហ្មណ៍នោះថា នែអ្នកដ៏ចំរើន សំពត់ថ្មី១គូ របស់អ្នកនេះ គួរដល់គ្រឿងជ្រលក់ផង គួរដល់ការបោកគក់ផង គួរដល់ការ​ដុសខាត់ផង។​ បពិត្រលោកដ៏ចំរើន វាទៈ របស់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ គួរដល់​គ្រឿងជ្រលក់ របស់ពួកបណ្ឌិត គួរដល់សេចក្តីព្យាយាមផង គួរដល់​ការដុសខាត់ផង របស់បណ្ឌិត មិនគួរដល់ពួកជនពាលទេ យ៉ាងនេះឯង។ និគន្ថនាដបុត្ត និយាយថា ម្នាលគហបតី បរិស័ទព្រមទាំងស្តេច តែងស្គាល់​អ្នកយ៉ាងនេះថា ឧបាលិគហបតី ជាសាវ័ក​របស់និគន្ថនាដបុត្ត ម្នាលគហបតី ឥឡូវយើងនឹងចាំបាន​ថា អ្នកជាសាវ័ក​របស់បុគ្គលណា។

[៨២] កាលដែលនិគន្ថនាដបុត្តពោលយ៉ាងនេះហើយ ឧបាលិគហបតី ក៏ក្រោកចាក​អាសនៈ ធ្វើសំពត់បង់ក ឆៀងស្មាម្ខាង ប្រណមអញ្ជលីឆ្ពោះទៅរក​ព្រះមានព្រះភាគ ហើយនិយាយដូច្នេះ នឹងនិគន្ថនាដបុត្តថា បពិត្រលោកដ៏ចំរើន បើដូច្នោះ លោកចូរស្តាប់ ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគណា ដែលមានប្រាជ្ញា​ខ្ជាប់ខ្ជួន មានមោហៈទៅប្រាសហើយ មានបង្គោលបាក់បែកហើយ បានឈ្នះមារ13) ហើយ ឥតមានសេចក្តីទុក្ខ14) មានព្រះទ័យស្មើល្អ មានសីលដ៏ចំរើន មានប្រាជ្ញាល្អ បានឆ្លង​នូវវិសមធម៌15) ប្រាសចាកមន្ទិល ខ្ញុំជាសាវ័ករបស់​ព្រះមានព្រះភាគ​អង្គនោះ ព្រះមានព្រះភាគអង្គណា ព្រះអង្គឥតមានសេចក្តីសង្ស័យ មានព្រះទ័យស្រស់ស្រាយ មានអាមិសៈក្នុងលោក ខ្ជាក់ចោលហើយ មានព្រះទ័យ​រីករាយ មានសមណធម៌ធ្វើស្រេចហើយ ជាមនុស្សមានសរីរៈតាំងនៅក្នុងទីបំផុត ជានរជាត រកបុគ្គលប្រៀបគ្មាន ប្រាសចាកធូលី គឺកិលេស ខ្ញុំជាសាវ័ក របស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ឥតមានសេចក្តីសង្ស័យ ជាអ្នក​ឈ្លាសវៃ ព្រះអង្គជាអ្នកដឹកនាំសត្វ ជាសារថីដ៏ប្រសើរ ជាបុគ្គលប្រសើរ រកអ្នកណា​ស្មើគ្មាន មានធម៌ដ៏រុងរឿង ឥតមានកង្ខា ជាអ្នកធ្វើពន្លឺ ផ្តាច់បង់នូវមានះហើយ មានព្យាយាម ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ព្រះអង្គប្រសើរ មានគុណប្រមាណមិនបាន ប្រកបដោយគុណដ៏ជ្រាលជ្រៅ ដល់នូវ​សេចក្តីដឹង ធ្វើនូវសេចក្តី​ក្សេម ប្រកបដោយប្រាជ្ញា ទ្រង់ឋិតនៅក្នុងធម៌ ទ្រង់សង្រួម​ដោយប្រពៃ ទ្រង់កន្លងបង់នូវកិលេស ជាគ្រឿងជាប់នៅ ទ្រង់រួចចាកគ្រឿងសៅហ្មង ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ព្រះអង្គប្រសើរ ទ្រង់មានសេនាសនៈស្ងាត់ មានសំយោជនៈអស់ហើយ មានព្រះទ័យ​រួចស្រឡះ​ ចាក​កិលេស មានប្រាជ្ញាជាគ្រឿង​ប្រឹក្សា ទ្រង់​ប្រកបដោយសេចក្តីដឹង មានទង់ គឺមានះ​ដាក់ចុះហើយ ប្រាសចាករាគៈហើយ ទ្រង់ទូន្មានឥន្ទ្រិយហើយ មិនមានធម៌ជាគ្រឿង​ធ្វើសត្វឲ្យយឺតយូរ ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ព្រះអង្គជាឥសីទី៧16) មិនកុហក មានត្រៃវិជ្ជា ជាសត្វដ៏ប្រសើរ ទ្រង់លាងកិលេសអស់ហើយ ឈ្លាសវៃក្នុងបទគាថា ទ្រង់រម្ងាប់សេចក្តីក្រវល់ក្រវាយ​ហើយ ទ្រង់មានសេចក្តីដឹងដ៏វិសេស ទ្រង់ប្រទាន​ធម៌មុនជនទាំងពួង ជាអ្នកអង់អាច ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ព្រះអង្គជា​ព្រះអរិយៈ មានព្រះទ័យចំរើនហើយ ដល់នូវគុណដែលគួរដល់ ទ្រង់សំដែង​នូវសេចក្តី​ជាក់ច្បាស់ ទ្រង់មានព្រះស្មារតី ទ្រង់មានប្រាជ្ញា ជាគ្រឿងឃើញច្បាស់ មានព្រះទ័យ​មិនបានទន់ទៅ មានព្រះទ័យមិនប្រព្រឹត្តទៅក្នុងកិលេស មានព្រះទ័យមិនញាប់ញ័រ ទ្រង់ដល់នូវការស្ទាត់ ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ព្រះអង្គជាអ្នកប្រព្រឹត្តដោយប្រពៃ ជាអ្នក​មានឈាន មានព្រះ​សន្តានមិនប្រព្រឹត្តទៅតាមកិលេស មានព្រះទ័យស្អាត មិនជាប់ចំពាក់ ឥតមានសេចក្តី​ខ្លាច មានកាយនិងចិត្តស្ងាត់ហើយ ដល់នូវភាវៈជាបុគ្គលប្រសើរ ជាអ្នកឆ្លងចាកលោក ជាអ្នកចម្លងសត្វ ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ព្រះអង្គមានព្រះទ័យស្ងប់រម្ងាប់ហើយ មានប្រាជ្ញាដូចជាផែនដី មានប្រាជ្ញាច្រើន ប្រាសចាក​លោភៈហើយ ព្រះអង្គមានដំណើរដូចព្រះសម្ពុទ្ធអំពីបូរាណ ទ្រង់មានដំណើរល្អ ឥតមាន​បុគ្គលប្រៀប ឥតមានអ្នកណាស្មើ អ្នកក្លៀវក្លា មានប្រាជ្ញាល្អិត ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ទ្រង់​ផ្តាច់តណ្ហា​ហើយ ទ្រង់ត្រាស់ដឹងនូវសច្ចធម៌ហើយ ទ្រង់ប្រាសចាកផ្សែង17) ហើយ មិនប្រឡាក់ដោយតណ្ហា និងទិដ្ឋិ គួរ​ទទួលគ្រឿងបូជា ព្រះអង្គជាយក្ខ18) ជាបុគ្គលដ៏ឧត្តម ឥតមានអ្នក​ណាថ្លឹងបាន ព្រះអង្គជាធំ ដល់នូវយសដ៏ប្រសើរ ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ។

[៨៣] និគន្ថនាដបុត្តពោលថា ម្នាលគហបតី ចុះគុណរបស់សមណគោតម​ទាំង​អម្បាលនេះ អ្នកប្រមូលមកអំពីកាលណា។ ឧបាលិគហបតីតបថា បពិត្រលោកដ៏ចំរើន គំនរផ្កាធំ នៃផ្កាផ្សេង។ មាលាការក្តី កូនសិស្សរបស់មាលាការក្តី ដែលជាអ្នកប៉ិន​ប្រសប់ ក្រងផ្កានោះ ឲ្យជាកម្រងដ៏វិចិត្រ មានឧបមាយ៉ាងណា បពិត្រលោកដ៏ចំរើន ព្រះមានព្រះភាគ អង្គនោះ មានគុណច្រើន មានគុណជាច្រើនរយ មានឧបមេយ្យ​យ៉ាង​នោះ បពិត្រលោកដ៏ចំរើន អ្នកណានឹង​អាចមិនធ្វើ នូវសេចក្តី​សរសើរ ដល់ព្រះអង្គ ដែលមានគុណ​គួរសរសើរបាន។ គ្រានោះឯង និគន្ថនាដបុត្ត អត់ទ្រាំនឹងសក្ការៈរបស់​ព្រះមានព្រះភាគមិនបាន ក៏ក្អួតឈាមក្តៅៗ ចេញពីមាត់ក្នុងទីនោះឯង។

ចប់ ឧបាលិវាទសូត្រ ទី៦។

 

លេខយោង

1)
ជាឈ្មោះវត្តព្រៃស្វាយ របស់បាវារិកសេដ្ឋី។ បានឮមកថា សេដ្ឋីនោះ បានស្តាប់ធម៌ទេសនា របស់​ព្រះមានព្រះភាគ មានសេចក្តីជ្រះថ្លា បានកសាងវត្ត ប្រដាប់​ដោយសេនាសនៈផ្សេងៗ មានកុដិ គូហា និងមណ្ឌបជាដើម ក្នុងឱទ្យាននោះ ថ្វាយ​ព្រះមានព្រះភាគ។ បានជាវត្តនោះ ឈ្មោះថា វត្តបាវារិកម្ពវ័ន ដូចជាវត្តជីវកម្ពវ័នដូច្នោះដែរ។ អដ្ឋកថា។
2)
ហួសវេលាថ្ងៃត្រង់ទៅ។
3)
ការនិយាយដោយសំដី
4)
និគ្រន្ថឃាត់បង់ទឹកត្រជាក់ ព្រោះសំគាល់ថាជាសត្វ អដ្ឋកថា។
5)
ទេវតាជាប់នៅក្នុងចិត្ត។
6)
គឺមិនសម្លាប់ដោយខ្លួនឯង មិនប្រើគេឲ្យសម្លាប់ មិនត្រេកអរនឹងអ្នកសម្លាប់១ មិនលួចដោយខ្លួនឯង មិនប្រើគេឲ្យលួច មិនត្រេកអរនឹងអ្នកលួច១ មិននិយាយកុហកដោយខ្លួនឯង មិនប្រើគេឲ្យនិយាយកុហក មិនត្រេកអរនឹងអ្នកនិយាយកុហក១ មិនប្រាថ្នាបញ្ចកាមគុណដោយខ្លួនឯង មិនប្រើគេឲ្យប្រាថ្នាបញ្ចកាមគុណ មិនត្រេកអរនឹងអ្នកប្រាថ្នាបញ្ចកាមគុណ១។ រួមជា​ចំណែក៤។ អដ្ឋកថា។
7)
១-២-៣-៤ អំពីដើម ថាឈ្មោះដែន ទណ្ឌកី កាលិង្គៈ មេជ្ឈៈ និងមាតង្គៈ តែមនុស្សក្នុងដែនទាំងនោះ ស្លាប់វិនាសអស់ទៅ ព្រោះធ្វើចិត្តប្រទូស្តនឹងពួកឥសី ដែនទាំងនោះ ក៏ក្លាយទៅជាព្រៃ គេហៅថា ព្រៃទណ្ឌកី កាលិង្គៈ មេជ្ឈៈ និងមាតង្គៈ ដូច្នេះវិញ។ អដ្ឋកថា។
8)
9)
10)
11)
មានបាតដៃក្រហម។
12)
គ្រឿងលាប គ្រឿង​ជ្រលក់។
13)
សំដៅយកមច្ចុមារ កិលេសមារ ទេវបុត្តមារ។
14)
សំដៅយក​កិលេសទុក្ខ និងវិបាកទុក្ខ។
15)
សំដៅយករាគាទិក្កិលេស។
16)
បានជាហៅថា ឥសី ព្រោះព្រះអង្គស្វែងរកគុណធម៌ រាប់តាំងពី​ព្រះពុទ្ធវិបស្សីមក ជាគំរប់៧នឹងព្រះអង្គ។
17)
ផ្សែងក្នុងទីនេះ សំដៅយក កោធៈ១ តណ្ហា១ វិតក្កៈ១ បញ្ចកាមគុណ១។
18)
បានជាឈ្មោះថាយក្ខ ព្រោះអាចសំដែង​នូវអានុភាព​បាន ឬអាចសំដែង​ព្រះកាយ មិនឲ្យគេមើលឃើញបាន។
km/tipitaka/sut/mn/sut.mn.056.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann