km:tipitaka:sut:mn:sut.mn.058



អភយរាជកុមារសូត្រ ទី៨

សង្ខេប

តើ​ត្រូវ​ប្រើ​ពាក្យ​ធ្ងន់ៗ ដែល​ពិបាក​ទ្រាំ​ទេ? និគន្ថនាដ​បុត្រ ​ បាន​និយាយ​នឹង​អភយ​រាជ​កុមារ ​អោយ​ទៅ​លើក​ឡើងនូវវាទៈ ដើម្បី​ផ្ចាញ់​ផ្ចាល​ព្រះ​ពុទ្ធ​ៗ បាន​ដោះ​ស្រាយ​​​​នូវ​វាទៈ បង្ហាញ​អំពី​សម្មា​វាចារ​ ដោយ​ប្រើ​បញ្ញា​ញាណ​របស់​ទ្រង់។

mn 058 បាលី cs-km: sut.mn.058 អដ្ឋកថា: sut.mn.058_att PTS: ?

(ទី៨) អភយរាជកុមារសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៨. អភយរាជកុមារសុត្តំ)

[៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ក្នុងក្រុងរាជគ្រឹះ។ គ្រានោះ អភយរាជកុមារ1) ចូលទៅរក​និគន្ថនាដបុត្រ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំនិគន្ថនាដបុត្រ រួចអង្គុយនៅក្នុងទីសមគួរ។

[៩២] និគន្ថនាដបុត្រ បាននិយាយនឹងអភយរាជកុមារ ដែល​អង្គុយនៅក្នុងទី​សមគួរ យ៉ាងនេះថា ម្នាលរាជកុមារ ទ្រង់ចូរមក ចូរទ្រង់លើកឡើងនូវវាទៈ គឺលើក​វាទៈ ចំពោះព្រះសមណគោតម ទ្រង់នឹង​មានកិត្តិសព្ទដ៏ពីរោះល្បីខ្ចរខ្ចាយទៅយ៉ាងនេះថា អភយរាជកុមារ ហ៊ានលើកវាទៈព្រះសមណគោតម ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ។ អភយរាជកុមារ សួរថា បពិត្រលោកដ៏ចំរើន ខ្ញុំនឹង​លើកទោសព្រះសមណគោតម ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាព​ច្រើន​យ៉ាង​នេះ ដោយប្រការដូចម្តេច។ និគន្ថនាដបុត្តឆ្លើយថា ម្នាលរាជកុមារ ទ្រង់ចូរមក ចូរទ្រង់​ទៅរកព្រះសមណគោតម លុះចូលទៅដល់ហើយ ចូរពោលយ៉ាងនេះ នឹងព្រះសមណគោតមថា បពិត្រព្រះអង្គដ៏ចំរើន វាចាណាមិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជនទាំងឡាយដទៃ ព្រះតថាគត គប្បីពោលវាចានោះដែរឬទេ ប្រសិនបើ ទ្រង់សួរយ៉ាងនេះហើយ ព្រះសមណគោតម នឹងដោះស្រាយ​យ៉ាងនេះថា ម្នាលរាជកុមារ វាចាណា មិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជនទាំងឡាយដទៃ តថាគត គប្បីពោល​វាចានោះដែរ ទ្រង់គប្បីពោលនឹង​ព្រះសមណគោតម យ៉ាងនេះទៀតថា បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ អំពើរបស់ព្រះអង្គ ផ្សេងអ្វីអំពីបុថុជ្ជន ព្រោះថា វាចាណា មិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជនទាំងឡាយដទៃ បុថុជ្ជន ក៏ពោល​នូវវាចានេះដែរ ប្រសិនបើទ្រង់សួរយ៉ាងនេះហើយ ព្រះសមណគោតម គង់នឹង​ដោះស្រាយ យ៉ាងនេះថា ម្នាលរាជកុមារ វាចាណាមិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជនទាំងឡាយដទៃ តថាគត មិនពោលនូវវាចានោះទេ ទ្រង់គប្បីពោលនឹង​សមណគោតមនោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ ហេតុអ្វី​ បានជាព្រះអង្គ ទ្រង់ព្យាករទេវទត្តថា ទេវទត្តកើតក្នុងអបាយ ទេវទត្ត កើតក្នុងនរក ទេវទត្ត ឋិតនៅអស់១កប្ប ទេវទត្ត (បើទុកជាពាន់នៃព្រះពុទ្ធ) ក៏មិនអាចជួយកែបាន ហើយ​ទេវទត្ត ក៏ខឹងអាក់អន់ចិត្ត ដោយវាចារបស់ព្រះអង្គនោះ។ ម្នាលរាជកុមារ កាលបើ​ទ្រង់សួរបញ្ហា ប្រកបដោយទីបំផុតទាំងពីរខាងនេះហើយ ព្រះសមណគោតម ក៏មិនអាច​នឹងលេបចូល មិនអាចខ្ជាក់ចេញបានឡើយ ដូចក្រចាប់ ដែលស្លាក់​នៅក្នុង​បំពង់កនៃបុរស បុរសនោះ មិនអាចលេបចូល មិនអាចខ្ជាក់ចេញបាន យ៉ាងណា ម្នាលរាជកុមារ កាលបើទ្រង់សួរបញ្ហា ប្រកបដោយទីបំផុតទាំងពីរខាងនេះហើយ ព្រះសមណគោតម ក៏មិនអាច​នឹងលេបចូល មិនអាចខ្ជាក់ចេញបាន យ៉ាងនោះឯង។ អភយរាជកុមារ ទទួលស្តាប់ពាក្យនិគន្ថនាដបុត្ត ដោយពាក្យថា ករុណាលោកម្ចាស់ ហើយក្រោកចាកទីអង្គុយ ក្រាបថ្វាយបង្គំនិគន្ថនាដបុត្ត ធ្វើប្រទក្សិណ ហើយចូល​សំដៅ​ទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួច​អង្គុយក្នុងទីសមគួរ។ លុះអភយរាជកុមារ អង្គុយក្នុងទីសមគួរហើយ ក៏ក្រឡេក​មើល​ព្រះអាទិត្យ មានសេចក្តីត្រិះរិះយ៉ាងនេះថា ថ្ងៃនេះជាកាលមិនសមគួរ ដើម្បីលើក​វាទៈ ចំពោះព្រះមានព្រះភាគឡើយ អាត្មាអញ នឹងលើកវាទៈ ចំពោះព្រះមានព្រះភាគ ក្នុងលំនៅ​របស់ខ្លួន ក្នុងថ្ងៃស្អែកវិញ។ ឯអភយរាជកុមារ ក៏ក្រាបទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ មានភិក្ខុជាគំរប់៤នឹងព្រះអង្គ ទៅ​ទទួលភត្តរបស់ខ្ញុំក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព។ លំដាប់នោះ អភយរាជកុមារ ដឹងច្បាស់នូវការទទួលនិមន្តន៍ របស់ព្រះមានព្រះភាគ​ហើយ ក្រោកចាកទីអង្គុយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ គ្រាកាលរាត្រីកន្លងទៅហើយ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ទ្រង់យាងសំដៅទៅ​កាន់លំនៅ នៃអភយរាជកុមារ លុះទ្រង់​ពុទ្ធដំណើរទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លំដាប់នោះ អភយរាជកុមារ បានអង្គាស​ខាទនីយ ភោជនីយាហារ ដ៏ឆ្ងាញ់ពិសារ ដោយដៃខ្លួនឯង ថ្វាយ​ព្រះមានព្រះភាគសោយ ឲ្យឆ្អែតស្កប់ស្កល់។ គ្រានោះ អភយរាជកុមារ ដឹងថា ព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏កាន់យក​នូវអាសនៈទាបមួយ អង្គុយក្នុងទីសមគួរ។

[៩៣] លុះអភយរាជកុមារ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន វាចាណា មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ ព្រះតថាគត គប្បីពោល​វាចា​នោះដែរឬទេ។ ព្រះអង្គត្រាស់ថា ម្នាលរាជកុមារ ការដោះស្រាយក្នុងបញ្ហានេះ មិនតែ​មួយចំណែកទេ។ បពិត្រព្រះអង្គដ៏ចំរើន បើការដោះស្រាយក្នុងបញ្ហានេះ មិនតែ​មួយចំណែកនោះហើយ និគ្រន្ថទាំងឡាយ មុខជាវិនាសមិនខាន។ ម្នាលរាជកុមារ ហេតុ​ដូចម្តេច បានជាអ្នកពោលយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន បើការដោះស្រាយ ក្នុងបញ្ហានេះ មិនតែ​មួយចំណែកនោះហើយ ពួកនិគ្រន្ថ មុខជានឹងវិនាសពុំខាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មកក្នុងទីនេះ ព្រោះខ្ញុំព្រះអង្គ បានចូលទៅរកនិគន្ថនាដបុត្ត លុះចូលទៅដល់ហើយ ថ្វាយបង្គំ​និគន្ថនាដបុត្ត ហើយអង្គុយក្នុងទីសមគួរ បពិត្រព្រះអង្គដ៏ចំរើន លុះខ្ញុំព្រះអង្គ អង្គុយក្នុងទីសមគួរហើយ និគន្ថនាដបុត្ត ក៏បាននិយាយ​ថា ម្នាលរាជកុមារ សូមទ្រង់មក សូមទ្រង់លើកវាទៈ ចំពោះព្រះសមណ​គោតម ទ្រង់នឹង​មានកិត្តិសព្ទ ល្បីខ្ចរខ្ចាយទៅយ៉ាងនេះថា អភយរាជកុមារ ហ៊ាន​លើក​វាទៈ​ ចំពោះព្រះសមណគោតម ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាព​ច្រើន​យ៉ាង​នេះបាន កាលនិគន្ថនាដបុត្ត ពោលយ៉ាងនេះហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានពោលពាក្យនេះ នឹងនិគន្ថនាដបុត្តថា បពិត្រលោកដ៏ចំរើន ខ្ញុំនឹង​លើកវាទៈ ចំពោះ​ព្រះសមណគោតម ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាព​ច្រើន​យ៉ាង​នេះ ដោយ​ប្រការដូចម្តេចទៅ និគន្ថនាដបុត្តក៏ពោលថា ម្នាលរាជកុមារ សូមទ្រង់មក សូមទ្រង់​ចូល​ទៅរកព្រះសមណគោតម លុះចូលទៅដល់ហើយ សូមទ្រង់ពោលយ៉ាងនេះ នឹង​ព្រះសមណ​គោតមថា បពិត្រព្រះអង្គដ៏ចំរើន វាចាណា មិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជនទាំងឡាយដទៃ ព្រះតថាគត គប្បីពោលវាចានោះដែរឬទេ កាលបើ ទ្រង់សួរយ៉ាងនេះហើយ ព្រះសមណគោតម នឹងដោះស្រាយ​យ៉ាងនេះថា ម្នាលរាជកុមារ វាចាណា មិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជនទាំងឡាយដទៃ តថាគត គប្បីពោល​​វាចានោះដែរ ទ្រង់គប្បីពោលនឹង​ព្រះសមណគោតម យ៉ាងនេះទៀតថា បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ អំពើរបស់ព្រះអង្គ ផ្សេងអ្វីអំពីបុថុជ្ជនបាន ព្រោះថា វាចាណា មិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជនទាំងឡាយដទៃ បុថុជ្ជន ក៏ពោល​វាចានោះដែរ ប្រសិនបើទ្រង់សួរយ៉ាងនេះហើយ ព្រះសមណគោតម មុខជានឹង​ដោះស្រាយ យ៉ាងនេះថា ម្នាលរាជកុមារ វាចាណា មិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជនទាំងឡាយដទៃ តថាគត មិនពោលវាចានោះឡើយ ទ្រង់គប្បីពោលនឹង​ព្រះសមណគោតម យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ ហេតុអ្វី​ បានជា​ព្រះអង្គ ទ្រង់ព្យាករទេវទត្តថា ទេវទត្តកើតក្នុងអបាយ ទេវទត្ត កើតក្នុងនរក ទេវទត្ត ឋិតនៅអស់១កប្ប ទេវទត្ត ទុកជាពាន់នៃព្រះពុទ្ធទាំងឡាយ ក៏ជួយកែមិនបាន ដូច្នេះ ​ទេវទត្ត ខឹងអាក់អន់ចិត្ត ចំពោះព្រះអង្គ ដោយវាចានោះឯង ម្នាលរាជកុមារ កាលបើ​អ្នកសួរបញ្ហា ប្រកបដោយទីបំផុតទាំងពីរខាងនេះហើយ ព្រះសមណគោតម ក៏មិនអាច​លេបចូល មិនអាចខ្ជាក់ចេញបានឡើយ ដូចក្រចាប់ ដែលស្លាក់​នៅក្នុង​បំពង់កនៃបុរស បុរសនោះ មិនអាចលេបចូល មិនអាចខ្ជាក់ចេញបាន យ៉ាងណា ម្នាលរាជកុមារ កាលបើ​ទ្រង់សួរបញ្ហា ប្រកបដោយទីបំផុតទាំងពីរខាងនេះហើយ ព្រះសមណគោតម មិនអាច​លេបចូល មិនអាចខ្ជាក់ចេញបាន យ៉ាងនោះឯង។

[៩៤] សម័យនោះឯង មានកូនខ្ចី មិនទាន់ចេះក្រឡាប់ អង្គុយលើភ្លៅ​អភយរាជកុមារ។ លំដាប់នោះ ព្រះមានព្រះភាគ មានព្រះតម្រាស់នឹងអភយរាជកុមារ​ថា ម្នាលរាជកុមារ ទ្រង់សំគាល់កូនខ្ចីនោះដូចម្តេច បើកូនខ្ចីនេះ បៀមកំណាត់ឈើក្តី អំបែងក្តី លេបចូលទៅក្នុងមាត់ ព្រោះសេចក្តីធ្វេសប្រហែសរបស់ទ្រង់ ឬព្រោះ​សេចក្តីធ្វេស​ប្រហែសរបស់មេនំ តើទ្រង់ត្រូវធ្វើក្មេងនោះដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ត្រូវតែលូកទាញចេញ បពិត្រព្រះអង្គដ៏ចំរើន បើខ្ញុំព្រះអង្គ មិនអាចលូក​ទាញចេញ ដោយប្រយោគជាដម្បូងបានទេ ខ្ញុំព្រះអង្គ នឹងចាប់សង្កត់ក្បាល ដោយដៃ​ខាងឆ្វេង ខ្វេរម្រាមដៃស្តាំលូកខ្វេះទាញ​វត្ថុនោះចេញមក ដោយទាំងឈាមផង ការខ្វេះ​ទាញចេញវត្ថុនោះ ព្រោះហេតុដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ខ្ញុំព្រះអង្គ មានសេចក្តីអាណិតកុមារ។ ម្នាលរាជកុមារ យ៉ាងហ្នឹងឯង តថាគត ដឹងនូវវាចាណា ដែល​មិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ វាចានោះ មិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជន​ទាំងឡាយដទៃផង តថាគត ក៏មិនពោលវាចានោះ តថាគត ដឹងនូវ​វាចា​ណា ពិត ទៀង តែមិនប្រកបដោយប្រយោជន៍ វាចានោះ មិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជន​ទាំងឡាយដទៃផង តថាគត ក៏មិនពោលនូវវាចានោះ មួយវិញទៀត តថាគត ដឹងនូវ​វាចា​ណា ដែលពិត ទៀង ប្រកបដោយប្រយោជន៍ តែថា វាចានោះ មិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជន​ទាំងឡាយដទៃ តថាគត ស្គាល់កាលគួរ នឹងពោលវាចានោះ ក្នុងព្យាករណ៍នោះដែរ តថាគត ដឹងនូវ​វាចា​ណា ដែលមិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ វាចានោះ ទោះបីជាទីស្រឡាញ់ ជាទី​គាប់ចិត្ត របស់​ជន​ទាំងឡាយដទៃ តថាគត ក៏មិនពោលវាចានោះឡើយ តថាគត ដឹងនូវ​វាចា​ណា ដែលពិត ទៀង តែមិនប្រកបដោយប្រយោជន៍ វាចានោះ ទោះបី​ជាទីស្រឡាញ់ ជាទី​គាប់ចិត្ត របស់ជន​ទាំងឡាយដទៃ តថាគត ក៏មិនពោលវាចានោះដែរ មួយវិញទៀត តថាគត ដឹងនូវ​វាចា​ណា ដែលពិត ទៀង ប្រកបដោយប្រយោជន៍ វាចានោះ ជាទីស្រឡាញ់ ជាទី​គាប់ចិត្ត របស់ជន​ទាំងឡាយដទៃផង តថាគត ស្គាល់​កាលគួរ នឹងពោលនូវវាចានោះ ក្នុងព្យាករណ៍នោះ ម្នាលរាជកុមារ ព្រោះហេតុអ្វី ព្រោះថា តថាគត មានសេចក្តីអនុគ្រោះ ចំពោះសត្វទាំងឡាយ។

[៩៥] អភយរាជកុមារ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ជនទាំងឡាយ ជាខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណបណ្ឌិតក្តី បានតាក់តែង​បញ្ហាដល់ខ្ញុំ ហើយចូលមកសួរព្រះតថាគត បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ បានត្រិះរិះបញ្ហានុ៎ះ ទុកក្នុងព្រះហឫទ័យ ស្រេចតាំងពីកាលមុនថា ជន​ទាំងឡាយណា ចូលមករកតថាគត ហើយសួរយ៉ាងនេះ លុះជនទាំងឡាយនោះ សួរ​តថាគត យ៉ាងនេះហើយ តថាគត នឹងដោះស្រាយ​យ៉ាងនេះដែរឬ ឬថា បញ្ហាកម្មនុ៎ះ ស្រាប់តែប្រាកដឡើង ដល់ព្រះតថាគត ដោយញាណជាទីកើតឡើងនៃហេតុ។ ព្រះអង្គត្រាស់ថា ម្នាលរាជកុមារ បើដូច្នោះ តថាគត នឹងត្រឡប់សួរទ្រង់ ក្នុងដំណើរនុ៎ះ​វិញ ទ្រង់គាប់ចិត្ត​យ៉ាងណា គប្បីដោះស្រាយ​ដំណើរនោះ យ៉ាងនោះចុះ ម្នាលរាជកុមារ ទ្រង់សំគាល់ហេតុនោះដូចម្តេច ទ្រង់ជាបុគ្គលឈ្លាស ក្នុងអវយវៈតូចធំទាំងឡាយ នៃរថដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកឈ្លាស ក្នុងអវយវៈ​តូចធំ​ នៃរថដែរ។ ម្នាលរាជកុមារ ទ្រង់សំគាល់ដំណើរនោះដូចម្តេច ជនទាំងឡាយណា ចូលទៅរកទ្រង់ ហើយសួរយ៉ាងនេះថា អវយវៈតូចធំនៃរថនៃ ឈ្មោះអ្វី ទ្រង់បានត្រិះរិះហេតុនេះ ទុកក្នុងចិត្ត ស្រេចតាំងពីកាលមុនថា ជនទាំងឡាយណា នឹងចូលមករក​អាត្មាអញ ហើយសួរយ៉ាងនេះ ជនទាំងឡាយនោះ លុះសួរ​អាត្មា​អញ យ៉ាងនេះហើយ អាត្មាអញ នឹងដោះស្រាយ យ៉ាងនេះឬ ឬថា ដំណើរនុ៎ះ ក៏ស្រាប់តែប្រាកដដល់ទ្រង់ ដោយញាណ​ជាទីកើតឡើងនៃហេតុតែម្តង។ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គជាអ្នកចាំបាននូវរថ ជាអ្នកឈ្លាស ក្នុងអវយវៈ​តូចធំ​នៃរថ អវយវៈ​តូចធំទាំងអស់​របស់រថ ខ្ញុំព្រះអង្គស្គាល់ហើយ បានជាដំណើរនុ៎ះ ប្រាកដ​ដល់ខ្ញុំព្រះអង្គ ដោយញាណ ជាទីកើតឡើងនៃ​ហេតុតែម្តង។ ម្នាលរាជកុមារ ជនទាំងឡាយ ជាខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណបណ្ឌិតក្តី បានតាក់តែង​បញ្ហាដល់អ្នក ហើយចូលមកសួរព្រះតថាគតថា ដំណើរនុ៎ះប្រាកដ ដល់ព្រះតថាគត ដោយញាណជាទីកើតឡើងនៃហេតុបាន ក៏យ៉ាង​នោះដែរ ដំណើរនោះ ព្រោះហេតុដូចម្តេច ម្នាលរាជកុមារ ព្រោះថា ធម្មធាតុ (សព្វញ្ញុតញ្ញាណ) ដែលតថាគតចាក់ធ្លុះហើយ បានជាដំណើរនុ៎ះប្រាកដ ដល់តថាគត ដោយញាណជាទីកើតឡើងនៃហេតុតែម្តង។

[៩៦] កាលដែល​ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អភយរាជកុមារ ក្រាបទូល​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គ​ដ៏​ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែល​ព្រះមានព្រះភាគ​ ទ្រង់សំដែង​បំភ្លឺហើយ ដោយអនេកបរិយាយ យ៉ាងនេះ ដូចគេផ្ងាររបស់ដែលផ្កាប់ ឬដូចជាគេបើក​បង្ហាញ​របស់ ​ដែលកំបាំង ពុំនោះ ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេទ្រោលប្រទីប បំភ្លឺក្នុងទីងងឹត ឲ្យមនុស្សមានភ្នែកភ្លឺ មើលឃើញរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់ព្រះមានព្រះភាគផង ព្រះធម៌ផង ភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត ចាប់ដើម​តាំងអំពីថ្ងៃនេះតទៅ។

ចប់ អភយរាជកុមារសូត្រ ទី៨

 

លេខយោង

1)
ជាព្រះរាជ​ឱរស របស់ព្រះបាទពិម្ពិសារ។ អដ្ឋកថា។
km/tipitaka/sut/mn/sut.mn.058.txt · ពេលកែចុងក្រោយ: 2023/06/21 03:10 និពន្ឋដោយ Johann