តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មជ្ឈិមបណ្ណាសក » ភិក្ខុវគ្គ »
មានភិក្ខុមួយរូប បានកើតសេចក្ដីវិតក្កៈនូវសំនួរបរមត្ថជាច្រើន រួចក៏ចូលទៅគាល់ព្រះមានព្រះភាគ ដោយធ្វើសេចក្ដីគិតទុកក្នុងចិត្តថា ប្រសិនបើព្រះពុទ្ធនឹងមិនឆ្លើយតបនូវសំនួរទាំងនោះ គាត់នឹងលាចាសិក្ខាបទវិញ ព្រះពុទ្ធបានឆ្លើយប្រាប់ភិក្ខុថាជាសំនួរឥតប្រយោជន៍ មិនចម្រើនដល់ការប្រព្រឹត្តនូវព្រហ្មចរិយធម៌ ប្រៀបដូចបុរសកំពុងត្រូវព្រួញពិស ហើយរវល់គិតតែពីសួររកអ្នកបាញ់ ឬគ្រាប់ព្រួញ ដោយមិនខ្វល់ពីការដកព្រួញ។
mn 063 បាលី cs-km: sut.mn.063 អដ្ឋកថា: sut.mn.063_att PTS: ?
(ទី៣) ចូឡមាលុង្ក្យោវាទសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៣. ចូឡមាលុក្យសុត្តំ)
[១៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមាលុង្ក្យបុត្រមានអាយុ ចូលទៅសម្ងំនៅក្នុងទីរហោស្ថាន ក៏មានចិត្តត្រិះរិះ កើតឡើងយ៉ាងនេះថា ទិដ្ឋិទាំងឡាយណាថា លោកទៀងដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី លោកមានទីបំផុត ដូច្នេះក្តី លោកមិនមានទីបំផុត ដូច្នេះក្តី ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ជីវិតដទៃ សរីរៈ ក៏ដទៃ ដូច្នេះក្តី សត្វស្លាប់ហើយកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ មិនកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មាន ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះក្តី ព្រះមានព្រះភាគ មិនបានសំដែង គ្រាន់តែតំកល់ទុក តែទ្រង់ហាមឃាត់ ព្រះមានព្រះភាគ មិនបានសំដែងទិដ្ឋិទាំងនោះ ដល់អញទេ ព្រះមានព្រះភាគ មិនបានសំដែងទិដ្ឋិទាំងឡាយណា ដល់អញ ដំណើរដែលមិនបានសំដែងទិដ្ឋិនោះ មិនគាប់ចិត្តអញទេ ដំណើរដែលមិនបានសំដែងទិដ្ឋិនោះ មិនបានពេញចិត្តអញឡើយ អញឯង នឹងចូលទៅគាល់ព្រះមានព្រះភាគ ហើយសួរដំណើរនុ៎ះ ប្រសិនបើព្រះមានព្រះភាគ នឹងសំដែងប្រាប់អញថា លោកទៀង ដូច្នេះក្តី។បេ។ សត្វស្លាប់ហើយ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះក្តី កាលបើយ៉ាងនេះ អាត្មាអញ នឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ តែប្រសិនបើព្រះមានព្រះភាគ មិនបានសំដែងថា លោកទៀងដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី លោកមានទីបំផុតដូច្នេះក្តី លោកមិនមានទីបំផុត ដូច្នេះក្តី ជីវិតនោះ គឺសរីរៈនោះ ដូច្នេះក្តី ជីវិតដទៃ សរីរៈ ក៏ដទៃ ដូច្នេះក្តី សត្វស្លាប់ហើយកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ មិនកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មាន ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះក្តី កាលបើយ៉ាងនេះ អាត្មាអញ នឹងលះបង់សិក្ខា ហើយត្រឡប់មកកាន់ហីនភេទវិញ។
[១៤៨] គ្រានោះឯង ព្រះមាលុង្ក្យបុត្រមានអាយុ ក្រោកចេញអំពីសំណិង ក្នុងវេលាសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះមាលុង្ក្យបុត្រមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូល នូវដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ ខ្ញុំព្រះអង្គ ចូលទៅសម្ងំ នៅក្នុងទីរហោស្ថាន ក៏មានចិត្តត្រិះរិះកើតឡើង យ៉ាងនេះថា ទិដ្ឋិទាំងឡាយណាថា លោកទៀងដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី លោកមានទីបំផុត ដូច្នេះក្តី លោកមិនមានទីបំផុត ដូច្នេះក្តី ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ជីវិតដទៃ សរីរៈ ក៏ដទៃ ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ មិនកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មាន ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះក្តី ព្រះមានព្រះភាគ មិនបានសំដែង គ្រាន់តែតំកល់ទុក តែទ្រង់ឃាត់ហាម ព្រះមានព្រះភាគ មិនទាន់សំដែងទិដ្ឋិទាំងនោះ ប្រាប់ដល់អាត្មាអញនៅឡើយ ព្រះមានព្រះភាគ មិនបានសំដែងទិដ្ឋិទាំងឡាយណា ដល់អាត្មាអញ ដំណើរដែលមិនបានសំដែងទិដ្ឋិនោះ មិនគាប់ចិត្ត ដល់អាត្មាអញទេ ដំណើរដែលមិនបានសំដែងទិដ្ឋិនោះ មិនពេញចិត្តដល់អាត្មាអញឡើយ អាត្មាអញ នឹងចូលទៅគាល់ព្រះមានព្រះភាគ ហើយក្រាបទូលសួរនូវដំណើរនុ៎ះ បើព្រះមានព្រះភាគ សំដែងប្រាប់អាត្មាអញថា លោកទៀងក្តី ថា លោកមិនទៀងក្តី ថាលោកមានទីបំផុតក្តី ថាលោកមិនមានទីបំផុតក្តី ជីវិតនោះ ក៏គឺសរីរៈនោះ ក្តី ជីវិតដទៃ សរីរៈ ក៏ដទៃក្តី ថា សត្វស្លាប់ហើយកើតទៀតក្តី ថា សត្វស្លាប់ហើយ មិនកើតទៀតក្តី ថាសត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មានក្តី ថាសត្វស្លាប់ហើយ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក្តី កាលបើយ៉ាងនេះ ទើបអាត្មាអញ នឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះមានព្រះភាគ បើព្រះមានព្រះភាគ មិនសំដែងថា លោកទៀងក្តី ថាលោកមិនទៀងក្តី។បេ។ ថាសត្វស្លាប់ហើយ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក្តី កាលបើយ៉ាងនេះ អាត្មាអញ នឹងលាសិក្ខា ហើយត្រឡប់មកកាន់ហីនភេទវិញ។ បើព្រះមានព្រះភាគ ទ្រង់ជ្រាបថា លោកទៀងដូច្នេះហើយ សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ ថា លោកទៀងដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ ទ្រង់ជ្រាបថា លោកមិនទៀង សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គថា លោកមិនទៀងដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ មិនជ្រាបថា លោកទៀងក្តី ថាលោកមិនទៀងក្តី កាលបើព្រះមានព្រះភាគ មិនជ្រាប មិនឃើញហើយ ក៏ត្រូវគ្នានឹងខ្ញុំព្រះអង្គ ដែលមិនដឹង មិនឃើញដែរ។ បើព្រះមានព្រះភាគ ជ្រាបថា លោកមានទីបំផុត សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ ថា លោកមានទីបំផុតដូច្នេះ ឲ្យទាន បើបើព្រះមានព្រះភាគ ជ្រាបថា លោកមិនមានទីបំផុត សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ ថា លោកមិនមានទីបំផុតដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ មិនជ្រាបថា លោកមានទីបំផុតក្តី ថាលោកមិនមានទីបំផុតក្តី កាលបើព្រះមានព្រះភាគ មិនជ្រាប មិនឃើញហើយ ក៏ត្រូវគ្នានឹងខ្ញុំព្រះអង្គ ដែលមិនដឹង មិនឃើញដែរ។ បើព្រះមានព្រះភាគ ជ្រាបថា ជីវិតនោះ ក៏គឺសរីរៈនោះ សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ ថា ជីវិតនោះ ក៏គឺសរីរៈនោះដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ ទ្រង់ជ្រាបថា ជីវិតដទៃ សរីរៈក៏ដទៃ សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ ថា ជីវិតដទៃ សរីរៈក៏ដទៃដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ មិនជ្រាបថា ជីវិតនោះ ក៏គឺសរីរៈនោះក្តី ថាជីវិតដទៃ សរីរៈក៏ដទៃក្តី កាលបើព្រះមានព្រះភាគ មិនជ្រាប មិនឃើញហើយ ក៏ត្រូវគ្នានឹងខ្ញុំព្រះអង្គ ដែលមិនដឹង មិនឃើញដែរ។ បើព្រះមានព្រះភាគ ជ្រាបថា សត្វស្លាប់ហើយកើតទៀត សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ ថា សត្វស្លាប់ហើយ កើតទៀត ដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ ជ្រាបថា សត្វស្លាប់ហើយ មិនកើតទៀត សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ ថា សត្វស្លាប់ហើយមិនកើតទៀតដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ មិនជ្រាបថា សត្វស្លាប់ហើយកើតទៀតក្តី ថាសត្វស្លាប់ហើយមិនកើតទៀតក្តី កាលបើព្រះមានព្រះភាគ មិនជ្រាប មិនឃើញហើយ ក៏ត្រូវគ្នានឹងខ្ញុំព្រះអង្គ ដែលមិនដឹង មិនឃើញដែរ។ បើព្រះមានព្រះភាគ ជ្រាបថា សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មាន សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ ថាសត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មានដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ ជ្រាបថា សត្វស្លាប់ហើយ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ ថា សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ មិនជ្រាបថា សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មានក្តី ថាសត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក្តី កាលបើព្រះមានព្រះភាគ មិនជ្រាប មិនឃើញហើយ ក៏ត្រូវគ្នានឹងខ្ញុំព្រះអង្គ ដែលមិនដឹង មិនឃើញដែរ។
[១៤៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលមាលុង្ក្យបុត្រ ចុះតថាគត បាននិយាយនឹងអ្នកយ៉ាងនេះថា ម្នាលមាលុង្ក្យបុត្រ អ្នកចូរមកអាយ អ្នកចូរប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់តថាគតចុះ តថាគត នឹងសំដែងប្រាប់អ្នកថា លោកទៀងដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី លោកមានទីបំផុតដូច្នេះក្តី លោកមិនមានទីបំផុតដូច្នេះក្តី ជីវិតនោះ ក៏គឺសរីរៈនោះដូច្នេះក្តី ជីវិតដទៃ សរីរៈក៏ដទៃ ដូច្នេះក្តី សត្វស្លាប់ហើយកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ មិនកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មានដូច្នេះក្តី សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះក្តី ឬអ្វី។ បពិត្រព្រះអង្គដ៏ចំរើន មិនមែនដូច្នោះទេ។ ចុះអ្នកបានិយាយនឹងតថាគត យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះមានព្រះភាគ ឲ្យតែព្រះមានព្រះភាគ នឹងសំដែងប្រាប់ខ្ញុំព្រះអង្គថា លោកទៀងដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី លោកមានទីបំផុតដូច្នេះក្តី លោកមិនមានទីបំផុតដូច្នេះក្តី ជីវិតនោះ ក៏គឺសរីរៈនោះដូច្នេះក្តី ជីវិតដទៃ សរីរៈក៏ដទៃ ដូច្នេះក្តី សត្វស្លាប់ហើយកើតទៀតដូច្នេះក្តី សត្វស្លាប់ហើយ មិនកើតទៀតដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀត ក៏មាន ដូច្នេះក្តី សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះក្តី ឬអ្វី។ បពិត្រព្រះអង្គដ៏ចំរើន មិនមែនដូច្នោះទេ។ ម្នាលមាលុង្ក្យបុត្រ បានឮថា តថាគត មិនបាននិយាយនឹងអ្នកថា ម្នាលមាលុង្ក្យបុត្រ អ្នកចូរមកអាយ ចូរអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់តថាគតចុះ តថាគត នឹងសំដែងប្រាប់អ្នកថា លោកទៀងដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី។បេ។ សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះក្តី ទាំងបានឮថា អ្នកក៏មិនបាននិយាយថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះមានព្រះភាគ ឲ្យតែព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គថា លោកទៀងដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី។បេ។ សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះក្តី ម្នាលមោឃបុរស កាលបើហេតុយ៉ាងនេះទេ ចុះអ្នកជាអុក ជាទុក្ខប្រាប់អ្នកណា។
[១៥០] ម្នាលមាលុង្ក្យបុត្រ បុគ្គលណា និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះមានព្រះភាគទេ ព្រោះព្រះមានព្រះភាគ មិនទាន់សំដែងប្រាប់ខ្ញុំព្រះអង្គថា លោកទៀងដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី។បេ។ សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មានដូច្នេះក្តី សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះក្តី ម្នាលមាលុង្ក្យបុត្រ តថាគត នឹងសំដែងនូវដំណើរនោះឲ្យស្តាប់មិនទាន់ទេ បុគ្គលនោះ មុខជានឹងធ្វើមរណកាលទៅ (មុនសំដែង) ដោយពិត។ ម្នាលមាលុង្ក្យបុត្រ ដូចជាបុរសមុតព្រួញ (របស់សេនានៃស្តេចដទៃ) ដែលលាបប្រឡាក់ដោយថ្នាំពិសដ៏ក្រាស់ មិត្តអាមាត្យ ញាតិ និងសាលោហិតរបស់បុរសនោះ ក៏ចូលទៅរកពេទ្យជាអ្នកវះ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់បុរសដែលបាញ់ខ្ញុំនោះ ជាក្សត្រ ឬព្រាហ្មណ៍ ឬវេស្សៈ ឬសុទ្ទៈ នៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់បុរសដែលបាញ់ខ្ញុំនោះ ថាមាននាមយ៉ាងនេះ ឬមានគោត្រយ៉ាងនេះ នៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់បុរសដែលបាញ់ខ្ញុំនោះ ជាមនុស្សខ្ពស់ ឬទាប ឬកណ្តាលនៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់បុរសដែលបាញ់ខ្ញុំនោះ ជាមនុស្សសម្បុរខ្មៅ ឬសណ្តែកបាយ ឬប្រផេះនៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់បុរសដែលបាញ់ខ្ញុំនោះ នៅក្នុងស្រុក ឬនិគម ឬនគរឯណោះៗ នៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់ធ្នូដែលមុតខ្ញុំនោះ ជាកាំភ្លើង ឬស្នានៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់ខ្សែបន្លោះដែលបាញ់ខ្ញុំនោះ ជាសម្បករាក់ ឬពន្លុងឫស្សី ជាសរសៃសត្វ ឬសម្បកខ្លែងព័រ ឬវល្លិ៍ទឹកដោះនៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់ព្រួញដែលមុតខ្ញុំ ជាព្រួញឈើព្រៃ ឬព្រួញឈើដែលគេដាំ នៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់ព្រួញដែលមុតខ្ញុំនោះ ជាព្រួញដែលគេសៀតដោយស្លាបសត្វណា សត្វនោះជាត្មាត ឬប្រមង់ ខ្លែង ឬក្ងោក ឬទុងនៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់ព្រួញដែលមុតខ្ញុំនោះ ជាព្រួញដែលគេរុំដោយសរសៃគោ ឬក្របី សរសៃសីហៈខ្មៅ ឬស្វានៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់ព្រួញ ដែលមុតខ្ញុំនោះ ជាព្រួញមានមុខមូល ឬមានមុខសំប៉ែតដូចមុខកាំបិត ព្រួញមានងៀង ឬមានមុខស្រោបដែក ព្រួញមានមុខដូចពន្លាក ឬព្រួញធ្វើអំពីទ្រនុងធាងទ្រាំងនៅឡើយ ម្នាលមាលុង្ក្យបុត្រ បុរសនោះ ចាំដឹងដំណើរនោះមិនទាន់ទេ មុខជាបុរសនោះ នឹងធ្វើមរណកាលទៅពុំខាន។ ម្នាលមាលុង្ក្យបុត្រ បុគ្គលណានិយាយយ៉ាងនេះថា ខ្ញុំមិនទាន់ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគទេ ព្រោះព្រះមានព្រះភាគ មិនទាន់សំដែងប្រាប់ខ្ញុំថា លោកទៀងដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី លោកមានទីបំផុតដូច្នេះក្តី លោកមិនមានទីបំផុតដូច្នេះក្តី ជីវិតនោះ ក៏គឺសរីរៈនោះដូច្នេះក្តី ជីវិតដទៃ សរីរៈក៏ដទៃ ដូច្នេះក្តី សត្វស្លាប់ហើយកើតទៀតដូច្នេះក្តី សត្វស្លាប់ហើយ មិនកើតទៀតដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀត ក៏មាន ដូច្នេះក្តី សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះក្តី ម្នាលមាលុង្ក្យបុត្រ តថាគត នឹងសំដែងដំណើរនោះឲ្យស្តាប់មិនទាន់ទេ បុគ្គលនោះ មុខជានឹងធ្វើមរណកាលទៅ (មុនសំដែង) ពុំខាន មានឧបមេយ្យដូចជាបុរសដែលត្រូវព្រួញមុតនោះឯង។
[១៥១] ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា លោកទៀងដូច្នេះហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា លោកមិនទៀងដូច្នេះហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា លោកទៀង ឬថាលោកមិនទៀង ដូច្នេះហើយ ជាតិក៏មាន ជរាក៏មាន មរណៈក៏មាន សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីតូចចិត្ត សេចក្តីក្រៀមក្រំចិត្តក៏មាន ជាធម៌ដែលតថាគតបញ្ញត្តថា មានសេចក្តីវិនាសក្នុងបច្ចុប្បន្ន។ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា លោកមានទីបំផុតដូច្នេះហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា លោកមិនមានទីបំផុតដូច្នេះហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា លោកមានទីបំផុត ឬថាលោកមិនមានទីបំផុតដូច្នេះហើយ ជាតិក៏មាន ជរាក៏មាន មរណៈក៏មាន សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីតូចចិត្ត សេចក្តីក្រៀមក្រំចិត្តក៏មាន ជាធម៌ដែលតថាគតបញ្ញត្តថា មានសេចក្តីវិនាសក្នុងបច្ចុប្បន្ន។ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា ជីវិតនោះក៏គឺសរីរៈនោះដូច្នេះហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា ជីវិតដទៃ សរីរៈក៏ដទៃ ដូច្នេះហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា ជីវិតនោះ ក៏គឺសរីរៈនោះ ឬថា ជីវិតដទៃ សរីរៈក៏ដទៃ ដូច្នេះហើយ ជាតិក៏មាន។បេ។ បញ្ញត្តថា មានសេចក្តីវិនាស។ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា សត្វស្លាប់ហើយកើតទៀត ដូច្នេះហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា សត្វស្លាប់ហើយមិនកើតទៀតដូច្នេះហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា សត្វស្លាប់ហើយកើតទៀត ឬថា សត្វស្លាប់ហើយមិនកើតទៀត ដូច្នេះហើយ ជាតិក៏មាន។បេ។ ជាធម៌ដែលតថាគត បញ្ញត្តថា មានសេចក្តីវិនាសក្នុងបច្ចុប្បន្ន។ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មាន ដូច្នេះហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា សត្វស្លាប់ហើយកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មាន ឬថា សត្វស្លាប់ហើយ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះហើយ ជាតិក៏មាន ជរាក៏មាន មរណៈក៏មាន សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីតូចចិត្ត សេចក្តីក្រៀមក្រំចិត្តក៏មាន ជាធម៌ដែលតថាគតបញ្ញត្តថា មានសេចក្តីវិនាសក្នុងបច្ចុប្បន្ន។
[១៥២] ម្នាលមាលុង្ក្យបុត្រ ព្រោះហេតុនោះ អ្នកទាំងឡាយចូរចាំទុកនូវសេចក្តី ដែលតថាគតមិនបានសំដែងហើយ តាមសេចក្តីដែលតថាគតមិនបានសំដែង ទាំងចូរចាំទុកនូវសេចក្តី ដែលតថាគតបានសំដែងហើយ តាមសេចក្តីដែលតថាគតបានសំដែងចុះ។ ម្នាលមាលុង្ក្យបុត្រ ចុះតថាគតមិនបានសំដែងសេចក្តីដូចម្តេចខ្លះ ម្នាលមាលុង្ក្យបុត្រ តថាគតមិនបានសំដែងថា លោកទៀង ម្នាលមាលុង្ក្យបុត្រ តថាគតមិនបានសំដែងថា លោកមិនទៀង ម្នាលមាលុង្ក្យបុត្រ តថាគតមិនបានសំដែងថា លោកមានទីបំផុត ម្នាលមាលុង្ក្យបុត្រ តថាគតមិនបានសំដែងថា លោកមិនមានទីបំផុត ម្នាលមាលុង្ក្យបុត្រ តថាគតមិនបានសំដែងថា ជីវិតនោះ ក៏គឺសរីរៈនោះ តថាគតមិនបានសំដែងថា ជីវិតដទៃ សរីរៈក៏ដទៃ តថាគតមិនបានសំដែងថា សត្វស្លាប់ហើយកើតទៀត តថាគតមិនបានសំដែងថា សត្វស្លាប់ហើយមិនកើតទៀត តថាគតមិនបានសំដែងថា សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មាន តថាគតមិនបានសំដែងថា សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន។ ម្នាលមាលុង្ក្យបុត្រ ព្រោះហេតុអ្វី បានជាតថាគតមិនសំដែងទិដ្ឋិនុ៎ះ ម្នាលមាលុង្ក្យបុត្រ ព្រោះទិដ្ឋិនោះ មិនប្រកបដោយប្រយោជន៍ មិនមែនជាខាងដើមនៃព្រហ្មចរិយធម៌ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាករាគ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីរំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ព្រោះហេតុនោះ បានជាតថាគតមិនសំដែងទិដ្ឋិនោះ។ ម្នាលមាលុង្ក្យបុត្រ ចុះសេចក្តីដូចម្តេច ដែលតថាគត តែងសំដែង ម្នាលមាលុង្ក្យបុត្រ តថាគតតែងសំដែងថា នេះជាទុក្ខ ម្នាលមាលុង្ក្យបុត្រ តថាគតតែងសំដែងថា នេះជាហេតុប្រជុំកើតឡើងនៃទុក្ខ តថាគតតែងសំដែងថា នេះជាគ្រឿងរលត់ទុក្ខ តថាគតតែងសំដែងថា នេះជាសេចក្តីប្រតិបត្តិ ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ម្នាលមាលុង្ក្យបុត្រ ហេតុដូចម្តេច បានជាតថាគត សំដែងពាក្យនុ៎ះ ម្នាលមាលុង្ក្យបុត្រ ព្រោះថា ពាក្យនុ៎ះ ប្រកបដោយប្រយោជន៍ ពាក្យនុ៎ះ ជាខាងដើមនៃព្រហ្មចរិយធម៌ ពាក្យនុ៎ះប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ប្រព្រឹត្តទៅ ដើម្បីប្រាសចាករាគៈ ប្រព្រឹត្តទៅ ដើម្បីសេចក្តីរំលត់ទុក្ខ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹងច្បាស់ ប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ព្រោះហេតុនោះ បានជាតថាគតសំដែងពាក្យនោះ។ ម្នាលមាលុង្ក្យបុត្រ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរចាំទុកនូវសេចក្តី ដែលតថាគត មិនបានសំដែងហើយ តាមសេចក្តីដែលតថាគតមិនបានសំដែងហើយផង ចូរចាំទុកនូវសេចក្តី ដែលតថាគត បានសំដែងហើយ តាមសេចក្តីដែលតថាគតបានសំដែងហើយផង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងព្រះសូត្រនេះចប់ហើយ ព្រះមាលុង្ក្យបុត្រមានអាយុ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។
ចប់ ចូឡមាលុង្ក្យោវាទសូត្រ ទី៣។