តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មជ្ឈិមបណ្ណាសក » ភិក្ខុវគ្គ »
ហេតុអ្វីព្រះពុទ្ធបញ្ញត្តិសិក្ខាបទឲ្យឆាន់ភោជនតែមួយពេល? ហេតុអ្វីបានជាក្នុងកាលពីដើម មានសិក្ខាបទតិចល្មម តែពួកភិក្ខុច្រើនរូប បានតាំងនៅក្នុងព្រះអរហត្ត មួយទៀត ហេតុអ្វីបានជាក្នុងកាលឥឡូវនេះ មានសិក្ខាបទច្រើនណាស់ តែពួកភិក្ខុតិចពេក ដែលបានតាំងនៅក្នុងព្រះអរហត្ត?
mn 065 បាលី cs-km: sut.mn.065 អដ្ឋកថា: sut.mn.065_att PTS: ?
(ទី៥) ភទ្ទាលិសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៥. ភទ្ទាលិសុត្តំ)
[១៦០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត តែងឆាន់ភោជន ដែលគួរបរិភោគតែមួយពេល ម្នាលភិក្ខុទាំងឡាយ កាលតថាគត ឆាន់ភោជន ដែលគួរបរិភោគតែមួយពេល ក៏បានដឹងច្បាស់ នូវភាពមិនមានអាពាធ មិនមានទុក្ខ ការងើប ក្រោកដោយរហ័ស កំឡាំងកាយ និងការនៅសប្បាយ ដោយឥរិយាបថទាំង៤ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកមកណេះ ចូរបរិភោគភោជន ដែលគួរបរិភោគតែមួយពេលចុះ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ បរិភោគភោជន ដែលគួរបរិភោគតែមួយពេលហើយ មុខជានឹងបានដឹងច្បាស់ នូវភាពមិនមានអាពាធ មិនមានទុក្ខ ការងើបក្រោក ដោយរហ័ស កំឡាំងកាយ និងការនៅសប្បាយ ដោយឥរិយាបថទាំង៤។
[១៦១] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះភទ្ទាលិមានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនអាចនឹងបរិភោគភោជន ដែលគួរបរិភោគតែមួយពេលបានឡើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា កាលបើខ្ញុំព្រះអង្គ បរិភោគភោជន ដែលគួរបរិភោគតែមួយពេលហើយ សេចក្តីរសាប់រសល់ ក៏មាន សេចក្តីក្តៅក្រហាយ ក៏មាន។ ព្រះអង្គត្រាស់ថា ម្នាលភទ្ទាលិ បើដូច្នោះ គេនិមន្តអ្នកឆាន់ក្នុងទីណា អ្នកគប្បីបរិភោគតែបន្តិចបន្តួច ឬរំលែកយកមកបរិភោគតែបន្តិចបន្តួច ក្នុងទីនោះ ម្នាលភទ្ទាលិ កាលបើអ្នកបរិភោគយ៉ាងនេះហើយ ក៏គង់ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅបាន។ ភទ្ទាលិ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ មិនអាចនឹងបរិភោគយ៉ាងនេះបានឡើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា កាលបើខ្ញុំព្រះអង្គ បរិភោគយ៉ាងនេះហើយ សេចក្តីរសាប់រសល់ក៏មាន សេចក្តីក្តៅក្រហាយ ក៏មាន។ គ្រាកាលដែលព្រះមានព្រះភាគ កំពុងបញ្ញត្តសិក្ខាបទ កំពុងឲ្យភិក្ខុសង្ឃសមាទាននូវសិក្ខា ព្រះភទ្ទាលិមានអាយុ ក៏ក្រាបទូលនូវសេចក្តីមិនអាចធ្វើតាមបាន។ លំដាប់នោះឯង ព្រះភទ្ទាលិមានអាយុ លែងឲ្យជួបព្រះភក្ត្រព្រះមានព្រះភាគ ពេញ៣ខែគត់ លែងបំពេញសិក្ខា ក្នុងសាសនា របស់ព្រះសាស្តា ដោយដាច់ស្រឡះ។
[១៦២] សម័យនោះឯង ភិក្ខុទាំងឡាយមានប្រមាណច្រើនរូប នាំគ្នាធ្វើចីវរកម្ម ថ្វាយព្រះមានព្រះភាគ លុះព្រះមានព្រះភាគ មានចីវរសម្រេចហើយ កន្លង៣ខែទៅ ព្រះអង្គ បម្រុងនឹងស្តេចចេញ ទៅកាន់ចារិក។ គ្រានោះឯង ព្រះភទ្ទាលិមានអាយុ បានចូលទៅរកពួកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល មួយអន្លើ ដោយពួកភិក្ខុទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីករាយ នឹងពាក្យដែលគួររលឹកហើយ ទើបអង្គុយក្នុងទីសមគួរ។ លុះព្រះភទ្ទាលិមានអាយុ អង្គុយក្នុងទីសមគួរហើយ ភិក្ខុទាំងឡាយនោះ ក៏នាំគ្នានិយាយ យ៉ាងនេះថា ម្នាលអាវុសោ ភទ្ទាលិ ចីវរកម្មនេះឯង ដែលយើងទាំងឡាយ ធ្វើថ្វាយព្រះមានព្រះភាគ លុះព្រះមានព្រះភាគ មានចីវរកម្មសម្រេចហើយ កន្លង៣ខែទៅ ទ្រង់នឹងស្តេចចេញទៅកាន់ចារិក។ ម្នាលភទ្ទាលិមានអាយុ យើងសូមដាស់តឿន ចូរលោក យកចិត្តទុកដាក់នឹងកំហុស (ចំពោះសិក្ខាបទ ដែលព្រះសាស្តា ទ្រង់បញ្ញត្ត) នុ៎ះ ឲ្យប្រពៃចុះ អ្នកកុំធ្វើឲ្យលំបាក ក្នុងកាលជាខាងក្រោយឡើយ។ ព្រះភទ្ទាលិមានអាយុ ក៏ទទួលពាក្យពួកភិក្ខុទាំងនោះថា ករុណា អាវុសោ ដូច្នេះហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចទើបអង្គុយក្នុងទីសមគួរ។ លុះព្រះភទ្ទាលិមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទោសគ្របសង្កត់ខ្ញុំព្រះអង្គ ដែលជាមនុស្សពាល ជាមនុស្សល្ងង់ ជាមនុស្សមិនឈ្លាស ព្រោះកាលព្រះមានព្រះភាគ កំពុងបញ្ញត្តសិក្ខាបទ កំពុងឲ្យភិក្ខុសង្ឃ សមាទានសិក្ខា ខ្ញុំព្រះអង្គ ក៏បានក្រាបទូល នូវសេចក្តីមិនអាចធ្វើតាមបាន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អត់ទោសចំពោះកំហុស តាមទោសរបស់ខ្ញុំព្រះអង្គនោះ ដើម្បីនឹងសង្រួមតទៅទៀត។
[១៦៣] ព្រះអង្គ ទ្រង់ត្រាស់ថា អើភទ្ទាលិ ទោសគ្របសង្កត់អ្នក ដែលជាមនុស្សពាល ជាមនុស្សល្ងង់ ជាមនុស្សមិនឈ្លាស ពិតមែនហើយ ព្រោះកាលដែលតថាគត កំពុងបញ្ញត្តសិក្ខាបទ កំពុងឲ្យភិក្ខុសង្ឃ សមាទានសិក្ខា អ្នកបានប្រាប់ នូវសេចក្តីមិនអាចធ្វើតាមបាន។ ម្នាលភទ្ទាលិ អ្នកមិនបានដឹងហេតុថា ព្រះមានព្រះភាគ គង់នៅក្នុងក្រុងសាវត្ថី តែព្រះមានព្រះភាគ គង់ដឹងអាត្មាអញថា ភិក្ខុឈ្មោះភទ្ទាលិ មិនបានបំពេញសិក្ខាក្នុងសាសនា របស់ព្រះសាស្តា ដូច្នេះឡើយ ម្នាលភទ្ទាលិ នេះឯង ជាហេតុដែលអ្នកមិនបានដឹង។ ម្នាលភទ្ទាលិ អ្នកមិនបានដឹងហេតុថា ពួកភិក្ខុច្រើនរូប នៅចាំវស្សា ក្នុងក្រុងសាវត្ថី សូម្បីភិក្ខុទាំងនោះ គង់ដឹងអាត្មាអញថា ភទ្ទាលិភិក្ខុ មិនបានបំពេញសិក្ខាក្នុងសាសនា របស់ព្រះសាស្តា ដូច្នេះឡើយ ម្នាលភទ្ទាលិ នេះឯងជាហេតុដែលអ្នកមិនបានដឹង។ ម្នាលភទ្ទាលិ អ្នកមិនបានដឹងហេតុថា ពួកភិក្ខុនីមានប្រមាណច្រើនរូប នៅចាំវស្សាក្នុងក្រុងសាវត្ថី សូម្បីភិក្ខុនីទាំងនោះ គង់ដឹងអាត្មាអញថា ភទ្ទាលិភិក្ខុ មិនបានបំពេញសិក្ខា ក្នុងសាសនា របស់ព្រះសាស្តា ដូច្នេះឡើយ ម្នាលភទ្ទាលិ នេះឯង ជាហេតុ ដែលអ្នកមិនបានដឹង។ ម្នាលភទ្ទាលិ អ្នកមិនបានដឹងហេតុថា ពួកឧបាសក មានប្រមាណច្រើននាក់ ដែលនៅអាស្រ័យ ក្នុងក្រុងសាវត្ថី សូម្បីពួកឧបាសកទាំងនោះ ក៏គង់ដឹងអាត្មាអញថា ភទ្ទាលិភិក្ខុ មិនបានបំពេញសិក្ខា ក្នុងសាសនា របស់ព្រះសាស្តា ដូច្នេះឡើយ នេះឯងជាហេតុ ដែលអ្នកមិនបានដឹង។ ម្នាលភទ្ទាលិ អ្នកមិនបានដឹងហេតុថា ពួកឧបាសិកាច្រើនគ្នា ដែលអាស្រ័យនៅ ក្នុងក្រុងសាវត្ថី សូម្បីពួកឧបាសិកាទាំងនោះ ក៏គង់ដឹងអាត្មាអញថា ភទ្ទាលិភិក្ខុ មិនបានបំពេញសិក្ខា ក្នុងសាសនា របស់ព្រះសាស្តា ដូច្នេះឡើយ នេះឯងជាហេតុ ដែលអ្នកមិនបានដឹង។ ម្នាលភទ្ទាលិ អ្នកមិនបានដឹងហេតុថា ពួកសមណព្រាហ្មណ៍ ជាតិរ្ថិយផ្សេងៗ មានប្រមាណច្រើនរូប ដែលនៅចាំវស្សា ក្នុងក្រុងសាវត្ថី សូម្បីពួកអ្នកទាំងនោះ ក៏គង់ដឹងអាត្មាអញថា ភទ្ទាលិភិក្ខុ ជាសាវ័ក របស់ព្រះសមណគោតម ជាព្រះថេរមួយអង្គ មិនបានបំពេញសិក្ខា ក្នុងសាសនា របស់ព្រះសាស្តា ដូច្នេះឡើយ នេះឯងជាហេតុ ដែលអ្នកមិនបានដឹង។ ព្រះភទ្ទាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ទោសគ្របសង្កត់នូវខ្ញុំព្រះអង្គ ដែលជាមនុស្សពាល ជាមនុស្សល្ងង់ ជាមនុស្សមិនឈ្លាស ព្រោះកាលដែលព្រះមានព្រះភាគ កំពុងបញ្ញត្តសិក្ខាបទ កំពុងឲ្យភិក្ខុសង្ឃ សមាទានសិក្ខា ខ្ញុំព្រះអង្គ បានក្រាបទូលនូវសេចក្តីមិនអាចធ្វើតាមបាន។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អត់ទោស ចំពោះកំហុសតាមទោស របស់ខ្ញុំព្រះអង្គនោះ ដើម្បីសង្រួមតទៅ។
[១៦៤] ព្រះអង្គ ទ្រង់ត្រាស់ថា អើភទ្ទាលិ ទោសគ្របសង្កត់អ្នក ដែលជាមនុស្សពាល ជាមនុស្សល្ងង់ ជាមនុស្សមិនឈ្លាស ពិតមែនហើយ ព្រោះកាលដែលតថាគត កំពុងបញ្ញត្តសិក្ខាបទ កំពុងឲ្យភិក្ខុសង្ឃសមាទានសិក្ខា អ្នកក៏បានប្រាប់ នូវសេចក្តីមិនអាចនឹងធ្វើតាមបាន។ ម្នាលភទ្ទាលិ អ្នកសំគាល់ហេតុនោះថា ដូចម្តេច ភិក្ខុក្នុងសាសនានេះ ជាឧភតោភាគវិមុត្ត តថាគតនិយាយ នឹងភិក្ខុនោះ យ៉ាងនេះថា ម្នាលភិក្ខុ អ្នកចូរមកចុះ ស្ពានរបស់តថាគត មានក្នុងភក់ដូច្នេះ តើភិក្ខុនោះ គប្បីទៅខ្លួនឯង ឬប្រើអ្នកដទៃ ឲ្យច្រានកាយរបស់ខ្លួន ឬគប្បីពោលប្រកែកថាទេ។ ព្រះភទ្ទាលិក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន មិនគួរទេ។ ព្រះអង្គ ត្រាស់សួរថា ម្នាលភទ្ទាលិ អ្នកសំគាល់ហេតុនោះថាដូចម្តេច ភិក្ខុក្នុងសាសនានេះ ជាបញ្ញាវិមុត្តបុគ្គល ជាកាយសក្ខីបុគ្គល ជាទិដ្ឋិប្បត្តបុគ្គល ជាសទ្ធាវិមុត្តបុគ្គល ជាធម្មានុសារីបុគ្គល ជាសទ្ធានុសារីបុគ្គល1) តថាគត និយាយនឹងបុគ្គលនោះយ៉ាងនេះថា ម្នាលភិក្ខុ អ្នកចូរមកចុះ ស្ពានរបស់តថាគត មានក្នុងភក់ដូច្នេះ តើភិក្ខុនោះគប្បីដើរទៅខ្លួនឯង ឬប្រើអ្នកដទៃ ឲ្យច្រានកាយរបស់ខ្លួន ឬគប្បីពោលប្រកែកថាទេ។ ព្រះភទ្ទាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនគួរទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភទ្ទាលិ អ្នកសំគាល់ហេតុនោះដូចម្តេច ម្នាលភទ្ទាលិ ក្នុងសម័យនោះ អ្នកបានជាឧភតោភាគវិមុត្តបុគ្គល ឬបានជាបញ្ញាវិមុត្តបុគ្គល ជាកាយសក្ខីបុគ្គល ជាទិដ្ឋិប្បត្តបុគ្គល ជាសទ្ធាវិមុត្តបុគ្គល ជាធម្មានុសារីបុគ្គល ជាសទ្ធានុសារីបុគ្គលដែរឬ។ ព្រះភទ្ទាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ដំណើរនុ៎ះ មិនមានទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភទ្ទាលិ ចុះមានតែក្នុងសម័យនោះ អ្នកជាបុគ្គលសោះសូន្យ ជាមនុស្សទទេ មានកំហុសទេឬ។ ព្រះភទ្ទាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន យ៉ាងនោះមែនហើយ បពិត្រព្រះអង្គដ៏ចំរើន ទោសគ្របសង្កត់នូវខ្ញុំព្រះអង្គ ដែលជាមនុស្សពាល ជាមនុស្សល្ងង់ ជាមនុស្សមិនឈ្លាស ព្រោះកាលដែលព្រះមានព្រះភាគ កំពុងបញ្ញត្តសិក្ខាបទ កំពុងឲ្យភិក្ខុសង្ឃសមាទានសិក្ខា ខ្ញុំព្រះអង្គក៏ក្រាបទូល នូវសេចក្តីមិនអាចនឹងធ្វើតាមបាន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់អត់ទោសចំពោះកំហុស តាមកំហុសរបស់ខ្ញុំព្រះអង្គនោះ ដើម្បីនឹងសង្រួមតទៅទៀត។
[១៦៥] ព្រះអង្គ ទ្រង់ត្រាស់ថា អើភទ្ទាលិ ទោសគ្របសង្កត់នូវអ្នកដែលជាមនុស្សពាល ជាមនុស្សល្ងង់ ជាមនុស្សមិនឈ្លាសពិតមែនហើយ ព្រោះកាលដែលតថាគត កំពុងបញ្ញត្តសិក្ខាបទ កំពុងឲ្យភិក្ខុសង្ឃសមាទានសិក្ខា អ្នកបានប្រាប់នូវសេចក្តីមិនអាចនឹងធ្វើតាមបាន ម្នាលភទ្ទាលិ កាលណាអ្នកបានឃើញទោសតាមទោសហើយ ត្រឡប់មកធ្វើ តាមធម៌ គឺសូមខមាទោស តថាគត នឹងអត់ទោសចំពោះកំហុសនោះ ដល់អ្នក ម្នាលភទ្ទាលិ ព្រោះថា បុគ្គលដែលបានឃើញទោសតាមទោស ហើយត្រឡប់មកធ្វើតាមធម៌ គឺសូមខមាទោសវិញ ទើបដល់នូវការសង្រួមតទៅ នេះឯងជាសេចក្តីចំរើន ក្នុងវិន័យរបស់ព្រះអរិយៈ។
[១៦៦] ម្នាលភទ្ទាលិ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ មិនបានបំពេញសិក្ខាក្នុងសាសនា របស់ព្រះសាស្តាទេ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ គប់រកសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរ ចំបើង (កាលបើនៅក្នុងទីដូច្នេះ) មុខជាអាត្មាអញ នឹងធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈដ៏ប្រសើរ អាចកំចាត់បង់នូវកិលេស ដ៏ក្រៃលែងជាងមនុស្សធម៌។ ភិក្ខុនោះ ក៏គប់រកសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរ ចំបើង កាលបើភិក្ខុនោះ ចេញទៅនៅដូច្នោះហើយ ព្រះសាស្តា ក៏តិះដៀលពួកសព្រហ្មចារីបុគ្គល ជាអ្នកចេះដឹង បានគយគន់ហើយ ក៏តិះដៀល ទេវតាទាំងឡាយក៏តិះដៀល ទាំងខ្លួនឯង ក៏តិះដៀលខ្លួនឯង បុគ្គលនោះ កាលបើព្រះសាស្តាតិះដៀល ពួកសព្រហ្មចារីបុគ្គល ជាអ្នកចេះដឹង បានគយគន់ហើយ ក៏តិះដៀល ពួកទេវតា ក៏តិះដៀលហើយ ទាំងខ្លួនឯង ក៏តិះដៀលខ្លួនឯងហើយ នឹងធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈដ៏ប្រសើរ អាចកំចាត់បង់នូវកិលេស ដ៏ក្រៃលែងជាងមនុស្សធម៌ មិនបានឡើយ ដំណើរនុ៎ះ តើព្រោះហេតុអ្វី ម្នាលភទ្ទាលិ ព្រោះហេតុតែភិក្ខុនោះ មិនបានបំពេញសិក្ខាក្នុងសាសនា របស់ព្រះសាស្តានុ៎ះឯង ដោយពិត។
[១៦៧] ម្នាលភទ្ទាលិ មួយទៀត ភិក្ខុពួកខ្លះ ក្នុងសាសនានេះ បានបំពេញសិក្ខាក្នុងសាសនា របស់ព្រះសាស្តា ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរអាត្មាអញ គប់រកនូវសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរ ចំបើង គួរតែអាត្មាអញ ធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈដ៏ប្រសើរ អាចកំចាត់បង់នូវកិលេស ដ៏ក្រៃលែងជាងមនុស្សធម៌។ ភិក្ខុនោះ ក៏គប់រកសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង កាលបើភិក្ខុនោះ ចេញទៅនៅដូច្នោះហើយ ព្រះសាស្តា ក៏មិនតិះដៀល ពួកសព្រហ្មចារីបុគ្គល ជាអ្នកចេះដឹង បានគយគន់ហើយ ក៏មិនតិះដៀល ពួកទេវតា ក៏មិនតិះដៀល ទាំងខ្លួនឯង ក៏មិនតិះដៀលខ្លួនឯង បុគ្គលនោះ កាលបើព្រះសាស្តា មិនតិះដៀល ពួកសព្រហ្មចារីបុគ្គល ជាអ្នកចេះដឹង បានគយគន់ហើយ ក៏មិនតិះដៀល ពួកទេវតា ក៏មិនតិះដៀល ទាំងខ្លួនឯង ក៏មិនតិះដៀលខ្លួនឯងហើយ រមែងធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈដ៏ប្រសើរ អាចកំចាត់បង់នូវកិលេស ដ៏ក្រៃលែងជាងមនុស្សធម៌បាន។ ភិក្ខុនោះ រមែងស្ងប់ស្ងាត់ ចាកកាម ស្ងប់ស្ងាត់ចាកអកុសលធម៌ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីវិវេក ដំណើរនុ៎ះ តើព្រោះហេតុអ្វី ម្នាលភទ្ទាលិ ព្រោះហេតុតែភិក្ខុនោះ បានបំពេញសិក្ខាក្នុងសាសនា របស់ព្រះសាស្តា យ៉ាងនោះឯង។ ម្នាលភទ្ទាលិ មួយទៀត ភិក្ខុព្រោះបានរម្ងាប់នូវវិតក្កៈ និងវិចារៈ ក៏ចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់ក្នុងសន្តាន មានភាពនៃចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិប៉ុណ្ណោះ ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភទ្ទាលិ ព្រោះហេតុតែភិក្ខុនោះ ជាអ្នកបំពេញសិក្ខា ក្នុងសាសនារបស់ព្រះសាស្តា យ៉ាងនោះឯង។ ម្នាលភទ្ទាលិ មួយទៀត ភិក្ខុព្រោះប្រាសចាកបីតិ។បេ។ ចូលកាន់តតិយជ្ឈាន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះហេតុតែភិក្ខុនោះ ជាអ្នកបំពេញនូវសិក្ខា ក្នុងសាសនារបស់ព្រះសាស្តា យ៉ាងនោះឯង។ ម្នាលភទ្ទាលិ មួយទៀត ភិក្ខុព្រោះលះបង់សេចក្តីសុខ។បេ។ ចូលកាន់ចតុត្ថជ្ឈាន ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភទ្ទាលិ ព្រោះហេតុតែភិក្ខុនោះ ជាអ្នកបំពេញសិក្ខា ក្នុងសាសនារបស់ព្រះសាស្តា យ៉ាងនោះឯង។
[១៦៨] កាលបើចិត្តខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ ឥតមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនបានញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ រមែងបង្អោនចិត្តទៅរកបុព្វេនិវាសានុស្សតិញ្ញាណ។ ភិក្ខុនោះ រមែងរលឹកឃើញនូវជាតិ ដែលធ្លាប់អាស្រ័យ ក្នុងភពមុនជាច្រើនជាតិ គឺរលឹកឃើញមួយជាតិ។បេ។ រលឹកឃើញនូវជាតិ ដែលធ្លាប់អាស្រ័យនៅ ក្នុងភពមុនបានច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភទ្ទាលិ ព្រោះហេតុតែភិក្ខុនោះ ជាអ្នកបំពេញសិក្ខា ក្នុងសាសនារបស់ព្រះសាស្តា យ៉ាងនោះឯង។ កាលបើចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ ឥតមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនបានញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ រមែងបង្អោនចិត្តទៅរកចុតូបបាតញ្ញាណ របស់សត្វទាំងឡាយ។ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងចក្ខុរបស់មនុស្សធម្មតា បានឃើញសត្វទាំងឡាយ ដែលច្យុត ដែលកើត ថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្មរបស់ខ្លួនថា ឱហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត។បេ។ ហើយកើតក្នុងកំណើតអសុរកាយ នរក។បេ។ ចំណែកខាងសត្វទាំងឡាយនេះ ប្រកបដោយកាយសុចរិត។បេ។ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ភិក្ខុដែលមានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សធម្មតា។បេ។ រមែងដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្មរបស់ខ្លួន ដូច្នេះឯង ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភទ្ទាលិ ព្រោះហេតុតែភិក្ខុនោះ ជាអ្នកបំពេញសិក្ខា ក្នុងសាសនារបស់ព្រះសាស្តា យ៉ាងនោះឯង។ កាលបើចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ ឥតមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនបានញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ រមែងបង្អោនចិត្តទៅរកអាសវក្ខយញ្ញាណ។ ភិក្ខុនោះ រមែងដឹងច្បាស់តាមសេចក្តីពិតថា នេះទុក្ខ ។បេ។ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាបដិបទា ជាដំណើរដើម្បីរំលត់នូវទុក្ខ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាអាសវៈ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាហេតុនាំឲ្យកើតអាសវៈ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាសេចក្តីរលត់នៃអាសវៈ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាបដិបទា ជាដំណើរដើម្បីរលត់នៃអាសវៈ។ កាលភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏រួចស្រឡះចាកកាមាសវៈផង ចិត្តក៏រួចចាកទិដ្ឋាសវៈផង ចិត្តក៏រួចចាកភវាសវៈផង ចិត្តក៏រួចស្រឡះចាកអវិជ្ជាសវៈផង កាលបើចិត្តរួចស្រឡះ ប្រាជ្ញាក៏កើតមានឡើងថា (ចិត្តរបស់អាត្មាអញ) រួចស្រឡះហើយ ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើហើយ មគ្គភាវនាកិច្ចដទៃ ដើម្បីសោឡសកិច្ចនេះ មិនមានឡើយ ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភទ្ទាលិ ព្រោះហេតុតែភិក្ខុនោះ ជាអ្នកបំពេញសិក្ខា ក្នុងសាសនារបស់ព្រះសាស្តា យ៉ាងនោះឯង។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះភទ្ទាលិមានអាយុ ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អ្វីហ្ន៎ ជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យពួកភិក្ខុ ធ្វើការសង្កត់សង្កិននូវភិក្ខុពួកខ្លះ ក្នុងសាសនានេះ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យពួកភិក្ខុមិនធ្វើការសង្កត់សង្កិន នូវភិក្ខុពួកខ្លះ ក្នុងសាសនានេះ។
[១៦៩] ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភទ្ទាលិ ភិក្ខុពួកខ្លះក្នុងសាសនានេះ ជាអ្នកត្រូវអាបត្តិរឿយៗ ជាអ្នកច្រើនដោយអាបត្តិ កាលពួកភិក្ខុស្តីប្រដៅ ភិក្ខុនោះ ក៏ពោលបន្លែបន្លប់ពាក្យដទៃ ដោយពាក្យដទៃ តែងបោះពាក្យទៅខាងក្រៅ ធ្វើនូវសេចក្តីក្រោធ សេចក្តីប្រទូស្ត សេចក្តីអាក់អន់ចិត្តឲ្យប្រាកដឡើង មិនប្រព្រឹត្តវត្តដោយប្រពៃ មិនសម្លបរោម មិនប្រព្រឹត្តវត្តគួរដល់កិរិយារលាស់ខ្លួនចេញចាកអាបត្តិ សង្ឃមានសេចក្តីពេញចិត្ត ដោយហេតុណា មិនបានប្រាប់ហេតុនោះថា ខ្ញុំធ្វើដូច្នេះឡើយ។ ម្នាលភទ្ទាលិ ពួកភិក្ខុមានសេចក្តីត្រិះរិះក្នុងហេតុដែលប្រដៅក្រនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះត្រូវអាបត្តិរឿយៗ ច្រើនដោយអាបត្តិ ភិក្ខុនោះ កាលពួកភិក្ខុផងគ្នាស្តីប្រដៅ ភិក្ខុនោះ ក៏ពោលបន្លែបន្លប់ពាក្យដទៃដោយពាក្យដទៃ តែងបោះពាក្យទៅខាងក្រៅ ធ្វើនូវសេចក្តីក្រោធ សេចក្តីប្រទូស្ត នឹងសេចក្តីអាក់អន់ចិត្ត មិនប្រព្រឹត្តវត្តដោយប្រពៃ មិនសម្លបរោម មិនប្រព្រឹត្តវត្តគួរដល់កិរិយារើខ្លួនចេញចាកអាបត្តិ សង្ឃមានសេចក្តីពេញចិត្ត ដោយហេតុណា មិនប្រាប់ហេតុនោះថា ខ្ញុំធ្វើដូច្នេះឡើយ បពិត្រលោកមានអាយុទាំងឡាយ សូមលោកទាំងឡាយ ពិចារណាមើលអធិករណ៍ របស់ភិក្ខុនេះ ដោយឆាប់រហ័ស តាមទំនងដែលមិនបានរម្ងាប់ដោយឆាប់រហ័សនេះចុះ។ ម្នាលភទ្ទាលិ ពួកភិក្ខុ ក៏ពិចារណាអធិករណ៍ របស់ភិក្ខុនោះតាមទំនង ដែលមិនរម្ងាប់ដោយឆាប់រហ័សយ៉ាងនេះឯង។ ម្នាលភទ្ទាលិ ចំណែកភិក្ខុពួកខ្លះក្នុងសាសនានេះ ជាអ្នកត្រូវអាបត្តិរឿយៗ ជាអ្នកច្រើនដោយអាបត្តិ កាលភិក្ខុទាំងឡាយស្តីប្រដៅ ភិក្ខុនោះ ក៏មិនពោលបន្លែបន្លប់ពាក្យដទៃដោយពាក្យដទៃ មិនបោះពាក្យទៅខាងក្រៅ មិនបានធ្វើនូវសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើយ រមែងប្រព្រឹត្តវត្តដោយប្រពៃ សម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារើខ្លួនចេញចាកអាបត្តិ សង្ឃគាប់ចិត្ត ដោយហេតុណា ក៏ប្រាប់ហេតុនោះថា ខ្ញុំធ្វើ។ ម្នាលភទ្ទាលិ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះ ក្នុងហេតុដែលប្រដៅងាយនោះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះ ជាអ្នកត្រូវអាបត្តិរឿយៗ ជាអ្នកច្រើនទៅដោយអាបត្តិ កាលភិក្ខុទាំងឡាយ ស្តីប្រដៅ ភិក្ខុនោះ ក៏មិនបានពោលបន្លែបន្លប់ពាក្យដទៃ ដោយពាក្យដទៃ មិនបានបោះពាក្យទៅខាងក្រៅ ទាំងមិនធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើយ តែងប្រព្រឹត្តវត្ត ដោយប្រពៃ សម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារើខ្លួនចេញចាកអាបត្តិ សង្ឃមានសេចក្តីពេញចិត្ត ដោយហេតុណា ក៏ប្រាប់ហេតុនោះថា ខ្ញុំធ្វើ បពិត្រលោកដ៏មានអាយុទាំងឡាយ សូមលោកទាំងឡាយ ពិចារណាមើលអធិករណ៍ របស់ភិក្ខុនេះ តាមទំនងដែលបានរម្ងាប់ដោយឆាប់រហ័ស យ៉ាងនេះចុះ។ ម្នាលភទ្ទាលិ ពួកភិក្ខុ ក៏ពិចារណានូវអធិករណ៍ របស់ភិក្ខុនោះ តាមទំនង ដែលបានរម្ងាប់ដោយឆាប់រហ័សយ៉ាងនេះឯង។
[១៧០] ម្នាលភទ្ទាលិ ភិក្ខុពួកខ្លះក្នុងសាសនានេះ ជាអ្នកត្រូវអាបត្តិកាលម្តងៗ ជាអ្នកមិនច្រើនដោយអាបត្តិ កាលភិក្ខុទាំងឡាយស្តីប្រដៅ ភិក្ខុនោះ រមែងពោលបន្លែបន្លប់ពាក្យដទៃ ដោយពាក្យដទៃ បោះពាក្យទៅខាងក្រៅ ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង មិនប្រព្រឹត្តវត្ត ដោយប្រពៃ មិនសម្លបរោម មិនប្រព្រឹត្តវត្តគួរដល់កិរិយារើខ្លួនចេញចាកអាបត្តិ សង្ឃមានសេចក្តីពេញចិត្ត ដោយហេតុណា មិនបានប្រាប់ហេតុនោះថា ខ្ញុំធ្វើ ដូច្នេះឡើយ។ ម្នាលភទ្ទាលិ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះ ក្នុងហេតុដែលប្រដៅក្រនោះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះ ជាអ្នកត្រូវអាបត្តិក្នុងកាលម្តងៗ ជាអ្នកមិនច្រើនដោយអាបត្តិ កាលភិក្ខុទាំងឡាយស្តីប្រដៅ ភិក្ខុនោះ រមែងពោលបន្លែបន្លប់ពាក្យដទៃ ដោយពាក្យដទៃ បោះពាក្យទៅខាងក្រៅ ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង មិនប្រព្រឹត្តវត្ត ដោយប្រពៃ មិនសម្លបរោម មិនប្រព្រឹត្តវត្តគួរដល់កិរិយារើខ្លួនចេញចាកអាបត្តិ សង្ឃមានសេចក្តីពេញចិត្ត ដោយហេតុណា មិនបានប្រាប់ហេតុនោះថា ខ្ញុំធ្វើ ដូច្នេះឡើយ បពិត្រលោកទាំងឡាយមានអាយុ សូមលោកទាំងឡាយ ពិចារណាមើលអធិករណ៍ របស់ភិក្ខុនេះ តាមទំនងដែលមិនរម្ងាប់ ដោយឆាប់រហ័សនេះចុះ។ ម្នាលភទ្ទាលិ ពួកភិក្ខុពិចារណាអធិករណ៍របស់ភិក្ខុនោះ តាមទំនងដែលមិនរម្ងាប់ដោយឆាប់រហ័ស យ៉ាងនេះឯង។ ម្នាលភទ្ទាលិ ចំណែកខាងភិក្ខុពួកមួយ ក្នុងសាសនានេះ ជាអ្នកត្រូវអាបត្តិក្នុងកាលម្តងៗ មិនច្រើនដោយអាបត្តិ កាលភិក្ខុទាំងឡាយស្តីប្រដៅ ភិក្ខុនោះ មិនបានពោលបន្លែបន្លប់ពាក្យដទៃ ដោយពាក្យដទៃ មិនបោះពាក្យទៅខាងក្រៅ មិនបានធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើយ ប្រព្រឹត្តវត្ត ដោយប្រពៃ សម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារើខ្លួនចេញចាកអាបត្តិ សង្ឃមានសេចក្តីពេញចិត្ត ដោយហេតុណា បានប្រាប់ហេតុនោះថា ខ្ញុំធ្វើ។ ម្នាលភទ្ទាលិ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះ ក្នុងហេតុដែលប្រដៅងាយនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះ ជាអ្នកត្រូវអាបត្តិក្នុងកាលម្តងៗ មិនច្រើនដោយអាបត្តិ កាលភិក្ខុទាំងឡាយស្តីប្រដៅ ភិក្ខុនោះ មិនបានពោលបន្លែបន្លប់ពាក្យដទៃ ដោយពាក្យដទៃ មិនបោះពាក្យទៅខាងក្រៅ មិនបានធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើយ ប្រព្រឹត្តវត្ត ដោយប្រពៃ សម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារើខ្លួនចេញចាកអាបត្តិបាន សង្ឃមានសេចក្តីពេញចិត្ត ដោយហេតុណា ក៏ប្រាប់ហេតុនោះថា ខ្ញុំធ្វើ បពិត្រលោកមានអាយុទាំងឡាយ សូមលោកពិចារណាអធិករណ៍ របស់ភិក្ខុនេះ តាមទំនងដែលគប្បីរម្ងាប់ ដោយឆាប់រហ័សនេះចុះ។ ម្នាលភទ្ទាលិ ពួកភិក្ខុពិចារណាអធិករណ៍ របស់ភិក្ខុនោះ តាមទំនងដែលបានរម្ងាប់ ដោយឆាប់រហ័ស យ៉ាងនេះឯង។
[១៧១] ម្នាលភទ្ទាលិ ភិក្ខុពួកមួយ ក្នុងសាសនានេះ ប្រព្រឹត្តដោយសទ្ធាស្តួចស្តើង ដោយសេចក្តីស្រឡាញ់ស្តួចស្តើង (ចំពោះអាចារ្យ និងឧបជ្ឈាយ៍)។ ម្នាលភទ្ទាលិ ភិក្ខុទាំងឡាយ តែងមានសេចក្តីត្រិះរិះ ចំពោះហេតុនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះ ប្រព្រឹត្តដោយសទ្ធាស្តួចស្តើង ដោយសេចក្តីស្រឡាញ់ស្តួចស្តើង (ចំពោះអាចារ្យ និងឧបជ្ឈាយ៍) ប្រសិនបើយើងទាំងឡាយ ធ្វើនូវការសង្កត់សង្កិនភិក្ខុនេះ សទ្ធាស្តួចស្តើង និងសេចក្តីស្រឡាញ់ស្តួចស្តើងណា ដែលមាននៅ ភិក្ខុនេះ នឹងមិនសាបសូន្យ ចាកសទ្ធា និងសេចក្តីស្រឡាញ់ស្តួចស្តើងនោះឡើយ។ ម្នាលភទ្ទាលិ បុរសមានចក្ខុតែមួយ ពួកមិត្តអាមាត្យ ញាតិសាលោហិត គប្បីជួយថែរក្សាចក្ខុម្ខាង របស់បុរសនោះ ដោយគតិថា ចក្ខុណាដែលមាននៅ សូមកុំឲ្យបុរសនោះសាបសូន្យចាកចក្ខុម្ខាងនោះឡើយ យ៉ាងណាមិញ ម្នាលភទ្ទាលិ ភិក្ខុពួកមួយ ក្នុងសាសនានេះ ប្រព្រឹត្តដោយសទ្ធាស្តួចស្តើង ដោយសេចក្តីស្រឡាញ់ស្តួចស្តើង (ចំពោះអាចារ្យ និងឧបជ្ឈាយ៍) យ៉ាងនោះឯង។ ម្នាលភទ្ទាលិ ភិក្ខុទាំងឡាយ តែងមានសេចក្តីត្រិះរិះ ចំពោះហេតុយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះ ប្រព្រឹត្តដោយសទ្ធាស្តួចស្តើង ដោយសេចក្តីស្រឡាញ់ស្តួចស្តើង (ចំពោះអាចារ្យ និងឧបជ្ឈាយ៍) ប្រសិនបើយើងទាំងឡាយនាំគ្នាធ្វើការសង្កត់សង្កិនភិក្ខុនេះ សទ្ធាស្តួចស្តើង និងសេចក្តីស្រឡាញ់ស្តួចស្តើងណា ដែលមាននៅ ភិក្ខុនេះ នឹងមិនសាបសូន្យ ចាកសទ្ធា និងសេចក្តីស្រឡាញ់ស្តួចស្តើង (ចំពោះអាចារ្យ និងឧបជ្ឈាយ៍) នោះឡើយ យ៉ាងនោះឯង។ ម្នាលភទ្ទាលិ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យភិក្ខុទាំងឡាយ ធ្វើការសង្កត់សង្កិនភិក្ខុពួកមួយ ក្នុងសាសនានេះ ម្នាលភទ្ទាលិ មួយទៀត នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យពួកភិក្ខុ មិនធ្វើការសង្កត់សង្កិនភិក្ខុពួកមួយក្នុងសាសនានេះ។ ព្រះភទ្ទាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន អ្វីហ្ន៎ ជាហេតុ អ្វីហ្ន៎ជាបច្ច័យ បានជាក្នុងកាលពីដើម មានសិក្ខាបទតិចល្មម តែពួកភិក្ខុច្រើនរូប បានតាំងនៅក្នុងព្រះអរហត្ត បពិត្រព្រះអង្គដ៏ចំរើន មួយទៀត អ្វីជាហេតុ អ្វីជាបច្ច័យ បានជាក្នុងកាលឥឡូវនេះ មានសិក្ខាបទច្រើនណាស់ តែពួកភិក្ខុតិចពេក ដែលបានតាំងនៅក្នុងព្រះអរហត្ត។
[១៧២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភទ្ទាលិ ដំណើរនោះ យ៉ាងនេះឯង គឺកាលបើសត្វទាំងឡាយសាបសូន្យ កាលបើព្រះសទ្ធម្មអន្តរធាន សិក្ខាបទទាំងឡាយ រមែងមានច្រើន ឯពួកភិក្ខុដែលបានឋិតនៅក្នុងព្រះអរហត្តមានតិច។ ម្នាលភទ្ទាលិ ធម៌ទាំងឡាយខ្លះ ដែលជាទីតាំងនៃអាសវៈ មិនទាន់កើតប្រាកដ ចំពោះសង្ឃ ក្នុងសាសនានេះត្រឹមណា ព្រះសាស្តាក៏មិនទាន់បញ្ញត្តសិក្ខាបទ ដល់សាវ័កទាំងឡាយត្រឹមណោះ។ ម្នាលភទ្ទាលិ លុះតែធម៌ទាំងឡាយខ្លះ ដែលជាទីតាំងនៃអាសវៈ កើតប្រាកដ ចំពោះសង្ឃ ក្នុងសាសនានេះ ក្នុងកាលណា ទើបព្រះសាស្តា ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ក្នុងកាលនោះ ដើម្បីនឹងការពារ នូវធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈនោះ ប៉ុណ្ណោះ។ ម្នាលភទ្ទាលិ សង្ឃមិនទាន់មានច្រើនត្រឹមណា ធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈ ក៏មិនទាន់មានប្រាកដ ចំពោះសង្ឃ ត្រឹមណោះដែរ។ ម្នាលភទ្ទាលិ លុះតែសង្ឃមានច្រើន ក្នុងកាលណា ធម៌ទាំងឡាយខ្លះ ដែលជាទីតាំងឡើង នៃអាសវៈ ក៏មានប្រាកដ ចំពោះសង្ឃ ក្នុងកាលណោះ ព្រះសាស្តា ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ដើម្បីការពារ នូវធម៌ទាំងឡាយ ដែលជាទីតាំងឡើង នៃអាសវៈនោះឯង។ ម្នាលភទ្ទាលិ សង្ឃមិនទាន់ដល់នូវលោកដ៏ប្រសើរ… មិនទាន់ដល់នូវយសដ៏ប្រសើរ… មិនទាន់ដល់នូវភាពជាពហុស្សូត… មិនទាន់ដល់នូវភាពជាអ្នកស្គាល់នូវរាត្រី (ច្រើន) ត្រឹមណា ធម៌ទាំងឡាយខ្លះ ដែលជាទីតាំងឡើង នៃអាសវៈ ក៏មិនទាន់មានប្រាកដ ចំពោះសង្ឃ ក្នុងសាសនានេះ ត្រឹមណោះដែរ។ ម្នាលភទ្ទាលិ លុះតែសង្ឃ ដល់នូវភាពជាអ្នកស្គាល់រាត្រី (ច្រើន) ក្នុងកាលណា ធម៌ទាំងឡាយខ្លះ ដែលជាទីតាំងឡើង នៃអាសវៈ ក៏មានប្រាកដ ចំពោះសង្ឃ ក្នុងសាសនានេះ ក្នុងកាលនោះ ទើបព្រះសាស្តា បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ដើម្បីនឹងការពារ នូវធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈនោះឯង។
[១៧៣] ព្រះអង្គត្រាស់ថា ម្នាលភទ្ទាលិ តថាគតបានសំដែងធម្មបរិយាយ ប្រៀបដោយសំទុះ នៃសេះអាជានេយ្យស្ទាវ ដល់អ្នក ក្នុងកាលណា អ្នកទាំងឡាយមានប្រមាណតិច បាននាំគ្នាពោល ក្នុងសម័យនោះ ម្នាលភទ្ទាលិ អ្នករលឹកឃើញហេតុនោះដែរឬ។ ព្រះភទ្ទាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន មិនឃើញទេ។ ម្នាលភទ្ទាលិ អ្នកជឿនូវហេតុ ក្នុងការរលឹកមិនឃើញដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ជាអ្នកមិនបានបំពេញសិក្ខា ក្នុងសាសនា របស់ព្រះសាស្តា អស់កាលយូរពិតមែន។ ម្នាលភទ្ទាលិ នុ៎ះមិនមែនជាហេតុ មិនមែនជាបច្ច័យទេ ម្នាលភទ្ទាលិ ចំណែកខាងអ្នក តថាគត បានកំណត់ដឹងចិត្ត ដោយចិត្ត (របស់តថាគត) អស់កាលយូរមកហើយថា មោឃបុរសនេះ កាលដែលតថាគត សំដែងធម៌ ក៏មិនធ្វើឲ្យជាប្រយោជន៍ យកចិត្តទុកដាក់ ពិចារណា ដោយចិត្តសព្វគ្រប់ ផ្អៀងត្រចៀកស្តាប់ធម៌ឡើយ ម្នាលភទ្ទាលិ ចំណែកខាងតថាគត នឹងសំដែងនូវធម្មបរិយាយ ដែលប្រៀបដោយសំទុះ នៃសេះអាជានេយ្យស្ទាវ ដល់អ្នក ចូរអ្នកយកចិត្តទុកដាក់ ស្តាប់ធម្មបរិយាយនោះ ដោយគោរពចុះ តថាគតនឹងសំដែង។ ភទ្ទាលិមានអាយុ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[១៧៤] ព្រះមានព្រះភាគ បានត្រាស់សេចក្តីនុ៎ះថា ម្នាលភទ្ទាលិ បុរសអ្នកបង្ហាត់សេះ ដែលឈ្លាសវៃ បានសេះអាជានេយ្យល្អមកហើយ រមែងធ្វើនូវការបង្ហាត់ ដោយបង្ហៀរជាដម្បូង។ សេះនោះ កាលបើសារថី ធ្វើនូវការបង្ហាត់ ចំពោះបង្ហៀរហើយ ពុតត្បុត កិកកុក កៀចបន្តិចបន្តួច គង់មាននៅមិនខាន ដូចជាសេះ ដែលគេមិនបានធ្វើនូវការបង្ហាត់។ សេះនោះ លុះគេបានបង្ហាត់រឿយៗ បានបង្ហាត់ដោយលំដាប់ ក៏បានរាបទាប ក្នុងទីនោះ។ ម្នាលភទ្ទាលិ កាលណាសេះអាជានេយ្យល្អ ដែលគេបានបង្ហាត់រឿយៗ បានបង្ហាត់ដោយលំដាប់ ក៏បានរាបទាប ក្នុងទីនោះ អ្នកបង្ហាត់សេះ រមែងធ្វើនូវការបង្ហាត់សេះនោះ តទៅទៀត ដោយការដាក់នឹម។ សេះនោះ កាលដែលសារថី ធ្វើនូវការបង្ហាត់ដាក់នឹមហើយ ពុតត្បុត កិកកុក កៀចបន្តិចបន្តួច គង់នៅមានមិនខាន ដូចជាសេះ ដែលគេមិនបានធ្វើនូវការបង្ហាត់។ សេះនោះ លុះគេបានបង្ហាត់រឿយៗ បានបង្ហាត់ដោយលំដាប់ ក៏រាបទាបក្នុងទីនោះ។ ម្នាលភទ្ទាលិ កាលណាសេះអាជានេយ្យល្អ គេបានបង្ហាត់រឿយៗ បានបង្ហាត់ដោយលំដាប់ រមែងបានរាបទាប ក្នុងទីនោះ ទើបអ្នកបង្ហាត់សេះ ធ្វើនូវការបង្ហាត់សេះនោះ តទៅទៀត ក្នុងទីដែលលើក ឬដាក់ (នូវជើង) ក្នុងមណ្ឌល ក្នុងទីដែលកកាយផែនដី ដោយចុងក្រចក ក្នុងសំទុះដ៏រហ័ស ក្នុងកាលដែលត្រូវការកញ្រ្ជៀវ ក្នុងព្រះរាជគុណ2) ក្នុងព្រះរាជវង្ស ក្នុងសំទុះដ៏ប្រសើរ ក្នុងភាវៈ នៃសេះដ៏ប្រសើរ ក្នុងកាលដែលមានវាចាដ៏ពីរោះ។ សេះនោះ កាលបើសារថីធ្វើនូវការបង្ហាត់ ក្នុងសំទុះដ៏ប្រសើរ ក្នុងភាវៈនៃសេះដ៏ប្រសើរ ក្នុងកាលដែលមានវាចាពីរោះហើយ ពុតត្បុតកិកកុក កៀចបន្តិចបន្តួច គង់នៅមានមិនខាន ដូចសេះដែលគេមិនបានធ្វើនូវការបង្ហាត់ដែរ។ សេះនោះ លុះតែគេបានបង្ហាត់រឿយៗ បង្ហាត់ដោយលំដាប់ ក៏រាបទាបក្នុងទីនោះ។ ម្នាលភទ្ទាលិ កាលណាសេះអាជានេយ្យដ៏ល្អ ដែលសារថីបង្ហាត់រឿយៗ បង្ហាត់ដោយលំដាប់ ក៏រាបទាប ក្នុងទីនោះហើយ ទើបសារថីជាអ្នកបង្ហាត់សេះ បំប៉នសេះនោះ ឲ្យមានសម្បុរល្អ និងកំឡាំងច្រើនតទៅទៀត។ ម្នាលភទ្ទាលិ សេះអាជានេយ្យល្អ ប្រកបដោយអង្គ១០3) នេះឯង ជាសេះគួរសមដល់ស្តេច ជាសេះគួរស្តេចប្រើប្រាស់ ដល់នូវការរាប់ថាជាអង្គរបស់ស្តេចបាន សេចក្តីទាំងនេះ មានឧបមាយ៉ាងណា ម្នាលភទ្ទាលិ មានឧបមេយ្យដូចភិក្ខុ ដែលប្រកបដោយធម៌១០ប្រការ ឈ្មោះថា ជាអ្នកគួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា ជាអ្នកគួរទទួលអាគន្តុកទាន ជាអ្នកគួរទទួលទក្ខិណាទាន ជាអ្នកគួរ ដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក អង្គ១០ប្រការនោះ តើអ្វីខ្លះ ម្នាលភទ្ទាលិ ភិក្ខុក្នុងសាសនានេះ ប្រកបដោយអសេខសម្មាទិដ្ឋិ១ ប្រកបដោយអសេខសម្មាសង្កប្បៈ១ ប្រកបដោយអសេខសម្មាវាចា១ ប្រកបដោយអសេខសម្មាកម្មន្តៈ១ ប្រកបដោយអសេខសម្មាអាជីវៈ១ ប្រកបដោយអសេខសម្មាវាយាមៈ១ ប្រកបដោយអសេខសម្មាសតិ១ ប្រកបដោយអសេខសម្មាសមាធិ១ ប្រកបដោយអសេខសម្មាញាណៈ១ ប្រកបដោយអសេខសម្មាវិមុត្តិ១ ម្នាលភទ្ទាលិ ភិក្ខុដែលប្រកបដោយធម៌១០ប្រការនេះឯង ឈ្មោះថា ជាអ្នកគួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា ជាអ្នកគួរទទួលអាគន្តុកទាន ជាអ្នកទទួលទក្ខិណាទាន ជាអ្នកគួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះចប់ហើយ ព្រះភទ្ទាលិមានអាយុ ក៏មានចិត្តរីករាយ ត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ ភទ្ទាលិសូត្រ ទី៥។