User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.067



ចាតុមសូត្រ ទី៧

សង្ខេប

ហេតុ​អ្វី​ព្រះ​ពុទ្ធ​បាន​បណ្ដេញ ​ពួក​ភិក្ខុ​ប្រមាណ​៥០០​រូប ​ដែល​បាន​​និមន្ត​ទៅ​ដល់​ស្រុក​ចាតុមា មាន​​ព្រះ​សារី​បុត្ត និង​ព្រះ​មោគ្គល្លាន ជា​ប្រធាន?

mn 067 បាលី cs-km: sut.mn.067 អដ្ឋកថា: sut.mn.067_att PTS: ?

(ទី៧) ចាតុមសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៧. ចាតុមសុត្តំ)

[១៨៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​អាមលកីវ័ន (ព្រៃកន្ទួតព្រៃ) ក្នុងស្រុកចាតុមា។ ក៏សម័យនោះ ពួកភិក្ខុប្រមាណ​៥០០រូប មាន​ព្រះសារីបុត្ត និងព្រះមោគ្គល្លាន ជាប្រធាន និមន្តទៅដល់ស្រុក ចាតុមា ដើម្បីគាល់​ព្រះមានព្រះភាគ។ ក៏ឯពួក​ភិក្ខុអាគន្តុកៈអម្បាលនោះ ក៏និយាយរាក់ទាក់ មួយអន្លើ​ដោយ​ពួក​នេវាសិកភិក្ខុ ប្រើគ្នានឹងគ្នា ឲ្យក្រាលសេនាសនៈ ឲ្យរៀបចំទុកដាក់បាត្រចីវរ មាន​សំឡេង​​គឹកកង សំឡេងអ៊ូអា។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទ​មានអាយុមកសួរថា ម្នាលអានន្ទ ចុះសំឡេងគឹកកងអ៊ូអាទាំងនុ៎ះ តើជាសំឡេងអ្វី ហាក់​ដូចជាពួកព្រានសំណាញ់ ដណ្តើមចាប់ត្រី ដូច្នោះ។ ព្រះអានន្ទក្រាបបង្គំទូល​ថា បពិត្រ​ព្រះអង្គដ៏ចំរើន ពួក​ភិក្ខុប្រមាណ ៥០០រូប មាន​ព្រះសារីបុត្ត និង​ព្រះមោគ្គល្លាន​ជា​ប្រធាននុ៎ះ មកដល់ស្រុកចាតុមា ដើម្បីគាល់​ព្រះមានព្រះភាគ ពួកអាគន្តុកភិក្ខុ​អម្បាល​នោះ ក៏និយាយរាក់ទាក់ មួយអន្លើ​ ដោយ​ពួក​នេវាសិកភិក្ខុ ប្រើគ្នានឹងគ្នា ​ឲ្យ​ក្រាល​អាសនៈ ឲ្យរៀបចំទុកដាក់បាត្រ និងចីវរ ទើបមាន​សំឡេង​គឹកកង អ៊ូអា ដូច្នេះ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ អ្នកចូរហៅភិក្ខុទាំងឡាយមក តាមពាក្យរបស់តថាគតថា ព្រះ​សាស្តា ទ្រង់ត្រាស់ហៅលោកមានអាយុទាំងឡាយ។ ព្រះអានន្ទមានអាយុ ទទួលស្តាប់​ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏ចូល​ទៅរក​ពួកភិក្ខុ​ទាំង​នោះ លុះចូលទៅដល់ហើយ បាននិយាយ នឹងភិក្ខុទាំងនោះ យ៉ាងនេះថា ព្រះសាស្តា ទ្រង់ត្រាស់ហៅលោកមានអាយុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់​ពាក្យ​ព្រះអានន្ទ​ មានអាយុថា ករុណា លោកមានអាយុ ហើយក៏ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ រួច​អង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយ​ក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់​ត្រាស់សួរយ៉ាងនេះថា ម្នាលភិក្ខុ​ទាំងឡាយ ដូចម្តេច បានជាអ្នកទាំងឡាយ មានសំឡេង​គឹកកង អ៊ូអា បីដូចជាពួក​ព្រាន​សំណាញ់ ដណ្តើមចាប់ត្រី ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុប្រមាណ ៥០០រូប មាន​ព្រះសារីបុត្ត និងព្រះមោគ្គល្លាន ជាប្រធាននេះ មកដល់​ស្រុក​ចាតុមា ដើម្បីនឹងគាល់​ព្រះមានព្រះភាគ អាគន្តុកភិក្ខុអម្បាលនោះ ក៏និយាយ​រាក់ទាក់ ជាមួយ​ពួក​នេវាសិកភិក្ខុ ប្រើគ្នានឹងគ្នា ឲ្យក្រាលសេនាសនៈ ឲ្យរៀបចំ​ទុកដាក់​បាត្រចីវរ ទើបមាន​សំឡេង​គឹកកង អ៊ូអា ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទៅទៅ តថាគត បណ្តេញ​អ្នក​ទាំង​ឡាយ អ្នកទាំងឡាយ មិនគួរនៅ ក្នុងសំណាក់​តថាគតទេ។ ភិក្ខុអម្បាលនោះ ទទួលស្តាប់​ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំ​លា​ព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ ហើយរៀបចំទុកដាក់សេនាសនៈ ហើយកាន់​យកបាត្រ និងចីវរ ចៀស​ចេញទៅ។

[១៨៧] ក៏សម័យនោះ សក្យៈទាំងឡាយ អ្នកស្រុកចាតុមា ប្រជុំគ្នា ក្នុងរោងភាក់​អាស្រ័យដោយកិច្ច ដែលគួរធ្វើណាមួយ។ លុះសក្យៈទាំងឡាយ អ្នកស្រុកចាតុមា បានឃើញភិក្ខុទាំងឡាយ​នោះ កំពុងដើរមកពីចម្ងាយ លុះឃើញច្បាស់ហើយ បានចូល​ទៅរកភិក្ខុទាំងអម្បាលនោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងភិក្ខុ​ទាំង​អម្បាលនោះថា បពិត្រលោកមានអាយុ​ទាំងឡាយ លោកទាំងឡាយនិមន្តទៅណា។ ម្នាលអាវុសោ ព្រះមានព្រះភាគ បានបណ្តេញភិក្ខុសង្ឃទៅហើយ។ បពិត្រលោកមាន​អាយុទាំងឡាយ បើដូច្នោះ សូមលោកទាំងឡាយ និមន្តគង់មួយរំពេចសិន ក្រែង​ជួនជា​យើងទាំងឡាយ សំរួលព្រះទ័យ​ព្រះមានព្រះភាគបាន។ ភិក្ខុទាំងនោះ ទទួលស្តាប់​សក្យៈ​ទាំងឡាយ អ្នកស្រុកចាតុមាថា ថ្វាយព្រះពរ សក្យៈមានអាយុ។ លំដាប់នោះ សក្យៈទាំងឡាយ អ្នកស្រុកចាតុមា បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះ​សក្យៈទាំងឡាយ អ្នកស្រុកចាតុមា គង់ក្នុងទីសមគួរហើយ បានក្រាបទូលពាក្យនេះ នឹង​ព្រះមានព្រះភាគ​ថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ត្រេកអរ (នឹង​ការចូល​មកវិញ នៃភិក្ខុ​សង្ឃ) បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុសង្ឃ (ថា​ចូរមកវិញ) ចុះ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃដែល​ព្រះមានព្រះភាគ ធ្លាប់ទ្រង់អនុគ្រោះហើយ ក្នុងកាលមុន ដោយប្រការយ៉ាងណា ឥឡូវនេះ សូម​ព្រះមានព្រះភាគ ទ្រង់អនុគ្រោះ​ភិក្ខុសង្ឃ យ៉ាងនោះទៀត បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃ​ ដែលមានក្នុងទីនេះ ជាភិក្ខុថ្មី បួសហើយ​មិនយូរប៉ុន្មាន ទើបតែនឹងមកកាន់​ធម្មវិន័យនេះ កាលភិក្ខុទាំងឡាយនោះ មិនបាន​ជួបនឹងព្រះមានព្រះភាគហើយ មុខជា​នឹងមានសេចក្តីរាយមាយ និងសេចក្តី​ប្រែប្រួល​ពុំខាន បពិត្រព្រះអង្គដ៏ចំរើន ដូចជា​ ពូជ​ទាំងឡាយដ៏ខ្ចី កាលមិនមានទឹកហើយ នឹងស្វិតស្រពោន ឬប្រែប្រួលយ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលមានក្នុងទីនេះ ជាភិក្ខុថ្មី បួសហើយមិនយូរប៉ុន្មាន ទើបតែនឹងមកកាន់​ធម្មវិន័យនេះ កាលភិក្ខុទាំងនោះ មិនបានជួប​ នឹងព្រះមានព្រះភាគ​ហើយ មុខជា​នឹងមានសេចក្តីរាយមាយ និងសេចក្តី​ប្រែប្រួល​ពុំខាន យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចំរើន ដូចកូនគោតូច កាលមិនឃើញ​មេហើយ មុខជានឹងស្គាំងស្គម ឬប្រែប្រួលយ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែល​មាន​ក្នុងទីនេះ ជាភិក្ខុថ្មី បួសហើយ​មិនយូរប៉ុន្មាន ទើបតែនឹងមកកាន់​ធម្មវិន័យនេះ កាលភិក្ខុ​ទាំងឡាយ​នោះ មិនបានជួប​​ នឹង​ព្រះមានព្រះភាគហើយ មុខជា​នឹងមានសេចក្តី​រាយ​មាយ និងសេចក្តីប្រែប្រួលពុំខាន យ៉ាង​នោះឯង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះ​ភាគ ត្រេកអរ (នឹងការចូលមកវិញ ​នៃភិក្ខុសង្ឃ) បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមាន​ព្រះភាគ ត្រាស់នឹងភិក្ខុសង្ឃ (ថាចូរមកវិញ) ចុះ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃដែល​ព្រះមានព្រះភាគ ធ្លាប់អនុគ្រោះហើយ ក្នុងកាលមុន ដោយប្រការយ៉ាងណា ឥឡូវនេះ សូមព្រះមានព្រះភាគ ទ្រង់អនុគ្រោះភិក្ខុសង្ឃ យ៉ាងនោះទៀត។

[១៨៨] គ្រានោះ សហម្បតិព្រហ្ម បានជ្រាបសេចក្តីបរិវិតក្កៈ ក្នុងព្រះហឫទ័យ នៃព្រះមានព្រះភាគ ដោយចិត្ត (របស់ខ្លួន) ហើយក៏ស្រាប់តែបាត់ អំពីព្រហ្មលោកមួយ​រំពេច ហើយមកប្រាកដ នៅទីចំពោះព្រះភក្ត្រព្រះមានព្រះភាគ ហាក់ដូចបុរស មាន​កំឡាំង​ លាដៃដែលខ្លួនបត់ចូល ឬបត់ដៃដែលខ្លួនលាចេញ។ លំដាប់នោះ សហម្បតិ​ព្រហ្ម ធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ទៅរក​ព្រះមានព្រះភាគ ក្រាបទូលសេចក្តីនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមាន​ព្រះភាគ ត្រេកអរ (នឹងការចូលមក​ នៃភិក្ខុសង្ឃ) បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមាន​ព្រះភាគ ត្រាស់នឹងភិក្ខុសង្ឃ (ថាចូរមកចុះ) បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃដែល​ព្រះមាន​ព្រះភាគ ធ្លាប់អនុគ្រោះហើយ ក្នុងកាលមុន ដោយប្រការយ៉ាងណា ឥឡូវនេះ សូមព្រះមានព្រះភាគ អនុគ្រោះភិក្ខុសង្ឃ ដោយប្រការ ​យ៉ាងនោះទៀត បពិត្រព្រះអង្គ​ដ៏ចំរើន ពួកភិក្ខុដែលមានក្នុងទីនេះ ជាភិក្ខុថ្មី បួសហើយ មិនយូរប៉ុន្មាន ទើបតែមកកាន់​ធម្មវិន័យ​នេះ កាលបើភិក្ខុទាំងនោះ មិនបានជួប​ នឹង​ព្រះមានព្រះភាគហើយ មុខជានឹង​មាន​សេចក្តីរាយមាយ និងសេចក្តីប្រែប្រួលជាពុំខាន បពិត្រព្រះអង្គដ៏ចំរើន ដូចពូជ​ទាំងឡាយ​ ដ៏ខ្ចី កាលមិនបានទឹកហើយ នឹងមានការស្វិត​ស្រពោន ឬនឹងមានដំណើរ​ប្រែប្រួល​ពុំខាន យ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុ ដែល​មានក្នុងទីនេះ ជាភិក្ខុថ្មី បួសហើយ​មិនយូរប៉ុន្មាន ទើបតែនឹងមកកាន់​ធម្មវិន័យនេះ កាលភិក្ខុទាំងនោះ មិនបានជួប​ នឹងព្រះមានព្រះភាគ​ហើយ មុខជា​នឹងមានសេចក្តីរាយមាយ និងសេចក្តី​ប្រែប្រួលពុំខាន យ៉ាងនោះឯង បពិត្រព្រះអង្គ​ដ៏ចំរើន ដូចកូនគោតូច កាលមិនឃើញ​មេ​ហើយ នឹងមានការស្គាំងស្គម ឬប្រែប្រួលពុំខាន​ ​យ៉ាង​ណា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុ ដែលមានក្នុងទីនេះ ជាភិក្ខុថ្មី បួសហើយ​មិនយូរ​ប៉ុន្មាន ទើបតែមកកាន់​ធម្មវិន័យនេះ កាលបើភិក្ខុទាំងនោះ មិនបានជួប​ នឹង​ព្រះមានព្រះភាគ​ហើយ មុខជា​នឹងមានសេចក្តី​រាយមាយ និងសេចក្តីប្រែប្រួលពុំខាន យ៉ាង​នោះឯង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមាន​ព្រះភាគ ត្រេកអរ (នឹងការចូល​មក​ នៃភិក្ខុសង្ឃ) បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមាន​ព្រះភាគ ត្រាស់នឹងភិក្ខុសង្ឃ (ថាចូរមកចុះ) បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃដែល​ព្រះមានព្រះភាគ ធ្លាប់អនុគ្រោះ​ហើយ ក្នុងកាលមុន ដោយប្រការយ៉ាងណា ឥឡូវនេះ សូមព្រះមានព្រះភាគ ទ្រង់អនុគ្រោះ​ភិក្ខុសង្ឃ ដោយប្រការ​យ៉ាងនោះទៀត។ សក្យៈទាំងឡាយ អ្នកស្រុក​ចាតុមា និងសហម្បតិព្រហ្ម អាចធ្វើព្រះមានព្រះភាគ ឲ្យត្រេកអរបាន ដោយពាក្យប្រៀបធៀប​ នឹងពូជផង ដោយពាក្យប្រៀបធៀប នឹងកូន​គោ​តូចផង។

[១៨៩] លំដាប់នោះ ព្រះមហាមោគ្គល្លានមានអាយុ បានប្រាប់ភិក្ខុទាំងឡាយថា ម្នាលអាវុសោ អ្នកទាំងឡាយ ចូរក្រោក កាន់បាត្រ និងចីវរឡើង ដ្បិតសក្យៈទាំងឡាយ អ្នកស្រុកចាតុមា និងសហម្បតិព្រហ្ម បានសម្រួលព្រះទ័យព្រះមានព្រះភាគ ដោយ​​ពាក្យប្រៀបធៀប​ នឹងពូជផង ដោយពាក្យប្រៀបធៀប នឹងកូនគោតូចផង។ ភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះមហាមោគ្គល្លាន មានអាយុថា ករុណា លោកមានអាយុ ហើយក៏​ក្រោក​ចាកអាសនៈ កាន់យកបាត្រ ចីវរហើយ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់​ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ កាលដែល​ព្រះសារីបុត្ត​មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរ​យ៉ាង​នេះថា ម្នាលសារីបុត្ត កាលបើភិក្ខុសង្ឃ ដែលតថាគតបណ្តេញហើយ តើអ្នកមានគំនិត​ដូចម្តេច។ ព្រះសារីបុត្តក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃ ដែលព្រះមានព្រះភាគ ទ្រង់បណ្តេញហើយ ខ្ញុំព្រះអង្គ មានគំនិតយ៉ាងនេះថា សូមព្រះមានព្រះភាគ មាន​សេចក្តីខ្វល់ខ្វាយតិច ទ្រង់ប្រកបរឿយៗ នូវធម៌ជាគ្រឿង​នៅជាសុខ ក្នុងបច្ចុប្បន្ន ក្នុងកាលឥឡូវនេះចុះ សូម្បីខ្ញុំព្រះអង្គទាំងឡាយ ក៏​មានសេចក្តីខ្វល់ខ្វាយតិច ប្រកប​រឿយៗ នូវធម៌ជាគ្រឿង​នៅជាសុខ ក្នុងបច្ចុប្បន្ន ក្នុងកាលឥឡូវនេះដែរ។ ម្នាលសារីបុត្ត អ្នកចូរឈប់សិនចុះ ម្នាលសារីបុត្ត អ្នកចូរឈប់សិន​ចុះ ម្នាលសារីបុត្ត គំនិតរបស់អ្នក មានសភាពយ៉ាងនេះ មិនគួរឲ្យ​កើតឡើងទៀតទេ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរព្រះមហាមោគ្គល្លាន​មានអាយុថា ម្នាលមោគ្គល្លាន កាលបើភិក្ខុសង្ឃ ដែលតថាគតបណ្តេញចេញហើយ តើអ្នកមានគំនិត​ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃ ដែលព្រះមានព្រះភាគ ទ្រង់បណ្តេញចេញហើយ ខ្ញុំព្រះអង្គ មានគំនិត​យ៉ាងនេះថា សូមព្រះមានព្រះភាគ មានសេចក្តីខ្វល់ខ្វាយតិច ទ្រង់ប្រកបរឿយៗ នូវធម៌ ជាគ្រឿង​នៅជាសុខ ក្នុងបច្ចុប្បន្ន ក្នុងកាលឥឡូវនេះចុះ ឯខ្ញុំព្រះអង្គ និងព្រះសារីបុត្ត​មានអាយុ នឹងគ្រប់គ្រង​ភិក្ខុសង្ឃ​ជំនួសព្រះអង្គ។ ម្នាលមោគ្គល្លាន ប្រពៃហើយ ម្នាលមោគ្គល្លាន ដ្បិតថា តថាគតក្តី សារីបុត្តក្តី មោគ្គល្លានក្តី គួរគ្រប់គ្រង​ភិក្ខុ​សង្ឃមែនហើយ។

[១៩០] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាល​ភិក្ខុ​ទាំងឡាយ ភ័យទាំងឡាយនេះ មាន៤យ៉ាង តែងមានចំពោះ​បុគ្គល​ អ្នកចុះទឹក ភ័យ៤​យ៉ាងនោះ ដូចម្តេចខ្លះ ភ័យ៤យ៉ាងគឺ ភ័យកើតពីរលក១ ភ័យកើតពីក្រពើ១ ភ័យកើតពីអន្លង់ទឹក១ ភ័យកើតពីត្រីសាហាវ១ ម្នាលភិក្ខុទាំងឡាយ ភ័យទាំង៤នេះឯង តែងមានចំពោះបុគ្គលអ្នកចុះទឹក ម្នាលភិក្ខុទាំងឡាយ ភ័យ៤យ៉ាង តែងមានចំពោះ​បុគ្គល​ពួកខ្លះ ក្នុងលោកនេះ ដែលចេញចាកផ្ទះហើយ ចូលមកកាន់ផ្នួស ក្នុងធម្មវិន័យ នេះដែរ ភ័យ៤យ៉ាងនោះ តើដូចម្តេចខ្លះ គឺភ័យកើតពីរលក១ ភ័យកើតពី​ក្រពើ១ ភ័យកើតពីអន្លង់ទឹក១ ភ័យកើតពីត្រីសាហាវ១។

[១៩១] ម្នាលភិក្ខុទាំងឡាយ ភ័យកើតអំពីរលក តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ កុលបុត្តពួកខ្លះ ក្នុងធម្មវិន័យនេះ ចេញចាកផ្ទះហើយ ចូលទៅកាន់ផ្នួស ដោយសទ្ធា គិតថា អាត្មាអញ មានជាតិ ជរា មរណៈ និងសេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងឧបាយាសៈ គឺសេចក្តីខ្លោចផ្សាចិត្តគ្របសង្កត់ ឈ្មោះថា មានទុក្ខ​គ្របសង្កត់ មានទុក្ខរួបរឹតហើយ ឱធ្វើម្តេចហ្ន៎ ការធ្វើនូវទីបំផុតទុក្ខទាំងអស់នេះ នឹងច្បាស់​ប្រាកដបាន។ កាលពួកកុលបុត្រនោះ បួសហើយ សព្រហ្មចារីបុគ្គលទាំងឡាយ តែងទូន្មាន​ប្រៀនប្រដៅ យ៉ាងនេះថា អ្នកគប្បីឈានទៅខាងមុខ យ៉ាងនេះ អ្នកគប្បី​ឈានថយក្រោយ យ៉ាងនេះ អ្នកគប្បីក្រឡេក​មើលទៅខាងមុខ យ៉ាងនេះ អ្នកគប្បីងាកឆ្វេង ងាកស្តាំ យ៉ាងនេះ អ្នកគប្បីអង្កុញ យ៉ាងនេះ អ្នកគប្បីសណ្តូក យ៉ាងនេះ អ្នកគប្បីទ្រទ្រង់សំពត់សង្ឃាដិ បាត្រចីវរ យ៉ាងនេះ។ កុលបុត្រនោះ មានសេចក្តី​ត្រិះរិះ​ យ៉ាងនេះថា កាលពីមុន យើងនៅជាគ្រហស្ថ តែងទូន្មានប្រៀនប្រដៅជន​ទាំងឡាយ​ដទៃ ឯសព្រហ្មចារីបុគ្គលទាំងឡាយនេះ ប្រហែលនឹងកូនចៅ របស់យើង ស្មានថា យើងជាបុគ្គល​គួរ​ទូន្មាន ប្រៀនប្រដៅបាន។ កុលបុត្រនោះ ក៏លាសិក្ខា វិល​ត្រឡប់​​ទៅកាន់​ភេទថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រនេះ តថាគតពោលថា មានភ័យអំពីរលក បានជាពោលលាសិក្ខា វិលត្រឡប់​ទៅកាន់​ភេទថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យអំពីរលក នុ៎ះជាឈ្មោះ នៃសេចក្តី​ក្រោធ និង​ឧបាយាសៈ។

[១៩២] ម្នាលភិក្ខុទាំងឡាយ ភ័យកើតអំពីក្រពើ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ កុលបុត្តពួកមួយ ក្នុងធម្មវិន័យនេះ ចេញចាកផ្ទះហើយ ចូលកាន់ផ្នួស ដោយសទ្ធា គិតថា អាត្មាអញ មានជាតិ ជរា មរណៈ និងសេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីខ្លោចផ្សាចិត្តគ្របសង្កត់ ឈ្មោះថា មានទុក្ខគ្របសង្កត់ មានទុក្ខរួបរឹតហើយ ឱធ្វើម្តេចហ្ន៎ ការធ្វើនូវទីបំផុតទុក្ខទាំងអស់នេះ នឹងច្បាស់ប្រាកដបាន។ កាលដែល​កុលបុត្រនោះ បួសហើយ សព្រហ្មចារីបុគ្គលទាំងឡាយ តែង​ទូន្មានប្រៀនប្រដៅ​ យ៉ាង​នេះ​ថា របស់នេះអ្នកគួរទំពា របស់នេះ អ្នកមិនគួរទំពា របស់នេះ អ្នកគួរឆាន់ របស់នេះ អ្នក​មិនគួរឆាន់ របស់នេះ អ្នកគួរជញ្ជក់ជញ្ជាប់ របស់នេះ អ្នកមិនគួរជញ្ជក់ជញ្ជាប់ របស់នេះ អ្នកគួរក្រេបផឹក របស់នេះ អ្នកមិនគួរក្រេបផឹក (របស់នេះ) ជាកប្បិយវត្ថុ អ្នកគួរទំពា ជាអកប្បិយវត្ថុ អ្នកមិនគួរទំពា ជាកប្បិយវត្ថុ អ្នកគួរឆាន់ ជាអកប្បិយវត្ថុ អ្នកមិនគួរឆាន់ ជាកប្បិយវត្ថុ អ្នកគួរជញ្ជក់ជញ្ជាប់ ជាអកប្បិយវត្ថុ អ្នកមិនគួរជញ្ជក់ជញ្ជាប ជាកប្បិយវត្ថុ អ្នកគួរក្រេបផឹក ជាអកប្បិយវត្ថុ អ្នកមិនគួរក្រេបផឹក របស់នេះគួរទំពាក្នុងកាល (គឺតាំងពី​ព្រឹក ដល់ថ្ងៃត្រង់) របស់នេះ អ្នកមិនគួរទំពា ក្នុងវិកាល (គឺតាំងពីថ្ងៃជ្រេទៅ) របស់នេះ អ្នកគួរឆាន់ក្នុងកាល របស់នេះ អ្នកមិនគួរឆាន់ក្នុងវិកាល របស់នេះ អ្នកគួរជញ្ជក់ជញ្ជាបក្នុងកាល របស់នេះ អ្នកមិនគួរជញ្ជក់ជញ្ជាបក្នុងវិកាល របស់នេះអ្នកគួរក្រេបផឹកក្នុងកាល របស់នេះអ្នកមិនគួរ​ក្រេបផឹកក្នុងវិកាល។ កុលបុត្រនោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា កាលពីមុន យើងនៅជាគ្រហស្ថ យើងចង់របស់ណា ក៏ទំពារបស់នោះបាន យើងមិនចង់​របស់​ណា ក៏មិនទំពារបស់នោះ យើងចង់​របស់ណា ក៏បរិភោគរបស់នោះបាន យើងមិនចង់របស់ណា ក៏មិនបរិភោគរបស់នោះ យើងចង់​របស់ណា ក៏​ជញ្ជក់ជញ្ជាបរបស់នោះ យើងមិនចង់របស់ណា ក៏មិនជញ្ជក់ជញ្ជាបរបស់នោះ យើងចង់របស់ណា ក៏ក្រេបផឹក​របស់នោះ យើងមិនចង់របស់ណា ក៏មិនក្រេបផឹករបស់នោះ យើងទំពា នូវរបស់ដែលគួរក៏បាន យើងទំពានូវរបស់ ដែលមិនគួរក៏បាន យើងបរិភោគ នូវរបស់ដែលគួរក៏បាន យើងបរិភោគ នូវរបស់ដែលមិនគួរក៏បាន យើងជញ្ជក់ជញ្ជាប នូវរបស់ដែលគួរក៏បាន យើងជញ្ជក់​ជញ្ជាប នូវរបស់ដែលមិនគួរក៏បាន យើងក្រេបផឹក នូវរបស់ដែលគួរក៏បាន យើងក្រេបផឹក នូវរបស់ដែលមិនគួរក៏បាន យើងទំពា នូវរបស់ក្នុងកាលក៏បាន យើងទំពា នូវរបស់ក្នុងវិកាលក៏បាន យើងបរិភោគ នូវរបស់ក្នុងកាលក៏បាន យើងបរិភោគ នូវរបស់ក្នុងវិកាលក៏បាន យើងជញ្ជក់ជញ្ជាប នូវរបស់ក្នុងកាលក៏បាន យើងជញ្ជក់ជញ្ជាបរបស់ ក្នុងវិកាលក៏បាន យើងក្រេបផឹករបស់ ក្នុងកាលក៏បាន យើងក្រេបផឹករបស់ ក្នុងវិកាលក៏បាន មួយវិញទៀត គហបតីទាំងឡាយ មានសទ្ធា តែង​ឲ្យរបស់ដែលគួរឆាន់ គួរបរិភោគ ដ៏ប្រណីតណា ដល់យើងទាំងឡាយ ក្នុងវេលាព្រឹក (ឬ) ក្នុងវេលាថ្ងៃរសៀល លោកអម្បាលនោះ ហាក់ដូចជាធ្វើកិរិយាហាមឃាត់មាត់យើង ក្នុងរបស់ទាំងនោះ។ កុលបុត្រនោះ ក៏ពោលលាសិក្ខា វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រនេះ តថាគតពោលថា មានភ័យអំពីក្រពើ បានជាពោលលាសិក្ខា វិលត្រឡប់​ទៅកាន់​ភេទថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យអំពីក្រពើ នុ៎ះ ជាឈ្មោះរបស់បុគ្គល ដែលឃើញតែត្រង់​ការបំពេញផ្ទៃ​ប៉ុណ្ណោះ។

[១៩៣] ម្នាលភិក្ខុទាំងឡាយ ភ័យកើតពីអន្លង់ទឹក តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ កុលបុត្តពួកមួយ ក្នុងធម្មវិន័យនេះ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយសទ្ធា គិតថា អាត្មាអញ មានជាតិ ជរា មរណៈ និងសេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីខ្លោចផ្សាចិត្តគ្របសង្កត់ ឈ្មោះថា មានទុក្ខគ្របសង្កត់ មានទុក្ខរួបរឹតហើយ ឱធ្វើម្តេចហ្ន៎ ការធ្វើនូវទីបំផុតទុក្ខ ទាំងអស់នេះ នឹងប្រាកដបាន។ កាលដែល​កុលបុត្រនោះ បួសយ៉ាងនេះហើយ ក្នុងវេលាព្រឹកព្រហាម ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ចូលទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត តែមិនបានរក្សាកាយ មិនបាន​រក្សា​វាចា មិនបាន​តំកល់​ស្មារតី ឲ្យខ្ជាប់ខ្ជួន ទាំង​មិនបាន​សង្រួម​ឥន្ទ្រិយ ទាំងឡាយឡើយ។ កុលបុត្តនោះ ឃើញគហបតីក្តី គហបតិបុត្តក្តី ក្នុងស្រុកនោះ ឬនិគមនោះ ដែល​កំពុង​តែឆ្អែត ស្កប់ស្កល់ មូលមិត្តផ្តេកផ្តិត ដោយកាមគុណទាំង៥។ កុលបុត្តនោះ ក៏មាន​សេចក្តីត្រិះរិះ យ៉ាងនេះថា ពីមុនយើងនៅជាគ្រហស្ថ តែងឆ្អែតស្កប់ស្កល់ មូលមិត្រ​ផ្តេកផ្តិត ដោយកាមគុណ៥ ទាំងភោគសម្បត្តិ ក្នុងត្រកូលរបស់យើង ក៏មានព្រម យើងអាច​នឹងបរិភោគភោគសម្បត្តិ និងធ្វើបុណ្យទាំងឡាយបានដែរ។ កុលបុត្តនោះ ក៏ពោលលាសិក្ខា វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រនេះ តថាគតពោលថា មានភ័យអំពីអន្លង់ទឹក បានជាពោលលាសិក្ខា វិលត្រឡប់​​ទៅ​កាន់​ភេទថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យកើត​អំពីអន្លង់ទឹក នុ៎ះជាឈ្មោះ នៃកាមគុណទាំង៥។

[១៩៤] ម្នាលភិក្ខុទាំងឡាយ ភ័យកើតពីត្រីសាហាវ តើដូចម្តេច ម្នាលភិក្ខុទាំង​ឡាយ កុលបុត្តពួកមួយ ក្នុងធម្មវិន័យនេះ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយសទ្ធា គិតថា អាត្មាអញ មានជាតិ ជរា មរណៈ និងសេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីខ្លោចផ្សាចិត្តគ្របសង្កត់ ឈ្មោះថា មានទុក្ខគ្របសង្កត់ មានទុក្ខ​រួបរឹត​ហើយ ឱធ្វើម្តេចហ្ន៎ ការធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ នឹងប្រាកដបាន។ កាលដែល​កុលបុត្រនោះ បួសយ៉ាងនេះហើយ ក្នុងវេលាព្រឹកព្រហាម ក៏ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ចូលទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត តែមិនបានរក្សាកាយ មិនបាន​រក្សា​វាចា មិនបាន​តំកល់​ស្មារតី ឲ្យខ្ជាប់ខ្ជួន ទាំង​មិនបាន​សង្រួម​ឥន្ទ្រិយ​ទាំងឡាយ។ កុលបុត្តនោះ បានឃើញមាតុគ្រាម ក្នុងស្រុក ឬនិគមនោះ ដែលមានសំពត់​ស្លៀក​​មិនស្រួល មានសំពត់​ដណ្តប់មិនស្រួល សេចក្តីតំរេក ក៏ញុំាងចិត្ត ​របស់កុលបុត្ត​នោះ ឲ្យស្វិតស្រពោន ព្រោះ​ឃើញនូវមាតុគ្រាម ដែលមានសំពត់ស្លៀកមិនស្រួល ឬមានសំពត់ដណ្តប់មិនស្រួល។ កុលបុត្តនោះ ក៏ពោលលាសិក្ខា វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ ព្រោះចិត្តដែល​ស្វិតស្រពោនដោយរាគៈ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រ​នេះ តថាគតពោលថា មាន​ភ័យអំពីត្រីសាហាវ បានជាពោលលាសិក្ខា វិលត្រឡប់​ទៅកាន់​ភេទថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យកើតអំពីត្រីសាហាវ នុ៎ះជាឈ្មោះ នៃមាតុគ្រាម។ ម្នាលភិក្ខុទាំងឡាយ ភ័យទាំង៤នេះឯង ដែលកើតមាន ចំពោះបុគ្គលពួកមួយ ក្នុង​សាសនានេះ ជាបព្វជិត ដែលចេញ​ចាកផ្ទះ ចូលកាន់ផ្នួស ក្នុងធម្មវិន័យនេះ។ លុះ​ព្រះមានព្រះភាគ ទ្រង់ត្រាស់​ភាសិតនេះចប់ហើយ ភិក្ខុទាំង​អម្បាល​នោះ ក៏មាន​សេចក្តី​ពេញចិត្ត ត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ ដោយប្រការដូច្នេះ។

ចប់ ចាតុមសូត្រ ទី៧។

 

លេខយោង

km/tipitaka/sut/mn/sut.mn.067.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann