km:tipitaka:sut:mn:sut.mn.078



សមណមុណ្ឌិកសូត្រ ទី៨

សង្ខេប

«ដូចក្មេងល្ងង់…» ការ​សម្រេច​បាន​ខ្ពស់​បំផុត មិន​មែន​ត្រឹម​តែ​ការ​លះ​បង់​អំ​ពើ​អាក្រក់ ហើយ​ធ្វើ​ដូច​ជា​កូន​ដែល​គ្មាន​កំហុស។ ​ទាម​ទារ​​ការ​​បង្កើត​​ទម្លាប់​​ត្រឹម​ត្រូវ​ជា​មុន​​សិន និង​​មាន​​ចេតនា​​ត្រឹម​ត្រូវ ហើយ​​បន្ទាប់​​មក​បោះ​បង់​​ចោល។ ព្រះ​ពុទ្ធ​ពន្យល់​បរិព្វាជក​​ ពី​សម្មា​សង្កប្បៈ សម្មាសីល សម្មា​វាយាមៈ​​ ដែល​ជា​អង្គ​ក្នុង​ចំនោម​អង្គ​ទាំង​១០​របស់​អសេក្ខ​បុគ្គល។

mn 078 បាលី cs-km: sut.mn.078 អដ្ឋកថា: sut.mn.078_att PTS: ?

(ទី៨) សមណមុណ្ឌិកសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៨. សមណមុណ្ឌិកសុត្តំ)

[១១៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង បរិព្វាជកឈ្មោះ ឧគ្គាហមានៈ ជាសមណមុណ្ឌិកាបុត្រ អាស្រ័យនៅក្នុងអារាម របស់ព្រះនាងមល្លិកាទេវី ដែលមានសាលាមួយ មានជួរដើមទន្លាប់ព័ទ្ធជុំវិញ ជាទីសម្រាប់ប្រឹក្សា នូវលទ្ធិជាមួយ​នឹងបរិព្វាជកបរិស័ទជាច្រើន ចំនួន៥០០នាក់។ គ្រានោះ នាយជាងឈើឈ្មោះបញ្ចកង្គៈ ចេញអំពីក្រុងសាវត្ថី ដើម្បីទៅគាល់ព្រះមានព្រះភាគទាំងថ្ងៃ។ បញ្ចកង្គៈ នាយជាងឈើ មានសេចក្តីត្រិះរិះ ដូច្នេះថា (កាលនេះ) ជាកាលមិនទាន់គួរ នឹងគាល់ព្រះមានព្រះភាគ​នៅឡើយ ដ្បិតព្រះមានព្រះភាគ កំពុងសម្ងំ ទាំងពួកភិក្ខុ អ្នកមានភាវនាជាប់ក្នុងចិត្ត ក៏​មិនទាន់មានវេលាគួរនឹងទៅជួប ព្រោះពួកភិក្ខុអ្នកបានភាវនាជាប់ក្នុងចិត្ត ក៏កំពុងសម្ងំដែរ បើដូច្នោះ គួរតែអញ ចូលទៅរកឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រ ឯអារាម​របស់​ព្រះនាងមល្លិកា ដែលមានសាលាមួយ មានជួរដើមទន្លាប់ព័ទ្ធជុំវិញ ជាទី​សម្រាប់​ប្រឹក្សានូវលទ្ធិ។ បញ្ចកង្គៈនាយជាងឈើ ក៏ចូលទៅកាន់អារាម របស់​ព្រះនាង​មល្លិកា ដែលមានសាលាមួយ មានជួរដើមទន្លាប់ព័ទ្ធជុំវិញ ជាទី​សម្រាប់​ប្រឹក្សានូវ​លទ្ធិ។

[១១៨] សម័យនោះឯង ឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រ អង្គុយ​ជាមួយ​នឹងពួកបរិព្វាជកបរិស័ទជាច្រើន ដែលកំពុងបន្លឺសំឡេងខ្ពស់ សំឡេងខ្លាំង និយាយ​តិរច្ឆាន​​កថា ច្រើនប្រការ គឺ និយាយអំពីស្តេច និយាយអំពីចោរ និយាយអំពី​អាមាត្រធំ និយាយអំពីសេនា និយាយអំពីភ័យ និយាយអំពីចម្បាំង និយាយអំពីបាយ និយាយ​អំពីទឹក និយាយអំពីសំពត់ និយាយអំពីទីដេក និយាយអំពីកម្រងផ្កា និយាយអំពី​គ្រឿង​ក្រអូប និយាយអំពីញាតិ និយាយអំពីយាន និយាយអំពីស្រុក និយាយអំពីនិគម និយាយ​អំពី​នគរ និយាយអំពីជនបទ និយាយអំពីស្ត្រី និយាយអំពីយោធាដ៏ក្លៀវក្លា និយាយ​អំពី​ច្រកផ្លូវ និយាយអំពីកំពង់ទឹក និយាយអំពីទាសីអ្នកដងទឹក និយាយអំពី​ញាតិដែល​ចែក​ឋាន​ទៅ និយាយអំពីគ្រឿង​ផ្សេងៗ ដែលឥតប្រយោជន៍ និយាយអំពីលោក និយាយអំពី​រឿង​​ជីក​សមុទ្រ និយាយអំពីសេចក្តីចំរើន និងមិនចំរើន ដែល​ជាហេតុឥតប្រយោជន៍ ថាដូច្នេះខ្លះ ដូច្នោះខ្លះ។ ឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រ បានឃើញ​បញ្ចកង្គៈ នាយជាង​ឈើមកអំពីចម្ងាយ លុះឃើញ​ហើយ ក៏បញ្ឈប់​បរិស័ទរបស់ខ្លួនថា ចូរអ្នក​ដ៏ចំរើនទាំងឡាយ មានសំឡេងតិចៗ ចូរអ្នក​ដ៏ចំរើនទាំងឡាយ កុំមាត់ឡើយ ដ្បិត​បញ្ចកង្គៈ នាយជាងឈើ ជាសាវ័ក របស់​ព្រះសមណគោតមមក ពួកសាវ័ក របស់ព្រះសមណគោតម ជាគ្រហស្ថ ស្លៀក​ដណ្តប់​សំពត់ស អាស្រ័យនៅក្នុង​ក្រុងសាវត្ថី ទាំងប៉ុន្មាន បណ្តាសាវ័កទាំងនោះ បញ្ចកង្គៈ នាយ​ជាងឈើនេះ ក៏ជាសាវ័កមួយដែរ លោកដ៏មានអាយុទាំងនោះ សុទ្ធតែជាអ្នកត្រូវ​ការ​សំឡេងតិច ដ្បិត​ព្រះសមណគោតម ទូន្មាន ឲ្យជាអ្នកមានសំឡេងតិច ពោលសរសើរ​សំ​ឡេងតិច យើងធ្វើដូចម្តេច ឲ្យតែគេ​ដឹងច្បាស់ថា បរិស័ទមានសំឡេងតិច ហើយសំគាល់​ថាគួរ​ចូលមក។ បរិព្វាជកទាំងនោះ ក៏នៅស្ងៀម។ លំដាប់នោះ បញ្ចកង្គៈ នាយជាងឈើ ចូលទៅរកឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រ លុះចូលទៅដល់ហើយ ក៏​និយាយ​ពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹង​ឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រ កាលបញ្ចប់ពាក្យរាក់ទាក់ សំណេះ​សំណាល និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងសមគួរ។

[១១៩] លុះបញ្ចកង្គៈនាយជាងឈើ អង្គុយក្នុងទីសមគួរហើយ ឧគ្គាហមាន​បរិព្វាជក សមណមុណ្ឌិកាបុត្រ ក៏និយាយដូច្នេះថា ម្នាលនាយជាងឈើ ខ្ញុំ​បញ្ញត្ត​បុរស​បុគ្គល ដែលប្រកបដោយធម៌ ៤ប្រការ ថាជាអ្នកមានកុសលពេញលេញ មានកុសល​ដ៏ប្រសើរ ដល់នូវចំណែកបុណ្យដ៏ខ្ពង់ខ្ពស់ ជាសមណៈ ឥតមានសេចក្តី​ញាប់ញ័រ ធម៌៤ប្រការ តើអ្វីខ្លះ ម្នាលនាយជាងឈើ បុគ្គលក្នុងលោកនេះ មិនធ្វើអំពើ​អាក្រក់ ដោយកាយ១ មិនពោលពាក្យអាក្រក់១ មិនត្រិះរិះ​តម្រិះអាក្រក់១ មិនចិញ្ចឹម​ជីវិតអាក្រក់១ ម្នាលនាយជាងឈើ ខ្ញុំបញ្ញត្តបុរសបុគ្គល ​ដែលប្រកបដោយធម៌ ៤​ប្រការ​នេះឯង ថាជាអ្នកមានកុសលពេញលេញ មានកុសលដ៏ប្រសើរ ដល់នូវចំណែកបុណ្យ ​ដ៏​ខ្ពង់​ខ្ពស់ ជាសមណៈ ឥតមានសេចក្តី​ញាប់ញ័រ។ ឯបញ្ចកង្គៈ នាយជាងឈើ មិនបាន​ត្រេកអរ មិនបានឃាត់​ភាសិត របស់ឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រទេ លុះ​មិនបាន​ត្រេកអរ មិនបានឃាត់​ហើយ ក៏ក្រោក​ចាកអាសនៈ ចៀសចេញទៅ ដោយ​មាន​គំនិតថា អាត្មាអញ នឹងដឹងនូវសេចក្តី ​នៃភាសិតនេះច្បាស់លាស់ ក្នុងសំណាក់​ព្រះមាន​ព្រះភាគ។ បញ្ចកង្គៈ នាយជាងឈើ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់​ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួច​អង្គុយក្នុងទីសមគួរ។ លុះបញ្ចកង្គៈ​ នាយជាងឈើ អង្គុយក្នុង​ទីសមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ តាមពាក្យ​ចរចាទាំងប៉ុន្មាន ដែលបាននិយាយ ជាមួយនឹងឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រ ដោយសព្វ​គ្រប់។

[១២០] កាលបញ្ចកង្គៈនាយជាងឈើ និយាយយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងបញ្ចកង្គៈ នាយជាងឈើ ដូច្នេះថា ម្នាលនាយជាងឈើ បើដូចពាក្យដែល​ឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រ និយាយ​យ៉ាងនោះមែន កូនក្មេងតូចខ្ចី​ ដេកផ្ងារ (មិនទាន់ចេះក្រឡាប់នៅឡើយ) ក៏ជាអ្នកមានកុសលពេញលេញ មានកុសល​ដ៏ប្រសើរ ដល់នូវចំណែកបុណ្យ ដ៏ខ្ពង់ខ្ពស់ ជាសមណៈ ឥតមានសេចក្តីញាប់​ញ័រដែរ។ ម្នាលនាយជាងឈើ ធម្មតាកូនក្មេងតូចខ្ចីដេកផ្ងារ នឹងថាមិនមានកាយ​ ក៏បាន ព្រោះថានឹងធ្វើអំពើអាក្រក់ ដោយកាយណាកើត វៀរលែងតែការបម្រាស់ប៉ុណ្ណោះ។ ម្នាលនាយ​ជាងឈើ ធម្មតាកូនក្មេងតូចខ្ចីដេកផ្ងារ នឹងថាមិនមានវាចា​ក៏បាន ព្រោះថា នឹងពោលវាចាអាក្រក់ណាកើត វៀរលែងតែការយំប៉ុណ្ណោះ។ ម្នាលនាយ​ជាងឈើ ធម្មតាកូនក្មេងតូចខ្ចីដេកផ្ងារ នឹងថាមិនមានសេចក្តីត្រិះរិះ​ក៏បាន ព្រោះថា​នឹងត្រិះរិះ​តម្រិះ​អាក្រក់ណាកើត វៀរលែងតែធ្វើមុខជូរប៉ុណ្ណោះ។ ម្នាលនាយ​ជាងឈើ ធម្មតាកូនក្មេង​តូចខ្ចីដេកផ្ងារ នឹងថាមិនមានអាជីវៈ​ក៏បាន ព្រោះថា នឹងប្រព្រឹត្ត​ចិញ្ចឹម​ជីវិត​អាក្រក់ណាកើត វៀរលែងតែការបៅដោះម្តាយប៉ុណ្ណោះ។ ម្នាលនាយ​ជាងឈើ បើដូចពាក្យ ដែលឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រ និយាយយ៉ាង​នោះមែន កូនក្មេងតូចខ្ចីដេកផ្ងារ ក៏ជាអ្នកមានកុសលពេញលេញ មានកុសលដ៏ប្រសើរ ដល់នូវ​ចំណែក​បុណ្យ ដ៏ខ្ពង់ខ្ពស់ ជាសមណៈ ឥតមានសេចក្តីញាប់ញ័រដែរ។

[១២១] ម្នាលនាយជាងឈើ តថាគតបញ្ញត្តបុរសបុគ្គល ដែលប្រកបដោយធម៌​ទាំង​៤ប្រការ ថា មិនទាន់ជាអ្នក​មានកុសលពេញលេញ មិនទាន់ជាអ្នកមានកុសល ដ៏ប្រសើរ មិនទាន់ជាអ្នកដល់នូវចំណែកបុណ្យ ដ៏ខ្ពង់ខ្ពស់ មិនទាន់ជាសមណៈ ឥតមានសេចក្តី​ញាប់ញ័រនៅឡើយទេ បុរសបុគ្គលនោះ គ្រាន់តែវិសេសជាងកូនក្មេងតូចខ្ចី ដេកផ្ងារ​នេះ​បន្តិច​ទេតើ ធម៌៤ប្រការ តើអ្វីខ្លះ ម្នាលនាយជាងឈើ បុគ្គលក្នុងលោកនេះ មិនធ្វើអំពើ​អាក្រក់​ដោយកាយ១ មិនពោលវាចា​អាក្រក់១ មិនត្រិះរិះតម្រិះ​អាក្រក់១ មិនចិញ្ចឹមជីវិត​អាក្រក់១ ម្នាលនាយជាងឈើ តថាគតបញ្ញត្តបុរសបុគ្គល ដែលប្រកបដោយធម៌​​៤ប្រការ នេះថា មិនទាន់ជាអ្នក​មានកុសលពេញលេញ មិនទាន់ជាអ្នកមានកុសល ដ៏ប្រសើរ មិនទាន់​ជា​អ្នក ​ដល់នូវចំណែកបុណ្យ ដ៏ខ្ពង់ខ្ពស់ មិនទាន់ជាសមណៈ ឥតមានសេចក្តី​ញាប់ញ័រ​នៅ​ឡើយ​ទេ បុរសបុគ្គលនោះ គ្រាន់តែវិសេស​ជាងកូនក្មេងតូចខ្ចី ដេកផ្ងារ​បន្តិច​ប៉ុណ្ណោះ។

[១២២] ម្នាលនាយជាងឈើ លុះតែបុរសបុគ្គល ដែលប្រកបដោយអង្គ១០ ទើប​តថាគត បញ្ញត្តថា ជាអ្នកមានកុសលពេញលេញ មានកុសលដ៏ប្រសើរ ដល់នូវ​ចំណែក​បុណ្យ​ដ៏ខ្ពង់ខ្ពស់ ជាសមណៈ ឥតមានសេចក្តី​ញាប់ញ័រមែន។ នេះ ពួកសីលជាកុសល ម្នាល​នាយជាងឈើ តថាគត តែងពោលថា បុគ្គល​ត្រូវស្គាល់​សីលនោះ។ សីលទាំង​ឡាយ ជាអកុសល កើតអំពីអកុសលចិត្ត (ទាំង១២) នេះ ម្នាលនាយជាងឈើ តថាគត តែង​ពោល​ថា បុគ្គលត្រូវស្គាល់សីលនោះ។ សីលទាំងឡាយជា​អកុសលក្នុងលោកនេះ រលត់ឥតមានសេសសល់ ម្នាលនាយជាងឈើ តថាគត តែងពោលថា បុគ្គលត្រូវស្គាល់​សីលនោះ។ បុគ្គល​ប្រតិបត្តិយ៉ាងនេះ ឈ្មោះថា ប្រតិបត្តិដើម្បីរំលត់​សីលជាអកុសល ម្នាល​នាយជាងឈើ តថាគត តែងពោលថា បុគ្គល​ត្រូវស្គាល់​សីលនោះ។ នេះពួក​សីល​ជាកុសល ម្នាលនាយជាងឈើ តថាគតតែងពោលថា បុគ្គលត្រូវស្គាល់សីលនោះ។ សីលទាំងឡាយ​ជាកុសល កើតមកអំពីកុសលចិត្តនេះ ម្នាលនាយជាងឈើ តថាគត តែង​ពោលថា បុគ្គលត្រូវស្គាល់សីលនោះ។ សីលទាំងឡាយ ជាកុសល ក្នុងលោកនេះ រលត់​ឥត​សេសសល់ ម្នាលនាយជាងឈើ តថាគត តែងពោលថា បុគ្គលត្រូវស្គាល់សីលនោះ។ បុគ្គល អ្នកប្រតិបត្តិយ៉ាងនេះ ឈ្មោះថា ប្រតិបត្តិ ដើម្បីរំលត់សីលជាកុសល ម្នាលនាយជាងឈើ តថាគត តែង​ពោលថា បុគ្គលត្រូវស្គាល់បុគ្គលនោះ។ នេះពួក​សង្កប្បៈ ជាអកុសល ម្នាលនាយជាងឈើ តថាគត តែងពោលថា បុគ្គលត្រូវស្គាល់​សង្កប្បៈនោះ។ សង្កប្បៈជាអកុសល កើតមកអំពីអកុសលចិត្តនេះ ម្នាលនាយជាងឈើ តថាគត តែង​ពោលថា បុគ្គលត្រូវស្គាល់សង្កប្បៈនោះ។ សង្កប្បៈ​ទាំងឡាយ ជាអកុសល ក្នុងលោកនេះ រលត់​ឥត​សេសសល់ ម្នាលនាយជាងឈើ តថាគតតែងពោលថា បុគ្គល​ត្រូវស្គាល់សង្កប្បៈនោះ។ បុគ្គលប្រតិបត្តិយ៉ាងនេះ ឈ្មោះថា ប្រតិបត្តិ ​ដើម្បីរំលត់​សង្កប្បៈ​ទាំងឡាយជាអកុសល ម្នាលនាយជាងឈើ តថាគត តែង​ពោលថា បុគ្គលត្រូវស្គាល់​បុគ្គលនោះ។ នេះពួកសង្កប្បៈជាកុសល ម្នាលនាយជាងឈើ តថាគតតែងពោលថា បុគ្គល ត្រូវស្គាល់សង្កប្បៈនោះ។ សង្កប្បៈទាំងឡាយ​ ជាកុសល កើតមកអំពីកុសល​ចិត្តនេះ ម្នាលនាយជាងឈើ តថាគត តែង​ពោលថា បុគ្គលត្រូវស្គាល់សង្កប្បៈនោះ។ សង្កប្បៈ​​ទាំងឡាយ ជាកុសល ក្នុងលោកនេះ រលត់​ឥត​សេសសល់ ម្នាលនាយជាងឈើ តថាគត តែងពោលថា បុគ្គលត្រូវស្គាល់សង្កប្បៈនោះ។ បុគ្គល​ប្រតិបត្តិយ៉ាងនេះ ឈ្មោះថា ប្រតិបត្តិ ដើម្បីរំលត់សង្កប្បៈទាំងឡាយ ​ជាកុសល ម្នាលនាយជាងឈើ តថាគត តែង​ពោលថា បុគ្គលត្រូវស្គាល់បុគ្គលនោះ។

[១២៣] ម្នាលនាយជាងឈើ ចុះសីលទាំងឡាយជាអកុសល តើដូចម្តេច។ កាយកម្ម ជាអកុសល វចីកម្ម ជាអកុសល អាជីវៈជាបាប ម្នាលនាយជាងឈើ នេះ តថាគត​ ហៅថា សីលជាអកុសល។ ម្នាលនាយជាងឈើ ចុះសីល ជាអកុសលទាំង​នេះ តើមានអ្វី ជាសមុដ្ឋាន។ ឯសមុដ្ឋាន របស់សីលជាអកុសលទាំងនោះ បានពោលរួច​ហើយ។ គួរពោលថា មានចិត្តជាសមុដ្ឋាន។ ចុះចិត្តដូចម្តេច។ ចិត្តមានច្រើន មានបែប​មិន​តែមួយ មានប្រការផ្សេងៗ គឺចិត្តប្រកបដោយរាគៈ ប្រកបដោយទោសៈ ប្រកបដោយ​មោហៈ សីលជាអកុសលទាំងឡាយ កើតអំពីចិត្តនេះ។ ម្នាលនាយជាងឈើ ចុះសីល ជាអកុសលទាំងនេះ តើរលត់ឥតសេសសល់ ក្នុងទីណា។ ឯការរលត់​ របស់សីល​ទាំងនោះ បានពោលរួចហើយ។ ម្នាលនាយជាងឈើ ភិក្ខុក្នុងសាសនានេះ លះបង់កាយ​ទុច្ចរិត ចំរើន​កាយសុចរិត លះបង់វចីទុច្ចរិត ចំរើន​វចីសុចរិត លះបង់​មនោទុច្ចរិត ចម្រើន​មនោសុចរិត លះបង់មិច្ឆាជីវៈ ចិញ្ចឹមជីវិតដោយសម្មាជីវៈ សីលជាអកុសលទាំងនោះ តែង​រលត់​ឥតសេសសល់ ក្នុងសោតាបត្តិផលនុ៎ះឯង។ ម្នាលនាយជាងឈើ ចុះបុគ្គល​ប្រតិបត្តិដូចម្តេច ទើបឈ្មោះថា ប្រតិបត្តិ ដើម្បីរំលត់សីលទាំងឡាយជាអកុសល។ ម្នាលនាយជាងឈើ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត ខំប្រឹងប្រែង ប្រារព្ធ​ព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីញុំាងធម៌ទាំងឡាយ ជាអកុសល ដ៏លាមក ដែល​មិនទាន់កើត​ឡើង មិនឲ្យកើតឡើងបាន ញុំាងឆន្ទៈឲ្យកើតឡើង ខំប្រឹងប្រែង ប្រារព្ធ​ព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីលះបង់ធម៌ទាំងឡាយ ជាអកុសល ដែលកើត​ឡើងហើយ ញុំាងឆន្ទៈ​ឲ្យ​កើតឡើង ខំប្រឹងប្រែង ប្រារព្ធ​ព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែល​មិនទាន់កើត​ឡើង ឲ្យកើតឡើងបាន ញុំាងឆន្ទៈឲ្យកើត ខំប្រឹងប្រែង ប្រារព្ធ​ព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែល​កើត​ឡើង​ហើយ ឲ្យឋិតថេរ មិនឲ្យវិនាសទៅវិញ ឲ្យរឹងរឹតតែធំទូលាយចម្រើន ពេញបរិបូណ៌ឡើង។ ម្នាលនាយជាងឈើ បុគ្គលប្រតិបត្តិយ៉ាងនេះ ឈ្មោះថា ប្រតិបត្តិ ដើម្បីរំលត់សីលទាំង​ឡាយជាអកុសល។

[១២៤] ម្នាលនាយជាងឈើ ចុះសីលទាំងឡាយជាកុសល តើដូចម្តេច។ ម្នាល​នាយ​ជាងឈើ តថាគត ពោលនូវកាយកម្ម ជាកុសល វចីកម្ម ជាកុសល ទាំង​អាជីវបារិសុទ្ធិ​ផង ថាជាសីល ម្នាលនាយជាងឈើ ទាំងនេះ​ហៅថា សីលជាកុសល។ ម្នាលនាយជាងឈើ ចុះសីល ជាកុសលទាំង​នេះ មានអ្វីជាសមុដ្ឋាន។ ឯសមុដ្ឋាន របស់សីលជាកុសលទាំងនោះ បានពោលរួច​ហើយ។ គួរពោលថា មានចិត្តជាសមុដ្ឋាន។ ចុះចិត្តដូចម្តេច។ ចិត្តមានច្រើន មានបែប​មិន​តែមួយ មានប្រការ​ផ្សេងៗ គឺចិត្តប្រាស​ចាក​រាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ សីលជាកុសល កើតអំពីចិត្តនេះ។ ម្នាលនាយ​ជាងឈើ ចុះសីល ជាកុសលទាំងនេះ រលត់ឥតសេសសល់ ​ក្នុងទីណា។ ការរលត់​របស់​សីល​​ទាំងនោះ បានពោលរួចហើយ។ ម្នាលនាយជាងឈើ ភិក្ខុក្នុងសាសនានេះ ជាអ្នក​មាន​សីល ប៉ុន្តែមិនទាន់សម្រេច​ត្រឹមសីលប៉ុណ្ណោះទេ រមែង​ដឹងច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះផង តាមសេចក្តីពិតថា សីលជាកុសល​ទាំង​នោះ របស់ភិក្ខុនោះ រមែង​រលត់​ឥតសេសសល់ ក្នុងអរហត្តផល។ ម្នាលនាយជាងឈើ ចុះបុគ្គល​ប្រតិបត្តិយ៉ាងណា ទើបហៅថា ប្រតិបត្តិ ដើម្បីរំលត់សីលទាំងឡាយ​ជាកុសល។ ម្នាលនាយជាងឈើ ភិក្ខុ​ក្នុង​សាសនានេះ ញុំាងឆន្ទៈឲ្យកើត ខំប្រឹងប្រែង ប្រារព្ធ​ព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បី​ញុំាង​ធម៌ទាំងឡាយ ជាអកុសល ដ៏លាមក ដែល​មិនទាន់កើត​ឡើង មិនឲ្យកើតឡើងបាន ដើម្បីលះបង់ពួកធម៌​ជាអកុសលដ៏លាមក ដែល​កើតឡើង​ហើយ។បេ។ ដើម្បី​ញុំាង​ពួកធម៌ជាកុសល ដែល​មិនទាន់កើត​ឡើង ឲ្យកើតឡើងបាន។បេ។ ញុំាងឆន្ទៈឲ្យកើត ខំប្រឹង​ប្រែង ប្រារព្ធ​ព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីញុំាងពួកធម៌ ជាកុសល ដែល​កើត​ឡើង​ហើយ ឲ្យឋិតថេរ មិនឲ្យវិនាស ឲ្យរឹងរឹតតែធំទូលាយចម្រើន ពេញបរិបូណ៌ឡើង។ ម្នាលនាយជាងឈើ បុគ្គលប្រតិបត្តិ​យ៉ាងនេះ ទើបហៅថា ប្រតិបត្តិ ដើម្បីរំលត់សីលទាំង​ឡាយជាកុសល។

[១២៥] ម្នាលនាយជាងឈើ សង្កប្បៈទាំងឡាយ ជាអកុសល តើដូចម្តេច។ កាមសង្កប្បៈ១ ព្យាបាទសង្កប្បៈ១ វិហឹសាសង្កប្បៈ១ ម្នាលនាយជាងឈើ ទាំងនេះហៅថា សង្កប្បៈជាអកុសល។ ម្នាលនាយជាងឈើ ចុះសង្កប្បៈជាអកុសលទាំងនេះ មានអ្វី ជាសមុដ្ឋាន។ ឯសមុដ្ឋាន របស់សង្កប្បៈទាំងនោះ បានពោលរួចហើយ។ គួរពោលថា មាន​សញ្ញា ជាសមុដ្ឋាន។ ចុះសញ្ញាដូចម្តេច។ សញ្ញាមានច្រើន មានបែប​មិនតែមួយ មាន​ប្រការ​ផ្សេងៗ គឺកាមសញ្ញា១ ព្យាបាទសញ្ញា១ វិហឹសាសញ្ញា១ សង្កប្បៈ ជាអកុសល កើតមកអំពីសញ្ញាទាំងនេះ។ ម្នាលនាយជាងឈើ ចុះសង្កប្បៈជាអកុសល​ទាំងនេះ រលត់​ឥត​សេសសល់ ក្នុងទីណា។ ឯការរលត់សង្កប្បៈទាំងនោះ បានពោល​រួច​ហើយ។ ម្នាល​នាយជាងឈើ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់​ស្ងាត់ ចាក​អកុសលធម៌ទាំងឡាយ ហើយចូលអនាគាមិផល បឋមជ្ឈាន ប្រកបដោយ​វិតក្កៈ ប្រកប​ដោយវិចារៈ មានបីតិ និងសុខៈ កើតអំពីវិវេក សង្កប្បៈជាអកុសលទាំងនោះ រលត់ឥត​សេសសល់ ក្នុងអនាគាមិផលនុ៎ះឯង។ ម្នាលនាយជាងឈើ ចុះបុគ្គលប្រតិបត្តិ​យ៉ាងណា ទើបហៅថា ប្រតិបត្តិ ដើម្បីរំលត់សង្កប្បៈទាំងឡាយជាអកុសល។ ម្នាលនាយជាងឈើ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត ខំប្រឹងប្រែង ប្រារព្ធ​ព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីញុំាងពួកធម៌ទាំងឡាយ ជាអកុសល ដ៏លាមក ដែល​មិនទាន់កើត​ឡើង មិនឲ្យ​កើត​ឡើងបាន ដើម្បីលះបង់ធម៌ទាំងឡាយ ​ជាអកុសលដ៏លាមក ដែល​កើតឡើង​ហើយ។បេ។ ដើម្បីញុំាងធម៌ទាំងឡាយជាកុសល ដែល​មិនទាន់កើត​ឡើង ឲ្យកើតឡើងបាន។បេ។ ញុំាង​ឆន្ទៈឲ្យកើត ខំប្រឹងប្រែង ប្រារព្ធ​ព្យាយាម ផ្គងចិត្ត តម្កល់​ចិត្ត ដើម្បី​ញុំាង​ធម៌​ទាំងឡាយ ជាកុសល ដែល​កើត​ឡើង​ហើយ ឲ្យឋិតថេរ មិនឲ្យវិនាស​ទៅវិញ ឲ្យរឹងរឹត​តែ​ធំទូលាយ ចម្រើនពេញបរិបូណ៌ឡើង។ ម្នាលនាយជាងឈើ បុគ្គលប្រតិបត្តិ​យ៉ាងនេះ ទើបហៅថា ប្រតិបត្តិ ដើម្បីរំលត់សង្កប្បៈទាំង​ឡាយជាអកុសល។

[១២៦] ម្នាលនាយជាងឈើ ចុះសង្កប្បៈទាំងឡាយ ជាកុសល តើដូចម្តេច។ នេក្ខម្មសង្កប្បៈ១ អព្យាបាទសង្កប្បៈ១ អវិហឹសាសង្កប្បៈ១ ម្នាលនាយជាងឈើ ទាំងនេះ​ហៅថា សង្កប្បៈជាកុសល។ ម្នាលនាយជាងឈើ ចុះសង្កប្បៈទាំងឡាយ ជាកុសលនេះ មានអ្វីជាសមុដ្ឋាន។ ឯសមុដ្ឋានរបស់សង្កប្បៈទាំងនោះ បានពោលរួចហើយ។ គួរពោល​ថា មានសញ្ញាជាសមុដ្ឋាន។ ចុះសញ្ញាដូចម្តេច។ សញ្ញាមានច្រើន មានបែប​មិនតែមួយ មាន​ប្រការផ្សេងៗ គឺនេក្ខម្មសញ្ញា១ អព្យាបាទសញ្ញា១ អវិហឹសាសញ្ញា១ សង្កប្បៈ​ទាំង​ឡាយ ជាកុសល កើតមកអំពីសញ្ញាទាំងនេះ។ ម្នាលនាយជាងឈើ ចុះសង្កប្បៈ​ទាំង​ឡាយ ជាកុសល​នេះ រលត់ឥតសេសសល់ ក្នុងទីណា។ ឯការរលត់របស់​សង្កប្បៈ​ទាំង​នោះ បានពោល​រួច​ហើយ។ ម្នាលនាយជាងឈើ ភិក្ខុក្នុងសាសនានេះ ព្រោះរម្ងាប់​វិតក្កៈ វិចារៈ​។បេ។ ចូលទុតិយជ្ឈាន សង្កប្បៈជាកុសលទាំងនេះ រលត់ឥតមានសេសសល់ ក្នុងទុតិយជ្ឈាននុ៎ះឯង។ ម្នាលនាយជាងឈើ ចុះបុគ្គលប្រតិបត្តិ​ដូចម្តេច ទើបហៅថា ប្រតិបត្តិ ដើម្បីរំលត់សង្កប្បៈទាំងឡាយជាកុសល។ ម្នាលនាយជាងឈើ ភិក្ខុក្នុងសាសនា​នេះ ញុំាងឆន្ទៈឲ្យកើត ខំប្រឹងប្រែង ប្រារព្ធ​ព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីញុំាងធម៌​ទាំងឡាយ ជាអកុសល ដ៏លាមក ដែល​មិនទាន់កើត​ឡើង មិនឲ្យកើតឡើងបាន ដើម្បីលះបង់ធម៌ទាំងឡាយ ​ជាអកុសលដ៏លាមក ដែល​កើតឡើង​ហើយ។បេ។ ដើម្បី​ញុំាង​ធម៌ទាំងឡាយជាកុសល ដែល​មិនទាន់កើត​ឡើង ឲ្យកើតឡើងបាន។បេ។ ញុំាង​ឆន្ទៈ​ឲ្យកើត ខំប្រឹងប្រែង ប្រារព្ធ​ព្យាយាម ផ្គងចិត្ត តម្កល់​ចិត្ត ដើម្បីញុំាងធម៌​ទាំងឡាយ ជាកុសល ដែល​កើត​ឡើង​ហើយ ឲ្យឋិតថេរ មិនឲ្យវិនាស​ទៅវិញ ឲ្យរឹងរឹតតែ​ធំ​ទូលាយ ចម្រើនពេញបរិបូណ៌ឡើង។ ម្នាលនាយជាងឈើ បុគ្គលប្រតិបត្តិ​យ៉ាងនេះ ហៅថា ប្រតិបត្តិ ដើម្បីរំលត់សង្កប្បៈទាំង​ឡាយជាកុសល។

[១២៧] ម្នាលនាយជាងឈើ ដែលតថាគតបញ្ញត្តបុរសបុគ្គល ប្រកបដោយធម៌​១០ប្រការថា ជាអ្នក​មានកុសល ដ៏បរិបូណ៌ មានកុសល ដ៏ប្រសើរ ដល់នូវចំណែកបុណ្យ​ដ៏ឧត្តម ជាសមណៈ ឥតមានសេចក្តី​ញាប់ញ័រ តើអ្វីខ្លះ។ ម្នាលនាយជាងឈើ ភិក្ខុក្នុង​សាសនានេះ ប្រកបដោយសម្មាទិដ្ឋិ ជាអសេក្ខៈ១ ប្រកបដោយសម្មាសង្កប្បៈ ជា​អសេក្ខៈ១ ប្រកបដោយសម្មាវាចា ជា​អសេក្ខៈ១ ប្រកបដោយសម្មាកម្មន្តៈ ជា​អសេក្ខៈ១ ប្រកបដោយសម្មាអាជីវៈ ជា​អសេក្ខៈ១ ប្រកបដោយសម្មាវាយាមៈ ជា​អសេក្ខៈ១ ប្រកបដោយ​សម្មាសតិ ជា​អសេក្ខៈ១ ប្រកបដោយសម្មាសមាធិ ជា​អសេក្ខៈ១ ប្រកបដោយ​សម្មាញាណៈ ជា​អសេក្ខៈ១ ប្រកបដោយសម្មាវិមុត្តិ ជា​អសេក្ខៈ១។ ម្នាលនាយជាងឈើ ដែលតថាគតបញ្ញត្តបុរសបុគ្គល ប្រកបដោយធម៌​ទាំង១០ប្រការ​នេះឯង ថាជាអ្នក​មានកុសលដ៏បរិបូណ៌ មានកុសលដ៏ប្រសើរ ដល់នូវចំណែកបុណ្យ​ដ៏ឧត្តម ជាសមណៈ ឥតមានសេចក្តី​ញាប់ញ័រ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់​សូត្រ​នេះចប់ហើយ បញ្ចកង្គៈនាយជាងឈើ ក៏ត្រេកអរ រីករាយហើយ ចំពោះភាសិត របស់​ព្រះមានព្រះភាគ។

ចប់ សមណមុណ្ឌិកសូត្រ ទី៨។

 

លេខយោង

km/tipitaka/sut/mn/sut.mn.078.txt · ពេលកែចុងក្រោយ: 2024/03/06 16:41 និពន្ឋដោយ Johann