km:tipitaka:sut:mn:sut.mn.079



ចូឡសកុលុទាយិសូត្រ ទី៩

សង្ខេប

ព្រះ​ពុទ្ធ​ឆ្លើយ​តប​ដោះ​ស្រាយ​នូវ​ប្រស្នា​របស់​បរិព្វាជក​​ សួរ​ជា​បន្ត​បន្ទាប់ រហូត​ដល់​ធ្វើឲ្យ​គាត់​មាន​សេចក្ដី​ជ្រះ​ថ្លា​ឡើង​ បាន​សូម​នូវ​បព្វជា​ ឧប​សម្បទា​​​នឹង​ព្រះ​មាន​ព្រះ​ភាគ​ ប៉ុន្តែ​ត្រូវ​បរិស័ទ​របស់​ខ្លួន​ពោល​ឃាត់​ដែល​ជា​សេចក្ដី​អន្តរាយ។

mn 079 បាលី cs-km: sut.mn.079 អដ្ឋកថា: sut.mn.079_att PTS: ?

(ទី៩) ចូឡសកុលុទាយិសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៩. ចូឡសកុលុទាយិសុត្តំ)

[១២៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​វត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង បរិព្វាជកឈ្មោះ​សកុលុទាយិ នៅអាស្រ័យក្នុងបរិព្វាជការាម ឈ្មោះមោរនិវាបៈ ជាមួយនឹងបរិព្វាជក​បរិស័ទច្រើននាក់។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរក្នុង​បុព្វណ្ហសម័យ ទ្រង់ស្តេចចូលទៅក្នុងក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ ព្រះមានព្រះភាគ ទ្រង់មានសេចក្តីត្រិះរិះ ក្នុងវេលានោះយ៉ាងនេះថា ការត្រាច់ទៅក្នុងក្រុងរាជគ្រឹះ ដើម្បី​បិណ្ឌបាត នៅព្រឹកណាស់នៅឡើយ បើដូច្នោះ គួរតែតថាគត ចូលទៅរកសកុលុទាយិ​បរិព្វាជក ឯបរិព្វាជការាម ឈ្មោះមោរនិវាបៈសិន។ ព្រះមានព្រះភាគ ក៏ទ្រង់ស្តេច​ចូល​ទៅរក​បរិព្វាជការាម ឈ្មោះមោរនិវាបៈ។

[១២៩] សម័យនោះឯង សកុលុទាយិបរិព្វាជក អង្គុយជាមួយនឹងបរិព្វាជក​បរិស័ទ​ច្រើននាក់ ដែលកំពុង​បន្លឺសំឡេងខ្ពស់ សំឡេង​ខ្លាំង និយាយ​តិរច្ឆាន​កថាជាច្រើន​ប្រការ គឺ និយាយអំពីស្តេច។បេ។ និយាយអំពី​សេចក្តីវិនាស និងសេចក្តីចំរើន ដែល​ជាហេតុ​ឥត​ប្រយោជន៍ ថាដូច្នេះខ្លះ ដូច្នោះខ្លះ។ សកុលុទាយិបរិព្វាជក បានឃើញ​ព្រះមានព្រះភាគ កំពុងស្តេចមកអំពីចម្ងាយ លុះឃើញហើយ ក៏បញ្ឈប់​បរិស័ទ​របស់ខ្លួន​ថា ចូរអ្នកដ៏ចំរើន​ទាំងឡាយ មានសំឡេង​តិចៗ ចូរអ្នកដ៏ចំរើនទាំងឡាយ កុំមាត់អ្វី​ឡើយ ដ្បិត​ព្រះសមណគោតមនេះ និមន្តមក ឯព្រះសមណគោតម មានអាយុនោះ ជាអ្នកត្រូវការ​តែនឹងសំឡេងតិច ពោលសរសើរ​សំឡេងតិច ធ្វើដូចម្តេច ឲ្យតែលោកដឹងថា បរិស័ទ​មាន​សំឡេងតិច ហើយសំគាល់ថា គួរ​ចូលមក។ ពួកបរិព្វាជកទាំងនោះ ក៏នៅស្ងៀម។ លំដាប់​នោះ ព្រះមានព្រះភាគ ទ្រង់​ស្តេច​ចូលទៅរក សកុលុទាយិបរិព្វាជក។ សកុលុទាយិ​បរិព្វាជក ក៏ក្រាបបង្គំទូល​ព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមាន​ព្រះភាគ ទ្រង់ស្តេចមកចុះ បពិត្រ​ព្រះអង្គដ៏ចំរើន ដំណើរស្តេចមក នៃព្រះមានព្រះភាគ ជាការ​ប្រពៃហើយ បពិត្រព្រះអង្គ​ដ៏​ចំរើន ព្រះមានព្រះភាគ បានបម្រុងនឹងធ្វើ​ដំណើរមក ក្នុងទីនេះ អស់កាលយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ និមន្តគង់ចុះ អាសនៈនេះ ខ្ញុំព្រះអង្គ បានក្រាលហើយ។ ព្រះមានព្រះភាគ ក៏ទ្រង់គង់លើអាសនៈ ដែល​គេ​ក្រាលថ្វាយ។ ​សកុលុទាយិបរិព្វាជក កាន់យក​អាសនៈ ដ៏​ទាបមួយ អង្គុយ​ក្នុងទី​ដ៏សមគួរ។ លុះ​សកុលុទាយិបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់​ត្រាស់​យ៉ាងនេះថា ម្នាលឧទាយិ អ្នកអង្គុយ​ប្រជុំគ្នា និយាយពីរឿងអ្វី អម្បាញ់​មិញនេះ ចុះពាក្យដូចម្តេច ដែលអ្នកទាំងឡាយ ធ្វើឲ្យដាច់ពាក់កណ្តាលទៅ។

[១៣០] សកុលុទាយិក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យដែលខ្ញុំព្រះអង្គ​ទាំងឡាយ ប្រជុំគ្នា និយាយអម្បាញ់មិញនេះ លើកទុកសិន បពិត្រព្រះអង្គដ៏ចំរើន ពាក្យ​នុ៎ះ មិនមែនជាការក្រ ដល់ព្រះអង្គទេ សូមទ្រង់ព្រះសណ្តាប់​ជា​ខាងក្រោយចុះ បពិត្រ​ព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គមិនទាន់ចូល​ទៅជិតបរិស័ទ​នេះ បរិស័ទ​នេះ ក៏​អង្គុយ​និយាយតែតិរច្ឆានកថាច្រើនប្រការ បពិត្រព្រះអង្គដ៏ចំរើន លុះតែកាលដែលខ្ញុំ​ព្រះអង្គ ចូល​ទៅជិតបរិស័ទនេះ ទើបបរិស័ទនេះ អង្គុយ​មើលមុខខ្ញុំ​ព្រះអង្គ និយាយថា បពិត្រ​ឧទាយិ យើងទាំងឡាយ ចាំស្តាប់​ធម៌ ដែលព្រះសមណគោតមនឹងសំដែង ដល់​យើង​ទាំងឡាយ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលព្រះមានព្រះភាគ ទ្រង់ស្តេច​ចូល​មករក​បរិស័ទនេះ ខ្ញុំព្រះអង្គ នឹងចូលទៅដែរ ដ្បិតបរិស័ទនេះ កំពុងតែអង្គុយ​មើល​ព្រះភក្ត្រ​ព្រះមានព្រះភាគ ដោយគិតថា យើងទាំងឡាយ ចាំស្តាប់ធម៌ ដែលព្រះមានព្រះភាគ នឹងសំដែង ដល់យើងទាំងឡាយ។ ព្រះអង្គត្រាស់ថា ម្នាលឧទាយិ បើដូច្នោះ ចូរអ្នក​តាំង​ផ្តើមប្រស្នានោះមក តថាគត នឹង​សំដែង​តប តាម​ហេតុក្នុងប្រស្នានុ៎ះ។

[១៣១] សកុលុទាយិក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពីថ្ងៃមុនៗ មានបុគ្គល​ជាអ្នកដឹងសព្វ ឃើញសព្វ ដឹងច្បាស់នូវញាណទស្សនៈ ឥតសេសសល់ និយាយថា កាល​ខ្ញុំដើរក្តី ឈរក្តី ដេកលក់ក្តី រលឹកក្តី ញាណទស្សនៈ ប្រាកដឡើងរឿយៗ​មិនដាច់ បុគ្គល​នោះ កាលដែលខ្ញុំព្រះអង្គ សួរប្រស្នា ប្រារព្ធទីបំផុតខាងដើម ត្រឡប់​ជាគេចកែពាក្យ​ដទៃ ដោយពាក្យដទៃ យកពាក្យខាងក្រៅ មកបន្លែបន្លប់ ហើយសំដែង​សេចក្តីក្រោធ សេចក្តី​ប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គក៏កើត​សតិ​ឡើង ព្រោះប្រារព្ធចំពោះ​ព្រះមានព្រះភាគថា ឱមានតែព្រះមានព្រះភាគ ឱមាន​តែ​ព្រះសុគត ទើបព្រះអង្គឈ្លាសវៃ ចំពោះធម៌ទាំងនេះ។ ព្រះអង្គត្រាស់ថា ម្នាលឧទាយិ ចុះបុគ្គលណា ជាអ្នកដឹងសព្វ ឃើញសព្វ ដឹងច្បាស់នូវញាណទស្សនៈ ឥតសេសសល់ និយាយថា កាល​ខ្ញុំដើរក្តី ឈរក្តី ដេកលក់ក្តី រលឹកក្តី ញាណទស្សនៈ ក៏ប្រាកដឡើង​រឿយ​ៗ​មិនដាច់ បុគ្គល​នោះ កាលដែលអ្នកបានសួរប្រស្នា ប្រារព្ធទីបំផុតខាងដើម ក៏ត្រឡប់​ជា​គេច​កែពាក្យ​ដទៃ ដោយពាក្យដទៃ យកពាក្យខាងក្រៅ មកបន្លែបន្លប់ ហើយសំដែងនូវ​សេចក្តីក្រោធ សេចក្តី​ប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង។ សកុលុទាយិ ក្រាប​បង្គំទូលថា និគ្រន្ថនាដបុត្រ ព្រះអង្គ។

[១៣២] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ បុគ្គលណាមួយ រលឹកឃើញបុព្វេនិវាស​មាន​ច្រើនប្រការគឺ រលឹកឃើញ​ជាតិ១ ជាតិ២។បេ។ រលឹកឃើញ​បុព្វេនិវាស មានច្រើន​ប្រការ ព្រមទាំង​អាការ ព្រមទាំង​ឧទ្ទេស ដោយប្រការដូច្នេះ (បើ) បុគ្គល​នោះ សួរ​ប្រស្នា​នឹងតថាគត ប្រារព្ធទីបំផុតខាងដើម តថាគត ក៏សួរប្រស្នា នឹងបុគ្គល​នោះ ប្រារព្ធទីបំផុត​ខាងដើមដែរ បុគ្គលនោះ ប្រារព្ធ​ទីបំផុតខាងដើម ធ្វើចិត្ត​តថាគត ឲ្យរីករាយ ដោយ​ការដោះប្រស្នាបាន តថាគត ក៏ប្រារព្ធទីបំផុតខាងដើម ធ្វើចិត្តបុគ្គលនោះ ឲ្យរីករាយ ដោយការដោះប្រស្នាបានដែរ បុគ្គលណាមួយ មានទិព្វចក្ខុ បរិសុទ្ធ កន្លងចក្ខុរបស់​មនុស្ស​សាម័ញ្ញ ឃើញ​សត្វទាំងឡាយដែលច្យុត ដែលកើត ថោកទាប ខ្ពង់ខ្ពស់ មានសម្បុរ​ល្អ សម្បុរអាក្រក់ មានគតិល្អ គតិអាក្រក់។បេ។ ក៏ដឹងច្បាស់នូវពួក​សត្វ ដែលទៅតាម​យថាកម្ម (បើ) បុគ្គល​នោះ សួរ​ប្រស្នា​នឹងតថាគត ប្រារព្ធទីបំផុតខាងចុង តថាគត ក៏សួរប្រស្នា នឹងបុគ្គល​នោះ ប្រារព្ធទីបំផុត​ខាងចុងដែរ បុគ្គលនោះ ប្រារព្ធ​ទីបំផុតខាងចុង ធ្វើចិត្ត​តថាគតនោះ ឲ្យរីករាយ ដោយ​ការដោះប្រស្នាបានដែរ ប៉ុន្តែណ្ហើយចុះ ឧទាយិ ទីបំផុតខាងដើមលើកទុក ទីបំផុតខាងចុង ក៏លើកទុកចុះ តថាគត នឹងសំដែង​ធម៌ដល់អ្នក កាលបើទីបំផុតខាងដើមនេះមាន ទីបំផុត​ខាងចុងនេះក៏មាន ទីបំផុតខាងចុង​នេះកើត​ឡើង​បាន ព្រោះទីបំផុត​ខាងដើមនេះកើតឡើង កាលបើទីបំផុត​ខាងដើមនេះ​មិនមាន ទីបំផុត​ខាងចុងនេះក៏មិនមាន ទីបំផុតខាងចុង​នេះរលត់ទៅ ព្រោះទីបំផុត​ខាងដើមនេះរលត់ទៅ។ សកុលុទាយិក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គ​មិនអាចរលឹកឃើញបុព្វេនិវាសនោះ តាមកំណត់ ដែលខ្ញុំ​ព្រះអង្គ ត្រូវឃើញច្បាស់​ ដោយ​អត្តភាពនេះ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នោះបានទេ ខ្ញុំព្រះអង្គ នឹង​រលឹកឃើញបុព្វេនិវាសច្រើនប្រការ គឺ រលឹកឃើញជាតិ១ ជាតិ២ ជាតិ៣។បេ។ និងរលឹក​ឃើញ​បុព្វេនិវាស មានច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការ​ដូច្នេះ ដូចជាព្រះមានព្រះភាគ ដូចម្តេចបាន បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូម្បីតែ​បង្សុបិសាច (បិសាចដែលកើតក្នុងទីស្មោកគ្រោក) ក៏ខ្ញុំព្រះអង្គ មើល​មិនឃើញ​ផង ចុះនឹងឲ្យខ្ញុំព្រះអង្គ រលឹកឃើញពួកសត្វ ដែលច្យុត ដែលកើត ថោកទាប ខ្ពង់ខ្ពស់ មាន​សម្បុរល្អ សម្បុរអាក្រក់ មានគតិល្អ គតិអាក្រក់។បេ។ ដឹងច្បាស់នូវសត្វទាំងឡាយ ដែល​ទៅតាមយថាកម្ម ដោយទិព្វចក្ខុបរិសុទ្ធ កន្លងចក្ខុរបស់មនុស្សសាម័ញ្ញ ដូចជា​ព្រះមាន​ព្រះភាគ ដូចម្តេចបាន បពិត្រព្រះអង្គដ៏ចំរើន ពាក្យដែល​ព្រះអង្គ បាន​ត្រាស់​នឹង​ខ្ញុំព្រះអង្គ យ៉ាងនេះថា ម្នាលឧទាយិ ណ្ហើយចុះ ទីបំផុតខាងដើមលើកទុក ទីបំផុត​ខាងចុង ក៏លើកទុកចុះ តថាគត នឹងសំដែងដល់អ្នក កាលបើទីបំផុតខាងដើមនេះមាន ទីបំផុត​ខាងចុងនេះក៏មាន ទីបំផុតខាងចុង​នេះកើត​ឡើង​បាន ព្រោះទីបំផុត​ខាងដើមនេះ​កើត​ឡើង កាលបើទីបំផុតខាងដើមនេះមិនមាន ទីបំផុត​ខាងចុងនេះក៏មិនមាន ទីបំផុតខាងចុង​នេះរលត់ទៅ ព្រោះទីបំផុត​ខាងដើមនេះរលត់ទៅ ដូច្នេះ ឥឡូវពាក្យ​នោះ មិនទាន់ប្រាកដ ដល់ខ្ញុំព្រះអង្គ ដោយលើសលន់ ពន់ប្រមាណនៅឡើយទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ប្រាកដជានឹងធ្វើហឫទ័យ នៃព្រះមានព្រះភាគ​ឲ្យ​រីករាយ ដោយសារការដោះប្រស្នា ក្នុងលទ្ធិអាចារ្យ ជារបស់ខ្លួនបាន។

[១៣៣] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ ហេតុដូចម្តេច ដែលមាន​ក្នុងលទ្ធិអាចារ្យ ជា​របស់ខ្លួននៃអ្នក។ សកុលុទាយិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មាន​សេចក្តីត្រិះរិះ ក្នុងលទ្ធិអាចារ្យ​ ជារបស់ខ្លួន យ៉ាងនេះថា នេះជាពន្លឺ ដ៏ឧត្តម នេះជា​ពន្លឺ​ដ៏ឧត្តម។ ព្រះអង្គត្រាស់ថា ការណ៍ដែលអ្នកត្រិះរិះ ក្នុងលទ្ធិអាចារ្យ​ ជារបស់ខ្លួន​យ៉ាង​នេះថា នេះជាពន្លឺដ៏ឧត្តម នេះជាពន្លឺដ៏ឧត្តម ចុះ​ពន្លឺ​ដ៏ឧត្តមនោះ តើដូចម្តេច។ សកុលុទាយិ ក្រាបបង្គំទូល​ថា បពិត្រព្រះអង្គដ៏ចំរើន ពន្លឺណា ដែលរកពន្លឺដទៃ​ប្រសើរជាង ឧត្តមជាងគ្មាន ពន្លឺនោះ ជាពន្លឺដ៏ឧត្តម។ ព្រះអង្គត្រាស់ថា ម្នាលឧទាយិ ពន្លឺ ដែលរកពន្លឺដទៃប្រសើរជាង ឧត្តមជាងគ្មាន នោះ​ តើដូចម្តេច។ សកុលុទាយិ ក្រាបបង្គំ​ទូលថា បពិត្រព្រះអង្គដ៏ចំរើន ពន្លឺណា ដែលរកពន្លឺដទៃប្រសើរជាង ឧត្តមជាងគ្មាន ពន្លឺនោះ ទើបជាពន្លឺដ៏ឧត្តម។

[១៣៤] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ វាចារបស់អ្នកនុ៎ះ ផ្សាយទៅវែងពេក​ណាស់ ព្រោះអ្នកពោលថា ពន្លឺដែលរកពន្លឺដទៃ​ ប្រសើរជាង ឧត្តមជាងគ្មាន ពន្លឺនោះ ទើបជាពន្លឺដ៏ឧត្តម ដូច្នេះផង ទាំងមិនកំណត់ នូវ​ពន្លឺនោះផង។ ម្នាលឧទាយិ ដូចបុរស​និយាយ យ៉ាងនេះថា ខ្ញុំប្រាថ្នាចង់បាននាងជនបទកល្យាណី ក្នុងជនបទនេះ។ ពួក​អ្នក​ផង សួរបុរសនោះ យ៉ាងនេះថា នែបុរសដ៏ចំរើន អ្នកប្រាថ្នាចង់បាននាង​ជនបទ​កល្យាណី​ណា អ្នកស្គាល់នាងជនបទកល្យាណី​នោះ ថាជាក្សត្រី ឬព្រាហ្មណី ជាវេស្សី ឬសុទ្ទី​ដែរ​ឬ។ បុរស​នោះ ដែលអ្នកផងសួរដូច្នេះ ក៏ឆ្លើយតបវិញថា ខ្ញុំមិនស្គាល់ទេ។ អ្នកផងសួរ​បុរស​នោះ​​ទៀតថា នែបុរសដ៏ចំរើន អ្នកប្រាថ្នា​ចង់បាននាង​ជនបទកល្យាណីណា អ្នក​ស្គាល់​​​នាង​ជនបទកល្យាណីនោះថា មានជាតិយ៉ាងនេះ មានគោត្រយ៉ាងនេះ។បេ។ ខ្ពស់ឬទាប ឬកណ្តាល សម្បុរខ្មៅ ឬខ្មៅស្រអែម ឬសម្បុរសណ្តែកបាយ នៅក្នុងស្រុក និគម និង​នគរ​ឯណោះ ដែរឬទេ។ បុរសនោះ ដែលគេសួរដូច្នេះ ក៏ឆ្លើយតបថា ខ្ញុំមិនស្គាល់ទេ។ ជន​ទាំងឡាយ និយាយនឹងបុរសនោះ យ៉ាងនេះថា នែបុរសដ៏ចំរើន អ្នកមិនដែលស្គាល់ មិនដែល​ឃើញ នាង​ជនបទកល្យាណីណាសោះ ហើយ​ស្រាប់តែ​ប្រាថ្នា ចង់បាននាង​នោះឬ។ បុរសនោះ ដែលអ្នកផងសួរដូច្នេះ ក៏ឆ្លើយតបថា បាទ។ ម្នាលឧទាយិ អ្នកចូល​ចិត្តសេចក្តីនោះ ដូចម្តេច កាលបើយ៉ាងនេះ ពាក្យរបស់បុរសនោះ ក្រែង​យកជាការ​មិនបាន​ទេដឹង។ សកុលុទាយិក្រាបបង្គំទូលថា ពិតមែនហើយព្រះអង្គ កាលបើយ៉ាង​នេះ ពាក្យរបស់បុរសនោះ យកជាការពុំបានទេ។ ព្រះអង្គត្រាស់ថា ម្នាលឧទាយិ អ្នកនិយាយថា បពិត្រព្រះអង្គដ៏ចំរើន ពន្លឺណា ដែលរកពន្លឺដទៃ​ប្រសើរជាង ឧត្តមជាងគ្មាន ពន្លឺនោះ ទើបជាពន្លឺដ៏ឧត្តម ដូច្នេះផង ទាំងមិនកំណត់ នូវ​ពន្លឺនោះផង ក៏​យ៉ាងនោះឯង។ សកុលុទាយិក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កែវមណី និងកែវ​ពៃ​ទូរ្យ មានពន្លឺល្អ មានជ្រុង៨ ដែលជាងឆ្នៃល្អហើយ ដាក់លើសំពត់កម្ពល់ មានពណ៌លឿង រមែងភ្លឺច្រាលរន្ទាល យ៉ាងណា អត្តា បន្ទាប់អំពីមរណៈទៅ ក៏មានពន្លឺ ឥតមានរោគ យ៉ាង​នោះដែរ។

[១៣៥] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះ ដូចម្តេច កែវ​មណី និងកែវ​ពៃ​ទូរ្យ មានពន្លឺល្អ មានជ្រុង៨ ដែលជាងឆ្នៃល្អហើយ ដាក់លើសំពត់កម្ពល់ មាន​ពណ៌​លឿង រមែងភ្លឺច្រាលរន្ទាល និងអម្ពិលអម្ពែក ដែល​ជាកិមិជាតិ ក្នុងវេលា​យប់​ងងឹត​អព្ទ បណ្តាពន្លឺទាំងពីរនេះ តើពន្លឺណា ភ្លឺជាង ប្រសើរជាង។ សកុលុទាយិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងវេលាយប់ងងឹតអព្ទ បណ្តាពន្លឺទាំងពីរនេះ ពន្លឺអម្ពិលអម្ពែក ដែល​ជាកិមិជាតិ ភ្លឺជាង ប្រសើរជាង។

[១៣៦] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះ ដូចម្តេច អម្ពិល​អម្ពែក ដែល​ជាកិមិជាតិ ក្នុងវេលាយប់ងងឹត​អព្ទ និងប្រទីបប្រេង ក្នុងវេលាយប់ងងឹតអព្ទ បណ្តាពន្លឺទាំងពីរនេះ ពន្លឺណា ភ្លឺជាង ប្រសើរជាង។ សកុលុទាយិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងវេលាយប់ងងឹតអព្ទ បណ្តាពន្លឺទាំងពីរនេះ ប្រទីបប្រេង ភ្លឺជាង ប្រសើរជាង។

[១៣៧] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះដូចម្តេច ប្រទីបប្រេង ក្នុងវេលាយប់ងងឹត​អព្ទ និងគំនរភ្លើងធំ ក្នុងវេលាយប់ងងឹតអព្ទ បណ្តាពន្លឺទាំងពីរនេះ ពន្លឺណា ភ្លឺជាង ប្រសើរជាង។ សកុលុទាយិក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងវេលាយប់ងងឹតអព្ទ បណ្តាពន្លឺទាំងពីរនេះ ពន្លឺគំនរភ្លើងធំ ភ្លឺជាង ប្រសើរជាង។

[១៣៨] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះដូចម្តេច គំនរភ្លើង ក្នុងវេលាយប់ងងឹត​អព្ទ និងផ្កាយព្រឹក ក្នុងកាលដែលមេឃស្វាងភ្លៀង ខ្ពស់ស្រឡះ អំពីពពក ទៀបបច្ចូសសម័យនៃរាត្រី បណ្តាពន្លឺទាំងពីរនេះ ពន្លឺណា ភ្លឺជាង ប្រសើរ​ជាង។ សកុលុទាយិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន បណ្តាពន្លឺទាំងពីរនេះ ពន្លឺ​ផ្កាយព្រឹក ក្នុងកាលដែលមេឃស្វាងភ្លៀង ខ្ពស់ស្រឡះអំពីពពក ទៀប​បច្ចូសសម័យ​នៃរាត្រីនេះ ភ្លឺជាង ប្រសើរជាង។

[១៣៩] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះដូចម្តេច ផ្កាយព្រឹក ក្នុងកាលដែលមេឃស្វាងភ្លៀង ខ្ពស់ស្រឡះអំពីពពក ទៀបបច្ចូស​សម័យ នៃរាត្រី និងព្រះចន្ទ្រ ក្នុងវេលាពាក់កណ្តាលអធ្រាត្រ មិនទាន់ជ្រេ ក្នុងកាលដែលមេឃ​ស្វាងភ្លៀង ខ្ពស់ស្រឡះ​អំពីពពក នាថ្ងៃ​ឧបោសថ ១៥កើត បណ្តាពន្លឺទាំងពីរនេះ ពន្លឺ​ណា ភ្លឺជាង ប្រសើរជាង។ សកុលុទាយិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន បណ្តា​ពន្លឺ​ទាំងពីរនេះ ពន្លឺព្រះចន្ទ្រ ក្នុងវេលាពាក់កណ្តាល​អធ្រាត្រ មិនទាន់ជ្រេ ក្នុងកាល​ដែល​មេឃស្វាងភ្លៀង ខ្ពស់ស្រឡះអំពីពពក នាថ្ងៃឧបោសថ ១៥កើតនេះ ភ្លឺជាង ប្រសើរជាង។

[១៤០] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះដូចម្តេច ព្រះចន្ទ្រ ក្នុងវេលាពាក់កណ្តាលអធ្រាត្រ មិនទាន់ជ្រេ ក្នុងកាលដែលមេឃស្វាងភ្លៀង ខ្ពស់ស្រឡះ​អំពីពពក នាថ្ងៃ​ឧបោសថ ១៥កើត និងព្រះអាទិត្យ ក្នុងវេលាថ្ងៃត្រង់ មិនទាន់ជ្រេ ក្នុង​កាលដែលមេឃស្វាងភ្លៀង ខ្ពស់ស្រឡះអំពីពពក ក្នុងសរទសម័យ នាខែខាងចុង នៃវស្សានរដូវ បណ្តាពន្លឺទាំងពីរនេះ ពន្លឺណា ភ្លឺជាង ប្រសើរជាង។ សកុលុទាយិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន បណ្តាពន្លឺទាំងពីរនោះ ពន្លឺព្រះអាទិត្យ ក្នុងវេលាថ្ងៃត្រង់ មិនទាន់ជ្រេ ក្នុងកាលដែលមេឃស្វាងភ្លៀង ខ្ពស់ស្រឡះអំពីពពក ក្នុង​សរទសម័យ នាខែជាខាងចុង នៃវស្សានរដូវ ពន្លឺនេះ ភ្លឺជាង ប្រសើរជាង។ ម្នាលឧទាយិ ពួកទេវតា ដែលមិនបាច់ប្រើពន្លឺព្រះចន្ទ្រ និងព្រះអាទិត្យនេះ មានច្រើនក្រៃលែងច្រើន តថាគត ក៏ស្គាល់ច្បាស់ នូវ​ទេវតាទាំងនោះដែរ តែតថាគត មិនពោលថា ពន្លឺណា ឥត​មានពន្លឺដទៃ ប្រសើរជាង ឧត្តមជាង ដូច្នេះទេ ម្នាលឧទាយិ ចំណែកខាងអ្នកឯង ពោលថា ពន្លឺណា ដែលថោកទាបជាង អន់ជាង ពន្លឺអម្ពិលអម្ពែក ជាកិមិជាតិ ពន្លឺ​នោះ ជាពន្លឺប្រសើរ ដូច្នេះផង ទាំងមិនបានកំណត់​ពន្លឺនោះផង។ បពិត្រព្រះមានព្រះភាគ សូមទ្រង់ស្លេះពាក្យនេះទុកចុះ បពិត្រព្រះសុគត សូមទ្រង់ស្លេះពាក្យនេះទុកចុះ។ ម្នាល​ឧទាយិ ម្តេចក៏អ្នកឯងនិយាយថា បពិត្រព្រះមានព្រះភាគ សូមទ្រង់ស្លេះពាក្យនេះទុកចុះ បពិត្រព្រះសុគត សូមទ្រង់ស្លេះពាក្យនេះទុកចុះ ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ ក្នុងលទ្ធិអាចារ្យ ជារបស់ខ្លួន​ យ៉ាងនេះថា នេះជាពន្លឺដ៏ប្រសើរ នេះ​ជាពន្លឺ​ដ៏ប្រសើរ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ កាលបើ​ព្រះមានព្រះភាគ​សាក​សួរ ចោទប្រកាន់ ដេញដោល ក្នុងលទ្ធិអាចារ្យ ជារបស់ខ្លួន (យ៉ាងនេះ) ក៏ជាបុគ្គល​សោះសូន្យ ទទេ ឥតបានការសោះ។

[១៤១] ព្រះអង្គត្រាស់ថា ម្នាល​ឧទាយិ លោកមានសេចក្តីសុខ ដោយចំណែកមួយ ចុះបដិបទា ប្រកបដោយហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោកដែលមានសេចក្តីសុខ ដោយ​ចំណែកមួយ មានដែរឬទេ។ សកុលុទាយិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ យ៉ាងនេះថា លោកមានតែសេចក្តីសុខ ដោយចំណែក​មួយ​ក៏មាន បដិបទា ប្រកបដោយហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានតែសេចក្តី​សុខ ដោយចំណែកមួយក៏មាន។ ម្នាលឧទាយិ ចុះបដិបទា ប្រកបដោយហេតុ ដើម្បីធ្វើឲ្យ​ជាក់​ច្បាស់នូវលោក ដែលមានសេចក្តី​សុខ ដោយចំណែកមួយ តើដូចម្តេច។ បពិត្រ​ព្រះអង្គដ៏ចំរើន បុគ្គលពួកមួយ ក្នុងលោកនេះ លះបង់បាណាតិបាត វៀរស្រឡះ​ចាក​បាណាតិបាត លះបង់អទិន្នាទាន វៀរស្រឡះ​ ចាកអទិន្នាទាន លះបង់កាមេសុមិច្ឆាចារ វៀរស្រឡះ​ ចាកកាមេសុមិច្ឆាចារ លះបង់មុសាវាទ វៀរស្រឡះ ​ចាកមុសាវាទ ម្យ៉ាងទៀត បានប្រព្រឹត្តសមាទាន នូវតបគុណណាមួយ បពិត្រព្រះអង្គដ៏ចំរើន នេះហៅថា បដិបទា ប្រកបដោយហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវ​លោក ដែលមានសេចក្តីសុខ ដោយ​ចំណែក​មួយ។

[១៤២] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះដូចម្តេច (បើ) បុគ្គល​​លះបង់បាណាតិបាត វៀរស្រឡះ​ចាកបាណាតិបាត ក្នុងសម័យណា សម័យ​នោះ តើអត្តា មានតែសេចក្តីសុខ ដោយចំណែកមួយ ឬមានទាំងសុខ ទាំងទុក្ខ។ សកុលុទាយិ ក្រាបបង្គំទូលថា មានទាំងសុខ ទាំងទុក្ខ ព្រះអង្គ។ ម្នាលឧទាយិ អ្នកចូលចិត្ត​សេចក្តីនោះ ដូចម្តេច (បើ) បុគ្គល​ លះបង់អទិន្នាទាន វៀរស្រឡះ​ចាកអទិន្នាទាន ក្នុងសម័យណា សម័យ​នោះ តើអត្តា មានតែសេចក្តីសុខ ដោយចំណែកមួយ ឬមានទាំងសុខ ទាំងទុក្ខ។ មានទាំងសុខ ទាំងទុក្ខ ព្រះអង្គ។ ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះដូចម្តេច (បើ) បុគ្គល ​លះបង់កាមេសុមិច្ឆាចារ វៀរស្រឡះ​ ចាកកាមេសុមិច្ឆាចារ ក្នុងសម័យណា សម័យ​នោះ តើអត្តាមានតែសេចក្តីសុខ ដោយចំណែកមួយ ឬមានទាំងសុខ ទាំងទុក្ខ។ មាន​ទាំងសុខ ទាំងទុក្ខ ព្រះអង្គ។ ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះដូចម្តេច (បើ) បុគ្គល​លះបង់មុសាវាទ វៀរស្រឡះ ​ចាកមុសាវាទ ក្នុងសម័យណា សម័យ​នោះ តើអត្តា​មាន​តែសេចក្តីសុខ ដោយចំណែកមួយ ឬមានទាំងសុខ ទាំងទុក្ខ។ មានទាំងសុខ ទាំងទុក្ខ ព្រះអង្គ។ ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះដូចម្តេច (បើ) បុគ្គល​សមាទាន ប្រព្រឹត្ត​តបគុណណាមួយ ក្នុងសម័យណា សម័យ​នោះ តើអត្តា មានតែសេចក្តីសុខ ដោយ​ចំណែក​មួយ ឬមានទាំងសុខ ទាំងទុក្ខ។ មានទាំងសុខ ទាំងទុក្ខ ព្រះអង្គ។ ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះ ដូចម្តេច ការធ្វើឲ្យជាក់ច្បាស់ នូវលោក ដែល​មានតែសេចក្តីសុខ​ ដោយចំណែកមួយ ព្រោះអាស្រ័យ​បដិបទា ដែលមានសុខ និងទុក្ខលាយឡំគ្នា បាន​ដែរ​ឬ។ បពិត្រព្រះមានព្រះភាគ សូមទ្រង់លើកពាក្យនេះទុក បពិត្រព្រះសុគត សូម​ទ្រង់​លើកពាក្យនេះទុក។ ម្នាលឧទាយិ ម្តេចក៏អ្នកនិយាយថា បពិត្រព្រះមានព្រះភាគ សូម​ទ្រង់លើកពាក្យនេះទុកចុះ បពិត្រព្រះសុគត សូម​ទ្រង់លើកពាក្យនេះទុកចុះ ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ ក្នុងលទ្ធិអាចារ្យ ជារបស់ខ្លួន យ៉ាង​នេះថា លោកដែលមានសេចក្តីសុខ ដោយចំណែកមួយក៏មាន បដិបទា ដែលប្រកប​ដោយ​​ហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានតែសេចក្តីសុខ ដោយ​ចំណែក​មួយ​ក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ កាលបើព្រះមានព្រះភាគ សាកសួរ ដេញដោល ក្នុងលទ្ធិអាចារ្យ ជារបស់ខ្លួន (យ៉ាងនេះ) ក៏ជាបុគ្គល​សោះសូន្យ​ទទេ មិនបានការសោះ បពិត្រព្រះអង្គដ៏ចំរើន ចុះលោក ដែល​មានតែសេចក្តីសុខ ដោយចំណែក​​មួយ បដិបទា ដែលប្រកបដោយហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានតែសេចក្តីសុខ ដោយចំណែកមួយ មានដែរឬ។ ម្នាលឧទាយិ លោកដែល​មានតែសេចក្តីសុខ ដោយចំណែក​មួយក៏មាន បដិបទា ប្រកបដោយហេតុ ដើម្បីធ្វើឲ្យ​ជាក់​ច្បាស់នូវលោក ដែលមានតែសេចក្តីសុខ ដោយចំណែកមួយ ក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន ចុះបដិបទា ប្រកបដោយហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានតែសេចក្តីសុខ ដោយចំណែកមួយ តើដូចម្តេច។

[១៤៣] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំង​ឡាយ។បេ។ ចូលបឋមជ្ឈាន ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ចូលទុតិយជ្ឈាន ក៏​សម្រាន្ត​នៅ ដោយឥរិយាបថ ទាំង៤ ព្រោះប្រាសចាកបីតិ។បេ។ ចូលតតិយជ្ឈាន សម្រាន្ត​នៅ ដោយឥរិយាបថទាំង៤ ម្នាលឧទាយិ នេះឯង ហៅថា បដិបទា ប្រកបដោយ​ហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានសេចក្តីសុខ ដោយចំណែកមួយ។ បពិត្រ​ព្រះអង្គដ៏ចំរើន បដិបទា ប្រកបដោយហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមាន​តែ​សេចក្តីសុខ ដោយចំណែកមួយ តើដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ចុះលោក ​មានតែ​សេចក្តីសុខ ដោយចំណែក​មួយ ដែលបុគ្គលធ្វើឲ្យជាក់ច្បាស់ តើមានតែប៉ុណ្ណេះទេឬ។ ម្នាលឧទាយិ លោក​មានតែសេចក្តីសុខ ដោយចំណែក​មួយ ដែលបុគ្គលធ្វើឲ្យជាក់ច្បាស់ មិនមែនមានត្រឹមតែប៉ុណ្ណេះទេ ទាំង​បដិបទា ប្រកប​ដោយ​ហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានតែសេចក្តីសុខ ដោយចំណែកមួយនោះ ក៏មិនមែនមានត្រឹមតែប៉ុណ្ណេះដែរទេ។

[១៤៤] កាលបើព្រះអង្គត្រាស់យ៉ាងនេះហើយ ពួកបរិស័ទ របស់សកុលុទាយិ​បរិព្វាជក ក៏បន្លឺសំឡេងខ្ពស់ សំឡេងខ្លាំងថា ពួកយើង ព្រមទាំងអាចារ្យ មិនទាន់​ពេញចិត្ត​ ក្នុងហេតុនេះទេ ពួកយើងព្រមទាំងអាចារ្យ មិនទាន់ពេញចិត្ត ក្នុងហេតុ​នេះទេ ពួកយើង​មិនទាន់ដឹងច្បាស់ នូវគុណជាត ដ៏ក្រៃលែងជាង​នេះទៅទៀតឡើយ។ ខណៈ​នោះ សកុលុទាយិបរិព្វាជក ធ្វើពួកបរិព្វាជក​ទាំងនោះ ឲ្យមានសំឡេងតិច ហើយក្រាបបង្គំទូល​សួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះលោក ​មានតែសេចក្តីសុខ ដោយចំណែក​មួយ ដែលបុគ្គលធ្វើឲ្យជាក់ច្បាស់ តើមានប៉ុន្មាន។

[១៤៥] ម្នាលឧទាយិ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់សុខ។បេ។ ចូល​ចតុត្ថជ្ឈាន ក៏សម្រាន្តនៅ ដោយឥរិយាបថទាំង៤ ទេវតាទាំងប៉ុន្មាន បានកើតក្នុងលោក ដែលមាន​តែ​សេចក្តីសុខ ដោយចំណែកមួយ ភិក្ខុនោះ រមែងឋិតនៅ រមែងចរចា រមែង​សាកច្ឆា មួយអន្លើ​ ដោយទេវតា ទាំងប៉ុណ្ណោះ ម្នាលឧទាយិ លោក​មានតែសេចក្តីសុខ ដោយ​ចំណែក​មួយ ដែលបុគ្គលធ្វើឲ្យជាក់ច្បាស់ មានតែប៉ុណ្ណេះ។ បពិត្រព្រះអង្គដ៏ចំរើន ពួក​ភិក្ខុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ ​របស់ព្រះមានព្រះភាគ ព្រោះហេតុតែ​ធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានតែសេចក្តីសុខ ដោយចំណែកមួយ តែប៉ុណ្ណោះ​ទេឬ។ ម្នាលឧទាយិ ពួកភិក្ខុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់តថាគត មិនមែនព្រោះ​ហេតុ​តែ​ធ្វើឲ្យជាក់ច្បាស់នូវលោក ដែលមានតែសេចក្តីសុខ ដោយចំណែកមួយនុ៎ះទេ ម្នាលឧទាយិ ពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់តថាគត ព្រោះហេតុតែ​ធ្វើឲ្យជាក់ច្បាស់ នូវពួកធម៌ដទៃ ដែលប្រសើរជាង ឧត្តមជាងទៅទៀត។ បពិត្រ​ព្រះអង្គដ៏ចំរើន ពួកភិក្ខុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះមានព្រះភាគ ព្រោះហេតុតែ​ធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលប្រសើរជាង ឧត្តមជាង នោះតើដូចម្តេច។

[១៤៦] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ ព្រះតថាគត ទ្រង់កើតឡើងក្នុងលោក​នេះ ជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានព្រះដំណើរល្អ ជ្រាបច្បាស់​នូវត្រៃលោក ប្រសើរដោយគុណ រកបុគ្គល​ស្មើគ្មាន ជាអ្នកទូន្មាននូវបុរស ដែលគួរ​ទូន្មាន​បាន ជាសាស្តា របស់ទេវតា និងមនុស្សទាំងឡាយ ព្រះអង្គ​ត្រាស់ដឹង នូវ​ចតុរារិយសច្ច មិនវិលត្រឡប់​មកកាន់ភពថ្មីទៀត។បេ។ ព្រះអង្គលះបង់ នូវនីវរណធម៌ទាំង​៥នេះ ដែល​ជា​ឧបក្កិលេសរបស់ចិត្ត ដែលធ្វើប្រាជ្ញា ឲ្យមាន​កម្លាំងថយ ទ្រង់ស្ងាត់ចាកកាមទាំងឡាយ​។បេ។ ចូលបឋមជ្ឈាន ម្នាលឧទាយិ ពួកភិក្ខុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​តថាគត​ ព្រោះហេតុតែ​ធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែលប្រសើរជាង ឧត្តមជាង នេះឯង។ ម្នាលឧទាយិ ន័យមួយទៀត ព្រោះរម្ងាប់​វិតក្កៈ និងវិចារៈ។បេ។ ចូលទុតិយជ្ឈាន… តតិយជ្ឈាន… ចតុត្ថជ្ឈាន… ក៏សម្រាន្តនៅ ដោយឥរិយាបថ ទាំង៤ ម្នាលឧទាយិ ពួកភិក្ខុ ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​តថាគត​ ព្រោះហេតុតែ​ធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែល​ប្រសើរជាង ឧត្តមជាង នេះឯង។

[១៤៧] កាលបើចិត្តតម្កល់នឹង ជាចិត្ត​បរិសុទ្ធ ផូរផង់ ឥតមានទីទួល ពោលគឺ​កិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវ​ភាវៈ​មិនញាប់ញ័រ យ៉ាងនេះហើយ ភិក្ខុនោះ រមែងបង្អោនចិត្តទៅ ដើម្បី​បុព្វេនិវាសានុស្សតិ​ញ្ញាណ ភិក្ខុនោះ រមែងរលឹកឃើញ ​នូវបុព្វេនិវាស មានច្រើនប្រការ គឺជាតិ១ ជាតិ២។បេ។ រលឹកឃើញ បុព្វេនិវាស មានច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការ​ដូច្នេះ ម្នាលឧទាយិ ពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​តថាគត​ ព្រោះហេតុតែ​ធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែលប្រសើរជាង ឧត្តមជាង នេះឯង។ កាលបើចិត្ត (របស់​ភិក្ខុ​នោះ) តម្កល់នៅល្អ ជាចិត្ត​បរិសុទ្ធ ផូរផង់ មិនមានទីទួល ពោលគឺ​កិលេស ប្រាសចាក​ឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវ​ភាវៈ​មិនញាប់ញ័រ យ៉ាងនេះហើយ ភិក្ខុនោះ រមែងបង្អោនចិត្ត ដើម្បី​ចុតូបបាត​ញ្ញាណ នៃសត្វ​ទាំងឡាយ ភិក្ខុនោះ រមែងមានចក្ខុទិព្វ ដ៏បរិសុទ្ធ កន្លង​បង់ចក្ខុរបស់មនុស្សធម្មតា បានឃើញពួក​សត្វ​ដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ សម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់។បេ។ ភិក្ខុនោះ រមែងឃើញពួកសត្វ ដែលទៅតាម​យថាកម្ម ម្នាលឧទាយិ ពួកភិក្ខុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​តថាគត​ ព្រោះហេតុតែ​ធ្វើឲ្យជាក់ច្បាស់ នូវ​ធម៌ ដែលប្រសើរជាង ឧត្តមជាង នេះឯង។ កាលបើចិត្ត (របស់​ភិក្ខុ​នោះ) តម្កល់នៅនឹង ជាចិត្ត​បរិសុទ្ធ ផូរផង់ មិនមានទីទួល ពោលគឺ​កិលេស ប្រាសចាក​ឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវ​ភាវៈ​មិនញាប់ញ័រ យ៉ាងនេះហើយ ភិក្ខុនោះ រមែងបង្អោនចិត្តទៅ ដើម្បី​អាសវក្ខយ​ញ្ញាណ ភិក្ខុនោះ រមែងដឹងច្បាស់ តាមសេចក្តី​ពិតថា នេះជាទុក្ខ។បេ។ នេះជាទីរំលត់ទុក្ខ ដឹងច្បាស់ តាមសេចក្តីពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ដឹងច្បាស់តាមសេចក្តី​ពិតថា នេះជា​អាសវៈ។បេ។ នេះជាហេតុ ឲ្យកើតអាសវៈ។បេ។ នេះជាទីរំលត់អាសវៈ ដឹងច្បាស់​តាម​សេចក្តីពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់អាសវៈ។ កាលភិក្ខុនោះ ដឹងយ៉ាង​នេះ ឃើញយ៉ាងនេះហើយ ចិត្តរមែងរួចស្រឡះ ចាកកាមាសវៈ ចិត្តរមែងរួចស្រឡះ ចាក​ភវាសវៈ ចិត្តរមែងរួច​ស្រឡះចាក​អវិជ្ជាសវៈ កាលបើចិត្តរួចស្រឡះហើយ ក៏មានសេចក្តី​ដឹងថា ចិត្តរួចស្រឡះហើយ ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច ក៏អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ម្នាលឧទាយិ ពួកភិក្ខុ ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​តថាគត​ ព្រោះហេតុតែ​ធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែលប្រសើរ​ជាង ឧត្តមជាង នេះឯង។ ម្នាលឧទាយិ ពួកភិក្ខុប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​តថាគត​ ព្រោះហេតុតែ​ធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែលប្រសើរ​ជាង ឧត្តមជាង ទាំងនេះ​ឯង។

[១៤៨] កាលបើព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ សកុលុទាយិ​បរិព្វាជក ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភ្លឺណាស់ បពិត្រ​ព្រះអង្គដ៏ចំរើន ភ្លឺណាស់ ព្រោះថា ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេក​បរិយាយ​នេះឯង ដូចជាគេផ្ងារ របស់ដែលផ្កាប់ ឬដូចជាគេបើកបង្ហាញ ​របស់​ដែលកំបាំង ឬដូចជាបុគ្គលប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានភ្នែក នឹងមើលឃើញ​នូវ​រូប​បាន ខ្ញុំព្រះអង្គនេះ សូមដល់ព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ គួរបាននូវបព្វជ្ជា គួរបាននូវឧបសម្បទា ក្នុងសំណាក់​ព្រះមាន​ព្រះភាគ។

[១៤៩] កាលសកុលុទាយិបរិព្វាជក និយាយយ៉ាងនេះហើយ បរិស័ទរបស់សកុលុ​ទាយិបរិព្វាជក ក៏និយាយនឹងសកុលុទាយិបរិព្វាជក ដូច្នេះថា បពិត្រលោកឧទាយិដ៏​ចំរើន លោកកុំប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះសមណគោតម សូមលោក​ឧទាយិដ៏​ចំរើន នៅជាអាចារ្យ កុំជាអន្តេវាសិកគេឡើយ ឲ្យដូចជាក្អមទឹក នៅពេញដោយទឹក​ដដែល សូម​លោកឧទាយិដ៏ចំរើន កុំប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះសមណ​គោតម សូមលោក​ឧទាយិដ៏​ចំរើន នៅជាអាចារ្យដដែល កុំជាអន្តេវាសិកគេឡើយ។ បរិស័ទ​របស់សកុលុទាយិបរិព្វាជក ធ្វើសេចក្តីអន្តរាយ យ៉ាងនេះ ដល់សកុលុទាយិ​បរិព្វាជក ក្នុងការប្រព្រឹត្តិព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដោយ​ប្រការ​ដូច្នេះ។

ចប់ ចូឡសកុលុទាយិសូត្រ ទី៩។

 

លេខយោង

km/tipitaka/sut/mn/sut.mn.079.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann