User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.082



រដ្ឋបាលសូត្រ ទី២

សង្ខេប

ជំនឿ​ជាក់​ពិត(សទ្ធា)​​​ ជា​ហេតុ​នៃ​​ការ​សម្រេច​នូវ​គោលដៅ​(ផល)​ពិត​ ។

mn 082 បាលី cs-km: sut.mn.082 អដ្ឋកថា: sut.mn.082_att PTS: ?

(ទី២) រដ្ឋបាលសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២. រដ្ឋបាលសុត្តំ)

[១៨៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ​ទៅក្នុងដែនកុរុ ជាមួយនឹង​ពួកភិក្ខុច្រើន ទៅដល់ថុល្លកោដ្ឋិតនិគម របស់អ្នកដែនកុរុទាំង​ឡាយ។ ព្រាហ្មណ៍ និងគហបតីទាំងឡាយ អ្នកស្រុកថុល្លកោដ្ឋិតៈ បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ទ្រង់ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស (ឥឡូវ) ទ្រង់​ពុទ្ធដំណើរមកក្នុងដែនកុរុ ជាមួយនឹងពួកភិក្ខុច្រើន មកដល់ថុល្លកោដ្ឋិតនិគមហើយ កិត្តិសព្ទដ៏ល្អ នៃព្រះគោតម ដ៏ចំរើននោះឯង ឮខ្ចរខ្ចាយយ៉ាងនេះថា ព្រះមានព្រះភាគ​អង្គនោះ ទ្រង់ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គជាបុគ្គលប្រសើរបំផុត ព្រះអង្គជាសារថី ទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គភ្ញាក់រលឹកហើយ ទ្រង់ចែកនូវធម៌ទាំងពួង ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ព្រមទាំង​ទេវតា និងមនុស្សដ៏សេស ដោយប្រាជ្ញាដ៏ក្រៃលែង ដោយព្រះអង្គឯង ហើយទ្រង់ប្រកាស (នូវ​សេចក្តីនោះ) ទ្រង់សំដែងធម៌ មានលំអបទដើម បទកណ្តាល និងបទចុង ទ្រង់ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធ ក៏ការបានឃើញព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងនោះ ជាការប្រពៃ​ពេក។

[១៨៥] លំដាប់នោះឯង ពួកព្រាហ្មណ៍ និងគហបតី ក្នុងថុល្លកោដ្ឋិតនិគម បានចូល​ទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ពួកខ្លះ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែរាក់ទាក់ទៅរក​ព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យដែលគួររាក់ទាក់ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែប្រណម្យអញ្ជលី ទៅរក​ព្រះមានជោគ អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែប្រកាសនាម និងគោត្រ ក្នុងសំណាក់​ព្រះមានព្រះភាគ អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ អង្គុយស្ងៀមក្នុងទីដ៏សមគួរ។ លុះពួក​ព្រាហ្មណ៍ និងគហបតីអ្នកស្រុក​ថុល្លកោដ្ឋិតៈ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ពន្យល់ឲ្យយល់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។

[១៨៦] ទទួលចួនសម័យនោះឯង មានកុលបុត្រម្នាក់ ឈ្មោះរដ្ឋបាល ជាកូនរបស់​អ្នកមានត្រកូលដ៏ប្រសើរ ក្នុងថុល្លកោដ្ឋិតនិគមនោះឯង បានអង្គុយ​ក្នុងបរិស័ទនោះដែរ។ គ្រានោះ រដ្ឋបាលកុលបុត្រ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ បានដឹងធម៌ ដែល​ព្រះមានព្រះភាគ ទ្រង់សំដែងហើយយ៉ាងណាៗ តែព្រហ្មចរិយធម៌នេះ មិនមែនសម្រាប់​បុគ្គលដែលនៅគ្រប់គ្រងផ្ទះ ងាយនឹងប្រព្រឹត្តឲ្យបរិបូណ៌សព្វគ្រប់ ឲ្យបរិសុទ្ធសព្វគ្រប់ ឲ្យផូរផង់ ដូចជាស័ង្ខ ដែលគេខាត់ហើយ យ៉ាងនោះៗទេ បើដូច្នោះ គួរតែអាត្មាអញ កោរ​សក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះទៅបួស។ ចំណែក​ពួកព្រាហ្មណ៍ និងគហបតី អ្នកថុល្លកោដ្ឋិតៈ ដែលព្រះមានព្រះភាគ ទ្រង់​ពន្យល់​ឲ្យយល់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ បានត្រេកអរ រីករាយចំពោះ​ភាសិតរបស់ព្រះមានព្រះភាគ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ ចៀសចេញទៅ។ កាលដែលពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកថុល្លកោដ្ឋិតៈ ថយចេញទៅមិនយូរប៉ុន្មាន ទើបរដ្ឋបាលកុលបុត្រ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះរដ្ឋបាលកុលបុត្រ អង្គុយក្នុងទីដ៏សមគួរហើយ ក៏​ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានយល់​ច្បាស់នូវធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ យ៉ាងណាៗ តែព្រហ្មចរិយធម៌​នេះ មិនមែនសម្រាប់បុគ្គលអ្នកនៅគ្រប់គ្រងផ្ទះ ងាយនឹងប្រព្រឹត្តឲ្យបរិបូណ៌សព្វគ្រប់ ឲ្យ​បរិសុទ្ធសព្វគ្រប់ ឲ្យផូរផង់ ដូចជាស័ង្ខ ដែលគេខាត់ហើយ យ៉ាងនោះៗទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ប្រាថ្នានឹងកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់​សំពត់​កាសាយៈ ចេញចាកផ្ទះបួស បពិត្រព្រះអង្គដ៏ចំរើន សូមឲ្យខ្ញុំព្រះអង្គ បាននូវ​បព្វជ្ជា បាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ត្រាស់​សួរថា ម្នាលរដ្ឋបាល មាតាបិតាបានអនុញ្ញាតឲ្យអ្នកចេញចាកផ្ទះមកបួសហើយឬ។ បពិត្រព្រះអង្គដ៏ចំរើន មាតាបិតា មិនទាន់អនុញ្ញាតឲ្យខ្ញុំព្រះអង្គចេញចាកផ្ទះមកបួសទេ។ ម្នាលរដ្ឋបាល ព្រះតថាគតទាំងឡាយ មិនបំបួស​កូន ដែលមាតាបិតា មិនទាន់​អនុញ្ញាត​ទេ។ បពិត្រព្រះអង្គដ៏ចំរើន មាតាបិតា នឹងអនុញ្ញាតឲ្យខ្ញុំ​ព្រះអង្គ ចេញចាកផ្ទះមកបួស យ៉ាងណា ខ្ញុំព្រះអង្គ នឹងធ្វើយ៉ាងនោះ។

[១៨៧] ខណៈនោះឯង រដ្ឋបាលកុលបុត្រ ក្រោកចាកអាសនៈ ហើយថ្វាយបង្គំ​ព្រះមានជោគ ធ្វើប្រទក្សិណ ហើយចូលទៅរកមាតាបិតា លុះចូលទៅដល់ហើយ បាននិយាយនឹងមាតាបិតាយ៉ាងនេះថា បពិត្រលោកម្តាយ លោកឪពុក ខ្ញុំបានយល់ច្បាស់នូវ​ធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ យ៉ាងណាៗ តែព្រហ្មចរិយធម៌​នេះ មិន​មែន​សម្រាប់បុគ្គល អ្នកនៅគ្រប់គ្រងផ្ទះ ងាយនឹងប្រព្រឹត្តឲ្យបរិបូណ៌សព្វគ្រប់ ឲ្យ​បរិសុទ្ធសព្វគ្រប់ ឲ្យផូរផង់ ដូចជាស័ង្ខ ដែលគេខាត់ហើយ យ៉ាងនោះៗបានទេ ខ្ញុំប្រាថ្នា​នឹង​កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់​សំពត់​កាសាយៈ ចេញចាកផ្ទះ ទៅបួស សូមលោកម្តាយ លោកឪពុក អនុញ្ញាតឲ្យខ្ញុំចេញចាកផ្ទះ ទៅបួសចុះ។

[១៨៨] កាលបើ រដ្ឋបាលកុលបុត្រ និយាយយ៉ាងនេះហើយ មាតាបិតា ក៏​និយាយ​នឹងរដ្ឋបាលកុលបុត្រ យ៉ាងនេះថា ម្នាលរដ្ឋបាលកូន អ្នកឯងជាបុត្រតែមួយ ជាទីស្រឡាញ់​ពេញចិត្តរបស់​យើង ធ្លាប់ចំរើនដោយសេចក្តីសុខ ជាអ្នកដែលគេបីបាច់​រក្សា​ដោយសុខ នែរដ្ឋបាលកូន បាឯង មិនដែលស្គាល់ទុក្ខបន្តិចបន្តួច​សោះឡើយ នែបា​រដ្ឋបាលកូន អ្នកចូរមកបរិភោគបាយ ផឹកទឹក ទាំងឲ្យគេបំរើចុះ កាលបើអ្នកបរិភោគបាយ ផឹកទឹក ទាំងឲ្យគេបំរើហើយ ចូរបរិភោគកាម ទាំងធ្វើបុណ្យ តាមស្ម័គ្រចិត្តចុះ យើង​មិនអនុញ្ញាតឲ្យអ្នកចេញចាកផ្ទះ ទៅបួសទេ ទុកជាដល់ស្លាប់ យើងក៏មិនចង់ឃ្លាត​ពីបាដែរ ចំណង់បើបានៅរស់ (យ៉ាងនេះ) តើយើងនឹងអនុញ្ញាត ឲ្យចេញចាកផ្ទះ ទៅបួសដូចម្តេចបាន។ រដ្ឋបាលកុលបុត្រ បាននិយាយនឹងមាតាបិតា ជាគំរប់ពីរដងផង។បេ។ ជាគំរប់បីដងផង យ៉ាងនេះថា បពិត្រមាតាបិតា ខ្ញុំយល់ច្បាស់នូវ​ធម៌ ដែលព្រះមានជោគ ទ្រង់សំដែង យ៉ាងណា តែព្រហ្មចរិយៈ​នេះ មិន​មែន​សម្រាប់​បុគ្គល អ្នកនៅគ្រប់គ្រងផ្ទះ ងាយនឹងប្រព្រឹត្ត ឲ្យបរិបូណ៌សព្វគ្រប់ ឲ្យ​បរិសុទ្ធសព្វគ្រប់ ឲ្យផូរផង់ ដូចជាស័ង្ខ ដែលគេដុសខាត់ហើយ យ៉ាងនោះទេ ខ្ញុំប្រាថ្នា​នឹង​កោរសក់ ពុកមាត់ ពុកចង្កា ហើយស្លៀកដណ្តប់​សំពត់​កាសាយៈ ចេញចាកផ្ទះ ចូលទៅបួស ហេតុនេះ សូមមាតាបិតា អនុញ្ញាតឲ្យខ្ញុំចេញចាកផ្ទះ ទៅបួសចុះ។ មាតាបិតារបស់រដ្ឋបាលកុលបុត្រ បាន​និយាយ​នឹងរដ្ឋបាលកុលបុត្រ ជាគំរប់បីរដង យ៉ាងនេះថា នែរដ្ឋបាលកូន បាឯង ជាបុត្រ​តែមួយ ជាទីស្រឡាញ់ ​ពេញចិត្តរបស់​យើង អ្នកធ្លាប់ចំរើនដោយសេចក្តីសុខ គេបីបាច់​រក្សា​មកជាសុខ នែរដ្ឋបាលកូន អ្នកមិនទាន់ស្គាល់សេចក្តីលំបាកតិចតួចសោះ នែ​រដ្ឋបាល​កូន អ្នកចូរមកបរិភោគបាយ ផឹកទឹក ទាំងឲ្យគេបំរើទៅ កាលបើអ្នកបរិភោគបាយ ផឹកទឹក ទាំងឲ្យគេបំរើ បរិភោគនូវកាមហើយ ចូរធ្វើបុណ្យ តាមស្ម័គ្រចិត្តចុះ យើង​មិនអនុញ្ញាត​ឲ្យបា​ចេញចាកផ្ទះ ទៅបួសទេ ទោះណាជាដល់ស្លាប់ យើងក៏មិនប្រាថ្នាឲ្យឃ្លាត​ពីអ្នកដែរ ចំណង់បើអ្នករស់នៅ (យ៉ាងនេះ) តើយើងនឹងអនុញ្ញាត ឲ្យចេញចាកផ្ទះ ទៅបួស ដូចម្តេច​បាន។

[១៨៩] គ្រានោះឯង រដ្ឋបាលកុលបុត្រ គិតថា មាតាបិតា មិនអនុញ្ញាត​ឲ្យ​អាត្មាអញ ចេញចាកផ្ទះ ទៅបួសទេ ក៏ដួលដេកនៅលើទី ដែលមិនបានក្រាលដោយអ្វីៗ ត្រង់កន្លែងនោះឯង ដោយគិតថា អាត្មាអញ នឹងស្លាប់ក្នុងទីនេះ ឬនឹងបានបួស។ លំដាប់​នោះឯង រដ្ឋបាលកុលបុត្រ មិនបានបរិភោគបាយអស់មួយពេល មិនបរិភោគអស់២ពេល មិនបរិភោគអស់៣ពេល មិនបរិភោគអស់៤ពេល មិនបរិភោគអស់៥ពេល មិនបរិភោគអស់៦ពេល មិនបរិភោគអស់៧ពេល។

[១៩០] ពេលនោះ មាតាបិតារបស់រដ្ឋបាលកុលបុត្រ និយាយនឹងរដ្ឋបាលកុលបុត្រ​ យ៉ាងនេះថា នែរដ្ឋបាលកូន បាឯង​ជាកូនតែមួយ ជាទីស្រឡាញ់ ​ពេញចិត្តរបស់​យើង អ្នកធ្លាប់ចំរើនដោយសេចក្តីសុខ គេថែ​រក្សា​មកដោយសេចក្តីសុខ នែរដ្ឋបាលកូន អ្នកមិន​ទាន់​ស្គាល់សេចក្តីលំបាកបន្តិចបន្តួចសោះ នែ​រដ្ឋបាល​កូន អ្នកចូរក្រោកឡើង ចូរបរិភោគបាយ ផឹកទឹក ទាំងឲ្យគេបំរើទៅ កាលបើអ្នកបរិភោគបាយ ផឹកទឹក ទាំងឲ្យ​គេ​បំរើ បរិភោគកាមហើយ ចូរធ្វើបុណ្យ តាមស្ម័គ្រចិត្តចុះ យើង​មិនអនុញ្ញាត​ឲ្យអ្នក​ចេញ​ចាក​ផ្ទះ ទៅបួសទេ ទោះណាជាដល់ស្លាប់ យើងក៏មិនចង់ឲ្យព្រាត់ប្រាសបាឯងទេ ចំណង់បើអ្នកនៅរស់ (យ៉ាងនេះ) តើយើងនឹងអនុញ្ញាត ឲ្យបាចេញចាកផ្ទះ ទៅបួស ដូចម្តេច​បាន។ កាលដែលមាតាបិតា និយាយឃាត់យ៉ាងនេះហើយ រដ្ឋបាលកុលបុត្រ ក៏ស្ងៀម។ មាតាបិតា របស់រដ្ឋបាលកុលបុត្រ និយាយនឹងរដ្ឋបាលកុលបុត្រ អស់វារៈ​ពីរដងយ៉ាងនេះ។បេ។ សូម្បីអស់វារៈទី២ រដ្ឋបាលកុលបុត្រ ក៏នៅតែស្ងៀមទៀត។ មាតាបិតា របស់រដ្ឋបាលកុលបុត្រ និយាយនឹងរដ្ឋបាលកុលបុត្រ ជាគំរប់៣ដង យ៉ាង​នេះថា ម្នាលរដ្ឋបាលកូន អ្នកជាកូនប្រុសតែមួយ ជាទីស្រឡាញ់ ​ពេញចិត្តរបស់​យើង អ្នកធ្លាប់ចំរើនដោយសេចក្តីសុខ មានគេថែ​រក្សា​ដោយសេចក្តីសុខ នែរដ្ឋបាលកូន អ្នក​មិនទាន់ស្គាល់ទុក្ខបន្តិចបន្តួចសោះ នែ​រដ្ឋបាល​កូន ចូរអ្នកក្រោកឡើង ចូរបរិភោគបាយ ផឹកទឹក ឲ្យគេបំរើទៅ កាលបើបរិភោគបាយ ផឹកទឹក ទាំងឲ្យគេបំរើ បរិភោគកាម​ហើយ ចូរធ្វើបុណ្យ តាមស្ម័គ្រចិត្តចុះ យើង​មិនអនុញ្ញាត​ឲ្យបាឯង​ចេញចាកផ្ទះ ទៅបួសទេ ទោះបីដល់ស្លាប់ យើងក៏មិនប្រាថ្នាឲ្យឃ្លាត​អំពីបាដែរ ចំណង់បើអ្នកនៅរស់​ត្រឡាំង តើយើងនឹងអនុញ្ញាត ឲ្យបាចេញចាកផ្ទះ ទៅបួស ដូចម្តេច​បាន។ សូម្បីអស់វារៈ​ទី៣ រដ្ឋបាលកុលបុត្រ ក៏នៅតែស្ងៀម។

[១៩១] គ្រានោះឯង ពួកសំឡាញ់ របស់រដ្ឋបាលកុលបុត្រ នាំគ្នាចូលទៅរក​រដ្ឋបាលកុលបុត្រ លុះចូលទៅដល់ហើយ ក៏និយាយនឹងរដ្ឋបាលកុលបុត្រ យ៉ាងនេះថា នែរដ្ឋបាលសំឡាញ់ អ្នកឯងជាកូនប្រុសតែមួយ ជាទីស្រឡាញ់ ​ពេញចិត្តរបស់​មាតាបិតា អ្នកឯងចំរើនដោយសេចក្តីសុខ មានគេថែ​រក្សា​ដោយសេចក្តីសុខ នែរដ្ឋបាលសំឡាញ់ អ្នក​មិនទាន់ស្គាល់ទុក្ខបន្តិចបន្តួចសោះ នែ​រដ្ឋបាលសំឡាញ់ អ្នកចូរក្រោកឡើង ចូរបរិភោគ​បាយ ផឹកទឹក ទាំងឲ្យគេបំរើទៅ កាលបើអ្នកបរិភោគបាយ ផឹកទឹក ទាំងឲ្យគេបំរើ បរិភោគនូវកាម​ហើយ ចូរធ្វើបុណ្យ តាមស្ម័គ្រចិត្តចុះ មាតាបិតា ​មិនអនុញ្ញាត​ឲ្យអ្នក​ចេញចាកផ្ទះ ទៅបួសទេ ទោះណាជាដល់ស្លាប់ ក៏មាតាបិតា មិនប្រាថ្នាឲ្យឃ្លាត​ពីអ្នកដែរ ចំណង់បើអ្នកនៅរស់ (យ៉ាងនេះ) តើមាតាបិតានឹងអនុញ្ញាត ឲ្យចេញចាកផ្ទះ ទៅបួស ដូចម្តេច​បាន។ កាលដែលពួកសំឡាញ់ និយាយយ៉ាងនេះហើយ រដ្ឋបាលកុលបុត្រ ក៏នៅស្ងៀមទៀត។ សូម្បីអស់វារៈជាគំរប់២ដង។បេ។ ពួកសំឡាញ់របស់រដ្ឋបាលកុលបុត្រ បាននិយាយនឹង​រដ្ឋបាលកុលបុត្រ ជាគំរប់បីដង យ៉ាងនេះថា នែរដ្ឋបាលសំឡាញ់ អ្នកឯង​ជាកូនប្រុសតែមួយ ជាទីស្រឡាញ់ ​ពេញចិត្តរបស់​មាតាបិតា អ្នកធ្លាប់ចំរើន​ដោយសេចក្តីសុខ គេបីបាច់មកដោយសេចក្តីសុខ។បេ។ នែរដ្ឋបាលសំឡាញ់ អ្នក​ចូរ​ក្រោកឡើង ចូរបរិភោគ​បាយ ផឹកទឹក ទាំងឲ្យគេបំរើទៅ កាលបើអ្នកបរិភោគបាយ ផឹកទឹក ឲ្យគេបំរើ បរិភោគកាម​ហើយ ចូរធ្វើបុណ្យ តាមស្ម័គ្រចិត្តចុះ មាតាបិតា ​មិនអនុញ្ញាត​ឲ្យអ្នក​ចេញចាកផ្ទះ ទៅបួសទេ ទុកជាដល់ស្លាប់ ក៏មាតាបិតា មិនចង់ឲ្យព្រាត់ប្រាសចាក​អ្នកទេ ចំណង់បើអ្នកនៅរស់ (យ៉ាងនេះ) តើមាតាបិតានឹងអនុញ្ញាត ឲ្យអ្នកចេញចាកផ្ទះ ទៅបួស ដូចម្តេច​បាន។ សូម្បីអស់វារៈ៣ដង រដ្ឋបាលកុលបុត្រ ក៏នៅតែស្ងៀម។ លំដាប់នោះ ពួកសំឡាញ់របស់​រដ្ឋបាលកុលបុត្រ ចូលទៅរកមាតាបិតា របស់​រដ្ឋបាលកុលបុត្រ លុះចូលទៅដល់ហើយ ក៏និយាយនឹងមាតាបិតា របស់​រដ្ឋបាលកុលបុត្រ យ៉ាងនេះថា បពិត្រអ្នកជាម្តាយឪពុក ​រដ្ឋបាលកុលបុត្រនុ៎ះ នៅតែដេកលើទី ដែលគ្មាន​ក្រាល​កម្រាលអ្វីៗ ត្រង់កន្លែងនោះ​ដដែល ដោយតាំងចិត្តថា អាត្មាអញ នឹងស្លាប់ក្នុងទីនេះ ឬនឹងបានបួស បើអ្នកទាំងឡាយ មិនយល់ព្រមឲ្យ​រដ្ឋបាលកុលបុត្រ ចេញចាកផ្ទះ ទៅបួសទេ ​រដ្ឋបាលកុលបុត្រ មុខជានឹងស្លាប់ ក្នុងទីនោះមិនខានឡើយ ពួក​យើងខ្ញុំ យល់ថា បើអ្នកទាំងឡាយ យល់ព្រម ឲ្យ​រដ្ឋបាលកុលបុត្រ ចេញចាកផ្ទះ ទៅបួស គង់តែនឹងបានឃើញ​រដ្ឋបាលកុលបុត្រ ដែលនៅជាអ្នកបួសតទៅ បើ​រដ្ឋបាលកុលបុត្រ មិនត្រេកអរ ក្នុងភេទជាអ្នកបួសហើយ ​រដ្ឋបាលកុលបុត្រនោះ នឹងមានគតិឃ្វាងទៅទៀត ដូចម្តេចបាន មុខជានឹងត្រឡប់មក ក្នុងទីនេះវិញមិនខាន សូមអ្នកទាំងឡាយ អនុញ្ញាត​ឲ្យ​​រដ្ឋបាលកុលបុត្រ ចេញចាកផ្ទះ ទៅបួសចុះ។

[១៩២] មាតាបិតារបស់​រដ្ឋបាលកុលបុត្រ និយាយថា នែអ្នកទាំងឡាយ យើងយល់​ព្រមឲ្យ​រដ្ឋបាលកុលបុត្រ ចេញចាកផ្ទះ​ ទៅបួសហើយ តែថា​រដ្ឋបាលបួសរួចហើយ ត្រូវ​ឲ្យមាតាបិតាបានឃើញផង។ លំដាប់នោះឯង ពួកសំឡាញ់របស់​រដ្ឋបាលកុលបុត្រ ចូលទៅ​រក​រដ្ឋបាលកុលបុត្រ លុះចូលទៅដល់ហើយ និយាយនឹង​រដ្ឋបាលកុលបុត្រ យ៉ាង​នេះថា មាតាបិតារបស់អ្នក យល់ព្រមឲ្យអ្នកចេញចាកផ្ទះ ទៅបួសហើយ តែថា បើអ្នក​បួសរួចហើយ ត្រូវឲ្យមាតាបិតាបានឃើញផង។

[១៩៣] គ្រានោះ ​រដ្ឋបាលកុលបុត្រ ក្រោកឡើង ហើយសម្រាកកំឡាំង រួច​ហើយចូល​ទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានជោគ ដោយគោរព ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះ​រដ្ឋបាលកុលបុត្រ អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាបុគ្គលដែល​មាតាបិតា យល់ព្រម ឲ្យចេញចាកផ្ទះ មកបួសហើយ សូមព្រះមានព្រះភាគ ទ្រង់បំបួសខ្ញុំព្រះអង្គ។ ​រដ្ឋបាលកុលបុត្រ ក៏បាននូវ​បព្វជ្ជា បាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ លំដាប់នោះឯង កាលបើ​​រដ្ឋបាលមានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន បានឧបសម្បទាត្រឹមកន្លះខែ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងថុល្លកោដ្ឋិតនិគម សមគួរតាមពុទ្ធអធ្យាស្រ័យ ហើយទ្រង់​ស្តេចចេញទៅក្រុងសាវត្ថី កាលទ្រង់ព្រះពុទ្ធដំណើរ ទៅកាន់ចារិក តាមលំដាប់ ក៏បានដល់ទៅក្រុងសាវត្ថី។

[១៩៤] មានសេចក្តីដំណាលថា ក្នុងកាលនោះ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះរដ្ឋបាលមានអាយុ បានចៀសចេញទៅតែម្នាក់ឯង ជាអ្នកមិនធ្វេសប្រហែស ខំព្យាយាម ដុតបង់នូវកិលេស បញ្ជូនចិត្ត ឲ្យបែរទៅ (កាន់ព្រះនិព្វាន) ពួកកុលបុត្រ ដែល​ចេញចាកផ្ទះ ហើយទៅបួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា (ព្រះរដ្ឋបាល) ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃមគ្គព្រហ្មចារ្យ ដោយបញ្ញារបស់ខ្លួន ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ បានសម្រេចសម្រាន្តនៅ ដោយ​ឥរិយាបថទាំង៤ ដោយមិនយូរប៉ុន្មានទេ លោកបានដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចារ្យបាននៅចប់ហើយ កិច្ចដែលត្រូវធ្វើ ក៏បានធ្វើហើយ គ្មានកិច្ចដទៃអំពីនេះតទៅ​ទៀតទេ។ ព្រះរដ្ឋបាលមានអាយុ ជាព្រះអរហន្តមួយនឹងគេដែរ។

[១៩៥] លំដាប់នោះ ព្រះរដ្ឋបាលមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ដោយគោរព ហើយអង្គុយក្នុងទីដ៏សមគួរ។ ព្រះរដ្ឋបាលមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើព្រះមាន​បុណ្យ ទ្រង់អនុញ្ញាតខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ ប្រាថ្នានឹងឲ្យមាតាបិតា​បាន​ឃើញផង។ គ្រានោះ ព្រះមានជោគ ទ្រង់ស្ទង់មើលចិត្ត របស់រដ្ឋបាលមានអាយុ ដោយ​ព្រះទ័យរបស់ព្រះអង្គ ហើយទ្រង់ធ្វើទុកក្នុងព្រះទ័យ តាមន័យដែលទ្រង់​បានជ្រាបថា រដ្ឋបាលកុលបុត្រ ជាបុគ្គលមិនគួរនឹងលះបង់សិក្ខា ហើយត្រឡប់ទៅកាន់ហីនភេទវិញ​ទេ។ ទើបព្រះមានជោគ បានត្រាស់ទៅនឹងរដ្ឋបាលមានអាយុ យ៉ាងនេះថា ម្នាលរដ្ឋបាល អ្នកសំគាល់នូវកាលដ៏សមគួរ ក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះ ព្រះរដ្ឋបាលមានអាយុ ក្រោកចាកអាសនៈ ហើយថ្វាយបង្គំព្រះមានជោគ ធ្វើប្រទក្សិណ ហើយក៏ទុកដាក់សេនាសនៈស្រេចហើយ កាន់យកបាត្រ និងចីវរ ចេញតម្រង់ទៅថុល្លកោដ្ឋិតនិគម ត្រាច់ទៅកាន់ចារិក តាមលំដាប់ ហើយក៏បានដល់​ទៅ​ថុល្លកោដ្ឋិតនិគមនោះ។

[១៩៦] មានសេចក្តីដំណាលថា ព្រះរដ្ឋបាលដ៏មានអាយុ នៅសំណាក់ក្នុងឱទ្យាន ឈ្មោះមិគាចីរៈ របស់ព្រះបាទកោរព្យៈ ជិតថុល្លកោដ្ឋិតនិគមនោះ។ ក្នុងលំដាប់នោះ ព្រះរដ្ឋបាលមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូល​ទៅបិណ្ឌបាត ក្នុងថុល្លកោដ្ឋិតនិគម។ កាលលោកត្រាច់ទៅបិណ្ឌបាត តាមលំដាប់ច្រក ក្នុង​ថុល្លកោដ្ឋិតនិគម រៀងទៅដល់ទីនៅអាស្រ័យរបស់​បិតានៃខ្លួន។ ទទួលចួនសម័យ​នោះឯង បិតារបស់ព្រះរដ្ឋបាលមានអាយុ កំពុងតែឲ្យជាងកោរកាត់ ក្នុងរោងក្បែរទ្វារ​កណ្តាល។ បិតារបស់ព្រះរដ្ឋបាលមានអាយុ បានឃើញ​ព្រះរដ្ឋបាលមានអាយុ កំពុង​និមន្តមកអំពីចម្ងាយ លុះឃើញហើយ ក៏និយាយពាក្យយ៉ាងនេះថា ពួកស្រមណ៍កំណោរ​ទាំងនេះហើយ ដែលបំបួសកូនប្រុសតែមួយ ជាទីស្រឡាញ់ ពេញចិត្តរបស់យើង។ គ្រានោះ​ឯង ព្រះរដ្ឋបាលមានអាយុ មិនបាននូវទាន ទាំងមិនបាននូវ​ពាក្យប្រាប់មកវិញ ក្នុង​លំនៅរបស់បិតានៃខ្លួនសោះ បានត្រឹមតែពាក្យជេរប៉ុណ្ណោះឯង។

[១៩៧] ទទួលចួនសម័យនោះឯង នាងទាសីរបស់​ញាតិនៃរដ្ឋបាលមានអាយុ កំពុង​មានបំណងនឹងចាក់ចោលនំកុម្មាសផ្អូម។ គ្រានោះ ព្រះរដ្ឋបាលមានអាយុ និយាយ​នឹងខ្ញុំស្រីរបស់ញាតិនោះ យ៉ាងនេះថា នែនាង បើនំនោះ ជារបស់ត្រូវចោល ចូរនាង​ចាក់មក​ក្នុងបាត្រអាត្មានេះចុះ។ លំដាប់នោះ ខ្ញុំស្រីរបស់ញាតិរបស់ព្រះរដ្ឋបាលមានអាយុ ក៏ចាក់នំកុម្មាសផ្អូមនោះ ទៅក្នុងបាត្ររបស់​ព្រះរដ្ឋបាលមានអាយុ ហើយបានស្គាល់ជាក់នូវដៃជើង និងសំឡេង របស់ព្រះរដ្ឋបាលនោះច្បាស់។ ពេលនោះ ខ្ញុំស្រីរបស់ញាតិនៃព្រះរដ្ឋបាលមានអាយុ ចូលទៅរកមាតា របស់ព្រះរដ្ឋបាលមានអាយុ លុះចូលទៅដល់ហើយ បាននិយាយជំរាប​មាតា របស់ព្រះរដ្ឋបាលមានអាយុថា បពិត្រអ្នកម្ចាស់ សូមអ្នកជ្រាប ព្រោះ​ព្រះរដ្ឋបាល ជាអយ្យបុត្រ និមន្តមកដល់ហើយ។ មាតារបស់ព្រះរដ្ឋបាលឆ្លើយថា នែហង បើឯង​និយាយពាក្យពិតមែន អញនឹងឲ្យឯងរួចជាអ្នកជា។ ទើបមាតារបស់ព្រះរដ្ឋបាលមានអាយុ ចូលទៅរកបិតា របស់ព្រះរដ្ឋបាលមានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងបិតារបស់ព្រះរដ្ឋបាលមានអាយុ យ៉ាងនេះថា បពិត្រគហបតី សូមអ្នកជ្រាប ឮថា រដ្ឋបាលកុលបុត្រ និមន្តមកដល់ហើយ។

[១៩៨] សម័យនោះឯង ព្រះរដ្ឋបាលមានអាយុ កំពុងឆាន់នំកុម្មាសផ្អូមនោះ ប្រប​ជញ្ជាំងសាលាមួយ។ លំដាប់នោះ បិតារបស់ព្រះរដ្ឋបាលមានអាយុ ចូលទៅរក​ព្រះរដ្ឋបាលមានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងរដ្ឋបាលមានអាយុ យ៉ាងនេះថា នែរដ្ឋបាលកូន មានដែរឬ លោកមកឆាន់នំកុម្មាសផ្អូមវិញ រដ្ឋបាលកូន គួរតែ​ទៅឯផ្ទះរបស់ខ្លួនវិញ។ ព្រះរដ្ឋបាលឆ្លើយថា នែគហបតី ពួកយើងអ្នកបួស ដែល​ចេញចាកផ្ទះ ទៅបួសហើយ នឹងមានផ្ទះមកពីណា នែគហបតី ព្រោះពួកយើង គ្មានផ្ទះទេ នែគហបតី អាត្មាបានទៅដល់ផ្ទះរបស់អ្នកហើយ តែមិនបាននូវទានផង មិនបាន​នូវការ​និយាយប្រាប់វិញផង ក្នុងផ្ទះរបស់អ្នកនោះសោះ បានត្រឹមតែពាក្យជេរ​ប៉ុណ្ណោះឯង។ រដ្ឋបាលកូន លោកចូរមក យើងនឹងទៅផ្ទះ។ ណ្ហើយគហបតី ថ្ងៃនេះ អាត្មា​ឆាន់រួចហើយ។ រដ្ឋបាលកូន បើដូច្នោះ សូមលោកនិមន្ត​ទទួលចង្ហាន់ ក្នុងថ្ងៃស្អែក។ ព្រះរដ្ឋបាលមានអាយុ ក៏ទទួលនិមន្ត ដោយតុណ្ហីភាព។

[១៩៩] គ្រានោះ បិតារបស់ព្រះរដ្ឋបាលមានអាយុ ដឹងច្បាស់ថា ព្រះរដ្ឋបាលមានអាយុ ទទួលនិមន្តហើយ ក៏ចូលទៅកាន់​លំនៅរបស់ខ្លួន​ដែលធ្លាប់នៅ លុះចូលទៅដល់ហើយ ប្រើមនុស្សឲ្យលញ់ដី ដោយអាចម៍គោស្រស់ រួច​ឲ្យគរគំនរប្រាក់​ និងមាសធំៗ ធ្វើឲ្យជាពីរគំនរគឺ ប្រាក់១គំនរ មាស១គំនរ ជាគំនរធំៗ។ បុរសដែល​ឈរ​ខាង​​អាយ មើលទៅបុរសឈរខាងនាយមិនឃើញ បុរសដែលឈរខាងនាយ មើលមក​បុរស​ឈរខាងអាយ ក៏មិនឃើញដូចគ្នា ហើយឲ្យ​បិទបាំងគំនរទាំងពីរនោះ ដោយកន្ទេល ឲ្យ​ក្រាលអាសនៈទុកត្រង់កណ្តាល រួចឲ្យ​ព័ន្ធព័ទ្ធដោយរបស់ ដែលត្រូវ​ធ្វើពីខាងក្រៅ ហើយ​ហៅពួកស្រីជាគូពីមុន របស់ព្រះរដ្ឋបាលមានអាយុ មកបង្គាប់ថា នែកូនស្រី ឯងរាល់គ្នា ចូល​មកនេះ គ្រឿងប្រដាប់ណា ដែល​ឯងរាល់គ្នាស្អិតស្អាង ហើយជាទីស្រឡាញ់ ពេញចិត្ត​របស់រដ្ឋបាលកូន ក្នុងកាលពីដើម ត្រូវឯងរាល់គ្នាស្អិតស្អាង គ្រឿងប្រដាប់​នោះចុះ។ លំដាប់តទៅ លុះកន្លងរាត្រីនោះទៅ បិតារបស់​ព្រះរដ្ឋបាលមានអាយុ ឲ្យ​គេតាក់តែងនូវខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់ ក្នុងទីលំនៅរបស់ខ្លួនហើយ ប្រាប់នូវ​កាលដល់ព្រះរដ្ឋបាលមានអាយុថា រដ្ឋបាលកូន កាលគួរហើយ ភត្តសម្រេចហើយ។ ចំណែកខាងព្រះរដ្ឋបាលមានអាយុ ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរក្នុងបុព្វណ្ហ​សម័យ ហើយនិមន្តចូលទៅត្រង់លំនៅរបស់បិតានៃខ្លួន លុះចូលទៅដល់ហើយ ក៏អង្គុយ​លើអាសនៈ ដែលគេក្រាលបម្រុងទុក។ ទើបបិតារបស់ព្រះរដ្ឋបាលមានអាយុ ក៏ឲ្យ​បើក​គំនរប្រាក់ និងមាសនោះ ហើយនិយាយនឹងព្រះរដ្ឋបាលមានអាយុ យ៉ាងនេះថា នែរដ្ឋបាល​កូន ទ្រព្យនេះជារបស់ខាងមាតាលោក ទ្រព្យជារបស់ខាងបិតាដោយឡែក នៅមាន​របស់ខាងជីតា ដោយឡែកទៀត រដ្ឋបាលកូន លោកអាចប្រើប្រាស់ភោគៈ​ទាំងឡាយផង ធ្វើបុណ្យផង នែរដ្ឋបាលកូន ចូរលោកមក ចូរលាសិក្ខា វិលត្រឡប់​មករកភេទទាប ហើយប្រើប្រាស់ភោគៈទាំងឡាយផង ធ្វើបុណ្យទាំងឡាយផងចុះ។ បពិត្រ​គហបតី បើញោមធ្វើតាមពាក្យរបស់អាត្មា ញោមត្រូវប្រើមនុស្ស ឲ្យជញ្ជូន​គំនរ​ប្រាក់មាសនេះ ផ្ទុកក្នុងរទេះ ហើយយកទៅចាក់ចោល ក្នុងកណ្តាលខ្សែទឹកទន្លេគង្គា ហេតុអ្វីបានជាអាត្មាថាដូច្នោះ គហបតី ព្រោះថា សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ មុខជានឹងកើតឡើងដល់ញោម ព្រោះតែទ្រព្យ​ទាំងនោះជាហេតុ។ ពេលនោះ ពួកស្រីជាគូពីមុន របស់ព្រះរដ្ឋបាលមានអាយុ នាំ​គ្នាឱប​ជើងម្ខាងម្នាក់ ហើយនិយាយ​នឹងព្រះរដ្ឋបាលមានអាយុ យ៉ាងនេះថា បពិត្រ​ព្រះអយ្យបុត្រ លោកប្រព្រឹត្តព្រហ្មចរិយធម៌ ព្រោះហេតុ (ចង់បាន) ពួកស្រីអប្សរណា ពួកស្រីអប្សរទាំងនោះ តើល្អដូចម្តេចទៅ។ ម្នាលនាង អាត្មាមិនមែនប្រព្រឹត្តព្រហ្មចរិយធម៌ ព្រោះហេតុ (ចង់បាន) ពួកស្រីអប្សរទេ។ ពួកស្រីជាគូពីមុនគិតថា រដ្ឋបាល ជាអយ្យបុត្រ ហៅរកយើង ដោយពាក្យថា នាង ដូច្នេះ ក៏ជ្រប់ដួលត្រង់ទីនោះឯង។ ទើបព្រះរដ្ឋបាលមានអាយុ និយាយនឹងបិតាថា បពិត្រគហបតី បើញោម​ត្រូវឲ្យភោជន (ក៏ឲ្យមក) កុំបៀតបៀនអាត្មាឡើយ។ រដ្ឋបាលកូន សូម​លោកនិមន្តឆាន់ចុះ ភត្តសម្រេច​ហើយ។ គ្រានោះ បិតារបស់ព្រះរដ្ឋបាលមានអាយុ បានចាត់ចែង​ខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់ ឲ្យព្រះរដ្ឋបាលមានអាយុ ឆាន់ដោយដៃខ្លួន​ឯង​ត្រាតែ​ឆ្អែត។

[២០០] លំដាប់នោះ ព្រះរដ្ឋបាលមានអាយុ ឆាន់រួចលាងដៃហើយ ឈរសំដែង​គាថាទាំងឡាយនេះថា

ញោមចូរមើលនូវអត្តភាព ដែលសង្ខារធ្វើវិចិត្រហើយ ជាទីប្រជុំនៃដំបៅ (៩អន្លើ) ផ្គុំឡើង (ដោយឆ្អឹង៣០០កំណាត់) ក្តៅរោលរាល ដែលជនច្រើនគ្នាតែងត្រូវការ ជាកាយមិនទៀងទាត់ ឋិតថេរឡើយ ញោម​ចូរមើលរូប ដែលសង្ខារ​វិចិត្រ​ហើយ (ប្រកប) ដោយកុណ្ឌលមណី ដែលរួបរឹតហើយ ដោយឆ្អឹង និងស្បែក ល្អដោយ​សារតែសំពត់ ជើងទាំងឡាយវិចិត្រ ហើយដោយទឹកល័ខ មុខមាត់​លាបហើយ ដោយ​គ្រឿង​លំអិត អាច​ឲ្យមនុស្សពាលវង្វេងបាន តែមិនអាចបំភាន់ដល់អ្នក​ស្វែង​រកត្រើយ គឺព្រះនិព្វានបានឡើយ សក់ទាំងឡាយ ដែលវិចិត្រ​ហើយឲ្យមាន​សណ្ឋានដូចជាក្រឡាចត្រង្គ ភ្នែកទាំងឡាយ លាបហើយដោយថ្នាំសម្រាប់​បន្តក់ ល្មមឲ្យបុគ្គល​ពាលភាន់ភាំងបាន តែមិនអាចបំភាន់អ្នកស្វែងរកត្រើយ​បានឡើយ កាយស្អុយដែលបានប្រដាប់ហើយ ដូចជាបំពង់ថ្នាំដាក់ភ្នែក យ៉ាងថ្មីដ៏វិចិត្រ អាច​បំភាន់បុគ្គលពាលបាន តែមិនអាចបំភាន់អ្នកស្វែងរកត្រើយបានឡើយ ព្រានម្រិគ​ដាក់នូវ​បង្កាត់ជាអន្ទាក់ តែម្រិគមិនជាប់បង្កាត់ កាលបើព្រានអ្នកចងម្រិគ កំពុង​កន្ទក់កន្ទេញ អាត្មាបរិភោគបន្លែរួចហើយ ត្រឡប់ទៅវិញ។1)

លំដាប់នោះ​ ព្រះរដ្ឋបាលមានអាយុ ឈរសំដែង​គាថាទាំងនេះហើយ ក៏និមន្ត​ត្រង់​ទៅឱទ្យានឈ្មោះ​មិគាចីរៈ របស់ព្រះបាទកោរព្យៈ លុះចូលទៅដល់ហើយ ក៏​អង្គុយ​សម្រាក ក្នុងវេលាថ្ងៃ ក្បែរគល់ឈើ១ដើម។

[២០១] គ្រានោះ ព្រះរាជាកោរព្យៈ ត្រាស់ហៅឧយ្យានបាល ឈ្មោះ​មិគវៈថា ម្នាលមិគវៈ ឯងចូររៀបចំឧយ្យានភូមិ ឈ្មោះមិគាចីវៈ យើងនឹងទៅមើលទីដ៏សប្បាយ។ ឧយ្យានបាលឈ្មោះមិគវៈ ទទួល​ព្រះរាជឱង្ការព្រះបាទ​កោរព្យៈថា បពិត្រ​ព្រះសម្មតិទេព ព្រះករុណាវិសេស រួចហើយ ក៏រៀបចំ​ឱទ្យានមិគាចីរៈ បានឃើញ​ព្រះរដ្ឋបាលមានអាយុ កំពុង​គង់សម្រាកក្នុងវេលាថ្ងៃ ក្បែរគល់ឈើ១ដើម លុះឃើញហើយ ក៏ចូលទៅគាល់​ព្រះបាទ​កោរព្យៈ លុះចូលទៅដល់ហើយ ក្រាបទូលព្រះបាទកោរព្យៈ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព ឱទ្យានមិគាចីរៈ របស់ព្រះអង្គស្អាតបាតហើយ ប៉ុន្តែក្នុងទីនោះ មាន​កុលបុត្រឈ្មោះរដ្ឋបាល ជាកូនរបស់ត្រកូលដ៏ប្រសើរ ក្នុងថុល្លកោដ្ឋិតនិគមនេះឯង ដែល​ព្រះអង្គតែងទ្រង់សរសើរដល់រឿយៗនោះ (ឥឡូវ) លោកគង់សម្រាកក្នុង​វេលាថ្ងៃ ក្បែរ​គល់ឈើ១ដើម។ ព្រះបាទកោរព្យៈត្រាស់ថា ម្នាលមិគវៈសំឡាញ់ ណ្ហើយចុះ ដំណើរ​ទៅលេង​ទីឱទ្យានថ្ងៃនេះ ឥឡូវនេះ ចូរឈប់សិនចុះ ឥឡូវនេះ យើងនឹង​ទៅអង្គុយ​ជិត​ព្រះរដ្ឋបាលដ៏ចំរើននោះវិញ។ ទើបព្រះបាទកោរព្យៈ​ត្រាស់ថា ចូរអ្នកទាំងឡាយ ចំណាយ​ខាទនីយភោជនីយាហារ ដែលបានតាក់តែង​ហើយទាំងអស់នោះចុះ ហើយព្រះអង្គ ឲ្យទឹមយានដ៏ល្អៗ ឡើងកាន់យានល្អ បរចេញអំពីថុល្លកោដ្ឋិតនិគម ដោយ​យានល្អៗ ដោយអានុភាព នៃស្តេចជាធំ ដើម្បី​ទ្រង់ទតព្រះរដ្ឋបាលមានអាយុ។ ទីដែលយានទៅបានត្រឹមណា ក៏ទ្រង់យាងទៅដោយយានត្រឹមនោះ ហើយទ្រង់ចុះអំពី​យាន យាងដោយព្រះបាទទទេ ដោយបរិស័ទអឺងកង ចូលសំដៅទៅរកព្រះរដ្ឋបាល​មានអាយុ លុះចូលទៅដល់ហើយ ក៏ទ្រង់រាក់ទាក់​ជាមួយនឹងព្រះរដ្ឋបាលមានអាយុ លុះបញ្ចប់​ពាក្យដែលគួរ​រាក់ទាក់ នឹងពាក្យដែលគួររលឹកហើយ ទ្រង់ឈរក្នុងទីដ៏សមគួរ។ លុះព្រះបាទកោរព្យៈ ទ្រង់ព្រះសណ្ឋិតក្នុងទីដ៏សមគួរហើយ ទ្រង់មានព្រះឱង្ការនឹង​ព្រះរដ្ឋបាលមានអាយុ យ៉ាងនេះថា ព្រះរដ្ឋបាលដ៏ចំរើន និមន្តគង់លើកម្រាលផ្កា​នេះចុះ។ ព្រះរដ្ឋបាលថ្វាយព្រះពរថា ណ្ហើយមហារាជ សូមព្រះអង្គទ្រង់គង់ចុះ អាត្មា​ភាព អង្គុយ​លើអាសនៈ ជារបស់ខ្លួនហើយ។ ព្រះបាទកោរព្យៈ ក៏ទ្រង់​គង់លើអាសនៈ ដែលគេក្រាលថ្វាយហើយ។

[២០២] លុះព្រះបាទកោរព្យៈ ទ្រង់គង់ស៊ប់ហើយ ក៏មានព្រះរាជឱង្ការនេះ នឹង​ព្រះរដ្ឋបាលមានអាយុថា បពិត្រព្រះរដ្ឋបាលដ៏ចំរើន សេចក្តីសាបសូន្យ៤យ៉ាងនេះ ដែល​ពួកមនុស្សខ្លះ ក្នុងលោកនេះចួបប្រទះហើយ តែងកោរសក់ ពុកមាត់ ពុកចង្កា ស្លៀក​ដណ្តប់​សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស សេចក្តីសាបសូន្យ៤​យ៉ាង​ តើ​ដូចម្តេច គឺសេចក្តី​សាបសូន្យ​ព្រោះជរា១ សេចក្តីសាបសូន្យព្រោះព្យាធិ១ សេចក្តី​សាបសូន្យ​ភោគៈ១ សេចក្តីសាបសូន្យញាតិ១។

[២០៣] បពិត្រព្រះរដ្ឋបាលដ៏ចំរើន សេចក្តីសាបសូន្យ​ព្រោះជរា តើដូចម្តេច។ បពិត្រ​ព្រះរដ្ឋបាលដ៏ចំរើន មនុស្សពួកខ្លះក្នុងលោកនេះ ជាមនុស្សជរា ចំរើនហើយដោយ​វ័យ មានអាយុច្រើន ដល់នូវសេចក្តី​ថមថយដោយលំដាប់។ មនុស្សនោះពិចារណាឃើញ​ច្បាស់ថា ឥឡូវ​នេះ អាត្មាអញ គ្រាំគ្រា ចំរើនដោយវ័យ ចាស់មានអាយុច្រើន ដល់នូវ​សេចក្តី​ថមថយដោយលំដាប់ អាត្មាអញ មិនងាយនឹងធ្វើឲ្យបានភោគៈ ដែលមិនទាន់​បានផង មិនអាចនឹង​ធ្វើភោគៈ ដែលរកបានហើយ ឲ្យចំរើនឡើងផង បើដូច្នោះ គួរតែ​អាត្មាអញកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញ​ចាកផ្ទះទៅបួស។ មនុស្សនោះ ចួបប្រទះសេចក្តីសាបសូន្យ ព្រោះជរានោះហើយ ទើប​បានកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញ​ចាកផ្ទះទៅបួស បពិត្រ​ព្រះរដ្ឋបាលដ៏ចំរើន នេះហៅថា សេចក្តីសាបសូន្យព្រោះជរា។ ដូចយ៉ាង​ព្រះរដ្ឋបាលដ៏ចំរើន ឥឡូវ​នេះនៅក្មេងកំឡោះ មានសក់ខ្មៅរលើប កំពុង​ប្រកប​ដោយវ័យ​ដ៏ចំរើន ដែលជាបឋមវ័យ ព្រះរដ្ឋបាលដ៏ចំរើន មិនឈ្មោះថា មានសេចក្តី​សាបសូន្យ​ព្រោះជរានោះទេ។ ព្រះរដ្ឋបាលដ៏ចំរើន ដឹងហើយ ឃើញហើយ ឬឮអ្វីហើយ បានជាចេញចាកផ្ទះ ទៅបួស។

[២០៤] បពិត្រព្រះរដ្ឋបាលដ៏ចំរើន សេចក្តីសាបសូន្យព្រោះព្យាធិ តើដូចម្តេច។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន មនុស្សខ្លះ ក្នុងលោកនេះ ជាអ្នកមានអាពាធ ដល់​នូវ​សេចក្តី​ទុក្ខឈឺធ្ងន់។ មនុស្សនោះ ពិចារណា​ឃើញច្បាស់ថា ឥឡូវនេះ អាត្មាអញមានអាពាធ ដល់​នូវ​សេចក្តីទុក្ខឈឺធ្ងន់ ថែមទាំង អាត្មាអញ មិនងាយ​នឹងធ្វើភោគៈ ដែល​មិនទាន់​បាន​ឲ្យបានផង មិនអាច​នឹងធ្វើភោគៈ ដែលបានហើយ ឲ្យបានចំរើនឡើងផង បើដូច្នោះ គួរ​តែអាត្មាអញកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញ​ចាកផ្ទះទៅ​បួស។ មនុស្សនោះ ចួបប្រទះសេចក្តីសាបសូន្យ ព្រោះព្យាធិនោះហើយ ក៏កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញ​ចាកផ្ទះទៅបួស បពិត្រព្រះ​រដ្ឋបាល ដ៏ចំរើន នេះហៅថា សេចក្តីសាបសូន្យព្រោះព្យាធិ។ ចំណែក​ខាង​ព្រះរដ្ឋបាលដ៏​ចំរើន ឥឡូវនេះ គ្មានអាពាធ ឥតទុក្ខ ប្រកបដោយគហណីធាតុ គឺកម្មជតេជោធាតុ2) កំពុងឲ្យ​ផលស្មើ គឺមិនត្រជាក់ពេក មិនក្តៅពេក ព្រះរដ្ឋបាល​ដ៏ចំរើន មិនមានសេចក្តីសាបសូន្យ ព្រោះព្យាធិនោះទេ។ ព្រះរដ្ឋបាលដ៏ចំរើន បានដឹង បានឃើញ ឬបានឮអ្វីហើយ បានជាចេញចាកផ្ទះទៅបួស។

[២០៥] បពិត្រព្រះរដ្ឋបាលដ៏ចំរើន សេចក្តីសាបសូន្យភោគៈ តើដូចម្តេច។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន មនុស្សខ្លះក្នុងលោកនេះ ជាមនុស្សស្តុកស្តម្ភ មានទ្រព្យ​ច្រើន មានភោគៈច្រើន តែភោគៈទាំងនោះ របស់អ្នកនោះ ក៏ដល់នូវការអស់​រលីងទៅ ដោយលំដាប់។ អ្នកនោះពិចារណាឃើញថា អាត្មាអញ ធ្លាប់​ជាអ្នកស្តុកស្តម្ភ មានទ្រព្យ​ច្រើន មានភោគៈច្រើនមកអំពីមុនហើយ តែភោគៈទាំងនោះ របស់អាត្មាអញនោះ បានដល់នូវការអស់រលីងទៅ ដោយលំដាប់ហើយ ថែមទាំងអាត្មាអញ មិនអាច​នឹងធ្វើ​ភោគៈដែលមិនទាន់បាន ឲ្យបានដោយងាយឡើយផង មិនអាចនឹង​ធ្វើភោគៈ ដែល​បានហើយ ឲ្យចំរើន​ឡើងបានផង បើដូច្នោះ គួរតែអាត្មាអញ កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយ ចេញចាកផ្ទះ ទៅបួស។ អ្នកនោះ ចួបប្រទះសេចក្តីសាប​សូន្យ​ភោគៈ​នោះហើយ ក៏កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់​សំពត់​កាសាយៈ ចេញ​ចាកផ្ទះទៅបួស បពិត្រ​ព្រះរដ្ឋបាលដ៏ចំរើន នេះហៅថា សេចក្តី​សាបសូន្យ​ភោគៈ។ ចំណែកព្រះរដ្ឋបាលដ៏ចំរើន ជាកូនអ្នកមានត្រកូល​ដ៏ប្រសើរ ក្នុងថុល្លកោដ្ឋិតនិគមនេះ​ឯង ព្រះរដ្ឋបាលដ៏ចំរើន មិនឈ្មោះថា មានសេចក្តី​សាបសូន្យភោគៈទេ។ ព្រះរដ្ឋបាល​ដ៏ចំរើន ដឹងហើយ ឃើញហើយ ឬឮអ្វីហើយ បានជាចេញចាកផ្ទះ​ទៅបួស។

[២០៦] បពិត្រព្រះរដ្ឋបាលដ៏ចំរើន សេចក្តីសាបសូន្យញាតិ តើដូចម្តេច។ បពិត្រ​ព្រះរដ្ឋបាល​ដ៏ចំរើន មនុស្សខ្លះក្នុងលោកនេះ មានពួកមិត្រ អាមាត្យ ញាតិសាលោហិតច្រើន ជនជាញាតិទាំងនោះ របស់អ្នកនោះ ក៏ដល់នូវសេចក្តី​ព្រាត់ប្រាសទៅដោយលំដាប់។ អ្នកនោះ ពិចារណាឃើញច្បាស់ថា ពីដើម អាត្មាអញ​មានពួកមិត្រ អាមាត្យ ញាតិសាលោហិតច្រើន តែពួកជនជាញាតិទាំងនោះ របស់​អាត្មាអញ​នោះ ក៏ដល់នូវសេចក្តីព្រាត់ប្រាសទៅដោយលំដាប់ ថែមទាំងអាត្មាអញ មិនងាយ​នឹងធ្វើ​ភោគៈ ដែលមិនទាន់បាន ឲ្យបានផង មិនអាចនឹង​ធ្វើភោគៈ ដែល​បាន​ហើយ ឲ្យចំរើន​ឡើងបានផង បើដូច្នោះ គួរតែអាត្មាអញ កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ទៅបួស។ អ្នកនោះ ចួបប្រទះសេចក្តីសាប​សូន្យញាតិ​នោះ ក៏កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់​សំពត់​កាសាយៈ ចេញ​ចាកផ្ទះទៅបួស បពិត្រ​ព្រះរដ្ឋបាលដ៏ចំរើន នេះហៅថា សេចក្តី​សាបសូន្យញាតិ។ ចំណែកព្រះរដ្ឋបាលដ៏ចំរើន មានពួកមិត្រ អាមាត្យ ញាតិសាលោហិតច្រើន ក្នុង​ថុល្លកោដ្ឋិតនិគមនេះ​ឯង ព្រះរដ្ឋបាលដ៏ចំរើន មិនឈ្មោះថា មានសេចក្តី​សាបសូន្យ​ញាតិ​ទេ។ ព្រះរដ្ឋបាល​ដ៏ចំរើន ដឹងហើយ ឃើញហើយ ឬឮអ្វីហើយ បានជាចេញចាកផ្ទះ​ទៅបួស។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន សេចក្តីសាបសូន្យ​ទាំង៤យ៉ាងនេះហើយ ជាហេតុ​ឲ្យ​មនុស្សក្នុងលោកនេះ ដែលចួបប្រទះហើយ តែងកោរសក់ ពុកមាត់ ពុកចង្កា ស្លៀក​ដណ្តប់សំពត់​កាសាយៈ ចេញចាកផ្ទះទៅបួស។ ព្រះរដ្ឋបាលដ៏ចំរើន មិនមានសេចក្តី​សាបសូន្យទាំងនោះទេ។ ព្រះរដ្ឋបាលដ៏ចំរើន ដឹងហើយ ឃើញហើយ ឬឮអ្វីហើយ បានជាចេញចាកផ្ទះទៅបួស។

[២០៧] ព្រះរដ្ឋបាលថ្វាយព្រះពរថា បពិត្រ​មហារាជ មាន ធម្មុទ្ទេស ៤ប្រការ ដែល​ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់​សំដែងហើយ ដែលអាត្មាភាព បានដឹងផង ឃើញផង ឮហើយផង ទើបចេញចាក​ផ្ទះ​ទៅបួស។ ធម្មុទ្ទេស៤ យ៉ាង តើដូចម្តេច។ បពិត្រមហារាជ ធម្មុទ្ទេស ទី១ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែង​ហើយថា សត្វលោកមិនទៀង តែងត្រូវ​ជរានាំចូលទៅ (រកមរណៈ) ដូច្នេះ ដែលអាត្មាភាព​បានដឹង​ផង ឃើញផង ឮផង ហើយចេញចាកផ្ទះទៅបួស បពិត្រមហារាជ ធម្មុទ្ទេសទី២ ព្រះមាន​ព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែង​ហើយថា សត្វលោកមិនមានគ្រឿងការពារ មិនមាន​ទីពឹងឡើយ ដូច្នេះ ដែលអាត្មាភាព​បានដឹង​ផង ឃើញផង ឮផង ហើយចេញចាកផ្ទះទៅបួស បពិត្រមហារាជ ធម្មុទ្ទេសទី៣ ព្រះមានបុណ្យ ព្រះអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់​សំដែង​ហើយថា សត្វលោកសុទ្ធតែមិនមានអ្វីជារបស់ខ្លួន ត្រូវតែលះបង់របស់ទាំងពួង ដូច្នេះ ដែលអាត្មាភាព​បានដឹង​ផង ឃើញផង ឮផង ហើយចេញចាកផ្ទះទៅបួស បពិត្រមហារាជ ធម្មុទ្ទេសទី៤ ព្រះមានជោគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែង​ហើយថា សត្វលោកមានតែ​សេចក្តីខ្វះខាត មិនចេះឆ្អែត សុទ្ធតែជាខ្ញុំ​របស់តណ្ហា ដូច្នេះ ដែលអាត្មាភាព​បានដឹង​ផង ឃើញផង ឮផង ហើយចេញចាកផ្ទះទៅបួស។ បពិត្រមហារាជ ធម្មុទ្ទេសទាំង៤ យ៉ាងនេះឯង ដែលព្រះមានជោគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែង​ហើយ ជាធម៌ដែលអាត្មាភាពបានដឹង បានឃើញ បានស្តាប់ ហើយចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។

[២០៨] ព្រះបាទកោរព្យៈត្រាស់សួរថា ព្រះរដ្ឋបាលដ៏ចំរើនសំដែងថា សត្វលោក​មិនទៀង តែងត្រូវ​ជរានាំចូលទៅ (រកមរណៈ) បពិត្រព្រះរដ្ឋបាលដ៏ចំរើន សេចក្តីនៃ​ភាសិតនេះ តើត្រូវយល់ដោយប្រការដូចម្តេច។ ថ្វាយព្រះពរមហារាជ កាលដែល​មហាបពិត្រ មានព្រះជន្មចូលក្នុងរវាង២០ឆ្នាំផង គ្រប់២០ឆ្នាំហើយផង បានស្ទាត់ខាង​វិជ្ជាដំរីផង ស្ទាត់ខាង​វិជ្ជាសេះផង ស្ទាត់ខាង​វិជ្ជារថផង ស្ទាត់ខាង​វិជ្ជាធ្នូផង ស្ទាត់ខាង​វិជ្ជា​ដងដាវផង បរិបូណ៌​ដោយកំឡាំង​ព្រះឧរូ (ភ្លៅ) បរិបូណ៌​ដោយកំឡាំងព្រះពាហុ (ដើមដៃ) អង់អាចចុះសង្គ្រាមបាន តើព្រះអង្គ សំគាល់សេចក្តីក្នុងពេលនោះ ថាដូចម្តេច។ បពិត្រ​ព្រះរដ្ឋបាលដ៏ចំរើន កាលដែលខ្ញុំមានអាយុ ចូលក្នុងរវាង២០ឆ្នាំផង គ្រប់២០ឆ្នាំហើយផង បានស្ទាត់ខាង​វិជ្ជាដំរីផង ស្ទាត់ខាង​វិជ្ជាសេះផង ស្ទាត់ខាង​វិជ្ជារថផង ស្ទាត់ខាង​វិជ្ជា​ធ្នូផង ស្ទាត់ខាង​វិជ្ជាដងដាវផង មានកំឡាំងភ្លៅ មានកំឡាំងដៃ អង់អាចចុះសង្គ្រាមបាន បពិត្រ​ព្រះរដ្ឋបាលដ៏ចំរើន ចួនណាខ្ញុំសំគាល់ហាក់ដូចជាអ្នកមានឫទ្ធិ មិនសំគាល់ឃើញអ្នក​ណាថា ស្មើដោយកំឡាំងរបស់ខ្លួនបាន។ មហាបពិត្រ ព្រះអង្គសំគាល់សេចក្តី​នោះ ដូចម្តេច ឥឡូវនេះ ព្រះអង្គបរិបូណ៌​ដោយកំឡាំងព្រះឧរូ បរិបូណ៌​ដោយកំឡាំង​ព្រះពាហុ អង់អាចចុះសង្គ្រាមបាន ដូចកាលពីដើមយ៉ាងនោះដែរឬ។ បពិត្រព្រះរដ្ឋបាល​ដ៏ចំរើន ហេតុនោះមិនដូច្នោះទេ ឥឡូវនេះ ខ្ញុំជរាហើយ ចំរើនដោយវ័យចាស់ មានអាយុច្រើន ដល់នូវ​សេចក្តីថមថយដោយលំដាប់ វ័យខ្ញុំដល់៨០ឆ្នាំប្លាយហើយ បពិត្រព្រះរដ្ឋបាល​ដ៏ចំរើន ចួនណាខ្ញុំគិតថា នឹងជាន់ត្រង់នេះ ខ្ញុំត្រឡប់ជាជាន់កន្លែងឯទៀតវិញ។ បពិត្រ​មហារាជ ពាក្យថា សត្វលោកមិនទៀង តែងត្រូវជរានាំចូលទៅ (រក​មរណៈ) នេះឯង ដែលព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់ត្រាស់សំដៅដល់ហេតុនោះ ដែលអាត្មាភាពបានដឹង បានឃើញ បានឮ ហើយចេញ​ចាកផ្ទះទៅបួស។ បពិត្រព្រះរដ្ឋបាល​ដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះរដ្ឋបាលដ៏ចំរើន ហេតុដែលមិនដែលកើត លោតែកើតបាន ពាក្យថា សត្វលោកមិនទៀង តែងត្រូវជរានាំចូល​ទៅ (រកមរណៈ) ដែលព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធព្រះ​អង្គនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់ត្រាស់ហើយនេះ ប្រាកដជាទ្រង់សំដែង​ត្រូវពិត​ហើយ បពិត្រ​ព្រះរដ្ឋបាលដ៏ចំរើន សត្វលោកមិនទៀង តែងត្រូវជរានាំចូលទៅ (រកមរណៈ) ពិតមែន បពិត្រព្រះរដ្ឋបាលដ៏ចំរើន តែក្នុងរាជត្រកូលនេះ មានពួកពលដំរីផង ពួក​ពលសេះផង ពួកពលរថផង ពួកពលថ្មើរជើងផង ចាំការពារសេចក្តីអន្តរាយដល់ខ្ញុំ​ដែរ។

[២០៩] ព្រះរដ្ឋបាលដ៏ចំរើនសំដែងថា សត្វលោកមិនមានគ្រឿងការពារ មិន​មានទីពឹង បពិត្រព្រះរដ្ឋបាលដ៏ចំរើន សេចក្តីនៃភាសិតនេះ តើត្រូវយល់ដោយ​ប្រការ​ដូចម្តេច។ បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ដូចម្តេច ព្រះអង្គធ្លាប់​មានអាពាធ ទាល់តែផ្ទំដាបលើទីបន្ទំខ្លះដែរឬ។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន ខ្ញុំធ្លាប់មានអាពាធ ទាល់​តែដាបនៅលើបន្ទំដែរ បពិត្រព្រះរដ្ឋបាលដ៏ចំរើន ចួនណាពួកមិត្រ អាមាត្យ ញាតិ​សាលោហិត ឈរចោមរោមខ្ញុំ និយាយថា ព្រះបាទកោរព្យៈ ទ្រង់នឹងទិវង្គតឥឡូវនេះ ព្រះបាទកោរព្យៈ ទ្រង់នឹងទិវង្គត ឥឡូវនេះ។ បពិត្រមហារាជ ព្រះអង្គសំគាល់​សេចក្តី​នោះ ដូចម្តេច ព្រះអង្គបានពួកមិត្រ អាមាត្យ ញាតិសាលោហិតទាំងនោះ ដោយការ​អង្វរឲ្យជួយថា ពួកមិត្រ អាមាត្យ ញាតិសាលោហិតដ៏ចំរើន របស់អញ ចូរនាំគ្នាមក សូមឲ្យអ្នកទាំងអស់គ្នា រំលែក​យកវេទនានោះ ដែលជាហេតុឲ្យខ្ញុំសោយវេទនា​បានស្រាលបន្តិច ដូច្នេះដែរឬ ឬក៏ព្រះអង្គសោយវេទនាតែមួយ​ព្រះអង្គឯងទេ។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន ខ្ញុំមិនបានពួកមិត្រ អាមាត្យ ញាតិសាលោហិតទាំងនោះ ដោយសេចក្តីអង្វរថា សូមឲ្យអ្នកទាំងអស់គ្នា រំលែក​យកវេទនានេះ ដែលជាហេតុឲ្យខ្ញុំ​បាន​សោយវេទនា​ស្រាលបន្តិច ដូច្នេះទេ មានតែខ្ញុំត្រូវសោយ​វេទនានោះ តែឯងប៉ុណ្ណោះ។ បពិត្រមហារាជ ត្រង់ពាក្យថា សត្វលោកឥតមានគ្រឿង​ការពារ ឥត​ទីពឹង នេះឯង ដែលព្រះមានជោគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដៅយកហេតុនោះ ដែលអាត្មាភាពបានដឹង បានឃើញ បានឮហើយ ចេញចាកផ្ទះទៅបួស។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះរដ្ឋបាលដ៏ចំរើន ហេតុដែលមិនដែលកើត លោតែកើតបាន ពាក្យថា សត្វលោក មិនមានគ្រឿងការពារ មិនមានទីពឹង ដែលព្រះមានជោគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងហើយនេះ ពេញទីជាសុភាសិត បពិត្រព្រះរដ្ឋបាលដ៏ចំរើន ព្រោះថាសត្វលោក មិនមាន​គ្រឿង​ការពារ មិនមានទីពឹងពិតមែន បពិត្រព្រះរដ្ឋបាលដ៏ចំរើន តែក្នុងរាជត្រកូលនេះ មានមាស​ប្រាក់ច្រើន តាំងនៅលើផែនដីខ្លះ តាំងនៅលើធ្នើរខ្លះដែរ។

[២១០] ព្រះរដ្ឋបាលដ៏ចំរើន សំដែងថា សត្វលោកសុទ្ធតែមិនមានអ្វីជារបស់ខ្លួន ត្រូវតែលះបង់របស់ទាំងពួងទៅ ដូច្នេះ បពិត្រព្រះរដ្ឋបាលដ៏ចំរើន សេចក្តីនៃភាសិតនេះ តើត្រូវ​យល់ដោយប្រការដូចម្តេច។ បពិត្រព្រះរាជសម្ភារ ព្រះអង្គសំគាល់​សេចក្តី​នោះ ថាដូចម្តេច។ ឥឡូវនេះ ព្រះអង្គបានឆ្អែតស្កប់ស្កល់គ្រប់សព្វ ឲ្យគេបម្រើដោយកាមគុណ​ទាំង៥យ៉ាងណា តទៅលោកខាងមុខទៀត ព្រះអង្គនឹងបានដូចបំណងថា អាត្មាអញ គង់​បានឆ្អែតស្កប់ស្កល់សព្វគ្រប់ ឲ្យគេបម្រើដោយកាមគុណទាំង៥នេះឯង យ៉ាងនោះទៀតដែរ​ឬ ឬក៏ពួកជនដទៃ នឹងគ្រប់គ្រងភោគសម្បត្តិនេះ (ជំនួស) ចំណែក​ព្រះអង្គនឹងទ្រង់ស្តេចទៅតាមយថាកម្ម។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន ឥឡូវខ្ញុំបានឆ្អែត​ស្កប់ស្កល់សព្វគ្រប់ ឲ្យគេបម្រើដោយកាមគុណទាំង៥ យ៉ាងណា ដល់ទៅខាងមុខ ខ្ញុំនឹង​មិនបានដូចបំណងថា ខ្ញុំគង់បានឆ្អែតស្កប់ស្កល់សព្វគ្រប់ ឲ្យគេបម្រើដោយកាមគុណ​ទាំង៥នេះឯង យ៉ាងនោះទៀតទេ តាមពិត ពួកជនដទៃ គ្រប់គ្រងភោគសម្បត្តិ (ជំនួស) ចំណែកខាងខ្ញុំ​ នឹងទៅតាមយថាកម្ម។ បពិត្រមហារាជ ត្រង់ពាក្យថា សត្វលោកសុទ្ធតែគ្មានអ្វីជារបស់ខ្លួន ត្រូវតែលះបង់របស់ទាំងអស់ នេះឯងដែល​ព្រះមានបុណ្យ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់​ត្រាស់សំដៅយកហេតុនោះ ដែលអាត្មាភាព បានដឹងផង បានឃើញផង បានឮផង ហើយចេញចាកផ្ទះទៅបួស។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន អស្ចារ្យណាស់ បពិត្រ​ព្រះរដ្ឋបាលដ៏ចំរើន ហេតុដែលមិនដែលកើត លោតែកើតបាន ពាក្យថា សត្វលោក​សុទ្ធ​តែមិនមានអ្វីជារបស់ខ្លួន ត្រូវតែលះបង់របស់ទាំងពួងទៅ ដែលព្រះមានបុណ្យ ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែង​ហើយនេះ ពេញទីជាសុភាសិត បពិត្រព្រះរដ្ឋបាលដ៏ចំរើន ព្រោះថា សត្វលោកសុទ្ធតែមិនមានអ្វី ជារបស់ខ្លួន ត្រូវតែលះបង់របស់ទាំងពួងទៅមែន។

[២១១] ព្រះរដ្ឋបាលដ៏ចំរើន សំដែងថា សត្វលោកសុទ្ធតែមានសេចក្តី​ខ្វះខាត មិនចេះឆ្អែត ជាខ្ញុំនៃតណ្ហា បពិត្រព្រះរដ្ឋបាលដ៏ចំរើន សេចក្តីនៃភាសិតនេះ តើត្រូវ​យល់ដោយប្រការដូចម្តេច។ បពិត្រមហារាជ ព្រះអង្គសំគាល់​សេចក្តី​នោះ ថាដូចម្តេច ព្រះអង្គគ្រប់គ្រងដែនកុរុ ដែលជាដែនស្តុកស្តម្ភហើយឬ។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន ខ្ញុំគ្រប់គ្រងដែនកុរុ ដែលជាដែនស្តុកស្តម្ភមែន។ បពិត្រមហារាជ ព្រះអង្គសំគាល់​សេចក្តី​នោះដូចម្តេច បុរសរបស់ព្រះអង្គក្នុងទីនេះ ដែលគួរជឿពាក្យ គួរទទួលស្តាប់ពាក្យបាន មកអំពីទិសខាងកើត។ បុរសនោះចូលមកគាល់ព្រះអង្គ ហើយក្រាបបង្គំទូលយ៉ាង​នេះថា បពិត្រមហារាជ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះអង្គជ្រាប ខ្ញុំព្រះអង្គទើបនឹង​មកអំពី​ទិសខាងកើត បានឃើញជនបទធំ ក្នុងទិសនោះ ជាជនបទមាំមួន ស្តុកស្តម្ភ មានជន​ច្រើន មានមនុស្សកុះករ ក្នុងជនបទនោះ មានពួក​ពលដំរី ពលសេះ ពលរថ និងពលថ្មើរ​ជើងជាច្រើន ក្នុងជនបទនោះ មានភ្លុក និងស្បែកជាច្រើន ក្នុងជនបទនោះ មានមាស​ប្រាក់ ដែលគេមិនទាន់ធ្វើខ្លះ ធ្វើរួចហើយខ្លះជាច្រើន ក្នុងជនបទនោះ មានបរិវារស្ត្រីជាច្រើន ព្រះអង្គអាចនឹងច្បាំងយកបាន ដោយកំឡាំង​ពលត្រឹមប៉ុណ្ណោះ បពិត្រមហារាជ សូមព្រះអង្គច្បាំងយក តើព្រះអង្គនឹងធ្វើជនបទនោះ ដូចម្តេច។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន ខ្ញុំត្រូវតែច្បាំងដណ្តើមយកជនបទនោះ មកគ្រប់គ្រងឲ្យបាន។ បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះថា ដូចម្តេច បុរសរបស់ព្រះអង្គក្នុងទីនេះ ដែល​គួរជឿពាក្យ គួរស្តាប់ពាក្យបាន មកអំពីទិសខាងលិច… អំពីទិសខាងជើង… អំពី​ទិសខាងត្បូង… អំពីប្រទេស​ខាងនាយសមុទ្រ។ បុរសនោះ ចូលមកគាល់ព្រះអង្គ ហើយ​ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រមហារាជ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះអង្គ​ទ្រង់ជ្រាប ខ្ញុំព្រះអង្គទើបនឹងមក អំពីប្រទេសខាងនាយសមុទ្រ បានឃើញ​ជនបទ​ធំ នៅក្បែរ​សមុទ្រនោះ ជាជនបទស្តុកស្តម្ភមាំមួន មានជនច្រើន មានមនុស្សកុះករ ក្នុងជន​បទនោះ មានពលដំរី ពលសេះ ពលរថ និងពលថ្មើរជើងច្រើន ក្នុងជនបទនោះ មានភ្លុក​ និងស្បែកច្រើន ក្នុងជនបទនោះ មានមាសប្រាក់ ដែលគេរចនា​ហើយខ្លះ មិនទាន់​រចនា​ខ្លះជាច្រើន ក្នុងជនបទនោះ មានបរិវារស្ត្រីច្រើន ព្រះអង្គអាចច្បាំងយក ដោយពលត្រឹម​ប៉ុណ្ណោះ បពិត្រមហារាជ សូមព្រះអង្គច្បាំងយក តើព្រះអង្គនឹងធ្វើជនបទនោះ ដូចម្តេច។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន ខ្ញុំត្រូវតែច្បាំង ដណ្តើមយកជនបទនោះ គ្រប់គ្រងឲ្យបាន។ ព្រះរដ្ឋបាលថ្វាយព្រះពរថា បពិត្រមហារាជ ពាក្យថា សត្វលោក​សុទ្ធតែខ្វះខាត មិនចេះ​ឆ្អែត ជាខ្ញុំនៃតណ្ហា នេះឯងដែលព្រះមានជោគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់សំដៅយក​ហេតុនោះ ដែលអាត្មាភាព បានដឹង​ បានឃើញ បានឮហើយ ចេញចាកផ្ទះ មកបួស។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះរដ្ឋបាលដ៏ចំរើន មិនដែល​មានឡើយ ពាក្យដែលថា សត្វលោក សុទ្ធតែមានសេចក្តីខ្វះខាត មិនចេះឆ្អែត សុទ្ធតែជាខ្ញុំនៃតណ្ហា ដែលព្រះមានបុណ្យ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែង​ហើយនេះ ពេញទីជាសុភាសិត បពិត្រព្រះរដ្ឋបាលដ៏ចំរើន ព្រោះថា សត្វលោកសុទ្ធតែមានសេចក្តី​ខ្វះខាត មិនចេះឆ្អែត សុទ្ធតែជាខ្ញុំនៃតណ្ហាមែន។

[២១២] ព្រះរដ្ឋបាលមានអាយុ បានសំដែងធម្មុទ្ទេសនេះ លុះសំដែង​ធម្មុទ្ទេស​នេះ​រួចហើយ ទើបបានសំដែងគាថាព័ន្ធនេះតទៅទៀតថា

អាត្មាភាពឃើញ ពួកមនុស្សអ្នកមានទ្រព្យក្នុងលោក បានទ្រព្យគាប់ចិត្តហើយ មិន​ឲ្យ(ទាន) ព្រោះតែសេចក្តីវង្វេង រមែងធ្វើនូវការសន្សំ ព្រោះជាប់ចំពាក់នឹងទ្រព្យ រឹងរឹតតែប្រាថ្នានូវកាមទាំងឡាយ ឲ្យក្រៃលែងទៅទៀត ព្រះរាជាប្រាបប្រាម ឈ្នះ​មនុស្សលើផែនដី ហើយគ្រប់គ្រង​សម្បត្តិលើផែនដី មានសមុទ្រជាទីបំផុត នៅតែ​មិនស្កប់នឹងប្រទេស​ខាងអាយសមុទ្រ តែងប្រាថ្នានូវប្រទេស​ខាងនាយសមុទ្រទៀត ព្រះរាជាក្តី មនុស្សទាំងឡាយដទៃច្រើនក្តី តែមិនទាន់អស់តណ្ហាហើយ រមែង​ចូល​ទៅកាន់សេចក្តីស្លាប់ មានសភាពជាអ្នកមានសេចក្តីខ្វះខាត តែងមិនលះបង់​នូវ​រាងកាយឡើយ ឈ្មោះថា សេចក្តីឆ្អែតឆ្អន់ ដោយកាមទាំងឡាយ រមែងមិនមាន​ក្នុង​លោកជាដាច់ខាត ពួកញាតិ រំសាយសក់ទាំងឡាយ ហើយកន្ទក់កន្ទេញ នឹង​អ្នកស្លាប់នោះថា ឱហ្ន៎ ញាតិយើងស្លាប់ហើយ យកបុគ្គលស្លាប់នោះ ដែលរុំដោយ​សំពត់ នាំទៅដល់ជើងថ្ករហើយដុត ក្នុងទីនោះ បុគ្គលស្លាប់នោះ លះបង់​ភោគៈ​ទាំងឡាយ នៅតែសំពត់មួយ ត្រូវគេចាក់ដោយ​ឈើសូល៍ ត្រូវភ្លើងឆេះ គ្រឿង​ការពារ​ទាំងឡាយ រមែងមិនមានដល់បុគ្គល​ស្លាប់ទេ មានតែពួកញាតិមិត្រ ឬពួក​សំឡាញ់ជាទាយាទ3) នាំយកទ្រព្យ​របស់បុគ្គល​ស្លាប់​នោះទៅ ចំណែក​សត្វក៏ទៅតាមយថាកម្ម ទ្រព្យបន្តិចបន្តួច រមែងមិនទៅ​តាមបុគ្គល​ស្លាប់ឡើយ ពួកកូនប្រពន្ធ ទ្រព្យ និងដែន ក៏មិនជាប់តាមទៅទេ បុគ្គល​មិនបាន​អាយុវែង ព្រោះទ្រព្យទេ ទាំង​មិនមែនលះបង់ជរាបាន ព្រោះទ្រព្យ​ដែរ អ្នកប្រាជ្ញពោលថា ជីវិតនេះ តិចពេកណាស់ មិនទៀងទាត់ មានសភាព​ប្រែប្រួល​ជាធម្មតា ពួកអ្នកស្តុកស្តម្ភក្តី អ្នកកំសត់ក្តី តែងពាល់ត្រូវនូវ​សម្ផ័ស្សស្លាប់ ទាំង​ពាល ទាំងប្រាជ្ញ ក៏ពាល់ត្រូវដូច្នោះដែរ តែថា មនុស្សពាល រមែង​ដេកទាំងតក់ស្លុត ព្រោះ​សេចក្តីល្ងង់ ចំណែក​អ្នកប្រាជ្ញ បើទុកជាពាល់ត្រូវ​សម្ផ័ស្សស្លាប់ ក៏​មិនញាប់​ញ័រឡើយ ព្រោះហេតុនោះ បុគ្គល​បានដល់អរហត្តផល ជាទីបំផុតកិច្ច ក្នុងលោក​នេះ ដោយបញ្ញាណា បញ្ញានោះ ប្រសើរវិសេសជាងទ្រព្យ ព្រោះតែខ្លួន​មិនទាន់​ដល់​កិច្ចជាទីបំផុត ពួកជនរមែង​ធ្វើអំពើអាក្រក់ ក្នុងភពតូច និងភពធំទាំងឡាយ ព្រោះតែសេចក្តីវង្វេង បុគ្គល រមែងចូលទៅកាន់គភ៌ផង កាន់លោក​ខាងមុខផង ព្រោះ​ដល់នូវការអន្ទោលទៅតៗគ្នា បុគ្គលអប្បប្រាជ្ញា ជឿបុគ្គលនោះ ក៏ចូលទៅកាន់គភ៌​ផង កាន់លោកខាងមុខផង ចោរកាន់ធម៌អាក្រក់ ដែល​គេចាប់បាន ត្រង់កន្លែង​ទី-ត ត្រូវគេបៀតបៀន ព្រោះកម្មរបស់ខ្លួន តើយ៉ាងណា ពួកសត្វកាន់ធម៌អាក្រក់ លះលោក​នេះទៅហើយ រមែងក្តៅក្រហាយ ព្រោះកម្មរបស់ខ្លួន ក្នុងលោកខាងមុខ យ៉ាងនោះដែរ ព្រោះតែកាមទាំងឡាយដ៏វិចិត្រ មានរសឆ្ងាញ់ និងជាទីរីករាយដល់​ចិត្ត តែងញាំញីនូវចិត្ត ដោយសភាវៈផ្សេងៗ បពិត្រមហារាជ ព្រោះហេតុនោះ អាត្មាភាព ឃើញទោសក្នុងកាមគុណទាំងឡាយហើយ បានជាបួស មនុស្សទាំងឡាយ ទាំងក្មេង ទាំងចាស់ លុះបែកធ្លាយសរីរៈហើយ រមែង​ជ្រុះចុះ ដូច​ជាផ្លែឈើទាំងឡាយ បពិត្រមហារាជ អាត្មាភាព បានយល់ច្បាស់ នូវហេតុនេះ​ថា សមណភាព ជាការប្រតិបត្តិមិនខុស ប្រសើរជាទីបំផុត ដូច្នេះបានជាបួស។

ចប់ រដ្ឋបាលសូត្រ ទី២។

 

លេខយោង

1)
ព្រះរដ្ឋបាលពោល​ដោយ​​ប្រៀបមាតាបិតាថាដូចព្រានម្រឹគ…
2)
ភ្លើងធាតុ ដែលកើតអំពីកម្ម។
3)
អ្នកទទួលទ្រព្យមត៌ក។
km/tipitaka/sut/mn/sut.mn.082.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann