User Tools

Site Tools


Translations of this page?:
km:tipitaka:sut:mn:sut.mn.087



បិយជាតិកសូត្រ ទី៧

សង្ខេប

តើ​សេចក្តី​សោក​ស្តាយ ខ្សឹក​ខ្សួល សេចក្តី​ទុក្ខ តូច​ចិត្ត ការ​ចង្អៀត​ចង្អល់​ចិត្ត តែង​កើត​មក​អំពី​សេចក្តី​ស្រឡាញ់​ មាន​សេចក្ដី​ស្រឡាញ់​ជា​ដែន​កើត ពិតមែន​ឬ?

mn 087 បាលី cs-km: sut.mn.087 អដ្ឋកថា: sut.mn.087_att PTS: ?

(ទី៧) បិយជាតិកសូត្រ

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៧. បិយជាតិកសុត្តំ)

[២៩៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់សម្រេច​ព្រះឥរិយាបថ ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង គហបតីម្នាក់ មានកូនប្រុសតូចតែមួយ ជាទីស្រឡាញ់ ពេញចិត្ត បានធ្វើ​មរណកាលទៅ។ ព្រោះកូននោះ ធ្វើកាលកិរិយាទៅ ការងារទាំងឡាយ ក៏មិនប្រាកដ ភត្តាហារក៏មិនប្រាកដ (ដល់គាត់) ឡើយ។ គាត់តែង​តែទៅកាន់ឈាបនដ្ឋាន យំរកថា ឱកូន​តូចថ្លើមថ្លៃ អ្នកនៅក្នុងទីណា ឱកូន​តូចថ្លើមថ្លៃ អ្នកនៅក្នុងទីណា។ គ្រាក្រោយមក គហបតីនោះ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយ​ក្នុងទីដ៏សមគួរ។

[២៩៧] លុះគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានបុណ្យ ទ្រង់ត្រាស់ដូច្នេះ​ថា ម្នាលគហបតី អ្នកតាំងនៅក្នុងចិត្តរបស់ខ្លួន គឺនៅរស់ទេ តែហាក់ដូចជាមិនមាន​ឥន្ទ្រិយ គឺមនោវិញ្ញាណ (ព្រោះ) ឥន្ទ្រិយរបស់អ្នក ប្រែសម្បុរប្លែក។ គហបតីទូលថា ឱ​ព្រះអង្គដ៏ចំរើន ឥន្ទ្រិយរបស់ខ្ញុំព្រះអង្គ នឹងមិនប្រែពណ៌សម្បុរប្លែកណាក៏បាន បពិត្រព្រះអង្គដ៏ចំរើន ព្រោះខ្ញុំព្រះអង្គ មានកូនប្រុសតូចតែមួយ ជាទីស្រឡាញ់ ពេញចិត្ត បានធ្វើ​មរណកាលទៅ ព្រោះវា ធ្វើកាលកិរិយាទៅ ការងារ ក៏មិនប្រាកដ ភត្តាហារក៏មិនប្រាកដ (ដល់ខ្ញុំព្រះអង្គ) សោះ ខ្ញុំព្រះអង្គនោះ តែងទៅកាន់ឈាបនដ្ឋាន ហើយយំរកថា ឱកូន​តូចមាសថ្លៃ អ្នកនៅក្នុងទីណា ឱកូន​តូចមាសថ្លៃ អ្នកនៅក្នុងទីណា។ ព្រះមានបុណ្យ ត្រាស់ថា ដំណើរនុ៎ះ យ៉ាងនោះមែន គហបតី ដំណើរនុ៎ះ យ៉ាងនោះមែន គហបតី ពិតមែន គហបតី សេចក្តីសោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀត​ចង្អល់ចិត្ត តែង​កើតមកអំពីសេចក្តី​ស្រឡាញ់ មានសេចក្តីស្រឡាញ់ជាដែនកើត។ គហបតី ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ធម្មតា ហេតុនៃសេចក្តីស្រឡាញ់​នោះឯង នឹងមានដូច្នោះមែន សេចក្តីសោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់ចិត្ត កើតមកអំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់​ជាដែន​កើតដែរ បពិត្រព្រះអង្គដ៏ចំរើន តែបើតាមដែលពិតនោះ សេចក្តីត្រេកអរ និងសេចក្តីរីករាយ តែង​កើតមក អំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់ជាដែនកើត។1) ខណៈនោះ គហបតីនោះ មិនត្រេកអរ មិនឃាត់ហាមនូវភាសិត របស់ព្រះមានបុណ្យទេ ក៏ក្រោកចាកអាសនៈ​ចេញទៅ។

[២៩៨] សម័យនោះ មានពួកអ្នកលេងល្បែងភ្នាល់​ច្រើននាក់ កំពុងលេងដោយល្បែង​ភ្នាល់ទាំងឡាយ ក្នុងទីមិនឆ្ងាយ​ប៉ុន្មាន អំពី​ព្រះមានបុណ្យ។ ចំណែកគហបតីនោះ ក៏ចូលទៅរក​ពួកអ្នកលេងល្បែងភ្នាល់នោះ លុះចូលទៅដល់ហើយ ក៏និយាយទៅនឹងអ្នកលេងល្បែងភ្នាល់នោះ ដូច្នេះថា នែអ្នកដ៏ចំរើនទាំងឡាយ អម្បាញ់​មិញនេះ ខ្ញុំបានចូលទៅគាល់​ព្រះសមណគោតម លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះសមណគោតម រួចអង្គុយក្នុងទីដ៏សមគួរ នែអ្នកដ៏ចំរើនទាំងឡាយ លុះខ្ញុំ​អង្គុយក្នុងទីដ៏សមគួរហើយ ព្រះសមណគោតម ទ្រង់ត្រាស់ ដូច្នេះថា ម្នាលគហបតី អ្នក​ឋិត​នៅក្នុងចិត្តរបស់ខ្លួន គឺរស់នៅទេ តែហាក់ដូចជា មិនមាន​ឥន្ទ្រិយ (ព្រោះ) ឥន្ទ្រិយ​របស់​អ្នក ប្រែសម្បុរប្លែក ដូច្នេះ នែអ្នកដ៏ចំរើនទាំងឡាយ កាលព្រះសមណគោតម​ ត្រាស់​យ៉ាងនេះ ខ្ញុំក៏បាន​តប ទៅនឹងព្រះសមណគោតមវិញថា ឱ​ព្រះអង្គដ៏ចំរើន ឥន្ទ្រិយរបស់​ខ្ញុំព្រះអង្គ នឹងមិនប្រែពណ៌សម្បុរប្លែកណាក៏បាន បពិត្រព្រះអង្គដ៏ចំរើន ព្រោះខ្ញុំព្រះអង្គ មានកូនប្រុសតូចតែមួយ ជាទីស្រឡាញ់ ពេញចិត្ត បានធ្វើ​មរណកាលទៅ ព្រោះតែវា ធ្វើកាលកិរិយាទៅ ការងារ ក៏មិនប្រាកដ ភត្តាហារក៏មិនប្រាកដ (ដល់ខ្ញុំ) សោះ ខ្ញុំព្រះអង្គ​នោះឯង តែងទៅកាន់ឈាបនដ្ឋាន យំរកថា ឱកូន​តូចមាសថ្លៃ អ្នកនៅក្នុងទីណា ឱកូន​តូចមាសថ្លៃ អ្នកនៅក្នុងទីណា ដូច្នេះ ទើបព្រះសមណគោតម ត្រាស់ថា ដំណើរនុ៎ះ យ៉ាងនេះមែន គហបតី ដំណើរនុ៎ះ យ៉ាងនេះមែន គហបតី ពិតមែន គហបតី សេចក្តីសោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀត​ចង្អល់ចិត្ត តែង​កើត​មក​អំពី​សេចក្តី​​ស្រឡាញ់ មានសេចក្តីស្រឡាញ់ជាដែនកើត (កាលបើព្រះមានបុណ្យ ទ្រង់ត្រាស់​យ៉ាងនេះ ខ្ញុំក៏ទូលតបវិញ)ថា បពិត្រព្រះអង្គដ៏ចំរើន ធម្មតា ហេតុនៃសេចក្តីស្រឡាញ់​នោះឯង នឹងមានដូច្នោះមែន សេចក្តីសោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការ​ចង្អៀតចង្អល់ចិត្ត កើតមកអំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់​ជាដែន​កើតមែន បពិត្រព្រះអង្គដ៏ចំរើន តែតាមដែលពិតនោះ សេចក្តីត្រេកអរ និងសេចក្តីរីករាយ តែង​កើតមកពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់ជាដែនកើត ដូច្នេះ នែអ្នក​ដ៏ចំរើនទាំងឡាយ កាលនោះ ខ្ញុំក៏មិនត្រេកអរ មិនឃាត់ហាមនូវភាសិត របស់​ព្រះសមណគោតមទេ ខ្ញុំក្រោកចាកអាសនៈ ហើយក៏ចេញមក។ ពួកអ្នកលេង​ល្បែងភ្នាល់ ឆ្លើយតបថា បពិត្រលោកគហបតី ពាក្យដែល​លោកមានប្រសាសន៍នុ៎ះ ត្រូវហើយ បពិត្រលោកគហបតី ពាក្យដែល​លោកមានប្រសាសន៍នុ៎ះ ត្រូវហើយ បពិត្រលោកគហបតី សេចក្តីត្រេកអរ និងសេចក្តី​រីករាយ តែងកើតមក អំពី​សេចក្តី​​ស្រឡាញ់ មានសេចក្តីស្រឡាញ់​ ជាដែន​កើតដោយពិត។ ទើបគហបតីនោះ គិតថា ពាក្យរបស់អាត្មាអញ សមគ្នានឹងពួកអ្នកលេងល្បែងភ្នាល់ ដូច្នេះ រួចក៏ចេញទៅ។

[២៩៩] គ្រានោះឯង ដំណើរវាចានេះ ក៏ឮខ្ចរខ្ចាយតាមលំដាប់ រហូតចូល​ទៅខាង​ក្នុង​ព្រះរាជវាំង។ វេលានោះ ព្រះបាទបសេនទិកោសល ទ្រង់ត្រាស់សួរ​ទៅ​នាង​មល្លិការាជទេវីថា នែមល្លិកា ព្រះសមណគោតម (ជាគ្រូ) របស់នាង បានសំដែង​ព្រះវាចា​នេះថា សេចក្តីសោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់​ចិត្ត តែងកើតមកអំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់ជាដែនកើត ដូច្នេះ មែនឬអ្វី។ ព្រះនាង​មល្លិការាជទេវី ក្រាបបង្គំទូល​ថា បពិត្រមហារាជ បើពាក្យនោះ ព្រះមានបុណ្យ​ទ្រង់​សំដែងមែន ដំណើរនុ៎ះ ក៏ពិតយ៉ាងនោះឯង។ ព្រះបាទបសេនទិកោសល ទ្រង់​បន្ទោស​ថា មិនសមបើយ៉ាងនេះៗសោះ ព្រះសមណគោតម ពោលនូវ​ពាក្យណា មល្លិកា​នេះ ហ៊ាននិយាយចាក់បណ្តោយតាមពាក្យនោះៗ របស់ព្រះសមណគោតម​នោះថា បពិត្រមហារាជ បើពាក្យនោះ ព្រះមានបុណ្យ​ទ្រង់​សំដែងមែន ដំណើរនុ៎ះ ក៏ពិត​យ៉ាងនោះ ដូច្នេះសោះ ប្រៀបដូចអាចារ្យ និយាយពាក្យណាៗ ដល់កូនសិស្ស ៗ ក៏និយាយ​ចាក់បណ្តោយ​តាមពាក្យនោះៗ របស់អាចារ្យនោះថា បពិត្រលោកអាចារ្យ ដំណើរនុ៎ះ យ៉ាងហ្នឹងមែន បពិត្រលោកអាចារ្យ ដំណើរនុ៎ះ យ៉ាងហ្នឹងមែន សេចក្តី​នេះ មានឧបមាយ៉ាងណា នែមល្លិកា ព្រះសមណគោតម ពោលនូវពាក្យណាៗ នាងក៏​និយាយ​ចាក់បណ្តោយ​តាមពាក្យនោះៗ របស់ព្រះសមណគោតមនោះថា បពិត្រមហារាជ បើពាក្យនោះ ព្រះមានបុណ្យទ្រង់សំដែងមែន ដំណើរនុ៎ះ ក៏ពិតយ៉ាងនោះ ក៏មានឧបមេយ្យយ៉ាងនោះដែរ នែមល្លិកា ចូរនាងចៀសអំពីមុខ​អញចេញទៅ (ព្រោះ) នាងខិលខូចណាស់។

[៣០០] គ្រានោះ ព្រះនាងមល្លិការាជទេវី មានព្រះសវនីយ៍​ទៅរកនាឡិជង្ឃ​ព្រាហ្មណ៍ថា នែព្រាហ្មណ៍ ចូរអ្នកមកអាយ ចូរអ្នកចូលទៅគាល់​ព្រះភគវន្តមុនី លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំព្រះភគវន្តមុនីដោយត្បូង រួចទូលសួរនូវ​សេចក្តី​មិនមានអាពាធ មិនមានរោគ ការក្រោកឡើងរហ័ស កំឡាំង ការគង់នៅជាសុខ តាមពាក្យ​ខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន ព្រះនាងមល្លិការាជទេវី សូមថ្វាយបង្គំព្រះបាទា របស់​ព្រះមានព្រះភាគ​ដោយត្បូង ទាំងសូមទូលសួរ នូវការ​មិនមានអាពាធ មិនមានរោគ ការក្រោកឡើងរហ័ស កំឡាំង ការគង់នៅជាសុខ ដូច្នេះ រួចចូរអ្នកទូលសួរ​យ៉ាងនេះ​ទៀតថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ បានសំដែងព្រះវាចានេះថា សេចក្តីសោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់​ចិត្ត តែងកើត​មកអំពី​សេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់​ជាដែនកើត ដូច្នេះឬអ្វី បើព្រះមានព្រះភាគ ទ្រង់ដោះស្រាយ​ប្រាប់អ្នក យ៉ាងណា ចូរអ្នកចងចាំពាក្យនោះឲ្យល្អ ហើយមកប្រាប់​ដល់ខ្ញុំវិញ ព្រោះព្រះតថាគតទាំងឡាយ មិនពោលពាក្យដែលមិនពិតប្រាកដឡើយ។ នាឡិជង្ឃព្រាហ្មណ៍ ទទួលព្រះវាចារបស់ព្រះនាងមល្លិការាជទេវីថា ទទួល​ព្រះសវនីយ៍​ករុណាវិសេស ដូច្នេះ រួចក៏ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើ​សេចក្តីរីករាយ ជាមួយនឹង​ព្រះមានបុណ្យ លុះបញ្ចប់​ពាក្យដែលគួររីករាយ និង​ពាក្យដែល​គួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះនាឡិជង្ឃព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ទើបទូលពាក្យនុ៎ះ ចំពោះព្រះមានបុណ្យថា បពិត្រព្រះគោតមដ៏ចំរើន ព្រះនាងមល្លិការាជទេវី សូមថ្វាយបង្គំ​ព្រះបាទា​ របស់​ព្រះគោតមដ៏ចំរើនដោយត្បូង ទាំងសូមសួរ នូវសេចក្តី​មិនមានអាពាធ មិនមានរោគ ការក្រោកឡើងរហ័ស កំឡាំង ការគង់នៅជាសុខ មួយទៀត ព្រះនាង​សូមទូលសួរ​យ៉ាងនេះ​ថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ បានសំដែងព្រះវាចានេះថា សេចក្តីសោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់​ចិត្ត តែងកើត​មកអំពី​សេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់​ជាដែនកើត ដូច្នេះឬអ្វី។ ព្រះអង្គត្រាស់ថា អើព្រាហ្មណ៍ ពាក្យនុ៎ះ តថាគត ថាយ៉ាងនោះមែន អើព្រាហ្មណ៍ ពាក្យនុ៎ះ តថាគត ថាយ៉ាង​នោះមែន ម្នាលព្រាហ្មណ៍ ពិតមែន សេចក្តី​សោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់​ចិត្ត តែងកើត​មកអំពី​សេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់​ជាដែនកើត។ ម្នាលព្រាហ្មណ៍ គេត្រូវដឹងថា សេចក្តីសោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់​ចិត្ត តែងកើត​មកអំពី​សេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់​ជាដែនកើត ដូច្នេះ ដោយបរិយាយនេះ។

[៣០១] ម្នាលព្រាហ្មណ៍ រឿងធ្លាប់មានមកហើយតើ មានមាតារបស់ស្ត្រីម្នាក់ ក្នុង​ក្រុងសាវត្ថីនេះឯង បានធ្វើកាលកិរិយាទៅ។ តាំងអំពីកាលកិរិយា នៃមាតានោះ ស្ត្រីនោះ ក៏ទៅជាឆ្កួត មានចិត្ត​រវើរវាយ ដើរសព្វច្រករហក សព្វផ្លូវ​ត្រឡែងកែង ស្រែកសួរយ៉ាង​នេះថា ឱអ្នកទាំងឡាយ បានឃើញមាតាខ្ញុំដែរឬ ឱអ្នកទាំងឡាយ បានឃើញមាតាខ្ញុំ​ដែរឬ។ ម្នាលព្រាហ្មណ៍ ព្រោះបរិយាយនេះហើយ បានជាគេត្រូវដឹងថា សេចក្តី​សោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់​ចិត្ត តែងកើត​មកអំពី​សេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់​ជាដែនកើត។ ម្នាលព្រាហ្មណ៍ រឿង​​ធ្លាប់​មាន​មក​ហើយ​តើ មាតាបិតារបស់ស្ត្រីម្នាក់ ក្នុង​ក្រុងសាវត្ថីនេះឯង បានធ្វើមរណកាល… បងប្អូន​ប្រុស បានធ្វើមរណកាល… បងប្អូនស្រី បានធ្វើមរណកាល… កូនប្រុស បានធ្វើ​មរណ​កាល… កូនស្រីបានធ្វើមរណកាល… ស្វាមីបានធ្វើមរណកាល។ តាំងអំពីកាលកិរិយា នៃ​ស្វាមីនោះ ស្ត្រីនោះ ក៏ទៅជាឆ្កួត មានចិត្ត​រវើរវាយ ដើរសព្វច្រករហក សព្វផ្លូវ​ត្រឡែងកែង ស្រែកសួរយ៉ាង​នេះថា ឱអ្នកទាំងឡាយ បានឃើញស្វាមីខ្ញុំដែរឬ ឱអ្នកទាំងឡាយ បាន​ឃើញ​ស្វាមីខ្ញុំ​ដែរឬ។ ម្នាលព្រាហ្មណ៍ ព្រោះបរិយាយនេះហើយ បានជាគេត្រូវដឹងថា សេចក្តី​សោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់​ចិត្ត តែងកើត​មកអំពី​សេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់​ជាដែនកើត។

[៣០២] ម្នាលព្រាហ្មណ៍ រឿង​ធ្លាប់មានមកហើយតើ មានមាតាបុរសម្នាក់ ក្នុង​ក្រុងសាវត្ថីនោះឯង បានធ្វើមរណកាលទៅ។ តាំងអំពីមរណកាល នៃមាតានោះ បុរសនោះ ក៏ទៅជាឆ្កួត មានចិត្ត​រវើរវាយ ដើរសព្វច្រករហក សព្វផ្លូវ​ត្រឡែងកែង ស្រែកសួរយ៉ាង​នេះថា ឱអ្នកទាំងឡាយ បានឃើញម្តាយខ្ញុំដែរឬ ឱអ្នកទាំងឡាយ បានឃើញម្តាយខ្ញុំ​ដែរឬ។ ម្នាលព្រាហ្មណ៍ ព្រោះបរិយាយនេះហើយ បានជាគេត្រូវដឹងថា សេចក្តី​សោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់​ចិត្ត តែងកើត​មកអំពី​សេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់​ជាដែនកើត។ ម្នាលព្រាហ្មណ៍ រឿង​ធ្លាប់​មាន​មក​ហើយ មានបិតាបុរសម្នាក់ ក្នុង​ក្រុងសាវត្ថីនេះឯង បានធ្វើមរណកាល… បងប្អូន​ប្រុស បានធ្វើមរណកាល… បងប្អូនស្រី បានធ្វើមរណកាល… កូនប្រុស បានធ្វើ​មរណ​កាល… កូនស្រីបានធ្វើមរណកាល… ប្រពន្ធបានធ្វើមរណកាលទៅ។ តាំងអំពីមរណកាល នៃ​ភរិយានោះ បុរសនោះ ក៏ទៅជាឆ្កួត មានចិត្ត​រវើរវាយ ដើរសព្វច្រករហក សព្វផ្លូវ​ត្រឡែងកែង ស្រែកសួរយ៉ាង​នេះថា ឱអ្នកទាំងឡាយ បានឃើញប្រពន្ធខ្ញុំដែរឬ ឱអ្នកទាំងឡាយ បាន​ឃើញប្រពន្ធខ្ញុំ​ដែរឬ។ ម្នាលព្រាហ្មណ៍ ព្រោះបរិយាយនេះហើយ បានជាគេត្រូវដឹងថា សេចក្តី​សោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់​ចិត្ត តែងកើត​មកអំពី​សេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់​ជាដែនកើត។

[៣០៣] ម្នាលព្រាហ្មណ៍ រឿងធ្លាប់​មាន​មក​ហើយ​តើ ក្នុង​ក្រុងសាវត្ថីនេះ មានស្ត្រី​ម្នាក់ បានទៅកាន់​ត្រកូលនៃញាតិ គឺមានប្តី។ ពួកញាតិទាំងនោះ របស់ស្ត្រីនោះ មានប្រាថ្នា​នឹងផ្តាច់ប្តីចេញ ហើយលើក (នាងនោះ) ឲ្យទៅបុរស​ឯទៀតវិញ តែនាងនោះ មិនចង់បានបុរស​នោះសោះ។ ទើបស្ត្រីនោះ និយាយនឹងប្តី ដូច្នេះថា បពិត្រ​អយ្យបុត្រ ពួកញាតិរបស់ខ្ញុំនេះ មានប្រាថ្នា​នឹងផ្តាច់អ្នកចេញ ហើយលើកខ្ញុំ ឲ្យទៅបុរស​ឯទៀតវិញ តែខ្ញុំមិនចង់បានបុរស​នោះសោះ។ គ្រានោះ បុរសនោះ ក៏កាប់ស្ត្រីនោះជាពីរកំណាត់ ហើយវះពោះខ្លួនឯង ដោយប្រាថ្នាថា សូមឲ្យយើងទាំងពីរនាក់ បានចួបគ្នា​ទៅ​ក្នុង​បរលោក។ ម្នាលព្រាហ្មណ៍ ព្រោះបរិយាយនេះហើយ បានជាគេត្រូវដឹងថា សេចក្តី​សោក​ស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់​ចិត្ត តែងកើត​មកអំពី​សេចក្តី​ស្រឡាញ់ មានសេចក្តីស្រឡាញ់​ជាដែនកើត។

[៣០៤] គ្រានោះ នាឡិជង្ឃព្រាហ្មណ៍ ក៏ត្រេកអរ អនុមោទនា ចំពោះ​ភាសិត របស់​ព្រះមានបុណ្យ រួចក្រោកអំពីអាសនៈ ចូលទៅគាល់ព្រះនាងមល្លិការាជទេវី លុះចូលទៅដល់ហើយ ក៏ក្រាបទូល​នូវពាក្យ ដែលខ្លួនបានចរចា ជាមួយនឹង​ព្រះមានបុណ្យ ដល់ព្រះនាងមល្លិការាជទេវី ដោយសព្វគ្រប់។ គ្រានោះ ព្រះនាងមល្លិការាជទេវី ចូលទៅគាល់​ព្រះបាទបសេនទិកោសល លុះចូលទៅដល់ហើយ ក៏ក្រាបទូលសួរ​​ព្រះបាទបសេនទិកោសល ដូច្នេះថា បពិត្រព្រះមហារាជ ព្រះអង្គសំគាល់​សេចក្តីនោះថា ដូចម្តេច រាជកុមារី ព្រះនាមវជិរី ព្រះអង្គសព្វព្រះរាជហឫទ័យឬទេ។ ​ព្រះបាទបសេនទិកោសល មានព្រះបន្ទូល​តបថា អើមល្លិកា វជិរីកុមារី អញស្រឡាញ់។ នាងមល្លិកាទូលសួរថា បពិត្រមហារាជ ព្រះអង្គសំគាល់​សេចក្តីនោះ ថាដូចម្តេច (បើ) វជិរីកុមារី ប្រែប្រួល ព្រាត់ប្រាស និរាសទៅ តើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់​ចិត្ត នឹងកើតឡើងដល់ព្រះអង្គឬទេ។ ព្រះបាទបសេនទិកោសល មាន​ព្រះបន្ទូល​តបថា អើមល្លិកា (បើ) នាងវជិរីកុមារី ប្រែប្រួល ព្រាត់ប្រាសនិរាសទៅ សូម្បីជីវិតរបស់អញ ក៏មុខជានឹងវិបត្តិប្រែប្រួលទៅដែរ ចំណង់​បើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់​ចិត្ត នឹងខានកើតឡើងដល់អញ ឯណាក៏បាន។ ព្រះនាង​មល្លិការាជទេវី ទូលថា បពិត្រព្រះមហារាជ ព្រះភគវន្តអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ សំដៅយកដំណើរ​នេះហើយ បានជាសំដែងថា សេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់​ចិត្ត តែងកើតមកអំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់ជាដែនកើត។

[៣០៥] បពិត្រព្រះមហារាជ ព្រះអង្គសំគាល់​សេចក្តីនោះ ថាដូចម្តេច នាង​វាសភខត្តិយា តើព្រះអង្គសព្វព្រះរាជហឫទ័យឬទេ។ អើមល្លិកា នាងវាសភខត្តិយា អញស្រឡាញ់។ បពិត្រព្រះមហារាជ ព្រះអង្គសំគាល់​សេចក្តីនោះ ថាដូចម្តេច (បើ) នាង​វាសភខត្តិយា ប្រែប្រួល ព្រាត់ប្រាស និរាសទៅ តើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់​ចិត្ត នឹងកើតឡើងដល់ព្រះអង្គឬទេ។ ឱមល្លិកា (បើ) នាង​វាសភខត្តិយា ប្រែប្រួល ព្រាត់ប្រាស និរាសទៅ សូម្បីជីវិតរបស់អញ ក៏មុខជានឹង​វិបត្តិ​ប្រែប្រួល​ទៅដែរ ចំណង់​បើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តី​ចង្អៀតចង្អល់​​ចិត្ត នឹងខានកើតឡើងដល់អញ ឯណាក៏បាន។ បពិត្រព្រះមហារាជ ព្រះភគវន្ត អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ សំដៅយក​ដំណើរ​នេះហើយ បានជាសំដែងថា សេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់​ចិត្ត តែងកើតអំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់ ជាដែនកើត។

[៣០៦] បពិត្រព្រះមហារាជ ព្រះអង្គសំគាល់​សេចក្តីនោះ ថាដូចម្តេច វិឌូឌភសេនាបតី តើព្រះអង្គ សព្វព្រះរាជហឫទ័យឬទេ។ អើមល្លិកា វិឌូឌភសេនាបតី អញស្រឡាញ់។ បពិត្រព្រះមហារាជ ព្រះអង្គសំគាល់​នូវសេចក្តីនោះ ថាដូចម្តេច បើវិឌូឌភសេនាបតី ប្រែប្រួល ព្រាត់ប្រាស និរាសទៅ តើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់​ចិត្ត នឹងកើតឡើង ដល់ព្រះអង្គឬទេ។ ឱមល្លិកា (បើ) វិឌូឌភសេនាបតី ប្រែប្រួល ព្រាត់ប្រាស និរាសទៅ សូម្បីជីវិតរបស់អញ ក៏មុខជានឹង​វិបត្តិ​ប្រែប្រួល​ទៅដូចគ្នា ចំណង់​បើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តី​ចង្អៀតចង្អល់​​ចិត្ត នឹងខានកើតដល់អញ ឯណាក៏បាន។ បពិត្រព្រះមហារាជ ព្រះភគវន្ត អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ សំដៅយកដំណើរ​នេះហើយ បានជាសំដែងថា សេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់​ចិត្ត តែងកើតមកអំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់ ជាដែនកើត។

[៣០៧] បពិត្រព្រះមហារាជ ព្រះអង្គសំគាល់​សេចក្តីនោះ ថាដូចម្តេច ចុះខ្លួនខ្ញុំម្ចាស់ តើព្រះអង្គ សព្វព្រះរាជហឫទ័យឬទេ។ អើមល្លិកា ឯងក៏ជាទីស្រឡាញ់​របស់អញដែរ។ បពិត្រព្រះមហារាជ ព្រះអង្គសំគាល់​សេចក្តីនោះ ថាដូចម្តេច បើខ្ញុំម្ចាស់​ប្រែប្រួល ព្រាត់ប្រាស និរាសទៅ តើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តី​ចង្អៀតចង្អល់​ចិត្ត នឹងកើតឡើង ដល់ព្រះអង្គឬទេ។ ឱមល្លិកា (បើ) ឯងប្រែប្រួល ព្រាត់ប្រាស និរាសទៅ សូម្បីជីវិតរបស់អញ ក៏មុខជានឹង​វិបត្តិ​ ប្រែប្រួល​ទៅដែរ ចំណង់​បើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តី​ចង្អៀតចង្អល់​​ចិត្ត នឹងខាន​កើត​ឡើង​ដល់អញ ឯណាក៏បាន។ បពិត្រព្រះមហារាជ ព្រះភគវន្ត អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ សំដៅយកដំណើរ​នេះហើយ បានជាសំដែងថា សេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់​ចិត្ត តែងកើតមក​អំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់​ ជាដែនកើត។

[៣០៨] បពិត្រព្រះមហារាជ ព្រះអង្គសំគាល់​សេចក្តីនោះ ថាដូចម្តេច ដែនកាសី និងដែន​កោសល តើព្រះអង្គ សព្វព្រះរាជហឫទ័យឬទេ។ អើមល្លិកា ដែនកាសី និងដែនកោសល ជាទីស្រឡាញ់របស់អញ ម្នាលមល្លិកា (ព្រោះ) យើងប្រើប្រាស់ខ្លឹម​ចន្ទន៍ ដែលបាន​មកអំពីដែន​កាសី ទ្រទ្រង់ផ្កាកម្រង គ្រឿងក្រអូប និងគ្រឿង​លាបផ្សេងៗ ដោយអានុភាព ​នៃដែន​កាសី និងដែនកោសល។ បពិត្រព្រះមហារាជ ព្រះអង្គសំគាល់​សេចក្តីនោះ ថាដូចម្តេច (បើ) ដែនកាសី និងដែនកោសល វិបត្តិប្រែប្រួល ជាយ៉ាងដទៃទៅ តើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់​ចិត្ត នឹងកើតឡើង​ដល់​ព្រះអង្គឬទេ។ ឱមល្លិកា បើដែនកាសី និងដែនកោសល វិបត្តិប្រែប្រួល ជាយ៉ាងដទៃ​ទៅ សូម្បី​ជីវិតរបស់អញ ក៏មុខជា​វិបត្តិ​ ប្រែប្រួល​ទៅដែរ ចំណង់​បើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តី​ចង្អៀតចង្អល់​​ចិត្ត នឹងខានកើតដល់អញ ឯណាបាន។ បពិត្រព្រះមហារាជ ព្រះភគវន្ត អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាប​ច្បាស់ ឃើញច្បាស់ សំដៅយកដំណើរ​នេះហើយ បានជាសំដែងថា សេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់​ចិត្ត តែងកើតឡើងមកអំពី​សេចក្តី​ស្រឡាញ់ មានសេចក្តីស្រឡាញ់ជាដែនកើត។

[៣០៩] ព្រះបាទបសេនទិកោសល មានព្រះរាជឱង្ការថា អស្ចារ្យណាស់ មល្លិកា ចំឡែកណាស់ មល្លិកា ព្រោះព្រះមានព្រះភាគអង្គនោះ ប្រហែលជាទ្រង់ត្រាស់ដឹង ឃើញច្បាស់ ដោយប្រាជ្ញាមែន ម្នាលមល្លិកា នាងចូរមកអាយ ចូរនាងឲ្យនូវទឹក សម្រាប់​លាងជំរះ (ដល់អញ)។ តពីនោះមក ព្រះបាទបសេនទិកោសល ក្រោកអំពីអាសនៈ ធ្វើ​សំពត់ឧត្តរាសង្គៈ ឆៀងព្រះអង្សាម្ខាង ប្រណម្យ​អញ្ជលី ឆ្ពោះត្រង់ទី​ព្រះមានព្រះភាគ​គង់ បន្លឺនូវឧទានអស់វារៈ​៣ដងថា

ខ្ញុំសូមថ្វាយបង្គំ ចំពោះ​ព្រះភគវន្ត អរហន្តសម្មាសម្ពុទ្ធ អង្គនោះ ខ្ញុំសូម​ថ្វាយបង្គំ​។បេ។ ព្រះសម្មាសម្ពុទ្ធអង្គនោះ។

ចប់ បិយជាតិកសូត្រ ជាគំរប់៧។

 

លេខយោង

1)
ពាក្យនេះ គហបតីនោះ អួតខ្លួន ឬលើកខ្លួនថា យល់ត្រូវជាងព្រះបរមគ្រូ។
km/tipitaka/sut/mn/sut.mn.087.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann