តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មជ្ឈិមបណ្ណាសក » រាជវគ្គ »
ព្រះបាទបសេនទិកោសល ចូលទៅថ្វាយបង្គំព្រះអានន្ទ រួចទើបទូលសួរនូវ សំនួរអំពី កាយសមាចារ វចីសមាចារ មនោសមាចារ ដែលប្រកប ដោយកុសល និងប្រកបដោយអកុសល គួរលះបង់និងប្រារព្ធ។
mn 088 បាលី cs-km: sut.mn.088 អដ្ឋកថា: sut.mn.088_att PTS: ?
(ទី៨) ពាហិតិយសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៨. ពាហិតិកសុត្តំ)
[៣១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះអានន្ទមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ដល់ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏ចូលទៅឯប្រាសាទ ឈ្មោះបុព្វារាម ជារបស់មិគារមាតា ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ។
[៣១១] សម័យនោះឯង ព្រះបាទបសេនទិកោសល ទ្រង់ឡើងគង់ព្រះទីនាំងនាគេន្ទ្រ ឈ្មោះឯកបុណ្ឌរីកៈ បរទៅក្នុងក្រុងសាវត្ថីទាំងថ្ងៃ។ ព្រះបាទបសេនទិកោសល ទ្រង់ទតឃើញព្រះអានន្ទមានអាយុ កំពុងនិមន្តមកអំពីចម្ងាយ លុះឃើញហើយ ទ្រង់ត្រាស់ទៅនឹងមហាមាត្រឈ្មោះសិរីវឌ្ឍៈថា ម្នាលសិរីវឌ្ឍៈសំឡាញ់ នុ៎ះព្រះអានន្ទមានអាយុរបស់យើងឬ។ សិរីវឌ្ឍៈមហាមាត្រ ក្រាបបង្គំទូលថា ព្រះករុណាវិសេសមហារាជ នុ៎ះហើយព្រះអានន្ទមានអាយុ។ គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់ត្រាស់ហៅបុរសម្នាក់មកថា ម្នាលបុរសអើយ ចូរឯងមកអាយ ឯងចូរទៅ ឯព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំព្រះបាទ នៃព្រះអានន្ទមានអាយុដោយក្បាល តាមពាក្យរបស់អញថា បពិត្រលោកដ៏ចំរើន ព្រះបាទបសេនទិកោសល សូមថ្វាយបង្គំព្រះបាទ នៃព្រះអានន្ទមានអាយុ ដោយសិរ្សៈ រួចហើយ ចូរពោលយ៉ាងនេះ តទៅទៀតថា បពិត្រលោកដ៏ចំរើន បើព្រះអានន្ទមិនមានកិច្ចណាមួយ ដែលគួរធ្វើដោយប្រញាប់ទេ បពិត្រលោកដ៏ចំរើន សូមព្រះអានន្ទ អនុគ្រោះរង់ចាំ មួយរំពេចសិន។ បុរសនោះ ទទួលព្រះរាជឱង្ការព្រះបាទបសេនទិកោសលថា ព្រះករុណាវិសេស ព្រះសម្មតិទេព ហើយចូលទៅរកព្រះអានន្ទមានអាយុ ត្រង់កន្លែងដែលលោកគង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះអានន្ទមានអាយុ ដោយគោរព ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះបុរសនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យនេះ នឹងព្រះអានន្ទមានអាយុថា បពិត្រលោកដ៏ចំរើន ព្រះបាទបសេនទិកោសល សូមថ្វាយបង្គំព្រះបាទ នៃព្រះអានន្ទមានអាយុ ដោយសិរ្សៈ បពិត្រលោកដ៏ចំរើន បើព្រះអានន្ទមានអាយុ មិនមានកិច្ចណាមួយ ដែលត្រូវធ្វើដោយប្រញាប់ទេ បពិត្រលោកដ៏ចំរើន សូមព្រះអានន្ទមានអាយុ អនុគ្រោះរង់ចាំមួយរំពេចសិន។ ព្រះអានន្ទមានអាយុ ក៏ទទួលនិមន្តដោយតុណ្ហីភាព។
[៣១២] គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់ព្រះរាជដំណើរទៅដរាប ដល់អស់ទី ដែលដំរីគួរទៅបាន ហើយចុះអំពីព្រះទីនាំងនាគេន្ទ្រ យាងទៅដោយព្រះបាទា ចូលទៅត្រង់ទី ដែលព្រះអានន្ទមានអាយុ គង់នៅ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះអានន្ទមានអាយុ ដោយគោរព ហើយគង់នៅក្នុងទីដ៏សមគួរ។ លុះព្រះបាទបសេនទិកោសល ទ្រង់គង់ក្នុងទីដ៏សមគួរហើយ ទ្រង់ត្រាស់ពាក្យនេះ ទៅរកព្រះអានន្ទមានអាយុថា បពិត្រលោកដ៏ចំរើន បើព្រះអានន្ទមានអាយុ មិនមានកិច្ចណាមួយ ដែលគួរធ្វើដោយប្រញាប់ទេ បពិត្រលោកដ៏ចំរើន សូមព្រះអានន្ទមានអាយុ អនុគ្រោះ និមន្តទៅគង់ឆ្នេរស្ទឹងអចិរវតី។ ព្រះអានន្ទមានអាយុ ក៏ទទួលនិមន្តដោយតុណ្ហីភាព។ លំដាប់នោះ ព្រះអានន្ទមានអាយុ និមន្តចូលទៅឯឆ្នេរស្ទឹងអចិរវតី លុះចូលទៅដល់ហើយ ទៅគង់លើអាសនៈ ដែលគេក្រាលបម្រុងទុក ក្រោមម្លប់ឈើមួយដើម។ គ្រានោះឯង ព្រះបាទបសេនទិកោសល ទ្រង់ព្រះរាជដំណើរទៅ ដោយព្រះទីនាំងនាគេន្ទ្រ ដរាបដល់ទី ដែលគួរដំរីទៅបាន ហើយទ្រង់ចុះ អំពីព្រះទីនាំងនាគេន្ទ្រ ស្តេចទៅដោយព្រះបាទា ចូលទៅត្រង់ទី ដែលព្រះអានន្ទមានអាយុ គង់នៅ លុះចូលទៅដល់ហើយ ទើបថ្វាយបង្គំព្រះអានន្ទមានអាយុ ដោយគោរព ហើយគង់នៅ ក្នុងទីដ៏សមគួរ។ លុះព្រះបាទបសេនទិកោសល ទ្រង់គង់នៅ ក្នុងទីដ៏សមគួរហើយ ទ្រង់ត្រាស់ពាក្យនេះ ទៅរកព្រះអានន្ទមានអាយុថា បពិត្រលោកដ៏ចំរើន សូមព្រះអានន្ទមានអាយុ និមន្តគង់លើកម្រាលទីនាំងដំរីនេះចុះ។ ព្រះអានន្ទមានអាយុតបថា ថ្វាយព្រះពរមហារាជ សូមព្រះអង្គគង់ចុះ អាត្មាអញ អង្គុយលើអាសនៈរបស់ខ្លួនបានហើយ។ ព្រះបាទបសេនទិកោសល ទ្រង់គង់លើអាសនៈ ដែលគេក្រាលបម្រុងទុក។
[៣១៣] លុះព្រះបាទបសេនទិកោសល គង់ស៊ប់ហើយ ទ្រង់ត្រាស់ពាក្យនេះ នឹងព្រះអានន្ទមានអាយុថា បពិត្រព្រះអានន្ទដ៏ចំរើន កាយសមាចារ (ការប្រព្រឹត្តិល្អដោយកាយ) ណា ដែលគួរឲ្យពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ពោលទោសបាន តើព្រះមានព្រះភាគ អង្គនោះ ប្រព្រឹត្តកាយសមាចារ មានសភាពដូច្នោះ ដែរឬទេ។ ព្រះអានន្ទតបថា បពិត្រមហារាជ កាយសមាចារណា ដែលគួរឲ្យពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ពោលទោសបាន ព្រះមានព្រះភាគ អង្គនោះ ព្រះអង្គ មិនប្រព្រឹត្តកាយសមាចារ មានសភាពដូច្នោះទេ។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះព្រះមានព្រះភាគ អង្គនោះ ព្រះអង្គប្រព្រឹត្តវចីសមាចារ (ការប្រព្រឹត្តិល្អដោយវាចា) មានសភាពដូច្នោះដែរឬទេ។ មនោសមាចារ (ការប្រព្រឹត្តិល្អដោយចិត្ត) ណា ដែលគួរឲ្យពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ពោលទោសបាន ព្រះអង្គ ប្រព្រឹត្តមនោសមាចារ មានសភាពដូច្នោះ ដែរឬទេ។ បពិត្រមហារាជ មនោសមាចារណា ដែលគួរឲ្យពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ពោលទោសបាន ព្រះមានព្រះភាគ អង្គនោះ ព្រះអង្គ មិនប្រព្រឹត្តមនោសមាចារ មានសភាពដូច្នោះទេ។
[៣១៤] ព្រះរាជាត្រាស់ថា បពិត្រលោកដ៏ចំរើន អស្ចារ្យណាស់ បពិត្រលោកដ៏ចំរើន ចំឡែកណាស់ បពិត្រលោកដ៏ចំរើន ព្រោះថា យើងខ្ញុំមិនអាចនឹងបំពេញនូវពាក្យណា ដោយប្រស្នាបាន បពិត្រលោកដ៏ចំរើន ពាក្យនោះ ក្រែងតែព្រះអានន្ទមានអាយុ ទើបអាចនឹងបំពេញ ដោយការដោះស្រាយ នូវប្រស្នាបាន បពិត្រលោកដ៏ចំរើន ពួកបុគ្គលពាល ដែលមិនឈ្លាសវៃ មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយពោលនូវគុណ និងទោស របស់បុគ្គលទាំងឡាយដទៃ យើងខ្ញុំមិនប្រកាន់យកពាក្យនោះ (របស់បុគ្គលទាំងឡាយនោះ)ថា មានខ្លឹមសារទេ បពិត្រលោកដ៏ចំរើន បើបុគ្គលណា ឈ្លាស វាងវៃ ជាអ្នកប្រាជ្ញ បានពិចារណា បានស្ទាបស្ទង់មើលហើយ ពោលនូវគុណ និងទោស របស់បុគ្គលទាំងឡាយដទៃ យើងខ្ញុំប្រកាន់យកពាក្យនោះ (របស់បុគ្គលទាំងឡាយនោះ) ថាមានខ្លឹមសារ បពិត្រព្រះអានន្ទដ៏ចំរើន ចុះកាយសមាចារ ដែលពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញពោលទោសបាន តើដូចម្តេច។ ព្រះអានន្ទតបថា បពិត្រមហារាជ កាយសមាចារ ដែលជាអកុសល។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះកាយសមាចារ ដែលជាអកុសល តើដូចម្តេច។ បពិត្រមហារាជ កាយសមាចារ ដែលប្រកបដោយទោស។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះកាយសមាចារ ដែលប្រកបដោយទោស តើដូចម្តេច។ បពិត្រមហារាជ កាយសមាចារ ដែលប្រកបដោយសេចក្តីបៀតបៀន។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះកាយសមាចារ ដែលប្រកបដោយសេចក្តីបៀតបៀន តើដូចម្តេច។ បពិត្រមហារាជ កាយសមាចារ ដែលមានសេចក្តីទុក្ខ ជាផល។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះកាយសមាចារ ដែលមានសេចក្តីទុក្ខជាផល តើដូចម្តេច។ បពិត្រមហារាជ កាយសមាចារណា ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរ គឺខ្លួនឯង និងបុគ្គលដទៃផង អកុសលធម៌ទាំងឡាយ របស់បុគ្គលនោះ រមែងចំរើន កុសលធម៌ទាំងឡាយ រមែងសាបសូន្យទៅ បពិត្រមហារាជ កាយសមាចារ មានសភាពដូច្នេះ ដែលគួរឲ្យពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញពោលទោសបាន។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះវចីសមាចារ។បេ។ មនោសមាចារ ដែលគួរឲ្យពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ពោលទោសបាន តើដូចម្តេច។ បពិត្រមហារាជ មនោសមាចារ ជាអកុសល។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះមនោសមាចារ ជាអកុសល តើដូចម្តេច។ បពិត្រមហារាជ មនោសមាចារ ដែលប្រកបដោយទោស។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះមនោសមាចារ ដែលប្រកបដោយទោស តើដូចម្តេច។ បពិត្រមហារាជ មនោសមាចារ ដែលប្រកបដោយសេចក្តីបៀតបៀន។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះមនោសមាចារ ដែលប្រកបដោយសេចក្តីបៀតបៀន តើដូចម្តេច។ បពិត្រមហារាជ មនោសមាចារ ដែលមានសេចក្តីទុក្ខ ជាផល។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះមនោសមាចារ ដែលមានសេចក្តីទុក្ខជាផល តើដូចម្តេច។ បពិត្រមហារាជ មនោសមាចារណា ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរផង អកុសលធម៌ទាំងឡាយ របស់បុគ្គលនោះ រមែងចំរើនឡើង កុសលធម៌ទាំងឡាយ រមែងសាបសូន្យទៅ បពិត្រមហារាជ មនោសមាចារ មានសភាពដូច្នេះឯង ដែលគួរឲ្យពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ពោលទោសបាន។
[៣១៥] ព្រះរាជាត្រាស់ថា បពិត្រព្រះអានន្ទដ៏ចំរើន ចុះព្រះមានព្រះភាគអង្គនោះ គ្រាន់តែពោលសរសើរនូវការលះបង់នូវអកុសលធម៌ទាំងឡាយ ទាំងអស់ តែម្យ៉ាងឬ។ ព្រះអានន្ទថ្វាយព្រះពរថា បពិត្រមហារាជ ព្រះតថាគត ទ្រង់លះបង់នូវអកុសលធម៌ទាំងឡាយទាំងអស់ហើយ ទ្រង់ប្រកបដោយកុសលធម៌តែម្យ៉ាង។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះកាយសមាចារ ដែលគួរឲ្យពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ពោលទោសមិនបាន តើដូចម្តេច។ បពិត្រមហារាជ កាយសមាចារ ជាកុសល។ បពិត្រលោកដ៏ចំរើន ចុះកាយសមាចារ ជាកុសល តើដូចម្តេច។ បពិត្រមហារាជ កាយសមាចារ មិនមានទោស។ បពិត្រលោកដ៏ចំរើន ចុះកាយសមាចារ មិនមានទោស តើដូចម្តេច។ បពិត្រមហារាជ កាយសមាចារ មិនមានសេចក្តីបៀតបៀន។ បពិត្រលោកដ៏ចំរើន ចុះកាយសមាចារ មិនមានសេចក្តីបៀតបៀន តើដូចម្តេច។ បពិត្រមហារាជ កាយសមាចារ មានសេចក្តីសុខជាផល។ បពិត្រលោកដ៏ចំរើន ចុះកាយសមាចារ មានសេចក្តីសុខជាផល តើដូចម្តេច។ បពិត្រមហារាជ កាយសមាចារ មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរផង អកុសលធម៌ទាំងឡាយ របស់បុគ្គលនោះ រមែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ រមែងចំរើនឡើង បពិត្រមហារាជ កាយសមាចារ មានសភាពដូច្នេះឯង ដែលគួរឲ្យពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ពោលទោសមិនបាន។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះវចីសមាចារ។បេ។ មនោសមាចារ ដែលពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ពោលទោសមិនបាន តើដូចម្តេច។ បពិត្រមហារាជ មនោសមាចារ ជាកុសល។ បពិត្រលោកដ៏ចំរើន ចុះមនោសមាចារ ជាកុសល តើដូចម្តេច។ បពិត្រមហារាជ មនោសមាចារ មិនមានទោស។ បពិត្រលោកដ៏ចំរើន មនោសមាចារ មិនមានទោស តើដូចម្តេច។ បពិត្រមហារាជ មនោសមាចារ មិនមានសេចក្តីបៀតបៀន។ បពិត្រលោកដ៏ចំរើន ចុះមនោសមាចារ មិនមានសេចក្តីបៀតបៀន តើដូចម្តេច។ បពិត្រមហារាជ មនោសមាចារ មានសេចក្តីសុខជាផល។ បពិត្រលោកដ៏ចំរើន ចុះមនោសមាចារ មានសេចក្តីសុខជាផល តើដូចម្តេច។ បពិត្រមហារាជ មនោសមាចារ មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរផង អកុសលធម៌ទាំងឡាយ របស់បុគ្គលនោះ រមែងសាបសូន្យ កុសលធម៌ទាំងឡាយ រមែងចំរើនឡើង បពិត្រមហារាជ មនោសមាចារ មានសភាពដូច្នេះឯង ដែលគួរឲ្យពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ពោលទោសមិនបាន។
[៣១៦] ព្រះបាទបសេនទិកោសល ត្រាស់ថា បពិត្រព្រះអានន្ទដ៏ចំរើន ចុះព្រះមានព្រះភាគ អង្គនោះ គ្រាន់តែពោលសរសើរ នូវការបំពេញកុសលធម៌ទាំងអស់ តែម្យ៉ាងឬ។ ព្រះអានន្ទថ្វាយព្រះពរថា បពិត្រមហារាជ ព្រះតថាគត ទ្រង់លះបង់នូវអកុសលធម៌ទាំងអស់ ហើយទ្រង់ប្រកបដោយកុសលធម៌តែម្យ៉ាង។
[៣១៧] បពិត្រលោកដ៏ចំរើន អស្ចារ្យណាស់ បពិត្រលោកដ៏ចំរើន ចំឡែកណាស់ បពិត្រលោកដ៏ចំរើន ពាក្យនេះពេញជាសុភាសិត ដែលព្រះអានន្ទមានអាយុ ពោលហើយ បពិត្រលោកដ៏ចំរើន ម្យ៉ាងទៀត យើងខ្ញុំ ជាអ្នកត្រេកអរពេញចិត្ត ដោយសុភាសិត របស់ព្រះអានន្ទមានអាយុនេះពេកណាស់ បពិត្រលោកដ៏ចំរើន លុះយើងខ្ញុំ ជាអ្នកត្រេកអរ ពេញចិត្ត ដោយសុភាសិត របស់ព្រះអានន្ទមានអាយុ យ៉ាងនេះហើយ បពិត្រលោកដ៏ចំរើន ប្រសិនបើ ហត្ថិរតន៍ គួរដល់ព្រះអានន្ទមានអាយុ យើងនឹងប្រគេនហត្ថិរតន៍ ដល់ព្រះអានន្ទមានអាយុ បពិត្រលោកដ៏ចំរើន ប្រសិនបើ អស្សរតន៍ គួរដល់ព្រះអានន្ទមានអាយុ យើងនឹងប្រគេនអស្សរតន៍ ដល់ព្រះអានន្ទមានអាយុ បពិត្រលោកដ៏ចំរើន ប្រសិនបើ ស្រុកសួយ គួរដល់ព្រះអានន្ទមានអាយុ យើងនឹងប្រគេនស្រុកសួយ ដល់ព្រះអានន្ទមានអាយុ បពិត្រលោកដ៏ចំរើន ប៉ុន្តែយើងខ្ញុំ បានដឹងហេតុនេះថា វត្ថុ មានហត្ថិរតន៍ ជាដើមនេះ មិនគួរដល់ព្រះអានន្ទមានអាយុទេ បពិត្រលោកដ៏ចំរើន មានតែសំពត់ពាហិតិកា1) របស់ខ្ញុំនេះ មានបណ្តោយ១៦ហត្ថ ទទឹង៨ហត្ថ ដែលព្រះបាទមគធអជាតសត្តុវេទេហីបុត្ត ដាក់ក្នុងស្រោមឆ័ត្រ ហើយផ្ញើមកឲ្យខ្ញុំ បពិត្រលោកដ៏ចំរើន សូមព្រះអានន្ទមានអាយុ ទទួលយកនូវសំពត់នោះ ដើម្បីសេចក្តីអនុគ្រោះដល់ខ្ញុំ។ ព្រះអានន្ទតបថា ថ្វាយព្រះពរមហារាជ ត្រៃចីវររបស់អាត្មាភាព គ្រប់គ្រាន់ហើយ។
[៣១៨] ព្រះរាជាត្រាស់ថា បពិត្រលោកដ៏ចំរើន ស្ទឹងអចិរវតីនេះ ព្រះអានន្ទមានអាយុក្តី យើងខ្ញុំក្តី បានឃើញស្រាប់ហើយ មហាមេឃ ដែលបង្អុរភ្លៀងចុះមកខាងលើភ្នំ កាលបើយ៉ាងនេះ ស្ទឹងអចិរវតីនេះ ក៏នឹងហូរហៀរទឹក ទៅកាន់មាត់ច្រាំងទាំងពីរខាង យ៉ាងណាមិញ បពិត្រលោកដ៏ចំរើន ព្រះអានន្ទមានអាយុ នឹងធ្វើនូវត្រៃចីវរ របស់ខ្លួន ដោយសំពត់ពាហិតិកានេះ ចំណែកត្រៃចីវរណា ដែលជាចីវរចាស់ របស់ព្រះអានន្ទមានអាយុ ព្រះអានន្ទ នឹងចែករំលែកត្រៃចីវរចាស់នោះ ឲ្យដល់ពួកសព្រហ្មចារី ក៏យ៉ាងនោះដែរ កាលបើមានការណ៍យ៉ាងនេះ ទក្ខិណាទាន របស់យើងខ្ញុំនេះ ទំនងជានឹងហូរហៀរទៅបាន បពិត្រលោកម្ចាស់ដ៏ចំរើន សូមព្រះអានន្ទមានអាយុ ទទួលយកនូវសំពត់ពាហិតិកាចុះ។ ព្រះអានន្ទមានអាយុ ក៏ទទួលយកសំពត់ពាហិតិកា។ លំដាប់នោះ ព្រះបាទបសេនទិកោសល បានត្រាស់ពាក្យនេះ ទៅរកព្រះអានន្ទមានអាយុថា បពិត្រព្រះអានន្ទដ៏ចំរើន យើងខ្ញុំត្រឡប់ទៅឥឡូវនេះហើយ ព្រោះយើងខ្ញុំ មានកិច្ចច្រើន មានការរវល់ច្រើន។ ព្រះអានន្ទថ្វាយព្រះពរថា បពិត្រមហារាជ សូមមហាបពិត្រ សំគាល់កាលដ៏គួរ ក្នុងកាលឥឡូវនេះចុះ។ គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់ត្រេកអរ នឹងភាសិត របស់ព្រះអានន្ទមានអាយុ ហើយក្រោកអំពីអាសនៈ ថ្វាយបង្គំលាព្រះអានន្ទមានអាយុ ដោយគោរព ធ្វើប្រទក្សិណ រួចចៀសចេញទៅ។
[៣១៩] គ្រាកាលដែលព្រះបាទបសេនទិកោសល ទ្រង់ចៀសចេញទៅ មិនយូរប៉ុន្មាន ទើបព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ដោយគោរព ហើយគង់នៅក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលកថាសល្លាបៈ ដែលលោកចរចា ជាមួយនឹងព្រះបាទបសេនទិកោសល ទាំងប៉ុន្មាន ដល់ព្រះមានព្រះភាគទាំងអស់ រួចថ្វាយសំពត់ពាហិតិកានោះ ទៅព្រះមានព្រះភាគ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ព្រះបាទបសេនទិកោសល ឈ្មោះថា មានលាភហើយ ម្នាលភិក្ខុទាំងឡាយ អត្តភាពជាមនុស្ស ព្រះបាទបសេនទិកោសល ឈ្មោះថា បានដោយប្រពៃហើយ ព្រោះហេតុដែលព្រះបាទបសេនទិកោសល ទ្រង់បានជួបអានន្ទ ទ្រង់បានចូលទៅជិតអានន្ទ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងឡាយ មានចិត្តត្រេកអរ រីករាយចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ ពាហិតិយសូត្រ ទី៨។