តិបិដក (មូល) » សុត្តបិដក » មជ្ឈិមនិកាយ » មជ្ឈិមបណ្ណាសក » រាជវគ្គ »
ព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ រួចទ្រង់សំដែងនូវពាក្យ ជាធម្មភាសិត ដែលធ្វើនូវសេចចក្ដីគោរព ក្នុងធម៌ទាំងឡាយ ដ៏ប្រកបដោយប្រយោជន៍ ជាអាទិព្រហ្មចរិយកៈ របស់អរិយសាវក ក្នុងសំណាក់ព្រះមានព្រះភាគ។
mn 089 បាលី cs-km: sut.mn.089 អដ្ឋកថា: sut.mn.089_att PTS: ?
(ទី៩) ធម្មចេតិយសូត្រ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា
ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសក សុខវិបុល
sut.mn.089.aac
(៩. ធម្មចេតិយសុត្តំ)
[៣២០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងមេទឡុបនិគម1) របស់ពួកសក្យៈ ក្នុងសក្កជនបទ។ សម័យនោះឯង ព្រះបាទបសេនទិកោសល ទ្រង់បានមកដល់នគរតូច ដោយកិច្ចនីមួយ។ លំដាប់នោះ ព្រះបាទបសេនទិកោសល ទ្រង់ត្រាស់បង្គាប់អាមាត្យឈ្មោះ ទីឃការាយនៈ ថា ម្នាលការាយនៈសំឡាញ់ អ្នកឯងចូរទឹមយានល្អៗ យើងនឹងទៅកាន់ទីឱទ្យាន ដើម្បីមើលទីដែលល្អ។ ទីឃការាយនាមាត្យ ទទួលព្រះរាជឱង្ការ របស់ព្រះបាទបសេនទិកោសលថា ព្រះករុណាថ្លៃវិសេស ហើយប្រើបុរសឲ្យទឹមយានល្អៗស្រេចហើយ ត្រឡប់មកក្រាបបង្គំទូលព្រះបាទបសេនទិកោសលថា បពិត្រព្រះសម្មតិទេព យានល្អៗ បានទឹមរួចស្រេចហើយ សូមព្រះអង្គ សំគាល់កាលដ៏សមគួរ ក្នុងកាលឥឡូវនេះ។
[៣២១] លំដាប់នោះ ព្រះបាទបសេនទិកោសល ទ្រង់ឡើងកាន់យានដ៏ល្អ ទ្រង់ព្រះរាជដំណើរទៅដោយយានល្អៗ ឆ្ពោះទៅកាន់សួនច្បារ ដោយអានុភាពជាស្តេចធំ ស្តេចទៅដោយយាន ដរាបដល់ទី ដែលគួរបរយានទៅបាន ទើបទ្រង់ចុះអំពីយាន ស្តេចទៅដោយព្រះបាទ ចូលទៅកាន់សួនច្បារ។ ព្រះបាទបសេនទិកោសល ទ្រង់យាងចង្ក្រមទៅមកក្នុងសួនច្បារបន្តិច ដើម្បីសម្រាកព្រះជង្ឃា បានទតឃើញម្លប់ឈើទាំងឡាយ នាំមកនូវសេចក្តីជ្រះថ្លា គួរជាទីជ្រះថ្លា មានសំឡេងតិចៗ ឥតមានសំឡេងគឹកកង ប្រាសចាកខ្យល់បក់មក អំពីសរីរៈនៃមនុស្ស គួរជាទីធ្វើការសម្ងាត់នៃមនុស្ស ជាទីគួរដល់វិវេកក្នុងវេលាយប់ លុះឃើញហើយ ក៏មានបីតិកើតឡើង ប្រារព្ធចំពោះព្រះមានព្រះភាគថា ម្លប់ឈើទាំងនេះ នាំមកនូវសេចក្តីជ្រះថ្លា គួរជាទីជ្រះថ្លា មានសំឡេងតិចៗ ឥតមានសំឡេងគឹកកង ប្រាសចាកខ្យល់បក់មក អំពីសរីរៈនៃមនុស្ស គួរជាទីធ្វើការសម្ងាត់នៃមនុស្ស ជាទីគួរដល់វិវេកក្នុងវេលាយប់ ដូចជាទីដែលយើងធ្លាប់ចូលទៅគាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះដែរ។ ទើបព្រះបាទបសេនទិកោសល ទ្រង់ត្រាស់ទៅនឹងទីឃការាយនាមាត្យថា ម្នាលការាយនៈសំឡាញ់ ម្លប់ឈើទាំងឡាយនេះ នាំមកនូវសេចក្តីជ្រះថ្លា គួរជាទីជ្រះថ្លា មានសំឡេងតិចៗ ឥតមានសំឡេងគឹកកង ប្រាសចាកខ្យល់បក់មក អំពីសរីរៈនៃមនុស្ស គួរជាទីធ្វើការសម្ងាត់នៃមនុស្ស ជាទីគួរដល់វិវេកក្នុងវេលាយប់ ដូចជាទីដែលយើងធ្លាប់ចូលទៅគាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធដែរ ម្នាលការាយនៈសំឡាញ់ ចុះឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ព្រះអង្គគង់ក្នុងទីណា។ ទីឃការាយនាមាត្យ ក្រាបបង្គំទូលតបថា បពិត្រមហារាជ ឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ គង់នៅក្នុងមេទឡុបនិគមរបស់ពួកសក្យៈ។ ព្រះរាជាត្រាស់ថា ម្នាលការាយនៈសំឡាញ់ ចុះមេទឡុបនិគមរបស់ពួកសក្យៈ ទៅអំពីនគរតូចនេះទៅ តើចម្ងាយប៉ុន្មាន។ ទីឃការាយនាមាត្យក្រាបបង្គំទូលតបថា បពិត្រមហារាជ មិនជាឆ្ងាយណាស់ណាទេ ប្រហែលជា៣យោជន៍ប៉ុណ្ណោះ ព្រះអង្គអាចស្តេចទៅដល់ មិនពេញមួយថ្ងៃទេ។ ព្រះរាជាត្រាស់ថា ម្នាលការាយនៈសំឡាញ់ បើដូច្នោះ អ្នកឯងចូរទឹមយានល្អៗ យើងនឹងទៅដើម្បីគាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ។ ទីឃការាយនាមាត្យ ទទួលយកព្រះរាជឱង្ការ របស់ព្រះបាទបសេនទិកោសលថា ព្រះករុណាថ្លៃវិសេស រួចប្រើគេឲ្យទឹមយានល្អៗស្រេចហើយ ក្រាបបង្គំទូលព្រះបាទបសេនទិកោសលថា បពិត្រព្រះសម្មតិទេព យានល្អៗ បានទឹមបម្រុងព្រះអង្គរួចស្រេចហើយ សូមព្រះអង្គសំគាល់នូវកាលដ៏គួរ ក្នុងកាលឥឡូវនេះចុះ។
[៣២២] គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់ឡើងកាន់យានដ៏ល្អហើយ ស្តេចចេញអំពីនគរតូច ទៅដោយយានល្អៗ បរសំដៅទៅត្រង់មេទឡុបនិគម របស់ពួកសក្យៈ ទៅមិនពេញ១ថ្ងៃប៉ុណ្ណោះឯង ក៏បានដល់ទៅមេទឡុបនិគម របស់ពួកសក្យៈ ហើយឆ្ពោះទៅកាន់សួនច្បារ ទ្រង់យាងទៅដោយយាន ដរាបដល់ទីដែលគួរបរយានទៅបាន ហើយទ្រង់ចុះអំពីយាន ស្តេចទៅដោយព្រះបាទ ចូលទៅកាន់សួនច្បារ។ សម័យនោះឯង ពួកភិក្ខុច្រើនរូបកំពុងចង្ក្រមក្នុងទីវាល។ លំដាប់នោះ ព្រះបាទបសេនទិកោសល ចូលសំដៅទៅរកភិក្ខុទាំងឡាយនោះ លុះចូលទៅដល់ហើយ មានព្រះរាជឱង្ការនេះ ទៅរកពួកភិក្ខុថា បពិត្រលោកទាំងឡាយដ៏ចំរើន ឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ ព្រះអង្គគង់ក្នុងទីណា ព្រោះយើងទាំងឡាយ ចង់ចួបនឹងព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធអង្គនោះ។ ភិក្ខុទាំងនោះ ថ្វាយព្រះពរថា បពិត្រមហារាជ វិហារនុ៎ះបិទទ្វារជិតទៅហើយ ព្រោះហេតុនោះ សូមព្រះអង្គ ធ្វើព្រះសូរសេងតិចៗ ស្តេចចូលទៅសន្សឹមៗ លុះចូលទៅដល់របៀង ធ្វើព្រះឧភាសិត (គ្រហែម) រួចគោះសន្ទះទ្វារ ព្រះមានព្រះភាគ នឹងបើកទ្វារថ្វាយព្រះអង្គ។ ទើបព្រះបាទបសេនទិកោសល ទ្រង់ហុចព្រះខាន់ និងមកុដ ឲ្យទៅទីឃការាយនាមាត្យ ក្នុងទីនោះឯង។ លំដាប់នោះ ទីឃការាយនាមាត្យ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ មហារាជទ្រង់ស្តេចចូលទៅតែមួយព្រះអង្គឯងទេ ឥឡូវនេះ គួរអាត្មាអញ នៅចាំក្នុងទីនេះចុះ។ លំដាប់នោះ ព្រះបាទបសេនទិកោសល ស្តេចចូលទៅត្រង់វិហារ ដែលមានទ្វារបិទនោះ ធ្វើព្រះសូរសេង2) តិចៗ ស្តេចចូលទៅសន្សឹមៗ លុះចូលទៅដល់របៀងហើយ ក៏ទ្រង់ធ្វើព្រះឧភាសិតហើយគោះសន្ទះទ្វារ។ ព្រះមានព្រះភាគ ក៏ទ្រង់បើកទ្វារ។ ទើបព្រះបាទបសេនទិកោសល ចូលទៅកាន់វិហារហើយ ក្រាបចុះទៀបព្រះបាទយុគល នៃព្រះមានព្រះភាគ ដោយសិរ្សៈផង ទ្រង់ព្រះចុម្ពិត (ជញ្ជក់) ព្រះបាទយុគលនៃព្រះមានព្រះភាគ ដោយព្រះឱស្ឋផង ច្របាច់ដោយព្រះហស្តទាំងឡាយផង ប្រកាសនាមផងថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជាស្តេចឈ្មោះបសេនទិកោសល បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាស្តេចឈ្មោះបសេនទិកោសល។ ព្រះមានព្រះភាគ ត្រាស់ថា បពិត្រមហារាជ ចុះមហាបពិត្រ បានឃើញនូវអំណាច នៃប្រយោជន៍ដូចម្តេច បានជាទ្រង់ធ្វើសេចក្តីឱនលំទោន យ៉ាងក្រៃលែង មានសភាពយ៉ាងនេះ ក្នុងសរីរៈនេះ ហើយសំដែង នូវការបូជា ដោយសេចក្តីរាប់អាន (ដល់ម្ល៉េះ)។
[៣២៣] ព្រះបាទបសេនទិកោសល ក្រាបបង្គំទូលតបថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានយល់ធម៌ ក្នុងសំណាក់ព្រះមានព្រះភាគថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ដឹងដោយប្រពៃ ព្រះធម៌ គឺព្រះមានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ ព្រះសង្ឃជាសាវ័ក របស់ព្រះមានព្រះភាគ ប្រតិបត្តិហើយ ដោយប្រពៃ។ បពិត្រព្រះមានព្រះភាគដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញសមណព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តព្រហ្មចរិយធម៌ មានកំណត់១០ឆ្នាំខ្លះ ២០ឆ្នាំខ្លះ ៣០ឆ្នាំខ្លះ ៤០ឆ្នាំខ្លះ។ ដុះដល់មកសម័យខាងក្រោយ ក៏ស្រាប់តែពួកសមណព្រាហ្មណ៍នោះ លាងលាបខ្លួនឲ្យស្អាត កោរសក់ ពុកមាត់ ពុកចង្កា ហើយឆ្អែតស្កប់ស្កល់មូលមិត្ត ផ្តេកផ្តិត ដោយកាមគុណទាំង៥ទៅវិញ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឃើញភិក្ខុទាំងឡាយ ក្នុងសាសនានេះ បានប្រព្រឹត្តព្រហ្មចរិយធម៌ មានជីវិតជាទីបំផុត ឲ្យបរិបូណ៌ បរិសុទ្ធ ដរាបដល់អស់ជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គពិចារណារកមើលមិនឃើញមានបុគ្គលដទៃ ខាងក្រៅព្រះពុទ្ធសាសនានេះ ប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិបូណ៌ បរិសុទ្ធយ៉ាងនេះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន នេះហើយដែលនាំឲ្យខ្ញុំព្រះអង្គ បានយល់ធម៌ ក្នុងសំណាក់ព្រះមានព្រះភាគថា ព្រះមានព្រះភាគត្រាស់ដឹង ដោយប្រពៃ ព្រះធម៌ គឺព្រះមានព្រះភាគ ត្រាស់សំដែងហើយ ដោយប្រពៃ ព្រះសង្ឃ ជាសាវ័ក នៃព្រះមានព្រះភាគ ប្រតិបត្តិហើយ ដោយប្រពៃ។
[៣២៤] បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត ច្រើនមានតែពួកព្រះរាជា ទាស់ទែងគ្នា នឹងពួកព្រះរាជាក៏មាន ពួកក្សត្រទាស់ទែងគ្នានឹងពួកក្សត្រក៏មាន ពួកព្រាហ្មណ៍ ទាស់ទែងគ្នានឹងពួកព្រាហ្មណ៍ក៏មាន ពួកគហបតី ទាស់ទែងគ្នា នឹងពួកគហបតីក៏មាន មាតាទាស់ទែងនឹងបុត្រក៏មាន បុត្រទាស់ទែងនឹងមាតាក៏មាន បិតាទាស់ទែងនឹងបុត្រក៏មាន បុត្រទាស់ទែងនឹងបិតាក៏មាន បងប្អូនប្រុសទាស់ទែងនឹងបងប្អូនស្រីក៏មាន បងប្អូនស្រីទាស់ទែងនឹងបងប្អូនប្រុសក៏មាន សំឡាញ់ទាស់ទែងនឹងសំឡាញ់ក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គឃើញតែពួកភិក្ខុក្នុងសាសនានេះហើយ ដែលមានសេចក្តីព្រមព្រៀង ស្រស់ស្រាយ មិនទាន់ទែងគ្នា ដូចជាទឹកដែលលាយដោយទឹកដោះស្រស់ សំឡឹងមៀងមើលគ្នា នឹងគ្នាដោយចក្ខុជាទីស្រឡាញ់។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ពិចារណារកមើល មិនឃើញមានបរិស័ទឯទៀត ខាងក្រៅព្រះពុទ្ធសាសនានេះ ឲ្យមានសេចក្តីព្រមព្រៀងគ្នា យ៉ាងនេះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន នេះហើយដែលនាំឲ្យខ្ញុំព្រះអង្គ មានសេចក្តីយល់ធម៌ ក្នុងសំណាក់ព្រះមានព្រះភាគថា ព្រះមានព្រះភាគ ព្រះអង្គត្រាស់ដឹង ដោយប្រពៃ ព្រះធម៌គឺព្រះមានព្រះភាគ ត្រាស់សំដែងហើយ ដោយប្រពៃ ព្រះសង្ឃ ជាសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិហើយ ដោយប្រពៃ។
[៣២៥] បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត ខ្ញុំព្រះអង្គដើរក្រឡឹងមើលអំពីសួនច្បារ១ ទៅសួនច្បារ១ អំពីឱទ្យាន១ ទៅឱទ្យាន១ ឃើញសមណព្រាហ្មណ៍ពួកមួយក្នុងទីនោះ ស្គាំងស្គម សៅហ្មង អាប់សម្បុរ កើតរោគលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ មិនទំនងឲ្យពួកជនរមិលមើលជាប់ភ្នែកបាន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ យ៉ាងនេះថា លោកមានអាយុទាំងនេះ ទំនងជាប្រព្រឹត្តព្រហ្មចរិយធម៌ទាំងមិនត្រេកអរ ពុំនោះសោត លោកមានអាយុទាំងនោះ ធ្វើបាបកម្មណាមួយ ដ៏កំបាំង បានជាលោកមានអាយុទាំងនេះ ស្គម សៅហ្មង អាប់សម្បុរ កើតរោគលឿងស្លេកស្លាំង មានខ្លួនរវាម ដោយសរសៃ មិនទំនងឲ្យជាប់ភ្នែក ដល់ជនអ្នកមើល។ ខ្ញុំព្រះអង្គ ក៏ចូលទៅរកពួកសមណព្រាហ្មណ៍ទាំងនោះ ហើយនិយាយយ៉ាងនេះថា ដូចម្តេច បានជាលោកមានអាយុទាំងឡាយ ស្គម សៅហ្មង អាប់សម្បុរ កើតរោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ មិនទំនងឲ្យជាប់ភ្នែក ដល់ជនអ្នកមើលដូច្នេះ។ សមណព្រាហ្មណ៍ទាំងនោះ និយាយយ៉ាងនេះថា បពិត្រមហារាជ យើងទាំងឡាយ មានរោគជាប់តាមពូជមក។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គឃើញពួកភិក្ខុក្នុងសាសនានេះ មានចិត្តរីករាយក្រៃពេក មានចិត្តខ្ពស់បំផុត មានសភាពត្រេកអរក្រៃពេក មានឥន្ទ្រិយពេញលេញ មានសេចក្តីខ្វល់ខ្វាយតិច មានរោមសម្លបហើយ ចិញ្ចឹមជីវិតដោយសារទានរបស់អ្នកដទៃ មានចិត្តមានសភាពដូចជាម្រឹគ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា លោកមានអាយុទាំងឡាយនេះ ដឹងនូវគុណវិសេសដទៃក្រៃលែង ជាងកាលមុន ក្នុងសាសនា របស់ព្រះមានបុណ្យនោះ ដោយពិតហើយ បានជាលោកមានអាយុទាំងនេះ មានចិត្តរីករាយក្រៃពេក មានចិត្តខ្ពស់បំផុត មានសភាពត្រេកអរក្រៃពេក មានឥន្ទ្រិយពេញលេញ មានសេចក្តីខ្វល់ខ្វាយតិច មានរោមសម្លបហើយ ចិញ្ចឹមជីវិតដោយទានរបស់អ្នកដទៃ មានចិត្តមានសភាពដូចជាម្រឹគ។ បពិត្រព្រះអង្គដ៏ចំរើន នេះឯងដែលនាំឲ្យខ្ញុំព្រះអង្គ បានយល់ធម៌ ក្នុងសំណាក់ព្រះមានព្រះភាគថា ព្រះមានព្រះភាគ ត្រាស់ដឹងដោយប្រពៃមែន ព្រះធម៌ ព្រះមានព្រះភាគ សំដែងហើយដោយប្រពៃមែន ព្រះសង្ឃជាសាវ័ក របស់ព្រះមានព្រះភាគ ប្រតិបត្តិហើយ ដោយប្រពៃមែន។
[៣២៦] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ខ្ញុំព្រះអង្គជារាជា ជាក្សត្រិយ៍បានមុទ្ធាភិសេកហើយ ល្មមសម្លាប់មនុស្ស ដែលគួរសម្លាប់ក៏បាន មនុស្សគួរចំរើន ក៏ឲ្យចំរើនបាន មនុស្សគួរបណ្តេញ ក៏ឲ្យបណ្តេញបាន។ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គនោះ កំពុងអង្គុយ ក្នុងរោងសម្រាប់កាត់ក្តី ហើយមានពួកជន ហ៊ាននិយាយស្ទាក់សំដី ត្រង់ពាក់កណ្តាល ខ្ញុំព្រះអង្គនោះ ក៏បាននិយាយឃាត់ថា អ្នកដ៏ចំរើនទាំងឡាយ កុំធ្វើសំដីរបស់ខ្ញុំ ដែលកំពុងអង្គុយ ក្នុងរោងសម្រាប់កាត់ក្តី ឲ្យដាច់ពាក់កណ្តាលឡើយ អ្នកដ៏ចំរើនទាំងឡាយ បង្អង់ចាំខ្ញុំនិយាយឲ្យចប់សិន។ បពិត្រព្រះអង្គដ៏ចំរើន ពួកមនុស្ស ក៏នៅតែនិយាយស្ទាក់សំដី របស់ខ្ញុំព្រះអង្គ ត្រង់ពាក់កណ្តាលដដែល។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញតែពួកភិក្ខុក្នុងសាសនានេះ បើព្រះមានព្រះភាគ កំពុងសំដែងធម៌ ដល់បរិស័ទច្រើនរយ ក្នុងសម័យណា សម័យនោះ ពួកសាវ័ក របស់ព្រះមានព្រះភាគ ក៏ឥតមានសំឡេងកណ្តាស់ ឬសំឡេងក្អកគ្រហែមឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុធ្លាប់មានពីមុនមក បើព្រះមានព្រះភាគ កំពុងសំដែងធម៌ ដល់បរិស័ទច្រើនរយ ហើយមានសាវ័ក របស់ព្រះមានព្រះភាគណាមួយ ក្អកឡើងក្នុងទីនោះ។ នឹងមានសព្រហ្មចារីបុគ្គលណាមួយ គោះនូវសាវ័កនោះ ដោយជង្គង់ថា លោកមានអាយុ ចូរធ្វើសំឡេងតិច លោកមានអាយុ កុំធ្វើសំឡេងខ្លាំងឡើយ ដ្បិតព្រះមានព្រះភាគ ជាគ្រូយើង កំពុងសំដែងធម៌។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អើអស្ចារ្យណាស់ហ្ន៎ ចំឡែកណាស់ហ្ន៎ បរិស័ទ ដែលព្រះអង្គទូន្មានបានងាយ យ៉ាងនេះដោយមិនបាច់អាងអាជ្ញា មិនបាច់អាងគ្រឿងសស្ត្រាឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ពិចារណាមើល មិនឃើញបរិស័ទដទៃក្រៅពីព្រះពុទ្ធសាសនា ឲ្យទូន្មានបានដោយងាយយ៉ាងនេះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន នេះឯង (ដែលនាំឲ្យ) ខ្ញុំព្រះអង្គ បានយល់ធម៌ ក្នុងសំណាក់ព្រះមានព្រះភាគថា ព្រះមានព្រះភាគ ត្រាស់ដឹងដោយប្រពៃមែន ព្រះធម៌ ព្រះមានព្រះភាគ សំដែងទុកហើយ ដោយប្រពៃមែន ព្រះសង្ឃ ជាសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិ ដោយប្រពៃមែន។
[៣២៧] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ខ្ញុំព្រះអង្គបានឃើញខត្តិយបណ្ឌិតពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានប្រាជ្ញាល្អិត អាចញាំញី នូវបរប្បវាទបាន មានសភាពដូចជាអ្នកបាញ់ម្រឹគសាហាវ។ ពួកខត្តិយបណ្ឌិតទាំងនោះ ហាក់ដូចជាទំលាយ នូវទិដ្ឋិ ដោយប្រាជ្ញាបាន។ ខត្តិយបណ្ឌិតទាំងនោះ បានឮថា ព្រះសមណគោតម និមន្តចូលមកកាន់ស្រុក ឬនិគមឯណោះ។ ខត្តិយបណ្ឌិតទាំងនោះ ក៏តាក់តែងប្រស្នា ហើយគិតគ្នាថា យើងនឹងចូលទៅសួរប្រស្នានេះ នឹងព្រះសមណគោតម កាលយើងសួរទៅហើយ បើព្រះសមណគោតម ដោះស្រាយមិនរួចយ៉ាងនេះទេ យើងនឹងលើកវាទៈ គឺពោលទោស របស់ព្រះសមណគោតម យ៉ាងនេះ មួយទៀត កាលយើងសួរយ៉ាងនេះហើយ បើព្រះសមណគោតម ដោះស្រាយមិនរួចយ៉ាងនេះទេ យើងនឹងលើកវាទៈរបស់ព្រះសមណគោតមនោះ យ៉ាងនេះថែមទៀត។ ខត្តិយបណ្ឌិតទាំងនោះ បានឮថា ព្រះសមណគោតម និមន្តចូលមកកាន់ស្រុក ឬនិគមឯណោះ។ ខត្តិយបណ្ឌិតទាំងនោះ ក៏ចូលមករកព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ពន្យល់ខត្តិយបណ្ឌិតទាំងនោះ ឲ្យយល់ច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា។ លុះព្រះមានព្រះភាគ បានពន្យល់ពួកខត្តិយបណ្ឌិត ឲ្យយល់ច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏មិនហ៊ាននាំគ្នាសួរប្រស្នា នឹងព្រះមានព្រះភាគ មិនដឹងជានឹងលើកវាទៈពីណាកើត តាមពិត ត្រឡប់សម្រេចជាសាវ័ក របស់ព្រះមានព្រះភាគវិញ។ បពិត្រព្រះអង្គដ៏ចំរើន នេះឯង ដែលនាំឲ្យខ្ញុំព្រះអង្គ យល់ធម៌ ក្នុងសំណាក់ នៃព្រះមានព្រះភាគថា ព្រះមានជោគ ព្រះអង្គត្រាស់ដឹង ដោយប្រពៃមែន ព្រះធម៌ គឺព្រះមានជោគ សំដែងហើយ ដោយប្រពៃមែន ព្រះសង្ឃ ជាសាវ័ករបស់ព្រះមានជោគ ប្រតិបត្តិ ដោយប្រពៃមែន។
[៣២៨] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ខ្ញុំព្រះអង្គបានឃើញព្រាហ្មណបណ្ឌិតពួកខ្លះ ក្នុងលោកនេះ។បេ។ គហបតិបណ្ឌិត… សមណបណ្ឌិត… មានប្រាជ្ញាល្អិត អាចញាំញី នូវបរប្បវាទបាន មានសភាពដូចជាអ្នកសម្លាប់ម្រឹគសាហាវ។ សមណបណ្ឌិតទាំងនោះ ហាក់ដូចជាទំលាយនូវទិដ្ឋិ ដោយប្រាជ្ញាបាន។ បណ្ឌិតទាំងនោះ បានឮថា ព្រះសមណគោតម និមន្តចូលមកកាន់ស្រុក ឬនិគមឯណោះ។ គេក៏តាក់តែងប្រស្នា ដោយគិតថា យើងទាំងឡាយ នឹងចូលទៅសួរប្រស្នានេះ នឹងព្រះសមណគោតម កាលយើងសួរ យ៉ាងនេះទៅហើយ បើព្រះសមណគោតម ដោះស្រាយមិនរួចយ៉ាងនេះទេ យើងនឹងលើកវាទៈ របស់ព្រះសមណគោតមនោះ យ៉ាងនេះ មួយទៀត កាលយើងសួរយ៉ាងនេះទៅហើយ បើព្រះសមណគោតម ដោះស្រាយមិនរួចយ៉ាងនេះទេ យើងទាំងឡាយ នឹងលើកវាទៈរបស់ព្រះសមណគោតមនោះ យ៉ាងនេះថែមទៀត។ បណ្ឌិតទាំងនោះ បានឮថា ព្រះសមណគោតម និមន្តចូលមកកាន់ស្រុក ឬនិគមឯណោះ។ គេក៏នាំគ្នាចូលមករកព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកបណ្ឌិតទាំងនោះ ឲ្យយល់ច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា។ លុះព្រះមានជោគ ទ្រង់ពន្យល់បណ្ឌិតទាំងនោះ ឲ្យយល់ច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏មិនហ៊ាននាំគ្នាសួរប្រស្នា ចំពោះព្រះមានព្រះភាគឡើយ នឹងលើកវាទៈមកពីណាកើត តាមពិត ទៅជាសូមឱកាសនឹងព្រះមានព្រះភាគ ហើយចេញចាកផ្ទះ ចូលទៅកាន់ភាពមិនមានផ្ទះ ដោយបព្វជ្ជាវិញ។ ព្រះមានព្រះភាគ ក៏បំបួសបណ្ឌិតទាំងនោះ។ បណ្ឌិតទាំងនោះ លុះបួសដូច្នោះហើយ ក៏ចៀសចេញទៅ ឥតមានសេចក្តីប្រមាទ មានព្យាយាម មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ពួកកុលបុត្រ ដែលចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ដ៏ជាទីបំផុត នៃមគ្គព្រហ្មចារ្យ ក្នុងបច្ចុប្បន្ននេះ ដោយប្រាជ្ញារបស់ខ្លួន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបទទាំង៤។ បណ្ឌិតទាំងនោះ ក៏ពោលយ៉ាងនេះថា អើយើងទាំងឡាយ មិនវិនាសទេ ព្រោះថា កាលពីដើម យើងទាំងឡាយ មិនមែនជាសមណៈ ប្តេជ្ញាខ្លួនថាជាសមណៈ មិនមែនជាព្រាហ្មណ៍ ប្តេជ្ញាខ្លួនថាជាព្រាហ្មណ៍ មិនមែនជាព្រះអរហន្ត ប្តេជ្ញាខ្លួន ថាជាព្រះអរហន្ត ឥឡូវនេះ យើងទាំងឡាយ បានជាសមណៈពិតហើយ ឥឡូវនេះ យើងទាំងឡាយ បានជាព្រាហ្មណ៍ពិតហើយ ឥឡូវនេះ យើងទាំងឡាយ បានជាអរហន្តពិតហើយ។ បពិត្រព្រះអង្គដ៏ចំរើន នេះឯងដែលនាំឲ្យខ្ញុំព្រះអង្គ យល់ធម៌ ក្នុងសំណាក់ នៃព្រះមានព្រះភាគថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ដឹងដោយប្រពៃមែន ព្រះធម៌ ព្រះមានព្រះភាគសំដែងហើយ ដោយប្រពៃមែន ព្រះសង្ឃ ជាសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិហើយ ដោយប្រពៃមែន។
[៣២៩] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ពួកជាងឈើ (ពីរនាក់) គឺ ឥសិទន្តៈ ១ បូរាណៈ ១ ទាំងនេះ មានបាយរបស់ខ្ញុំព្រះអង្គ ដូចជាបាយគេ មានយានរបស់ខ្ញុំព្រះអង្គ ក៏ដូចជាយានគេ ខ្ញុំព្រះអង្គបានឲ្យជីវិត បានតាំងយស ដល់ជាងឈើទាំងនោះ តែពួកជាងឈើ មិនធ្វើសេចក្តីឱនលំទោន មករកខ្ញុំព្រះអង្គ ដូចជាធ្វើចំពោះព្រះមានព្រះភាគឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានលើកពួកសេនាចេញទៅ ដើម្បីល្បងមើល នូវពួកជាងឈើឈ្មោះ ឥសិទន្តៈ និង បូរាណៈ ទាំងនេះ ហើយឈប់សម្រាក ក្នុងកន្លែងចង្អៀតមួយ។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ពួកជាងឈើឈ្មោះឥសិទន្តៈ និងបូរាណៈទាំងនេះ ញុំាងកាលឲ្យកន្លងទៅ ដោយធម្មីកថា អស់រាត្រីជាច្រើន បើឮដំណឹងថា ព្រះមានព្រះភាគ គង់នៅក្នុងទីណា ក៏បែរក្បាលទៅត្រង់ទីនោះ ហើយដេកសណ្តូកជើង មកលើខ្ញុំព្រះអង្គវិញ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អើហ្ន៎ អស្ចារ្យណាស់ អើហ្ន៎ ចំឡែកពេកណាស់ ជាងឈើឈ្មោះឥសិទន្តៈ និងបូរាណៈនេះ មានបាយរបស់អញ ក៏ដូចជាបាយគេ មានយានរបស់អញ ក៏ដូចជាយានគេ អញបានឲ្យជីវិត បានតាំងយស ដល់ជាងឈើទាំងនោះ តែជាងឈើទាំងនោះ មិនធ្វើសេចក្តីឱនលំទោន មករកអញ ដូចជាធ្វើចំពោះព្រះមានព្រះភាគសោះ។ លោកមានអាយុទាំងនេះ ដឹងនូវគុណវិសេស ដ៏ក្រៃលែង ទាំងខាងដើម ខាងចុង ក្នុងសាសនារបស់ព្រះមានព្រះភាគ អង្គនោះ ដោយពិត។ បពិត្រព្រះអង្គដ៏ចំរើន នេះឯង ដែលនាំឲ្យខ្ញុំព្រះអង្គ បានយល់ធម៌ ក្នុងសំណាក់ នៃព្រះមានព្រះភាគថា ព្រះមានព្រះភាគ ត្រាស់ដឹងដោយប្រពៃមែន ព្រះធម៌ គឺព្រះមានព្រះភាគសំដែងហើយ ដោយប្រពៃមែន ព្រះសង្ឃ ជាសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិ ដោយប្រពៃមែន។
[៣៣០] បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត ព្រះមានព្រះភាគ ក៏ជាក្សត្រិយ៍ ខ្ញុំព្រះអង្គ ក៏ជាក្សត្រិយ៍ ព្រះមានព្រះភាគ ក៏ជាអ្នកកោសល ខ្ញុំព្រះអង្គ ក៏ជាអ្នកកោសល ព្រះមានព្រះភាគ មានព្រះជន្ម៨០ ខ្ញុំព្រះអង្គ ក៏មានអាយុ៨០ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ដែលព្រះមានព្រះភាគ ជាក្សត្រិយ៍ ខ្ញុំព្រះអង្គ ក៏ជាក្សត្រិយ៍ ព្រះមានព្រះភាគ ក៏ជាអ្នកកោសល ខ្ញុំព្រះអង្គ ក៏ជាអ្នកកោសល ព្រះមានព្រះភាគ ក៏មានព្រះជន្ម៨០ ខ្ញុំព្រះអង្គ ក៏មានអាយុ៨០។ បពិត្រព្រះអង្គដ៏ចំរើន តែត្រឡប់ជា ខ្ញុំព្រះអង្គ គួរដើម្បីធ្វើនូវសេចក្តីឱនលំទោនក្រៃលែង ក្នុងព្រះមានព្រះភាគ ដើម្បីសំដែងនូវការបូជា ដោយសេចក្តីរាប់អាន ចំពោះព្រះអង្គវិញ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ មានកិច្ចច្រើន មានការរវល់ច្រើន ចង់ត្រឡប់ទៅវិញឆាប់។ ព្រះមានព្រះភាគ ត្រាស់ថា បពិត្រមហារាជ សូមព្រះអង្គ សំគាល់នូវកាលដ៏គួរ ក្នុងកាលឥឡូវនេះចុះ។ ទើបព្រះបាទបសេនទិកោសល ក្រោកអំពីអាសនៈ ហើយថ្វាយបង្គំលាព្រះមានព្រះភាគ ដោយគោរព ធ្វើប្រទក្សិណ ហើយស្តេចចេញទៅ។
[៣៣១] កាលព្រះបាទបសេនទិកោសល ស្តេចចេញទៅមិនទាន់បានយូរប៉ុន្មាន ទើបព្រះមានព្រះភាគ ត្រាស់ទៅនឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ព្រះបាទបសេនទិកោសលនេះ ទ្រង់សំដែងនូវពាក្យ ដែលធ្វើការគោរព ក្នុងធម៌ទាំងឡាយ ហើយក្រោកអំពីអាសនៈ ស្តេចចេញទៅ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូររៀននូវពាក្យ ដែលធ្វើនូវសេចក្តីគោរព ក្នុងធម៌ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នា ចូរទន្ទេញពាក្យ ដែលធ្វើការគោរពក្នុងធម៌ ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នា ចូរចងចាំទុកពាក្យ ដែលធ្វើការគោរពក្នុងធម៌ ម្នាលភិក្ខុទាំងឡាយ ព្រោះពាក្យដែលធ្វើការគោរពក្នុងធម៌ ដ៏ប្រកបដោយប្រយោជន៍ ជាអាទិព្រហ្មចរិយកៈ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ ធម្មចេតិយសូត្រ ទី៩។